ខែមករា
ថ្ងៃច័ន្ទ ទី១ ខែមករា
ខ្ញុំនឹងចាត់ធីម៉ូថេឲ្យមកឯអ្នករាល់គ្នា ព្រោះគាត់ជាកូនដ៏ស្មោះត្រង់និងជាទីស្រឡាញ់របស់ខ្ញុំក្នុងលោកម្ចាស់។—១កូ. ៤:១៧
តើអ្វីធ្វើឲ្យធីម៉ូថេទៅជាអ្នកបម្រើព្រះយេហូវ៉ាដែលមានប្រយោជន៍? គឺគុណសម្បត្តិដ៏គួរឲ្យសរសើររបស់គាត់។ (ភី. ២:១៩-២២) តាមរយៈការរៀបរាប់របស់សាវ័កប៉ូលអំពីធីម៉ូថេ យើងឃើញថាធីម៉ូថេជាបុគ្គលដែលមានចិត្តរាបទាប ស្មោះត្រង់ ខ្នះខ្នែង និងគួរឲ្យទុកចិត្ត។ គាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនឯទៀត។ ដោយហេតុនេះ ប៉ូលស្រឡាញ់ធីម៉ូថេ ហើយមិនស្ទាក់ស្ទើរប្រគល់ភារកិច្ចដែលពិបាកដល់ធីម៉ូថេឡើយ។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ានឹងស្រឡាញ់យើង ហើយយើងនឹងទៅជាបុគ្គលដែលកាន់តែមានប្រយោជន៍ដល់ក្រុមជំនុំ ពេលដែលយើងបណ្ដុះគុណសម្បត្តិដែលព្រះយេហូវ៉ាស្រឡាញ់។ (ចសព. ២៥:៩; ១៣៨:៦) ដូច្នេះ សូមអធិដ្ឋាននិងគិតពិចារណាអំពីផ្នែកផ្សេងៗនៃបុគ្គលិកលក្ខណៈរបស់អ្នកដែលអ្នកចង់កែប្រែឲ្យល្អប្រសើរជាង។ សូមជ្រើសរើសគុណសម្បត្តិជាក់លាក់មួយ។ តើអ្នកអាចមានសេចក្ដីអាណិតមេត្តាច្រើនជាងឬទេ? តើអ្នកត្រូវខំធ្វើឲ្យមានសន្តិភាព និងកាន់តែចេះអភ័យទោសឲ្យអ្នកឯទៀតឬទេ? អ្នកអាចសុំជំនួយពីមិត្តជិតស្និទ្ធដើម្បីដឹងអំពីរបៀបដែលអ្នកអាចរីកចម្រើន។—សុភ. ២៧:៦ w២២.០៤ ទំ.២៣ វ.៤-៥
ថ្ងៃអង្គារ ទី២ ខែមករា
ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន។—កាឡ. ៦:៤
ព្រះយេហូវ៉ាចង់ឲ្យយើងសប្បាយរីករាយ។ យើងដឹងដូច្នេះ ដោយសារអំណរគឺជាគុណសម្បត្តិមួយនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ (កាឡ. ៥:២២) ដោយសារការឲ្យគេមានសុភមង្គលច្រើនជាងការទទួល យើងមានអំណរយ៉ាងខ្លាំងពេលយើងចូលរួមយ៉ាងពេញលេញក្នុងកិច្ចបម្រើផ្សាយ និងជួយបងប្អូនតាមរបៀបផ្សេងៗ។ (សកម្ម. ២០:៣៥) ដូចបានត្រូវកត់ទុកនៅបទគម្ពីរថ្ងៃនេះ សាវ័កប៉ូលបានរៀបរាប់អំពីកត្តាពីរដែលនឹងជួយយើងឲ្យរក្សាអំណរ។ ទី១ យើងគួរតែបម្រើព្រះយេហូវ៉ាឲ្យអស់ពីសមត្ថភាពរបស់យើង។ បើយើងកំពុងបម្រើលោកឲ្យអស់ពីសមត្ថភាពរបស់យើង យើងគួរតែសប្បាយចិត្ត។ (ម៉ាថ. ២២:៣៦-៣៨) ទី២ យើងគួរជៀសវាងពីការប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ មិនថាយើងអាចធ្វើអ្វីបានដោយសារសុខភាព ការបង្ហាត់បង្រៀន ឬសមត្ថភាពណាមួយក្ដី យើងគួរមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ា។ ប៉ុន្តែ បើអ្នកឯទៀតបំពេញកិច្ចបម្រើផ្សាយដោយមានប្រសិទ្ធភាពជាងយើងតាមរបៀបណាមួយ យើងគួរអរសប្បាយដែលពួកគេកំពុងប្រើសមត្ថភាពរបស់ពួកគេដើម្បីសរសើរព្រះយេហូវ៉ា។ w២២.០៤ ទំ.១០ វ.១-២
ថ្ងៃពុធ ទី៣ ខែមករា
សេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ។—លូក. ២១:២៨
ការបំផ្លាញបាប៊ីឡូនដ៏ខ្លាំងក្លានឹងកើតឡើងភ្លាមៗ ហើយនោះនឹងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ (បប. ១៨:៨-១០) ការដែលបាប៊ីឡូនដ៏ខ្លាំងក្លានឹងត្រូវបំផ្លាញចោល នឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពិភពលោកទាំងមូល ហើយនោះប្រហែលជានាំឲ្យមានការពិបាកផ្សេងៗ។ ប៉ុន្តែ យ៉ាងហោចណាស់រាស្ត្ររបស់ព្រះនឹងមានហេតុពីរឲ្យអរសប្បាយ។ សាសនាមិនពិតដែលធ្លាប់ជាសត្រូវរបស់ព្រះយេហូវ៉ាអស់រយៈពេលយូរនឹងមិនមានទៀតទេ ហើយមិនយូរទៀត យើងនឹងទទួលសេចក្ដីសង្គ្រោះពីពិភពលោកដ៏អាក្រក់នេះ! ដានីយ៉ែលបានប្រកាសទុកជាមុនថា៖ «ចំណេះពិតនឹងមានជាបរិបូរ»។ នេះបានកើតឡើងមែន! សព្វថ្ងៃនេះយើងយល់ទំនាយអំពីសម័យយើង។ (ដាន. ១២:៤, ៩, ១០) ទំនាយទាំងនេះចែងយ៉ាងត្រឹមត្រូវដល់ម្ល៉េះ បានជាយើងគោរពព្រះយេហូវ៉ាកាន់តែខ្លាំង ហើយកាន់តែឲ្យតម្លៃចំពោះបណ្ដាំរបស់លោក។ (អេ. ៤៦:១០; ៥៥:១១) ដូច្នេះ សូមបន្ដពង្រឹងជំនឿរបស់អ្នក ដោយសិក្សាបទគម្ពីរយ៉ាងយកចិត្តទុកដាក់ ហើយដោយជួយអ្នកឯទៀតបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ លោកនឹងការពារអស់អ្នកដែលទុកចិត្តលោកទាំងស្រុង ហើយលោកនឹងផ្ដល់«សេចក្ដីសុខសាន្តដល់ពួកគេជានិច្ច»។—អេ. ២៦:៣ w២២.០៧ ទំ.៦-៧ វ.១៦-១៧
ថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា
ពួកគេបានប្រមូលស្ដេចទាំងនោះទៅឯកន្លែងដែលភាសាហេប្រឺហៅថាអាម៉ាគេដូន។—បប. ១៦:១៦
សៀវភៅការបើកបង្ហាញរៀបរាប់ថារាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌បានត្រូវចាប់ផ្ដើមគ្រប់គ្រង ហើយថាសាថានបានត្រូវបណ្ដេញចេញពីស្ថានសួគ៌។ (បប. ១២:១-៩) នេះមានន័យថានៅស្ថានសួគ៌មានសេចក្ដីសុខសាន្ត តែមានវេទនាដល់យើង។ ហេតុអ្វី? ពីព្រោះសាថានខឹងយ៉ាងខ្លាំង និងវាយប្រហារពួកអ្នកដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់នៅផែនដី។ (បប. ១២:១២, ១៥, ១៧) តើយើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច ទោះជាមានការវាយប្រហារពីសាថានក្ដី? (បប. ១៣:១០) អ្វីមួយដែលនឹងជួយយើង គឺការដឹងអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។ ជាឧទាហរណ៍ ក្នុងសៀវភៅការបើកបង្ហាញ សាវ័កយ៉ូហានបានរៀបរាប់អំពីពរខ្លះដែលយើងនឹងទទួលនៅពេលឆាប់ៗនេះ។ ពរមួយគឺថាសត្រូវរបស់ព្រះនឹងត្រូវបំផ្លាញចោល។ ខដំបូងបង្អស់នៃសៀវភៅការបើកបង្ហាញប្រាប់យើងថា ព័ត៌មានក្នុងសៀវភៅនោះបានត្រូវសរសេរជា«និមិត្តរូប»។—បប. ១:១ w២២.០៥ ទំ.៨ វ.១-៣
ថ្ងៃសុក្រ ទី៥ ខែមករា
ឱកូកអើយ! . . . នៅផ្នែកចុងក្រោយនៃគ្រានោះ ខ្ញុំនឹងនាំអ្នកទៅទាស់នឹងស្រុកខ្ញុំ ដើម្បីឲ្យប្រជាជាតិទាំងឡាយស្គាល់ខ្ញុំ ពេលដែលខ្ញុំធ្វើឲ្យពួកគេឃើញថាខ្ញុំបរិសុទ្ធតាមរយៈអ្វីដែលខ្ញុំធ្វើទៅលើអ្នក។—អេគ. ៣៨:១៦
ដោយសារអ្នកបម្រើព្រះយេហូវ៉ារក្សាភាពស្មោះត្រង់ នោះធ្វើឲ្យពួកអ្នកដែលប្រឆាំងលោកក្ដៅចិត្តយ៉ាងខ្លាំង។ ជាលទ្ធផល ប្រជាជាតិនានាដែលចងសម្ព័ន្ធភាពជាមួយគ្នា នឹងវាយប្រហាររាស្ត្ររបស់ព្រះនៅទូទាំងផែនដី។ គម្ពីរហៅការវាយប្រហារនេះថា ការវាយប្រហារពីកូកនៃស្រុកម៉ាកូក។ (អេគ. ៣៨:១៤, ១៥) តើព្រះយេហូវ៉ានឹងមានប្រតិកម្មយ៉ាងណាចំពោះការវាយប្រហារដ៏សាហាវនេះ? លោកប្រាប់យើងថា៖ «កំហឹងដ៏ខ្លាំងរបស់ខ្ញុំនឹងឆួលឡើង»។ (អេគ. ៣៨:១៨, ២១-២៣) សៀវភៅការបើកបង្ហាញ ជំពូក១៩រៀបរាប់អំពីអ្វីដែលនឹងកើតឡើងបន្ទាប់មក។ ព្រះយេហូវ៉ានឹងចាត់បុត្ររបស់លោក ដើម្បីការពាររាស្ត្រលោកនិងយកឈ្នះសត្រូវរបស់លោក។ «បណ្ដាកងទ័ពនៅស្ថានសួគ៌»ដែលជាពួកទេវតាដ៏ស្មោះត្រង់និង១៤៤.០០០នាក់ នឹងរួមដៃជាមួយលោកយេស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងកូកនៃស្រុកម៉ាកូក។ (បប. ១៧:១៤; ១៩:១១-១៥) តើសង្គ្រាមនេះនឹងមានលទ្ធផលយ៉ាងណា? មនុស្សនិងក្រុមទាំងអស់ដែលប្រឆាំងព្រះយេហូវ៉ានឹងត្រូវបំផ្លាញចោលទាំងស្រុង។—បប. ១៩:១៩-២១ w២២.០៥ ទំ.១៧ វ.៩-១០
ថ្ងៃសៅរ៍ ទី៦ ខែមករា
ខ្ញុំនឹងធ្វើឲ្យអ្នកនិងស្ត្រីក្លាយទៅជាសត្រូវនឹងគ្នា។—ដក. ៣:១៥
មិនយូរក្រោយពីអាដាមនិងអេវ៉ាបានប្រព្រឹត្តអំពើខុសឆ្គង ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមដល់កូនចៅរបស់ពួកគេ តាមរយៈទំនាយដ៏សំខាន់មួយ។ អ្វីដែលលោកបានមានប្រសាសន៍បានត្រូវកត់ទុកនៅដើមកំណើត ៣:១៥ ថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នកនិងស្ត្រីក្លាយទៅជាសត្រូវនឹងគ្នា ព្រមទាំងពូជអ្នកនិងពូជនាងដែរ។ ពូជនាងនឹងកិនក្បាលអ្នក ហើយអ្នកនឹងចឹកកែងជើងគាត់»។ ទំនាយនេះមាននៅក្នុងសៀវភៅដំបូងនៃគម្ពីរ។ ប៉ុន្តែ សៀវភៅទាំងអស់ឯទៀតនៃគម្ពីរជាប់ទាក់ទងនឹងទំនាយនេះតាមរបៀបណាមួយ។ ដូចខ្នងសៀវភៅភ្ជាប់ទំព័រទាំងអស់ឲ្យទៅជាសៀវភៅមួយក្បាល ពាក្យនៅដើមកំណើត ៣:១៥ភ្ជាប់សៀវភៅនីមួយៗនៃគម្ពីរឲ្យទៅជាដំណឹងតែមួយ ពោលគឺព្រះនឹងចាត់អ្នកសង្គ្រោះមួយរូបដែលនឹងបំផ្លាញមេកំណាចនិងពួកអ្នកកាន់តាមដ៏អាក្រក់របស់វា។ នេះជាអ្វីដ៏អស្ចារ្យណាស់សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា! ការសិក្សាគម្ពីរនឹងជួយយើងឃើញរបៀបទំនាយនោះនឹងសម្រេច ហើយរបៀបយើងអាចទទួលប្រយោជន៍ពីទំនាយនោះ។ w២២.០៧ ទំ.១៤ វ.១-៣
ថ្ងៃអាទិត្យ ទី៧ ខែមករា
ព្រះយេហូវ៉ាជាអ្នកផ្ដល់ប្រាជ្ញា។—សុភ. ២:៦
ចូរសុំប្រាជ្ញាពីព្រះយេហូវ៉ាដែលអ្នកត្រូវការ ដើម្បីជួយកូនឲ្យស្រឡាញ់លោក។ (យ៉ា. ១:៥) លោកស័ក្ដិសមឲ្យយោបល់ជាងគេក្នុងរឿងនេះ។ មានមូលហេតុមួយចំនួនដែលយើងអាចនិយាយដូច្នេះ។ សូមគិតអំពីមូលហេតុពីរ។ ទី១ ក្នុងនាមជាបិតាយើង ព្រះយេហូវ៉ាមានបទពិសោធន៍ច្រើនជាងឪពុកម្ដាយទាំងឡាយ។ (ចសព. ៣៦:៩) ទី២ ការណែនាំពីលោកផ្ដល់ប្រយោជន៍ជានិច្ច។ (អេ. ៤៨:១៧) តាមរយៈបណ្ដាំរបស់លោកនិងអង្គការលោក ព្រះយេហូវ៉ាផ្ដល់ព័ត៌មានជាច្រើនដែលអាចជួយអ្នកអប់រំកូនៗឲ្យស្រឡាញ់លោក។ (ម៉ាថ. ២៤:៤៥) ជាឧទាហរណ៍ អ្នកអាចរកឃើញយោបល់ជាច្រើនក្នុងអត្ថបទតភាគ«ជំនួយសម្រាប់ក្រុមគ្រួសារ» ដែលបានត្រូវបោះពុម្ពផ្សាយអស់ជាច្រើនឆ្នាំក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ហើយឥឡូវមាននៅគេហទំព័ររបស់យើង។ ម្យ៉ាងទៀត វីដេអូជាច្រើនបានត្រូវចេញផ្សាយនៅគេហទំព័រjw.org/km ដែលជួយឪពុកម្ដាយឲ្យធ្វើតាមយោបល់ពីព្រះយេហូវ៉ាកាលដែលពួកគេចិញ្ចឹមអប់រំកូន។—សុភ. ២:៤, ៥ w២២.០៥ ទំ.២៧ វ.៤-៥
ថ្ងៃច័ន្ទ ទី៨ ខែមករា
ឱយ៉ាអើយ បើលោកកត់ចំណាំកំហុសទាំងប៉ុន្មានរបស់មនុស្ស . . . តើអ្នកណាអាចឈរនៅចំពោះមុខលោកបាន?—ចសព. ១៣០:៣
ព្រះយេហូវ៉ាជាអ្នកអភ័យទោសប្រសើរបំផុតក្នុងសកលលោក។ ទី១ លោកបម្រុងតែនឹងអភ័យទោសជានិច្ច។ ទី២ លោកដឹងអ្វីទាំងអស់អំពីយើង។ លោកដឹងច្បាស់ជាងគេថាយើងប្រែចិត្តពិតប្រាកដឬយ៉ាងណា។ ទី៣ ពេលព្រះយេហូវ៉ាអភ័យទោសឲ្យយើង លោកអភ័យទោសឲ្យទាំងស្រុង ហើយចំពោះលោកគឺហាក់ដូចជាយើងមិនបានប្រព្រឹត្តអំពើខុសឆ្គងនោះទាល់តែសោះ។ នេះអនុញ្ញាតឲ្យយើងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស និងទទួលការពេញចិត្តពីលោក។ ដរាបណាយើងជាមនុស្សមិនល្អឥតខ្ចោះ ដរាបនោះយើងនឹងបន្ដធ្វើខុស។ ប៉ុន្តែ យើងអាចទទួលការសម្រាលទុក្ខពីអ្វីដែលបានត្រូវចែងនៅក្នុងសៀវភៅការយល់ធ្លុះជ្រៅនឹងបទគម្ពីរជាភាសាអង់គ្លេស ក្បាលទី២ ទំព័រ៧៧១ដែលថា៖ «ព្រះយេហូវ៉ាមានចិត្តមេត្តាករុណា ហើយលោកដឹងថាអ្នកបម្រើលោកគឺទន់ខ្សោយ។ ដូច្នេះ ពួកគេមិនចាំបាច់សោកស្ដាយគ្រប់ពេលវេលាទេ ដោយសារពួកគេជាមនុស្សមិនល្អឥតខ្ចោះ ហើយធ្វើខុស។ (ចសព. ១០៣:៨-១៤; ១៣០:៣) បើពួកគេកំពុងខំអស់ពីសមត្ថភាពដើម្បីមានរបៀបរស់នៅដែលព្រះពេញចិត្ត ពួកគេអាចអរសប្បាយ។ (ភី. ៤:៤-៦; ១យ៉ូន. ៣:១៩-២២)»។ w២២.០៦ ទំ.៧ វ.១៨-១៩
ថ្ងៃអង្គារ ទី៩ ខែមករា
អ្នករាល់គ្នានឹងត្រូវគេនាំទៅឯស្ដេចនិងពួកអភិបាល ព្រោះតែឈ្មោះខ្ញុំ។—លូក. ២១:១២
អារម្មណ៍ភ័យខ្លាចចំពោះការប្រឆាំងពីរដ្ឋាភិបាល មិនមែនជាយុទ្ធសាស្ត្រតែមួយដែលសាថានប្រើនោះទេ។ អ្នកខ្លះភ័យខ្លាចឬបារម្ភអំពីទស្សនៈរបស់ក្រុមគ្រួសារចំពោះការធ្វើជាសាក្សី ជាងការវាយដំទៅទៀត។ ពួកគេស្រឡាញ់សាច់ញាតិរបស់ពួកគេខ្លាំងណាស់ ហើយចង់ឲ្យសាច់ញាតិស្គាល់និងស្រឡាញ់ព្រះយេហូវ៉ា។ ពួកគេឈឺចិត្តពេលឮសាច់ញាតិនិយាយដោយមិនគោរពអំពីព្រះយេហូវ៉ាដែលជាព្រះពិត និងអំពីពួកអ្នកគោរពប្រណិប័តន៍លោក។ ប៉ុន្តែក្នុងករណីខ្លះ សមាជិកក្រុមគ្រួសារប្រឆាំងនៅដើមដំបូង តែក្រោយមកពួកគេក៏បានចូលសេចក្ដីពិតដែរ។ ចុះយ៉ាងណាបើក្រុមគ្រួសារកាត់កាល់យើង ដោយសារជំនឿរបស់យើង? តើយើងនឹងប្រព្រឹត្តយ៉ាងណា? យើងទទួលការសម្រាលទុក្ខពីពាក្យដ៏ពីរោះនៅចម្រៀងសរសើរព្រះ ២៧:១០។ ពេលយើងចាំថាព្រះយេហូវ៉ាស្រឡាញ់យើងខ្លាំងយ៉ាងណា យើងនឹងមិនភ័យខ្លាចចំពោះអ្វីដែលនឹងកើតឡើងដល់យើង ទោះជាក្រុមគ្រួសាររបស់យើងលះចោលយើងក្ដី។ យើងក៏មានទំនុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរយើងចំពោះការស៊ូទ្រាំរបស់យើង។ លោកនឹងផ្គត់ផ្គង់យើងបានល្អប្រសើរជាងអ្នកណាទាំងអស់ ចំពោះអ្វីៗដែលយើងត្រូវការដើម្បីរស់នៅ អ្វីដែលយើងត្រូវការដើម្បីមានចិត្តស្ងប់និងសប្បាយរីករាយ ព្រមទាំងអ្វីដែលយើងត្រូវការដើម្បីបន្តនៅជិតស្និទ្ធនឹងលោក។ w២២.០៦ ទំ.១៦-១៧ វ.១១-១៣
ថ្ងៃពុធ ទី១០ ខែមករា
គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។—១ពេ. ២:២១
ក្នុងអំឡុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ លោកបានត្រូវគេចោទប្រកាន់មិនពិតថាលោកជាមនុស្សប្រមឹកស្រា ល្មោភស៊ី ជាភ្នាក់ងាររបស់មេកំណាច មិនកាន់តាមថ្ងៃឈប់សម្រាក ហើយថែមទាំងជាអ្នកប្រមាថព្រះផងដែរ។ (ម៉ាថ. ១១:១៩; ២៦:៦៥; លូក. ១១:១៥; យ៉ូន. ៩:១៦) ប៉ុន្តែ លោកយេស៊ូមិនបានតបឆ្លើយការចោទប្រកាន់នោះដោយកំហឹងទេ។ ដូចលោកយេស៊ូ ពេលអ្នកឯទៀតនិយាយមិនសប្បុរសមកកាន់យើង យើងមិនគួរតបឆ្លើយដោយមិនសប្បុរសឡើយ។ (១ពេ. ២:២២, ២៣) ប៉ុន្តែ គឺមិនស្រួលឲ្យយើងនិយាយដោយសប្បុរសពេលជួបស្ថានភាពនេះទេ។ (យ៉ា. ៣:២) តើអ្វីអាចជួយ? សូមព្យាយាមកុំផ្ដោតអារម្មណ៍ទៅលើពាក្យសម្ដីមិនល្អរបស់ម្ចាស់ផ្ទះ។ បងប្រុសម្នាក់ឈ្មោះសេមនិយាយថា៖ «ខ្ញុំព្យាយាមផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះដើម្បីរៀនសេចក្ដីពិតអំពីព្រះ ហើយចាំថាគាត់អាចកែប្រែបាន»។ ជួនកាល ម្ចាស់ផ្ទះខឹងដោយសារតែយើងបានមកខុសពេល។ ពេលដែលយើងជួបបុគ្គលដែលខឹង យើងអាចអធិដ្ឋានយ៉ាងខ្លី ហើយសុំព្រះយេហូវ៉ាឲ្យជួយយើងរក្សាចិត្តស្ងប់ និងមិននិយាយអ្វីដែលមិនសប្បុរស ឬដែលមិនបង្ហាញការគោរពឡើយ។ w២២.០៤ ទំ.៦ វ.៨-៩
ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា
ចូរចូលទៅជិតព្រះ។—យ៉ា. ៤:៨
របៀបដ៏សំខាន់មួយដើម្បីជួយកូនឲ្យចូលទៅជិតព្រះយេហូវ៉ាគឺដោយសិក្សាគម្ពីរជាមួយពួកគេ។ (២ធី. ៣:១៤-១៧) ប៉ុន្តែ គម្ពីរបង្ហាញអំពីរបៀបផ្សេងទៀតដែលប្អូនៗវ័យក្មេងអាចរៀនអំពីព្រះយេហូវ៉ា។ ក្នុងសៀវភៅសុភាសិត តាមមើលទៅឪពុកម្នាក់រំលឹកកូនប្រុសរបស់គាត់ថាកុំឲ្យឈប់គិតអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ា ដែលសឲ្យឃើញក្នុងការបង្កើត។ (សុភ. ៣:១៩-២១) ឪពុកម្ដាយ អ្នកទំនងជាចូលចិត្តចំណាយពេលនៅខាងក្រៅផ្ទះជាមួយកូនរបស់អ្នក។ សូមប្រើពេលវេលានោះដើម្បីជួយកូនរបស់អ្នកឲ្យឃើញរបៀបដែល«អ្វីៗដែលលោកបានបង្កើត»ជាប់ទាក់ទងនឹងគុណសម្បត្តិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ (រ៉ូម ១:២០) សូមកត់សម្គាល់របៀបដែលលោកយេស៊ូបានប្រើអ្វីដែលព្រះបានបង្កើតដើម្បីបង្រៀន។ នៅពេលមួយ លោកបានសុំពួកអ្នកកាន់តាមលោកឲ្យសង្កេតមើលសត្វក្អែកនិងផ្កាដែលដុះឡើងនៅឯវាល។ (លូក. ១២:២៤, ២៧-៣០) លោកបានបង្រៀនពួកអ្នកកាន់តាមលោកនូវមេរៀនដ៏សំខាន់អំពីចិត្តទូលាយនិងចិត្តសប្បុរសរបស់បិតាពួកគេនៅស្ថានសួគ៌គឺថា ព្រះយេហូវ៉ានឹងផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ពួកអ្នកបម្រើដ៏ស្មោះត្រង់របស់លោក ដូចដែលលោកធ្វើចំពោះសត្វក្អែកនិងផ្កានៅឯវាល។ w២៣.០៣ ទំ.២០-២១ វ.១-៤
ថ្ងៃសុក្រ ទី១២ ខែមករា
អ្វីក៏ដោយដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើតាមសំណូមពរ ដើម្បីឲ្យបិតានៅស្ថានសួគ៌ទទួលការលើកតម្កើងតាមរយៈបុត្ររបស់លោក។—យ៉ូន. ១៤:១៣
យើងអរគុណព្រះយេហូវ៉ាដែលយើងអាចអធិដ្ឋានទៅលោកដោយនូវនាមរបស់បុត្រលោក។ ព្រះយេហូវ៉ាប្រើលោកយេស៊ូឲ្យផ្ដល់អ្វីដែលយើងបានសុំ។ ព្រះយេហូវ៉ាស្ដាប់និងឆ្លើយតបសេចក្ដីអធិដ្ឋានដែលបានត្រូវសុំតាមរយៈនាមលោកយេស៊ូ និងអភ័យទោសចំពោះអំពើខុសឆ្គងរបស់យើង ដោយមានមូលដ្ឋានលើគ្រឿងបូជាលោះរបស់លោកយេស៊ូ។ (រ៉ូម ៥:១) គម្ពីររៀបរាប់អំពីលោកយេស៊ូថា លោកជា«សម្ដេចសង្ឃ[របស់យើង] . . . ដែលបានអង្គុយនៅខាងស្ដាំបល្ល័ង្កនៃព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានសួគ៌»។ (ហេ. ៨:១) លោកយេស៊ូ‹ដែលនៅជាមួយនឹងបិតាជាអ្នកជួយយើង›។ (១យ៉ូន. ២:១) យើងមានអំណរគុណជាខ្លាំងដែលព្រះយេហូវ៉ាបានឲ្យយើងនូវសម្ដេចសង្ឃ ដែលយល់ភាពទន់ខ្សោយរបស់យើង និងជា«អ្នកដែលអង្វរឲ្យយើង»! (រ៉ូម ៨:៣៤; ហេ. ៤:១៥) បើគ្មានគ្រឿងបូជារបស់លោកយេស៊ូទេ យើងមិនអាចចូលទៅជិតព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិដ្ឋានបានឡើយ។ អ្នកច្បាស់ជាយល់ស្របថា យើងមិនអាចអរគុណព្រះយេហូវ៉ាឲ្យអស់ចំពោះអំណោយដ៏ពិសេសដែលលោកបានផ្ដល់ឲ្យយើង ពោលគឺបុត្រជាទីស្រឡាញ់របស់លោក។ w២២.០៧ ទំ.២៣ វ.១០-១២
ថ្ងៃសៅរ៍ ទី១៣ ខែមករា
មនុស្សដែលគួរឲ្យទុកចិត្តចេះរក្សាការសម្ងាត់។—សុភ. ១១:១៣
បុគ្គលដែលគួរឲ្យទុកចិត្តព្យាយាមធ្វើតាមពាក្យសន្យារបស់គាត់ ហើយជាអ្នកដែលនិយាយការពិត។ (ចសព. ១៥:៤) អ្នកឯទៀតដឹងថាពួកគេអាចពឹងពាក់គាត់បាន។ យើងចង់ឲ្យបងប្អូនមានអារម្មណ៍បែបនេះចំពោះយើង។ យើងមិនអាចបង្ខំអ្នកឯទៀតឲ្យទុកចិត្តយើងបានទេ តែយើងត្រូវបង្ហាញអ្នកឯទៀតថាយើងជាមនុស្សដែលគួរឲ្យទុកចិត្ត តាមរយៈការប្រព្រឹត្តរបស់យើង។ គេនិយាយថា ការទុកចិត្តគឺប្រៀបដូចជាលុយ ពិបាករក តែងាយបាត់ទៅវិញ។ ព្រះយេហូវ៉ាពិតជាបានបង្ហាញថាលោកគឺជាបុគ្គលដែលគួរឲ្យទុកចិត្ត។ «អ្វីៗទាំងអស់ដែលលោកធ្វើគឺគួរឲ្យទុកចិត្ត»។ (ចសព. ៣៣:៤) ម្យ៉ាងទៀត លោកតម្រូវឲ្យយើងយកតម្រាប់លោក។ (អេភ. ៥:១) យើងអរគុណព្រះយេហូវ៉ា ដែលលោកបានទាញនាំយើងឲ្យចូលក្នុងក្រុមគ្រួសាររួមជំនឿដែលមានបងប្អូនចេះស្រឡាញ់គ្នានិងគួរឲ្យទុកចិត្ត! យើងទាំងអស់គ្នាមានភារកិច្ចខំព្យាយាមបង្ហាញថាយើងជាបុគ្គលដែលបងប្អូនអាចទុកចិត្ត។ កាលដែលយើងម្នាក់ៗខំប្រឹងបង្ហាញសេចក្ដីស្រឡាញ់ ចិត្តរាបទាប សមត្ថភាពវែកញែក ភាពទៀងត្រង់ និងការចេះទប់ចិត្ត យើងជួយបងប្អូនក្នុងក្រុមជំនុំរបស់យើងឲ្យទុកចិត្តគ្នា។ សូមឲ្យយើងយកតម្រាប់ព្រះយេហូវ៉ាដែលជាព្រះរបស់យើង ដោយបន្តបង្ហាញថាយើងជាមនុស្សដែលគួរឲ្យទុកចិត្ត។ w២២.០៩ ទំ.៨ វ.១-២; ទំ.១៣ វ.១៧
ថ្ងៃអាទិត្យ ទី១៤ ខែមករា
ព្រះយេហូវ៉ាតាមមើល។—ចសព. ៣៣:១៨
ទោះជាយើងជាសមាជិកក្រុមគ្រួសារដ៏ធំដែលជាអ្នកគោរពប្រណិប័តន៍ព្រះក្ដី ជួនកាលយើងប្រហែលជាមានអារម្មណ៍ឯកោ ហើយប្រហែលជាធ្លាក់ទឹកចិត្តដោយគិតថាយើងត្រូវស៊ូទ្រាំនឹងអារម្មណ៍ទាំងនេះម្នាក់ឯង។ ព្រះយេហូវ៉ាមិនចង់ឲ្យយើងមានអារម្មណ៍បែបនេះទេ។ សូមពិចារណារបៀបលោកបានប្រព្រឹត្តចំពោះអេលីយ៉ាជាអ្នកប្រកាសទំនាយ។ ព្រះយេហូវ៉ាបានលើកទឹកចិត្តគាត់ឲ្យនិយាយ។ ជាឧទាហរណ៍ អស់ពីរដង លោកបានសួរអេលីយ៉ាថា៖ «តើអ្នកមកទីនេះធ្វើអ្វី?»។ (១បស. ១៩:៩, ១៣) រាល់ដងព្រះយេហូវ៉ាស្ដាប់ពេលអេលីយ៉ារៀបរាប់អំពីអារម្មណ៍របស់គាត់។ លោកក៏បានពង្រឹងទំនុកចិត្តអេលីយ៉ាថានៅមានអ្នកគោរពប្រណិប័តន៍លោកជាច្រើននាក់ទៀត។ (១បស. ១៩:១១, ១២, ១៨) អេលីយ៉ាទំនងជាធូរចិត្តក្រោយពីគាត់បាននិយាយប្រាប់ព្រះយេហូវ៉ាអំពីអារម្មណ៍របស់គាត់ ហើយបានឮការតបឆ្លើយពីលោក។ ព្រះយេហូវ៉ាបានឲ្យគាត់ភារកិច្ចសំខាន់មួយចំនួនដូចជា តែងតាំងហាសេអែលធ្វើជាស្ដេចលើស្រុកស៊ីរី យេហ៊ូឲ្យធ្វើជាស្ដេចលើស្រុកអ៊ីស្រាអែល និងអេលីសេឲ្យធ្វើជាអ្នកប្រកាសទំនាយ។ (១បស. ១៩:១៥, ១៦) ដោយសារព្រះយេហូវ៉ាឲ្យភារកិច្ចទាំងនេះទៅអេលីយ៉ា លោកបានជួយគាត់ឲ្យផ្ចង់អារម្មណ៍ទៅលើអ្វីដែលល្អ។ ព្រះយេហូវ៉ាក៏បានឲ្យគាត់មានដៃគូដ៏ជិតស្និទ្ធម្នាក់ គឺអេលីសេ។ w២២.០៨ ទំ.៨ វ.៣; ទំ.៩ វ.៥
ថ្ងៃច័ន្ទ ទី១៥ ខែមករា
ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក។—១ថែ. ៥:១១
តើក្រុមជំនុំរបស់អ្នកធ្លាប់សាងសង់ឬធ្វើការជួសជុលដ៏ធំនៅសាលប្រជុំឬទេ? បើដូច្នេះ អ្នកច្បាស់ជានឹកចាំអំពីកិច្ចប្រជុំដំបូងដែលអ្នកបានចូលរួមនៅសាលថ្មីនោះ។ អ្នកទំនងជាមានចិត្តកតញ្ញូជាខ្លាំងចំពោះព្រះយេហូវ៉ា។ តាមពិត អ្នកប្រហែលជារំជួលចិត្តក្រៃលែងស្ទើរតែស្រក់ទឹកភ្នែក រហូតដល់ច្រៀងចម្រៀងដំបូងមិនចង់ចេញ។ សាលប្រជុំដ៏រឹងមាំរបស់យើងធ្វើឲ្យព្រះយេហូវ៉ាទទួលការសរសើរ។ ប៉ុន្តែ យើងកាន់តែធ្វើឲ្យលោកទទួលការសរសើរ ពេលដែលយើងចូលរួមកិច្ចការផ្សេងទៀត។ កិច្ចការនោះមានតម្លៃជាងកិច្ចការសាងសង់អគារ ហើយរួមមានការពង្រឹងកម្លាំងមនុស្សដែលមកកន្លែងគោរពប្រណិប័តន៍ព្រះ។ សាវ័កប៉ូលបានគិតអំពីកិច្ចការនេះ ពេលដែលគាត់បានសរសេរពាក្យនៅក្នុងបទគម្ពីរថ្ងៃនេះ។ សាវ័កប៉ូលគឺជាគំរូដ៏ល្អស្ដីអំពីបុគ្គលដែលដឹងអំពីរបៀបពង្រឹងកម្លាំងបងប្អូនឯទៀត។ គាត់មានចិត្តអាណិតមេត្តាចំពោះពួកគេ។ យើងអាចយកតម្រាប់ប៉ូល។ ការធ្វើដូច្នេះនឹងពង្រឹងកម្លាំងបងប្អូនរបស់យើងនៅសព្វថ្ងៃនេះ។—១កូ. ១១:១ w២២.០៨ ទំ.២០ វ.១-២
ថ្ងៃអង្គារ ទី១៦ ខែមករា
[ចូរ]ប្រព្រឹត្តសមជាអ្នកបម្រើរបស់ព្រះយេហូវ៉ា។—កូឡ. ១:១០
គ្រិស្តសាសនិកដែលចង់ឲ្យព្រះរាប់ជាបុគ្គលសុចរិត នឹងប្រព្រឹត្តដោយទៀងត្រង់ទាំងស្រុងក្នុងគ្រប់មុខរបររកស៊ីរបស់គាត់។ បុគ្គលសុចរិតក៏ស្រឡាញ់យុត្តិធម៌ដែរ។ គាត់ស្អប់អំពើអយុត្តិធម៌។ ម្យ៉ាងទៀត «ដើម្បីធ្វើឲ្យ[ព្រះយេហូវ៉ា]ពេញចិត្តទាំងស្រុង» បុគ្គលដែលសុចរិតពិតប្រាកដ គិតពិចារណាអំពីទស្សនៈរបស់លោកចំពោះការសម្រេចចិត្តផ្សេងៗរបស់គាត់។ គម្ពីររៀបរាប់ថាព្រះយេហូវ៉ាជាប្រភពនៃសេចក្ដីសុចរិត។ ហេតុនេះ លោកបានត្រូវហៅថាជា«លំនៅដ៏សុចរិត»។ (យេ. ៥០:៧) ក្នុងនាមជាអ្នកបង្កើត គឺមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិកំណត់អំពីអ្វីដែលខុសនិងអ្វីដែលត្រូវ។ ទស្សនៈរបស់លោកចំពោះអ្វីដែលខុសនិងអ្វីដែលត្រូវគឺខ្ពង់ខ្ពស់ជាងឆ្ងាយពីទស្សនៈរបស់យើង។ (សុភ. ១៤:១២; អេ. ៥៥:៨, ៩) ប៉ុន្តែ ដោយសារយើងបានត្រូវបង្កើតឲ្យមានភាពដូចព្រះ យើងអាចរស់នៅស្របតាមខ្នាតតម្រារបស់លោកស្ដីអំពីសេចក្ដីសុចរិត។ (ដក. ១:២៧) ម្យ៉ាងទៀត យើងចូលចិត្តធ្វើដូច្នេះ។ សេចក្ដីស្រឡាញ់របស់យើងចំពោះបិតាយើង ជំរុញចិត្តយើងឲ្យយកតម្រាប់លោកអស់ពីសមត្ថភាព។—អេភ. ៥:១ w២២.០៨ ទំ.២៧ វ.៥-៦
ថ្ងៃពុធ ទី១៧ ខែមករា
ចូរខំព្យាយាមយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។—អេភ. ៥:១៧
ពេលយើងមានបញ្ហាឬធ្លាក់ទឹកចិត្ត យើងប្រហែលជាត្រូវធ្វើអ្វីណាមួយដែលជួយយើងឲ្យឈប់ព្រួយបារម្ភអំពីបញ្ហារបស់យើង។ នោះគឺសមហេតុសមផល។ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នមិនធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់។ (អេភ. ៥:១០-១២, ១៥, ១៦) ក្នុងសំបុត្ររបស់ប៉ូលទៅកាន់គ្រិស្តសាសនិកនៅក្រុងភីលីព គាត់បានលើកទឹកចិត្តពួកគេឲ្យបន្ដពិចារណាអំពី«អ្វីៗដែលសុចរិត . . . បរិសុទ្ធ . . . គួរឲ្យស្រឡាញ់ [និង]ប្រកបដោយគុណធម៌»។ (ភី. ៤:៨) ទោះជាប៉ូលមិនសរសេរចំៗអំពីការកម្សាន្តនៅក្នុងខនេះក្ដី យើងគួរគិតអំពីរបៀបដែលខនេះជាប់ទាក់ទងនឹងការកម្សាន្តដែលយើងជ្រើសរើស។ សូមសាកធ្វើដូចតទៅនេះ៖ កន្លែងណាដែលមានពាក្យ«អ្វីៗ»ក្នុងខនេះ សូមជំនួសវាដោយពាក្យ«ចម្រៀង» «ភាពយន្ត» «រឿងប្រលោមលោក» ឬ«វីដេអូហ្គេម»។ ការធ្វើដូច្នេះអាចជួយអ្នកឲ្យដឹងថាអ្វីមួយណាអាចទទួលយកបាន ហើយអ្វីមួយណាមិនអាចទទួលយកបានតាមទស្សនៈរបស់ព្រះ។ យើងចង់ធ្វើតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។—ចសព. ១១៩:១-៣ w២២.១០ ទំ.៩ វ.១១-១២
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា
លោកជ្រាបអំពីអ្វីដែលនៅក្នុងចិត្តរបស់មនុស្ស។—យ៉ូន. ២:២៥
មុនមនុស្ស«មិនសុចរិត»ខ្លះស្លាប់ ពួកគេបានប្រព្រឹត្តអាក្រក់ខ្លាំងណាស់។ ដូច្នេះ ពួកគេត្រូវទទួលការបង្ហាត់បង្រៀនអំពីរបៀបរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ដើម្បីបង្រៀនពួកគេអំពីរបៀបធ្វើដូច្នេះ រាជាណាចក្រព្រះនឹងដឹកនាំកិច្ចការបង្រៀនដ៏ធំបំផុតដែលមិនធ្លាប់ធ្វើនៅផែនដី។ តើអ្នកណានឹងបង្រៀនមនុស្សមិនសុចរិត? គឺមនុស្សមួយក្រុមធំ និងមនុស្សសុចរិតដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ដើម្បីឲ្យមនុស្សមិនសុចរិតមានឈ្មោះនៅក្នុងសៀវភៅជីវិត ពួកគេនឹងត្រូវបណ្ដុះឲ្យមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ា ហើយប្រគល់ខ្លួនជូនលោក។ លោកយេស៊ូគ្រិស្តនិងពួកអ្នកដែលបានត្រូវរើសតាំងនឹងមើលយ៉ាងដិតដល់ពីស្ថានសួគ៌ថា តើមនុស្សមិនសុចរិតទាំងនោះមានប្រតិកម្មយ៉ាងណាចំពោះអ្វីដែលពួកគេរៀន។ (បប. ២០:៤) អ្នកណាដែលមិនព្រមទទួលជំនួយបែបនេះ នឹងត្រូវបំផ្លាញចោល ទោះជាពួកគេមានអាយុ១០០ឆ្នាំក៏ដោយ។ (អេ. ៦៥:២០) ព្រះយេហូវ៉ានិងលោកយេស៊ូអាចឃើញចិត្តមនុស្សធ្លុះ ហើយលោកទាំងពីរនឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បង្កគ្រោះថ្នាក់អ្វីនៅក្នុងពិភពលោកថ្មីទេ។—អេ. ១១:៩; ៦០:១៨; ៦៥:២៥ w២២.០៩ ទំ.១៧ វ.១១-១២
ថ្ងៃសុក្រ ទី១៩ ខែមករា
ចូរឲ្យមនុស្សទាំងអស់ចុះចូលនឹងពួកអាជ្ញាធរ។—រ៉ូម ១៣:១
ក្នុងខនេះ ពាក្យ«ពួកអាជ្ញាធរ»សំដៅទៅលើអ្នកគ្រប់គ្រងនៅផែនដីដែលមានអំណាចលើអ្នកឯទៀត។ គ្រិស្តសាសនិកត្រូវស្ដាប់បង្គាប់អ្នកគ្រប់គ្រងទាំងនោះ។ អ្នកគ្រប់គ្រងទាំងនេះរក្សាសណ្ដាប់ធ្នាប់សាធារណៈ ធ្វើឲ្យប្រាកដថាប្រជាជនធ្វើតាមច្បាប់ និងជួនកាលថែមទាំងការពាររាស្ត្ររបស់ព្រះយេហូវ៉ាទៀតផង។ (បប. ១២:១៦) ដូច្នេះ យើងគួរកោតខ្លាច លើកកិត្តិយស បង់ពន្ធ និងជូនសួយអាករតាមដែលពួកគេតម្រូវ។ (រ៉ូម ១៣:៧) ប៉ុន្តែ រដ្ឋាភិបាលទាំងនោះមានអំណាច ដោយសារតែព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកគេមាន។ លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់នូវគោលការណ៍គម្ពីរអំពីចំណុចនេះ ពេលប៉ុនទាស ពីឡាតដែលជាអភិបាលរ៉ូមបានសួរចម្លើយលោក។ កាលដែលពីឡាតបាននិយាយថា គាត់អាចសម្រេចចិត្តទុកជីវិតឲ្យលោកយេស៊ូឬឲ្យលោកស្លាប់ លោកយេស៊ូបានប្រាប់គាត់ថា៖ «អ្នកនឹងគ្មានអំណាចលើខ្ញុំទេ លុះត្រាតែអ្នកបានទទួលអំណាចពីស្ថានលើ»។ (យ៉ូន. ១៩:១១) ដូចករណីពីឡាត អំណាចរបស់អ្នកគ្រប់គ្រងជាមនុស្ស និងអ្នកនយោបាយទាំងអស់នៅសព្វថ្ងៃនេះ គឺមានកម្រិត។ w២២.១០ ទំ.១៣ វ.៦
ថ្ងៃសៅរ៍ ទី២០ ខែមករា
នឹងលែងមានមនុស្សអាក្រក់ទៀត។—ចសព. ៣៧:១០
ស្ដេចដាវីឌបានសរសេរក្រោមការដឹកនាំរបស់ព្រះថាជីវិតគឺយ៉ាងណា ពេលស្ដេចដែលមានប្រាជ្ញានិងចិត្តស្មោះត្រង់គ្រងរាជ្យ។ (ចសព. ៣៧:១០, ១១, ២៩) យើងច្រើនតែអានចម្រៀងសរសើរព្រះ ៣៧:១១ឲ្យអ្នកឯទៀតស្ដាប់ ពេលនិយាយអំពីសួនឧទ្យាននៅថ្ងៃអនាគត។ យើងមានមូលហេតុល្អឲ្យធ្វើដូច្នេះ ពីព្រោះលោកយេស៊ូបានដកស្រង់ពាក្យនេះក្នុងសុន្ទរកថារបស់លោកនៅលើភ្នំ ហើយបញ្ជាក់ថាពាក្យនោះនឹងសម្រេចនៅថ្ងៃអនាគត។ (ម៉ាថ. ៥:៥) ប៉ុន្តែ ពាក្យរបស់ដាវីឌក៏បង្ហាញអំពីជីវិតក្នុងអំឡុងសម័យកាលរបស់ស្ដេចសាឡូម៉ូនដែរ។ ពេលសាឡូម៉ូនគ្រប់គ្រងលើស្រុកអ៊ីស្រាអែល រាស្ត្រព្រះមានសន្តិភាពនិងភាពចម្រុងចម្រើនជាបរិបូរក្នុងទឹកដីដែលមាន«ទឹកដោះនិងទឹកឃ្មុំសម្បូរហូរហៀរ»។ ព្រះបានមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាបន្តកាន់តាមច្បាប់[របស់ខ្ញុំ] . . . ខ្ញុំនឹងធ្វើឲ្យស្រុករបស់អ្នករាល់គ្នាមានសុខសន្តិភាព ហើយនឹងគ្មានអ្នកណាមកធ្វើឲ្យអ្នករាល់គ្នាភ័យខ្លាចទេ»។ (ចល. ២០:២៤; ២៦:៣, ៦) សេចក្ដីសន្យាទាំងនេះបានក្លាយជាការពិតក្នុងអំឡុងការគ្រប់គ្រងរបស់សាឡូម៉ូន។ (១ប្រ. ២២:៩; ២៩:២៦-២៨) ពាក្យនៅចម្រៀងសរសើរព្រះ ៣៧:១០, ១១, ២៩ បានសម្រេចនៅសម័យបុរាណ ហើយក៏នឹងសម្រេចនៅថ្ងៃអនាគតដែរ។ w២២.១២ ទំ.១០ វ.៨
ថ្ងៃអាទិត្យ ទី២១ ខែមករា
អ្នកណាដែលកាន់ខ្ជាប់តាមប្រាជ្ញា អ្នកនោះនឹងមានជីវិតរស់នៅ ហើយមានសុភមង្គល។—សុភ. ៣:១៨
ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវធ្វើតាមការណែនាំ។ គម្ពីរផ្ដល់យោបល់ដ៏មានប្រយោជន៍នេះថា៖ «បើមានការណែនាំពីអ្នកដែលឈ្លាសវៃ នោះការធ្វើសង្គ្រាមនឹងបានជោគជ័យ ហើយបើមានមនុស្សច្រើននាក់ឲ្យយោបល់ នោះនឹងបានសម្រេច»។ (សុភ. ២៤:៦, កំ.ស.) តើការធ្វើតាមខនេះជួយយើងយ៉ាងណាឲ្យទៅជាអ្នកផ្សព្វផ្សាយនិងអ្នកបង្រៀនដ៏ល្អប្រសើរជាង? ជាជាងបំពេញកិច្ចបម្រើផ្សាយតាមតែចិត្តខ្លួនឯង យើងព្យាយាមធ្វើតាមយោបល់ដែលយើងបានទទួល។ យើងទទួលការណែនាំដែលប្រកបដោយប្រាជ្ញានៅកិច្ចប្រជុំគ្រិស្តសាសនិក។ នៅទីនោះយើងអាចរៀនពីរបៀបដែលអ្នកមានបទពិសោធន៍បង្រៀនគម្ពីរ។ បន្ថែមទៅទៀត អង្គការព្រះយេហូវ៉ាផ្ដល់ឧបករណ៍ផ្សេងៗដែលមានប្រយោជន៍ ពោលគឺសៀវភៅនិងវីដេអូដែលអាចជួយមនុស្សឲ្យយល់គម្ពីរ។ យើងសប្បាយចិត្តខ្លាំងណាស់ដែលមានយោបល់ល្អក្នុងបណ្ដាំព្រះ។ បើគ្មានយោបល់នោះ ជីវិតយើងគឺគ្មានន័យឡើយ។ សូមឲ្យយើងតែងតែតាំងចិត្តប្រព្រឹត្តតាមប្រាជ្ញាដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យ។—សុភ. ៣:១៣-១៧ w២២.១០ ទំ.២៣ វ.១៨-១៩
ថ្ងៃច័ន្ទ ទី២២ ខែមករា
ប្រសាសន៍របស់លោកផ្អែមជាប់មាត់ខ្ញុំ គឺផ្អែមជាងទឹកឃ្មុំទៅទៀត!—ចសព. ១១៩:១០៣
ពេលយើងបរិភោគអាហារ ហើយអាហារនោះរំលាយទៅ រូបកាយរបស់យើងកាន់តែមាំមួន។ ស្រដៀងគ្នាដែរ ពេលយើងសិក្សាបណ្ដាំព្រះនិងរំពឹងគិតអំពីអ្វីដែលយើងអាន ជំនឿយើងកាន់តែមាំមួនឡើង។ ព្រះយេហូវ៉ាចង់ឲ្យយើងយល់ច្បាស់អំពីបណ្ដាំនោះ។ យើងអាចធ្វើដូច្នេះតាមរយៈការអធិដ្ឋាន ការអាន និងការរំពឹងគិត។ ដំបូង យើងអធិដ្ឋានដើម្បីត្រៀមចិត្តទទួលយកគំនិតរបស់ព្រះ។ បន្ទាប់មក យើងអានគម្ពីរ។ បន្ទាប់មកទៀត យើងផ្អាកដើម្បីរំពឹងគិត ពោលគឺគិតឲ្យបានជ្រាលជ្រៅអំពីអ្វីដែលយើងបានអាន។ តើនោះនឹងមានលទ្ធផលអ្វី? កាលដែលយើងកាន់តែរំពឹងគិត យើងនឹងកាន់តែយល់ច្បាស់អំពីបណ្ដាំព្រះ ហើយនោះនឹងពង្រឹងជំនឿរបស់យើង។ ហេតុអ្វីគឺសំខាន់ចាំបាច់ឲ្យអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងអាន? ពីព្រោះការធ្វើដូច្នេះផ្ដល់កម្លាំងចិត្តដែលយើងត្រូវការដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រនៅឥឡូវនេះ និងដើម្បីប្រកាសអំពីដំណឹងវិនិច្ឆ័យចំៗដែលយើងប្រហែលជាផ្សាយនៅពេលអនាគតឆាប់ៗនេះ។ ម្យ៉ាងទៀត ពេលយើងរំពឹងគិតអំពីគុណសម្បត្តិដ៏គួរឲ្យទាក់ទាញរបស់ព្រះយេហូវ៉ា ចំណងមិត្តភាពរបស់យើងជាមួយលោកនឹងកាន់តែរឹងមាំ។ w២២.១១ ទំ.៧ វ.១៦-១៧
ថ្ងៃអង្គារ ទី២៣ ខែមករា
យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា។—យ៉ូន. ១៣:៣៥
លោកយេស៊ូបានបង្ហាញថាមិនមែនមានតែពួកអ្នកកាន់តាមលោកប៉ុណ្ណោះទេ ដែលនឹងកត់សម្គាល់ពួកអ្នកកាន់តាមពិតរបស់លោកតាមរយៈសេចក្ដីស្រឡាញ់មិនគិតប្រយោជន៍ខ្លួនដែលពួកគេមានចំពោះគ្នាទៅវិញទៅមក តែពួកអ្នកខាងក្រៅក្រុមជំនុំគ្រិស្តសាសនិកក៏កត់សម្គាល់ដែរ។ សេចក្ដីស្រឡាញ់ដែលមានក្នុងចំណោមបងប្អូនក្នុងក្រុមជំនុំគ្រិស្តសាសនិកគឺអស្ចារ្យណាស់។ ប៉ុន្តែសាក្សីព្រះយេហូវ៉ាជាមនុស្សមិនល្អឥតខ្ចោះទេ។ (១យ៉ូន. ១:៨) ដូច្នេះ កាលដែលយើងកាន់តែស្គាល់បងប្អូនក្នុងក្រុមជំនុំ យើងទំនងជានឹងកាន់តែឃើញកំហុសខ្លះរបស់ពួកគេ។ (រ៉ូម ៣:២៣) គួរឲ្យស្ដាយ អ្នកខ្លះបានអនុញ្ញាតឲ្យភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត ធ្វើឲ្យពួកគេជំពប់ដួល។ តើលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកអ្នកកាន់តាមលោកតាមរបៀបណា? តើពួកអ្នកកាន់តាមអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេចនៅសព្វថ្ងៃនេះ?›។ សាក្សីព្រះយេហូវ៉ាក៏គួរគិតអំពីចម្លើយចំពោះសំណួរទាំងនេះដែរ។ ការធ្វើដូច្នេះប្រហែលជាជួយយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងជាពិសេសពេលឃើញភាពមិនល្អឥតខ្ចោះរបស់គ្នាទៅវិញទៅមក។—អេភ. ៥:២ w២៣.០៣ ទំ.២៦-២៧ វ.២-៤
ថ្ងៃពុធ ទី២៤ ខែមករា
លោកបង្ហាញភក្ដីភាពចំពោះអ្នកដែលមានភក្ដីភាព។—ចសព. ១៨:២៥
កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ យើងអាចរំពឹងថាយើងនឹងជួបការពិបាកផ្សេងៗដែលមកពីខាងក្នុងក្រុមជំនុំ។ ការពិបាកទាំងនោះអាចសាកល្បងភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា។ ដូច្នេះយើងត្រូវដឹងខ្លួនជានិច្ច។ បើអ្នកមានអារម្មណ៍ថាបងប្អូនរួមជំនឿធ្វើខុសនឹងអ្នក សូមគ្រប់គ្រងអារម្មណ៍ដើម្បីកុំឲ្យក្ដៅចិត្ត។ បើអ្នកទទួលការប្រៀនប្រដៅ សូមកុំផ្ដោតអារម្មណ៍ទៅលើការអៀនខ្មាស តែចូរទទួលយកយោបល់ ហើយធ្វើការកែប្រែដែលចាំបាច់។ ម្យ៉ាងទៀត ពេលអង្គការព្រះយេហូវ៉ាធ្វើការផ្លាស់ប្ដូរដែលមានឥទ្ធិពលមកលើអ្នកផ្ទាល់ សូមទទួលយកការផ្លាស់ប្ដូរទាំងនោះយ៉ាងអស់ពីចិត្ត ហើយធ្វើតាមការណែនាំ។ ពេលភក្ដីភាពរបស់អ្នកបានត្រូវល្បងល សូមរក្សាទំនុកចិត្តទៅលើព្រះយេហូវ៉ានិងអង្គការរបស់លោក។ សូមរក្សាចិត្តស្ងប់ គិតឲ្យបានច្បាស់លាស់ និងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ សូមកុំញែកខ្លួនចេញពីក្រុមជំនុំ។ យ៉ាងនេះ មិនថាមានរឿងអ្វីកើតឡើងក្ដី សាថាននឹងមិនអាចធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ាឬអង្គការរបស់លោកឡើយ។—យ៉ា. ៤:៧ w២២.១១ ទំ.២៤-២៥ វ.១៤-១៦
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា
ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់។—១ពេ. ២:១៧
អ្នកចាស់ទុំ ចូរជួយបងប្អូនឲ្យត្រៀមខ្លួនមុនមានគ្រោះមហន្តរាយ។ សូមធ្វើឲ្យប្រាកដថាបងប្អូនទាំងអស់ក្នុងក្រុមជំនុំដឹងអំពីអ្វីដែលពួកគេត្រូវធ្វើដើម្បីរក្សាសុវត្ថិភាព ហើយស្គាល់របៀបទាក់ទងជាមួយពួកអ្នកចាស់ទុំ។ តើអ្នកផ្ទាល់អាចធ្វើអ្វីខ្លះ? បើគ្រោះមហន្តរាយកើតឡើងនៅតំបន់ដែលនៅជិតអ្នក សូមសួរអ្នកចាស់ទុំថាតើអ្នកអាចជួយអ្វីបាន។ ប្រហែលជាអ្នកអាចឲ្យកន្លែងស្នាក់នៅបណ្ដោះអាសន្នដល់ពួកអ្នកដែលត្រូវចាកចេញពីផ្ទះរបស់ពួកគេ ឬពួកអ្នកដែលកំពុងជួយកិច្ចការខាងផ្ដល់ជំនួយពេលមហន្តរាយ។ អ្នកប្រហែលជាអាចឲ្យអាហារនិងរបស់របរដែលអ្នកផ្សាយត្រូវការ។ បើគ្រោះមហន្តរាយកើតឡើងនៅតំបន់ឆ្ងាយជាង អ្នកនៅតែអាចជួយ។ តើតាមរបៀបណា? គឺដោយអធិដ្ឋានឲ្យពួកអ្នកដែលរងគ្រោះ។ (២កូ. ១:៨-១១) អ្នកប្រហែលជាអាចគាំទ្រកិច្ចការខាងផ្ដល់ជំនួយដោយឲ្យវិភាគទានជាលុយសម្រាប់កិច្ចការទូទាំងពិភពលោក។ (២កូ. ៨:២-៥) បើអ្នកអាចធ្វើដំណើរទៅជួយនៅតំបន់ដែលមានមហន្តរាយ សូមសួរពួកអ្នកចាស់ទុំអំពីអ្វីដែលអ្នកអាចធ្វើដើម្បីផ្ដល់ជំនួយ។ បើអ្នកបានត្រូវអញ្ជើញឲ្យធ្វើដូច្នេះ អ្នកទំនងជានឹងទទួលការបង្ហាត់បង្រៀនខ្លះៗដើម្បីអ្នកអាចជួយតាមរបៀបដ៏ល្អបំផុត។ w២២.១២ ទំ.២៤ វ.៨; ទំ.២៥ វ.១១-១២
ថ្ងៃសុក្រ ទី២៦ ខែមករា
គ្មានសេចក្ដីល្បួងណាកើតមានដល់អ្នករាល់គ្នាដែលមនុស្សឯទៀតមិនធ្លាប់ជួបនោះឡើយ។—១កូ. ១០:១៣
ប្រយោគនេះបានត្រូវសរសេរទៅកាន់បុរសស្ត្រីគ្រិស្តសាសនិកដែលរស់នៅក្រុងកូរិនថូស។ អ្នកខ្លះធ្លាប់ជាអ្នកផិតក្បត់ មនុស្សដែលស្រឡាញ់ភេទដូចគ្នា និងអ្នកប្រមឹកស្រា។ (១កូ. ៦:៩-១១) តើអ្នកគិតថាក្រោយពីពួកគេទទួលការជ្រមុជទឹក ពួកគេមិនដែលមានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវទាល់តែសោះឬទេ? គឺមិនអាចដូច្នេះទេ។ ពិតមែនថា ពួកអ្នកទាំងនោះគឺជាគ្រិស្តសាសនិកដែលព្រះបានរើសតាំង ប៉ុន្តែពួកគេនៅតែជាមនុស្សមិនល្អឥតខ្ចោះ។ ពួកគេច្បាស់ជាត្រូវតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវដែលកើតមានម្ដងម្កាល។ នេះគួរលើកទឹកចិត្តយើង។ ហេតុអ្វី? ដោយសារនេះបង្ហាញថាមិនថាអ្នកកំពុងតយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវណាក៏ដោយ អ្នកឯទៀតបានយកឈ្នះវា។ អ្នកអាចមានជំនឿមាំមួន‹ដោយដឹងថាបងប្អូនរបស់អ្នករាល់គ្នាកំពុងឆ្លងកាត់ទុក្ខលំបាកដូចគ្នាដែរ›។—១ពេ. ៥:៩ w២៣.០១ ទំ.១២ វ.១៥
ថ្ងៃសៅរ៍ ទី២៧ ខែមករា
ក្នុងពិភពលោក អ្នករាល់គ្នានឹងមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ។—យ៉ូន. ១៦:៣៣
លោកយេស៊ូបានសុំព្រះយេហូវ៉ាឲ្យការពារពួកអ្នកកាន់តាមលោក។ (យ៉ូន. ១៧:១១) ហេតុអ្វីនេះធ្វើឲ្យយើងមានចិត្តក្លាហាន? ពីព្រោះព្រះយេហូវ៉ាខ្លាំងជាងសត្រូវណាទាំងអស់របស់យើង។ (១យ៉ូន. ៤:៤) លោកឃើញអ្វីៗទាំងអស់។ យើងជឿជាក់ថាបើយើងពឹងផ្អែកព្រះយេហូវ៉ា យើងអាចយកឈ្នះការភ័យខ្លាចរបស់យើង ហើយបង្ហាញចិត្តក្លាហាន។ ជួនកាលតើអ្នកមានអារម្មណ៍អៀនខ្មាសក្នុងការប្រាប់អ្នកឯទៀតថាអ្នកជាសាក្សីព្រះយេហូវ៉ាឬ? តើអ្នកស្ទាក់ស្ទើរចាប់ផ្ដើមធ្វើជាអ្នកផ្សព្វផ្សាយឬទទួលការជ្រមុជទឹក ដោយសារអ្នកបារម្ភអំពីអ្វីដែលអ្នកឯទៀតនឹងគិតអំពីអ្នកឬទេ? សូមកុំឲ្យអារម្មណ៍បែបនេះបញ្ឈប់អ្នកពីការធ្វើអ្វីដែលអ្នកដឹងថាគឺត្រឹមត្រូវឡើយ។ សូមអធិដ្ឋានយ៉ាងស្មោះទៅព្រះយេហូវ៉ា។ សូមសុំលោកឲ្យផ្ដល់ចិត្តក្លាហានដល់អ្នកដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ កាលដែលអ្នកឃើញរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នក អ្នកនឹងកាន់តែមាំមួនឡើង ហើយមានចិត្តក្លាហានជាង។—អេ. ៤១:១០, ១៣ w២៣.០១ ទំ.៣០ វ.១២, ១៤
ថ្ងៃអាទិត្យ ទី២៨ ខែមករា
តើអ្នករាល់គ្នាមិនធ្លាប់អាន . . . ទេឬ?—ម៉ាថ. ១២:៣
លោកយេស៊ូបានសួរសំណួរថា៖ ‹តើអ្នករាល់គ្នាមិនធ្លាប់អានទេឬ?› ដើម្បីបង្ហាញថាពួកផារិស៊ីមានទស្សនៈមិនត្រឹមត្រូវចំពោះបទគម្ពីរ។ (ម៉ាថ. ១២:១-៧) នៅពេលនោះ ពួកផារិស៊ីបានអះអាងថាពួកអ្នកកាន់តាមលោកយេស៊ូបានបំពានច្បាប់ថ្ងៃឈប់សម្រាក។ ក្នុងការតបឆ្លើយ លោកយេស៊ូបានដកស្រង់គំរូពីរក្នុងបទគម្ពីរ ហើយបានដកស្រង់ខគម្ពីរមួយពីសៀវភៅហូសេដើម្បីបង្ហាញថាពួកផារិស៊ីមិនយល់អំពីមូលហេតុដែលច្បាប់ថ្ងៃឈប់សម្រាកបានត្រូវរៀបចំឡើង ព្រមទាំងមិនបង្ហាញសេចក្ដីមេត្តាករុណាទេ។ ហេតុអ្វីពួកបុរសទាំងនេះមិនទទួលឥទ្ធិពលពីការអានបណ្ដាំរបស់ព្រះ? ពីព្រោះពួកគេអានដោយមានគំនិតរិះគន់និងមានអំណួត។ ចិត្តគំនិតរបស់ពួកគេបានរារាំងពួកគេមិនឲ្យយល់អ្វីដែលពួកគេអាន។ (ម៉ាថ. ២៣:២៣; យ៉ូន. ៥:៣៩, ៤០) សូមកត់សម្គាល់ផងដែរនូវម៉ាថាយ ១៩:៤-៦។ នៅទីនោះលោកយេស៊ូបានសួរពួកផារិស៊ីនូវសំណួរដូចគ្នា គឺថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានទេ?»។ ទោះជាពួកគេបានអានកំណត់ហេតុអំពីការបង្កើតក្ដី ពួកគេបានរំលងអ្វីដែលកំណត់ហេតុនោះបានបង្រៀនអំពីទស្សនៈរបស់ព្រះចំពោះអាពាហ៍ពិពាហ៍។ យើងរៀនពីប្រសាសន៍របស់លោកយេស៊ូថា យើងត្រូវអានគម្ពីរដោយមានចិត្តគំនិតត្រឹមត្រូវ។ ខុសពីពួកផារិស៊ី យើងត្រូវមានចិត្តរាបទាបនិងសុខចិត្តរៀន។ w២៣.០២ ទំ.១២ វ.១២-១៣
ថ្ងៃច័ន្ទ ទី២៩ ខែមករា
សមត្ថភាពរិះគិតនឹងរក្សាកូន។—សុភ. ២:១១
ព្រះយេហូវ៉ាបានឲ្យច្បាប់ដល់ជនជាតិអ៊ីស្រាអែលអំពីរបៀបការពារខ្លួនពីគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗនៅផ្ទះនិងពេលដែលពួកគេធ្វើការ។ (ដច. ២១:២៨, ២៩; បច. ២២:៨) បើនរណាម្នាក់បានសម្លាប់បុគ្គលម្នាក់ទៀតដោយអចេតនា នោះនឹងនាំឲ្យមានលទ្ធផលធ្ងន់ធ្ងរ។ (បច. ១៩:៤, ៥) តាមច្បាប់ សូម្បីតែអ្នកណាដែលធ្វើឲ្យកូនដែលមិនទាន់កើតរងគ្រោះ ក៏ត្រូវទទួលទោស។ (ដច. ២១:២២, ២៣) បទគម្ពីរបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាចង់ឲ្យយើងខំអស់ពីសមត្ថភាពដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ។ យើងបង្ហាញថាយើងឲ្យតម្លៃជីវិតជាអំណោយពីព្រះដោយព្យាយាមរក្សាសុវត្ថិភាពនៅផ្ទះនិងនៅកន្លែងធ្វើការ។ យើងបោះចោលវត្ថុមុតស្រួច សារធាតុគីមី ឬថ្នាំតាមរបៀបដែលមានសុវត្ថិភាព ហើយយើងរក្សាទុករបស់ទាំងនោះនៅកន្លែងដែលផុតពីដៃក្មេង។ យើងប្រុងប្រយ័ត្នពេលធ្វើអ្វីដែលមានអណ្ដាតភ្លើង ទឹកក្ដៅ ឬឧបករណ៍ជាងដែលប្រើភ្លើង ហើយមិនទុករបស់ទាំងនោះចោលឡើយ។ យើងមិនបើកឡានកាលដែលយើងមិនអាចប្រុងស្មារតីដោយសារយើងប្រើថ្នាំ ផឹកស្រា ឬអត់ងងុយទេ ឬបំបែរអារម្មណ៍ដោយប្រើគ្រឿងអេឡិចត្រូនិកពេលដែលកំពុងបើកបរឡើយ។ w២៣.០២ ទំ.២១-២២ វ.៧-៩
ថ្ងៃអង្គារ ទី៣០ ខែមករា
អ្នករាល់គ្នានឹងឃើញគ្រូបង្រៀនដ៏ឧត្ដមបំផុត។—អេ. ៣០:២០
ព្រះយេហូវ៉ាជាគ្រូបង្រៀនដែលមានចិត្តអត់ធ្មត់ សប្បុរស និងយល់អារម្មណ៍។ លោករកមើលចំណុចល្អរបស់សិស្សលោក។ (ចសព. ១៣០:៣) ម្យ៉ាងទៀត លោកមិនតម្រូវឲ្យយើងធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងឡើយ។ សូមចាំថា លោកបានបង្កើតខួរក្បាលរបស់យើងដែលជាអំណោយដ៏អស្ចារ្យមួយ។ (ចសព. ១៣៩:១៤) អ្នកបង្កើតរបស់យើងចង់ឲ្យយើងបន្តរៀនជារៀងរហូត ហើយសប្បាយនឹងការរៀននោះ។ ដូច្នេះ គឺជាការឈ្លាសវៃឲ្យយើង«បណ្ដុះការស្រេកឃ្លាន»ចំពោះសេចក្ដីពិតក្នុងគម្ពីរនៅឥឡូវនេះ។ (១ពេ. ២:២) សូមកំណត់គោលដៅដែលអ្នកអាចសម្រេចបាន ព្រមទាំងអាននិងសិក្សាគម្ពីរជាទៀងទាត់។ (យ៉ូស. ១:៨) ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកនឹងរៀនឲ្យចេះចូលចិត្តអាននិងសិក្សាអំពីលោកកាន់តែច្រើនឡើង។ ការមានចំណេះគឺមិនគ្រប់គ្រាន់ទេ។ មូលហេតុដែលអ្នកត្រូវការចំណេះគឺដើម្បីអ្នកអាចរៀនថែមទៀតអំពីព្រះយេហូវ៉ា ហើយបណ្ដុះឲ្យមានគុណសម្បត្តិដូចជាសេចក្ដីស្រឡាញ់ចំពោះលោកនិងជំនឿលើលោក។ (១កូ. ៨:១-៣) កាលដែលអ្នកបន្តរៀន សូមសុំព្រះយេហូវ៉ាជួយអ្នកឲ្យមានជំនឿថែមទៀត។ (លូក. ១៧:៥) លោកមិនកំណាញ់នឹងការតបឆ្លើយសេចក្ដីអធិដ្ឋានបែបនេះទេ។ w២៣.០៣ ទំ.១០ វ.១១, ១៣
ថ្ងៃពុធ ទី៣១ ខែមករា
ចូរប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។—កូឡ. ៤:៥
លោកយេស៊ូចង់ឲ្យពួកអ្នកកាន់តាមលោកជាប់រវល់កាលដែលពួកគេទន្ទឹងរង់ចាំឲ្យទីបញ្ចប់មកដល់។ លោកបានប្រគល់កិច្ចការឲ្យពួកគេ។ លោកបានបង្គាប់ពួកគេឲ្យផ្សព្វផ្សាយដំណឹងល្អ«នៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅទូទាំងស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្ម. ១:៦-៨) នោះគឺជាកិច្ចការដ៏ច្រើនមែន! ដោយខំអស់ពីសមត្ថភាពរបស់ពួកគេដើម្បីផ្សព្វផ្សាយដល់អ្នកឯទៀត ពួកគេបានប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។ ដើម្បីមិនភ្លេចខ្លួនឲ្យសោះ យើងត្រូវគិតអំពីរបៀបដែលយើងប្រើពេលវេលា។ «ហេតុការណ៍ដែលមិនបានរំពឹងទុក»អាចកើតឡើងចំពោះយើងទាំងអស់គ្នា។ (អទ. ៩:១១) យើងអាចបាត់បង់ជីវិតដោយមិនដឹងទុកជាមុន។ យើងអាចប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុតដោយធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ានិងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយលោក។ (យ៉ូន. ១៤:២១) យើងត្រូវ‹ពង្រឹងជំហរឲ្យមាំមួនឡើង និងមិនត្រូវរង្គោះរង្គើឡើយ ហើយជាប់រវល់ជានិច្ចក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់›។ (១កូ. ១៥:៥៨) យ៉ាងនេះពេលទីបញ្ចប់មកដល់ មិនថាទីបញ្ចប់នៃជីវិតរបស់យើងឬទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏ទុច្ចរិតនេះក្ដី យើងនឹងមិនស្ដាយក្រោយសោះ។—ម៉ាថ. ២៤:១៣; រ៉ូម ១៤:៨ w២៣.០២ ទំ.១៨-១៩ វ.១២-១៤