ខែកក្កដា
ថ្ងៃច័ន្ទ ទី១ ខែកក្កដា
ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ។—១ធី. ៤:១២
សមត្ថភាពនិយាយរបស់យើងគឺជាអំណោយមួយដែលមកពីព្រះដែលស្រឡាញ់យើង។ ប៉ុន្តែ អំណោយដែលជាសមត្ថភាពនិយាយបានត្រូវប្រើតាមរបៀបមិនត្រឹមត្រូវ។ មេកំណាចសាថានបានកុហកអេវ៉ា ហើយការកុហកនោះបាននាំឲ្យមនុស្សជាតិមានភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ។ (ដក. ៣:១-៤) អាដាមបានប្រើសមត្ថភាពនិយាយតាមរបៀបមិនត្រឹមត្រូវ ពេលដែលគាត់បានបន្ទោសអេវ៉ា ព្រមទាំងព្រះយេហូវ៉ាចំពោះកំហុសរបស់ខ្លួនឯង។ (ដក. ៣:១២) កាអ៊ីនបានកុហកព្រះយេហូវ៉ា ក្រោយពីគាត់បានសម្លាប់អេបិលដែលជាប្អូនប្រុសគាត់។ (ដក. ៤:៩) ភាពយន្តភាគច្រើននៅសព្វថ្ងៃនេះមានពាក្យអាក្រក់។ ម្យ៉ាងទៀត នៅសាលាសិស្សឮពាក្យអសុរោះ ហើយមនុស្សពេញវ័យក៏ឮពាក្យនោះនៅកន្លែងធ្វើការរបស់ពួកគេផងដែរ។ បើមិនប្រុងប្រយ័ត្នទេ យើងប្រហែលជាស៊ាំនឹងស្ដាប់ពាក្យអាក្រក់រហូតដល់យើងចាប់ផ្ដើមនិយាយពាក្យនោះចេញមក។ ក្នុងនាមជាគ្រិស្តសាសនិក យើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ដូច្នេះយើងនឹងមិនប្រើពាក្យអាក្រក់ទាល់តែសោះ។ យើងចង់ប្រើអំណោយដែលជាសមត្ថភាពនិយាយតាមរបៀបដ៏ល្អ គឺដើម្បីសរសើរព្រះរបស់យើង។ w២២.០៤ ទំ.៤-៥ វ.១-៣
ថ្ងៃអង្គារ ទី២ ខែកក្កដា
អ្នករាល់គ្នាមិនអាចធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ។—ម៉ាថ. ៦:២៤
លោកយេស៊ូមានទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្តិ។ លោកសប្បាយនឹងការបរិភោគនិងការផឹក។ (លូក. ១៩:២, ៦, ៧) នៅពេលមួយ លោកបានធ្វើឲ្យទឹកទៅជាស្រាដែលមានគុណភាពល្អ។ នេះជាអព្ភូតហេតុដំបូងរបស់លោក។ (យ៉ូន. ២:១០, ១១) ម្យ៉ាងទៀត នៅថ្ងៃដែលលោកទទួលមរណភាព លោកស្លៀកសម្លៀកបំពាក់ដែលមានតម្លៃថ្លៃ។ (យ៉ូន. ១៩:២៣, ២៤) ប៉ុន្តែ លោកយេស៊ូមិនបានឲ្យទ្រព្យសម្បត្តិទៅជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់លោកទេ។ លោកបានបង្រៀនថា បើយើងស្វែងរករាជាណាចក្រជាមុន ព្រះយេហូវ៉ានឹងធ្វើឲ្យប្រាកដថាយើងមានអ្វីដែលយើងត្រូវការ។ (ម៉ាថ. ៦:៣១-៣៣) មនុស្សជាច្រើនបានទទួលប្រយោជន៍ពីការធ្វើតាមយោបល់ដែលប្រកបដោយប្រាជ្ញាពីព្រះស្ដីអំពីលុយ។ សូមគិតអំពីបងប្រុសនៅលីវម្នាក់ឈ្មោះដានីយ៉ែល។ គាត់និយាយថា៖ «ពេលខ្ញុំនៅវ័យជំទង់ ខ្ញុំបានសម្រេចចិត្តចាត់ទុកការបម្រើព្រះយេហូវ៉ាថាសំខាន់បំផុតក្នុងជីវិតខ្ញុំ»។ ដោយសារបងដានីយ៉ែលបានរក្សាជីវិតឲ្យសាមញ្ញ គាត់អាចប្រើពេលវេលានិងជំនាញរបស់គាត់ដើម្បីបំពេញភារកិច្ចផ្សេងៗក្នុងអង្គការរបស់ព្រះយេហូវ៉ា។ គាត់បន្ថែមថា៖ «មិនថាមានលុយច្រើនប៉ុណ្ណាក៏ដោយ គឺមិនអាចប្រៀបស្មើនឹងពរដែលខ្ញុំបានទទួលពីព្រះយេហូវ៉ាទេ»។ w២២.០៥ ទំ.២១-២២ វ.៦-៧
ថ្ងៃពុធ ទី៣ ខែកក្កដា
[ព្រះយេហូវ៉ា]បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត ឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក។—១ពេ. ២:៩
យើងអាចបង្ហាញថាយើងស្រឡាញ់សេចក្ដីពិត ដោយសិក្សាគម្ពីរនិងសៀវភៅដែលមានមូលដ្ឋានពីគម្ពីរជាទៀងទាត់។ មិនថាយើងនៅក្នុងសេចក្ដីពិតយូរយ៉ាងណាក្ដី តែងតែមានអ្វីថែមទៀតដែលយើងអាចរៀន។ ការសិក្សាគឺតម្រូវឲ្យខំប្រឹង ប៉ុន្តែយើងនឹងទទួលប្រយោជន៍សមនឹងការខំប្រឹងនោះ។ មិនមែនយើងទាំងអស់គ្នាចូលចិត្តអាននិងសិក្សាទេ។ ប៉ុន្តែ ព្រះយេហូវ៉ាអញ្ជើញយើងឲ្យ«សង្វាត»និង«បន្តព្យាយាម» ដើម្បីយល់សេចក្ដីពិតឲ្យបានជ្រាលជ្រៅជាង។ (សុភ. ២:៤-៦) ពេលដែលយើងខំប្រឹងដូចនេះ យើងតែងតែទទួលប្រយោជន៍។ ស្ដីអំពីការអានគម្ពីរផ្ទាល់ខ្លួន បងប្រុសខូរីនិយាយថា គាត់ផ្ដោតអារម្មណ៍ទៅលើខម្ដងមួយៗ។ គាត់ពន្យល់ថា៖ «ខ្ញុំអានកំណត់សម្គាល់ទាំងអស់ មើលបទគម្ពីរយោងទាំងអស់ ហើយធ្វើការស្រាវជ្រាវថែមទៀត។ . . . វិធីនេះជួយខ្ញុំឲ្យរៀនអ្វីៗជាច្រើន!»។ មិនថាយើងប្រើវិធីនេះឬវិធីផ្សេងទៀតក្ដី យើងបង្ហាញថាយើងឲ្យតម្លៃចំពោះសេចក្ដីពិត ពេលដែលយើងចំណាយពេលនិងកម្លាំងដើម្បីសិក្សាសេចក្ដីពិតនោះ។—ចសព. ១:១-៣ w២២.០៨ ទំ.១៧ វ.១៣; ទំ.១៨ វ.១៥-១៦
ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា
ខ្ញុំបាននៅជិតលោកក្នុងនាមជាមេជាងដ៏ជំនាញម្នាក់។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើឲ្យលោករីករាយក្រៃលែង។ គ្រប់ពេលវេលាដែលខ្ញុំបាននៅជាមួយនឹងលោក ខ្ញុំត្រេកអរខ្លាំងណាស់។—សុភ. ៨:៣០
កាលដែលលោកយេស៊ូនៅផែនដី លោកបានប្រើការបង្កើតដើម្បីបង្រៀនពួកអ្នកកាន់តាមលោកអំពីបិតាលោក។ សូមពិចារណាមេរៀនមួយដែលលោកបានបង្រៀន។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា។ ក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបាននិយាយប្រាប់អ្នកកាន់តាមលោកអំពីដួងអាទិត្យនិងភ្លៀង ជាអ្វីដែលមនុស្សជាច្រើនមិនគិតថាពិសេសនោះទេ។ អ្វីទាំងពីរនេះគឺសំខាន់ចាំបាច់ដើម្បីទ្រទ្រង់ជីវិតយើង។ ព្រះយេហូវ៉ាអាចមិនឲ្យអ្វីទាំងនេះដល់បុគ្គលដែលមិនបម្រើលោកក៏បាន។ តែផ្ទុយទៅវិញ ដោយក្ដីស្រឡាញ់ លោកផ្ដល់ដួងអាទិត្យនិងភ្លៀងដល់មនុស្សគ្រប់រូប។ (ម៉ាថ. ៥:៤៣-៤៥) លោកយេស៊ូបានប្រើមេរៀននេះដើម្បីបង្រៀនពួកអ្នកកាន់តាមលោកថា ព្រះយេហូវ៉ាចង់ឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា។ ពេលយើងមើលថ្ងៃលិចដ៏ស្រស់ស្អាតឬឃើញមេឃភ្លៀងដ៏ស្រស់ស្រាយ យើងអាចរំពឹងគិតអំពីសេចក្ដីស្រឡាញ់មិនរើសមុខរបស់ព្រះយេហូវ៉ា។ គំរូរបស់លោកអាចជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ស្រដៀងនឹងនេះដោយផ្សព្វផ្សាយដល់មនុស្សទាំងអស់។ w២៣.០៣ ទំ.១៧ វ.៩-១០
ថ្ងៃសុក្រ ទី៥ ខែកក្កដា
ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។—បប. ១៧:៦
តើសាវ័កយ៉ូហានភ្ញាក់ផ្អើលអំពីអ្វី? គឺអំពីស្ត្រីម្នាក់ជិះលើសត្វសាហាវមួយដែលមានសម្បុរក្រហមឆ្អៅ។ នាងមើលដូចជា«មេស្ត្រីពេស្យា» ហើយបានត្រូវហៅថា«បាប៊ីឡូនដ៏ខ្លាំងក្លា»។ នាងប្រព្រឹត្ត«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាមួយនឹងស្ដេចនានានៅផែនដី»។ (បប. ១៧:១-៥) តើអ្នកណាជា«បាប៊ីឡូនដ៏ខ្លាំងក្លា»? ស្ត្រីនេះមិនអាចជាតំណាងអង្គការនយោបាយបានទេ ដោយសារសៀវភៅការបើកបង្ហាញរៀបរាប់ថានាងប្រព្រឹត្តអំពើប្រាសចាកសីលធម៌ជាមួយពួកអ្នកដឹកនាំនយោបាយ។ (បប. ១៨:៩) តាមពិត នាងហាក់ដូចជាជិះលើពួកគេក្នុងន័យថានាងព្យាយាមកាន់កាប់លើពួកអ្នកគ្រប់គ្រងទាំងនេះ។ ម្យ៉ាងវិញទៀត នាងមិនអាចជាតំណាងប្រព័ន្ធពាណិជ្ជកម្មដ៏លោភលន់នៃពិភពលោករបស់សាថានដែរ ដោយសារនៅជំពូកឯទៀតក្នុងសៀវភៅការបើកបង្ហាញ ប្រព័ន្ធពាណិជ្ជកម្មបានត្រូវហៅថា«ពួកអ្នកជួញដូរនៅផែនដី»។ (បប. ១៨:១១, ១៥, ១៦) បាប៊ីឡូននៅសម័យបុរាណគឺជាកន្លែងសម្រាប់ការគោរពប្រណិប័តន៍មិនពិត។ ដូច្នេះ បាប៊ីឡូនដ៏ខ្លាំងក្លាត្រូវតែជាតំណាងការគោរពប្រណិប័តន៍មិនពិតគ្រប់បែបយ៉ាង។ តាមពិត នាងគឺជាសាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក។—បប. ១៧:៥, ១៨ w២២.០៥ ទំ.១១ វ.១៤-១៦
ថ្ងៃសៅរ៍ ទី៦ ខែកក្កដា
មេកំណាចដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់។—១ពេ. ៥:៨
ពេលខ្លះម្ដាយឆ្ងល់ថា តើកូនរបស់គាត់នឹងសម្រេចចិត្តបម្រើព្រះយេហូវ៉ាឬក៏យ៉ាងណា។ ឪពុកម្ដាយដឹងថា ក្នុងពិភពលោករបស់សាថាន កូនរបស់ពួកគេជួបនឹងការបង្ខិតបង្ខំជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ម្ដាយជាច្រើននាក់មានការពិបាកក្នុងការចិញ្ចឹមអប់រំកូន ដោយសារពួកគេគ្មានប្ដី ឬដោយសារប្ដីរបស់ពួកគេមិនមែនជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ មិនមែនតែឪពុកម្ដាយដែលមានគូមិនបម្រើព្រះយេហូវ៉ាដែលមានការពិបាកប៉ុណ្ណោះទេ។ សូម្បីតែឪពុកម្ដាយដែលបម្រើព្រះយេហូវ៉ាទាំងពីរនាក់ ក៏ប្រហែលជាពិបាកជួយកូនរបស់ពួកគេឲ្យបម្រើលោកដែរ។ ទោះជាមានស្ថានភាពបែបណាក៏ដោយ សូមកុំបារម្ភហួសហេតុពេកឡើយ។ ព្រះយេហូវ៉ានឹងជួយអ្នក។ អ្នកអាចសុំយោបល់ពីឪពុកម្ដាយដែលមានបទពិសោធន៍ អំពីរបៀបដែលពួកគេប្រើឧបករណ៍ផ្សេងៗដែលយើងមាន ដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ (សុភ. ១១:១៤) អ្នកអាចអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យចេះសួរសំណួរ ដើម្បីដឹងអំពីគំនិតនិងអារម្មណ៍របស់កូន។—សុភ. ២០:៥ w២២.០៤ ទំ.១៧ វ.៤, ៧; ទំ.១៨ វ.៩
ថ្ងៃអាទិត្យ ទី៧ ខែកក្កដា
ខ្ញុំបន្តអធិដ្ឋានសូមឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ព្រមជាមួយនឹងចំណេះត្រឹមត្រូវនិងសមត្ថភាពវែកញែកដ៏ពេញលេញ។—ភី. ១:៩
លោកយេស៊ូមានបុគ្គលិកលក្ខណៈដូចព្រះយេហូវ៉ាទាំងស្រុង។ ដូច្នេះ ពេលយើងស្គាល់លោកយេស៊ូច្បាស់ជាង យើងនឹងស្រឡាញ់ព្រះយេហូវ៉ាកាន់តែខ្លាំង។ (ហេ. ១:៣) របៀបល្អបំផុតដើម្បីស្គាល់លោកយេស៊ូ គឺដោយសិក្សាសៀវភៅដំណឹងល្អទាំងបួន។ បើអ្នកមិនទាន់មានទម្លាប់ល្អក្នុងការអានគម្ពីរជារៀងរាល់ថ្ងៃទេ សូមចាប់ផ្ដើមអានពីឥឡូវនេះ។ កាលដែលអ្នកអានកំណត់ហេតុអំពីលោកយេស៊ូ សូមផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់លោក។ លោកស្រួលទាក់ទង។ លោកបង្ហាញសេចក្ដីស្រឡាញ់ដោយឱបកូនក្មេង។ (ម៉ាក. ១០:១៣-១៦) លោកសប្បុរសនិងរួសរាយ ហើយពួកអ្នកកាន់តាមលោកមិនខ្លាចប្រាប់លោកអំពីអារម្មណ៍របស់ពួកគេទេ។ (ម៉ាថ. ១៦:២២) ស្ដីអំពីរឿងនេះ លោកយេស៊ូយកតម្រាប់បិតារបស់លោកនៅស្ថានសួគ៌។ ព្រះយេហូវ៉ាក៏ស្រួលទាក់ទងណាស់ដែរ។ យើងអាចអធិដ្ឋានទៅលោក ដោយប្រាប់លោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់យើង។ យើងជឿជាក់ថាលោកនឹងមិនផ្ដន្ទាទោសយើងទេ។ លោកស្រឡាញ់យើង ហើយរមែងគិតអំពីយើង។—១ពេ. ៥:៧ w២២.០៨ ទំ.៣ វ.៤-៥
ថ្ងៃច័ន្ទ ទី៨ ខែកក្កដា
ឱព្រះយេហូវ៉ា លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស។—ចសព. ៨៦:៥
ដោយសារព្រះយេហូវ៉ាជាអ្នកបង្កើតយើង លោកដឹងគ្រប់សព្វអំពីយើង។ សូមគិតទៅមើល! លោកដឹងព័ត៌មានទាំងអស់អំពីបុគ្គលគ្រប់រូបនៅលើផែនដីនេះ។ (ចសព. ១៣៩:១៥-១៧) ដូច្នេះ លោកអាចឃើញភាពមិនល្អឥតខ្ចោះទាំងអស់ដែលយើងបានទទួលពីឪពុកម្ដាយ។ លោកថែមទាំងដឹងអ្វីដែលបានកើតឡើងក្នុងជីវិតយើង ដែលបានជះឥទ្ធិពលលើបុគ្គលិកលក្ខណៈរបស់យើង។ តើការដឹងច្បាស់ដូចនេះអំពីមនុស្សជាតិជំរុញចិត្តព្រះយេហូវ៉ាឲ្យធ្វើអ្វី? គឺជំរុញចិត្តលោកឲ្យប្រព្រឹត្តដោយមេត្តាករុណាចំពោះយើង។ (ចសព. ៧៨:៣៩; ១០៣:១៣, ១៤) ព្រះយេហូវ៉ាបានបង្ហាញថាលោកចង់អភ័យទោសឲ្យអ្នកឯទៀត។ លោកយល់ថាដោយសារតែការប្រព្រឹត្តរបស់អាដាមដែលជាមនុស្សដំបូង យើងទាំងអស់គ្នាមានភាពខុសឆ្គង ហើយត្រូវស្លាប់។ (រ៉ូម ៥:១២) គ្មានអ្វីដែលយើងអាចធ្វើដើម្បីរំដោះខ្លួនឯងឬអ្នកឯទៀតឲ្យរួចពីការខុសឆ្គងនិងសេចក្ដីស្លាប់ឡើយ។ (ចសព. ៤៩:៧-៩) ប៉ុន្តែ ព្រះដែលស្រឡាញ់យើងបានបង្ហាញសេចក្ដីអាណិតមេត្តា និងបានធ្វើអ្វីមួយដើម្បីរំដោះយើង។ដូចយ៉ូហាន ៣:១៦បង្ហាញ ព្រះយេហូវ៉ាបានចាត់បុត្រតែមួយរបស់លោកឲ្យស្លាប់ដើម្បីយើង។—ម៉ាថ. ២០:២៨; រ៉ូម ៥:១៩ w២២.០៦ ទំ.៣ វ.៥-៦
ថ្ងៃអង្គារ ទី៩ ខែកក្កដា
មនុស្សសប្បុរសនឹងនាំឲ្យខ្លួនជួបតែអ្វីល្អៗ។—សុភ. ១១:១៧
អ្វីដែលព្រះយេហូវ៉ាបានប្រាប់យ៉ូបដែលជាអ្នកបម្រើលោកបង្ហាញយ៉ាងច្បាស់ថា អ្នកដែលអភ័យទោសឲ្យអ្នកឯទៀតនឹងទទួលការអភ័យទោស។ បុរសស្មោះត្រង់នេះបានឈឺចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្ដីមិនសប្បុរសរបស់បុរសបីនាក់ឈ្មោះអេលីផាស ប៊ីលដាឌ និងសូផារ។ ព្រះយេហូវ៉ាបានប្រាប់យ៉ូបឲ្យអធិដ្ឋានឲ្យពួកគេ។ ក្រោយពីយ៉ូបបានធ្វើដូច្នេះ ព្រះយេហូវ៉ាបានឲ្យពរគាត់។ (យ៉ូប ៤២:៨-១០) ការចងគំនុំគឺនាំឲ្យមានផលមិនល្អ។ ព្រះយេហូវ៉ាចង់ឲ្យយើងលះចោលគំនុំដែលប្រៀបដូចជាបន្ទុកដ៏ធ្ងន់ ដើម្បីយើងអាចមានអារម្មណ៍ធូរស្រាលក្នុងចិត្ត។ (អេភ. ៤:៣១, ៣២) ព្រះយេហូវ៉ាលើកទឹកចិត្តយើងឲ្យ«បោះបង់ចោលកំហឹងនិងចិត្តក្រេវក្រោធ»។ (ចសព. ៣៧:៨) បើយើងធ្វើតាមយោបល់នេះ យើងនឹងទទួលប្រយោជន៍។ ការចងគំនុំអាចប៉ះពាល់ដល់សុខភាព និងផ្លូវចិត្តយើង។ (សុភ. ១៤:៣០) ការចងគំនុំមិនប៉ះពាល់ដល់អ្នកដែលធ្វើឲ្យយើងទើសចិត្តទេ ដូចបើយើងផឹកថ្នាំពុល វាមិនប៉ះពាល់ដល់គាត់ឡើយ។ វាធ្វើឲ្យយើងផ្ទាល់រងទុក្ខ។ ប៉ុន្តែ ពេលយើងអភ័យទោសឲ្យអ្នកឯទៀត យើងកំពុងជួយខ្លួនឯង។ យ៉ាងនេះ យើងអាចមានសេចក្ដីសុខសាន្តក្នុងចិត្ត និងបន្តជឿនទៅមុខក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ w២២.០៦ ទំ.១០ វ.៩-១០
ថ្ងៃពុធ ទី១០ ខែកក្កដា
ចូរ . . . ពាក់ជំនឿនិងសេចក្ដីស្រឡាញ់ជាអាវការពារដើមទ្រូង ថែមទាំងពាក់សេចក្ដីសង្ឃឹមនៃសេចក្ដីសង្គ្រោះជាមួកការពារក្បាល។—១ថែ. ៥:៨
សេចក្ដីសង្ឃឹមរបស់យើងប្រៀបដូចជាមួកការពារក្បាលដែលការពាររបៀបគិតគូររបស់យើង ហើយជួយយើងមិនឲ្យចេះតែគិតអំពីខ្លួនឯង ព្រោះនោះនឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។ (១កូ. ១៥:៣៣, ៣៤) សេចក្ដីសង្ឃឹមរបស់យើងក៏អាចការពារយើងមិនឲ្យគិតថា យើងមិនអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ សូមនឹកចាំថាអេលីផាសដែលជាអ្នកសម្រាលទុក្ខក្លែងក្លាយបានប្រើការវែកញែកស្រដៀងនឹងនេះជាមួយយ៉ូប។ អេលីផាសបាននិយាយថា៖ «តើមនុស្សអាចស្អាតបរិសុទ្ធនៅចំពោះព្រះបានទេ?»។ គាត់ក៏បាននិយាយបន្តទៀតអំពីព្រះថា៖ «មើល! លោកមិនទុកចិត្តទេវតារបស់លោកទេ ឯស្ថានសួគ៌ក៏លោកចាត់ទុកថាមិនបរិសុទ្ធដែរ»។ (យ៉ូប ១៥:១៤, ១៥) នោះជាពាក្យកុហកដ៏អាក្រក់ណាស់! សូមចាំថា គឺសាថានដែលចង់ឲ្យអ្នកគិតបែបនេះ។ វាដឹងថាបើអ្នកបន្តគិតបែបនេះ សេចក្ដីសង្ឃឹមរបស់អ្នកនឹងចាប់ផ្ដើមរសាយ។ ដូច្នេះ ចូរបដិសេធការកុហកបែបនេះ។ សូមជឿជាក់ថា ព្រះយេហូវ៉ាចង់ឲ្យអ្នករស់ជារៀងរហូត ហើយថាលោកនឹងជួយអ្នកឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។—១ធី. ២:៣, ៤ w២២.១០ ទំ.២៥-២៦ វ.៨-១០
ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា
យ៉ូប . . . មិនបានពោលពាក្យមិនល្អឡើយ។—យ៉ូប ២:១០
សាថានចង់ឲ្យយ៉ូបជឿថាទុក្ខលំបាករបស់គាត់ គឺមកពីគាត់លែងទទួលការពេញចិត្តពីព្រះយេហូវ៉ាទៀត។ ជាឧទាហរណ៍ វាបានធ្វើឲ្យមានខ្យល់ដ៏ធំមកបំផ្លិចបំផ្លាញផ្ទះដែលមានកូនទាំង១០នាក់របស់យ៉ូបកំពុងពិសាអាហារជាមួយគ្នា។ (យ៉ូប ១:១៨, ១៩) វាក៏បានធ្វើឲ្យមានភ្លើងធ្លាក់ពីលើមេឃដើម្បីបំផ្លាញហ្វូងសត្វរបស់យ៉ូប ព្រមទាំងអ្នកបម្រើដែលមើលថែហ្វូងសត្វទាំងនោះ។ (យ៉ូប ១:១៦) ខ្យល់និងភ្លើងមកពីអំណាចពិសេសដែលខុសពីធម្មតា ដូច្នេះយ៉ូបបានសន្និដ្ឋានថាអ្វីទាំងនេះទំនងជាមកពីព្រះយេហូវ៉ា។ ជាលទ្ធផល យ៉ូបបានជឿថាគាត់ប្រហែលជាធ្វើឲ្យព្រះយេហូវ៉ាទាស់ចិត្ត។ ទោះជាយ៉ាងនេះក៏ដោយ យ៉ូបមិនព្រមប្រមាថបិតារបស់គាត់នៅស្ថានសួគ៌ឡើយ។ គាត់វែកញែកថា បើគាត់ទទួលអ្វីល្អជាច្រើនពីព្រះអស់ជាច្រើនឆ្នាំ គាត់ក៏គួរសុខចិត្តទទួលអ្វីមិនល្អដែរ។ ដូច្នេះ គាត់និយាយថា៖ «សូមឲ្យនាមព្រះយេហូវ៉ាទទួលការសរសើរតម្កើងរហូតតទៅ»។—យ៉ូប ១:២០, ២១ w២២.០៦ ទំ.២១ វ.៧
ថ្ងៃសុក្រ ទី១២ ខែកក្កដា
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។—ម៉ាក. ១៣:១៣
លោកយេស៊ូបានផ្ដល់ការព្រមានស្រដៀងនឹងនេះដល់ពួកអ្នកកាន់តាមលោកនៅយ៉ូហាន ១៧:១៤។ យើងបានឃើញការសម្រេចនៃទំនាយនោះយ៉ាងច្បាស់ ជាពិសេសក្នុងអំឡុង១០០ឆ្នាំកន្លងទៅនេះ។ តើតាមរបៀបណា? មិនយូរក្រោយពីលោកយេស៊ូបានទៅជាស្ដេចដែលជាមេស្ស៊ីនៅឆ្នាំ១៩១៤ សាថានបានត្រូវបោះទម្លាក់ពីស្ថានសួគ៌មកផែនដី ហើយវាដឹងថាមិនយូរទៀត វានឹងត្រូវបំផ្លាញចោល។ (បប. ១២:៩, ១២) ប៉ុន្តែ វាមិនរង់ចាំដោយមិនធ្វើអ្វីសោះនោះទេ។ សាថានខឹង ហើយវាយប្រហាររាស្ត្រព្រះ។ (បប. ១២:១៣, ១៧) ហេតុនេះ ពិភពលោករបស់សាថានស្អប់យើងកាន់តែខ្លាំង។ ក៏ប៉ុន្តែ យើងមិនចាំបាច់ខ្លាចសាថាននិងពួកអ្នកកាន់តាមរបស់វាឡើយ។ ផ្ទុយទៅវិញ យើងអាចមានការជឿជាក់ដូចសាវ័កប៉ូលដែលបានសរសេរថា៖ «ប្រសិនបើព្រះគាំទ្រយើង តើអ្នកណានឹងប្រឆាំងយើងបាន?»។ (រ៉ូម ៨:៣១) យើងអាចមានទំនុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ w២២.០៧ ទំ.១៨ វ.១៤-១៥
ថ្ងៃសៅរ៍ ទី១៣ ខែកក្កដា
ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី។—ម៉ាថ. ២៤:១៤
លោកយេស៊ូមិនបានព្រួយបារម្ភថានឹងខ្វះអ្នកធ្វើការក្នុងអំឡុងគ្រាចុងបញ្ចប់នៃរបៀបរបស់ពិភពលោកនេះទេ។ លោកបានដឹងថា ពាក្យដែលអ្នកតែងចម្រៀងសរសើរព្រះបានប្រកាសទុកជាមុននឹងត្រូវសម្រេច ដែលថា៖ «រាស្ត្ររបស់លោកនឹងប្រគល់ខ្លួនដោយស្ម័គ្រចិត្តក្នុងថ្ងៃដែលលោកនាំកងទ័ពចេញទៅច្បាំង»។ (ចសព. ១១០:៣) បើអ្នកចូលរួមក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អ អ្នកកំពុងគាំទ្រលោកយេស៊ូនិងខ្ញុំបម្រើដ៏ស្មោះត្រង់ ហើយក៏កំពុងជួយសម្រេចទំនាយនោះដែរ។ ទោះជាកិច្ចការនេះកំពុងជឿនទៅមុខក្ដី មានការពិបាកផ្សេងៗ។ ការពិបាកមួយដែលអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រព្រះជួបប្រទះគឺការប្រឆាំង។ ពួកអ្នកក្បត់ជំនឿ ពួកអ្នកដឹកនាំសាសនា និងពួកអ្នកនយោបាយបានកុហកមនុស្សជាច្រើនអំពីកិច្ចការរបស់យើង។ បើសាច់ញាតិរបស់យើង អ្នកដែលយើងស្គាល់ និងអ្នករួមការងារបានត្រូវបំភាន់ដោយព័ត៌មានមិនពិតនេះ ពួកគេប្រហែលជាព្យាយាមបង្ខំយើងឲ្យឈប់បម្រើព្រះយេហូវ៉ានិងឈប់ផ្សព្វផ្សាយ។ នៅប្រទេសខ្លះ សត្រូវរបស់យើងបានគំរាមកំហែង វាយប្រហារ ឬចាប់ខ្លួនបងប្អូនរបស់យើង ហើយថែមទាំងដាក់គុកពួកគេទៀតផង។ w២២.០៧ ទំ.៨ វ.១; ទំ.៩ វ.៥-៦
ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា
យើងត្រូវចូលរាជាណាចក្រព្រះដោយឆ្លងកាត់ទុក្ខវេទនាជាច្រើន។—សកម្ម. ១៤:២២
ព្រះយេហូវ៉ាតម្រូវឲ្យយើងលៃទុកពេលដើម្បីសិក្សាគម្ពីរជាទៀងទាត់ និងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងអាន។ ពេលយើងធ្វើតាមអ្វីដែលយើងរៀន ជំនឿរបស់យើងកាន់តែរឹងមាំឡើង ហើយយើងចូលកាន់តែជិតបិតាយើងនៅស្ថានសួគ៌។ ជាលទ្ធផល យើងមានកម្លាំងដើម្បីស៊ូទ្រាំនឹងទុក្ខលំបាក។ ព្រះយេហូវ៉ាក៏ផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដល់ពួកអ្នកដែលពឹងផ្អែកលើបណ្ដាំរបស់លោកដែរ។ ម្យ៉ាងទៀត ឫទ្ធានុភាពបរិសុទ្ធនោះអាចឲ្យយើងមានកម្លាំងឬ«ឫទ្ធានុភាពដែលលើសពីធម្មតា» ដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ។ (២កូ. ៤:៧-១០) ដោយមានជំនួយពីព្រះយេហូវ៉ា «ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»រៀបចំអត្ថបទ វីដេអូ និងបទភ្លេងជាបរិបូរដែលអាចជួយយើងឲ្យពង្រឹងជំនឿ និងបន្តនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា។ (ម៉ាថ. ២៤:៤៥) ព្រះយេហូវ៉ាបានបង្ហាត់បង្រៀនរាស្ត្រលោកឲ្យចេះស្រឡាញ់និងសម្រាលទុក្ខគ្នាទៅវិញទៅមកក្នុងអំឡុងគ្រាលំបាក។ (២កូ. ១:៣, ៤; ១ថែ. ៤:៩) បងប្អូនរបស់យើងចង់ជួយយើងឲ្យរក្សាភាពស្មោះត្រង់ពេលដែលយើងជួបការពិបាក។ w២២.០៨ ទំ.១២-១៣ វ.១២-១៤
ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា
ចូរព្យាយាមរក្សាឲ្យមានសាមគ្គីភាពដែលមកពីឫទ្ធានុភាពរបស់ព្រះ ហើយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានសាមគ្គីភាព។—អេភ. ៤:៣
ដោយច្រើនតែនិយាយអំពីគុណសម្បត្តិរបស់បងប្អូនយើង យើងជួយពួកគេឲ្យមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ហើយនេះពង្រឹងក្រុមជំនុំឡើងដោយសេចក្ដីស្រឡាញ់។ សូម្បីតែគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ក៏ប្រកែកគ្នាឬមិនយល់ស្របគ្នានៅពេលខ្លះដែរ។ នោះបានកើតឡើងចំពោះសាវ័កប៉ូលនិងបាណាបាសដែលជាមិត្តជិតស្និទ្ធរបស់គាត់។ ពួកគាត់បានប្រកែកគ្នាយ៉ាងខ្លាំងថា គួរយកម៉ាកុសទៅជាមួយពួកគាត់ឬមិនគួរ ពេលធ្វើដំណើរជាសាសនទូត។ នៅពេលនោះ ពួកគាត់បាន«ផ្ទុះកំហឹងយ៉ាងខ្លាំង» ហើយសម្រេចចិត្តឈប់ធ្វើដំណើរជាមួយគ្នា។ (សកម្ម. ១៥:៣៧-៣៩) ប៉ុន្តែប៉ូល បាណាបាស និងម៉ាកុសបានផ្សះផ្សាចំណងមិត្តភាពជាមួយគ្នា។ ក្រោយមក ប៉ូលបាននិយាយល្អៗអំពីបាណាបាសនិងម៉ាកុស។ (១កូ. ៩:៦; កូឡ. ៤:១០) យើងក៏ត្រូវដោះស្រាយការខ្វែងគំនិតគ្នាណាក៏ដោយដែលយើងមានជាមួយបងប្អូនក្នុងក្រុមជំនុំដែរ រួចបន្ដផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកគេ។ យ៉ាងនេះ យើងនឹងធ្វើឲ្យមានសន្តិភាពនិងសាមគ្គីភាព។ w២២.០៨ ទំ.២៣ វ.១០-១១
ថ្ងៃអង្គារ ទី១៦ ខែកក្កដា
ឈប់វិនិច្ឆ័យអ្នកឯទៀត ដើម្បីកុំឲ្យអ្នកទទួលការវិនិច្ឆ័យ។—ម៉ាថ. ៧:១
កាលដែលយើងព្យាយាមរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា យើងត្រូវជៀសវាងវិនិច្ឆ័យអ្នកឯទៀត ហើយជៀសវាងពីការជឿជាក់ថាខ្លួនជាមនុស្សសុចរិត។ យើងគួរចាំថាព្រះយេហូវ៉ាគឺជា«ចៅក្រមនៃផែនដី»។ (ដក. ១៨:២៥) ព្រះយេហូវ៉ាមិនបានប្រគល់ភារកិច្ចឲ្យយើងវិនិច្ឆ័យអ្នកឯទៀតឡើយ។ សូមគិតអំពីគំរូរបស់យ៉ូសែបដែលជាបុរសដ៏សុចរិត។ គាត់បានជៀសវាងពីការវិនិច្ឆ័យអ្នកឯទៀត សូម្បីតែពួកអ្នកដែលប្រព្រឹត្តអាក្រក់មកលើគាត់ ក៏គាត់មិនវិនិច្ឆ័យដែរ។ បងប្រុសៗរបស់គាត់បានធ្វើបាបគាត់ លក់គាត់ឲ្យធ្វើជាអ្នកបម្រើ និងបន្លំឪពុកពួកគេឲ្យជឿថាយ៉ូសែបបានស្លាប់។ ច្រើនឆ្នាំក្រោយមក យ៉ូសែបបានជួបជុំក្រុមគ្រួសាររបស់គាត់វិញ។ ពេលនោះ យ៉ូសែបជាអ្នកគ្រប់គ្រងដែលមានអំណាច ដូច្នេះគាត់អាចវិនិច្ឆ័យបងប្រុសៗរបស់គាត់ដោយឥតមេត្តានិងរកវិធីសងសឹកពួកគេបាន។ បងប្រុសៗរបស់យ៉ូសែបខ្លាចថាគាត់នឹងធ្វើដូច្នេះ ទោះជាពួកគេពិតជាបានស្ដាយក្រោយយ៉ាងស្មោះចំពោះអ្វីដែលពួកគេបានធ្វើក្ដី។ ប៉ុន្តែ យ៉ូសែបបានប្រាប់ពួកគេថា៖ «សូមពួកបងកុំខ្លាចអី។ ខ្ញុំមិនមែនជាព្រះទេ ខ្ញុំគ្មានសិទ្ធិវិនិច្ឆ័យបងៗឡើយ»។ (ដក. ៣៧:១៨-២០, ២៧, ២៨, ៣១-៣៥; ៥០:១៥-២១) ដោយចិត្តរាបទាប យ៉ូសែបបានទុករឿងនោះឲ្យព្រះយេហូវ៉ាវិនិច្ឆ័យ។ w២២.០៨ ទំ.៣០ វ.១៨-១៩
ថ្ងៃពុធ ទី១៧ ខែកក្កដា
កុំបង្ខាំងទុកអ្វីល្អពីអ្នកណាដែលសមនឹងទទួល ពេលកូនមានកម្លាំងអាចជួយអ្នកនោះបាន។—សុភ. ៣:២៧
តើអ្នកដឹងឬទេថា ព្រះយេហូវ៉ាអាចប្រើអ្នកដើម្បីតបឆ្លើយសេចក្ដីអធិដ្ឋានដ៏ស្មោះរបស់បុគ្គលណាម្នាក់? អ្នកអាចជួយអ្នកឯទៀត មិនថាអ្នកគឺជាអ្នកចាស់ទុំ ជំនួយការខាងកិច្ចបម្រើ អ្នកត្រួសត្រាយ ឬអ្នកផ្សាយក្នុងក្រុមជំនុំក្ដី។ អ្នកក៏អាចជួយទោះជាអ្នកក្មេងឬចាស់ ប្រុសឬស្រីក៏ដោយ។ ពេលបុគ្គលដែលស្រឡាញ់ព្រះយេហូវ៉ាស្រែកសុំជំនួយពីលោក លោកច្រើនតែប្រើអ្នកចាស់ទុំ និងអ្នកបម្រើស្មោះត្រង់ឯទៀតដើម្បីទៅជា«ប្រភពនៃការសម្រាលទុក្ខដ៏ធំ»ដល់បុគ្គលនោះ។ (កូឡ. ៤:១១) យើងសប្បាយចិត្តបម្រើព្រះយេហូវ៉ានិងបងប្អូនយើងតាមរបៀបនេះ! យើងប្រហែលជាអាចជួយនិងសម្រាលទុក្ខបងប្អូនយើងនៅពេលដែលមានការផ្ទុះឡើងនៃជំងឺ គ្រោះមហន្តរាយ ឬការបៀតបៀន។ យើងប្រហែលជាចង់ជួយអ្នកឯទៀត ប៉ុន្តែសមាជិកក្រុមគ្រួសាររបស់យើងក៏កំពុងជួបទុក្ខលំបាកដែរ។ ទោះជាយ៉ាងនោះក្ដី យើងចង់ជួយបងប្អូនរបស់យើង ហើយព្រះយេហូវ៉ាពេញចិត្តពេលយើងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីពួកគេ។—សុភ. ១៩:១៧ w២២.១២ ទំ.២២ វ.១-២
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា
នេះជាបញ្ញត្តិរបស់ខ្ញុំគឺ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។—យ៉ូន. ១៥:១២
សេចក្ដីស្រឡាញ់ជាមូលដ្ឋានគ្រឹះនៃការទុកចិត្ត។ លោកយេស៊ូបានមានប្រសាសន៍ថាបញ្ញត្តិដ៏សំខាន់បំផុតពីរ គឺស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់អ្នកជិតខាង។ (ម៉ាថ. ២២:៣៧-៣៩) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ជំរុញចិត្តយើងឲ្យធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់លោកស្ដីអំពីការធ្វើជាបុគ្គលដែលគួរឲ្យទុកចិត្ត។ សេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូន ជំរុញចិត្តយើងឲ្យរក្សារឿងសម្ងាត់របស់ពួកគេ។ យ៉ាងនេះ យើងនឹងមិនចង់ប្រាប់អ្វីដែលអាចធ្វើទុក្ខដល់ពួកគេ នាំឲ្យពួកគេអាម៉ាស់មុខ ឬឲ្យពួកគេឈឺចិត្តឡើយ។ ចិត្តរាបទាបក៏នឹងជួយយើងឲ្យធ្វើជាមនុស្សដែលគួរឲ្យទុកចិត្តដែរ។ គ្រិស្តសាសនិកដែលមានចិត្តរាបទាបមិនព្យាយាមធ្វើឲ្យអ្នកឯទៀតកោតស្ងើចគាត់ ដោយធ្វើជាអ្នកដែលប្រាប់រឿងមុនគេ។ (ភី. ២:៣) គាត់មិនព្យាយាមធ្វើឲ្យអ្នកឯទៀតគិតថាគាត់ដឹងរឿងសំខាន់ៗដែលគាត់មិនអាចប្រាប់ឡើយ។ ចិត្តរាបទាបក៏នឹងជួយយើងមិនឲ្យប្រាប់មនុស្សជាច្រើនអំពីទស្សនៈផ្ទាល់ខ្លួនចំពោះរឿងផ្សេងៗដែលគម្ពីរ ឬសៀវភៅរបស់យើងមិនបានរៀបរាប់។ w២២.០៩ ទំ.១២ វ.១២-១៣
ថ្ងៃសុក្រ ទី១៩ ខែកក្កដា
ចំណេះពិតនឹងមានជាបរិបូរ។—ដាន. ១២:៤
ទេវតាមួយបានប្រាប់ដានីយ៉ែលថា រាស្ត្ររបស់ព្រះនឹងកាន់តែយល់ទំនាយក្នុងសៀវភៅរបស់ដានីយ៉ែល ប៉ុន្តែ«គ្មាន[ជនទុច្ចរិត]ណាម្នាក់យល់បានទេ»។ (ដាន. ១២:១០) ឥឡូវគឺជាគ្រាឲ្យយើងបង្ហាញថាយើងមិននៅក្នុងចំណោមមនុស្សទុច្ចរិតទេ។ (ម៉ាឡ. ៣:១៦-១៨) ព្រះយេហូវ៉ាកំពុងប្រមូលពួកអ្នកដែលលោកចាត់ទុកថា«ជាទ្រព្យវិសេស» ឬបុគ្គលដែលមានតម្លៃចំពោះលោក។ យើងច្បាស់ជាចង់នៅក្នុងចំណោមពួកគេ។ ពិតមែន យើងកំពុងរស់នៅគ្រាដ៏គួរឲ្យរំភើបចិត្ត។ ប៉ុន្តែមានអ្វីដ៏អស្ចារ្យជាងនេះឆ្ងាយណាស់ដែលនឹងកើតឡើងមិនយូរទៀត។ ឆាប់ៗខាងមុខ យើងនឹងឃើញការបំបាត់ចោលនៃអំពើទុច្ចរិតទាំងអស់។ បន្ទាប់មក យើងនឹងឃើញការសម្រេចនៃសេចក្ដីសន្យារបស់ព្រះយេហូវ៉ាចំពោះដានីយ៉ែលដែលថា៖ «អ្នកនឹងក្រោកឡើងវិញដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់»។ (ដាន. ១២:១៣) តើអ្នកទន្ទឹងរង់ចាំថ្ងៃដែលដានីយ៉ែលនិងបុគ្គលជាទីស្រឡាញ់របស់អ្នកនឹង«ក្រោកឡើងវិញ»ឬទេ? បើដូច្នេះ សូមខំអស់ពីសមត្ថភាពដើម្បីរក្សាភាពស្មោះត្រង់នៅឥឡូវនេះ។ យ៉ាងនេះ អ្នកអាចប្រាកដថាឈ្មោះរបស់អ្នកនឹងនៅជាប់ក្នុងសៀវភៅជីវិតរបស់ព្រះយេហូវ៉ា។ w២២.០៩ ទំ.២៤ វ.១៧; ទំ.២៥ វ.១៩-២០
ថ្ងៃសៅរ៍ ទី២០ ខែកក្កដា
ខ្ញុំចាត់អ្នក។—អេគ. ២:៣
ពាក្យទាំងនេះច្បាស់ជាបានពង្រឹងកម្លាំងអេសេគាល។ ហេតុអ្វី? ពីព្រោះគាត់ទំនងជាចាំថាព្រះយេហូវ៉ាធ្លាប់ប្រើពាក្យស្រដៀងនឹងនេះពេលលោកបានតែងតាំងម៉ូសេនិងអេសាយឲ្យធ្វើជាអ្នកប្រកាសទំនាយរបស់លោក។ (ដច. ៣:១០; អេ. ៦:៨) អេសេគាលក៏ដឹងអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកប្រកាសទំនាយទាំងពីរនាក់នេះឲ្យយកឈ្នះការពិបាកផ្សេងៗ។ ដូច្នេះ ពេលព្រះយេហូវ៉ាបានប្រាប់អេសេគាលពីរដងថា៖ «ខ្ញុំចាត់អ្នក» នេះធ្វើឲ្យគាត់កាន់តែមានមូលហេតុទុកចិត្តលើការគាំទ្រពីលោក។ ម្យ៉ាងទៀត ក្នុងសៀវភៅអេសេគាល យើងឃើញពាក្យថា៖ «ព្រះយេហូវ៉ាក៏មានប្រសាសន៍មកកាន់ខ្ញុំ»អស់ជាច្រើនដង។ (អេគ. ៣:១៦) មួយវិញទៀត ពាក្យ«ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំម្ដងទៀត»ក៏មានច្រើនដងក្នុងសៀវភៅអេសេគាល។ (អេគ. ៦:១) អេសេគាលច្បាស់ជាជឿជាក់ថាព្រះយេហូវ៉ាបានចាត់គាត់។ បន្ថែមទៅទៀត ដោយសារឪពុកគាត់ជាសង្ឃម្នាក់ គាត់ទំនងជាបានទទួលការបង្ហាត់បង្រៀនពីឪពុកថា ព្រះយេហូវ៉ាតែងតែប្រាប់អ្នកប្រកាសទំនាយរបស់លោកថាលោកនឹងជួយពួកគេ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានប្រាប់អ៊ីសាក យ៉ាកុប និងយេរេមាថា៖ «ខ្ញុំនៅជាមួយអ្នក»។—ដក. ២៦:២៤; ២៨:១៥; យេ. ១:៨ w២២.១១ ទំ.២ វ.៣
ថ្ងៃអាទិត្យ ទី២១ ខែកក្កដា
អំណោយដែលព្រះផ្ដល់ឲ្យ គឺជាជីវិតដែលគ្មានទីបញ្ចប់។—រ៉ូម ៦:២៣
ទោះជាអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ហើយបាននាំឲ្យកូនចៅរបស់ពួកគាត់ស្លាប់ក្ដី ព្រះយេហូវ៉ាមិនបានផ្លាស់ប្ដូរគោលបំណងរបស់លោកឡើយ។ (អេ. ៥៥:១១) លោកនៅតែមានគោលបំណងឲ្យមនុស្សស្មោះត្រង់រស់ជារៀងរហូត។ សូមពិចារណាអំពីអ្វីៗដែលព្រះយេហូវ៉ាបានមានប្រសាសន៍និងបានធ្វើដើម្បីសម្រេចគោលបំណងរបស់លោក។ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយផ្ដល់ឱកាសឲ្យពួកគេរស់ជារៀងរហូត។ (សកម្ម. ២៤:១៥; ទីត. ១:១, ២) យ៉ូបដែលជាបុរសដ៏ស្មោះត្រង់ជឿជាក់ថាព្រះយេហូវ៉ាពិតជាចង់ប្រោសពួកអ្នកដែលបានស្លាប់ឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥) អ្នកប្រកាសទំនាយដានីយ៉ែលដឹងថាមនុស្សនឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមានឱកាសរស់ជារៀងរហូត។ (ចសព. ៣៧:២៩; ដាន. ១២:២, ១៣) ជនជាតិយូដានៅសម័យរបស់លោកយេស៊ូ ក៏ដឹងថាព្រះយេហូវ៉ាអាចឲ្យអ្នកបម្រើដ៏ស្មោះត្រង់របស់លោកនូវ«ជីវិតដែលគ្មានទីបញ្ចប់»។ (លូក. ១០:២៥; ១៨:១៨) លោកយេស៊ូបានមានប្រសាសន៍ម្ដងហើយម្ដងទៀតអំពីសេចក្ដីសន្យានេះ ហើយលោកផ្ទាល់បានត្រូវប្រោសឲ្យរស់ឡើងវិញដោយបិតាលោក។—ម៉ាថ. ១៩:២៩; ២២:៣១, ៣២; លូក. ១៨:៣០; យ៉ូន. ១១:២៥ w២២.១២ ទំ.៤-៥ វ.៨-៩
ថ្ងៃច័ន្ទ ទី២២ ខែកក្កដា
ព្រះយេហូវ៉ា ខ្ញុំទុកចិត្តលោក។—ចសព. ៣១:១៤
ព្រះយេហូវ៉ាអញ្ជើញយើងឲ្យចូលមកជិតលោក។ (យ៉ា. ៤:៨) លោកចង់ធ្វើជាព្រះ ជាបិតា និងជាមិត្តសម្លាញ់របស់យើង។ លោកឆ្លើយតបសេចក្ដីអធិដ្ឋានរបស់យើង និងជួយយើងពេលយើងមានការពិបាក។ លោកប្រើអង្គការរបស់លោកដើម្បីបង្រៀននិងការពារយើង។ យើងអាចចូលទៅជិតព្រះយេហូវ៉ាដោយអធិដ្ឋានទៅលោក ព្រមទាំងដោយអានបណ្ដាំរបស់លោកនិងរំពឹងគិតអំពីអ្វីដែលយើងអាន។ កាលដែលយើងធ្វើដូច្នេះ នោះយើងពោរពេញទៅដោយសេចក្ដីស្រឡាញ់និងចិត្តកតញ្ញូចំពោះលោក។ យើងចង់ស្ដាប់បង្គាប់លោកនិងជូនលោកនូវការសរសើរដែលលោកសមនឹងទទួល។ (បប. ៤:១១) កាលដែលយើងកាន់តែស្គាល់ព្រះយេហូវ៉ា យើងនឹងកាន់តែទុកចិត្តលោកនិងអង្គការដែលលោកបានផ្ដល់ឲ្យដើម្បីជួយយើង។ ក៏ប៉ុន្តែ មេកំណាចព្យាយាមធ្វើឲ្យយើងឈប់ទុកចិត្តព្រះយេហូវ៉ានិងអង្គការរបស់លោកបន្តិចម្ដងៗ។ ប៉ុន្តែ យើងអាចទប់ទល់នឹងកលល្បិចរបស់វាបាន។ ពេលយើងមានជំនឿមាំមួននិងមានទំនុកចិត្តយ៉ាងខ្លាំងទៅលើព្រះយេហូវ៉ា យើងនឹងមិនបោះបង់ចោលព្រះរបស់យើងនិងអង្គការរបស់លោកទេ។—ចសព. ៣១:១៣, ១៤ w២២.១១ ទំ.១៤ វ.១-៣
ថ្ងៃអង្គារ ទី២៣ ខែកក្កដា
ពួកគេសុខចិត្តស្លាប់ ជាជាងគោរពបូជាដល់ព្រះណាទៀតក្រៅពីព្រះរបស់ខ្លួន។—ដាន. ៣:២៨
គ្រិស្តសាសនិកពិតជាច្រើននាក់បានសុខចិត្តបាត់បង់សេរីភាព និងថែមទាំងជីវិតរបស់ពួកគេទៀតផង ដោយសារពួកគេស្រឡាញ់ព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងសកលលោក។ គ្រិស្តសាសនិកពិតទាំងនេះតាំងចិត្តរក្សាចិត្តស្មោះត្រង់ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត ដូចជនជាតិហេប្រឺបីនាក់ដែលបានរួចជីវិតពីឡភ្លើង។ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ បានសរសេរអំពីសារៈសំខាន់នៃការរក្សាចិត្តស្មោះឥតងាករេចំពោះព្រះ ថា៖ «ព្រះយេហូវ៉ានឹងកាត់ទោសបណ្ដាជនទាំងឡាយ។ ឱព្រះយេហូវ៉ា សូមវិនិច្ឆ័យខ្ញុំស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ និងស្របតាមចិត្តស្មោះឥតងាករេរបស់ខ្ញុំ»។ (ចសព. ៧:៨) ម្ដងទៀត ដាវីឌបានសរសេរថា៖ «សូមឲ្យចិត្តស្មោះឥតងាករេនិងចិត្តទៀងត្រង់របស់ខ្ញុំរក្សាការពារខ្ញុំ»។ (ចសព. ២៥:២១) របៀបរស់នៅដ៏ល្អបំផុត គឺការរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាដោយមិនលះចោលភក្ដីភាពរបស់យើងចំពោះលោក! យ៉ាងនេះ យើងនឹងមានអារម្មណ៍ដូចអ្នកតែងចម្រៀងសរសើរព្រះដែលបានសរសេរថា៖ «មានសុភមង្គលហើយ អស់អ្នកដែលរក្សាចិត្តស្មោះឥតងាករេ គឺអ្នកដែលកាន់តាមច្បាប់របស់ព្រះយេហូវ៉ា»។—ចសព. ១១៩:១, កំ.ស. w២២.១០ ទំ.១៧ វ.១៨-១៩
ថ្ងៃពុធ ទី២៤ ខែកក្កដា
មនុស្សមើលមិនឃើញព្រះ . . . តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក។—រ៉ូម ១:២០
ក្នុងចំណោមការសន្ទនាជាច្រើនដែលយ៉ូបមានក្នុងជីវិតរបស់គាត់ មានការសន្ទនាមួយដែលច្បាស់ជាពិសេសសម្រាប់គាត់ គឺការសន្ទនាជាមួយព្រះយេហូវ៉ា។ ក្នុងការសន្ទនានោះ ព្រះយេហូវ៉ាបានឲ្យយ៉ូបសង្កេតមើលអ្វីដ៏អស្ចារ្យខ្លះដែលលោកបានបង្កើតដើម្បីជួយគាត់ឲ្យដឹងថាព្រះយេហូវ៉ាមានប្រាជ្ញាច្រើនយ៉ាងណា ព្រមទាំងពង្រឹងទំនុកចិត្តគាត់ថាលោកអាចផ្គត់ផ្គង់អ្វីទាំងអស់ដែលអ្នកបម្រើរបស់លោកត្រូវការ។ ជាឧទាហរណ៍ ព្រះបានរំលឹកយ៉ូបថាលោកផ្គត់ផ្គង់សត្វនានា ដូច្នេះលោកក៏អាចថែរក្សាយ៉ូបបានដែរ។ (យ៉ូប ៣៨:៣៩-៤១; ៣៩:១, ៥, ១៣-១៦) ដោយពិចារណាអ្វីដែលព្រះបានបង្កើត យ៉ូបបានរៀនច្រើនអំពីគុណសម្បត្តិរបស់ព្រះ។ យើងក៏អាចរៀនថែមទៀតអំពីព្រះរបស់យើងពេលដែលយើងពិនិត្យមើលអ្វីៗដែលលោកបានបង្កើត។ ប៉ុន្តែ ជួនកាលគឺមិនស្រួលឲ្យយើងធ្វើដូច្នេះទេ។ បើយើងរស់នៅក្នុងទីក្រុង យើងប្រហែលជាកម្រឃើញអ្វីដែលព្រះបានបង្កើតក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ទោះជាយើងរស់នៅក្នុងជនបទក្ដី យើងប្រហែលជាមានអារម្មណ៍ថាយើងមិនសូវមានពេលដើម្បីពិនិត្យមើលអ្វីៗដែលលោកបានបង្កើតឡើយ។ ប៉ុន្តែ ការលៃទុកពេលនិងការខំប្រឹងសង្កេតមើលអ្វីដែលព្រះបានបង្កើតគឺមានប្រយោជន៍។ w២៣.០៣ ទំ.១៥ វ.១-២
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា
មនុស្សឈ្លាសវៃឃើញអន្តរាយមកក៏ពួនខ្លួន។—សុភ. ២២:៣
លោកយេស៊ូបានមានប្រសាសន៍ថា៖ «នឹងមានរញ្ជួយដីជាខ្លាំង» និងមហន្តរាយឯទៀតកើតឡើងមុនទីបញ្ចប់មកដល់។ (លូក. ២១:១១) លោកក៏មានប្រសាសន៍ដែរថា៖ «ការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង» ហើយនេះកំពុងកើតឡើងនៅសព្វថ្ងៃនេះ។ ជាឧទាហរណ៍ យើងឃើញឧក្រិដ្ឋកម្ម អំពើឃោរឃៅ និងភេរវកម្ម។ (ម៉ាថ. ២៤:១២) អ្នកបម្រើដ៏ស្មោះត្រង់ជាច្រើននាក់របស់ព្រះយេហូវ៉ារងគ្រោះពីមហន្តរាយ ហើយជួបទុក្ខលំបាកផ្សេងៗ។ លោកយេស៊ូមិនដែលមានប្រសាសន៍ថា បើយើងរងទុក្ខលំបាកទាំងនេះ នេះគឺដោយសារតែព្រះយេហូវ៉ាបោះបង់យើងទេ។ (អេ. ៥៧:១; ២កូ. ១១:២៥) ព្រះយេហូវ៉ាប្រហែលជាមិនធ្វើអព្ភូតហេតុការពារយើងពីមហន្តរាយទាំងអស់ឡើយ ប៉ុន្តែលោកនឹងផ្ដល់អ្វីដែលយើងត្រូវការដើម្បីរក្សាចិត្តស្ងប់និងមានសេចក្ដីសុខសាន្ត។ យើងនឹងស្រួលធ្វើដូច្នេះជាង បើយើងបានរៀបចំទុកជាមុន។ ប៉ុន្តែ តើការរៀបចំទុកជាមុនបង្ហាញថាយើងខ្វះជំនឿលើព្រះយេហូវ៉ាឬ? មិនមែនទេ។ តាមពិត ការរៀបចំទុកជាមុនចំពោះមហន្តរាយបង្ហាញថាយើងមានជំនឿថា លោកមានសមត្ថភាពថែរក្សាយើង។ តើតាមរបៀបណា? បណ្ដាំរបស់ព្រះលើកទឹកចិត្តយើងឲ្យរៀបចំទុកជាមុនចំពោះមហន្តរាយដែលអាចនឹងកើតឡើង។ w២២.១២ ទំ.១៨ វ.៩-១០
ថ្ងៃសុក្រ ទី២៦ ខែកក្កដា
ព្រះបានចាត់ខ្ញុំឲ្យមកទីនេះមុន ដើម្បីសង្គ្រោះជីវិតយើងទាំងអស់គ្នា។—ដក. ៤៥:៥
កាលដែលយ៉ូសែបជាប់គុក ព្រះយេហូវ៉ាបានបណ្ដាលឲ្យស្ដេចស្រុកអេហ្ស៊ីបមានសុបិនពីរដែលធ្វើឲ្យគាត់មិនស្រណុកចិត្តសោះ។ ពេលគាត់បានឮថាយ៉ូសែបមានសមត្ថភាពកាត់ស្រាយសុបិន គាត់បានចាត់គេឲ្យទៅយកយ៉ូសែប។ ដោយមានជំនួយពីព្រះយេហូវ៉ា យ៉ូសែបបានកាត់ស្រាយសុបិនទាំងនោះ ហើយបានជូនយោបល់ល្អដល់ផារ៉ូដែលធ្វើឲ្យគាត់កោតស្ងើច។ ដោយឃើញថាព្រះយេហូវ៉ានៅជាមួយបុរសវ័យក្មេងនេះ ផារ៉ូបានតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកចាត់ចែងស្បៀងអាហារលើស្រុកអេហ្ស៊ីបទាំងមូល។ (ដក. ៤១:៣៨, ៤១-៤៤) ក្រោយមក មានការអត់ឃ្លានយ៉ាងខ្លាំងបានកើតឡើង ដែលមិនគ្រាន់តែមានឥទ្ធិពលទៅលើស្រុកអេហ្ស៊ីបប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើស្រុកកាណាន ជាទឹកដីដែលក្រុមគ្រួសាររបស់យ៉ូសែបរស់នៅផងដែរ។ ឥឡូវយ៉ូសែបអាចសង្គ្រោះក្រុមគ្រួសាររបស់គាត់ ហើយនេះមានន័យថាក្រោយមក ពួកគេអាចបន្តពូជពង្សដែលនាំទៅដល់មេស្ស៊ី។ គឺច្បាស់ណាស់ដែលព្រះយេហូវ៉ាបានធ្វើឲ្យយ៉ូសែបជោគជ័យក្នុងគ្រប់ការដែលគាត់ធ្វើ។ ទោះជាបងប្រុសៗរបស់យ៉ូសែបចង់សម្លាប់គាត់ក៏ដោយ ព្រះយេហូវ៉ាបានកែប្រែស្ថានភាពនោះដើម្បីលោកអាចសម្រេចគោលបំណងរបស់លោក។ w២៣.០១ ទំ.១៧ វ.១១-១២
ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា
កុំភ្លេចខ្លួនឲ្យសោះ។—លូក. ២១:៣៤
បុគ្គលដែលមិនភ្លេចខ្លួនប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ខូចចំណងមិត្តភាពរបស់គាត់ជាមួយព្រះយេហូវ៉ា ហើយគាត់ព្យាយាមជៀសវាងពីអ្វីទាំងនោះ។ យ៉ាងនេះ គាត់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់។ (សុភ. ២២:៣; យូ. ២០, ២១) សាវ័កប៉ូលបានប្រាប់គ្រិស្តសាសនិកមិនឲ្យភ្លេចខ្លួនឲ្យសោះ។ ជាឧទាហរណ៍ គាត់បានប្រាប់គ្រិស្តសាសនិកនៅក្រុងអេភេសូរថា៖ «ចូរយកចិត្តទុកដាក់ឲ្យដិតដល់ចំពោះការប្រព្រឹត្តរបស់ខ្លួន កុំប្រព្រឹត្តដូចមនុស្សឥតប្រាជ្ញា តែប្រព្រឹត្តដូចមនុស្សដែលមានប្រាជ្ញាវិញ»។ (អេភ. ៥:១៥, ១៦) សាថានតែងតែព្យាយាមបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា ដូច្នេះគម្ពីរលើកទឹកចិត្តយើងឲ្យ«ខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា» ដើម្បីយើងអាចការពារខ្លួនពីការវាយប្រហារទាំងអស់របស់សាថាន។ (អេភ. ៥:១៧) ដើម្បីធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ យើងត្រូវយល់ឬដឹងអំពី«បំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។ យើងអាចធ្វើដូច្នេះដោយសិក្សានិងរំពឹងគិតអំពីបណ្ដាំព្រះជាទៀងទាត់។ កាលដែលយើងកាន់តែយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ហើយព្យាយាមមាន«ចិត្តគំនិតរបស់គ្រិស្ត» យើងនឹងកាន់តែប្រព្រឹត្តដូច«មនុស្សដែលមានប្រាជ្ញា» សូម្បីតែពេលដែលយើងមិនមានច្បាប់ជាក់លាក់ដើម្បីណែនាំការប្រព្រឹត្តរបស់យើងក្ដី។—១កូ. ២:១៤-១៦ w២៣.០២ ទំ.១៦-១៧ វ.៧-៩
ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា
ចូរទទួលការកែប្រែទាំងស្រុង ដោយផ្លាស់ប្ដូរជាថ្មីនូវរបៀបគិតគូររបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាពិសោធមើលដោយខ្លួនអ្នកឲ្យដឹងនូវបំណងប្រាថ្នាដ៏ប្រសើរ សមរម្យ និងល្អឥតខ្ចោះរបស់ព្រះ។—រ៉ូម ១២:២
តើអ្នកសម្អាតផ្ទះរបស់អ្នកញឹកញាប់ប៉ុនណា? ប្រហែលជាមុនពេលដែលអ្នករើទៅនៅជាលើកដំបូង អ្នកខំសម្អាតគ្រប់កន្លុកកន្លៀត។ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកឈប់សម្អាត? ដូចអ្នកដឹងស្រាប់ហើយ ផ្ទះរបស់អ្នកនឹងឆាប់មានធូលីដីនិងកខ្វក់។ ដូច្នេះ ដើម្បីឲ្យផ្ទះរបស់អ្នកស្អាតបាត អ្នកត្រូវសម្អាតវាជាទៀងទាត់។ ស្រដៀងគ្នាដែរ យើងក៏ត្រូវបន្តកែតម្រូវរបៀបគិតគូរនិងបុគ្គលិកលក្ខណៈរបស់យើង។ ពិតមែនមុនទទួលការជ្រមុជទឹក យើងបានខំប្រឹងធ្វើការផ្លាស់ប្ដូរដែលចាំបាច់ក្នុងជីវិតរបស់យើងដើម្បី«សម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។ (២កូ. ៧:១) ប៉ុន្តែឥឡូវ យើងត្រូវធ្វើតាមយោបល់របស់សាវ័កប៉ូលដែលឲ្យ«គំនិតថ្មីបន្តកាន់កាប់»យើង។ (អេភ. ៤:២៣) ឥទ្ធិពលរបស់ពិភពលោកនេះអាចងាយធ្វើឲ្យយើងមិនស្អាតស្អំចំពោះព្រះយេហូវ៉ា។ ដើម្បីបន្ដធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងត្រូវពិនិត្យមើលរបៀបគិតគូរ បុគ្គលិកលក្ខណៈ និងសេចក្ដីប៉ងប្រាថ្នារបស់យើងជាទៀងទាត់។ w២៣.០១ ទំ.៨ វ.១-២
ថ្ងៃច័ន្ទ ទី២៩ ខែកក្កដា
គាត់ឃើញឫទ្ធានុភាពរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក។—ម៉ាថ. ៣:១៦
សូមស្រមៃគិតថា តើការស្ដាប់លោកយេស៊ូបង្រៀនគឺយ៉ាងណា។ លោកច្រើនតែបានដកស្រង់បទគម្ពីរបរិសុទ្ធពីការនឹកចាំ។ នៅពេលលោកយេស៊ូទទួលការជ្រមុជទឹកនិងបានត្រូវរើសតាំងដោយឫទ្ធានុភាពបរិសុទ្ធ លោកទំនងជាបាននឹកឃើញឡើងវិញអំពីជីវិតរបស់លោកនៅស្ថានសួគ៌។ ពាក្យដំបូងខ្លះរបស់លោកយេស៊ូដែលបានត្រូវកត់ទុកក្នុងគម្ពីរក្រោយពីលោកទទួលការជ្រមុជទឹក និងក្នុងពាក្យចុងក្រោយខ្លះរបស់លោកមុនលោកស្លាប់ លោកយេស៊ូបានដកស្រង់ពីបទគម្ពីរ។ (បច. ៨:៣; ចសព. ៣១:៥; លូក. ៤:៤; ២៣:៤៦) ម្យ៉ាងទៀត ក្នុងអំឡុងបីឆ្នាំកន្លះរវាងព្រឹត្តិការណ៍ទាំងពីរនោះ លោកយេស៊ូច្រើនតែបានអានបទគម្ពីរជាសាធារណៈ និងដកស្រង់ព្រមទាំងពន្យល់បទគម្ពីរទាំងនោះ។ (ម៉ាថ. ៥:១៧, ១៨, ២១, ២២, ២៧, ២៨; លូក. ៤:១៦-២០) ច្រើនឆ្នាំមុនលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើរបស់លោក លោកបានអាននិងស្ដាប់បណ្ដាំរបស់ព្រះម្ដងហើយម្ដងទៀត។ នៅផ្ទះ លោកយេស៊ូច្បាស់ជាបានឮម៉ារៀនិងយ៉ូសែបដកស្រង់ពីបទគម្ពីរ។ (បច. ៦:៦, ៧) លោកក៏បានទៅសាលាប្រជុំរាល់ថ្ងៃឈប់សម្រាកជាមួយក្រុមគ្រួសារលោកដែរ។ (លូក. ៤:១៦) កាលដែលនៅទីនោះ លោកច្បាស់ជាបានស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលគេអានបទគម្ពីរ។ w២៣.០២ ទំ.៨ វ.១-២
ថ្ងៃអង្គារ ទី៣០ ខែកក្កដា
អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។—ម៉ាក. ១២:៣០
មានមូលហេតុជាច្រើនឲ្យស្រឡាញ់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ អ្នកបានយល់ថាលោកជា«ប្រភពនៃជីវិត» ហើយថាលោកជាអ្នកផ្ដល់«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»។ (ចសព. ៣៦:៩; យ៉ា. ១:១៧) គ្រប់ទាំងរបស់ល្អដែលអ្នកទទួលគឺមកពីព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់និងចិត្តទូលាយ។ ថ្លៃលោះគឺជាអំណោយដ៏អស្ចារ្យមួយដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យយើង។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? សូមគិតអំពីចំណងមិត្តភាពជិតស្និទ្ធរវាងព្រះយេហូវ៉ានិងបុត្ររបស់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «បិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ» ហើយ«ខ្ញុំស្រឡាញ់បិតានៅស្ថានសួគ៌»។ (យ៉ូន. ១០:១៧; ១៤:៣១) ចំណងមិត្តភាពរវាងលោកទាំងពីរកាន់តែជិតស្និទ្ធ ពេលដែលលោកទាំងពីរនៅជាមួយគ្នាអស់រាប់ពាន់លានឆ្នាំ។ (សុភ. ៨:២២, ២៣, ៣០) ឥឡូវ សូមគិតថាតើព្រះឈឺចាប់យ៉ាងណាពេលលោកបានអនុញ្ញាតឲ្យបុត្រលោករងទុក្ខនិងស្លាប់។ ព្រះយេហូវ៉ាស្រឡាញ់មនុស្សជាតិខ្លាំងដល់ម្ល៉េះរួមទាំងអ្នកផងដែរ បានជាលោកសុខចិត្តឲ្យបុត្រជាទីស្រឡាញ់របស់លោកជាគ្រឿងបូជាដើម្បីអ្នកនិងអ្នកឯទៀតអាចរស់ជារៀងរហូត។ (យ៉ូន. ៣:១៦; កាឡ. ២:២០) នេះជាមូលហេតុដ៏សំខាន់បំផុតដែលយើងស្រឡាញ់ព្រះ។ w២៣.០៣ ទំ.៤-៥ វ.១១-១៣
ថ្ងៃពុធ ទី៣១ ខែកក្កដា
ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នករាល់គ្នាមាន។—បប. ២:២៥
យើងត្រូវបដិសេធសេចក្ដីបង្រៀនរបស់ពួកអ្នកក្បត់ជំនឿ។ លោកយេស៊ូបានប្រដៅតម្រង់គ្រិស្តសាសនិកខ្លះនៅក្រុងពើកាម៉ុម ចំពោះការបង្កឲ្យមានការបែកបាក់គ្នា និងការលើកស្ទួយនិកាយផ្សេងៗ។ (បប. ២:១៤-១៦) លោកបានសរសើរបងប្អូននៅក្រុងធាទេរ៉ា ដែលបានជៀសវាងពី«សេចក្ដីជ្រាលជ្រៅរបស់សាថាន» ហើយលោកបានលើកទឹកចិត្តពួកគេឲ្យ«កាន់ខ្ជាប់តាម»សេចក្ដីពិត។ (បប. ២:២៤-២៦) គ្រិស្តសាសនិកនៅទីនោះដែលមានជំនឿខ្សោយ ដែលបានចាប់ផ្ដើមធ្វើតាមសេចក្ដីបង្រៀនមិនពិត ត្រូវប្រែចិត្ត។ ចុះយ៉ាងណាយើងនៅសព្វថ្ងៃនេះវិញ? យើងត្រូវបដិសេធសេចក្ដីបង្រៀនណាដែលប្រឆាំងនឹងទស្សនៈរបស់ព្រះយេហូវ៉ា។ ពួកអ្នកក្បត់ជំនឿប្រហែលជា«ធ្វើឫកពាជាមនុស្សមានភក្ដីភាពចំពោះព្រះ» តែពួកគេ«មិនព្រមទទួលឥទ្ធិពលពីភក្ដីភាពនោះទេ»។ (២ធី. ៣:៥) ពេលដែលយើងសិក្សាបណ្ដាំរបស់ព្រះយ៉ាងល្អ យើងនឹងស្រួលជាងក្នុងការសម្គាល់និងបដិសេធសេចក្ដីបង្រៀនមិនពិត។ (២ធី. ៣:១៤-១៧; យូ. ៣, ៤) យើងត្រូវធ្វើឲ្យប្រាកដថា ការគោរពប្រណិប័តន៍របស់យើងនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ បើយើងកំពុងធ្វើអ្វីដែលអាចនាំឲ្យព្រះមិនពេញចិត្តនឹងការគោរពប្រណិប័តន៍របស់យើង យើងត្រូវធ្វើការកែប្រែភ្លាមៗដើម្បីយើងអាចទទួលការពេញចិត្តពីលោក។—បប. ២:៥, ១៦; ៣:៣, ១៦ w២២.០៥ ទំ.៤ វ.៩; ទំ.៥ វ.១១