បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ៤៧-៥៧
  • ខែឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែឧសភា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ​ថ្ងៃ​ពុធ ទី​១ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​៤ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​១១ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​១២ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​១៥ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​២៨ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​៣១ ខែ​ឧសភា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ៤៧-៥៧

ខែ​ឧសភា

​ថ្ងៃ​ពុធ ទី​១ ខែ​ឧសភា

បន្ទាប់​ពី​ការ​នោះ . . . ខ្ញុំ​ឃើញ​មនុស្ស​មួយ​ក្រុម​ធំ ដែល​គ្មាន​អ្នក​ណា​ម្នាក់​អាច​រាប់​ចំនួន​បាន​ឡើយ។ ពួក​គេ​ចេញ​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ជន​ជាតិ និង​គ្រប់​ភាសា។—បប. ៧:៩

ក្រោយ​ពី​យ៉ូហាន​ឃើញ​ក្រុម​នៅ​ស្ថាន​សួគ៌ គាត់​ឃើញ​«​មនុស្ស​មួយ​ក្រុម​ធំ​»។ ខុស​ពី​១៤៤.០០០​នាក់ គ្មាន​អ្នក​ណា​អាច​រាប់​ចំនួន​មនុស្ស​មួយ​ក្រុម​ធំ​បាន​ទេ។ តើ​យើង​រៀន​អ្វី​អំពី​ពួក​គេ? យ៉ូហាន​បាន​ឮ​ថា​៖ ​«​អ្នក​ទាំង​នោះ​គឺ​ជា​អ្នក​ដែល​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ហើយ​ពួក​គេ​បាន​បោក​សម្អាត​អាវ​វែង​របស់​ពួក​គេ​ឲ្យ​ស​ក្នុង​ឈាម​របស់​កូន​ចៀម​»។ (​បប. ៧:១៤​) ក្រោយ​ពី​រួច​ជីវិត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ​«​មនុស្ស​មួយ​ក្រុម​ធំ​»​នេះ​នឹង​រស់​នៅ​លើ​ផែន​ដី ហើយ​ទទួល​ពរ​ដ៏​អស្ចារ្យ​ជា​ច្រើន។ (​ចសព. ៣៧:៩​-​១១, ២៧​-​២៩; សុភ. ២:២១, ២២; បប. ៧:១៦, ១៧​) មិន​ថា​យើង​បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​លើ​ផែន​ដី​ក្ដី យើង​គួរ​តែ​ស្រមៃ​ឃើញ​ខ្លួន​យើង​នៅ​ក្នុង​ការ​រៀប​រាប់​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​ទី​៧។ នោះ​ជា​គ្រា​ដ៏​រំភើប​ចិត្ត​ចំពោះ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​ពីរ​ក្រុម​នេះ! យើង​នឹង​អរ​សប្បាយ​ដែល​យើង​សម្រេច​ចិត្ត​គាំទ្រ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ w​២២.០៥ ទំ.១៦ វ.៦​-​៧

ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​ឧសភា

ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ប្រាជ្ញា។—សុភ. ២:៦

បើ​អ្នក​ធ្លាប់​ធ្វើ​ការ​សម្រេច​ចិត្ត​អំពី​រឿង​សំខាន់ អ្នក​ច្បាស់​ជា​បាន​អធិដ្ឋាន​សុំ​ប្រាជ្ញា​ដែល​អ្នក​ត្រូវ​ការ។ (​យ៉ា. ១:៥​) ស្ដេច​សាឡូម៉ូន​បាន​សរសេរ​ថា​៖ ​«​ប្រាជ្ញា​គឺ​សំខាន់​បំផុត​»។ (​សុភ. ៤:៧​) សាឡូម៉ូន​មិន​មែន​ចង់​និយាយ​អំពី​ប្រាជ្ញា​ដែល​មាន​ប្រភព​ពី​មនុស្ស​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ចង់​សំដៅ​ទៅ​លើ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ តើ​ប្រាជ្ញា​ពី​ព្រះ​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក​ដែល​យើង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​អាច។ របៀប​មួយ​ដែល​យើង​អាច​មាន​ប្រាជ្ញា​ពិត​ប្រាកដ គឺ​ដោយ​សិក្សា​និង​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​បុរស​ពីរ​នាក់​ដែល​មាន​ប្រាជ្ញា​ច្រើន​លើស​លប់។ ដំបូង សូម​គិត​ពិចារណា​អំពី​សាឡូម៉ូន។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​បាន​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​លើស​លប់ និង​សមត្ថភាព​វែក​ញែក​យ៉ាង​ពូកែ​»។ (​១បស. ៤:២៩​) បន្ទាប់​មក សូម​ពិចារណា​អំពី​លោក​យេស៊ូ​ដែល​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត។ (​ម៉ាថ. ១២:៤២​) គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​លោក​យេស៊ូ​ថា​៖ ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​នឹង​សណ្ឋិត​លើ​គាត់។ ហេតុ​នេះ គាត់​នឹង​មាន​ប្រាជ្ញា និង​ការ​យល់​ដឹង​ជ្រាល​ជ្រៅ​»។—អេ. ១១:២ w​២២.០៥ ទំ.២០ វ.១​-​២

ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា

សូម​ឲ្យ​ខ្ញុំ​ប្រាប់​មនុស្ស​តំណ​ក្រោយ​អំពី​ឫទ្ធានុភាព​របស់​លោក។—ចសព. ៧១:១៨

គ្មាន​អ្នក​ណា​ចាស់​ពេក​រហូត​ដល់​មិន​អាច​កំណត់​និង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​បាន​នោះ​ទេ។ សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​បេវើលី​ដែល​មាន​អាយុ​៧៥​ឆ្នាំ។ គាត់​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ដើរ។ ប៉ុន្តែ គាត់​ចង់​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​សកម្មភាព​ចែក​ចាយ​លិខិត​អញ្ជើញ​ពិធី​រំលឹក។ ដូច្នេះ គាត់​បាន​កំណត់​គោល​ដៅ​ជាក់​លាក់​ផ្សេង​ៗ។ ពេល​បង​បេវើលី​បាន​សម្រេច​គោល​ដៅ​ទាំង​នោះ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ការ​ខំ​ប្រឹង​របស់​គាត់​បាន​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​របស់​បង​ប្អូន​វ័យ​ចាស់​របស់​យើង ទោះ​ជា​ពួក​គេ​ខ្លះ​មិន​អាច​ធ្វើ​បាន​ច្រើន​ក្ដី។ (​ចសព. ៧១:១៧​) សូម​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន។ សូម​បណ្ដុះ​គុណ​សម្បត្តិ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ សូម​បង្កើន​សមត្ថភាព​ឬ​រៀន​ជំនាញ​ដែល​នឹង​ឲ្យ​អ្នក​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​ព្រះ​របស់​យើង​និង​អង្គការ​លោក។ សូម​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​បម្រើ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​បាន​ច្រើន​ជាង។ ដូច​ធីម៉ូថេ ​«​មនុស្ស​ទាំង​អស់​[​នឹង​]​ឃើញ​ថា​អ្នក​កំពុង​រីក​ចម្រើន​»​ ដោយ​ព្រោះ​អ្នក​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។—១ធី​. ៤:១៥ w​២២.០៤ ទំ.២៧ វ.១៨​-​១៩

ថ្ងៃ​សៅរ៍ ទី​៤ ខែ​ឧសភា

តាំង​ពី​អ្នក​នៅ​ជា​ទារក​នៅ​ឡើយ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នានា។—២ធី. ៣:១៥

ចុះ​យ៉ាង​ណា​បើ​អ្នក​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​រួច​ហើយ ប៉ុន្តែ​កូន​ម្នាក់​ប្រាប់​អ្នក​ថា​គាត់​មិន​ចង់​បម្រើ​ព្រះ​យេហូវ៉ា? សូម​កុំ​គិត​ថា​នោះ​មក​ពី​អ្នក​អប់រំ​កូន​មិន​បាន​ល្អ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​គ្រប់​គ្នា​នូវ​អំណោយ​មួយ​ដែល​ជា​ចិត្ត​សេរី ពោល​គឺ​សមត្ថភាព​សម្រេច​ចិត្ត​ថា​បម្រើ​លោក​ឬ​មិន​បម្រើ​លោក។ កូន​របស់​អ្នក​ក៏​បាន​ទទួល​អំណោយ​នេះ​ដែរ។ សូម​បន្ត​សង្ឃឹម​ជា​និច្ច​ថា​គាត់​នឹង​ត្រឡប់​មក​វិញ។ សូម​នឹក​ចាំ​អំពី​កូន​ប្រុស​ដែល​វង្វេង​បាត់។ (​លូក. ១៥:១១​-​១៩, ២២​-​២៤​) បុរស​វ័យ​ក្មេង​នោះ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន ប៉ុន្តែ​នៅ​ទី​បំផុត​គាត់​បាន​ត្រឡប់​មក​វិញ។ ឪពុក​ម្ដាយ​ទាំង​ឡាយ អ្នក​បាន​ទទួល​ឯកសិទ្ធិ​ដ៏​អស្ចារ្យ ពោល​គឺ​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ទៅ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជំនាន់​ក្រោយ។ (​ចសព. ៧៨:៤​-​៦​) នេះ​មិន​មែន​ជា​ភារកិច្ច​ងាយ​ស្រួល​ទេ។ យើង​សូម​សរសើរ​អ្នក​ដោយ​ស្មោះ​ចំពោះ​ការ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​ជួយ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​អប់រំ​ពួក​គេ​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​របស់​លោក។ អ្នក​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ពេញ​ចិត្ត។—អេភ. ៦:៤ w​២២.០៥ ទំ.៣០​-​៣១ វ.១៦​-​១៨

ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា

អវយវៈ​ទាំង​អស់​នៃ​រូប​កាយ . . . ជាប់​គ្នា​យ៉ាង​ល្អ។—អេភ​. ៤:១៦

ដើម្បី​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គីភាព​ក្នុង​ក្រុម​ជំនុំ យើង​ម្នាក់​ៗ​ត្រូវ​ខំ​អស់​ពី​សមត្ថភាព។ សូម​គិត​អំពី​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ ពួក​គេ​មាន​អំណោយ​និង​ភារកិច្ច​ផ្សេង​ៗ​ពី​គ្នា។ (​១កូ. ១២:៤, ៧​-​១១​) ប៉ុន្តែ នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ប្រកួត​ប្រជែង​និង​បែក​បាក់​គ្នា​ឡើយ។ ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ម្នាក់​ៗ​ឲ្យ​ធ្វើ​អ្វី​ដែល​សំខាន់​ចាំ​បាច់ ដើម្បី​«​ធ្វើ​ឲ្យ​រូប​កាយ​របស់​គ្រិស្ត​បាន​មាំ​មួន​ឡើង​»។ ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​អេភេសូរ​ថា​៖ ពេល​«​អវយវៈ​នីមួយ​ៗ​ . . . បំពេញ​តួ​នាទី​សំខាន់​ៗ តាម​អ្វី​ដែល​បាន​ត្រូវ​កំណត់​ឲ្យ នោះ​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់ ដើម្បី​ពង្រឹង​ខ្លួន​ឯង​ឡើង​ដោយ​សេចក្ដី​ស្រឡាញ់​»។ (​អេភ. ៤:១​-​៣, ១១, ១២​) ពួក​អ្នក​ដែល​បាន​ធ្វើ​តាម​យោបល់​របស់​ប៉ូល​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​មាន​សាមគ្គីភាព ហើយ​យើង​ឃើញ​ស្ថានភាព​នេះ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​សព្វ​ថ្ងៃ​នេះ​ដែរ។ ចូរ​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ ផ្ទុយ​ទៅ​វិញ ចូរ​រៀន​ពី​លោក​យេស៊ូ ហើយ​ព្យាយាម​មាន​គុណ​សម្បត្តិ​ដូច​លោក។ សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​‹មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​បាន​ធ្វើ›​ឡើយ។ (​ហេ. ៦:១០​) លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​អស់​ពី​ចិត្ត​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ w​២២.០៤ ទំ.១៤ វ.១៥​-​១៦

ថ្ងៃ​ច័ន្ទ ទី​៦ ខែ​ឧសភា

គ្រិស្ត​យេស៊ូ​បាន​ចូល​ក្នុង​ពិភព​លោក ដើម្បី​សង្គ្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។—១ធី. ១:១៥

យើង​ធូរ​ស្រាល​ក្នុង​ចិត្ត​ដោយ​ដឹង​ថា យើង​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឬ​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ! ប៉ុន្តែ មាន​អ្វី​មួយ​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត។ តើ​នោះ​ជា​អ្វី? ក្នុង​ករណី​ខ្លះ បុគ្គល​ម្នាក់​ប្រហែល​ជា​ធ្វើ​ខុស​នឹង​យើង ប៉ុន្តែ​ក្រោយ​មក​គាត់​សុំ​ទោស​និង​សុំ​យើង​អត់​ទោស​ឲ្យ​គាត់។ រីឯ​អ្នក​ផ្សេង​ទៀត ប្រហែល​ជា​មិន​សុំ​ទោស​យើង​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ ក្នុង​ន័យ​ថា​យើង​សម្រេច​ចិត្ត​លះ​ចោល​គំនុំ​និង​កំហឹង​ណា​ដែល​យើង​មាន​ចំពោះ​គាត់។ តាម​ពិត នេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង ជា​ពិសេស​បើ​យើង​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩៩៤ ចែង​ថា​៖ ‹នៅ​ពេល​ដែល​អ្នក​អត់​ឱន​ទោស​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង នេះ​មិន​មាន​សេចក្ដី​ថា​អ្នក​លើក​ទោស​អំពើ​ខុស​ឆ្គង​នោះ​ទេ។ ចំពោះ​គ្រិស្ត​សាសនិក ការ​អត់​ឱន​ទោស​ឲ្យ​មាន​ន័យ​ថា យើង​ទុក​រឿង​នេះ​នៅ​ដៃ​របស់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត។ លោក​ជា​ចៅ​ក្រម​ដ៏​សុចរិត​នៅ​ក្នុង​សកល​លោក ហើយ​លោក​នឹង​ចាត់​វិធានការ​រក​យុត្តិធម៌​នៅ​ពេល​ត្រឹម​ត្រូវ›។ w​២២.០៦ ទំ.៩ វ.៦​-​៧

ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា

ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា។—ចសព. ២៧:១៤

ព្រះ​យេហូវ៉ា​សន្យា​ថា​នៅ​សម័យ​របស់​យើង លោក​នឹង​បង្រួប​បង្រួម​មនុស្ស​ពី​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ និង​គ្រប់​ភាសា​ឲ្យ​មក​គោរព​ប្រណិប័តន៍​ពិត​ដោយ​សាមគ្គីភាព។ នៅ​សព្វ​ថ្ងៃ​នេះ ក្រុម​មនុស្ស​ដ៏​ពិសេស​នេះ​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​«​មនុស្ស​មួយ​ក្រុម​ធំ​»។ (​បប. ៧:៩, ១០​) ទោះ​ជា​ក្រុម​នេះ​មាន​បុរស​ស្ត្រី​និង​កូន​ក្មេង ដែល​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​ក្ដី ពួក​គេ​ជា​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សាមគ្គីភាព​និង​សេចក្ដី​សុខ​សាន្ត។ (​ចសព. ១៣៣:១; យ៉ូន. ១០:១៦​) ពួក​គេ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បី​ប្រាប់​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​អំពី​ពិភព​លោក​ដ៏​ល្អ​ប្រសើរ​ជាង​ដល់​អស់​អ្នក​ដែល​នឹង​ស្ដាប់​ពួក​គេ។ (​ម៉ាថ. ២៨:១៩, ២០; បប. ១៤:៦, ៧; ២២:១៧​) បើ​អ្នក​ជា​សមាជិក​នៃ​មនុស្ស​មួយ​ក្រុម​ធំ​នោះ សេចក្ដី​សង្ឃឹម​អំពី​អ្វី​ដ៏​ប្រសើរ​ជាង​នៅ​ថ្ងៃ​ខាង​មុខ ច្បាស់​ជា​មាន​តម្លៃ​ខ្លាំង​ចំពោះ​អ្នក។ មេ​កំណាច​ចង់​ឲ្យ​អ្នក​លែង​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត។ គោល​ដៅ​របស់​វា​គឺ​ធ្វើ​ឲ្យ​អ្នក​ជឿ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​គោរព​ពាក្យ​សន្យា​របស់​លោក​ទេ។ បើ​សាថាន​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​បាន នោះ​យើង​នឹង​បាត់​បង់​ចិត្ត​ក្លាហាន ហើយ​ប្រហែល​ជា​ថែម​ទាំង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ទៀត​ផង។ w​២២.០៦ ទំ.២០​-​២១ វ.២​-​៣

ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា

សេចក្ដី​សង្ឃឹម​នេះ​ជា​យុថ្កា​សម្រាប់​ជីវិត​យើង ក៏​រឹង​មាំ​និង​ពិត​ប្រាកដ។—ហេ. ៦:១៩

សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​របស់​យើង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ពេល​យើង​មាន​បញ្ហា ដោយ​សារ​យើង​ជឿ​ជាក់​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ឡើង។ សូម​ចាំ​ថា លោក​យេស៊ូ​បាន​ព្រមាន​ថា​យើង​នឹង​ទទួល​ការ​បៀតបៀន។ (​យ៉ូន. ១៥:២០​) ដូច្នេះ ការ​រំពឹង​គិត​អំពី​រង្វាន់​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ឲ្យ​យើង ជួយ​យើង​ឲ្យ​បន្ត​បម្រើ​លោក។ សូម​គិត​អំពី​របៀប​ដែល​សេចក្ដី​សង្ឃឹម​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់ ទោះ​ជា​លោក​ដឹង​ថា​លោក​នឹង​ស្លាប់​យ៉ាង​ឈឺ​ចាប់​ក្ដី។ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. សាវ័ក​ពេត្រុស​បាន​ដក​ស្រង់​ទំនាយ​មួយ​ពី​សៀវភៅ​ចម្រៀង​សរសើរ​ព្រះ ដែល​រៀប​រាប់​អំពី​ចិត្ត​ស្ងប់​និង​ទំនុក​ចិត្ត​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​ខ្ញុំ​នឹង​រស់​ដោយ​មាន​សេចក្ដី​សង្ឃឹម ពីព្រោះ​លោក​នឹង​មិន​ទុក​ខ្ញុំ​ចោល​ក្នុង​ផ្នូរ​ឡើយ ហើយ​លោក​ក៏​នឹង​មិន​ឲ្យ​រូប​កាយ​របស់​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ត្រូវ​ខូច​ទៅ​ដែរ។ . . . ពេល​លោក​មើល​មក​ខ្ញុំ​ដោយ​ក្ដី​ពេញ​ចិត្ត ខ្ញុំ​ត្រេក​អរ​ពន់​ពេក​»។ (​សកម្ម. ២:២៥​-​២៨; ចសព. ១៦:៨​-​១១​) លោក​យេស៊ូ​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ព្រះ​នឹង​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ហើយ​ថា​លោក​នឹង​មាន​អំណរ​ពី​ការ​ជួប​ជុំ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌​ម្ដង​ទៀត។—ហេ. ១២:២, ៣ w​២២.១០ ទំ.២៥ វ.៤​-​៥

ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​ឧសភា

យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ។—យ៉ា. ៣:២

នៅ​ពេល​មួយ សាវ័ក​ពីរ​នាក់​របស់​លោក​គឺ​យ៉ាកុប​និង​យ៉ូហាន បាន​ឲ្យ​ម្ដាយ​របស់​ពួក​គេ​សុំ​លោក​យេស៊ូ​នូវ​ឋានៈ​រុង​រឿង​ក្នុង​រាជាណាចក្រ។ (​ម៉ាថ. ២០:២០, ២១​) យ៉ាង​នេះ យ៉ាកុប​និង​យ៉ូហាន​បង្ហាញ​អំណួត​និង​មហិច្ឆតា។ (​សុភ. ១៦:១៨​) មិន​មែន​មាន​តែ​យ៉ាកុប​និង​យ៉ូហាន​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​គុណ​វិបត្តិ​នៅ​ពេល​នោះ​ទេ។ សូម​កត់​សម្គាល់​អំពី​ប្រតិកម្ម​របស់​សាវ័ក​ឯ​ទៀត។ គម្ពីរ​ចែង​ថា​៖ ​«​ពេល​ដែល​សាវ័ក​១០​នាក់​ទៀត​ឮ​អំពី​រឿង​នេះ ពួក​គាត់​ទាស់​ចិត្ត​នឹង​បង​ប្អូន​ទាំង​២​នាក់​នោះ​ណាស់​»។ (​ម៉ាថ. ២០:២៤​) យើង​អាច​ស្រមៃ​ឃើញ​ថា​យ៉ាកុប​និង​យ៉ូហាន ព្រម​ទាំង​សាវ័ក​ឯ​ទៀត​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង។ តើ​លោក​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា? លោក​មិន​បាន​ខឹង​ទេ ហើយ​លោក​ក៏​មិន​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​រក​សាវ័ក​ដែល​ល្អ​ជាង ដែល​បង្ហាញ​ចិត្ត​រាប​ទាប​ច្រើន​ជាង និង​ដែល​តែង​តែ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​អត់​ធ្មត់ លោក​បាន​វែក​ញែក​ជា​មួយ​នឹង​បុរស​ដែល​មាន​ចិត្ត​ស្មោះ​ទាំង​នេះ។ (​ម៉ាថ. ២០:២៥​-​២៨​) លោក​បាន​បន្ដ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដោយ​ក្ដី​ស្រឡាញ់។ w​២​៣.០៣ ទំ.២៨​-​៣០ វ.១០​-​១៣

ថ្ងៃ​សុក្រ ទី​១០ ខែ​ឧសភា

កូន​អើយ ចូរ​មាន​ប្រាជ្ញា ហើយ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ត្រេក​អរ ដើម្បី​ខ្ញុំ​អាច​តប​ឆ្លើយ​ទៅ​អ្នក​ដែល​តិះ​ដៀល​ខ្ញុំ។—សុភ. ២៧:១១

អ្នក​បាន​សម្រេច​អ្វី​ៗ​ជា​ច្រើន​ហើយ។ អ្នក​បាន​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ប្រហែល​ជា​បាន​ធ្វើ​ដូច្នេះ​អស់​ជា​ច្រើន​ឆ្នាំ។ ការ​សិក្សា​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា​គម្ពីរ​គឺ​ជា​បណ្ដាំ​របស់​ព្រះ។ ប៉ុន្តែ​លើស​ពី​នេះ​ទៅ​ទៀត អ្នក​បាន​ស្គាល់​និង​ស្រឡាញ់​អ្នក​និពន្ធ​គម្ពីរ។ អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង រហូត​ដល់​អ្នក​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ណាស់! មុន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ទំនង​ជា​បាន​ជួប​បញ្ហា​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ កាល​ដែល​អ្នក​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា អ្នក​នឹង​ជួប​ការ​ល្បង​ល​ថ្មី។ សាថាន​នឹង​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ ហើយ​ឲ្យ​អ្នក​ថយ​ចេញ​ពី​លោក។ (​អេភ. ៤:១៤​) អ្នក​មិន​ត្រូវ​ឲ្យ​រឿង​នេះ​កើត​ឡើង​ឡើយ។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​ពាក្យ​សម្បថ​របស់​អ្នក​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ? គឺ​អ្នក​ត្រូវ​បន្ដ​រីក​ចម្រើន ពោល​គឺ​«​ខំ​ប្រឹង​ឈាន​ទៅ​រក​»​ភាព​ចាស់​ទុំ​ជា​គ្រិស្ត​សាសនិក។—ហេ. ៦:១ w​២២.០៨ ទំ.២ វ.១​-​២

ថ្ងៃ​សៅរ៍ ទី​១១ ខែ​ឧសភា

ចូរ​អ្នក​រាល់​គ្នា​គោរព​ឪពុក​ម្ដាយ តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​បាន​យូរ​អង្វែង​និង​មាន​ភាព​ចម្រុង​ចម្រើន។—បច. ៥:១៦

ក្នុង​ក្រុម​គ្រួសារ សមាជិក​ម្នាក់​ៗ​មាន​ភារកិច្ច​រក្សា​រឿង​ខ្លះ​ក្នុង​រង្វង់​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ ស្ត្រី​គ្រិស្ត​សាសនិក​ម្នាក់​ប្រហែល​ជា​មាន​ទម្លាប់​ដែល​ធ្វើ​ឲ្យ​ប្ដី​របស់​នាង​ចំអន់​លេង។ តើ​ប្ដី​នឹង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ ហើយ​ធ្វើ​ឲ្យ​នាង​ខ្មាស​គេ​ឬ​ទេ? គាត់​ច្បាស់​ជា​មិន​ធ្វើ​ដូច្នេះ​ទេ! គាត់​ស្រឡាញ់​ប្រពន្ធ​គាត់ ហើយ​គាត់​នឹង​មិន​ចង់​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​នាំ​ឲ្យ​ប្រពន្ធ​ឈឺ​ចិត្ត​ទេ។ (​អេភ. ៥:៣៣​) ម្យ៉ាង​ទៀត យុវវ័យ​ចង់​ទទួល​ការ​គោរព​មួយ​កម្រិត។ គឺ​សំខាន់​ដែល​ឪពុក​ម្ដាយ​ចាំ​ចំណុច​នេះ។ ឪពុក​ម្ដាយ​មិន​គួរ​បរិហារ​ពី​កំហុស​របស់​កូន​ប្រាប់​អ្នក​ឯ​ទៀត​ឡើយ។ (​កូឡ. ៣:២១​) កូន​ៗ​ត្រូវ​រៀន​ឲ្យ​ចេះ​ពិចារណា ហើយ​មិន​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ៗ​ដែល​អាច​ធ្វើ​ឲ្យ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​អាម៉ាស់​មុខ​ទេ។ ពេល​សមាជិក​ក្រុម​គ្រួសារ​ម្នាក់​ៗ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​រឿង​ក្នុង​រង្វង់​ក្រុម​គ្រួសារ នោះ​ក្រុម​គ្រួសារ​នឹង​កាន់​តែ​ជិត​ស្និទ្ធ​គ្នា។ w​២២.០៩ ទំ.១០ វ.៩

ថ្ងៃ​អាទិត្យ ទី​១២ ខែ​ឧសភា

យ៉ូប​អើយ! សូម​ស្ដាប់​ពាក្យ​ទាំង​នេះ សូម​ផ្អាក​បន្តិច ហើយ​ពិចារណា។—យ៉ូប ៣៧:១៤

ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូប ដោយ​រំលឹក​គាត់​អំពី​ប្រាជ្ញា​ដែល​គ្មាន​កម្រិត​និង​ការ​ថែ​រក្សា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ការ​បង្កើត​របស់​លោក។ លោក​បាន​លើក​ឡើង​អំពី​សត្វ​ដ៏​អស្ចារ្យ​ជា​ច្រើន។ (​យ៉ូប ៣៨:១, ២; ៣៩:៩, ១៣, ១៩, ២៧; ៤០:១៥; ៤១:១, ២​) ព្រះ​យេហូវ៉ា​ក៏​បាន​ប្រើ​បុរស​វ័យ​ក្មេង​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​អេលីហ៊ូ ឲ្យ​ពង្រឹង​កម្លាំង​និង​សម្រាល​ទុក្ខ​យ៉ូប។ អេលីហ៊ូ​បាន​ពង្រឹង​ទំនុក​ចិត្ត​យ៉ូប​ថា ព្រះ​យេហូវ៉ា​តែង​តែ​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ក៏​បាន​ជំរុញ​ចិត្ត​អេលីហ៊ូ​ឲ្យ​ផ្ដល់​យោបល់​ខ្លះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​យ៉ូប។ អេលីហ៊ូ​បាន​ជួយ​យ៉ូប​ឲ្យ​ឈប់​គិត​ច្រើន​ពេក​អំពី​ខ្លួន​ឯង ដោយ​រំលឹក​គាត់​ថា​គាត់​គឺ​តូច​តាច​បើ​ប្រៀប​ធៀប​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​សកល​លោក។ ព្រះ​យេហូវ៉ា​ក៏​ឲ្យ​យ៉ូប​ភារកិច្ច​មួយ គឺ​អធិដ្ឋាន​ឲ្យ​បុរស​បី​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ (​យ៉ូប ៤២:៨​-​១០​) តើ​ព្រះ​យេហូវ៉ា​គាំទ្រ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក? ព្រះ​យេហូវ៉ា​មិន​មាន​ប្រសាសន៍​មក​កាន់​យើង​ដោយ​ផ្ទាល់ ដូច​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​យ៉ូប​ទេ តែ​លោក​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។—រ៉ូម ១៥:៤ w​២២.០៨ ទំ.១១ វ.១០​-​១១

ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​ឧសភា

ជា​ការ​ល្អ​បំផុត ប្រសិន​បើ​មិន​បរិភោគ​សាច់ ឬ​ផឹក​ស្រា ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​របស់​អ្នក​ជំពប់​ដួល។—រ៉ូម ១៤:២១

ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម មាន​គ្រិស្ត​សាសនិក​ទាំង​ជនជាតិ​យូដា​ទាំង​ជន​ជាតិ​ដទៃ។ ពេល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​លែង​ត្រូវ​ធ្វើ​តាម​ច្បាប់​ម៉ូសេ​ទៀត ពួក​គេ​ក៏​មិន​ចាំ​បាច់​ធ្វើ​តាម​ច្បាប់​អំពី​ការ​បរិភោគ​អាហារ​ផ្សេង​ៗ​ដែរ។ (​ម៉ាក. ៧:១៩​) ចាប់​ពី​ពេល​នោះ គ្រិស្ត​សាសនិក​ជនជាតិ​យូដា​ខ្លះ​មិន​ប្រកាន់​ចំពោះ​ការ​បរិភោគ​អាហារ​គ្រប់​មុខ​ទេ។ រីឯ​គ្រិស្ត​សាសនិក​ជនជាតិ​យូដា​ខ្លះ​ទៀត នៅ​តែ​មាន​អារម្មណ៍​មិន​ស្រួល​ធ្វើ​ដូច្នេះ។ ក្រុម​ជំនុំ​នៅ​ក្រុង​រ៉ូម​បាន​បែក​បាក់​គ្នា​ដោយ​សារ​រឿង​នេះ។ សាវ័ក​ប៉ូល​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ឲ្យ​មាន​សន្តិភាព។ ដូច្នេះ ប៉ូល​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​យល់​ថា​ការ​ខ្វែង​គំនិត​គ្នា​បែប​នេះ​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ទៅ​លើ​បុគ្គល​ម្នាក់​ៗ និង​ក្រុម​ជំនុំ​ទាំង​មូល។ (​រ៉ូម ១៤:១៩, ២០​) គាត់​ក៏​សុខ​ចិត្ត​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់​ដើម្បី​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល។ (​១កូ. ៩:១៩​-​២២​) ស្រដៀង​គ្នា​ដែរ យើង​អាច​ពង្រឹង​កម្លាំង​អ្នក​ឯ​ទៀត ហើយ​រក្សា​ឲ្យ​មាន​សន្តិភាព បើ​យើង​ជៀស​វាង​ពី​ការ​ប្រកាន់​គំនិត​ចំពោះ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។ w​២២.០៨ ទំ.២២ វ.៧

ថ្ងៃ​អង្គារ ទី​១៤ ខែ​ឧសភា

ព្រះ​យេហូវ៉ា . . . ស្រឡាញ់​អ្នក​ណា​ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​សុចរិត។—សុភ. ១៥:៩

តាម​ធម្មតា បើ​យើង​មាន​គោល​ដៅ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា យើង​ត្រូវ​បន្ត​ខំ​ព្យាយាម​សម្រេច​គោល​ដៅ​នោះ។ គឺ​ដូច​គ្នា​ពេល​ដែល​យើង​ព្យាយាម​ប្រព្រឹត្ត​អំពើ​សុចរិត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ទៅ​មុខ​រហូត​បន្តិច​ម្ដង​ៗ។ (​ចសព. ៨៤:៥, ៧​) ព្រះ​យេហូវ៉ា​រំលឹក​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ថា សេចក្ដី​សុចរិត​មិន​មែន​ជា​បន្ទុក​ទេ។ (​១យ៉ូន. ៥:៣​) ផ្ទុយ​ទៅ​វិញ វា​ការ​ពារ​យើង ហើយ​យើង​ត្រូវ​ការ​នោះ​រាល់​ថ្ងៃ។ សូម​នឹក​ចាំ​អំពី​គ្រឿង​ចម្បាំង​ដែល​សាវ័ក​ប៉ូល​បាន​រៀប​រាប់។ (​អេភ. ៦:១៤​-​១៨​) តើ​ផ្នែក​មួយ​ណា​ការ​ពារ​បេះ​ដូង​របស់​ទាហាន? គឺ​«​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​»​ ដែល​ជា​តំណាង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ដូច​អាវ​ការ​ពារ​ដើម​ទ្រូង​បាន​ការ​ពារ​បេះ​ដូង ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា​អាច​ការ​ពារ​ចិត្ត​របស់​យើង។ នេះ​គឺ​ជា​មូលហេតុ​សំខាន់​ដែល​គ្រឿង​ចម្បាំង​របស់​យើង​គួរ​រួម​បញ្ចូល​អាវ​ការ​ពារ​ដើម​ទ្រូង។—សុភ. ៤:២៣ w​២២.០៨ ទំ.២៩ វ.១៣​-​១៤

ថ្ងៃ​ពុធ ទី​១៥ ខែ​ឧសភា

បណ្ដាំ​របស់​ព្រះ​នៃ​យើង​នៅ​ស្ថិត​ស្ថេរ​ជា​ដរាប។—អេ. ៤០:៨

បណ្ដាំ​ព្រះ​បាន​ផ្ដល់​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដល់​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​អស់​រាប់​ពាន់​ឆ្នាំ។ តើ​នេះ​អាច​កើត​ឡើង​បាន​យ៉ាង​ដូច​ម្ដេច? ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​បាន​ចម្លង​ដំណឹង​ដ៏​ពិសិដ្ឋ​នេះ។ ទោះ​ជា​អ្នក​ចម្លង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី ពួក​គេ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង។ ជា​ឧទាហរណ៍ ស្ដី​អំពី​បទ​គម្ពីរ​ភាសា​ហេប្រឺ បណ្ឌិត​ម្នាក់​បាន​សរសេរ​ថា​៖ ​«​យើង​ជឿ​ជាក់​ថា​គ្មាន​សៀវភៅ​បុរាណ​ឯ​ទៀត​ណា​បាន​ចម្លង​យ៉ាង​ត្រឹម​ត្រូវ​ដូច​គម្ពីរ​ឡើយ​»។ ដូច្នេះ យើង​អាច​ជឿ​ជាក់​ថា​ពាក្យ​ដែល​យើង​អាន​ក្នុង​គម្ពីរ​របស់​យើង​នៅ​សព្វ​ថ្ងៃ​បង្ហាញ​អំពី​គំនិត​របស់​អ្នក​និពន្ធ ពោល​គឺ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។ (​យ៉ា. ១:១៧​) គម្ពីរ​ជា​អំណោយ​ដ៏​ល្អ​បំផុត​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង។ ពេល​បុគ្គល​ណា​ម្នាក់​ឲ្យ​អំណោយ​យើង យើង​អាច​ដឹង​ថា​គាត់​ស្គាល់​យើង​និង​សេចក្ដី​ត្រូវ​ការ​របស់​យើង​ច្រើន​យ៉ាង​ណា។ នេះ​គឺ​ដូច​គ្នា​ចំពោះ​អ្នក​ដែល​ឲ្យ​គម្ពីរ​ដល់​យើង​ដែរ។ ពេល​យើង​ពិចារណា​អំពី​អំណោយ​នេះ យើង​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា។ យើង​រៀន​ថា​លោក​ស្គាល់​យើង​យ៉ាង​ច្បាស់​និង​ដឹង​ច្បាស់​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ។ w​២៣.០២ ទំ.២​-​៣ វ.៣​-​៤

ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ឧសភា

ផែន​ដី​នឹង​ពេញ​ទៅ​ដោយ​ចំណេះ​របស់​ព្រះ​យេហូវ៉ា។—អេ. ១១:៩

ពេល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ចាប់​ផ្ដើម​នៅ​លើ​ផែន​ដី​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត នោះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​មែន! អស់​អ្នក​ដែល​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​ក្នុង​សេចក្ដី​ស្លាប់ ទន្ទឹង​រង់​ចាំ​ជួប​បុគ្គល​ទាំង​នោះ​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ (​យ៉ូប ១៤:១៥​) សូម​ស្រមៃ​គិត​ថា មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែន​ដី​សប្បាយ​រីករាយ​យ៉ាង​ណា ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ​«​មនុស្ស​សុចរិត​»​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​សៀវភៅ​ជីវិត នឹង​«​រស់​ឡើង​វិញ ហើយ​បាន​ជីវិត​»។ (​សកម្ម. ២៤:១៥; យ៉ូន. ៥:២៩​) ប្រហែល​ជា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ជា​ច្រើន​នាក់ ក៏​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មិន​យូរ​ក្រោយ​ពី​សង្គ្រាម​អាម៉ាគេដូន។ បន្ថែម​ទៅ​ទៀត ​«​មនុស្ស​មិន​សុចរិត​»​ ដូច​ជា​ពួក​អ្នក​ដែល​គ្មាន​ឱកាស​គ្រប់​គ្រាន់​ដើម្បី​ស្គាល់​ព្រះ​យេហូវ៉ា​ឬ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់​មុន​ពួក​គេ​ស្លាប់ នឹង​«​រស់​ឡើង​វិញ ហើយ​ទទួល​ការ​វិនិច្ឆ័យ​»។ អស់​អ្នក​ដែល​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ការ​បង្ហាត់​បង្រៀន។ (​អេ. ២៦:៩; ៦១:១១​) ដូច្នេះ កិច្ច​ការ​បង្រៀន​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​នឹង​ត្រូវ​ធ្វើ​ឡើង។—អេ. ១១:១០ w​២២.០៩ ទំ.២០ វ.១​-​២

ថ្ងៃ​សុក្រ ទី​១៧ ខែ​ឧសភា

លោក​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ។—ដាន. ៦:២៦

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ខ្ពង់​ខ្ពស់​ជាង​អ្នក​គ្រប់​គ្រង​ដែល​ព្រួត​ដៃ​គ្នា។ ព្រះ​យេហូវ៉ា​បាន​ច្បាំង​ជំនួស​ជន​ជាតិ​អ៊ីស្រាអែល ដោយ​ជួយ​ពួក​គេ​ឲ្យ​ដណ្ដើម​យក​តំបន់​ភាគ​ច្រើន​នៃ​ស្រុក​ដែល​ព្រះ​បាន​សន្យា។ (​យ៉ូស. ១១:៤​-​៦, ២០; ១២:១, ៧, ២៤​) ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត! ពេល​ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន​បាន​អួត​អំពី​‹អំណាច​និង​កម្លាំង​ខ្លាំង​ក្លា​របស់​គាត់ ដើម្បី​បង្ហាញ​ភាព​រុង​រឿង​នៃ​រាជ្យ​គាត់› ជា​ជាង​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​សម​នឹង​ទទួល​ការ​សរសើរ​តម្កើង នោះ​លោក​បាន​ធ្វើ​ឲ្យ​គាត់​បាត់​បង់​សតិ។ ក្រោយ​ពី​នេប៊ូក្នេសា​មាន​ស្មារតី​ឡើង​វិញ គាត់​បាន​‹សរសើរ​តម្កើង​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត› ហើយ​ទទួល​ស្គាល់​ថា​«​រាជាណាចក្រ​របស់​[​ព្រះ​យេហូវ៉ា​]​ស្ថិត​ស្ថេរ​ជា​ដរាប​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​គ្មាន​អ្នក​ណា​ម្នាក់​អាច​រា​រាំង​លោក​»​ឡើយ។ (​ដាន. ៤:៣០, ៣៣​-​៣៥​) អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សង្កេត​ឃើញ​ថា ​«​ជន​ជាតិ​ណា​ដែល​មាន​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន ជន​ជាតិ​នោះ​មាន​សុភមង្គល​ហើយ គឺ​ជន​ជាតិ​ដែល​លោក​បាន​ជ្រើស​រើស​ទុក​ជា​សម្បត្តិ​របស់​លោក​»។ (​ចសព. ៣៣:១២​) នេះ​ជា​មូលហេតុ​ល្អ​ណាស់​ឲ្យ​យើង​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​យេហូវ៉ា! w​២២.១០ ទំ.១៥​-​១៦ វ.១៣​-​១៥

ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា

ប្រសាសន៍​របស់​លោក​ជា​សេចក្ដី​ពិត។—ចសព. ១១៩:១៦០

ទំនាយ​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​បាន​សម្រេច​រួច​ហើយ​ពង្រឹង​ការ​ជឿ​ជាក់​របស់​យើង​ថា សេចក្ដី​សន្យា​របស់​ព្រះ​សម្រាប់​ថ្ងៃ​អនាគត​នឹង​ក្លាយ​ជា​ការ​ពិត។ យើង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ដែល​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​ចង់​ទទួល​សេចក្ដី​សង្គ្រោះ​ពី​លោក​ខ្លាំង​ពន់​ពេក ព្រោះ​ខ្ញុំ​សង្ឃឹម​លើ​ប្រសាសន៍​របស់​លោក​»។ (​ចសព. ១១៩:៨១​) ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ឲ្យ​យើង​«​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ​»។ (​យេ. ២៩:១១​) សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ថ្ងៃ​អនាគត​មិន​អាស្រ័យ​លើ​ការ​ខំ​ប្រឹង​របស់​មនុស្ស​ទេ តែ​អាស្រ័យ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា។ សូម​យើង​បន្ត​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​បណ្ដាំ​ព្រះ ដោយ​ធ្វើ​ជា​អ្នក​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​យ៉ាង​ល្អ។ មូលហេតុ​ថែម​ទៀត​ដែល​យើង​អាច​ទុក​ចិត្ត​គម្ពីរ គឺ​ដោយ​សារ​ពេល​មនុស្ស​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ នោះ​ជួយ​ពួក​គេ។ (​ចសព. ១១៩:៦៦, ១៣៨​) ជា​ឧទាហរណ៍ ប្ដី​ប្រពន្ធ​ដែល​ធ្លាប់​ហៀប​នឹង​បែក​បាក់​គ្នា ឥឡូវ​មាន​សុភមង្គល​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​តាម​យោបល់​ក្នុង​គម្ពីរ។ កូន​របស់​ពួក​គេ​សប្បាយ​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ដោយ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ និង​ស្រឡាញ់​ពួក​គេ។—អេភ. ៥:២២​-​២៩ w​២៣.០១ ទំ.៥ វ.១២​-​១៣

ថ្ងៃ​អាទិត្យ ទី​១៩ ខែ​ឧសភា

ចូរ​អរ​សប្បាយ​នឹង​សេចក្ដី​សង្ឃឹម។—រ៉ូម ១២:១២

សូម​គិត​អំពី​ប្រយោជន៍​ដែល​អ្នក​បាន​ទទួល​ដោយ​ផ្ទាល់​ពី​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​សន្យា​ថា បិតា​នៅ​ស្ថាន​សួគ៌​របស់​លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ។ (​ម៉ាថ. ៦:៣២, ៣៣​) លោក​យេស៊ូ​ក៏​បាន​សន្យា​ដែរ​ថា ព្រះ​យេហូវ៉ា​នឹង​ឲ្យ​អ្នក​ឫទ្ធានុភាព​បរិសុទ្ធ​ពេល​អ្នក​សុំ​ពី​លោក។ (​លូក. ១១:១៣​) ព្រះ​យេហូវ៉ា​បាន​រក្សា​ពាក្យ​សន្យា​ទាំង​នោះ។ អ្នក​ទំនង​ជា​អាច​គិត​អំពី​សេចក្ដី​សន្យា​ផ្សេង​ទៀត​ដែល​លោក​បាន​សម្រេច ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក។ ជា​ឧទាហរណ៍ លោក​សន្យា​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​អ្នក សម្រាល​ទុក្ខ​អ្នក និង​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​លោក។ (​ម៉ាថ. ៦:១៤; ២៤:៤៥; ២កូ. ១:៣​) ពេល​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អ្នក​រួច​ហើយ អ្នក​នឹង​ពង្រឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​ទៅ​លើ​អ្វី​ដែល​លោក​នឹង​ធ្វើ​ចំពោះ​អ្នក​នៅ​ថ្ងៃ​អនាគត។ យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​រក្សា​ពាក្យ​សន្យា​របស់​លោក។ ដូច​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​សរសេរ​ថា​៖ ​«​មាន​សុភមង្គល​ហើយ . . . អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។ . . . លោក​ជា​ព្រះ​ដែល​ស្មោះ​ត្រង់​ជា​និច្ច​»។—ចសព. ១៤៦:៥, ៦ w​២២.១០ ទំ.២៧ វ.១៥; ទំ.២៨ វ.១៧

ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ឧសភា

ព្រះ​យេហូវ៉ា​នឹង​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក។—អេ. ៦០:២

តើ​ទំនាយ​អំពី​ការ​ស្ថាបនា​ឡើង​វិញ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​ជាប់​ទាក់​ទង​នឹង​យើង​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ពិត​ជា​ជាប់​ទាក់​ទង​មែន! តើ​តាម​របៀប​ណា? តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. មនុស្ស​រាប់​លាន​នាក់​លែង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពោល​គឺ​សាសនា​មិន​ពិត​ទាំង​ឡាយ​នៅ​ទូ​ទាំង​ពិភព​លោក។ មនុស្ស​ទាំង​នោះ​បាន​ត្រូវ​នាំ​ទៅ​កន្លែង​ល្អ​ប្រសើរ​ជាង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឲ្យ​អ៊ីស្រាអែល។ ពួក​គេ​បាន​ត្រូវ​នាំ​ទៅ​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។ (​អេ. ៥១:៣; ៦៦:៨​) តាំង​ពី​ឆ្នាំ​១៩១៩ គ.ស. ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែន​ដី ពោល​គឺ​«​ចៀម​ឯ​ទៀត​»​ ក៏​បាន​ចូល​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប​នេះ​ដែរ ហើយ​បាន​ទទួល​ពរ​យ៉ាង​បរិបូរ​ពី​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១០:១៦; អេ. ២៥:៦; ៦៥:១៣​) សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប​មាន​នៅ​ទូ​ទាំង​ពិភព​លោក។ នៅ​សព្វ​ថ្ងៃ​នេះ មិន​ថា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​អាច​នៅ​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប ដរាប​ណា​យើង​គាំទ្រ​ការ​គោរព​ប្រណិប័តន៍​ពិត​យ៉ាង​សកម្ម។ w​២២.១១ ទំ.១១​-​១២ វ.១២​-​១៥

ថ្ងៃ​អង្គារ ទី​២១ ខែ​ឧសភា

ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​លោក​មិន​មែន​ជា​ព្រះ​តាំង​ពី​យូរ​លង់​មក​ហើយ​ទេ​ឬ? ឱ​ព្រះ​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ​អើយ! លោក​មិន​ចេះ​ស្លាប់​ឡើយ។—ហាប. ១:១២

តើ​អ្នក​ពិបាក​យល់​គំនិត​ដែល​ថា​ព្រះ​យេហូវ៉ា​«​មាន​ជីវិត​ជា​រៀង​រហូត​»​ឬ​ទេ? (​អេ. ៤០:២៨​) មនុស្ស​ជា​ច្រើន​ពិបាក​យល់​គំនិត​នេះ។ អេលីហ៊ូ​បាន​និយាយ​អំពី​ព្រះ​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​រាប់​អាយុ​របស់​លោក​បាន​ឡើយ​»។ (​យ៉ូប ៣៦:២៦​) ប៉ុន្តែ កាល​ដែល​យើង​មិន​យល់​អ្វី​មួយ មិន​មាន​ន័យ​ថា​នោះ​មិន​ពិត​ទេ។ ជា​ឧទាហរណ៍ ទោះ​ជា​យើង​មិន​យល់​ច្បាស់​ថា​ពន្លឺ​ដំណើរ​ការ​យ៉ាង​ណា​ក្ដី តើ​នេះ​មាន​ន័យ​ថា​ពន្លឺ​នោះ​មិន​មាន​ឬ? មិន​មែន​ទាល់​តែ​សោះ! ស្រដៀង​គ្នា​ដែរ យើង​ជា​មនុស្ស​ប្រហែល​ជា​មិន​អាច​យល់​ច្បាស់​ថា​ព្រះ​យេហូវ៉ា​គ្មាន​ទី​ចាប់​ផ្ដើម ហើយ​គ្មាន​ទី​បញ្ចប់​តាម​របៀប​ណា​ទេ។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​ព្រះ​មិន​រស់​នៅ​ជា​រៀង​រហូត​ឡើយ។ ការ​ពិត​អំពី​អ្នក​បង្កើត​យើង​មិន​អាស្រ័យ​លើ​អ្វី​ដែល​យើង​អាច​យល់​ឬ​មិន​អាច​យល់​នោះ​ទេ។ (​រ៉ូម ១១:៣៣​-​៣៦​) ម្យ៉ាង​ទៀត លោក​មាន​ជីវិត​មុន​អ្វី​ៗ​ទាំង​អស់​ក្នុង​សកល​លោក រួម​មាន​ដួង​អាទិត្យ​និង​ផ្កាយ ដែល​ជា​ប្រភព​នៃ​ពន្លឺ។ មួយ​វិញ​ទៀត លោក​មាន​ជីវិត​មុន​លោក​«​លាត​សន្ធឹង​ផ្ទៃ​មេឃ​»។—យេ. ៥១:១៥ w​២២.១២ ទំ.២​-​៣ វ.៣​-​៤

ថ្ងៃ​ពុធ ទី​២២ ខែ​ឧសភា

សូម​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ដែល​បាន​ត្រៀម​ទុក​នៅ​ចំពោះ​មុខ​លោក។—ច​សព. ១៤១:២

ជួន​កាល យើង​បាន​ត្រូវ​សុំ​ឲ្យ​អធិដ្ឋាន​តំណាង​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ដែល​ដឹក​នាំ​ការ​សិក្សា​គម្ពីរ ប្រហែល​ជា​សុំ​បង​ស្រី​ដែល​ចូល​រួម​ការ​សិក្សា​ជា​មួយ​គាត់​ឲ្យ​អធិដ្ឋាន។ បង​ស្រី​ដែល​ចូល​រួម​នោះ ប្រហែល​ជា​មិន​សូវ​ស្គាល់​សិស្ស​គម្ពីរ​នោះ​ទេ។ ដូច្នេះ គាត់​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ជាង បើ​អធិដ្ឋាន​នៅ​ចុង​បញ្ចប់​ការ​សិក្សា។ យ៉ាង​នេះ គាត់​នឹង​ដឹង​ច្បាស់​ជាង​អំពី​អ្វី​ដែល​គាត់​ត្រូវ​និយាយ​ពេល​ដែល​គាត់​អធិដ្ឋាន​អំពី​សិស្ស​នោះ។ បង​ប្អូន​ប្រុស​ប្រហែល​ជា​បាន​ត្រូវ​សុំ​ឲ្យ​អធិដ្ឋាន​នៅ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ ឬ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ បង​ប្អូន​ប្រុស​ដែល​ទទួល​ឯកសិទ្ធិ​នេះ​គួរ​ចាំ​អំពី​គោល​បំណង​នៃ​កិច្ច​ប្រជុំ​ទាំង​នេះ។ ការ​អធិដ្ឋាន​មិន​មែន​ជា​ពេល​ដើម្បី​ឲ្យ​ឱវាទ​ដល់​ក្រុម​ជំនុំ ឬ​ប្រាប់​សេចក្ដី​ជូន​ដំណឹង​ទេ។ នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ភាគ​ច្រើន មាន​តែ​រយៈ​ពេល​ប្រាំ​នាទី​ដើម្បី​ច្រៀង​ចម្រៀង​និង​អធិដ្ឋាន ដូច្នេះ​បង​ប្រុស​ដែល​ជា​អ្នក​អធិដ្ឋាន​មិន​ចាំ​បាច់​«​ពោល​ពាក្យ​ជា​ច្រើន​»​ ជា​ពិសេស​បើ​គាត់​អធិដ្ឋាន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ។—ម៉ាថ. ៦:៧ w​២២.០៧ ទំ.២៤ វ.១៧​-​១៨

ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ឧសភា

អ្នក​នឹង​ឮ​សូរ​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម តែ​កុំ​ភ័យ​ស្លុត​ឡើយ ព្រោះ​ការ​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង។ ក៏​ប៉ុន្តែ ទី​បញ្ចប់​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។—ម៉ាថ. ២៤:៦

លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​មាន​រោគ​រាត​ត្បាត​«​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​»។ (​លូក. ២១:១១​) តើ​ការ​ដឹង​អំពី​ចំណុច​នេះ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សុខ​សាន្ត​យ៉ាង​ដូច​ម្ដេច? គឺ​ថា​យើង​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្សេង​ៗ​ទេ។ យើង​ទទួល​ស្គាល់​ថា​អ្វី​ទាំង​នេះ​គឺ​កំពុង​កើត​ឡើង​ដូច​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ ដូច្នេះ យើង​នឹង​ធ្វើ​តាម​យោបល់​របស់​លោក​យេស៊ូ​សម្រាប់​ពួក​អ្នក​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​ថា​៖ ​«​កុំ​ភ័យ​ស្លុត​ឡើយ​»។ ក្នុង​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ គឺ​មិន​តែង​តែ​ស្រួល​ឲ្យ​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​ធ្លាប់​ធ្វើ​ពី​មុន​ទេ ប៉ុន្តែ​សូម​កុំ​ឲ្យ​វា​រា​រាំង​អ្នក​ពី​ការ​សិក្សា​ផ្ទាល់​ខ្លួន ឬ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ឡើយ។ បទ​ពិសោធន៍​ជីវិត​ពិត​ក្នុង​សៀវភៅ​ផ្សេង​ៗ​និង​វីដេអូ​របស់​យើង​នឹង​រំលឹក​អ្នក​ថា បង​ប្អូន​របស់​អ្នក​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ជួប​បញ្ហា​ស្រដៀង​នឹង​អ្នក​ក៏​ដោយ។ w​២២.១២ ទំ.១៧ វ.៤, ៦

ថ្ងៃ​សុក្រ ទី​២៤ ខែ​ឧសភា

រឿង​អាក្រក់​កើត​ឡើង​លើ​មនុស្ស​គ្រប់​គ្នា។—អទ. ៩:១១, ​«​Holy Bible—Easy​-​to​-​Read Version​»​

យ៉ាកុប​បាន​បង្ហាញ​ថា​គាត់​ស្រឡាញ់​យ៉ូសែប​ដែល​ជា​កូន​ប្រុស​របស់​គាត់​ខ្លាំង​ណាស់។ (​ដក. ៣៧:៣, ៤​) នេះ​នាំ​ឲ្យ​កូន​ប្រុស​ៗ​ច្បង​របស់​យ៉ាកុប​ច្រណែន​ប្អូន​របស់​ពួក​គេ។ ពេល​ពួក​គេ​មាន​ឱកាស ពួក​គេ​បាន​លក់​យ៉ូសែប​ឲ្យ​ទៅ​អ្នក​ជំនួញ​ជន​ជាតិ​ម៉ាឌាន​មួយ​ក្រុម។ អ្នក​ជំនួញ​ទាំង​នោះ​បាន​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីប​ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ។ នៅ​ទី​នោះ​ពួក​គេ​បាន​លក់​គាត់​ម្ដង​ទៀត លើក​នេះ​ឲ្យ​ទៅ​ប៉ូទីផារ​ដែល​ជា​មេ​អង្គរក្ស​របស់​ផារ៉ូ។ ជីវិត​របស់​យ៉ូសែប​បាន​ផ្លាស់​ប្ដូរ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ពី​កូន​ប្រុស​សំណព្វ​របស់​ឪពុក​គាត់​មក​ជា​ខ្ញុំ​បម្រើ​របស់​ជន​ជាតិ​អេស៊ីប​ម្នាក់! (​ដក. ៣៩:១​) ជួន​កាល​យើង​ជួប​បញ្ហា​ដែល​‹មនុស្ស​ឯ​ទៀត​ធ្លាប់​ជួប›។ (​១កូ. ១០:១៣​) ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​រង​ទុក្ខ​ដោយ​សារ​តែ​យើង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ត្រូវ​គេ​សើច​ចំអក ប្រឆាំង ឬ​ថែម​ទាំង​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​ជំនឿ​របស់​យើង។ (​២ធី. ៣:១២​) មិន​ថា​អ្នក​មាន​ទុក្ខ​លំបាក​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ជោគ​ជ័យ។ w​២៣.០១ ទំ.១៤​-​១៥ វ.៣​-​៤

ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ឧសភា

កន្លែង​ណា​ដែល​គ្មាន​អុស នោះ​ភ្លើង​ក៏​រលត់​ទៅ។—សុភ. ២៦:២០

ជួន​កាល យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​ត្រូវ​ទៅ​ដោះ​ស្រាយ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ប៉ុន្តែ ដំបូង​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ជា​៖ ‹តើ​ខ្ញុំ​យល់​ទាំង​ស្រុង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ឬ​ទេ?›។ (​សុភ. ១៨:១៣​) ‹តើ​គាត់​ប្រហែល​ជា​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ឬ?›។ (​អទ. ៧:២០​) ‹តើ​ខ្ញុំ​ធ្លាប់​ធ្វើ​ខុស​ស្រដៀង​នឹង​នោះ​ឬ​ទេ?›។ (​អទ. ៧:២១, ២២​) ‹បើ​ខ្ញុំ​និយាយ​ជា​មួយ​គាត់ តើ​នោះ​នឹង​ធ្វើ​ឲ្យ​រឿង​នោះ​កាន់​តែ​ធំ​ឬ?›។ ពេល​យើង​លៃ​ទុក​ពេល​ពិចារណា​សំណួរ​បែប​នេះ យើង​ប្រហែល​ជា​យល់​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​យើង​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​មើល​រំលង​អ្វី​ដែល​ធ្វើ​ឲ្យ​ទើស​ចិត្ត​នោះ។ យើង​ម្នាក់​ៗ​បង្ហាញ​ថា​យើង​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ ពេល​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ចំពោះ​បង​ប្អូន​របស់​យើង ទោះ​ជា​ពួក​គេ​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ អ្នក​ឯ​ទៀត​ក៏​ប្រហែល​ជា​នឹង​សម្គាល់​សាសនា​ពិត ហើយ​ចង់​ចូល​រួម​ជា​មួយ​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សូម​យើង​តាំង​ចិត្ត​បន្ដ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​ជា​លក្ខណៈ​សម្គាល់​នៃ​គ្រិស្ត​សាសនិក​ពិត។ w​២៣.០៣ ទំ.៣១ វ.១៨​-​១៩

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា

ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់។—១យ៉ូន. ៤:៨

គម្ពីរ​ជួយ​យើង​ឲ្យ​យល់​ថា​គុណ​សម្បត្តិ​ដ៏​ធំ​បំផុត​របស់​ព្រះ​យេហូវ៉ា​គឺ​សេចក្ដី​ស្រឡាញ់។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង លោក​មិន​ឲ្យ​យើង​ព័ត៌មាន​ល្អិត​ល្អន់​ច្រើន​ពន់​ពេក​ដែល​ហួស​ពី​តម្រូវ​ការ​របស់​យើង​ដើម្បី​បម្រើ​លោក​ឡើយ។ (​យ៉ូន. ២១:២៥​) ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​យើង​តាម​របៀប​ដែល​លើក​កិត្តិយស​យើង។ ក្នុង​គម្ពីរ លោក​មិន​ឲ្យ​យើង​បញ្ជី​មួយ​ដែល​មាន​ច្បាប់​មិន​ចេះ​អស់​ដោយ​ប្រាប់​យើង​យ៉ាង​ជាក់​លាក់​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ ឬ​មិន​អាច​ធ្វើ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ប្រើ​បទ​ពិសោធន៍​ជីវិត​ពិត ទំនាយ​ដ៏​គួរ​ឲ្យ​រំភើប និង​យោបល់​ដែល​មាន​ប្រយោជន៍​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ តាម​របៀប​ទាំង​នេះ បណ្ដាំ​ព្រះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​និង​ស្ដាប់​បង្គាប់​លោក​ស្មោះ​ពី​ចិត្ត។ គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​យ៉ាង​ខ្លាំង។ តើ​តាម​របៀប​ណា? បណ្ដាំ​ព្រះ​ពេញ​ទៅ​ដោយ​កំណត់​ហេតុ​ដែល​បង្ហាញ​អំពី​អារម្មណ៍​របស់​មនុស្ស។ យើង​អាច​យល់​អំពី​អារម្មណ៍​របស់​បុគ្គល​ផ្សេង​ៗ​ក្នុង​គម្ពីរ ដោយ​សារ​ពួក​គេ​«​ក៏​ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង​ដែរ​»។ (​យ៉ា. ៥:១៧, កំ.ស.​) សំខាន់​ជាង​នេះ​ទៅ​ទៀត ដោយ​សង្កេត​មើល​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដូច​យើង នោះ​យើង​អាច​យល់​ច្បាស់​ជាង​ថា​«​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ និង​ពេញ​ទៅ​ដោយ​សេចក្ដី​មេត្តា​ករុណា​»។—យ៉ា. ៥:១១ w​២៣.០២ ទំ.៦​-​៧ វ.១៣​-​១៥

ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​ឧសភា

ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ!—១ពេ. ៥:៨

សៀវភៅ​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា​៖ ​«​ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​»។ (​បប. ១:១​) ដូច្នេះ យើង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​ថ្មី​ៗ​ក្នុង​ពិភព​លោក​នេះ ហើយ​ចង់​ដឹង​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំង​នេះ​អាច​សម្រេច​ទំនាយ​នៅ​ក្នុង​គម្ពីរ។ យ៉ាង​នេះ យើង​ប្រហែល​ជា​ចង់​ពិភាក្សា​អំពី​ព្រឹត្តិការណ៍​ទាំង​នេះ​ជា​មួយ​បង​ប្អូន​យើង។ ប៉ុន្តែ ពេល​យើង​ពិគ្រោះ​ទំនាយ​ក្នុង​គម្ពីរ យើង​គួរ​ជៀស​វាង​ពី​ការ​ប៉ាន់​ស្មាន។ ហេតុ​អ្វី? ពីព្រោះ​យើង​មិន​ចង់​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​ក្រុម​ជំនុំ​បែក​បាក់​សាមគ្គី​ឡើយ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ឮ​ពួក​អ្នក​ដឹក​នាំ​ពិភព​លោក​និយាយ​អំពី​របៀប​ដែល​ពួក​គេ​អាច​ដោះ​ស្រាយ​ជម្លោះ​ណា​មួយ ហើយ​នាំ​មក​នូវ​សន្តិភាព​និង​សន្តិសុខ។ ជា​ជាង​ប៉ាន់ស្មាន​ថា​ពាក្យ​ទាំង​នោះ​កំពុង​សម្រេច​ទំនាយ​នៅ​ថែស្សាឡូនិច​ទី១ ៥:៣ យើង​ត្រូវ​ស្វែង​យល់​ព័ត៌មាន​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​នៅ​ពេល​ថ្មី​ៗ​នេះ។ ពេល​ការ​ពិគ្រោះ​របស់​យើង​មាន​មូលដ្ឋាន​លើ​ព័ត៌មាន​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា យើង​ជួយ​ក្រុម​ជំនុំ​ឲ្យ​រក្សា​សាមគ្គីភាព​ដោយ​មាន​«​របៀប​គិត​គូរ​តែ​មួយ​»។—១កូ. ១:១០; ៤:៦ w​២៣.០២ ទំ.១៦ វ.៤​-​៥

ថ្ងៃ​អង្គារ ទី​២៨ ខែ​ឧសភា

ចូរ​ជិះ​សេះ​ទៅ​ប្រយុទ្ធ​ដើម្បី​សេចក្ដី​ពិត សេចក្ដី​សុភាព​រាប​ទាប និង​សេចក្ដី​សុចរិត ហើយ​ដៃ​ស្ដាំ​របស់​អ្នក​នឹង​សម្រេច​ការ​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច។—ចសព. ៤៥:៤

ហេតុ​អ្វី​អ្នក​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត? លោក​យេស៊ូ​ស្រឡាញ់​អ្វី​ដែល​ពិត សុភាព​រាប​ទាប និង​សុចរិត។ បើ​អ្នក​ស្រឡាញ់​អ្វី​ដ៏​ពិត​និង​សុចរិត គឺ​ស្រួល​យល់​ថា​អ្នក​ក៏​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត​ដែរ។ សូម​គិត​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដើម្បី​ការ​ពារ​អ្វី​ដែល​ពិត​និង​សុចរិត។ (​យ៉ូន. ១៨:៣៧​) ប៉ុន្តែ តើ​លោក​យេស៊ូ​លើក​ស្ទួយ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​លើក​ស្ទួយ​ចិត្ត​រាប​ទាប​តាម​រយៈ​គំរូ​របស់​លោក។ ជា​ឧទាហរណ៍ លោក​ឲ្យ​ការ​សរសើរ​តម្កើង​ទាំង​អស់​ទៅ​បិតា​លោក មិន​មែន​ខ្លួន​លោក​ទេ។ (​ម៉ាក. ១០:១៧, ១៨; យ៉ូន. ៥:១៩​) តើ​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? នេះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ស្រឡាញ់​លោក​ដែល​ជា​បុត្រ​របស់​ព្រះ​និង​កាន់​តាម​លោក មែន​ទេ? ច្បាស់​ជា​មែន។ ហេតុ​អ្វី​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប? ពីព្រោះ​លោក​ស្រឡាញ់​និង​យក​តម្រាប់​បិតា​លោក​ដែល​មាន​ចិត្ត​រាប​ទាប។ (​ចសព. ១៨:៣៥; ហេ. ១:៣​) តើ​អ្នក​ចង់​ចូល​ទៅ​ជិត​លោក​យេស៊ូ​ដែល​បង្ហាញ​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឬ​ទេ? w​២៣.០៣ ទំ.៣​-​៤ វ.៦​-​៧

ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា

មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—សកម្ម. ២៤:១៥

គម្ពីរ​ចែង​អំពី​ក្រុម​ពីរ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី ពោល​គឺ​«​មនុស្ស​សុចរិត​»​និង​«​មនុស្ស​មិន​សុចរិត​»។ ​«​មនុស្ស​សុចរិត​»​ គឺ​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​កាល​ដែល​ពួក​គេ​នៅ​រស់។ ​«​មនុស្ស​មិន​សុចរិត​»​ គឺ​ពួក​អ្នក​ដែល​មិន​បាន​បម្រើ​ព្រះ​យេហូវ៉ា។ ដោយ​សារ​ក្រុម​ទាំង​ពីរ​នេះ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​យើង​អាច​និយាយ​ថា​ឈ្មោះ​របស់​ពួក​គេ​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត​ឬ​ទេ? មុន​ពួក​គេ​ស្លាប់ ឈ្មោះ​របស់​«​មនុស្ស​សុចរិត​»​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​ជីវិត។ តើ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​លុប​ចេញ​ពី​សៀវភៅ​នោះ​ពេល​ពួក​គេ​ស្លាប់​ឬ? មិន​មែន​ទេ ពីព្រោះ​ពួក​គេ​«​កំពុង​រស់​នៅ​»​ក្នុង​ការ​ចង​ចាំ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​«​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ ព្រោះ​លោក​ចាត់​ទុក​ថា​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។ (​លូក. ២០:៣៨​) នេះ​មាន​ន័យ​ថា​ពេល​ដែល​មនុស្ស​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​លើ​ផែន​ដី ឈ្មោះ​របស់​ពួក​គេ​នឹង​មាន​នៅ​ក្នុង​សៀវភៅ​ជីវិត ទោះ​ជា​ដើម​ដំបូង​ឈ្មោះ​ទាំង​នោះ​គឺ​ហាក់​ដូច​ជា​បាន​ត្រូវ​សរសេរ​ដោយ​ខ្មៅ​ដៃ​ក្ដី។—លូក. ១៤:១៤ w​២២.០៩ ទំ.១៦ វ.៩​-​១០

ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​ឧសភា

ព្រះ​យេហូវ៉ា​បាន​ដាក់​បុរស​នោះ​ឲ្យ​រស់​នៅ​ក្នុង​សួន​អេដែន ដើម្បី​គាត់​អាច​ធ្វើ​ការ​ដាំ​ដុះ​និង​ថែ​ទាំ​សួន​នោះ។—ដក. ២:១៥

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ដំបូង​រីករាយ​នឹង​អ្វី​ដែល​លោក​បាន​បង្កើត។ ពេល​ព្រះ​បង្កើត​អាដាម លោក​បាន​ឲ្យ​គាត់​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត ហើយ​បាន​ឲ្យ​គាត់​មាន​ភារកិច្ច​ថែ​ទាំ​និង​ពង្រីក​សួន​នោះ។ (​ដក. ២:៨, ៩​) សូម​ស្រមៃ​គិត​ថា​អាដាម​រំភើប​ចិត្ត​យ៉ាង​ណា ពេល​ដែល​គាត់​ឃើញ​គ្រាប់​ពូជ​ចេញ​ពន្លក​និង​ផ្កា​រីក​ស្គុស​ស្គាយ។ ការ​ថែ​ទាំ​សួន​អេដែន​គឺ​ជា​ឯកសិទ្ធិ​ដ៏​ធំ​មួយ​សម្រាប់​អាដាម! ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​អាដាម​ដាក់​ឈ្មោះ​សត្វ​នានា​ដែរ។ (​ដក. ២:១៩, ២០​) ព្រះ​យេហូវ៉ា​អាច​ដាក់​ឈ្មោះ​សត្វ​ទាំង​នោះ​ដោយ​ខ្លួន​លោក​ក៏​បាន ប៉ុន្តែ​លោក​បាន​ឲ្យ​ភារកិច្ច​នោះ​ទៅ​អាដាម។ មុន​អាដាម​ដាក់​ឈ្មោះ​ឲ្យ​សត្វ​នីមួយ​ៗ គាត់​ច្បាស់​ជា​បាន​សិក្សា​យ៉ាង​ដិត​ដល់​អំពី​សត្វ​ទាំង​នោះ​ដោយ​សង្កេត​មើល​រូប​រាង​របស់​ពួក​វា​និង​របៀប​ដែល​ពួក​វា​ប្រព្រឹត្ត។ អាដាម​ប្រាកដ​ជា​ចូល​ចិត្ត​ធ្វើ​កិច្ច​ការ​នោះ។ នេះ​ច្បាស់​ជា​បាន​ជួយ​គាត់​ឲ្យ​យល់​អំពី​ប្រាជ្ញា​ដ៏​លើស​លប់​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​អ្វី​ដែល​លោក​បាន​បង្កើត​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ស្រស់​ស្អាត​យ៉ាង​ខ្លាំង។ w​២៣.០៣ ទំ.១៥ វ.៣

ថ្ងៃ​សុក្រ ទី​៣១ ខែ​ឧសភា

រាជាណាចក្រ​នេះ​នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ​ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។—ដាន. ២:៤៤

អង់គ្លេស​អាម៉េរិក​ដែល​បាន​ត្រូវ​តំណាង​ដោយ​ប្រអប់​ជើង​នៃ​រូប​ធំ​សម្បើម គឺ​ជា​មហាអំណាច​ពិភព​លោក​ចុង​ក្រោយ​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​គម្ពីរ។ (​ដាន. ២:៣១​-​៣៣​) គ្មាន​រដ្ឋាភិបាល​ផ្សេង​ទៀត​របស់​មនុស្ស​នឹង​លេច​មក​ក្រោយ​មហា​អំណាច​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​សង្គ្រាម​អាម៉ាគេដូន រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​ចោល​មហា​អំណាច​នេះ ព្រម​ទាំង​រដ្ឋាភិបាល​ទាំង​អស់​ឯ​ទៀត​របស់​មនុស្ស។ (​បប. ១៦:១៣, ១៤, ១៦; ១៩:១៩, ២០​) តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​នេះ? ទំនាយ​របស់​ដានីយ៉ែល​ផ្ដល់​ទី​សំអាង​ថែម​ទៀត​ដែល​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់។ ជាង​២.៥០០​ឆ្នាំ​មុន ដានីយ៉ែល​បាន​ប្រកាស​ទុក​ជា​មុន​ថា​ក្រោយ​ពី​បាប៊ីឡូន មហា​អំណាច​បួន​ទៀត​នឹង​គ្រប់​គ្រង​លើ​រាស្ត្រ​របស់​ព្រះ។ បន្ថែម​ទៅ​ទៀត គាត់​បាន​រៀប​រាប់​ថា​មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​គ្រប់​គ្រង​ចុង​ក្រោយ​គេ។ ដូច្នេះ​មិន​យូរ​ទៀត រាជាណាចក្រ​ព្រះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល។ នេះ​ផ្ដល់​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម​ដល់​យើង។ w​២២.០៧ ទំ.៤ វ.៩; ទំ.៥ វ.១១​-​១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក