ខែសីហា
ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា
មានសៀវភៅរំលឹកមួយបានត្រូវកត់ទុកនៅចំពោះមុខលោក គឺកត់ទុកឈ្មោះអស់អ្នកដែលគោរពកោតខ្លាចព្រះយេហូវ៉ា និងអស់អ្នកដែលរំពឹងគិតអំពីនាមរបស់លោក។—ម៉ាឡ. ៣:១៦
តើអ្នកអាចគិតអំពីមូលហេតុណាខ្លះដែលព្រះយេហូវ៉ានឹងកត់ទុកក្នុង«សៀវភៅរំលឹកមួយ»របស់លោក នូវឈ្មោះរបស់ពួកអ្នកដែលពោលពាក្យដែលបង្ហាញថា ពួកគេគោរពកោតខ្លាចលោក និងរំពឹងគិតអំពីនាមរបស់លោក? ពាក្យសម្ដីរបស់យើងបង្ហាញអំពីអ្វីដែលនៅក្នុងចិត្ត។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថ. ១២:៣៤) ព្រះយេហូវ៉ាចង់ឲ្យពួកអ្នកដែលស្រឡាញ់លោកមានជីវិតជារៀងរហូតក្នុងពិភពលោកថ្មី។ ការដែលព្រះយេហូវ៉ានឹងទទួលឬមិនទទួលយកការគោរពប្រណិប័តន៍របស់យើង អាចអាស្រ័យទៅលើរបៀបដែលយើងនិយាយ។ (យ៉ា. ១:២៦) អ្នកខ្លះដែលមិនស្រឡាញ់ព្រះយេហូវ៉ា និយាយដោយកំហឹង អំណួត និងគ្មានមេត្តា។ (២ធី. ៣:១-៥) យើងមិនចង់ធ្វើដូចពួកអ្នកទាំងនោះទេ។ យើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងពាក្យសម្ដីរបស់យើង។ បើយើងប្រើពាក្យសម្ដីសប្បុរសនៅកិច្ចប្រជុំរបស់យើងឬក្នុងកិច្ចបម្រើផ្សាយ ប៉ុន្តែបែរជានិយាយដោយមិនសប្បុរស និងមិនប្រកបដោយសេចក្ដីស្រឡាញ់ទៅកាន់សមាជិកក្រុមគ្រួសារពេលអ្នកឯទៀតមិននៅជាមួយ តើព្រះយេហូវ៉ាអាចពេញចិត្តនឹងយើងឬទេ?—១ពេ. ៣:៧ w២២.០៤ ទំ.៥ វ.៤-៥
ថ្ងៃសុក្រ ទី២ ខែសីហា
សត្វសាហាវដែលមានស្នែង១០ . . . នឹងស្អប់ស្ត្រីពេស្យានោះ ហើយនឹងបំផ្លាញនាង ព្រមទាំងធ្វើឲ្យនាងនៅអាក្រាត ក៏នឹងស៊ីសាច់នាង ហើយដុតនាងចោលក្នុងភ្លើង។—បប. ១៧:១៦
ព្រះបណ្ដាលឲ្យសត្វសាហាវដែលមានស្នែង១០ចង់បំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លា។ ព្រះយេហូវ៉ានឹងជំរុញចិត្តប្រជាជាតិនានាឲ្យប្រើសត្វសាហាវសម្បុរក្រហមឆ្អៅ ពោលគឺអង្គការសហប្រជាជាតិ ដើម្បីវាយប្រហារសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក ហើយបំផ្លាញឲ្យសាបសូន្យ។ (បប. ១៨:២១-២៤) តើនេះជាប់ទាក់ទងយ៉ាងណានឹងយើង? យើងត្រូវរក្សា‹របៀបគោរពប្រណិប័តន៍ដែលស្អាតស្អំនិងឥតសៅហ្មង តាមទស្សនៈរបស់លោកដែលជាព្រះរបស់យើង›។ (យ៉ា. ១:២៧) យើងមិនចង់បណ្ដោយខ្លួនឲ្យទទួលឥទ្ធិពលពីសេចក្ដីបង្រៀនមិនពិត ពិធីបុណ្យផ្សេងៗរបស់សាសនាមិនពិត ទង្វើដែលទាក់ទងនឹងពួកវិញ្ញាណកំណាច និងខ្នាតតម្រាសីលធម៌ធូររលុងនៃបាប៊ីឡូនដ៏ខ្លាំងក្លា! ម្យ៉ាងទៀត យើងបន្តព្រមានអ្នកឯទៀតឲ្យ«ចេញពីក្រុងនោះមក» ដើម្បីពួកគេអាចជៀសវាងពីការរួមចំណែកក្នុងកំហុសរបស់នាងនៅចំពោះមុខព្រះ។—បប. ១៨:៤ w២២.០៥ ទំ.១១ វ.១៧; ទំ.១៤ វ.១៨
ថ្ងៃសៅរ៍ ទី៣ ខែសីហា
ខ្ញុំនឹងថ្លែងប្រាប់អំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ា ដែលប្រកបដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។—អេ. ៦៣:៧
ឪពុកម្ដាយទាំងឡើយ សូមបង្កើតឱកាសដើម្បីបង្រៀនកូនរបស់អ្នកអំពីព្រះយេហូវ៉ា និងអ្វីល្អជាច្រើនដែលលោកបានធ្វើសម្រាប់អ្នក។ (បច. ៦:៦, ៧) នេះរឹតតែសំខាន់ បើអ្នកនៅក្នុងក្រុមគ្រួសារដែលមានជំនឿខុសគ្នា ហើយប្ដីរបស់អ្នកឃាត់អ្នកមិនឲ្យបង្រៀនគម្ពីរដល់កូនជាទៀងទាត់នៅផ្ទះ។ បងស្រីម្នាក់ឈ្មោះគ្រីស្ទីននិយាយថា៖ «ខ្ញុំមិនសូវមានឱកាសនិយាយអំពីព្រះយេហូវ៉ាជាមួយកូនៗទេ តែខ្ញុំឆ្លៀតគ្រប់ឱកាសដើម្បីនិយាយជាមួយពួកគេអំពីលោក»។ បន្ថែមពីនេះ សូមនិយាយល្អៗអំពីអង្គការរបស់ព្រះយេហូវ៉ានិងបងប្អូនរួមជំនឿ។ សូមកុំរិះគន់ពួកអ្នកចាស់ទុំ។ ពាក្យសម្ដីរបស់អ្នកអាចមានឥទ្ធិពលទៅលើកូន។ អ្វីដែលអ្នកនិយាយអំពីពួកអ្នកចាស់ទុំអាចជួយកូនឲ្យទៅរកពួកគេពេលត្រូវការជំនួយ។ ចូរធ្វើឲ្យមានសន្តិភាពនៅផ្ទះ។ សូមបង្ហាញសេចក្ដីស្រឡាញ់ចំពោះប្ដីនិងកូនរបស់អ្នកជារឿយៗ។ សូមនិយាយអំពីប្ដីរបស់អ្នកដោយបង្ហាញការគោរពនិងសេចក្ដីសប្បុរស ហើយបង្ហាត់បង្រៀនកូនឲ្យធ្វើដូចនេះដែរ។ យ៉ាងនេះកូនរបស់អ្នកអាចស្រួលរៀនអំពីព្រះយេហូវ៉ាជាង។—យ៉ា. ៣:១៨ w២២.០៤ ទំ.១៨ វ.១០-១១
ថ្ងៃអាទិត្យ ទី៤ ខែសីហា
ខ្ញុំស្គាល់ការប្រព្រឹត្តរបស់អ្នក។—បប. ៣:១
ដំណឹងរបស់លោកយេស៊ូចំពោះបងប្អូននៅក្នុងក្រុមជំនុំនាក្រុងអេភេសូរបង្ហាញថាពួកគេបានស៊ូទ្រាំ ហើយបានបន្ដបម្រើព្រះយេហូវ៉ា ទោះជាពួកគេមានការពិបាកផ្សេងៗក្ដី។ ប៉ុន្តែ ពួកគេបានបាត់បង់សេចក្ដីស្រឡាញ់ដែលពួកគេធ្លាប់មានកាលពីដើមដំបូង។ ពួកគេត្រូវបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់នោះឡើងវិញ។ បើពុំនោះទេ ការគោរពប្រណិប័តន៍របស់ពួកគេនឹងមិនធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តឡើយ។ ស្រដៀងគ្នាដែរនៅសព្វថ្ងៃនេះ យើងមិនមែនចេះតែស៊ូទ្រាំប៉ុណ្ណោះទេ តែយើងក៏ត្រូវស៊ូទ្រាំដោយមានមូលហេតុត្រឹមត្រូវផងដែរ។ ព្រះរបស់យើងមិនគ្រាន់តែចាប់អារម្មណ៍នឹងអ្វីដែលយើងធ្វើប៉ុណ្ណោះទេ តែក៏ចាប់អារម្មណ៍នឹងមូលហេតុដែលយើងធ្វើអ្វីនោះដែរ។ បំណងចិត្តរបស់យើងគឺសំខាន់ចំពោះលោក ដោយសារលោកចង់ឲ្យការគោរពប្រណិប័តន៍របស់យើងមានមូលដ្ឋានលើចិត្តកតញ្ញូនិងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះលោក។ (សុភ. ១៦:២; ម៉ាក. ១២:២៩, ៣០) យើងត្រូវភ្ញាក់ដឹងខ្លួនជានិច្ច។ បងប្អូននៅក្រុមជំនុំនាក្រុងសាដេសមានបញ្ហាផ្សេង។ ទោះជាពួកគេធ្លាប់ជាប់រវល់ក្នុងការបម្រើព្រះយេហូវ៉ាពីមុនក្ដី ពួកគេបានបាត់បង់ចិត្តខ្នះខ្នែងក្នុងការបម្រើលោកនៅពេលក្រោយមក។ លោកយេស៊ូបានប្រាប់ពួកគេឲ្យ«ភ្ញាក់ខ្លួន»។ (បប. ៣:១-៣) ព្រះយេហូវ៉ានឹងមិនបំភ្លេចការដែលយើងបានធ្វើទេ។—ហេ. ៦:១០ w២២.០៥ ទំ.៣ វ.៦-៧
ថ្ងៃច័ន្ទ ទី៥ ខែសីហា
អស់ទាំងការងារនឿយហត់សុទ្ធតែមានប្រយោជន៍។—សុភ. ១៤:២៣
សាឡូម៉ូនបាននិយាយថាការងារនឿយហត់ អាចធ្វើឲ្យបុគ្គលម្នាក់សប្បាយរីករាយជាខ្លាំង។ គាត់បានហៅនេះថាជា«អំណោយពីព្រះ»។ (អទ. ៥:១៨, ១៩) សាឡូម៉ូនបានដឹងថាពាក្យទាំងនោះគឺពិត។ ពីព្រោះគាត់ផ្ទាល់ជាអ្នកឧស្សាហ៍ធ្វើការ។ ជាឧទាហរណ៍ គាត់បានសង់វិមានផ្សេងៗ ធ្វើចម្ការទំពាំងបាយជូរ ធ្វើសួន និងជីកស្រះទឹក។ គាត់ក៏បានសង់ក្រុងផ្សេងៗផងដែរ។ (១បស. ៩:១៩; អទ. ២:៤-៦) ការងារទាំងនេះធ្វើឲ្យគាត់នឿយហត់ តែសប្បាយរីករាយ។ ប៉ុន្តែ សាឡូម៉ូនដឹងថាដើម្បីសប្បាយរីករាយពិតប្រាកដ គាត់ត្រូវធ្វើលើសពីនេះទៅទៀត។ គាត់ក៏បានធ្វើអ្វីៗជាច្រើនសម្រាប់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ គាត់បានចាត់ចែងកិច្ចការសាងសង់វិហារដ៏រុងរឿងសម្រាប់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។ កិច្ចការសាងសង់នោះបានត្រូវធ្វើឡើងអស់រយៈពេល៧ឆ្នាំ។ (១បស. ៦:៣៨; ៩:១) ក្រោយពីគាត់បានធ្វើកិច្ចការផ្សេងៗជាច្រើន គាត់ទទួលស្គាល់ថាអ្វីសំខាន់បំផុតគឺបម្រើព្រះយេហូវ៉ា។ គាត់សរសេរថា៖ «ក្រោយពីបានស្ដាប់អ្វីៗទាំងអស់នេះរួចហើយ សរុបសេចក្ដីគឺ៖ ចូរគោរពកោតខ្លាចព្រះពិត ហើយធ្វើតាមបញ្ញត្តិរបស់លោកជានិច្ច»។—អទ. ១២:១៣ w២២.០៥ ទំ.២២ វ.៨
ថ្ងៃអង្គារ ទី៦ ខែសីហា
ព្រះបានអភ័យទោសឲ្យអ្នករាល់គ្នាតាមរយៈគ្រិស្ត ដោយគ្មានល័ក្ខខ័ណ្ឌ។—អេភ. ៤:៣២
គម្ពីរពេញទៅដោយគំរូរបស់បុគ្គលដែលព្រះយេហូវ៉ាបានអភ័យទោសឲ្យដោយគ្មានល័ក្ខខ័ណ្ឌ។ តើអ្នកអាចនឹកឃើញអំពីអ្នកណាខ្លះ? ប្រហែលជាអ្នកគិតអំពីស្ដេចម៉ាណាសេ។ បុរសដ៏អាក្រក់នេះបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាស់នឹងព្រះយេហូវ៉ា។ គាត់បាននាំមុខក្នុងការគោរពបូជាព្រះមិនពិត។ គាត់បានសម្លាប់កូនខ្លួនឯង ដើម្បីជូនជាគ្រឿងបូជាទៅព្រះមិនពិត។ គាត់ថែមទាំងបានយករូបចម្លាក់ព្រះមិនពិតទៅដាក់ក្នុងវិហារពិសិដ្ឋរបស់ព្រះយេហូវ៉ា។ គម្ពីរចែងអំពីគាត់ថា៖ «គាត់បានប្រព្រឹត្តអំពើអាក្រក់យ៉ាងច្រើនក្រៃលែងនៅចំពោះព្រះយេហូវ៉ា ហើយនេះបានធ្វើឲ្យលោកមានកំហឹងជាខ្លាំង»។ (២ប្រ. ៣៣:២-៧) ប៉ុន្តែ ពេលម៉ាណាសេបានប្រែចិត្តយ៉ាងស្មោះ ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់ដោយគ្មានល័ក្ខខ័ណ្ឌ។ (២ប្រ. ៣៣:១២, ១៣) ប្រហែលជាអ្នកក៏នឹកឃើញដែរអំពីស្ដេចដាវីឌដែលបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរទាស់នឹងព្រះយេហូវ៉ា ដែលរួមមានការផិតក្បត់ និងអំពើឃាតកម្ម។ ប៉ុន្តែ ពេលដាវីឌបានប្រែចិត្តយ៉ាងស្មោះនិងទទួលស្គាល់កំហុសរបស់ខ្លួន ព្រះយេហូវ៉ាបានអភ័យទោសឲ្យគាត់។ (២សាំ. ១២:៩, ១០, ១៣, ១៤) មែនហើយ យើងអាចប្រាកដថាព្រះយេហូវ៉ាចង់អភ័យទោសឲ្យអ្នកឯទៀត។ w២២.០៦ ទំ.៣ វ.៧
ថ្ងៃពុធ ទី៧ ខែសីហា
ចូរ . . . មានចិត្តអត់ធ្មត់ . . . ហើយតាំងចិត្តរឹងមាំ។—យ៉ា. ៥:៨
គឺមិនតែងតែស្រួលឲ្យរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យនៅមុតមាំទេ។ យើងប្រហែលជាពិបាកមានចិត្តអត់ធ្មត់កាលដែលយើងរង់ចាំព្រះ។ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដែលរស់ជារៀងរហូត ហើយទស្សនៈរបស់លោកចំពោះពេលវេលាគឺខុសគ្នាពីទស្សនៈរបស់យើង។ (២ពេ. ៣:៨, ៩) លោកនឹងសម្រេចគោលបំណងរបស់លោកតាមរបៀបដ៏ល្អបំផុត ប៉ុន្តែលោកប្រហែលជាមិនចាត់វិធានការពេលដែលយើងរំពឹងថាលោកនឹងធ្វើឡើយ។ តើអ្វីអាចជួយយើងឲ្យរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យមុតមាំ កាលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់ឲ្យព្រះធ្វើតាមពាក្យសន្យារបស់លោក? (យ៉ា. ៥:៧) ចូរបន្តនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ដោយសារលោកជាបុគ្គលដែលនឹងធ្វើឲ្យសេចក្ដីសង្ឃឹមរបស់យើងក្លាយជាការពិត។ តាមពិត គម្ពីរបង្ហាញថាសេចក្ដីសង្ឃឹមជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹងជំនឿថាមានព្រះយេហូវ៉ា ហើយថាលោក«ឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។ (ហេ. ១១:១, ៦) បើយើងពិតជាជឿថាមានព្រះយេហូវ៉ា យើងនឹងកាន់តែមានទំនុកចិត្តថា លោកនឹងធ្វើតាមសេចក្ដីសន្យាទាំងអស់របស់លោក។ ដើម្បីរក្សាសេចក្ដីសង្ឃឹមរបស់យើងឲ្យមុតមាំ យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ានិងអានបណ្ដាំរបស់លោក។ ទោះជាយើងមិនអាចឃើញព្រះយេហូវ៉ាក្ដី យើងអាចចូលទៅជិតលោកបាន។ យើងអាចនិយាយជាមួយលោកក្នុងសេចក្ដីអធិដ្ឋាន ហើយជឿជាក់ថាលោកនឹងស្ដាប់យើង។—យេ. ២៩:១១, ១២ w២២.១០ ទំ.២៦-២៧ វ.១១-១៣
ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា
យ៉ូបចាប់ផ្ដើមនិយាយដាក់បណ្ដាសាថ្ងៃដែលគាត់កើត។—យ៉ូប ៣:១
សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើង។ យ៉ូបកំពុងអង្គុយលើផេះទាំងមានការឈឺចាប់យ៉ាងខ្លាំង។ (យ៉ូប ២:៨) ដំបូង យ៉ូបនៅស្ងៀម។ (យ៉ូប ២:១៣) បើមិត្តមិនពិតរបស់យ៉ូបគិតថាការនៅស្ងៀមរបស់គាត់មានន័យថាគាត់នឹងលះចោលព្រះយេហូវ៉ា ពួកគេគិតខុសហើយ។ មិត្តមិនពិតទាំងនោះចេះតែនិយាយថាយ៉ូបជាមនុស្សមិនល្អ ហើយអ្វីដែលយ៉ូបបានធ្វើគឺសុទ្ធតែគ្មានតម្លៃ។ ទុក្ខលំបាករបស់យ៉ូបគឺប្រៀបដូចជាថ្មដ៏ធ្ងន់ដែលសង្កត់គាត់ ហើយគាត់ក៏កើតទុក្ខយ៉ាងខ្លាំង ដោយសារកូនៗរបស់គាត់បានស្លាប់។ នៅពេលមួយ យ៉ូបប្រហែលជាងើយមើលទៅមិត្តមិនពិតទាំងបីនាក់របស់គាត់ ហើយនិយាយថា៖ «រហូតដល់ថ្ងៃស្លាប់ ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមកធ្វើឲ្យខ្ញុំលែងមានចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត!»។ (យ៉ូប ២៧:៥) តើអ្វីបានជួយយ៉ូបឲ្យមានចិត្តក្លាហាននិងរឹងមាំដូចនេះ? ទោះជាយ៉ូបធ្លាក់ដល់ចំណុចសូន្យក៏ដោយ គាត់នៅតែសង្ឃឹមថាព្រះដែលស្រឡាញ់គាត់នឹងបំបាត់ចោលទុក្ខលំបាករបស់គាត់។ គាត់ដឹងថាទោះជាគាត់ស្លាប់ក្ដី ព្រះយេហូវ៉ានឹងប្រោសគាត់ឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៣-១៥ w២២.០៦ ទំ.២២ វ.៩
ថ្ងៃសុក្រ ទី៩ ខែសីហា
ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច»។—ម៉ាថ. ៦:៩, ១០
យើងបានទទួលឯកសិទ្ធិដ៏អស្ចារ្យមួយពីអ្នកបង្កើតមេឃនិងផែនដី ពោលគឺការអធិដ្ឋាន។ សូមគិត៖ យើងអាចប្រាប់ព្រះយេហូវ៉ាអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តយើងនៅពេលណាក៏បាន និងជាភាសាណាក៏បាន។ យើងអាចអធិដ្ឋានទៅលោកពីលើគ្រែនៅមន្ទីរពេទ្យ ឬពីពន្ធនាគារដោយមានទំនុកចិត្តថា បិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់នឹងស្ដាប់យើង។ យើងមានអំណរគុណខ្លាំងណាស់ចំពោះឯកសិទ្ធិនេះ។ ស្ដេចដាវីឌបានឲ្យតម្លៃចំពោះឯកសិទ្ធិអធិដ្ឋាន។ គាត់បានច្រៀងចម្រៀងជូនព្រះយេហូវ៉ាថា៖ «សូមឲ្យសេចក្ដីអធិដ្ឋានរបស់ខ្ញុំប្រៀបដូចជាគ្រឿងក្រអូបដែលបានត្រៀមទុកនៅចំពោះមុខលោក»។ (ចសព. ១៤១:១, ២) នៅសម័យរបស់ដាវីឌ ពួកសង្ឃបានប្រើគ្រឿងក្រអូបដ៏ពិសិដ្ឋដែលបានត្រូវរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ការគោរពប្រណិប័តន៍ពិត។ (ដច. ៣០:៣៤, ៣៥) ពាក្យរបស់ដាវីឌអំពីគ្រឿងក្រអូបបង្ហាញថាគាត់ចង់គិតយ៉ាងដិតដល់អំពីអ្វីដែលគាត់បម្រុងនឹងនិយាយ ពេលគាត់អធិដ្ឋានទៅបិតារបស់គាត់នៅស្ថានសួគ៌។ យើងក៏ចង់ធ្វើដូចនេះដែរ។ យើងចង់ឲ្យសេចក្ដីអធិដ្ឋានរបស់យើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ w២២.០៧ ទំ.២០ វ.១-២; ទំ.២១ វ.៤
ថ្ងៃសៅរ៍ ទី១០ ខែសីហា
ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ការសងសឹកជារបស់ខ្ញុំ ខ្ញុំនឹងសងគេវិញ»។—រ៉ូម ១២:១៩
ការសងសឹកគឺជារបស់ព្រះយេហូវ៉ា។ លោកមិនបានឲ្យយើងមានសិទ្ធិដាក់ទោសអ្នកដែលធ្វើខុសនឹងយើងទេ។ (រ៉ូម ១២:២០, ២១) ការយល់ឃើញរបស់យើងមានកម្រិតនិងមិនល្អឥតខ្ចោះ ហេតុនេះយើងមិនអាចវិនិច្ឆ័យយ៉ាងត្រឹមត្រូវដូចព្រះបានទេ។ (ហេ. ៤:១៣) ជួនកាល អារម្មណ៍របស់យើងប្រហែលជាធ្វើឲ្យយើងវិនិច្ឆ័យខុស ហើយធ្វើឲ្យយើងពិបាកដឹងអ្វីដែលត្រឹមត្រូវ។ ព្រះយេហូវ៉ាបានដឹកនាំយ៉ាកុបឲ្យសរសេរថា៖ «កំហឹងរបស់មនុស្សមិននាំឲ្យធ្វើអ្វីត្រឹមត្រូវដែលព្រះពេញចិត្តទេ»។ (យ៉ា. ១:២០) ប៉ុន្តែ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងធ្វើអ្វីដែលត្រឹមត្រូវ ហើយលោកនឹងចាត់វិធានការរកយុត្តិធម៌។ ការអភ័យទោសបង្ហាញថាយើងមានទំនុកចិត្តទៅលើយុត្តិធម៌របស់ព្រះយេហូវ៉ា។ ពេលយើងទុកឲ្យព្រះយេហូវ៉ាជាអ្នកដោះស្រាយ យើងបង្ហាញថាយើងមានទំនុកចិត្តថា លោកនឹងលុបបំបាត់ផលវិបាកទាំងអស់ដែលមកពីអំពើខុសឆ្គង។ នៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា អនុស្សាវរីយ៍ឈឺចាប់«នឹងគ្មាននរណានឹកឃើញទៀតទេ ហើយក៏មិនចងចាំនៅក្នុងចិត្តទៀតដែរ»។—អេ. ៦៥:១៧ w២២.០៦ ទំ.១០-១១ វ.១១-១២
ថ្ងៃអាទិត្យ ទី១១ ខែសីហា
ប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ។—ម៉ាថ. ២៤:៩
ដោយសារយើងបានត្រូវគេស្អប់បែបនេះ នោះជាភ័ស្តុតាងដែលបង្ហាញថាយើងធ្វើតាមគំរូរបស់លោកយេស៊ូ និងទទួលការពេញចិត្តពីព្រះយេហូវ៉ា។ (ម៉ាថ. ៥:១១, ១២) មេកំណាចគឺនៅពីក្រោយខ្នងការប្រឆាំងនេះ។ ប៉ុន្តែ លោកយេស៊ូមានឫទ្ធានុភាពខ្លាំងក្លាជាងវា! ដោយសារមានការគាំទ្រពីលោកយេស៊ូ មនុស្សពីគ្រប់ប្រជាជាតិកំពុងឮដំណឹងល្អ។ សូមពិចារណាអំពីទីសំអាងខ្លះៗ។ ពេលយើងផ្សព្វផ្សាយ មនុស្សនិយាយភាសាផ្សេងៗខុសពីយើង។ ក្នុងការបើកបង្ហាញដែលលោកយេស៊ូបានឲ្យសាវ័កយ៉ូហានឃើញក្នុងគំនិត លោកបានប្រាប់ទុកជាមុនថា នៅសម័យយើងដំណឹងល្អនឹងយកឈ្នះការពិបាកនេះ។ (បប. ១៤:៦, ៧) តើតាមរបៀបណា? យើងផ្ដល់ឱកាសឲ្យមនុស្សច្រើនបំផុតទទួលយកដំណឹងអំពីរាជាណាចក្រព្រះ។ នៅសព្វថ្ងៃនេះ មនុស្សនៅទូទាំងពិភពលោកអាចអានព័ត៌មានដែលមានមូលដ្ឋានពីគម្ពីរនៅគេហទំព័រjw.org ដោយសារគេហទំព័រនេះមានព័ត៌មានជាង១.០០០ភាសា។ យើងក៏បានទទួលការអនុញ្ញាតឲ្យបកប្រែសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!ជាង៧០០ភាសា ដែលជាសៀវភៅសិក្សាសំខាន់ចម្បងរបស់យើងសម្រាប់ជួយមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ! w២២.០៧ ទំ.៩ វ.៦-៧
ថ្ងៃច័ន្ទ ទី១២ ខែសីហា
បើមានមនុស្សច្រើននាក់ឲ្យយោបល់ នោះនឹងនាំឲ្យបានជោគជ័យ។—សុភ. ១១:១៤
លោកយេស៊ូមានចិត្តអាណិតអាសូរចំពោះមនុស្ស។ សាវ័កម៉ាថាយប្រាប់ថា៖ «ពេលដែលឃើញបណ្ដាជន លោកមានចិត្តក្ដួលអាណិតពួកគេ ពីព្រោះពួកគេបានត្រូវសង្កត់សង្កិន និងទុកចោលឲ្យនៅរាត់រាយប្រៀបដូចចៀមដែលគ្មានគង្វាល»។ (ម៉ាថ. ៩:៣៦) ចុះយ៉ាងណាព្រះយេហូវ៉ាវិញ? តើលោកមានអារម្មណ៍យ៉ាងណាចំពោះមនុស្សជាតិ? លោកយេស៊ូបានមានប្រសាសន៍ថា៖ «បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌មិនចង់ឲ្យអ្នកតូចណាម្នាក់បែបនេះវិនាសឡើយ»។ (ម៉ាថ. ១៨:១៤) ពាក្យនេះគួរឲ្យកក់ក្ដៅណាស់! កាលដែលយើងស្គាល់លោកយេស៊ូច្បាស់ជាង យើងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងចំពោះព្រះយេហូវ៉ា។ អ្នកក៏អាចរៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់កាន់តែច្រើន ហើយរីកចម្រើនជាគ្រិស្តសាសនិក ដោយចំណាយពេលនិងព្យាយាមស្គាល់បងប្អូនដែលមានភាពចាស់ទុំក្នុងក្រុមជំនុំរបស់អ្នក។ សូមកត់សម្គាល់អំពីអំណររបស់ពួកគេ។ ពួកគេមិនស្ដាយក្រោយចំពោះការសម្រេចចិត្តរបស់ពួកគេឲ្យបម្រើព្រះយេហូវ៉ាទេ។ សូមសុំពួកគេឲ្យប្រាប់អ្នកអំពីបទពិសោធន៍ខ្លះៗដែលពួកគេមានក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ពេលអ្នកត្រូវធ្វើការសម្រេចចិត្តសំខាន់ សូមសុំយោបល់ពីពួកគេ។ សូមចាំថា «បើមានមនុស្សច្រើននាក់ឲ្យយោបល់ នោះនឹងនាំឲ្យបានជោគជ័យ»។ w២២.០៨ ទំ.៣ វ.៦-៧
ថ្ងៃអង្គារ ទី១៣ ខែសីហា
ភ្នែករបស់ព្រះយេហូវ៉ាមើលពួកអ្នកសុចរិត។—១ពេ. ៣:១២
យើងទាំងអស់គ្នានឹងជួបទុក្ខលំបាកក្នុងជីវិត។ ប៉ុន្តែ យើងនឹងមិនប្រឈមមុខនឹងទុក្ខលំបាកតែម្នាក់ឯងទេ។ ដូចឪពុកដ៏កក់ក្ដៅម្នាក់ ព្រះយេហូវ៉ាតែងតែតាមមើលយើង។ លោកនៅក្បែរយើង ប្រុងប្រៀបស្ដាប់ការអង្វរសុំជំនួយរបស់យើង និងចង់គាំទ្រយើង។ (អេ. ៤៣:២) យើងជឿជាក់ថាយើងអាចស៊ូទ្រាំនឹងទុក្ខលំបាកបាន ដោយសារលោកផ្ដល់ឲ្យយើងដោយឥតសំចៃនូវអ្វីទាំងអស់ដែលយើងត្រូវការដើម្បីស៊ូទ្រាំ។ លោកបានផ្ដល់ឲ្យយើងនូវអំណោយជាសេចក្ដីអធិដ្ឋាន គម្ពីរ សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារជាបរិបូរ និងបងប្អូនជាទីស្រឡាញ់ ដើម្បីជួយយើងនៅពេលដែលយើងត្រូវការជំនួយ។ យើងមានអំណរគុណជាខ្លាំងដែលមានបិតានៅស្ថានសួគ៌ដែលតាមមើលយើង! «ចិត្តយើងត្រេកអរដោយសារលោក»។ (ចសព. ៣៣:២១) យើងអាចបង្ហាញព្រះយេហូវ៉ាថាយើងឲ្យតម្លៃចំពោះការយកចិត្តទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ពីលោក ដោយទាញយកប្រយោជន៍ពីអ្វីទាំងអស់ដែលលោកផ្ដល់ឲ្យដើម្បីជួយយើង។ យើងក៏ត្រូវខំអស់ពីសមត្ថភាពដើម្បីបន្តនៅក្រោមការមើលថែរបស់ព្រះ។ និយាយឲ្យចំទៅ បើយើងបន្តខំអស់ពីសមត្ថភាពដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ានិងធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់លោក នោះលោកនឹងតាមមើលយើងជាប់ជានិច្ច។ w២២.០៨ ទំ.១៣ វ.១៥-១៦
ថ្ងៃពុធ ទី១៤ ខែសីហា
ប្រសាសន៍របស់លោកជាសេចក្ដីពិតទាំងស្រុង។—ចសព. ១១៩:១៦០
មនុស្សជាច្រើននៅសព្វថ្ងៃនេះមិនដឹងថាពួកគេអាចទុកចិត្តអ្នកណាបានទេ។ ពួកគេឆ្ងល់ថាតើមនុស្សដែលពួកគេគោរព ដូចជាអ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ ឬអ្នកជំនួញតែងតែធ្វើអ្វីដែលល្អបំផុតសម្រាប់ពួកគេឬយ៉ាងណា។ បន្ថែមទៅទៀត ពួកគេមិនគោរពអ្នកដឹកនាំខាងសាសនាគ្រិស្តនោះទេ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេ ដែលពួកគេមិនទុកចិត្តគម្ពីរជាសៀវភៅដែលអ្នកដឹកនាំសាសនាទាំងនោះអះអាងថាពួកគេធ្វើតាម។ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងជឿជាក់ថាលោកជា«ព្រះនៃសេចក្ដីពិត» ហើយថាលោកតែងតែចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត។ (ចសព. ៣១:៥; អេ. ៤៨:១៧) យើងដឹងថាយើងអាចទុកចិត្តអ្វីដែលយើងអានក្នុងគម្ពីរ។ យើងយល់ស្របនឹងអ្វីដែលបណ្ឌិតម្នាក់ខាងគម្ពីរបានសរសេរថា៖ «ប្រសាសន៍របស់ព្រះមិនដែលក្លែងក្លាយ ឬមិនកើតឡើងឡើយ។ រាស្ត្រព្រះអាចទុកចិត្តប្រសាសន៍របស់លោក ដោយសារពួកគេទុកចិត្តព្រះដែលបានមានប្រសាសន៍នោះ»។ w២៣.០១ ទំ.២ វ.១-២
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា
ចូរយើងគិតអំពីគ្នាទៅវិញទៅមក។—ហេ. ១០:២៤
យើងពង្រឹងកម្លាំងបងប្អូនយើង ពេលដែលយើងពង្រឹងជំនឿរបស់ពួកគេលើព្រះយេហូវ៉ា។ បងប្អូនខ្លះទទួលការរិះគន់ពីអ្នកដែលមិនមែនជាអ្នកជឿ។ បងប្អូនខ្លះទៀត កំពុងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ឬកំពុងខំប្រឹងយកឈ្នះអារម្មណ៍ឈឺចិត្ត។ រីឯបងប្អូនខ្លះទៀត បានរង់ចាំជាយូរឲ្យទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមកដល់។ ស្ថានភាពទាំងនេះអាចធ្វើឲ្យគ្រិស្តសាសនិកនៅសព្វថ្ងៃនេះពិបាករក្សាជំនឿ។ បងប្អូននៅក្រុមជំនុំនាសតវត្សរ៍ទី១មានការពិបាកស្រដៀងនឹងនេះ។ សាវ័កប៉ូលបានប្រើបទគម្ពីរដើម្បីពង្រឹងជំនឿបងប្អូន។ ជាឧទាហរណ៍ គ្រិស្តសាសនិកជនជាតិយូដាប្រហែលជាមិនដឹងថា គួរនិយាយយ៉ាងណាទៅកាន់សមាជិកក្រុមគ្រួសារដែលមិនមែនជាអ្នកជឿ ដែលបានអះអាងថាសាសនាយូដាប្រសើរជាងគ្រិស្តសាសនាឡើយ។ សំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ ច្បាស់ជាបានពង្រឹងកម្លាំងពួកគេយ៉ាងខ្លាំង។ (ហេ. ១:៥, ៦; ២:២, ៣; ៩:២៤, ២៥) ការវែកញែកដ៏ប៉ិនប្រសប់របស់គាត់អាចជួយពួកគេឲ្យដឹងថាគួរនិយាយយ៉ាងណាទៅកាន់សមាជិកក្រុមគ្រួសារដែលមិនមែនជាអ្នកជឿនោះ។ w២២.០៨ ទំ.២៣ វ.១២-១៤
ថ្ងៃសុក្រ ទី១៦ ខែសីហា
មានពរហើយ! អស់អ្នកដែលទុកចិត្តលើព្រះយេហូវ៉ា។—យេ. ១៧:៧
មនុស្សនៅក្នុងពិភពលោករបស់សាថានមិនដឹងថាពួកគេអាចទុកចិត្តអ្នកណាទេ។ ពួកគេច្រើនតែខកចិត្តនឹងការប្រព្រឹត្តរបស់ពួកអ្នកដឹកនាំខាងសាសនា នយោបាយ និងពាណិជ្ជកម្ម។ មនុស្សជាច្រើនក៏មានអារម្មណ៍ថាពួកគេមិនអាចទុកចិត្តមិត្តភក្តិ អ្នកជិតខាង និងថែមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគេទៀតផង។ នេះមិនធ្វើឲ្យយើងភ្ញាក់ផ្អើលឡើយ។ គម្ពីរប្រាប់ទុកជាមុនថា៖ «នៅគ្រាចុងក្រោយបង្អស់ . . . មនុស្សនឹង . . . គ្មានភក្ដីភាព . . . ជាអ្នកបង្កាច់បង្ខូច . . . ជាអ្នកក្បត់»។ នេះមានន័យថាមនុស្សនឹងប្រព្រឹត្តដូចសាថានជាព្រះនៃរបៀបរបបពិភពលោកនេះដែលមិនមែនជាបុគ្គលដ៏គួរឲ្យទុកចិត្ត។ (២ធី. ៣:១-៤; ២កូ. ៤:៤) ប៉ុន្តែក្នុងនាមជាគ្រិស្តសាសនិក យើងដឹងថាយើងអាចទុកចិត្តទាំងស្រុងទៅលើព្រះយេហូវ៉ា។ យើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយថាលោក«នឹងមិនបោះបង់ចោល»មិត្តរបស់លោកទេ។ (ចសព. ៩:១០) យើងក៏អាចទុកចិត្តលោកយេស៊ូគ្រិស្ត ដោយសារលោកបានលះបង់ជីវិតរបស់លោកដើម្បីយើង។ (១ពេ. ៣:១៨) ម្យ៉ាងទៀត តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន យើងបានរៀនថា គម្ពីរផ្ដល់ការណែនាំដ៏គួរឲ្យទុកចិត្ត។—២ធី. ៣:១៦, ១៧ w២២.០៩ ទំ.២ វ.១-២
ថ្ងៃសៅរ៍ ទី១៧ ខែសីហា
មានសុភមង្គលហើយ មនុស្សគ្រប់រូបដែលកោតខ្លាចព្រះយេហូវ៉ា គឺពួកអ្នកដែលដើរតាមផ្លូវរបស់លោក។—ចសព. ១២៨:១
សុភមង្គលពិតមិនគ្រាន់តែជាអារម្មណ៍សប្បាយមួយពេល ដែលក្រោយមកបាត់ទៅវិញនោះទេ។ សុភមង្គលពិតអាចស្ថិតស្ថេរពេញមួយជីវិត។ តើតាមរបៀបណា? លោកយេស៊ូបានពន្យល់ក្នុងសុន្ទរកថារបស់លោកនៅលើភ្នំថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។ (ម៉ាថ. ៥:៣) លោកយេស៊ូដឹងថាមនុស្សបានត្រូវបង្កើតមកឲ្យមានបំណងចិត្តយ៉ាងខ្លាំង ដើម្បីស្គាល់ព្រះយេហូវ៉ាដែលជាអ្នកបង្កើតរបស់ពួកគេ និងគោរពប្រណិប័តន៍លោក។ ម្យ៉ាងទៀត ដោយសារព្រះយេហូវ៉ាជា«ព្រះដែលមានសេចក្ដីសប្បាយ» ពួកអ្នកដែលគោរពប្រណិប័តន៍លោក ក៏អាចសប្បាយដែរ។ (១ធី. ១:១១) តើយើងអាចមានសុភមង្គលលុះត្រាតែយើងគ្មានបញ្ហាឬ? មិនមែនទេ។ ក្នុងសុន្ទរកថារបស់លោកយេស៊ូ លោកបានមានប្រសាសន៍ថា សូម្បីតែ«អស់អ្នកដែលមានទុក្ខព្រួយ»ក៏អាចមានសុភមង្គលដែរ។ លោកយេស៊ូបានមានប្រសាសន៍ដូចគ្នាចំពោះ«អស់អ្នកដែលត្រូវគេបៀតបៀនដោយសារសេចក្ដីសុចរិត»។ (ម៉ាថ. ៥:៤, ១០, ១១) លោកយេស៊ូកំពុងបង្រៀនយើងថា សុភមង្គលមិនមែនមកពីការគ្មានបញ្ហាក្នុងជីវិតទេ ប៉ុន្តែមកពីការបំពេញការស្រេកឃ្លានរបស់យើងចំពោះការណែនាំពីព្រះនិងការចូលទៅជិតលោក។—យ៉ា. ៤:៨ w២២.១០ ទំ.៦ វ.១-៣
ថ្ងៃអាទិត្យ ទី១៨ ខែសីហា
អ្នកណានៅស្ងៀមមិនស្រដី អ្នកនោះមានសមត្ថភាពវែកញែកពិតប្រាកដ។—សុភ. ១១:១២
សមត្ថភាពវែកញែកនឹងជួយគ្រិស្តសាសនិកឲ្យដឹងថា គឺពេលណាជា«ពេលនៅស្ងៀម» និងពេលណាជា«ពេលនិយាយ»។ (អទ. ៣:៧) នៅប្រទេសខ្លះ មានពាក្យស្លោកដែលគេនិយមប្រើថា៖ «ការនិយាយប្រៀបដូចជាប្រាក់ តែការនៅស្ងៀមប្រៀបដូចជាមាស»។ និយាយឲ្យចំទៅ មានពេលខ្លះដែលការនៅស្ងៀមគឺប្រសើរជាងការនិយាយ។ សូមគិតអំពីឧទាហរណ៍មួយ។ អ្នកចាស់ទុំម្នាក់ដែលមានបទពិសោធន៍ ច្រើនតែបានត្រូវសុំឲ្យជួយដោះស្រាយបញ្ហាពិបាករបស់ក្រុមជំនុំផ្សេងៗ។ សូមកត់សម្គាល់អំពីអ្វីដែលអ្នកចាស់ទុំម្នាក់ទៀតនិយាយអំពីគាត់ គឺថា៖ «គាត់តែងតែប្រុងប្រយ័ត្នមិនប្រាប់ព័ត៌មានសម្ងាត់របស់ក្រុមជំនុំផ្សេងៗ»។ ដោយសារអ្នកចាស់ទុំដែលមានបទពិសោធន៍នេះមានសមត្ថភាពវែកញែក បងប្រុសដែលបម្រើក្នុងក្រុមអ្នកចាស់ទុំជាមួយគាត់គោរពគាត់។ ពួកគេជឿជាក់ថាគាត់នឹងមិនប្រាប់រឿងសម្ងាត់របស់ពួកគេដល់អ្នកឯទៀតឡើយ។ ភាពទៀងត្រង់គឺជាគុណសម្បត្តិមួយទៀតដែលយើងត្រូវការ បើយើងចង់ធ្វើជាមនុស្សដែលគួរឲ្យទុកចិត្ត។ យើងទុកចិត្តមនុស្សទៀងត្រង់ ដោយសារយើងដឹងថាពួកគេនឹងនិយាយការពិតជានិច្ច។—អេភ. ៤:២៥; ហេ. ១៣:១៨ w២២.០៩ ទំ.១២ វ.១៤-១៥
ថ្ងៃច័ន្ទ ទី១៩ ខែសីហា
បើអ្នកណាប្រឆាំងព្រះយេហូវ៉ា អ្នកនោះមិនមានប្រាជ្ញា សមត្ថភាពវែកញែក ឬឱវាទទេ។—សុភ. ២១:៣០
មនុស្សជាច្រើនមិនចង់ស្ដាប់ពេលប្រាជ្ញាពិត«ស្រែកឮៗនៅតាមផ្លូវ»ទេ។ (សុភ. ១:២០) យោងទៅតាមគម្ពីរ មានមនុស្សបីក្រុមដែលមិនព្រមទទួលប្រាជ្ញាគឺ «អ្នកដែលខ្វះបទពិសោធន៍» «អ្នកដែលប្រមាថគេ» និង«អ្នកដែលល្ងង់ខ្លៅ»។ (សុភ. ១:២២-២៥) ពួក«អ្នកដែលខ្វះបទពិសោធន៍»គឺឆោត ងាយបញ្ចុះបញ្ចូល ឬឆាប់ចាញ់បោកគេ។ (សុភ. ១៤:១៥, កំ.ស.) ជាឧទាហរណ៍ សូមគិតអំពីមនុស្សរាប់លាននាក់ដែលបានត្រូវបំភាន់ដោយពួកអ្នកដឹកនាំសាសនា ឬអ្នកនយោបាយ។ អ្នកខ្លះតក់ស្លុតពេលពួកគេដឹងថាពួកអ្នកដឹកនាំទាំងនោះបានកុហកពួកគេ។ ប៉ុន្តែ ពួកអ្នកដែលបានត្រូវរៀបរាប់នៅសុភាសិត ១:២២ សម្រេចចិត្តបន្តធ្វើជាមនុស្សខ្វះបទពិសោធន៍ ដោយសារពួកគេពេញចិត្តធ្វើដូច្នេះ។ (យេ. ៥:៣១) ពួកគេមិនចង់រៀនអ្វីដែលគម្ពីរចែង ឬធ្វើតាមច្បាប់ពីគម្ពីរទេ។ យើងប្រាកដជាមិនចង់ធ្វើតាមពួកអ្នកដែលសប្បាយធ្វើជាមនុស្សល្ងង់ខ្លៅឡើយ។—សុភ. ១:៣២; ២៧:១២ w២២.១០ ទំ.១៩ វ.៥-៧
ថ្ងៃអង្គារ ទី២០ ខែសីហា
ចូរអ្នករាល់គ្នាចុះចូលនឹងអស់អ្នកដែលមានអំណាច។—១ពេ. ២:១៣
អង្គការរបស់ព្រះផ្ដល់ការណែនាំដើម្បីរក្សាសុវត្ថិភាពរបស់យើង។ ជាទៀងទាត់ យើងទទួលការរំលឹកឲ្យផ្ដល់ព័ត៌មានទាក់ទងថ្មីបំផុតរបស់យើងដល់ពួកអ្នកចាស់ទុំដើម្បីពួកគេអាចទាក់ទងយើងក្នុងគ្រាបន្ទាន់។ យើងក៏ប្រហែលជាទទួលការណែនាំឲ្យជម្លៀសខ្លួនឬក៏មិនចេញពីកន្លែងស្នាក់នៅ និងការណែនាំអំពីរបៀបទទួលស្បៀងអាហារ ឬរបៀបនិងពេលណាដើម្បីជួយអ្នកឯទៀត។ បើយើងមិនស្ដាប់បង្គាប់ យើងអាចប្រថុយជីវិតខ្លួននិងជីវិតរបស់ពួកអ្នកចាស់ទុំដែលកំពុងមើលថែរក្សាយើង។ (ហេ. ១៣:១៧) បងប្អូនជាច្រើនដែលត្រូវចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារមហន្តរាយ ឬភាពចលាចល បានខំអស់ពីសមត្ថភាពដើម្បីសម្របខ្លួននឹងស្ថានភាពថ្មីរបស់ពួកគេ ហើយរួមចំណែកភ្លាមៗក្នុងសកម្មភាពកិច្ចបម្រើព្រះ។ ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលបានត្រូវខ្ចាត់ខ្ចាយដោយសារការបៀតបៀន ពួកគេបន្ត«ប្រកាសដំណឹងល្អអំពីបណ្ដាំរបស់ព្រះ»។ (សកម្ម. ៨:៤) ការផ្សព្វផ្សាយជួយពួកគេឲ្យផ្ដោតអារម្មណ៍ទៅលើរាជាណាចក្រព្រះ ជាជាងទៅលើស្ថានភាពពិបាករបស់ខ្លួន។ ជាលទ្ធផល ពួកគេបានរក្សាអំណរនិងសេចក្ដីសុខសាន្ត។ w២២.១២ ទំ.១៩ វ.១២-១៣
ថ្ងៃពុធ ទី២១ ខែសីហា
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។—ចសព. ១១៨:៦
ព្រះយេហូវ៉ាឲ្យតម្លៃយើងម្នាក់ៗ។ មុនលោកយេស៊ូចាត់ពួកសាវ័កលោកឲ្យទៅផ្សព្វផ្សាយ លោកបានជួយពួកគេមិនឲ្យភ័យខ្លាចចំពោះពួកអ្នកដែលប្រឆាំងពួកគេ។ (ម៉ាថ. ១០:២៩-៣១) លោកបានធ្វើដូច្នេះដោយលើកឡើងអំពីសត្វចាបមួយប្រភេទដែលមានជាទូទៅនៅស្រុកអ៊ីស្រាអែលគឺចាបពូក។ សត្វចាបទាំងនោះមានតម្លៃថោកនៅសម័យរបស់លោកយេស៊ូ។ ប៉ុន្តែ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «គ្មានចាបពូកណាមួយធ្លាក់ដល់ដី ដែលបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌មិនជ្រាបឡើយ»។ ក្រោយមក លោកបានបន្ថែមទៀតថា៖ «អ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។ លោកយេស៊ូបានពង្រឹងទំនុកចិត្តពួកអ្នកកាន់តាមលោកថាព្រះយេហូវ៉ាឲ្យតម្លៃពួកគេម្នាក់ៗ ដូច្នេះគ្មានហេតុឲ្យពួកគេភ័យខ្លាចចំពោះការបៀតបៀនឡើយ។ ពួកអ្នកកាន់តាមច្បាស់ជានឹកចាំប្រសាសន៍របស់លោកយេស៊ូ ពេលពួកគេឃើញសត្វចាបកាលដែលពួកគេផ្សព្វផ្សាយតាមភូមិនានា។ ពេលណាអ្នកឃើញចាប សូមចាំថាព្រះយេហូវ៉ាឲ្យតម្លៃអ្នកផ្ទាល់ ដោយសារអ្នកក៏«មានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។ ដោយមានការគាំទ្រពីលោក អ្នកមិនចាំបាច់ភ័យខ្លាចពេលអ្នកឯទៀតប្រឆាំងអ្នកឡើយ។ w២៣.០៣ ទំ.១៨ វ.១២
ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា
ដោយសារតែពួកអ្នក បានជាផារ៉ូនិងពួកអ្នកបម្រើគាត់ស្អប់ខ្ពើមពួកយើង ថែមទាំងមានហេតុសម្លាប់ពួកយើងទៀតផង។—ដច. ៥:២១
ជួនកាល យើងមានការពិបាកផ្សេងៗដូចជាការប្រឆាំងពីក្រុមគ្រួសារ ឬយើងបាត់បង់ការងារធ្វើ។ ពេលយើងជួបការពិបាកអស់រយៈពេលជាយូរ យើងប្រហែលជាអស់សង្ឃឹមនិងធ្លាក់ទឹកចិត្ត។ សាថានទាញប្រយោជន៍ពីឱកាសនេះដើម្បីធ្វើឲ្យយើងគិតថាព្រះយេហូវ៉ាមិនស្រឡាញ់យើងទេ។ មេកំណាចចង់ឲ្យយើងគិតថាព្រះយេហូវ៉ានិងអង្គការរបស់លោកនាំទុក្ខដល់យើង។ អ្វីស្រដៀងនឹងនេះបានកើតឡើងចំពោះជនជាតិអ៊ីស្រាអែលខ្លះនៅស្រុកអេហ្ស៊ីប។ ដំបូង ពួកគេបានជឿថាព្រះយេហូវ៉ាបានតែងតាំងម៉ូសេនិងអេរ៉ុនឲ្យសង្គ្រោះពួកគេពីការធ្វើជាខ្ញុំបម្រើ។ (ដច. ៤:២៩-៣១) ប៉ុន្តែក្រោយមកពេលដែលផារ៉ូបានធ្វើឲ្យជីវិតរបស់ពួកគេកាន់តែពិបាក ពួកគេបន្ទោសម៉ូសេនិងអេរ៉ុន។ (ដច. ៥:១៩, ២០) ពួកគេបានបន្ទោសអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ នេះគឺគួរឲ្យស្ដាយមែន! បើអ្នកជួបការពិបាកអស់រយៈពេលយូរ ចូរអធិដ្ឋានប្រាប់អំពីអារម្មណ៍ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា និងពឹងលោកឲ្យជួយ។ w២២.១១ ទំ.១៥ វ.៥-៦
ថ្ងៃសុក្រ ទី២៣ ខែសីហា
ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា នឹងមានវេលាមកដល់ ក៏នៅឥឡូវនេះហើយ ពេលដែលមនុស្សស្លាប់នឹងឮសំឡេងបុត្ររបស់ព្រះ ហើយអស់អ្នកដែលបានស្ដាប់តាមនឹងមានជីវិត។—យ៉ូន. ៥:២៥
ព្រះយេហូវ៉ាជាអ្នកផ្ដល់ជីវិតឲ្យយើង ហើយលោកមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ លោកបានឲ្យឫទ្ធានុភាពដល់អ្នកប្រកាសទំនាយអេលីយ៉ា ដើម្បីប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ពីក្រុងសេរ៉ាផាតឲ្យរស់ឡើងវិញ។ (១បស. ១៧:២១-២៣) ក្រោយមក ដោយមានជំនួយពីព្រះ អ្នកប្រកាសទំនាយអេលីសេបានប្រោសកូនប្រុសរបស់ស្ត្រីម្នាក់ពីក្រុងស៊ូណែមឲ្យរស់ឡើងវិញ។ (២បស. ៤:១៨-២០, ៣៤-៣៧) ការប្រោសឲ្យរស់ឡើងវិញទាំងនោះនិងការប្រោសឲ្យរស់ឡើងវិញឯទៀតបង្ហាញថាព្រះយេហូវ៉ាមានសមត្ថភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ កាលដែលនៅផែនដី លោកយេស៊ូបានបង្ហាញថាបិតាលោកបានផ្ដល់សមត្ថភាពនេះដល់លោក។ (យ៉ូន. ១១:២៣-២៥, ៤៣, ៤៤) ឥឡូវលោកយេស៊ូនៅស្ថានសួគ៌ ហើយលោកបានទទួល«គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។ ដូច្នេះ លោកអាចសម្រេចសេចក្ដីសន្យាថា«អស់អ្នកនៅក្នុងផ្នូរសម្រាប់ជាទីរំលឹក» នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ដោយមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។—ម៉ាថ. ២៨:១៨; យ៉ូន. ៥:២៦-២៩ w២២.១២ ទំ.៥ វ.១០
ថ្ងៃសៅរ៍ ទី២៤ ខែសីហា
ពូជពង្សអ៊ីស្រាអែល . . . នឹងមិនព្រមស្ដាប់អ្នកទេ ព្រោះពួកគេមិនចង់ស្ដាប់ខ្ញុំឡើយ។—អេគ. ៣:៧
ដោយបដិសេធអេសេគាល បណ្ដាជនកំពុងបដិសេធព្រះយេហូវ៉ា។ ប្រសាសន៍របស់ព្រះយេហូវ៉ានៅបទគម្ពីរថ្ងៃនេះបានពង្រឹងទំនុកចិត្តអេសេគាលថា ការបដិសេធរបស់បណ្ដាជនមិនមែនមានន័យថាគាត់ជាអ្នកប្រកាសទំនាយមិនល្អឡើយ។ ព្រះយេហូវ៉ាក៏បានពង្រឹងទំនុកចិត្តអេសេគាលថា ពេលការវិនិច្ឆ័យដែលគាត់បានប្រកាសក្លាយជាការពិត បណ្ដាជននឹងដឹងថា«មានអ្នកប្រកាសទំនាយម្នាក់ក្នុងចំណោមពួកគេ»។ (អេគ. ២:៥; ៣៣:៣៣) ពាក្យសម្រាលទុក្ខទាំងនោះ ច្បាស់ជាបានផ្ដល់កម្លាំងដែលអេសេគាលត្រូវការដើម្បីបំពេញកិច្ចផ្សព្វផ្សាយរបស់គាត់។ ដូចអេសេគាល យើងមានចិត្តក្លាហានដោយសារយើងដឹងថាព្រះយេហូវ៉ាបានចាត់យើងឲ្យផ្សព្វផ្សាយ។ លោកលើកកិត្តិយសយើងដោយហៅយើងថា«សាក្សី»របស់លោក។ (អេ. ៤៣:១០) នេះជាឯកសិទ្ធិដ៏អស្ចារ្យមែន! ដូចព្រះយេហូវ៉ាបានប្រាប់អេសេគាលថា៖ ‹ចូរកុំខ្លាចឡើយ› លោកក៏ប្រាប់យើងថា៖ «ចូរកុំភ័យខ្លាចឡើយ»។ (អេគ. ២:៦) ហេតុអ្វីយើងមិនគួរខ្លាចពួកអ្នកប្រឆាំង? ពីព្រោះព្រះយេហូវ៉ាចាត់យើង ហើយលោកគាំទ្រយើង ដូចលោកបានគាំទ្រអេសេគាលដែរ។—អេ. ៤៤:៨ w២២.១១ ទំ.៣-៤ វ.៤-៥
ថ្ងៃអាទិត្យ ទី២៥ ខែសីហា
មនុស្សដែលគួរឲ្យទុកចិត្តចេះរក្សាការសម្ងាត់។—សុភ. ១១:១៣
សព្វថ្ងៃនេះ យើងមានចិត្តកតញ្ញូជាខ្លាំងដែលពួកអ្នកចាស់ទុំ និងជំនួយការខាងកិច្ចបម្រើជាអ្នកដែលគួរឲ្យទុកចិត្ត។ បងប្អូនប្រុសដ៏ស្មោះត្រង់ទាំងនេះមើលថែយើងយ៉ាងល្អ ហើយយើងអរគុណព្រះយេហូវ៉ាដែលយើងមានពួកគេ! ប៉ុន្តែ តើតាមរបៀបណាយើងអាចបង្ហាញថាយើងជាមនុស្សដែលគួរឲ្យទុកចិត្ត? យើងស្រឡាញ់បងប្អូនរបស់យើង ហើយយើងចង់ដឹងសុខទុក្ខរបស់ពួកគេ។ ប៉ុន្តែ យើងត្រូវមានតុល្យភាព ហើយមិនសួរជីកឫសជីកគល់រឿងផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ នៅក្រុមជំនុំគ្រិស្តសាសនិកនាសតវត្សរ៍ទី១ អ្នកខ្លះ‹និយាយដើមគេ ជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ ហើយនិយាយអំពីអ្វីដែលមិនគួរនិយាយ›។ (១ធី. ៥:១៣) យើងច្បាស់ជាមិនចង់ធ្វើដូចពួកអ្នកទាំងនោះទេ។ ប្រហែលជាមានបុគ្គលណាម្នាក់ប្រាប់រឿងផ្ទាល់ខ្លួនរបស់គាត់ដល់យើង ហើយសុំយើងកុំប្រាប់អ្នកណា។ ជាឧទាហរណ៍ បងស្រីម្នាក់ប្រហែលជាប្រាប់ថាគាត់មានបញ្ហាសុខភាពឬទុក្ខលំបាកផ្សេងទៀត តែគាត់សុំយើងឲ្យលាក់រឿងនោះ។ យើងគួរធ្វើតាមសំណូមពររបស់គាត់។ w២២.០៩ ទំ.១០ វ.៧-៨
ថ្ងៃច័ន្ទ ទី២៦ ខែសីហា
ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា។—រ៉ូម ១២:២
ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នក»ក៏អាចត្រូវបកប្រែថា«ជួសជុលនិងកែលម្អរបៀបគិតគូររបស់អ្នក»។ ដូច្នេះ នេះមិនមានន័យថាយើងគ្រាន់តែគួរធ្វើអំពើល្អតិចតួចប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ យើងត្រូវពិនិត្យមើលធាតុពិតរបស់យើង ហើយធ្វើការកែប្រែណាដែលចាំបាច់ដើម្បីយើងអាចធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាឲ្យបានដិតដល់តាមដែលអាចធ្វើទៅបាន។ យើងមិនគួរធ្វើដូច្នេះតែម្ដងហើយឈប់ទេ តែយើងគួរបន្ដធ្វើជានិច្ច។ ពេលយើងល្អឥតខ្ចោះ យើងនឹងតែងតែអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តក្នុងគ្រប់ការដែលយើងធ្វើ។ ទម្រាំដល់ពេលនោះ យើងត្រូវបន្ដខំប្រឹងធ្វើឲ្យព្រះពេញចិត្ត។ សូមកត់សម្គាល់ថានៅរ៉ូម ១២:២ ប៉ូលបានភ្ជាប់ទំនាក់ទំនងរវាងការផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់យើងទៅនឹងការស្គាល់បំណងប្រាថ្នារបស់ព្រះ។ ជាជាងឲ្យពិភពលោកដ៏អាក្រក់នេះមានឥទ្ធិពលលើយើង ដំបូងយើងត្រូវពិចារណាខ្លួនឲ្យដឹងថាតើយើងឲ្យរបៀបគិតគូររបស់ព្រះ ឬទស្សនៈពិភពលោកនេះមានឥទ្ធិពលច្រើនប៉ុនណាលើគោលដៅនិងការសម្រេចចិត្តរបស់យើង។ w២៣.០១ ទំ.៨-៩ វ.៣-៤
ថ្ងៃអង្គារ ទី២៧ ខែសីហា
ចូរផ្ទេរបន្ទុកទៅព្រះយេហូវ៉ា នោះលោកនឹងជួយអ្នក លោកមិនព្រមឲ្យមនុស្សសុចរិតដួលចុះឡើយ។—ចសព. ៥៥:២២
តើព្រះយេហូវ៉ាចាត់វិធានការក្នុងគ្រប់ស្ថានភាពដែលយើងជួបឬទេ? តើលោកកែប្រែអ្វីទាំងអស់ដែលកើតឡើងក្នុងជីវិតរបស់យើង ដើម្បីឲ្យរឿងមិនល្អដែលកើតឡើងគឺសម្រាប់មូលហេតុល្អឬ? មិនមែនទេ! គម្ពីរមិនបង្រៀនដូច្នេះទេ។ (អទ. ៨:៩; ៩:១១) ប៉ុន្តែ យើងដឹងថាពេលយើងជួបទុក្ខលំបាក ព្រះយេហូវ៉ាដឹង ហើយលោកស្ដាប់ការស្រែកសុំជំនួយរបស់យើង។ (ចសព. ៣៤:១៥; អេ. ៥៩:១) បន្ថែមទៅទៀត ព្រះយេហូវ៉ាអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកដោយជោគជ័យ។ តើតាមរបៀបណា? របៀបមួយដែលព្រះយេហូវ៉ាជួយយើងគឺដោយផ្ដល់ការសម្រាលទុក្ខនិងការលើកទឹកចិត្តដែលច្រើនតែចំពេល។ (២កូ. ១:៣, ៤) តើអ្នកអាចគិតអំពីពេលមួយក្នុងជីវិតរបស់អ្នកដែលព្រះយេហូវ៉ាបានជួយអ្នក ដោយផ្ដល់ការសម្រាលទុក្ខនិងការលើកទឹកចិត្តនៅពេលដែលអ្នកត្រូវការបំផុតឬទេ? យើងច្រើនតែមិនឃើញរបៀបដែលព្រះយេហូវ៉ាបានជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាករហូតដល់ឆ្លងផុតទុក្ខលំបាកនោះ។ w២៣.០១ ទំ.១៧-១៨ វ.១៣-១៥
ថ្ងៃពុធ ទី២៨ ខែសីហា
សត្វសាហាវដែលពីមុនធ្លាប់មាន តែពេលនេះមិនមាន . . . នឹងត្រូវបំផ្លាញចោល។—បប. ១៧:១១
សត្វសាហាវនេះស្ទើរតែដូចនឹងសត្វសាហាវដែលមានក្បាល៧ លើកលែងតែវាមានសម្បុរក្រហមឆ្អៅ។ វាបានត្រូវហៅថា«រូបសត្វសាហាវ» ហើយជា«ស្ដេចទី៨»។ (បប. ១៣:១៤, ១៥; ១៧:៣, ៨) គម្ពីរចែងថា«ស្ដេច»នេះបានលេចមក បានបាត់ទៅ ហើយក្រោយមកបានលេចមកម្ដងទៀត។ នេះរៀបរាប់យ៉ាងច្បាស់អំពីអង្គការសហប្រជាជាតិដែលជួយជ្រោមជ្រែងជាប្រយោជន៍ដល់ប្រព័ន្ធនយោបាយនៅទូទាំងពិភពលោក! ដំបូង អង្គការនោះបានត្រូវហៅថាអង្គការសម្ព័ន្ធប្រជាជាតិ។ បន្ទាប់មក វាបានបាត់ទៅក្នុងអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយមក វាបានបង្កើតឡើងម្ដងទៀតជាអង្គការសហប្រជាជាតិ។ សត្វសាហាវទាំងនោះឬរដ្ឋាភិបាល នឹងប្រើការឃោសនាដើម្បីលើកទឹកចិត្តមនុស្សឲ្យប្រឆាំងព្រះយេហូវ៉ានិងរាស្ត្រលោក។ យ៉ូហានបាននិយាយថា គឺហាក់ដូចជាពួកគេនឹងប្រមូល«ស្ដេចទាំងឡាយនៅគ្រប់ទីអាស្រ័យនៅផែនដី»ដើម្បីសង្គ្រាមអាម៉ាគេដូន ដែលជា«ថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។—បប. ១៦:១៣, ១៤, ១៦ w២២.០៥ ទំ.១០ វ.១០-១១
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា
ពេលដែលអ្នកអាន តើអ្នកយល់ដូចម្ដេច?—លូក. ១០:២៦
ពេលលោកយេស៊ូបានរៀនអានសំណេរពិសិដ្ឋដោយខ្លួនឯង លោកមិនគ្រាន់តែស្គាល់បទគម្ពីរយ៉ាងច្បាស់ប៉ុណ្ណោះទេ តែលោកក៏ស្រឡាញ់បទគម្ពីរទាំងនោះ ហើយអនុញ្ញាតឲ្យនោះមានឥទ្ធិពលលើការប្រព្រឹត្តរបស់លោក។ ជាឧទាហរណ៍ សូមនឹកចាំអំពីអ្វីដែលបានកើតឡើងក្នុងវិហារ ពេលលោកយេស៊ូមានអាយុត្រឹមតែ១២ឆ្នាំ។ ពួកគ្រូដែលស្គាល់ច្បាប់ម៉ូសេយ៉ាងច្បាស់«នឹកអស្ចារ្យក្នុងចិត្ត ដោយសារការយល់ដឹងនិងចម្លើយរបស់[លោកយេស៊ូ]»។ (លូក. ២:៤៦, ៤៧, ៥២) យើងក៏អាចស្គាល់និងស្រឡាញ់បណ្ដាំព្រះ ពេលដែលយើងអានបទគម្ពីរជាទៀងទាត់។ យើងអាចរៀនពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ទៅកាន់ពួកអ្នកដែលស្គាល់ច្បាប់ព្រះ រួមមានពួកអ្នកជំនាញខាងច្បាប់ ពួកផារិស៊ី និងពួកសាឌូស៊ី។ ពួកអ្នកដឹកនាំសាសនាទាំងនេះអានបទគម្ពីរជារឿយៗ ប៉ុន្តែពួកគេមិនទទួលប្រយោជន៍ពីអ្វីដែលពួកគេអានឡើយ។ លោកយេស៊ូបានលើកបញ្ជាក់អំពីអ្វីបីយ៉ាងដែលបុរសទាំងនេះគួរធ្វើដើម្បីទទួលប្រយោជន៍ថែមទៀតពីបទគម្ពីរ។ ប្រសាសន៍របស់លោកទៅកាន់ពួកគេនឹងជួយយើងឲ្យបង្កើនសមត្ថភាពរបស់យើងដើម្បី (១) យល់អ្វីដែលយើងអាន (២) រកឃើញចំណេះវិសេសពីបណ្ដាំព្រះ និង(៣) អនុញ្ញាតឲ្យបណ្ដាំព្រះមានឥទ្ធិពលលើយើង។ w២៣.០២ ទំ.៨-៩ វ.២-៣
ថ្ងៃសុក្រ ទី៣០ ខែសីហា
មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន។—សុភ. ២២:៣
មានគ្រោះថ្នាក់ខ្លះដែលយើងត្រូវជៀសវាងរួមមានការចែចង់ ការផឹកស្រានិងបរិភោគហួសប្រមាណ ការនិយាយសម្ដីដែលធ្វើឲ្យឈឺចិត្ត ការមើលការកម្សាន្តដែលឃោរឃៅ ការមើលរូបអាសអាភាស និងអ្វីៗដែលស្រដៀងនឹងនេះ។ (ចសព. ១០១:៣) មេកំណាចតែងតែរកឱកាសដើម្បីបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ (១ពេ. ៥:៨) បើយើងមិនប្រុងប្រយ័ត្ន សាថានអាចបណ្ដុះគ្រាប់ពូជនៅក្នុងចិត្តនិងគំនិតរបស់យើងដូចជាការឈ្នានីស ភាពមិនទៀងត្រង់ ការលោភលន់ ការស្អប់ អំណួត និងការគុំកួន។ (កាឡ. ៥:១៩-២១) បើយើងមិនព្រមចាត់វិធានការភ្លាមៗដើម្បីបំបាត់វាចោលទេ វានឹងបន្ដដុះឡើងដូចជារុក្ខជាតិដែលមានជាតិពុល ហើយបង្កបញ្ហា។ (យ៉ា. ១:១៤, ១៥) គ្រោះថ្នាក់មួយដែលមិនងាយកត់សម្គាល់គឺការសេពគប់អាក្រក់។ យើងត្រូវចាំថាយើងនឹងទទួលឥទ្ធិពលយ៉ាងខ្លាំងពីពួកអ្នកដែលយើងសេពគប់ជាមួយ។ (១កូ. ១៥:៣៣) បើយើងមិនភ្លេចខ្លួនឲ្យសោះ យើងនឹងជៀសវាងពីការសេពគប់ដែលមិនចាំបាច់ជាមួយពួកអ្នកដែលមិនមានរបៀបរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (លូក. ២១:៣៤; ២កូ. ៦:១៥) យើងនឹងចេះសម្គាល់ថាអ្វីជាគ្រោះថ្នាក់ ហើយជៀសវាងពីគ្រោះថ្នាក់នោះ។ w២៣.០២ ទំ.១៦ វ.៧; ទំ.១៧ វ.១០-១១
ថ្ងៃសៅរ៍ ទី៣១ ខែសីហា
ការស្រឡាញ់ព្រះមានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក។—១យ៉ូន. ៥:៣
សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាបានកើនឡើងកាលដែលអ្នករៀនថែមទៀតអំពីលោក។ អ្នកទំនងជាចង់ចូលកាន់តែជិតលោកនៅឥឡូវនេះនិងជារៀងរហូត ហើយអ្នកអាចធ្វើដូច្នេះបាន។ ដោយសេចក្ដីសប្បុរស លោកលើកទឹកចិត្តអ្នកឲ្យធ្វើឲ្យចិត្តរបស់លោករីករាយត្រេកអរ។ (សុភ. ២៣:១៥, ១៦) អ្នកអាចធ្វើដូច្នេះ មិនគ្រាន់តែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ តែក៏តាមរយៈការប្រព្រឹត្តផងដែរ។ របៀបរស់នៅរបស់អ្នកនឹងបង្ហាញថាអ្នកពិតជាស្រឡាញ់ព្រះយេហូវ៉ា។ ការជ្រើសរើសរបៀបរស់នៅដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្តគឺជាគោលដៅជីវិតដ៏ល្អបំផុត។ តើអ្នកអាចបង្ហាញអំពីសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ាតាមរបៀបណា? ដំបូង អ្នកជម្រាបលោកតាមរយៈសេចក្ដីអធិដ្ឋានពិសេសមួយថាអ្នកប្រគល់ខ្លួនជូនលោកដែលជាព្រះពិតតែមួយ។ (ចសព. ៤០:៨) បន្ទាប់មក អ្នកបង្ហាញជាសាធារណៈអំពីការប្រគល់ខ្លួនរបស់អ្នកដោយទទួលការជ្រមុជទឹក។ ការជ្រមុជទឹករបស់អ្នកគឺជាពេលដ៏សប្បាយនិងសំខាន់ក្នុងជីវិតរបស់អ្នក។ អ្នកចាប់ផ្ដើមមានរបៀបរស់នៅតាមជីវិតថ្មី មិនមែនសម្រាប់ខ្លួនឯងទេ តែសម្រាប់ព្រះយេហូវ៉ា។ (រ៉ូម ១៤:៨; ១ពេ. ៤:១, ២) នេះប្រហែលជាស្ដាប់ទៅដូចជាការសម្រេចចិត្តដ៏ធំ ហើយនោះគឺពិតមែន។ ប៉ុន្តែ នេះបើកផ្លូវឲ្យអ្នកមានជីវិតដ៏ល្អបំផុត។ w២៣.០៣ ទំ.៥-៦ វ.១៤-១៥