ខែវិច្ឆិកា
ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា
កុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ តែត្រូវពោលពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកឯទៀត។—អេភ. ៤:២៩
គ្រិស្តសាសនិកមិនគួរប្រើពាក្យអសុរោះទាល់តែសោះ។ តែយើងក៏ត្រូវប្រុងប្រយ័ត្នដែរចំពោះពាក្យប្រមាថមើលងាយប្រភេទខ្លះដែលមិនងាយកត់សម្គាល់។ ជាឧទាហរណ៍ យើងត្រូវប្រុងប្រយ័ត្នមិននិយាយអាក្រក់អំពីមនុស្សដែលមានវប្បធម៌ កុលសម្ព័ន្ធ ឬជនជាតិផ្សេងពីយើង។ ម្យ៉ាងទៀត យើងមិនចង់ធ្វើឲ្យអ្នកឯទៀតឈឺចិត្តដោយនិយាយជាន់ពន្លិចពួកគេទេ។ ចូរនិយាយតាមរបៀបដែលពង្រឹងកម្លាំងចិត្តអ្នកឯទៀត។ ចូរឆាប់សរសើរជាជាងរិះគន់ឬត្អូញត្អែរ។ ជនជាតិអ៊ីស្រាអែលមានហេតុជាច្រើនដើម្បីអរគុណព្រះ ប៉ុន្តែពួកគេច្រើនតែត្អូញត្អែរ។ ការត្អូញត្អែរអាចឆ្លងទៅឆ្លងមក។ ពេលយើងច្រើនតែត្អូញត្អែរ នោះអាចធ្វើឲ្យអ្នកឯទៀតត្អូញត្អែរដែរ។ សូមចាំថា សេចក្ដីរាយការណ៍អាក្រក់ពីអ្នកស៊ើបការណ៍១០នាក់បាននាំឲ្យ«បណ្ដាជនអ៊ីស្រាអែលទាំងអស់ . . . រអ៊ូរទាំទាស់នឹងម៉ូសេ»។ (ជប. ១៣:៣១–១៤:៤) ប៉ុន្តែពេលយើងសរសើរអ្នកឯទៀត នោះអាចជួយបុគ្គលគ្រប់រូបឲ្យសប្បាយចិត្តជាង។ ដូច្នេះ សូមរកឱកាសដើម្បីសរសើរបងប្អូនរួមជំនឿយ៉ាងស្មោះ។ w២២.០៤ ទំ.៨ វ.១៦-១៧
ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា
ខ្ញុំបានត្រូវផ្ញើឲ្យលោកថែរក្សា តាំងពីខ្ញុំកើតមក តាំងពីក្នុងផ្ទៃម្ដាយ លោកជាព្រះរបស់ខ្ញុំ។—ចសព. ២២:១០
តាំងពីសម័យគម្ពីរ ព្រះយេហូវ៉ាបានជួយមនុស្សវ័យក្មេងរាប់មិនអស់ឲ្យទៅជាសម្លាញ់របស់លោក។ លោកក៏អាចជួយកូនរបស់អ្នកឲ្យមានចំណងមិត្តភាពជាមួយលោកដែរ បើពួកគេចង់។ (១កូ. ៣:៦, ៧) ទោះជាមើលទៅកូនរបស់អ្នករសាត់ចេញពីព្រះយេហូវ៉ាក្ដី លោកនឹងបន្តស្រឡាញ់ពួកគេ។ (ចសព. ១១:៤) បើកូនរបស់អ្នកបង្ហាញ«ចិត្តគំនិតត្រឹមត្រូវ»សូម្បីតែបន្តិច ក៏លោកនឹងប្រុងប្រៀបជួយពួកគេឲ្យទៅជាសម្លាញ់របស់លោក។ (សកម្ម. ១៣:៤៨; ២ប្រ. ១៦:៩) លោកអាចជួយអ្នកឲ្យនិយាយអ្វីដែលត្រឹមត្រូវនិងចំពេល នៅពេលដែលកូនរបស់អ្នកត្រូវការបំផុត។ (សុភ. ១៥:២៣) ឬលោកប្រហែលជាជំរុញចិត្តបងប្អូនណាម្នាក់ក្នុងក្រុមជំនុំឲ្យយកចិត្តទុកដាក់ជាពិសេសចំពោះកូនរបស់អ្នក។ ទោះជាកូនរបស់អ្នកធំហើយក្ដី ព្រះយេហូវ៉ាអាចជួយពួកគេឲ្យនឹកឃើញអ្វីដែលអ្នកធ្លាប់បង្រៀនពួកគេកាលពីតូច។ (យ៉ូន. ១៤:២៦) ព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ដល់អ្នក ពេលអ្នកបន្តព្យាយាមបង្ហាត់បង្រៀនកូនតាមរយៈពាក្យសម្ដីនិងគំរូ។ w២២.០៤ ទំ.២១ វ.១៨
ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា
នាគក៏ខឹង។—បប. ១២:១៧
ដោយសារសាថានលែងអាចចូលទៅស្ថានសួគ៌បានទៀត វាវាយប្រហារអ្នកបម្រើព្រះដែលបានត្រូវរើសតាំងនៅផែនដី។ ពួកអ្នករើសតាំងទាំងនេះជាតំណាងនៃរាជាណាចក្ររបស់ព្រះ ហើយពួកគេមាន«កិច្ចការធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ»។ (២កូ. ៥:២០; អេភ. ៦:១៩, ២០) នៅឆ្នាំ១៩១៨ បងប្រុស៨នាក់ដែលនាំមុខក្នុងអង្គការព្រះបានត្រូវគេចោទប្រកាន់មិនពិត ប្រកាសថាមានទោស និងឲ្យជាប់គុកអស់រយៈពេលយូរ។ តាមមើលទៅ កិច្ចការរបស់ពួកអ្នករើសតាំងទាំងនេះបានត្រូវបញ្ឈប់។ (បប. ១១:៣, ៧-១១) ប៉ុន្តែនៅដើមឆ្នាំ១៩១៩ បងប្រុសដែលព្រះបានរើសតាំងទាំងនេះ បានត្រូវដោះលែងពីគុក ហើយក្រោយមកពាក្យបណ្ដឹងបានត្រូវលើកចោល។ ភ្លាមៗនោះបងប្រុសទាំងនោះបានចាប់ផ្ដើមនាំមុខម្ដងទៀតក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀន។ ប៉ុន្តែ នេះមិនបានបញ្ឈប់ការវាយប្រហាររបស់សាថានមកលើរាស្ត្រព្រះឡើយ។ តាំងពីពេលនោះមក សាថានបានបណ្ដាលឲ្យមានការបៀតបៀនជាច្រើនដូច«ទន្លេ»ទាស់នឹងរាស្ត្រព្រះទាំងអស់។ (បប. ១២:១៥) ពិតមែន នេះតម្រូវឲ្យយើងម្នាក់ៗ«ចេះស៊ូទ្រាំនិងមានជំនឿ»។—បប. ១៣:១០ w២២.០៥ ទំ.៦ វ.១៤-១៦
ថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកា
ខ្ញុំបានឮថាពួកអ្នកដែលបានត្រូវបោះត្រានោះ មានចំនួន១៤៤.០០០នាក់។—បប. ៧:៤
ក្នុងការបើកបង្ហាញដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិត គាត់ឃើញក្រុមពីរដែលគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ព្រមទាំងទទួលជីវិតដែលគ្មានទីបញ្ចប់។ ក្រុមទី១មានចំនួន១៤៤.០០០នាក់។ ពួកគេបានត្រូវយកមកពីផែនដីដើម្បីធ្វើជារដ្ឋាភិបាលឬរាជាណាចក្រមួយនៅស្ថានសួគ៌ជាមួយលោកយេស៊ូ។ ពួកគេនឹងគ្រប់គ្រងមកលើផែនដីជាមួយលោក។ (បប. ៥:៩, ១០; ១៤:៣, ៤) ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិត យ៉ូហានបានឃើញពួក១៤៤.០០០នាក់និងលោកយេស៊ូឈរនៅលើភ្នំស៊ីយ៉ូននាស្ថានសួគ៌។ (បប. ១៤:១) តាំងពីសម័យរបស់ពួកសាវ័ករហូតដល់សព្វថ្ងៃនេះ មានមនុស្សរាប់ពាន់នាក់ដែលបានត្រូវជ្រើសរើសឲ្យធ្វើជាសមាជិក១៤៤.០០០នាក់។ (លូក. ១២:៣២; រ៉ូម ៨:១៧) ប៉ុន្តែយ៉ូហានបានឮថា មានពួកអ្នករើសតាំងចំនួនតិចប៉ុណ្ណោះដែលនឹងនៅរស់ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ (បប. ១២:១៧) បន្ទាប់មក នៅពេលណាមួយក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ពួកអ្នកដែលនៅសល់ទាំងនេះនឹងត្រូវយកទៅស្ថានសួគ៌ដើម្បីនៅជាមួយនឹងអ្នកឯទៀតដែលជាសមាជិក១៤៤.០០០នាក់ដែលបានរក្សាភាពស្មោះត្រង់រហូតដល់ស្លាប់។ ពួកគេនឹងគ្រប់គ្រងជាមួយលោកយេស៊ូក្នុងរាជាណាចក្ររបស់ព្រះ។—ម៉ាថ. ២៤:៣១; បប. ៥:៩, ១០ w២២.០៥ ទំ.១៦ វ.៤-៥
ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា
[ចូរ]យកចិត្តទុកដាក់ធ្វើតាមបញ្ញត្តិខ្ញុំ។—អេ. ៤៨:១៨
លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង។ លោកបានពង្រឹងទំនុកចិត្តពួកគេដោយមានប្រសាសន៍ថា៖ «ចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏[ព្រះ]ជ្រាបដែរ»។ (ម៉ាថ. ១០:៣០) ពាក្យនេះធ្វើឲ្យយើងធូរស្រាលក្នុងចិត្តខ្លាំងណាស់ ជាពិសេសបើយើងច្រើនតែមានទស្សនៈមិនត្រឹមត្រូវចំពោះខ្លួនឯង។ យើងឃើញច្បាស់ថាបិតារបស់យើងនៅស្ថានសួគ៌ចាប់អារម្មណ៍យើងយ៉ាងខ្លាំង ហើយថាយើងមានតម្លៃចំពោះលោក។ បើព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងគោរពប្រណិប័តន៍លោក ហើយលោកគិតថាយើងសមនឹងរស់នៅជារៀងរហូតក្នុងពិភពលោកថ្មីរបស់លោក យើងមិនគួរសង្ស័យថាព្រះយេហូវ៉ាធ្វើនោះគឺមិនត្រឹមត្រូវទេ។ ប្រហែលជា១៥ឆ្នាំមុន ទស្សនាវដ្ដីប៉មយាមបានប្រាប់ថាយើងគួរមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង ដោយចែងថា៖ «យើងមិនគួរគិតថាខ្លួនល្អប្រសើររហូតដល់មានអំណួតទេ ហើយយើងមិនគួរគិតថាខ្លួនមានតម្លៃតិចពេករហូតដល់ធ្លាក់ទឹកចិត្តដែរ។ ផ្ទុយទៅវិញ យើងគួរព្យាយាមមានគំនិតសមហេតុផលចំពោះខ្លួនឯង ដោយទទួលស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន»។ w២២.០៥ ទំ.២៤-២៥ វ.១៤-១៦
ថ្ងៃពុធ ទី៦ ខែវិច្ឆិកា
ខ្ញុំ . . . ធ្វើសំណូមពរ . . . [ឲ្យ]ពួកគាត់អាចរួមគ្នាតែមួយ។—យ៉ូន. ១៧:២០, ២១
តើយើងម្នាក់ៗអាចធ្វើអ្វីដើម្បីរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ? យើងអាចធ្វើជាអ្នកដែលធ្វើឲ្យមានសន្តិភាព។ (ម៉ាថ. ៥:៩; រ៉ូម ១២:១៨) រាល់ដងដែលយើងចាត់វិធានការដើម្បីធ្វើឲ្យមានសន្តិភាពជាមួយអ្នកឯទៀតនៅក្នុងក្រុមជំនុំ យើងបន្ថែមភាពស្រស់ស្អាតដល់សួនឧទ្យានក្នុងន័យធៀប។ យើងចាំថាព្រះយេហូវ៉ាជាអ្នកដែលបានទាញនាំបុគ្គលម្នាក់ៗដែលនៅក្នុងសួនឧទ្យានក្នុងន័យធៀបដើម្បីឲ្យចូលរួមការគោរពប្រណិប័តន៍ពិត។ (យ៉ូន. ៦:៤៤) សូមស្រមៃគិតថា ព្រះយេហូវ៉ាសប្បាយរីករាយយ៉ាងណាពេលលោកឃើញយើងខំព្យាយាមពង្រឹងសាមគ្គីភាពនិងសន្តិភាពក្នុងចំណោមអ្នកបម្រើលោកដែលជាបុគ្គលដ៏មានតម្លៃចំពោះលោក។ (អេ. ២៦:៣; ហាក. ២:៧) តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ឲ្យបានពេញលេញពីពរដែលយើងទទួលក្នុងនាមជាអ្នកបម្រើព្រះ? យើងអាចគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងសិក្សាក្នុងបណ្ដាំរបស់ព្រះ។ ការសិក្សានិងការរំពឹងគិតបែបនេះនឹងជួយយើងឲ្យមានគុណសម្បត្តិជាគ្រិស្តសាសនិកដែលជំរុញចិត្តយើងឲ្យ«ស្រឡាញ់គ្នាជាបងប្អូន» និងបង្ហាញ«មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ»ចំពោះគ្នានៅក្នុងក្រុមជំនុំ។—រ៉ូម ១២:១០ w២២.១១ ទំ.១២-១៣ វ.១៦-១៨
ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា
ខ្ញុំនឹងអភ័យទោសឲ្យពួកគេ ហើយខ្ញុំក៏នឹងលែងនឹកចាំអំពើខុសឆ្គងរបស់ពួកគេតទៅទៀតដែរ។—យេ. ៣១:៣៤
ពេលយើងព្រមទទួលយកការពិតថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើង យើងមាន«សេចក្ដីសុខសាន្តក្នុងចិត្ត» ដែលរួមមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ ការអភ័យទោសបែបនេះមិនអាចមកពីមនុស្សទេ តែត្រូវមកពី«ព្រះយេហូវ៉ា»។ (សកម្ម. ៣:១៩) ពេលព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកអនុញ្ញាតឲ្យយើងធ្វើជាមិត្តសម្លាញ់របស់លោកម្ដងទៀត ហើយលោកចាត់ទុកថាគឺហាក់ដូចជាយើងមិនដែលធ្វើខុស។ ក្រោយពីព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកនឹងមិនចោទប្រកាន់យើង ឬដាក់ទោសយើងចំពោះអំពើខុសឆ្គងនោះម្ដងទៀតទេ។ (អេ. ៤៣:២៥) ព្រះយេហូវ៉ាដកអំពើខុសឆ្គងរបស់យើងឲ្យចេញឆ្ងាយ «ដូចទិសខាងលិចឆ្ងាយពីទិសខាងកើត»។ (ចសព. ១០៣:១២) ពេលយើងរំពឹងគិតអំពីការអភ័យទោសដ៏ធំធេងរបស់ព្រះយេហូវ៉ា យើងពេញទៅដោយចិត្តកតញ្ញូ ហើយគោរពកោតខ្លាចលោក។ (ចសព. ១៣០:៤) ការអភ័យទោសពីព្រះយេហូវ៉ាមិនផ្អែកលើអំពើខុសឆ្គងស្រាលឬធ្ងន់ឡើយ។ ព្រះយេហូវ៉ាប្រើចំណេះដឹងរបស់លោកជាអ្នកបង្កើតយើង ជាអ្នកតែងច្បាប់ និងជាចៅក្រម ពេលដែលលោកសម្រេចចិត្តថាលោកនឹងអភ័យទោសឲ្យបុគ្គលណាម្នាក់ឬយ៉ាងណា។ w២២.០៦ ទំ.៥ វ.១២-១៤
ថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា
អ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាមានព្រះ ហើយជឿថាលោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត។—ហេ. ១១:៦
ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់អស់អ្នកដែលស្រឡាញ់លោក។ គឺថាមិនយូរទៀត លោកនឹងបំបាត់ចោលជំងឺ ទុក្ខសោក និងសេចក្ដីស្លាប់។ (បប. ២១:៣, ៤) លោកនឹងជួយ«មនុស្សដែលមានចិត្តសុភាព»ដែលសង្ឃឹមលើលោកឲ្យប្រែក្លាយផែនដីទៅជាសួនឧទ្យាន។ (ចសព. ៣៧:៩-១១) លោកក៏នឹងបើកឱកាសឲ្យយើងម្នាក់ៗមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយលោក ខ្លាំងជាងឥឡូវនេះទៅទៀត។ នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន! តើមានទីសំអាងអ្វីឲ្យយើងជឿថាសេចក្ដីសន្យារបស់ព្រះនឹងក្លាយជាការពិត? គឺថាព្រះយេហូវ៉ាតែងតែធ្វើតាមប្រសាសន៍របស់លោក។ ដូច្នេះ មានមូលហេតុល្អឲ្យយើង«សង្ឃឹមលើព្រះយេហូវ៉ា»។ (ចសព. ២៧:១៤) យើងធ្វើដូច្នេះកាលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់និងអំណរ ឲ្យលោកសម្រេចគោលបំណងរបស់លោក។ (អេ. ៥៥:១០, ១១) សូមឲ្យយើងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយជឿថាលោកនឹងឲ្យរង្វាន់ដល់«អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។ w២២.០៦ ទំ.២០ វ.១; ទំ.២៥ វ.១៨
ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា
ព្រះដែលជាបិតារបស់អ្នករាល់គ្នាជ្រាបពីអ្វីដែលអ្នកត្រូវការ មុនដែលអ្នកសុំទៅទៀត។—ម៉ាថ. ៦:៨
ព្រះយេហូវ៉ាជាប្រមុខគ្រួសាររបស់យើង ដូច្នេះយើងអាចប្រាកដថាលោកនឹងធ្វើដូចអ្វីដែលលោកបង្គាប់ដល់ប្រមុខគ្រួសារទាំងអស់នៅធីម៉ូថេទី១ ៥:៨។ ពេលយើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើងនិងក្រុមគ្រួសាររបស់យើង យើងអាចប្រាកដថាលោកនឹងផ្គត់ផ្គង់អ្វីដែលយើងត្រូវការ។ (ម៉ាថ. ៦:៣១-៣៣) ព្រះយេហូវ៉ាចង់ផ្គត់ផ្គង់យើង ហើយលោកជាអ្នកផ្គត់ផ្គង់ដែលប្រកបដោយសេចក្ដីស្រឡាញ់ និងមានចិត្តទូលាយ។ ពេលលោកបង្កើតផែនដី លោកមិនគ្រាន់តែបង្កើតអ្វីៗចាំបាច់ដើម្បីទ្រទ្រង់ជីវិតយើងប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បង្កើតអ្វីជាច្រើនដើម្បីឲ្យយើងអរសប្បាយ។ (ដក. ២:៩) ទោះជាពេលខ្លះយើងមានតែអ្វីដែលយើងត្រូវការ ហើយមិនមានលើសពីនេះក្ដី យើងគួរចាំថាយើងអាចមានអ្វីទាំងនេះបាន ដោយសារព្រះយេហូវ៉ាជាអ្នកផ្ដល់ឲ្យ។ (ម៉ាថ. ៦:១១) យើងត្រូវចាំថាការលះបង់ណាក៏ដោយដែលយើងធ្វើ មិនអាចប្រៀបស្មើនឹងអ្វីដែលព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនៅឥឡូវនេះ និងនៅថ្ងៃអនាគតឡើយ។—អេ. ៦៥:២១, ២២ w២២.០៦ ទំ.១៥ វ.៧-៨
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា
អាហាររឹងគឺសម្រាប់មនុស្សពេញវ័យ។—ហេ. ៥:១៤
មិនមែនមានតែអ្នកចាប់អារម្មណ៍ថ្មីប៉ុណ្ណោះដែលត្រូវការអាហាររឹងទេ។ ផ្ទុយទៅវិញ នេះជាអ្វីដែលយើងទាំងអស់គ្នាត្រូវការ។ សាវ័កប៉ូលបានសរសេរថា ការធ្វើតាមអ្វីដែលយើងរៀនពីគម្ពីរនឹងជួយយើងឲ្យចេះ«សម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ»។ ក្នុងគ្រាលំបាកនេះ ពេលដែលសីលធម៌អន់ថយទៅយ៉ាងខ្លាំង ការធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺមិនតែងតែស្រួលទេ។ ប៉ុន្តែ លោកយេស៊ូធ្វើឲ្យប្រាកដថាយើងទទួលចំណេះដែលយើងត្រូវការដើម្បីរក្សាជំនឿរបស់យើងឲ្យរឹងមាំ។ យើងទទួលការណែនាំនេះពីគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ ដូចលោកយេស៊ូ យើងធ្វើឲ្យនាមរបស់ព្រះទទួលការសរសើរតម្កើង ដែលនាមលោកសមនឹងទទួល។ (យ៉ូន. ១៧:៦, ២៦) ជាឧទាហរណ៍ នៅឆ្នាំ១៩៣១ យើងបានទទួលឈ្មោះដែលមានមូលដ្ឋានលើគម្ពីរ គឺសាក្សីព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ យើងបានបង្ហាញថានាមរបស់ព្រះគឺសំខាន់យ៉ាងណាចំពោះយើង ហើយថាយើងចង់ឲ្យគេសម្គាល់យើងដោយប្រើនាមរបស់បិតាយើងនៅស្ថានសួគ៌។ (អេ. ៤៣:១០-១២) បន្ថែមទៅទៀត គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី បានដាក់បញ្ចូលនាមរបស់ព្រះនៅកន្លែងត្រឹមត្រូវឡើងវិញក្នុងបណ្ដាំលោក។ w២២.០៧ ទំ.១១ វ.១១-១២
ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា
ប្រសាសន៍របស់លោកជាចង្កៀងបំភ្លឺជើងខ្ញុំនិងជាពន្លឺបំភ្លឺផ្លូវខ្ញុំ។—ចសព. ១១៩:១០៥
សេចក្ដីពិតក្នុងគម្ពីរក៏រួមបញ្ចូលដំណឹងល្អអំពីរាជាណាចក្រព្រះដែរ។ លោកយេស៊ូបានប្រដូចសេចក្ដីពិតអំពីរាជាណាចក្រនោះទៅនឹងកំណប់ទ្រព្យ។ ដូចបានកត់ទុកនៅម៉ាថាយ ១៣:៤៤ លោកយេស៊ូបានមានប្រសាសន៍ថា៖ «រាជាណាចក្រស្ថានសួគ៌គឺដូចជាកំណប់ទ្រព្យក្នុងវាលមួយ ដែលបុរសម្នាក់បានរកឃើញ ហើយលាក់ទុក។ រួចដោយសារគាត់ត្រេកអរជាខ្លាំង គាត់ក៏ទៅលក់អ្វីៗដែលគាត់មាន ហើយទិញវាលនោះ»។ សូមកត់សម្គាល់ថាបុរសនោះមិនបានស្វែងរកកំណប់ទ្រព្យទេ។ ប៉ុន្តែពេលគាត់ប្រទះឃើញ គាត់បានធ្វើការលះបង់ច្រើនដើម្បីបានវា គឺគាត់បានលក់អ្វីទាំងអស់ដែលគាត់មាន។ ហេតុអ្វី? ដោយសារគាត់ដឹងអំពីតម្លៃនៃកំណប់ទ្រព្យនោះ។ យើងដឹងថាគ្មានអ្វីណាដែលពិភពលោកនេះផ្ដល់ឲ្យ អាចប្រៀបផ្ទឹមនឹងអំណរដែលយើងមានពីការបម្រើព្រះយេហូវ៉ានៅឥឡូវនេះ និងការមានសេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់នៅពេលអនាគតក្រោមរាជាណាចក្ររបស់ព្រះឡើយ។ ការមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា គឺជាឯកសិទ្ធិដែលមានតម្លៃជាងការលះបង់ណាក៏ដោយរបស់យើង។ អំណរខ្លាំងបំផុតរបស់យើង គឺមកពីការ«ធ្វើឲ្យលោកពេញចិត្តទាំងស្រុង»។—កូឡ. ១:១០ w២២.០៨ ទំ.១៥ វ.៨-៩; ទំ.១៧ វ.១២
ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា
តើខ្ញុំអាចប្រព្រឹត្តអំពើខុសឆ្គងចំពោះព្រះ ដោយធ្វើអំពើដ៏អាក្រក់ក្រៃលែងដូចនេះម្ដេចបាន?—ដក. ៣៩:៩
តើយ៉ូសែបដឹងយ៉ាងដូចម្ដេចថាព្រះរបស់គាត់ចាត់ទុកអំពើផិតក្បត់ជា«អំពើដ៏អាក្រក់ក្រៃលែង»? ពីររយឆ្នាំក្រោយមក ទើបច្បាប់ម៉ូសេមានបង្គាប់យ៉ាងច្បាស់ថា៖ «អ្នករាល់គ្នាមិនត្រូវផិតក្បត់»។ (ដច. ២០:១៤) ទោះជាយ៉ាងនោះក៏ដោយ យ៉ូសែបបានស្គាល់ព្រះយេហូវ៉ាច្រើនល្មមដើម្បីដឹងថាលោកមិនពេញចិត្តនឹងអំពើផិតក្បត់ទេ។ ជាឧទាហរណ៍ យ៉ូសែបប្រាកដជាដឹងថាព្រះយេហូវ៉ារៀបចំអាពាហ៍ពិពាហ៍រវាងបុរសម្នាក់និងស្ត្រីម្នាក់។ ម្យ៉ាងទៀត គាត់ទំនងជាបានឮអំពីរបៀបដែលព្រះយេហូវ៉ាចាត់វិធានការការពារសារ៉ាដែលជាយាយទួតរបស់គាត់អស់ពីរដង ដើម្បីជួយនាងឲ្យរក្សាភាពស្មោះត្រង់ចំពោះប្ដី ពេលស្ថិតក្នុងស្ថានភាពដែលអាចនាំឲ្យគេបំពានរាងកាយនាង។ (ដក. ២:២៤; ១២:១៤-២០; ២០:២-៧) កាលដែលយ៉ូសែបបានវែកញែកអំពីអ្វីទាំងនេះ គាត់យល់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវតាមទស្សនៈរបស់ព្រះ។ ដោយសារយ៉ូសែបស្រឡាញ់ព្រះរបស់គាត់ គាត់ក៏ស្រឡាញ់ខ្នាតតម្រាដ៏សុចរិតរបស់លោកដែរ ហើយគាត់បានតាំងចិត្តកាន់ខ្ជាប់តាមខ្នាតតម្រាទាំងនោះ។ w២២.០៨ ទំ.២៦ វ.១-២
ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា
មនុស្សជាច្រើនដែលដេកស្លាប់ក្នុងដី នឹងភ្ញាក់ឡើង។ អ្នកខ្លះនឹងទទួលជីវិតជារៀងរហូត។—ដាន. ១២:២
កាលពីមុនយើងបានយល់ថា ទំនាយនេះសំដៅទៅលើការប្រោសឲ្យរស់ឡើងវិញក្នុងន័យធៀប គឺការដែលរាស្ត្ររបស់ព្រះមានសកម្មភាពឡើងវិញខាងការគោរពប្រណិប័តន៍ ដែលកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់។ ប៉ុន្តែឥឡូវយើងយល់ថា ពាក្យនេះសំដៅទៅលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ដែលនឹងកើតឡើងក្នុងពិភពលោកថ្មីនៅថ្ងៃខាងមុខ។ ហេតុអ្វីយើងអាចសន្និដ្ឋានដូច្នេះ? ពាក្យ«ដី»ក៏បានត្រូវប្រើនៅយ៉ូប ១៧:១៦ ហើយពាក្យនោះមានន័យដូចពាក្យ«ផ្នូរ»។ នេះបង្ហាញថាដានីយ៉ែល ១២:២ គឺសំដៅទៅលើការប្រោសឲ្យរស់ឡើងវិញក្នុងន័យត្រង់ដែលនឹងកើតឡើងក្រោយពីទីបញ្ចប់នៃគ្រាចុងក្រោយបង្អស់និងសង្គ្រាមអាម៉ាគេដូន។ ប៉ុន្តែ តើដានីយ៉ែល ១២:២មានន័យយ៉ាងណា ពេលដែលចែងថាមនុស្សខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយ«ទទួលជីវិតជារៀងរហូត»? នេះមានន័យថាក្នុងអំឡុងគ្រា១.០០០ឆ្នាំ ពួកអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដែលស្គាល់ឬបន្តទទួលចំណេះអំពីព្រះយេហូវ៉ានិងលោកយេស៊ូ ព្រមទាំងស្ដាប់បង្គាប់លោកទាំងពីរ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅទីបំផុត។—យ៉ូន. ១៧:៣ w២២.០៩ ទំ.២១ វ.៦-៧
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា
សេចក្ដីស្រឡាញ់ . . . ជឿអ្វីៗទាំងអស់។—១កូ. ១៣:៧
ពាក្យនេះមិនមានន័យថាព្រះយេហូវ៉ាតម្រូវឲ្យយើងចេះតែទុកចិត្តបុគ្គលគ្រប់រូបទេ ផ្ទុយទៅវិញលោកតម្រូវឲ្យយើងទុកចិត្តពួកគេ ដោយសារពួកគេបានបង្ហាញថាពួកគេជាមនុស្សដែលគួរឲ្យទុកចិត្ត។ ដើម្បីទទួលទំនុកចិត្តពីអ្នកឯទៀត បុគ្គលម្នាក់ត្រូវបង្ហាញថាគាត់ជាមនុស្សដែលគួរឲ្យទុកចិត្ត ហើយនេះត្រូវការពេលវេលា។ តើអ្នកអាចមានទំនុកចិត្តទៅលើបងប្អូនតាមរបៀបណា? សូមស្គាល់ពួកគេឲ្យបានច្បាស់។ សូមនិយាយជាមួយពួកគេនៅកិច្ចប្រជុំ។ សូមណាត់ផ្សព្វផ្សាយជាមួយពួកគេ។ ចូរមានចិត្តអត់ធ្មត់ចំពោះពួកគេ ដោយផ្ដល់ឱកាសឲ្យពួកគេបង្ហាញថាពួកគេជាមនុស្សដែលគួរឲ្យទុកចិត្ត។ ដំបូង អ្នកប្រហែលជានឹងមិនប្រាប់រឿងផ្ទាល់ខ្លួនទាំងអស់ដល់បុគ្គលណាម្នាក់ដែលអ្នកទើបតែស្គាល់ទេ។ កាលដែលចំណងមិត្តភាពកាន់តែជិតស្និទ្ធទៅ អ្នកប្រហែលជានឹងមានអារម្មណ៍ស្រួលជាងឲ្យប្រាប់អំពីអារម្មណ៍របស់អ្នក។ (លូក. ១៦:១០) ប៉ុន្តែ តើអ្នកអាចធ្វើអ្វី បើបងប្អូនណាម្នាក់ក្បត់ទំនុកចិត្តរបស់អ្នក? សូមកុំឆាប់បោះបង់ចំណងមិត្តភាពជាមួយគាត់ឡើយ។ ផ្ទុយទៅវិញ សូមទុកពេលសិន។ ម្យ៉ាងទៀត សូមកុំឲ្យការប្រព្រឹត្តរបស់បុគ្គលមួយចំនួនធ្វើឲ្យអ្នកលែងទុកចិត្តបងប្អូនទាំងអស់។ w២២.០៩ ទំ.៤ វ.៧-៨
ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា
ព្រះយេហូវ៉ាមើលជុំវិញផែនដី។—២ប្រ. ១៦:៩
អ្នកចាស់ទុំម្នាក់ឈ្មោះមីខេអាធ្លាប់មានអារម្មណ៍ថា អ្នកចាស់ទុំខ្លះបានប្រព្រឹត្តដោយឥតមេត្តាមកលើគាត់។ ប៉ុន្តែ គាត់បន្ដដឹងខ្លួនជានិច្ច ហើយខំប្រឹងគ្រប់គ្រងអារម្មណ៍របស់គាត់។ គាត់បានអធិដ្ឋានជាទៀងទាត់សុំព្រះយេហូវ៉ាផ្ដល់ឫទ្ធានុភាពបរិសុទ្ធនិងកម្លាំងដើម្បីឲ្យគាត់ស៊ូទ្រាំ។ គាត់ក៏បានស្រាវជ្រាវព័ត៌មានក្នុងសៀវភៅរបស់យើងដែលអាចជួយគាត់។ តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់គាត់? បើអ្នកមានអារម្មណ៍ថាបងប្អូនណាម្នាក់ធ្វើខុសនឹងអ្នក សូមរក្សាចិត្តស្ងប់និងព្យាយាមគ្រប់គ្រងគំនិតអវិជ្ជមានដែលអ្នកប្រហែលជាមាន។ អ្នកប្រហែលជាមិនដឹងអំពីស្ថានភាពដែលបាននាំឲ្យបងប្អូននោះនិយាយឬប្រព្រឹត្តដូចនេះទេ។ ដូច្នេះ សូមអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីឲ្យលោកជួយអ្នកមើលបញ្ហានោះតាមទស្សនៈរបស់បងប្អូននោះ។ សូមមានគំនិតថាបងប្អូននោះគ្មានបំណងធ្វើអាក្រក់មកលើអ្នក ហើយសូមព្យាយាមអភ័យទោសឲ្យគាត់។ (សុភ. ១៩:១១) សូមចាំថាព្រះយេហូវ៉ាស្គាល់ស្ថានភាពរបស់អ្នក ហើយលោកនឹងផ្ដល់កម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំ។—អទ. ៥:៨ w២២.១១ ទំ.២១ វ.៥
ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា
ខ្ញុំ . . . មិននៅជិតមនុស្សលាក់ពុត។—ចសព. ២៦:៤
ចូរជ្រើសរើសមិត្តភក្តិដែលស្រឡាញ់ព្រះយេហូវ៉ា។ មិត្តភក្ដិដែលអ្នកជ្រើសរើសអាចជួយអ្នកឲ្យទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ។ (សុភ. ១៣:២០) បងប្រុសជូលាន ដែលបម្រើជាអ្នកចាស់ទុំនិយាយថា៖ «ពេលខ្ញុំនៅក្មេង ខ្ញុំមានមិត្តភក្ដិល្អៗដោយសារយើងបានផ្សព្វផ្សាយជាមួយគ្នា។ មិត្តទាំងនេះខ្នះខ្នែង ហើយពួកគេបានជួយខ្ញុំឲ្យដឹងថាកិច្ចបម្រើផ្សាយគឺនាំឲ្យមានអំណរខ្លាំង។ . . . ខ្ញុំក៏យល់ថាមូលហេតុដែលខ្ញុំមិនសូវមានពួកម៉ាកល្អច្រើននាក់ គឺមកពីខ្ញុំស្វែងរកតែមិត្តដែលមានអាយុស្រករខ្ញុំ»។ ចុះយ៉ាងណាបើអ្នកយល់ថាបុគ្គលណាម្នាក់ក្នុងក្រុមជំនុំមិនមែនជាបុគ្គលល្អឲ្យអ្នកសេពគប់? ប៉ូលបានដឹងថាបុគ្គលខ្លះនៅក្នុងក្រុមជំនុំគ្រិស្តសាសនិកនាសតវត្សរ៍ទី១ មិនមានគំនិតនិងការប្រព្រឹត្តដូចគ្រិស្តសាសនិកទេ ដូច្នេះប៉ូលបានព្រមានធីម៉ូថេឲ្យជៀសឆ្ងាយពីពួកគេ។ (២ធី. ២:២០-២២) ចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ាមានតម្លៃណាស់។ យើងបានខំប្រឹងយ៉ាងខ្លាំងដើម្បីចូលទៅជិតព្រះយេហូវ៉ា ដូច្នេះយើងមិនគួរមានមិត្តភក្ដិដែលនឹងបង្ខូចចំណងមិត្តភាពនេះឡើយ។ w២២.០៨ ទំ.៥-៦ វ.១៣-១៥
ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា
ចូរជៀសឲ្យឆ្ងាយពីមនុស្សល្ងង់ខ្លៅ។—សុភ. ១៤:៧
យើងមិនមែនដូចពួកអ្នកដែលស្អប់យោបល់ពីព្រះទេ។ ផ្ទុយទៅវិញ យើងរៀនស្រឡាញ់របៀបគិតគូររបស់លោក រួមទាំងច្បាប់ទាំងអស់របស់លោក។ យើងអាចពង្រឹងសេចក្ដីស្រឡាញ់នេះដោយប្រៀបធៀបលទ្ធផលនៃការស្ដាប់បង្គាប់ទៅនឹងលទ្ធផលនៃការមិនស្ដាប់បង្គាប់។ សូមសង្កេតមើលបញ្ហាផ្សេងៗដែលមនុស្សនាំទុក្ខដាក់ខ្លួន ដោយសារពួកគេមិនព្រមទទួលយោបល់ដែលប្រកបដោយប្រាជ្ញាពីព្រះយេហូវ៉ា។ បន្ទាប់មក សូមពិចារណាថាជីវិតរបស់អ្នកល្អប្រសើរជាងយ៉ាងណាដោយសារអ្នកស្ដាប់បង្គាប់ព្រះ។ (ចសព. ៣២:៨, ១០) ព្រះយេហូវ៉ាផ្ដល់ឱកាសឲ្យមនុស្សទាំងអស់ទទួលប្រាជ្ញាពីលោក ប៉ុន្តែលោកមិនបង្ខំអ្នកណាឲ្យទទួលវាឡើយ។ ទោះជាយ៉ាងនោះក៏ដោយ លោករៀបរាប់អំពីអ្វីដែលកើតឡើងពេលមនុស្សមិនស្ដាប់ប្រាជ្ញារបស់លោក។ (សុភ. ១:២៩-៣២) ពួកគេនឹង«ទទួលផលដែលមកពីការប្រព្រឹត្តរបស់ពួកគេ»។ របៀបរស់នៅរបស់ពួកគេនឹងនាំឲ្យពួកគេឈឺចាប់និងរងទុក្ខជាខ្លាំង ហើយនៅទីបំផុតព្រះយេហូវ៉ានឹងបំផ្លាញពួកគេចោល។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាសន្យាចំពោះពួកអ្នកដែលស្ដាប់និងធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាពីលោក ថា៖ «អ្នកណាដែលស្ដាប់ខ្ញុំ អ្នកនោះនឹងរស់នៅដោយសុខសាន្ត ហើយអ្នកនោះនឹងមិនភ័យខ្លាចអន្តរាយឡើយ»។—សុភ. ១:៣៣ w២២.១០ ទំ.២០-២១ វ.១១-១៣
ថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា
មានសុភមង្គលហើយ មនុស្សគ្រប់រូបដែលកោតខ្លាចព្រះយេហូវ៉ា គឺពួកអ្នកដែលដើរតាមផ្លូវរបស់លោក។—ចសព. ១២៨:១
ការកោតខ្លាចព្រះយេហូវ៉ាមានន័យថា យើងគោរពលោកយ៉ាងជ្រាលជ្រៅបានជាយើងជៀសវាងពីការធ្វើអ្វីណាដែលនាំឲ្យលោកមិនពេញចិត្ត។ (សុភ. ១៦:៦) យ៉ាងនេះ យើងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាអំពីអ្វីដែលខុសនិងអ្វីដែលត្រូវដែលលោកបានពន្យល់ក្នុងគម្ពីរ។ (២កូ. ៧:១) បើយើងធ្វើអ្វីដែលព្រះយេហូវ៉ាស្រឡាញ់ ហើយជៀសចេញពីអ្វីដែលលោកស្អប់ យើងនឹងសប្បាយ។ (ចសព. ៣៧:២៧; ៩៧:១០; រ៉ូម ១២:៩) បុគ្គលម្នាក់ប្រហែលជាដឹងថាព្រះយេហូវ៉ាមានសិទ្ធិសម្រេចចិត្តអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ ប៉ុន្តែគាត់ក៏ត្រូវសម្រេចចិត្តធ្វើតាមខ្នាតតម្រារបស់ព្រះដែរ។ (រ៉ូម ១២:២) យើងបង្ហាញដោយការប្រព្រឹត្តរបស់យើងថា យើងពិតជាជឿថាការធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាគឺជារបៀបរស់នៅដ៏ល្អបំផុត។ (សុភ. ១២:២៨) ដាវីឌមានអារម្មណ៍បែបនេះ ហេតុនេះគាត់បាននិយាយអំពីព្រះយេហូវ៉ាថា៖ «លោកបានធ្វើឲ្យខ្ញុំស្គាល់ផ្លូវដែលនាំទៅឯជីវិត ពេលលោកមើលមកខ្ញុំដោយក្ដីពេញចិត្ត ខ្ញុំត្រេកអរពន់ពេក។ ខ្ញុំមានសុភមង្គលជារៀងរហូត ដោយសារខ្ញុំនៅខាងស្ដាំដៃលោក»។—ចសព. ១៦:១១ w២២.១០ ទំ.៨ វ.៩-១០
ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា
បុត្រព្រះមិនអាចធ្វើអ្វីដោយគំនិតរបស់លោកផ្ទាល់បានឡើយ សូម្បីតែអ្វីមួយ។ ប៉ុន្តែ លោកធ្វើតែអ្វីដែលលោកឃើញបិតារបស់លោកធ្វើប៉ុណ្ណោះ។—យ៉ូន. ៥:១៩
លោកយេស៊ូបានរក្សាទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង។ មុនលោកយេស៊ូមកផែនដី លោកបានធ្វើអ្វីៗដ៏អស្ចារ្យជាច្រើនក្នុងការបម្រើព្រះយេហូវ៉ា។ តាមរយៈលោកយេស៊ូ «អ្វីៗឯទៀតទាំងអស់នៅស្ថានសួគ៌និងនៅផែនដី បានត្រូវបង្កើតមក»។ (កូឡ. ១:១៦) ពេលលោកយេស៊ូទទួលការជ្រមុជទឹក លោកទំនងជានឹកចាំអំពីអ្វីៗដែលលោកបានធ្វើពេលលោកនៅជាមួយបិតារបស់លោក។ (ម៉ាថ. ៣:១៦; យ៉ូន. ១៧:៥) ប៉ុន្តែ លោកមិនបានឲ្យការនឹកចាំអំពីអ្វីទាំងនោះធ្វើឲ្យលោកទៅជាបុគ្គលដែលមានអំណួតឡើយ។ ផ្ទុយទៅវិញ លោកមិនដែលលើកតម្កើងខ្លួនថាប្រសើរជាងអ្នកឯទៀតទេ។ លោកបានប្រាប់អ្នកកាន់តាមលោកថាលោកមកផែនដី មិនមែន‹ដើម្បីឲ្យគេបម្រើលោក តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង›។ (ម៉ាថ. ២០:២៨) លោកយេស៊ូក៏បានមានប្រសាសន៍ដែរថា លោកមិនអាចធ្វើអ្វីដោយគំនិតរបស់ខ្លួនលោកផ្ទាល់បានឡើយ។ លោកយេស៊ូបានបង្ហាញចិត្តរាបទាប ហើយលោកគឺជាគំរូល្អសម្រាប់យើង។ w២២.០៥ ទំ.២៤ វ.១៣
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា
ចូរ . . . ត្រឡប់មកព្រះយេហូវ៉ា។—អេ. ៥៥:៧
ពេលដែលព្រះយេហូវ៉ាសម្រេចចិត្តថាលោកនឹងអភ័យទោសឬមិនអភ័យទោស លោកគិតពិចារណាថាអ្នកប្រព្រឹត្តអំពើខុសឆ្គងបានដឹងថាអ្វីដែលគាត់កំពុងធ្វើគឺខុសឬយ៉ាងណា។ លោកយេស៊ូបានបញ្ជាក់អំពីចំណុចនេះនៅលូកា ១២:៤៧, ៤៨។ ពេលបុគ្គលម្នាក់គ្រោងធ្វើអ្វីណាមួយដែលគាត់ដឹងថាអាក្រក់ ហើយថាព្រះមិនពេញចិត្ត តែគាត់នៅតែធ្វើ នោះគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ យ៉ាងនេះ ព្រះយេហូវ៉ាប្រហែលជាសម្រេចចិត្តមិនអភ័យទោសឲ្យបុគ្គលនោះទេ។ (ម៉ាក. ៣:២៩; យ៉ូន. ៩:៤១) បើដូច្នេះ តើអាចមានក្ដីសង្ឃឹមឲ្យទទួលការអភ័យទោសឬទេ? គឺអាច! ព្រះយេហូវ៉ាក៏គិតពិចារណាដែរថា តើអ្នកប្រព្រឹត្តអំពើខុសឆ្គងបានប្រែចិត្តយ៉ាងស្មោះឬយ៉ាងណា។ ការប្រែចិត្តគឺមានន័យថា «ផ្លាស់ប្ដូរគំនិត ទស្សនៈ ឬគោលបំណង»។ នេះរួមបញ្ចូលអារម្មណ៍ស្ដាយក្រោយ និងសោកស្ដាយយ៉ាងខ្លាំងដែលបុគ្គលណាម្នាក់មាន ចំពោះអ្វីអាក្រក់ដែលគាត់បានធ្វើ ឬចំពោះការមិនធ្វើអ្វីត្រឹមត្រូវដែលគាត់គួរធ្វើ។ បុគ្គលដែលប្រែចិត្ត មិនគ្រាន់តែកើតទុក្ខចំពោះកំហុសដែលគាត់បានប្រព្រឹត្តប៉ុណ្ណោះទេ តែក៏ចំពោះការអនុញ្ញាតឲ្យចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ាចុះខ្សោយ រហូតដល់គាត់ធ្វើអ្វីដែលខុសទាំងនោះ។ w២២.០៦ ទំ.៦ វ.១៥-១៧
ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា
អស់អ្នកដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន។—២ធី. ៣:១២
ពួកសត្រូវរបស់យើងផ្សាយពាក្យកុហកឬព័ត៌មានមិនពិតអំពីបងប្អូនប្រុសដែលមានភារកិច្ចក្នុងអង្គការព្រះយេហូវ៉ា។ (ចសព. ៣១:១៣) បងប្អូនប្រុសខ្លះបានត្រូវគេចាប់ខ្លួននិងចោទប្រកាន់ថាជាឧក្រិដ្ឋជន។ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានជួបស្ថានភាពស្រដៀងនឹងនេះពេលដែលសាវ័កប៉ូលបានត្រូវគេចោទប្រកាន់មិនពិតនិងចាប់ខ្លួន។ អ្នកខ្លះបានឈប់គាំទ្រសាវ័កប៉ូលពេលដែលគាត់បានត្រូវគេចាប់ដាក់គុកនៅរ៉ូម។ (២ធី. ១:៨, ១៥; ២:៨, ៩) សូមស្រមៃគិតអំពីអារម្មណ៍របស់ប៉ូល។ គាត់បានស៊ូទ្រាំនឹងការពិបាកជាច្រើន ហើយថែមទាំងបានប្រថុយជីវិតដើម្បីពួកគេទៀតផង។ (សកម្ម. ២០:១៨-២១; ២កូ. ១:៨) យើងមិនគួរធ្វើដូចបុគ្គលដែលមិនព្រមជួយប៉ូលនោះទេ! ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលទេដែលសាថានវាយប្រហារលើបងប្អូនប្រុសដែលនាំមុខ។ វាចង់ឲ្យបងប្អូនទាំងនេះឈប់រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ហើយវាក៏ចង់ឲ្យយើងភ័យខ្លាចដែរ។ (១ពេ. ៥:៨) ចូរបន្តគាំទ្របងប្អូនរបស់អ្នកនិងនៅជាប់នឹងពួកគេ។—២ធី. ១:១៦-១៨ w២២.១១ ទំ.១៦-១៧ វ.៨-១១
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា
តើអ្នកនៅតែមិនកោតខ្លាចព្រះទៀតឬ?—លូក. ២៣:៤០
ឧក្រិដ្ឋជនដែលប្រែចិត្តដែលបានត្រូវព្យួរនៅក្បែរលោកយេស៊ូមុនលោកស្លាប់ ទំនងជាជនជាតិយូដា។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះជនជាតិយូដាគោរពបូជាព្រះតែមួយ តែប្រជាជាតិនានាជឿលើព្រះជាច្រើន។ (ដច. ២០:២, ៣; ១កូ. ៨:៥, ៦) បើឧក្រិដ្ឋជននោះមិនមែនជាជនជាតិយូដា គាត់ទំនងជាមិនសួរសំណួរនៅក្នុងបទគម្ពីរថ្ងៃនេះទេ តែគាត់ប្រហែលជាសួរថា៖ «តើអ្នកនៅតែមិនកោតខ្លាចព្រះនានាទៀតឬ?»។ បន្ថែមទៅទៀត លោកយេស៊ូមិនបានត្រូវចាត់ឲ្យទៅឯប្រជាជាតិផ្សេងៗទេ ប៉ុន្តែទៅឯ«ចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»។ (ម៉ាថ. ១៥:២៤) ព្រះបានបង្ហាញជនជាតិអ៊ីស្រាអែលថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ឧក្រិដ្ឋជនដែលប្រែចិត្តនោះប្រហែលជាបានស្គាល់អំពីរឿងនេះ ហើយពាក្យសម្ដីរបស់គាត់បង្ហើបឲ្យដឹងថា គាត់សន្និដ្ឋានថាព្រះយេហូវ៉ានឹងប្រោសលោកយេស៊ូឲ្យរស់ឡើងវិញដើម្បីគ្រប់គ្រងនៅរាជាណាចក្ររបស់ព្រះ។ បុរសនោះទំនងជាសង្ឃឹមថាព្រះក៏នឹងប្រោសគាត់ឲ្យរស់ឡើងវិញដែរ។ ដោយសារឧក្រិដ្ឋជនដែលប្រែចិត្តនោះជាជនជាតិយូដា នោះគាត់ដឹងអំពីអាដាមនិងអេវ៉ា។ ដូច្នេះ ឧក្រិដ្ឋជននោះទំនងជាបានជឿថា សួនឧទ្យានដែលលោកយេស៊ូបានលើកឡើងនៅលូកា ២៣:៤៣នោះនឹងជាសួនដ៏ស្រស់ស្អាតលើផែនដី។—ដក. ២:១៥ w២២.១២ ទំ.៨-៩ វ.២-៣
ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា
អ្នកទាំងអស់នេះ . . . កំពុងព្យាយាមក្នុងការអធិដ្ឋានដោយមានគោលបំណងតែមួយ។—សកម្ម. ១:១៤
យើងអាចបំពេញកិច្ចផ្សព្វផ្សាយ ដោយសារតែមានជំនួយពីឫទ្ធានុភាពរបស់ព្រះ។ ហេតុអ្វី? ពីព្រោះសាថានច្បាំងនឹងយើងដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយរបស់យើង។ (បប. ១២:១៧) មនុស្សជាច្រើនគិតថាសាថានគឺខ្លាំងក្លាដល់ម្ល៉េះ រហូតដល់យើងមិនអាចច្បាំងឈ្នះវាបាន។ ប៉ុន្តែ តាមរយៈកិច្ចការផ្សព្វផ្សាយរបស់យើង យើងយកឈ្នះវាបាន! (បប. ១២:៩-១១) តើតាមរបៀបណា? ពេលយើងរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ យើងបង្ហាញថាយើងមិនភ័យខ្លាចចំពោះការគំរាមកំហែងរបស់វាឡើយ។ រាល់ដងដែលយើងផ្សព្វផ្សាយ សាថានបរាជ័យ។ ដូច្នេះ យើងអាចឃើញច្បាស់ថាឫទ្ធានុភាពរបស់ព្រះផ្ដល់កម្លាំងឲ្យយើង ហើយថាយើងទទួលការពេញចិត្តពីព្រះយេហូវ៉ា។ (ម៉ាថ. ៥:១០-១២; ១ពេ. ៤:១៤) ឫទ្ធានុភាពរបស់ព្រះអាចផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះការពិបាកណាក៏ដោយដែលយើងជួបប្រទះក្នុងកិច្ចបម្រើផ្សាយ។ (២កូ. ៤:៧-៩) ដូច្នេះ តើយើងអាចធ្វើអ្វី ដើម្បីធ្វើឲ្យប្រាកដថាយើងបន្ដទទួលឫទ្ធានុភាពរបស់ព្រះ? គឺយើងត្រូវអធិដ្ឋានសុំឫទ្ធានុភាពរបស់លោកឥតឈប់ ដោយមានទំនុកចិត្តថាព្រះយេហូវ៉ានឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។ w២២.១១ ទំ.៥ វ.១០-១១
ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា
បងប្អូនអើយ យើងជំរុញចិត្តអ្នករាល់គ្នាឲ្យព្រមានពួកអ្នកដែលមិនស្ដាប់បង្គាប់ និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត គាំពារពួកអ្នកដែលខ្សោយ និងមានចិត្តអត់ធ្មត់ចំពោះមនុស្សទាំងអស់។—១ថែ. ៥:១៤
យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើងដោយខំព្យាយាមរក្សាសន្តិភាពជាមួយពួកគេ។ យើងព្យាយាមធ្វើតាមគំរូរបស់ព្រះយេហូវ៉ាអំពីការអភ័យទោស។ បើព្រះយេហូវ៉ាសុខចិត្តឲ្យបុត្ររបស់លោកស្លាប់ដើម្បីការខុសឆ្គងរបស់យើង យើងក៏គួរសុខចិត្តអភ័យទោសឲ្យបងប្អូនយើងពេលដែលពួកគេធ្វើខុសនឹងយើងដែរ មែនទេ? យើងមិនចង់ធ្វើដូចខ្ញុំបម្រើទុច្ចរិតដែលនៅក្នុងឧទាហរណ៍មួយរបស់លោកយេស៊ូទេ។ សូម្បីតែក្រោយពីម្ចាស់របស់គាត់បានលុបបំណុលដ៏ច្រើនរបស់គាត់ ក៏គាត់មិនព្រមលុបបំណុលដែលតិចជាងរបស់ខ្ញុំបម្រើម្នាក់ទៀតឡើយ។ (ម៉ាថ. ១៨:២៣-៣៥) បើអ្នកមានការយល់ច្រឡំជាមួយនឹងបុគ្គលណាម្នាក់ក្នុងក្រុមជំនុំ តើអ្នកអាចចាត់វិធានការទៅរកជានឹងគាត់មុនចូលរួមពិធីរំលឹកឬទេ? (ម៉ាថ. ៥:២៣, ២៤) បើអ្នកធ្វើដូច្នេះ អ្នកបង្ហាញថាអ្នកមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ។ w២៣.០១ ទំ.២៩ វ.៨-៩
ថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា
អ្នកណាអាណិតមេត្តាដល់មនុស្សទន់ទាប អ្នកនោះឲ្យព្រះយេហូវ៉ាខ្ចី។—សុភ. ១៩:១៧
របៀបមួយដែលអ្នកអាចដឹងអំពីសេចក្ដីត្រូវការរបស់បងប្អូន គឺដោយសួរសំណួរដែលមិនធ្វើឲ្យទើសចិត្ត។ (សុភ. ២០:៥) ជាឧទាហរណ៍ តើពួកគេមានថ្នាំ អាហារគ្រប់គ្រាន់ ឬអ្វីផ្សេងទៀតឬទេ? តើពួកគេអាចបាត់បង់ការងារធ្វើ ឬថែមទាំងផ្ទះសម្បែងឬ? តើពួកគេត្រូវការឲ្យយើងជួយដើម្បីសុំជំនួយពីរដ្ឋាភិបាលឬទេ? ព្រះយេហូវ៉ាចង់ឲ្យយើងទាំងអស់គ្នាលើកទឹកចិត្តនិងជួយអ្នកឯទៀត។ (កាឡ. ៦:១០) សូម្បីតែការប្រព្រឹត្តតូចតាចដែលបង្ហាញសេចក្ដីស្រឡាញ់ ក៏អាចលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនដែលឈឺបានដែរ។ ក្មេងៗប្រហែលជាអាចសរសេរកាតឬគូររូបដើម្បីលើកទឹកចិត្តបងប្រុសណាម្នាក់។ ប្អូនៗយុវវ័យប្រហែលជាអាចជួយដើរផ្សារទិញរបស់របរ ឬអ្វីផ្សេងទៀតឲ្យបងស្រីណាម្នាក់។ អ្នកខ្លះទៀតក្នុងក្រុមជំនុំប្រហែលជាអាចធ្វើម្ហូបឲ្យបងប្អូនដែលឈឺ។ បងប្អូនខ្លះបានសរសេរពាក្យអរគុណនៅលើកាតឲ្យពួកអ្នកចាស់ទុំដែលច្រើនតែជាប់រវល់ខ្លាំងជាងក្នុងការជួយបងប្អូនក្នុងអំឡុងការផ្ទុះឡើងនៃជំងឺ។ គឺជាការល្អមែនពេលយើងខំប្រឹង«បន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក»!—១ថែ. ៥:១១ w២២.១២ ទំ.២២ វ.២; ទំ.២៣ វ.៥-៦
ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា
អ្នករាល់គ្នាយល់ខុសទាំងស្រុង។—ម៉ាក. ១២:២៧
ពួកសាឌូស៊ីស្គាល់ច្បាស់អំពីសៀវភៅប្រាំក្បាលដំបូងនៃបទគម្ពីរភាសាហេប្រឺ ប៉ុន្តែពួកគេមើលរំលងសេចក្ដីពិតដ៏សំខាន់ដែលមានក្នុងសៀវភៅទាំងនោះ ដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ ជាឧទាហរណ៍ សូមគិតអំពីរបៀបដែលលោកយេស៊ូបានតបឆ្លើយ ពេលពួកសាឌូស៊ីបានសួរលោកអំពីការប្រោសឲ្យរស់ឡើងវិញ។ លោកបានសួរពួកគេថា៖ «តើអ្នកមិនធ្លាប់អានក្នុងកំណត់ហេតុដែលម៉ូសេបានសរសេរអំពីគុម្ពបន្លាទេឬ ពេលដែលព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›?»។ (ម៉ាក. ១២:១៨, ២៦) ទោះជាពួកសាឌូស៊ីប្រាកដជាបានអានកំណត់ហេតុនោះអស់ជាច្រើនដងក្ដី សំណួររបស់លោកយេស៊ូបានបង្ហាញថាពួកគេបានមើលរំលងសេចក្ដីពិតដ៏សំខាន់មួយ គឺសេចក្ដីបង្រៀនអំពីការប្រោសឲ្យរស់ឡើងវិញ។ (លូក. ២០:៣៨) តើយើងអាចទាញយកមេរៀនអ្វី? ពេលយើងអាន យើងចង់យកចិត្តទុកដាក់ចំពោះអ្វីទាំងអស់ដែលខគម្ពីរមួយឬកំណត់ហេតុមួយអាចបង្រៀនយើង។ យើងមិនគ្រាន់តែចង់យល់អំពីសេចក្ដីបង្រៀនបឋមៗប៉ុណ្ណោះទេ តែយើងក៏ចង់ដឹងអំពីសេចក្ដីបង្រៀនជ្រាលជ្រៅនិងគោលការណ៍ដែលកប់ជ្រៅមិនងាយរកឃើញ។ w២៣.០២ ទំ.១១ វ.៩-១០
ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា
មានសាក្សីមួយក្រុមធំ . . . នៅជុំវិញយើង។—ហេ. ១២:១
សាក្សីទាំងអស់ដែលបានត្រូវលើកឡើងនៅបទគម្ពីរថ្ងៃនេះបានជួបទុក្ខលំបាកយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ (ហេ. ១១:៣៦-៤០) តើការស៊ូទ្រាំនិងការខំព្យាយាមរបស់ពួកគេអសារឥតការឬទេ? មិនមែនទេ។ ទោះជាក្នុងមួយជីវិត ពួកគេមិនបានឃើញការសម្រេចនៃសេចក្ដីសន្យាទាំងអស់របស់ព្រះក្ដី ពួកគេបានបន្តសង្ឃឹមលើលោក។ ដោយសារពួកគេជឿជាក់ថាព្រះយេហូវ៉ាពេញចិត្តពួកគេ ពួកគេមានទំនុកចិត្តថានៅថ្ងៃអនាគតពួកគេនឹងឃើញសេចក្ដីសន្យារបស់ព្រះបានសម្រេច។ (ហេ. ១១:៤, ៥) គំរូរបស់ពួកគេអាចពង្រឹងការតាំងចិត្តរបស់យើងឲ្យបន្តសង្ឃឹមលើព្រះយេហូវ៉ា។ សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកដែលកាន់តែអាក្រក់ទៅៗ។ (២ធី. ៣:១៣) សាថានមិនទាន់ឈប់ល្បងលរាស្ត្ររបស់ព្រះទេ។ ទោះជាមានការលំបាកណាកើតឡើងនៅថ្ងៃខាងមុខ សូមយើងតាំងចិត្តធ្វើការយ៉ាងនឿយហត់ដើម្បីព្រះយេហូវ៉ា ដោយមានទំនុកចិត្តថា សេចក្ដីសង្ឃឹមរបស់យើងគឺមកពី«ព្រះដែលមានជីវិតរស់នៅ»។—១ធី. ៤:១០ w២២.០៦ ទំ.២៥ វ.១៧-១៨
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា
បើខ្ញុំស្លាប់ . . . តើមានប្រយោជន៍អ្វី? តើដីនឹងសរសើរលោកឬ?—ចសព. ៣០:៩
មូលហេតុមួយដែលយើងគួរព្យាយាមរក្សាសុខភាពឲ្យបានល្អ គឺដើម្បីយើងអាចបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាពរបស់យើង។ (ម៉ាក. ១២:៣០) ដូច្នេះយើងមិនធ្វើអ្វីដែលយើងដឹងថាអាចបង្ខូចសុខភាពរបស់យើងឡើយ។ (រ៉ូម ១២:១) ពិតមែន មិនថាយើងខំយ៉ាងណាក្ដី យើងមិនអាចធានាថាយើងមិនចេះឈឺទេ។ ប៉ុន្តែ យើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីរក្សាសុខភាពឲ្យបានល្អ ដោយសារយើងចង់បង្ហាញបិតាយើងនៅស្ថានសួគ៌ថាយើងឲ្យតម្លៃចំពោះជីវិតដែលជាអំណោយពីលោក។ ជំងឺនិងភាពចាស់ជរាប្រហែលជារារាំងយើងពីការធ្វើអ្វីជាច្រើនដែលយើងធ្លាប់ធ្វើ។ ជាលទ្ធផល យើងប្រហែលជាមួម៉ៅនិងពិបាកចិត្ត។ ប៉ុន្តែយើងមិនគួរឈប់ព្យាយាមថែរក្សាសុខភាពរបស់យើងឡើយ។ ហេតុអ្វី? ពីព្រោះមិនថាយើងឈឺឬចាស់យ៉ាងណាក្ដី យើងនៅតែអាចសរសើរព្រះយេហូវ៉ាដូចដាវីឌបានធ្វើ។ ការដឹងថាយើងមានតម្លៃចំពោះព្រះរបស់យើង សូម្បីតែពេលដែលយើងឈឺឬចាស់ក្ដី សម្រាលទុក្ខយើងណាស់។ (ម៉ាថ. ១០:២៩-៣១) ទោះជាយើងស្លាប់ក៏ដោយ លោកចង់ប្រោសយើងឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥) កាលដែលយើងនៅរស់ យើងចង់ធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីការពារសុខភាពនិងជីវិតយើង។ w២៣.០២ ទំ.២០-២១ វ.៣-៥
ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា
អ្នកណាដែលពោលពាក្យប្រមាថឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ព្រះនឹងមិនអភ័យទោសឲ្យអ្នកនោះឡើយ។—ម៉ាក. ៣:២៩
តើឈ្មោះរបស់មនុស្សមួយក្រុមធំនៃចៀមឯទៀត នៅតែមាននៅក្នុងសៀវភៅជីវិត ក្រោយពីពួកគេរួចជីវិតពីសង្គ្រាមអាម៉ាគេដូនឬទេ? នៅតែមាន។ (បប. ៧:១៤) លោកយេស៊ូបានមានប្រសាសន៍ថា ពួកអ្នកទាំងនេះដែលប្រៀបដូចចៀមនឹងបាន«ជីវិតដែលគ្មានទីបញ្ចប់»។ (ម៉ាថ. ២៥:៤៦) ប៉ុន្តែពួកអ្នកទាំងនេះដែលរួចជីវិតពីសង្គ្រាមអាម៉ាគេដូននឹងមិនទទួលជីវិតដែលគ្មានទីបញ្ចប់ភ្លាមៗនោះទេ។ ក្នុងអំឡុងការគ្រប់គ្រង១.០០០ឆ្នាំ លោកយេស៊ូ«នឹងឃ្វាលពួកគេ ហើយនាំទៅឯប្រភពទឹកដែលផ្ដល់ជីវិត»។ ពួកអ្នកដែលធ្វើតាមការណែនាំរបស់គ្រិស្ត និងដែលបានត្រូវវិនិច្ឆ័យចុងក្រោយថាស្មោះត្រង់ចំពោះព្រះយេហូវ៉ា នឹងមានឈ្មោះជាប់ក្នុងសៀវភៅជីវិត។ (បប. ៧:១៦, ១៧) ក៏ប៉ុន្តែ ពួកអ្នកដែលនៅក្នុងចំណោមពពែនឹងត្រូវបំផ្លាញនៅសង្គ្រាមអាម៉ាគេដូន។ លោកយេស៊ូបានមានប្រសាសន៍ថា ពួកគេ«នឹងទទួលសេចក្ដីស្លាប់ជារៀងរហូត»។ (ម៉ាថ. ២៥:៤៦) ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានប្រាប់យើងថា៖ «អ្នកទាំងនោះនឹងត្រូវកាត់ទោសឲ្យទទួលសេចក្ដីហិនវិនាសជារៀងរហូត»។—២ថែ. ១:៩; ២ពេ. ២:៩ w២២.០៩ ទំ.១៦ វ.៧-៨
ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា
មានពេលកំណត់សម្រាប់អ្វីៗទាំងអស់។—អទ. ៣:១
ពេលដែលក្រុមគ្រួសាររីករាយនឹងអ្វីដែលព្រះយេហូវ៉ាបានបង្កើត នេះអាចឲ្យពួកគេសម្រាកលំហែកាយនិងសប្បាយជាមួយគ្នា។ ការធ្វើដូច្នេះនឹងជួយពួកគេឲ្យស្រឡាញ់គ្នាកាន់តែខ្លាំង។ ព្រះយេហូវ៉ាបានបង្កើតកន្លែងស្អាតៗនៅផែនដីដើម្បីឲ្យយើងអាចធ្វើអ្វីដែលយើងចូលចិត្ត។ ក្រុមគ្រួសារជាច្រើនចូលចិត្តចំណាយពេលជាមួយគ្នានៅជនបទ សួន ភ្នំ ឬឆ្នេរ។ ក្នុងពិភពលោកថ្មីរបស់ព្រះ ឪពុកម្ដាយនិងកូននឹងអរសប្បាយចំពោះការបង្កើតរបស់ព្រះយេហូវ៉ាខ្លាំងជាងពេលមុនៗទៅទៀត។ នៅពេលនោះ យើងនឹងគ្មានហេតុឲ្យខ្លាចសត្វ ហើយពួកវានឹងមិនខ្លាចយើងដែរ។ (អេ. ១១:៦-៩) យើងនឹងមានពេលជារៀងរហូតដើម្បីសប្បាយនឹងអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ (ចសព. ២២:២៦) ប៉ុន្តែឪពុកម្ដាយ សូមកុំរង់ចាំរហូតដល់ពេលនោះ ទើបជួយកូនរបស់អ្នកឲ្យចាប់ផ្ដើមសប្បាយនឹងអ្វីដែលព្រះបានបង្កើតឡើយ។ កាលដែលអ្នកប្រើអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតដើម្បីបង្រៀនកូនអំពីលោក ពួកគេនឹងទំនងជាយល់ស្របនឹងអ្វីដែលស្ដេចដាវីឌនិយាយ គឺថា៖ «ឱព្រះយេហូវ៉ា . . . គ្មានអ្នកណាអាចធ្វើកិច្ចការដូចដែលលោកបានធ្វើទេ»។—ចសព. ៨៦:៨ w២៣.០៣ ទំ.២៥ វ.១៦-១៧