បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ៥៧-៦៧
  • ខែមិថុនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែមិថុនា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ​ថ្ងៃ​សៅរ៍ ទី​១ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​៤ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​៥ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​៧ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​៨ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​១១ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​១២ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​១៨ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​២២ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​២៣ ខែ​មិថុនា
  • ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា
  • ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា
  • ថ្ងៃ​ពុធ ទី​២៦ ខែ​មិថុនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មិថុនា
  • ថ្ងៃ​សុក្រ ទី​២៨ ខែ​មិថុនា
  • ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មិថុនា
  • ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មិថុនា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ៥៧-៦៧

ខែ​មិថុនា

​ថ្ងៃ​សៅរ៍ ទី​១ ខែ​មិថុនា

សាច់​របស់​ខ្ញុំ​ពេញ​ដោយ​ដង្កូវ និង​ដោយ​ធូលី​ដី​ក្ដាំង​ដុំ​ៗ ហើយ​ស្បែក​ខ្ញុំ​សុទ្ធ​តែ​ក្រមរ​និង​ខ្ទុះ។—យ៉ូប ៧:៥

យ៉ូប​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា មាន​គ្រួសារ​ដ៏​ធំ​រីករាយ និង​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ។ (​យ៉ូប ១:១​-​៥​) ប៉ុន្តែ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ គាត់​បាន​បាត់​បង់​អ្វី​ៗ​ស្ទើរ​តែ​ទាំង​អស់។ ដំបូង គាត់​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ។ (​យ៉ូប ១:១៣​-​១៧​) បន្ទាប់​មក កូន​ៗ​ជា​ទី​ស្រឡាញ់​ទាំង​អស់​របស់​គាត់​បាន​ស្លាប់។ សូម​គិត​អំពី​ទុក្ខ​សោក​ដែល​យ៉ូប​និង​ប្រពន្ធ​របស់​គាត់​មាន ពេល​ពួក​គាត់​បាត់​បង់​កូន​ទាំង​អស់​ចំនួន​១០​នាក់! ពួក​គាត់​ច្បាស់​ជា​តក់​ស្លុត ក្រៀម​ក្រំ និង​មាន​ទុក្ខ​សោក​យ៉ាង​ខ្លាំង។ ហេតុ​នេះ​បាន​ជា​យ៉ូប​ហែក​អាវ​និង​ក្រាប​ខ្លួន​ដល់​ដី។ (​យ៉ូប ១:១៨​-​២០​) បន្ទាប់​មក សាថាន​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​ជំងឺ​ដែល​នាំ​ឲ្យ​គាត់​ឈឺ​ចាប់​យ៉ាង​ខ្លាំង និង​ជា​ជំងឺ​ដ៏​គួរ​ឲ្យ​អាម៉ាស់។ (​យ៉ូប ២:៦​-​៨​) មុន​នោះ បណ្ដា​ជន​គោរព​យ៉ូប​យ៉ាង​ជ្រាល​ជ្រៅ ហើយ​ពួក​គេ​បាន​មក​សុំ​យោបល់​ពី​គាត់។ (​យ៉ូប ៣១:១៨​) ប៉ុន្តែ ពេល​គាត់​ធ្លាក់​ខ្លួន​ឈឺ ពួក​គេ​បាន​គេច​ពី​គាត់។ បង​ប្អូន មិត្ត​ជិត​ស្និទ្ធ ហើយ​សូម្បី​តែ​អ្នក​បម្រើ​របស់​គាត់ ក៏​លែង​រាប់​រក​គាត់​ទៀត។—យ៉ូប ១៩:១៣, ១៤, ១៦ w​២២.០៦ ទំ.២១ វ.៥​-​៦

ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា

ចូរ​ឲ្យ​យើង . . . បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​យើង​អាច​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់។—អេភ. ៤:១៥

ក្រោយ​ពី​ជ្រមុជ​ទឹក យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​យោបល់​ដែល​សាវ័ក​ប៉ូល​បាន​ឲ្យ​បង​ប្អូន​រួម​ជំនឿ​នៅ​ក្រុង​អេភេសូរ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក​«​ពេញ​វ័យ​»។ (​អេភ. ៤:១៣​) នេះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​‹បន្ត​រីក​ចម្រើន›។ អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​រួច​ហើយ ប៉ុន្តែ​អ្នក​អាច​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​កាន់​តែ​ជ្រាល​ជ្រៅ​ជាង​នេះ។ តើ​តាម​របៀប​ណា? សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​មួយ​នៅ​ភីលីព ១:៩។ ប៉ូល​បាន​អធិដ្ឋាន​សូម​ឲ្យ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​«​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​»។ យ៉ាង​នេះ យើង​អាច​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​យើង។ យើង​អាច​ធ្វើ​ដូច្នេះ ដោយ​ទទួល​«​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ​»។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា យើង​កាន់​តែ​ស្រឡាញ់​លោក ហើយ​ឲ្យ​តម្លៃ​ចំពោះ​បុគ្គលិក​លក្ខណៈ​និង​ការ​ប្រព្រឹត្ត​របស់​លោក។ យើង​កាន់​តែ​មាន​ចិត្ត​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត មិន​មែន​ចង់​ធ្វើ​អ្វី​ណា​ដែល​នាំ​ឲ្យ​លោក​ខក​ចិត្ត​ទេ។ យើង​ខំ​ស្វែង​យល់​អំពី​បំណង​ប្រាថ្នា​របស់​លោក ហើយ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​នោះ។ w​២២.០៨ ទំ.២​-​៣ វ.៣​-​៤

ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មិថុនា

ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។—បប. ១:១

អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ មិន​មែន​សម្រាប់​មនុស្ស​ទូទៅ​ទេ ប៉ុន្តែ​គឺ​សម្រាប់​យើង​ដែល​ជា​អ្នក​បម្រើ​ព្រះ​ដែល​បាន​ប្រគល់​ខ្លួន​ជូន​លោក។ ក្នុង​នាម​ជា​រាស្ត្រ​ព្រះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ពេល​ដែល​យើង​ដឹង​ថា​យើង​មាន​ចំណែក​ក្នុង​ការ​សម្រេច​ទំនាយ​នៅ​សៀវភៅ​ដ៏​គួរ​ឲ្យ​រំភើប​នេះ។ សាវ័ក​យ៉ូហាន​មាន​វ័យ​ចាស់​ពេល​គាត់​បាន​បញ្ជាក់​អំពី​ពេល​វេលា​នៃ​ការ​សម្រេច​ទំនាយ​ទាំង​នោះ។ គាត់​និយាយ​ថា​៖ ​«​ដោយ​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ ខ្ញុំ​បាន​នៅ​ក្នុង​ថ្ងៃ​របស់​លោក​ម្ចាស់​»។ (​បប. ១:១០​) ពេល​ដែល​យ៉ូហាន​បាន​សរសេរ​ពាក្យ​ទាំង​នេះ ប្រហែល​ជា​នៅ​ឆ្នាំ​៩៦ គ.ស. ​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​គឺ​នៅ​យូរ​ទៀត។ (​ម៉ាថ. ២៥:១៤, ១៩; លូក. ១៩:១២​) ប៉ុន្តែ យោង​ទៅ​តាម​ទំនាយ​ក្នុង​គម្ពីរ ថ្ងៃ​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤​ពេល​ដែល​លោក​យេស៊ូ​បាន​ទៅ​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌។ ចាប់​ពី​ឆ្នាំ​នោះ​មក ទំនាយ​នៅ​ការ​បើក​បង្ហាញ​ដែល​ជាប់​ទាក់​ទង​នឹង​រាស្ត្រ​របស់​ព្រះ បាន​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​ការ​ពិត។ ឥឡូវ​យើង​កំពុង​រស់​នៅ​ក្នុង​«​ថ្ងៃ​របស់​លោក​ម្ចាស់​»​!—បប. ១:៣ w​២២.០៥ ទំ.២ វ.២​-​៣

ថ្ងៃ​អង្គារ ទី​៤ ខែ​មិថុនា

សត្វ​សាហាវ​បាន​ត្រូវ​ចាប់ រួម​ទាំង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត។—បប. ១៩:២០

កាល​ដែល​នៅ​រស់​នៅ​ឡើយ សត្វ​សាហាវ និង​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​និង​ស្ពាន់ធ័រ។ ដូច្នេះ កាល​ដែល​រដ្ឋាភិបាល​ដែល​ជា​សត្រូវ​របស់​ព្រះ​កំពុង​គ្រប់​គ្រង​នៅ​ឡើយ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ តើ​នេះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​យើង? ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ត្រូវ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​និង​រាជាណាចក្រ​របស់​លោក។ (​យ៉ូន. ១៨:៣៦​) យើង​ត្រូវ​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ​របស់​ពិភព​លោក​នេះ។ ប៉ុន្តែ ការ​រក្សា​អព្យាក្រឹតភាព​បែប​នេះ​អាច​ជា​ការ​ពិបាក​ណាស់ ដោយ​សារ​រដ្ឋាភិបាល​របស់​ពិភព​លោក​ចង់​ឲ្យ​យើង​គាំទ្រ​ពួក​គេ​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។ ពួក​អ្នក​ដែល​ចុះ​ចាញ់​នឹង​ការ​បង្ខំ​របស់​ពួក​គេ ទទួល​សញ្ញា​របស់​សត្វ​សាហាវ។ (​បប. ១៣:១៦, ១៧​) ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក​ដែល​ទទួល​សញ្ញា​នោះ ហើយ​អ្នក​ទាំង​នោះ​នឹង​មិន​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ឡើយ។ (​បប. ១៤:៩, ១០; ២០:៤​) គឺ​សំខាន់​ណាស់​ដែល​យើង​រក្សា​អព្យាក្រឹតភាព​ទាំង​ស្រុង មិន​ថា​រដ្ឋាភិបាល​ព្យាយាម​បង្ខំ​យើង​ឲ្យ​គាំទ្រ​ពួក​គេ​យ៉ាង​ណា​ក្ដី! w​២២.០៥ ទំ.១០​-​១១ វ.១២​-​១៣

ថ្ងៃ​ពុធ ទី​៥ ខែ​មិថុនា

តើ​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ដែល​ប៉ិន​ប្រសប់​ធ្វើ​ការ​ឬ​ទេ? គាត់​នឹង​បាន​នៅ​បម្រើ​ស្ដេច មិន​មែន​នៅ​បម្រើ​មនុស្ស​ធម្មតា​ទេ។—សុភ. ២២:២៩

គោល​ដៅ​មួយ​ដែល​អ្នក​អាច​កំណត់ គឺ​រៀន​ជំនាញ​មួយ។ បើ​យើង​បង្កើន​ជំនាញ​ឬ​សមត្ថភាព​របស់​យើង នោះ​យើង​នឹង​មាន​សមត្ថភាព​ដើម្បី​ទទួល​ភារកិច្ច​ថែម​ទៀត។ សូម​គិត​ទៅ​មើល ដើម្បី​សង់​អគារ​បេតអែល សាល​សន្និបាត និង​សាល​ប្រជុំ តើ​ត្រូវ​ការ​អ្នក​ធ្វើ​ការ​ប៉ុន្មាន​នាក់? បង​ប្អូន​ជា​ច្រើន​នាក់​បាន​រៀន​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​នោះ ដោយ​រួម​កិច្ច​ការ​ជា​មួយ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍។ សព្វ​ថ្ងៃ​នេះ ទាំង​បង​ប្អូន​ប្រុស​ទាំង​បង​ប្អូន​ស្រី​កំពុង​រៀន​ជំនាញ​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​ថែ​ទាំ​សាល​សន្និបាត​និង​សាល​ប្រជុំ។ តាម​របៀប​នេះ​និង​របៀប​ផ្សេង​ទៀត ព្រះ​យេហូវ៉ា​ដែល​ជា​«​ស្ដេច​ដែល​រស់​ជា​រៀង​រហូត​»​ និង​លោក​យេស៊ូ​គ្រិស្ត​ដែល​«​ជា​ស្ដេច​លើ​អស់​អ្នក​ដែល​គ្រប់​គ្រង​ជា​ស្ដេច​»​កំពុង​សម្រេច​អ្វី​ៗ​ដ៏​អស្ចារ្យ ដោយ​ប្រើ​អ្នក​ធ្វើ​កិច្ចការ​ដែល​មាន​ជំនាញ។ (​១ធី. ១:១៧; ៦:១៥​) យើង​ចង់​ខំ​ប្រឹង​ធ្វើ​កិច្ច​ការ​នឿយ​ហត់ ហើយ​ប្រើ​ជំនាញ​របស់​យើង​ដើម្បី​លើក​តម្កើង​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​យើង​ទេ។—យ៉ូន. ៨:៥៤ w​២២.០៤ ទំ.២៤ វ.៧; ទំ.២៥ វ.១១

ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មិថុនា

ប្រាក់ . . . ជា​គ្រឿង​ការ​ពារ។—អទ. ៧:១២

សាឡូម៉ូន​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ ហើយ​គាត់​បាន​រស់​នៅ​ក្នុង​ផ្ទះ​ដ៏​ល្អ​ប្រណីត​និង​មាន​ផាសុកភាព។ (​១បស. ១០:៧, ១៤, ១៥​) រីឯ​លោក​យេស៊ូ​វិញ លោក​មិន​សូវ​មាន​ទ្រព្យ​សម្បត្តិ និង​គ្មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ទេ។ (​ម៉ាថ. ៨:២០​) ដោយ​សារ​ប្រាជ្ញា​របស់​បុរស​ទាំង​ពីរ​នាក់​នេះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា​ដូច​គ្នា នោះ​ពួក​គាត់​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្តិ។ សាឡូម៉ូន​បាន​និយាយ​ថា បើ​យើង​មាន​លុយ យើង​អាច​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ និង​ប្រហែល​ជា​អ្វី​មួយ​ចំនួន​ដែល​យើង​ចង់​បាន។ ប៉ុន្តែ ទោះ​ជា​សាឡូម៉ូន​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​យ៉ាង​ណា​ក្ដី គាត់​បាន​ទទួល​ស្គាល់​ថា​មាន​អ្វី​ផ្សេង​ដែល​សំខាន់​ជាង​លុយ។ ជា​ឧទាហរណ៍ គាត់​បាន​សរសេរ​ថា​៖ ​«​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល​»។ (​សុភ. ២២:១​) សាឡូម៉ូន​ក៏​បាន​សង្កេត​ឃើញ​ថា​មនុស្ស​ភាគ​ច្រើន​ដែល​ស្រឡាញ់​លុយ មិន​សូវ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួក​គេ​មាន​ទេ។ (​អទ. ៥:១០, ១២​) ម្យ៉ាង​ទៀត សាឡូម៉ូន​បាន​និយាយ​ថា យើង​មិន​គួរ​ចាត់​ទុក​លុយ​ថា​សំខាន់​បំផុត​ឡើយ ដោយ​សារ​ទោះ​ជា​យើង​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ លុយ​នោះ​អាច​បាត់​ទៅ​ក្នុង​មួយ​រំពេច។—សុភ. ២៣:៤, ៥ w​២២.០៥ ទំ.២១ វ.៤​-​៥

ថ្ងៃ​សុក្រ ទី​៧ ខែ​មិថុនា

ព្រះ​យេហូវ៉ា​កំពុង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ដើម្បី​បង្ហាញ​ការ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​ក្រោក​ឡើង​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ចំពោះ​អ្នក​រាល់​គ្នា។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យុត្តិធម៌។ មាន​សុភមង្គល​ហើយ! អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​លោក​ដោយ​ចិត្ត​រំភើប។—អេ. ៣០:១៨

ពេល​យើង​រំពឹង​គិត​អំពី​ពរ​ដែល​យើង​ទទួល​នៅ​ពេល​ថ្មី​ៗ​នេះ យើង​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត ពេល​យើង​គិត​អំពី​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ឲ្យ​យើង​នៅ​ថ្ងៃ​អនាគត សេចក្ដី​សង្ឃឹម​អំពី​ការ​បម្រើ​លោក​ជា​រៀង​រហូត​កាន់​តែ​ពិត​ប្រាកដ​ចំពោះ​យើង។ អ្វី​ទាំង​អស់​នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​អំណរ​កាន់​តែ​ខ្លាំង​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ។ ព្រះ​យេហូវ៉ា​«​នឹង​ក្រោក​ឡើង​»​ដើម្បី​យើង ពេល​ដែល​លោក​បំផ្លាញ​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ​ចោល។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​ដែល​«​ជា​ព្រះ​នៃ​យុត្តិធម៌​»​នឹង​មិន​អនុញ្ញាត​ឲ្យ​ពិភព​លោក​របស់​សាថាន​បន្ត​នៅ​យូរ ហួស​ពី​តម្រូវ​ការ​យុត្តិធម៌​របស់​លោក​ឡើយ។ (​អេ. ២៥:៩​) យើង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​នោះ​មក​ដល់។ ទម្រាំ​ដល់​ពេល​នោះ យើង​តាំង​ចិត្ត​បន្ត​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​អធិដ្ឋាន សិក្សា​និង​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ព្រម​ទាំង​រំពឹង​គិត​អំពី​ពរ​ផ្សេង​ៗ។ ពេល​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ដោយ​អំណរ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ w​២២.១១ ទំ.១៣ វ.១៨​-​១៩

ថ្ងៃ​សៅរ៍ ទី​៨ ខែ​មិថុនា

កុំ​បោះ​បង់​ចោល​ដំបូន្មាន​របស់​ម្ដាយ​កូន​ឡើយ។—សុភ. ១:៨

ទោះ​ជា​គម្ពីរ​មិន​រៀប​រាប់​អំពី​ការ​ជ្រមុជ​ទឹក​របស់​ធីម៉ូថេ​ក្ដី យើង​អាច​ស្រមៃ​ឃើញ​ថា​អឺនីស​ដែល​ជា​ម្ដាយ​គាត់​មាន​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ (​សុភ. ២៣:២៥​) ទោះ​ជា​មាន​ការ​ពិបាក​ក្ដី អឺនីស​បាន​បង្រៀន​កូន​ប្រុស​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​លោក។ ឪពុក​ម្ដាយ​របស់​ធីម៉ូថេ​មិន​កាន់​សាសនា​ដូច​គ្នា​ទេ។ ឪពុក​គាត់​ជា​ជន​ជាតិ​ក្រិច ហើយ​ម្ដាយ​និង​យាយ​គាត់​ជា​ជនជាតិ​យូដា។ (​សកម្ម. ១៦:១​) ធីម៉ូថេ​ទំនង​ជា​នៅ​វ័យ​ជំទង់ ពេល​ដែល​អឺនីស​និង​ឡូអ៊ីស​បាន​ទៅ​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ​ឪពុក​គាត់​មិន​បាន​ទៅ​ជា​គ្រិស្ត​សាសនិក​ទេ។ តើ​ធីម៉ូថេ​នឹង​ជ្រើស​រើស​យក​សាសនា​មួយ​ណា? ម្ដាយ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែរ។ ជាង​អ្វី​ណា​ទាំង​អស់ ពួក​គេ​ចង់​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​លោក​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខំ​ប្រឹង​របស់​ពួក​គេ។ (​សុភ. ១:៨, ៩​) ព្រះ​យេហូវ៉ា​បាន​ជួយ​ម្ដាយ​ជា​ច្រើន​នាក់​ឲ្យ​បង្រៀន​កូន​របស់​ពួក​គេ​ឲ្យ​ស្រឡាញ់​និង​បម្រើ​លោក។ w​២២.០៤ ទំ.១៦​-​១៧ វ.១​-​៣

ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា

ព្រះ​បណ្ដាល​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​គំនិត​របស់​លោក។—បប. ១៧:១៧

មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បណ្ដាល​ចិត្ត​របស់​រដ្ឋាភិបាល​ឲ្យ​«​ធ្វើ​តាម​គំនិត​របស់​លោក​»។ តើ​នោះ​មាន​លទ្ធផល​អ្វី? រដ្ឋាភិបាល​ទាំង​នោះ​ដែល​ជា​«​ស្ដេច​១០​»​នឹង​វាយ​ប្រហារ​សាសនា​មិន​ពិត ហើយ​បំផ្លាញ​វា​ចោល។ (​បប. ១៧:១, ២, ១២, ១៦​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ទី​បញ្ចប់​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​គឺ​ជិត​មក​ដល់? ដើម្បី​ដឹង​ចម្លើយ​ចំពោះ​សំណួរ​នេះ សូម​ចាំ​ថា​ក្រុង​បាប៊ីឡូន​សម័យ​បុរាណ​បាន​ត្រូវ​ការ​ពារ​ដោយ​ទឹក​ទន្លេ​ធំ​គឺ​ទន្លេ​អឺប្រាត។ សៀវភៅ​ការ​បើក​បង្ហាញ ប្រដូច​អ្នក​គាំទ្រ​រាប់​លាន​នាក់​របស់​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ទៅ​នឹង​«​ទឹក​»​ដែល​ការ​ពារ។ (​បប. ១៧:១៥​) ប៉ុន្តែ សៀវភៅ​នោះ​ក៏​បង្ហាញ​ថា ទឹក​នោះ​នឹង​«​រីង​ស្ងួត​អស់​»​ ហើយ​នោះ​បង្ហាញ​ថា​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក​នឹង​បាត់​បង់​អ្នក​គាំទ្រ​ជា​ច្រើន។ (​បប. ១៦:១២​) សព្វ​ថ្ងៃ​នេះ ទំនាយ​នោះ​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត ដោយ​សារ​មនុស្ស​ជា​ច្រើន​មិន​កាន់​សាសនា​ទេ ហើយ​ពួក​គេ​ស្វែង​រក​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ​នៅ​កន្លែង​ផ្សេង​ទៀត។ w​២២.០៧ ទំ.៥​-​៦ វ.១៤​-​១៥

ថ្ងៃ​ច័ន្ទ ទី​១០ ខែ​មិថុនា

អ្នក​ណា​ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា អ្នក​នោះ​ក៏​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​គ្មាន​សេចក្ដី​មេត្តា​ករុណា​ដែរ។ សេចក្ដី​មេត្តា​ករុណា​ឈ្នះ​ការ​វិនិច្ឆ័យ។—យ៉ា. ២:១៣

ការ​អភ័យ​ទោស​បង្ហាញ​អំពី​ចិត្ត​កតញ្ញូ​ដែល​យើង​មាន​ចំពោះ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​យេហូវ៉ា។ ក្នុង​ឧទាហរណ៍​មួយ លោក​យេស៊ូ​បាន​ប្រដូច​ព្រះ​យេហូវ៉ា​ទៅ​នឹង​ម្ចាស់​ម្នាក់​ដែល​លុប​បំណុល​ច្រើន​របស់​ខ្ញុំ​បម្រើ​ម្នាក់​ដែល​គ្មាន​លទ្ធភាព​សង។ ប៉ុន្តែ ខ្ញុំ​បម្រើ​នោះ​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្តា​ករុណា​ចំពោះ​ខ្ញុំ​បម្រើ​ម្នាក់​ដែល​ជំពាក់​គាត់​តិច​ជាង​នោះ​ឆ្ងាយ​ណាស់។ (​ម៉ាថ. ១៨:២៣​-​៣៥​) តើ​លោក​យេស៊ូ​បង្រៀន​យើង​អំពី​អ្វី? បើ​យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ចំពោះ​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​មក​លើ​យើង នោះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​អភ័យ​ទោស​អ្នក​ឯ​ទៀត។ (​ចសព. ១០៣:៩​) ច្រើន​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉ម​យាម​មួយ​ចែង​អំពី​ចំណុច​នេះ​ថា​៖ ​«​មិន​ថា​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ច្រើន​ដង​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​អាច​ស្មើ​នឹង​ការ​អភ័យ​ទោស​និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ចំពោះ​យើង តាម​រយៈ​គ្រិស្ត​ឡើយ​»។ អ្នក​ដែល​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​នឹង​ទទួល​ការ​អភ័យ​ទោស។ ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អ្នក​ឯ​ទៀត។ (​ម៉ាថ. ៥:៧​) លោក​យេស៊ូ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណុច​នេះ ពេល​ដែល​លោក​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​អំពី​របៀប​អធិដ្ឋាន។—ម៉ាថ. ៦:១៤, ១៥ w​២២.០៦ ទំ.១០ វ.៨​-​៩

ថ្ងៃ​អង្គារ ទី​១១ ខែ​មិថុនា

គ្រប់​ប្រជា​ជាតិ​នៅ​ផែន​ដី​នឹង​ទទួល​ពរ​តាម​រយៈ​កូន​ចៅ​របស់​អ្នក។—ដក. ២២:១៨

លោក​យេស៊ូ​បាន​មក​ផែន​ដី​ជា​មនុស្ស។ លោក​មាន​បុគ្គលិក​លក្ខណៈ​ដូច​បិតា​លោក​បេះ​បិទ។ (​យ៉ូន. ១៤:៩​) តាម​រយៈ​ការ​រៀន​អំពី​លោក យើង​បាន​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ យើង​ក៏​បាន​ទទួល​ប្រយោជន៍​ពី​ការ​បង្រៀន​របស់​លោក​យេស៊ូ ព្រម​ទាំង​ការ​ណែនាំ​របស់​លោក​កាល​ដែល​លោក​ដឹក​នាំ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ។ លោក​បាន​បង្រៀន​យើង​អំពី​របៀប​រស់​នៅ​ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ស្លាប់​របស់​លោក​យេស៊ូ។ ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រះ​យេហូវ៉ា​បាន​ទទួល​យក​គ្រឿង​បូជា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​បុត្រ​លោក ដែល​«​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់​»។ (​១យ៉ូន. ១:៧​) ឥឡូវ​លោក​ជា​ស្ដេច​អមតៈ​ដ៏​ខ្លាំង​ក្លា។ មិន​យូរ​ទៀត លោក​យេស៊ូ​នឹង​កិន​ក្បាល​របស់​សត្វ​ពស់។ (​ដក. ៣:១៥​) រាស្ត្រ​ព្រះ​នឹង​អរ​សប្បាយ​ជា​ខ្លាំង​ពេល​ដែល​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល! ទម្រាំ​ដល់​ពេល​នោះ សូម​កុំ​ឈប់​ព្យាយាម​ឡើយ! ព្រះ​របស់​យើង​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។ លោក​នឹង​ផ្ដល់​ពរ​ឥត​គណនា​ដល់​«​គ្រប់​ប្រជា​ជាតិ​នៅ​ផែន​ដី​»។ w​២២.០៧ ទំ.១៨ វ.១៣; ទំ.១៩ វ.១៩

ថ្ងៃ​ពុធ ទី​១២ ខែ​មិថុនា

យើង​មិន​អាច​ជៀស​ផុត​ពី​ការ​រង​ទុក្ខ​បែប​នោះ​ទេ។—១ថែ. ៣:៣

យើង​ត្រូវ​ចេះ​បត់​បែន​ពេល​កំណត់​គោល​ដៅ។ ហេតុ​អ្វី? ពីព្រោះ​យើង​មិន​អាច​គ្រប់​គ្រង​ស្ថានភាព​របស់​យើង​ទាំង​ស្រុង​បាន​ទេ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ជួយ​បង្កើត​ក្រុម​ជំនុំ​ថ្មី​នៅ​ក្រុង​ថែស្សាឡូនិច។ ប៉ុន្តែ ដោយ​សារ​ពួក​អ្នក​ប្រឆាំង ប៉ូល​ត្រូវ​ចាក​ចេញ​ពី​ក្រុង​នោះ។ (​សកម្ម. ១៧:១​-​៥, ១០​) បើ​ប៉ូល​បន្ត​ស្នាក់​នៅ​ទី​នោះ នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​បង​ប្អូន​ឯ​ទៀត។ ប៉ុន្តែ ប៉ូល​មិន​បាន​ឈប់​ព្យាយាម​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បត់​បែន​តាម​ស្ថានភាព​ថ្មី​នោះ។ ក្រោយ​មក គាត់​បាន​ចាត់​ធីម៉ូថេ​ឲ្យ​ទៅ​ជួយ​ពង្រឹង​ជំនឿ​របស់​គ្រិស្ត​សាសនិក​ថ្មី​នៅ​ក្រុង​ថែស្សាឡូនិច។ (​១ថែ. ៣:១, ២​) បង​ប្អូន​នៅ​ក្រុង​នោះ ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់។ យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​ប៉ូល​នៅ​ក្រុង​ថែស្សាឡូនិច។ យើង​ប្រហែល​ជា​កំពុង​ព្យាយាម​ឲ្យ​បាន​ឯកសិទ្ធិ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ ប៉ុន្តែ​ស្ថានភាព​ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន ប្រហែល​ជា​រា​រាំង​យើង​ពី​ការ​ទទួល​ឯកសិទ្ធិ​នោះ។ (​អទ. ៩:១១​) បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ ចូរ​កំណត់​គោល​ដៅ​ផ្សេង​ដែល​អ្នក​អាច​សម្រេច​បាន។ w​២២.០៤ ទំ.២៥​-​២៦ វ.១៤​-​១៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​មិថុនា

អ្នក​ណា​ដែល​បន្ត​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​មាន​សុភមង្គល។—យ៉ា. ១:១២

ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង ដោយ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ថ្ងៃ​អនាគត។ សូម​គិត​អំពី​ចំណុច​ខ្លះ​ពី​គម្ពីរ​ដែល​អាច​សម្រាល​ទុក្ខ​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។ ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា គ្មាន​អ្វី​ណា​នឹង​អាច​‹ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ឡើយ› ហើយ​នេះ​រួម​មាន​ទុក្ខ​លំបាក​ធ្ងន់​ធ្ងរ​ផង​ដែរ។ (​រ៉ូម ៨:៣៨, ៣៩​) លោក​ក៏​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា លោក​«​នៅ​ជិត​អស់​អ្នក​ដែល​ហៅ​រក​លោក​»​ក្នុង​សេចក្ដី​អធិដ្ឋាន។ (​ចសព. ១៤៥:១៨​) ព្រះ​យេហូវ៉ា​ប្រាប់​យើង​ថា បើ​យើង​ពឹង​ផ្អែក​លើ​លោក យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ក៏​ដោយ ហើយ​មាន​អំណរ​ទោះ​ជា​យើង​រង​ទុក្ខ​ក្ដី។ (​១កូ. ១០:១៣; យ៉ា. ១:២​) បណ្ដាំ​របស់​ព្រះ​ក៏​រំលឹក​យើង​ថា ទុក្ខ​លំបាក​របស់​យើង​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ឬ​បណ្ដោះ​អាសន្ន ពេល​ប្រៀប​ធៀប​នឹង​រង្វាន់​ដ៏​ស្ថិត​ស្ថេរ​ដែល​លោក​ផ្ដល់​ឲ្យ​យើង។ (​២កូ. ៤:១៦​-​១៨​) ព្រះ​យេហូវ៉ា​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ ដែល​ថា​លោក​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​បង្ក​ឲ្យ​យើង​មាន​បញ្ហា ពោល​គឺ​មេ​កំណាច​សាថាន​និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ដូច​វា។ (​ចសព. ៣៧:១០​) តើ​អ្នក​បាន​ទន្ទេញ​ចាំ​ខ​គម្ពីរ​ខ្លះ​ដែល​សម្រាល​ទុក្ខ​អ្នក ដើម្បី​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​ថ្ងៃ​អនាគត​ឬ​ទេ? w​២២.០៨ ទំ.១១ វ.១១

ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា

ចូរ​បន្ត​ពិចារណា​អំពី​អ្វី​ៗ​ទាំង​នោះ។—ភី. ៤:៨

តើ​អ្នក​ធ្លាប់​បារម្ភ​ថា​អ្នក​មិន​អាច​បន្ត​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឬ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ឬ​ទេ? ព្រះ​យេហូវ៉ា​សន្យា​ថា សេចក្ដី​សុចរិត​របស់​យើង​អាច​ប្រៀប​«​ដូច​ជា​រលក​សមុទ្រ​»។ (​អេ. ៤៨:១៨​) សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ឈរ​នៅ​លើ​ច្រាំង​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ ហើយ​សម្លឹង​មើល​ទៅ​រលក​ដែល​បក់​បោក​ឥត​ឈប់ មួយ​ហើយ​មួយ​ទៀត។ នៅ​ក្នុង​បរិយាកាស​ដ៏​ស្ងប់​នោះ តើ​នៅ​សុខ​ៗ​អ្នក​នឹង​បារម្ភ​ថា​នៅ​ថ្ងៃ​ណា​មួយ​រលក​ទាំង​នោះ​នឹង​ឈប់​បក់​មក​ឬ​ទេ? អ្នក​ប្រាកដ​ជា​នឹង​មិន​គិត​ដូច្នេះ​ទេ! អ្នក​ដឹង​ថា​វា​នឹង​បន្ត​បក់​បោក​មក​រហូត។ សេចក្ដី​សុចរិត​របស់​អ្នក​អាច​ប្រៀប​ដូច​ជា​រលក​សមុទ្រ! តើ​តាម​របៀប​ណា? ពេល​អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ សូម​ពិចារណា​ជា​មុន​សិន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ។ បន្ទាប់​មក សូម​ធ្វើ​នោះ។ មិន​ថា​ការ​សម្រេច​ចិត្ត​ពិបាក​យ៉ាង​ណា​ក្ដី បិតា​ដែល​ស្រឡាញ់​អ្នក​នឹង​តែង​តែ​ផ្ដល់​កម្លាំង​ឲ្យ​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​បន្ត​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ជា​រៀង​រាល់​ថ្ងៃ។—អេ. ៤០:២៩​-​៣១ w​២២.០៨ ទំ.៣០ វ.១៥​-​១៧

ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មិថុនា

ពេល​ដែល​គ្រា​១.០០០​ឆ្នាំ​ផុត​ភ្លាម សាថាន​នឹង​ត្រូវ​ដោះ​លែង​ពី​គុក។—បប. ២០:៧

នៅ​ដំណាច់​គ្រា​១.០០០​ឆ្នាំ សាថាន​នឹង​ត្រូវ​ដោះ​លែង។ ពេល​នោះ​វា​នឹង​ព្យាយាម​បំភាន់​មនុស្ស​ល្អ​ឥត​ខ្ចោះ។ ក្នុង​អំឡុង​ការ​សាក​ល្បង​នោះ មនុស្ស​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​នៅ​ផែន​ដី​នឹង​មាន​ឱកាស​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គេ​នឹង​លើក​កិត្តិយស​នាម​ព្រះ​និង​គាំទ្រ​ការ​គ្រប់​គ្រង​របស់​លោក​ឬ​យ៉ាង​ណា។ (​បប. ២០:៨​-​១០​) អ្វី​ដែល​ពួក​គេ​ម្នាក់​ៗ​ធ្វើ​នៅ​ពេល​នោះ នឹង​បង្ហាញ​ថា​ឈ្មោះ​របស់​ពួក​គេ​គួរ​ឬ​មិន​គួរ​សរសេរ​ជាប់​នៅ​ក្នុង​សៀវភៅ​ជីវិត។ គម្ពីរ​ប្រាប់​យើង​ថា ដូច​អាដាម​និង​អេវ៉ា អ្នក​ខ្លះ​នឹង​មិន​ស្មោះ​ត្រង់ ហើយ​នឹង​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ? ការ​បើក​បង្ហាញ ២០:១៥​ប្រាប់​យើង​ថា​៖ ​«​អ្នក​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវិត អ្នក​នោះ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​»។ មែន​ហើយ ពួក​អ្នក​បះ​បោរ​ទាំង​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ ប៉ុន្តែ មនុស្ស​ល្អ​ឥត​ខ្ចោះ​ភាគ​ច្រើន​នឹង​ឆ្លង​កាត់​ការ​សាក​ល្បង​ចុង​ក្រោយ​នេះ។ w​២២.០៩ ទំ.២៣​-​២៤ វ.១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មិថុនា

អ្នក​រាល់​គ្នា​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ទទួល​ការ​កាត់​ចុង​ស្បែក​តាម​ទំនៀម​ទម្លាប់​ម៉ូសេ។—សកម្ម. ១៥:១

បុគ្គល​ខ្លះ​ក្នុង​ក្រុម​ជំនុំ​នៅ​សតវត្សរ៍​ទី​១​បាន​និយាយ​ថា គ្រិស្ត​សាសនិក​ដែល​មិន​មែន​ជា​ជនជាតិ​យូដា​គួរ​តែ​កាត់​ចុង​ស្បែក ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​រិះ​គន់​ពួក​គេ។ (​កាឡ. ៦:១២​) សាវ័ក​ប៉ូល​មិន​យល់​ស្រប​នឹង​ទស្សនៈ​នេះ​ទាល់​តែ​សោះ។ ប៉ុន្តែ​ជា​ជាង​ទាម​ទារ​ឲ្យ​គេ​ធ្វើ​តាម​គំនិត​របស់​គាត់ ដោយ​ចិត្ត​រាប​ទាប​គាត់​បាន​សុំ​យោបល់​ពី​ពួក​សាវ័ក​និង​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម។ (​សកម្ម. ១៥:២​) ដោយ​សារ​ប៉ូល​បាន​ធ្វើ​ដូច្នេះ គាត់​បាន​ជួយ​គ្រិស្ត​សាសនិក​ទាំង​នោះ​ឲ្យ​រក្សា​សន្តិភាព​និង​អំណរ​ក្នុង​ក្រុម​ជំនុំ។ (​សកម្ម. ១៥:៣០, ៣១​) បើ​មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​ខ្លាំង​កើត​ឡើង យើង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដោយ​ស្វែង​រក​ការ​ណែនាំ​ពី​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ឲ្យ​មើល​ថែ​ក្រុម​ជំនុំ។ ការ​ណែនាំ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ច្រើន​តែ​អាច​រក​ឃើញ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ឬ​ក្នុង​ការ​ណែនាំ​ដែល​អង្គការ​ព្រះ​ផ្ដល់​ឲ្យ។ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ ជា​ជាង​ប្រកាន់​យក​ទស្សនៈ​របស់​ខ្លួន យើង​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ក្នុង​ក្រុម​ជំនុំ។ w​២២.០៨ ទំ.២២ វ.៨​-​៩

ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មិថុនា

មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា។—សុភ. ១៧:១៧

ជួន​កាល យើង​ភាគ​ច្រើន​ត្រូវ​ការ​ប្រាប់​អារម្មណ៍​របស់​យើង​ដល់​មិត្ត​ភក្តិ​ជិត​ស្និទ្ធ។ ប៉ុន្តែ ពេល​ខ្លះ​គឺ​ពិបាក​ឲ្យ​យើង​ធ្វើ​ដូច្នេះ។ យើង​ប្រហែល​ជា​មិន​ងាយ​ស្រួល​ប្រាប់​អារម្មណ៍​កប់​ជ្រៅ​របស់​យើង​ទៅ​អ្នក​ណា​ម្នាក់​ទេ ហើយ​យើង​នឹង​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង បើ​យើង​ដឹង​ថា​ក្រោយ​មក​មិត្ត​ភក្តិ​របស់​យើង​យក​រឿង​យើង​ទៅ​ប្រាប់​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ យើង​សប្បាយ​ចិត្ត​ណាស់ ពេល​មាន​មិត្ត​ភក្តិ​ចេះ​រក្សា​រឿង​សម្ងាត់​របស់​យើង! ពួក​អ្នក​ចាស់​ទុំ​ដែល​រក្សា​រឿង​សម្ងាត់​«​ប្រៀប​ដូច​ជា​ទី​បាំង​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ពី​ព្យុះ​ភ្លៀង​»​សម្រាប់​បង​ប្អូន​រួម​ជំនឿ។ (​អេ. ៣២:២​) យើង​អាច​និយាយ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ​អំពី​អ្វី​ណា​ក៏​បាន ដោយ​សារ​យើង​ដឹង​ថា​អ្វី​ដែល​យើង​ប្រាប់ ពួក​គេ​នឹង​រក្សា​ជា​ការ​សម្ងាត់។ យើង​មិន​ព្យាយាម​បង្ខំ​ពួក​គេ​ឲ្យ​ប្រាប់​យើង​អំពី​រឿង​ដែល​ពួក​គេ​គួរ​រក្សា​ជា​ការ​សម្ងាត់​ឡើយ។ បន្ថែម​ទៅ​ទៀត យើង​ឲ្យ​តម្លៃ​ចំពោះ​ប្រពន្ធ​របស់​ពួក​អ្នក​ចាស់​ទុំ ដោយ​សារ​ពួក​គេ​មិន​ព្យាយាម​ទាម​ទារ​ប្ដី​របស់​ពួក​គេ​ឲ្យ​ប្រាប់​ព័ត៌មាន​សម្ងាត់​អំពី​អ្នក​ឯ​ទៀត​ទេ។ គឺ​ជា​ពរ​មួយ​ដែល​ប្រពន្ធ​របស់​ពួក​អ្នក​ចាស់​ទុំ​មិន​ដឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​អំពី​បង​ប្អូន។ w​២២.០៩ ទំ.១១ វ.១០​-​១១

ថ្ងៃ​អង្គារ ទី​១៨ ខែ​មិថុនា

ខ្ញុំ​ជា​ព្រះ។ ប្រជា​ជាតិ​នានា​នឹង​លើក​តម្កើង​ខ្ញុំ។—ចសព. ៤៦:១០

យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ក្នុង​អំឡុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​ម៉ាថ. ២៤:២១; ដាន. ១២:១​) លោក​នឹង​ធ្វើ​ដូច្នេះ នៅ​ពេល​ដែល​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា​ដែល​បាន​ត្រូវ​ហៅ​ថា​កូក​នៃ​ស្រុក​ម៉ាកូក វាយ​ប្រហារ​យ៉ាង​សាហាវ​មក​លើ​ពួក​អ្នក​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក។ សូម្បី​តែ​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា​នោះ រួម​មាន​សមាជិក​ទាំង​អស់​ចំនួន​១៩៣​នៃ​អង្គការ​សហប្រជាជាតិ​ព្រួត​ដៃ​គ្នា ក៏​ពួក​គេ​មិន​អាច​យក​ឈ្នះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​កង​ទ័ព​របស់​លោក​នៅ​ស្ថាន​សួគ៌​បាន​ឡើយ! ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ​«​ខ្ញុំ​នឹង​លើក​តម្កើង​ខ្លួន​ខ្ញុំ ហើយ​ញែក​ខ្លួន​ខ្ញុំ​ជា​បរិសុទ្ធ ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជា​ជាតិ​ជា​ច្រើន​ស្គាល់​ខ្ញុំ​ទៀត​ផង។ ពេល​នោះ ពួក​គេ​នឹង​ដឹង​ថា​ខ្ញុំ​នេះ​ហើយ​ជា​យេហូវ៉ា​»។ (​អេគ. ៣៨:១៤​-​១៦, ២៣​) ការ​វាយ​ប្រហារ​របស់​កូក​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​អាម៉ាគេដូន ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​«​ស្ដេច​ទាំង​ឡាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ (​បប. ១៦:១៤, ១៦; ១៩:១៩​-​២១​) ផ្ទុយ​ពី​ពួក​អ្នក​ទាំង​នោះ ​«​មាន​តែ​មនុស្ស​ទៀង​ត្រង់​ប៉ុណ្ណោះ​ដែល​រស់​នៅ​ផែន​ដី​ជា​ដរាប ហើយ​អ្នក​ដែល​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​នឹង​អាស្រ័យ​នៅ​ទី​នោះ​ជា​រៀង​រហូត​»។—សុភ. ២:២១, កំ.ស. w​២២.១០ ទំ.១៦​-​១៧ វ.១៦​-​១៧

ថ្ងៃ​ពុធ ទី​១៩ ខែ​មិថុនា

[​ព្រះ​]​មាន​បំណង​ប្រាថ្នា​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ និង​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត។—១ធី. ២:៤

យើង​មិន​អាច​មើល​ឃើញ​ចិត្ត​របស់​អ្នក​ឯ​ទៀត​ឡើយ គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​«​ពិនិត្យ​មើល​បំណង​ចិត្ត​»។ (​សុភ. ១៦:២​) លោក​ស្រឡាញ់​មនុស្ស​គ្រប់​ប្រភេទ មិន​ថា​មក​ពី​មជ្ឈដ្ឋាន​និង​វប្បធម៌​ណា​ក៏​ដោយ។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​បើក​ចិត្ត​ឲ្យ​ទូលាយ​»។ (​២កូ. ៦:១៣​) យើង​ព្យាយាម​ស្រឡាញ់​បង​ប្អូន​របស់​យើង​ទាំង​អស់ មិន​មែន​វិនិច្ឆ័យ​ពួក​គេ​ទេ។ នេះ​ក៏​មាន​ន័យ​ថា​យើង​មិន​វិនិច្ឆ័យ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ជំនុំ​ដែរ។ តើ​អ្នក​នឹង​វិនិច្ឆ័យ​សាច់​ញាតិ​ណា​ម្នាក់​ដែល​មិន​មែន​ជា​សាក្សី​ឬ​ទេ ដោយ​និយាយ​ថា ​«​គាត់​ម្នាក់​ហ្នឹង​មុខ​ជា​គ្មាន​ថ្ងៃ​ចូល​សេចក្ដី​ពិត​ទេ​»​? មិន​មែន​ទេ។ ការ​ធ្វើ​ដូច្នេះ​គឺ​ហួស​ពី​សិទ្ធិ​របស់​ខ្លួន ហើយ​បង្ហាញ​ថា​អ្នក​ជឿ​ជាក់​ថា​ខ្លួន​សុចរិត។ ព្រះ​យេហូវ៉ា​នៅ​តែ​ផ្ដល់​ឱកាស​ដល់​«​មនុស្សជាតិ​នៅ​គ្រប់​ទី​កន្លែង​»​ឲ្យ​ប្រែ​ចិត្ត។ (​សកម្ម. ១៧:៣០​) សូម​ចាំ​ជា​និច្ច​ថា​ការ​ជឿ​ជាក់​ថា​ខ្លួន​សុចរិត​គឺ​ជា​អ្វី​មួយ​ដែល​មិន​សុចរិត​ទេ។ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​យើង​អរ​សប្បាយ ហើយ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ឯ​ទៀត ដើម្បី​យើង​អាច​ជួយ​ពួក​គេ​ឲ្យ​ចូល​កាន់​តែ​ជិត​យើង​និង​ព្រះ​របស់​យើង។ w​២២.០៨ ទំ.៣១ វ.២០​-​២២

ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មិថុនា

ពួក​គេ​នឹង​ដឹង​ច្បាស់​ថា​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ។—អេគ. ២:៥

យើង​អាច​រំពឹង​ថា​យើង​នឹង​ទទួល​ការ​ប្រឆាំង​ពេល​យើង​ផ្សព្វ​ផ្សាយ។ ការ​ប្រឆាំង​នោះ​ទំនង​ជា​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​ថ្ងៃ​អនាគត។ (​ដាន. ១១:៤៤; ២ធី. ៣:១២; បប. ១៦:២១​) ប៉ុន្តែ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ។ ហេតុ​អ្វី? ពីព្រោះ​លោក​តែង​តែ​បាន​ជួយ​អ្នក​បម្រើ​លោក​ឲ្យ​សម្រេច​ភារកិច្ច​របស់​ពួក​គេ មិន​ថា​ភារកិច្ច​នោះ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ សូម​ពិចារណា​អំពី​អ្នក​ប្រកាស​ទំនាយ​អេសេគាល ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដល់​និរទេស​ជន​ជនជាតិ​យូដា​នៅ​ស្រុក​បាប៊ីឡូន។ តើ​អេសេគាល​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​បែប​ណា​ខ្លះ? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​ជា​អ្នក​ដែល​«​មាន​ចិត្ត​មានះ​»​ ​«​ក្បាល​រឹង​»​ និង​«​បះ​បោរ​ប្រឆាំង​»។ ពួក​គេ​ប្រៀប​ដូច​ជា​បន្លា​និង​ខ្យា​ដំរី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ‹ចូរ​កុំ​ខ្លាច​ឡើយ›! (​អេគ. ២:៣​-​៦​) អេសេគាល​អាច​បំពេញ​ភារកិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់​ដោយ​សារ (​១​) ព្រះ​យេហូវ៉ា​ចាត់​គាត់ (​២​) ឫទ្ធានុភាព​របស់​ព្រះ​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ និង(​៣​) បណ្ដាំ​ព្រះ​ពង្រឹង​ជំនឿ​របស់​គាត់។ w​២២.១១ ទំ.២ វ.១​-​២

ថ្ងៃ​សុក្រ ទី​២១ ខែ​មិថុនា

នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន។—ដក. ២:១៧

ជីវិត​ទាំង​ឡាយ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​នៅ​លើ​ផែន​ដី នៅ​ទី​បំផុត​នឹង​ស្លាប់ លើក​លែង​តែ​មនុស្សជាតិ​ប៉ុណ្ណោះ។ លោក​បាន​ឲ្យ​គូ​ប្ដី​ប្រពន្ធ​ដំបូង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ឯក​អំពី​ការ​មិន​ស្លាប់។ ព្រះ​យេហូវ៉ា​ក៏​បាន​បង្កើត​យើង​ឲ្យ​មាន​បំណង​ចិត្ត​ជា​ខ្លាំង​ដើម្បី​បន្ដ​រស់​នៅ។ គម្ពីរ​ចែង​ថា​៖ ​«​[​ព្រះ​]​បាន​ដាក់​គំនិត​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ក្នុង​ចិត្ត​មនុស្ស​»។ (​អទ. ៣:១១​) នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​យើង​ចាត់​ទុក​សេចក្ដី​ស្លាប់​ជា​សត្រូវ។ (​១កូ. ១៥:២៦​) បើ​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ តើ​យើង​មិន​ធ្វើ​អ្វី​សោះ ហើយ​គ្រាន់​តែ​ដេក​ចាំ​ស្លាប់​ឬ? មិន​មែន​ទេ។ ជា​ធម្មតា​យើង​ទៅ​ជួប​ពេទ្យ ហើយ​ប្រហែល​ជា​ខំ​លេប​ថ្នាំ​ដើម្បី​ជា​ពី​ជំងឺ។ យើង​ច្បាស់​ជា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​កុំ​ឲ្យ​ស្លាប់។ ម្យ៉ាង​ទៀត ពេល​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់ មិន​ថា​គាត់​ក្មេង​ឬ​ចាស់​ក្ដី យើង​កើត​ទុក្ខ​យ៉ាង​ខ្លាំង​អស់​រយៈ​ពេល​យូរ។ (​យ៉ូន. ១១:៣២, ៣៣​) ច្បាស់​ណាស់ អ្នក​បង្កើត​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​មិន​ឲ្យ​យើង​មាន​បំណង​ប្រាថ្នា​និង​សមត្ថភាព​រស់​ជា​រៀង​រហូត បើ​នោះ​មិន​មែន​ជា​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ។ w​២​២.១២ ទំ.៣ វ.៥; ទំ.៤ វ.៧

ថ្ងៃ​សៅរ៍ ទី​២២ ខែ​មិថុនា

បង​ប្អូន​របស់​អ្នក​រាល់​គ្នា​ពេញ​ពិភព​លោក​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ។—១ពេ. ៥:៩

បង​ប្អូន​រួម​ជំនឿ​ជា​ច្រើន​នាក់​ធ្លាក់​ខ្លួន​ឈឺ ភ័យ​ខ្លាច ឬ​ឯកោ​នៅ​គ្រា​ដ៏​លំបាក​នេះ។ សូម​ព្យាយាម​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​បង​ប្អូន។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​រក្សា​គម្លាត មិន​ថា​ពេល​យើង​នៅ​ជា​មួយ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​ក៏​ដោយ។ នៅ​គ្រា​ដូច​នេះ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​សាវ័ក​យ៉ូហាន។ គាត់​ចង់​ជួប​មិត្ត​សម្លាញ់​របស់​គាត់​ឈ្មោះ​កៃយុស​ដោយ​ផ្ទាល់។ (​៣យ៉ូន. ១៣, ១៤​) ប៉ុន្តែ គាត់​ទទួល​ស្គាល់​ថា​អស់​មួយ​រយៈ​ពេល គាត់​មិន​អាច​ជួប​កៃយុស​ទេ។ ដូច្នេះ យ៉ូហាន​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ គឺ​គាត់​បាន​សរសេរ​សំបុត្រ​ឲ្យ​កៃយុស។ បើ​អ្នក​មិន​តែង​តែ​អាច​ទៅ​ជួប​បង​ប្អូន​ដោយ​ផ្ទាល់ សូម​ព្យាយាម​ទាក់​ទង​ពួក​គេ​តាម​វិធី​ផ្សេង​ទៀត។ ពេល​អ្នក​រក្សា​ទំនាក់​ទំនង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ អ្នក​នឹង​មិន​សូវ​មាន​អារម្មណ៍​ឯកោ ហើយ​មាន​ចិត្ត​ស្ងប់​ជាង។ សូម​ទាក់​ទង​ទៅ​ពួក​អ្នក​ចាស់​ទុំ​បើ​អ្នក​ខ្វល់​ចិត្ត​ជា​ខ្លាំង ហើយ​សូម​ទទួល​យក​ការ​លើក​ទឹក​ចិត្ត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ពួក​គេ។—អេ. ៣២:១, ២ w​២២.១២ ទំ.១៧​-​១៨ វ.៦​-​៧

ថ្ងៃ​អាទិត្យ ទី​២៣ ខែ​មិថុនា

ប៉ូទីផា​បាន​ឲ្យ​គេ​ចាប់​យ៉ូសែប​យក​ទៅ​ដាក់​គុក ជា​កន្លែង​ដែល​គេ​ដាក់​អ្នក​ទោស​របស់​ស្ដេច។—ដក. ៣៩:២០

គម្ពីរ​ប្រាប់​ថា មាន​ពេល​មួយ​គេ​ដាក់​ខ្នោះ​ជើង​យ៉ូសែប ហើយ​យក​ខ្នោះ​ដែក​ដាក់​ក​គាត់។ (​ចសព. ១០៥:១៧, ១៨​) ស្ថានភាព​របស់​យ៉ូសែប​ពី​អាក្រក់​ទៅ​កាន់​តែ​អាក្រក់។ គាត់​បាន​ធ្លាក់​ខ្លួន​ពី​ខ្ញុំ​បម្រើ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ទៅ​ជា​អ្នក​ទោស​ម្នាក់។ តើ​អ្នក​ធ្លាប់​ជួប​ស្ថានភាព​ដ៏​តាន​តឹង​ដែល​កាន់​តែ​អាក្រក់​ទៅ​ទោះ​ជា​អ្នក​បាន​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ឬ​ទេ? នេះ​អាច​កើត​ឡើង។ ព្រះ​យេហូវ៉ា​មិន​ការ​ពារ​យើង​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ក្នុង​ពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន​ទេ។ (​១យ៉ូន. ៥:១៩​) ប៉ុន្តែ អ្នក​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​អ្វី​ដែល​អ្នក​កំពុង​ឆ្លង​កាត់ ហើយ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ (​ម៉ាថ. ១០:២៩​-​៣១; ១ពេ. ៥:៦, ៧​) លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។ (​ហេ. ១៣:៥​) ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ ទោះ​ជា​ស្ថានភាព​របស់​អ្នក​មើល​ទៅ​អស់​សង្ឃឹម​ក្ដី។ w​២​៣.០១ ទំ.១៦ វ.៧​-​៨

ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​មិថុនា

ព្រះ​នៃ​យើង . . . នឹង​អភ័យ​ទោស​ឲ្យ​ជា​បរិបូរ។—អេ. ៥៥:៧

បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​របស់​យើង​នឹង​មិន​បោះ​បង់​ចោល​យើង​ពេល​ដែល​យើង​ធ្វើ​ខុស។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ​ពេល​ពួក​គេ​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ព្រះ​បាន​អភ័យ​ទោស​ឲ្យ​ពួក​គេ។ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក៏​បាន​ដឹង​ថា​ព្រះ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់។ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​ដាស់​តឿន​ពួក​អ្នក​ជឿ​គ្នី​គ្នា​ឲ្យ​‹អភ័យ​ទោស ហើយ​សម្រាល​ទុក្ខ›​បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ជា​ទម្លាប់ តែ​បាន​ប្រែ​ចិត្ត។ (​២កូ. ២:៦, ៧; ១កូ. ៥:១​-​៥​) គឺ​គួរ​ឲ្យ​អស្ចារ្យ​ណាស់​ដែល​ព្រះ​យេហូវ៉ា​មិន​បដិសេធ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក ដោយ​សារ​តែ​ពួក​គេ​បាន​ធ្វើ​ខុស! ផ្ទុយ​ទៅ​វិញ ដោយ​សេចក្ដី​ស្រឡាញ់ លោក​បាន​ជួយ​ពួក​គេ កែ​តម្រង់​ពួក​គេ និង​អញ្ជើញ​ពួក​គេ​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក​ម្ដង​ទៀត។ លោក​សន្យា​ថា​លោក​នឹង​ធ្វើ​ដូច​គ្នា​ចំពោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ប្រែ​ចិត្ត​នៅ​សព្វ​ថ្ងៃ​នេះ។ (​យ៉ា. ៤:៨​-​១០​) គម្ពីរ​បង្ហាញ​អំពី​ប្រាជ្ញា យុត្តិធម៌ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ សៀវភៅ​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្គាល់​លោក ហើយ​លោក​ចង់​ឲ្យ​យើង​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ w​២៣.០២ ទំ.៧ វ.១៦​-​១៧

ថ្ងៃ​អង្គារ ទី​២៥ ខែ​មិថុនា

គឺ​ជា​ការ​ល្អ​ប្រពៃ​ដែល​អ្នក​រាល់​គ្នា​កំពុង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទំនាយ​នោះ។—២ពេ. ១:១៩

មាន​មូលហេតុ​ល្អ​ដែល​យើង​ចាប់​អារម្មណ៍​ចំពោះ​របៀប​ដែល​ព្រឹត្តិការណ៍​ថ្មី​ៗ​ក្នុង​ពិភព​លោក​នេះ​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ប្រាប់​អ្វី​មួយ​ចំនួន​ដែល​នឹង​កើត​ឡើង​ដើម្បី​ជួយ​យើង​ឲ្យ​ដឹង​ថា​ពេល​ណា​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​របស់​សាថាន​ជិត​មក​ដល់។ (​ម៉ាថ. ២៤:៣​-​១៤​) សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្រេច​នៃ​ទំនាយ​ក្នុង​គម្ពីរ​ដើម្បី​ឲ្យ​ជំនឿ​របស់​យើង​នៅ​រឹង​មាំ។ (​២ពេ. ១:២០, ២១​) គាត់​ចង់​ឲ្យ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ពេល​គិត​ពិចារណា​ទំនាយ​ក្នុង​គម្ពីរ។ គាត់​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ចាំ​ជាប់​ជា​និច្ច​នូវ​ការ​មក​ដល់​នៃ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»។ (​២ពេ. ៣:១១​-​១៣​) ហេតុ​អ្វី? មិន​មែន​ដោយ​សារ​យើង​ព្យាយាម​ចង់​ដឹង​«​ថ្ងៃ​និង​ម៉ោង​»​ដែល​ព្រះ​យេហូវ៉ា​នឹង​នាំ​មក​នូវ​សង្គ្រាម​អាម៉ាគេដូន​ទេ ប៉ុន្តែ​ដោយ​សារ​យើង​ចង់​ប្រើ​ពេល​វេលា​ដែល​នៅ​សល់​ដើម្បី​«​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»។ (​ម៉ាថ. ២៤:៣៦; លូក. ១២:៤០​) យើង​ចង់​រក្សា​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ប្រាកដ​ថា​ការ​ខំ​ព្យាយាម​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​យើង​ចំពោះ​លោក។ ដើម្បី​បន្ដ​ផ្ចង់​អារម្មណ៍​ចំពោះ​អ្វី​ទាំង​នេះ យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ឲ្យ​សោះ។ w​២៣.០២ ទំ.១៦ វ.៤, ៦

ថ្ងៃ​ពុធ ទី​២៦ ខែ​មិថុនា

ខ្ញុំ​មាន​ចៀម​ឯ​ទៀត . . . ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។—យ៉ូន. ១០:១៦

មាន​អ្វី​ដែល​«​ចៀម​ឯ​ទៀត​»​ត្រូវ​ធ្វើ​នៅ​ឥឡូវ​នេះ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ យើង​ត្រូវ​បង្ហាញ​អំពី​អារម្មណ៍​របស់​យើង​ចំពោះ​លោក​យេស៊ូ។ ជា​ឧទាហរណ៍ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​តាម​រយៈ​របៀប​ដែល​យើង​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​របស់​លោក​ដែល​ព្រះ​បាន​រើស​តាំង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​វិនិច្ឆ័យ​ចៀម​ស្រប​ទៅ​តាម​របៀប​ដែល​ពួក​គេ​ប្រព្រឹត្ត​ទៅ​លើ​បង​ប្អូន​របស់​លោក។ (​ម៉ាថ. ២៥:៣១​-​៤០​) យើង​អាច​គាំទ្រ​ពួក​គេ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​ម៉ាថ. ២៨:១៨​-​២០​) យើង​មិន​ចាំ​បាច់​ចាំ​រហូត​ដល់​យើង​រស់​នៅ​សួន​ឧទ្យាន ទើប​យើង​ធ្វើ​ជា​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រស់​នៅ​ទី​នោះ​ទេ។ ឥឡូវ​នេះ យើង​អាច​ព្យាយាម​ទៀង​ត្រង់​ក្នុង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង ហើយ​មាន​តុល្យភាព​ក្នុង​ជីវិត។ ម្យ៉ាង​ទៀត យើង​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា គូ​អាពាហ៍ពិពាហ៍ និង​បង​ប្អូន​រួម​ជំនឿ។ បើ​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​ក្នុង​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ នោះ​នឹង​ស្រួល​ជាង​ឲ្យ​យើង​ស្ដាប់​បង្គាប់​លោក​នៅ​សួន​ឧទ្យាន។ យើង​ក៏​អាច​បង្កើន​ជំនាញ​និង​គុណ​សម្បត្តិ​ផ្សេង​ៗ​ដើម្បី​បង្ហាញ​ថា យើង​កំពុង​ត្រៀម​ខ្លួន​រស់​នៅ​ទី​នោះ។ w​២២.១២ ទំ.១១​-​១២ វ.១៤​-​១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មិថុនា

អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ។—យ៉ូន. ១៤:២១

យើង​ស្រឡាញ់​លោក​យេស៊ូ​ជា​ស្ដេច​របស់​យើង​ដោយ​សារ​លោក​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​បង្ហាត់​បង្រៀន​និង​តែង​តាំង​បុត្រ​លោក​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង។ (​អេ. ៥០:៤, ៥​) សូម​គិត​ផង​ដែរ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដែល​លោក​យេស៊ូ​បាន​បង្ហាញ។ (​យ៉ូន. ១៣:១​) ក្នុង​នាម​ជា​ស្ដេច​របស់​យើង លោក​យេស៊ូ​ពិត​ជា​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​អ្នក។ លោក​បាន​ពន្យល់​ថា​ពួក​អ្នក​ដែល​ពិត​ជា​ស្រឡាញ់​លោក ពោល​គឺ​ពួក​អ្នក​ដែល​លោក​ហៅ​ថា​ជា​មិត្ត​សម្លាញ់​របស់​លោក បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ដោយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​លោក។ (​យ៉ូន. ១៤:១៥; ១៥:១៤, ១៥​) ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​បុត្រ​ព្រះ​យេហូវ៉ា​ពិត​ជា​កិត្តិយស​មែន! អ្នក​ដឹង​ថា​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប និង​យក​តម្រាប់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ អ្នក​បាន​រៀន​ថា​លោក​បាន​ផ្ដល់​អាហារ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន សម្រាល​ទុក្ខ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៤:១៤​-​២១​) អ្នក​បាន​ឃើញ​របៀប​ដែល​លោក​ដឹក​នាំ​ក្រុម​ជំនុំ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថ. ២៣:១០​) ម្យ៉ាង​ទៀត អ្នក​ដឹង​ថា​លោក​នឹង​ធ្វើ​ច្រើន​ជាង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​អនាគត​ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ស្រឡាញ់​លោក​តាម​របៀប​ណា? គឺ​ដោយ​ធ្វើ​តាម​គំរូ​របស់​លោក។ អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​ដូច្នេះ​ដោយ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ w​២៣.០៣ ទំ.៤ វ.៨, ១០

ថ្ងៃ​សុក្រ ទី​២៨ ខែ​មិថុនា

ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ចុះ។ តើ​អ្នក​ណា​បាន​បង្កើត​អ្វី​ៗ​ទាំង​នោះ?—អេ. ៤០:២៦

ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ទាំង​អស់​នៅ​លើ​មេឃ ព្រម​ទាំង​អ្វី​ៗ​នៅ​ផែន​ដី​និង​ក្នុង​សមុទ្រ ហើយ​អ្វី​ទាំង​អស់​នោះ​បង្រៀន​យើង​អំពី​លោក។ (​ចសព. ១០៤:២៤, ២៥​) ម្យ៉ាង​ទៀត សូម​គិត​អំពី​របៀប​ដែល​ព្រះ​បាន​បង្កើត​យើង។ លោក​បង្កើត​យើង​ឲ្យ​ចេះ​សប្បាយ​មើល​អ្វី​ដ៏​ស្រស់​ស្អាត​ក្នុង​ធម្មជាតិ។ លោក​ក៏​បង្កើត​យើង​ឲ្យ​រីករាយ​នឹង​អ្វី​ផ្សេង​ៗ​ដែល​លោក​បាន​បង្កើត​តាម​រយៈ​វិញ្ញាណ​ទាំង​ប្រាំ​គឺ មើល​ឃើញ ស្ដាប់​ឮ ប៉ះ​ពាល់ ភ្លក់​រសជាតិ និង​ហិត​ក្លិន។ គម្ពីរ​ប្រាប់​យើង​អំពី​មូលហេតុ​សំខាន់​មួយ​ទៀត​ដែល​យើង​គួរ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត។ មូលហេតុ​នោះ​គឺ​អ្វី​ទាំង​នេះ​បង្រៀន​យើង​អំពី​គុណ​សម្បត្តិ​របស់​លោក។ (​រ៉ូម ១:២០​) ជា​ឧទាហរណ៍ សូម​មើល​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​អ្នក​នឹង​ឃើញ​ថា​អ្វី​ទាំង​នោះ​បាន​ត្រូវ​បង្កើត​ឡើង​តាម​របៀប​ដ៏​អស្ចារ្យ។ នេះ​បង្រៀន​យើង​ថា​ព្រះ​យេហូវ៉ា​មាន​ប្រាជ្ញា​ខ្លាំង​ណាស់ មែន​ទេ? សូម​គិត​ផង​ដែរ​អំពី​អាហារ​ជា​ច្រើន​ប្រភេទ។ នេះ​ជា​ភ័ស្តុតាង​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ។ ពេល​យើង​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​ពី​អ្វី​ដែល​លោក​បាន​បង្កើត យើង​កាន់​តែ​ស្គាល់​លោក​ថែម​ទៀត ហើយ​នោះ​ទាក់​ទាញ​ចិត្ត​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក។ w​២៣.០៣ ទំ.១៦ វ.៤​-​៥

ថ្ងៃ​សៅរ៍ ទី​២៩ ខែ​មិថុនា

ប្រសាសន៍​របស់​លោក​ជា​សេចក្ដី​ពិត​ទាំង​ស្រុង។—ចសព. ១១៩:១៦០

កាល​ដែល​ពិភព​លោក​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ ការ​ជឿ​ជាក់​របស់​យើង​លើ​សេចក្ដី​ពិត​នឹង​ត្រូវ​សាក​ល្បង។ មនុស្ស​ប្រហែល​ជា​ព្យាយាម​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​គម្ពីរ​គឺ​មិន​មែន​ជា​សេចក្ដី​ពិត ឬ​ថា​ព្រះ​យេហូវ៉ា​មិន​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ឲ្យ​ណែនាំ​ពួក​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ បើ​យើង​ជឿ​ជាក់​ថា​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ជា​ការ​ពិត យើង​នឹង​មិន​ចុះ​ចាញ់​ពាក្យ​របស់​ពួក​គេ​ដែល​ព្យាយាម​វាយ​ប្រហារ​ជំនឿ​របស់​យើង​ឡើយ។ យើង​នឹង​‹ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ក្រឹត្យ​ក្រម​របស់​ព្រះ​យេហូវ៉ា គ្រប់​ពេល​វេលា រហូត​ដល់​អស់​ជីវិត›។ (​ចសព. ១១៩:១១២​) យើង​នឹង​«​មិន​អៀន​ខ្មាស​»​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​ពិត​នោះ​ឡើយ។ (​ចសព. ១១៩:៤៦​) ម្យ៉ាង​ទៀត យើង​នឹង​អាច​ស៊ូ​ទ្រាំ​«​ដោយ​ចិត្ត​អត់​ធ្មត់​និង​មាន​អំណរ​»​ចំពោះ​ស្ថានភាព​ពិបាក​បំផុត រួម​មាន​ការ​បៀតបៀន​ផង​ដែរ។ (​កូឡ. ១:១១; ចសព. ១១៩:១៤៣, ១៥៧​) សេចក្ដី​ពិត​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្ងប់​និង​មាន​ទំនុក​ចិត្ត ហើយ​បង្រៀន​យើង​យ៉ាង​ច្បាស់​អំពី​របៀប​ដែល​យើង​គួរ​រស់។ សេចក្ដី​ពិត​នោះ​ផ្ដល់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត​ដ៏​ល្អ​ប្រសើរ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ។ w​២៣.០១ ទំ.៧ វ.១៦​-​១៧

ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មិថុនា

ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។—យ៉ូន. ១៣:៣៤

នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​អធិដ្ឋាន​យ៉ាង​យូរ​អំពី​ពួក​អ្នក​កាន់​តាម​លោក​ដោយ​សុំ​បិតា​លោក​«​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច​»។ (​យ៉ូន. ១៧:១៥​) នេះ​បង្ហាញ​ថា​លោក​យេស៊ូ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ណាស់! ទោះ​ជា​លោក​ដឹង​ថា បន្តិច​ទៀត​លោក​នឹង​ត្រូវ​រង​ទុក្ខ​យ៉ាង​ខ្លាំង​ក្ដី លោក​នៅ​តែ​បារម្ភ​អំពី​ពួក​សាវ័ក​លោក។ ដូច​លោក​យេស៊ូ យើង​មិន​គ្រាន់​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ។ តែ​យើង​ក៏​អធិដ្ឋាន​ជា​ទៀង​ទាត់​ឲ្យ​បង​ប្អូន​របស់​យើង។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​កំពុង​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ខ្លាំង។ ការ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​របស់​យើង​មិន​មែន​អសារ​ឥត​ការ​នោះ​ទេ។ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ថា​៖ ​«​សេចក្ដី​អធិដ្ឋាន​អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់​»។ (​យ៉ា. ៥:១៦​) បង​ប្អូន​របស់​យើង​ត្រូវ​ការ​សេចក្ដី​អធិដ្ឋាន​ពី​យើង ដោយ​សារ​ពួក​គេ​ជួប​ការ​ពិបាក​ជា​ច្រើន។ w​២២.០៧ ទំ.២៣​-​២៤ វ.១៣​-​១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក