បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ៨៨-៩៨
  • ខែកញ្ញា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែកញ្ញា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​៣ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​៤ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​៧ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​១០ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​១៣ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​១៧ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​១៨ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​២២ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា
  • ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា
  • ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កញ្ញា
  • ថ្ងៃ​សុក្រ ទី​២៧ ខែ​កញ្ញា
  • ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កញ្ញា
  • ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា
  • ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កញ្ញា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ៨៨-៩៨

ខែ​កញ្ញា

​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា

ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ តែ​មិន​ទប់​អណ្ដាត​ខ្លួន អ្នក​នោះ​កំពុង​បញ្ឆោត​ចិត្ត​ខ្លួន ហើយ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​នោះ​គឺ​គ្មាន​ប្រយោជន៍​ទេ។—យ៉ា. ១:២៦

ពេល​យើង​ប្រើ​អំណោយ​ដែល​ជា​សមត្ថភាព​និយាយ​ឲ្យ​បាន​ល្អ យើង​បង្ហាញ​អ្នក​ឯ​ទៀត​ថា យើង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ឃើញ​ច្បាស់​អំពី​ភាព​ខុស​គ្នា​រវាង​«​អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​មិន​បម្រើ​ព្រះ​»។ (​ម៉ាឡ. ៣:១៨​) នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ឃីមបឺលី។ គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​សាលា​ជា​មួយ​សិស្ស​រួម​ថ្នាក់​ម្នាក់។ ពេល​ធ្វើ​កិច្ច​ការ​សាលា​ជា​មួយ​គ្នា សិស្ស​រួម​ថ្នាក់​នោះ​បាន​កត់​សម្គាល់​ឃើញ​ថា​ប្អូន​ឃីមបឺលី​ខុស​ពី​សិស្ស​ឯ​ទៀត។ ប្អូន​ឃីមបឺលី​បាន​និយាយ​ដោយ​សប្បុរស មិន​បាន​រិះ​គន់​អ្នក​ឯ​ទៀត​ពី​ក្រោយ​ខ្នង និង​មិន​ប្រើ​ពាក្យ​អសុរោះ​ទេ។ សិស្ស​រួម​ថ្នាក់​នោះ​បាន​កោត​ស្ងើច ហើយ​ក្រោយ​មក​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​ប្អូន​ឃីមបឺលី។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​យើង​និយាយ​តាម​របៀប​ដែល​ទាក់​ទាញ​មនុស្ស​ឲ្យ​ចង់​រៀន​អំពី​លោក! យើង​ទាំង​អស់​គ្នា​ចង់​និយាយ​តាម​របៀប​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្តិយស។ w​២២.០៤ ទំ.៥​-​៦ វ.៥​-​៧

ថ្ងៃ​ច័ន្ទ ទី​២ ខែ​កញ្ញា

ស្ត្រី​ជា​ច្រើន​នាក់ . . . ប្រើ​ធន​ធាន​របស់​ខ្លួន ដើម្បី​បម្រើ​លោក​និង​ពួក​សាវ័ក។—លូក. ៨:៣

លោក​យេស៊ូ​បាន​រំដោះ​ម៉ារៀ​ម៉ាក់ដាឡេន​ឲ្យ​រួច​ពី​ឥទ្ធិពល​នៃ​ពួក​វិញ្ញាណ​កំណាច​៧​រូប! ចិត្ត​កតញ្ញូ​របស់​គាត់​ជំរុញ​ចិត្ត​គាត់​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​គាំទ្រ​លោក​ក្នុង​កិច្ច​បម្រើ​របស់​លោក។ (​លូក. ៨:១​-​៣​) ទោះ​ជា​ម៉ារៀ​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​គាត់​ផ្ទាល់​ក្ដី គាត់​ប្រហែល​ជា​មិន​បាន​យល់​ថា​លោក​យេស៊ូ​នឹង​ធ្វើ​លើស​ពី​នេះ​ចំពោះ​គាត់​នៅ​ថ្ងៃ​អនាគត​ទេ។ លោក​នឹង​ឲ្យ​ជីវិត​របស់​លោក ‹ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់›។ (​យ៉ូន. ៣:១៦​) ម៉ារៀ​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​គាត់​ចំពោះ​លោក​យេស៊ូ​ដោយ​ចិត្ត​ស្មោះ​ភក្ដី។ កាល​ដែល​លោក​យេស៊ូ​រង​ទុក្ខ​នៅ​លើ​បង្គោល​ទារុណកម្ម ម៉ារៀ​បាន​ឈរ​មិន​ឆ្ងាយ​ពី​លោក ដោយ​សារ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក ហើយ​ចង់​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​ដែល​នៅ​ទី​នោះ។ (​យ៉ូន. ១៩:២៥​) ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ ម៉ារៀ​និង​ស្ត្រី​ពីរ​នាក់​ទៀត​បាន​យក​គ្រឿង​ក្រអូប​ទៅ​ទី​បញ្ចុះ​សព​ដើម្បី​លាប​សព​របស់​លោក។ (​ម៉ាក. ១៦:១, ២​) ម៉ារៀ​មាន​អំណរ​ពី​ការ​ជួប​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​និង​ពី​ការ​និយាយ​ជា​មួយ​លោក។ នេះ​ជា​ឯកសិទ្ធិ​មួយ​ដែល​ពួក​អ្នក​កាន់​តាម​លោក​ភាគ​ច្រើន​មិន​មាន។—យ៉ូន. ២០:១១​-​១៨ w​២​៣.០១ ទំ.២៧ វ.៤

ថ្ងៃ​អង្គារ ទី​៣ ខែ​កញ្ញា

ខ្ញុំ​ចង់​ឲ្យ​អ្នក​ត្រជាក់ ឬ​ក៏​ក្ដៅ។—បប. ៣:១៥

យើង​មិន​គួរ​អាង​ថា​ដោយ​សារ​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​នៅ​អតីតកាល យើង​មិន​ចាំ​បាច់​បម្រើ​លោក​យ៉ាង​ខ្នះខ្នែង​នៅ​បច្ចុប្បន្ន​នេះ​ឡើយ។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​ពី​មុន​ក្ដី យើង​ត្រូវ​បន្ដ​ជាប់​រវល់​ក្នុង​«​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»​ ដោយ​បន្ដ​ភ្ញាក់​ដឹង​ខ្លួន​ជា​និច្ច​រហូត​ដល់​ទី​បញ្ចប់។ (​១កូ. ១៥:៥៨; ម៉ាថ. ២៤:១៣; ម៉ាក. ១៣:៣៣​) យើង​ត្រូវ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ខ្នះខ្នែង​និង​ដោយ​អស់​ពី​ចិត្ត។ ដំណឹង​របស់​លោក​យេស៊ូ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ឡៅឌីសេ បង្ហាញ​ថា​ពួក​គេ​មាន​បញ្ហា​ផ្សេង​ទៀត។ គម្ពីរ​ចែង​ថា ពួក​គេ​«​ក្ដៅឧណ្ហ​ៗ​»​ ឬ​មិន​ខ្នះខ្នែង​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ ហេតុ​នេះ លោក​យេស៊ូ​បាន​ប្រាប់​ពួក​គេ​ថា​ពួក​គេ​មាន​«​ទុក្ខ​វេទនា [​និង​]​គួរ​ឲ្យ​អាណិត​»។ ពួក​គេ​ត្រូវ​មាន​ចិត្ត​ខ្នះខ្នែង​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​គោរព​ប្រណិប័តន៍​លោក។ (​បប. ៣:១៦, ១៧, ១៩​) តើ​យើង​ទាញ​យក​មេ​រៀន​អ្វី? បើ​ចិត្ត​ខ្នះខ្នែង​របស់​យើង​បាន​រសាយ​ទៅ យើង​ត្រូវ​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ចំពោះ​អ្វី​ល្អ​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក​ផ្ដល់​ឲ្យ​យើង។ (​បប. ៣:១៨​) យើង​មិន​គួរ​ខំ​ប្រឹង​ឲ្យ​មាន​ជីវិត​សុខ​ស្រួល​នៅ​ឥឡូវ​នេះ រហូត​ដល់​លែង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង​ឡើយ។ w​២២.០៥ ទំ.៣​-​៤ វ.៧​-​៨

ថ្ងៃ​ពុធ ទី​៤ ខែ​កញ្ញា

មាន​សៀវភៅ​រំលឹក​មួយ​បាន​ត្រូវ​កត់​ទុក​នៅ​ចំពោះ​មុខ​លោក គឺ​កត់​ទុក​ឈ្មោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា។—ម៉ាឡ. ៣:១៦

អស់​រាប់​ពាន់​ឆ្នាំ ព្រះ​យេហូវ៉ា​កំពុង​សរសេរ​សៀវភៅ​ពិសេស​មួយ។ សៀវភៅ​នេះ​មាន​បញ្ជី​ឈ្មោះ​ដែល​ចាប់​ផ្ដើម​ដោយ​ឈ្មោះ​របស់​អេបិល​ជា​សាក្សី​ដ៏​ស្មោះ​ត្រង់​មុន​គេ។ (​លូក. ១១:៥០, ៥១​) ចាប់​តាំង​ពី​ពេល​នោះ ព្រះ​យេហូវ៉ា​បាន​បន្ថែម​ឈ្មោះ​ចូល​ក្នុង​សៀវភៅ​នេះ ហើយ​សព្វ​ថ្ងៃ​សៀវភៅ​នេះ​មាន​ឈ្មោះ​រាប់​លាន។ ក្នុង​គម្ពីរ សៀវភៅ​នេះ​បាន​ត្រូវ​ហៅ​ថា​«​សៀវភៅ​រំលឹក​»​ ​«​សៀវភៅ​ជីវិត​»​ និង​«​បញ្ជី​ជីវិត​»។ (​ម៉ាឡ. ៣:១៦; បប. ៣:៥; ១៧:៨​) សៀវភៅ​ពិសេស​នេះ​មាន​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ និង​ដែល​ស្រឡាញ់​នាម​របស់​លោក។ ពួក​គេ​នឹង​មាន​ឱកាស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ សព្វ​ថ្ងៃ​នេះ យើង​អាច​មាន​ឈ្មោះ​ក្នុង​សៀវភៅ​នេះ បើ​យើង​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដោយ​ផ្អែក​លើ​គ្រឿង​បូជា​លោះ​របស់​បុត្រ​លោក គឺ​លោក​យេស៊ូ​គ្រិស្ត។ (​យ៉ូន. ៣:១៦, ៣៦​) មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​រស់​នៅ​ផែន​ដី​ក្ដី យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​ឈ្មោះ​របស់​យើង​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។ w​២២.០៩ ទំ.១៤ វ.១​-​២

ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កញ្ញា

មេ​កំណាច​ដែល​បាន​បំភាន់​ពួក​គេ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។—បប. ២០:១០

សៀវភៅ​ការ​បើក​បង្ហាញ​ចែង​អំពី​«​នាគ​ដ៏​ធំ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ដូច​ភ្លើង​»។ (​បប. ១២:៣​) នាគ​នេះ​ប្រឆាំង​នឹង​លោក​យេស៊ូ​និង​បណ្ដា​ទេវតា​របស់​លោក។ (​បប. ១២:៧​-​៩​) វា​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​និង​ផ្ដល់​អំណាច​ដល់​សត្វ​សាហាវ​ឬ​រដ្ឋាភិបាល​របស់​មនុស្ស។ (​បប. ១២:១៧; ១៣:៤​) តើ​សត្វ​នាគ​នេះ​គឺ​ជា​នរណា? វា​គឺ​ជា​«​ពស់​ដំបូង​បង្អស់​ដែល​ហៅ​ថា​មេ​កំណាច​និង​សាថាន​»។ (​បប. ១២:៩; ២០:២​) វា​គឺ​ជា​បុគ្គល​ដែល​នៅ​ពី​ក្រោយ​ខ្នង​សត្រូវ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា។ តើ​អ្វី​កើត​ឡើង​ចំពោះ​នាគ? ការ​បើក​បង្ហាញ ២០:១​-​៣​ពន្យល់​ថា ទេវតា​មួយ​រូប​នឹង​បោះ​សាថាន​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​ដែល​ជា​តំណាង​ស្ថានភាព​មួយ​ដែល​ប្រៀប​ដូច​ជា​គុក។ ពេល​សាថាន​នៅ​ក្នុង​ទី​ជ្រៅ​បំផុត​នោះ វា​នឹង​មិន​«​បំភាន់​ប្រជា​ជាតិ​នានា​ទៀត រហូត​ដល់​ផុត​គ្រា​១.០០០​ឆ្នាំ​»។ នៅ​ទី​បំផុត សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​«​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ​»។ នេះ​មាន​ន័យ​ថា​ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ សូម​ព្យាយាម​ស្រមៃ​គិត​អំពី​ពិភព​លោក​មួយ​ដែល​គ្មាន​សាថាន​និង​ពួក​វិញ្ញាណ​កំណាច នោះ​គឺ​ជា​គ្រា​ដ៏​អស្ចារ្យ​យ៉ាង​ណា​ទៅ! w​២២.០៥ ទំ.១៤ វ.១៩​-​២០

ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា

ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ទៀង​ត្រង់​តាម​រយៈ​ដៃ​របស់​ខ្លួន ដើម្បី​អាច​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត។—អេភ. ៤:២៨

លោក​យេស៊ូ​ជា​អ្នក​ប្រឹង​ប្រែង​ធ្វើ​ការ។ ពេល​លោក​នៅ​ក្មេង លោក​ជា​ជាង​ឈើ។ (​ម៉ាក. ៦:៣​) ឪពុក​ម្ដាយ​របស់​លោក​ច្បាស់​ជា​ឲ្យ​តម្លៃ​ចំពោះ​ជំនួយ​ពី​លោក កាល​ដែល​ពួក​គេ​ព្យាយាម​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន។ ដោយ​សារ​លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ នោះ​លោក​អាច​ធ្វើ​កិច្ច​ការ​បាន​យ៉ាង​ល្អ​ក្រៃ​លែង។ ដូច្នេះ​មនុស្ស​ជា​ច្រើន​ទំនង​ជា​ចង់​ឲ្យ​លោក​ធ្វើ​របស់​របរ​ឲ្យ​ពួក​គេ។ លោក​យេស៊ូ​ច្បាស់​ជា​សប្បាយ​ធ្វើ​ការ​ងារ​នោះ។ ទោះ​ជា​លោក​ឧស្សាហ៍​ធ្វើ​ការ​ក្ដី លោក​តែង​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​លោក​លៃ​ទុក​ពេល​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៧:១៥​) ក្រោយ​មក ពេល​លោក​ផ្សព្វ​ផ្សាយ​ពេញ​ពេល លោក​បាន​ឲ្យ​យោបល់​ដល់​អ្នក​ស្ដាប់​ថា​៖ ​«​កុំ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​ខូច​ទៅ​ឡើយ តែ​ចូរ​ព្យាយាម​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត​ស្ថេរ ជា​អាហារ​ដែល​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៦:២៧​) ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​»។ (​ម៉ាថ. ៦:២០​) ប្រាជ្ញា​ពី​ព្រះ​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ងារ។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​បាន​ត្រូវ​បង្រៀន​ឲ្យ​«​ខំ​ប្រឹង​ធ្វើ​ការ​»។ w​២២.០៥ ទំ.២២ វ.៩​-​១០

ថ្ងៃ​សៅរ៍ ទី​៧ ខែ​កញ្ញា

ម្ដាយ​របស់​កូន​នឹង​ត្រេក​អរ។—សុភ. ២៣:២៥

អឺនីស​បាន​ទុក​គំរូ​ល្អ​ឲ្យ​ធីម៉ូថេ។ ធីម៉ូថេ​ទំនង​ជា​បាន​សង្កេត​ឃើញ​ថា ការ​ប្រព្រឹត្ត​របស់​ម្ដាយ​គាត់​គឺ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ថា ម្ដាយ​របស់​គាត់​មាន​អំណរ​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ ម្ដាយ​ជា​ច្រើន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ជួយ​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​«​ដោយ​មិន​ចាំ​បាច់ . . . បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ​»។ (​១ពេ. ៣:១, ២​) អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ។ តើ​តាម​របៀប​ណា? ចូរ​ចាត់​ទុក​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត។ (​បច. ៦:៥, ៦​) ដូច​ម្ដាយ​ភាគ​ច្រើន អ្នក​ធ្វើ​ការ​លះ​បង់​ជា​ច្រើន​ដូច​ជា ពេល​វេលា លុយ ការ​ដេក និង​អ្វី​ៗ​ផ្សេង​ទៀត​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​កូន។ ប៉ុន្តែ អ្នក​មិន​គួរ​ជាប់​រវល់​ខ្លាំង​ពេក​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំង​នោះ រហូត​ដល់​គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា​ឡើយ។ សូម​លៃ​ទុក​ពេល​ដើម្បី​អធិដ្ឋាន​ម្នាក់​ឯង សិក្សា​គម្ពីរ​ផ្ទាល់​ខ្លួន និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ទុក​គំរូ​ល្អ​ឲ្យ​ក្រុម​គ្រួសារ​អ្នក ព្រម​ទាំង​អ្នក​ឯ​ទៀត​ផង​ដែរ។ w​២២.០៤ ទំ.១៦ វ.១; ទំ.១៩ វ.១២​-​១៣

ថ្ងៃ​អាទិត្យ ទី​៨ ខែ​កញ្ញា

សូម . . . វិនិច្ឆ័យ​ពួក​អ្នក​បម្រើ​លោក ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ ហើយ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​ទុច្ចរិត​ជាប់​ទោស តែ​សូម​សម្រេច​ក្ដី​ឲ្យ​មនុស្ស​សុចរិត​ថា​គ្មាន​ទោស​វិញ ហើយ​ផ្ដល់​រង្វាន់ . . . គាត់។—១បស. ៨:៣២

យើង​សប្បាយ​ដឹង​ថា យើង​មិន​ចាំ​បាច់​សម្រេច​ចិត្ត​ថា​បុគ្គល​ម្នាក់​ៗ​គួរ​ទទួល​ការ​វិនិច្ឆ័យ​បែប​ណា​ទេ! ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ខ្ពស់​បំផុត ដូច្នេះ​លោក​នឹង​បំពេញ​ភារកិច្ច​ដ៏​សំខាន់​នេះ។ (​រ៉ូម ១៤:១០​-​១២​) យើង​អាច​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​នឹង​តែង​តែ​វិនិច្ឆ័យ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​ដក. ១៨:២៥​) លោក​នឹង​មិន​ធ្វើ​អ្វី​ដែល​ទុច្ចរិត​ឡើយ! យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ចោល​ផល​អាក្រក់​ទាំង​អស់​ដែល​មក​ពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​អំពើ​ខុស​ឆ្គង​របស់​មនុស្ស។ នៅ​ពេល​នោះ របួស​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ទាំង​អស់​របស់​យើង​នឹង​ជា​សះ​ស្បើយ​ទាំង​ស្រុង។ (​ចសព. ៧២:១២​-​១៤; បប. ២១:៣, ៤​) យើង​នឹង​មិន​នឹក​ចាំ​រឿង​ទាំង​នេះ​ម្ដង​ទៀត​ទេ។ កាល​ដែល​យើង​ទន្ទឹង​រង់​ចាំ​គ្រា​ដ៏​អស្ចារ្យ​នេះ យើង​អរគុណ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ឲ្យ​យើង​មាន​សមត្ថភាព​យក​តម្រាប់​លោក ដោយ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ w២២.០៦ ទំ.១៣ វ.១៨​-​១៩

ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា

លោក​ជា​ចៅ​ក្រម​នៃ​ផែន​ដី ហើយ​លោក​តែង​តែ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ជា​និច្ច។—ដក. ១៨:២៥

តាម​ធម្មតា ចៅ​ក្រម​ល្អ​ត្រូវ​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​អំពី​ច្បាប់។ គាត់​ត្រូវ​ដឹង​អំពី​អ្វី​ដែល​ខុស និង​អ្វី​ដែល​ត្រូវ។ តើ​ចៅ​ក្រម​ល្អ​ត្រូវ​ការ​អ្វី​ទៀត? គាត់​ត្រូវ​ដឹង​ព័ត៌មាន​ទាំង​អស់​ក្នុង​រឿង​ក្ដី​ណា​មួយ មុន​ដែល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត។ ដូច្នេះ ព្រះ​យេហូវ៉ា​ជា​ចៅ​ក្រម​ដ៏​ល្អ​បំផុត ដោយ​សារ​លោក​តែង​តែ​ដឹង​ព័ត៌មាន​ទាំង​អស់។ ខុស​ពី​ចៅ​ក្រម​ដែល​ជា​មនុស្ស ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​ព័ត៌មាន​ទាំង​អស់​ក្នុង​គ្រប់​រឿង​ក្ដី​នីមួយ​ៗ។ (​ដក. ១៨:២០, ២១; ចសព. ៩០:៨​) ចៅ​ក្រម​ជា​មនុស្ស​វិនិច្ឆ័យ​ក្ដី​តាម​តែ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ឬ​ស្ដាប់​ឮ​ប៉ុណ្ណោះ តែ​ព្រះ​យេហូវ៉ា​មិន​មែន​ដូច្នេះ​ទេ។ លោក​យល់​ទាំង​ស្រុង​ថា​បុគ្គលិក​លក្ខណៈ គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ដែល​ទទួល​ពី​ឪពុក​ម្ដាយ ការ​អប់រំ មជ្ឈដ្ឋាន​រស់​នៅ ព្រម​ទាំង​ផ្លូវ​ចិត្ត​ឬ​សតិ​អារម្មណ៍​របស់​បុគ្គល​ណា​ម្នាក់​អាច​ជះ​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​បុគ្គល​នោះ។ ព្រះ​យេហូវ៉ា​អាច​មើល​ធ្លុះ​ចិត្ត​មនុស្ស។ លោក​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​បុគ្គល​ម្នាក់​ធ្វើ​អ្វី​ណា​មួយ។ គ្មាន​អ្វី​អាច​លាក់​បាំង​ពី​ព្រះ​យេហូវ៉ា​ឡើយ។ (​ហេ. ៤:១៣​) យ៉ាង​នេះ ការ​អភ័យ​ទោស​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​មូលដ្ឋាន​ទៅ​លើ​ការ​ដឹង​ព័ត៌មាន​ទាំង​អស់​អំពី​ស្ថានភាព​ណា​មួយ។ w​២២.០៦ ទំ.៤ វ.៨​-​៩

ថ្ងៃ​អង្គារ ទី​១០ ខែ​កញ្ញា

មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​រក្សា​ជីវិត​ខ្លួន។—យ៉ូប ២:៤

យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​កល​ល្បិច​ដែល​សាថាន​បាន​ប្រើ​ទៅ​លើ​យ៉ូប ដោយ​សារ​វា​ក៏​ប្រើ​កល​ល្បិច​ស្រដៀង​នឹង​នេះ​មក​លើ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ សាថាន​អះអាង​ថា​យើង​មិន​ស្រឡាញ់​ព្រះ​ទេ ហើយ​ថា​យើង​នឹង​បោះ​បង់​ចោល​លោក​ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ វា​ក៏​អះអាង​ដែរ​ថា​ព្រះ​មិន​ស្រឡាញ់​យើង​ទេ ហើយ​ថា​លោក​នឹង​មិន​កត់​សម្គាល់​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ឡើយ។ ដោយ​សារ​យើង​ដឹង​ទុក​ជា​មុន​អំពី​គោល​ដៅ​របស់​សាថាន យើង​មិន​ជឿ​ពាក្យ​កុហក​របស់​វា​ទេ។ យើង​គួរ​ចាត់​ទុក​ទុក្ខ​លំបាក​ថា​ជា​ឱកាស​មួយ​ដើម្បី​រៀន​អំពី​ខ្លួន​ឯង។ ទុក្ខ​លំបាក​ដែល​យ៉ូប​បាន​ជួប​ប្រទះ​បាន​ជួយ​គាត់​ឲ្យ​ដឹង​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​និង​កែ​តម្រូវ​ភាព​ទន់​ខ្សោយ​នោះ។ ជា​ឧទាហរណ៍ គាត់​បាន​រៀន​ថា​គាត់​ត្រូវ​មាន​ចិត្ត​រាប​ទាប​ច្រើន​ជាង។ (​យ៉ូប ៤២:៣​) យើង​ក៏​អាច​រៀន​ច្រើន​អំពី​ខ្លួន​ឯង​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក។ នៅ​ពេល​ដែល​យើង​ដឹង​អំពី​ភាព​ទន់​ខ្សោយ​របស់​យើង យើង​អាច​កែ​តម្រូវ​វា​ឲ្យ​បាន​ល្អ។ w​២២.០៦ ទំ.២៣ វ.១៣​-​១៤

ថ្ងៃ​ពុធ ទី​១១ ខែ​កញ្ញា

ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ ជា​អ្នក​បម្រើ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​»។—អេ. ៤៣:១០

ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ជួយ​យើង។ ជា​ឧទាហរណ៍ មុន​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ​»​ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​អ្នក​ឆ្លង​កាត់​ទឹក ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក ពេល​អ្នក​ឆ្លង​កាត់​ទន្លេ ទឹក​ក៏​មិន​ជន់​លិច​អ្នក​ដែរ។ ពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក​ទេ ហើយ​អណ្ដាត​ភ្លើង​មិន​ឆាប​ឆេះ​អ្នក​ឡើយ​»។ (​អេ. ៤៣:២​) ជួន​កាល ពេល​ដែល​យើង​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​ជួប​ឧបសគ្គ​ដែល​ប្រៀប​ដូច​ជា​ទឹក​ជំនន់ និង​ជួប​ទុក្ខ​លំបាក​ដែល​ប្រៀប​ដូច​ជា​ភ្លើង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​បន្ដ​ផ្សព្វ​ផ្សាយ។ (​អេ. ៤១:១៣​) មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បដិសេធ​ដំណឹង​ដែល​យើង​ផ្សាយ។ យើង​ចាំ​ថា​ការ​បដិសេធ​របស់​ពួក​គេ​មិន​មាន​ន័យ​ថា​យើង​ជា​សាក្សី​មិន​ល្អ​នោះ​ទេ។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​និង​កម្លាំង​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ដែល​យើង​បន្ដ​ប្រកាស​ដំណឹង​របស់​លោក​យ៉ាង​ស្មោះ​ត្រង់។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ‹បុគ្គល​ម្នាក់​ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ខំ​ប្រឹង​របស់​ពួក​គេ​រៀង​ៗ​ខ្លួន›។—១កូ. ៣:៨; ៤:១, ២ w​២២.១១ ទំ.៤ វ.៥​-​៦

ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កញ្ញា

ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ​ប្រសើរ​ជា​និច្ច​ក្នុង​ចំណោម​មនុស្ស​ខាង​ពិភព​លោក​នេះ។—១ពេ. ២:១២

សព្វ​ថ្ងៃ​នេះ យើង​កំពុង​ឃើញ​ទំនាយ​ពី​គម្ពីរ​សម្រេច។ មនុស្ស​«​ពី​គ្រប់​ភាសា​គ្រប់​ប្រជា​ជាតិ​»​ កំពុង​រៀន​ឲ្យ​ចេះ​និយាយ​«​ភាសា​បរិសុទ្ធ​»​នៃ​សេចក្ដី​ពិត​ពី​គម្ពីរ។ (​សាក. ៨:២៣; សេផ. ៣:៩​) មាន​មនុស្ស​ជាង​៨.០០០.០០០​នាក់ នៅ​២៤០​ប្រទេស​ដែល​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​រាប់​ម៉ឺន​នាក់! ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​តួ​លេខ​នេះ គឺ​គុណ​សម្បត្តិ​ឬ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ដែល​ពួក​អ្នក​កាន់​តាម​ថ្មី​ទាំង​នេះ​បាន​បណ្ដុះ​ឲ្យ​មាន។ (​កូឡ. ៣:៨​-​១០​) ពួក​គេ​ជា​ច្រើន​នាក់​បាន​ឈប់​រើស​អើង លែង​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ និង​អំពើ​ឃោរឃៅ ហើយ​ឈប់​ស្នេហា​ជាតិ។ ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​អេសាយ ២:៤​កំពុង​សម្រេច​គឺ​ថា ពួក​គេ​«​មិន​រៀន​ធ្វើ​សង្គ្រាម​ទៀត​»​ទេ។ ដោយ​សារ​យើង​ខំ​ប្រឹង​ពាក់​បុគ្គលិក​លក្ខណៈ​ថ្មី យើង​ទាក់​ទាញ​ចិត្ត​មនុស្ស​ឲ្យ​ចង់​មក​អង្គការ​ព្រះ ហើយ​យើង​បង្ហាញ​ថា​យើង​ធ្វើ​តាម​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​របស់​យើង។ (​យ៉ូន. ១៣:៣៥​) នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ លោក​យេស៊ូ​កំពុង​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ។ w២២.០៧ ទំ.៩ វ.៧​-​៨

ថ្ងៃ​សុក្រ ទី​១៣ ខែ​កញ្ញា

សូម​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ដែល​បាន​ត្រៀម​ទុក​នៅ​ចំពោះ​មុខ​លោក។—ច​សព. ១៤១:២

ពេល​យើង​អធិដ្ឋាន យើង​គួរ​បង្ហាញ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។ សូម​គិត​អំពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​អេសាយ អេសេគាល ដានីយ៉ែល និង​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត។ ពួក​គាត់​ទាំង​អស់​គ្នា​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​ជា​ស្ដេច​ដ៏​រុង​រឿង។ អេសាយ​«​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ដ៏​ខ្ពង់​ខ្ពស់​ឧត្ដម​»។ (​អេ. ៦:១​-​៣​) អេសេគាល​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​រទេះ​របស់​លោក​នៅ​ស្ថាន​សួគ៌ ហើយ​នៅ​ជុំ​វិញ​«​មាន​រស្មី​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដូច​ជា​ឥន្ទធនូ​»។ (​អេគ. ១:២៦​-​២៨​) ដានីយ៉ែល​បាន​ឃើញ​«​ព្រះ​ដែល​មាន​ជីវិត​តាំង​ពី​បុរាណ​»​ស្លៀក​សម្លៀក​បំពាក់​ពណ៌​ស​ស្គុស ហើយ​មាន​អណ្ដាត​ភ្លើង​ចេញ​ពី​បល្ល័ង្ក​លោក។ (​ដាន. ៧:៩, ១០​) ម្យ៉ាង​ទៀត យ៉ូហាន​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក ហើយ​នៅ​ជុំ​វិញ​មាន​ឥន្ទធនូ​ដែល​មាន​លក្ខណៈ​ដូច​ត្បូង​មរកត​ដ៏​ស្រស់​ស្អាត។ (​បប. ៤:២​-​៤​) កាល​ដែល​យើង​រំពឹង​គិត​អំពី​សិរី​រុង​រឿង​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​ព្រះ​យេហូវ៉ា នេះ​រំលឹក​យើង​អំពី​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​អធិដ្ឋាន និង​អំពី​សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន​ដោយ​បង្ហាញ​ការ​គោរព។ w​២២.០៧ ទំ.២០ វ.៣

ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កញ្ញា

[​ចូរ​ប្រុង​ប្រយ័ត្ន​នឹង​]​មនុស្ស​ដែល​ជា​អ្នក​បោក​បញ្ឆោត។—អេភ. ៤:១៤

ប្អូន​ៗ​វ័យ​ក្មេង សាថាន​នឹង​ព្យាយាម​រា​រាំង​អ្នក​មិន​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ។ របៀប​មួយ​ដែល​វា​ប្រហែល​ជា​ធ្វើ​ដូច្នេះ គឺ​ដោយ​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​អំពី​សេចក្ដី​បង្រៀន​ខ្លះ​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ ប្រហែល​ជា​អ្នក​ខ្លះ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​ព្រះ​មិន​បាន​បង្កើត​យើង​ទេ តែ​យើង​កើត​មក​ពី​ការ​វិវត្តន៍។ ពេល​អ្នក​នៅ​ក្មេង អ្នក​ទំនង​ជា​មិន​បាន​គិត​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​ប្រហែល​ជា​ឥឡូវ អ្នក​រៀន​អំពី​រឿង​នេះ​នៅ​សាលា។ អ្វី​ដែល​គ្រូ​របស់​អ្នក​និយាយ​ដើម្បី​គាំទ្រ​ការ​វិវត្តន៍ ប្រហែល​ជា​ស្ដាប់​ទៅ​សម​ហេតុ​សម​ផល​និង​គួរ​ឲ្យ​ជឿ។ ប៉ុន្តែ ពួក​គេ​ប្រហែល​ជា​មិន​ដែល​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ទី​សំអាង​ដែល​បង្ហាញ​ថា​មាន​អ្នក​បង្កើត​ឡើយ។ សូម​ចាំ​គោល​ការណ៍​នៅ​សុភាសិត ១៨:១៧​ដែល​ថា​៖ ​«​អ្នក​ដែល​និយាយ​មុន​ក្នុង​រឿង​ក្ដី មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ តែ​លុះ​ភាគី​ម្ខាង​ទៀត​មក​ដល់ ក៏​ចោទ​សួរ​គាត់​រក​ការ​ពិត​»។ ជា​ជាង​ទទួល​យក​សេចក្ដី​បង្រៀន​ដែល​អ្នក​ឮ​នៅ​សាលា​ដោយ​ងងឹត​ងងល់ សូម​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​សេចក្ដី​បង្រៀន​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ និង​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង។ w​២២.០៨ ទំ.២ វ.២; ទំ.៤ វ.៨

ថ្ងៃ​អាទិត្យ ទី​១៥ ខែ​កញ្ញា

[​ចូរ​]​ឲ្យ​អ្នក​ធ្វើ​តាម​ច្បាប់​ទាំង​អស់​នោះ​យ៉ាង​ដិត​ដល់។ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា ហើយ​ជីវិត​របស់​អ្នក​នឹង​បាន​ជោគ​ជ័យ។—យ៉ូស. ១:៨

យើង​ចង់​យល់​អត្ថន័យ​នៃ​អ្វី​ដែល​យើង​អាន​ក្នុង​បណ្ដាំ​ព្រះ។ បើ​ពុំ​នោះ​ទេ យើង​ប្រហែល​ជា​មិន​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​អាន​របស់​យើង​ឡើយ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ការ​សន្ទនា​របស់​លោក​យេស៊ូ​ជា​មួយ​«​បុរស​ម្នាក់​ដែល​ចេះ​ច្បាប់​ស្ទាត់​»។ (​លូក. ១០:២៥​-​២៩​) ពេល​បុរស​នោះ​បាន​សួរ​លោក​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ លោក​យេស៊ូ​បាន​ជួយ​គាត់​ឲ្យ​រក​ឃើញ​ចម្លើយ​ក្នុង​បណ្ដាំ​ព្រះ ដោយ​សួរ​គាត់​ថា​៖ ​«​តើ​ច្បាប់​ចែង​យ៉ាង​ណា? ពេល​ដែល​អ្នក​អាន តើ​អ្នក​យល់​ដូច​ម្ដេច?​»។ បុរស​នោះ​អាច​ឆ្លើយ​ត្រឹម​ត្រូវ​ដោយ​ដក​ស្រង់​បទ​គម្ពីរ​អំពី​ការ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ (​ចល. ១៩:១៨; បច. ៦:៥​) ប៉ុន្តែ សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បុរស​នោះ​បាន​និយាយ​បន្ទាប់​មក​ថា​៖ ​«​តើ​អ្នក​ណា​ទៅ​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?​»។ បុរស​នោះ​បាន​បង្ហាញ​ថា​គាត់​មិន​យល់​អត្ថន័យ​ពិត​ប្រាកដ​នៃ​អ្វី​ដែល​គាត់​បាន​អាន​ទេ។ ជា​លទ្ធផល គាត់​មិន​ដឹង​អំពី​របៀប​អនុវត្ត​បទ​គម្ពីរ​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ជីវិត​របស់​គាត់​ឡើយ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​យល់​បទ​គម្ពីរ។ ដូច្នេះ​អ្នក​អាច​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​ពី​លោក​ដើម្បី​ជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​អ្នក​កំពុង​អាន។ បន្ទាប់​មក សូម​សុំ​ជំនួយ​ពី​លោក​ដើម្បី​អនុវត្ត​អ្វី​ដែល​អ្នក​បាន​អាន។ w​២៣.០២ ទំ.៩ វ.៤​-​៥

ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កញ្ញា

[​ចូរ​]​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត។—៣យ៉ូន. ៤

​«​តើ​បង​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ម៉េច?​»។ អ្នក​ច្បាស់​ជា​បាន​ឆ្លើយ​សំណួរ​នេះ​អស់​ជា​ច្រើន​ដង។ នេះ​គឺ​ជា​សំណួរ​ដែល​បង​ប្អូន​រួម​ជំនឿ​នឹង​សួរ​យើង ពេល​ដែល​យើង​ចាប់​ផ្ដើម​ស្គាល់​គ្នា។ យើង​ចូល​ចិត្ត​ស្ដាប់​បង​ប្អូន​យើង​រៀប​រាប់​អំពី​របៀប​ដែល​ពួក​គេ​បាន​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យើង​ក៏​សប្បាយ​ប្រាប់​ពួក​គេ​ថា សេចក្ដី​ពិត​មាន​ន័យ​យ៉ាង​ណា​ចំពោះ​យើង។ (​រ៉ូម ១:១១​) ការ​សន្ទនា​ទាំង​នេះ​រំលឹក​យើង​ថា សេចក្ដី​ពិត​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​ជួយ​យើង​ឲ្យ​កាន់​តែ​តាំង​ចិត្ត​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»​ ពោល​គឺ​បន្ត​រស់​នៅ​តាម​របៀប​ដែល​នឹង​នាំ​ឲ្យ​យើង​ទទួល​ពរ​និង​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ មាន​មូលហេតុ​ជា​ច្រើន​ដែល​យើង​ស្រឡាញ់​សេចក្ដី​ពិត។ មូលហេតុ​សំខាន់​បំផុត​គឺ​ថា យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ពិត។ តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក យើង​បាន​ដឹង​ថា លោក​មិន​គ្រាន់​តែ​ជា​បុគ្គល​ដ៏​ខ្លាំង​ក្លា​ដែល​បាន​បង្កើត​មេឃ​និង​ផែន​ដី​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មើល​ថែ​យើង​យ៉ាង​កក់​ក្ដៅ។—១ពេ. ៥:៧ w២២.០៨ ទំ.១៤ វ.១, ៣

ថ្ងៃ​អង្គារ ទី​១៧ ខែ​កញ្ញា

កុំ​ឲ្យ​ភ្លេច​គិត​ដល់​បង​ប្អូន​ក្រី​ក្រ។—កាឡ. ២:១០

សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​រយៈ​«​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។ (​ហេ. ១០:២៤​) គាត់​មិន​គ្រាន់​តែ​ជួយ​បង​ប្អូន​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ការ​ប្រព្រឹត្ត​ដែរ។ ជា​ឧទាហរណ៍ ពេល​បង​ប្អូន​នៅ​តំបន់​យូឌា​មាន​ការ​អត់​ឃ្លាន ប៉ូល​បាន​នាំ​យក​អ្វី​មួយ​ចំនួន​ដែល​ពួក​គេ​ត្រូវ​ការ​ទៅ​ឲ្យ​ពួក​គេ។ (​សកម្ម. ១១:២៧​-​៣០​) តាម​ការ​ពិត ទោះ​ជា​ប៉ូល​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ក្ដី គាត់​តែង​តែ​ស្វែង​រក​វិធី​ជួយ​ពួក​អ្នក​ខ្វះ​ខាត។ ដោយ​ធ្វើ​ដូច្នេះ គាត់​បាន​ពង្រឹង​ទំនុក​ចិត្ត​បង​ប្អូន​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​ពួក​គេ។ សព្វ​ថ្ងៃ​នេះ ពេល​យើង​ស្ម័គ្រ​ចិត្ត​ប្រើ​ពេល​វេលា កម្លាំង និង​ជំនាញ​របស់​យើង​ដើម្បី​រួម​ចំណែក​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ពេល​មាន​មហន្តរាយ យើង​ក៏​ពង្រឹង​ជំនឿ​បង​ប្អូន​របស់​យើង​ដែរ។ ម្យ៉ាង​ទៀត ពេល​យើង​ដាក់​វិភាគទាន​ជា​ទៀង​ទាត់​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក នោះ​ក៏​ជួយ​ពង្រឹង​ជំនឿ​បង​ប្អូន​ដែរ។ តាម​រយៈ​វិធី​ទាំង​នេះ​និង​វិធី​ផ្សេង​ទៀត យើង​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​លះ​ចោល​ពួក​គេ​ទេ។ w​២២.០៨ ទំ.២៣ វ.១៤

ថ្ងៃ​ពុធ ទី​១៨ ខែ​កញ្ញា

ទំនាយ​មិន​ដែល​កើត​ចេញ​ពី​មនុស្ស​ទេ តែ​មនុស្ស​បាន​និយាយ​អ្វី​ដែល​មក​ពី​ព្រះ ដោយ​មាន​ឫទ្ធានុភាព​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ។—២ពេ. ១:២១

គម្ពីរ​មាន​ទំនាយ​ជា​ច្រើន​ដែល​បាន​ត្រូវ​សម្រេច ទំនាយ​ខ្លះ​ទាំង​នោះ​បាន​ត្រូវ​សរសេរ​រាប់​រយ​ឆ្នាំ​មុន​វា​បាន​ត្រូវ​សម្រេច។ ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ថា​ទំនាយ​ទាំង​នោះ​បាន​ក្លាយ​ជា​ការ​ពិត។ នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ ដោយ​សារ​យើង​ដឹង​ថា​ទំនាយ​ទាំង​អស់​ក្នុង​គម្ពីរ​មក​ពី​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​ទំនាយ​ស្ដី​អំពី​ការ​ដួល​រលំ​នៃ​ក្រុង​បាប៊ីឡូន​នៅ​សម័យ​បុរាណ។ នៅ​សតវត្សរ៍​ទី​៨ មុន​គ.ស. អ្នក​ប្រកាស​ទំនាយ​អេសាយ​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​ប្រាប់​ទុក​ជា​មុន​ថា​ក្រុង​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​ត្រូវ​គេ​ចាប់​យក។ គាត់​ថែម​ទាំង​បាន​និយាយ​ថា បុរស​ម្នាក់​ឈ្មោះ​ស៊ីរូស​នឹង​ចាប់​យក​ក្រុង​នោះ ហើយ​បាន​ពន្យល់​អំពី​របៀប​ដែល​បុរស​នោះ​ធ្វើ​ដូច្នេះ។ (​អេ. ៤៤:២៧–៤៥:២​) អេសាយ​ក៏​បាន​ប្រកាស​ទុក​ជា​មុន​ថា នៅ​ទី​បំផុត​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​នឹង​ត្រូវ​គេ​បោះ​បង់​ចោល​ទាំង​ស្រុង។ (​អេ. ១៣:១៩, ២០​) ជន​ជាតិ​មេឌី​និង​ពើស៊ី​បាន​ចាប់​យក​ក្រុង​បាប៊ីឡូន​នៅ​ឆ្នាំ​៥៣៩ មុន​គ.ស. ហើយ​ទី​តាំង​ដែល​ធ្លាប់​មាន​ក្រុង​ដ៏​ធំ​នោះ ឥឡូវ​មាន​តែ​សំណល់​បាក់​បែក។ w​២​៣.០១ ទំ.៤ វ.១០

ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា

ចូរ​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។—១ថែ. ៥:១១

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​យើង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​នៅ​ទូទាំង​ផែនដី។ នេះ​ជា​ឯកសិទ្ធិ​ដ៏​ពិសេស​ដែល​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍​ជា​ច្រើន! (​ម៉ាក. ១០:២៩, ៣០​) នៅ​ទូ​ទាំង​ពិភព​លោក យើង​មាន​បង​ប្អូន​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង ហើយ​ដែល​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​ក្នុង​ជីវិត​ពួក​គេ។ យើង​ប្រហែល​ជា​មាន​វប្បធម៌ របៀប​ស្លៀក​ពាក់ និង​ភាសា​ខុស​ពី​ពួក​គេ ប៉ុន្តែ​យើង​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ពួក​គេ សូម្បី​តែ​នៅ​ពេល​ជួប​ពួក​គេ​ជា​លើក​ដំបូង ក៏​យើង​មាន​អារម្មណ៍​បែប​នេះ​ដែរ។ ជា​ពិសេស យើង​ចូល​ចិត្ត​នៅ​ជា​មួយ​ពួក​គេ​ដើម្បី​សរសើរ​និង​គោរព​ប្រណិប័តន៍​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង ហើយ​យើង​ត្រូវ​រក្សា​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​ពួក​គេ។ (​ចសព. ១៣៣:១​) ជួន​កាល​ពួក​គេ​ជួយ​រែក​ពុន​បន្ទុក​របស់​យើង។ (​រ៉ូម ១៥:១; កាឡ. ៦:២​) ពួក​គេ​ក៏​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា និង​ឲ្យ​រក្សា​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​លោក។ (​ហេ. ១០:២៣​-​២៥​) សូម​ស្រមៃ​ថា​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​យើង​មិន​មាន​ការ​ការ​ពារ​ពី​ក្រុម​ជំនុំ ដើម្បី​ជួយ​យើង​ឲ្យ​កាន់​ជំហរ​មាំ​មួន​ត​យុទ្ធ​នឹង​សត្រូវ​របស់​យើង ពោល​គឺ​មេ​កំណាច​សាថាន​និង​ពិភព​លោក​ដ៏​អាក្រក់​របស់​វា។ w​២២.០៩ ទំ.២​-​៣ វ.៣​-​៤

ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា

អ្នក​ណា​ដែល​ចេះ​ទប់​មាត់ អ្នក​នោះ​ជា​មនុស្ស​ដែល​ប្រព្រឹត្ត​ដោយ​ចេះ​ពិចារណា។—សុភ. ១០:១៩

យើង​ប្រហែល​ជា​ពិបាក​ទប់​ចិត្ត​ពេល​យើង​ប្រើ​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។ បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​អាច​ប្រាប់​រឿង​សម្ងាត់​ដោយ​អចេតនា​ដល់​មនុស្ស​ជា​ច្រើន។ ម្យ៉ាង​ទៀត នៅ​ពេល​យើង​ផ្ញើ​ព័ត៌មាន​តាម​គ្រឿង​អេឡិចត្រូនិក យើង​មិន​អាច​ទប់​ស្កាត់​របៀប​ដែល​អ្នក​ឯ​ទៀត​នឹង​ប្រើ​ព័ត៌មាន​នោះ ឬ​បញ្ហា​ដែល​នឹង​កើត​ឡើង​ក្រោយ​មក​បាន​ទេ។ ការ​ចេះ​ទប់​ចិត្ត​ក៏​ជួយ​យើង​ឲ្យ​ចេះ​នៅ​ស្ងៀម ពេល​ពួក​អ្នក​ប្រឆាំង​ព្យាយាម​បោក​បញ្ឆោត​យើង​ឲ្យ​ប្រាប់​រឿង​ដែល​អាច​នាំ​ឲ្យ​បង​ប្អូន​យើង​មាន​គ្រោះ​ថ្នាក់។ នេះ​អាច​កើត​ឡើង ពេល​ប៉ូលិស​សួរ​ចម្លើយ​យើង​នៅ​ប្រទេស​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ដាក់​បម្រាម​ឬ​ដាក់​កម្រិត។ យើង​អាច​ធ្វើ​តាម​គោល​ការណ៍​ដែល​ឲ្យ​យើង​«​ប្រយ័ត្ន​មាត់​មិន​ហា​ស្ដី​»​ក្នុង​ស្ថានភាព​ទាំង​នេះ ព្រម​ទាំង​ស្ថានភាព​ផ្សេង​ទៀត​ផង​ដែរ។ (​ចសព. ៣៩:១​) មិន​ថា​យើង​នៅ​ជា​មួយ​ក្រុម​គ្រួសារ មិត្ត​ភក្តិ បង​ប្អូន​រួម​ជំនឿ ឬ​អ្នក​ឯ​ទៀត​ក្ដី យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ដើម្បី​ធ្វើ​ជា​មនុស្ស​បែប​នេះ យើង​ត្រូវ​ចេះ​ទប់​ចិត្ត! w​២២.០៩ ទំ.១៣ វ.១៦

ថ្ងៃ​សៅរ៍ ទី​២១ ខែ​កញ្ញា

មាន​សុភមង្គល​ហើយ! [​អ្នក​ណា​ដែល​]​ស្រឡាញ់​ច្បាប់​របស់​ព្រះ​យេហូវ៉ា [​ហើយ​]​រំពឹង​គិត​អំពី​ច្បាប់​របស់​លោក​ទាំង​ថ្ងៃ​ទាំង​យប់។—ចសព. ១:១, ២

ដើម្បី​មាន​សុភមង្គល​ពិត យើង​ត្រូវ​អាន​និង​សិក្សា​បណ្ដាំ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ប្រដូច​បណ្ដាំ​របស់​ព្រះ​ទៅ​នឹង​អាហារ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ ហេតុ​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា​»។ (​ម៉ាថ. ៤:៤​) ដូច្នេះ យើង​មិន​គួរ​រំលង​មួយ​ថ្ងៃ​ដោយ​មិន​អាន​គម្ពីរ​ដែល​ជា​បណ្ដាំ​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ​ឡើយ។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​បាន​បង្ហាញ​យើង​ក្នុង​គម្ពីរ​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​ជីវិត​សប្បាយ។ យើង​រៀន​អំពី​អ្វី​ជា​គោល​បំណង​របស់​លោក​សម្រាប់​ជីវិត​យើង របៀប​ចូល​ទៅ​ជិត​លោក និង​ទទួល​ការ​អភ័យ​ទោស​ពី​លោក​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង។ ម្យ៉ាង​ទៀត យើង​រៀន​អំពី​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​លោក​បាន​សន្យា​សម្រាប់​ថ្ងៃ​អនាគត។ (​យេ. ២៩:១១​) សេចក្ដី​ពិត​ទាំង​នេះ​ដែល​មក​ពី​ការ​សិក្សា​គម្ពីរ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ពេញ​ទៅ​ដោយ​អំណរ! ពេល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​បញ្ហា​ជីវិត សូម​ចំណាយ​ពេល​កាន់​តែ​ច្រើន​ដើម្បី​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា។ w​២២.១០ ទំ.៧ វ.៤​-​៦

ថ្ងៃ​អាទិត្យ ទី​២២ ខែ​កញ្ញា

ចំពោះ​សមត្ថភាព​យល់​ដឹង ត្រូវ​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ។—១កូ. ១៤:២០

គឺ​សម​ហេតុ​ផល​ដែល​គម្ពីរ​លើក​ទឹក​ចិត្ត​យើង​មិន​ឲ្យ​បន្ត​ធ្វើ​ជា​មនុស្ស​ខ្វះ​បទ​ពិសោធន៍។ យើង​ទទួល​បទ​ពិសោធន៍​ល្អ​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​យើង។ បន្តិច​ម្ដង​ៗ យើង​នឹង​ឃើញ​របៀប​ដែល​គម្ពីរ​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ផ្សេង​ៗ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​ការ​សម្រេច​ចិត្ត​របស់​យើង។ បើ​យើង​បាន​សិក្សា​គម្ពីរ​និង​ចូល​រួម​កិច្ច​ប្រជុំ​អស់​មួយ​រយៈ​ពេល យើង​អាច​សួរ​ខ្លួន​អំពី​មូលហេតុ​ដែល​យើង​នៅ​តែ​មិន​ទាន់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ បើ​យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ តើ​យើង​កំពុង​រីក​ចម្រើន​ជា​អ្នក​ផ្សព្វ​ផ្សាយ​និង​ជា​អ្នក​បង្រៀន​ដំណឹង​ល្អ​ឬ​ទេ? តើ​ការ​សម្រេច​ចិត្ត​របស់​យើង​បង្ហាញ​ថា​យើង​បាន​ត្រូវ​ដឹក​នាំ​ដោយ​គោល​ការណ៍​គម្ពីរ​ឬ? តើ​យើង​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ដោយ​បង្ហាញ​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក​ឬ​ទេ? បើ​យើង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ យើង​គួរ​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​រំលឹក​របស់​ព្រះ​យេហូវ៉ា​ដែល​«​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​មាន​ប្រាជ្ញា​»។—ចសព. ១៩:៧ w​២២.១០ ទំ.២០ វ.៨

ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា

បុគ្គល​វិញ្ញាណ​ទាំង​នោះ​ទៅ​កន្លែង​ណា​ដែល​ឫទ្ធានុភាព​របស់​ព្រះ​ជំរុញ​ពួក​គេ​ឲ្យ​ទៅ។—អេគ. ១:២០

អេសេគាល​បាន​ឃើញ​ថា​ឫទ្ធានុភាព​របស់​ព្រះ​គឺ​ខ្លាំង​ក្លា​យ៉ាង​ណា។ អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា​ឫទ្ធានុភាព​បរិសុទ្ធ​កំពុង​ជួយ​បណ្ដា​ទេវតា​ដ៏​ខ្លាំង​ក្លា ហើយ​ជំរុញ​កង់​ធំ​ៗ​នៃ​រទេះ​នៅ​ស្ថាន​សួគ៌។ (​អេគ. ១:២១​) តើ​អេសេគាល​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​បាន​កត់​ទុក​អ្វី​ដែល​បាន​កើត​ឡើង​ថា​៖ ​«​ពេល​ឃើញ​ភ្លាម ខ្ញុំ​ក៏​ក្រាប​មុខ​ចុះ​»។ អេសេគាល​បាន​កោត​ស្ងើច​ជា​ខ្លាំង​បាន​ជា​គាត់​ក្រាប​មុខ​ដល់​ដី។ (​អេគ. ១:២៨​) ក្រោយ​មក ពេល​ដែល​អេសេគាល​គិត​អំពី​អ្វី​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​នេះ នោះ​ច្បាស់​ជា​បាន​ពង្រឹង​ការ​ជឿ​ជាក់​របស់​គាត់​ថា ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ គាត់​អាច​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​បាន។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​អេសេគាល​ថា​៖ ​«​កូន​មនុស្ស​អើយ! ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​ចង់​និយាយ​ជា​មួយ​អ្នក​»។ បង្គាប់​នោះ​និង​ឫទ្ធានុភាព​របស់​ព្រះ​បាន​ឲ្យ​កម្លាំង​ដែល​អេសេគាល​ត្រូវ​ការ​ដើម្បី​ក្រោក​ឈរ​ឡើង។ (​អេគ. ២:១, ២​) បន្ទាប់​ពី​នោះ​និង​នៅ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ អេសេគាល​បាន​ទទួល​ការ​ណែនាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។—អេគ. ៣:២២; ៨:១; ៣៣:២២; ៣៧:១; ៤០:១ w​២២.១១ ទំ.៤ វ.៧​-​៨

ថ្ងៃ​អង្គារ ទី​២៤ ខែ​កញ្ញា

ត្រចៀក​របស់​អ្នក​រាល់​គ្នា​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​រាល់​គ្នា។—អេ. ៣០:២១

នៅ​ខ​នេះ អ្នក​ប្រកាស​ទំនាយ​អេសាយ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ថា​លោក​ជា​គ្រូ​បង្រៀន​ម្នាក់​ដែល​ដើរ​ពី​ក្រោយ​សិស្ស​របស់​គាត់ ហើយ​ចង្អុល​បង្ហាញ​ផ្លូវ​ខាង​មុខ ព្រម​ទាំង​ណែនាំ​ពួក​គេ។ សព្វ​ថ្ងៃ​នេះ យើង​ឮ​សំឡេង​របស់​ព្រះ​នៅ​ពី​ក្រោយ​យើង។ តើ​តាម​របៀប​ណា? ប្រសាសន៍​របស់​លោក​បាន​ត្រូវ​កត់​ទុក​នៅ​ក្នុង​គម្ពីរ​អស់​រយៈ​ពេល​ជា​យូរ​មុន។ ដូច្នេះ ពេល​យើង​អាន​គម្ពីរ គឺ​ហាក់​ដូច​ជា​យើង​ឮ​សំឡេង​របស់​ព្រះ​នៅ​ពី​ក្រោយ​យើង។ (​អេ. ៥១:៤​) តើ​តាម​របៀប​ណា​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ការ​ណែនាំ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ? សូម​កត់​សម្គាល់​ថា អេសាយ​បាន​និយាយ​អ្វី​ពីរ​យ៉ាង។ ទី​១ ​«​គឺ​ផ្លូវ​នេះ​ហើយ​»។ ទី២ ​«​ចូរ​ដើរ​តាម​ផ្លូវ​នេះ​ចុះ​»។ គឺ​មិន​គ្រប់​គ្រាន់​ឲ្យ​យើង​ស្គាល់​«​ផ្លូវ​»​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​«​ដើរ​តាម​ផ្លូវ​នេះ​»​ដែរ។ បណ្ដាំ​របស់​ព្រះ​និង​ការ​ពន្យល់​ពី​អង្គការ​លោក បង្រៀន​យើង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង។ យើង​ក៏​រៀន​អំពី​របៀប​អនុវត្ត​អ្វី​ដែល​យើង​រៀន។ ដើម្បី​ស៊ូ​ទ្រាំ​ដោយ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យើង​ត្រូវ​ធ្វើ​តាម​ជំហាន​ទាំង​ពីរ​នេះ។ ទាល់​តែ​យើង​ធ្វើ​ដូច្នេះ ទើប​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង។ w​២២.១១ ទំ.១១ វ.១០​-​១១

ថ្ងៃ​ពុធ ទី​២៥ ខែ​កញ្ញា

ក្រោយ​ពី​ខ្ញុំ​ចាក​ចេញ​ទៅ​នឹង​មាន​មនុស្ស​ខ្លះ​ដែល​ប្រៀប​ដូច​ជា​ឆ្កែ​ចចក​ដ៏​សាហាវ ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។—សកម្ម. ២០:២៩

មិន​យូរ​ក្រោយ​ពី​ពួក​សាវ័ក​ភាគ​ច្រើន​របស់​លោក​យេស៊ូ​បាន​ស្លាប់ គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​បាន​ចូល​ក្នុង​ក្រុម​ជំនុំ។ (​ម៉ាថ. ១៣:២៤​-​២៧, ៣៧​-​៣៩​) ពួក​គេ​បាន​«​និយាយ​បង្ខុស​សេចក្ដី​ពិត ដើម្បី​អូស​ទាញ​ពួក​អ្នក​កាន់​តាម​ឲ្យ​ទៅ​តាម​ពួក​គេ​វិញ​»។ (​សកម្ម. ២០:៣០​) អ្វី​មួយ​ដែល​«​បង្ខុស​សេចក្ដី​ពិត​»​ដែល​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ចាប់​ផ្ដើម​បង្រៀន​នៅ​ពេល​ក្រោយ​មក​គឺ​ថា លោក​យេស៊ូ​មិន​បាន​ប្រគល់​រូប​កាយ​ខ្លួន​‹មួយ​ដង​ជា​ការ​ស្រេច ដើម្បី​ទទួល​យក​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន›​ដូច​គម្ពីរ​ចែង​ឡើយ តែ​បែរ​ជា​ថា​គ្រឿង​បូជា​របស់​លោក​ត្រូវ​ប្រគល់​ម្ដង​ហើយ​ម្ដង​ទៀត​វិញ។ (​ហេ. ៩:២៧, ២៨​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ដែល​មាន​ចិត្ត​ស្មោះ​ជឿ​សេចក្ដី​បង្រៀន​មិន​ពិត​នេះ។ ពួក​គេ​ជួប​ជុំ​គ្នា​នៅ​វិហារ​ជា​រៀង​រាល់​សប្ដាហ៍ ជួន​កាល​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ធ្វើ​ពិធី​បូជា​របស់​លោក​យេស៊ូ​ដែល​ពួក​គេ​ហៅ​ថា​«​អភិបូជា​»។ សាសនា​ផ្សេង​ទៀត​ធ្វើ​ពិធី​មួយ​ដើម្បី​រំលឹក​អំពី​មរណភាព​របស់​លោក​យេស៊ូ​មិន​សូវ​ញឹក​ញាប់​ទេ ប៉ុន្តែ​សមាជិក​ភាគ​ច្រើន​មិន​យល់​ច្បាស់​អំពី​អត្ថន័យ​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​ឡើយ។ w២៣.០១ ទំ.២១ វ.៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​កញ្ញា

កុំ​ភ្លេច​ធ្វើ​ការ​ល្អ ហើយ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត។—ហេ. ១៣:១៦

ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​នឹង​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​ថា​ជា​មនុស្ស​សុចរិត​«​នឹង​បាន​ផែន​ដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។ (​ចសព. ៣៧:១០, ១១, ២៩​) គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សប្បាយ​មែន​ដែល​«​សត្រូវ​ចុង​ក្រោយ​ដែល​ជា​សេចក្ដី​ស្លាប់​នឹង​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​»​! (​១កូ. ១៥:២៦​) សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ការ​រស់​នៅ​ជា​រៀង​រហូត គឺ​មាន​មូលដ្ឋាន​ដ៏​មុត​មាំ​លើ​បណ្ដាំ​របស់​ព្រះ។ សេចក្ដី​សង្ឃឹម​នេះ​អាច​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​ដ៏​ពិបាក​នេះ។ ប៉ុន្តែ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​មិន​គ្រាន់​តែ​ត្រូវ​មាន​បំណង​ចិត្ត​ចង់​បន្ដ​រស់​នៅ​ប៉ុណ្ណោះ​ទេ។ តែ​មូលហេតុ​សំខាន់​ចម្បង​របស់​យើង​ចំពោះ​ការ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ គឺ​ថា​យើង​ស្រឡាញ់​លោក​ទាំង​ពីរ​ខ្លាំង​ណាស់។ (​២កូ. ៥:១៤, ១៥​) សេចក្ដី​ស្រឡាញ់​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​យក​តម្រាប់​លោក​ទាំង​ពីរ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង។ (​រ៉ូម ១០:១៣​-​១៥​) កាល​ដែល​យើង​រៀន​ឲ្យ​ចេះ​លះ​បង់​ប្រយោជន៍​ខ្លួន​និង​មាន​ចិត្ត​ទូលាយ យើង​ទៅ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចង់​យក​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក​ជា​រៀង​រហូត។ w​២២.១២ ទំ.៧ វ.១៥​-​១៦

ថ្ងៃ​សុក្រ ទី​២៧ ខែ​កញ្ញា

អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀតបៀន។—២ធី. ៣:១២

ពេល​យើង​ត្រូវ​គេ​បៀតបៀន យើង​អាច​បាត់​បង់​អ្វី​ជា​ច្រើន​ដែល​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។ យើង​ប្រហែល​ជា​ខ្វល់​ចិត្ត ហើយ​ភ័យ​ខ្លាច​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​បន្ទាប់​មក។ នេះ​គឺ​ជា​អារម្មណ៍​ធម្មតា​ទេ។ ប៉ុន្តែ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។ លោក​យេស៊ូ​បាន​លើក​ឡើង​ថា ការ​បៀតបៀន​អាច​នាំ​ឲ្យ​អ្នក​កាន់​តាម​លោក​ជំពប់​ដួល។ (​យ៉ូន. ១៦:១, ២​) ទោះ​ជា​លោក​យេស៊ូ​ប្រាប់​យើង​ឲ្យ​រំពឹង​ថា​យើង​នឹង​ត្រូវ​គេ​បៀតបៀន​ក្ដី លោក​ក៏​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​បាន។ (​យ៉ូន. ១៥:២០; ១៦:៣៣​) ពេល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​គេ​ដាក់​បម្រាម ឬ​បាន​ត្រូវ​គេ​ដាក់​កម្រិត​យ៉ាង​តឹង​រ៉ឹង យើង​ប្រហែល​ជា​ទទួល​ការ​ណែនាំ​ពី​ការិយាល័យ​សាខា​និង​ពួក​អ្នក​ចាស់​ទុំ។ ការ​ណែនាំ​ទាំង​នេះ​គឺ​ដើម្បី​ការ​ពារ​យើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ត​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ និង​ដើម្បី​ជួយ​យើង​ឲ្យ​បន្ត​ផ្សព្វ​ផ្សាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ដែល​អ្នក​ទទួល។ (​យ៉ា. ៣:១៧​) ម្យ៉ាង​ទៀត សូម​កុំ​ប្រាប់​ព័ត៌មាន​អំពី​បង​ប្អូន​របស់​យើង​ដល់​ពួក​អ្នក​ដែល​គ្មាន​សិទ្ធិ​ដឹង​ឡើយ។—អទ. ៣:៧ w​២២.១២ ទំ.២០​-​២១ វ.១៤​-​១៦

ថ្ងៃ​សៅរ៍ ទី​២៨ ខែ​កញ្ញា

[​ចូរ​]​បង្ហាញ​ចិត្ត​ឧស្សាហ៍​ដូច​កាល​ពី​ដើម។—ហេ. ៦:១១

សព្វ​ថ្ងៃ​នេះ លោក​យេស៊ូ​បន្ត​ណែនាំ​ពួក​អ្នក​កាន់​តាម​លោក កាល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូទាំង​ផែនដី។ លោក​បាន​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក។ តាម​រយៈ​អង្គការ​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បង្ហាត់​បង្រៀន​យើង​អំពី​របៀប​ផ្សព្វ​ផ្សាយ ហើយ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​ឧបករណ៍​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ (​ម៉ាថ. ២៨:១៨​-​២០​) យើង​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​តម្រូវ​ពី​យើង​ដោយ​ខំ​ប្រឹង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត ហើយ​ដោយ​ចាំ​យាម​ពេល​ដែល​យើង​ទន្ទឹង​រង់​ចាំ​ព្រះ​យេហូវ៉ា​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ។ ដោយ​ធ្វើ​តាម​យោបល់​នៅ​ហេប្រឺ ៦:១១, ១២ យើង​នឹង​រក្សា​សេចក្ដី​សង្ឃឹម​របស់​យើង​ឲ្យ​នៅ​រឹង​មាំ​«​រហូត​ដល់​ទី​បញ្ចប់​»។ ព្រះ​យេហូវ៉ា​បាន​សម្រេច​ចិត្ត​ថា​ពេល​ណា​លោក​នឹង​បំផ្លាញ​របៀប​របប​ពិភព​លោក​របស់​សាថាន។ ពេល​ថ្ងៃ​នោះ​មក​ដល់ ព្រះ​យេហូវ៉ា​នឹង​សម្រេច​ទំនាយ​ទាំង​អស់​ដែល​លោក​បាន​កត់​ទុក​ក្នុង​គម្ពីរ។ ទម្រាំ​ដល់​ពេល​នោះ ពេល​ខ្លះ​យើង​ប្រហែល​ជា​គិត​ថា​ទី​បញ្ចប់​នៅ​យូរ​ទៀត។ ប៉ុន្តែ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​«​ឥត​យឺត​ឡើយ!​»។ (​ហាប. ២:៣​) ដូច្នេះ សូម​ឲ្យ​យើង​តាំង​ចិត្ត​«​ទន្ទឹង​ចាំ​ព្រះ​យេហូវ៉ា​»​ ជា​«​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​របស់​[​យើង​]​ដោយ​ចិត្ត​អត់​ធ្មត់​»។—មីកា ៧:៧ w​២៣.០២ ទំ.១៩ វ.១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​២៩ ខែ​កញ្ញា

គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន​ឡើយ។—ចសព. ៤០:៥

គោល​ដៅ​របស់​អ្នក​ឡើង​ភ្នំ​គឺ​ឡើង​ដល់​កំពូល។ ប៉ុន្តែ នៅ​តាម​ផ្លូវ​មាន​កន្លែង​ជា​ច្រើន​ដែល​គាត់​អាច​ឈប់​មើល​ទេសភាព​ស្អាត​ៗ។ ស្រដៀង​គ្នា​ដែរ សូម​លៃ​ទុក​ពេល​ជា​ទៀង​ទាត់ ដើម្បី​ផ្អាក​និង​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​ជួយ​អ្នក​ឲ្យ​ជោគ​ជ័យ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​មាន​ការ​ពិបាក​ក្ដី។ រៀង​រាល់​យប់​មុន​ពេល​ចូល​គេង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​តាម​របៀប​ណា​ខ្ញុំ​បាន​ឃើញ​ពរ​ពី​ព្រះ​យេហូវ៉ា​នៅ​ថ្ងៃ​នេះ? ទោះ​ជា​ទុក្ខ​លំបាក​របស់​ខ្ញុំ​នៅ​តែ​មាន​ក្ដី តើ​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​យ៉ាង​ដូច​ម្ដេច?›។ សូម​រក​មើល​យ៉ាង​ហោច​ណាស់​ពរ​មួយ​ពី​ព្រះ​យេហូវ៉ា​ដែល​បាន​ជួយ​អ្នក។ ពិត​មែន អ្នក​ប្រហែល​ជា​អធិដ្ឋាន​ឲ្យ​ទុក្ខ​លំបាក​ណា​មួយ​របស់​អ្នក​លែង​មាន​ទៀត។ (​ភី. ៤:៦​) ប៉ុន្តែ យើង​ក៏​គួរ​កត់​សម្គាល់​ពរ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ។ ព្រះ​យេហូវ៉ា​សន្យា​ថា លោក​នឹង​ពង្រឹង​កម្លាំង​យើង​និង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។ ដូច្នេះ សូម​មាន​ចិត្ត​កតញ្ញូ​ជា​និច្ច​ដែល​ព្រះ​យេហូវ៉ា​គាំទ្រ​អ្នក។ យ៉ាង​នេះ អ្នក​នឹង​ឃើញ​អំពី​របៀប​ដែល​លោក​កំពុង​ជួយ​អ្នក​ឲ្យ​ជោគ​ជ័យ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​វេទនា​ក្ដី។—ដក. ៤១:៥១, ៥២ w​២៣.០១ ទំ.១៩ វ.១៧​-​១៨

ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​កញ្ញា

[​ចូរ​]​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។—២ពេ. ៣:១២

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​របៀប​រស់​នៅ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​យល់​ថា​យើង​នៅ​ជិត​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ឬ​ទេ? តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​អំពី​ការ​អប់រំ​និង​ការ​ងារ​បង្ហាញ​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​សំខាន់​បំផុត​ក្នុង​ជីវិត​ខ្ញុំ​ឬ? តើ​ខ្ញុំ​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ឬ?›។ សូម​គិត​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យ៉ាង​ណា​ពេល​លោក​ឃើញ​ថា​យើង​កំពុង​ខំ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បំណង​ប្រាថ្នា​របស់​លោក។ (​ម៉ាថ. ៦:២៥​-​២៧, ៣៣; ភី. ៤:១២, ១៣​) យើង​ត្រូវ​ពិនិត្យ​មើល​របៀប​គិត​គូរ​របស់​យើង​ជា​ទៀង​ទាត់ ហើយ​ក្រោយ​មក​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់។ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ថា​៖ ​«​ចូរ​ពិនិត្យ​ពិចារណា​អំពី​ខ្លួន​ឥត​ឈប់ ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​កំពុង​កាន់​ខ្ជាប់​តាម​ជំនឿ​ឬ​យ៉ាង​ណា។ ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។ (​២កូ. ១៣:៥​) ដូច្នេះ យើង​ត្រូវ​បន្ដ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង​ដោយ​អាន​បណ្ដាំ​របស់​ព្រះ រៀន​ឲ្យ​មាន​របៀប​គិត​គូរ​ដូច​លោក ហើយ​ក្រោយ​មក​ខំ​ធ្វើ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។—១កូ. ២:១៤​-​១៦ w​២៣.០១ ទំ.៩​-​១០ វ.៥​-​៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក