បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ២៧-៣៧
  • ខែមីនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែមីនា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ថ្ងៃ​សុក្រ ទី​១ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​៣ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​៥ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​៦ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​៩ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​២០ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​២២ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មីនា
  • ថ្ងៃ​ពិធី​រំលឹក
    ក្រោយ​ពី​ថ្ងៃ​លិច
    ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា
  • ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មីនា
  • ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា
  • ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មីនា
  • ថ្ងៃ​សុក្រ ទី​២៩ ខែ​មីនា
  • ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មីនា
  • ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ២៧-៣៧

ខែ​មីនា

ថ្ងៃ​សុក្រ ទី​១ ខែ​មីនា

ហេតុ​អ្វី​បាន​ជា​អ្នក​អួត​ខ្លួន?—១កូ. ៤:៧

សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​ប្រើ​អំណោយ​និង​ទេព​កោសល្យ​ណា​ដែល​ពួក​គេ​មាន​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ។ គាត់​បាន​សរសេរ​ថា​៖ ​«​ក្នុង​នាម​ជា​អ្នក​ចាត់​ចែង​ល្អ​ប្រសើរ​ដែល​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ . . . នោះ​ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​អំណោយ​ដែល​អ្នក​រាល់​គ្នា​ម្នាក់​ៗ​បាន​ទទួល​»។ (​១ពេ. ៤:១០​) យើង​មិន​គួរ​ស្ទាក់​ស្ទើរ​ប្រើ​សមត្ថភាព​ដែល​យើង​មាន ដោយ​សារ​យើង​ខ្លាច​ថា​អ្នក​ឯ​ទៀត​ច្រណែន​ឬ​ធ្លាក់​ទឹក​ចិត្ត​ទេ។ ប៉ុន្តែ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា យើង​មិន​អួត​អំពី​សមត្ថភាព​ទាំង​នោះ​ឡើយ។ (​១កូ. ៤:៦​) សូម​យើង​ចាំ​ថា​សមត្ថភាព​ណា​ក៏​ដោយ​ដែល​យើង​មាន​គឺ​ជា​អំណោយ​មក​ពី​ព្រះ។ យើង​គួរ​ប្រើ​អំណោយ​ទាំង​នោះ​ដើម្បី​ពង្រឹង​ក្រុម​ជំនុំ មិន​មែន​ដើម្បី​លើក​ស្ទួយ​ខ្លួន​ឯង​ទេ។ (​ភី. ២:៣​) ពេល​យើង​ប្រើ​កម្លាំង​និង​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​យើង​មាន​ហេតុ​ត្រេក​អរ មិន​មែន​ដោយ​សារ​យើង​ធ្វើ​ច្រើន​ជាង ឬ​ធ្វើ​បាន​ល្អ​ជាង​អ្នក​ឯ​ទៀត​ទេ។ ប៉ុន្តែ​ដោយ​សារ​យើង​ប្រើ​សមត្ថភាព​ទាំង​នោះ​ដើម្បី​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ w២២.០៤ ទំ.១១​-​១២ វ.៧​-​៩

ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា

សូម​លោក​បើក​ភ្នែក​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ឃើញ​ច្បាស់ នូវ​អ្វី​ៗ​ដ៏​អស្ចារ្យ​ក្នុង​ច្បាប់​របស់​លោក។—ចសព. ១១៩:១៨

លោក​យេស៊ូ​ស្រឡាញ់​បទ​គម្ពីរ​បរិសុទ្ធ ហើយ​អារម្មណ៍​របស់​លោក​ចំពោះ​បណ្ដាំ​ព្រះ​បាន​ត្រូវ​ប្រាប់​ទុក​ជា​មុន​ក្នុង​ពាក្យ​នៅ​ចម្រៀង​សរសើរ​ព្រះ ៤០:៨ ដែល​ថា​៖ ​«​ឱ​ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ហើយ​ច្បាប់​របស់​លោក​នៅ​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​និច្ច​»។ ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​បទ​គម្ពីរ លោក​សប្បាយ​ចិត្ត ហើយ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​សប្បាយ​និង​ទទួល​ជោគ​ជ័យ​ដែរ បើ​យើង​អាន​និង​រៀន​ឲ្យ​ចេះ​ស្រឡាញ់​បណ្ដាំ​ព្រះ។ (​ចសព. ១:១​-​៣​) សម​ស្រប​តាម​ប្រសាសន៍​និង​គំរូ​របស់​លោក​យេស៊ូ សូម​យើង​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​អាន​គម្ពីរ។ យើង​អាច​យល់​បទ​គម្ពីរ​ឲ្យ​កាន់​តែ​ច្បាស់​ជាង​ដោយ​អធិដ្ឋាន អាន​យឺត​ៗ សួរ​សំណួរ និង​កត់​កំណត់​ខ្លី​ៗ។ យើង​អាច​ប្រើ​សមត្ថភាព​វែក​ញែក​ដោយ​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​អាន។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​មាន​ជំនួយ​ពី​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ម្យ៉ាង​ទៀត យើង​អាច​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង​ដោយ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​កាល​ដែល​យើង​អាន។ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​អ្វី​ទាំង​នេះ យើង​នឹង​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​ការ​អាន​គម្ពីរ ហើយ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។—ចសព. ១១៩:១៧; យ៉ា. ៤:៨ w​២៣.០២ ទំ.១៣ វ.១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​៣ ខែ​មីនា

គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន។—សុភ. ២១:៥

សូម​ជ្រើស​រើស​គោល​ដៅ​ជាក់​លាក់​មួយ ហើយ​ព្យាយាម​សម្រេច​គោល​ដៅ​នោះ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ឧបមា​ថា អ្នក​ចង់​បង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​បង្រៀន។ អ្នក​អាច​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​នូវ​សៀវភៅ​ស្ដើង​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន។ ពេល​អ្នក​មាន​ផ្នែក​ណា​មួយ​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក អ្នក​អាច​សុំ​បង​ប្អូន​ប្រុស​ដែល​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឲ្យ​ស្ដាប់​សុន្ទរកថា​របស់​អ្នក​មុន​ពេល​អ្នក​ថ្លែង​នៅ​កិច្ច​ប្រជុំ ហើយ​សុំ​គាត់​ឲ្យ​ផ្ដល់​យោបល់​អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន។ សូម​ខំ​ព្យាយាម​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ជា​មនុស្ស​ឧស្សាហ៍​និង​គួរ​ឲ្យ​ទុក​ចិត្ត មិន​គ្រាន់​តែ​ជា​អ្នក​ដែល​មាន​ជំនាញ​ឬ​សមត្ថភាព​ប៉ុណ្ណោះ​ទេ។ (​២កូ. ៨:២២​) ចុះ​យ៉ាង​ណា​បើ​អ្នក​ចង់​រៀន​ចេះ​ធ្វើ​អ្វី​មួយ​ដែល​អ្នក​មិន​សូវ​មាន​ដុង? សូម​កុំ​ឈប់​ព្យាយាម! តើ​ធីម៉ូថេ​បាន​ទៅ​ជា​អ្នក​ពូកែ​ថ្លែង​សុន្ទរកថា​និង​បង្រៀន​ឬ​ទេ? គម្ពីរ​មិន​ចែង​ទេ។ ប៉ុន្តែ ធីម៉ូថេ​ច្បាស់​ជា​បាន​បំពេញ​ភារកិច្ច​របស់​គាត់​កាន់​តែ​ល្អ​ប្រសើរ កាល​ដែល​គាត់​ធ្វើ​តាម​យោបល់​របស់​ប៉ូល។—២ធី. ៣:១០ w​២២.០៤ ទំ.២៤​-​២៥ វ.៨​-​១១

ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មីនា

ខ្ញុំ​ឃើញ​សត្វ​សាហាវ​មួយ​ឡើង​មក​ពី​សមុទ្រ។ សត្វ​នោះ​មាន​ស្នែង​១០ [​និង​]​ក្បាល​៧។—បប. ១៣:១

តើ​សត្វ​សាហាវ​ដែល​មាន​ក្បាល​៧​គឺ​ជា​អ្វី? យើង​កត់​សម្គាល់​ថា​សត្វ​សាហាវ​នេះ​មើល​ទៅ​មាន​ភិន​ភាគ​ដូច​ខ្លា​រខិន តែ​ជើង​របស់​វា​ដូច​ជើង​ខ្លា​ឃ្មុំ មាត់​របស់​វា​ដូច​មាត់​តោ ហើយ​វា​មាន​ស្នែង​១០។ សត្វ​សាហាវ​បួន​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​ដានីយ៉ែល ជំពូក​ទី​៧ ក៏​មាន​លក្ខណៈ​ទាំង​នេះ​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ លក្ខណៈ​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​សត្វ​តែ​មួយ មិន​មែន​សត្វ​សាហាវ​បួន​ក្បាល​ផ្សេង​ៗ​ពី​គ្នា​ទេ។ សត្វ​សាហាវ​នេះ​មិន​មែន​ជា​តំណាង​រដ្ឋាភិបាល​មួយ ឬ​ចក្រភព​ណា​មួយ​ទេ។ គម្ពីរ​រៀប​រាប់​ថា​វា​គ្រប់​គ្រង​«​លើ​គ្រប់​កុលសម្ព័ន្ធ គ្រប់​ជន​ជាតិ គ្រប់​ភាសា និង​គ្រប់​ប្រជា​ជាតិ​»។ ដូច្នេះ វា​គឺ​ធំ​ជាង​រដ្ឋាភិបាល​ណា​មួយ​ទាំង​អស់​របស់​មនុស្សជាតិ។ (​បប. ១៣:៧​) យ៉ាង​នេះ សត្វ​សាហាវ​នេះ​ត្រូវ​ជា​តំណាង​រដ្ឋាភិបាល​ទាំង​អស់​ដែល​បាន​គ្រប់​គ្រង​លើ​មនុស្សជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ (​អទ. ៨:៩​) ម្យ៉ាង​ទៀត ក្នុង​គម្ពីរ លេខ​១០​ច្រើន​តែ​បាន​ត្រូវ​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​ភាព​ពេញ​លេញ។ w​២២.០៥ ទំ.៩ វ.៦

ថ្ងៃ​អង្គារ ទី​៥ ខែ​មីនា

លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ។—បប. ២១:៤

តើ​អ្នក​ណា​ខ្លះ​នឹង​ទទួល​ប្រយោជន៍​ពី​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​នេះ? ដំបូង​គឺ​មនុស្ស​មួយ​ក្រុម​ធំ​ដែល​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន ព្រម​ទាំង​កូន​ៗ​ណា​ដែល​ទំនង​ជា​នឹង​កើត​មក​ក្នុង​ពិភព​លោក​ថ្មី។ ប៉ុន្តែ ការ​បើក​បង្ហាញ ជំពូក​ទី​២០​ក៏​សន្យា​ថា​មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​បប. ២០:១១​-​១៣​) ​«​មនុស្ស​សុចរិត​»​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ស្លាប់​នៅ​អតីតកាល និង​«​មនុស្ស​មិន​សុចរិត​»​ដែល​មិន​មាន​ឱកាស​រៀន​អំពី​ព្រះ​យេហូវ៉ា នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែន​ដី។ (​សកម្ម. ២៤:១៥; យ៉ូន. ៥:២៨, ២៩​) តើ​នេះ​មាន​ន័យ​ថា​មនុស្ស​គ្រប់​រូប​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ​ឬ? មិន​មែន​ទេ។ មនុស្ស​ដែល​មិន​ព្រម​ទទួល​យក​ឱកាស​ដោយ​ចេតនា​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​មុន​ពួក​គេ​ស្លាប់ នឹង​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ ពួក​គេ​មាន​ឱកាស ប៉ុន្តែ​ពួក​គេ​បាន​បង្ហាញ​ថា​ពួក​គេ​មិន​សម​នឹង​ទទួល​ជីវិត​នៅ​ផែន​ដី​ជា​សួន​ឧទ្យាន​ឡើយ។—ម៉ាថ. ២៥:៤៦; ២ថែ. ១:៩; បប. ១៧:៨; ២០:១៥ w​២២.០៥ ទំ.១៨ វ.១៦​-​១៧

ថ្ងៃ​ពុធ ទី​៦ ខែ​មីនា

តើ​យើង​នឹង​ទៅ​ឯ​អ្នក​ណា​វិញ? ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ៦:៦៨

តាម​រយៈ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ លោក​យេស៊ូ​បាន​តាំង​ឡើង​អង្គការ​ដ៏​អស្ចារ្យ​មួយ​នៅ​ផែន​ដី​ដើម្បី​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត។ (​ម៉ាថ. ២៤:៤៥​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អង្គការ​នេះ? ប្រហែល​ជា​អ្នក​មាន​អារម្មណ៍​ដូច​សាវ័ក​ពេត្រុស​ដែល​និយាយ​ពាក្យ​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ​ទៅ​កាន់​លោក​យេស៊ូ។ តើ​យើង​ទាំង​អស់​គ្នា​នឹង​រសាត់​អណ្ដែត​ទៅ​ដល់​ទី​ណា​សព្វ​ថ្ងៃ​នេះ បើ​យើង​មិន​បាន​ស្គាល់​អង្គការ​របស់​ព្រះ​យេហូវ៉ា? តាម​រយៈ​អង្គការ​នេះ គ្រិស្ត​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​អ្វី​ទាំង​អស់​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ លោក​យេស៊ូ​ក៏​បង្ហាត់​បង្រៀន​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព​ដែរ។ បន្ថែម​ទៅ​ទៀត លោក​ជួយ​យើង​ឲ្យ​ពាក់​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ដើម្បី​យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ (​អេភ. ៤:២៤​) លោក​យេស៊ូ​ផ្ដល់​ការ​ណែនាំ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​គ្រា​ពិបាក។ ប្រយោជន៍​នៃ​ការ​ណែនាំ​នោះ គឺ​ស​ឲ្យ​ឃើញ​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩។ កាល​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​មិន​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ លោក​យេស៊ូ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បាន​ទទួល​ការ​ណែនាំ​ច្បាស់​ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​សុវត្ថិភាព។ w២២.០៧ ទំ.១២ វ.១៣​-​១៤

ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា

[​ចូរ​]​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង។—ភី. ១:១០

ព្រះ​យេហូវ៉ា​បាន​ណែនាំ​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​ឲ្យ​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ។ (​បច. ៦:៦, ៧​) ឪពុក​ម្ដាយ​ទាំង​នោះ​មាន​ឱកាស​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ដើម្បី​និយាយ​ជា​មួយ​កូន និង​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ក្មេង​ប្រុស​ជន​ជាតិ​អ៊ីស្រាអែល​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​ជួយ​ឪពុក​គាត់​ដាំ​ដំណាំ​ឬ​ប្រមូល​ផល។ កូន​ស្រី​ចំណាយ​ពេល​ភាគ​ច្រើន​ជា​មួយ​ម្ដាយ​ក្នុង​ការ​ដេរ​ប៉ាក់ ត្បាញ និង​ធ្វើ​កិច្ច​ការ​ផ្ទះ​ផ្សេង​ទៀត។ ពេល​ឪពុក​ម្ដាយ​និង​កូន​រួម​កិច្ច​ការ​ជា​មួយ​គ្នា ពួក​គេ​អាច​និយាយ​គ្នា​អំពី​រឿង​សំខាន់​ៗ​ជា​ច្រើន ដូច​ជា​គុណធម៌​របស់​ព្រះ​យេហូវ៉ា​និង​របៀប​ដែល​លោក​ជួយ​ក្រុម​គ្រួសារ​ជា​ដើម។ នៅ​ប្រទេស​ជា​ច្រើន ឪពុក​ម្ដាយ​និង​កូន​មិន​អាច​ចំណាយ​ពេល​ជា​មួយ​គ្នា​ពេញ​មួយ​ថ្ងៃ​បាន​ទេ។ ឪពុក​ម្ដាយ​ប្រហែល​ជា​ទៅ​ធ្វើ​ការ ហើយ​កូន​ប្រហែល​ជា​ទៅ​សាលា​រៀន។ ដូច្នេះ ឪពុក​ម្ដាយ​ត្រូវ​ព្យាយាម​រក​ពេល​ផ្សេង​ៗ​ដើម្បី​និយាយ​ជា​មួយ​កូន។—អេភ​. ៥:១៥, ១៦ w​២២.០៥ ទំ.២៨ វ.១០​-​១១

ថ្ងៃ​សុក្រ ទី​៨ ខែ​មីនា

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​មិន​សុចរិត​នឹង​មិន​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក?—១កូ. ៦:៩

អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ គឺ​បំពាន​ច្បាប់​របស់​ព្រះ​យ៉ាង​ខ្លាំង។ បើ​គ្រិស្ត​សាសនិក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ណា​មួយ​បែប​នេះ គាត់​ត្រូវ​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា ហើយ​ត្រូវ​ប្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​ចសព. ៣២:៥; យ៉ា. ៥:១៤​) តើ​ពួក​អ្នក​ចាស់​ទុំ​មាន​ភារកិច្ច​អ្វី? មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​មាន​សិទ្ធិ​អភ័យ​ទោស​ឲ្យ​ទាំង​ស្រុង​ចំពោះ​អំពើ​ខុស​ឆ្គង ហើយ​លោក​អភ័យ​ទោស​ឲ្យ​យើង​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​លោះ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ពិនិត្យ​ពិចារណា​ពី​គម្ពីរ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អាច​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​យ៉ាង​ណា។ (​១កូ. ៥:១២​) ដើម្បី​ធ្វើ​ដូច្នេះ អ្វី​មួយ​ដែល​ពួក​គេ​ធ្វើ គឺ​ព្យាយាម​ស្វែង​រក​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​នេះ​៖ តើ​បុគ្គល​នោះ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​ឬ? តើ​គាត់​ព្យាយាម​លាក់​បាំង​អំពើ​ខុស​ឆ្គង​នោះ​ពី​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដដែល​ៗ​អស់​មួយ​រយៈ​ពេល​ឬ? សំខាន់​បំផុត តើ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គាត់​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ឬ​ទេ? តើ​មាន​ទី​សំអាង​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់​ឬ?—សកម្ម. ៣:១៩ w​២២.០៦ ទំ.៩ វ.៤

ថ្ងៃ​សៅរ៍ ទី​៩ ខែ​មីនា

[​ចូរ​]​ស្រឡាញ់​សេចក្ដី​ពិត។—សាក. ៨:១៩

លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្វែង​រក​សេចក្ដី​សុចរិត។ (​ម៉ាថ. ៥:៦​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​បំណង​ប្រាថ្នា​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ល្អ ត្រឹម​ត្រូវ និង​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ។ តើ​អ្នក​ស្រឡាញ់​អ្វី​ដែល​ពិត​និង​សុចរិត​ឬ​ទេ? យើង​ប្រាកដ​ថា​អ្នក​ស្រឡាញ់។ អ្នក​ស្អប់​ពាក្យ​កុហក ព្រម​ទាំង​អ្វី​ទាំង​អស់​ដែល​ខុស​និង​អាក្រក់។ (​ចសព. ១១៩:១២៨, ១៦៣​) ការ​កុហក​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ (​យ៉ូន. ៨:៤៤; ១២:៣១​) គោល​ដៅ​មួយ​របស់​សាថាន​គឺ​បង្កាច់​បង្ខូច​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ សាថាន​បាន​ផ្សាយ​ពាក្យ​កុហក​អំពី​ព្រះ​របស់​យើង​តាំង​ពី​ការ​បះ​បោរ​ក្នុង​សួន​អេដែន។ វា​បាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​មិន​ទៀង​ត្រង់ ហើយ​ថា​លោក​លាក់​របស់​ល្អ​ពី​មនុស្សជាតិ។ (​ដក. ៣:១, ៤, ៥​) ការ​កុហក​របស់​សាថាន​អំពី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​អាក្រក់​អំពី​លោក។ ពេល​មនុស្ស​សម្រេច​ចិត្ត​មិន​«​ស្រឡាញ់​សេចក្ដី​ពិត​»​ សាថាន​អាច​នាំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​និង​អាក្រក់​គ្រប់​បែប​យ៉ាង។—រ៉ូម ១:២៥​-​៣១ w​២៣.០៣ ទំ.២ វ.៣

ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា

សេចក្ដី​ស្រឡាញ់ . . . របស់​[​ព្រះ​យេហូវ៉ា​]​ស្ថិត​ស្ថេរ​ជា​ដរាប។—ចសព. ១០០:៥

កាល​ដែល​អ្នក​ខំ​ប្រឹង​យក​ឈ្នះ​ទម្លាប់​អាក្រក់ អ្នក​ប្រហែល​ជា​នៅ​តែ​ធ្វើ​ខុស​នោះ​ម្ដង​ម្កាល ឬ​អ្នក​ប្រហែល​ជា​ខ្វះ​ចិត្ត​អត់​ធ្មត់​និង​ធុញ​ទ្រាន់​ដោយ​សារ​គោល​ដៅ​របស់​អ្នក​ហាក់​ដូច​ជា​នៅ​ឆ្ងាយ។ តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ? គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ ពោល​គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​បំផុត​ដែល​អ្នក​មាន។ (​សុភ. ៣:៣​-​៦​) សេចក្ដី​ស្រឡាញ់​ខ្លាំង​ក្លា​ចំពោះ​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​មិន​ឈប់​ព្យាយាម​ពេល​មាន​ការ​ពិបាក​ក្នុង​ជីវិត។ គម្ពីរ​ច្រើន​តែ​លើក​ឡើង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​លោក។ សេចក្ដី​ស្រឡាញ់​នេះ​មាន​ន័យ​ថា​លោក​នឹង​មិន​បោះ​បង់​ចោល​ពួក​អ្នក​បម្រើ​របស់​លោក ឬ​ឈប់​ស្រឡាញ់​ពួក​គេ​ទេ។ អ្នក​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​លោក។ (​ដក. ១:២៦​) ដូច្នេះ តើ​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច? ដំបូង សូម​មាន​ចិត្ត​កតញ្ញូ។ (​១ថែ. ៥:១៨​) រាល់​ថ្ងៃ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ​តាម​របៀប​ណា​ខ្លះ?›។ បន្ទាប់​មក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា​ដោយ​លើក​ឡើង​អំពី​អ្វី​ជាក់​លាក់​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក។ សូម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​អ្នក​ផ្ទាល់​ដោយ​សារ​លោក​ស្រឡាញ់​អ្នក។ w​២៣.០៣ ទំ.១២ វ.១៧​-​១៩

ថ្ងៃ​ច័ន្ទ ទី​១១ ខែ​មីនា

លោក​[​យេស៊ូ​]​ជ្រាប​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស។—យ៉ូន. ២:២៥

លោក​យេស៊ូ​បាន​ប្រព្រឹត្ត​ចំពោះ​សាវ័ក​ទាំង​១២​នាក់​ដោយ​សប្បុរស​និង​ក្ដី​ស្រឡាញ់។ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ការ​សំខាន់​គឺ​មិន​គ្រាន់​តែ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រតិកម្ម​របស់​យើង​ចំពោះ​កំហុស​និង​ភាព​ទន់​ខ្សោយ​របស់​ពួក​គេ​ដែរ។ ពេល​យើង​ឈឺ​ចិត្ត​នឹង​បង​ប្អូន​ណា​ម្នាក់ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹ហេតុ​អ្វី​បាន​ជា​អ្វី​ដែល​បុគ្គល​នោះ​ធ្វើ​នាំ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ខ្លាំង​ម្ល៉េះ? តើ​នោះ​បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ​ដែល​ខ្ញុំ​ត្រូវ​ខំ​យក​ឈ្នះ​ឬ​ទេ? តើ​បុគ្គល​នោះ​ប្រហែល​ជា​កំពុង​ជួប​បញ្ហា​ឬ? ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​មូលហេតុ​ឲ្យ​អន់​ចិត្ត​ក្ដី តើ​ខ្ញុំ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ​ឬ​ទេ?›។ កាល​ដែល​យើង​កាន់​តែ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ក្ដី​ស្រឡាញ់ យើង​កាន់​តែ​បង្ហាញ​ថា​យើង​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។ គំរូ​របស់​លោក​យេស៊ូ​ក៏​បង្រៀន​យើង​ឲ្យ​ព្យាយាម​យល់​អំពី​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ដែរ។ (​សុភ. ២០:៥​) លោក​យេស៊ូ​អាច​មើល​ចិត្ត​មនុស្ស​ធ្លុះ យើង​មិន​អាច​ធ្វើ​ដូច្នេះ​ទេ។ ប៉ុន្តែ យើង​អាច​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​បង​ប្អូន​របស់​យើង​ពេល​ពួក​គេ​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ (​អេភ. ៤:១, ២; ១ពេ. ៣:៨​) គឺ​ស្រួល​ជាង​ឲ្យ​ធ្វើ​ដូច្នេះ​បើ​យើង​រៀន​អំពី​ជីវប្រវត្តិ​របស់​ពួក​គេ។ w​២៣.០៣ ទំ.៣០ វ.១៤​-​១៦

ថ្ងៃ​អង្គារ ទី​១២ ខែ​មីនា

លោក​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ។—លូក. ២០:៣៨

បើ​សាថាន​ឃើញ​ថា​យើង​ត្រូវ​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់ វា​ប្រហែល​ជា​ប្រើ​ឱកាស​នោះ​ដើម្បី​ឲ្យ​យើង​ព្រម​ទទួល​យក​វិធី​ព្យាបាល​ដែល​ធ្វើ​ឲ្យ​យើង​មិន​ស្មោះ​ត្រង់​នឹង​ព្រះ។ គ្រូ​ពេទ្យ​ឬ​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ប្រហែល​ជា​ព្យាយាម​បង្ខំ​យើង​ឲ្យ​ទទួល​យក​ការ​ចាក់​បញ្ចូល​ឈាម ជា​អ្វី​ដែល​ខុស​នឹង​ច្បាប់​ព្រះ។ ឬ​បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ទទួល​យក​វិធី​ព្យាបាល​ផ្សេង​ទៀត​ដែល​ខុស​នឹង​គោល​ការណ៍​គម្ពីរ។ ទោះ​ជា​យើង​មិន​ចង់​ស្លាប់​ក៏​ដោយ យើង​ដឹង​ថា​បើ​យើង​ស្លាប់​ទៅ ព្រះ​យេហូវ៉ា​នឹង​មិន​ឈប់​ស្រឡាញ់​យើង​ទេ។ (​រ៉ូម ៨:៣៧​-​៣៩​) ពេល​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ស្លាប់ លោក​នឹក​ចាំ​ពួក​គេ​ហាក់​ដូច​ជា​ពួក​គេ​នៅ​តែ​នៅ​រស់​នៅ​ឡើយ។ (​លូក. ២០:៣៧​) លោក​ទន្ទឹង​រង់​ចាំ​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូប ១៤:១៥​) ព្រះ​យេហូវ៉ា​បាន​បង់​តម្លៃ​ដ៏​ថ្លៃ​ដើម្បី​យើង​«​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៣:១៦​) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​យ៉ាង​ជ្រាល​ជ្រៅ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ខ្លាំង​ណាស់។ ដូច្នេះ ជា​ជាង​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា ពេល​ដែល​យើង​ធ្លាក់​ខ្លួន​ឈឺ​ឬ​ត្រូវ​គេ​គំរាម​សម្លាប់ យើង​ពឹង​លោក​ឲ្យ​ផ្ដល់​ការ​សម្រាល​ទុក្ខ ប្រាជ្ញា និង​កម្លាំង​ឲ្យ​យើង។—ចសព. ៤១:៣ w​២២.០៦ ទំ.១៨ វ.១៦​-​១៧

ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា

ប្រាជ្ញា​ពិត​ស្រែក​ឮ​ៗ​នៅ​តាម​ផ្លូវ។—សុភ. ១:២០

គម្ពីរ​ចែង​ថា​៖ ​«​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ទី​ចាប់​ផ្ដើម​នៃ​ប្រាជ្ញា ហើយ​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត នាំ​ឲ្យ​មាន​ការ​យល់​ដឹង​»។ (​សុភ. ៩:១០​) ​«​ការ​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​បំផុត​»​សំដៅ​លើ​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ យើង​គួរ​ធ្វើ​ឲ្យ​គំនិត​របស់​លោក​ទៅ​ជា​គ្រឹះ​មូលដ្ឋាន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​យើង។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​សិក្សា​គម្ពីរ​និង​សៀវភៅ​របស់​យើង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ពេល​យើង​ធ្វើ​ដូច​នេះ យើង​កំពុង​បង្ហាញ​ប្រាជ្ញា​ពិត។ (​សុភ. ២:៥​-​៧​) គឺ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​អាច​ផ្ដល់​ប្រាជ្ញា​ពិត​ឲ្យ​យើង។ (​រ៉ូម ១៦:២៧​) ហេតុ​អ្វី​លោក​ជា​ប្រភព​នៃ​ប្រាជ្ញា? ទី​១ ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត ហើយ​លោក​ដឹង​គ្រប់​យ៉ាង​អំពី​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្កើត។ (​ចសព. ១០៤:២៤​) ទី​២ អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​បង្ហាញ​ថា​លោក​មាន​ប្រាជ្ញា។ (​រ៉ូម ១១:៣៣​) ទី​៣ យោបល់​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​ប្រាជ្ញា​តែង​តែ​ផ្ដល់​ប្រយោជន៍​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម។ (​សុភ. ២:១០​-​១២​) បើ​យើង​ចង់​រក​បាន​ប្រាជ្ញា​ពិត យើង​ត្រូវ​ព្រម​ទទួល​យក​សេចក្ដី​ពិត​បឋម​ទាំង​នេះ ហើយ​ឲ្យ​វា​ណែនាំ​យើង​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត ព្រម​ទាំង​ណែនាំ​ការ​ប្រព្រឹត្ត​របស់​យើង។ w​២២.១០ ទំ.១៩ វ.៣​-​៤

ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មីនា

សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌​គឺ មីកែល​និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​នាគ ព្រម​ទាំង​ច្បាំង​នឹង​បណ្ដា​ទេវតា​របស់​វា។ ប៉ុន្តែ ពួក​វា​មិន​បាន​ឈ្នះ​ទេ ហើយ​ក៏​មិន​មាន​កន្លែង​សម្រាប់​ពួក​វា​នៅ​ស្ថាន​សួគ៌​ទៀត​ដែរ។—បប. ១២:៧, ៨

ដូច​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​ការ​បើក​បង្ហាញ ជំពូក​១២ សាថាន​បាន​ច្បាំង​ចាញ់ ហើយ​វា​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី។ សាថាន​បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ដាក់​មនុស្សជាតិ ហើយ​នេះ​នាំ​ឲ្យ​«​វេទនា​ដល់​ផែន​ដី​»។ (​បប. ១២:៩​-​១២​) តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ទំនាយ​ទាំង​នេះ? ព្រឹត្តិការណ៍​ពិភព​លោក និង​ការ​ផ្លាស់​ប្ដូរ​នៃ​ចិត្ត​គំនិត​របស់​មនុស្ស ជួយ​យើង​ឲ្យ​ដឹង​ថា​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។ ដូច្នេះ ជា​ជាង​ទើស​ចិត្ត​ពេល​ដែល​យើង​ឃើញ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​សាហាវ​និង​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន យើង​ចាំ​ថា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង​ហើយ! (​ចសព. ៣៧:១​) ម្យ៉ាង​ទៀត យើង​នឹង​ឃើញ​ការ​ពិបាក​មាន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពិភព​លោក កាល​ដែល​យើង​ខិត​ចូល​ទៅ​ដល់​សង្គ្រាម​អាម៉ាគេដូន។ (​ម៉ាក. ១៣:៨; ២ធី. ៣:១៣​) យើង​សប្បាយ​ចិត្ត​ណាស់​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ។ w២២.០៧ ទំ.៣​-​៤ វ.៧​-​៨

ថ្ងៃ​សុក្រ ទី​១៥ ខែ​មីនា

សេចក្ដី​អធិដ្ឋាន​អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។—យ៉ា. ៥:១៦

យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​បង​ប្អូន​របស់​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ មហន្តរាយ​ធម្មជាតិ សង្គ្រាម​ស៊ីវិល ការ​បៀតបៀន ឬ​ការ​ពិបាក​ផ្សេង​ទៀត។ យើង​ក៏​អាច​អធិដ្ឋាន​ឲ្យ​បង​ប្អូន​ដែល​ខំ​ព្យាយាម​ជួយ​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ដែរ។ អ្នក​ប្រហែល​ជា​ស្គាល់​បង​ប្អូន​ខ្លះ​ដែល​ជួប​បញ្ហា​ណា​មួយ​បែប​នេះ។ ដូច្នេះ អ្នក​អាច​លើក​ឈ្មោះ​ពួក​គេ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ជា​បង​ប្អូន ដោយ​សុំ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ។ ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ដែល​យើង​អធិដ្ឋាន​ឲ្យ​ពួក​គេ ហើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ជួយ​ពួក​គេ។ សាវ័ក​ប៉ូល​ដឹង​ថា គាត់​ត្រូវ​ការ​ឲ្យ​បង​ប្អូន​អធិដ្ឋាន​អំពី​គាត់។ គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​អធិដ្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​ដោយ​ក្លាហាន​អំពី​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​នៃ​ដំណឹង​ល្អ​»។ (​អេភ. ៦:១៩​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​មាន​បង​ប្អូន​ប្រុស​ជា​ច្រើន​ដែល​កំពុង​នាំ​មុខ​យើង​យ៉ាង​នឿយ​ហត់។ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​ដោយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​របស់​ពួក​គេ។ w​២២.០៧ ទំ.២៣​-​២៤ វ.១៤​-​១៦

ថ្ងៃ​សៅរ៍ ទី​១៦ ខែ​មីនា

ចូរ . . . ពាក់​សេចក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ​ជា​មួក​ការ​ពារ​ក្បាល។—១ថែ. ៥:៨

ទាហាន​ពាក់​មួក​ដើម្បី​ការ​ពារ​ក្បាល​គាត់។ ស្រដៀង​គ្នា​ដែរ ក្នុង​ចម្បាំង​របស់​យើង​ជា​មួយ​នឹង​សាថាន យើង​ត្រូវ​ការ​ពារ​ចិត្ត​គំនិត​របស់​យើង​ពី​ការ​វាយ​ប្រហារ​របស់​វា។ វា​ប្រើ​អ្វី​ផ្សេង​ៗ​ជា​ច្រើន​ដើម្បី​ល្បួង​យើង ហើយ​បង្ខូច​របៀប​គិត​គូរ​របស់​យើង។ ដូច​ដែល​មួក​ការ​ពារ​ក្បាល​របស់​ទាហាន សេចក្ដី​សង្ឃឹម​របស់​យើង​ការ​ពារ​របៀប​គិត​គូរ​របស់​យើង ដើម្បី​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ បើ​សេចក្ដី​សង្ឃឹម​របស់​យើង​ចុះ​ខ្សោយ ហើយ​យើង​ចាប់​ផ្ដើម​គិត​តែ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន យើង​នឹង​ងាយ​ភ្លេច​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ សូម​គិត​អំពី​គ្រិស្ត​សាសនិក​ខ្លះ​ដែល​រស់​នៅ​ក្រុង​កូរិនថូស​នា​សម័យ​បុរាណ។ ពួក​គេ​បាន​បាត់​បង់​ជំនឿ​លើ​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​របស់​ព្រះ ពោល​គឺ​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ (​១កូ. ១៥:១២​) ប៉ូល​បាន​សរសេរ​ថា មនុស្ស​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ថ្ងៃ​អនាគត រស់​នៅ​ដើម្បី​តែ​បំពេញ​បំណង​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។ (​១កូ. ១៥:៣២​) នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​លើ​សេចក្ដី​សន្យា​របស់​ព្រះ ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ជីវិត​របស់​ពួក​គេ​សប្បាយ​នៅ​ឥឡូវ​នេះ។ ប៉ុន្តែ​យើង​ខុស​ពី​ពួក​គេ ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត​លើ​សេចក្ដី​សន្យា​ពី​ព្រះ​សម្រាប់​ថ្ងៃ​អនាគត។ w​២២.១០ ទំ.២៥​-​២៦ វ.៨​-​៩

ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មីនា

ចូរ​អធិដ្ឋាន​ឥត​ឈប់។—១ថែ. ៥:១៧

ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​ឲ្យ​អធិដ្ឋាន​ទៅ​លោក។ លោក​ឃើញ​បញ្ហា​ដែល​អ្នក​កំពុង​ជួប​ប្រទះ ហើយ​លោក​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​នៅ​គ្រប់​ពេល​វេលា។ លោក​ពេញ​ចិត្ត​ស្ដាប់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​សុភ. ១៥:៨​) តើ​អ្នក​អាច​អធិដ្ឋាន​អំពី​អ្វី​ខ្លះ​ពេល​អ្នក​មាន​អារម្មណ៍​ឯកោ? សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ (​ចសព. ៦២:៨​) សូម​ប្រាប់​លោក​អំពី​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្វល់​ខ្វាយ និង​អារម្មណ៍​របស់​អ្នក​ចំពោះ​បញ្ហា​ទាំង​នោះ។ សូម​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​អារម្មណ៍​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​អ្នក​អាច​ប្រាប់​អំពី​ជំនឿ​របស់​អ្នក។ អ្នក​ថែម​ទាំង​អាច​សុំ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា ដើម្បី​ពន្យល់​អំពី​ជំនឿ​របស់​អ្នក​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត។ (​លូក. ២១:១៤, ១៥​) បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត សូម​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​និយាយ​អំពី​រឿង​នេះ​ជា​មួយ​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។ អ្នក​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​បុគ្គល​ដែល​អ្នក​នឹង​និយាយ​ជា​មួយ​ឲ្យ​យល់​អារម្មណ៍​របស់​អ្នក។ សូម​ពិនិត្យ​មើល​របៀប​ដែល​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក ហើយ​ព្រម​ទទួល​ជំនួយ​ពី​អ្នក​ឯ​ទៀត។ យ៉ាង​នេះ អ្នក​នឹង​មិន​សូវ​មាន​អារម្មណ៍​ឯកោ​ឡើយ។ w​២២.០៨ ទំ.១០ វ.៦

ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​មីនា

បុរស​ទាំង . . . នេះ​បំពាន​លើ​បញ្ញត្ដិ​របស់​សេសារ។—សកម្ម. ១៧:៧

ក្រុម​ជំនុំ​ថ្មី​នៅ​ក្រុង​ថែស្សាឡូនិច​បាន​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង។ អ្នក​ប្រឆាំង​ដ៏​សាហាវ​ឃោរឃៅ បាន​អូស​«​បង​ប្រុស​ៗ​ខ្លះ​ទៅ​ឯ​ពួក​អ្នក​គ្រប់​គ្រង​ក្រុង​នោះ​»។ (​សកម្ម. ១៧:៦​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​គ្រិស្ត​សាសនិក​ថ្មី​ទាំង​នោះ​ភ័យ​ខ្លាច​យ៉ាង​ណា​ឬ​ទេ? នេះ​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ពួក​គេ​បន្ថយ​សកម្មភាព​ក្នុង​កិច្ច​បម្រើ​ព្រះ។ ប៉ុន្តែ សាវ័ក​ប៉ូល​មិន​ចង់​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ។ គាត់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ក្រុម​ជំនុំ​ថ្មី​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់។ ប៉ូល​បាន​រំលឹក​បង​ប្អូន​នៅ​ក្រុង​ថែស្សាឡូនិច​ថា​៖ ​«​យើង​បាន​ចាត់​ធីម៉ូថេ​ជា​ប្អូន​ប្រុស​របស់​យើង​ឲ្យ​ទៅ​ជួប​អ្នក​រាល់​គ្នា . . . គាត់​នឹង​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​មាំ​មួន​ឡើង ព្រម​ទាំង​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​ជំនឿ​របស់​អ្នក​រាល់​គ្នា។ យ៉ាង​នេះ គ្មាន​អ្នក​ណា​ត្រូវ​រង្គោះ​រង្គើ ដោយ​សារ​សេចក្ដី​វេទនា​ទាំង​នោះ​ឡើយ​»។ (​១ថែ. ៣:២, ៣​) ធីម៉ូថេ​បាន​ឃើញ​របៀប​ដែល​ប៉ូល​បាន​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​នៅ​ក្រុង​លីស្ដ្រា។ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​គាំ​ទ្រ​បង​ប្អូន​ទាំង​នោះ ធីម៉ូថេ​អាច​ពង្រឹង​កម្លាំង​ចិត្ត​បង​ប្អូន​ថ្មី​ថា​ព្រះ​យេហូវ៉ា​ក៏​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​លទ្ធផល​ល្អ​ដែរ។—សកម្ម. ១៤:៨, ១៩​-​២២; ហេ. ១២:២ w​២២.០៨ ទំ.២១ វ.៤

ថ្ងៃ​អង្គារ ទី​១៩ ខែ​មីនា

យើង . . . បាន​ជីវិត​តាម​រយៈ​បុត្រ​នោះ។—១យ៉ូន. ៤:៩

នៅ​ចុង​សតវត្សរ៍​ទី​១៩ និស្សិត​គម្ពីរ​មួយ​ក្រុម​ដែល​បាន​ត្រូវ​ដឹក​នាំ​ដោយ​បង​ឆាល ថេស រ៉ាសិល​បាន​ចាប់​ផ្ដើម​សិក្សា​បទ​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ពួក​គេ​ចង់​ដឹង​សេចក្ដី​ពិត​អំពី​តម្លៃ​នៃ​គ្រឿង​បូជា​របស់​គ្រិស្ត​និង​របៀប​ដែល​គួរ​រំលឹក​អំពី​មរណភាព​របស់​លោក។ សព្វ​ថ្ងៃ​នេះ យើង​ទទួល​ប្រយោជន៍​ពី​ការ​ស្រាវ​ជ្រាវ​របស់​ពួក​គេ។ តើ​តាម​របៀប​ណា? យើង​យល់​អំពី​អត្ថន័យ​នៃ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​និង​អ្វី​ដែល​គ្រឿង​បូជា​នោះ​នឹង​ធ្វើ​សម្រាប់​យើង​និង​មនុស្សជាតិ​ទាំង​អស់។ (​១យ៉ូន. ២:១, ២​) យើង​ក៏​បាន​រៀន​ថា​គម្ពីរ​ផ្ដល់​សេចក្ដី​សង្ឃឹម​ពីរ​សម្រាប់​មនុស្ស​ដែល​ព្រះ​ពេញ​ចិត្ត ពោល​គឺ​ជីវិត​អមតៈ​នៅ​ស្ថាន​សួគ៌​សម្រាប់​មនុស្ស​មួយ​ចំនួន​និង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​លើ​ផែន​ដី​សម្រាប់​មនុស្ស​ឯ​ទៀត។ យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​កាល​ដែល​យើង​ពិចារណា​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​មាន​ចំពោះ​យើង និង​ប្រយោជន៍​ជា​ច្រើន​ដែល​យើង​ទទួល​ផ្ទាល់​ពី​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ (​១ពេ. ៣:១៨​) ដូច្នេះ ដូច​បង​ប្រុស​ៗ​ដ៏​ស្មោះ​ត្រង់​នៅ​អតីតកាល យើង​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ជា​មួយ​យើង​ពេល​ធ្វើ​ពិធី​រំលឹក​តាម​លំនាំ​ដែល​លោក​យេស៊ូ​បាន​ទុក​ឲ្យ។ w​២៣.០១ ទំ.២១ វ.៦​-​៧

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​ក្រោយ​ពី​ថ្ងៃ​លិច​នា​ថ្ងៃ​ទី​៩ ខែ​ណែសាន​) ម៉ាកុស ១៤:៣​-​៩

ថ្ងៃ​ពុធ ទី​២០ ខែ​មីនា

លោក​បាន​ស្លាប់​ដើម្បី​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ដែល​រស់ អាច​រស់​ដើម្បី​លោក​ដែល​បាន​ស្លាប់​ជំនួស​ពួក​គេ ហើយ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ។—២កូ. ៥:១៥

លោក​យេស៊ូ​បាន​បង្រៀន​អំពី​អ្វី​ល្អ​ជា​ច្រើន​ដែល​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ។ យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ ដោយ​សារ​នោះ​បើក​ឱកាស​ឲ្យ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​លោក​យេស៊ូ ក៏​នឹង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​និង​សេចក្ដី​សង្ឃឹម​ជួប​បុគ្គល​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់។ (​យ៉ូន. ៥:២៨, ២៩; រ៉ូម ៦:២៣​) យើង​មិន​បាន​ធ្វើ​អ្វី​ដែល​សម​នឹង​ទទួល​ពរ​ទាំង​នេះ​ទេ ហើយ​យើង​ក៏​មិន​អាច​សង​គុណ​ព្រះ​និង​គ្រិស្ត​ចំពោះ​អ្វី​ដែល​លោក​ទាំង​ពីរ​បាន​ធ្វើ​សម្រាប់​យើង​ដែរ។ (​រ៉ូម ៥:៨, ២០, ២១​) ប៉ុន្តែ យើង​អាច​បង្ហាញ​លោក​ទាំង​ពីរ​អំពី​ចិត្ត​កតញ្ញូ​ដ៏​ជ្រាល​ជ្រៅ​របស់​យើង​បាន។ តើ​តាម​របៀប​ណា? ដោយ​ប្រើ​ធន​ធាន​របស់​យើង​ដើម្បី​កិច្ច​ការ​រាជាណាចក្រ។ ជា​ឧទាហរណ៍ យើង​អាច​ជួយ​សាង​សង់​អគារ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជួយ​ជួស​ជុល​និង​ថែ​ទាំ​អគារ​ទាំង​នោះ។ w​២៣.០១ ទំ.២៦ វ.៣; ទំ.២៨ វ.៥

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​៩ ខែ​ណែសាន​) ម៉ាកុស ១១:១​-​១១

ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​មីនា

ខ្ញុំ​ឃើញ​កូន​ចៀម . . . ហើយ​មាន​១៤៤.០០០​នាក់ . . . ជា​មួយ​នឹង​លោក។—បប. ១៤:១

ពួក​អ្នក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​ព្រះ​នឹង​ជួយ​បី​បាច់​រក្សា​មនុស្ស​រាប់​ពាន់​លាន​នាក់​នៅ​ទូទាំង​ផែនដី។ ដូច​លោក​យេស៊ូ ១៤៤.០០០​នាក់​នឹង​ធ្វើ​ជា​ស្ដេច​និង​សង្ឃ។ (​បប. ៥:១០​) ក្រោម​ច្បាប់​ម៉ូសេ ពួក​សង្ឃ​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​ជួយ​បណ្ដា​ជន​ឲ្យ​រក្សា​សុខភាព​ល្អ​និង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ ច្បាប់​ម៉ូសេ​គឺ​ជា​«​ស្រមោល​នៃ​ពរ​ដែល​នឹង​មក​ដល់​»​ ដូច្នេះ​គឺ​ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​សន្និដ្ឋាន​ថា​អ្នក​គ្រប់​គ្រង​ជា​មួយ​លោក​យេស៊ូ​នឹង​ជួយ​រាស្ត្រ​ព្រះ​ឲ្យ​រក្សា​សុខភាព​ល្អ​និង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​ហេ. ១០:១​) យើង​ត្រូវ​ចាំ​មើល​ថា​តើ​ពួក​អ្នក​ដែល​ជា​ស្ដេច​និង​សង្ឃ​ទាំង​នេះ​នឹង​ប្រាស្រ័យ​ទាក់​ទង​តាម​វិធី​ណា​ជា​មួយ​នឹង​ពួក​អ្នក​នៅ​ផែន​ដី​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ក្នុង​សួន​ឧទ្យាន​នៅ​ថ្ងៃ​ខាង​មុខ ពួក​អ្នក​ដែល​នៅ​ផែន​ដី​នឹង​ទទួល​ការ​ណែនាំ​ដែល​ពួក​គេ​ត្រូវ​ការ។—បប. ២១:៣, ៤ w​២២.១២ ទំ.១១ វ.១១​-​១៣

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១០ ខែ​ណែសាន​) ម៉ាកុស ១១:១២​-​១៩

ថ្ងៃ​សុក្រ ទី​២២ ខែ​មីនា

អ្នក​រាល់​គ្នា​កំពុង​ប្រកាស​មរណភាព​របស់​លោក​ម្ចាស់ រហូត​ដល់​លោក​មក​ដល់។—១កូ. ១១:២៦

មូលហេតុ​មួយ​ដែល​យើង​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​យើង​គឺ​ថា យើង​ចង់​ឲ្យ​ពួក​អ្នក​ដែល​ចូល​រួម​ជា​លើក​ដំបូង​រៀន​សេចក្ដី​ពិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​យើង​ទាំង​អស់​គ្នា។ (​យ៉ូន. ៣:១៦​) យើង​សង្ឃឹម​ថា​អ្វី​ដែល​ពួក​គេ​ឃើញ​និង​ឮ​នៅ​ពិធី​រំលឹក​នឹង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​រៀន​ថែម​ទៀត ហើយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​អញ្ជើញ​ពួក​អ្នក​ដែល​លែង​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ធ្វើ​ដូច្នេះ​ដើម្បី​រំលឹក​ពួក​គេ​ថា​ព្រះ​នៅ​តែ​ស្រឡាញ់​ពួក​គេ។ មនុស្ស​ជា​ច្រើន​ព្រម​ទទួល​ការ​អញ្ជើញ​ពី​យើង ហើយ​យើង​សប្បាយ​ចិត្ត​ជា​ខ្លាំង​ឃើញ​ពួក​គេ។ ការ​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត រំលឹក​ពួក​គេ​អំពី​អំណរ​ដែល​ពួក​គេ​មាន​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​អតីតកាល។ (​ចសព. ១០៣:១​-​៤​) មិន​ថា​មនុស្ស​ព្រម​ទទួល​ការ​អញ្ជើញ​ពី​យើង​ឬ​មិន​ព្រម​ទទួល​ក្ដី យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ពិធី​រំលឹក ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​នឹង​អ្នក​ចូល​រួម​ម្នាក់​ៗ។—លូក. ១៥:៧; ១ធី. ២:៣, ៤ w​២៣.០១ ទំ.២០ វ.១; ទំ.២៣ វ.៩​-​១១

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១១ ខែ​ណែសាន​) ម៉ាកុស ១១:២០–១២:២៧, ៤១​-​៤៤

ថ្ងៃ​សៅរ៍ ទី​២៣ ខែ​មីនា

ភ្នែក​របស់​ព្រះ​យេហូវ៉ា​តាម​មើល​អស់​អ្នក​ដែល​កោត​ខ្លាច​លោក។—ចសព. ៣៣:១៨

នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ធ្វើ​សំណូម​ពរ​ដ៏​ពិសេស​មួយ​ទៅ​បិតា​របស់​លោក​នៅ​ស្ថាន​សួគ៌។ លោក​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ការ​ពារ​ពួក​អ្នក​កាន់​តាម​លោក។ (​យ៉ូន. ១៧:១៥, ២០​) ព្រះ​យេហូវ៉ា​តែង​តែ​តាម​មើល​រាស្ត្រ​លោក ពោល​គឺ​ថែ​រក្សា​និង​ការ​ពារ​ពួក​គេ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ដឹង​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​ជួប​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សាថាន។ លោក​ក៏​បាន​ដឹង​ថា​ពួក​គេ​នឹង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ត​យុទ្ធ​នឹង​ការ​វាយ​ប្រហារ​ដ៏​ព្រៃ​ផ្សៃ​របស់​មេ​កំណាច។ ពិភព​លោក​នេះ​ដែល​នៅ​ក្រោម​អំណាច​របស់​សាថាន​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ដល់​គ្រិស្ត​សាសនិក​ពិត​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​មាន​ការ​ពិបាក​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ហើយ​ថែម​ទាំង​ល្បង​ល​ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ទៀត​ផង។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ឡើយ។ ព្រះ​យេហូវ៉ា​កំពុង​តាម​មើល​យើង ពោល​គឺ​លោក​ឃើញ​ការ​ពិបាក​ដែល​យើង​កំពុង​ជួប​ប្រទះ ហើយ​លោក​ប្រុង​ប្រៀប​ជួយ​យើង​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។ ពិត​មែន​ហើយ ព្រះ​យេហូវ៉ា​«​តាម​មើល​អស់​អ្នក​ដែល​កោត​ខ្លាច​លោក . . . ដើម្បី​សង្គ្រោះ​ពួក​គេ​»។—ចសព. ៣៣:១៨​-​២០ w​២២.០៨ ទំ.៨ វ.១​-​២

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១២ ខែ​ណែសាន​) ម៉ាកុស ១៤:១, ២, ១០, ១១; ម៉ាថាយ ២៦:១​-​៥, ១៤​-​១៦

ថ្ងៃ​ពិធី​រំលឹក
ក្រោយ​ពី​ថ្ងៃ​លិច
ថ្ងៃ​អាទិត្យ ទី​២៤ ខែ​មីនា

ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ។—លូក. ២២:១៩

រាល់​ឆ្នាំ​ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក យើង​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ ដោយ​លៃ​ទុក​ពេល​រំពឹង​គិត​និង​អធិដ្ឋាន​អំពី​អត្ថន័យ​នៃ​ការ​ស្លាប់​របស់​លោក។ យើង​ក៏​អញ្ជើញ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​ឲ្យ​ចូល​រួម​ពិធី​ពិសេស​នេះ​ជា​មួយ​យើង។ យើង​តាំង​ចិត្ត​មិន​ឲ្យ​អ្វី​ណា​ក៏​ដោយ​រា​រាំង​យើង​ពី​ការ​ចូល​រួម​ពិធី​រំលឹក​ឡើយ។ នៅ​ពិធី​រំលឹក យើង​រៀន​អំពី​មូលហេតុ​ដែល​មនុស្ស​ត្រូវ​ការ​ថ្លៃ​លោះ និង​របៀប​ដែល​សេចក្ដី​ស្លាប់​របស់​បុរស​ម្នាក់​អាច​ទូទាត់​សង​ចំពោះ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ជា​ច្រើន។ យើង​ក៏​រៀន​ថា​នំ​ប៉័ង​និង​ស្រា​ជា​តំណាង​អ្វី ហើយ​អ្នក​ណា​គួរ​បរិភោគ​វត្ថុ​តំណាង​ទាំង​នោះ។ (​លូក. ២២:១៩, ២០​) យើង​ក៏​រំពឹង​គិត​អំពី​ពរ​ដែល​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​នឹង​ទទួល​ផង​ដែរ។ (​អេ. ៣៥:៥, ៦; ៦៥:១៧, ២១​-​២៣​) យើង​គួរ​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​ទាំង​នេះ។ w​២​៣.០១ ទំ.២០ វ.២; ទំ.២១ វ.៤

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១៣ ខែ​ណែសាន​) ម៉ាកុស ១៤:១២​-​១៦; ម៉ាថាយ ២៦:១៧​-​១៩ (​ព្រឹត្តិការណ៍​ក្រោយ​ពី​ថ្ងៃ​លិច​នា​ថ្ងៃ​ទី​១៤ ខែ​ណែសាន​) ម៉ាកុស ១៤:១៧​-​៧២

ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មីនា

ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ៣:១៦

ដោយ​ឲ្យ​បុត្រ​របស់​លោក​ជា​ថ្លៃ​លោះ​ដើម្បី​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​យើង ព្រះ​បើក​ឱកាស​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​ម៉ាថ. ២០:២៨​) សាវ័ក​ប៉ូល​បាន​សរសេរ​ថា​៖ ​«​សេចក្ដី​ស្លាប់​គឺ​តាម​រយៈ​បុរស​ម្នាក់ ដូច្នេះ​ការ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ក៏​តាម​រយៈ​បុរស​ម្នាក់​ដែរ។ ព្រោះ​ដូច​ទាំង​អស់​គ្នា​កំពុង​ស្លាប់​ដោយ​សារ​អាដាម នោះ​ទាំង​អស់​គ្នា​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ​ដោយ​សារ​គ្រិស្ត​ដែរ​»។ (​១កូ. ១៥:២១, ២២​) លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ និង​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែន​ដី។ (​ម៉ាថ. ៦:៩, ១០​) ផ្នែក​មួយ​នៃ​គោល​បំណង​របស់​ព្រះ គឺ​ឲ្យ​មនុស្ស​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី។ ដើម្បី​សម្រេច​គោល​បំណង​នេះ ព្រះ​យេហូវ៉ា​បាន​តែង​តាំង​បុត្រ​របស់​លោក​ជា​ស្ដេច​នៃ​រាជាណាចក្រ​មេស្ស៊ី។ ព្រះ​កំពុង​ប្រមូល​មនុស្ស​១៤៤.០០០​នាក់​ពី​ផែន​ដី​ដើម្បី​រួម​កិច្ច​ការ​ជា​មួយ​លោក​យេស៊ូ​ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​របស់​ព្រះ។—បប. ៥:៩, ១០ w​២២.១២ ទំ.៥ វ.១១​-​១២

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១៤ ខែ​ណែសាន​) ម៉ាកុស ១៥:១​-​៤៧

ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា

សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​ជំរុញ​ចិត្ត​យើង . . . ដើម្បី​ឲ្យ​អ្នក​ដែល​រស់ . . . មិន​មែន​រស់​ដើម្បី​ខ្លួន​ឯង​ទៀត​ទេ។—២កូ. ៥:១៤, ១៥

ពេល​យើង​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់ យើង​នឹក​គាត់​ខ្លាំង​ណាស់។ ដំបូង យើង​ប្រហែល​ជា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ជា​ពិសេស​បើ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់​ទាំង​ឈឺ​ចាប់។ ប៉ុន្តែ​មួយ​រយៈ​ពេល​ក្រោយ​មក យើង​អាច​ចាប់​ផ្ដើម​សប្បាយ​ចិត្ត​ឡើង​វិញ ពេល​យើង​គិត​អំពី​អ្វី​ដែល​គាត់​បាន​បង្រៀន​យើង និង​អ្វី​ដែល​គាត់​និយាយ​ឬ​ធ្វើ​ដើម្បី​លើក​ទឹក​ចិត្ត​យើង ឬ​ធ្វើ​ឲ្យ​យើង​ញញឹម។ ស្រដៀង​គ្នា​ដែរ ការ​អាន​អំពី​ការ​រង​ទុក្ខ​និង​ការ​ស្លាប់​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ត។ ក្នុង​អំឡុង​រដូវ​ពិធី​រំលឹក ជា​ពិសេស​យើង​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​សារៈ​សំខាន់​នៃ​គ្រឿង​បូជា​លោះ​របស់​លោក។ (​១កូ. ១១:២៤, ២៥​) ប៉ុន្តែ យើង​មាន​អំណរ​ពេល​រំពឹង​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​និង​បាន​ធ្វើ កាល​ដែល​លោក​នៅ​ផែន​ដី។ យើង​ក៏​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​គិត​អំពី​អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ និង​អ្វី​ដែល​លោក​នឹង​ធ្វើ​ចំពោះ​យើង​នៅ​ថ្ងៃ​អនាគត។ w​២៣.០១ ទំ.២៦ វ.១​-​២

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១៥ ខែ​ណែសាន​) ម៉ាថាយ ២៧:៦២​-​៦៦ (​ព្រឹត្តិការណ៍​ក្រោយ​ពី​ថ្ងៃ​លិច​នា​ថ្ងៃ​ទី​១៦ ខែ​ណែសាន​) ម៉ាកុស ១៦:១

ថ្ងៃ​ពុធ ទី​២៧ ខែ​មីនា

ចូរ . . . ស្វែង​រក​រាជាណាចក្រ . . . របស់​ព្រះ​ជា​មុន។—ម៉ាថ. ៦:៣៣

ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​កើត​ទុក្ខ​ជា​ខ្លាំង​នៅ​ពេល​លោក​ស្លាប់។ ពួក​គេ​មិន​គ្រាន់​តែ​បាត់​បង់​មិត្ត​សម្លាញ់​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​មាន​អារម្មណ៍​អស់​សង្ឃឹម​ដែរ។ (​លូក. ២៤:១៧​-​២១​) ប៉ុន្តែ ពេល​លោក​យេស៊ូ​បាន​លេច​មក​ជួប​ពួក​គេ លោក​បាន​លៃ​ទុក​ពេល​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​តួ​នាទី​របស់​លោក​ក្នុង​ការ​សម្រេច​ទំនាយ​គម្ពីរ។ លោក​ក៏​បាន​ឲ្យ​ពួក​គេ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់។ (​លូក. ២៤:២៦, ២៧, ៤៥​-​៤៨​) មុន​ពេល​លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ទុក្ខ​សោក​របស់​ពួក​អ្នក​កាន់​តាម​បាន​ទៅ​ជា​អំណរ​វិញ។ ហេតុ​អ្វី? ដោយ​សារ​ពួក​គេ​ដឹង​ថា​លោក​យេស៊ូ​នៅ​រស់ ហើយ​លោក​នឹង​ជួយ​ពួក​គេ​ឲ្យ​បំពេញ​កិច្ចការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ពួក​គេ។ អំណរ​របស់​ពួក​គេ​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ឥត​ឈប់។ (​លូក. ២៤:៥២, ៥៣; សកម្ម. ៥:៤២​) ដើម្បី​យក​តម្រាប់​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​ត្រូវ​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​យើង។ ទោះ​ជា​យើង​ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ក្ដី លោក​សន្យា​ថា​លោក​នឹង​ឲ្យ​ពរ​ជា​ច្រើន​ដល់​យើង​បើ​យើង​ធ្វើ​ដូច្នេះ។—សុភ. ១០:២២ w​២៣.០១ ទំ.៣១ វ.១៥​-​១៦

អំណាន​គម្ពីរ​សម្រាប់​ពិធី​រំលឹក​៖ ​(​ព្រឹត្តិការណ៍​នៅ​ពេល​ថ្ងៃ​នា​ថ្ងៃ​ទី​១៦ ខែ​ណែសាន​) ម៉ាកុស ១៦:២​-​៨

ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មីនា

អ្នក . . . ត្រូវ​ត្រឡប់​ទៅ​ជា​ដី​វិញ។—ដក. ៣:១៩

យើង​ច្បាស់​ជា​មិន​ចង់​ធ្វើ​ខុស​ដូច​អាដាម​និង​អេវ៉ា​ទេ។ យើង​អាច​ជៀស​វាង​ពី​លទ្ធផល​បែប​នោះ បើ​យើង​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា ឲ្យ​តម្លៃ​គុណ​សម្បត្តិ​របស់​លោក និង​ព្យាយាម​យល់​អំពី​របៀប​គិត​គូរ​របស់​លោក។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។ សូម​គិត​អំពី​អាប្រាហាំ។ គាត់​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា។ សូម្បី​តែ​នៅ​ពេល​គាត់​ពិបាក​យល់​អំពី​ការ​សម្រេច​ចិត្ត​របស់​ព្រះ​យេហូវ៉ា ក៏​គាត់​មិន​បះ​បោរ​ដែរ។ ផ្ទុយ​ទៅ​វិញ គាត់​ព្យាយាម​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង។ ជា​ឧទាហរណ៍ ពេល​អាប្រាហាំ​ឮ​ថា​ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា នៅ​ដើម​ដំបូង​គាត់​បារម្ភ​ថា​«​ចៅ​ក្រម​នៃ​ផែន​ដី​»​នឹង​បំផ្លាញ​មនុស្ស​សុចរិត​ជា​មួយ​មនុស្ស​ទុច្ចរិត។ អាប្រាហាំ​យល់​ថា​លោក​មិន​អាច​ធ្វើ​ដូច្នេះ​ឡើយ។ ហេតុ​នេះ​ដោយ​បង្ហាញ​ការ​គោរព គាត់​បាន​សួរ​ព្រះ​យេហូវ៉ា​នូវ​សំណួរ​ខ្លះ​ៗ។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​គាត់​ដោយ​ចិត្ត​អត់​ធ្មត់។ ក្រោយ​មក អាប្រាហាំ​បាន​យល់​ថា ព្រះ​យេហូវ៉ា​ពិនិត្យ​មើល​ចិត្ត​របស់​មនុស្ស​គ្រប់​រូប ហើយ​ថា​លោក​មិន​ដាក់​ទោស​បុគ្គល​ដែល​គ្មាន​កំហុស​ជា​មួយ​នឹង​បុគ្គល​ដែល​ធ្វើ​ខុស​ឡើយ។—ដក. ១៨:២០​-​៣២ w​២២.០៨ ទំ.២៨ វ.៩​-​១០

ថ្ងៃ​សុក្រ ទី​២៩ ខែ​មីនា

មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ចេះ​រក្សា​ការ​សម្ងាត់។—សុភ. ១១:១៣

នៅ​ឆ្នាំ​៤៥៥ មុន​គ.ស. ក្រោយ​ពី​អភិបាល​នេហេមា​បាន​សង់​កំពែង​ក្រុង​យេរូសាឡិម​ឡើង​វិញ គាត់​បាន​ស្វែង​រក​បុរស​ដែល​អាច​ពឹង​ពាក់​បាន ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ក្រុង​នោះ​ឲ្យ​បាន​ល្អ។ នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នេហេមា​បាន​ជ្រើស​រើស មាន​ហាណានា​ដែល​ជា​មេ​បន្ទាយ។ គម្ពីរ​រៀប​រាប់​ថា ហាណានា​ជា​«​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ណាស់ និង​ជា​អ្នក​កោត​ខ្លាច​ព្រះ​ពិត​លើស​អ្នក​ឯ​ទៀត​»។ (​នេហ. ៧:២​) សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​កោត​ខ្លាច​លោក បាន​ជំរុញ​ចិត្ត​ហាណានា​ឲ្យ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​គាត់​បាន​ទទួល។ គុណ​សម្បត្តិ​ទាំង​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​អ្នក​ឯ​ទៀត​អាច​ពឹង​ពាក់​បាន​ក្នុង​កិច្ច​បម្រើ​ព្រះ។ សូម​គិត​អំពី​គំរូ​របស់​ទីឃីកុស​ដែល​ជា​ដៃ​គូ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​របស់​សាវ័ក​ប៉ូល។ ប៉ូល​បាន​ពឹង​ពាក់​ទីឃីកុស ហើយ​បាន​ហៅ​ទីឃីកុស​ថា​៖ ​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»។ (​អេភ. ៦:២១, ២២​) ប៉ូល​បាន​បង្ហាញ​ទំនុក​ចិត្ត​លើ​គាត់​ដោយ​សុំ​គាត់​ឲ្យ​យក​សំបុត្រ​ទៅ​បង​ប្អូន​នៅ​ក្រុង​អេភេសូរ​និង​ក្រុង​កូឡុស ហើយ​ថែម​ទាំង​សុំ​គាត់​ឲ្យ​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​បង​ប្អូន​ទាំង​នោះ​ដែរ។ ទីឃីកុស​រំលឹក​យើង​អំពី​បង​ប្អូន​ប្រុស​ដ៏​ស្មោះ​ត្រង់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​សព្វ​ថ្ងៃ​នេះ។ បង​ប្អូន​ទាំង​នោះ​កំពុង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—កូឡ. ៤:៧​-​៩ w​២២.០៩ ទំ.៩​-​១០ វ.៥​-​៦

ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មីនា

សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន។—១ពេ. ៤:៨

យ៉ូសែប​បាន​រង​ទុក្ខ​លំបាក​អស់​រយៈ​ពេល​ប្រហែល​ជា​១៣​ឆ្នាំ។ យ៉ូសែប​អាច​សង្ស័យ​ថា ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​គាត់​ទេ។ គាត់​ក៏​អាច​ឆ្ងល់​ថា តើ​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​គាត់​ពេល​ដែល​គាត់​ត្រូវ​ការ​ជំនួយ​ឬ​យ៉ាង​ណា។ ប៉ុន្តែ យ៉ូសែប​មិន​បាន​ក្ដៅ​ក្រហាយ​ចិត្ត​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ដឹង​ខ្លួន​ជា​និច្ច ដោយ​រក្សា​ចិត្ត​ស្ងប់។ ពេល​គាត់​មាន​ឱកាស​ដើម្បី​សង​សឹក​បង​ៗ​របស់​គាត់ គាត់​មិន​បាន​ធ្វើ​ដូច្នេះ​ទេ តែ​គាត់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​អភ័យ​ទោស​ឲ្យ​ពួក​គេ។ (​ដក. ៤៥:៤, ៥​) យ៉ូសែប​អាច​ប្រព្រឹត្ត​យ៉ាង​នេះ​បាន ដោយ​សារ​គាត់​បាន​គិត​យ៉ាង​ច្បាស់​លាស់។ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​បញ្ហា​របស់​ខ្លួន គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​ដក. ៥០:១៩​-​២១​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? បើ​អ្នក​បាន​ត្រូវ​គេ​ធ្វើ​បាប សូម​កុំ​ក្ដៅ​ក្រហាយ​ចិត្ត​ទាស់​នឹង​ព្រះ​យេហូវ៉ា ឬ​ឆ្ងល់​ថា​តើ​លោក​បាន​បោះ​បង់​ចោល​អ្នក​ឬ​យ៉ាង​ណា។ ផ្ទុយ​ទៅ​វិញ សូម​រំពឹង​គិត​អំពី​របៀប​ដែល​លោក​កំពុង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នោះ។ បន្ថែម​ទៅ​ទៀត ពេល​អ្នក​ឯ​ទៀត​ធ្វើ​ខុស​នឹង​អ្នក សូម​ព្យាយាម​គ្រប​បាំង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់។ w​២២.១១ ទំ.២១ វ.៤

ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា

រដ្ឋាភិបាល​ទាំង​អស់​នឹង​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​បម្រើ​ពួក​គេ។—ដាន. ៧:២៧

ការ​បើក​បង្ហាញ​ដែល​ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ឃើញ​ក្នុង​គំនិត​បង្ហាញ​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​មាន​អំណាច​ជាង​ពួក​អាជ្ញាធរ​ណា​ទាំង​អស់។ ដំបូង ដានីយ៉ែល​បាន​ឃើញ​សត្វ​ធំ​សម្បើម​បួន​ក្បាល​ដែល​ជា​តំណាង​មហា​អំណាច​ពិភព​លោក​នៅ​អតីតកាល ពោល​គឺ​បាប៊ីឡូន មេឌី​ពើស៊ី ក្រិច និង​រ៉ូម ព្រម​ទាំង​មហា​អំណាច​ដែល​គ្រប់​គ្រង​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​អង់គ្លេស​អាម៉េរិក។ (​ដាន. ៧:១​-​៣, ១៧​) បន្ទាប់​មក ដានីយ៉ែល​បាន​ឃើញ​ព្រះ​យេហូវ៉ា​អង្គុយ​លើ​បល្ល័ង្ក​ក្នុង​សវនាការ​នា​ស្ថាន​សួគ៌។ (​ដាន. ៧:៩, ១០​) ព្រះ​ដក​ហូត​អំណាច​គ្រប់​គ្រង​ទាំង​អស់​ពី​រដ្ឋាភិបាល​ជា​មនុស្ស ហើយ​ប្រគល់​ទៅ​ឲ្យ​ពួក​អ្នក​ផ្សេង​ទៀត​ដែល​សម​នឹង​ទទួល​និង​មាន​ឫទ្ធានុភាព​ជាង។ តើ​បុគ្គល​ទាំង​នោះ​ជា​អ្នក​ណា? គឺ​«​បុគ្គល​ម្នាក់​ដូច​ជា​កូន​មនុស្ស​»​ជា​លោក​យេស៊ូ​គ្រិស្ត និង​«​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»​ចំនួន​១៤៤.០០០​នាក់ ដែល​នឹង​គ្រប់​គ្រង​«​ជា​រៀង​រហូត​»។ (​ដាន. ៧:១៣, ១៤, ១៨​) នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»។ អ្វី​ដែល​ដានីយ៉ែល​បាន​ឃើញ​ក្នុង​គំនិត​សម​ស្រប​នឹង​អ្វី​ដែល​គាត់​ធ្លាប់​និយាយ​មុន​នោះ គឺ​ថា​៖ ​«​ព្រះ​នៃ​ស្ថាន​សួគ៌ . . . តាំង​ស្ដេច​ឡើង ហើយ​ក៏​ដក​ស្ដេច​ចេញ​ដែរ​»។—ដាន. ២:១៩​-​២១ w​២២.១០ ទំ.១៤ វ.៩​-​១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក