បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es24 ទំ. ១៧-២៦
  • ខែកុម្ភៈ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែកុម្ភៈ
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
  • ចំណងជើងតូច
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​២ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​៣ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​៤ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​៦ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​៧ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​១០ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​១១ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​១២ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​១៦ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​២០ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​២១ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​២៣ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កុម្ភៈ
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៤
es24 ទំ. ១៧-២៦

ខែ​កុម្ភៈ

ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​កុម្ភៈ

[​ចូរ​]​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា។—យ៉ូន. ១៥:១២

តើ​បទ​គម្ពីរ​ថ្ងៃ​នេះ​មាន​ន័យ​យ៉ាង​ណា? ដូច​លោក​យេស៊ូ​បាន​ពន្យល់​បន្ទាប់​មក នេះ​គឺ​ជា​ការ​ស្រឡាញ់​អ្នក​ឯ​ទៀត​ខ្លាំង​ជាង​ខ្លួន​ឯង ឬ​សេចក្ដី​ស្រឡាញ់​ដែល​នឹង​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ណា​ម្នាក់​ឲ្យ​ស្លាប់​ដើម្បី​បង​ប្អូន​រួម​ជំនឿ​បើ​ចាំ​បាច់។ បណ្ដាំ​ព្រះ​បង្រៀន​យើង​ថា​សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​ណាស់។ ក្នុង​ចំណោម​ខ​គម្ពីរ​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ជាង​គេ​គឺ​មាន​ដូច​ត​ទៅ​នេះ​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​១យ៉ូន. ៤:៨​) ​«​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ (​ម៉ាថ. ២២:៣៩​) ​«​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។ (​១ពេ. ៤:៨​) ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។ (​១កូ. ១៣:៨​) ខ​គម្ពីរ​ទាំង​នេះ​និង​ខ​គម្ពីរ​ផ្សេង​ទៀត​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​បង្ហាញ​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​នេះ​គឺ​សំខាន់​ណាស់។ សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ​យេហូវ៉ា។ មាន​តែ​ពួក​អ្នក​ដែល​ទទួល​ពរ​និង​មាន​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​អាច​មាន​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​១យ៉ូន. ៤:៧​) ដូច្នេះ​មិន​មែន​ជា​ការ​ចម្លែក​ទេ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ជា​លក្ខណៈ​សម្គាល់​នៃ​ពួក​អ្នក​កាន់​តាម​ពិត​របស់​លោក។ ដូច​លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន មនុស្ស​ជា​ច្រើន​កត់​សម្គាល់​ពួក​អ្នក​កាន់​តាម​ពិត​របស់​លោក​តាម​រយៈ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ដែល​ពួក​គេ​បង្ហាញ​ចំពោះ​គ្នា។ w​២៣.០៣ ទំ.២៧​-​២៨ វ.៥​-​៨

ថ្ងៃ​សុក្រ ទី​២ ខែ​កុម្ភៈ

អំពើ​ខុស​ឆ្គង​របស់​នាង​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ។—លូក. ៧:៤៨

តើ​អ្នក​កាន់​តែ​ត្រូវ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ឬ​ទេ? អ្នក​អាច​ចាប់​ផ្ដើម​ដោយ​អាន​និង​រំពឹង​គិត​អំពី​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​សុខ​ចិត្ត​អភ័យ​ទោស​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ និង​ពួក​អ្នក​ដែល​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ លោក​សុខ​ចិត្ត​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ (​លូក. ៧:៤៧​) លោក​ក៏​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ពួក​គេ​ទេ។ តែ​លោក​គិត​អំពី​អ្វី​ដែល​ពួក​គេ​អាច​សម្រេច​បាន។ ផ្ទុយ​ពី​លោក​យេស៊ូ ពួក​ផារិស៊ី​នៅ​សម័យ​របស់​លោក ​«​ចាត់​ទុក​អ្នក​ដទៃ​ថា​គ្មាន​តម្លៃ​សោះ​»។ (​លូក. ១៨:៩​) ក្រោយ​ពី​រំពឹង​គិត​អំពី​គំរូ​ទាំង​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​មើល​អ្នក​ឯ​ទៀត​ថា​ពួក​គេ​ជា​មនុស្ស​បែប​ណា? តើ​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​ណា​ខ្លះ​របស់​ពួក​គេ?›។ បើ​អ្នក​ពិបាក​អភ័យ​ទោស​ឲ្យ​បុគ្គល​ណា​ម្នាក់ សូម​ព្យាយាម​រក​នឹក​សរសេរ​គុណ​សម្បត្តិ​របស់​គាត់​ឲ្យ​បាន​ច្រើន។ រួច​មក សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​លោក​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បុគ្គល​នោះ? តើ​លោក​យេស៊ូ​នឹង​អភ័យ​ទោស​ឲ្យ​គាត់​ឬ​ទេ?›។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​កែ​ប្រែ​របៀប​គិត​គូរ​របស់​យើង។ ដំបូង យើង​ប្រហែល​ជា​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​អភ័យ​ទោស​ឲ្យ​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ប៉ុន្តែ​បើ​យើង​បន្ត​ព្យាយាម​កាន់​តែ​ខ្លាំង យូរ​ៗ​ទៅ​យើង​នឹង​កាន់​តែ​ចេះ​អភ័យ​ទោស​ឲ្យ​បុគ្គល​នោះ។ w​២២.០៤ ទំ.២៣ វ.៦

ថ្ងៃ​សៅរ៍ ទី​៣ ខែ​កុម្ភៈ

លោក​យេស៊ូ​បាន​ចាត់​ទេវតា​របស់​លោក ហើយ​តាម​រយៈ​ទេវតា​នោះ លោក​ប្រើ​និមិត្តរូប​ដើម្បី​បើក​បង្ហាញ​ការ​ទាំង​នោះ។—បប. ១:១

ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ សត្វ​សាហាវ​មួយ​ចំនួន​បាន​ត្រូវ​ប្រើ​ជា​និមិត្តរូប​ដើម្បី​រៀប​រាប់​អំពី​សត្រូវ​ព្រះ។ ជា​ឧទាហរណ៍ មាន​«​សត្វ​សាហាវ​មួយ​ឡើង​មក​ពី​សមុទ្រ។ សត្វ​នោះ​មាន​ស្នែង​១០​[​និង​]​ក្បាល​៧​»។ (​បប. ១៣:១​) បន្ទាប់​មក មាន​«​សត្វ​សាហាវ​មួយ​ទៀត​ឡើង​មក​ពី​ផែន​ដី​»។ សត្វ​សាហាវ​នោះ​និយាយ​ដូច​នាគ ហើយ​វា​«​ធ្វើ​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​»។ (​បប. ១៣:១១​-​១៣​) ក្រោយ​មក មាន​សត្វ​សាហាវ​ផ្សេង​ទៀត​ដែល​មាន​«​សម្បុរ​ក្រហម​ឆ្អៅ​»​ ហើយ​មាន​ស្ត្រី​ពេស្យា​ជិះ​ពី​លើ​វា។ សត្វ​សាហាវ​ទាំង​បី​នេះ​ជា​តំណាង​សត្រូវ​ដែល​បន្ត​ប្រឆាំង​ព្រះ​យេហូវ៉ា និង​រាជាណាចក្រ​របស់​លោក​អស់​រយៈ​ពេល​ជា​យូរ។ ដូច្នេះ គឺ​សំខាន់​ឲ្យ​យើង​ស្គាល់​អត្តសញ្ញាណ​នៃ​សត្វ​សាហាវ​ទាំង​នេះ។ (​បប. ១៧:១, ៣​) យើង​ត្រូវ​យល់​ថា​តើ​សត្វ​សាហាវ​ផ្សេង​ៗ​និង​ស្ត្រី​ពេស្យា​ជា​តំណាង​អ្វី។ របៀប​ដ៏​ល្អ​បំផុត​ដើម្បី​យល់​អំពី​ចំណុច​នេះ គឺ​ឲ្យ​គម្ពីរ​ពន្យល់​ដោយ​ផ្ទាល់។ និមិត្តរូប​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ គឺ​បាន​ពន្យល់​រួច​ហើយ​នៅ​ក្នុង​សៀវភៅ​ផ្សេង​ទៀត​ក្នុង​គម្ពីរ។ w​២២.០៥ ទំ.៨​-​៩ វ.៣​-​៤

ថ្ងៃ​អាទិត្យ ទី​៤ ខែ​កុម្ភៈ

អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត។—ម៉ាថ. ២២:៣៧

អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ខ្លះ​មិន​អាច​ធ្វើ​អ្វី​ៗ​ដូច​ដែល​ពួក​គេ​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក ដោយ​សារ​ពួក​គេ​ឈឺ​ឬ​កាន់​តែ​ចាស់​ទៅ​ៗ ហើយ​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទឹក​ចិត្ត។ បើ​ជួន​កាល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​ខ្ញុំ?›។ លោក​ចង់​ឲ្យ​អ្នក​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ស្ថានភាព​របស់​អ្នក​នៅ​បច្ចុប្បន្ន​នេះ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បង​ស្រី​ម្នាក់​ដែល​មាន​អាយុ​៨០​ឆ្នាំ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​គាត់​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​ដែល​គាត់​បាន​ធ្វើ​ពេល​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ។ គាត់​គិត​ថា ទោះ​ជា​គាត់​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ក្ដី លោក​មិន​ពេញ​ចិត្ត​ឡើយ។ ប៉ុន្តែ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? សូម​គិត​អំពី​ចំណុច​នេះ។ បើ​បង​ស្រី​នោះ​ខំ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ពេល​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ ហើយ​គាត់​នៅ​តែ​បន្ត​បម្រើ​លោក​អស់​ពី​សមត្ថភាព​ពេល​ដែល​គាត់​មាន​អាយុ​៨០​ឆ្នាំ នោះ​គាត់​មិន​បាន​ឈប់​បម្រើ​លោក​អស់​ពី​សមត្ថភាព​ឡើយ។ បើ​យើង​ខំ​អស់​ពី​សមត្ថភាព គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​និយាយ​យ៉ាង​កក់​ក្ដៅ​មក​កាន់​យើង​ថា​៖ ​«​អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់!​»។ (​សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ២៥:២០​-​២៣​) យើង​នឹង​ស្រួល​មាន​អំណរ​ជាង បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ជា​ជាង​ទៅ​លើ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ។ w​២២.០៤ ទំ.១០ វ.២; ទំ.១១ វ.៤​-​៦

ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កុម្ភៈ

ខ្ញុំ . . . ឃើញ​ក្រុង​បរិសុទ្ធ គឺ​ក្រុង​យេរូសាឡិម​ថ្មី។—បប. ២១:២

សៀវភៅ​ការ​បើក​បង្ហាញ ជំពូក​២១​ប្រដូច​ពួក​១៤៤.០០០​នាក់​ទៅ​នឹង​ក្រុង​ដ៏​ស្រស់​ស្អាត​មួយ ដែល​បាន​ត្រូវ​ហៅ​ថា​«​ក្រុង​យេរូសាឡិម​ថ្មី​»។ ក្រុង​នេះ​មាន​ថ្ម​គ្រឹះ​១២ ហើយ​នៅ​លើ​ថ្ម​គ្រឹះ​ទាំង​នេះ​«​មាន​ឈ្មោះ​សាវ័ក​ទាំង​១២​របស់​កូន​ចៀម​»។ (​បប. ២១:១០​-​១៤; អេភ. ២:២០​) ក្រុង​នេះ​ខុស​ប្លែក​ពី​ក្រុង​ណា​ទាំង​អស់។ ក្រុង​នេះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា មាន​ផ្លូវ​ធំ​ដែល​ធ្វើ​ពី​មាស​សុទ្ធ មាន​ទ្វារ​១២​ធ្វើ​ពី​គជ់​ខ្យង ព្រម​ទាំង​មាន​កំពែង​និង​គ្រឹះ​ធ្វើ​ពី​ត្បូង​ថ្លៃ​វិសេស។ (​បប. ២១:១៥​-​២១​) ប៉ុន្តែ យ៉ូហាន​ឃើញ​ថា​ក្រុង​នោះ​ខ្វះ​អ្វី​មួយ។ សូម​កត់​សម្គាល់​អ្វី​ដែល​គាត់​និយាយ​ក្រោយ​មក​ថា​៖ ​«​ខ្ញុំ​មិន​ឃើញ​វិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ ព្រោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត លោក​និង​កូន​ចៀម​ជា​វិហារ​នៃ​ក្រុង​នោះ។ ក្រុង​នោះ​មិន​ត្រូវ​ការ​ដួង​អាទិត្យ​ឬ​ដួង​ខែ​បំភ្លឺ​ទេ ពីព្រោះ​សិរី​រុង​រឿង​របស់​ព្រះ​បាន​បំភ្លឺ​ក្រុង​នោះ ហើយ​កូន​ចៀម​ជា​ចង្កៀង​នៃ​ក្រុង​នោះ​»។ (​បប. ២១:២២, ២៣​) អស់​អ្នក​ដែល​ជា​សមាជិក​នៃ​ក្រុង​យេរូសាឡិម​ថ្មី​នឹង​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា។—ហេ. ៧:២៧; បប. ២២:៣, ៤ w​២២.០៥ ទំ.១៨ វ.១៤​-​១៥

ថ្ងៃ​អង្គារ ទី​៦ ខែ​កុម្ភៈ

ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។—កូឡ. ៣:១៣

ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត អ្នក​តែង​ច្បាប់ និង​ចៅ​ក្រម​របស់​យើង​ក្ដី លោក​ក៏​ជា​បិតា​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ដែរ។ (​ចសព. ១០០:៣; អេ. ៣៣:២២​) ពេល​យើង​ធ្វើ​ខុស​នឹង​ព្រះ​យេហូវ៉ា តែ​ក្រោយ​មក​ប្រែ​ចិត្ត​យ៉ាង​ស្មោះ លោក​មិន​គ្រាន់​តែ​អាច​អភ័យ​ទោស​ឲ្យ​យើង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ចង់​ធ្វើ​ដូច្នេះ​ដែរ។ (​ចសព. ៨៦:៥​) តាម​រយៈ​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ធានា​ដ៏​កក់​ក្ដៅ​នេះ​ថា​៖ ​«​ទោះ​ជា​អំពើ​ខុស​ឆ្គង​របស់​អ្នក​រាល់​គ្នា​ដូច​ជា​ពណ៌​ក្រហម​ឆ្អៅ​ក្ដី ក៏​នឹង​ប្រែ​ទៅ​ជា​ស​ក្បុស​ដូច​ព្រិល​បាន​ដែរ​»។ (​អេ. ១:១៨​) ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ទាំង​អស់​គ្នា​និយាយ​និង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ (​យ៉ា. ៣:២​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ពួក​គេ​ឡើយ។ យើង​អាច​ធ្វើ​បាន បើ​យើង​រៀន​ឲ្យ​ចេះ​អភ័យ​ទោស។ (​សុភ. ១៧:៩; ១៩:១១; ម៉ាថ. ១៨:២១, ២២​) បើ​បុគ្គល​ណា​ម្នាក់​និយាយ​ឬ​ធ្វើ​អ្វី​តិច​តួច​ដែល​នាំ​ឲ្យ​យើង​ឈឺ​ចិត្ត ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​អ្នក​នោះ។ យើង​មាន​មូលហេតុ​ល្អ​ឲ្យ​ធ្វើ​ដូច្នេះ គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង​«​ជា​បរិបូរ​»​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។—អេ. ៥៥:៧ w​២២.០៦ ទំ.៨ វ.១​-​២

ថ្ងៃ​ពុធ ទី​៧ ខែ​កុម្ភៈ

ចូរ​យក​តម្រាប់​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក ដោយ​សារ​ពួក​គេ​មាន​ជំនឿ​និង​ចិត្ត​អត់​ធ្មត់។—ហេ. ៦:១២

ទោះ​ជា​យើង​គួរ​ជៀស​វាង​ពី​ការ​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ឯ​ទៀត​ក្ដី យើង​អាច​រៀន​ពី​គំរូ​របស់​ពួក​អ្នក​ស្មោះ​ត្រង់។ គំរូ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​រៀន​តាម​គឺ​លោក​យេស៊ូ។ ទោះ​ជា​លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ យើង​អាច​រៀន​ពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​និង​ការ​ប្រព្រឹត្ត​ល្អ​ប្រសើរ​របស់​លោក។ (​១ពេ. ២:២១​) ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​គំរូ​របស់​លោក​យ៉ាង​ដិត​ដល់ យើង​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង។ ក្នុង​បណ្ដាំ​របស់​ព្រះ មាន​គំរូ​របស់​បុរស​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​ដែល​យើង​អាច​ធ្វើ​តាម ទោះ​ជា​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី។ សូម​គិត​អំពី​ស្ដេច​ដាវីឌ​ដែល​ព្រះ​យេហូវ៉ា​បាន​ហៅ​ថា​៖ ​«​ជា​អ្នក​ដែល​ខ្ញុំ​ពេញ​ចិត្ត​»។ (​សកម្ម. ១៣:២២​) ប៉ុន្តែ ដាវីឌ​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គាត់​ជា​គំរូ​ល្អ​សម្រាប់​យើង។ ហេតុ​អ្វី? ពីព្រោះ​គាត់​មិន​ព្យាយាម​ដោះសា​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទទួល​យក​ឱវាទ​ដ៏​ម៉ឺង​ម៉ាត់​ពី​អ្នក​ឯ​ទៀត ហើយ​បាន​សោក​ស្ដាយ​យ៉ាង​ស្មោះ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។—ចសព. ៥១:៣, ៤, ១០​-​១២ w​២២.០៤ ទំ.១៣ វ.១១​-​១២

ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​កុម្ភៈ

មនុស្ស​នឹង​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់ ដើម្បី​រក្សា​ជីវិត​ខ្លួន។—យ៉ូប ២:៤

គម្ពីរ​ប្រាប់​ថា​សេចក្ដី​ស្លាប់​គឺ​ជា​សត្រូវ។ (​១កូ. ១៥:២៥, ២៦​) ជួន​កាល​យើង​ប្រហែល​ជា​បារម្ភ​ឬ​ភ័យ​ខ្លាច ដោយ​សារ​យើង​មិន​ចង់​ស្លាប់ ជា​ពិសេស​ពេល​យើង​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ ហេតុ​អ្វី​យើង​ខ្លាច​ស្លាប់? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បង្កើត​យើង​ឲ្យ​ចង់​រស់​ជា​រៀង​រហូត។ (​អទ. ៣:១១​) ការ​ខ្លាច​ស្លាប់​អាច​ការ​ពារ​ជីវិត​របស់​យើង។ នោះ​អាច​ជួយ​យើង​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អំពី​អាហារ ការ​ហាត់​ប្រាណ ការ​ស្វែង​រក​គ្រូ​ពេទ្យ​ឬ​ថ្នាំ​ព្យាបាល​ពេល​ចាំ​បាច់ ព្រម​ទាំង​ជៀស​វាង​ពី​ការ​ប្រថុយ​ជីវិត។ សាថាន​ដឹង​ថា​យើង​ឲ្យ​តម្លៃ​ជីវិត​របស់​យើង។ វា​អះអាង​ថា​យើង​នឹង​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង សូម្បី​តែ​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ក៏​យើង​លះ​បង់​ដែរ ដើម្បី​ឲ្យ​បាន​រួច​ជីវិត។ (​យ៉ូប ២:៥​) ការ​អះអាង​របស់​វា​គឺ​ខុស។ ប៉ុន្តែ ដោយ​សារ​វា​ជា​«​អ្នក​ដែល​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់​»​ វា​ព្យាយាម​ប្រើ​ការ​ខ្លាច​ស្លាប់​ដើម្បី​ធ្វើ​ឲ្យ​យើង​បោះ​បង់​ព្រះ​យេហូវ៉ា។—ហេ. ២:១៤, ១៥ w​២២.០៦ ទំ.១៨ វ.១៥​-​១៦

ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ

កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​ឡើយ។—អេភ. ៤:២៦

ក្រោម​ការ​ដាក់​បម្រាម យើង​ប្រហែល​ជា​ត្រូវ​ជួប​បង​ប្អូន​របស់​យើង​ជា​ក្រុម​តូច​ជាង។ ហេតុ​នេះ​គឺ​សំខាន់​ជាង​ពេល​ណា​ទាំង​អស់​ឲ្យ​យើង​រក្សា​សន្តិភាព​ជា​មួយ​គ្នា។ ចូរ​តយុទ្ធ​នឹង​សាថាន មិន​មែន​ត​យុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ សូម​មើល​រំលង​កំហុស​របស់​បង​ប្អូន ឬ​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ឲ្យ​បាន​ឆាប់​បំផុត។ (​សុភ. ១៩:១១​) ចូរ​សុខ​ចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ (​ទីត. ៣:១៤​) ជំនួយ​ដែល​បង​ស្រី​ម្នាក់​បាន​ទទួល​ពី​ក្រុម​ផ្សព្វ​ផ្សាយ​មួយ បាន​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ក្រុម​នោះ​ទាំង​មូល។ ពួក​គេ​បាន​ជិត​ស្និទ្ធ​គ្នា​ជាង ដូច​ក្រុម​គ្រួសារ។ (​ចសព. ១៣៣:១​) បង​ប្អូន​របស់​យើង​រាប់​ម៉ឺន​នាក់​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​រដ្ឋាភិបាល​ដាក់​កម្រិត​ក្ដី។ បង​ប្អូន​ទាំង​នោះ​ខ្លះ​បាន​ត្រូវ​គេ​ដាក់​គុក​ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ យើង​អាច​អធិដ្ឋាន​ឲ្យ​ពួក​គេ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ យើង​ក៏​អាច​អធិដ្ឋាន​ឲ្យ​ពួក​អ្នក​ដែល​បង្ហាញ​ចិត្ត​ក្លាហាន​ដើម្បី​គាំ​ទ្រ​បង​ប្អូន​ដែល​បាន​ជាប់​គុក ទោះ​ជា​ពួក​គេ​អាច​ត្រូវ​គេ​ចាប់​ខ្លួន​ក៏​ដោយ។ ពួក​អ្នក​ទាំង​នោះ​លើក​ទឹក​ចិត្ត​បង​ប្អូន​ដែល​ជាប់​គុក​ឲ្យ​បន្ត​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ផ្ដល់​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ និង​និយាយ​ការ​ពារ​ពួក​គេ​នៅ​តុលាការ។ (​កូឡ. ៤:៣, ១៨​) សូម​ចាំ​ថា​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​អាច​ជួយ​បង​ប្អូន​ទាំង​អស់​នោះ!—២ថែ. ៣:១, ២; ១ធី. ២:១, ២ w​២២.១២ ទំ.២៦ វ.១៥​-​១៦

ថ្ងៃ​សៅរ៍ ទី​១០ ខែ​កុម្ភៈ

បើ​អ្នក​បង្រៀន​អ្នក​ឯ​ទៀត តើ​អ្នក​មិន​បង្រៀន​ខ្លួន​អ្នក​ទេ​ឬ?—រ៉ូម ២:២១

កូន​ក្មេង​ច្រើន​តែ​យក​តម្រាប់​ឪពុក​ម្ដាយ។ ពិត​មែន គ្មាន​ឪពុក​ម្ដាយ​ណា​ល្អ​ឥត​ខ្ចោះ​ទេ។ (​រ៉ូម ៣:២៣​) ប៉ុន្តែ ឪពុក​ម្ដាយ​គួរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ។ ឪពុក​ម្នាក់​និយាយ​ថា​៖ ​«​ពួក​គេ​គឺ​ប្រៀប​ដូច​ជា​អេប៉ុង​ដែល​ងាយ​បឺត​»។ គាត់​បន្ថែម​ថា​៖ ​«​ពួក​គេ​នឹង​ប្រាប់​យើង ពេល​ដែល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​បង្រៀន​ពួក​គេ​»។ ដូច្នេះ បើ​យើង​ចង់​ឲ្យ​កូន​ៗ​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​ផ្ទាល់​ត្រូវ​ស្រឡាញ់​លោក​ឲ្យ​ខ្លាំង​និង​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។ មាន​របៀប​ជា​ច្រើន​ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប្អូន​ប្រុស​អាយុ​១៧​ឆ្នាំ​ម្នាក់​ឈ្មោះ​អេនទ្រូ​និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​របស់​ខ្ញុំ​តែង​តែ​បង្រៀន​ថា ការ​អធិដ្ឋាន​គឺ​សំខាន់​ណាស់។ រាល់​យប់ ឪពុក​ខ្ញុំ​មក​អធិដ្ឋាន​ជា​មួយ​ខ្ញុំ ទោះ​ជា​ខ្ញុំ​បាន​អធិដ្ឋាន​ខ្លួន​ឯង​ហើយ​ក៏​ដោយ។ . . . ឥឡូវ ខ្ញុំ​មាន​អារម្មណ៍​ស្រួល​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ចាត់​ទុក​លោក​ជា​បិតា​ដែល​ស្រឡាញ់​ខ្ញុំ​»។ ឪពុក​ម្ដាយ​ទាំង​ឡាយ សូម​ចាំ​ជា​និច្ច​ថា​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា អាច​ជួយ​កូន​ឲ្យ​ស្រឡាញ់​លោក​ដែរ។ w​២២.០៥ ទំ.២៨ វ.៧​-​៨

ថ្ងៃ​អាទិត្យ ទី​១១ ខែ​កុម្ភៈ

អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ . . . គឺ​ការ​ទទួល​ការ​ជ្រមុជ​ទឹក។—១ពេ. ៣:២១

ក្នុង​ចំណោម​អ្វី​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក​គឺ យើង​ត្រូវ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​ការ​ខុស​ឆ្គង​របស់​យើង។ (​សកម្ម. ២:៣៧, ៣៨​) ពេល​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ យើង​នឹង​ធ្វើ​ការ​កែ​ប្រែ​ពិត​ប្រាកដ។ តើ​អ្នក​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ជា​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌ ការ​ប្រើ​ថ្នាំ​ជក់ ឬ​ការ​ប្រើ​ពាក្យ​គម្រក់​ឬ​ពាក្យ​ប្រមាថ​មើល​ងាយ​ហើយ​ឬ​នៅ? (​១កូ. ៦:៩, ១០; ២កូ. ៧:១; អេភ. ៤:២៩​) សូម​បន្ត​ព្យាយាម​ធ្វើ​ការ​ផ្លាស់​ប្ដូរ។ សូម​និយាយ​ជា​មួយ​អ្នក​បង្រៀន​គម្ពីរ ឬ​សុំ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ជួយ​និង​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក។ បើ​អ្នក​នៅ​ក្មេង​និង​រស់​នៅ​ក្នុង​បន្ទុក​គ្រួសារ សូម​បន្ត​សុំ​ជំនួយ​ពី​ឪពុក​ម្ដាយ​របស់​អ្នក​ដើម្បី​លះ​ចោល​ទម្លាប់​អាក្រក់​ណា​ដែល​អាច​រា​រាំង​អ្នក​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ ការ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក៏​សំខាន់​ដែរ។ នេះ​នឹង​រួម​បញ្ចូល​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក និង​ការ​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​នោះ។ (​ហេ. ១០:២៤, ២៥​) ម្យ៉ាង​ទៀត នៅ​ពេល​ដែល​អ្នក​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​គ្រិស្ត​សាសនិក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ចូល​រួម​ជា​ទៀង​ទាត់។ w​២៣.០៣ ទំ.១០​-​១១ វ.១៤​-​១៦

ថ្ងៃ​ច័ន្ទ ទី​១២ ខែ​កុម្ភៈ

ព្រះ​យេហូវ៉ា​បាន​និយាយ​ទៅ​កាន់​សត្វ​ពស់​ថា​៖ ​«​ដោយ​សារ​អ្នក​បាន​ធ្វើ​ដូច​នោះ អ្នក​ជា​សត្វ​ដែល​ត្រូវ​បណ្ដាសា​»។—ដក. ៣:១៤

បុគ្គល​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​កំណើត ៣:១៤, ១៥ រួម​មាន​«​សត្វ​ពស់​»​ និង​«​ពូជ​»​សត្វ​ពស់។ ពស់​មែន​ទែន​មិន​អាច​យល់​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សួន​អេដែន​ទេ។ ដូច្នេះ បុគ្គល​ដែល​ព្រះ​យេហូវ៉ា​កំពុង​វិនិច្ឆ័យ ច្បាស់​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​រិះ​គិត។ តើ​បុគ្គល​នោះ​ជា​អ្នក​ណា? ការ​បើក​បង្ហាញ ១២:៩​ពន្យល់​យ៉ាង​ច្បាស់​ថា ​«​ពស់​ដំបូង​បង្អស់​»​គឺ​មេ​កំណាច​សាថាន។ ជួន​កាល ពេល​គម្ពីរ​ប្រើ​ពាក្យ​«​ពូជ​»​ នោះ​មាន​ន័យ​ថា​ពួក​អ្នក​ដែល​យក​តម្រាប់​បុគ្គល​ម្នាក់​ទៀត​យ៉ាង​ដិត​ដល់ រហូត​ដល់​អាច​ហៅ​ថា​ជា​កូន​របស់​បុគ្គល​នោះ។ ដូច្នេះ ពូជ​ពស់​គឺ​សំដៅ​ទៅ​លើ​ពួក​ទេវតា​មិន​ស្មោះ​ត្រង់ ព្រម​ទាំង​មនុស្ស​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា​និង​រាស្ត្រ​របស់​លោក ដូច​សាថាន។ នោះ​ក៏​រួម​បញ្ចូល​ពួក​ទេវតា​ដែល​បាន​លះ​ចោល​ភារកិច្ច​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​នា​សម័យ​ណូអេ ព្រម​ទាំង​មនុស្ស​ទុច្ចរិត​ដែល​ប្រព្រឹត្ត​ដូច​មេ​កំណាច​ដែល​ជា​ឪពុក​របស់​ពួក​គេ។—ដក. ៦:១, ២; យ៉ូន. ៨:៤៤; ១យ៉ូន. ៥:១៩; យូ. ៦ w​២២.០៧ ទំ.១៤​-​១៥ វ.៤​-​៥

ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ

[​ចូរ​]​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង។—ភី. ១:១០

សាវ័ក​ប៉ូល​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់។ គាត់​បាន​ជួប​ការ​ពិបាក​ផ្សេង​ៗ ដូច្នេះ​គាត់​អាច​បង្ហាញ​សេចក្ដី​អាណិត​អាសូរ និង​យល់​អារម្មណ៍​របស់​បង​ប្អូន​រួម​ជំនឿ​ពេល​ដែល​ពួក​គេ​ឆ្លង​កាត់​ទុក្ខ​លំបាក។ នៅ​ពេល​មួយ ប៉ូល​គ្មាន​លុយ​ទេ ហើយ​ត្រូវ​ស្វែង​រក​ការ​ងារ​ដើម្បី​ផ្គត់​ផ្គង់​ខ្លួន​ឯង និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​គាត់។ (​សកម្ម. ២០:៣៤​) ប៉ូល​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ត្រសាល។ នៅ​ដំបូង ពេល​គាត់​ទៅ​ដល់​ក្រុង​កូរិនថូស គាត់​បាន​ធ្វើ​ការ​ជា​មួយ​អាគីឡា​និង​ព្រីស៊ីល ដែល​ជា​អ្នក​ធ្វើ​ត្រសាល​ដូច​គាត់​ដែរ។ ប៉ុន្តែ​«​រាល់​ថ្ងៃ​ឈប់​សម្រាក​»​ គាត់​ផ្សព្វ​ផ្សាយ​ដល់​ជនជាតិ​យូដា​និង​ជន​ជាតិ​ក្រិច។ ក្រោយ​មក ពេល​ដែល​ស៊ីឡាស​និង​ធីម៉ូថេ​បាន​ទៅ​ដល់ ​«​ប៉ូល​ចាប់​ផ្ដើម​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ​»។ (​សកម្ម. ១៨:២​-​៥​) ប៉ូល​មិន​ដែល​ភ្លេច​អំពី​គោល​ដៅ​ដ៏​សំខាន់​ចម្បង​របស់​គាត់​ក្នុង​ជីវិត​ទេ គឺ​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ូល​បាន​ទុក​គំរូ​ដ៏​ល្អ​ស្ដី​អំពី​ការ​ខំ​ប្រឹង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​ការ​ផ្គត់​ផ្គង់​ជីវភាព​របស់​ខ្លួន ដូច្នេះ​គាត់​អាច​លើក​ទឹក​ចិត្ត​បង​ប្អូន។ ប៉ូល​បាន​រំលឹក​ពួក​គេ​មិន​ឲ្យ​ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​និង​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​ពួក​គេ​ខក​ខាន​ធ្វើ​«​អ្វី​ដែល​សំខាន់​ជាង​»​ ពោល​គឺ​សកម្មភាព​ទាំង​អស់​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ w​២២.០៨ ទំ.២០ វ.៣

ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ

ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ​ជា​មុន​សិន។—ម៉ាក. ១៣:១០

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ធ្វើ​ឡើង​នៅ​ទូទាំង​ផែនដី។ (​១ធី. ២:៣, ៤​) នេះ​គឺ​ជា​កិច្ច​ការ​របស់​ព្រះ ហើយ​ជា​កិច្ច​ការ​ដ៏​សំខាន់​ដល់​ម្ល៉េះ បាន​ជា​លោក​ជ្រើស​រើស​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ឲ្យ​ដឹក​នាំ​កិច្ច​ការ​នេះ។ យើង​អាច​ប្រាកដ​ថា​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​លោក​យេស៊ូ កិច្ច​ការ​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​សម្រេច​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​មុន​ទី​បញ្ចប់​មក​ដល់។ (​ម៉ាថ. ២៤:១៤​) ហេតុ​អ្វី​យើង​អាច​ប្រាកដ​ដូច្នេះ? មិន​យូរ​មុន​លោក​យេស៊ូ​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​ជួប​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​មួយ​ចំនួន​របស់​លោក​នៅ​ភ្នំ​មួយ នា​ស្រុក​កាលីឡេ។ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​គ្រប់​ទាំង​អំណាច​នៅ​ស្ថាន​សួគ៌​និង​នៅ​ផែន​ដី​»។ សូម​កត់​សម្គាល់​ប្រសាសន៍​របស់​លោក​នៅ​បន្ទាប់​មក ដែល​ថា​៖ ​«​ដូច្នេះ ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៨:១៨, ១៩​) យើង​ឃើញ​ថា​ភារកិច្ច​មួយ​ក្នុង​ចំណោម​ភារកិច្ច​ដែល​លោក​យេស៊ូ​បាន​ទទួល គឺ​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ​នឹង​បន្ត​នៅ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​លោក​យេស៊ូ រហូត​ដល់​សម័យ​យើង។ w​២២.០៧ ទំ.៨ វ.១, ៣; ទំ.៩ វ.៤

ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ

នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក ហើយ​ចេញ​មក គឺ​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ អ្នក​ទាំង​នោះ​នឹង​រស់​ឡើង​វិញ ហើយ​បាន​ជីវិត។—យ៉ូន. ៥:២៨, ២៩

មនុស្ស​សុចរិត​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ​មុន​ពួក​គេ​ស្លាប់ នឹង​«​រស់​ឡើង​វិញ ហើយ​បាន​ជីវិត​»​ ដោយ​សារ​ឈ្មោះ​របស់​ពួក​គេ​បាន​ត្រូវ​សរសេរ​រួច​ហើយ​ក្នុង​សៀវភៅ​ជីវិត។ នេះ​មាន​ន័យ​ថា ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​«​អស់​អ្នក​ណា​ដែល​បាន​ប្រព្រឹត្ត​ការ​ល្អ​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​យ៉ូហាន ៥:២៩ គឺ​ដូច​គ្នា​នឹង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​«​មនុស្ស​សុចរិត​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សកម្មភាព ២៤:១៥។ ការ​យល់​ដឹង​នេះ​គឺ​សម​ស្រប​តាម​ពាក្យ​នៅ​រ៉ូម ៦:៧​ដែល​ចែង​ថា​៖ ​«​អ្នក​ដែល​ស្លាប់ ព្រះ​ចាត់​ទុក​ថា​បាន​ទូទាត់​ឲ្យ​ជ្រះ​ស្រឡះ​ពី​ភាព​ខុស​ឆ្គង​របស់​ខ្លួន​ហើយ​»។ ដូច្នេះ ពេល​ពួក​អ្នក​សុចរិត​ទាំង​នេះ​បាន​ស្លាប់ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ពួក​គេ។ ប៉ុន្តែ លោក​នឹង​នឹក​ចាំ​ការ​ប្រព្រឹត្ត​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​ដែល​ពួក​គេ​បាន​ធ្វើ​មុន​ពួក​គេ​ស្លាប់។ (​ហេ. ៦:១០​) មនុស្ស​សុចរិត​ទាំង​នេះ​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ច្បាស់​ជា​នឹង​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់​ដើម្បី​ឲ្យ​ឈ្មោះ​របស់​ពួក​គេ​បន្ត​នៅ​ក្នុង​សៀវភៅ​ជីវិត។ w​២២.០៩ ទំ.១៨ វ.១៣, ១៥

ថ្ងៃ​សុក្រ ទី​១៦ ខែ​កុម្ភៈ

អ្វី​ៗ​ទាំង​អស់​ដែល​[​ព្រះ​យេហូវ៉ា​]​ធ្វើ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។—ចសព. ៣៣:៤

ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ស្ដី​អំពី​ការ​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ទោះ​ជា​គាត់​បាន​ត្រូវ​ជន​ជាតិ​បាប៊ីឡូន​ចាប់​ធ្វើ​ជា​ឈ្លើយ​ក្ដី គាត់​បាន​បង្ហាញ​ថា​គាត់​ជា​បុគ្គល​ដែល​អ្នក​ឯ​ទៀត​អាច​ពឹង​បាន ហើយ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ មនុស្ស​បាន​ទុក​ចិត្ត​គាត់​កាន់​តែ​ខ្លាំង​ឡើង​ពេល​ដែល​គាត់​បាន​កាត់​ស្រាយ​សុបិន​របស់​ស្ដេច​នេប៊ូក្នេសា​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​ដាន. ៤:២០​-​២២, ២៥​) ច្រើន​ឆ្នាំ​ក្រោយ​មក ដានីយ៉ែល​បាន​បង្ហាញ​ម្ដង​ទៀត​ថា​គាត់​ជា​មនុស្ស​ដែល​គេ​ទុក​ចិត្ត​បាន ពេល​គាត់​បាន​បក​ស្រាយ​យ៉ាង​ត្រឹម​ត្រូវ​អំពី​ដំណឹង​អាថ៌​កំបាំង​មួយ​ដែល​បាន​លេច​មក​នៅ​លើ​ជញ្ជាំង​វិមាន​នៅ​បាប៊ីឡូន។ (​ដាន. ៥:៥, ២៥​-​២៩​) ក្រោយ​មក ដារីយុស​ដែល​ជា​ជន​ជាតិ​មេឌី​និង​ពួក​មន្ត្រី​របស់​គាត់​ក៏​កត់​សម្គាល់​ថា ដានីយ៉ែល​«​មាន​ប្រាជ្ញា​វាង​វៃ​និង​សមត្ថភាព​ពិសេស​»។ ពួក​គេ​បាន​ទទួល​ស្គាល់​ថា ​«​ដានីយ៉ែល​ជា​មនុស្ស​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​មិន​ធ្វេស​ប្រហែស​នឹង​កិច្ច​ការ​ណា​ឡើយ​»។ (​ដាន. ៦:៣, ៤​) ជា​ការ​ល្អ​ដែល​យើង​សួរ​ខ្លួន​ថា ‹តើ​អ្នក​ឯ​ទៀត​មើល​មក​ខ្ញុំ​ថា​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន​ឬ​ទេ?›។ ពេល​យើង​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ w​២២.០៩ ទំ.៨​-​៩ វ.២​-​៤

ថ្ងៃ​សៅរ៍ ទី​១៧ ខែ​កុម្ភៈ

ចូរ​យក​តម្រាប់​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក។—អេភ. ៥:១

យើង​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ហេតុ​អ្វី? សូម​ស្រមៃ​គិត​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​គ្រប់​ធនាគារ​កំណត់​តម្លៃ​រូបិយប័ណ្ណ​រៀង​ៗ​ខ្លួន ឬ​បើ​ក្រុម​ហ៊ុន​សំណង់​កំណត់​រង្វាស់​រង្វាល់​ផ្សេង​ៗ​ពី​គ្នា? លទ្ធផល​គឺ​ច្របូក​ច្របល់។ ឬ​មួយ​ក៏​បើ​គ្រូ​ពេទ្យ​មិន​ធ្វើ​តាម​ស្តង់​ដារ​នៃ​ការ​ព្យាបាល​ដូច​ៗ​គ្នា​ទេ អ្នក​ជំងឺ​ខ្លះ​អាច​បាត់​បង់​ជីវិត។ យើង​ឃើញ​ច្បាស់​ថា ស្តង់​ដារ​ឬ​ខ្នាត​តម្រា​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​និង​កំណត់​ច្បាស់​លាស់ គឺ​ការ​ពារ​មនុស្ស។ ស្រដៀង​គ្នា​ដែរ ខ្នាត​តម្រា​របស់​ព្រះ​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ការ​ពារ​យើង។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ពួក​អ្នក​ដែល​ព្យាយាម​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ លោក​សន្យា​ថា​៖ ​«​មនុស្ស​សុចរិត​នឹង​បាន​ផែន​ដី​ជា​មត៌ក ហើយ​ពួក​គេ​នឹង​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត​»។ (​ចសព. ៣៧:២៩​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​មនុស្សជាតិ​នឹង​មាន​សាមគ្គីភាព សន្តិភាព និង​សប្បាយ​យ៉ាង​ណា​ពេល​ដែល​គ្រប់​គ្នា​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​សប្បាយ​នឹង​ជីវិត​បែប​នោះ។ យើង​ម្នាក់​ៗ​ច្បាស់​ជា​មាន​មូលហេតុ​ល្អ​ឲ្យ​ស្រឡាញ់​សេចក្ដី​សុចរិត។ w​២២.០៨ ទំ.២៧​-​២៨ វ.៦​-​៨

ថ្ងៃ​អាទិត្យ ទី​១៨ ខែ​កុម្ភៈ

ចូរ​ដឹង​ខ្លួន​ជា​និច្ច​ក្នុង​គ្រប់​ការ​ទាំង​អស់។—២ធី. ៤:៥

ពេល​យើង​ជួប​បញ្ហា​ផ្សេង​ៗ យើង​ប្រហែល​ជា​ពិបាក​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក។ តើ​យើង​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​ដឹង​ខ្លួន​ជា​និច្ច ហើយ​កាន់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ។ យើង​ដឹង​ខ្លួន​ជា​និច្ច​ដោយ​រក្សា​ចិត្ត​ស្ងប់ គិត​ច្បាស់​លាស់ និង​ព្យាយាម​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មិន​ឲ្យ​អារម្មណ៍​កាន់​កាប់​គំនិត​របស់​យើង​ទេ។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ខុស​មក​លើ​យើង ប្រហែល​ជា​គាត់​ថែម​ទាំង​ជា​បុគ្គល​ដែល​មាន​ភារកិច្ច។ គាត់​ទំនង​ជា​គ្មាន​ចេតនា​ធ្វើ​បាប​អ្នក​ទេ។ (​រ៉ូម ៣:២៣; យ៉ា. ៣:២​) ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​គាត់​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត។ អ្នក​ប្រហែល​ជា​ថែម​ទាំង​ឆ្ងល់​ថា ‹បើ​បង​ប្អូន​ណា​ម្នាក់​អាច​ប្រព្រឹត្ត​បែប​នេះ តើ​នេះ​ពិត​ជា​អង្គការ​ព្រះ​ឬ​ទេ?›។ សាថាន​ចង់​ឲ្យ​អ្នក​គិត​ដូច្នេះ។ (​២កូ. ២:១១​) ការ​គិត​អវិជ្ជមាន​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក។ ដូច្នេះ យើង​ត្រូវ​ប្រយ័ត​កុំ​ឲ្យ​ក្ដៅ​ក្រហាយ​ចិត្ត។ w​២២.១១ ទំ.២០ វ.១, ៣; ទំ.២១ វ.៤

ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​កុម្ភៈ

ចូរ​សង្ឃឹម​លើ​ព្រះ​យេហូវ៉ា។—ចសព. ២៧:១៤

ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ អ្នក​ខ្លះ​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ​ដែល​មាន​ជីវិត​អមតៈ។ (​១កូ. ១៥:៥០, ៥៣​) ប៉ុន្តែ​យើង​ភាគ​ច្រើន​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​លើ​ផែន​ដី ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​និង​សុភមង្គល។ (​បប. ២១:៣, ៤​) មិន​ថា​យើង​ទន្ទឹង​រង់​ចាំ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី សេចក្ដី​សង្ឃឹម​របស់​យើង​មាន​តម្លៃ​ចំពោះ​យើង។ យើង​អាច​ប្រាកដ​ថា​សេចក្ដី​សង្ឃឹម​របស់​យើង​សម្រាប់​ថ្ងៃ​អនាគត​នឹង​កើត​ឡើង​ពិត​មែន ដោយ​សារ​នោះ​មក​ពី​ព្រះ​យេហូវ៉ា។ (​រ៉ូម ១៥:១៣​) យើង​ដឹង​អំពី​អ្វី​ដែល​លោក​បាន​សន្យា ហើយ​យើង​ដឹង​ថា​លោក​តែង​តែ​រក្សា​ពាក្យ​សន្យា​របស់​លោក។ (​ជប. ២៣:១៩​) យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មាន​ទាំង​បំណង​ប្រាថ្នា​ទាំង​ឫទ្ធានុភាព ដើម្បី​សម្រេច​អ្វី​ទាំង​អស់​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ធ្វើ។ បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង ហើយ​លោក​ចង់​ឲ្យ​យើង​ទុក​ចិត្ត​លោក។ ពេល​សេចក្ដី​សង្ឃឹម​របស់​យើង​លើ​ព្រះ​យេហូវ៉ា​រឹង​មាំ យើង​នឹង​អាច​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ផ្សេង​ៗ ហើយ​មាន​ចិត្ត​ក្លាហាន​និង​អំណរ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ក្ដី។ w​២២.១០ ទំ.២៤ វ.១​-​៣

ថ្ងៃ​អង្គារ ទី​២០ ខែ​កុម្ភៈ

ពួក​គេ​ជា​ប្រជា​ជាតិ​ដែល​បះ​បោរ​ប្រឆាំង . . . មិន​ព្រម​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ទេ។—អេ. ៣០:៩

ដោយ​សារ​បណ្ដា​ជន​មិន​ព្រម​ស្ដាប់​តាម​ព្រះ អេសាយ​បាន​ប្រាប់​ទុក​ជា​មុន​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពួក​គេ​ជួប​ទុក្ខ​វេទនា។ (​អេ. ៣០:៥, ១៧; យេ. ២៥:៨​-​១១​) នេះ​បាន​កើត​ឡើង​ពិត​មែន ពេល​ជន​ជាតិ​បាប៊ីឡូន​ចាប់​ពួក​គេ​ធ្វើ​ជា​ឈ្លើយ​សឹក។ ប៉ុន្តែ នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​ទាំង​នោះ ក៏​មាន​បុគ្គល​ខ្លះ​ដែល​ស្មោះ​ត្រង់ ហើយ​អេសាយ​បាន​ប្រាប់​ពួក​គេ​ថា​នៅ​ថ្ងៃ​ណា​មួយ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពួក​គេ​ត្រឡប់​មក​រស់​នៅ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ (​អេ. ៣០:១៨, ១៩​) នោះ​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន។ ព្រះ​យេហូវ៉ា​បាន​រំដោះ​ពួក​គេ​ពី​ស្រុក​បាប៊ីឡូន។ ប៉ុន្តែ ពួក​គេ​ត្រូវ​ចាំ​អស់​ជា​ច្រើន​ឆ្នាំ​មុន​ដែល​ពួក​គេ​បាន​ត្រូវ​ដោះ​លែង។ ពាក្យ​«​ព្រះ​យេហូវ៉ា​កំពុង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់ ដើម្បី​បង្ហាញ​ការ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា​»​ បញ្ជាក់​ថា​នឹង​ត្រូវ​ការ​មួយ​រយៈ​ពេល​កន្លង​ទៅ មុន​ដែល​បុគ្គល​ស្មោះ​ត្រង់​បាន​ត្រូវ​សង្គ្រោះ។ តាម​ពិត ជន​ជាតិ​អ៊ីស្រាអែល​បាន​រស់​នៅ​ស្រុក​បាប៊ីឡូន​ធ្វើ​ជា​ឈ្លើយ​សឹក​អស់​រយៈ​ពេល​៧០​ឆ្នាំ មុន​ដែល​បណ្ដា​ជន​មួយ​ចំនួន​តូច​អាច​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។ (​អេ. ១០:២១; យេ. ២៩:១០​) ពេល​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ទឹក​ភ្នែក​ដែល​មក​ពី​ការ​ឈឺ​ចាប់ បាន​ប្រែ​ក្លាយ​ទៅ​ជា​ទឹក​ភ្នែក​ដែល​មក​ពី​អំណរ។ w​២២.១១ ទំ.៩ វ.៤

ថ្ងៃ​ពុធ ទី​២១ ខែ​កុម្ភៈ

អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​សេចក្ដី​សុចរិត នោះ​មាន​សុភមង្គល​ហើយ!—ម៉ាថ. ៥:១០

សព្វ​ថ្ងៃ​នេះ បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ជា​ច្រើន​កំពុង​ឆ្លង​កាត់​បទ​ពិសោធន៍​ស្រដៀង​នឹង​អ្វី​ដែល​ពួក​សាវ័ក​បាន​ស៊ូ​ទ្រាំ​នៅ​សតវត្សរ៍​ទី​១ ពេល​ពួក​គាត់​បាន​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​ការ​ផ្សព្វ​ផ្សាយ​អំពី​លោក​យេស៊ូ។ ម្ដង​ហើយ​ម្ដង​ទៀត ពួក​ចៅ​ក្រម​នៃ​តុលាការ​ជាន់​ខ្ពស់​របស់​ជនជាតិ​យូដា​បាន​‹បង្គាប់​ឲ្យ​ពួក​គាត់​ឈប់​និយាយ​ដោយ​អាង​នាម​លោក​យេស៊ូ​ទៀត›។ (​សកម្ម. ៤:១៨​-​២០; ៥:២៧, ២៨, ៤០​) ប៉ុន្តែ ពួក​គាត់​ដឹង​ថា​មាន​បុគ្គល​ម្នាក់​ដែល​មាន​អំណាច​ខ្ពស់​ជាង​‹បាន​បង្គាប់​ពួក​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់›​អំពី​គ្រិស្ត។ (​សកម្ម. ១០:៤២​) ដូច្នេះ ពេត្រុស​និង​យ៉ូហាន​ដែល​ជា​តំណាង​ពួក​គាត់​បាន​និយាយ​យ៉ាង​ក្លាហាន​ថា ពួក​គាត់​នឹង​ស្ដាប់​បង្គាប់​ព្រះ​ជា​ជាង​ចៅ​ក្រម​ទាំង​នោះ ហើយ​ប្រកាស​ថា​ពួក​គាត់​នឹង​មិន​ឈប់​និយាយ​អំពី​លោក​យេស៊ូ​ឡើយ។ (​សកម្ម. ៥:២៩​) ក្រោយ​ពី​ពួក​សាវ័ក​បាន​ត្រូវ​គេ​វាយ​ដោយ​សារ​ពួក​គាត់​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ នោះ​ពួក​គាត់​បាន​ចេញ​ពី​តុលាការ​ជាន់​ខ្ពស់​របស់​ជនជាតិ​យូដា​«​ដោយ​ត្រេក​អរ ពីព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ថា​ពួក​គាត់​សម​នឹង​ទទួល​ការ​មើល​ងាយ ដោយ​សារ​នាម​របស់​លោក​[​យេស៊ូ​]​»​ ហើយ​ពួក​គាត់​បាន​បន្ត​ផ្សព្វ​ផ្សាយ!—សកម្ម. ៥:៤១, ៤២ w​២២.១០ ទំ.១២​-​១៣ វ.២​-​៤

ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​កុម្ភៈ

ការ​ដែល​ខ្ញុំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ប្រសើរ​ណាស់។—ចសព. ៧៣:២៨

ពេល​យើង​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ​យេហូវ៉ា យើង​រៀន​តែ​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។ ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ គាត់​បាន​ហៅ​សេចក្ដី​បង្រៀន​នេះ​ថា​៖ ​«​បឋម​សេចក្ដី​»។ គាត់​មិន​មើល​ងាយ​«​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​»​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ប្រដូច​សេចក្ដី​បង្រៀន​ទាំង​នោះ​ទៅ​នឹង​ទឹក​ដោះ​ដែល​បំប៉ន​ទារក។ (​ហេ. ៥:១២; ៦:១​) ប៉ុន្តែ គាត់​ក៏​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ទាំង​អស់​ឲ្យ​បន្ត​រៀន​លើស​ពី​សេចក្ដី​បង្រៀន​បឋម​ទាំង​នោះ​ដោយ​រៀន​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ជាង​ក្នុង​បណ្ដាំ​ព្រះ។ តើ​អ្នក​ចង់​រៀន​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ​ជាង​ក្នុង​គម្ពីរ​ឬ​ទេ? តើ​អ្នក​ចង់​បន្ត​រីក​ចម្រើន​និង​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា ព្រម​ទាំង​គោល​បំណង​របស់​លោក​ឬ​ទេ? ប៉ុន្តែ​ចំពោះ​យើង​ជា​ច្រើន​នាក់ ការ​សិក្សា​គឺ​មិន​ស្រួល​ទេ។ ចុះ​យ៉ាង​ណា​អ្នក​វិញ? នៅ​សាលា តើ​អ្នក​បាន​រៀន​អាន​និង​សិក្សា​យ៉ាង​ពូកែ​ឬ​ទេ? តើ​អ្នក​ចូល​ចិត្ត​សិក្សា ហើយ​មាន​អារម្មណ៍​ថា​អ្នក​បាន​រៀន​ច្រើន​ឬ​ទេ? ឬ​តើ​អ្នក​គិត​ថា​អ្នក​មិន​ពូកែ​រៀន​សៀវភៅ​ផ្សេង​ៗ​ឬ? បើ​ដូច្នេះ សូម​ដឹង​ថា​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ដូច​អ្នក​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​បាន។ លោក​ជា​បុគ្គល​ដ៏​ល្អ​ឥត​ខ្ចោះ និង​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត។ w​២៣.០៣ ទំ.៩​-​១០ វ.៨​-​១០

ថ្ងៃ​សុក្រ ទី​២៣ ខែ​កុម្ភៈ

ចូរ​ទទួល​ដោយ​ចិត្ត​ស្លូត​បូត​នូវ​បណ្ដាំ​របស់​ព្រះ​ដែល​បាន​ត្រូវ​ដាំ​ក្នុង​អ្នក​រាល់​គ្នា គឺ​ជា​បណ្ដាំ​ដែល​អាច​សង្គ្រោះ​ជីវិត​អ្នក​រាល់​គ្នា។—យ៉ា. ១:២១

បើ​យើង​មាន​ចិត្ត​ស្លូត​បូត យើង​នឹង​អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​កែ​ប្រែ​យើង។ លុះ​ត្រា​តែ​យើង​ជៀស​វាង​ពី​ចិត្ត​គំនិត​រិះ​គន់​ឬ​អំណួត ទើប​មេ​រៀន​ពី​គម្ពីរ​អំពី​សេចក្ដី​មេត្តា​ករុណា ចិត្ត​អាណិត​អាសូរ និង​សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​លើ​យើង។ របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​អាច​បង្ហាញ​ថា​យើង​កំពុង​អនុញ្ញាត​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង​ឬ​យ៉ាង​ណា។ ពួក​ផារិស៊ី​មិន​បាន​ឲ្យ​បណ្ដាំ​ព្រះ​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​ពួក​គេ​ទេ ហើយ​ជា​លទ្ធផល​ពួក​គេ​«​បាន​ផ្ដន្ទា​ទោស​អ្នក​ដែល​គ្មាន​ទោស​»។ (​ម៉ាថ. ១២:៧​) ស្រដៀង​គ្នា​ដែរ ទស្សនៈ​និង​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​អ្នក​ឯ​ទៀត​បង្ហាញ​ថា​យើង​បាន​ឲ្យ​បណ្ដាំ​ព្រះ​មាន​ឥទ្ធិពល​លើ​យើង​ឬ​យ៉ាង​ណា។ ជា​ឧទាហរណ៍ តាម​ធម្មតា​តើ​យើង​ច្រើន​តែ​និយាយ​អំពី​ចំណុច​ល្អ​របស់​អ្នក​ឯ​ទៀត ឬ​តើ​យើង​ឆាប់​និយាយ​អំពី​គុណ​វិបត្តិ​របស់​ពួក​គេ? តើ​យើង​មាន​សេចក្ដី​មេត្តា​ករុណា​និង​បម្រុង​តែ​នឹង​អភ័យ​ទោស ឬ​តើ​យើង​រិះ​គន់​អ្នក​ឯ​ទៀត ហើយ​គុំ​កួន​នឹង​ពួក​គេ? ការ​ពិនិត្យ​ពិចារណា​ខ្លួន​ឯង​បែប​នេះ​អាច​បង្ហាញ​ថា​យើង​ឲ្យ​អ្វី​ដែល​យើង​អាន​មាន​ឥទ្ធិពល​លើ​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​របស់​យើង​ឬ​យ៉ាង​ណា។—១ធី. ៤:១២, ១៥; ហេ. ៤:១២ w​២៣.០២ ទំ.១២ វ.១៣​-​១៤

ថ្ងៃ​សៅរ៍ ទី​២៤ ខែ​កុម្ភៈ

ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ខ្ញុំ​នឹង​ស្រវា​ចាប់​ដៃ​ស្ដាំ​របស់​អ្នក ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក​»។—អេ. ៤១:១៣

សូម​គិត​អំពី​គំរូ​របស់​យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ។ គាត់​បាន​ទទួល​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ពី​បណ្ដា​ជន​យូដា។ គាត់​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​ជា​តុលា​ជាន់​ខ្ពស់​នៃ​ជនជាតិ​យូដា។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​ផែន​ដី យ៉ូសែប​មិន​មាន​ចិត្ត​ក្លាហាន​ទាល់​តែ​សោះ។ យ៉ូហាន​ប្រាប់​ថា​៖ ​«​គាត់​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ ប៉ុន្តែ​គាត់​កាន់​តាម​លោក​ដោយ​សម្ងាត់ ដោយ​សារ​ខ្លាច​ជនជាតិ​យូដា​»។ (​យ៉ូន. ១៩:៣៨​) ទោះ​ជា​យ៉ូសែប​ចាប់​អារម្មណ៍​នឹង​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ក្ដី គាត់​បាន​លាក់​អ្នក​ឯ​ទៀត​ថា​គាត់​មាន​ជំនឿ​លើ​លោក​យេស៊ូ។ គាត់​ច្បាស់​ជា​ខ្លាច​ថា បើ​បណ្ដា​ជន​ដឹង​ថា​គាត់​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ ពួក​គេ​នឹង​លែង​គោរព​គាត់​ទៀត។ ប៉ុន្តែ គម្ពីរ​ប្រាប់​យើង​ថា​ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ យ៉ូសែប​«​បាន​តាំង​ចិត្ត​ក្លាហាន​ទៅ​ជួប​ពីឡាត ហើយ​សុំ​យក​សព​របស់​លោក​យេស៊ូ​»។ (​ម៉ាក. ១៥:៤២, ៤៣​) យ៉ូសែប​លែង​លាក់​ទៀត​ថា​គាត់​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ។ តើ​អ្នក​ធ្លាប់​ខ្លាច​មនុស្ស​ដូច​យ៉ូសែប​ឬ​ទេ? w​២៣.០១ ទំ.៣០ វ.១៣​-​១៤

ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ

រាស្ត្រ​របស់​លោក​ពិត​ជា​មាន​សុភមង្គល​ហើយ! ចំណែក​ពួក​អ្នក​បម្រើ​របស់​លោក ក៏​មាន​សុភមង្គល​ដែរ! ព្រោះ​ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​បាន​ស្ដាប់​សម្ដី​របស់​លោក​ដែល​ប្រកប​ដោយ​ប្រាជ្ញា។—១បស. ១០:៨

មហា​ក្សត្រី​ស្រុក​សេបា​បាន​ឭ​អំពី​សន្តិភាព​និង​ភាព​ចម្រុង​ចម្រើន​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ក្រោម​ការ​គ្រប់​គ្រង​របស់​សាឡូម៉ូន។ គាត់​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​ឆ្ងាយ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​មើល​ស្ថានភាព​នោះ​ដោយ​ផ្ទាល់​ភ្នែក។ (​១បស. ១០:១​) ក្រោយ​ពី​ពិនិត្យ​មើល​រាជាណាចក្រ​របស់​សាឡូម៉ូន គាត់​និយាយ​ពាក្យ​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ប៉ុន្តែ ស្ថានភាព​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្ដេច​សាឡូម៉ូន​គ្រាន់​តែ​ជា​គំរូ​មួយ​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក។ លោក​យេស៊ូ​ល្អ​ប្រសើរ​ជាង​សាឡូម៉ូន​ក្នុង​គ្រប់​ការ​ទាំង​អស់។ សាឡូម៉ូន​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​នៅ​ទី​បំផុត​នាំ​ទុក្ខ​ដល់​រាស្ត្រ​ព្រះ។ ប៉ុន្តែ លោក​យេស៊ូ​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​មិន​ចេះ​ធ្វើ​ខុស។ (​លូក. ១:៣២; ហេ. ៤:១៤, ១៥​) លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ទោះ​ជា​សាថាន​បាន​ល្បួង​លោក​យ៉ាង​ខ្លាំង​ក្ដី។ គ្រិស្ត​បាន​បង្ហាញ​ថា​លោក​នឹង​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬ​ធ្វើ​អ្វី​ណា​ដែល​នឹង​នាំ​ទុក្ខ​ដល់​រាស្ត្រ​ដ៏​ស្មោះ​ភក្ដី​របស់​លោក​ឡើយ។ គឺ​ពិត​ជា​ឯកសិទ្ធិ​មែន​ដែល​មាន​លោក​ជា​ស្ដេច​របស់​យើង! w​២២.១២ ទំ.១១ វ.៩​-​១០

ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កុម្ភៈ

ចូរ​ស្ដាប់​បង្គាប់ ហើយ​ចុះ​ចូល​នឹង​ពួក​អ្នក​ដែល​នាំ​មុខ​អ្នក​រាល់​គ្នា ព្រោះ​ពួក​គាត់​កំពុង​ថែ​រក្សា​អ្នក​រាល់​គ្នា។—ហេ. ១៣:១៧

តើ​យើង​គួរ​ធ្វើ​អ្វី​បើ​រោគ​រាត​ត្បាត​ឆ្លង​រាល​ដាល​នៅ​កន្លែង​ដែល​យើង​រស់​នៅ? យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​អាជ្ញាធរ​ផ្ដល់​ឲ្យ ដូច​ជា​ការ​លាង​ដៃ ការ​រក្សា​គម្លាត ការ​ពាក់​ម៉ាស់ និង​ចត្តាឡីស័ក។ ពេល​យើង​ធ្វើ​អ្វី​ទាំង​នេះ យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ជីវិត​ជា​អំណោយ​ពី​ព្រះ។ ក្នុង​អំឡុង​ពេល​មាន​រឿង​បន្ទាន់ យើង​ប្រហែល​ជា​ឮ​ព័ត៌មាន​ចចាមអារ៉ាម​ពី​មិត្ត​ភក្ដិ អ្នក​ជិត​ខាង និង​បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ។ ជា​ជាង​«​ជឿ​គ្រប់​ពាក្យ​ទាំង​អស់​»​ដែល​យើង​ឮ ជា​ការ​ល្អ​ឲ្យ​យើង​ស្ដាប់​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ពី​រដ្ឋាភិបាល​និង​ខាង​ក្រុម​គ្រូ​ពេទ្យ។ (​សុភ. ១៤:១៥​) គណៈ​អភិបាល​និង​ការិយាល័យ​សាខា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​បាន​ព័ត៌មាន​ត្រឹម​ត្រូវ មុន​ដែល​ពួក​គេ​ឲ្យ​ការ​ណែនាំ​អំពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ និង​ការ​ផ្សព្វ​ផ្សាយ។ ដោយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ពួក​គេ យើង​ការ​ពារ​ខ្លួន​យើង​និង​អ្នក​ឯ​ទៀត​ពី​ការ​រង​ផល​ពិបាក។ យើង​ក៏​រក្សា​កេរ្តិ៍​ឈ្មោះ​ក្រុម​ជំនុំ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ។—១ពេ. ២:១២ w​២៣.០២ ទំ.២៣ វ.១១​-​១២

ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ

[​ចូរ​]​ស្ដាប់​ហើយ​រៀន​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។—បច. ៣១:១៣

ពេល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា ពួក​គេ​បាន​រស់​នៅ​ក្នុង​តំបន់​ផ្សេង​ៗ។ ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​ក្នុង​តំបន់​មួយ អាច​ងាយ​មិន​នឹក​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សេង​នៃ​ប្រទេស​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជួប​ជុំ​គ្នា​នៅ​ពេល​ផ្សេង​ៗ ដើម្បី​ស្ដាប់​ការ​អាន​និង​ការ​បក​ស្រាយ​អំពី​បណ្ដាំ​របស់​លោក​ជា​លាយ​លក្ខណ៍​អក្សរ។ (​បច. ៣១:១០​-​១២; នេហ. ៨:២, ៨, ១៨​) សូម​ស្រមៃ​គិត​ថា​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​ម្នាក់​ច្បាស់​ជា​មាន​អារម្មណ៍​យ៉ាង​ណា​កាល​ដែល​គាត់​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ឃើញ​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា​ប្រហែល​ជា​រាប់​លាន​នាក់​ពី​តំបន់​ផ្សេង​ៗ​នៃ​ប្រទេស​របស់​គាត់! តាម​របៀប​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​រក្សា​សាមគ្គីភាព។ ក្រោយ​មក ពេល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​បង្កើត​ឡើង នោះ​មាន​បុរស​ស្ត្រី​ដែល​និយាយ​ភាសា​ផ្សេង​ៗ​និង​ដែល​មាន​ឋានៈ​និង​វណ្ណៈ​ខុស​ៗ​គ្នា​ក្នុង​សង្គម។ ប៉ុន្តែ ពួក​គេ​មាន​សាមគ្គីភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ពិត។ ពួក​អ្នក​ដែល​បាន​ទៅ​ជា​អ្នក​ជឿ​អាច​យល់​បណ្ដាំ​របស់​ព្រះ​បាន លុះ​ត្រា​តែ​មាន​ជំនួយ​ពី​ពួក​អ្នក​គោរព​ប្រណិប័តន៍​គ្នី​គ្នា​និង​ពី​ការ​ជួប​ជុំ​គ្នា។—សកម្ម. ២:៤២; ៨:៣០, ៣១ w​២៣.០២ ទំ.៣ វ.៧

ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ

អំណោយ​ដែល​ព្រះ​ផ្ដល់​ឲ្យ គឺ​ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—រ៉ូម ៦:២៣

ព្រះ​យេហូវ៉ា​សន្យា​ថា​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក​នឹង​បាន​«​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​រ៉ូម ៦:២៣​) ពេល​យើង​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង​ឡើង។ សូម​គិត​អំពី​នេះ​៖ បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម្ល៉េះ រហូត​ដល់​លោក​ចង់​ឲ្យ​យើង​នៅ​ជាប់​ជា​មួយ​លោក​ជា​រៀង​រហូត។ សេចក្ដី​សន្យា​របស់​ព្រះ​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ ទោះ​ជា​ពួក​សត្រូវ​គំរាម​សម្លាប់​យើង​ក្ដី យើង​នឹង​មិន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ហេតុ​អ្វី? មូលហេតុ​មួយ​គឺ​ដោយ​សារ​យើង​ដឹង​ថា​បើ​យើង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់ លោក​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​សេចក្ដី​សង្ឃឹម​ថា​យើង​នឹង​មិន​ស្លាប់​ទៀត​ទេ។ (​យ៉ូន. ៥:២៨, ២៩; ១កូ. ១៥:៥៥​-​៥៨; ហេ. ២:១៥​) យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​អាច​ទ្រ​ទ្រង់​ជីវិត​យើង​ជា​រៀង​រហូត ដោយ​សារ​លោក​ជា​ប្រភព​នៃ​ជីវិត ហើយ​លោក​រស់​ជា​រៀង​រហូត។ (​ចសព. ៣៦:៩​) គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​តែង​តែ​មាន​ជីវិត ហើយ​លោក​នឹង​រស់​នៅ​រហូត​ត​ទៅ។—ចសព. ៩០:២; ១០២:១២, ២៤, ២៧ w​២២.១២ ទំ.២ វ.១​-​៣

ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កុម្ភៈ

តើ​មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​គ្រិស្ត​ឈប់​ស្រឡាញ់​យើង​ឬ​ទេ? ទោះ​ជា​យើង​ជួប​សេចក្ដី​វេទនា ទុក្ខ​លំបាក ការ​បៀតបៀន . . . តើ​អ្វី​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​លោក​ឈប់​ស្រឡាញ់​យើង​ឬ?—រ៉ូម ៨:៣៥

ដោយ​សារ​យើង​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ពេល​យើង​ជួប​ទុក្ខ​លំបាក។ ដូច​គម្ពីរ​ចែង យើង​ទទួល​ស្គាល់​ថា​«​យើង​ត្រូវ​ចូល​រាជាណាចក្រ​ព្រះ​ដោយ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន​»។ (​សកម្ម. ១៤:២២​) យើង​ក៏​ដឹង​ដែរ​ថា បញ្ហា​ខ្លះ​របស់​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទាំង​ស្រុង​ទេ រហូត​ដល់​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ ជា​កន្លែង​ដែល​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ (​បប. ២១:៤​) ព្រះ​យេហូវ៉ា​មិន​ការ​ពារ​យើង​ពី​ការ​រង​ទុក្ខ​លំបាក​ទេ។ ប៉ុន្តែ លោក​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ។ សូម​កត់​សម្គាល់​អ្វី​ដែល​សាវ័ក​ប៉ូល​បាន​និយាយ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​រ៉ូម។ ដំបូង គាត់​បាន​រៀប​រាប់​អំពី​ទុក្ខ​លំបាក​មួយ​ចំនួន​ដែល​គាត់​និង​បង​ប្អូន​ឯ​ទៀត​ជួប​ប្រទះ។ ក្រោយ​មក គាត់​បាន​សរសេរ​ថា​៖ ​«​យើង​កំពុង​ឈ្នះ​ក្នុង​ការ​ទាំង​អស់​នេះ ដោយ​សារ​លោក​ដែល​បាន​ស្រឡាញ់​យើង​»។ (​រ៉ូម ៨:៣៦, ៣៧​) នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​ជោគ​ជ័យ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​កំពុង​ជួប​ទុក្ខ​លំបាក​ក៏​ដោយ។ w​២៣.០១ ទំ.១៤ វ.១​-​២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក