ខែតុលា
ថ្ងៃអង្គារ ទី១ ខែតុលា
ខ្ញុំនឹងសរសើរលោកនៅក្នុងក្រុមជំនុំ។—ចសព. ២២:២២
យើងទាំងអស់គ្នាអាចមានចំណែកក្នុងកិច្ចប្រជុំរបស់យើងដោយបន្លឺសំឡេងច្រៀងចម្រៀង និងដោយឆ្លើយចម្លើយដែលបានរៀបចំយ៉ាងល្អ។ អ្នកខ្លះពិបាកច្រៀងឬឆ្លើយនៅកិច្ចប្រជុំ។ តើអ្នកមានការពិបាកដូចនេះឬទេ? បើដូច្នេះ សូមពិចារណាអំពីអ្វីដែលអ្នកឯទៀតបានធ្វើដើម្បីយកឈ្នះការភ័យខ្លាចរបស់ពួកគេ។ ពេលច្រៀងចម្រៀង អ្នកខ្លះឃើញថាការច្រៀងដោយអស់ពីចិត្តបានជួយពួកគេ។ មូលហេតុសំខាន់បំផុតដែលយើងច្រៀងនៅកិច្ចប្រជុំ គឺដើម្បីសរសើរព្រះយេហូវ៉ា។ ដូច្នេះ ពេលអ្នករៀបចំសម្រាប់កិច្ចប្រជុំ សូមហាត់ច្រៀងដែរ ហើយព្យាយាមស្វែងយល់ចំណុចដែលជាប់ទាក់ទងគ្នារវាងពាក្យចម្រៀងនិងអ្វីដែលនឹងពិគ្រោះនៅកិច្ចប្រជុំ។ ម្យ៉ាងទៀត សូមផ្ដោតអារម្មណ៍ច្រើនជាងទៅលើពាក្យចម្រៀង ជាជាងផ្ដោតអារម្មណ៍ទៅលើសំឡេងចម្រៀងរបស់អ្នកថាពីរោះឬមិនពីរោះឡើយ។ ចំពោះអ្នកខ្លះ ការឆ្លើយគឺពិបាកណាស់។ តើអ្វីអាចជួយ? សូមព្យាយាមឆ្លើយជាទៀងទាត់។ សូមចាំថា បើចម្លើយរបស់អ្នកគឺខ្លី សាមញ្ញ ហើយចំនឹងចំណុច នោះគឺមិនអីទេ។ ព្រះយេហូវ៉ាពេញចិត្តជាខ្លាំងពេលយើងខំអស់ពីសមត្ថភាពដើម្បីឆ្លើយនៅកិច្ចប្រជុំ។ w២២.០៤ ទំ.៧-៨ វ.១២-១៥
ថ្ងៃពុធ ទី២ ខែតុលា
ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។—ហេ. ១៣:៦
អត្ថន័យនៃពាក្យ«អ្នកជួយ»សំដៅលើបុគ្គលម្នាក់ដែលរត់ទៅជួយបុគ្គលម្នាក់ទៀតដែលកំពុងស្រែករកជំនួយ។ សូមស្រមៃគិតថា ព្រះយេហូវ៉ាកំពុងប្រញាប់រត់ទៅសង្គ្រោះបុគ្គលដែលមានការពិបាក។ អ្នកប្រាកដជាយល់ស្របថាការពិពណ៌នានេះបញ្ជាក់អំពីបំណងចិត្តយ៉ាងខ្លាំងរបស់ព្រះយេហូវ៉ាដើម្បីជួយយើង។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនឹងទុក្ខលំបាកដោយអំណរ។ តើព្រះយេហូវ៉ាជួយយើងតាមរបៀបណាខ្លះ? ដើម្បីឆ្លើយ សូមយើងមើលសៀវភៅអេសាយ។ ហេតុអ្វី? ពីព្រោះទំនាយជាច្រើនដែលអេសាយបានសរសេរក្រោមការដឹកនាំរបស់ព្រះ ជាប់ទាក់ទងនឹងរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ។ បន្ថែមទៅទៀត អេសាយច្រើនតែប្រើពាក្យពណ៌នាអំពីព្រះយេហូវ៉ាដែលយើងស្រួលយល់។ នៅអេសាយ ជំពូក៣០ មានឧទាហរណ៍ខ្លះ។ ក្នុងជំពូកនោះ អេសាយបានប្រើឧទាហរណ៍ដ៏ល្អដើម្បីរៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយរាស្ត្រលោក។ គាត់បានសរសេរថាព្រះយេហូវ៉ាជួយយើងដោយ (១) ស្ដាប់យ៉ាងយកចិត្តទុកដាក់និងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង (២) ផ្ដល់ការណែនាំផ្សេងៗ និង(៣) ផ្ដល់ពរដល់យើងនៅឥឡូវនេះនិងនៅថ្ងៃអនាគត។ w២២.១១ ទំ.៨ វ.២-៣
ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា
កុំខ្លាចទុក្ខលំបាកដែលអ្នករាល់គ្នានឹងជួបប្រទះឡើយ។ . . . ចូររក្សាសេចក្ដីស្មោះត្រង់រហូតដល់ស្លាប់ ហើយខ្ញុំនឹងឲ្យមកុដនៃជីវិតដល់អ្នករាល់គ្នា។—បប. ២:១០
ក្នុងដំណឹងរបស់លោកយេស៊ូទៅកាន់ក្រុមជំនុំនាក្រុងស្មៀរណានិងក្រុងភីឡាដិលភា លោកបានប្រាប់គ្រិស្តសាសនិកនៅទីនោះ កុំឲ្យខ្លាចការបៀតបៀន ដោយសារព្រះយេហូវ៉ានឹងឲ្យរង្វាន់ពួកគេ បើពួកគេរក្សាភាពស្មោះត្រង់។ (បប. ៣:១០) យើងត្រូវរំពឹងថាយើងនឹងជួបការបៀតបៀន ហើយយើងក៏ត្រូវសុខចិត្តស៊ូទ្រាំនឹងការបៀតបៀននោះដែរ។ (ម៉ាថ. ២៤:៩, ១៣; ២កូ. ១២:១០) សៀវភៅការបើកបង្ហាញប្រាប់យើងថារាស្ត្រព្រះនឹងទទួលការបៀតបៀននៅសម័យរបស់យើង ពោលគឺនៅ«ថ្ងៃរបស់លោកម្ចាស់»។ (បប. ១:១០) ការបើកបង្ហាញ ជំពូក១២រៀបរាប់ថាសង្គ្រាមផ្ទុះឡើងនៅស្ថានសួគ៌ភ្លាមៗបន្ទាប់ពីរាជាណាចក្រព្រះបានស្ថាបនាឡើង។ មីកែលដែលជាឈ្មោះមួយដែលសំដៅលើលោកយេស៊ូគ្រិស្ត និងបណ្ដាទេវតារបស់លោកបានច្បាំងនឹងសាថាន ព្រមទាំងពួកវិញ្ញាណកំណាច។ (បប. ១២:៧, ៨) ជាលទ្ធផល ពួកសត្រូវទាំងនេះរបស់ព្រះ បានបរាជ័យ និងបានត្រូវបោះទម្លាក់មកផែនដី ហើយនាំឲ្យមានទុក្ខវេទនាជាខ្លាំងដល់មនុស្សជាតិ។—បប. ១២:៩, ១២ w២២.០៥ ទំ.៥ វ.១២-១៣
ថ្ងៃសុក្រ ទី៤ ខែតុលា
ព្រះយេហូវ៉ាជាព្រះរបស់យើង លោកប្រព្រឹត្តដោយយុត្តិធម៌។—២ប្រ. ១៩:៧
ការវិនិច្ឆ័យរបស់ព្រះយេហូវ៉ាតែងតែយុត្តិធម៌។ លោកមិនលម្អៀងទាល់តែសោះ។ ព្រះយេហូវ៉ាមិនដែលអភ័យទោសឲ្យបុគ្គលណាម្នាក់ដោយសារគាត់ស្អាតសង្ហា ជាអ្នកមាន មានមុខមានមាត់ ឬមានទេពកោសល្យច្រើនឡើយ។ (១សាំ. ១៦:៧; យ៉ា. ២:១-៤) គ្មានអ្នកណាអាចបង្ខិតបង្ខំ ឬឲ្យសំណូកព្រះយេហូវ៉ាបានទេ។ ការសម្រេចចិត្តរបស់លោកមិនមែនដោយសារលោកធុញទ្រាន់ទេ។ លោកក៏មិនមែនធ្វើការសម្រេចចិត្តតាមតែអារម្មណ៍ប៉ុណ្ណោះដែរ។ (ដច. ៣៤:៧) ព្រះយេហូវ៉ាជាចៅក្រមដ៏ល្អបំផុត ដោយសារលោកយល់អ្វីៗទាំងអស់អំពីយើងនិងស្ថានភាពរបស់យើង។ (បច. ៣២:៤) អ្នកសរសេរបទគម្ពីរភាសាហេប្រឺបានទទួលស្គាល់ថាការអភ័យទោសរបស់ព្រះយេហូវ៉ាគឺល្អឯក។ ក្នុងករណីខ្លះ ពួកគេបានប្រើពាក្យភាសាហេប្រឺ ដែលឯកសារយោងមួយពន្យល់ថា ពាក្យនោះ«បានត្រូវប្រើសម្រាប់តែរៀបរាប់អំពីរបៀបដែលព្រះអភ័យទោសឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គង។ ពាក្យនោះមិនដែលប្រើដើម្បីរៀបរាប់អំពីរបៀបមនុស្សម្នាក់អភ័យទោសឲ្យមនុស្សម្នាក់ទៀតនោះទេ ដោយសារការអភ័យទោសរបស់មនុស្សមានកម្រិត»។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះមានសមត្ថភាពអភ័យទោសទាំងស្រុងឲ្យអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត។ w២២.០៦ ទំ.៤ វ.១០-១១
ថ្ងៃសៅរ៍ ទី៥ ខែតុលា
ចូរបង្ហាត់បង្រៀនកូនក្មេងឲ្យដើរតាមផ្លូវត្រឹមត្រូវ យ៉ាងនេះ ទោះជាគាត់មានអាយុច្រើនក៏ដោយ គាត់នឹងមិនចាកចេញពីផ្លូវនោះទេ។—សុភ. ២២:៦
បើអ្នកកំពុងចិញ្ចឹមអប់រំកូនដោយគ្មានគូ ឬក្នុងក្រុមគ្រួសារដែលមានជំនឿខុសគ្នា សូមដឹងថាគំរូរបស់អ្នកអាចពង្រឹងកម្លាំងចិត្តនិងជំរុញចិត្តបុគ្គលដែលនៅជុំវិញអ្នក។ ចុះយ៉ាងណាបើអ្នកខំប្រឹងព្យាយាមបង្ហាត់បង្រៀនកូនរបស់អ្នក ប៉ុន្តែមើលទៅមិនសូវកើតផល? សូមចាំថាការបង្ហាត់បង្រៀនកូនត្រូវការពេល។ ពេលដាំដំណាំ ជួនកាលអ្នកប្រហែលជាឆ្ងល់ថាតើដំណាំនោះនឹងដុះលូតលាស់ ហើយបង្កើតផលឬក៏យ៉ាងណា។ ទោះជាអ្នកមិនអាចកំណត់លទ្ធផលក្ដី អ្នកបន្តស្រោចទឹកដំណាំនោះដើម្បីទុកឱកាសកាន់តែច្រើនឲ្យវាដុះលូតលាស់។ (ម៉ាក. ៤:២៦-២៩) ស្រដៀងគ្នាដែរ ក្នុងនាមជាម្ដាយ ជួនកាលអ្នកប្រហែលជាឆ្ងល់ថាតើកូនរបស់អ្នកនឹងស្រឡាញ់ព្រះយេហូវ៉ាឬយ៉ាងណា។ អ្នកមិនអាចកំណត់លទ្ធផលបានទេ។ ប៉ុន្តែ បើអ្នកបន្តខំព្យាយាមអស់ពីសមត្ថភាពដើម្បីបង្ហាត់បង្រៀនកូន អ្នកកំពុងទុកឱកាសកាន់តែច្រើនឲ្យពួកគេទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា។ w២២.០៤ ទំ.២០ វ.១៦-១៧
ថ្ងៃអាទិត្យ ទី៦ ខែតុលា
អំណួតនាំឲ្យវិនាស ហើយភាពក្រអឺតក្រទមនាំឲ្យដួលចុះ។—សុភ. ១៦:១៨
ពេលសាឡូម៉ូនជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាដ៏ស្មោះត្រង់ គាត់មានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង។ កាលដែលគាត់មានវ័យក្មេង គាត់បានទទួលស្គាល់កម្រិតសមត្ថភាពរបស់ខ្លួន ហើយសុំការណែនាំពីព្រះយេហូវ៉ា។ (១បស. ៣:៧-៩) នៅដើមការគ្រប់គ្រងរបស់សាឡូម៉ូន គាត់ក៏ដឹងអំពីគ្រោះថ្នាក់នៃការមានអំណួតដែរ។ គួរឲ្យស្ដាយ ក្រោយមកសាឡូម៉ូនមិនធ្វើតាមយោបល់របស់ខ្លួននោះទេ។ មួយរយៈពេលក្រោយពីគាត់ទៅជាស្ដេច គាត់ចាប់ផ្ដើមមានអំណួត និងមិនអើពើនឹងតម្រូវការរបស់ព្រះ។ ជាឧទាហរណ៍ ច្បាប់មួយចែងថា ស្ដេចជនជាតិហេប្រឺមិនគួរ«យកប្រពន្ធច្រើនទេ ដើម្បីកុំឲ្យចិត្តគាត់បែរចេញពីផ្លូវត្រឹមត្រូវ»។ (បច. ១៧:១៧) សាឡូម៉ូនមិនធ្វើតាមច្បាប់នោះ ហើយបានយកប្រពន្ធ៧០០នាក់ និងប្រពន្ធបន្ទាប់៣០០នាក់។ (១បស. ១១:១-៣) ប្រហែលជាសាឡូម៉ូនមានអារម្មណ៍ថា នេះមិននាំឲ្យមានបញ្ហាដល់គាត់ទេ។ ប៉ុន្តែក្រោយមក សាឡូម៉ូនបានរងផលវិបាក ដោយសារការមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។—១បស. ១១:៩-១៣ w២២.០៥ ទំ.២៣ វ.១២
ថ្ងៃច័ន្ទ ទី៧ ខែតុលា
«អ្នកបម្រើសុចរិតរបស់ខ្ញុំនឹងរស់ដោយសារជំនឿ» ហើយ«ប្រសិនបើគាត់រាថយ ខ្ញុំមិនពេញចិត្តគាត់ទេ»។—ហេ. ១០:៣៨
នៅសព្វថ្ងៃនេះ មនុស្សត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។ តើពួកគេនឹងគាំទ្រព្រះយេហូវ៉ាដែលជាអ្នកមានសិទ្ធិគ្រប់គ្រងសកលលោកនេះ ឬតើពួកគេនឹងគាំទ្រមេកំណាចសាថានដែលជាសត្រូវដ៏ឃោរឃៅរបស់លោក? មនុស្សគ្រប់រូបត្រូវជ្រើសរើសយកមួយ។ ពួកគេមិនអាចនៅកណ្ដាលបានទេ។ ពួកគេអាចរស់ជារៀងរហូតបានឬមិនបាន អាស្រ័យទៅលើការសម្រេចចិត្តរបស់ពួកគេ។ (ម៉ាថ. ២៥:៣១-៣៣, ៤៦) ក្នុងអំឡុង«គ្រាទុក្ខវេទនាជាខ្លាំង» អ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ានឹងទទួលសញ្ញាសម្គាល់ដើម្បីរួចជីវិត។ (បប. ៧:១៤; អេគ. ៩:៤, ៦) រីឯពួកអ្នកដែលមានសញ្ញារបស់សត្វសាហាវវិញ ពួកគេនឹងត្រូវបំផ្លាញចោល។ (បប. ១៤:៩-១១) បើអ្នកបានសម្រេចចិត្តគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ា អ្នកបានធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃមែន! ឥឡូវ អ្នកចង់ជួយអ្នកឯទៀតឲ្យធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវដែរ។ ពួកអ្នកដែលគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់នឹងទទួលពរ។ យើងគួរសិក្សាសេចក្ដីពិតដ៏សំខាន់ទាំងនេះ។ ការធ្វើដូច្នេះនឹងពង្រឹងការតាំងចិត្តរបស់យើងឲ្យបន្តបម្រើព្រះយេហូវ៉ា។ បន្ថែមទៅទៀត យើងអាចប្រើព័ត៌មាននេះដើម្បីជួយអ្នកឯទៀតឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវ និងបន្តធ្វើតាមការសម្រេចចិត្តនោះ។ w២២.០៥ ទំ.១៥ វ.១-២
ថ្ងៃអង្គារ ទី៨ ខែតុលា
នៅពេលដែលមនុស្ស . . . និយាយរឿងអាក្រក់គ្រប់បែបយ៉ាងដើម្បីបង្កាច់បង្ខូចអ្នករាល់គ្នា . . . នោះអ្នករាល់គ្នាមានសុភមង្គលហើយ!—ម៉ាថ. ៥:១១
យើងត្រូវស្ដាប់ព្រះយេហូវ៉ា មិនមែនសត្រូវរបស់យើងទេ។ យ៉ូបបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍មកគាត់។ ព្រះបានវែកញែកជាមួយយ៉ូបហាក់ដូចជាលោកនិយាយថា ‹ខ្ញុំដឹងអំពីអ្វីទាំងអស់ដែលបានកើតឡើងចំពោះអ្នក។ តើអ្នកគិតថាខ្ញុំមិនអាចថែរក្សាអ្នកឬ?›។ យ៉ូបបានតបឆ្លើយដោយចិត្តរាបទាប ហើយបានបង្ហាញចិត្តកតញ្ញូដ៏ជ្រាលជ្រៅចំពោះគុណធម៌របស់ព្រះយេហូវ៉ា។ យ៉ូបបាននិយាយថា៖ «ពីមុនខ្ញុំធ្លាប់តែឮអំពីលោក។ ប៉ុន្តែ ឥឡូវខ្ញុំឃើញលោកដោយផ្ទាល់ភ្នែក»។ (យ៉ូប ៤២:៥) ពេលយ៉ូបបាននិយាយពាក្យទាំងនោះ គាត់ទំនងជានៅតែអង្គុយលើផេះដោយមានដំបៅពេញខ្លួន។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាបានបញ្ជាក់ថាលោកស្រឡាញ់យ៉ូប ហើយបានពង្រឹងទំនុកចិត្តរបស់គាត់ថាលោកពេញចិត្តគាត់។ (យ៉ូប ៤២:៧, ៨) សព្វថ្ងៃនេះ មនុស្សក៏ប្រហែលជាប្រមាថមើលងាយយើង និងប្រព្រឹត្តមកលើយើងហាក់ដូចជាយើងគ្មានតម្លៃ។ ពួកគេប្រហែលជាព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់អង្គការយើងឬរបស់យើងផ្ទាល់។ តាមរយៈកំណត់ហេតុអំពីយ៉ូប យើងរៀនថាព្រះយេហូវ៉ាមានទំនុកចិត្តថាយើងនឹងរក្សាភក្ដីភាពចំពោះលោកពេលដែលយើងជួបទុក្ខលំបាក។ w២២.០៦ ទំ.២៣-២៤ វ.១៥-១៦
ថ្ងៃពុធ ទី៩ ខែតុលា
វេលាសម្រាប់ពិធីរៀបការរបស់កូនចៀមបានមកដល់ហើយ។—បប. ១៩:៧
ទោះជានៅស្ថានសួគ៌មានសំឡេងស្រែកអរសាទរ ដោយសារបាប៊ីឡូនដ៏ខ្លាំងក្លាបានត្រូវបំផ្លាញចោលក្ដី មានអ្វីមួយទៀតដែលនឹងធ្វើឲ្យអរសប្បាយជាងនេះទៅទៀត! (បប. ១៩:១-៣) នេះគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្តបំផុតនៅក្នុងសៀវភៅការបើកបង្ហាញ ពោលគឺ«ពិធីរៀបការរបស់កូនចៀម»។ សមាជិកគ្រប់រូបនៃ១៤៤.០០០នាក់នឹងនៅស្ថានសួគ៌បន្តិចមុនសង្គ្រាមអាម៉ាគេដូនចាប់ផ្ដើម។ ប៉ុន្តែ ពិធីរៀបការរបស់កូនចៀមនឹងមិនទាន់ធ្វើឡើងនៅពេលនោះទេ។ (បប. ២១:១, ២) ពិធីរៀបការនេះនឹងកើតឡើងបន្ទាប់ពីសង្គ្រាមអាម៉ាគេដូនបានត្រូវធ្វើឡើង សត្រូវទាំងអស់របស់ព្រះនៅផែនដីបានត្រូវបំផ្លាញចោល ហើយសាថាននិងពួកវិញ្ញាណកំណាចបានត្រូវបោះទៅក្នុងទីជ្រៅបំផុត។ (ចសព. ៤៥:៣, ៤, ១៣-១៧) តើពិធីរៀបការរបស់កូនចៀមមានន័យយ៉ាងណាចំពោះពួកអ្នកដែលជាប់ពាក់ព័ន្ធ? ដូចការរៀបការផ្សំផ្គុំបុរសម្នាក់និងស្ត្រីម្នាក់ នោះពិធីរៀបការរបស់កូនចៀមក៏បង្រួបបង្រួមលោកយេស៊ូគ្រិស្តដែលជាស្ដេចនិង«កូនក្រមុំ»របស់លោក គឺពួក១៤៤.០០០នាក់។ ព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្តនោះ បញ្ជាក់អំពីទីចាប់ផ្ដើមនៃការគ្រប់គ្រង១.០០០ឆ្នាំរបស់ពួក១៤៤.០០០នាក់ជាមួយលោកយេស៊ូ។—បប. ២០:៦ w២២.០៥ ទំ.១៧ វ.១១-១៣
ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា
ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់ . . . ឃើញថាគាត់កំពុងធ្វើដូច្នោះមែន។—ម៉ាថ. ២៤:៤៦
លោកយេស៊ូបានប្រាប់ទុកជាមុនថាក្នុងអំឡុងគ្រាចុងបញ្ចប់ លោកនឹងតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ។ (ម៉ាថ. ២៤:៤៥) នេះគឺពិតមែន។ លោកយេស៊ូដែលជាអ្នកត្រួតពិនិត្យរបស់យើង បានប្រើបុរសមួយក្រុមតូចដែលជាអ្នករើសតាំង ឲ្យផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ«នៅពេលត្រឹមត្រូវ» ដល់រាស្ត្រព្រះនិងពួកអ្នកចាប់អារម្មណ៍។ បុរសទាំងនេះមិនចាត់ទុកខ្លួនថាជាម្ចាស់លើជំនឿរបស់អ្នកឯទៀតទេ។ (២កូ. ១:២៤) ផ្ទុយទៅវិញ ពួកគេទទួលស្គាល់ថាលោកយេស៊ូគ្រិស្តគឺជា«អ្នកដឹកនាំ និងជាមេបញ្ជាការ»របស់រាស្ត្រលោក។ (អេ. ៥៥:៤) តាំងពីឆ្នាំ១៩១៩ ខ្ញុំបម្រើដ៏ស្មោះត្រង់បានរៀបចំសៀវភៅផ្សេងៗ ដែលបានផ្ដល់ឱកាសឲ្យពួកអ្នកចាប់អារម្មណ៍ថ្មីចាប់ផ្ដើមរៀនសេចក្ដីពិតពីបណ្ដាំព្រះ។ នៅឆ្នាំ១៩២១ ខ្ញុំបម្រើនេះបានរៀបចំសៀវភៅពិណរបស់ព្រះ (The Harp of God) ដើម្បីជួយពួកអ្នកចាប់អារម្មណ៍ឲ្យរៀនសេចក្ដីបង្រៀនបឋមពីគម្ពីរ។ ក្រោយមក មានសៀវភៅបន្ថែមទៀតបានត្រូវរៀបចំឡើង។ តើសៀវភៅមួយណាបានជួយអ្នកឲ្យចាប់ផ្ដើមស្គាល់និងស្រឡាញ់បិតារបស់យើងនៅស្ថានសួគ៌? w២២.០៧ ទំ.១០ វ.៩-១០
ថ្ងៃសុក្រ ទី១១ ខែតុលា
លោកនឹងឲ្យខ្ញុំនៅចំពោះមុខលោកជានិច្ច។—ចសព. ៤១:១២
ព្រះយេហូវ៉ាជាបុគ្គលដែលមានចិត្តទូលាយជាងគេបំផុត។ មិនថាអ្នកឲ្យអ្វីទៅលោកក៏ដោយ លោកនឹងតែងតែឲ្យអ្នកវិញនូវអ្វីច្រើនជាងនោះទៅទៀត។ (ម៉ាក. ១០:២៩, ៣០) លោកនឹងឲ្យអ្នកមានជីវិតដ៏គួរឲ្យចាប់អារម្មណ៍ ដ៏សប្បាយ និងដែលមានន័យខ្លឹមសារបំផុតដែលអ្នកអាចមាននៅក្នុងពិភពលោកដ៏អាក្រក់នេះ ហើយនេះគ្រាន់តែជាទីចាប់ផ្ដើម។ អ្នកអាចបន្ដបម្រើបិតាជាទីស្រឡាញ់របស់អ្នកជារៀងរហូត។ សេចក្ដីស្រឡាញ់រវាងអ្នកនិងបិតាអ្នកនឹងបន្ដកើនឡើង ហើយអ្នកនឹងរស់ជារៀងរហូតដូចលោក។ ពេលអ្នកប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក អ្នកមានឯកសិទ្ធិឲ្យអ្វីដែលពិតជាមានតម្លៃដល់បិតារបស់អ្នក។ គ្រប់ទាំងរបស់ល្អនិងគ្រាដ៏សប្បាយដែលអ្នកធ្លាប់មានក្នុងជីវិតរបស់អ្នក គឺមកពីលោក។ យ៉ាងនេះ អ្នកអាចឲ្យម្ចាស់នៃមេឃនិងផែនដីនូវអ្វីដែលលោកមិនទាន់មាន គឺកិច្ចបម្រើដ៏ស្មោះត្រង់និងស្ម័គ្រពីចិត្តរបស់អ្នក។ (យ៉ូប ១:៨; ៤១:១១; សុភ. ២៧:១១) នេះជារបៀបរស់នៅដ៏ល្អបំផុត។ w២៣.០៣ ទំ.៦ វ.១៦-១៧
ថ្ងៃសៅរ៍ ទី១២ ខែតុលា
តើមនុស្សវ័យក្មេងអាចរក្សាឲ្យមានជីវិតស្អាតស្អំយ៉ាងដូចម្ដេច? ពួកគេត្រូវបន្តយកចិត្តទុកដាក់ធ្វើតាមបណ្ដាំរបស់លោក។—ចសព. ១១៩:៩
ក្នុងអំឡុងគ្រាយុវវ័យ ចំណង់ខាងផ្លូវភេទអាចមានខ្លាំង ហើយអ្នកប្រហែលជាជួបនឹងការបង្ខិតបង្ខំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ សាថានចង់ឲ្យអ្នកចុះចាញ់នឹងសេចក្ដីប៉ងប្រាថ្នារបស់អ្នក។ តើអ្វីអាចជួយអ្នកឲ្យរក្សាភាពស្អាតស្អំខាងសីលធម៌? (១ថែ. ៤:៣, ៤) ពេលអ្នកអធិដ្ឋានទៅព្រះយេហូវ៉ាម្នាក់ឯង សូមប្រាប់លោកអំពីអារម្មណ៍របស់អ្នក និងសុំលោកឲ្យពង្រឹងកម្លាំងអ្នក។ (ម៉ាថ. ៦:១៣) សូមចាំថាព្រះយេហូវ៉ាចង់ជួយអ្នក មិនមែនផ្ដន្ទាទោសអ្នកទេ។ (ចសព. ១០៣:១៣, ១៤) សូមកុំព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯងឡើយ។ សូមនិយាយជាមួយឪពុកម្ដាយអំពីការពិបាករបស់អ្នក។ គឺមិនស្រួលឲ្យនិយាយអំពីរឿងផ្ទាល់ខ្លួនបែបនេះទេ តែការធ្វើដូច្នេះគឺសំខាន់។ ដោយអានគម្ពីរនិងរំពឹងគិតអំពីគោលការណ៍ក្នុងគម្ពីរ អ្នកនឹងងាយស្រួលជាងធ្វើការសម្រេចចិត្តដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ អ្នកនឹងឃើញថាអ្នកមិនត្រូវការច្បាប់ចំពោះគ្រប់ស្ថានភាពទេ ដោយសារអ្នកនឹងយល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ w២២.០៨ ទំ.៥ វ.១០-១២
ថ្ងៃអាទិត្យ ទី១៣ ខែតុលា
ប្រសិនបើមានអ្នកណាមិនទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន . . . អ្នកនោះបានលះបង់ជំនឿហើយ។—១ធី. ៥:៨
ប្រមុខគ្រួសារដែលជាគ្រិស្តសាសនិក យកចិត្តទុកដាក់ចំពោះតួនាទីរបស់គាត់ក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារ។ បើអ្នកជាប្រមុខគ្រួសារ អ្នកប្រហែលជាបារម្ភអំពីការផ្គត់ផ្គង់ម្ហូបអាហារឬកន្លែងស្នាក់នៅដល់ក្រុមគ្រួសាររបស់អ្នក។ អ្នកក៏ប្រហែលជាខ្លាចថាបើអ្នកបាត់បង់ការងារ អ្នកពិបាករកការងារថ្មី។ ឬអ្នកប្រហែលជាស្ទាក់ស្ទើរផ្លាស់ប្ដូរការងាររបស់អ្នក ពីព្រោះអ្នកគិតថាការរស់នៅដោយមានប្រាក់ចំណូលតិចជាងគឺមិនអាចទៅរួចទេ។ សាថានពូកែឆ្លៀតយកឱកាសពីការភ័យខ្លាចបែបនេះ។ សាថានខំព្យាយាមធ្វើឲ្យយើងជឿថា ព្រះយេហូវ៉ាមិនយកចិត្តទុកដាក់ចំពោះយើងផ្ទាល់ ហើយទុកឲ្យយើងរ៉ាប់រងផ្គត់ផ្គង់ក្រុមគ្រួសារតែម្នាក់ឯង។ ហេតុនេះហើយ យើងប្រហែលជាគិតថាយើងត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាការងាររបស់យើង ទោះជានោះអាចធ្វើឲ្យយើងបំពានគោលការណ៍គម្ពីរក្ដី។ w២២.០៦ ទំ.១៥ វ.៥-៦
ថ្ងៃច័ន្ទ ទី១៤ ខែតុលា
សេចក្ដីសង្ឃឹមនេះជាយុថ្កាសម្រាប់ជីវិតយើង ក៏រឹងមាំនិងពិតប្រាកដ។—ហេ. ៦:១៩
យើងដឹងថាព្រះរបស់យើងមាន«សេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ លោកយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតជាបរិបូរ»។ (ដច. ៣៤:៦) ព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌។ (អេ. ៦១:៨) លោកឈឺចិត្តពេលឃើញយើងរងទុក្ខ ហើយលោកទន្ទឹងរង់ចាំពេលដែលលោកនឹងលុបបំបាត់ទុក្ខវេទនាទាំងអស់ចោល។ (យេ. ២៩:១១) យើងក៏ទន្ទឹងរង់ចាំគ្រាដ៏អស្ចារ្យនោះដែរ! ដូច្នេះ គឺមិនចម្លែកទេដែលយើងស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់! តើមានមូលហេតុអ្វីទៀតដែលយើងស្រឡាញ់សេចក្ដីពិត? សេចក្ដីពិតផ្ដល់ប្រយោជន៍ជាច្រើនដល់យើង។ សូមគិតអំពីឧទាហរណ៍មួយ។ សេចក្ដីពិតពីគម្ពីរក៏រួមបញ្ចូលសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតដែរ។ ដូចយុថ្កាជួយទូកឲ្យមានលំនឹង សេចក្ដីសង្ឃឹមរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ អាចជួយយើងឲ្យមានចិត្តនឹងនរឬចិត្តស្ងប់ ពេលមានបញ្ហាកើតឡើង។ ក្នុងបទគម្ពីរថ្ងៃនេះ សាវ័កប៉ូលកំពុងរៀបរាប់អំពីសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ដែលគ្រិស្តសាសនិកដែលបានត្រូវរើសតាំងឲ្យតម្លៃជាខ្លាំង។ ប៉ុន្តែ ពាក្យរបស់គាត់ក៏ជាប់ទាក់ទងនឹងគ្រិស្តសាសនិកដែលទន្ទឹងរង់ចាំរស់នៅជារៀងរហូតនៅផែនដីជាសួនឧទ្យានផងដែរ។ (យ៉ូន. ៣:១៦) ការរៀនអំពីសេចក្ដីសង្ឃឹមនៃជីវិតដែលគ្មានទីបញ្ចប់ពិតជាធ្វើឲ្យជីវិតយើងមានន័យខ្លឹមសារ។ w២២.០៨ ទំ.១៤-១៥ វ.៣-៥
ថ្ងៃអង្គារ ទី១៥ ខែតុលា
កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ។—អេភ. ៤:២៦
សេចក្ដីស្រឡាញ់ជាមូលដ្ឋានគ្រឹះនៃទំនុកចិត្ត។ កូរិនថូសទី១ ជំពូក១៣រៀបរាប់អំពីលក្ខណៈជាច្រើននៃសេចក្ដីស្រឡាញ់ដែលអាចជួយយើងឲ្យពង្រឹងទំនុកចិត្តឬមានទំនុកចិត្តឡើងវិញចំពោះអ្នកឯទៀត។ (១កូ. ១៣:៤-៨) ជាឧទាហរណ៍ ខ៤ចែងថា៖ «សេចក្ដីស្រឡាញ់មានចិត្តអត់ធ្មត់ ហើយសប្បុរស»។ ព្រះយេហូវ៉ាមានចិត្តអត់ធ្មត់នឹងយើង ទោះជាពេលយើងធ្វើខុសចំពោះលោកក្ដី។ ដូច្នេះ យើងត្រូវមានចិត្តអត់ធ្មត់ចំពោះបងប្អូនយើង បើពួកគេនិយាយឬធ្វើអ្វីដែលនាំឲ្យយើងខឹងឬឈឺចិត្ត។ ខ៥បន្ថែមថា៖ «[សេចក្ដីស្រឡាញ់]មិនឆាប់ខឹង និងមិនចាំទុកក្នុងចិត្តនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ត»។ យើងមិនចង់ចេះតែនឹកចាំអំពីអ្វីៗដែលបងប្អូនធ្វើខុស។ អ្នកទូន្មាន ៧:៩ចែងថា យើងមិនគួរ«ឆាប់ទើសចិត្ត»។ សូមព្យាយាមមានអារម្មណ៍ចំពោះបងប្អូនដូចដែលព្រះយេហូវ៉ាមាន។ ព្រះស្រឡាញ់ពួកគេ ហើយមិនកត់ចំណាំកំហុសរបស់ពួកគេទេ។ យើងក៏មិនគួរកត់ចំណាំកំហុសរបស់បងប្អូនដែរ។ (ចសព. ១៣០:៣) ជាជាងផ្ដោតអារម្មណ៍ទៅលើកំហុសរបស់ពួកគេ សូមស្វែងរកគុណសម្បត្តិពួកគេ។—ម៉ាថ. ៧:១-៥ w២២.០៩ ទំ.៣-៤ វ.៦-៧
ថ្ងៃពុធ ទី១៦ ខែតុលា
នឹងមានគ្រាវេទនា។—ដាន. ១២:១
សៀវភៅដានីយ៉ែលរៀបរាប់អំពីលំដាប់ព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបចិត្តដែលនឹងកើតឡើងក្នុងអំឡុងគ្រាចុងបញ្ចប់។ ជាឧទាហរណ៍ ដានីយ៉ែល ១២:១រៀបរាប់ថា មីកែលដែលជាលោកយេស៊ូគ្រិស្ត«កំពុងឈរជួយ»រាស្ត្រព្រះ។ ផ្នែកនេះនៃទំនាយរបស់ដានីយ៉ែលបានចាប់ផ្ដើមសម្រេចនៅឆ្នាំ១៩១៤ ពេលដែលលោកយេស៊ូបានត្រូវតែងតាំងជាស្ដេចនៃរាជាណាចក្រព្រះនៅស្ថានសួគ៌។ ប៉ុន្តែ ដានីយ៉ែលក៏ទទួលដំណឹងដែរថា លោកយេស៊ូនឹង«ក្រោកឡើង»ក្នុងអំឡុង«គ្រាវេទនាដែលមិនធ្លាប់មានតាំងពីកំណើតប្រជាជាតិរហូតមកដល់ពេលនោះ»។ «គ្រាវេទនា»នោះ គឺជាគ្រា«ទុក្ខវេទនាជាខ្លាំង»ដែលបានត្រូវរៀបរាប់នៅម៉ាថាយ ២៤:២១។ លោកយេស៊ូក្រោកឡើងឬការពាររាស្ត្រព្រះនៅចុងបញ្ចប់នៃគ្រាវេទនានោះ ពោលគឺនៅសង្គ្រាមអាម៉ាគេដូន។ សៀវភៅការបើកបង្ហាញហៅពួកអ្នកទាំងនោះថាជាមនុស្សមួយក្រុមធំដែល«ចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង»។—បប. ៧:៩, ១៤ w២២.០៩ ទំ.២១ វ.៤-៥
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា
អ្នកណាដែលធ្វើអំពើខុសឆ្គងទាស់នឹងខ្ញុំ ខ្ញុំនឹងលុបឈ្មោះអ្នកនោះចេញពីសៀវភៅរបស់ខ្ញុំ។—ដច. ៣២:៣៣
ឈ្មោះដែលឥឡូវនេះមាននៅក្នុងសៀវភៅជីវិតអាចលុបចេញបាន គឺហាក់ដូចជាព្រះយេហូវ៉ាបានសរសេរឈ្មោះនោះដោយខ្មៅដៃជាមុនសិន។ (បប. ៣:៥) យើងត្រូវធ្វើឲ្យប្រាកដថាឈ្មោះរបស់យើងបានត្រូវរក្សាទុកក្នុងសៀវភៅនេះរហូតដល់សរសេរជាប់ គឺហាក់ដូចជាវាបានត្រូវសរសេរដោយប៊ិក។ ក្រុមមួយដែលមានឈ្មោះក្នុងសៀវភៅជីវិត គឺជាពួកអ្នកដែលបានត្រូវជ្រើសរើសឲ្យគ្រប់គ្រងជាមួយលោកយេស៊ូនៅស្ថានសួគ៌។ យោងទៅតាមពាក្យរបស់សាវ័កប៉ូលទៅកាន់«អ្នករួមការងារ»របស់គាត់នៅក្រុងភីលីព នៅឥឡូវនេះឈ្មោះរបស់ពួកអ្នកដែលព្រះបានរើសតាំងដែលបានត្រូវអញ្ជើញឲ្យគ្រប់គ្រងជាមួយលោកយេស៊ូ មានក្នុងសៀវភៅជីវិត។ (ភី. ៤:៣) ប៉ុន្តែដើម្បីឲ្យឈ្មោះរបស់ពួកគេបន្តនៅក្នុងសៀវភៅនេះ ពួកគេត្រូវរក្សាភាពស្មោះត្រង់។ យ៉ាងនេះ ពេលពួកគេទទួលការបោះត្រាជាលើកចុងក្រោយ មិនថាមុនពួកគេស្លាប់ ឬមុនការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំងក្ដី ឈ្មោះរបស់ពួកគេនឹងមានជាប់នៅក្នុងសៀវភៅនេះ។—បប. ៧:៣ w២២.០៩ ទំ.១៤ វ.៣; ទំ.១៥ វ.៥-៦
ថ្ងៃសុក្រ ទី១៨ ខែតុលា
អស់អ្នកដែលឮបណ្ដាំរបស់ព្រះ ហើយធ្វើតាម ទើបមានសុភមង្គល!—លូក. ១១:២៨
តើអ្នកធ្លាប់មានបទពិសោធន៍នេះឬទេ? មានគេធ្វើម្ហូបដែលអ្នកចូលចិត្តជាងគេឲ្យអ្នក។ ប៉ុន្តែ ប្រហែលជាអ្នកមិនមានពេលគ្រប់គ្រាន់ដើម្បីបរិភោគ ឬអារម្មណ៍អ្នកហោះហើរគិតអំពីអ្វីផ្សេង ដូច្នេះអ្នកបរិភោគម្ហូបនោះលឿនៗដោយមិនបានទំពាវាឲ្យដឹងរសជាតិទេ។ ក្រោយពីអ្នកបរិភោគរួចហើយ អ្នកដឹងខ្លួនថាអ្នកបានបរិភោគលឿន ហើយអ្នកស្ដាយក្រោយដែលអ្នកមិនបានទំពាវាមួយៗ។ បញ្ហាស្រដៀងនឹងនេះអាចកើតឡើងពេលដែលយើងអានគម្ពីរ។ ជួនកាល យើងអានយ៉ាងលឿនរហូតដល់យើងមិនទុកឱកាសឲ្យយល់និងសប្បាយនឹងអ្វីដែលអាន។ សូមលៃទុកពេលអានបណ្ដាំរបស់ព្រះ ស្រមៃគិតអំពីអ្វីដែលកើតឡើងក្នុងកំណត់ហេតុនោះ ស្រមៃគិតអំពីសំឡេង និងគិតអំពីអ្វីដែលអ្នកបានអាន។ ពេលអ្នកធ្វើដូច្នេះ នោះនឹងធ្វើឲ្យអ្នកសប្បាយជាង។ លោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារនៅពេលត្រឹមត្រូវ ហើយយើងទទួលសេចក្ដីបង្រៀនទាំងនោះជាបរិបូរ។ (ម៉ាថ. ២៤:៤៥) បទគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ គឺជាផ្នែកដ៏សំខាន់បំផុតនៃសេចក្ដីបង្រៀនទាំងអស់ដែលប្រៀបដូចជាអាហារដែលខ្ញុំបម្រើនោះផ្ដល់ឲ្យ។—១ថែ. ២:១៣ w២២.១០ ទំ.៧-៨ វ.៦-៨
ថ្ងៃសៅរ៍ ទី១៩ ខែតុលា
មនុស្សមានអំណួតបានតិះដៀលយើងឥតឈប់ឈរ។—ចសព. ១២៣:៤
គម្ពីរព្រមានថា នៅគ្រាចុងក្រោយបង្អស់ នឹងមានអ្នកចំអកជាច្រើន។ (២ពេ. ៣:៣, ៤) ពួកគេចង់បណ្ដែតបណ្ដោយខ្លួនទៅតាម«សេចក្ដីប៉ងប្រាថ្នាខាងអំពើទុច្ចរិត»។ (យូ. ៧, ១៧, ១៨) តើយើងអាចការពារខ្លួនពីការធ្វើតាមពួកអ្នកដែលប្រមាថគេតាមរបៀបណាខ្លះ? របៀបមួយគឺដោយជៀសវាងពីការសេពគប់ជាមួយពួកអ្នកដែលចូលចិត្តរិះគន់។ (ចសព. ១:១) នេះមានន័យថាយើងមិនស្ដាប់ឬអានអ្វីណាទាំងអស់ពីពួកអ្នកក្បត់ជំនឿ។ យើងទទួលស្គាល់ថាបើយើងមិនប្រុងប្រយ័ត្នទេ យើងអាចងាយចាប់ផ្ដើមមានចិត្តចង់រិះគន់ ហើយចាប់ផ្ដើមសង្ស័យព្រះយេហូវ៉ានិងការណែនាំដែលយើងទទួលពីអង្គការលោក។ ដើម្បីជៀសវាងពីការធ្វើដូច្នេះ យើងអាចសួរខ្លួនយើងថា ‹តាមធម្មតា តើខ្ញុំត្អូញត្អែរពេលយើងទទួលការណែនាំ ឬការពន្យល់ថ្មីឬទេ? តើខ្ញុំមានទំនោរចិត្តចង់រកកំហុសរបស់ពួកអ្នកនាំមុខឬ?›។ ពេលយើងឆាប់កែតម្រង់ទំនោរចិត្តបែបនេះ ព្រះយេហូវ៉ានឹងពេញចិត្តយើង។—សុភ. ៣:៣៤, ៣៥ w២២.១០ ទំ.២០ វ.៩-១០
ថ្ងៃអាទិត្យ ទី២០ ខែតុលា
ពូជពង្សអ៊ីស្រាអែល . . . នឹងមិនព្រមស្ដាប់អ្នកទេ។—អេគ. ៣:៧
ឫទ្ធានុភាពរបស់ព្រះពង្រឹងកម្លាំងអេសេគាលដើម្បីគាត់អាចបំពេញភារកិច្ចផ្សព្វផ្សាយដល់មនុស្សក្នុងតំបន់ផ្សាយរបស់គាត់ដែលមាន«ចិត្តរឹងចចេសនិងក្បាលរឹងណាស់»។ ព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ «ខ្ញុំបានធ្វើឲ្យមុខអ្នករឹងដូចជាមុខពួកគេ ហើយធ្វើឲ្យថ្ងាសអ្នករឹងដូចជាថ្ងាសពួកគេដែរ។ ខ្ញុំបានធ្វើឲ្យថ្ងាសអ្នករឹងដូចជាគ្រាប់ពេជ្រ គឺរឹងជាងថ្មទៅទៀត។ កុំខ្លាចពួកគេឡើយ ហើយក៏កុំភ័យតក់ស្លុតនឹងទឹកមុខពួកគេដែរ»។ (អេគ. ៣:៨, ៩) គឺហាក់ដូចជាព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ ‹កុំឲ្យការរឹងចចេសរបស់មនុស្សធ្វើឲ្យអ្នកធ្លាក់ទឹកចិត្តឡើយ។ ខ្ញុំនឹងពង្រឹងកម្លាំងអ្នក›។ ក្រោយពីនោះ ឫទ្ធានុភាពរបស់ព្រះបានលើកអេសេគាលយកទៅតំបន់ផ្សាយរបស់គាត់។ អេសេគាលបានសរសេរថា៖ «ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ»។ គឺត្រូវការពេលមួយសប្តាហ៍ឲ្យអ្នកប្រកាសទំនាយនេះរៀននិងយល់ទាំងស្រុងអំពីដំណឹងដែលគាត់ត្រូវប្រកាសផ្សាយ។ (អេគ. ៣:១៤, ១៥) ក្រោយមក ព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យទៅជ្រលងភ្នំមួយ ហើយនៅទីនោះ‹ឫទ្ធានុភាពរបស់លោកមកសណ្ឋិតលើគាត់›។ (អេគ. ៣:២៣, ២៤) ឥឡូវអេសេគាលប្រុងប្រៀបចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់គាត់។ w២២.១១ ទំ.៤-៥ វ.៨-៩
ថ្ងៃច័ន្ទ ទី២១ ខែតុលា
ឱព្រះយេហូវ៉ាអើយ! តើឲ្យខ្ញុំស្រែកសុំលោកជួយដល់កាលណាទៅ ទើបលោកព្រមស្ដាប់? . . . ហេតុអ្វីក៏លោកបណ្ដោយឲ្យមានការជិះជាន់សង្កត់សង្កិនដូច្នេះ?—ហាប. ១:២, ៣
ហាបាគុកដែលជាអ្នកប្រកាសទំនាយបានជួបការពិបាកជាច្រើន។ នៅពេលមួយ តាមមើលទៅគាត់បានសង្ស័យថាព្រះយេហូវ៉ាមិនយកចិត្តទុកដាក់នឹងគាត់ទេ។ ដូច្នេះ គាត់បានអធិដ្ឋានប្រាប់អំពីអារម្មណ៍ទាំងអស់របស់គាត់ទៅព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានអស់ពីចិត្តរបស់អ្នកបម្រើដ៏ស្មោះត្រង់នេះ។ (ហាប. ២:២, ៣) ក្រោយពីរំពឹងគិតអំពីការសង្គ្រោះរបស់ព្រះយេហូវ៉ា ហាបាគុកបានទទួលអំណរឡើងវិញ។ គាត់បានជឿជាក់ថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះគាត់ ហើយនឹងជួយគាត់ឲ្យស៊ូទ្រាំនឹងទុក្ខលំបាកណាទាំងអស់។ (ហាប. ៣:១៧-១៩) តើមានមេរៀនអ្វីសម្រាប់យើង? ពេលអ្នកមានការពិបាក សូមអធិដ្ឋានប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់អ្នក។ បន្ទាប់មក សូមពឹងលោកឲ្យជួយ។ ពេលអ្នកធ្វើដូច្នេះ អ្នកអាចជឿជាក់ថាព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំ។ ម្យ៉ាងទៀត ពេលអ្នកមានអារម្មណ៍ថាអ្នកទទួលការគាំទ្រពីលោក ជំនឿរបស់អ្នកទៅលើលោកនឹងកាន់តែមាំមួនឡើង។ បើអ្នករក្សាទម្លាប់ល្អក្នុងការគោរពប្រណិប័តន៍ព្រះ អ្នកក៏នឹងមិនឲ្យការពិបាកឬការសង្ស័យធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ាបានដែរ។—១ធី. ៦:៦-៨ w២២.១១ ទំ.១៥ វ.៦-៧
ថ្ងៃអង្គារ ទី២២ ខែតុលា
ខ្ញុំប្រាប់អ្នកការពិតនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន។—លូក. ២៣:៤៣
លោកយេស៊ូនិងឧក្រិដ្ឋជនពីរនាក់ដែលនៅអមសងខាងលោក កំពុងរងទុក្ខកាលដែលពួកគេស្លាប់សន្សឹមៗ។ (លូក. ២៣:៣២, ៣៣) ឧក្រិដ្ឋជនទាំងពីរនាក់នោះបាននិយាយប្រមាថលោកយេស៊ូ។ (ម៉ាថ. ២៧:៤៤; ម៉ាក. ១៥:៣២) ប៉ុន្តែ ឧក្រិដ្ឋជនម្នាក់បានកែប្រែចិត្តគំនិត។ គាត់និយាយថា៖ «លោកយេស៊ូ សូមនឹកឃើញខ្ញុំ ពេលដែលលោកទៅជាស្ដេច»។ លោកយេស៊ូបានតបដោយពោលពាក្យនៅក្នុងបទគម្ពីរថ្ងៃនេះ។ (លូក. ២៣:៣៩-៤២) ពាក្យរបស់លោកយេស៊ូទៅកាន់ឧក្រិដ្ឋជនម្នាក់គួរជំរុញចិត្តយើងឲ្យគិតអំពីជីវិតក្នុងសួនឧទ្យានថាគឺយ៉ាងណា។ តាមពិត យើងអាចរៀនព័ត៌មានអំពីសួនឧទ្យានពីការគ្រប់គ្រងដ៏សុខសាន្តរបស់ស្ដេចសាឡូម៉ូន។ ម្យ៉ាងទៀត យើងអាចរំពឹងថាអ្នកដែលធំជាងសាឡូម៉ូនពោលគឺលោកយេស៊ូ នឹងសហការជាមួយអ្នកដែលគ្រប់គ្រងជាមួយលោកដើម្បីនាំមកនូវស្ថានភាពដ៏អស្ចារ្យនៅផែនដី។ (ម៉ាថ. ១២:៤២) ច្បាស់ណាស់ «ចៀមឯទៀត»គួរចាប់អារម្មណ៍នឹងអ្វីដែលពួកគេត្រូវធ្វើដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យរស់នៅជារៀងរហូតក្នុងសួនឧទ្យាន។—យ៉ូន. ១០:១៦ w២២.១២ ទំ.៨ វ.១; ទំ.៩ វ.៤
ថ្ងៃពុធ ទី២៣ ខែតុលា
ពេលដែលលោកឮអ្នករាល់គ្នាស្រែកសុំឲ្យលោកជួយ លោកនឹងបង្ហាញសេចក្ដីមេត្តាចំពោះអ្នករាល់គ្នាជាមិនខាន។—អេ. ៣០:១៩
អេសាយពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ានឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលយើងសុំឲ្យលោកជួយ ហើយនឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងដោយមិនបង្អែបង្អង់។ ព្រោះអេសាយនិយាយបន្តទៀតថា៖ «លោកនឹងតបឆ្លើយភ្លាមៗ»។ ពាក្យទាំងនេះរំលឹកយើងថាបិតារបស់យើងពិតជាចង់ជួយពួកអ្នកដែលសុំជំនួយពីលោក។ ការដឹងដូច្នេះជួយយើងឲ្យស៊ូទ្រាំដោយអំណរ។ ព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងម្នាក់ៗយ៉ាងយកចិត្តទុកដាក់។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? តាមភាសាដើម នៅផ្នែកដំបូងនៃអេសាយ ជំពូក៣០ ប្រើពាក្យ«អ្នករាល់គ្នា» ដោយសារព្រះយេហូវ៉ាកំពុងសំដៅលើរាស្ត្ររបស់លោកជាក្រុម ប៉ុន្តែនៅក្នុងខ១៩ បានប្រើពាក្យ«អ្នក»ដើម្បីសំដៅលើបុគ្គលម្នាក់ៗ។ នៅខនោះ អេសាយសរសេរថា៖ ‹អ្នកនឹងមិនយំសោកទៀតទេ› ‹លោកនឹងបង្ហាញសេចក្ដីមេត្តាចំពោះអ្នកជាមិនខាន ហើយលោកនឹងតបឆ្លើយ›។ ក្នុងនាមជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះយើង ហើយប្រុងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។—ចសព. ១១៦:១; អេ. ៥៧:១៥ w២២.១១ ទំ.៩ វ.៥-៦
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា
ចូរប្រុងប្រយ័ត្នដូចសត្វពស់ តែមានចិត្តស្លូតត្រង់ដូចសត្វព្រាប។—ម៉ាថ. ១០:១៦
ការផ្សព្វផ្សាយនិងការបង្រៀនទោះជាមានការប្រឆាំងក្ដី នាំឲ្យយើងមានអំណរនិងសេចក្ដីសុខសាន្ត។ នៅសតវត្សរ៍ទី១ ពេលពួកអ្នកដឹកនាំជនជាតិយូដាបានបង្គាប់ពួកសាវ័កឲ្យឈប់ផ្សព្វផ្សាយ បុរសដ៏ស្មោះត្រង់ទាំងនេះបានជ្រើសរើសស្ដាប់បង្គាប់ព្រះ។ ពួកគេបានបន្តផ្សព្វផ្សាយ ហើយកិច្ចការនោះបានធ្វើឲ្យពួកគេសប្បាយ។ (សកម្ម. ៥:២៧-២៩, ៤១, ៤២) ពិតមែនហើយ ពេលកិច្ចការរបស់យើងបានត្រូវគេដាក់កម្រិត យើងត្រូវតែចេះប្រុងប្រយ័ត្នកាលដែលផ្សព្វផ្សាយ។ ប៉ុន្តែ បើយើងខំអស់ពីសមត្ថភាព យើងនឹងមានសេចក្ដីសុខសាន្តដែលមកពីការធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនិងពីការប្រាប់ដំណឹងដែលសង្គ្រោះជីវិតមនុស្ស។ សូមមានទំនុកចិត្តថា សូម្បីតែក្នុងអំឡុងពេលដ៏ពិបាកបំផុត ក៏យើងអាចមានសេចក្ដីសុខសាន្តបាន។ នៅគ្រាបែបនោះ យើងត្រូវចាំថាសេចក្ដីសុខសាន្តដែលយើងត្រូវការគឺសេចក្ដីសុខសាន្តដែលមានតែព្រះយេហូវ៉ាប៉ុណ្ណោះអាចផ្ដល់ឲ្យ។ សូមពឹងផ្អែកលើលោកពេលមានការផ្ទុះឡើងនៃជំងឺ គ្រោះមហន្តរាយ ឬការបៀតបៀន។ សូមនៅជាប់នឹងអង្គការរបស់លោក។ សូមទន្ទឹងរង់ចាំអនាគតដ៏អស្ចារ្យនៅខាងមុខអ្នក។ កាលដែលអ្នកធ្វើដូច្នេះ «ព្រះនៃសេចក្ដីសុខសាន្តនឹងនៅជាមួយនឹងអ្នក»។—ភី. ៤:៩ w២២.១២ ទំ.២១ វ.១៧-១៨
ថ្ងៃសុក្រ ទី២៥ ខែតុលា
[ចូរ]ពាក់បុគ្គលិកលក្ខណៈថ្មី។—អេភ. ៤:២៤
នេះតម្រូវឲ្យយើងខំប្រឹង។ ក្នុងចំណោមគុណវិបត្តិផ្សេងៗដែលយើងត្រូវខំព្យាយាមលះចោលមានគំនុំ កំហឹង និងចិត្តក្ដៅក្រហាយ។ (អេភ. ៤:៣១, ៣២) ហេតុអ្វីនេះប្រហែលជាមិនស្រួលធ្វើ? ពីព្រោះគុណវិបត្តិខ្លះចាក់ឫសជ្រៅ។ ជាឧទាហរណ៍ គម្ពីរចែងថាបុគ្គលខ្លះ«ឆាប់ខឹង» ហើយ«ងាយផ្ទុះកំហឹង»។ (សុភ. ២៩:២២) បុគ្គលដែលមានគុណវិបត្តិទាំងនេះ ទំនងជាត្រូវបន្ដខំព្យាយាមកែប្រែ សូម្បីតែក្រោយពីគាត់បានទទួលការជ្រមុជទឹកហើយក្ដី។ (រ៉ូម ៧:២១-២៣) សូមអធិដ្ឋានទៅព្រះយេហូវ៉ាអំពីគុណវិបត្តិដែលអ្នកពិបាកកែប្រែ ព្រមទាំងជឿជាក់ថាលោកនឹងស្ដាប់អ្នក ហើយជួយអ្នក។ (១យ៉ូន. ៥:១៤, ១៥) ព្រះយេហូវ៉ានឹងមិនធ្វើអព្ភូតហេតុបំបាត់គុណវិបត្តិនោះចោលទេ ប៉ុន្តែលោកអាចពង្រឹងកម្លាំងអ្នកដើម្បីមិនឲ្យអ្នកចុះចាញ់វាឡើយ។ (១ពេ. ៥:១០) ទន្ទឹមនឹងនោះ ចូរខំប្រឹងធ្វើតាមសេចក្ដីអធិដ្ឋានរបស់អ្នកដោយមិនធ្វើអ្វីដែលបណ្ដាលឲ្យគុណវិបត្តិនោះលេចមកម្ដងទៀត។ ម្យ៉ាងទៀត សូមកុំបន្ដគិតអំពីសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវឡើយ។—ភី. ៤:៨; កូឡ. ៣:២ w២៣.០១ ទំ.១០ វ.៧, ៩-១០
ថ្ងៃសៅរ៍ ទី២៦ ខែតុលា
អ្នកណាដែលស្រឡាញ់ព្រះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនខ្លួនដែរ។—១យ៉ូន. ៤:២១
របៀបមួយដែលយើងបង្ហាញសេចក្ដីស្រឡាញ់ គឺដោយផ្សព្វផ្សាយយ៉ាងខ្នះខ្នែង។ យើងនិយាយជាមួយមនុស្សទាំងអស់ដែលយើងជួប។ យើងមិនរើសមុខអ្នកណាម្នាក់ដោយសារគាត់មកពីជាតិសាសន៍ផ្សេងនោះទេ។ យើងផ្សព្វផ្សាយដល់មនុស្សទាំងអស់ មិនថាពួកគេជាអ្នកមានដែលបានទទួលការអប់រំខ្ពស់ ឬអ្នកក្រដែលមិនបានរៀនសូត្រក្ដី។ តាមរបៀបនេះ យើងកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែលឲ្យ«មនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ និងមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។ (១ធី. ២:៤) យើងក៏បង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងគ្រិស្តដោយបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនយើង។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេត្រូវការ ហើយយើងជួយពួកគេក្នុងអំឡុងពេលពួកគេមានទុក្ខលំបាក។ យើងសម្រាលទុក្ខពួកគេពេលដែលពួកគេបានបាត់បង់បុគ្គលជាទីស្រឡាញ់ សួរសុខទុក្ខពួកគេពេលដែលពួកគេឈឺ ហើយខំអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តពួកគេពេលដែលពួកគេធ្លាក់ទឹកចិត្ត។ (២កូ. ១:៣-៧; ១ថែ. ៥:១១, ១៤) យើងបន្តអធិដ្ឋានឲ្យពួកគេដោយចាំថា«សេចក្ដីអធិដ្ឋានអង្វររបស់មនុស្សសុចរិតមានប្រសិទ្ធភាពខ្លាំងណាស់»។—យ៉ា. ៥:១៦ w២៣.០១ ទំ.២៨-២៩ វ.៧-៨
ថ្ងៃអាទិត្យ ទី២៧ ខែតុលា
ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក។—១ថែ. ៥:១១
ដូចអ្នកសាងសង់បង្កើនជំនាញរបស់គាត់ឲ្យកាន់តែល្អប្រសើរឡើងបន្តិចម្ដងៗ យើងក៏អាចបង្កើនភាពប៉ិនប្រសប់ក្នុងការពង្រឹងកម្លាំងគ្នាទៅវិញទៅមកផងដែរ។ យើងអាចជួយអ្នកឯទៀតឲ្យមានកម្លាំងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ដោយប្រាប់ពួកគេអំពីបទពិសោធន៍របស់ពួកអ្នកដែលបានស៊ូទ្រាំនៅអតីតកាល។ (ហេ. ១១:៣២-៣៥; ១២:១) យើងអាចធ្វើឲ្យមានសន្តិភាពដោយនិយាយអំពីចំណុចល្អរបស់អ្នកឯទៀត ខំប្រឹងធ្វើឲ្យមានសន្តិភាពពេលហៀបនឹងបែកបាក់គ្នា និងធ្វើឲ្យមានសន្តិភាពឡើងវិញពេលមានការខ្វែងគំនិតគ្នា។ (អេភ. ៤:៣) ម្យ៉ាងទៀត យើងអាចបន្តពង្រឹងជំនឿបងប្អូនរបស់យើងដោយនិយាយអំពីសេចក្ដីពិតដ៏សំខាន់ពីគម្ពីរជាមួយពួកគេ ដោយផ្ដល់ជំនួយ និងដោយគាំទ្រពួកអ្នកដែលមានជំនឿខ្សោយ។ យើងអាចមានអារម្មណ៍សប្បាយនិងស្កប់ចិត្តបាន ពេលយើងជួយពង្រឹងជំនឿបងប្អូនរបស់យើង។ ខុសពីអគារដែលនឹងខូចទៅ លទ្ធផលនៃការពង្រឹងកម្លាំងបងប្អូនយើងអាចនៅស្ថិតស្ថេរជារៀងរហូត! w២២.០៨ ទំ.២២ វ.៦; ទំ.២៥ វ.១៧-១៨
ថ្ងៃច័ន្ទ ទី២៨ ខែតុលា
ព្រះយេហូវ៉ាជាអ្នកផ្ដល់ប្រាជ្ញា។ ចំណេះនិងសមត្ថភាពវែកញែកសុទ្ធតែចេញពីមាត់របស់លោក។—សុភ. ២:៦
លោកយេស៊ូបានលើកបញ្ជាក់អំពីគុណសម្បត្តិដ៏សំខាន់មួយដែលយើងត្រូវការដើម្បីយល់អំពីអ្វីដែលយើងអានក្នុងបណ្ដាំព្រះ ពោលគឺសមត្ថភាពវែកញែក។ (ម៉ាថ. ២៤:១៥) តើសមត្ថភាពវែកញែកជាអ្វី? នេះគឺជាសមត្ថភាពយល់អំពីរបៀបដែលគំនិតមួយជាប់ទាក់ទងនឹងគំនិតមួយទៀតនិងរបៀបដែលគំនិតទាំងនោះគឺខុសៗពីគ្នា ព្រមទាំងការយល់មេរៀនដែលមិនបានត្រូវប្រាប់ចំៗ។ បន្ថែមទៅទៀត ដូចលោកយេស៊ូបានលើកបញ្ជាក់ យើងត្រូវការសមត្ថភាពវែកញែកដើម្បីសម្គាល់អំពីព្រឹត្តិការណ៍ដែលសម្រេចទំនាយក្នុងគម្ពីរ។ យើងក៏ត្រូវការគុណសម្បត្តិនេះ ដើម្បីយើងអាចទទួលប្រយោជន៍ពេញលេញពីអ្វីទាំងអស់ដែលយើងអានក្នុងគម្ពីរ។ ព្រះយេហូវ៉ាឲ្យសមត្ថភាពវែកញែកដល់អ្នកបម្រើលោក។ ដូច្នេះ សូមអធិដ្ឋានទៅលោក ហើយសុំលោកជួយអ្នកបណ្ដុះឲ្យមានគុណសម្បត្តិនេះ។ តើអ្នកអាចធ្វើតាមសេចក្ដីអធិដ្ឋានរបស់អ្នកយ៉ាងដូចម្ដេច? គឺដោយពិចារណាយ៉ាងយកចិត្តទុកដាក់អំពីអ្វីដែលអ្នកអាន ហើយកត់សម្គាល់អំពីរបៀបដែលអ្វីនោះជាប់ទាក់ទងនឹងព័ត៌មានដែលអ្នកដឹងស្រាប់ហើយ។ សូមស្វែងយល់អំពីអត្ថន័យនៃខគម្ពីរណាមួយ និងរបៀបដែលអ្នកអាចអនុវត្តខនោះក្នុងជីវិតរបស់អ្នក។ (ហេ. ៥:១៤) កាលដែលអ្នកអានដោយមានសមត្ថភាពវែកញែក អ្នកនឹងយល់បទគម្ពីរកាន់តែច្បាស់ឡើង។ w២៣.០២ ទំ.១០ វ.៧-៨
ថ្ងៃអង្គារ ទី២៩ ខែតុលា
គឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង។—សកម្ម. ១៧:២៨
សូមស្រមៃគិតថាមិត្តភក្ដិម្នាក់បានឲ្យផ្ទះមួយដល់អ្នក។ ផ្ទះនោះមានស្លក់ពណ៌និងជ្រាបទឹកខ្លះៗ។ ទោះជាមានបញ្ហាខ្លះទាំងនោះក្ដី ផ្ទះនោះមានតម្លៃរាប់លានដុល្លារ។ អ្នកច្បាស់ជានឹងឲ្យតម្លៃនិងការពារផ្ទះនោះ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានឲ្យយើងអំណោយដ៏មានតម្លៃ គឺជីវិត។ តាមពិត ព្រះយេហូវ៉ាបង្ហាញថាលោកឲ្យតម្លៃយ៉ាងខ្លាំងចំពោះជីវិតរបស់យើងដោយឲ្យបុត្ររបស់លោកជាថ្លៃលោះសម្រាប់យើង។ (យ៉ូន. ៣:១៦) ព្រះយេហូវ៉ាគឺជាប្រភពនៃជីវិត។ (ចសព. ៣៦:៩) សាវ័កប៉ូលក៏បានទទួលស្គាល់អំពីសេចក្ដីពិតនេះពេលគាត់បាននិយាយថា៖ «ដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង»។ (សកម្ម. ១៧:២៥, ២៨) ដូច្នេះ យើងអាចនិយាយបានថាជីវិតរបស់យើងគឺជាអំណោយពីព្រះ។ ដោយក្ដីស្រឡាញ់ លោកផ្ដល់អ្វីដែលយើងត្រូវការដើម្បីទ្រទ្រង់ជីវិតយើង។ (សកម្ម. ១៤:១៥-១៧) ប៉ុន្តែ ព្រះយេហូវ៉ាមិនធ្វើអព្ភូតហេតុនៅឥឡូវនេះដើម្បីរក្សាការពារជីវិតរបស់យើងទេ។ ផ្ទុយទៅវិញ លោកតម្រូវឲ្យយើងខំអស់ពីសមត្ថភាពដើម្បីរក្សាសុខភាពរបស់យើងនិងបន្ដបម្រើលោក។—២កូ. ៧:១ w២៣.០២ ទំ.២០ វ.១-២
ថ្ងៃពុធ ទី៣០ ខែតុលា
ចូរកត់ទុកពាក្យទាំងអស់ដែលខ្ញុំប្រាប់អ្នកក្នុងសៀវភៅ។—យេ. ៣០:២
យើងមានចិត្តកតញ្ញូជាខ្លាំងចំពោះព្រះយេហូវ៉ាសម្រាប់គម្ពីរ! ក្នុងគម្ពីរ លោកផ្ដល់ឲ្យយើងនូវយោបល់ដែលប្រកបដោយប្រាជ្ញាដែលអាចជួយយើងឲ្យប្រឈមមុខនឹងបញ្ហាដែលយើងជួបប្រទះនៅសព្វថ្ងៃនេះដោយជោគជ័យ។ លោកក៏ឲ្យយើងមានសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់ថ្ងៃអនាគតដែរ។ សំខាន់ជាងនេះទៅទៀត ព្រះយេហូវ៉ាបានប្រើគម្ពីរដើម្បីបង្ហាញអំពីគុណសម្បត្តិជាច្រើនរបស់លោក។ កាលយើងរំពឹងគិតអំពីគុណសម្បត្តិដ៏ល្អប្រសើររបស់លោកយើងរំជួលចិត្ត ហើយនោះជំរុញចិត្តយើងឲ្យចូលទៅជិតព្រះរបស់យើង ដោយបណ្ដុះឲ្យមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយលោក។ (ចសព. ២៥:១៤) ព្រះយេហូវ៉ាចង់ឲ្យមនុស្សស្គាល់លោក។ នៅអតីតកាល លោកបានបើកបង្ហាញឲ្យរាស្ត្ររបស់លោកស្គាល់លោកតាមរយៈសុបិន ការបើកបង្ហាញឲ្យឃើញក្នុងគំនិត និងដោយចាត់ទេវតាឲ្យនាំដំណឹងរបស់លោកដល់អ្នកឯទៀត។ (ជប. ១២:៦; សកម្ម. ១០:៣, ៤) ប៉ុន្តែ យើងមិនអាចសិក្សាអំពីសុបិន ការបើកបង្ហាញឲ្យឃើញក្នុងគំនិត ឬដំណឹងពីទេវតាបានទេ បើអ្វីទាំងនេះមិនបានត្រូវកត់ទុក។ ហេតុនេះ ព្រះយេហូវ៉ាបានឲ្យបុរសមួយចំនួន‹កត់ទុកក្នុងសៀវភៅ›នូវអ្វីដែលលោកចង់ឲ្យយើងដឹង។ ដោយសារ«ផ្លូវរបស់ព្រះពិតគឺល្អឥតខ្ចោះ» យើងអាចជឿជាក់ថាការប្រាស្រ័យទាក់ទងជាមួយយើងតាមវិធីនេះគឺល្អប្រសើរនិងមានប្រយោជន៍។—ចសព. ១៨:៣០ w២៣.០២ ទំ.២ វ.១-២
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា
ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល។—សកម្ម. ២០:៣៥
សូមកំណត់គោលដៅដែលមានប្រយោជន៍ចំពោះអ្នក។ សូមជ្រើសរើសគោលដៅដែលនឹងពង្រឹងជំនឿរបស់អ្នក ហើយជួយអ្នកឲ្យទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំជាង។ (អេភ. ៣:១៦) ជាឧទាហរណ៍ អ្នកអាចសម្រេចចិត្តសិក្សានិងអានគម្ពីរឲ្យបានទៀងទាត់ជាង។ (ចសព. ១:២, ៣) ឬអ្នកអាចព្យាយាមអធិដ្ឋានជាញឹកញាប់ជាងនិងអស់ពីចិត្ត។ ប្រហែលជាអ្នកត្រូវប្រុងប្រយ័ត្នជាងចំពោះការជ្រើសរើសការកម្សាន្ត និងរបៀបប្រើពេលវេលារបស់អ្នក។ (អេភ. ៥:១៥, ១៦) អ្នកនឹងទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំកាន់តែខ្លាំង ពេលអ្នកជួយអ្នកឯទៀត។ ជាឧទាហរណ៍ អ្នកអាចកំណត់គោលដៅជួយបងប្អូនវ័យចាស់ និងបងប្អូនដែលមានសុខភាពមិនល្អក្នុងក្រុមជំនុំរបស់អ្នក។ ប្រហែលជាអ្នកអាចទៅផ្សារជួយទិញអីវ៉ាន់ឲ្យពួកគេ ឬជួយពួកគេឲ្យចេះប្រើគ្រឿងអេឡិចត្រូនិក។ អ្នកក៏បង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកដែលនៅខាងក្រៅក្រុមជំនុំ ដោយប្រាប់ដំណឹងល្អអំពីរាជាណាចក្រព្រះដល់ពួកគេ។ (ម៉ាថ. ៩:៣៦, ៣៧) បើអាចធ្វើបាន សូមកំណត់គោលដៅបម្រើព្រះយេហូវ៉ាពេញពេល។ w២២.០៨ ទំ.៦ វ.១៦-១៧