បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ៣៧-៤៧
  • ខែមេសា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែមេសា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ​ថ្ងៃ​ច័ន្ទ ទី​១ ខែ​មេសា
  • ថ្ងៃ​អង្គារ ទី​២ ខែ​មេសា
  • ថ្ងៃ​ពុធ ទី​៣ ខែ​មេសា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មេសា
  • ថ្ងៃ​សុក្រ ទី​៥ ខែ​មេសា
  • ថ្ងៃ​សៅរ៍ ទី​៦ ខែ​មេសា
  • ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា
  • ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា
  • ថ្ងៃ​អង្គារ ទី​៩ ខែ​មេសា
  • ថ្ងៃ​ពុធ ទី​១០ ខែ​មេសា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មេសា
  • ថ្ងៃ​សុក្រ ទី​១២ ខែ​មេសា
  • ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា
  • ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា
  • ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មេសា
  • ថ្ងៃ​អង្គារ ទី​១៦ ខែ​មេសា
  • ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា
  • ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា
  • ថ្ងៃ​សៅរ៍ ទី​២០ ខែ​មេសា
  • ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា
  • ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មេសា
  • ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា
  • ថ្ងៃ​ពុធ ទី​២៤ ខែ​មេសា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មេសា
  • ថ្ងៃ​សុក្រ ទី​២៦ ខែ​មេសា
  • ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា
  • ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា
  • ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា
  • ថ្ងៃ​អង្គារ ទី​៣០ ខែ​មេសា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ៣៧-៤៧

ខែ​មេសា

​ថ្ងៃ​ច័ន្ទ ទី​១ ខែ​មេសា

ពេល​ជំនឿ​របស់​អ្នក​បាន​ត្រូវ​សាក​ល្បង . . . នោះ​ធ្វើ​ឲ្យ​អ្នក​ចេះ​ស៊ូ​ទ្រាំ។—យ៉ា. ១:៣

សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ឱវាទ? តើ​ខ្ញុំ​ឆាប់​ទទួល​ស្គាល់​កំហុស ឬ​តើ​ខ្ញុំ​ខំ​និយាយ​ដោះសា​ចំពោះ​កំហុស​របស់​ខ្លួន? តើ​ខ្ញុំ​ឆាប់​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ឯ​ទៀត​ឬ​ទេ?›។ កាល​ដែល​អ្នក​អាន​អំពី​បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​នៅ​ក្នុង​គម្ពីរ សូម​ពិចារណា​អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង។ រាល់​លើក សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​នោះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?›។ យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ការ​សង្កេត​មើល​បង​ប្អូន​រួម​ជំនឿ​ទាំង​ចាស់​ទាំង​ក្មេង​ដែរ។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​នឹក​ឃើញ​អំពី​បុគ្គល​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ដែល​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​មួយ​យ៉ាង​ស្មោះ​ត្រង់ ដែល​ប្រហែល​ជា​មក​ពី​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ឬ​បញ្ហា​សុខភាព​ឬ​ទេ? តើ​អ្នក​ឃើញ​ថា​បុគ្គល​នេះ​មាន​គុណ​សម្បត្តិ​ដែល​អ្នក​ចង់​បង្កើន​ឬ​ទេ? ដោយ​គិត​អំពី​គំរូ​របស់​គាត់ អ្នក​ប្រហែល​ជា​រៀន​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​ខ្លួន។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បង​ប្អូន​ទាំង​នេះ​ទុក​គំរូ​ល្អ​ឲ្យ​យើង​ស្ដី​អំពី​ជំនឿ!—ហេ. ១៣:៧ w​២២.០៤ ទំ.១៣ វ.១៣​-​១៤

ថ្ងៃ​អង្គារ ទី​២ ខែ​មេសា

ការ​ឲ្យ​គេ នោះ​មាន​សុភមង្គល​ច្រើន​ជាង​ការ​ទទួល។—សកម្ម. ២០:៣៥

ពេល​យើង​មាន​បញ្ហា​ក្នុង​ជីវិត យើង​ធូរ​ចិត្ត​ដែល​អ្នក​ចាស់​ទុំ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ ដោយ​ចំណាយ​ពេល​ស្ដាប់ និង​សម្រាល​ទុក្ខ​យើង។ ពេល​យើង​ពិបាក​ដឹក​នាំ​ការ​បង្រៀន​គម្ពីរ យើង​សប្បាយ​ចិត្ត​ដែល​អ្នក​ត្រួស​ត្រាយ​ដែល​មាន​បទ​ពិសោធន៍​ចូល​រួម​ការ​បង្រៀន​ជា​មួយ​យើង និង​ផ្ដល់​យោបល់​ផ្សេង​ៗ​ឲ្យ​យើង។ បង​ប្អូន​ទាំង​នេះ​សប្បាយ​រីករាយ​ជួយ​យើង។ យើង​ក៏​អាច​មាន​អំណរ​ដូច​ពួក​គេ​បាន​ដែរ បើ​យើង​សុខ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត។ តើ​អ្វី​នឹង​ជួយ​អ្នក បើ​អ្នក​ចង់​ធ្វើ​ច្រើន​ជាង​ដើម្បី​ព្រះ​យេហូវ៉ា​តាម​របៀប​ទាំង​នេះ​ឬ​របៀប​ផ្សេង​ទៀត? សូម​កុំ​កំណត់​គោល​ដៅ​ដែល​មិន​ជាក់​លាក់​ឡើយ។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​គិត​ថា ‹ខ្ញុំ​ចង់​ធ្វើ​ច្រើន​ជាង​ក្នុង​ក្រុម​ជំនុំ›។ ប៉ុន្តែ អ្នក​ប្រហែល​ជា​ពិបាក​ដឹង​ថា អ្នក​គួរ​សម្រេច​គោល​ដៅ​នោះ​តាម​របៀប​ណា ហើយ​អ្នក​ប្រហែល​ជា​មិន​អាច​ដឹង​ថា អ្នក​បាន​សម្រេច​គោល​ដៅ​នោះ​ហើយ​ឬ​នៅ​ទេ។ ដូច្នេះ សូម​ជ្រើស​រើស​គោល​ដៅ​ច្បាស់​មួយ។ អ្នក​ក៏​អាច​កត់​សរសេរ​គោល​ដៅ​និង​គម្រោង​អំពី​របៀប​ដែល​អ្នក​នឹង​សម្រេច​គោល​ដៅ​នោះ​ផង​ដែរ។ w​២២.០៤ ទំ.២៥ វ.១២​-​១៣

ថ្ងៃ​ពុធ ទី​៣ ខែ​មេសា

អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក។—យ៉ា. ២:៨

ឥឡូវ​ព្រះ​យេហូវ៉ា​កំពុង​ប្រមូល​«​មនុស្ស​មួយ​ក្រុម​ធំ​»​ និង​បង្ហាត់​បង្រៀន​ពួក​គេ​ឲ្យ​ធ្វើ​ជា​ពលរដ្ឋ​នៃ​រាជាណាចក្រ​របស់​លោក។ (​បប. ៧:៩, ១០​) ទោះ​ជា​មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​បែក​បាក់​គ្នា​ដោយ​សារ​ការ​ស្អប់​និង​សង្គ្រាម​ក្ដី មនុស្ស​មួយ​ក្រុម​ធំ​នេះ​ខំ​ប្រឹង​បំបាត់​ចោល​ការ​ស្អប់​គ្រប់​យ៉ាង​ពី​ចិត្ត​គំនិត​របស់​ពួក​គេ។ ពួក​គេ​ហាក់​ដូច​ជា​កំពុង​ដំ​ដាវ​ធ្វើ​ជា​ផាល​នង្គ័ល។ (​មីកា ៤:៣​) ជា​ជាង​ចូល​រួម​ធ្វើ​សង្គ្រាម​ដែល​នាំ​ឲ្យ​មាន​ការ​ស្លាប់​ជា​ច្រើន ពួក​គេ​កំពុង​ជួយ​មនុស្ស​ឲ្យ​រក​ឃើញ​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ដោយ​បង្រៀន​មនុស្ស​ទាំង​នោះ​អំពី​ព្រះ​ពិត​និង​គោល​បំណង​របស់​លោក។ (​១ធី. ៦:១៩​) សមាជិក​ក្រុម​គ្រួសារ​ប្រហែល​ជា​ប្រឆាំង​ពួក​គេ ឬ​ក៏​ដោយ​សារ​ពួក​គេ​នៅ​ខាង​រាជាណាចក្រ​របស់​ព្រះ នោះ​ពួក​គេ​ប្រហែល​ជា​មាន​បញ្ហា​លុយ​កាក់ ប៉ុន្តែ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​មាន​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ។ (​ម៉ាថ. ៦:២៥, ៣០​-​៣៣; លូក. ១៨:២៩, ៣០​) អ្វី​ទាំង​នោះ​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​មាន​ពិត​ប្រាកដ ហើយ​ថា​រាជាណាចក្រ​នោះ​នឹង​បន្ដ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ w​២​២.១២ ទំ.៦ វ.១៣

ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មេសា

អាមេន! លោក​ម្ចាស់​យេស៊ូ សូម​អញ្ជើញ​មក។—បប. ២២:២០

មក​ដល់​ដំណាច់​គ្រា​១.០០០​ឆ្នាំ អស់​អ្នក​ដែល​រស់​នៅ​លើ​ផែន​ដី​បាន​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ គ្មាន​នរណា​ទទួល​ឥទ្ធិពល​ពី​ការ​ខុស​ឆ្គង​ដែល​មក​ពី​អាដាម​ឡើយ។ (​រ៉ូម ៥:១២​) ការ​ខុស​ឆ្គង​ដែល​មក​ពី​អាដាម​បាន​ត្រូវ​ដក​ចេញ​ទាំង​ស្រុង។ យ៉ាង​នេះ ពួក​អ្នក​ដែល​នៅ​លើ​ផែន​ដី​នឹង​«​ទទួល​ជីវិត​»​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​នៅ​ដំណាច់​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ។ (​បប. ២០:៥​) យើង​ដឹង​ថា​លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​សាថាន​បាន​ល្បង​ល​លោក​ក្ដី។ ប៉ុន្តែ តើ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទាំង​អស់​នឹង​សុខ​ចិត្ត​ធ្វើ​ដូច្នេះ​ពេល​ដែល​សាថាន​ព្យាយាម​ល្បង​ល​ពួក​គេ​ឬ​ទេ? បុគ្គល​ម្នាក់​ៗ​នឹង​អាច​ឆ្លើយ​សំណួរ​នេះ​ដោយ​ខ្លួន​ឯង នៅ​ពេល​ដែល​សាថាន​បាន​ត្រូវ​ដោះ​លែង​ពី​ទី​ជ្រៅ​បំផុត​ភ្លាម​ៗ​ក្រោយ​ពី​គ្រា​១.០០០​ឆ្នាំ​ផុត​ទៅ។ (​បប. ២០:៧​) ពួក​អ្នក​ដែល​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​អំឡុង​ការ​សាក​ល្បង​ចុង​ក្រោយ​នេះ នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មាន​សេរី​ភាព​ពិត​ប្រាកដ។ (​រ៉ូម ៨:២១​) ពួក​អ្នក​បះ​បោរ នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។—បប. ២០:៨​-​១០ w​២២.០៥ ទំ.១៩ វ.១៨​-​១៩

ថ្ងៃ​សុក្រ ទី​៥ ខែ​មេសា

អ្នក​នឹង​ចឹក​កែង​ជើង​គាត់។—ដក. ៣:១៥

ទំនាយ​នោះ​បាន​ត្រូវ​សម្រេច ពេល​ដែល​សាថាន​ប្រើ​ជនជាតិ​យូដា​និង​ជន​ជាតិ​រ៉ូម​ឲ្យ​សម្លាប់​បុត្រ​របស់​ព្រះ។ (​លូក. ២៣:១៣, ២០​-​២៤​) ដូច​របួស​កែង​ជើង​ធ្វើ​ឲ្យ​បុគ្គល​ណា​ម្នាក់​ពិបាក​ដើរ​មួយ​រយៈ​ពេល ការ​ស្លាប់​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​លោក​លែង​មាន​សកម្មភាព​អស់​មួយ​រយៈ កាល​ដែល​លោក​នៅ​ក្នុង​ផ្នូរ។ (​ម៉ាថ. ១៦:២១​) ទំនាយ​នៅ​ដើម​កំណើត ៣:១៥​បង្ហាញ​ថា លោក​យេស៊ូ​មិន​អាច​នៅ​ក្នុង​ផ្នូរ​រហូត​បាន​ទេ។ ហេតុ​អ្វី? ពីព្រោះ​យោង​ទៅ​តាម​ទំនាយ​នោះ ពូជ​នឹង​កិន​ក្បាល​សត្វ​ពស់។ នេះ​មាន​ន័យ​ថា​លោក​យេស៊ូ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នេះ​បាន​កើត​ឡើង​មែន! នៅ​ថ្ងៃ​ទី​៣​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ។ នៅ​ពេល​កំណត់​របស់​ព្រះ លោក​យេស៊ូ​នឹង​កិន​កម្ទេច​សាថាន។ (​ហេ. ២:១៤​) ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​គ្រិស្ត​នឹង​រួម​ចំណែក​ក្នុង​ការ​បំផ្លាញ​ពួក​សត្រូវ​ទាំង​អស់​របស់​ព្រះ​នៅ​ផែន​ដី ពោល​គឺ​ពូជ​ពស់។—បប. ១៧:១៤; ២០:៤, ១០ w​២២.០៧ ទំ.១៦ វ.១១​-​១២

ថ្ងៃ​សៅរ៍ ទី​៦ ខែ​មេសា

អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ។—សុភ​. ១៣:២០

ឪពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​ជ្រើស​រើស​មិត្ត​ល្អ។ គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា​មិត្ត​ភក្តិ​មាន​ឥទ្ធិពល​មក​លើ​យើង អាច​ល្អ​អាច​អាក្រក់។ តើ​អ្នក​ស្គាល់​មិត្ត​ភក្តិ​របស់​កូន​ៗ​ឬ​ទេ? តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​មិត្ត​ភក្តិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា? (​១កូ. ១៥:៣៣​) អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​អំពី​រឿង​នេះ ដោយ​អញ្ជើញ​បង​ប្អូន​ខ្លះ​ដែល​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​ចំណាយ​ពេល​ជា​មួយ​អ្នក​និង​កូន​ៗ​អ្នក។ (​ចសព. ១១៩:៦៣​) ឪពុក​ម្នាក់​ឈ្មោះ​ថូនី​ពន្យល់​ថា​៖ ​«​អស់​ជា​ច្រើន​ឆ្នាំ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​បាន​អញ្ជើញ​បង​ប្អូន​ផ្សេង​ៗ ទាំង​ក្មេង​ទាំង​ចាស់​ឲ្យ​មក​ផ្ទះ​របស់​យើង។ យើង​បាន​បរិភោគ​អាហារ​និង​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​គ្នា។ នេះ​ជា​របៀប​ដ៏​ល្អ​មួយ​ដើម្បី​ស្គាល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក​ដោយ​អំណរ។ . . . បទ​ពិសោធន៍ ចិត្ត​ខ្នះខ្នែង និង​ចិត្ត​គំនិត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​ពួក​គេ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កូន​របស់​យើង ហើយ​បាន​ជួយ​កូន​ៗ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​»។ w២២.០៥ ទំ.២៩​-​៣០ វ.១៤​-​១៥

ថ្ងៃ​អាទិត្យ ទី​៧ ខែ​មេសា

អ្វី​ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែន​ដី នោះ​ជា​អ្វី​ដែល​បាន​ត្រូវ​ចង​នៅ​ស្ថាន​សួគ៌។—ម៉ាថ. ១៨:១៨

ពេល​ពួក​អ្នក​ចាស់​ទុំ​ជួប​ជា​មួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង គោល​ដៅ​របស់​ពួក​គេ​គឺ​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ផែន​ដី​ឲ្យ​ដូច​ការ​សម្រេច​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​រួច​ហើយ​នៅ​ស្ថាន​សួគ៌។ តើ​ការ​រៀប​ចំ​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា​ដល់​ក្រុម​ជំនុំ? គឺ​ការ​ពារ​ក្រុម​ជំនុំ​ដោយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​មិន​ប្រែ​ចិត្ត​មិន​អាច​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ និង​បង្ខូច​អ្នក​បម្រើ​ដ៏​មាន​តម្លៃ​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​១កូ. ៥:៦, ៧, ១១​-​១៣; ទីត. ៣:១០, ១១​) ការ​រៀប​ចំ​នោះ​ក៏​ប្រហែល​ជា​ជួយ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ត​និង​ទទួល​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា។ (​លូក. ៥:៣២​) ពួក​អ្នក​ចាស់​ទុំ​អធិដ្ឋាន​ឲ្យ​បុគ្គល​ដែល​ប្រែ​ចិត្ត ហើយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​បុគ្គល​នោះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ឡើង​វិញ។ (​យ៉ា. ៥:១៥​) ឧបមា​ថា បុគ្គល​ម្នាក់​មិន​ប្រែ​ចិត្ត​ពេល​ពួក​អ្នក​ចាស់​ទុំ​ជួប​គាត់។ ក្នុង​ករណី​នោះ គាត់​នឹង​ត្រូវ​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុម​ជំនុំ។ ប៉ុន្តែ​បើ​ក្រោយ​មក បុគ្គល​នោះ​ភ្ញាក់​ខ្លួន​ដឹង​កំហុស ហើយ​កែ​ប្រែ​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​គាត់ ព្រះ​យេហូវ៉ា​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​គាត់។ (​លូក. ១៥:១៧​-​២៤​) សូម្បី​តែ​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ក៏​លោក​នៅ​តែ​អាច​អភ័យ​ទោស​ឲ្យ​គាត់​ដែរ។—២ប្រ. ៣៣:៩, ១២, ១៣; ១ធី. ១:១៥ w​២២.០៦ ទំ.៩ វ.៥​-​៦

ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា

ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ! មេ​កំណាច​ដែល​ជា​សត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់។—១ពេ. ៥:៨

ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា គ្រិស្ត​សាសនិក​នៅ​ទូទាំង​ផែនដី​បាន​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ ហើយ​អាច​តយុទ្ធ​ប្រឆាំង​នឹង​សាថាន​បាន។ (​១ពេ. ៥:៩​) អ្នក​ក៏​អាច​ធ្វើ​បាន​ដែរ។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បង្គាប់​លោក​យេស៊ូ​និង​ពួក​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក​ឲ្យ​«​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច​»។ (​១យ៉ូន. ៣:៨​) បន្ទាប់​ពី​នោះ រាស្ត្រ​របស់​ព្រះ​ដែល​បម្រើ​លោក​នៅ​លើ​ផែន​ដី​«​នឹង​មិន​ភ័យ​ខ្លាច​ហើយ​ក៏​មិន​តក់​ស្លុត​ដែរ​»។ (​អេ. ៥៤:១៤; មីកា ៤:៤​) ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​ខំ​ព្យាយាម​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​យើង។ យើង​ត្រូវ​បន្ត​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ការ​ពារ​រាស្ត្រ​របស់​លោក។ យើង​នឹង​ទទួល​ជំនួយ​ឲ្យ​ធ្វើ​ដូច្នេះ ដោយ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល និង​ដោយ​និយាយ​អំពី​រឿង​នេះ​ជា​មួយ​អ្នក​ឯ​ទៀត។ យើង​ក៏​អាច​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ផ្ទាល់​ឲ្យ​ប្រឈម​មុខ​នឹង​ការ​ពិបាក។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​យក​ឈ្នះ​អារម្មណ៍​ភ័យ​ខ្លាច​របស់​យើង​បាន។—ចសព. ៣៤:៤ w​២២.០៦ ទំ.១៩ វ.១៩​-​២០

ថ្ងៃ​អង្គារ ទី​៩ ខែ​មេសា

ថ្ម​នោះ​បាន​មក​បុក​ទង្គិច​ចំ​ប្រអប់​ជើង​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ។—ដាន. ២:៣៤

មហា​អំណាច​ពិភព​លោក​ដែល​តំណាង​ដោយ​«​ប្រអប់​ជើង​ធ្វើ​ពី​ដែក​លាយ​ដី​ឥដ្ឋ​»​ កំពុង​គ្រប់​គ្រង​រួច​ហើយ។ វា​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​១ ពេល​ដែល​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​បាន​ចាប់​ផ្ដើម​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ រូប​ដ៏​ធំ​សម្បើម​ក្នុង​សុបិន​របស់​នេប៊ូក្នេសា ក៏​បង្ហាញ​អ្វី​ទុក​ជា​មុន​អំពី​មហា​អំណាច​ពិភព​លោក​នេះ ដែល​នឹង​ខុស​គ្នា​ពី​រាជាណាចក្រ​ដែល​បាន​គ្រប់​គ្រង​ពី​មុន​ៗ។ ខុស​ពី​មហា​អំណាច​ពិភព​លោក​ពី​មុន ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​នោះ មហា​អំណាច​អង់គ្លេស​អាម៉េរិក​មិន​បាន​ត្រូវ​តំណាង​ដោយ​លោហៈ​សុទ្ធ​ដូច​ជា​មាស​ឬ​ប្រាក់​ទេ ប៉ុន្តែ​បាន​ត្រូវ​តំណាង​ដោយ​ដែក​លាយ​នឹង​ដី​ឥដ្ឋ។ ដី​ឥដ្ឋ​នោះ​ជា​តំណាង​«​បណ្ដា​ជន​»​ ឬ​មនុស្ស​សាមញ្ញ​ធម្មតា។ (​ដាន. ២:៤៣​) សព្វ​ថ្ងៃ​នេះ​យើង​អាច​ឃើញ​ច្បាស់​ថា​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​បោះ​ឆ្នោត សហជីព ការ​ទាម​ទារ​សិទ្ធិ​ពលរដ្ឋ និង​បាតុកម្ម​ធំ​ៗ ហើយ​នេះ​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​របស់​មហា​អំណាច​ពិភព​លោក​នេះ​ពិបាក​សម្រេច​អ្វី​ៗ​ដែល​ខ្លួន​ចង់​បាន។ w​២២.០៧ ទំ.៤​-​៥ វ.៩​-​១០

ថ្ងៃ​ពុធ ទី​១០ ខែ​មេសា

អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។—យ៉ូន. ៤:៣៤

តើ​អ្នក​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? អ្វី​មួយ​ដែល​ប្រហែល​ជា​នឹង​ជួយ​អ្នក​គឺ​បើ​អ្នក​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ?›។ (​សកម្ម. ៨:៣៦​) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​បាន​ប្រដូច​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក​ទៅ​នឹង​អាហារ។ ហេតុ​អ្វី? ពីព្រោះ​អាហារ​គឺ​ល្អ​សម្រាប់​យើង។ លោក​យេស៊ូ​ដឹង​ថា​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​ធ្វើ​គឺ​ល្អ​សម្រាប់​យើង។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​នឹង​នាំ​ទុក្ខ​ដល់​យើង​ទេ។ តើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​រួម​បញ្ចូល​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? គឺ​មែន។ (​សកម្ម. ២:៣៨​) ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ការ​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក នឹង​មាន​ប្រយោជន៍​ដល់​អ្នក។ បើ​អ្នក​មិន​ស្ទាក់​ស្ទើរ​បរិភោគ​ម្ហូប​អាហារ​ដ៏​ល្អ​បំផុត តើ​មាន​ហេតុ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក? ពួក​គេ​ជា​ច្រើន​នាក់​ប្រហែល​ជា​ឆ្លើយ​ថា ​«​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​ទេ​»។ តាម​ពិត ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​នឹង​ធ្វើ។ ដូច្នេះ អ្នក​ត្រូវ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ហើយ​នេះ​នឹង​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ w​២៣.០៣ ទំ.៧ វ.១៨​-​២០

ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មេសា

គម្ពីរ​ចែង​ថា​៖ ​«​ដល់​កូន​ចៅ​របស់​អ្នក​»​ គឺ​សំដៅ​លើ​មនុស្ស​តែ​ម្នាក់ . . . គឺ​ជា​គ្រិស្ត។—កាឡ. ៣:១៦

ពេល​លោក​យេស៊ូ​បាន​ត្រូវ​រើស​តាំង លោក​បាន​ទៅ​ជា​ផ្នែក​ដ៏​សំខាន់​ចម្បង​នៃ​ពូជ​ស្ត្រី។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រះ​បាន​ឲ្យ​លោក​«​មាន​កិត្តិយស​និង​សិរី​រុង​រឿង​»​ ហើយ​បាន​ឲ្យ​លោក​«​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​»​ រួម​ទាំង​អំណាច​ដើម្បី​«​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច​»។ (​ហេ. ២:៧; ម៉ាថ. ២៨:១៨; ១យ៉ូន. ៣:៨​) ប៉ុន្តែ មាន​ផ្នែក​បន្ទាប់​បន្សំ​នៃ​ពូជ​នោះ​ដែរ។ សាវ័ក​ប៉ូល​បាន​ប្រាប់​អំពី​អត្តសញ្ញាណ​របស់​ផ្នែក​នេះ​នៃ​ពូជ ពេល​គាត់​ប្រាប់​ជនជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​ដែល​ព្រះ​បាន​រើស​តាំង​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត អ្នក​រាល់​គ្នា​ពិត​ជា​កូន​ចៅ​អាប្រាហាំ​ដែល​ជា​អ្នក​ទទួល​មត៌ក​តាម​សេចក្ដី​សន្យា​»។ (​កាឡ. ៣:២៨, ២៩​) ពេល​ព្រះ​យេហូវ៉ា​រើស​តាំង​គ្រិស្ត​សាសនិក​ណា​ម្នាក់​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក បុគ្គល​នោះ​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​ពូជ​ស្ត្រី។ ពូជ​នោះ​មាន​លោក​យេស៊ូ​គ្រិស្ត និង​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក។ (​បប. ១៤:១​) ពួក​គេ​ទាំង​អស់​គ្នា​ព្យាយាម​គិត​និង​ប្រព្រឹត្ត​ដូច​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​ពួក​គេ។ w២២.០៧ ទំ.១៦ វ.៨​-​៩

ថ្ងៃ​សុក្រ ទី​១២ ខែ​មេសា

ខ្ញុំ​ស្អប់​ខ្ពើម​ជីវិត​របស់​ខ្ញុំ​ណាស់ ខ្ញុំ​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ទេ។—យ៉ូប ៧:១៦

យើង​រំពឹង​ថា​យើង​នឹង​ជួប​ទុក្ខ​លំបាក​ផ្សេង​ៗ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ (​២ធី. ៣:១​) នៅ​គ្រា​បែប​នោះ យើង​ប្រហែល​ជា​កើត​ទុក្ខ​ឬ​មាន​អារម្មណ៍​ថា​នោះ​ហួស​ពី​សមត្ថភាព​ឲ្យ​យើង​ស៊ូ​ទ្រាំ ជា​ពិសេស​បើ​មើល​ទៅ​យើង​កំពុង​ជួប​ទុក្ខ​លំបាក​ផ្ទួន​ៗ ឬ​ថែម​ទាំង​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​នៅ​ពេល​តែ​មួយ។ ប៉ុន្តែ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​កំពុង​តាម​មើល​យើង ហើយ​ដោយ​មាន​ជំនួយ​ពី​លោក យើង​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ទាំង​អស់ ដោយ​មាន​ទំនុក​ចិត្ត។ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់។ យ៉ូប​បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ នៅ​ក្នុង​មួយ​ថ្ងៃ យ៉ូប​បាន​ឮ​ថា​ហ្វូង​សត្វ​ទាំង​អស់​របស់​គាត់​បាន​ត្រូវ​គេ​លួច​ឬ​សម្លាប់ ហើយ​អ្នក​បម្រើ​និង​កូន​ៗ​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ស្លាប់។ (​យ៉ូប ១:១៣​-​១៩​) មិន​យូរ​បន្ទាប់​ពី​នោះ កាល​ដែល​គាត់​កំពុង​តែ​មាន​ទុក្ខ​ជា​ខ្លាំង គាត់​ស្រាប់​តែ​កើត​ជំងឺ​ដែល​អាក្រក់​មើល​និង​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់។ (​យ៉ូប ២:៧​) ព្រះ​យេហូវ៉ា​តាម​មើល​យ៉ូប។ ដោយ​សារ​ព្រះ​យេហូវ៉ា​ស្រឡាញ់​យ៉ូប លោក​បាន​ឲ្យ​គាត់​នូវ​អ្វី​ដែល​គាត់​ត្រូវ​ការ​ដើម្បី​គាត់​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ w​២២.០៨ ទំ.១១ វ.៨​-​១០

ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា

ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​អស់​អ្នក​ដែល​លោក​ស្រឡាញ់។—ហេ. ១២:៦

ការ​ប្រៀន​ប្រដៅ​អាច​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ការ​ប្រៀន​ប្រដៅ​នោះ មិន​ជាប់​ទាក់​ទង​នឹង​យើង ឬ​ថា​នោះ​គឺ​សាហាវ​ពេក។ ជា​លទ្ធផល យើង​ប្រហែល​ជា​បាត់​បង់​អ្វី​ពិសេស​មួយ គឺ​យើង​មិន​យល់​ថា​ការ​ប្រៀន​ប្រដៅ​នោះ​ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ (​ហេ. ១២:៥, ១១​) ដូច្នេះ ចូរ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​និង​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់។ លោក​យេស៊ូ​ធ្លាប់​កែ​តម្រង់​ពេត្រុស​នៅ​មុខ​សាវ័ក​ឯ​ទៀត។ (​ម៉ាក. ៨:៣៣; លូក. ២២:៣១​-​៣៤​) នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ពេត្រុស​ខ្មាស​គេ! ទោះ​ជា​យ៉ាង​នេះ​ក្ដី ពេត្រុស​បាន​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​លោក​យេស៊ូ​ជា​និច្ច។ គាត់​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ ហើយ​រៀន​ពី​កំហុស​របស់​គាត់។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់​ចំពោះ​ចិត្ត​ស្មោះ​ត្រង់​របស់​គាត់ ហើយ​បាន​ឲ្យ​គាត់​មាន​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ក្រុម​ជំនុំ។ (​យ៉ូន. ២១:១៥​-​១៧; សកម្ម. ១០:២៤​-​៣៣; ១ពេ. ១:១​) យើង​ទទួល​ប្រយោជន៍ ហើយ​អ្នក​ឯ​ទៀត​ក៏​ទទួល​ប្រយោជន៍​ដែរ ពេល​យើង​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​អាម៉ាស់​មុខ​របស់​ខ្លួន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ទទួល​យក​ការ​កែ​តម្រង់​និង​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​កាន់​តែ​មាន​ប្រយោជន៍​ចំពោះ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​របស់​យើង។ w​២២.១១ ទំ.២១​-​២២ វ.៦​-​៧

ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មេសា

ជូន​[​អ៊ីសាក​]​ជា​គ្រឿង​បូជា​ដុត។—ដក. ២២:២

អាប្រាហាំ​ដឹង​ថា​លោក​នឹង​មិន​ធ្វើ​អ្វី​ដែល​មិន​សុចរិត​ឬ​មិន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​ទេ។ សាវ័ក​ប៉ូល​បាន​សរសេរ​ថា អាប្រាហាំ​វែក​ញែក​ថា​ព្រះ​យេហូវ៉ា​អាច​ប្រោស​កូន​ប្រុស​សំណព្វ​របស់​គាត់​ឲ្យ​រស់​ឡើង​វិញ។ (​ហេ. ១១:១៧​-​១៩​) គាត់​ប្រហែល​ជា​គិត​ដូច្នេះ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​អ៊ីសាក​នឹង​ធ្វើ​ជា​ឪពុក​នៃ​ប្រជា​ជាតិ​មួយ តែ​នៅ​ពេល​នោះ​អ៊ីសាក​មិន​ទាន់​មាន​កូន​ទេ។ អាប្រាហាំ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដូច្នេះ​គាត់​ទុក​ចិត្ត​ថា​លោក​នឹង​ប្រព្រឹត្ត​ដោយ​សុចរិត​ជា​និច្ច។ ទោះ​ជា​ពិបាក​ក្ដី ជំនឿ​របស់​គាត់​ជំរុញ​ចិត្ត​គាត់​ឲ្យ​ស្ដាប់​បង្គាប់។ (​ដក. ២២:១​-​១២​) តើ​យើង​អាច​យក​តម្រាប់​អាប្រាហាំ​យ៉ាង​ដូច​ម្ដេច? ដូច​គាត់ យើង​ត្រូវ​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ចូល​កាន់​តែ​ជិត​លោក ហើយ​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ (​ចសព. ៧៣:២៨​) សមត្ថភាព​វិនិច្ឆ័យ​របស់​យើង​នឹង​ទទួល​ការ​បង្វឹក​បង្ហាត់​ដើម្បី​មាន​របៀប​គិត​គូរ​ដូច​ព្រះ។ (​ហេ. ៥:១៤​) យ៉ាង​នេះ ពេល​បុគ្គល​ណា​ម្នាក់​ព្យាយាម​ល្បួង​យើង​ឲ្យ​ធ្វើ​អ្វី​មិន​ត្រឹម​ត្រូវ យើង​នឹង​បដិសេធ។ យើង​នឹង​មិន​ថែម​ទាំង​គិត​អំពី​ការ​ធ្វើ​អ្វី​ដែល​នឹង​នាំ​ឲ្យ​បិតា​យើង​ឈឺ​ចិត្ត ហើយ​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​ឡើយ។ w​២២.០៨ ទំ.២៨​-​២៩ វ.១១​-​១២

ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មេសា

ការ​ព្រួយ​បារម្ភ​នាំ​ឲ្យ​កម្លាំង​ចិត្ត​ចុះ​ខ្សោយ តែ​ពាក្យ​សម្ដី​ល្អ​មួយ​ម៉ាត់​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។—សុភ. ១២:២៥

ពេល​សាវ័ក​ប៉ូល​និង​បាណាបាស​បាន​ត្រឡប់​ទៅ​ក្រុង​លីស្ដ្រា ក្រុង​អ៊ីកូនាម និង​ក្រុង​អាន់ទីយ៉ូក ​«​ពួក​គាត់​បាន​តែង​តាំង​ពួក​បុរស​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​នីមួយ​ៗ​»។ (​សកម្ម. ១៤:២១​-​២៣​) ពួក​បុរស​ចាស់​ទុំ​ទាំង​នោះ ច្បាស់​ជា​បាន​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដូច​ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ពួក​អ្នក​ចាស់​ទុំ ចូរ​ប្រុង​ប្រៀប​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​«​ពាក្យ​សម្ដី​ល្អ​មួយ​ម៉ាត់​»​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ប៉ូល​បាន​រំលឹក​បង​ប្អូន​រួម​ជំនឿ​ថា​«​សាក្សី​មួយ​ក្រុម​ធំ​»​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​បាន ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ដល់​ពួក​គេ។ (​ហេ. ១២:១​) ប៉ូល​យល់​ថា​ជីវប្រវត្តិ​របស់​ពួក​អ្នក​នៅ​សម័យ​មុន ដែល​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​គ្រប់​ប្រភេទ អាច​ជួយ​បង​ប្អូន​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​«​ក្រុង​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​»។ (​ហេ. ១២:២២​) នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ យើង​ទទួល​កម្លាំង​ចិត្ត​ពេល​អាន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​គេឌាន បារ៉ាក់ ដាវីឌ សាំយូអែល និង​បុគ្គល​ជា​ច្រើន​ទៀត មែន​ទេ?—ហេ. ១១:៣២​-​៣៥ w​២២.០៨ ទំ.២១​-​២២ វ.៥​-​៦

