បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es25 ទំ. ៧-១៧
  • ខែ​មករា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែ​មករា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
  • ចំណងជើងតូច
  • ថ្ងៃ​ពុធ ទី​១ ខែ​មករា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា
  • ថ្ងៃ​សុក្រ ទី​៣ ខែ​មករា
  • ថ្ងៃ​សៅរ៍ ទី​៤ ខែ​មករា
  • ថ្ងៃ​អាទិត្យ ទី​៥ ខែ​មករា
  • ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា
  • ថ្ងៃ​អង្គារ ទី​៧ ខែ​មករា
  • ថ្ងៃ​ពុធ ទី​៨ ខែ​មករា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មករា
  • ថ្ងៃ​សុក្រ ទី​១០ ខែ​មករា
  • ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា
  • ថ្ងៃ​អាទិត្យ ទី​១២ ខែ​មករា
  • ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មករា
  • ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា
  • ថ្ងៃ​ពុធ ទី​១៥ ខែ​មករា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មករា
  • ថ្ងៃ​សុក្រ ទី​១៧ ខែ​មករា
  • ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មករា
  • ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា
  • ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករា
  • ថ្ងៃ​អង្គារ ទី​២១ ខែ​មករា
  • ថ្ងៃ​ពុធ ទី​២២ ខែ​មករា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មករា
  • ថ្ងៃ​សុក្រ ទី​២៤ ខែ​មករា
  • ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា
  • ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា
  • ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មករា
  • ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា
  • ថ្ងៃ​ពុធ ទី​២៩ ខែ​មករា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មករា
  • ថ្ងៃ​សុក្រ ទី​៣១ ខែ​មករា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
es25 ទំ. ៧-១៧

ខែ​មករា

ថ្ងៃ​ពុធ ទី​១ ខែ​មករា

មាន​គេ​សែង​សព​បុរស​ម្នាក់។ គាត់​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​ស្ត្រី​មេម៉ាយ​ម្នាក់។—លូក. ៧:១២

លោក​យេស៊ូ​«​ក្រឡេក​ទៅ​ឃើញ​»​ម្ដាយ​ដែល​កើត​ទុក្ខ​នោះ​សិន រួច​មក​«​លោក​មាន​ចិត្ត​ក្ដួល​អាណិត​»​ចំពោះ​នាង។ (​លូក. ៧:១៣​) ប៉ុន្តែ លោក​យេស៊ូ​មិន​គ្រាន់​តែ​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​ម្ដាយ​នោះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​នាង​ដែរ។ លោក​បាន​មាន​ប្រសាសន៍​ទៅ​នាង ទំនង​ជា​ដោយ​សំឡេង​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ថា​៖ ​«​ឈប់​យំ​ទៅ​»។ បន្ទាប់​មក លោក​បាន​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នាង។ លោក​បាន​ប្រោស​កូន​ប្រុស​នោះ​ឲ្យ​មាន​ជីវិត​ឡើង​វិញ ហើយ​«​ប្រគល់​គាត់​ឲ្យ​ម្ដាយ​គាត់​វិញ​»។ (​លូក. ៧:១៤, ១៥​) តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​អំពី​ការ​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ឲ្យ​រស់​ឡើង​វិញ? យើង​រៀន​មេ​រៀន​អំពី​ការ​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ។ ដូច​លោក​យេស៊ូ យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ ដោយ​សង្កេត​មើល​ស្ថានភាព​របស់​ពួក​គេ។ យើង​អាច​ចាត់​វិធានការ​ទុក​ជា​មុន​ដើម្បី​បង្ហាញ​ចិត្ត​អាណិត​មេត្តា តាម​រយៈ​ការ​និយាយ​និង​ការ​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ពួក​គេ ហើយ​សម្រាល​ទុក្ខ​ពួក​គេ។ (​សុភ. ១៧:១៧; ២កូ. ១:៣, ៤; ១ពេ. ៣:៨​) សូម្បី​តែ​ពាក្យ​សាមញ្ញ​និង​ការ​ប្រព្រឹត្ត​បន្តិច​បន្តួច ក៏​អាច​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​ពួក​គេ​ខ្លាំង​ណាស់។ w​២៣.០៤ ទំ.៥​-​៦ វ.១៣​-​១៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា

លទ្ធផល​នៃ​ជំងឺ​នេះ​មិន​មែន​ជា​សេចក្ដី​ស្លាប់​ទេ តែ​គឺ​ជា​ការ​លើក​តម្កើង​ព្រះ​វិញ។—យ៉ូន. ១១:៤

ទោះ​ជា​លោក​យេស៊ូ​ដឹង​ថា​ឡាសា​ដែល​ជា​មិត្ត​របស់​លោក​បាន​ស្លាប់​ក្ដី លោក​នៅ​តែ​បន្ត​នៅ​ទី​នោះ​អស់​ពីរ​ថ្ងៃ​ទៀត ហើយ​ក្រោយ​មក លោក​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថានី។ ដូច្នេះ នៅ​ពេល​ដែល​លោក​យេស៊ូ​ទៅ​ដល់ ឡាសា​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ។ លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​មួយ​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មិត្ត​សម្លាញ់​របស់​លោក ហើយ​លើក​តម្កើង​ព្រះ។ (​យ៉ូន. ១១:៦, ១១, ១៧​) កំណត់​ហេតុ​នេះ​បង្រៀន​យើង​មេ​រៀន​មួយ​អំពី​មិត្តភាព។ សូម​គិត​អំពី​នេះ​៖ ពេល​ម៉ារៀ​និង​ម៉ាថា​បាន​នាំ​ដំណឹង​ទៅ​ប្រាប់​លោក​យេស៊ូ ពួក​គាត់​មិន​បាន​សុំ​លោក​ឲ្យ​មក​ភូមិ​បេថានី​ទេ។ ពួក​គាត់​គ្រាន់​តែ​និយាយ​ថា​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​កំពុង​ឈឺ។ (​យ៉ូន. ១១:៣​) ពេល​ឡាសា​ស្លាប់ លោក​យេស៊ូ​អាច​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ពី​ចម្ងាយ​ក៏​បាន ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​ទៅ​ភូមិ​បេថានី​ដើម្បី​នៅ​ជា​មួយ​មិត្ត​របស់​លោក​គឺ​ម៉ារៀ​និង​ម៉ាថា។ តើ​អ្នក​មាន​មិត្ត​ដែល​នឹង​មក​ជួយ​អ្នក​ដោយ​មិន​ចាំ​បាច់​សុំ​ឬ​ទេ? យ៉ាង​នេះ អ្នក​ដឹង​ថា​អ្នក​អាច​ពឹង​ពាក់​គាត់​ឲ្យ​ជួយ​«​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។ (​សុភ. ១៧:១៧​) ដូច​លោក​យេស៊ូ សូម​យើង​ធ្វើ​ជា​មិត្ត​បែប​នេះ​របស់​អ្នក​ឯ​ទៀត! w​២៣.០៤ ទំ.១០ វ.១០​-​១១

ថ្ងៃ​សុក្រ ទី​៣ ខែ​មករា

លោក​ដែល​បាន​សន្យា​គឺ​ស្មោះ​ត្រង់។—ហេ. ១០:២៣

ពេល​មាន​ទុក្ខ​លំបាក យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពិភព​លោក​ថ្មី​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​មក​ឆាប់​ៗ​ទេ។ តើ​នេះ​មាន​ន័យ​ថា​យើង​មាន​ជំនឿ​ខ្សោយ​ឬ? មិន​តែង​តែ​ដូច្នេះ​ទេ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង​ដែល​ក្ដៅ​ខ្លាំង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​រដូវ​វស្សា​នៅ​យូរ​ទៀត។ ប៉ុន្តែ យើង​ដឹង​ថា​វា​នឹង​មក។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ពិភព​លោក​ថ្មី​នឹង​មិន​មក​ឆាប់​ៗ​ទេ។ ប៉ុន្តែ បើ​ជំនឿ​របស់​យើង​រឹង​មាំ យើង​ដឹង​ថា​ពិភព​លោក​ថ្មី​នឹង​មក​មិន​ខាន ព្រោះ​ព្រះ​យេហូវ៉ា​បាន​សន្យា​ហើយ។ (​ចសព. ៩៤:៣, ១៤, ១៥; ហេ. ៦:១៧​-​១៩​) ដោយ​មាន​ទំនុក​ចិត្ត​បែប​នេះ យើង​អាច​បន្ដ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ យើង​ក៏​ត្រូវ​ការ​ជំនឿ​រឹង​មាំ​ដើម្បី​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា​«​ដំណឹង​ល្អ​»​អំពី​ពិភព​លោក​ថ្មី​របស់​ព្រះ​ដែល​នៅ​ឆាប់​ៗ​ខាង​មុខ​គឺ​ល្អ​ពេក​ហួស​ពី​ការ​ពិត។ (​ម៉ាថ. ២៤:១៤; អេគ. ៣៣:៣២​) សូម​ប្រុង​ប្រយ័ត្ន​មិន​កើត​ចិត្ត​សង្ស័យ​ដូច​ពួក​គេ​ទៅ​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ឡើយ។ ដើម្បី​ការ​ពារ​មិន​ឲ្យ​នេះ​កើត​ឡើង យើង​ត្រូវ​បន្ដ​ពង្រឹង​ជំនឿ​របស់​យើង។ w​២៣.០៤ ទំ.២៧ វ.៦​-​៧; ទំ.៣០ វ.១៤

ថ្ងៃ​សៅរ៍ ទី​៤ ខែ​មករា

យើង​ដឹង​ថា​យើង​នឹង​ទទួល ពីព្រោះ​យើង​បាន​សុំ​ពី​លោក។—១​យ៉ូន. ៥:១៥

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ឬ​យ៉ាង​ណា​ទេ? បើ​ដូច្នេះ មិន​មែន​មាន​តែ​អ្នក​ប៉ុណ្ណោះ​ទេ។ បង​ប្អូន​ជា​ច្រើន​នាក់​ក៏​បាន​និយាយ​ថា​ពួក​គេ​ឆ្ងល់​អំពី​រឿង​នេះ​ដែរ ជា​ពិសេស​ពេល​ពួក​គេ​ជួប​បញ្ហា។ បើ​យើង​កំពុង​រង​ទុក្ខ យើង​ក៏​ប្រហែល​ជា​ពិបាក​កត់​សម្គាល់​ជាង​នូវ​របៀប​ដែល​ព្រះ​យេហូវ៉ា​កំពុង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក? បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក។ (​ហាក. ២:៧; ១​យ៉ូន. ៤:១០​) នេះ​ជា​មូលហេតុ​ដែល​លោក​អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក។ (​១ពេ. ៥:៦, ៧​) លោក​ចង់​ជួយ​យើង​ឲ្យ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​លោក ហើយ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដែល​យើង​ជួប​ប្រទះ។ ក្នុង​គម្ពីរ យើង​ច្រើន​តែ​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក។ តើ​អ្នក​អាច​គិត​អំពី​ឧទាហរណ៍​មួយ​បាន​ឬ​ទេ? w​២៣.០៥ ទំ.៨ វ.១​-​៤

ថ្ងៃ​អាទិត្យ ទី​៥ ខែ​មករា

ម៉ារៀ​និយាយ​ថា​៖ ​«​ខ្ញុំ​លើក​តម្កើង​ព្រះ​យេហូវ៉ា​»។—លូក. ១:៤៦

ម៉ារៀ​មាន​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ​យេហូវ៉ា។ ជំនឿ​របស់​គាត់​មិន​ពឹង​លើ​អ្វី​ដែល​យ៉ូសែប​ធ្វើ​ឡើយ។ ម៉ារៀ​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់។ គាត់​ក៏​បាន​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​ដែរ។ (​លូក. ២:១៩, ៥១​) យើង​អាច​ប្រាកដ​ថា​ចំណង​មិត្តភាព​របស់​ម៉ារៀ​ជា​មួយ​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​គាត់​ទៅ​ជា​ប្រពន្ធ​ដ៏​ល្អ​ប្រសើរ។ សព្វ​ថ្ងៃ​នេះ ប្រពន្ធ​ជា​ច្រើន​ខំ​យក​តម្រាប់​ម៉ារៀ។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ឈ្មោះ​អេមីកូ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​លីវ ខ្ញុំ​មាន​កាល​វិភាគ​គោរព​ប្រណិប័តន៍​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្រោយ​ពី​រៀប​ការ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ដោយ​សារ​ប្ដី​ខ្ញុំ​អធិដ្ឋាន​ឲ្យ​យើង​ពីរ​នាក់ ហើយ​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍ ជំនឿ​របស់​ខ្ញុំ​ពឹង​ទៅ​លើ​អ្វី​ដែល​គាត់​ធ្វើ។ ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​ថា​ខ្ញុំ​ផ្ទាល់​ត្រូវ​រក្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​រឹង​មាំ។ ដូច្នេះ​ឥឡូវ ខ្ញុំ​លៃ​ទុក​ពេល​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា​ម្នាក់​ឯង​ដោយ​អធិដ្ឋាន អាន​បទ​គម្ពីរ និង​រំពឹង​គិត​អំពី​គំនិត​របស់​លោក​»។ (​កាឡ. ៦:៥​) ប្រពន្ធ​ទាំង​ឡាយ កាល​ដែល​អ្នក​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ប្ដី​អ្នក​នឹង​កាន់​តែ​មាន​ហេតុ​សរសើរ​និង​ស្រឡាញ់​អ្នក។—សុភ. ៣១:៣០ w​២៣.០៥ ទំ.២២ វ.៦

ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា

ខ្ញុំ​នឹង​បង្រៀន​កូន​ឲ្យ​កោត​ខ្លាច​ព្រះ​យេហូវ៉ា។—ចសព. ៣៤:១១

យើង​មិន​មែន​កើត​មក​ដោយ​ចេះ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​ទេ យើង​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​អារម្មណ៍​នេះ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​ដូច្នេះ​គឺ​ដោយ​ពិនិត្យ​មើល​អ្វី​ដែល​ព្រះ​បាន​បង្កើត។ កាល​ដែល​យើង​កាន់​តែ​ឃើញ​ប្រាជ្ញា ឫទ្ធានុភាព និង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​លោក​ចំពោះ​យើង​ដែល​ស​ឲ្យ​ឃើញ​ក្នុង​«​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​»​ យើង​នឹង​កាន់​តែ​គោរព​និង​ស្រឡាញ់​លោក។ (​រ៉ូម ១:២០​) របៀប​មួយ​ទៀត​ដែល​យើង​អាច​បណ្ដុះ​ការ​កោត​ខ្លាច​របស់​យើង​ចំពោះ​ព្រះ​គឺ​ដោយ​អធិដ្ឋាន​ជា​ទៀង​ទាត់។ កាល​ដែល​យើង​កាន់​តែ​អធិដ្ឋាន ព្រះ​យេហូវ៉ា​កាន់​តែ​ទៅ​ជា​បុគ្គល​ពិត​ចំពោះ​យើង។ រាល់​ដង​ដែល​យើង​សុំ​កម្លាំង​ពី​លោក​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក យើង​នឹក​ឃើញ​អំពី​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក។ ពេល​យើង​អរគុណ​លោក​ចំពោះ​អំណោយ​ជា​បុត្រ​របស់​លោក យើង​នឹក​ឃើញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង។ ម្យ៉ាង​ទៀត ពេល​យើង​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ដោះ​ស្រាយ​បញ្ហា យើង​នឹក​ឃើញ​ថា​លោក​មាន​ប្រាជ្ញា​ជា​ខ្លាំង។ សេចក្ដី​អធិដ្ឋាន​ដូច​នេះ​ជួយ​យើង​ឲ្យ​គោរព​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង ហើយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ណា​ដែល​នឹង​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក។ w​២៣.០៦ ទំ.១៥ វ.៦​-​៧

ថ្ងៃ​អង្គារ ទី​៧ ខែ​មករា

ព្រះ​យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង។—អេ. ៣៣:២២

ព្រះ​យេហូវ៉ា​តែង​តែ​បាន​ឲ្យ​ច្បាប់​ដែល​ស្រួល​យល់​ដល់​រាស្ត្រ​លោក។ ជា​ឧទាហរណ៍ គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី​១​បាន​លើក​ឡើង​អំពី​របៀប​បី​យ៉ាង​ដែល​គ្រិស្ត​សាសនិក​ត្រូវ​រក្សា​ខ្លួន​ឲ្យ​មាំ​មួន​គឺ​៖ (​១​) ដោយ​បដិសេធ​ការ​គោរព​បូជា​រូប​ព្រះ ហើយ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ (​២​) ដោយ​គោរព​ភាព​ពិសិដ្ឋ​នៃ​ឈាម និង​(​៣​) ដោយ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​ពី​គម្ពីរ។ (​សកម្ម. ១៥:២៨, ២៩​) តើ​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​អាច​កាន់​ជំហរ​មាំ​មួន​តាម​របៀប​ទាំង​បី​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ស្ដាប់​បង្គាប់​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ លោក​បាន​បង្គាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​លោក។ (​បច. ៥:៦​-​១០​) ម្យ៉ាង​ទៀត ពេល​មេ​កំណាច​ល្បួង​លោក​យេស៊ូ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ច្បាស់​ថា យើង​ត្រូវ​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ (​ម៉ាថ. ៤:៨​-​១០​) ដូច្នេះ យើង​មិន​គោរព​បូជា​រូប​ព្រះ​ទេ។ យើង​ក៏​មិន​គោរព​ប្រណិប័តន៍​មនុស្ស​ដោយ​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ហាក់​ដូច​ជា​ព្រះ​នោះ​ទេ មិន​ថា​ពួក​គេ​ជា​អ្នក​ដឹក​នាំ​សាសនា អ្នក​នយោបាយ ឬ​អ្នក​ល្បី​ខាង​កីឡា​និង​សិល្បៈ​ក៏​ដោយ។ យើង​គោរព​ប្រណិប័តន៍​តែ​លោក​ប៉ុណ្ណោះ ដែល​ជា​អ្នក​«​បង្កើត​អ្វី​ៗ​ទាំង​អស់​»។—បប. ៤:១១ w​២៣.០៧ ទំ.១៤​-​១៥ វ.៣​-​៤

ថ្ងៃ​ពុធ ទី​៨ ខែ​មករា

ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នាំ​មនុស្ស​ឲ្យ​វៀរ​ចាក​អំពើ​អាក្រក់។—សុភ. ១៦:៦

ពិភព​លោក​សាថាន​ចេះ​តែ​គិត​អំពី​រឿង​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​ការ​មើល​រូប​អាសអាភាស។ (​អេភ. ៤:១៩​) ដូច្នេះ​យើង​ត្រូវ​បណ្ដុះ​ការ​កោត​ខ្លាច​ចំពោះ​ព្រះ និង​វៀរ​ចាក​ពី​អ្វី​ដែល​អាក្រក់។ ក្នុង​សៀវភៅ​សុភាសិត ជំពូក​ទី​៩ យើង​អាន​អំពី​ស្ត្រី​ពីរ​នាក់។ ម្នាក់​ជា​តំណាង​ប្រាជ្ញា និង​ម្នាក់​ទៀត​ជា​តំណាង​ភាព​ល្ងង់​ខ្លៅ។ ជំពូក​នេះ​រៀប​រាប់​ថា ស្ត្រី​ម្នាក់​ៗ​បាន​អញ្ជើញ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍ ពោល​គឺ​ពួក​អ្នក​ដែល​«​ឥត​ចេះ​គិត​ពិចារណា​»​ ដោយ​ហាក់​ដូច​ជា​និយាយ​ថា ‹មក​ផ្ទះ​ខ្ញុំ​បរិភោគ​សិន›។ (​សុភ. ៩:១, ៤​-​៦​) ប៉ុន្តែ លទ្ធផល​ចំពោះ​បុគ្គល​ដែល​ទទួល​ការ​អញ្ជើញ​ទាំង​នេះ​គឺ​ខុស​គ្នា​ស្រឡះ។ សូម​គិត​អំពី​ការ​អញ្ជើញ​ពី​«​ស្ត្រី​ល្ងី​ល្ងើ​»។ (​សុភ. ៩:១៣​-​១៨​) ដោយ​ឥត​អៀន​ខ្មាស នាង​ស្រែក​ហៅ​ពួក​អ្នក​ដែល​ឥត​ចេះ​គិត​ពិចារណា​ថា​៖ ​«​ចូល​មក​ទី​នេះ​»​ និង​បរិភោគ​អាហារ​ជា​មួយ​នាង។ តើ​មាន​លទ្ធផល​អ្វី? ​«​ផ្ទះ​របស់​នាង​ពេញ​ទៅ​ដោយ​មនុស្ស​ស្លាប់​»។ យើង​បាន​ទទួល​ការ​ព្រមាន​អំពី​«​ស្ត្រី​មិន​ល្អ​»​ និង​«​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​»។ យើង​បាន​ត្រូវ​ប្រាប់​ថា​៖ ​«​ការ​ទៅ​ផ្ទះ​របស់​នាង​ដូច​ជា​ការ​ទៅ​រក​សេចក្ដី​ស្លាប់​»។ (​សុភ. ២:១១​-​១៩​) សុភាសិត ៥:៣​-​១០ មាន​ការ​ព្រមាន​អំពី​«​ស្រី​មិន​ល្អ​»​ម្នាក់​ទៀត ដែល​«​ជើង​របស់​នាង​ចុះ​ទៅ​រក​សេចក្ដី​ស្លាប់​»។ w​២៣.០៦ ទំ.២២ វ.៦​-​៧

ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​មករា

ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ថា​អ្នក​រាល់​គ្នា​ជា​មនុស្ស​សម​ហេតុ​សម​ផល។—ភី. ៤:៥

ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ទុក​គំរូ​ល្អ​ក្នុង​ការ​ធ្វើ​ជា​មនុស្ស​សម​ហេតុ​សម​ផល។ (​១ធី. ៣:២, ៣​) ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ម្នាក់​មិន​គួរ​រំពឹង​ថា​ក្រុម​អ្នក​ចាស់​ទុំ​នឹង​តែង​តែ​យក​ទស្សនៈ​របស់​គាត់ ដោយ​សារ​តែ​គាត់​មាន​វ័យ​ចាស់​ជាង​អ្នក​ចាស់​ទុំ​ឯ​ទៀត​ទេ។ គាត់​ទទួល​ស្គាល់​ថា​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​អាច​ជំរុញ​ចិត្ត​អ្នក​ចាស់​ទុំ​ណា​ក៏​ដោយ​ឲ្យ​និយាយ​អ្វី​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ ម្យ៉ាង​ទៀត បើ​អ្នក​ចាស់​ទុំ​ភាគ​ច្រើន​យល់​ស្រប​នឹង​ការ​សម្រេច​ចិត្ត​មួយ​ដែល​មិន​ប្រឆាំង​គោល​ការណ៍​គម្ពីរ អ្នក​ចាស់​ទុំ​ដែល​សម​ហេតុ​សម​ផល​នឹង​គាំទ្រ​ការ​សម្រេច​ចិត្ត​នោះ ទោះ​ជា​គាត់​ចង់​ធ្វើ​អ្វី​ផ្សេង​ក្ដី។ ពេល​យើង​ជា​មនុស្ស​សម​ហេតុ​សម​ផល យើង​ទទួល​ប្រយោជន៍​ជា​ច្រើន។ យើង​មាន​ចំណង​មិត្តភាព​ល្អ​ជាង​ជា​មួយ​បង​ប្អូន​យើង ហើយ​ក្រុម​ជំនុំ​មាន​សេចក្ដី​សុខ​សាន្ត។ យើង​អរ​សប្បាយ​ដែល​មាន​បុគ្គលិក​លក្ខណៈ​និង​វប្បធម៌​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដោយ​មាន​សាមគ្គីភាព។ សំខាន់​បំផុត យើង​ស្កប់​ចិត្ត​ដោយ​ដឹង​ថា​យើង​កំពុង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​សម​ហេតុ​សម​ផល។ w​២៣.០៧ ទំ.២៥ វ.១៦​-​១៧

ថ្ងៃ​សុក្រ ទី​១០ ខែ​មករា

ពួក​អ្នក​ដែល​ចេះ​គិត​ពិចារណា​ប៉ុណ្ណោះ នឹង​យល់​បាន។—ដាន. ១២:១០

ដានីយ៉ែល​បាន​សិក្សា​ទំនាយ​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ គឺ​ដើម្បី​ស្គាល់​សេចក្ដី​ពិត។ ដានីយ៉ែល​ក៏​មាន​ចិត្ត​រាប​ទាប ដោយ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ការ​យល់​ដឹង​ដល់​ពួក​អ្នក​ដែល​ស្គាល់​លោក និង​ដែល​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ស្អាត​ស្អំ​របស់​លោក។ (​ដាន. ២:២៧, ២៨​) ដានីយ៉ែល​បាន​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ។ (​ដាន. ២:១៨​) ដានីយ៉ែល​ក៏​បាន​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ គាត់​បាន​ស្រាវ​ជ្រាវ​ផ្នែក​ផ្សេង​ៗ​នៃ​គម្ពីរ​ដែល​មាន​នៅ​សម័យ​គាត់។ (​យេ. ២៥:១១, ១២; ដាន. ៩:២​) តើ​អ្នក​អាច​យក​តម្រាប់​ដានីយ៉ែល​យ៉ាង​ដូច​ម្ដេច? ចូរ​ពិនិត្យ​មើល​បំណង​ចិត្ត​របស់​អ្នក។ តើ​អ្នក​សិក្សា​ទំនាយ​ក្នុង​គម្ពីរ​ដោយ​សារ​អ្នក​ពិត​ជា​ចង់​ស្គាល់​សេចក្ដី​ពិត​ឬ​ទេ? បើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក។ (​យ៉ូន. ៤:២៣, ២៤; ១៤:១៦, ១៧​) អ្នក​ខ្លះ​ប្រហែល​ជា​ធ្វើ​ដូច្នេះ ដោយ​សារ​ពួក​គេ​ព្យាយាម​ស្វែង​រក​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​គម្ពីរ​មិន​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។ ពួក​គេ​គិត​ថា​បើ​គម្ពីរ​មិន​មក​ពី​ព្រះ ពួក​គេ​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ប៉ុន្តែ យើង​ត្រូវ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ w​២៣.០៨ ទំ.៩ វ.៧​-​៨

ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា

ប្រសិន​បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត . . . នោះ​កម្លាំង​របស់​អ្នក​នឹង​ចុះ​ខ្សោយ។—សុភ. ២៤:១០

យើង​អាច​រំពឹង​ច្រើន​ពេក​ពី​ខ្លួន​ឯង​ពេល​យើង​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ នេះ​ហាក់​ដូច​ជា​ការ​រែក​ពុន​បន្ទុក។ (​កាឡ. ៦:៤​) បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ឈ្នានីស​និង​ប្រកួត​ប្រជែង​អ្នក​ឯ​ទៀត។ (​កាឡ. ៥:២៦​) បើ​យើង​បង្ខំ​ខ្លួន​ធ្វើ​អ្វី​ដែល​អ្នក​ឯ​ទៀត​កំពុង​ធ្វើ ទោះ​ជា​តាម​ពិត​នោះ​ជា​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ក្ដី យើង​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ឯង។ សូម​គិត​អំពី​ចំណុច​នេះ​៖ បើ​«​ការ​រំពឹង​ទុក​ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត​»​ ចុះ​ទម្រាំ​តែ​ការ​រង់​ចាំ​អ្វី​មួយ​ដែល​យើង​ប្រហែល​ជា​មិន​អាច​ទទួល នោះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ណា​ទៅ! (​សុភ. ១៣:១២; កំ.ស.​) បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​អស់​កម្លាំង​ជា​ខ្លាំង​រហូត​ដល់​យើង​បន្ថយ​ល្បឿន​ក្នុង​ទី​ប្រណាំង​ឲ្យ​បាន​ជីវិត។ សូម​កុំ​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​លើស​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ។ លោក​មិន​តម្រូវ​ឲ្យ​អ្នក​ជូន​លោក​នូវ​អ្វី​ដែល​អ្នក​មិន​មាន​ទេ។ (​២កូ. ៨:១២​) សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​ប្រៀប​ធៀប​អ្វី​ដែល​អ្នក​ធ្វើ​ទៅ​នឹង​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ​ឡើយ។ (​ម៉ាថ. ២៥:២០​-​២៣​) លោក​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​បម្រើ​អស់​ពី​ដួង​ចិត្ត​របស់​អ្នក ភាព​ស្មោះ​ត្រង់​របស់​អ្នក និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក។ w​២៣.០៨ ទំ.២៩ វ.១០​-​១១

ថ្ងៃ​អាទិត្យ ទី​១២ ខែ​មករា

តើ​ឲ្យ​ខ្ញុំ​ត្រូវ​ស្លាប់​ដោយ​ការ​ស្រេក​ទឹក . . . ឬ?—អសក. ១៥:១៨

ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​ចំពោះ​ការ​ស្រែក​សុំ​ជំនួយ​របស់​សាំសុន ដោយ​ធ្វើ​អព្ភូតហេតុ​ផ្ដល់​ទឹក​ឲ្យ​គាត់។ ពេល​សាំសុន​ផឹក​ទឹក​នោះ ​«​គាត់​ក៏​មាន​កម្លាំង​កំហែង និង​មាន​ស្មារតី​ឡើង​វិញ​»។ (​អសក. ១៥:១៩​) តាម​មើល​ទៅ ប្រភព​ទឹក​ដែល​ថ្មី​នោះ​នៅ​តែ​មាន​ច្រើន​ឆ្នាំ​ក្រោយ​មក​ពេល​ដែល​អ្នក​ប្រកាស​ទំនាយ​សាំយូអែល​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​សៀវភៅ​អ្នក​សម្រេច​ក្ដី។ ទឹក​ដែល​ហូរ​នោះ​ប្រហែល​ជា​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា បើ​ពឹង​ផ្អែក​ព្រះ​យេហូវ៉ា លោក​នឹង​ជួយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។ យើង​ក៏​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដែរ មិន​ថា​យើង​មាន​ទេព​កោសល្យ​ឬ​សមត្ថភាព​អ្វី ឬ​យើង​បាន​សម្រេច​អ្វី​ក្នុង​កិច្ច​បម្រើ​លោក​ក៏​ដោយ។ យើង​គួរ​ទទួល​យក​ការ​ពិត​ដោយ​ចិត្ត​សុភាព​ថា​ការ​ជោគ​ជ័យ​ពិត​ប្រាកដ​អាច​កើត​ឡើង​បាន លុះ​ត្រា​តែ​យើង​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា។ ដូច​សាំសុន​មាន​កម្លាំង​កំហែង​ពេល​គាត់​ផឹក​ទឹក​ដែល​ព្រះ​យេហូវ៉ា​ឲ្យ យើង​នឹង​មាន​ជំនឿ​រឹង​មាំ​ពេល​ដែល​យើង​ប្រើ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង។—ម៉ាថ. ១១:២៨ w​២៣.០៩ ទំ.៤ វ.៨​-​១០

ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មករា

សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង តែ​ពាក្យ​គំរោះ​គំរើយ​ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង។—សុភ. ១៥:១

តើ​យើង​អាច​ធ្វើ​អ្វី​ពេល​យើង​ជួប​នឹង​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​យើង​ខឹង ដូច​ជា​ពេល​នរណា​ម្នាក់​បង្អាប់​ព្រះ​របស់​យើង ឬ​សើច​ចំអក​គម្ពីរ? យើង​គួរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ឫទ្ធានុភាព​និង​ប្រាជ្ញា​របស់​លោក​ដើម្បី​បង្ហាញ​ចិត្ត​ស្លូត​បូត។ ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​ក្រោយ​មក​យើង​ទទួល​ស្គាល់​ថា​យើង​មិន​បាន​តប​ឆ្លើយ​យ៉ាង​ល្អ​ដូច​ដែល​យើង​គួរ​ធ្វើ? យើង​អាច​អធិដ្ឋាន​ម្ដង​ទៀត​អំពី​រឿង​នេះ ហើយ​គិត​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នៅ​លើក​ក្រោយ។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​យើង​ដើម្បី​យើង​អាច​គ្រប់​គ្រង​កំហឹង​និង​បង្ហាញ​ចិត្ត​ស្លូត​បូត។ ខ​គម្ពីរ​ខ្លះ​អាច​ជួយ​យើង​ឲ្យ​គ្រប់​គ្រង​ពាក្យ​សម្ដី​ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដែល​ពិបាក។ ឫទ្ធានុភាព​របស់​ព្រះ​អាច​ជួយ​យើង​ឲ្យ​នឹក​ឃើញ​ខ​គម្ពីរ​ទាំង​នោះ។ (​យ៉ូន. ១៤:២៦​) ជា​ឧទាហរណ៍ គោល​ការណ៍​នៅ​សៀវភៅ​សុភាសិត​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្លូត​បូត។ (​សុភ. ១៥:១៨​) សៀវភៅ​នោះ​ក៏​ប្រាប់​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​គ្រប់​គ្រង​អារម្មណ៍​ក្នុង​ស្ថានភាព​ដ៏​តាន​តឹង។—សុភ. ១០:១៩; ១៧:២៧; ២១:២៣; ២៥:១៥ w​២៣.០៩ ទំ.១៥ វ.៦​-​៧

ថ្ងៃ​អង្គារ ទី​១៤ ខែ​មករា

ខ្ញុំ​ប្រុង​ប្រៀប​រំលឹក​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​ជា​និច្ច។—២ពេ. ១:១២

សាវ័ក​ពេត្រុស​បាន​ដឹង​ថា​មិន​យូរ​ទៀត​គាត់​នឹង​ស្លាប់។ ក្នុង​អំឡុង​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ពេត្រុស​អស់​រាប់​ទសវត្សរ៍ គាត់​បាន​ដើរ​ជា​មួយ​លោក​យេស៊ូ បាន​ចាប់​ផ្ដើម​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ថ្មី និង​បាន​បម្រើ​ជា​សមាជិក​គណៈ​អភិបាល។ ប៉ុន្តែ កិច្ច​បម្រើ​របស់​ពេត្រុស​មិន​បាន​ឈប់​នៅ​ពេល​នោះ​ទេ។ ប្រហែល​ជា​នៅ​ឆ្នាំ​៦២​-​៦៤ គ.ស. ព្រះ​បាន​ដឹក​នាំ​គាត់​ឲ្យ​សរសេរ​សំបុត្រ​ពីរ​ក្នុង​គម្ពីរ​គឺ​សៀវភៅ​ពេត្រុស​ទី​១​និង​ទី​២។ (​២ពេ. ១:១៣​-​១៥​) ពេត្រុស​បាន​សរសេរ​សំបុត្រ​របស់​គាត់​នៅ​ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​«​ព្រួយ​ចិត្ត . . . ដោយ​សារ​ទុក្ខ​លំបាក​ផ្សេង​ៗ​»។ (​១ពេ. ១:៦​) មនុស្ស​អាក្រក់​ព្យាយាម​នាំ​សេចក្ដី​បង្រៀន​មិន​ពិត​និង​ការ​ប្រព្រឹត្ត​មិន​ស្អាត​ស្អំ​ឲ្យ​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ (​២ពេ. ២:១, ២, ១៤​) មិន​យូរ​ទៀត គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​នឹង​ជួប​«​ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​»​ ពោល​គឺ​ការ​បំផ្លាញ​ក្រុង​នោះ​និង​វិហារ​ក្នុង​ក្រុង​នោះ​ដោយ​កង​ទ័ព​រ៉ូម។ (​១ពេ. ៤:៧​) សំបុត្រ​របស់​ពេត្រុស​ច្បាស់​ជា​បាន​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ឃើញ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នៅ​គ្រា​នោះ និង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក​នៅ​ថ្ងៃ​អនាគត។ w​២៣.០៩ ទំ.២៦ វ.១​-​២

ថ្ងៃ​ពុធ ទី​១៥ ខែ​មករា

[​គ្រិស្ត​]​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ព្រះ​ដោយ​សារ​អ្វី​ៗ​ដែល​លោក​បាន​រង​ទុក្ខ។—ហេ. ៥:៨

ដូច​លោក​យេស៊ូ យើង​ច្រើន​តែ​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ​-​១៩​បាន​ផ្ទុះ​ឡើង​ដំបូង​ៗ កាល​ដែល​យើង​បាន​ត្រូវ​សុំ​ឲ្យ​ឈប់​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ និង​ផ្អាក​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ តើ​អ្នក​ពិបាក​ធ្វើ​តាម​ឬ​ទេ? ទោះ​ជា​អ្នក​មាន​អារម្មណ៍​ពិបាក​ក្ដី ការ​ស្ដាប់​បង្គាប់​របស់​អ្នក​បាន​ការ​ពារ​អ្នក បាន​ជួយ​អ្នក​ឲ្យ​មាន​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ និង​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ឥឡូវ យើង​ទាំង​អស់​គ្នា​បាន​ត្រៀម​ខ្លួន​ល្អ​ប្រសើរ​ជាង​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ណា​ដែល​យើង​ទទួល​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ការ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ​នឹង​សង្គ្រោះ​ជីវិត​យើង។ (​យ៉ូប ៣៦:១១​) មូលហេតុ​សំខាន់​ចម្បង​ដែល​យើង​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា គឺ​ដោយ​សារ​យើង​ស្រឡាញ់​លោក ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ (​១​យ៉ូន. ៥:៣​) យើង​មិន​អាច​តប​ស្នង​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​យើង​ទេ។ (​ចសព. ១១៦:១២​) ប៉ុន្តែ យើង​អាច​ស្ដាប់​បង្គាប់​លោក​និង​ពួក​អ្នក​ដែល​មាន​អំណាច​លើ​យើង។ បើ​យើង​ស្ដាប់​បង្គាប់ យើង​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា ហើយ​បុគ្គល​ដែល​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ចិត្ត​ព្រះ​យេហូវ៉ា​ត្រេក​អរ។—សុភ. ២៧:១១ w​២៣.១០ ទំ.១១ វ.១៨​-​១៩

ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​មករា

ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ [​និង​]​ផែន​ដី។—បប. ១៤:៧

បើ​ទេវតា​មួយ​រូប​និយាយ​ទៅ​កាន់​អ្នក តើ​អ្នក​នឹង​ស្ដាប់​អ្វី​ដែល​គាត់​និយាយ​ឬ​ទេ? សព្វ​ថ្ងៃ​នេះ ទេវតា​មួយ​រូប​និយាយ​ទៅ​កាន់​«​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជន​ជាតិ​»។ តើ​គាត់​និយាយ​អ្វី? គាត់​និយាយ​ថា​៖ ​«​ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​តម្កើង​លោក . . . ចូរ​គោរព​ប្រណិប័តន៍​លោក​ដែល​បាន​បង្កើត​មេឃ [​និង​]​ផែន​ដី​»។ (​បប. ១៤:៦, ៧​) ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ​ដែល​បុគ្គល​គ្រប់​រូប​គួរ​គោរព​ប្រណិប័តន៍។ យើង​មាន​អំណរ​គុណ​ខ្លាំង​ណាស់​ដែល​លោក​បាន​ផ្ដល់​ឱកាស​វិសេស​វិសាល​ឲ្យ​យើង​ដើម្បី​គោរព​ប្រណិប័តន៍​លោក​ក្នុង​វិហារ​ដ៏​រុង​រឿង​របស់​លោក​ក្នុង​ន័យ​ធៀប! តើ​វិហារ​ក្នុង​ន័យ​ធៀប​គឺ​ជា​អ្វី ហើយ​តើ​យើង​អាច​រក​ព័ត៌មាន​ដែល​ពន្យល់​អំពី​វិហារ​នេះ​នៅ​កន្លែង​ណា? វិហារ​នេះ​មិន​មែន​ជា​អគារ​ពិត​ប្រាកដ​ទេ តែ​គឺ​ជា​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​ពេញ​ចិត្ត​ដោយ​មាន​មូលដ្ឋាន​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ។ សាវ័ក​ប៉ូល​បាន​ពន្យល់​អំពី​របៀប​រៀប​ចំ​នេះ​ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ដែល​រស់​នៅ​តំបន់​យូឌា​នា​សតវត្សរ៍​ទី​១។ w​២៣.១០ ទំ.២៤ វ.១​-​២

ថ្ងៃ​សុក្រ ទី​១៧ ខែ​មករា

​«​អ្វី​ទាំង​នេះ​នឹង​កើត​ឡើង មិន​មែន​ដោយ​កម្លាំង​កង​ទ័ព ហើយ​ក៏​មិន​មែន​ដោយ​អំណាច​ទេ តែ​ដោយ​ឫទ្ធានុភាព​របស់​ខ្ញុំ​»។ ព្រះ​យេហូវ៉ា . . . មាន​ប្រសាសន៍​ដូច្នោះ។—សាក. ៤:៦

នៅ​ឆ្នាំ​៥២២ មុន​គ.ស. ពួក​សត្រូវ​របស់​ជនជាតិ​យូដា​បាន​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ពើស៊ី​ឲ្យ​បញ្ឈប់​ការ​សាង​សង់​វិហារ​របស់​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ប៉ុន្តែ សាការី​បាន​ពង្រឹង​កម្លាំង​ចិត្ត​ជនជាតិ​យូដា​ថា ព្រះ​យេហូវ៉ា​នឹង​ប្រើ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​លោក​ដើម្បី​ដក​ឧបសគ្គ​ណា​ក៏​ដោយ​ចេញ។ នៅ​ឆ្នាំ​៥២០ មុន​គ.ស. ស្ដេច​ដារីយុស​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ដ​ធ្វើ​កិច្ច​ការ​សាង​សង់​វិហារ ហើយ​បាន​ផ្ដល់​ទ្រព្យ​សម្បត្តិ​ដល់​ពួក​គេ​ដើម្បី​ធ្វើ​កិច្ច​ការ​នោះ។ គាត់​ក៏​បាន​បង្គាប់​អភិបាល​ស្រុក​ឲ្យ​ជួយ​ពួក​គេ​ផង​ដែរ។ (​អែស. ៦:១, ៦​-​១០​) ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​រាស្ត្រ​លោក​ថា​ពួក​គេ​នឹង​មាន​ការ​គាំទ្រ​ពី​លោក​បើ​ពួក​គេ​ចាត់​ទុក​ការ​សង់​វិហារ​ឡើង​វិញ​ជា​អ្វី​សំខាន់​បំផុត។ (​ហាក. ១:៨, ១៣, ១៤; សាក. ១:៣, ១៦​) ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ប្រកាស​ទំនាយ​ទាំង​នោះ ជនជាតិ​យូដា​ដែល​បាន​ត្រឡប់​ទៅ​វិញ​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​សាង​សង់​វិហារ​ម្ដង​ទៀត​នៅ​ឆ្នាំ​៥២០ មុន​គ.ស. ហើយ​បាន​បង្ហើយ​កិច្ច​ការ​នោះ​ក្នុង​រយៈ​ពេល​តិច​ជាង​ប្រាំ​ឆ្នាំ។ ដោយ​សារ​ជនជាតិ​យូដា​ចាត់​ទុក​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​ជា​អ្វី​សំខាន់​បំផុត​ទោះ​ជា​មាន​ការ​ពិបាក​ក្ដី ពួក​គេ​បាន​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ពួក​គេ​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដោយ​អំណរ។—អែស. ៦:១៤​-​១៦, ២២ w​២៣.១១ ទំ.១៥ វ.៦​-​៧

ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មករា

[​ចូរ​]​ដើរ​តាម​លំអាន​ដាន​នៃ​ជំនឿ​ដែល​អាប្រាហាំ​ជា​ឪពុក​យើង​ធ្លាប់​មាន។—រ៉ូម ៤:១២

ទោះ​ជា​មនុស្ស​ជា​ច្រើន​ធ្លាប់​ឮ​អំពី​អាប្រាហាំ​ក្ដី ពួក​គេ​ភាគ​ច្រើន​មិន​សូវ​ស្គាល់​គាត់​ទេ។ ក៏​ប៉ុន្តែ​អ្នក​ស្គាល់​ច្រើន​អំពី​អាប្រាហាំ។ ជា​ឧទាហរណ៍ អ្នក​ដឹង​ថា​អាប្រាហាំ​បាន​ត្រូវ​ហៅ​ថា​៖ ​«​ឪពុក​របស់​អស់​អ្នក​ដែល​មាន​ជំនឿ​»។ (​រ៉ូម ៤:១១​) ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​ដើរ​តាម​លំអាន​ដាន​របស់​អាប្រាហាំ ហើយ​មាន​ជំនឿ​ដូច​គាត់​ឬ​ទេ?›។ មែន អ្នក​អាច​ធ្វើ​ដូច្នេះ​បាន។ របៀប​មួយ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​ដូច​អាប្រាហាំ គឺ​ដោយ​សិក្សា​គំរូ​របស់​គាត់។ អាប្រាហាំ​តែង​តែ​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ។ គាត់​បាន​រើ​ទៅ​តំបន់​ដែល​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់ រស់​នៅ​ក្នុង​ត្រសាល​អស់​ជា​ច្រើន​ឆ្នាំ និង​សុខ​ចិត្ត​ជូន​អ៊ីសាក​ជា​កូន​ជា​ទី​ស្រឡាញ់​ជា​គ្រឿង​បូជា។ ការ​ប្រព្រឹត្ត​ទាំង​នោះ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​ដ៏​មុត​មាំ។ ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​អាប្រាហាំ​នាំ​ឲ្យ​គាត់​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ហើយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​យ៉ា. ២:២២, ២៣​) ព្រះ​យេហូវ៉ា​ក៏​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​រួម​ទាំង​អ្នក ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​និង​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ លោក​បាន​ដឹក​នាំ​ប៉ូល​និង​យ៉ាកុប​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​ឲ្យ​លើក​ឡើង​អំពី​គំរូ​របស់​អាប្រាហាំ។ w​២៣.១២ ទំ.២ វ.១​-​២

ថ្ងៃ​អាទិត្យ ទី​១៩ ខែ​មករា

មនុស្ស​ម្នាក់​ៗ​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ។—យ៉ា. ១:១៩

ស្ត្រី​ទាំង​ឡាយ ចូរ​រៀន​ឲ្យ​ចេះ​ប្រាស្រ័យ​ទាក់​ទង​យ៉ាង​ល្អ។ គ្រិស្ត​សាសនិក​ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ។ ស្ដី​អំពី​រឿង​នេះ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​ម្នាក់​បាន​ផ្ដល់​យោបល់​ដែល​មាន​ប្រយោជន៍​សម្រាប់​យើង។ យោបល់​នោះ​គឺ​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ពេល​អ្នក​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​កាល​ដែល​អ្នក​ឯ​ទៀត​និយាយ អ្នក​បង្ហាញ​ការ​ចេះ​យល់​អារម្មណ៍ ឬ​ការ​«​កើត​ទុក្ខ​»​ជា​មួយ​ពួក​គេ។ (​១ពេ. ៣:៨​) បើ​អ្នក​មិន​ប្រាកដ​ថា​អ្នក​យល់​អំពី​អ្វី​ដែល​បុគ្គល​ម្នាក់​និយាយ​ឬ​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ទេ សូម​សួរ​សំណួរ​សមរម្យ។ បន្ទាប់​មក សូម​គិត​សិន​មុន​អ្នក​និយាយ។ (​សុភ. ១៥:២៨, កំ.ស.​) សូម​សួរ​ខ្លួន​ថា ‹តើ​អ្វី​ដែល​ខ្ញុំ​ហៀប​នឹង​និយាយ​គឺ​ពិត​និង​លើក​ទឹក​ចិត្ត​ឬ​ទេ? តើ​ពាក្យ​សម្ដី​របស់​ខ្ញុំ​នឹង​បង្ហាញ​ការ​គោរព ហើយ​ក៏​សប្បុរស​ឬ​ទេ?›។ សូម​រៀន​ពី​បង​ប្អូន​ស្រី​ដែល​មាន​ភាព​ចាស់​ទុំ​ដែល​ចេះ​ប្រាស្រ័យ​ទាក់​ទង​ល្អ។ (​សុភ. ៣១:២៦​) សូម​សង្កេត​មើល​របៀប​ដែល​ពួក​គេ​និយាយ។ កាល​ដែល​អ្នក​កាន់​តែ​រៀន​ជំនាញ​នេះ អ្នក​នឹង​កាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។ w​២៣.១២ ទំ.២១ វ.១២

ថ្ងៃ​ច័ន្ទ ទី​២០ ខែ​មករា

អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត អ្នក​នោះ . . . គ្មាន​ចិត្ត​ចង់​បាន​ប្រាជ្ញា​ទាល់​តែ​សោះ។—សុភ. ១៨:១

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ប្រហែល​ជា​ប្រើ​ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​គាំទ្រ​យើង។ ប៉ុន្តែ​ពេល​យើង​ឈឺ​ចិត្ត យើង​ប្រហែល​ជា​ចង់​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត ហើយ​នៅ​តែ​ឯង។ នេះ​ជា​ប្រតិកម្ម​ធម្មតា។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា? សូម​ព្យាយាម​យ៉ាង​ខ្លាំង​មិន​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត។ ពេល​យើង​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត យើង​ប្រហែល​ជា​ចាប់​ផ្ដើម​គិត​តែ​អំពី​ខ្លួន​ឯង​និង​បញ្ហា​ដែល​យើង​ជួប​ប្រទះ។ ការ​គិត​គូរ​បែប​នេះ អាច​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​យើង។ ពិត​មែន​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ពេល​ដើម្បី​នៅ​ម្នាក់​ឯង ជា​ពិសេស​ពេល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ខ្លោច​ផ្សា។ ប៉ុន្តែ បើ​យើង​ញែក​ខ្លួន​ពី​អ្នក​ឯ​ទៀត​អស់​រយៈ​ពេល​យូរ យើង​អាច​បដិសេធ​ជំនួយ​ពី​មនុស្ស​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ដើម្បី​គាំទ្រ​យើង។ ដូច្នេះ សូម​ព្រម​ទទួល​ជំនួយ​ពី​ក្រុម​គ្រួសារ មិត្ត​ភក្តិ និង​ពួក​អ្នក​ចាស់​ទុំ។ សូម​ចាត់​ទុក​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ពួក​គេ​ដើម្បី​គាំទ្រ​អ្នក។—សុភ. ១៧:១៧; អេ. ៣២:១, ២ w​២៤.០១ ទំ.២៤ វ.១២​-​១៣

ថ្ងៃ​អង្គារ ទី​២១ ខែ​មករា

មិន​ត្រូវ​កាត់​សក់​គាត់​ទេ។—ជប. ៦:៥

ពួក​ណាសារីត​បាន​ស្បថ​ថា​មិន​កាត់​សក់​របស់​ពួក​គេ​ទេ។ នេះ​ជា​របៀប​មួយ​ដើម្បី​បង្ហាញ​ការ​ចុះ​ចូល​ទាំង​ស្រុង​ចំពោះ​ព្រះ​យេហូវ៉ា។ គួរ​ឲ្យ​ស្ដាយ​ណាស់ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ជន​ជាតិ​អ៊ីស្រាអែល​មាន​ពេល​ខ្លះ​ដែល​ពួក​ណាសារីត​មិន​បាន​ត្រូវ​គេ​ឲ្យ​តម្លៃឬគាំទ្រ​ទេ។ ជួន​កាល ជន​ណាសារីត​ទំនង​ជា​ត្រូវ​ការ​ចិត្ត​ក្លាហាន​ជា​ខ្លាំង​ដើម្បី​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​នាំ​ឲ្យ​ពួក​គេ​ធ្វើ​ខុស​ពី​គេ។ (​អេម. ២:១២​) ដោយ​សារ​យើង​សម្រេច​ចិត្ត​ចុះ​ចូល​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា យើង​ក៏​ខុស​គ្នា​ស្រឡះ​ពី​មនុស្ស​នៅជុំ​វិញ​យើង។ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន​ថា​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ម្យ៉ាង​ទៀត កាល​ដែល​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ពិភព​លោក​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ យើង​ទំនង​ជា​នឹង​កាន់​តែ​ពិបាក​រស់នៅ​ស្រប​តាម​គោល​ការណ៍​គម្ពីរ និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ល្អ។ (​២ធី. ១:៨; ៣:១៣​) ប៉ុន្តែ សូម​ចាំ​ជា​និច្ច​ថា​យើង​«​ធ្វើ​ឲ្យចិត្ត​[​ព្រះ​យេហូវ៉ា​]​ត្រេក​អរ​»​ ពេល​យើង​ខុស​ស្រឡះ​ពី​ពួក​អ្នក​ដែល​មិន​បម្រើ​លោក។—សុភ. ២៧:១១; ម៉ាឡ. ៣:១៨ w​២៤.០២ ទំ.១៦ វ.៧; ទំ.១៧ វ.៩

ថ្ងៃ​ពុធ ទី​២២ ខែ​មករា

ចូរ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក។—រ៉ូម ១៥:៧

សូម​គិត​អំពី​ភាព​ខុស​គ្នា​របស់​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​នា​ក្រុង​រ៉ូម។ នៅ​ទី​នោះ មាន​ជនជាតិ​យូដា​ដែល​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ឲ្យ​ធ្វើ​តាម​ច្បាប់​ម៉ូសេ ហើយ​ក៏​មាន​ជន​ជាតិ​ដទៃ​ដែល​មាន​វប្បធម៌​ខុស​ពី​ពួក​គេ​ដែរ។ គ្រិស្ត​សាសនិក​ខ្លះ​ទំនង​ជា​ខ្ញុំ​បម្រើ រីឯ​ខ្លះ​ទៀត​ជា​ពួក​អ្នក​មាន​សេរី​ភាព ហើយ​ប្រហែល​ជា​ពួក​គេ​ខ្លះ​ថែម​ទាំង​ជា​ម្ចាស់​របស់​ខ្ញុំ​បម្រើ​ទៀត​ផង។ តើ​គ្រិស្ត​សាសនិក​ទាំង​នោះ​អាច​យក​ឈ្នះ​ភាព​ខុស​គ្នា​បែប​នេះ និង​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​«​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​»។ តើ​គាត់​ចង់​មាន​ន័យ​យ៉ាង​ណា? ពាក្យ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ទទួល​ស្វាគមន៍​»​មាន​ន័យ​ថា​ទទួល​បុគ្គល​ណា​ម្នាក់​ដោយ​ចិត្ត​សប្បុរស​ឬ​ដោយ​រាក់​ទាក់ ដូច​ជា​ឲ្យ​ចូល​មក​ផ្ទះ​ឬ​ចូល​ក្នុង​ក្រុម​មិត្ត​ភក្តិ។ ជា​ឧទាហរណ៍ ប៉ូល​បាន​ប្រាប់​ភីលេម៉ូន​អំពី​របៀប​ទទួល​ស្វាគមន៍​ខ្ញុំ​បម្រើ​ដែល​រត់​គេច​ខ្លួន​ឈ្មោះ​អូណេស៊ីម​ថា​៖ ​«​សូម​ទទួល​គាត់​ដោយ​ចិត្ត​សប្បុរស​»។ (​ភីលេ. ១៧​) ម្យ៉ាង​ទៀត ព្រីស៊ីល​និង​អាគីឡា​បាន​ទទួល​ស្វាគមន៍​អាប៉ូឡុស​ដែល​មាន​ចំណេះ​ដឹង​អំពី​គ្រិស្ត​សាសនា​តិច​ជាង​ពួក​គាត់ ដោយ​«​អញ្ជើញ​គាត់​ទៅ​ជា​មួយ​»។ (​កក.​[​សកម្ម.​] ១៨:២៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ជា​ជាង​ធ្វើ​ឲ្យ​ភាព​ខុស​គ្នា​នាំ​ឲ្យ​ពួក​គេ​បែក​បាក់​គ្នា គ្រិស្ត​សាសនិក​ទាំង​នោះ​បាន​យក​ឈ្នះ​ភាព​ខុស​គ្នា​របស់​ពួក​គេ ហើយ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក។ w​២៣.០៧ ទំ.៦ វ.១៣

ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​មករា

ខ្ញុំ​នឹង​ធ្វើ​តាម​សម្បថ​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា។—ចសព. ១១៦:១៤

មូលហេតុ​សំខាន់​ចម្បង​ដែល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គឺ​ថា​អ្នក​ស្រឡាញ់​លោក។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​មិន​មាន​មូលដ្ឋាន​លើ​អារម្មណ៍​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​មាន​មូលដ្ឋាន​លើ​«​ចំណេះ​ត្រឹម​ត្រូវ​»​ និង​«​ការ​យល់​ដឹង​ដែល​ឫទ្ធានុភាព​របស់​លោក​ផ្ដល់​ឲ្យ​»​ ពោល​គឺ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ដែល​នាំ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​លោក​កើន​ឡើង។ (​កូឡ. ១:៩​) ការ​សិក្សា​បទ​គម្ពីរ​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​ជាក់​ថា (​១​) ព្រះ​យេហូវ៉ា​គឺ​ជា​បុគ្គល​ពិត (​២​) គម្ពីរ​ជា​បណ្ដាំ​របស់​លោក​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក និង​(​៣​) លោក​ប្រើ​អង្គការ​លោក​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។ ពួក​អ្នក​ដែល​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គួរ​ស្គាល់​សេចក្ដី​បង្រៀន​បឋម​ក្នុង​បណ្ដាំ​របស់​លោក ហើយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ពី​គម្ពីរ។ ពួក​គេ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន។ (​ម៉ាថ. ២៨:១៩, ២០​) សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា​បាន​កើន​ឡើង ហើយ​ពួក​គេ​ចង់​ជូន​ភក្ដី​ភាព​ផ្ដាច់​មុខ​ដល់​លោក។ តើ​អ្វី​ទាំង​អស់​នេះ​រៀប​រាប់​អំពី​អ្នក​ឬ​ទេ? w​២៤.០៣ ទំ.៤​-​៥ វ.៦​-​៨

ថ្ងៃ​សុក្រ ទី​២៤ ខែ​មករា

ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ។—ដក. ២:២៤

អាប៊ីកែល​បាន​រៀប​ការ​ជា​មួយ​ណាបាល​ដែល​គម្ពីរ​រៀប​រាប់​ថា​ជា​មនុស្ស​កោង​កាច​និង​មាន​កិរិយា​អាក្រក់​ខ្លាំង​ណាស់។ (​១សាំ. ២៥:៣​) អាប៊ីកែល​ច្បាស់​ជា​ពិបាក​រស់​នៅ​ជា​មួយ​បុរស​បែប​នេះ។ តើ​នាង​អាច​រក​វិធី​ដើម្បី​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​នាង​ឬ​ទេ? នាង​មាន​ឱកាស​ធ្វើ​ដូច្នេះ​ពេល​ដាវីឌ​ដែល​ជា​អនាគត​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​បាន​មក​សម្លាប់​ប្ដី​របស់​នាង ដោយ​សារ​ណាបាល​បាន​ជេរ​ប្រមាថ​ដាវីឌ​និង​ពួក​បុរស​របស់​គាត់។ (​១សាំ. ២៥:៩​-​១៣​) អាប៊ីកែល​អាច​រត់​គេច​ខ្លួន​ទុក​ឲ្យ​ដាវីឌ​សម្រេច​គម្រោង​ការ​របស់​គាត់​ក៏​បាន ក៏​ប៉ុន្តែ​នាង​បាន​ចាត់​វិធានការ ហើយ​ព្យាយាម​លើក​ហេតុ​ផល​ទៅ​ដាវីឌ​ដើម្បី​ឲ្យ​គាត់​ទុក​ជីវិត​ឲ្យ​ណាបាល។ (​១សាំ. ២៥:២៣​-​២៧​) ហេតុ​អ្វី​នាង​ធ្វើ​ដូច្នេះ? អាប៊ីកែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​តម្លៃ​ទៅ​លើ​ខ្នាត​តម្រា​របស់​លោក​សម្រាប់​អាពាហ៍ពិពាហ៍។ នាង​ដឹង​ថា​ព្រះ​យេហូវ៉ា​ចាត់​ទុក​អាពាហ៍ពិពាហ៍​ជា​ការ​រៀប​ចំ​ដ៏​ពិសិដ្ឋ។ នាង​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត ហើយ​នោះ​ច្បាស់​ជា​បាន​ជំរុញ​ចិត្ត​នាង​ឲ្យ​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​ពួក​អ្នក​ផ្ទះ​របស់​នាង រួម​ទាំង​ប្ដី​នាង។ នាង​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​រា​រាំង​ដាវីឌ​មិន​ឲ្យ​សម្លាប់​ណាបាល។ w​២៤.០៣ ទំ.១៦ វ.៩​-​១០

ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មករា

ខ្ញុំ​នឹង​ពោល​ពាក្យ​ដែល​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា។—យ៉ូប ១៦:៥

តើ​មាន​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​ដែល​កំពុង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​សាមញ្ញ​ជាង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​ឬ​ទេ? តើ​អ្នក​ស្គាល់​ប្អូន​ៗ​វ័យ​ក្មេង​ដែល​កំពុង​ធ្វើ​ខុស​ពី​គេ​នៅ​សាលា ទោះ​ជា​នេះ​មិន​ស្រួល​សម្រាប់​ពួក​គេ​ឬ? តើ​មាន​អ្នក​ដែល​ពិបាក​រក្សា​ភាព​ស្មោះ​ត្រង់​ដោយ​សារ​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​ឬ​ទេ? សូម​តាំង​ចិត្ត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​ទាំង​នេះ ហើយ​ប្រាប់​ពួក​គេ​ថា​អ្នក​កោត​ស្ងើច​ចំពោះ​ចិត្ត​ក្លាហាន​របស់​ពួក​គេ​និង​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា។ (​ភីលេ. ៤, ៥, ៧​) ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ថា​យើង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​ថា​យើង​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ដើម្បី​រស់​នៅ​ស្រប​តាម​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​លោក។ លោក​ផ្ដល់​កិត្តិយស​ដល់​យើង ដោយ​ឲ្យ​ឱកាស​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក។ (​សុភ. ២៣:១៥, ១៦​) យ៉ាង​នេះ សូម​យើង​តាំង​ចិត្ត​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ដូច្នេះ។ w​២៤.០២ ទំ.១៨ វ.១៤; ទំ.១៩ វ.១៦

ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា

លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​[​មនុស្ស​]​ជា​សះ​ស្បើយ។—សកម្ម. ១០:៣៨

សូម​ស្រមៃ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នា​ចុង​ឆ្នាំ​២៩ គ.ស. នៅ​ទី​ចាប់​ផ្ដើម​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​លោក បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ភូមិ​កាណា។ តាម​មើល​ទៅ​ម៉ារៀ​ជា​អ្នក​ជួយ​មើល​ការ​ខុស​ត្រូវ​ចំពោះ​ភ្ញៀវ។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ពិធី​នោះ ស្រា​បាន​អស់។ ភ្លាម​ៗ​នោះ ម៉ារៀ​បាន​ទៅ​ប្រាប់​កូន​ប្រុស​របស់​គាត់ ហើយ​និយាយ​ថា​៖ ​«​ពួក​គេ​អស់​ស្រា​ហើយ​»។ (​យ៉ូន. ២:១​-​៣​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? លោក​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​«​ស្រា​ដែល​មាន​គុណភាព​ល្អ​»។ (​យ៉ូន. ២:៩, ១០​) លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​ទៀត​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក។ លោក​បាន​ប្រើ​ឫទ្ធានុភាព​របស់​លោក​ក្នុង​ការ​ធ្វើ​អព្ភូតហេតុ​ដើម្បី​ជួយ​មនុស្ស​រាប់​ម៉ឺន​នាក់។ ជា​ឧទាហរណ៍ គ្រាន់​តែ​គិត​អំពី​អព្ភូតហេតុ​ពីរ​របស់​លោក​គឺ​ការ​ផ្ដល់​អាហារ​ដល់​បុរស​៥.០០០​នាក់ ហើយ​ក្រោយ​មក​ដល់​បុរស​៤.០០០​នាក់ នោះ​ប្រហែល​ជា​សរុប​ទៅ​មាន​មនុស្ស​ចំនួន​ជាង​២៧.០០០​នាក់​បើ​យើង​រាប់​ស្ត្រី​និង​កូន​ក្មេង​ដែល​នៅ​ទី​នោះ​ដែរ។ (​ម៉ាថ. ១៤:១៥​-​២១; ១៥:៣២​-​៣៨​) នៅ​ពេល​ទាំង​ពីរ​នោះ លោក​យេស៊ូ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​ឈឺ​ជា​សះ​ស្បើយ។—ម៉ាថ. ១៤:១៤; ១៥:៣០, ៣១ w​២៣.០៤ ទំ.២ វ.១​-​២

ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មករា

ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ខ្ញុំ​នឹង​ស្រវា​ចាប់​ដៃ​ស្ដាំ​របស់​អ្នក ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ​«​កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក​»។—អេ. ៤១:១៣

ក្រោយ​ពី​រឿង​ខ្លោច​ផ្សា ប្រហែល​ជា​មាន​ថ្ងៃ​ដែល​យើង​ខ្សោយ​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត។ ដូច​អេលីយ៉ា យើង​អាច​មាន​អារម្មណ៍​ថា​គឺ​ពិបាក​ក្រោក​ឡើង ហើយ​ថា​យើង​គ្រាន់​តែ​ចង់​ដេក។ (​១បស. ១៩:៥​-​៧​) យើង​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ នៅ​ពេល​នោះ ព្រះ​យេហូវ៉ា​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​លោក​នឹង​ជួយ​យើង ដូច​លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ស្ដេច​ដាវីឌ​ធ្លាប់​ទទួល​ជំនួយ​នេះ។ ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​និង​សត្រូវ គាត់​បាន​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ដៃ​ស្ដាំ​របស់​លោក​ជួយ​ទ្រ​ទ្រង់​ខ្ញុំ​»។ (​ចសព. ១៨:៣៥​) ព្រះ​យេហូវ៉ា​ច្រើន​តែ​គាំទ្រ​យើង​ដោយ​ជំរុញ​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ជួយ​យើង។ ជា​ឧទាហរណ៍ នៅ​ពេល​មួយ ពេល​ដែល​ដាវីឌ​មាន​អារម្មណ៍​ខ្សោយ មិត្ត​ភក្តិ​របស់​គាត់​យ៉ូណាថាន​បាន​ទៅ​ជួប​គាត់​ដើម្បី​ពង្រឹង​កម្លាំង​និង​លើក​ទឹក​ចិត្ត​គាត់។ (​១សាំ. ២៣:១៦, ១៧​) ស្រដៀង​គ្នា​ដែរ ព្រះ​យេហូវ៉ា​ជ្រើស​រើស​អេលីសេ​ឲ្យ​ផ្ដល់​ជំនួយ​ដល់​អេលីយ៉ា។—១បស. ១៩:១៦, ២១; ២បស. ២:២ w​២៤.០១ ទំ.២៣​-​២៤ វ.១០​-​១២

ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា

ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​ប្រាជ្ញា។ ចំណេះ​និង​សមត្ថភាព​វែក​ញែក​សុទ្ធ​តែ​ចេញ​ពី​មាត់​របស់​លោក។—សុភ. ២:៦

ព្រះ​យេហូវ៉ា​មាន​ចិត្ត​ទូលាយ និង​ជា​អ្នក​ផ្ដល់​ឲ្យ​យ៉ាង​បរិបូរ។ គុណ​សម្បត្តិ​ទាំង​នេះ​ស​ឲ្យ​ឃើញ​ក្នុង​«​ប្រាជ្ញា​ពិត​»​ដែល​បាន​ត្រូវ​តំណាង​ដោយ​ស្ត្រី​ម្នាក់​នៅ​ក្នុង​សុភាសិត ជំពូក​ទី​៩។ កំណត់​ហេតុ​នោះ​ប្រាប់​អំពី​ស្ត្រី​ក្នុង​ន័យ​ធៀប​នោះ​ថា នាង​បាន​ត្រៀម​សាច់​រួច​ជា​ស្រេច លាយ​ស្រា​ទំពាំង​បាយ​ជូរ​ទុក ព្រម​ទាំង​បាន​រៀប​ចំ​តុ​នៅ​ក្នុង​ផ្ទះ​របស់​នាង។ (​សុភ. ៩:២​) លើស​ពី​នេះ​ទៅ​ទៀត យោង​ទៅ​តាម​ខ​៤​និង​ខ​៥ ​«​ប្រាជ្ញា​និយាយ​ទៅ​អ្នក​ដែល​ឥត​ចេះ​គិត​ពិចារណា​ថា​៖ ‹ចូរ​មក​បរិភោគ​នំ​ប៉័ង›​»។ ហេតុ​អ្វី​យើង​គួរ​មក​ផ្ទះ​របស់​ប្រាជ្ញា​ពិត និង​បរិភោគ​អាហារ​ដែល​នាង​ស្នើ​ផ្ដល់? ពីព្រោះ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​របស់​លោក​មាន​ប្រាជ្ញា​និង​សុវត្ថិភាព។ លោក​មិន​ចង់​ឲ្យ​យើង​ភ្លក់​បទ​ពិសោធន៍​ជូរ​ចត់​និង​ស្ដាយ​ក្រោយ​សិន ទើប​ទាញ​មេ​រៀន​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​លោក​«​ប្រមូល​ប្រាជ្ញា​ទុក​សម្រាប់​មនុស្ស​ទៀង​ត្រង់​»។ (​សុភ. ២:៧​) ពេល​យើង​កោត​ខ្លាច​ព្រះ​យេហូវ៉ា យើង​នឹង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ យើង​នឹង​ឮ​ដំបូន្មាន​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​លោក ហើយ​យើង​នឹង​សប្បាយ​ធ្វើ​តាម​ដំបូន្មាន​នោះ។—យ៉ា. ១:២៥ w​២៣.០៦ ទំ.២៣ វ.១៤​-​១៥

ថ្ងៃ​ពុធ ទី​២៩ ខែ​មករា

ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ។—ហេ. ៦:១០

ទោះ​ជា​យើង​មាន​អារម្មណ៍​ថា​អ្វី​ដែល​យើង​អាច​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​មាន​កម្រិត​ក្ដី យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​ដ៏​ស្មោះ​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ តើ​យើង​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? នៅ​សម័យ​សាការី ព្រះ​យេហូវ៉ា​បាន​សុំ​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឲ្យ​ធ្វើ​«​មកុដ​ដ៏​រុង​រឿង​»​មួយ​ពី​មាស​និង​ប្រាក់​ដែល​និរទេស​ជន​នៅ​បាប៊ីឡូន​បាន​ផ្ញើ​មក។ (​សាក. ៦:១១, កំ.ស.​) មកុដ​នេះ​នឹង​ត្រូវ​ធ្វើ​ជា​«​ការ​នឹក​ចាំ​»​អំពី​វិភាគទាន​ដែល​ពួក​គេ​បាន​ឲ្យ​ដោយ​ចិត្ត​ទូលាយ។ (​សាក. ៦:១៤, កំ.ស.​) យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ភ្លេច​ការ​ខំ​ប្រឹង​អស់​ពី​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​លោក​ក្នុង​អំឡុង​គ្រា​លំបាក​ឡើយ។ យើង​មុខ​ជា​នឹង​បន្ត​ជួប​ការ​ពិបាក​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ ហើយ​ស្ថានភាព​នានា​ប្រហែល​ជា​កាន់​តែ​អាក្រក់​ទៅ​នៅ​ថ្ងៃ​អនាគត។ (​២ធី. ៣:១, ១៣​) ប៉ុន្តែ យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ខ្លាំង​នោះ​ទេ។ សូម​ចាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​រាស្ត្រ​លោក​នៅ​សម័យ​ហាកាយ​ថា​៖ ​«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ . . . កុំ​ភ័យ​ខ្លាច​ឡើយ​»។ (​ហាក. ២:៤, ៥​) យើង​ក៏​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​យើង ដរាប​ណា​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ w​២៣.១១ ទំ.១៩ វ.២០​-​២១

ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មករា

ខ្ញុំ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង។—លូក. ៥:៨

ព្រះ​យេហូវ៉ា​អាច​មិន​ដាក់​បញ្ចូល​កំហុស​របស់​សាវ័ក​ពេត្រុស​ក្នុង​គម្ពីរ​ក៏​បាន។ ប៉ុន្តែ លោក​បាន​ដឹក​នាំ​មនុស្ស​ឲ្យ​កត់​ទុក​កំហុស​ទាំង​នោះ​ដើម្បី​ជា​មេ​រៀន​សម្រាប់​យើង។ (​២ធី. ៣:១៦, ១៧​) ការ​រៀន​អំពី​បុរស​នេះ​ដែល​មាន​ភាព​ទន់​ខ្សោយ​និង​មាន​អារម្មណ៍​ដូច​យើង អាច​ជួយ​យើង​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ល្អ​ឥត​ខ្ចោះ​ទេ។ លោក​ចង់​ឲ្យ​យើង​ខំ​ត​ស៊ូ ពោល​គឺ​បន្ត​ព្យាយាម​ទោះ​ជា​យើង​មាន​ភាព​ទន់​ខ្សោយ​ក្ដី។ ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​ត​ស៊ូ? ក្រោយ​ពី​យើង​មាន​អារម្មណ៍​ថា​យើង​បាន​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​ណា​មួយ​ហើយ ក៏​យើង​ប្រហែល​ជា​នៅ​តែ​ធ្វើ​ខុស​នោះ​ម្ដង​ទៀត។ ប៉ុន្តែ យើង​នៅ​តែ​បន្ត​ព្យាយាម​រីក​ចម្រើន។ យើង​ទាំង​អស់​គ្នា​និយាយ​ឬ​ធ្វើ​អ្វី​ដែល​ក្រោយ​មក​យើង​ស្ដាយ​ក្រោយ។ ក៏​ប៉ុន្តែ​បើ​យើង​មិន​ព្រម​ឈប់​ព្យាយាម ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បន្ត​រីក​ចម្រើន។ (​១ពេ. ៥:១០​) ចិត្ត​អាណិត​មេត្តា​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ចំពោះ​ពេត្រុស​ទោះ​ជា​គាត់​ធ្វើ​ខុស​ក្ដី អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ w​២៣.០៩ ទំ.២០​-​២១ វ.២​-​៣

ថ្ងៃ​សុក្រ ទី​៣១ ខែ​មករា

លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ។—យ៉ូន. ១១:២១

ដូច​ម៉ាថា​បាន​បញ្ជាក់​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ លោក​យេស៊ូ​អាច​ធ្វើ​ឲ្យ​ឡាសា​ជា​សះ​ស្បើយ​បាន។ ប៉ុន្តែ លោក​ចង់​ធ្វើ​អ្វី​មួយ​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត។ លោក​សន្យា​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ការ​រស់​ឡើង​វិញ​និង​ការ​មាន​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ​»។ (​យ៉ូន. ១១:២៣, ២៥​) មែន​ហើយ ព្រះ​បាន​ផ្ដល់​ឫទ្ធានុភាព​ឲ្យ​លោក​យេស៊ូ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ មុន​នោះ លោក​បាន​ប្រោស​ក្មេង​ស្រី​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​មិន​យូរ​ក្រោយ​ពី​នាង​ស្លាប់។ លោក​ក៏​បាន​ប្រោស​បុរស​វ័យ​ក្មេង​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ទំនង​ជា​នៅ​ថ្ងៃ​ដែល​គាត់​ស្លាប់។ (​លូក. ៧:១១​-​១៥; ៨:៤៩​-​៥៥​) ប៉ុន្តែ តើ​លោក​អាច​ប្រោស​មនុស្ស​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ឲ្យ​រស់​ឡើង​វិញ ទោះ​ជា​រូប​កាយ​របស់​គាត់​ចាប់​ផ្ដើម​ខូច​រលួយ​ឬ​ទេ? ម៉ារៀ​ដែល​ជា​បង​ស្រី​ម្នាក់​ទៀត​របស់​ឡាសា​ទៅ​ជួប​លោក​យេស៊ូ។ នាង​និយាយ​តាម​បង​ស្រី​របស់​នាង​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​ច្បាស់​ជា​មិន​ស្លាប់​ទេ​»។ (​យ៉ូន. ១១:៣២​) ពេល​ឃើញ​និង​ឮ​ម៉ារៀ​និង​អ្នក​ឯ​ទៀត​ដែល​នៅ​ជា​មួយ​នាង​យំ លោក​យេស៊ូ​ពិបាក​ចិត្ត​ជា​ខ្លាំង។ លោក​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​ខ្លាំង​ណាស់​រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ លោក​យល់​អំពី​ការ​ឈឺ​ចាប់​ពេល​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់។ លោក​ច្បាស់​ជា​ចង់​បំបាត់​ចោល​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ​ស្រក់​ទឹក​ភ្នែក។ w​២៣.០៤ ទំ.១០​-​១១ វ.១២​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក