បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es25 ទំ. ១៧-២៦
  • ខែ​កុម្ភៈ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែ​កុម្ភៈ
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
  • ចំណងជើងតូច
  • ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​២ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​៤ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​៥ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​៧ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​៨ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​៩ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​១១ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​១២ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​១៩ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​២១ ខែ​កុម្ភៈ
  • ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ
  • ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ
  • ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កុម្ភៈ
  • ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ
  • ថ្ងៃ​ពុធ ទី​២៦ ខែ​កុម្ភៈ
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ
  • ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
es25 ទំ. ១៧-២៦

ខែ​កុម្ភៈ

ថ្ងៃ​សៅរ៍ ទី​១ ខែ​កុម្ភៈ

ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា។—យេ. ២៩:១២

ពេល​ស្ដេច​ហេសេគា​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​ជា​សះ​ស្បើយ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​មែន។ (​២បស. ២០:១​-​៦​) ផ្ទុយ​ទៅ​វិញ ពេល​សាវ័ក​ប៉ូល​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ដក​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ ព្រះ​យេហូវ៉ា​មិន​បាន​បំបាត់​ចោល​បញ្ហា​នោះ​ទេ។ (​២កូ. ១២:៧​-​៩​) ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​សាវ័ក​ពីរ​នាក់​គឺ​យ៉ាកុប​និង​ពេត្រុស។ យ៉ាកុប​បាន​ត្រូវ​គេ​សម្លាប់ ចំណែក​ឯ​ពេត្រុស​វិញ គាត់​បាន​ត្រូវ​សង្គ្រោះ​ដោយ​អព្ភូតហេតុ។ (​សកម្ម. ១២:១​-​១១​) យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​ព្រះ​យេហូវ៉ា​សង្គ្រោះ​ពេត្រុស តែ​មិន​សង្គ្រោះ​យ៉ាកុប​ផង?›។ គម្ពីរ​មិន​បាន​ចែង​ទេ។ យើង​អាច​ប្រាកដ​ថា​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​គឺ​«​សុទ្ធ​តែ​យុត្តិធម៌​»។ (​បច. ៣២:៤​) ជួន​កាល យើង​ប្រហែល​ជា​ទទួល​លទ្ធផល​ដែល​យើង​មិន​បាន​រំពឹង​ទុក។ ប៉ុន្តែ​ដោយ​សារ​យើង​ទុក​ចិត្ត​ថា​ការ​តប​ឆ្លើយ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​នឹង​តែង​តែ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌ យើង​នឹង​មិន​សង្ស័យ​អំពី​របៀប​ដែល​លោក​ជ្រើស​រើស​ដើម្បី​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ឡើយ។—យ៉ូប ៣៣:១៣ w​២៣.១១ ទំ.២១ វ.៦

ថ្ងៃ​អាទិត្យ ទី​២ ខែ​កុម្ភៈ

ប្រាជ្ញា​ពី​ស្ថាន​លើ . . . [​គឺ​]​រង់​ចាំ​ធ្វើ​តាម​បង្គាប់។—យ៉ា. ៣:១៧

យ៉ាកុប​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា មនុស្ស​ដែល​មាន​ប្រាជ្ញា​គឺ​«​រង់​ចាំ​ធ្វើ​តាម​បង្គាប់​»។ សូម​គិត​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ។ យើង​គួរ​មាន​ចិត្ត​ចង់​ហើយ​ក៏​ពេញ​ចិត្ត​ស្ដាប់​បង្គាប់​ពួក​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​អំណាច​មួយ​កម្រិត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់​បុគ្គល​ណា​ដែល​សុំ​យើង​ឲ្យ​បំពាន​បញ្ញត្តិ​របស់​លោក​ទេ។ (​សកម្ម. ៤:១៨​-​២០​) យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​ស្រួល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ជាង​មនុស្ស ដោយ​សារ​ព្រះ​យេហូវ៉ា​តែង​តែ​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​ឥត​ខ្ចោះ។ (​ចសព. ១៩:៧​) ប៉ុន្តែ មនុស្ស​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​អំណាច​ឲ្យ​មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​បាន​ផ្ដល់​អំណាច​មួយ​កម្រិត​ដល់​ឪពុក​ម្ដាយ ពួក​អាជ្ញាធរ និង​ពួក​អ្នក​ចាស់​ទុំ។ (​សុភ. ៦:២០; ១ថែ. ៥:១២; ១ពេ. ២:១៣, ១៤​) ពេល​យើង​ស្ដាប់​បង្គាប់​ពួក​គេ យើង​កំពុង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ w​២៣.១០ ទំ.៦ វ.២​-​៣

ថ្ងៃ​ច័ន្ទ ទី​៣ ខែ​កុម្ភៈ

ពាក្យ​ទាំង​នេះ​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ក៏​ពិត​ត្រង់។—បប. ២១:៥

របៀប​មួយ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​គឺ​ដោយ​គិត​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ លោក​មាន​ឫទ្ធានុភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ នេះ​គឺ​ដោយ​សារ​លោក​គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ (​យ៉ូប ៤២:២; ម៉ាក. ១០:២៧; អេភ. ៣:២០​) លោក​បាន​ប្រាប់​អាប្រាហាំ​និង​សារ៉ា​ថា​ពួក​គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ នៅ​ពេល​ដែល​ពួក​គាត់​មាន​វ័យ​ចាស់។ (​ដក. ១៧:១៥​-​១៧​) លោក​ក៏​បាន​ប្រាប់​អាប្រាហាំ​ថា កូន​ចៅ​របស់​គាត់​នឹង​ទទួល​ទឹក​ដី​កាណាន។ ក្នុង​អំឡុង​ពេល​ជា​ច្រើន​ឆ្នាំ​ដែល​កូន​ចៅ​របស់​អាប្រាហាំ​គឺ​ជន​ជាតិ​អ៊ីស្រាអែល បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប ច្បាស់​ជា​មើល​ទៅ​ហាក់​ដូច​ជា​សេចក្ដី​សន្យា​នោះ​នឹង​មិន​ក្លាយ​ជា​ការ​ពិត​ទេ។ ប៉ុន្តែ​សេចក្ដី​សន្យា​នោះ​បាន​សម្រេច​មែន។ លោក​បាន​ប្រាប់​ម៉ារៀ​ដែល​ជា​ស្ត្រី​ក្រមុំ​បរិសុទ្ធ​ថា​នាង​នឹង​បង្កើត​បុត្រ​របស់​លោក។ នេះ​សម្រេច​សេចក្ដី​សន្យា​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អស់​រាប់​ពាន់​ឆ្នាំ​មុន​ក្នុង​សួន​អេដែន។ (​ដក. ៣:១៥​) ពេល​យើង​គិត​អំពី​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា និង​របៀប​ដែល​លោក​បាន​សម្រេច​សេចក្ដី​សន្យា​ទាំង​នោះ យើង​យល់​ថា​លោក​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា។ យ៉ាង​នេះ ជំនឿ​របស់​យើង​ទៅ​លើ​សេចក្ដី​សន្យា​របស់​លោក​អំពី​ពិភព​លោក​ថ្មី​នឹង​កាន់​តែ​រឹង​មាំ​ឡើង។—យ៉ូស. ២៣:១៤; អេ. ៥៥:១០, ១១ w​២៣.០៤ ទំ.២៨ វ.១០​-​១២

ថ្ងៃ​អង្គារ ទី​៤ ខែ​កុម្ភៈ

ឱ​ព្រះ​យេហូវ៉ា សូម​លោក​ឮ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ សូម​ស្ដាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។—ចសព. ១៤៣:១

ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​អង្វរ​សុំ​សង្គ្រោះ​របស់​ដាវីឌ។ (​១សាំ. ១៩:១០, ១៨​-​២០; ២សាំ. ៥:១៧​-​២៥​) យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​បែប​នេះ​ដែរ។ (​ចសព. ១៤៥:១៨​) ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដូច​ការ​រំពឹង​ទុក​របស់​យើង​ឡើយ។ ប៉ូល​បាន​សុំ​ព្រះ​ឲ្យ​ដក​ចេញ​នូវ​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​របស់​គាត់។ អស់​បី​ដង ប៉ូល​បាន​អធិដ្ឋាន​អំពី​ការ​ពិបាក​នោះ។ តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​ឬ​ទេ? គឺ​មែន ប៉ុន្តែ​លោក​បាន​តប​ឆ្លើយ​តាម​របៀប​ដែល​ប៉ូល​មិន​បាន​រំពឹង​ទុក។ ជា​ជាង​បំបាត់​ចោល​បញ្ហា​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​បន្ត​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់។ (​២កូ. ១២:៧​-​១០​) ជួន​កាល យើង​ក៏​ប្រហែល​ជា​ទទួល​ចម្លើយ​ដែល​ខុស​ពី​អ្វី​ដែល​យើង​នឹក​ស្មាន​ដែរ។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ដឹង​ច្បាស់​អំពី​របៀប​ល្អ​បំផុត​ដើម្បី​ជួយ​យើង។ លោក​ថែម​ទាំង​អាច​«​ធ្វើ​ហួស​ពី​អ្វី​ៗ​ទាំង​អស់​ដែល​យើង​សុំ​ឬ​គិត​ឃើញ​»។ (​អេភ. ៣:២០​) ហេតុ​នេះ ការ​តប​ឆ្លើយ​របស់​លោក​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​អាច​មក​នៅ​ពេល ឬ​តាម​របៀប​មួយ​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ w​២៣.០៥ ទំ.៨​-​៩ វ.៤​-​៦

ថ្ងៃ​ពុធ ទី​៥ ខែ​កុម្ភៈ

នឹង​មាន​វេលា​មក​ដល់ ដែល​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​សម្រាប់​ជា​ទី​រំលឹក នឹង​ឮ​សំឡេង​បុត្រ​របស់​លោក ហើយ​ចេញ​មក។—យ៉ូន. ៥:២៨, ២៩

គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​អំពី​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ ហេតុ​អ្វី? ពីព្រោះ​យើង​មិន​ដឹង​ថា​ពេល​ណា​យើង​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ឬ​ស្រាប់​តែ​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ក្នុង​សេចក្ដី​ស្លាប់​ទេ។ (​អទ. ៩:១១; យ៉ា. ៤:១៣, ១៤​) សេចក្ដី​សង្ឃឹម​របស់​យើង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​បែប​នេះ។ (​១ថែ. ៤:១៣​) បទ​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្គាល់​យើង​ច្បាស់​និង​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ (​លូក. ១២:៧​) សូម​គិត​ថា​ព្រះ​យេហូវ៉ា​ត្រូវ​ស្គាល់​យើង​ច្បាស់​យ៉ាង​ណា​ដើម្បី​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ ដោយ​មាន​បុគ្គលិក​លក្ខណៈ​និង​ការ​ចង​ចាំ​ដូច​ដើម។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​លោក​បាន​ផ្ដល់​ឱកាស​ឲ្យ​យើង​រស់​ជា​រៀង​រហូត។ ទោះ​ជា​យើង​ស្លាប់​ក្ដី លោក​នឹង​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ។ ហេតុ​អ្វី​យើង​អាច​ជឿ​លើ​សេចក្ដី​សន្យា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? ពីព្រោះ​យើង​ជឿ​ជាក់​ថា​បុគ្គល​ដែល​ជា​អ្នក​សន្យា​មាន​បំណង​ប្រាថ្នា ព្រម​ទាំង​ឫទ្ធានុភាព​ឬ​សមត្ថភាព​ដើម្បី​សម្រេច​សេចក្ដី​សន្យា​នោះ។ w​២៣.០៤ ទំ.៨​-​៩ វ.២​-​៤

ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​កុម្ភៈ

ជា​រៀង​រាល់​ឆ្នាំ [​យ៉ូសែប​និង​ម៉ារៀ​]​មាន​ទម្លាប់​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង។—លូក. ២:៤១

យ៉ូសែប​និង​ម៉ារៀ​បាន​សហការ​គ្នា​ដើម្បី​រក្សា​ចំណង​មិត្តភាព​របស់​ពួក​គាត់​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​រឹង​មាំ។ ពួក​គាត់​បាន​យល់​ថា​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​គឺ​សំខាន់។ (​លូក. ២:២២​-​២៤; ៤:១៦​) នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​ចំពោះ​គូ​អាពាហ៍ពិពាហ៍​នៅ​សព្វ​ថ្ងៃ​នេះ​មែន! ដូច​យ៉ូសែប​និង​ម៉ារៀ បើ​អ្នក​មាន​កូន អ្នក​ប្រហែល​ជា​មិន​តែង​តែ​ស្រួល​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ ឬ​មាន​កាល​វិភាគ​សម្រាប់​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ទេ។ ប្រហែល​ជា​រឹត​តែ​ពិបាក​រក​ពេល​សិក្សា ឬ​អធិដ្ឋាន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ។ ប៉ុន្តែ សូម​ចាំ​ថា​ពេល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា អ្នក​កាន់​តែ​ចូល​ទៅ​ជិត​លោក ហើយ​ជិត​ស្និទ្ធ​នឹង​គ្នា។ ដូច្នេះ សូម​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ថា​សំខាន់​បំផុត។ បើ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​កំពុង​រកាំ​រកូស ការ​គិត​អំពី​ការ​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ប្រហែល​ជា​ស្ដាប់​ទៅ​មិន​សូវ​គួរ​ឲ្យ​សប្បាយ​រីករាយ​ទេ។ បើ​ដូច្នេះ សូម​ចាប់​ផ្ដើម​ដោយ​ពិចារណា​អំពី​អ្វី​ដ៏​ខ្លី​ៗ​និង​សប្បាយ​ៗ។ នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង ហើយ​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ w​២៣.០៥ ទំ.២២ វ.៧​-​៨

ថ្ងៃ​សុក្រ ទី​៧ ខែ​កុម្ភៈ

អូបាឌា . . . ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។—១បស. ១៨:៣

តើ​ការ​កោត​ខ្លាច​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អូបាឌា? នេះ​បាន​ជួយ​គាត់​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​និង​គួរ​ឲ្យ​ទុក​ចិត្ត ដូច្នេះ​ស្ដេច​បាន​ឲ្យ​គាត់​មើល​ការ​ខុស​ត្រូវ​លើ​វិមាន។ (​សូម​ពិនិត្យ​បន្ថែម នេហេមា ៧:២​) ការ​កោត​ខ្លាច​ព្រះ​ក៏​បាន​ជួយ​អូបាឌា​ឲ្យ​មាន​ចិត្ត​ក្លាហាន​ជា​ខ្លាំង ហើយ​នោះ​ជា​អ្វី​ដែល​គាត់​ពិត​ជា​ត្រូវ​ការ។ អូបាឌា​រស់​នៅ​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​នៃ​ស្ដេច​ដ៏​ទុច្ចរិត​គឺ​អាហាប់។ (​១បស. ១៦:៣០​) ម្យ៉ាង​វិញ​ទៀត ប្រពន្ធ​របស់​គាត់​យេសេបិល​ដែល​ជា​អ្នក​គោរព​បូជា​ព្រះ​បាល ស្អប់​ព្រះ​យេហូវ៉ា​ជា​ខ្លាំង​បាន​ជា​នាង​ព្យាយាម​កំចាត់​ចោល​ការ​គោរព​ប្រណិប័តន៍​ពិត​ទាំង​ស្រុង​នៅ​រាជាណាចក្រ​ខាង​ជើង។ នាង​ថែម​ទាំង​សម្លាប់​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ជា​ច្រើន​នាក់​ទៀត​ផង។ (​១បស. ១៨:៤​) ពេល​យេសេបិល​បាន​ចាប់​ផ្ដើម​ស្វែង​រក​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យក​ទៅ​សម្លាប់​ចោល អូបាឌា​បាន​យក​ពួក​គេ​១០០​នាក់​ទៅ​លាក់​ទុក​«​ដោយ​ដាក់​មួយ​ក្រុម​ៗ​៥០​នាក់​នៅ​ក្នុង​រអាង​ភ្នំ ហើយ​ផ្គត់​ផ្គង់​នំ​ប៉័ង​និង​ទឹក​ដល់​ពួក​គេ​»។ (​១បស. ១៨:១៣, ១៤​) បើ​យេសេបិល​ដឹង​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ នោះ​អូបាឌា​ដែល​ជា​បុរស​ដ៏​ក្លាហាន​នេះ​មុខ​ជា​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ ពិត​មែន​ថា​អូបាឌា​ទំនង​ជា​ភ័យ​ខ្លាច ហើយ​មិន​ចង់​ស្លាប់​ទេ ប៉ុន្តែ​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ដែល​បម្រើ​លោក​ច្រើន​ជាង​ស្រឡាញ់​ជីវិត​ខ្លួន​ឯង។ w​២៣.០៦ ទំ.១៦ វ.៩​-​១០

ថ្ងៃ​សៅរ៍ ទី​៨ ខែ​កុម្ភៈ

ខ្ញុំ​ជា​យេហូវ៉ា . . . ជា​អ្នក​ណែនាំ​អ្នក​រាល់​គ្នា។—អេ. ៤៨:១៧

ព្រះ​យេហូវ៉ា​បន្ត​នាំ​មុខ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ ដូច​លោក​បាន​ធ្វើ​នៅ​អតីតកាល។ លោក​ធ្វើ​ដូច្នេះ​តាម​រយៈ​បណ្ដាំ​របស់​លោក​និង​បុត្រ​លោក ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ តើ​យើង​អាច​ឃើញ​ទី​សំអាង​ដែល​បង្ហាញ​ថា​ព្រះ​ក៏​បាន​បន្ត​ប្រើ​មនុស្ស​ឲ្យ​ធ្វើ​ជា​តំណាង​លោក​ឬ​ទេ? យើង​អាច​ឃើញ​មែន។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​ពី​ឆ្នាំ​១៨៧០។ បង​ប្រុស​ឆាល ថេស រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​ចាប់​ផ្ដើម​យល់​ថា​ឆ្នាំ​១៩១៤​នឹង​ជា​ឆ្នាំ​ដ៏​សំខាន់​សម្រាប់​រាជាណាចក្រ​របស់​ព្រះ។ (​ដាន. ៤:២៥, ២៦​) ដើម្បី​យល់​ដូច្នេះ ពួក​គាត់​បាន​ពឹង​ផ្អែក​ទៅ​លើ​ទំនាយ​ក្នុង​គម្ពីរ។ តើ​ព្រះ​យេហូវ៉ា​ណែនាំ​ពួក​គាត់​ក្នុង​ការ​ស្រាវ​ជ្រាវ​គម្ពីរ​ឬ​ទេ? លោក​ច្បាស់​ជា​បាន​ធ្វើ​ដូច្នេះ។ នៅ​ឆ្នាំ​១៩១៤ ព្រឹត្តិការណ៍​ពិភព​លោក​បាន​បញ្ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង។ សង្គ្រាម​លោក​លើក​ទី​១​បាន​ផ្ទុះ​ឡើង ហើយ​បន្ទាប់​មក​មាន​រោគ​រាត​ត្បាត រញ្ជួយ​ដី និង​ការ​អត់​ឃ្លាន។ (​លូក. ២១:១០, ១១​) ព្រះ​យេហូវ៉ា​ពិត​ជា​ប្រើ​បុរស​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​ឲ្យ​ជួយ​រាស្ត្រ​លោក។ w​២៤.០២ ទំ.២៣ វ.១១

ថ្ងៃ​អាទិត្យ ទី​៩ ខែ​កុម្ភៈ

មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ​យេហូវ៉ា​ជួយ​សង្គ្រោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​ទាំង​អស់។—ចសព. ៣៤:១៩

យើង​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​យើង​ដឹង​ថា​លោក​ស្រឡាញ់​យើង​និង​ចង់​ឲ្យ​យើង​មាន​ជីវិត​ល្អ​បំផុត។ (​រ៉ូម ៨:៣៥​-​៣៩​) យើង​ក៏​ជឿ​ជាក់​ដែរ​ថា គោល​ការណ៍​គម្ពីរ​តែង​តែ​ផ្ដល់​ប្រយោជន៍​ដល់​យើង​ពេល​យើង​ធ្វើ​តាម។ (​អេ. ៤៨:១៧, ១៨​) ប៉ុន្តែ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​បើ​យើង​ជួប​បញ្ហា​ដែល​យើង​មិន​បាន​រំពឹង​ទុក? ជា​ឧទាហរណ៍ សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ យើង​ប្រហែល​ជា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​មិន​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ប្រហែល​ជា​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ពី​មហន្តរាយ​ធម្មជាតិ។ ឬ​យើង​ប្រហែល​ជា​ត្រូវ​គេ​បៀតបៀន​ដោយ​សារ​ជំនឿ​របស់​យើង។ ពេល​យើង​ជួប​ទុក្ខ​លំបាក​បែប​នេះ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​ខ្ញុំ? តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស? តើ​ព្រះ​យេហូវ៉ា​លែង​ឲ្យ​ពរ​ខ្ញុំ​ឬ?›។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​នាក់​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​អារម្មណ៍​ស្រដៀង​នឹង​នេះ។—ចសព. ២២:១, ២; ហាប. ១:២, ៣ w​២៣.០៤ ទំ.១៤ វ.១​-​២

ថ្ងៃ​ច័ន្ទ ទី​១០ ខែ​កុម្ភៈ

ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ក្រឹត្យ​ក្រម​របស់​លោក គ្រប់​ពេល​វេលា។—ចសព. ១១៩:១១២

ពេល​យើង​ជួប​ការ​ល្បួង យើង​បដិសេធ​ភ្លាម​ៗ​នូវ​គំនិត​ឬ​ការ​ប្រព្រឹត្ត​ណា​ក៏​ដោយ​ដែល​អាច​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​«​ស្ដាប់​បង្គាប់​[​លោក​]​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​»។ (​រ៉ូម ៦:១៧​) ការ​ណែនាំ​របស់​លោក​តែង​តែ​ផ្ដល់​ប្រយោជន៍​ដល់​យើង ហើយ​យើង​មិន​អាច​ផ្លាស់​ប្ដូរ​ច្បាប់​របស់​លោក​បាន​ឡើយ។ (​អេ. ៤៨:១៧, ១៨; ១កូ. ៦:៩, ១០​) មេ​កំណាច​ប្រើ​អំពើ​ឃោរឃៅ​និង​ការ​បង្ខិត​បង្ខំ​ដើម្បី​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ការ​តាំង​ចិត្ត។ គោល​ដៅ​របស់​វា​គឺ​«​លេប​ត្របាក់​»​យើង ក្នុង​ន័យ​ថា​បង្ខូច​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ (​១ពេ. ៥:៨​) គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ត្រូវ​គេ​គំរាម​កំហែង វាយ​ដំ និង​សម្លាប់ ដោយ​សារ​ពួក​គេ​បាន​តាំង​ចិត្ត​កាន់​ជំហរ​មាំ​មួន។ (​សកម្ម. ៥:២៧, ២៨, ៤០; ៧:៥៤​-​៦០​) សាថាន​បន្ត​ប្រើ​ការ​បៀតបៀន​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​ឃើញ​នេះ​កើត​ឡើង​នៅ​ប្រទេស​រុស្ស៊ី​និង​ប្រទេស​ឯ​ទៀត។ នៅ​កន្លែង​ទាំង​នេះ ពួក​អ្នក​ប្រឆាំង​ប្រព្រឹត្ត​យ៉ាង​សាហាវ​ឃោរឃៅ​មក​លើ​សាក្សី​ព្រះ​យេហូវ៉ា ឬ​វាយ​ប្រហារ​បង​ប្អូន​យើង​តាម​របៀប​ផ្សេង​ទៀត។ ក្រៅ​ពី​ការ​បៀតបៀន សាថាន​ក៏​ប្រើ​«​កល​ល្បិច​»​ផ្សេង​ៗ​ដែរ។—អេភ. ៦:១១ w​២៣.០៧ ទំ.១៥​-​១៦ វ.៦​-​៩

ថ្ងៃ​អង្គារ ទី​១១ ខែ​កុម្ភៈ

ចូរ​ឲ្យ​យើង . . . បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​យើង​អាច​ពេញ​វ័យ​ក្នុង​គ្រប់​ការ​ទាំង​អស់។—អេភ. ៤:១៥

កាល​ដែល​អ្នក​សិក្សា​បណ្ដាំ​ព្រះ​កាន់​តែ​ច្រើន សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​កើន​ឡើង។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន។ អ្នក​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង​ដោយ​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គម្ពីរ។ អ្នក​រៀន​ឲ្យ​ចេះ​គិត​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ដោយ​សារ​អ្នក​ចង់​ឲ្យ​ព្រះ​ពេញ​ចិត្ត។ ដូច​កូន​យក​តម្រាប់​ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​គាត់ អ្នក​ព្យាយាម​យក​តម្រាប់​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌។ (​អេភ. ៥:១, ២​) យើង​អាច​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ​ខ្លាំង​ជាង​ពេល​ដែល​ខ្ញុំ​ទៅ​ជា​គ្រិស្ត​សាសនិក​នៅ​ដើម​ដំបូង​ឬ​ទេ? តាំង​ពី​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក តើ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​កាន់​តែ​ដូច​ព្រះ​យេហូវ៉ា ជា​ពិសេស​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ឬ​ទេ?›។ បើ​«​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​កាល​ពី​ដើម​ដំបូង​»​បាន​រសាយ​ទៅ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ អ្វី​ដែល​ស្រដៀង​នឹង​នេះ​បាន​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ លោក​យេស៊ូ​មិន​បាន​គិត​ថា​ពួក​គេ​មិន​អាច​កែ​ប្រែ​បាន​ឡើយ ហើយ​លោក​ក៏​មិន​គិត​បែប​នេះ​ចំពោះ​យើង​ដែរ។ (​បប. ២:៤, ៧​) លោក​ដឹង​ថា​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​ឡើង​វិញ ដូច​យើង​ធ្លាប់​មាន​ពេល​ដែល​យើង​បាន​រៀន​សេចក្ដី​ពិត​នៅ​ដើម​ដំបូង។ w​២៣.០៧ ទំ.៨ វ.២​-​៣

ថ្ងៃ​ពុធ ទី​១២ ខែ​កុម្ភៈ

ឱ​ព្រះ​យេហូវ៉ា លោក​ល្អ​ពិត​មែន ហើយ​លោក​បម្រុង​តែ​នឹង​អភ័យ​ទោស។—ចសព. ៨៦:៥

សាវ័ក​ពេត្រុស​បាន​ធ្វើ​ខុស​ជា​បន្ត​បន្ទាប់។ ដំបូង​ពេត្រុស​មាន​ទំនុក​ចិត្ត​ហួស​ហេតុ​ពេក​ដោយ​និយាយ​អួតអាង​ថា គាត់​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​ទោះ​ជា​សាវ័ក​ឯ​ទៀត​បោះ​បង់​ចោល​លោក​យេស៊ូ​ក៏​ដោយ។ (​ម៉ាក. ១៤:២៧​-​២៩​) បន្ទាប់​មក ពេត្រុស​មិន​បាន​ចាំ​យាម​ម្ដង​ហើយ​ម្ដង​ទៀត។ (​ម៉ាក. ១៤:៣២, ៣៧​-​៤១​) បន្ទាប់​មក​ទៀត ពេត្រុស​បាន​រត់​ចោល​លោក​យេស៊ូ​ពេល​ដែល​មនុស្ស​មួយ​ក្រុម​ធំ​មក។ (​ម៉ាក. ១៤:៥០​) ចុង​ក្រោយ ពេត្រុស​បាន​បដិសេធ​មិន​ស្គាល់​លោក​យេស៊ូ​អស់​បី​ដង ហើយ​ថែម​ទាំង​បាន​ស្បថ​ចំពោះ​ការ​កុហក​នោះ​ទៀត​ផង។ (​ម៉ាក. ១៤:៦៦​-​៧១​) តើ​ពេត្រុស​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​គាត់​យល់​ថា​គាត់​បាន​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​ដូច​នេះ? គាត់​រំជួល​ចិត្ត​ក្រៃ​លែង ហើយ​ក៏​យំ​នឹក​ស្ដាយ​ជា​ខ្លាំង។ (​ម៉ាក. ១៤:៧២​) ជា​ជាង​ស្ដី​បន្ទោស​ពេត្រុស​ចំពោះ​ការ​ខុស​ឆ្គង​របស់​គាត់ លោក​យេស៊ូ​បាន​ប្រាប់​មិត្ត​ភក្ដិ​របស់​លោក​នេះ​ថា​គាត់​នឹង​ទទួល​ភារកិច្ច​ច្រើន​ជាង។ (​យ៉ូន. ២១:១៥​-​១៧​) ពេត្រុស​ដឹង​ថា​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ប៉ុន្តែ​គាត់​បន្ដ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ហេតុ​អ្វី? ពីព្រោះ​គាត់​ជឿ​ជាក់​ថា​លោក​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​គាត់​មិន​បាន​បោះ​បង់​ចោល​គាត់​ទេ។ តើ​មាន​មេ​រៀន​អ្វី? ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ជឿ​ជាក់​ថា​លោក​ស្រឡាញ់​យើង ហើយ​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​យើង។—រ៉ូម ៨:៣៨, ៣៩ w​២៤.០៣ ទំ.១៨​-​១៩ វ.១៣​-​១៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កុម្ភៈ

នាង​បាន​សម្លាប់​មនុស្ស​ច្រើន​រាប់​មិន​អស់។—សុភ. ៧:២៦

អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​អាច​នាំ​មក​នូវ​ភាព​អាម៉ាស់ អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន និង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់។ យើង​ឃើញ​ច្បាស់​ថា​គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​បដិសេធ​ការ​អញ្ជើញ​របស់​ស្ត្រី​ល្ងី​ល្ងើ។ ក្រៅ​ពី​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា មនុស្ស​ជា​ច្រើន​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ឆ្លង​ជំងឺ​ផ្សេង​ៗ​ដែល​អាច​នាំ​ឲ្យ​ពួក​គេ​ស្លាប់។ (​សុភ. ៧:២៣​) សៀវភៅ​សុភាសិត ជំពូក​ទី​៩ ខ​១៨​បញ្ចប់​ដោយ​ពាក្យ​ថា​៖ ​«​ភ្ញៀវ​របស់​នាង​នៅ​ក្នុង​ទី​បញ្ចុះ​សព​»។ ដូច្នេះ ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ចាញ់​បោក​ការ​អញ្ជើញ​របស់​នាង​ដែល​នាំ​ឲ្យ​អន្តរាយ? (​សុភ. ៩:១៣​-​១៨​) អន្ទាក់​មួយ​ដែល​សម្បូរ​គឺ​រូប​អាសអាភាស។ អ្នក​ខ្លះ​គិត​ថា​ការ​មើល​រូប​អាសអាភាស​គឺ​គ្មាន​គ្រោះ​ថ្នាក់​ទេ។ ប៉ុន្តែ រូប​អាសអាភាស​គឺ​មាន​គ្រោះ​ថ្នាក់ បន្ទាប​បន្ថោក និង​ធ្វើ​ឲ្យ​ញៀន។ រូប​អាសអាភាស​នៅ​ជាប់​ក្នុង​គំនិត ហើយ​ពិបាក​លុប​ចេញ​ណាស់។ ម្យ៉ាង​ទៀត រូប​បែប​នេះ​មិន​រម្ងាប់សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​ទេ តែ​វា​ធ្វើ​ឲ្យ​សេចក្ដី​ប៉ង​ប្រាថ្នា​នោះ​ដុះ​ដាល​កាន់​តែ​ខ្លាំង​ឡើង។ (​កូឡ. ៣:៥; យ៉ា. ១:១៤, ១៥​) មែន​ហើយ មនុស្ស​ជា​ច្រើន​ដែល​មើល​រូប​អាសអាភាស​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​នៅ​ពេល​ក្រោយ​មក។ w​២៣.០៦ ទំ.២៣ វ.១០​-​១១

ថ្ងៃ​សុក្រ ទី​១៤ ខែ​កុម្ភៈ

រាជាណាចក្រ​នេះ​នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ​ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។—ដាន. ២:៤៤

ទោះ​ជា​ប្រជា​ជាតិ​ឯ​ទៀត​ប្រហែល​ជា​ជួន​កាល​ប្រឆាំង​នឹង​មហា​អំណាច​អង់គ្លេស​អាម៉េរិក​ក្ដី ប្រជា​ជាតិ​ទាំង​នោះ​នឹង​មិន​ជំនួស​មហា​អំណាច​នេះ​បាន​ឡើយ។ យើង​ដឹង​ដូច្នេះ ដោយ​សារ​«​ដុំ​ថ្ម​»​ដែល​ជា​តំណាង​រាជាណាចក្រ​ព្រះ​នឹង​កម្ទេច​ប្រអប់​ជើង ដែល​ជា​ផ្នែក​នៃ​រូប​ធំ​សម្បើម​ដែល​ជា​តំណាង​អង់គ្លេស​អាម៉េរិក។ (​ដាន. ២:៣៤, ៣៥, ៤៤, ៤៥​) តើ​អ្នក​ជឿ​ជាក់​ថា​ទំនាយ​របស់​ដានីយ៉ែល​អំពី​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ធាតុ​ដែក​លាយ​នឹង​ដី​ឥដ្ឋ​គឺ​ត្រឹម​ត្រូវ​ឬ​ទេ? បើ​ដូច្នេះ នេះ​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​រស់​នៅ​របស់​អ្នក។ អ្នក​នឹង​មិន​ព្យាយាម​រក​លុយ​ឲ្យ​បាន​ច្រើន​ឬ​វត្ថុ​ទ្រព្យ​ច្រើន​ទេ ដោយ​សារ​អ្នក​ដឹង​ថា​មិន​យូរ​ទៀត​ពិភព​លោក​ដ៏​អាក្រក់​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​លូក. ១២:១៦​-​២១; ១​យ៉ូន. ២:១៥​-​១៧​) ការ​យល់​អំពី​ទំនាយ​នេះ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​ថា កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​កិច្ច​ការ​បង្រៀន​គឺ​សំខាន់​យ៉ាង​ណា។ (​ម៉ាថ. ៦:៣៣; ២៨:១៨​-​២០​) ក្រោយ​ពី​សិក្សា​ទំនាយ​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​ជឿ​ជាក់​ថា មិន​យូរ​ទៀត​រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស​ឬ​ទេ?›។ w​២៣.០៨ ទំ.១១ វ.១៣​-​១៤

ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កុម្ភៈ

ព្រះ​នឹង​វិនិច្ឆ័យ​យើង​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​យើង។—រ៉ូម ១៤:១២

សូម​ទទួល​ស្គាល់​ដោយ​ចិត្ត​សុភាព​ថា​អាយុ សុខភាព និង​ស្ថានភាព​របស់​អ្នក​ប្រហែល​ជា​ដាក់​កម្រិត​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ឥឡូវ​នេះ។ ដូច​បាស៊ីលឡាយ ចូរ​សុខ​ចិត្ត​មិន​ទទួល​យក​ឯកសិទ្ធិ​ផ្សេង​ៗ ពេល​បញ្ហា​សុខភាព​ឬ​អាយុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​បំពេញ​ភារកិច្ច​ណា​មួយ។ (​២សាំ. ១៩:៣៥, ៣៦​) ដូច​ម៉ូសេ ចូរ​ព្រម​ទទួល​ជំនួយ​និង​ប្រគល់​ភារកិច្ច​ទៅ​អ្នក​ឯ​ទៀត​ពេល​សម​ត្រឹម​ត្រូវ។ (​ដច. ១៨:២១, ២២​) ពេល​អ្នក​មាន​ចិត្ត​សុភាព អ្នក​នឹង​មិន​តម្រូវ​ឲ្យ​ខ្លួន​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បាក់​កម្លាំង​ឡើយ។ យើង​ក៏​មិន​ត្រូវ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​អ្នក​ឯ​ទៀត។ យើង​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​អ្នក​ឯ​ទៀត ហើយ​យើង​ក៏​មិន​តែង​តែ​អាច​ការ​ពារ​ពួក​គេ​ពី​ផល​វិបាក​ដែល​មក​ពី​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​ពួក​គេ​ឡើយ។ ជា​ឧទាហរណ៍ កូន​ប្រហែល​ជា​សម្រេច​ចិត្ត​នៅ​ពេល​ក្រោយ​មក​ថា​គាត់​នឹង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ ការ​សម្រេច​ចិត្ត​នេះ​អាច​នាំ​ឲ្យ​ឪពុក​ម្ដាយ​កើត​ទុក្ខ​ជា​ពន់​ពេក។ ប៉ុន្តែ ឪពុក​ម្ដាយ​ដែល​បន្ទោស​ខ្លួន​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ល្អ​របស់​កូន ដាក់​បន្ទុក​យ៉ាង​ធ្ងន់​លើ​ខ្លួន។ នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​ពួក​គេ​រែក​ពុន​នោះ​ទេ។ w​២៣.០៨ ទំ.២៩ វ.១១​-​១២

ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កុម្ភៈ

[​សាំសុន​]​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​ម្នាក់ . . . ។ នាង​មាន​ឈ្មោះ​ថា​ដេលីឡា។—អសក. ១៦:៤

សាំសុន​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដូច​យើង​ដែរ ដូច្នេះ​ជួន​កាល​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ។ ជា​ពិសេស ការ​សម្រេច​ចិត្ត​មួយ​របស់​គាត់​បាន​នាំ​ឲ្យ​មាន​ផល​ពិបាក​ដ៏​ខ្លោច​ផ្សា។ ក្រោយ​ពី​សាំសុន​បាន​បម្រើ​ជា​អ្នក​សម្រេច​ក្ដី​អស់​មួយ​រយៈ គាត់​«​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នារី​ម្នាក់​ដែល​រស់​នៅ​ជិត​ជ្រលង​សូរេក។ នាង​មាន​ឈ្មោះ​ថា​ដេលីឡា​»។ មុន​នោះ សាំសុន​ធ្លាប់​ភ្ជាប់​ពាក្យ​ជា​មួយ​នឹង​ស្ត្រី​ជន​ជាតិ​ភីលីស្ទីន​ម្នាក់ ប៉ុន្តែ​នោះ​គឺ​ជា​ការ​ផ្សំផ្គុំ​«​មក​ពី​ព្រះ​យេហូវ៉ា​»​ក្នុង​បំណង​«​រក​ឱកាស​ដើម្បី​ចាត់​ការ​ជន​ជាតិ​ភីលីស្ទីន​»។ ក្រោយ​មក សាំសុន​បាន​ស្នាក់​នៅ​ផ្ទះ​របស់​ស្ត្រី​ពេស្យា​ម្នាក់​នៅ​ក្រុង​កាសា នា​ស្រុក​ភីលីស្ទីន។ នៅ​ពេល​នោះ ព្រះ​បាន​ធ្វើ​ឲ្យ​សាំសុន​មាន​កម្លាំង​ខ្លាំង​ក្លា​ដើម្បី​ដក​ទ្វារ​កំពែង​ក្រុង​ចេញ ដែល​ធ្វើ​ឲ្យ​ក្រុង​នោះ​ងាយ​វាយ​លុក។ (​អសក. ១៤:១​-​៤; ១៦:១​-​៣​) ប៉ុន្តែ​ដេលីឡា​ទំនង​ជា​ជន​ជាតិ​អ៊ីស្រាអែល ដូច្នេះ​ចំណង​ស្នេហា​របស់​សាំសុន​ជា​មួយ​នឹង​នាង​មិន​ផ្ដល់​ឱកាស​ឲ្យ​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន​ទេ។ ដេលីឡា​ព្រម​ទទួល​លុយ​ជា​ច្រើន​ពី​ពួក​ភីលីស្ទីន ដើម្បី​ក្បត់​នឹង​សាំសុន។ w​២៣.០៩ ទំ.៥ វ.១២​-​១៣

ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កុម្ភៈ

មនុស្ស​ដែល​យល់​ធ្លុះ​ជ្រៅ​មិន​ឆាប់​ខឹង។—សុភ. ១៩:១១

ការ​យល់​ធ្លុះ​ជ្រៅ​អាច​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្លូត​បូត។ បុគ្គល​ដែល​មាន​ការ​យល់​ធ្លុះ​ជ្រៅ​ចេះ​ទប់​ចិត្ត​ពេល​គេ​ជំទាស់​អំពី​ជំនឿ​របស់​គាត់។ សំណួរ​ឬ​ការ​ជំទាស់​ខ្លះ​ប្រៀប​ដូច​ជា​ផ្ទាំង​ទឹក​កក​លើ​ផ្ទៃ​ទឹក ដែល​មាន​ផ្នែក​ខាង​ក្រោម​ធំ​ជាង​ផ្នែក​ខាង​លើ។ ជា​ឧទាហរណ៍ បំណង​ចិត្ត​ឬ​ការ​ព្រួយ​បារម្ភ​ណា​មួយ​ដែល​បុគ្គល​ម្នាក់​លាក់​ទុក​ក្នុង​ចិត្ត ប្រហែល​ជា​ជំរុញ​ចិត្ត​គាត់​ឲ្យ​សួរ​សំណួរ។ ដូច្នេះ​មុន​ឆ្លើយ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​ទទួល​ស្គាល់​ថា​យើង​ប្រហែល​ជា​មិន​ដឹង​អ្វី​ដែល​បាន​ជំរុញ​ចិត្ត​បុគ្គល​នោះ​ឲ្យ​សួរ​សំណួរ​ទេ។ (​សុភ. ១៦:២៣​) សូម​គិត​អំពី​របៀប​ដែល​គេឌាន​បាន​តប​ឆ្លើយ​ទៅ​ពួក​បុរស​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម។ ពួក​គេ​បាន​សួរ​គាត់​ទាំង​ខឹង​ថា ហេតុ​អ្វី​គាត់​មិន​ហៅ​ពួក​គេ​មុន​នោះ​ឲ្យ​ចូល​រួម​ជា​មួយ​គាត់​ក្នុង​ការ​ច្បាំង​នឹង​ពួក​សត្រូវ​របស់​អ៊ីស្រាអែល។ តើ​មាន​មូលហេតុ​អ្វី​ដែល​ពួក​គេ​ខឹង​យ៉ាង​ខ្លាំង? តើ​នោះ​គឺ​ដោយ​សារ​តែ​ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពួក​គេ​បាក់​មុខ​ឬ? មិន​ថា​មាន​មូលហេតុ​អ្វី​ក៏​ដោយ គេឌាន​បាន​បង្ហាញ​ការ​យល់​ធ្លុះ​ជ្រៅ។ គាត់​បាន​ព្យាយាម​យល់​មូលហេតុ​ដែល​ពួក​គេ​ទើស​ចិត្ត ហើយ​បាន​តប​ឆ្លើយ​ទៅ​ពួក​គេ​ដោយ​ស្លូត​បូត។ តើ​មាន​លទ្ធផល​អ្វី? គម្ពីរ​ចែង​ថា​៖ ​«​ពេល​ឮ​គាត់​និយាយ​បែប​នេះ ពួក​គេ​ក៏​ត្រជាក់​ចិត្ត​វិញ​»។—អសក. ៨:១​-​៣ w​២៣.០៩ ទំ.១៦ វ.៨​-​៩

ថ្ងៃ​អង្គារ ទី​១៨ ខែ​កុម្ភៈ

ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ធ្វើ​ឲ្យ​លោក​រីក​រាយ​ក្រៃ​លែង។—សុភ. ៨:៣០

ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​ដែល​អាច​មាន​រវាង​ឪពុក​និង​កូន។ ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​អារម្មណ៍​ឈឺ​ចាប់​ជា​ខ្លាំង ពេល​ឃើញ​បុត្រ​របស់​លោក​ត្រូវ​គេ​ធ្វើ​បាប មិន​ព្រម​ទទួល​ស្គាល់ និង​រង​ទុក្ខ​វេទនា។ ឪពុក​ម្ដាយ​ដែល​បាត់​បង់​កូន​ក្នុង​សេចក្ដី​ស្លាប់​យល់​ច្បាស់​អំពី​អារម្មណ៍​កើត​ទុក្ខ​ជា​ខ្លាំង​ដែល​មក​ពី​ការ​បាត់​បង់​កូន។ យើង​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប៉ុន្តែ​នេះ​មិន​បំបាត់​អារម្មណ៍​ឈឺ​ចាប់​ដែល​យើង​មាន​ពេល​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់​ឡើយ។ ឧទាហរណ៍​នេះ​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​ដែល​ព្រះ​យេហូវ៉ា​ច្បាស់​ជា​មាន​ពេល​លោក​ឃើញ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​រង​ទុក្ខ​និង​ស្លាប់​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស.។ (​ម៉ាថ. ៣:១៧​) ក្នុង​រយៈ​ពេល​ចាប់​ពី​ឥឡូវ​នេះ​ដល់​ពិធី​រំលឹក សូម​សិក្សា​ផ្ទាល់​ខ្លួន​ឬ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្លៃ​លោះ។ ម្យ៉ាង​ទៀត នៅ​ថ្ងៃ​ពិធី​រំលឹក សូម​កុំ​ភ្លេច​មើល​កម្ម​វិធី​គោរព​ប្រណិប័តន៍​ពេល​ព្រឹក​ពិសេស។ ពេល​យើង​ត្រៀម​ចិត្ត​សម្រាប់​ពិធី​រំលឹក យើង​នឹង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍​ពី​កម្ម​វិធី​នោះ​ដែរ។—អែស. ៧:១០ w​២៤.០១ ទំ.១១ វ.១០​-​១២

ថ្ងៃ​ពុធ ទី​១៩ ខែ​កុម្ភៈ

លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា . . . ខ្លាំង​ក្លា។—១ពេ. ៥:១០

របៀប​មួយ​ដែល​យើង​អាច​ទទួល​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​គឺ​ដោយ​អធិដ្ឋាន​ទៅ​លោក។ ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដោយ​ឲ្យ​យើង​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»។ (​២កូ. ៤:៧​) កម្លាំង​របស់​យើង​ក៏​អាច​ពង្រឹង​ឡើង​ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​លោក។ (​ចសព. ៨៦:១១​) ដំណឹង​របស់​ព្រះ​យេហូវ៉ា​សម្រាប់​យើង​ក្នុង​គម្ពីរ​«​មាន​ឫទ្ធានុភាព​»។ (​ហេ. ៤:១២​) ពេល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​អាន​បណ្ដាំ​លោក អ្នក​នឹង​ទទួល​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ រក្សា​អំណរ ឬ​បំពេញ​ភារកិច្ច​ដ៏​ពិបាក។ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​អ្នក​ប្រកាស​ទំនាយ​យ៉ូណាស។ យ៉ូណាស​បាន​រត់​គេច​ពី​ភារកិច្ច​ដ៏​ពិបាក​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់។ ជា​លទ្ធផល គាត់​ស្ទើរ​តែ​បាត់​បង់​ជីវិត​ក្នុង​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​រួម​ដំណើរ​តាម​សំពៅ​ជា​មួយ​គាត់​ប៊ិះ​នឹង​ស្លាប់​ដែរ។ ពេល​គាត់​បាន​ត្រូវ​បោះ​ទៅ​ក្នុង​សមុទ្រ គាត់​បាន​ឃើញ​ថា​ខ្លួន​ស្ថិត​ក្នុង​កន្លែង​ដ៏​ងងឹត​មួយ​ដែល​គាត់​មិន​ធ្លាប់​នៅ គឺ​នៅ​ក្នុង​ពោះ​ត្រី​ដ៏​ធំ។ តើ​យ៉ូណាស​បាន​ធ្វើ​អ្វី​ដើម្បី​ទទួល​កម្លាំង​ពេល​គាត់​នៅ​ក្នុង​ពោះ​ត្រី​តែ​ម្នាក់​ឯង? គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។—យ៉ូណ. ២:១, ២, ៧ w​២៣.១០ ទំ.១៣ វ.៤​-​៦

ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កុម្ភៈ

ទី​បញ្ចប់​នៃ​អ្វី​ៗ​ទាំង​អស់​គឺ​ជិត​ដល់​ហើយ។—១ពេ. ៤:៧

ទោះ​ជា​សាវ័ក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទាំង​ពីរ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ក្ដី ព្រះ​យេហូវ៉ា​បាន​ឲ្យ​សំបុត្រ​ទាំង​នេះ​មាន​នៅ​ក្នុង​បណ្ដាំ​របស់​លោក។ ដូច្នេះ ឥឡូវ​យើង​អាច​ទទួល​ប្រយោជន៍​ពី​សំបុត្រ​ទាំង​នេះ​បាន។ (​រ៉ូម ១៥:៤​) មនុស្ស​នៅ​ជុំ​វិញ​យើង​មិន​មាន​ជំនឿ​ទៅ​លើ​ទំនាយ​ក្នុង​គម្ពីរ​ទេ។ ពួក​អ្នក​ប្រឆាំង​ប្រហែល​ជា​សើច​ចំអក​យើង ដោយ​សារ​យើង​និយាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ទី​បញ្ចប់​នឹង​មក​ដល់។ មនុស្ស​ខ្លះ​ទៀត​អះអាង​ថា​ទី​បញ្ចប់​នឹង​មិន​មក​ទេ។ (​២ពេ. ៣:៣, ៤​) បើ​យើង​ឮ​ពាក្យ​សម្ដី​បែប​នេះ​ពី​ម្ចាស់​ផ្ទះ អ្នក​រួម​ការ​ងារ ឬ​ពី​សមាជិក​ក្រុម​គ្រួសារ​របស់​យើង ជំនឿ​របស់​យើង​អាច​រង្គោះ​រង្គើ។ ពេត្រុស​បាន​ពន្យល់​អំពី​អ្វី​ដែល​អាច​ជួយ​យើង។ ចំពោះ​អ្នក​ខ្លះ ប្រហែល​ជា​មើល​ទៅ​ព្រះ​យេហូវ៉ា​ក្រ​នឹង​បញ្ចប់​របៀប​របប​ពិភព​លោក​ដ៏​ទុច្ចរិត​នៅ​បច្ចុប្បន្ន​នេះ។ ពាក្យ​របស់​ពេត្រុស​អាច​ជួយ​យើង​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ ដោយ​រំលឹក​យើង​ថា​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​អំពី​ពេល​វេលា​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ទស្សនៈ​របស់​មនុស្ស។ (​២ពេ. ៣:៨, ៩​) មួយ​ពាន់​ឆ្នាំ​ស្មើ​នឹង​មួយ​ថ្ងៃ​ចំពោះ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​មាន​ចិត្ត​អត់​ធ្មត់ ហើយ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ។ ប៉ុន្តែ​ពេល​ដែល​ថ្ងៃ​របស់​លោក​មក​ដល់ របៀប​របប​ពិភព​លោក​នេះ​នឹង​មក​ដល់​ទី​បញ្ចប់។ w​២៣.០៩ ទំ.២៦​-​២៧ វ.២​-​៥

ថ្ងៃ​សុក្រ ទី​២១ ខែ​កុម្ភៈ

យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ចំពោះ​អ្វី​ដែល​យើង​បាន​ឮ ដើម្បី​កុំ​ឲ្យ​យើង​រសាត់​ចេញ​ពី​ជំនឿ។—ហេ. ២:១

ហេតុ​អ្វី​សាវ័ក​ប៉ូល​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​នៅ​តំបន់​យូឌា? ទំនង​ជា​មាន​មូលហេតុ​សំខាន់​ចម្បង​ពីរ។ ទី​១ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ។ ពួក​គេ​ភាគ​ច្រើន​បាន​ធំ​ឡើង​ក្នុង​សាសនា​យូដា។ បុគ្គល​ដែល​ធ្លាប់​ជា​អ្នក​ដឹក​នាំ​សាសនា​របស់​ពួក​គេ​ប្រហែល​ជា​រិះ​គន់​ពួក​គេ​ចំពោះ​ការ​ធ្វើ​ជា​គ្រិស្ត​សាសនិក។ ហេតុ​អ្វី? ពីព្រោះ​គ្រិស្ត​សាសនិក​មិន​មាន​វិហារ​ដើម្បី​ទៅ​គោរព​ប្រណិប័តន៍ គ្មាន​ទី​បូជា​ដើម្បី​ជូន​គ្រឿង​បូជា​ទៅ​ព្រះ និង​គ្មាន​សង្ឃ​ដើម្បី​បំពេញ​កិច្ច​បម្រើ​ឲ្យ​ពួក​គេ​ទេ។ នេះ​អាច​ធ្វើ​ឲ្យ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ធ្លាក់​ទឹក​ចិត្ត ហើយ​នាំ​ឲ្យ​ជំនឿ​របស់​ពួក​គេ​ចុះ​ខ្សោយ។ (​ហេ. ៣:១២, ១៤​) ពួក​គេ​ខ្លះ​ប្រហែល​ជា​ថែម​ទាំង​បាន​គិត​អំពី​ការ​ត្រឡប់​ទៅ​កាន់​សាសនា​យូដា​វិញ​ទៀត​ផង។ ទី​២ ប៉ូល​បាន​លើក​ឡើង​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ទាំង​នោះ​ថា ពួក​គេ​មិន​ខំ​ព្យាយាម​ដើម្បី​យល់​សេចក្ដី​បង្រៀន​ថ្មី​ឬ​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ ពោល​គឺ​«​អាហារ​រឹង​»​ក្នុង​បណ្ដាំ​របស់​ព្រះ​ទេ។ (​ហេ. ៥:១១​-​១៤​) តាម​មើល​ទៅ​ពួក​គេ​ខ្លះ​នៅ​តែ​កាន់​តាម​ច្បាប់​ម៉ូសេ។ w​២៣.១០ ទំ.២៥ វ.៣​-​៤

ថ្ងៃ​សៅរ៍ ទី​២២ ខែ​កុម្ភៈ

[​ចូរ​]​និយាយ​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង ដូច​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ស្រី ដោយ​សេចក្ដី​បរិសុទ្ធ​គ្រប់​ជំពូក។—១ធី. ៥:២

ស្ត្រី​ខ្លះ​សម្រេច​ចិត្ត​មិន​រៀប​ការ។ (​ម៉ាថ. ១៩:១០​-​១២​) សូម​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មិន​មើល​ងាយ​គ្រិស្ត​សាសនិក​នៅ​លីវ​ឡើយ។ នៅ​ទូ​ទាំង​ពិភព​លោក បង​ប្អូន​ស្រី​នៅ​លីវ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ក្រុម​ជំនុំ។ សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​របស់​ពួក​គេ​ចំពោះ​អ្នក​ឯ​ទៀត ជំរុញ​ចិត្ត​ស្ត្រី​គ្រិស្ត​សាសនិក​ទាំង​នេះ​ឲ្យ​ទៅ​ជា​បង​ប្អូន​ស្រី​និង​ម្ដាយ​ដល់​បុគ្គល​ជា​ច្រើន។ (​ម៉ាក. ១០:២៩, ៣០​) អ្នក​ខ្លះ​ទៅ​ជា​អ្នក​បម្រើ​ពេញ​ពេល។ ស្ត្រី​គ្រិស្ត​សាសនិក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក។ (​ចសព. ៦៨:១១​) តើ​ប្អូន​អាច​រៀប​គម្រោង​នៅ​ឥឡូវ​នេះ​ដើម្បី​ចូល​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល​ឬ​ទេ? ប្អូន​ប្រហែល​ជា​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ អ្នក​ស្ម័គ្រ​ចិត្ត​ខាង​ផ្នែក​សាង​សង់ ឬ​សមាជិក​បេតអែល។ សូម​អធិដ្ឋាន​អំពី​គោល​ដៅ​របស់​ប្អូន។ សូម​និយាយ​ជា​មួយ​អ្នក​ឯ​ទៀត​ដែល​បាន​សម្រេច​គោល​ដៅ​នោះ ហើយ​ព្យាយាម​ស្វែង​យល់​ថា​តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ បន្ទាប់​មក សូម​ពិនិត្យ​ពិចារណា​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​នោះ។ ការ​សម្រេច​គោល​ដៅ​របស់​ប្អូន​នឹង​បើក​ឱកាស​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ជា​ច្រើន​សម្រាប់​ប្អូន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ w​២៣.១២ ទំ.២២ វ.១៦​-​១៧

ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ

ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ​ជា​មុន​សិន។—ម៉ាក. ១៣:១០

កាល​ដែល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​កាន់​តែ​ខិត​ចូល​មក​ដល់ យើង​ទទួល​ស្គាល់​កាន់​តែ​ខ្លាំង​ថា គឺ​បន្ទាន់​ដែល​យើង​ធ្វើ​តាម​បង្គាប់​ឲ្យ​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្តែ យើង​ប្រហែល​ជា​ពិបាក​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​របស់​យើង​បើ​យើង​មាន​បញ្ហា​លុយ​កាក់ ឬ​បើ​យើង​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចាត់​ទុក​រាជាណាចក្រ​ថា​សំខាន់​បំផុត? សូម​បន្ត​មាន​ទំនុក​ចិត្ត​ថា​«​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​»​គឺ​នៅ​ខាង​យើង។ លោក​នឹង​គាំទ្រ​យើង​បើ​យើង​បន្ត​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ថា​សំខាន់​ជាង​រឿង​ផ្ទាល់​ខ្លួន។ ដូច្នេះ យើង​មិន​ចាំ​បាច់​ខ្លាច​អ្វី​ឡើយ។ (​ហាក. ២:៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​សង្គ្រោះ​ជីវិត​ដោយ​បន្ត​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ហាកាយ​បាន​លើក​ទឹក​ចិត្ត​រាស្ត្រ​ព្រះ​យេហូវ៉ា​ឲ្យ​ចាប់​ផ្ដើម​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​របស់​ពួក​គេ​ជា​ថ្មី ហាក់​ដូច​ជា​ពួក​គេ​ដាក់​គ្រឹះ​វិហារ​ម្ដង​ទៀត។ បើ​ពួក​គេ​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​«​ឲ្យ​ពរ​ជា​បរិបូរ​»។ (​ហាក. ២:១៨, ១៩​) យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង បើ​យើង​ចាត់​ទុក​កិច្ចការ​ដែល​លោក​បាន​ប្រគល់​ឲ្យ​យើង​ថា​សំខាន់​បំផុត។ w​២៣.១១ ទំ.១៦ វ.៨; ទំ.១៧ វ.១១

ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កុម្ភៈ

គ្រប់​គ្នា​ធ្លាប់​ធ្វើ​ខុស។—រ៉ូម ៣:២៣

ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​រ៉ូម គាត់​បាន​និយាយ​ថា​មនុស្ស​ទាំង​អស់​មាន​ការ​ខុស​ឆ្គង។ យ៉ាង​នេះ តើ​តាម​របៀប​ណា​អ្នក​ណា​ម្នាក់​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​មនុស្ស​សុចរិត ឬ​គ្មាន​កន្លែង​បន្ទោស ហើយ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ? ដើម្បី​ជួយ​គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ស្មោះ​ទាំង​អស់​ឲ្យ​ឆ្លើយ​សំណួរ​នេះ ប៉ូល​បាន​លើក​ឡើង​អំពី​អាប្រាហាំ។ ព្រះ​យេហូវ៉ា​បាន​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត​ពេល​ដែល​គាត់​រស់​នៅ​ស្រុក​កាណាន។ ហេតុ​អ្វី​លោក​អាច​ចាត់​ទុក​ថា​អាប្រាហាំ​ជា​មនុស្ស​សុចរិត? តើ​នេះ​គឺ​ដោយ​សារ​អាប្រាហាំ​បាន​ធ្វើ​តាម​ច្បាប់​ម៉ូសេ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឬ? ប្រាកដ​ជា​មិន​មែន​ទេ។ (​រ៉ូម ៤:១៣​) ប្រជា​ជាតិ​អ៊ីស្រាអែល​ទទួល​ច្បាប់​នោះ​ជាង​៤០០​ឆ្នាំ​ក្រោយ​ពី​ព្រះ​បាន​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត។ ដូច្នេះ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ហៅ​អាប្រាហាំ​ថា​ជា​មនុស្ស​សុចរិត? ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​អាប្រាហាំ ហើយ​ហៅ​គាត់​ថា​ជា​មនុស្ស​សុចរិត​ដោយ​សារ​ជំនឿ​របស់​គាត់។—រ៉ូម ៤:២​-​៤ w​២៣.១២ ទំ.៣ វ.៤​-​៥

ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ

សូម​អ្នក​ធ្វើ​តាម​បំណង​ចិត្ត​របស់​អ្នក​ចុះ។—១ប្រ. ១៧:២

នៅ​យប់​ដែល​អ្នក​ប្រកាស​ទំនាយ​ណាថាន់​បាន​ប្រាប់​ពាក្យ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ​ដល់​ដាវីឌ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណាថាន់​ថា​ដាវីឌ​នឹង​មិន​មែន​ជា​អ្នក​សង់​វិហារ​ទេ។ (​១ប្រ. ១៧:៣, ៤, ១១, ១២​) តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​គាត់​ទទួល​ដំណឹង​នេះ? គាត់​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​ទ្រព្យ​សម្បត្តិ​សម្រាប់​ធ្វើ​គម្រោង​នោះ ដែល​កូន​របស់​គាត់​សាឡូម៉ូន​នឹង​ត្រូវ​ការ។ (​១ប្រ. ២៩:១​-​៥​) ភ្លាម​ៗ​ក្រោយ​ពី​ប្រាប់​ដាវីឌ​ថា​គាត់​នឹង​មិន​មែន​ជា​អ្នក​សង់​វិហារ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​គាត់។ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដាវីឌ​ថា​កូន​ចៅ​ម្នាក់​របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។ (​២សាំ. ៧:១៦​) សូម​ស្រមៃ​គិត​ថា​ក្នុង​ពិភព​លោក​ថ្មី ដាវីឌ​នឹង​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ដែល​ដឹង​ថា គាត់​នៅ​ក្រោម​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​លោក​យេស៊ូ​ជា​ស្ដេច​ដែល​មក​ពី​សែស្រឡាយ​គាត់! កំណត់​ហេតុ​នេះ​ជួយ​យើង​ឲ្យ​យល់​ថា ទោះ​ជា​យើង​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​ចង់​ធ្វើ​សម្រាប់​ព្រះ​យេហូវ៉ា​ក្ដី លោក​ប្រហែល​ជា​ឲ្យ​យើង​នូវ​ពរ​ផ្សេង​ទៀត​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ w​២៣.០៤ ទំ.១៦ វ.៨​-​១០

ថ្ងៃ​ពុធ ទី​២៦ ខែ​កុម្ភៈ

ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​រាស្ត្រ​របស់​លោក​ទេ។—ចសព. ៩៤:១៤

អ្នក​ប្រហែល​ជា​ឃើញ​ថា​ផ្នែក​ខ្លះ​នៃ​គម្ពីរ​អាច​សម្រាល​ទុក្ខ​អ្នក​យ៉ាង​ខ្លាំង​ពេល​ភ័យ​ខ្លាច។ ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​សៀវភៅ​យ៉ូប ចម្រៀង​សរសើរ​ព្រះ និង​សុភាសិត ព្រម​ទាំង​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ជំពូក​៦។ កាល​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​អាន​បណ្ដាំ​លោក អ្នក​នឹង​ទទួល​ការ​សម្រាល​ទុក្ខ​ពី​លោក។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ជា​និច្ច​ក្នុង​អំឡុង​គ្រា​ដ៏​អាប់​អួ​ក្នុង​ជីវិត​របស់​យើង។ យើង​នឹង​មិន​នៅ​តែ​ឯង​ឡើយ។ (​ចសព. ២៣:៤​) ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ការ​ពារ គាំទ្រ សម្រាល​ទុក្ខ និង​ធ្វើ​ឲ្យ​យើង​នឹងនរ។ អេសាយ ២៦:៣​ចែង​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​លោក​នឹង​ការ​ពារ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​លោក​ទាំង​ស្រុង លោក​នឹង​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដល់​ពួក​គេ​ជា​និច្ច ព្រោះ​ពួក​គេ​ទុក​ចិត្ត​លោក​»។ ដូច្នេះ សូម​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​ជំនួយ​ទាំង​អស់​ពី​លោក។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​កម្លាំង​ឡើង​វិញ​សូម្បី​តែ​ក្នុង​អំឡុង​គ្រា​លំបាក​ក្ដី។ w​២៤.០១ ទំ.២៥ វ.១៦​-​១៧

ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​កុម្ភៈ

ឯ​គ្រឿង​អាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​អ្នក នោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ!—អេ. ៥៤:១៧

ពាក្យ​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​កំពុង​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ។ ពាក្យ​សម្រាល​ទុក្ខ​នៅ​បន្ទាប់​នេះ​ក៏​សំដៅ​លើ​សម័យ​យើង​ដែរ ដែល​ថា​៖ ​«​កូន​ៗ​ទាំង​អស់​របស់​អ្នក​នឹង​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ពួក​គេ​នឹង​មាន​ជា​បរិបូរ។ អ្នក​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​ក្នុង​សេចក្ដី​សុចរិត។ . . . អ្នក​នឹង​មិន​ភ័យ​ខ្លាច​ហើយ​ក៏​មិន​តក់​ស្លុត​ដែរ ព្រោះ​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​នឹង​មិន​មក​ជិត​អ្នក​ទេ​»។ (​អេ. ៥៤:១៣, ១៤​) សូម្បី​តែ​សាថាន​ដែល​ជា​«​ព្រះ​នៃ​របៀប​របប​ពិភព​លោក​នេះ​»​ក៏​មិន​អាច​បញ្ឈប់​កិច្ចការ​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា​បាន​ឡើយ។ (​២កូ. ៤:៤​) ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ ហើយ​នោះ​នឹង​មិន​ត្រូវ​បង្ខូច​ម្ដង​ទៀត​ទេ តែ​នោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ គ្រឿង​អាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​យើង នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ! w​២៤.០២ ទំ.៤ វ.១០

ថ្ងៃ​សុក្រ ទី​២៨ ខែ​កុម្ភៈ

អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក​ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ។—ម៉ាថ. ១០:៣៧

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ចាត់​ទុក​ពាក្យ​សម្បថ​របស់​យើង​ក្នុង​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ថា​សំខាន់។ នេះ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​សម្រេច​ចិត្ត​និង​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​រឿង​ក្រុម​គ្រួសារ។ យើង​ខំ​ប្រឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​យើង ប៉ុន្តែ​យើង​មិន​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​សមាជិក​ក្រុម​គ្រួសារ​យើង​ថា​សំខាន់​ជាង​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​យើង​ឡើយ។ (​ម៉ាថ. ១០:៣៥, ៣៦; ១ធី. ៥:៨​) ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​សាច់​ញាតិ​របស់​យើង​មិន​សប្បាយ​ចិត្ត តែ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ លោក​ជា​អ្នក​រៀប​ចំ​ឲ្យ​មាន​ក្រុម​គ្រួសារ ហើយ​លោក​ចង់​ឲ្យ​ក្រុម​គ្រួសារ​របស់​យើង​មាន​សុភមង្គល។ (​អេភ. ៣:១៤, ១៥​) បើ​យើង​ចង់​មាន​សុភមង្គល​ពិត​ប្រាកដ យើង​ត្រូវ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ។ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​លះ​បង់​របស់​អ្នក​ដើម្បី​គោរព​ប្រណិប័តន៍​លោក កាល​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​និង​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។—រ៉ូម ១២:១០ w​២៤.០២ ទំ.១៧ វ.១១; ទំ.១៨ វ.១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក