ខែមីនា
ថ្ងៃសៅរ៍ ទី១ ខែមីនា
សេចក្ដីសង្ឃឹមនោះមិននាំឲ្យខកចិត្តឡើយ។—រ៉ូម ៥:៥
ពិភពលោកថ្មីមិនទាន់មកដល់ទេ ប៉ុន្តែសូមគិតអំពីអ្វីមួយចំនួនដែលមានរួចហើយដូចជាដួងតារា ដើមឈើ សត្វ និងមនុស្សជាតិ។ គ្មានអ្នកណានឹងសង្ស័យថាអ្វីទាំងអស់នេះមិនពិតនោះទេ ទោះជាមានពេលវេលាដែលអ្វីទាំងនេះមិនទាន់មានក៏ដោយ។ សព្វថ្ងៃនេះ មានអ្វីទាំងនេះដោយសារតែព្រះយេហូវ៉ាបង្កើតវា។ (ដក. ១:១, ២៦, ២៧) ព្រះរបស់យើងក៏បានសន្យាថាលោកនឹងបង្កើតពិភពលោកថ្មី ហើយលោកនឹងសម្រេចសេចក្ដីសន្យានោះ។ ក្នុងពិភពលោកថ្មី មនុស្សនឹងសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់ដោយមានសុខភាពល្អឥតខ្ចោះ។ យើងអាចប្រាកដថាពិភពលោកថ្មីនឹងមកនៅពេលកំណត់របស់ព្រះ។ (អេ. ៦៥:១៧; បប. ២១:៣, ៤) ទម្រាំដល់ពេលនោះ សូមប្រើគ្រប់ឱកាសដែលអ្នកមាន ដើម្បីពង្រឹងជំនឿរបស់អ្នក។ សូមមានចិត្តកតញ្ញូជានិច្ចចំពោះថ្លៃលោះ។ សូមគិតអំពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា។ សូមចំណាយពេលក្នុងសកម្មភាពខាងការគោរពប្រណិប័តន៍ព្រះ។ ដោយធ្វើដូច្នេះ អ្នកអាចនៅក្នុងចំណោម«ពួកអ្នកដែលបានទទួលសេចក្ដីសន្យាជាមត៌ក ដោយសារពួកគេមានជំនឿនិងចិត្តអត់ធ្មត់»។—ហេ. ៦:១១, ១២ w២៣.០៤ ទំ.៣១ វ.១៨-១៩
ថ្ងៃអាទិត្យ ទី២ ខែមីនា
តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?—យ៉ូន. ១១:៤០
លោកយេស៊ូបានងើយទៅលើ ហើយអធិដ្ឋានជាសាធារណៈ។ លោកចង់ឲ្យកិត្តិយសទាំងអស់ទៅព្រះយេហូវ៉ាចំពោះអ្វីដែលកើតឡើងបន្ទាប់មក។ លុះក្រោយមក លោកយេស៊ូបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។ (យ៉ូន. ១១:៤៣) រួចមកឡាសាក៏ដើរចេញពីទីបញ្ចុះសព។ លោកយេស៊ូបានធ្វើអ្វីដែលអ្នកខ្លះគិតថាមិនអាចទៅរួច។ កំណត់ហេតុនេះពង្រឹងជំនឿរបស់យើងទៅលើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ។ តើតាមរបៀបណា? សូមនឹកចាំអំពីសេចក្ដីសន្យារបស់លោកយេស៊ូទៅកាន់ម៉ាថា ដែលថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»។ (យ៉ូន. ១១:២៣) ដូចបិតារបស់លោក លោកយេស៊ូមានបំណងប្រាថ្នានិងឫទ្ធានុភាពដើម្បីធ្វើតាមសេចក្ដីសន្យានោះ។ ទឹកភ្នែករបស់លោកយេស៊ូបង្ហាញថា លោកមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយបំបាត់ចោលទុក្ខសោករបស់មនុស្សដែលមកពីសេចក្ដីស្លាប់។ កាលដែលឡាសាដើរចេញពីទីបញ្ចុះសព លោកយេស៊ូបានបង្ហាញថា លោកមានឫទ្ធានុភាពប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ សូមគិតផងដែរអំពីការរំលឹករបស់លោកយេស៊ូទៅកាន់ម៉ាថាដូចបានលើកឡើងនៅក្នុងបទគម្ពីរថ្ងៃនេះ។ យើងមានមូលហេតុសមត្រឹមត្រូវឲ្យជឿថាសេចក្ដីសន្យារបស់ព្រះអំពីការប្រោសឲ្យរស់ឡើងវិញនឹងក្លាយជាការពិត។ w២៣.០៤ ទំ.១១-១២ វ.១៥-១៦
ថ្ងៃច័ន្ទ ទី៣ ខែមីនា
ព្រះយេហូវ៉ានៅជិតអស់អ្នកដែលហៅរកលោក គឺអស់អ្នកដែលហៅរកលោកដោយចិត្តស្មោះ។—ចសព. ១៤៥:១៨
យើងប្រហែលជាត្រូវផ្លាស់ប្ដូរសំណូមពរក្នុងការអធិដ្ឋាន កាលដែលយើងស្គាល់បំណងប្រាថ្នារបស់ព្រះយេហូវ៉ាកាន់តែច្បាស់។ យើងត្រូវចាំថាព្រះយេហូវ៉ាមានគោលបំណងមួយ ហើយថាលោកនឹងសម្រេចគោលបំណងនោះនៅពេលកំណត់របស់លោក។ គោលបំណងនោះរួមមានការបំបាត់ចោលទាំងស្រុងនិងជារៀងរហូតនូវបញ្ហាទាំងអស់ដែលបណ្ដាលឲ្យមានទុក្ខវេទនាជាច្រើននៅសព្វថ្ងៃនេះ ដូចជាមហន្តរាយធម្មជាតិ ជំងឺ និងសេចក្ដីស្លាប់ជាដើម។ ព្រះយេហូវ៉ានឹងសម្រេចគោលបំណងរបស់លោកតាមរយៈរាជាណាចក្រលោក។ (ដាន. ២:៤៤; បប. ២១:៣, ៤) ប៉ុន្តែទម្រាំដល់ពេលនោះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យសាថានគ្រប់គ្រងពិភពលោក។ (យ៉ូន. ១២:៣១; បប. ១២:៩) បើព្រះយេហូវ៉ាដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិនៅឥឡូវនេះ នោះប្រហែលជាមើលទៅសាថានកំពុងគ្រប់គ្រងពិភពលោកយ៉ាងល្អ។ ដូច្នេះ ទោះជាយើងត្រូវរង់ចាំឲ្យព្រះយេហូវ៉ាសម្រេចសេចក្ដីសន្យាខ្លះៗក្ដី នេះមិនមានន័យថាលោកទុកយើងចោលដោយមិនជួយនោះទេ។ ព្រះយេហូវ៉ានឹងជួយយើង។ w២៣.០៥ ទំ.៨ វ.៤; ទំ.៩-១០ វ.៧-៨
ថ្ងៃអង្គារ ទី៤ ខែមីនា
អ្នកនឹងដឹងថាគួរតបឆ្លើយយ៉ាងណាចំពោះមនុស្សម្នាក់ៗ។—កូឡ. ៤:៦
តើយើងអាចជួយអ្នកឯទៀតឲ្យទទួលប្រយោជន៍ពីពិធីរំលឹកតាមរបៀបណា? ដំបូង គឺដោយអញ្ជើញពួកគេ។ ក្រៅពីទាក់ទងពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយធម្មតា យើងអាចធ្វើបញ្ជីមួយអំពីមនុស្សដែលយើងចង់អញ្ជើញ។ បុគ្គលទាំងនេះអាចរួមមានសាច់ញាតិរបស់យើង អ្នករួមការងារ សិស្សរួមថ្នាក់ និងអ្នកឯទៀត។ ទោះជាយើងមិនមានលិខិតអញ្ជើញគ្រប់គ្រាន់ក្ដី យើងអាចផ្ញើតំណភ្ជាប់លិខិតអញ្ជើញជាឯកសារអេឡិចត្រូនិក។ យើងមិនដឹងថានឹងមានមនុស្សច្រើនយ៉ាងណាចូលរួមនោះទេ។ (អទ. ១១:៦) សូមចាំថាពួកអ្នកដែលយើងអញ្ជើញប្រហែលជាមានសំណួរផ្សេងៗ ជាពិសេសបើពួកគេមិនដែលចូលរួមកិច្ចប្រជុំរបស់យើង។ គឺជាការល្អឲ្យយើងគិតអំពីសំណួរដែលពួកគេប្រហែលជាមាន ហើយត្រៀមខ្លួនដើម្បីឆ្លើយសំណួរទាំងនោះ។ សូម្បីតែក្រោយពីពួកអ្នកចាប់អារម្មណ៍ថ្មីចូលរួមពិធីរំលឹក ក៏ពួកគេប្រហែលជាមានសំណួរថែមទៀត។ យើងចង់ធ្វើអ្វីណាក៏ដោយដែលយើងអាចធ្វើបាន មុន ក្នុងអំឡុង និងក្រោយពិធីរំលឹកដើម្បីជួយពួកអ្នកដែល«មានចិត្តគំនិតត្រឹមត្រូវ»ឲ្យទទួលប្រយោជន៍ពីកម្មវិធីនេះ។—សកម្ម. ១៣:៤៨ w២៤.០១ ទំ.១២ វ.១៣, ១៥; ទំ.១៣ វ.១៦
ថ្ងៃពុធ ទី៥ ខែមីនា
អ្នករាល់គ្នាជាអ័ព្ទដែលនៅតែមួយរយៈពេលខ្លី រួចបាត់ទៅ។—យ៉ា. ៤:១៤
ក្នុងគម្ពីរមានកំណត់ហេតុ៨អំពីមនុស្សដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដី។ សូមសិក្សាកំណត់ហេតុទាំងនោះដោយយកចិត្តទុកដាក់។ កាលដែលអ្នកធ្វើដូច្នេះ សូមរកមើលមេរៀនដែលអ្នកអាចរៀន។ សូមគិតអំពីរបៀបដែលគំរូនីមួយៗបង្ហាញអំពីបំណងប្រាថ្នានិងឫទ្ធានុភាពរបស់ព្រះក្នុងការប្រោសមនុស្សឲ្យរស់ឡើងវិញ។ សំខាន់បំផុត សូមគិតអំពីការប្រោសឲ្យរស់ឡើងវិញដ៏សំខាន់ជាងគេ គឺការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ។ សូមចាំថាការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញបានត្រូវបញ្ជាក់ដោយសាក្សីផ្ទាល់ភ្នែករាប់រយនាក់ ហើយផ្ដល់មូលដ្ឋានដ៏រឹងមាំសម្រាប់ជំនឿរបស់យើងទៅលើការប្រោសឲ្យរស់ឡើងវិញនៅថ្ងៃអនាគត។ (១កូ. ១៥:៣-៦, ២០-២២) យើងដឹងគុណព្រះយេហូវ៉ាណាស់ចំពោះសេចក្ដីសន្យារបស់លោកអំពីការប្រោសឲ្យរស់ឡើងវិញ។ យើងអាចប្រាកដថាសេចក្ដីសន្យានេះនឹងក្លាយទៅជាការពិត ដោយសារព្រះយេហូវ៉ាមានបំណងប្រាថ្នានិងឫទ្ធានុភាពដើម្បីសម្រេចសេចក្ដីសន្យានេះ។ សូមឲ្យយើងតាំងចិត្តបន្ដពង្រឹងជំនឿរបស់យើងទៅលើសេចក្ដីសង្ឃឹមដ៏មានតម្លៃនេះ។ ដោយធ្វើដូច្នេះ យើងនឹងចូលកាន់តែជិតព្រះដែលហាក់ដូចជាសន្យានឹងយើងម្នាក់ៗថា ‹បុគ្គលជាទីស្រឡាញ់របស់អ្នកនឹងរស់ឡើងវិញ!›។—យ៉ូន. ១១:២៣ w២៣.០៤ ទំ.៨ វ.២; ទំ.១២ វ.១៧; ទំ.១៣ វ.២០
ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា
[ចូរ]ដើរជាមួយព្រះនៃអ្នករាល់គ្នាដោយចិត្តសុភាព។—មីកា ៦:៨
ចិត្តសុភាពនិងចិត្តរាបទាបគឺស្រដៀងគ្នាណាស់។ យើងបង្ហាញថាយើងមានចិត្តសុភាពដោយមានទស្សនៈត្រឹមត្រូវចំពោះខ្លួនឯងនិងកម្រិតសមត្ថភាពរបស់ខ្លួន។ យើងបង្ហាញថាយើងមានចិត្តរាបទាបដោយគោរពអ្នកឯទៀតនិងចាត់ទុកពួកគេថាសំខាន់ជាងយើង។ (ភី. ២:៣) តាមធម្មតា បុគ្គលដែលមានចិត្តសុភាពក៏មានចិត្តរាបទាបដែរ។ គេឌានជាបុរសដែលមានចិត្តសុភាពនិងចិត្តរាបទាប។ ពេលទេវតារបស់ព្រះយេហូវ៉ាបានប្រាប់គេឌានថាគាត់បានត្រូវជ្រើសរើសឲ្យសង្គ្រោះជនជាតិអ៊ីស្រាអែលពីជនជាតិម៉ាឌានដ៏ខ្លាំងក្លា បុរសដែលមានចិត្តរាបទាបនេះបានតបថា៖ «ពូជពង្សខ្ញុំតូចទាបជាងគេក្នុងកុលសម្ព័ន្ធម៉ាណាសេ ហើយក្នុងក្រុមគ្រួសាររបស់ឪពុកខ្ញុំ ខ្ញុំមិនមែនជាមនុស្សសំខាន់អ្វីទេ»។ (អសក. ៦:១៥) គេឌានមានអារម្មណ៍ថាគាត់មិនមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចនេះទេ ប៉ុន្តែព្រះយេហូវ៉ាដឹងថាគាត់អាចធ្វើបាន។ ដោយមានជំនួយពីព្រះយេហូវ៉ា គេឌានបានបំពេញភារកិច្ចរបស់គាត់ដោយជោគជ័យ។ ពួកអ្នកចាស់ទុំខំអស់ពីសមត្ថភាពដើម្បីបង្ហាញចិត្តសុភាពនិងចិត្តរាបទាបក្នុងគ្រប់ការទាំងអស់។ (សកម្ម. ២០:១៨, ១៩) ពួកគេមិនអួតអំពីសមត្ថភាពរបស់ពួកគេឬអ្វីដែលពួកគេបានសម្រេចទេ ហើយពួកគេក៏មិនគិតថាពួកគេគ្មានតម្លៃដោយសារពួកគេបានធ្វើខុសខ្លះឡើយ។ w២៣.០៦ ទំ.៣ វ.៤-៥
ថ្ងៃសុក្រ ទី៧ ខែមីនា
ពូជនាងនឹងកិនក្បាលអ្នក។—ដក. ៣:១៥
ការកិនក្បាលរបស់សាថាននឹងកើតឡើងជាង១.០០០ឆ្នាំទៅមុខទៀត។ (បប. ២០:៧-១០) គម្ពីរបានប្រកាសទុកជាមុនថា មុននោះកើតឡើងនឹងមានព្រឹត្តិការណ៍ដ៏គួរឲ្យស្ញប់ស្ញែង។ ដំបូង ប្រជាជាតិនានានឹងប្រកាសថា៖ «មានសន្តិភាពនិងសន្តិសុខហើយ!»។ (១ថែ. ៥:២, ៣) ពេលប្រជាជាតិនានាវាយប្រហារសាសនាមិនពិតទាំងអស់ «ភ្លាមមួយរំពេច»គ្រាទុក្ខវេទនាជាខ្លាំងនឹងចាប់ផ្ដើម។ (បប. ១៧:១៦) ក្រោយពីនោះ លោកយេស៊ូនឹងប្រកាសការវិនិច្ឆ័យលើមនុស្សជាតិដោយញែកចៀមចេញពីពពែ។ (ម៉ាថ. ២៥:៣១-៣៣, ៤៦) ប៉ុន្តែ សាថាននឹងមិននៅស្ងៀមទេ។ ដោយសារវាស្អប់រាស្ត្ររបស់ព្រះជាខ្លាំង វានឹងបណ្ដាលឲ្យប្រជាជាតិនានាដែលចងសម្ព័ន្ធភាពគ្នា ដែលគម្ពីរហៅថាកូកនៃស្រុកម៉ាកូក វាយប្រហារលើពួកអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ា។ (អេគ. ៣៨:២, ១០, ១១) នៅពេលមួយក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង ពួកអ្នកដែលបានត្រូវរើសតាំងដែលនៅសល់នៅផែនដីនឹងត្រូវប្រមូលឲ្យឡើងទៅស្ថានសួគ៌ ដើម្បីរួមដៃជាមួយគ្រិស្តនិងកងទ័ពនៅស្ថានសួគ៌របស់លោកក្នុងចម្បាំងសម្រាប់សង្គ្រាមអាម៉ាគេដូន ដែលជាទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ (ម៉ាថ. ២៤:៣១; បប. ១៦:១៤, ១៦) បន្ទាប់មក ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្តលើផែនដីនឹងចាប់ផ្ដើម។—បប. ២០:៦ w២៣.១០ ទំ.២០-២១ វ.៩-១០
ថ្ងៃសៅរ៍ ទី៨ ខែមីនា
ខ្ញុំជាអ្នកបម្រើលោកបានគោរពកោតខ្លាចព្រះយេហូវ៉ាតាំងតែពីក្មេងមកម្ល៉េះ។—១បស. ១៨:១២
នៅសព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាជាច្រើននាក់រស់នៅប្រទេសដែលកិច្ចការរបស់យើងបានត្រូវដាក់បម្រាម។ ពួកគេបង្ហាញការគោរពចំពោះពួកអាជ្ញាធរ ប៉ុន្តែដូចអូបាឌា បងប្អូនជាទីស្រឡាញ់ទាំងនេះមិនព្រមឈប់គោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ។ (ម៉ាថ. ២២:២១) ពួកគេបង្ហាញការកោតខ្លាចព្រះដោយស្ដាប់បង្គាប់លោកជាជាងមនុស្ស។ (សកម្ម. ៥:២៩) ពួកគេធ្វើដូច្នេះដោយបន្តប្រកាសផ្សាយដំណឹងល្អ ហើយប្រជុំគ្នាដោយសម្ងាត់។ (ម៉ាថ. ១០:១៦, ២៨) ពួកគេព្យាយាមធ្វើឲ្យប្រាកដថាបងប្អូនរបស់ពួកគេទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដែលបងប្អូនទាំងនោះត្រូវការ។ សូមគិតអំពីគំរូរបស់បងប្រុសអងរីពីប្រទេសមួយនាទ្វីបអាហ្វ្រិកដែលធ្លាប់ដាក់បម្រាមលើកិច្ចការរបស់យើង។ ក្នុងអំឡុងពេលដាក់បម្រាមនោះ បងអងរីបានស្ម័គ្រចិត្តដឹកជញ្ជូនសៀវភៅផ្សេងៗរបស់យើងដែលមានមូលដ្ឋានលើគម្ពីរទៅឲ្យសាក្សីគ្នីគ្នា។ គាត់សរសេរថា៖ «ខ្ញុំជាមនុស្សអៀន។ . . . ខ្ញុំមានចិត្តក្លាហានបែបនេះបាន ដោយសារ . . . ព្រះយេហូវ៉ា»។ តើអ្នកអាចស្រមៃឃើញខ្លួនអ្នកមានចិត្តក្លាហានដូចបងអងរីឬទេ? អ្នកអាចមានគុណសម្បត្តិនេះបាន បើអ្នកបណ្ដុះឲ្យមានការកោតខ្លាចចំពោះព្រះ។ w២៣.០៦ ទំ.១៦ វ.៩, ១១
ថ្ងៃអាទិត្យ ទី៩ ខែមីនា
ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់។—រ៉ូម ៥:១២
ពេលអាដាមនិងអេវ៉ាបានបះបោរ ប្រហែលជាមើលទៅសាថានបានរារាំងគោលបំណងរបស់ព្រះដែលឲ្យមនុស្សល្អឥតខ្ចោះនិងដែលស្ដាប់បង្គាប់មានពេញពាសផែនដី។ សាថានប្រហែលជាគិតថាព្រះយេហូវ៉ាមិនមានជម្រើសច្រើនទេ។ ជម្រើសមួយគឺថាលោកត្រូវតែសម្លាប់អាដាមនិងអេវ៉ា ហើយបង្កើតគូប្ដីប្រពន្ធដ៏ល្អឥតខ្ចោះមួយទៀតដើម្បីសម្រេចគោលបំណងរបស់លោកចំពោះមនុស្សជាតិ។ ប៉ុន្តែបើព្រះបានធ្វើដូច្នេះ មេកំណាចនឹងចោទប្រកាន់លោកថាជាអ្នកកុហក។ ហេតុអ្វី? ពីព្រោះដូចបានត្រូវកត់ទុកនៅដើមកំណើត ១:២៨ ព្រះយេហូវ៉ាបានប្រាប់អាដាមនិងអេវ៉ាថាកូនចៅរបស់ពួកគាត់នឹងមានពេញពាសលើផែនដី។ ឬប្រហែលជាសាថានបានគិតថាព្រះយេហូវ៉ានឹងអនុញ្ញាតឲ្យអាដាមនិងអេវ៉ាបង្កើតកូនមិនល្អឥតខ្ចោះដែលនឹងមិនអាចទៅជាល្អឥតខ្ចោះបានទេ។ (អទ. ៧:២០; រ៉ូម ៣:២៣) ក្នុងករណីនេះ មេកំណាចច្បាស់ជានឹងចោទប្រកាន់ព្រះយេហូវ៉ាថាជាអ្នកបរាជ័យ។ ហេតុអ្វី? ពីព្រោះនេះនឹងមិនសម្រេចគោលបំណងរបស់ព្រះទេ ពោលគឺកូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ានឹងមានពេញពាសលើផែនដីដែលជាសួនឧទ្យាន។ w២៣.១១ ទំ.៦ វ.១៥-១៦
ថ្ងៃច័ន្ទ ទី១០ ខែមីនា
កុំធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក។—១កូ. ៤:៦
ព្រះយេហូវ៉ាឲ្យយើងការណែនាំច្បាស់តាមរយៈបណ្ដាំលោកនិងអង្គការលោក។ យើងគ្មានហេតុបន្ថែមការណែនាំលើការណែនាំដែលលោកផ្ដល់ឲ្យទេ។ (សុភ. ៣:៥-៧) ដូច្នេះ យើងមិនធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុកក្នុងគម្ពីរ ឬបង្កើតច្បាប់អំពីរឿងផ្ទាល់ខ្លួនសម្រាប់បងប្អូនឯទៀតឡើយ។ សាថានប្រើ«ការបោកបញ្ឆោតអសារឥតការ»និង«ទស្សនៈទូទៅរបស់ពិភពលោកនេះ» ដើម្បីបំភាន់មនុស្សនិងធ្វើឲ្យពួកគេបែកបាក់គ្នា។ (កូឡ. ២:៨) នៅសតវត្សរ៍ទី១ អ្វីទាំងនេះរួមមានទស្សនវិជ្ជាដែលមានមូលដ្ឋានលើការវែកញែករបស់មនុស្ស សេចក្ដីបង្រៀនរបស់ជនជាតិយូដាដែលគ្មានមូលដ្ឋានលើបទគម្ពីរ និងសេចក្ដីបង្រៀនដែលថាគ្រិស្តសាសនិកត្រូវកាន់តាមច្បាប់ម៉ូសេ។ អ្វីទាំងនេះបានបោកបញ្ឆោតមនុស្ស ដោយសារវាបំបែរអារម្មណ៍មនុស្សចេញពីប្រភពពិតនៃប្រាជ្ញា ពោលគឺព្រះយេហូវ៉ា។ សព្វថ្ងៃ សាថានប្រើប្រព័ន្ធផ្សាយព័ត៌មាននិងបណ្ដាញសង្គមសម្រាប់ទាក់ទងគ្នាដើម្បីចែកចាយពាក្យចចាមអារ៉ាមផ្សេងៗ និងផ្សាយព័ត៌មានមិនពិតដែលពួកអ្នកដឹកនាំនយោបាយលើកស្ទួយ។ w២៣.០៧ ទំ.១៦ វ.១១-១២
ថ្ងៃអង្គារ ទី១១ ខែមីនា
ឱព្រះយេហូវ៉ា ស្នាដៃរបស់លោកអស្ចារ្យម្ល៉េះហ្ន៎! អស់ទាំងគំនិតរបស់លោកជ្រាលជ្រៅក្រៃលែង!—ចសព. ៩២:៥
សាថានមិនអាចស្រមៃឃើញអំពីអ្វីដែលព្រះយេហូវ៉ានឹងធ្វើទេ។ ព្រះយេហូវ៉ាមានដំណោះស្រាយល្អបំផុតដើម្បីសម្រេចគោលបំណងរបស់លោក ទោះជាសាថាន អាដាម និងអេវ៉ាបានបះបោរក្ដី។ ជាជាងធ្វើជាអ្នកកុហក ព្រះយេហូវ៉ាបានបង្ហាញថាលោកគឺពិតត្រង់ ដោយអនុញ្ញាតឲ្យអាដាមនិងអេវ៉ាបង្កើតកូន។ ម្យ៉ាងទៀត ជាជាងធ្វើជាអ្នកបរាជ័យ ព្រះយេហូវ៉ាបង្ហាញថាលោកជាអ្នកទទួលជោគជ័យ។ លោកបានធ្វើឲ្យប្រាកដថាគោលបំណងរបស់លោកនឹងក្លាយជាការពិត ដោយឲ្យ«ពូជ»ដែលនឹងសង្គ្រោះកូនចៅដែលស្ដាប់បង្គាប់របស់អាដាមនិងអេវ៉ា។ (ដក. ៣:១៥; ២២:១៨) ពូជនេះនឹងឲ្យជីវិតជាថ្លៃលោះដើម្បីសង្គ្រោះមនុស្សជាតិ។ សាថានមិនរំពឹងថានឹងមានដំណោះស្រាយបែបនេះទេ! ហេតុអ្វី? ពីព្រោះថ្លៃលោះមានមូលដ្ឋានលើសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន។ (ម៉ាថ. ២០:២៨; យ៉ូន. ៣:១៦) សាថានមិនមានគុណសម្បត្តិនេះទេ។ វាគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ តើនឹងមានអ្វីកើតឡើងដោយសារការរៀបចំឲ្យមានថ្លៃលោះ? នៅដំណាច់នៃការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត កូនចៅដែលស្ដាប់បង្គាប់និងល្អឥតខ្ចោះរបស់អាដាមនិងអេវ៉ា នឹងរស់នៅផែនដីជាសួនឧទ្យាន ដូចគោលបំណងដើមដំបូងរបស់ព្រះយេហូវ៉ា។ w២៣.១១ ទំ.៦ វ.១៧
ថ្ងៃពុធ ទី១២ ខែមីនា
ព្រះនឹងវិនិច្ឆ័យទោស។—ហេ. ១៣:៤
យើងធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាស្ដីអំពីភាពពិសិដ្ឋនៃជីវិតនិងឈាម។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថាឈាមជាតំណាងជីវិត ដែលជាអំណោយដ៏មានតម្លៃពីលោក។ (ចល. ១៧:១៤) ពេលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សបរិភោគសាច់សត្វជាលើកដំបូង លោកបានប្រាប់ពួកគេមិនឲ្យបរិភោគឈាម។ (ដក. ៩:៤) លោកបានឲ្យបង្គាប់នេះម្ដងទៀតពេលលោកឲ្យច្បាប់ម៉ូសេដល់ជនជាតិអ៊ីស្រាអែល។ (ចល. ១៧:១០) ម្យ៉ាងទៀត លោកបានណែនាំគណៈអភិបាលនៅសតវត្សរ៍ទី១ឲ្យប្រាប់ថាគ្រិស្តសាសនិកទាំងអស់ត្រូវ«ជៀសវាងជាដាច់ខាត . . . ពីឈាម»។ (សកម្ម. ១៥:២៨, ២៩) យើងធ្វើតាមបង្គាប់នេះយ៉ាងខ្ជាប់ខ្ជួនពេលយើងធ្វើការសម្រេចចិត្តអំពីវិធីព្យាបាល។ មួយវិញទៀត យើងកាន់ខ្ជាប់យ៉ាងមុតមាំតាមខ្នាតតម្រាសីលធម៌ដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា។ សាវ័កប៉ូលប្រាប់យើងឲ្យ«រម្ងាប់»ភាពទោរទន់ដែលមានក្នុងអវយវៈរូបកាយរបស់យើង ពោលគឺយើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបំបាត់ចោលបំណងប្រាថ្នាមិនត្រឹមត្រូវ។ យើងជៀសវាងពីការមើលឬពីការធ្វើអ្វីដែលអាចនាំឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។—កូឡ. ៣:៥; យ៉ូប ៣១:១ w២៣.០៧ ទំ.១៥ វ.៥-៦
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា
នៅទីបំផុត គាត់ក៏ដាច់ចិត្តប្រាប់នាង។—អសក. ១៦:១៧
ប្រហែលជាសាំសុនស្រឡាញ់ដេលីឡាខ្លាំងណាស់បានជាគាត់មិនកត់សម្គាល់អ្វីដែលនាងចង់ធ្វើទេ។ ដេលីឡាបានបង្ខំសាំសុនម្ដងហើយម្ដងទៀតឲ្យប្រាប់នាងអំពីមូលហេតុដែលគាត់មានកម្លាំងខ្លាំងមហិមា ហើយទីបំផុតសាំសុនបានប្រាប់នាង។ គួរឲ្យស្ដាយ សាំសុនបានអនុញ្ញាតឲ្យខ្លួនគាត់ធ្លាក់ចូលក្នុងស្ថានភាពមួយដែលនាំឲ្យគាត់បាត់បង់កម្លាំង ហើយលែងទទួលការពេញចិត្តពីព្រះយេហូវ៉ាអស់មួយរយៈពេល។ (អសក. ១៦:១៦-២០) សាំសុនបានរងទុក្ខលំបាកដោយសារគាត់ទុកចិត្តដេលីឡាជាជាងព្រះយេហូវ៉ា។ ពួកភីលីស្ទីនបានចាប់សាំសុន ហើយធ្វើឲ្យគាត់ខ្វាក់ភ្នែក។ គាត់បានត្រូវគេចាប់ដាក់គុកក្នុងក្រុងកាសា ហើយគេឲ្យគាត់ធ្វើជាខ្ញុំបម្រើដែលបង្វិលត្បាល់កិនគ្រាប់ធញ្ញជាតិ។ បន្ទាប់មក ពួកភីលីស្ទីនបាននាំគាត់ទៅកន្លែងពិធីជប់លៀងមួយរបស់ពួកគេ។ នៅទីនោះ ពួកគេបានជូនគ្រឿងបូជាសន្ធឹកសន្ធាប់ដល់ដាកុនជាព្រះរបស់ពួកគេដែលជាព្រះមិនពិត ហាក់ដូចជាព្រះនោះបានប្រគល់សាំសុនមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ពួកគេបាននាំសាំសុនចេញពីគុកទៅកន្លែងពិធីជប់លៀងដើម្បី«បានសើចសប្បាយ» ក្នុងបំណងសើចចំអកគាត់។—អសក. ១៦:២១-២៥ w២៣.០៩ ទំ.៥-៦ វ.១៣-១៤
ថ្ងៃសុក្រ ទី១៤ ខែមីនា
ចូរធ្វើអ្វីដែលមនុស្សទាំងអស់ចាត់ទុកជាការល្អប្រសើរ។—រ៉ូម ១២:១៧
ប្រហែលជាអ្នករួមការងារឬសិស្សរួមថ្នាក់សួរយើងអំពីមូលហេតុដែលយើងរស់នៅស្របតាមខ្នាតតម្រាពីគម្ពីរ។ យើងនឹងខំអស់ពីសមត្ថភាពដើម្បីនិយាយការពារជំនឿរបស់យើង ហើយដំណាលគ្នានោះបង្ហាញការគោរពចំពោះទស្សនៈរបស់អ្នកស្ដាប់។ (១ពេ. ៣:១៥) ដូច្នេះ ជាជាងគិតថាសំណួររបស់គាត់កំពុងរិះគន់អ្នក សូមគិតអំពីរបៀបដែលសំណួរនោះអាចជួយអ្នកឲ្យរៀនអំពីអ្វីដែលសំខាន់ចំពោះគាត់។ ទោះជាបុគ្គលណាម្នាក់សួរសំណួរសម្រាប់មូលហេតុអ្វីណាក្ដី ជាការល្អឲ្យយើងតបឆ្លើយដោយសប្បុរសនិងដោយសុភាព។ យ៉ាងនេះ ចម្លើយរបស់យើងប្រហែលជាជំរុញចិត្តគាត់ឲ្យគិតថែមទៀតអំពីទស្សនៈរបស់គាត់។ ជាឧទាហរណ៍ បើអ្នករួមការងារម្នាក់សួរអំពីមូលហេតុដែលយើងមិនធ្វើពិធីខួបកំណើត សូមគិតថា៖ តើគាត់កំពុងឆ្ងល់ថាតើយើងមិនបានត្រូវអនុញ្ញាតឲ្យមានពេលសប្បាយរីករាយឬ? យើងប្រហែលជាអាចសរសើរអ្នករួមការងារនោះដែលគាត់ចេះយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ការធ្វើដូច្នេះអាចបើកឱកាសឲ្យមានការសន្ទនាដ៏ល្អអំពីអ្វីដែលគម្ពីរចែងស្ដីអំពីបុណ្យខួបកំណើត។ w២៣.០៩ ទំ.១៧ វ.១០-១១
ថ្ងៃសៅរ៍ ទី១៥ ខែមីនា
ចូរប្រុងប្រយ័ត្ន ដើម្បីកុំឲ្យពួកអ្នកទាំងនោះដែលបំពានលើច្បាប់ នាំអ្នករាល់គ្នាវង្វេងចេញដោយសេចក្ដីបង្រៀនមិនពិតរបស់ពួកគេ ហើយធ្វើឲ្យអ្នករាល់គ្នាបាត់បង់ភាពមាំមួន។—២ពេ. ៣:១៧
យើងមានឯកសិទ្ធិប្រើពេលដែលនៅសល់ដើម្បីផ្សព្វផ្សាយដល់មនុស្សគ្រប់ជាតិសាសន៍។ សាវ័កពេត្រុសលើកទឹកចិត្តយើងឲ្យ«ចាំជាប់ជានិច្ច»នូវថ្ងៃរបស់ព្រះយេហូវ៉ា។ (២ពេ. ៣:១១, ១២) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? ជារៀងរាល់ថ្ងៃ យើងអាចព្យាយាមរំពឹងគិតអំពីពរនៅក្នុងពិភពលោកថ្មី។ សូមស្រមៃឃើញខ្លួនអ្នកកំពុងដកដង្ហើមស្រូបយកខ្យល់ដ៏បរិសុទ្ធ បរិភោគអាហារដែលមានជីវជាតិ ស្វាគមន៍មនុស្សជាទីស្រឡាញ់កាលដែលពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ និងបង្រៀនមនុស្សដែលបានរស់នៅរាប់រយឆ្នាំមុនអំពីការសម្រេចនៃទំនាយក្នុងគម្ពីរ។ ការរំពឹងគិតបែបនេះនឹងជួយអ្នកឲ្យទន្ទឹងរង់ចាំពេលនោះ ហើយជឿប្រាកដថាទីបញ្ចប់នឹងមកដល់មិនយូរទៀត។ ដោយ«ដឹងអំពី»អនាគតរបស់យើង«ជាមុន» យើងនឹងមិន«វង្វេងចេញ»ដោយអ្នកបង្រៀនមិនពិតឡើយ។ w២៣.០៩ ទំ.២៧ វ.៥-៦
ថ្ងៃអាទិត្យ ទី១៦ ខែមីនា
ចូរស្ដាប់បង្គាប់ឪពុកម្ដាយស្របតាមបំណងប្រាថ្នារបស់លោកម្ចាស់ ព្រោះធ្វើដូច្នេះគឺសុចរិត។—អេភ. ៦:១
នៅជុំវិញប្អូនៗវ័យក្មេងមានមនុស្សស្រករគ្នាដែលច្រើនតែ«មិនស្ដាប់បង្គាប់ឪពុកម្ដាយ»។ (២ធី. ៣:១, ២) ហេតុអ្វីពួកគេជាច្រើននាក់មិនស្ដាប់បង្គាប់? ពួកគេខ្លះគិតថាឪពុកម្ដាយធ្វើផ្ទុយពីអ្វីដែលពួកគេប្រាប់កូនរបស់ពួកគេឲ្យធ្វើ ហើយកូនៗគិតថានេះគឺអយុត្តិធម៌។ ក្មេងខ្លះទៀតចាត់ទុកដំបូន្មានឪពុកម្ដាយរបស់ពួកគេថាហួសសម័យ គ្មានប្រយោជន៍ ឬតឹងរ៉ឹងហួសហេតុពេក។ បើអ្នកជាបុគ្គលវ័យក្មេង តើអ្នកធ្លាប់មានអារម្មណ៍បែបនេះឬទេ? កូនៗជាច្រើននាក់ពិបាកធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ាដែលមានក្នុងបទគម្ពីរថ្ងៃនេះ។ ប៉ុន្តែ តើអ្វីអាចជួយអ្នកឲ្យធ្វើដូច្នេះ? អ្នកអាចរៀនឲ្យចេះស្ដាប់បង្គាប់ពីគំរូដ៏ល្អបំផុត ពោលគឺលោកយេស៊ូ។ (១ពេ. ២:២១-២៤) លោកជាមនុស្សល្អឥតខ្ចោះដែលមានឪពុកម្ដាយមិនល្អឥតខ្ចោះ។ ប៉ុន្តែ លោកយេស៊ូនៅតែលើកកិត្តិយសពួកគាត់ ទោះជាជួនកាលពួកគាត់ធ្វើខុសឬយល់ច្រឡំអំពីលោកក៏ដោយ។—ដច. ២០:១២ w២៣.១០ ទំ.៧ វ.៤-៥
ថ្ងៃច័ន្ទ ទី១៧ ខែមីនា
បញ្ញត្ដិមុនបានត្រូវធ្វើឲ្យទៅជាមោឃ ដោយសារវាខ្សោយនិងគ្មានប្រសិទ្ធភាព។—ហេ. ៧:១៨
សាវ័កប៉ូលបានពន្យល់ថាគ្រឿងបូជាដែលច្បាប់ម៉ូសេតម្រូវ មិនអាចជម្រះភាពខុសឆ្គងទាំងស្រុងបានទេ។ ហេតុនេះហើយបានជាច្បាប់នោះបានត្រូវ«ទៅជាមោឃ»។ បន្ទាប់មកប៉ូលបានបង្រៀនពួកគេអំពីសេចក្ដីបង្រៀនដែលជ្រាលជ្រៅជាង។ គាត់បានរំលឹកពួកគេអំពី«សេចក្ដីសង្ឃឹមដែលប្រសើរជាង»ដែលមានមូលដ្ឋានលើគ្រឿងបូជារបស់លោកយេស៊ូ។ សេចក្ដីសង្ឃឹមនោះពិតជាអាចជួយពួកគេឲ្យ«ចូលទៅជិតព្រះ»។ (ហេ. ៧:១៩) ប៉ូលបានពន្យល់បងប្អូនរួមជំនឿដែលជាជនជាតិហេប្រឺអំពីមូលហេតុដែលការគោរពប្រណិប័តន៍របស់ពួកគេជាគ្រិស្តសាសនិក គឺប្រសើរជាងឆ្ងាយណាស់ពីការគោរពប្រណិប័តន៍ដែលពួកគេធ្លាប់ធ្វើនៅអតីតកាល។ របៀបដែលជនជាតិយូដាគោរពប្រណិប័តន៍ស្របតាមច្បាប់ គឺគ្រាន់តែ«ជាស្រមោលនៃអ្វីៗដែលនឹងមក តែរូបពិតគឺជាគ្រិស្ត»។ (កូឡ. ២:១៧) ស្រមោលគ្រាន់តែជារូបរាងព្រាងៗនៃអ្វីណាមួយ តែវាមិនមែនជារូបពិតប្រាកដទេ។ ស្រដៀងគ្នាដែរ របៀបដែលជនជាតិយូដាគោរពប្រណិប័តន៍ព្រះនៅអតីតកាលជាស្រមោល ដោយសារនឹងមានរបៀបគោរពប្រណិប័តន៍ដែលល្អប្រសើរជាង។ យើងត្រូវយល់អំពីការរៀបចំដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើងដែលបើកឱកាសឲ្យយើងទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់យើង ដើម្បីយើងអាចគោរពប្រណិប័តន៍លោកតាមរបៀបដែលលោកពេញចិត្ត។ w២៣.១០ ទំ.២៥ វ.៤-៥
ថ្ងៃអង្គារ ទី១៨ ខែមីនា
នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងរុញច្រានជាមួយនឹងគាត់។ ស្ដេចខាងជើងនឹង . . . មកច្បាំងនឹងគាត់ដូចជាខ្យល់ព្យុះ។—ដាន. ១១:៤០
ដានីយ៉ែល ជំពូក១១ចែងអំពីស្ដេចពីររូបឬរដ្ឋាភិបាលពីរដែលប្រកួតប្រជែងគ្នា។ ដោយប្រៀបធៀបទំនាយនេះទៅនឹងទំនាយឯទៀតក្នុងគម្ពីរ យើងអាចដឹងថានៅសព្វថ្ងៃនេះ«ស្ដេចខាងជើង»ជាប្រទេសរុស្ស៊ីនិងប្រទេសឯទៀតដែលសហការជាមួយ ហើយ«ស្ដេចខាងត្បូង»ជាមហាអំណាចអង់គ្លេសអាម៉េរិក។ រាស្ត្ររបស់ព្រះដែលរស់នៅក្រោមការគ្រប់គ្រងរបស់«ស្ដេចខាងជើង»បានត្រូវស្ដេចនោះបៀតបៀន។ សាក្សីខ្លះបានត្រូវវាយដំ ហើយចាប់ដាក់គុកដោយសារជំនឿរបស់ពួកគេ។ ជាជាងធ្វើឲ្យបងប្អូនយើងភ័យខ្លាច ការប្រព្រឹត្តរបស់«ស្ដេចខាងជើង»ពង្រឹងជំនឿរបស់ពួកគេវិញ។ ហេតុអ្វី? ដោយសារបងប្អូនយើងដឹងថាការបៀតបៀនទៅលើរាស្ត្រព្រះសម្រេចទំនាយក្នុងសៀវភៅដានីយ៉ែល។ (ដាន. ១១:៤១) ការដែលយើងដឹងអំពីនេះអាចជួយយើងឲ្យរក្សាសេចក្ដីសង្ឃឹមមាំមួននិងរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ w២៣.០៨ ទំ.១១ វ.១៥-១៦
ថ្ងៃពុធ ទី១៩ ខែមីនា
អ្នកណាក៏ដោយដែលប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាពាល់ប្រស្រីភ្នែករបស់ខ្ញុំដែរ។—សាក. ២:៨
ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកឆាប់កត់សម្គាល់អារម្មណ៍របស់យើង ហើយចង់ការពារយើង។ លោកឈឺចាប់ ពេលយើងឈឺចាប់។ ដូច្នេះ យើងអាចអធិដ្ឋានយ៉ាងសមត្រឹមត្រូវថា៖ «សូមការពារខ្ញុំដូចការពារប្រស្រីភ្នែករបស់លោក»។ (ចសព. ១៧:៨) ភ្នែកគឺជាអវយវៈមួយនៃរូបកាយដែលយើងត្រូវប្រុងប្រយ័ត្ន ថ្នម ហើយក៏មានតម្លៃ។ ដូច្នេះ ពេលព្រះយេហូវ៉ាប្រដូចយើងទៅនឹងប្រស្រីភ្នែករបស់លោក គឺហាក់ដូចជាលោកកំពុងមានប្រសាសន៍ថា ‹អ្នកណាក៏ដោយដែលធ្វើបាបអ្នកដែលជារាស្ត្ររបស់ខ្ញុំ ក៏ដូចជាធ្វើបាបដល់អ្វីដែលមានតម្លៃចំពោះខ្ញុំដែរ›។ ព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់ថាលោកស្រឡាញ់យើងម្នាក់ៗ។ ប៉ុន្តែ លោកដឹងថាបទពិសោធន៍នៅអតីតកាលប្រហែលជាធ្វើឲ្យយើងឆ្ងល់ថាតើលោកពិតជាអាចស្រឡាញ់យើងឬទេ។ ឬក៏ស្ថានភាពរបស់យើងនៅបច្ចុប្បន្នប្រហែលជាធ្វើឲ្យយើងពិបាកមានទំនុកចិត្តថាលោកស្រឡាញ់យើង។ តើអ្វីនឹងពង្រឹងទំនុកចិត្តរបស់យើង? គឺការរៀនអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះលោកយេស៊ូ ពួកអ្នកដែលបានត្រូវរើសតាំង និងយើងទាំងអស់គ្នា។ w២៤.០១ ទំ.២៧-២៨ វ.៦-៧
ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា
ព្រះនៅជាមួយនឹងយើង។ . . . ព្រះបានជួយសង្គ្រោះយើងពីខ្មាំងសត្រូវ។—អែស. ៨:៣១
អែសរ៉ាបានឃើញរបៀបដែលព្រះយេហូវ៉ាគាំទ្ររាស្ត្រលោកនៅគ្រាលំបាក។ ច្រើនឆ្នាំមុន នៅឆ្នាំ៤៨៤ មុនគ.ស. អែសរ៉ាទំនងជារស់នៅបាប៊ីឡូន ពេលដែលស្ដេចអាហាស៊ូរុសបានចេញបង្គាប់ឲ្យគេសម្លាប់ជនជាតិយូដាទាំងអស់ដែលរស់នៅចក្រភពពើស៊ី។ (អេធ. ៣:៧, ១៣-១៥) អែសរ៉ានិងជនជាតិយូដាទាំងអស់ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់មែន! ពេលពួកគេឮអំពីបង្គាប់នោះ ពួកគេពិបាកចិត្តជាខ្លាំងរហូតដល់ពួកគេតមអាហារ និងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាទាំងយំ។ (អេធ. ៤:៣) ដូច្នេះសូមស្រមៃគិតថាតើអែសរ៉ានិងជនជាតិយូដាឯទៀតមានអារម្មណ៍យ៉ាងណាទៅនៅពេលក្រោយមក ពេលពួកអ្នកដែលមានគម្រោងសម្លាប់ពួកគេត្រូវស្លាប់វិញ។ (អេធ. ៩:១, ២) អ្វីដែលកើតឡើងចំពោះអែសរ៉ាក្នុងអំឡុងគ្រាលំបាកនោះ ប្រហែលជាបានជួយគាត់ឲ្យត្រៀមខ្លួនសម្រាប់ការសាកល្បងនៅថ្ងៃខាងមុខ ហើយទំនងជាបានពង្រឹងទំនុកចិត្តគាត់ថា ព្រះយេហូវ៉ាមានសមត្ថភាពដើម្បីការពាររាស្ត្រលោក។ w២៣.១១ ទំ.១៧ វ.១២-១៣
ថ្ងៃសុក្រ ទី២១ ខែមីនា
ព្រះចាត់ទុកថាជាមនុស្សសុចរិត ដោយមិនអាងលើអ្វីដែលអ្នកនោះធ្វើ។—រ៉ូម ៤:៦
សាវ័កប៉ូលសំដៅជាពិសេសទៅលើ«ការប្រព្រឹត្តតាមច្បាប់» ពោលគឺច្បាប់ម៉ូសេដែលបានត្រូវឲ្យនៅភ្នំស៊ីណាយ។ (រ៉ូម ៣:២០, ២១, ២៨) តាមមើលទៅនៅសម័យប៉ូល គ្រិស្តសាសនិកជនជាតិយូដាខ្លះបានជឿថាពួកគេនៅតែត្រូវធ្វើតាមច្បាប់ម៉ូសេ។ ហេតុនេះហើយ ប៉ូលបានលើកឡើងអំពីគំរូរបស់អាប្រាហាំដើម្បីបង្ហាញថាការដែលព្រះរាប់ជាមនុស្សសុចរិតមិនអាស្រ័យលើ«ការប្រព្រឹត្តតាមច្បាប់»នោះទេ តែអាស្រ័យលើជំនឿ។ នេះគួរឲ្យលើកទឹកចិត្តមែន ដោយសារនេះបង្រៀនយើងថាបើយើងមានជំនឿទៅលើព្រះនិងគ្រិស្ត យើងអាចទទួលការពេញចិត្តពីព្រះ។ ផ្ទុយទៅវិញ «ការប្រព្រឹត្ត»នៅយ៉ាកុប ជំពូកទី២ មិនមែនជា«ការប្រព្រឹត្តតាមច្បាប់»ដែលប៉ូលបានរៀបរាប់នោះទេ។ យ៉ាកុបសំដៅទៅលើការប្រព្រឹត្ត ឬសកម្មភាពដែលគ្រិស្តសាសនិកធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ (យ៉ា. ២:២៤) ការប្រព្រឹត្តបែបនេះបង្ហាញថា តើគ្រិស្តសាសនិកម្នាក់មានជំនឿពិតប្រាកដទៅលើព្រះឬមិនមាន។ w២៣.១២ ទំ.៣ វ.៨; ទំ.៤-៥ វ.១០-១១
ថ្ងៃសៅរ៍ ទី២២ ខែមីនា
ប្ដីជាប្រមុខរបស់ប្រពន្ធ។—អេភ. ៥:២៣
បងប្អូនស្រីដែលចង់រៀបការគួរជ្រើសរើសគូយ៉ាងប្រុងប្រយ័ត្នបំផុត។ សូមចាំថាអ្នកនឹងនៅក្រោមប្រមុខភាពរបស់បុរសដែលអ្នកនឹងរៀបការ។ (រ៉ូម ៧:២; អេភ. ៥:៣៣) ដូច្នេះ សូមសួរខ្លួនថា ‹តើគាត់ជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំឬទេ? តើគាត់ចាត់ទុកព្រះយេហូវ៉ាថាជាបុគ្គលសំខាន់បំផុតក្នុងជីវិតរបស់គាត់ឬ? តើគាត់ចេះធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃឬទេ? តើគាត់អាចសារភាពកំហុសរបស់គាត់ឬ? តើគាត់ចេះគោរពស្ត្រីឬទេ? តើគាត់នឹងអាចជួយខ្ញុំឲ្យរក្សាចំណងមិត្តភាពរឹងមាំជាមួយព្រះយេហូវ៉ា ផ្គត់ផ្គង់ខ្ញុំ ហើយនឹងធ្វើជាមិត្តល្អសម្រាប់ខ្ញុំឬ?›។ គឺពិតមែន បើអ្នកចង់រកប្ដីល្អ អ្នកក៏នឹងត្រូវត្រៀមខ្លួនធ្វើជាប្រពន្ធល្អដែរ។ ប្រពន្ធល្អគឺជា«ជំនួយ»និងជាអ្នកដែល«សមនឹង»ប្ដី។ (ដក. ២:១៨) ម្យ៉ាងទៀត ដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ា គាត់ព្យាយាមធ្វើអ្វីដែលគាត់អាចធ្វើបានដើម្បីលើកកេរ្តិ៍ឈ្មោះរបស់ប្ដីគាត់។ (សុភ. ៣១:១១, ១២; ១ធី. ៣:១១) អ្នកអាចត្រៀមខ្លួនឥឡូវសម្រាប់តួនាទីនេះដោយបង្កើនសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះយេហូវ៉ា ហើយធ្វើជាអ្នកជួយនៅផ្ទះនិងក្នុងក្រុមជំនុំ។ w២៣.១២ ទំ.២២-២៣ វ.១៨-១៩
ថ្ងៃអាទិត្យ ទី២៣ ខែមីនា
ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ។—យ៉ា. ១:៥
ព្រះយេហូវ៉ាសន្យាថាលោកនឹងផ្ដល់ប្រាជ្ញាដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តល្អ។ ជាពិសេស យើងត្រូវការប្រាជ្ញាពីព្រះពេលធ្វើការសម្រេចចិត្តដែលនឹងមានឥទ្ធិពលលើយើងអស់មួយជីវិត។ លោកក៏ផ្ដល់កម្លាំងឲ្យយើងស៊ូទ្រាំដែរ។ ដូចលោកបានធ្វើចំពោះសាវ័កប៉ូល ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាករបស់យើង។ (ភី. ៤:១៣) វិធីមួយដែលលោកប្រើគឺក្រុមគ្រួសាររួមជំនឿរបស់យើង។ នៅយប់មុនលោកយេស៊ូលះបង់ជីវិតខ្លួន លោកបានអធិដ្ឋានអស់ពីចិត្ត។ លោកបានអង្វរសុំព្រះយេហូវ៉ាឲ្យរួចពីការតិះដៀលដែលមកពីការចាត់ទុកលោកជាអ្នកប្រមាថព្រះ។ ជាជាងធ្វើតាមសំណូមពរនោះ ព្រះយេហូវ៉ាបានជួយលោកយេស៊ូដោយចាត់ទេវតាមួយរូបដែលជាបងប្អូនរបស់លោកឲ្យពង្រឹងកម្លាំងលោក។ (លូក. ២២:៤២, ៤៣) ព្រះយេហូវ៉ាក៏ប្រហែលជាជួយយើងតាមរយៈការទូរស័ព្ទឬការសួរសុខទុក្ខដែលលើកទឹកចិត្តពីបងប្អូនរបស់យើង។ យើងទាំងអស់គ្នាអាចរកឱកាសដើម្បីនិយាយ«ពាក្យសម្ដីល្អ»ទៅកាន់បងប្អូនរួមជំនឿ។—សុភ. ១២:២៥ w២៣.០៥ ទំ.១០-១១ វ.៩-១១
ថ្ងៃច័ន្ទ ទី២៤ ខែមីនា
ចូរបន្តលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយពង្រឹងកម្លាំងគ្នាទៅវិញទៅមក។—១ថែ. ៥:១១
ពួកអ្នកអសកម្មដែលចូលរួមពិធីរំលឹកប្រហែលជាខ្លាចអំពីអ្វីដែលបងប្អូនក្នុងក្រុមជំនុំនឹងនិយាយទៅកាន់ពួកគេ ឬនិយាយអំពីពួកគេ។ ដូច្នេះ សូមកុំសួរពួកគេនូវសំណួរដែលប្រហែលជានាំឲ្យពួកគេអៀនខ្មាស ឬកុំនិយាយអ្វីដែលអាចនាំឲ្យពួកគេឈឺចិត្ត។ បងប្អូនទាំងនេះជាបងប្អូនរួមជំនឿរបស់យើង។ យើងសប្បាយគោរពប្រណិប័តន៍ជាមួយពួកគេម្ដងទៀត! (ចសព. ១១៩:១៧៦; សកម្ម. ២០:៣៥) យើងអាចយល់អំពីមូលហេតុដែលលោកយេស៊ូបានរៀបចំឲ្យយើងធ្វើពិធីរំលឹកមរណភាពរបស់លោកជារៀងរាល់ឆ្នាំ មែនទេ? ពេលយើងធ្វើដូច្នេះ យើងផ្ទាល់និងអ្នកឯទៀតទទួលប្រយោជន៍ជាច្រើន។ (អេ. ៤៨:១៧, ១៨) យើងបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងលោកយេស៊ូ។ យើងបង្ហាញថាយើងមានចិត្តកតញ្ញូខ្លាំងយ៉ាងណាចំពោះអ្វីដែលលោកទាំងពីរបានធ្វើសម្រាប់យើង។ យើងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយបងប្អូនរួមជំនឿ។ ម្យ៉ាងទៀត យើងប្រហែលជាអាចជួយអ្នកឯទៀតឲ្យរៀនអំពីរបៀបដែលពួកគេក៏អាចទទួលពរដែលមកពីថ្លៃលោះដែរ។ យ៉ាងនេះ សូមយើងខំអស់ពីសមត្ថភាពដើម្បីត្រៀមខ្លួនសម្រាប់ពិធីរំលឹកឆ្នាំនេះ ពោលគឺថ្ងៃដ៏សំខាន់បំផុតប្រចាំឆ្នាំ! w២៤.០១ ទំ.១៤ វ.១៨-១៩
ថ្ងៃអង្គារ ទី២៥ ខែមីនា
ខ្ញុំជាយេហូវ៉ា . . . ជាអ្នកណែនាំអ្នករាល់គ្នា។—អេ. ៤៨:១៧
តើព្រះយេហូវ៉ាណែនាំយើងតាមរបៀបណា? របៀបដ៏សំខាន់ចម្បងគឺតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ ប៉ុន្តែ លោកក៏ប្រើមនុស្សឲ្យធ្វើជាតំណាងលោកដែរ។ ជាឧទាហរណ៍ លោកប្រើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដើម្បីផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដែលជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ។ (ម៉ាថ. ២៤:៤៥) ព្រះយេហូវ៉ាក៏ប្រើបុរសឯទៀតដែលមានសមត្ថភាពដើម្បីណែនាំយើង។ ជាឧទាហរណ៍ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងអ្នកចាស់ទុំក្រុមជំនុំ ផ្ដល់ការលើកទឹកចិត្តនិងការណែនាំដែលអាចជួយយើងឲ្យឆ្លងកាត់គ្រាលំបាក។ យើងសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ាណែនាំយើងយ៉ាងល្អក្នុងគ្រាចុងក្រោយដ៏លំបាកនេះ។ នេះជួយយើងឲ្យរក្សាខ្លួនជាបុគ្គលដែលព្រះយេហូវ៉ាពេញចិត្ត ហើយឲ្យបន្តនៅលើផ្លូវទៅឯជីវិត។ ប៉ុន្តែជួនកាល យើងប្រហែលជាពិបាកធ្វើតាមការណែនាំពីព្រះយេហូវ៉ា ជាពិសេសពេលយើងទទួលការណែនាំនោះតាមរយៈបុរសមិនល្អឥតខ្ចោះ។ ជាពិសេសនៅពេលនោះ យើងត្រូវមានទំនុកចិត្តថាព្រះយេហូវ៉ាជាអ្នកដឹកនាំរាស្ត្ររបស់លោក ហើយថាការធ្វើតាមការណែនាំពីលោកនាំឲ្យទទួលពរ។ w២៤.០២ ទំ.២០ វ.២-៣
ថ្ងៃពុធ ទី២៦ ខែមីនា
មិនត្រូវស្រឡាញ់តែមាត់ ឬដោយពាក្យសម្ដីប៉ុណ្ណោះទេ តែត្រូវស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិតវិញ។—១យ៉ូន. ៣:១៨
យើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះ ដោយសិក្សាបណ្ដាំលោកយ៉ាងយកចិត្តទុកដាក់។ កាលដែលអ្នកអានគម្ពីរ សូមព្យាយាមរកមើលអ្វីដែលខគម្ពីរនីមួយៗប្រាប់អំពីព្រះយេហូវ៉ា។ សូមសួរខ្លួនអ្នកថា ‹តើកំណត់ហេតុនេះបង្ហាញយ៉ាងណាថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ? តើនោះផ្ដល់មូលហេតុអ្វីឲ្យខ្ញុំស្រឡាញ់ព្រះយេហូវ៉ា?›។ របៀបមួយទៀតដែលយើងអាចបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា គឺដោយអធិដ្ឋានទៅលោកអស់ពីចិត្តជារឿយៗ។ (ចសព. ២៥:៤, ៥) យ៉ាងនេះ ព្រះយេហូវ៉ានឹងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង។ (១យ៉ូន. ៣:២១, ២២) យើងក៏ត្រូវបង្កើនសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកឯទៀត។ ប៉ុន្មានឆ្នាំក្រោយពីសាវ័កប៉ូលទៅជាគ្រិស្តសាសនិក គាត់បានជួបបុរសវ័យក្មេងដ៏ល្អម្នាក់ឈ្មោះធីម៉ូថេ។ ធីម៉ូថេស្រឡាញ់ព្រះយេហូវ៉ា ហើយក៏ស្រឡាញ់មនុស្សដែរ។ ប៉ូលបានប្រាប់គ្រិស្តសាសនិកនៅក្រុងភីលីពថា៖ «ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តគំនិតដូច[ធីម៉ូថេ] ដែលពិតជានឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាទេ»។ (ភី. ២:២០) ប៉ូលពិតជាកោតស្ងើចអំពីសេចក្ដីស្រឡាញ់របស់ធីម៉ូថេចំពោះបងប្អូន។ ក្រុមជំនុំដែលធីម៉ូថេបម្រើច្បាស់ជាទន្ទឹងរង់ចាំទស្សនកិច្ចរបស់គាត់។—១កូ. ៤:១៧ w២៣.០៧ ទំ.៩ វ.៧-១០
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា
ខ្ញុំ . . . ប្រាកដជាមិនបោះបង់ចោលអ្នក។—ហេ. ១៣:៥
ម៉ូសេបានស្លាប់មុនប្រជាជាតិអ៊ីស្រាអែលចូលស្រុកដែលព្រះបានសន្យា។ តើរាស្ត្ររបស់ព្រះបានត្រូវបោះបង់ចោលដោយសារគ្មានបុរសស្មោះត្រង់នោះឬទេ? មិនដូច្នេះទេ។ ដរាបណាពួកគេស្មោះត្រង់ ដរាបនោះព្រះយេហូវ៉ាជួយពួកគេ។ មុនម៉ូសេស្លាប់ ព្រះយេហូវ៉ាបានប្រាប់គាត់ឲ្យតែងតាំងយ៉ូស្វេដើម្បីនាំមុខបណ្ដាជន។ ម៉ូសេបានបង្ហាត់បង្រៀនយ៉ូស្វេអស់ជាច្រើនឆ្នាំ។ (ដច. ៣៣:១១; បច. ៣៤:៩) បន្ថែមទៅទៀត មានបុរសជាច្រើននាក់ទៀតដែលមានសមត្ថភាពជាអ្នកនាំមុខ ពោលគឺមេលើ១.០០០នាក់ មេលើ១០០នាក់ មេលើ៥០នាក់ ហើយថែមទាំងមេលើ១០នាក់។ (បច. ១:១៥) រាស្ត្ររបស់ព្រះបានទទួលការថែទាំយ៉ាងល្អ។ យើងឃើញអ្វីស្រដៀងនឹងនេះក្នុងករណីអេលីយ៉ា។ គាត់បាននាំមុខប្រជាជាតិអ៊ីស្រាអែលក្នុងការគោរពប្រណិប័តន៍ពិតអស់ជាច្រើនឆ្នាំ។ ប៉ុន្តែក្រោយមក ព្រះយេហូវ៉ាបានចាត់គាត់ឲ្យបម្រើនៅស្រុកយូដា។ (២បស. ២:១; ២ប្រ. ២១:១២) តើមនុស្សស្មោះត្រង់ក្នុងកុលសម្ព័ន្ធ១០នៃរាជាណាចក្រអ៊ីស្រាអែលបានត្រូវបោះបង់ចោលឬទេ? មិនមែនទេ។ អេលីយ៉ាបានបង្ហាត់បង្រៀនអេលីសេអស់ជាច្រើនឆ្នាំ។ គោលបំណងរបស់ព្រះយេហូវ៉ាបន្ដទៅមុខទៀត ហើយលោកយកចិត្តទុកដាក់ចំពោះពួកអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក។ w២៤.០២ ទំ.៥ វ.១២
ថ្ងៃសុក្រ ទី២៨ ខែមីនា
ចូរបន្តរស់នៅជាកូននៃពន្លឺ។—អេភ. ៥:៨
គ្រិស្តសាសនិកនៅក្រុងអេភេសូរបានទទួលយកសេចក្ដីពិតពីគម្ពីរដែលប្រៀបដូចជាពន្លឺ។ (ចសព. ១១៩:១០៥) អ្នកក្រុងអេភេសូរទាំងនេះបានលះចោលការប្រព្រឹត្តនៃសាសនាមិនពិត និងអំពើប្រាសចាកសីលធម៌។ ពួកគេបាន«យកតម្រាប់ព្រះ» ហើយខំអស់ពីសមត្ថភាពដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ានិងធ្វើឲ្យលោកពេញចិត្ត។ (អេភ. ៥:១) ស្រដៀងគ្នាដែរ មុនយើងរៀនសេចក្ដីពិត យើងធ្លាប់នៅក្នុងភាពងងឹតខាងសាសនានិងខាងសីលធម៌។ យើងខ្លះធ្លាប់ចូលរួមបុណ្យសាសនាមិនពិត។ យើងខ្លះទៀតធ្លាប់មានរបៀបរស់នៅដែលប្រាសចាកសីលធម៌។ ប៉ុន្តែ ពេលយើងរៀនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ាស្ដីអំពីអ្វីដែលខុសនិងអ្វីដែលត្រូវ យើងធ្វើការកែប្រែ។ យើងចាប់ផ្ដើមមានរបៀបរស់នៅដែលស្របតាមតម្រូវការដ៏សុចរិតរបស់លោក។ ជាលទ្ធផល យើងទទួលប្រយោជន៍ជាច្រើន។ (អេ. ៤៨:១៧) ប៉ុន្តែ គឺមិនតែងតែស្រួលឲ្យជៀសឆ្ងាយពីភាពងងឹតដែលយើងបានចាកចេញ ហើយ«បន្តរស់នៅជាកូននៃពន្លឺ»ទេ។ w២៤.០៣ ទំ.២១ វ.៦-៧
ថ្ងៃសៅរ៍ ទី២៩ ខែមីនា
អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត។—ភី. ៣:១៦
អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកមិនទាន់ត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹកទេ។ ប្រហែលជាអ្នកនៅតែត្រូវធ្វើការផ្លាស់ប្ដូរផ្សេងៗក្នុងជីវិតដើម្បីឲ្យស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ឬប្រហែលជាអ្នកត្រូវការពេលថែមទៀតដើម្បីពង្រឹងជំនឿរបស់អ្នក។ (កូឡ. ២:៦, ៧) ពិតណាស់ មិនមែនសិស្សគម្ពីរទាំងអស់រីកចម្រើននៅពេលដូចគ្នាទេ ហើយមិនមែនប្អូនៗវ័យក្មេងទាំងអស់ត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹកនៅអាយុដូចគ្នាដែរ។ សូមព្យាយាមយល់ថា តើអ្នកត្រូវធ្វើការផ្លាស់ប្ដូរអ្វីខ្លះ ហើយក្រោយមកធ្វើអ្វីដែលអ្នកអាចធ្វើបានដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ (កាឡ. ៦:៤, ៥) ទោះជាអ្នកទទួលស្គាល់ថាអ្នកមិនទាន់ត្រៀមខ្លួនដើម្បីប្រគល់ខ្លួនជូនព្រះយេហូវ៉ាក្ដី សូមបន្ដទុកនេះជាគោលដៅរបស់អ្នក។ សូមសុំព្រះយេហូវ៉ាឲ្យជួយអ្នកធ្វើការកែប្រែណាក៏ដោយដែលចាំបាច់ក្នុងជីវិតរបស់អ្នក។ (ភី. ២:១៣) អ្នកអាចប្រាកដថាលោកនឹងស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នក ហើយតបឆ្លើយ។—១យ៉ូន. ៥:១៤ w២៤.០៣ ទំ.៥ វ.៩-១០
ថ្ងៃអាទិត្យ ទី៣០ ខែមីនា
ចូរអ្នករាល់គ្នាដែលជាប្ដី បន្តរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្តនាងច្បាស់។—១ពេ. ៣:៧
នៅពេលមួយ សារ៉ាមានការតានតឹងចិត្ត ហើយនាងបានប្រាប់អាប្រាហាំអំពីអារម្មណ៍របស់នាង ហើយថែមទាំងបន្ទោសគាត់ចំពោះបញ្ហានោះ។ អាប្រាហាំដឹងថាសារ៉ាជាប្រពន្ធដែលចុះចូលនិងគាំទ្រការសម្រេចចិត្តរបស់គាត់។ គាត់បានស្ដាប់នាង ហើយព្យាយាមដោះស្រាយបញ្ហានោះ។ (ដក. ១៦:៥, ៦) តើយើងអាចរៀនអ្វី? ប្ដីទាំងឡាយ អ្នកមានសិទ្ធិធ្វើការសម្រេចចិត្តឲ្យក្រុមគ្រួសាររបស់អ្នក។ (១កូ. ១១:៣) ប៉ុន្តែ ទង្វើដែលប្រកបដោយសេចក្ដីស្រឡាញ់គឺស្ដាប់នាងយ៉ាងយកចិត្តទុកដាក់ ហើយគិតអំពីទស្សនៈរបស់ប្រពន្ធមុនធ្វើការសម្រេចចិត្ត ជាពិសេសបើការសម្រេចចិត្តនោះនឹងមានឥទ្ធិពលលើនាង។ (១កូ. ១៣:៤, ៥) នៅពេលមួយទៀត អាប្រាហាំបានសម្រេចចិត្តទទួលភ្ញៀវដែលស្រាប់តែមកយ៉ាងរាក់ទាក់។ គាត់បានសុំសារ៉ាឲ្យឈប់ធ្វើអ្វីដែលនាងកំពុងធ្វើ ហើយធ្វើនំប៉័ងច្រើន។ (ដក. ១៨:៦) សារ៉ាបានធ្វើតាមភ្លាមៗ ហើយគាំទ្រការសម្រេចចិត្តរបស់អាប្រាហាំ។ ប្រពន្ធទាំងឡាយ អ្នកអាចយកតម្រាប់សារ៉ាដោយគាំទ្រការសម្រេចចិត្តរបស់ប្ដី។ ពេលអ្នកធ្វើដូច្នេះ អ្នកពង្រឹងចំណងអាពាហ៍ពិពាហ៍របស់អ្នក។—១ពេ. ៣:៥, ៦ w២៣.០៥ ទំ.២៤-២៥ វ.១៦-១៧
ថ្ងៃច័ន្ទ ទី៣១ ខែមីនា
ប្រាជ្ញាពីស្ថានលើ . . . គឺ . . . រង់ចាំធ្វើតាមបង្គាប់។—យ៉ា. ៣:១៧
ក្រោយពីគេឌានបានត្រូវតែងតាំងជាអ្នកសម្រេចក្ដី ការស្ដាប់បង្គាប់និងចិត្តក្លាហានរបស់គាត់បានត្រូវសាកល្បង។ គាត់បានទទួលភារកិច្ចដែលមានគ្រោះថ្នាក់ គឺគាត់ត្រូវបំផ្លាញទីបូជាព្រះបាលដែលជារបស់ឪពុកគាត់។ (អសក. ៦:២៥, ២៦) បន្ទាប់មកក្រោយពីប្រមូលកងទ័ព ព្រះយេហូវ៉ាបានប្រាប់គេឌានពីរដងថា គាត់គួរកាត់បន្ថយកងទ័ពរបស់គាត់។ (អសក. ៧:២-៧) ក្រោយមកទៀត គាត់បានត្រូវប្រាប់ឲ្យវាយប្រហារជំរំសត្រូវនៅកណ្ដាលអធ្រាត្រ។ (អសក. ៧:៩-១១) ពួកអ្នកចាស់ទុំគួរ«រង់ចាំធ្វើតាមបង្គាប់»។ អ្នកចាស់ទុំណាម្នាក់ដែលចេះស្ដាប់បង្គាប់ ឆាប់ចុះចូលក្រោមការណែនាំពីអង្គការព្រះយេហូវ៉ានិងអ្វីដែលគម្ពីរចែង។ យ៉ាងនេះ គាត់ទុកគំរូល្អឲ្យអ្នកឯទៀត។ ប៉ុន្តែ ការស្ដាប់បង្គាប់របស់គាត់ប្រហែលជាបានត្រូវសាកល្បង។ ជាឧទាហរណ៍ ប្រហែលជាគាត់ទទួលការណែនាំជាច្រើនឬការណែនាំដែលផ្លាស់ប្ដូរយ៉ាងលឿន ហើយនោះធ្វើឲ្យគាត់ពិបាកអនុវត្តតាម។ ក្នុងករណីខ្លះ គាត់ប្រហែលជាមិនប្រាកដថាការណែនាំណាមួយពិតជាសមហេតុសមផលឬឈ្លាសវៃឬយ៉ាងណាទេ។ ឬគាត់ប្រហែលជាបានត្រូវសុំឲ្យបំពេញភារកិច្ចមួយដែលអាចនាំឲ្យគាត់ត្រូវគេចាប់ខ្លួន។ តើពួកអ្នកចាស់ទុំអាចធ្វើតាមគំរូរបស់គេឌានស្ដីអំពីការស្ដាប់បង្គាប់ក្នុងស្ថានភាពបែបនេះយ៉ាងដូចម្ដេច? ចូរស្ដាប់ការណែនាំយ៉ាងយកចិត្តទុកដាក់ ហើយធ្វើតាមការណែនាំនោះ។ w២៣.០៦ ទំ.៤-៥ វ.៩-១១