ថ្ងៃ​អង្គារ ទី​១៦ ខែ​មេសា

ពួក​គេ​បាន​ត្រូវ​វិនិច្ឆ័យ​ស្រប​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។—បប. ២០:១៣

តើ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នឹង​ទទួល​ការ​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​«​ការ​ប្រព្រឹត្ត​»​អ្វី? តើ​នោះ​ជា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មុន​ពួក​គេ​បាន​ស្លាប់​ឬ​ទេ? មិន​មែន​ទេ។ សូម​ចាំ​ថា​ពួក​គេ​បាន​ត្រូវ​ទូទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ពេល​ពួក​គេ​បាន​ស្លាប់។ យ៉ាង​នេះ ការ​ប្រព្រឹត្ត​របស់​ពួក​គេ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​មុន​ដែល​ពួក​គេ​បាន​ស្លាប់​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ត្រូវ​សំដៅ​ទៅ​លើ​ប្រតិកម្ម​និង​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ចំពោះ​ការ​បង្ហាត់​បង្រៀន​ក្នុង​ពិភព​លោក​ថ្មី។ សូម្បី​តែ​បុរស​ដ៏​ស្មោះ​ត្រង់​ដូច​ជា​ណូអេ សាំយូអែល ដាវីឌ និង​ដានីយ៉ែល ក៏​នឹង​ត្រូវ​រៀន​អំពី​លោក​យេស៊ូ​គ្រិស្ត ហើយ​បង្ហាញ​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក។ បើ​បុរស​ទាំង​នេះ​ត្រូវ​រៀន​ច្រើន ទម្រាំ​មនុស្ស​មិន​សុចរិត ពួក​គេ​នឹង​ត្រូវ​រៀន​ច្រើន​ជាង​នេះ​ទៅ​ទៀត! នៅ​ទី​បំផុត តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​យក​ឱកាស​ដ៏​អស្ចារ្យ​នេះ? ការ​បើក​បង្ហាញ ២០:១៥ ប្រាប់​យើង​ថា​៖ ​«​អ្នក​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​សៀវភៅ​ជីវិត អ្នក​នោះ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង​»។ មែន​ហើយ ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ ដូច្នេះ គឺ​សំខាន់​ណាស់​ឲ្យ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឈ្មោះ​របស់​យើង​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​ជីវិត ហើយ​បន្ត​ជាប់​ក្នុង​សៀវភៅ​នោះ។ w​២២.០៩ ទំ.១៩ វ.១៧​-​១៩

ថ្ងៃ​ពុធ ទី​១៧ ខែ​មេសា

[​ចូរ​]​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​មុខ​ព្រះ​និង​មនុស្ស។—សកម្ម. ២៤:១៦

ការ​សម្រេច​ចិត្ត​ជា​ច្រើន​របស់​យើង​ស្ដី​អំពី​សុខភាព​និង​ការ​ព្យាបាល​គឺ​មាន​មូលដ្ឋាន​លើ​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ពី​គម្ពីរ។ (​១ធី. ៣:៩​) ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​និង​ពិគ្រោះ​រឿង​នេះ​ជា​មួយ​អ្នក​ឯ​ទៀត យើង​ត្រូវ​ចាំ​អ្វី​ដែល​ភីលីព ៤:៥​ចែង​ដែល​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល​»។ ពេល​យើង​ជា​មនុស្ស​សម​ហេតុ​សម​ផល យើង​មិន​បារម្ភ​ហួស​ហេតុ​ពេក​អំពី​សុខភាព​របស់​យើង។ យើង​ស្រឡាញ់​និង​គោរព​បង​ប្អូន​របស់​យើង ទោះ​ជា​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ខុស​ពី​យើង​ក្ដី។ (​រ៉ូម ១៤:១០​-​១២​) យើង​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ជីវិត ដោយ​ការ​ពារ​អាយុ​ជីវិត​របស់​យើង​និង​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព។ (​បប. ៤:១១​) ឥឡូវ​យើង​នៅ​តែ​អាច​ធ្លាក់​ខ្លួន​ឈឺ​និង​ជួប​ការ​ពិបាក​ផ្សេង​ៗ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ជីវិត​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​នោះ​ទេ។ មិន​យូរ​ទៀត លោក​នឹង​ឲ្យ​យើង​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដោយ​គ្មាន​ការ​ឈឺ​ចាប់​និង​សេចក្ដី​ស្លាប់​ឡើយ។ (​បប. ២១:៤​) ទម្រាំ​ដល់​ពេល​នោះ យើង​សប្បាយ​ដែល​យើង​មាន​ជីវិត ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នៅ​ស្ថាន​សួគ៌។ w​២៣.០២ ទំ.២៥ វ.១៧​-​១៨

ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​មេសា

ព្រះ​បាន​បំបែក​បំបាក់​រាជាណាចក្រ​លោក ហើយ​ប្រគល់​ឲ្យ​ពួក​មេឌី​និង​ពើស៊ី។—ដាន. ៥:២៨

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មាន​អំណាច​ខ្ពង់​ខ្ពស់​លើស​ពី​«​ពួក​អាជ្ញាធរ​»។ (​រ៉ូម ១៣:១​) សូម​ពិចារណា​ឧទាហរណ៍​បី។ ស្ដេច​ផារ៉ូ​នៃ​ស្រុក​អេហ្ស៊ីប​បាន​ចាប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ជា​ខ្ញុំ​បម្រើ ហើយ​អស់​ជា​ច្រើន​ដង​គាត់​បាន​បដិសេធ​មិន​ព្រម​ដោះ​លែង​ពួក​គេ។ ប៉ុន្តែ ព្រះ​បាន​រំដោះ​ពួក​គេ ហើយ​បាន​សម្លាប់​ផារ៉ូ​នៅ​ក្នុង​សមុទ្រ​ក្រហម។ (​ដច. ១៤:២៦​-​២៨; ចសព. ១៣៦:១៥​) ស្ដេច​បេលសាសារ​នៃ​ស្រុក​បាប៊ីឡូន​បាន​ធ្វើ​ពិធី​ភោជនាហារ ហើយ​បាន​«​លើក​តម្កើង​ខ្លួន​ទាស់​នឹង​ម្ចាស់​នៃ​ស្ថាន​សួគ៌​»​ ព្រម​ទាំង​«​សរសើរ​តម្កើង​រូប​ព្រះ​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់​»​ ជា​ជាង​ព្រះ​យេហូវ៉ា។ (​ដាន. ៥:២២, ២៣​) ប៉ុន្តែ ព្រះ​បាន​បន្ទាប​បុរស​ដែល​មាន​អំណួត​នេះ។ ​«​នៅ​យប់​នោះ​ឯង​»​ បេលសាសារ​បាន​ត្រូវ​គេ​សម្លាប់ ហើយ​រាជាណាចក្រ​របស់​គាត់​បាន​ប្រគល់​ទៅ​ឲ្យ​ពួក​មេឌី​និង​ពើស៊ី។ (​ដាន. ៥:៣០, ៣១​) ស្ដេច​ហេរ៉ូឌ​អាគ្រីប៉ា​ទី​១​នៃ​ស្រុក​ប៉ាឡេស្ទីន​បាន​សម្លាប់​សាវ័ក​យ៉ាកុប ហើយ​ក្រោយ​មក​ចាប់​សាវ័ក​ពេត្រុស​ដាក់​គុក​ក្នុង​គោល​បំណង​សម្លាប់​គាត់​ចោល​ដែរ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រា​រាំង​គម្រោង​របស់​ហេរ៉ូឌ។ ​«​ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ​»​ រួច​គាត់​ក៏​ស្លាប់​ទៅ។—សកម្ម. ១២:១​-​៥, ២១​-​២៣ w​២២.១០ ទំ.១៥ វ.១២

ថ្ងៃ​សុក្រ ទី​១៩ ខែ​មេសា

ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា។—យេ. ២៩:១២

កាល​ដែល​យើង​អាន​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ថែ​រក្សា​ពួក​អ្នក​ស្មោះ​ត្រង់​ចំពោះ​លោក​នៅ​អតីតកាល សេចក្ដី​សង្ឃឹម​របស់​យើង​នឹង​កាន់​តែ​រឹង​មាំ​ឡើង។ អ្វី​ៗ​ទាំង​អស់​ក្នុង​បណ្ដាំ​ព្រះ​«​បាន​ត្រូវ​សរសេរ​ទុក​ដើម្បី​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម តាម​រយៈ​ការ​ស៊ូ​ទ្រាំ​របស់​យើង និង​ការ​សម្រាល​ទុក្ខ​ពី​បទ​គម្ពីរ​»។ (​រ៉ូម ១៥:៤​) ចូរ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​រក្សា​ពាក្យ​សន្យា​របស់​លោក។ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​អាប្រាហាំ​និង​សារ៉ា។ ពួក​គាត់​ដល់​អាយុ​ដែល​មិន​អាច​មាន​កូន។ ប៉ុន្តែ ព្រះ​បាន​សន្យា​ថា​ពួក​គាត់​នឹង​មាន​កូន។ (​ដក. ១៨:១០​) គម្ពីរ​ចែង​អំពី​ទស្សនៈ​របស់​អាប្រាហាំ​ថា​៖ ​«​គាត់​បាន​ជឿ​ជាក់​ថា​គាត់​នឹង​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន​»។ (​រ៉ូម ៤:១៨​) ទោះ​ជា​អាប្រាហាំ​មិន​ដឹង​ថា​សេចក្ដី​សន្យា​របស់​ព្រះ​អាច​កើត​ឡើង​តាម​របៀប​ណា​ក្ដី គាត់​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក។ បុរស​ដ៏​ស្មោះ​ត្រង់​នេះ​មិន​បាន​ខក​ចិត្ត​ឡើយ។ (​រ៉ូម ៤:១៩​-​២១​) កំណត់​ហេតុ​បែប​នេះ​បង្រៀន​យើង​ថា យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​តែង​តែ​សម្រេច​សេចក្ដី​សន្យា​របស់​លោក។ w​២២.១០ ទំ.២៧ វ.១៣​-​១៤

ថ្ងៃ​សៅរ៍ ទី​២០ ខែ​មេសា

អ្នក​រាល់​គ្នា​នឹង​ឃើញ​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​ដោយ​ផ្ទាល់​ភ្នែក។—អេ. ៣០:២០

ពាក្យ​ទាំង​នេះ​បាន​សម្រេច​នៅ​ពេល​ដែល​ជនជាតិ​យូដា​បាន​ត្រូវ​ដោះ​លែង​ពី​ការ​ធ្វើ​ជា​ឈ្លើយ​សឹក។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​របស់​ពួក​គេ ហើយ​នៅ​ក្រោម​ការ​ណែនាំ​ពី​លោក រាស្ត្រ​របស់​លោក​បាន​ស្ថាបនា​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ យើង​សប្បាយ​ចិត្ត​ដែល​យើង​មាន​ព្រះ​យេហូវ៉ា​ជា​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​នៅ​សព្វ​ថ្ងៃ​នេះ។ អេសាយ​ពណ៌នា​ថា យើង​ប្រៀប​ដូច​ជា​សិស្ស​ដែល​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា។ គាត់​បាន​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ឃើញ​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​ដោយ​ផ្ទាល់​ភ្នែក​»។ ក្នុង​ឧទាហរណ៍​នេះ អេសាយ​ពណ៌នា​ថា​គ្រូ​បង្រៀន​កំពុង​ឈរ​នៅ​មុខ​សិស្ស។ យើង​មាន​ឯកសិទ្ធិ​ទទួល​ប្រយោជន៍​ពី​ការ​បង្រៀន​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​ព្រះ​យេហូវ៉ា​បង្រៀន​យើង​តាម​របៀប​ណា? គឺ​តាម​រយៈ​អង្គការ​លោក។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​ទទួល​ការ​ណែនាំ​យ៉ាង​ច្បាស់​ពី​អង្គការ​លោក! ការ​ណែនាំ​ដែល​យើង​ទទួល​នៅ​កិច្ច​ប្រជុំ ព្រម​ទាំង​តាម​រយៈ​សៀវភៅ​ផ្សេង​ៗ ​JW​ទូរទស្សន៍ និង​អ្វី​ជា​ច្រើន​ទៀត ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​អំឡុង​គ្រា​លំបាក​ដោយ​មាន​អំណរ។ w​២​២.១១ ទំ.១០ វ.៨​-​៩

ថ្ងៃ​អាទិត្យ ទី​២១ ខែ​មេសា

តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់ . . . [​អំពី​]​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?—ម៉ាថ. ២៤:៣

ស្ដី​អំពី​ពេល​វេលា​ដែល​ទី​បញ្ចប់​នៃ​របៀប​របប​ជនជាតិ​យូដា​នឹង​មក​ដល់ និង​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»​ដែល​យើង​កំពុង​រស់​នៅ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​និង​ម៉ោង​នោះ​ឡើយ សូម្បី​តែ​បណ្ដា​ទេវតា​នៅ​ស្ថាន​សួគ៌ និង​បុត្រ​របស់​ព្រះ​ក៏​មិន​ជ្រាប​ដែរ មាន​តែ​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប​»។ រួច​មក លោក​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​ឲ្យ​បន្ដ​«​ប្រុង​ប្រយ័ត្ន​»​និង​«​ចាំ​យាម​»។ (​ម៉ាក. ១៣:៣២​-​៣៧​) គ្រិស្ត​សាសនិក​ជនជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​ត្រូវ​ចាំ​យាម​ដើម្បី​រួច​ជីវិត។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​កង​ទ័ព​បោះ​ជំរំ​ជុំ​វិញ​ក្រុង​យេរូសាឡិម ចូរ​ដឹង​ថា​នាង​ជិត​ត្រូវ​បំផ្លិច​បំផ្លាញ​ហើយ​»។ នៅ​ពេល​នោះ ពួក​គេ​ត្រូវ​ធ្វើ​តាម​ការ​ព្រមាន​របស់​លោក​យេស៊ូ ហើយ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ (​លូក. ២១:២០, ២១​) ពួក​អ្នក​ដែល​ធ្វើ​តាម​ការ​ព្រមាន​នេះ​បាន​រួច​ជីវិត ពេល​ដែល​ពួក​រ៉ូម​បាន​បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម។ សព្វ​ថ្ងៃ​នេះ យើង​កំពុង​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នេះ។ ដូច្នេះ យើង​ក៏​ត្រូវ​ដឹង​ខ្លួន​ជា​និច្ច​និង​ចាំ​យាម​ដែរ។ w​២៣.០២ ទំ.១៤ វ.១​-​២; ទំ.១៦ វ.៣

ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មេសា

ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ពិត។—ចសព. ៣១:៥

ព្រះ​យេហូវ៉ា​បង្រៀន​អ្នក​បម្រើ​លោក​ឲ្យ​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​និង​សុចរិត។ នេះ​ជួយ​ពួក​គេ​ឲ្យ​តម្លៃ​ខ្លួន​ឯង​និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ច្រើន​ជាង។ (​សុភ. ១៣:៥, ៦​) តើ​លោក​បាន​ធ្វើ​អ្វី​ទាំង​នេះ​ចំពោះ​អ្នក​កាល​ដែល​អ្នក​សិក្សា​គម្ពីរ​ឬ​ទេ? អ្នក​បាន​រៀន​ថា​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត​សម្រាប់​មនុស្ស​ទាំង​អស់​និង​សម្រាប់​អ្នក​ផ្ទាល់។ (​ចសព. ៧៧:១៣​) ដូច្នេះ អ្នក​ចង់​គាំទ្រ​សេចក្ដី​សុចរិត​របស់​ព្រះ។ (​ម៉ាថ. ៦:៣៣​) អ្នក​ចង់​ការ​ពារ​សេចក្ដី​ពិត ហើយ​បង្ហាញ​ថា​អ្វី​ដែល​សាថាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង​គឺ​មិន​ពិត​ទេ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? អ្នក​អាច​ជ្រើស​រើស​វិថី​ជីវិត​ដែល​ហាក់​ដូច​ជា​អ្នក​និយាយ​ថា ​«​ខ្ញុំ​បដិសេធ​ការ​កុហក​របស់​សាថាន និង​កាន់​ជំហរ​មាំ​មួន​ចំពោះ​ការ​ពិត។ ខ្ញុំ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ធ្វើ​តាម​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ថា​គឺ​ត្រឹម​ត្រូវ​»។ តើ​អ្នក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ប្រគល់​ខ្លួន​ជូន​លោក​ក្នុង​ការ​អធិដ្ឋាន ហើយ​បន្ទាប់​មក​បង្ហាញ​អំពី​ការ​ប្រគល់​ខ្លួន​នោះ​ជា​សាធារណៈ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ ការ​ស្រឡាញ់​អ្វី​ដែល​ពិត​និង​សុចរិត ជំរុញ​ចិត្ត​យើង​ជា​ខ្លាំង​ឲ្យ​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក។ w​២៣.០៣ ទំ.៣ វ.៤​-​៥

ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា

កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ឡើយ។—យ៉ូន. ១៤:២៧

មាន​សេចក្ដី​សុខ​សាន្ត​មួយ​ប្រភេទ​ដែល​មនុស្ស​ក្នុង​ពិភព​លោក​នេះ​មិន​ស្គាល់​ទាល់​តែ​សោះ។ នោះ​គឺ​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ ពោល​គឺ​ចិត្ត​ស្ងប់​ដែល​មក​ពី​ការ​មាន​ចំណង​មិត្តភាព​ដ៏​ថ្លៃ​ថ្លា​ជា​មួយ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ពេល​យើង​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ យើង​មាន​អារម្មណ៍​សុវត្ថិភាព។ (​ភី. ៤:៦, ៧​) យើង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​ស្រឡាញ់​លោក។ ម្យ៉ាង​ទៀត យើង​មាន​ចំណង​មិត្តភាព​កក់​ក្ដៅ​ជា​មួយ​«​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត​»។ (​១ថែ. ៥:២៣​) ពេល​យើង​ស្គាល់ ទុក​ចិត្ត និង​ស្ដាប់​បង្គាប់​បិតា​របស់​យើង សេចក្ដី​សុខ​សាន្ត​របស់​លោក​អាច​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់​ពេល​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ណា​មួយ។ តើ​ពិត​ជា​អាច​មាន​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ពេល​ដែល​យើង​ជួប​បញ្ហា​ផ្សេង​ៗ ដូច​ជា​ការ​ផ្ទុះ​ឡើង​នៃ​រោគ​រាត​ត្បាត គ្រោះ​មហន្តរាយ ភាព​ចលាចល ឬ​ការ​បៀតបៀន​ឬ​ទេ? បញ្ហា​ណា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច។ គួរ​ឲ្យ​សប្បាយ​រីករាយ​មែន បង​ប្អូន​ប្រុស​ស្រី​របស់​យើង​បាន​ធ្វើ​តាម​យោបល់​របស់​លោក​យេស៊ូ​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ពួក​គេ​អាច​មាន​សេចក្ដី​សុខ​សាន្ត​កាល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ធ្ងន់​ធ្ងរ។ w​២២.១២ ទំ.១៦ វ.១​-​២

ថ្ងៃ​ពុធ ទី​២៤ ខែ​មេសា

ចូរ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ ចូរ​ខំ​ធ្វើ​ការ​ដូច​ជា​ខ្ញុំ​បម្រើ​ដើម្បី​ព្រះ​យេហូវ៉ា។—រ៉ូម ១២:១១

យើង​មិន​អាច​គ្រប់​គ្រង​អ្វី​ទាំង​អស់​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​យើង​បាន​ទេ។ ដូច្នេះ គឺ​សំខាន់​ដែល​យើង​មិន​គិត​ថា ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យើង​ដោយ​សារ​តែ​ភារកិច្ច​របស់​យើង។ ម្យ៉ាង​ទៀត គឺ​សំខាន់​ដែល​យើង​មិន​ប្រៀប​ធៀប​ខ្លួន​ទៅ​នឹង​អ្នក​ឯ​ទៀត​ដែល​មាន​ឯកសិទ្ធិ​ដែល​យើង​មិន​មាន។ (​កាឡ. ៦:៤​) គឺ​ជា​ការ​សំខាន់​ដែល​យើង​ស្វែង​រក​របៀប​ផ្សេង​ៗ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​ជួយ​អ្នក​ឯ​ទៀត។ បើ​អ្នក​រក្សា​ជីវិត​ឲ្យ​សាមញ្ញ និង​ជៀស​វាង​ពី​ការ​ជំពាក់​បំណុល​ដែល​មិន​ចាំ​បាច់ អ្នក​នឹង​អាច​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ សូម​កំណត់​គោល​ដៅ​តូច​ៗ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​ធំ​ៗ។ ជា​ឧទាហរណ៍ បើ​គោល​ដៅ​ធំ​របស់​អ្នក​គឺ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល តើ​អ្នក​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​បន្ត​នៅ​ឥឡូវ​នេះ​ឬ​ទេ? បើ​គោល​ដៅ​របស់​អ្នក​គឺ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ តើ​អ្នក​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឬ​ទេ? បទ​ពិសោធន៍​ដែល​អ្នក​ទទួល​នៅ​ឥឡូវ​នេះ​អាច​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​ឯកសិទ្ធិ​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។ សូម​តាំង​ចិត្ត​ធ្វើ​អស់​ពី​សមត្ថភាព​ក្នុង​ភារកិច្ច​ណា​ក៏​ដោយ​ដែល​អ្នក​ទទួល។ w​២២.០៤ ទំ.២៦ វ.១៦​-​១៧

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មេសា

ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​សារ​លោក​ឮ​សំឡេង​របស់​ខ្ញុំ លោក​ឮ​ពាក្យ​អង្វរ​សុំ​របស់​ខ្ញុំ។—ចសព. ១១៦:១

ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ជីវិត និង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​យើង។ ពេល​យើង​អធិដ្ឋាន​ទៅ​ព្រះ និង​ប្រាប់​លោក​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ ដំបូង​ព្រះ​យេហូវ៉ា​ប្រហែល​ជា​តប​ឆ្លើយ​ភ្លាម​ៗ​ដោយ​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នោះ។ បើ​ទុក្ខ​លំបាក​របស់​យើង​មិន​បាត់​ភ្លាម​ៗ​ដូច​ដែល​យើង​សង្ឃឹម​ទេ យើង​ប្រហែល​ជា​ត្រូវ​សុំ​កម្លាំង​ពី​ព្រះ​យេហូវ៉ា​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នោះ។ តាម​ពិត លោក​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ ពាក្យ​«​ចូរ​កុំ​សម្រាក​ឡើយ​»​នៅ​អេសាយ ៦២:៧ សំដៅ​ទៅ​លើ​ការ​មិន​ឲ្យ​ព្រះ​យេហូវ៉ា​សម្រាក។ តើ​នេះ​មាន​ន័យ​អ្វី? គឺ​មាន​ន័យ​ថា​យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ឥត​ឈប់ គឺ​ហាក់​ដូច​ជា​យើង​មិន​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ពេល​ទំនេរ​ដើម្បី​សម្រាក។ ពាក្យ​របស់​អេសាយ​រំលឹក​យើង​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ស្ដី​អំពី​ការ​អធិដ្ឋាន​នៅ​លូកា ១១:៨​-​១០, ១៣។ នៅ​ទី​នោះ លោក​យេស៊ូ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​«​ឥត​ឈប់​»។ យើង​ក៏​អាច​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ការ​ណែនាំ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ w​២២.១១ ទំ.៨ វ.១; ទំ.៩ វ.៦​-​៧

ថ្ងៃ​សុក្រ ទី​២៦ ខែ​មេសា

យើង​ត្រូវ​ចូល​រាជាណាចក្រ​ព្រះ​ដោយ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន។—សកម្ម. ១៤:២២

អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​អាច​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​ការ​បៀតបៀន។ សូម​កុំ​ព្យាយាម​ស្រមៃ​គិត​អំពី​ការ​អាក្រក់​ទាំង​អស់​ដែល​អាច​កើត​ឡើង​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ បើ​ពេល​ខ្លះ​អ្នក​ខ្វល់​ខ្វាយ សូម​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ទៅ​ព្រះ។ (​ចសព. ៦២:៧, ៨​) សូម​ពិចារណា​ជា​ក្រុម​គ្រួសារ​អំពី​មូលហេតុ​ដែល​សមាជិក​ម្នាក់​ៗ​អាច​ទុក​ចិត្ត​លើ​លោក។ ដូច​ក្នុង​ករណី​មាន​មហន្តរាយ ការ​រៀប​ចំ​ទុក​ជា​មុន​និង​ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នឹង​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន​និង​ចិត្ត​ស្ងប់។ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព។ (​ភី. ៤:៦, ៧​) តាម​រយៈ​នេះ ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ងប់ ទោះ​ជា​ជំងឺ គ្រោះ​មហន្តរាយ និង​ការ​បៀតបៀន​អាច​មាន​ឥទ្ធិពល​មក​លើ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី។ លោក​ប្រើ​ពួក​អ្នក​ចាស់​ទុំ​ដែល​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ឲ្យ​ឃ្វាល​យើង។ ម្យ៉ាង​ទៀត លោក​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ឯកសិទ្ធិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ សេចក្ដី​សុខ​សាន្ត​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក​ធំ​ជាង​នៅ​ថ្ងៃ​អនាគត សូម្បី​តែ​នៅ​ក្នុង​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ក្ដី។—ម៉ាថ. ២៤:២១ w​២២.១២ ទំ.២៧ វ.១៧​-​១៨

ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មេសា

ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ។—ម៉ាថ. ៩:១៣

យើង​គួរ​ព្យាយាម​ឈប់​បន្ទោស​ខ្លួន ដោយ​សារ​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នៅ​អតីតកាល។ ពិត​មែន យើង​មិន​ចង់​យក​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​ដើម្បី​ធ្វើ​ជា​លេស​«​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​»​ទេ។ (​ហេ. ១០:២៦​-​៣១​) ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​ថា បើ​យើង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ បាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​អ្នក​ចាស់​ទុំ ហើយ​បាន​កែ​ខ្លួន នោះ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​ជា​បរិបូរ។ (​អេ. ៥៥:៧; សកម្ម. ៣:១៩​) គ្រឿង​បូជា​លោះ​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​គ្រប​បាំង​អំពើ​ខុស​ឆ្គង​ទាំង​អស់​របស់​យើង ហើយ​នឹង​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​ជីវិត​ក្នុង​សួន​ឧទ្យាន។ ជីវិត​នៅ​ទី​នោះ​នឹង​មិន​ធ្វើ​ឲ្យ​យើង​អផ្សុក​ទេ។ យើង​នឹង​តែង​តែ​ជួប​មនុស្ស​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ធ្វើ​កិច្ចការ​ដែល​មាន​ន័យ​ខ្លឹម​សារ។ សំខាន់​បំផុត រាល់​ថ្ងៃ​យើង​អាច​ស្គាល់​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ច្បាស់​ទៅ​ៗ ហើយ​រីករាយ​នឹង​អ្វី​ដែល​លោក​ផ្ដល់​ឲ្យ។ មាន​អ្វី​ដែល​យើង​អាច​រៀន​អំពី​លោក​មិន​ចេះ​អស់ ហើយ​មាន​អ្វី​ជា​ច្រើន​ដែល​យើង​អាច​រៀន​អំពី​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ w​២២.១២ ទំ.១៣ វ.១៧, ១៩

ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា

ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​និង​ស្ត្រី​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។—ដក. ៣:១៥

​«​ស្ត្រី​»​នោះ​មិន​អាច​ជា​អេវ៉ា​ទេ។ ទំនាយ​នោះ​ចែង​ថា ពូជ​ស្ត្រី​នឹង​«​កិន​»​ក្បាល​សត្វ​ពស់។ សត្វ​ពស់​គឺ​ជា​សាថាន​ដែល​ជា​ទេវតា​ដ៏​អាក្រក់។ យ៉ាង​នេះ គ្មាន​កូន​ចៅ​ដែល​មិន​ល្អ​ឥត​ខ្ចោះ​ណា​ម្នាក់​របស់​អេវ៉ា​អាច​មាន​សមត្ថភាព​កិន​វា​ឡើយ។ ដូច្នេះ តើ​សាថាន​នឹង​ត្រូវ​កិន​កម្ទេច​តាម​របៀប​ណា? អត្តសញ្ញាណ​របស់​ស្ត្រី​នៅ​ដើម​កំណើត ៣:១៥ បាន​ត្រូវ​បើក​បង្ហាញ​នៅ​សៀវភៅ​ចុង​ក្រោយ​នៃ​គម្ពីរ។ (​បប. ១២:១, ២, ៥, ១០​) នាង​មិន​មែន​ជា​ស្ត្រី​ធម្មតា​នៅ​ផែន​ដី​ទេ។ នៅ​ខាង​ក្រោម​ជើង​របស់​នាង​មាន​ដួង​ខែ ហើយ​មាន​ផ្កាយ​១២​ជា​មកុដ​នៅ​លើ​ក្បាល​របស់​នាង។ នាង​សម្រាល​បាន​កូន​ម្នាក់​ដែល​ខុស​ពី​ធម្មតា គឺ​រាជាណាចក្រ​របស់​ព្រះ។ រាជាណាចក្រ​នោះ​មាន​ទី​តាំង​នៅ​ស្ថាន​សួគ៌ ដូច្នេះ​ស្ត្រី​នោះ​ច្បាស់​ជា​ត្រូវ​នៅ​ស្ថាន​សួគ៌​ដែរ។ នាង​ជា​តំណាង​អង្គការ​របស់​ព្រះ​ផ្នែក​នៅ​ស្ថាន​សួគ៌ ដែល​រួម​មាន​ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់។ (​កាឡ. ៤:២៦​) បណ្ដាំ​របស់​ព្រះ​ក៏​ជួយ​យើង​ឲ្យ​ស្គាល់​អត្តសញ្ញាណ​នៃ​ផ្នែក​ដ៏​សំខាន់​ចម្បង​របស់​ពូជ​ស្ត្រី។ ពូជ​នេះ​ត្រូវ​ជា​កូន​ចៅ​ម្នាក់​របស់​អាប្រាហាំ។—បប. ២២:១៥​-​១៨ w​២២.០៧ ទំ.១៥​-​១៦ វ.៦​-​៨

ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មេសា

អ្នក​រាល់​គ្នា​បាន​ទទួល​យក មិន​មែន​ទុក​ជា​បណ្ដាំ​របស់​មនុស្ស​ទេ តែ​បាន​ទទួល​យក​ទុក​ជា​បណ្ដាំ​របស់​ព្រះ​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ។—១ថែ. ២:១៣

គម្ពីរ​ដែល​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា​គឺ​ពេញ​ទៅ​ដោយ​ប្រាជ្ញា​របស់​លោក។ យោបល់​ពី​គម្ពីរ​មាន​ឥទ្ធិពល​លើ​មនុស្ស គឺ​ថា​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត។ ពេល​ម៉ូសេ​បាន​សរសេរ​សៀវភៅ​ដំបូង​នៃ​គម្ពីរ គាត់​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​ព្រះ​ថា​៖ ​«​ពាក្យ​ទាំង​នេះ​មិន​មែន​ឥត​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា​ទេ តែ​ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត​វិញ​»។ (​បច. ៣២:៤៧​) ពួក​អ្នក​ដែល​ធ្វើ​តាម​បទ​គម្ពីរ​អាច​ទទួល​ជោគ​ជ័យ​និង​មាន​ជីវិត​សប្បាយ។ (​ចសព. ១:២, ៣​) ទោះ​ជា​បណ្ដាំ​ព្រះ​បាន​ត្រូវ​សរសេរ​អស់​ជា​យូរ​ឆ្នាំ​មុន​ក្ដី បណ្ដាំ​នោះ​នៅ​តែ​មាន​ឫទ្ធានុភាព​ជួយ​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ល្អ​ប្រសើរ​ជាង។ គោល​ការណ៍​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​គម្ពីរ​គឺ​ស្ថិត​ស្ថេរ។ គោល​ការណ៍​ទាំង​នោះ​បាន​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ដែល​រស់​នៅ​គ្រប់​សម័យ។ កាល​ដែល​យើង​អាន​សៀវភៅ​ដ៏​ពិសិដ្ឋ​នេះ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន លោក​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ជួយ​យើង​ឲ្យ​ឃើញ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ក្នុង​ជីវិត​យើង។ (​ចសព. ១១៩:២៧; ម៉ាឡ. ៣:១៦; ហេ. ៤:១២​) មែន​ហើយ អ្នក​និពន្ធ​គម្ពីរ​ដែល​មាន​ជីវិត​រស់​នៅ​ចង់​ជួយ​អ្នក។ នេះ​គួរ​ធ្វើ​ឲ្យ​យើង​ចង់​អាន​គម្ពីរ​ជា​ទៀង​ទាត់! w​២៣.០២ ទំ.៣ វ.៥​-​៦

ថ្ងៃ​អង្គារ ទី​៣០ ខែ​មេសា

គាត់​នឹង​បំផ្លិច​បំផ្លាញ​យ៉ាង​សម្បើម។—ដាន. ៨:២៤

ការ​បើក​បង្ហាញ ជំពូក​១៣​ប្រាប់​យើង​ថា​ក្បាល​ទី​៧​ដែល​ជា​មហាអំណាច​អង់គ្លេស​អាម៉េរិក ប្រព្រឹត្ត​ដូច​សត្វ​សាហាវ​មួយ​ដែល​មាន​«​ស្នែង​ពីរ​ដូច​ស្នែង​ចៀម តែ​វា​ចាប់​ផ្ដើម​និយាយ​ដូច​នាគ​»។ ការ​បើក​បង្ហាញ ជំពូក​១៦​និង​១៩​បាន​រៀប​រាប់​អំពី​សត្វ​សាហាវ​នេះ​ថា​ជា​«​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​»។ (​បប. ១៦:១៣; ១៩:២០​) ក្នុង​ការ​បើក​បង្ហាញ​ដែល​យ៉ូហាន​ឃើញ​ក្នុង​គំនិត សត្វ​សាហាវ​នេះ​«​ធ្វើ​សញ្ញា​សម្គាល់​អស្ចារ្យ​ជា​ច្រើន រហូត​ដល់​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែន​ដី ក្រោម​ក្រសែ​ភ្នែក​របស់​មនុស្ស​ទាំង​ឡាយ​»។ (​បប. ១៣:១១​-​១៥​) ដានីយ៉ែល​បាន​រៀប​រាប់​អំពី​អ្វី​ដែល​ស្រដៀង​នឹង​នេះ គឺ​ថា​មហា​អំណាច​អង់គ្លេស​អាម៉េរិក​នឹង​«​បំផ្លិច​បំផ្លាញ​យ៉ាង​សម្បើម​»។ (​ដាន. ៨:១៩, ២៣, ២៤​) នេះ​បាន​កើត​ឡើង​មែន​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ សង្គ្រាម​នោះ​បាន​ត្រូវ​បញ្ចប់​ពេល​គ្រាប់​បែក​បរមាណូ​ពីរ​គ្រាប់​បាន​ត្រូវ​ទម្លាក់​លើ​ប្រទេស​ជប៉ុន។ គ្រាប់​បែក​ទាំង​ពីរ​គ្រាប់​នោះ បាន​ផលិត​ឡើង​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អង់គ្លេស​និង​អាម៉េរិក។ ដោយ​ផលិត​គ្រាប់​បែក​នេះ មហា​អំណាច​អង់គ្លេស​អាម៉េរិក​បាន​ធ្វើ​ឲ្យ​«​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ផែន​ដី​»។ w​២២.០៥ ទំ.១០ វ.៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក