ខែមេសា
ថ្ងៃអង្គារ ទី១ ខែមេសា
ម្ដេចក៏អ៊ំធ្វើបែបនេះចំពោះខ្ញុំ? . . . ម្ដេចក៏អ៊ំបញ្ឆោតខ្ញុំដូច្នេះ?—ដក. ២៩:២៥
អ្នកបម្រើរបស់ព្រះយេហូវ៉ានៅសម័យគម្ពីរជួបទុក្ខលំបាកដែលពួកគេមិនបានរំពឹងទុក។ សូមគិតអំពីយ៉ាកុប។ ឪពុករបស់គាត់បានបង្គាប់គាត់ឲ្យទៅយកកូនស្រីរបស់ឡាបាន់ធ្វើជាប្រពន្ធ។ ឡាបាន់ជាសាច់ញាតិដែលជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយឪពុកយ៉ាកុបបានពង្រឹងទំនុកចិត្តគាត់ថាព្រះយេហូវ៉ានឹងឲ្យពរគាត់ជាបរិបូរ។ (ដក. ២៨:១-៤) យ៉ាកុបបានធ្វើអ្វីដែលត្រឹមត្រូវ។ គឺគាត់បានចាកចេញពីស្រុកកាណាន ហើយធ្វើដំណើរទៅផ្ទះរបស់ឡាបាន់ដែលមានកូនស្រីពីរនាក់ឈ្មោះលេអានិងរ៉ាជែល។ យ៉ាកុបបានចាប់ចិត្តស្រឡាញ់រ៉ាជែលជាកូនស្រីប្អូនរបស់ឡាបាន់ ហើយសុខចិត្តធ្វើការ៧ឆ្នាំឲ្យឪពុកនាងដើម្បីបានរៀបការជាមួយនាង។ (ដក. ២៩:១៨) ប៉ុន្តែនេះមិនមែនជាអ្វីដែលបានកើតឡើងទេ។ ឡាបាន់បានបោកបញ្ឆោតយ៉ាកុបឲ្យរៀបការជាមួយកូនស្រីច្បងរបស់គាត់គឺលេអា។ ឡាបាន់អនុញ្ញាតឲ្យយ៉ាកុបរៀបការជាមួយរ៉ាជែលមួយសប្ដាហ៍ក្រោយមកបាន ឲ្យតែយ៉ាកុបព្រមធ្វើការឲ្យគាត់៧ឆ្នាំថែមទៀត។ (ដក. ២៩:២៦, ២៧) ឡាបាន់ក៏បានកេងប្រវ័ញ្ចញើសឈាមរបស់យ៉ាកុបដែរ។ សរុបសេចក្ដី ឡាបាន់បានប្រព្រឹត្តដោយអយុត្តិធម៌ចំពោះយ៉ាកុបអស់២០ឆ្នាំ!—ដក. ៣១:៤១, ៤២ w២៣.០៤ ទំ.១៥ វ.៥
ថ្ងៃពុធ ទី២ ខែមេសា
ចូរជម្រាបលោកអំពីអ្វីទាំងអស់ដែលមាននៅក្នុងចិត្តរបស់អ្នក។—ចសព. ៦២:៨
តើយើងអាចសុំជំនួយពីអ្នកណាពេលយើងត្រូវការការសម្រាលទុក្ខនិងការណែនាំ? យើងដឹងចម្លើយចំពោះសំណួរនេះ។ យើងអាចអធិដ្ឋានទៅព្រះយេហូវ៉ា។ ព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើដូច្នេះ។ លោកចង់ឲ្យយើងអធិដ្ឋានជាញឹកញាប់ ពោលគឺ«អធិដ្ឋានឥតឈប់»។ (១ថែ. ៥:១៧) យើងអាចអធិដ្ឋានទៅលោកដោយសេរី និងសុំការណែនាំពីលោកក្នុងគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ (សុភ. ៣:៥, ៦) ដោយសារព្រះយេហូវ៉ាមានចិត្តទូលាយជាខ្លាំង លោកបានមានប្រសាសន៍ថាយើងអាចអធិដ្ឋានទៅលោកច្រើនដងតាមចិត្តរបស់យើង។ លោកយេស៊ូបានយល់ថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះសេចក្ដីអធិដ្ឋាន។ ជាយូរមុនមកផែនដី លោកបានឃើញបិតារបស់លោកតបឆ្លើយសេចក្ដីអធិដ្ឋានរបស់បុរសស្ត្រីដ៏ស្មោះត្រង់។ ជាឧទាហរណ៍ លោកយេស៊ូនៅក្បែរបិតាលោក ពេលបិតាលោកតបឆ្លើយសេចក្ដីអធិដ្ឋានអស់ពីចិត្តរបស់ហាណា ដាវីឌ អេលីយ៉ា និងបុគ្គលដ៏ស្មោះត្រង់ជាច្រើននាក់ទៀត។ (១សាំ. ១:១០, ១១, ២០; ១បស. ១៩:៤-៦; ចសព. ៣២:៥) ហេតុនេះ លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យអធិដ្ឋានជាញឹកញាប់ និងដោយមានការជឿជាក់!—ម៉ាថ. ៧:៧-១១ w២៣.០៥ ទំ.២ វ.១, ៣
ថ្ងៃព្រហស្បតិ៍ ទី៣ ខែមេសា
ការខ្លាចមនុស្សគឺជាអន្ទាក់មួយ តែអ្នកដែលទុកចិត្តព្រះយេហូវ៉ា នឹងទទួលការការពារ។—សុភ. ២៩:២៥
សម្ដេចសង្ឃយេហូយ៉ាដាកោតខ្លាចព្រះយេហូវ៉ា។ នេះបានត្រូវសឲ្យឃើញពេលអាថាលៀដែលជាកូនស្រីរបស់យេសេបិល បានដណ្ដើមរាជ្យនៅស្រុកយូដា។ គាត់ឃោរឃៅនិងលោភលន់ចង់បានអំណាចខ្លាំងដល់ម្ល៉េះបានជាគាត់ព្យាយាមសម្លាប់កូនស្ដេចទាំងអស់ដែលជាចៅរបស់គាត់។ (២ប្រ. ២២:១០, ១១) ក្នុងចំណោមកូនក្មេងទាំងនោះ មានម្នាក់បានរួចជីវិតគឺយេហូអាស ដោយសារប្រពន្ធរបស់យេហូយ៉ាដាគឺយេហូសាបៀរបានសង្គ្រោះគាត់។ យេហូសាបៀរនិងប្ដីរបស់គាត់បានលាក់និងមើលថែកូននោះ។ តាមរបៀបនេះ យេហូយ៉ាដានិងយេហូសាបៀរបានជួយរក្សាពូជពង្សស្ដេចដែលមកពីវង្សត្រកូលដាវីឌ។ យេហូយ៉ាដាមានភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយមិនខ្លាចអាថាលៀឡើយ។ ពេលយេហូអាសមានអាយុ៧ឆ្នាំ យេហូយ៉ាដាបានបង្ហាញម្ដងទៀតថាគាត់មានភក្ដីភាពចំពោះព្រះយេហូវ៉ា។ គាត់បានរៀបគម្រោងមួយ។ បើគម្រោងនោះជោគជ័យ យេហូអាសនឹងគ្រងរាជ្យជាស្ដេចដែលជាអ្នកស្នងតំណែងពីពូជពង្សរបស់ដាវីឌ។ ប៉ុន្តែ បើគម្រោងនោះបរាជ័យវិញ យេហូយ៉ាដាប្រាកដជានឹងបាត់បង់ជីវិត។ ដោយមានពរពីព្រះយេហូវ៉ា គម្រោងនោះបានជោគជ័យ! w២៣.០៦ ទំ.១៧ វ.១២-១៣
ថ្ងៃសុក្រ ទី៤ ខែមេសា
[ចូរ]ទទួលស្គាល់ថាព្រះដ៏ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក។—ដាន. ៤:២៥
ស្ដេចនេប៊ូក្នេសាអាចគិតថាដានីយ៉ែលកំពុងបះបោរប្រឆាំងនឹងគាត់ ហើយអាចបញ្ជាគេឲ្យសម្លាប់ដានីយ៉ែល។ ទោះជាយ៉ាងនោះក៏ដោយ ដានីយ៉ែលបានបង្ហាញចិត្តក្លាហានដោយបកស្រាយសុបិន។ តើអ្វីប្រហែលជាបានជួយដានីយ៉ែលឲ្យមានចិត្តក្លាហានពេញមួយជីវិតរបស់គាត់? កាលដែលដានីយ៉ែលនៅក្មេង គាត់ប្រាកដជាបានរៀនពីគំរូរបស់ឪពុកម្ដាយគាត់។ (បច. ៦:៦-៩) ដានីយ៉ែលមិនគ្រាន់តែស្គាល់ច្បាប់បឋមៗដូចជាបញ្ញត្ដិ១០ប្រការប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ស្គាល់ព័ត៌មានល្អិតល្អន់អំពីអ្វីដែលជនជាតិអ៊ីស្រាអែលអាចនិងមិនអាចបរិភោគ។ (ចល. ១១:៤-៨; ដាន. ១:៨, ១១-១៣) ដានីយ៉ែលក៏បានរៀនអំពីប្រវត្តិសាស្ត្ររបស់រាស្ត្រព្រះ ហើយបានដឹងអំពីអ្វីដែលបានកើតឡើងចំពោះពួកគេពេលដែលពួកគេមិនរស់នៅស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (ដាន. ៩:១០, ១១) បទពិសោធន៍ក្នុងជីវិតរបស់ដានីយ៉ែលបានធ្វើឲ្យគាត់ជឿជាក់ថា ព្រះយេហូវ៉ានិងទេវតាដ៏ខ្លាំងក្លារបស់លោកគាំទ្រគាត់។—ដាន. ២:១៩-២៤; ១០:១២, ១៨, ១៩ w២៣.០៨ ទំ.៣ វ.៥-៦
ថ្ងៃសៅរ៍ ទី៥ ខែមេសា
មនុស្សដែលមានចិត្តសុភាពបង្ហាញថាខ្លួនមានប្រាជ្ញា។—សុភ. ១១:២
រេបិកាជាស្ត្រីដ៏ឈ្លាសវៃម្នាក់។ អស់មួយជីវិតរបស់គាត់ គាត់ចេះធ្វើការសម្រេចចិត្តដោយបង្ហាញចិត្តក្លាហាន ហើយដឹងអំពីរបៀបនិងពេលណាគួរប្រព្រឹត្តអ្វីមួយ។ (ដក. ២៤:៥៨; ២៧:៥-១៧) គាត់ក៏ជាបុគ្គលដែលចេះបង្ហាញការគោរពនិងចេះចុះចូល។ (ដក. ២៤:១៧, ១៨, ៦៥) បើអ្នកគាំទ្រការរៀបចំរបស់ព្រះយេហូវ៉ាដោយចិត្តរាបទាបដូចរេបិកា អ្នកនឹងជះឥទ្ធិពលល្អទៅលើក្រុមគ្រួសាររបស់អ្នកនិងក្រុមជំនុំ។ ចិត្តសុភាពគឺជាគុណសម្បត្តិមួយដែលគ្រិស្តសាសនិកដែលមានភាពចាស់ទុំទាំងអស់ត្រូវការ។ អេសធើរមានចិត្តសុភាពនិងជាអ្នកបម្រើស្មោះត្រង់របស់ព្រះយេហូវ៉ា។ ដោយសារគាត់មានចិត្តសុភាព គាត់មិនបានមានអំណួតពេលគាត់ទៅជាអគ្គមហេសីទេ។ គាត់បានស្ដាប់ ហើយធ្វើតាមដំបូន្មានពីបងជីដូនមួយរបស់គាត់គឺម៉ាដេកាយ។ (អេធ. ២:១០, ២០, ២២) អ្នកអាចបង្ហាញចិត្តសុភាពស្រដៀងនឹងនេះដោយសុំយោបល់ល្អពីអ្នកឯទៀត ហើយធ្វើតាម។ (ទីត. ២:៣-៥) អេសធើរបានបង្ហាញចិត្តសុភាពតាមរបៀបផ្សេងទៀត។ គាត់មាន«រូបឆោមស្រស់ស្អាតណាស់» ប៉ុន្តែគាត់មិនព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឯទៀតទេ។—អេធ. ២:៧, ១៥ w២៣.១២ ទំ.១៩-២០ វ.៦-៨
ថ្ងៃអាទិត្យ ទី៦ ខែមេសា
ព្រះធំជាងចិត្តរបស់យើង ហើយក៏ជ្រាបគ្រប់ទាំងអស់។—១យ៉ូន. ៣:២០
ព្រះយេហូវ៉ាមិនចង់ឲ្យយើងបន្ទោសខ្លួនរហូតទេ។ បើយើងបានសារភាពអំពើខុសឆ្គងរបស់យើង បានប្រែចិត្ត ហើយកំពុងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីជៀសវាងពីការធ្វើខុសនោះម្ដងទៀត យើងអាចទុកចិត្តថាព្រះយេហូវ៉ាបានអភ័យទោសឲ្យយើងហើយ។ (សកម្ម. ៣:១៩) ក្រោយពីយើងបានធ្វើអ្វីទាំងនេះ ព្រះយេហូវ៉ាមិនចង់ឲ្យយើងបន្ដបន្ទោសខ្លួនទេ។ លោកដឹងថាការចេះតែបន្ទោសខ្លួននឹងនាំទុក្ខដល់យើង។ (ចសព. ៣១:១០) បើយើងព្រួយចិត្តខ្លាំងហួសហេតុពេក យើងប្រហែលជាឈប់ព្យាយាមក្នុងការរត់ប្រណាំងឲ្យបានជីវិត។ (២កូ. ២:៧) បើអ្នកនៅតែបន្ទោសខ្លួន សូមផ្ដោតអារម្មណ៍ទៅលើការ‹អភ័យទោសយ៉ាងពិតប្រាកដ›ពីព្រះ។ (ចសព. ១៣០:៤) ពេលលោកអភ័យទោសដល់ពួកអ្នកដែលបានប្រែចិត្តយ៉ាងស្មោះ លោកសន្យាថា៖ ‹ខ្ញុំនឹងលែងនឹកចាំអំពើខុសឆ្គងរបស់ពួកគេតទៅទៀត›។ (យេ. ៣១:៣៤) នេះមានន័យថា ព្រះយេហូវ៉ានឹងមិននឹកឃើញម្ដងទៀតអំពីអំពើខុសឆ្គងដែលលោកបានអភ័យទោសឲ្យអ្នកទេ។ សូមកុំខឹងខ្លួនឯងដោយសារកំហុសរបស់អ្នកប្រហែលជាដាក់កម្រិតទៅលើអ្វីដែលអ្នកអាចធ្វើនៅឥឡូវនេះក្នុងកិច្ចបម្រើលោក។ ព្រះយេហូវ៉ាមិនតែងតែគិតអំពីអំពើខុសឆ្គងរបស់អ្នកទេ ហើយអ្នកក៏មិនគួរធ្វើដូច្នេះដែរ។ w២៣.០៨ ទំ.៣០-៣១ វ.១៤-១៥
ថ្ងៃច័ន្ទ ទី៧ ខែមេសា
ចូរពង្រឹងជំហរឲ្យមាំមួនឡើង និងមិនត្រូវរង្គោះរង្គើឡើយ។—១កូ. ១៥:៥៨
ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ សាក្សីព្រះយេហូវ៉ាដែលស្ដាប់តាមការណែនាំពីអង្គការយើងបានជៀសវាងការខ្វល់ខ្វាយហួសហេតុពេកដែលពួកអ្នកដែលស្ដាប់រឿងមិនពិតមាន។ (ម៉ាថ. ២៤:៤៥) យើងត្រូវបន្តផ្ដោតអារម្មណ៍ទៅលើ«អ្វីដែលសំខាន់ជាង»។ (ភី. ១:៩, ១០) ពេលយើងបានត្រូវបំបែរអារម្មណ៍ យើងបង្ខាតពេលវេលានិងកម្លាំងជាច្រើនរបស់យើង។ អ្វីៗដែលយើងធ្វើធម្មតាដូចជា ការបរិភោគ ការផឹក ការកម្សាន្ត និងការងារអាចបំបែរអារម្មណ៍ បើយើងចាត់ទុកអ្វីទាំងនេះថាសំខាន់បំផុតក្នុងជីវិតយើង។ (លូក. ២១:៣៤, ៣៥) បន្ថែមទៅទៀត រាល់ថ្ងៃយើងឮនិងអានអំពីបាតុកម្មនិងវិវាទនយោបាយ។ យើងត្រូវធ្វើឲ្យប្រាកដថាយើងមិនឲ្យអ្វីទាំងនេះបំបែរអារម្មណ៍យើង។ បើពុំនោះទេ យើងប្រហែលជាចាប់ផ្ដើមគាំទ្រម្ខាងៗក្នុងចិត្តគំនិតរបស់យើង។ សាថានប្រើវិធីផ្សេងៗដើម្បីធ្វើឲ្យយើងមិនសូវតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ។ w២៣.០៧ ទំ.១៦-១៧ វ.១២-១៣
ថ្ងៃអង្គារ ទី៨ ខែមេសា
ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ។—លូក. ២២:១៩
ចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា ពិធីរំលឹកមរណភាពរបស់គ្រិស្តគឺជាថ្ងៃដ៏សំខាន់បំផុតប្រចាំឆ្នាំ។ មានតែពិធីនោះប៉ុណ្ណោះដែលលោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យធ្វើ។ (លូក. ២២:១៩, ២០) ពិធីនេះរំលឹកយើងអំពីរបៀបដែលយើងអាចបង្ហាញចិត្តកតញ្ញូចំពោះគ្រឿងបូជារបស់លោកយេស៊ូ។ (២កូ. ៥:១៤, ១៥) នេះក៏ផ្ដល់ឱកាសឲ្យយើង«លើកទឹកចិត្តគ្នាទៅវិញទៅមក»ជាមួយបងប្អូនរួមជំនឿផងដែរ។ (រ៉ូម ១:១២) ម្យ៉ាងទៀត អ្នកចាប់អារម្មណ៍ជាច្រើននាក់ចង់ចាប់ផ្ដើមដើរនៅលើផ្លូវទៅឯជីវិត ដោយសារអ្វីដែលពួកគេឃើញនិងឮ។ សូមគិតផងដែរអំពីរបៀបដែលពិធីរំលឹកធ្វើឲ្យយើងមានសាមគ្គីភាពជាមួយបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។ អ្វីទាំងអស់នេះធ្វើឲ្យពិធីរំលឹកពិសេសខ្លាំងណាស់ចំពោះយើង! w២៤.០១ ទំ.៨ វ.១-៣
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី៩ ខែណែសាន) លូកា ១៩:២៩-៤៤
ថ្ងៃពុធ ទី៩ ខែមេសា
ព្រះស្រឡាញ់ពិភពលោកខ្លាំងដល់ម្ល៉េះ បានជាលោកឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ។—យ៉ូន. ៣:១៦
កាលដែលយើងកាន់តែរំពឹងគិតអំពីតម្លៃដែលព្រះយេហូវ៉ានិងលោកយេស៊ូបានបង់ យើងកាន់តែអាចយល់អំពីសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកទាំងពីរមានចំពោះយើងម្នាក់ៗ។ (កាឡ. ២:២០) ថ្លៃលោះគឺជាអំណោយមួយដែលបង្ហាញអំពីសេចក្ដីស្រឡាញ់។ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះយើង ដោយលះបង់អ្វីដ៏មានតម្លៃបំផុតចំពោះលោក គឺលោកយេស៊ូ។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្រលោករងទុក្ខនិងស្លាប់ដើម្បីយើង។ ព្រះយេហូវ៉ាមិនលាក់អារម្មណ៍របស់លោកទេ តែលោកប្រាប់យើងថាលោកស្រឡាញ់យើងយ៉ាងខ្លាំង។ (យេ. ៣១:៣) ព្រះយេហូវ៉ាបានទាញនាំយើងមកឯលោក ដោយសារលោកស្រឡាញ់យើង។ (សូមពិនិត្យបន្ថែម ការបំភ្លឺច្បាប់ ៧:៧, ៨) គ្មានអ្វីឬក៏អ្នកណាអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់នេះបានទេ។ (រ៉ូម ៨:៣៨, ៣៩) តើនេះធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណា? w២៤.០១ ទំ.២៨ វ.១០-១១
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១០ ខែណែសាន) លូកា ១៩:៤៥-៤៨; ម៉ាថាយ ២១:១៨, ១៩; ២១:១២, ១៣
ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា
ដោយ . . . សេចក្ដីសង្ឃឹម . . . អ្វីៗដែលព្រះបានបង្កើតនឹងត្រូវរំដោះ។—រ៉ូម ៨:២០, ២១
គ្រិស្តសាសនិកដែលបានត្រូវរើសតាំងឲ្យតម្លៃចំពោះសេចក្ដីសង្ឃឹមរបស់ពួកគេឡើងទៅស្ថានសួគ៌។ បងប្រុសម្នាក់ដែលបានត្រូវរើសតាំងឈ្មោះហ្វ្រីឌីរិក ហ្វ្រេននិយាយអស់ពីចិត្តថា៖ «សេចក្ដីសង្ឃឹមរបស់យើងគឺពិតប្រាកដ ហើយសមាជិកម្នាក់ៗនៃ១៤៤.០០០នាក់ដែលជាក្រុមតូចនឹងទទួលតាមអ្វីដែលព្រះបានសន្យាចំពោះយើង។ រង្វាន់របស់យើងនឹងល្អប្រសើរជាងអ្វីណាក៏ដោយដែលយើងនឹកស្មាន»។ នៅឆ្នាំ១៩៩១បងហ្វ្រេនបានបញ្ជាក់ថា៖ «[យើង]នៅតែឲ្យតម្លៃជាខ្លាំងចំពោះសេចក្ដីសង្ឃឹមរបស់យើង។ . . . យើងរង់ចាំកាន់តែយូរ យើងកាន់តែឲ្យតម្លៃចំពោះសេចក្ដីសង្ឃឹមនោះ។ ការរង់ចាំនោះមិនឥតប្រយោជន៍ទេ។ . . . ខ្ញុំឲ្យតម្លៃសេចក្ដីសង្ឃឹមរបស់យើងជាងពេលមុនទៅទៀត»។ មិនថាយើងរំពឹងថានឹងទទួលជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងមានសេចក្ដីសង្ឃឹមដ៏រុងរឿងដែលនាំឲ្យយើងមានហេតុអរសប្បាយ ហើយសេចក្ដីសង្ឃឹមដ៏សប្បាយរបស់យើងអាចកាន់តែរឹងមាំឡើង។ w២៣.១២ ទំ.៩ វ.៦; ទំ.១០ វ.៨
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១១ ខែណែសាន) លូកា ២០:១-៤៧
ថ្ងៃសុក្រ ទី១១ ខែមេសា
ឈាមគោឈ្មោលនិងឈាមពពែមិនអាចដកការខុសឆ្គងចេញបានឡើយ។—ហេ. ១០:៤
នៅមុខទ្វារត្រសាលនៅសម័យបុរាណ មានទីបូជាធ្វើពីស្ពាន់សម្រាប់ជូនគ្រឿងបូជាជាសត្វដល់ព្រះយេហូវ៉ា។ (ដច. ២៧:១, ២; ៤០:២៩) ប៉ុន្តែគ្រឿងបូជាទាំងនោះមិនអាចជម្រះការខុសឆ្គងរបស់បណ្ដាជនទាំងស្រុងបានទេ។ (ហេ. ១០:១-៣) គ្រឿងបូជាជាសត្វដែលបានត្រូវជូនជាបន្ដបន្ទាប់នៅត្រសាលបង្ហាញអំពីគ្រឿងបូជាមួយដែលនឹងជម្រះការខុសឆ្គងរបស់មនុស្សទាំងស្រុង។ លោកយេស៊ូដឹងថាព្រះយេហូវ៉ាបានចាត់លោកឲ្យមកផែនដីដើម្បីជូនជីវិតខ្លួនជាមនុស្សជាគ្រឿងបូជាលោះសម្រាប់មនុស្សជាតិ។ (ម៉ាថ. ២០:២៨) នៅពេលដែលលោកយេស៊ូទទួលការជ្រមុជទឹក លោកបានបង្ហាញថាលោកចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ (យ៉ូន. ៦:៣៨; កាឡ. ១:៤) ជីវិតរបស់លោកយេស៊ូបានត្រូវជូន«មួយដងជាការស្រេច»ដើម្បីជម្រះឬគ្របបាំងទាំងស្រុងលើការខុសឆ្គងរបស់បុគ្គលគ្រប់រូបដែលបង្ហាញជំនឿលើគ្រិស្ត។—ហេ. ១០:៥-៧, ១០ w២៣.១០ ទំ.២៦-២៧ វ.១០-១១
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១២ ខែណែសាន) លូកា ២២:១-៦; ម៉ាកុស ១៤:១, ២, ១០, ១១
ថ្ងៃពិធីរំលឹក
ក្រោយពីថ្ងៃលិច
ថ្ងៃសៅរ៍ ទី១២ ខែមេសា
អំណោយដែលព្រះផ្ដល់ឲ្យ គឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្តយេស៊ូជាម្ចាស់របស់យើង។—រ៉ូម ៦:២៣
គ្មានអ្វីដែលយើងអាចធ្វើដើម្បីរំដោះខ្លួនពីការខុសឆ្គងនិងសេចក្ដីស្លាប់ទេ។ (ចសព. ៤៩:៧, ៨) ដូច្នេះ ព្រះយេហូវ៉ាបានរៀបចំឲ្យលោកយេស៊ូផ្ដល់ជីវិតខ្លួនដើម្បីសង្គ្រោះយើង។ ទាំងព្រះយេហូវ៉ាទាំងលោកយេស៊ូបានធ្វើការលះបង់ដ៏ធំធេង។ កាលដែលយើងកាន់តែរំពឹងគិតអំពីអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានលះបង់ដើម្បីយើង យើងនឹងកាន់តែឲ្យតម្លៃចំពោះថ្លៃលោះ។ ពេលអាដាមបានប្រព្រឹត្តអំពើខុសឆ្គង គាត់បានបាត់បង់ឱកាសរស់ជារៀងរហូត មិនគ្រាន់តែគាត់ម្នាក់ប៉ុណ្ណោះទេ តែនោះក៏នាំឲ្យកូនរបស់គាត់ទាំងអស់បាត់បង់ឱកាសនោះដែរ។ ដើម្បីទិញអ្វីដែលអាដាមបានបាត់បង់មកវិញ លោកយេស៊ូបានជូនជីវិតល្អឥតខ្ចោះរបស់ខ្លួនជាគ្រឿងបូជា។ អស់មួយជីវិតរបស់លោកយេស៊ូនៅផែនដី លោក«មិនដែលប្រព្រឹត្តអំពើខុសឆ្គងសោះ ក៏មិនដែលមានពាក្យបោកបញ្ឆោតចេញពីមាត់លោកដែរ»។ (១ពេ. ២:២២) នៅពេលលោកយេស៊ូទទួលមរណភាព ជីវិតល្អឥតខ្ចោះរបស់លោកមានតម្លៃស្មើគ្នាបេះបិទនឹងជីវិតដែលអាដាមបានបាត់បង់។—១កូ. ១៥:៤៥; ១ធី. ២:៦ w២៤.០១ ទំ.១០ វ.៥-៦
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៣ ខែណែសាន) លូកា ២២:៧-១៣; ម៉ាកុស ១៤:១២-១៦ (ព្រឹត្តិការណ៍ក្រោយពីថ្ងៃលិចនាថ្ងៃទី១៤ ខែណែសាន) លូកា ២២:១៤-៦៥
ថ្ងៃអាទិត្យ ទី១៣ ខែមេសា
លោកចូលក្នុងកន្លែងបរិសុទ្ធមិនមែនដោយយកឈាមពពែនិងគោឈ្មោលទេ តែបានយកឈាមរបស់លោកផ្ទាល់ចូលក្នុងកន្លែងនោះមួយដងជាការស្រេច ហើយតាមរយៈលោក យើងបានទទួលសេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់។—ហេ. ៩:១២
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានចូលទីបរិសុទ្ធបំផុតនៃវិហារក្នុងន័យធៀប។ យើងអាចឃើញច្បាស់អំពីភាពដ៏ប្រសើរនៃរបៀបរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត ដែលមានមូលដ្ឋានលើគ្រឿងបូជាលោះនិងដែលបានត្រូវដឹកនាំដោយសម្ដេចសង្ឃ ពោលគឺគ្រិស្ត។ សម្ដេចសង្ឃនៅអ៊ីស្រាអែលបានចូលទីបរិសុទ្ធបំផុតដែលធ្វើពីដៃមនុស្ស ដោយយកឈាមសត្វដែលបានត្រូវជូនជាគ្រឿងបូជាទៅជាមួយ តែលោកយេស៊ូបាន«ចូលក្នុងស្ថានសួគ៌តែម្ដង»គឺកន្លែងបរិសុទ្ធជាងគេ ដើម្បីបង្ហាញខ្លួននៅចំពោះមុខព្រះយេហូវ៉ា។ នៅទីនោះលោកបានឲ្យតម្លៃនៃជីវិតដ៏ល្អឥតខ្ចោះរបស់លោកជាមនុស្សជាប្រយោជន៍ដល់យើង«ដើម្បីបំបាត់ភាពខុសឆ្គងដោយប្រគល់ខ្លួនលោកជាគ្រឿងបូជា»។ (ហេ. ៩:២៤-២៦) មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងទាំងអស់គ្នាអាចគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅវិហាររបស់លោកក្នុងន័យធៀប។ w២៣.១០ ទំ.២៨ វ.១៣-១៤
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៤ ខែណែសាន) លូកា ២២:៦៦-៧១
ថ្ងៃច័ន្ទ ទី១៤ ខែមេសា
ហេតុនេះ ចូរយើងចូលទៅនិយាយដោយក្លាហាននៅមុខបល្ល័ង្កនៃគុណដ៏វិសេសលើសលប់។—ហេ. ៤:១៦
សូមគិតអំពីតួនាទីរបស់លោកយេស៊ូនៅស្ថានសួគ៌ជាស្ដេចនិងជាសម្ដេចសង្ឃដែលមានសេចក្ដីមេត្តាករុណា។ តាមរយៈលោក យើងអាចចូលទៅ«មុខបល្ល័ង្កនៃគុណដ៏វិសេសលើសលប់[របស់ព្រះ]»ក្នុងសេចក្ដីអធិដ្ឋាន ហើយសុំសេចក្ដីអាណិតមេត្តា ព្រមទាំងសុំជំនួយ«នៅពេលដែលយើងត្រូវការ»។ (ហេ. ៤:១៤, ១៥) ជារៀងរាល់ថ្ងៃ សូមយើងគិតអំពីអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើនិងកំពុងធ្វើដើម្បីយើង។ សេចក្ដីស្រឡាញ់របស់លោកទាំងពីរគួរមានឥទ្ធិពលយ៉ាងខ្លាំងមកលើចិត្តរបស់យើង ហើយជំរុញចិត្តយើងឲ្យខ្នះខ្នែងបម្រើព្រះយេហូវ៉ា។ (២កូ. ៥:១៤, ១៥) របៀបដ៏ល្អបំផុតមួយដើម្បីបង្ហាញថាយើងមានចិត្តកតញ្ញូ គឺដោយជួយអ្នកឯទៀតឲ្យទៅជាសាក្សីព្រះយេហូវ៉ានិងអ្នកកាន់តាមលោកយេស៊ូ។ (ម៉ាថ. ២៨:១៩, ២០) នេះជាអ្វីដែលសាវ័កប៉ូលបានធ្វើ។ គាត់ដឹងថាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា គឺថា«ឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ និងមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត»។—១ធី. ២:៣, ៤ w២៣.១០ ទំ.២២-២៣ វ.១៣-១៤
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៥ ខែណែសាន) ម៉ាថាយ ២៧:៦២-៦៦
ថ្ងៃអង្គារ ទី១៥ ខែមេសា
សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។—បប. ២១:៤
យើងជាច្រើននាក់ប្រើបទគម្ពីរដ៏គួរឲ្យកក់ក្ដៅនេះអំពីជីវិតក្នុងសួនឧទ្យានពេលផ្សព្វផ្សាយដល់អ្នកឯទៀត។ តើតាមរបៀបណាយើងអាចធ្វើឲ្យអ្នកឯទៀតនិងខ្លួនឯងប្រាកដថាពរដែលរៀបរាប់នៅការបើកបង្ហាញ ២១:៣, ៤នឹងក្លាយជាការពិត? តាមពិត ព្រះយេហូវ៉ាផ្ដល់មូលហេតុដ៏គួរឲ្យជឿជាក់ដែលយើងអាចទុកចិត្តថាលោកនឹងធ្វើតាមសេចក្ដីសន្យានោះ។ យើងអាចឃើញមូលហេតុដើម្បីទុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីសួនឧទ្យានក្នុងខគម្ពីរបន្ទាប់។ នៅទីនេះយើងអានថា៖ «លោកដែលអង្គុយលើបល្ល័ង្កមានប្រសាសន៍ថា៖ ‹មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី›។ ម្យ៉ាងទៀត លោកមានប្រសាសន៍ថា៖ ‹ចូរសរសេរ ពីព្រោះពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយក៏ពិតត្រង់›។ លោកក៏មានប្រសាសន៍មកខ្ញុំថា៖ ‹ការទាំងនោះបានសម្រេចហើយ! ខ្ញុំជាអាលផានិងជាអូមេហ្គា ជាដើមនិងជាចុង›»។—បប. ២១:៥, ៦ក w២៣.១១ ទំ.៣ វ.៣-៥
អំណានគម្ពីរសម្រាប់ពិធីរំលឹក៖ (ព្រឹត្តិការណ៍នៅពេលថ្ងៃនាថ្ងៃទី១៦ ខែណែសាន) លូកា ២៤:១-១២
ថ្ងៃពុធ ទី១៦ ខែមេសា
ចូរបន្តជំរុញចិត្តបុរសវ័យក្មេងឲ្យដឹងខុសត្រូវ។—ទីត. ២:៦
បុរសវ័យក្មេងបង្ហាញថាគាត់បានបណ្ដុះឲ្យមានសមត្ថភាពរិះគិត ដោយធ្វើការសម្រេចចិត្តល្អអំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួន។ ម៉ូដពេញនិយមភាគច្រើនបានត្រូវរចនាឡើងឬក៏លើកស្ទួយ ដោយមនុស្សដែលមិនគោរពព្រះយេហូវ៉ា ឬដោយមនុស្សដែលមានរបៀបរស់នៅប្រាសចាកសីលធម៌។ គំនិតដែលប្រាសចាកសីលធម៌របស់ពួកគេស្ដែងចេញតាមរយៈម៉ូដសម្លៀកបំពាក់ដែលរឹប ឬដែលឲ្យបុរសអាចមើលទៅដូចស្រី។ ពេលជ្រើសរើសអ្វីស្លៀកពាក់ បុរសវ័យក្មេងដែលកំពុងព្យាយាមឲ្យមានភាពចាស់ទុំនឹងឲ្យគោលការណ៍គម្ពីរដឹកនាំ ហើយធ្វើតាមគំរូល្អក្នុងក្រុមជំនុំ។ គាត់អាចសួរខ្លួនគាត់ថា ‹តើជម្រើសរបស់ខ្ញុំបង្ហាញថាខ្ញុំដឹងខុសត្រូវនិងគិតដល់អ្នកឯទៀតឬទេ? តើរបៀបដែលខ្ញុំស្លៀកពាក់ងាយឲ្យអ្នកឯទៀតជឿថាខ្ញុំជាអ្នកបម្រើព្រះឬទេ?›។ (១កូ. ១០:៣១-៣៣) បុរសវ័យក្មេងដែលមានសមត្ថភាពរិះគិតមិនគ្រាន់តែនឹងទទួលការគោរពឲ្យតម្លៃពីបងប្អូនរួមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏មានតម្លៃចំពោះបិតារបស់គាត់នៅស្ថានសួគ៌ផងដែរ។ w២៣.១២ ទំ.២៦ វ.៧
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា
រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើរាជាណាចក្រខ្ញុំជារបស់ពិភពលោកនេះ ពួកអ្នកបម្រើរបស់ខ្ញុំមុខជាបានតយុទ្ធ។—យ៉ូន. ១៨:៣៦
នៅអតីតកាល «ស្ដេចខាងត្បូង»បានវាយប្រហារចំៗលើរាស្ត្រព្រះយេហូវ៉ា។ (ដាន. ១១:៤០) ជាឧទាហរណ៍ នេះបានកើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី១និងទី២ ពេលបងប្អូនជាច្រើននាក់បានត្រូវគេចាប់ដាក់គុកដោយសារពួកគេមិនព្រមធ្វើសង្គ្រាម ហើយកូនសាក្សីខ្លះបានត្រូវបណ្ដេញចេញពីសាលាដោយសារពួកគេមិនព្រមគោរពទង់ជាតិ។ ប៉ុន្តែ ក្នុងអំឡុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រាស្ត្ររបស់ព្រះយេហូវ៉ាដែលរស់នៅក្រោមការគ្រប់គ្រងរបស់ស្ដេចនោះ បានជួបការសាកល្បងផ្សេងទៀតដែលមិនចំៗទៅលើភក្ដីភាពរបស់ពួកគេចំពោះរាជាណាចក្រព្រះ។ ជាឧទាហរណ៍ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត គ្រិស្តសាសនិកណាម្នាក់ប្រហែលជាមានចិត្តចង់គាំទ្រគណបក្សនយោបាយមួយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតណាម្នាក់ជាងមួយទៀត។ គាត់ប្រហែលជាមិនទៅបោះឆ្នោតទេ ប៉ុន្តែក្នុងចិត្ត គាត់គាំទ្រខាងណាមួយ។ គឺសំខាន់ណាស់ដែលយើងរក្សាអព្យាក្រឹតភាពចំពោះរឿងនយោបាយ មិនគ្រាន់តែក្នុងការប្រព្រឹត្តរបស់យើងប៉ុណ្ណោះទេ តែក៏ក្នុងចិត្តនិងអ្វីដែលយើងគិតផងដែរ។—យ៉ូន. ១៥:១៨, ១៩ w២៣.០៨ ទំ.១២ វ.១៧
ថ្ងៃសុក្រ ទី១៨ ខែមេសា
សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង ព្រោះលោករែកពុនបន្ទុករបស់យើងរាល់ថ្ងៃ។—ចសព. ៦៨:១៩
កាលដែលយើងរត់ប្រណាំងឲ្យបានជីវិត យើងត្រូវ«រត់យ៉ាងណាឲ្យបានរង្វាន់»។ (១កូ. ៩:២៤) លោកយេស៊ូបានបង្ហាញថា«ការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិត»អាចទៅជាអម្រែកដ៏ធ្ងន់ចំពោះយើង។ (លូក. ២១:៣៤) បទគម្ពីរទាំងនេះនិងបទគម្ពីរឯទៀតអាចជួយអ្នកឲ្យដឹងថា អ្នកប្រហែលជាត្រូវធ្វើការផ្លាស់ប្ដូរយ៉ាងណាកាលដែលអ្នករត់ប្រណាំងឲ្យបានជីវិត។ យើងអាចប្រាកដថាយើងនឹងទទួលជ័យជម្នះក្នុងការរត់ប្រណាំងឲ្យបានជីវិត ដោយសារព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលយើងត្រូវការ។ (អេ. ៤០:២៩-៣១) ដូច្នេះ សូមកុំបន្ថយល្បឿនឡើយ! សូមយកតម្រាប់សាវ័កប៉ូលដែលបានខំប្រឹងរត់យ៉ាងខ្លាំងឲ្យបានរង្វាន់ដែលនៅខាងមុខគាត់។ (ភី. ៣:១៣, ១៤) គ្មាននរណាម្នាក់អាចរត់ជំនួសអ្នកក្នុងការរត់ប្រណាំងនេះបានឡើយ ប៉ុន្តែដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចជោគជ័យបាន។ ព្រះយេហូវ៉ាអាចជួយអ្នកឲ្យទទួលភារៈរបស់ខ្លួន ហើយលះចោលអ្វីៗដែលមិនចាំបាច់។ ដោយមានព្រះយេហូវ៉ានៅខាងអ្នក អ្នកនឹងអាចស៊ូទ្រាំក្នុងការរត់ប្រណាំង ហើយទទួលជ័យជម្នះ! w២៣.០៨ ទំ.៣១ វ.១៦-១៧
ថ្ងៃសៅរ៍ ទី១៩ ខែមេសា
ចូរអ្នករាល់គ្នាគោរពឪពុកម្ដាយ។—ដច. ២០:១២
យ៉ូសែបនិងម៉ារៀមានភារកិច្ចធ្វើឲ្យប្រាកដថាកូនទាំងអស់នៅក្នុងចំណោមក្រុមមនុស្សដែលធ្វើដំណើរត្រឡប់ទៅផ្ទះវិញក្រោយពីបុណ្យមួយនាក្រុងយេរូសាឡិមពេលដែលលោកយេស៊ូមានអាយុ១២ឆ្នាំ។ ប៉ុន្តែ ឪពុកម្ដាយរបស់លោកបានទុកលោកចោលនៅទីនោះ។ (លូក. ២:៤៦-៥២) ពេលដែលយ៉ូសែបនិងម៉ារៀបានរកឃើញលោកយេស៊ូ ម៉ារៀបានស្ដីបន្ទោសលោកចំពោះការធ្វើឲ្យពួកគាត់ពិបាក។ លោកយេស៊ូអាចលើកឡើងថានេះគឺអយុត្តិធម៌។ តែផ្ទុយទៅវិញ លោកបានតបឆ្លើយយ៉ាងខ្លីដោយការគោរព។ យ៉ាងណាក្ដី យ៉ូសែបនិងម៉ារៀ«មិនបានយល់អត្ថន័យនៃពាក្យរបស់កូនឡើយ»។ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូ«បន្តស្ដាប់បង្គាប់ពួកគាត់»។ ប្អូនៗវ័យក្មេង តើប្អូនធ្លាប់ពិបាកស្ដាប់បង្គាប់ឪពុកម្ដាយពេលពួកគេធ្វើខុសឬពេលពួកគេយល់ច្រឡំអំពីប្អូនឬទេ? បើដូច្នេះ តើអ្វីអាចជួយ? សូមគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ា។ គម្ពីរចែងថាពេលប្អូនស្ដាប់បង្គាប់ឪពុកម្ដាយ នេះ«នាំឲ្យលោកម្ចាស់ពេញចិត្ត»។ (កូឡ. ៣:២០) ព្រះយេហូវ៉ាដឹងពេលឪពុកម្ដាយរបស់ប្អូនយល់ច្រឡំអំពីប្អូន ឬពេលពួកគេបង្កើតច្បាប់ដែលមិនស្រួលធ្វើតាម។ ប៉ុន្តែ ពេលប្អូនសម្រេចចិត្តស្ដាប់បង្គាប់ពួកគេ ប្អូនធ្វើឲ្យលោកសប្បាយរីករាយ។ w២៣.១០ ទំ.៧ វ.៥-៦
ថ្ងៃអាទិត្យ ទី២០ ខែមេសា
ត្រូវធ្វើជាមនុស្សសមហេតុសមផល ហើយបង្ហាញចិត្តស្លូតបូតជានិច្ចចំពោះមនុស្សទាំងអស់។—ទីត. ៣:២
សិស្សរួមថ្នាក់ប្រហែលជានិយាយថាសាក្សីព្រះយេហូវ៉ាគួរផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីការស្រឡាញ់ភេទដូចគ្នា។ យើងប្រហែលជាត្រូវជួយគាត់ឲ្យយល់ថា យើងគោរពសិទ្ធិរបស់បុគ្គលម្នាក់ៗឲ្យសម្រេចចិត្តផ្ទាល់ខ្លួន។ (១ពេ. ២:១៧) បន្ទាប់មក យើងប្រហែលជាអាចលើកបញ្ជាក់អំពីរបៀបដែលខ្នាតតម្រាសីលធម៌ពីគម្ពីរជួយយើងឲ្យមានជីវិតល្អប្រសើរជាង។ ពេលនិយាយជាមួយបុគ្គលដែលប្រកាន់ទស្សនៈខ្លួន យើងមិនគួរឆាប់សន្និដ្ឋានថាយើងដឹងអំពីអ្វីដែលគាត់ជឿនោះទេ។ ជាឧទាហរណ៍ ចុះបើសិស្សរួមថ្នាក់របស់អ្នកនិយាយថាការជឿទៅលើព្រះគឺជារឿងដ៏គួរឲ្យអស់សំណើច? តើអ្នកគួរតែសន្និដ្ឋានថាគាត់ជឿស៊ប់លើការវិវត្តន៍ ហើយដឹងច្រើនអំពីរឿងនោះឬទេ? តាមពិត គាត់ប្រហែលជាគ្រាន់តែនិយាយតាមអ្វីដែលគាត់បានឮ។ ប្រហែលជាអ្នកអាចបង្ហាញគាត់អំពីព័ត៌មានស្ដីអំពីការបង្កើតដែលមាននៅក្នុងគេហទំព័រjw.org។ ក្រោយមក គាត់ប្រហែលជាសុខចិត្តនិយាយជាមួយអ្នកអំពីអត្ថបទឬវីដេអូណាមួយដែលមាននៅទីនោះ។ ពេលអ្នកបង្ហាញការគោរពបែបនេះ នេះប្រហែលជាជួយគាត់ឲ្យចង់រៀនថែមទៀតអំពីអ្វីដែលគម្ពីរចែង។ w២៣.០៩ ទំ.១៧ វ.១២-១៣
ថ្ងៃច័ន្ទ ទី២១ ខែមេសា
ឱព្រះយេហូវ៉ា លោកល្អពិតមែន ហើយលោកបម្រុងតែនឹងអភ័យទោស។ លោកពេញទៅដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងអស់ដែលហៅរកលោក។—ចសព. ៨៦:៥
យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងប្រើយើង និងឲ្យពរយើង ទោះជាយើងបានធ្វើខុសក្ដី ឲ្យតែយើងខំអស់ពីសមត្ថភាពដើម្បីកែតម្រង់ផ្លូវរបស់យើង ហើយបន្ដពឹងផ្អែកលើលោក។ (សុភ. ២៨:១៣) សាំសុនមិនមែនជាមនុស្សល្អឥតខ្ចោះទេ ប៉ុន្តែគាត់មិនបានឈប់ព្យាយាមបម្រើព្រះយេហូវ៉ា ទោះជាក្រោយពីគាត់បានធ្វើខុសក្នុងរឿងដេលីឡាក្ដី។ ចំណែកព្រះយេហូវ៉ា លោកមិនបោះបង់ចោលសាំសុនទេ។ ព្រះបានប្រើសាំសុនម្ដងទៀតឲ្យសម្រេចការយ៉ាងធំ។ ព្រះយេហូវ៉ានៅតែចាត់ទុកគាត់ជាបុរសម្នាក់ដែលមានជំនឿមុតមាំ ដោយរួមបញ្ចូលគាត់ក្នុងបញ្ជីពួកអ្នកស្មោះត្រង់នៅក្នុងហេប្រឺ ជំពូក១១។ គួរឲ្យលើកទឹកចិត្តមែនដោយដឹងថាយើងបម្រើបិតានៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់ដែលចង់ពង្រឹងកម្លាំងយើង ជាពិសេសពេលយើងខ្សោយ! ដូច្នេះដូចសាំសុន សូមយើងអង្វរសុំព្រះយេហូវ៉ាថា៖ «សូមលោកមេត្តានឹកចាំខ្ញុំផង សូមលោកផ្ដល់កម្លាំងឲ្យខ្ញុំ»។—អសក. ១៦:២៨ w២៣.០៩ ទំ.៧ វ.១៨-១៩
ថ្ងៃអង្គារ ទី២២ ខែមេសា
[ចូរ]ចាំជាប់ជានិច្ចនូវការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា។—២ពេ. ៣:១២
កាលដែលយើងចាំជាប់ជានិច្ចនូវថ្ងៃរបស់ព្រះយេហូវ៉ា នេះជំរុញចិត្តយើងឲ្យផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត។ ប៉ុន្តែ ជួនកាលយើងប្រហែលជាស្ទាក់ស្ទើរនិយាយប្រាប់ពួកគេ។ ហេតុអ្វី? ពីព្រោះយើងភ័យខ្លាចចំពោះអ្វីដែលមនុស្សឯទៀតអាចគិតអំពីយើង ឬធ្វើមកលើយើង។ នេះបានកើតឡើងចំពោះពេត្រុស។ នៅយប់ដែលលោកយេស៊ូត្រូវគេវិនិច្ឆ័យក្ដី ពេត្រុសមិនហ៊ាននិយាយថាគាត់គឺជាអ្នកកាន់តាមម្នាក់របស់លោក ហើយថែមទាំងបានបដិសេធមិនស្គាល់លោកប៉ុន្មានដងទៀតផង។ (ម៉ាថ. ២៦:៦៩-៧៥) ប៉ុន្តែ ពេត្រុសបានយកឈ្នះការខ្លាចមនុស្ស ហើយក្រោយមកនិយាយដោយជឿជាក់ថា៖ «កុំខ្លាចអ្វីដែលមនុស្សឯទៀតខ្លាចឡើយ ហើយកុំព្រួយបារម្ភ»។ (១ពេ. ៣:១៤) ពាក្យរបស់ពេត្រុសពង្រឹងទំនុកចិត្តយើងថា យើងក៏អាចយកឈ្នះការភ័យខ្លាចមនុស្សដែរ។ តើអ្វីអាចជួយយើងឲ្យយកឈ្នះការភ័យខ្លាចមនុស្ស? ពេត្រុសប្រាប់យើងថា៖ «ចូរទទួលស្គាល់គ្រិស្តជាម្ចាស់ក្នុងចិត្តអ្នករាល់គ្នា»។ (១ពេ. ៣:១៥) នេះរួមបញ្ចូលការរំពឹងគិតអំពីឋានៈនិងអំណាចដែលម្ចាស់និងស្ដេចរបស់យើង គឺលោកយេស៊ូគ្រិស្តមាន។ w២៣.០៩ ទំ.២៧-២៨ វ.៦-៨
ថ្ងៃពុធ ទី២៣ ខែមេសា
អ្នករាល់គ្នាមិនត្រូវនិយាយទាល់តែសោះអំពីរឿងប្រាសចាកសីលធម៌ខាងផ្លូវភេទ [និង]អំពើស្មោកគ្រោក . . . ឡើយ។—អេភ. ៥:៣
យើងត្រូវបន្ដតយុទ្ធនឹង«ការប្រព្រឹត្តដែលមិនកើតផលដែលជាការប្រព្រឹត្តខាងភាពងងឹត»។ (អេភ. ៥:១១) បទពិសោធន៍ផ្សេងៗបានបង្ហាញថាកាលដែលមនុស្សម្នាក់កាន់តែមើល ស្ដាប់ ឬនិយាយអំពីអ្វីដែលមិនស្អាតស្អំឬប្រាសចាកសីលធម៌ គាត់កាន់តែងាយស្រួលធ្វើអ្វីដែលខុស។ (ដក. ៣:៦; យ៉ា. ១:១៤, ១៥) ពិភពលោករបស់សាថានព្យាយាមបោកបញ្ឆោតយើងដោយធ្វើឲ្យយើងជឿថាអ្វីដែលព្រះយេហូវ៉ាចាត់ទុកថាមិនស្អាតស្អំនិងប្រាសចាកសីលធម៌គឺមិនមែនជាអ្វីដែលខុសទាល់តែសោះ។ (២ពេ. ២:១៩) កលល្បិចមួយរបស់សាថានដែលវាប្រើអស់រយៈពេលជាយូរមកហើយ គឺបំភាន់មនុស្សដើម្បីឲ្យពួកគេមិនអាចដឹងអ្វីដែលខុសនិងអ្វីដែលត្រូវ។ (អេ. ៥:២០; ២កូ. ៤:៤) ហេតុនេះហើយបានជាភាពយន្ត កម្មវិធីទូរទស្សន៍ និងគេហទំព័រជាច្រើនលើកស្ទួយគំនិតដែលប្រឆាំងនឹងខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា។ សាថានកំពុងព្យាយាមបោកបញ្ឆោតយើងឲ្យគិតថាការប្រព្រឹត្តនិងរបៀបរស់នៅដែលមិនស្អាតស្អំគឺមិននាំឲ្យឈឺចាប់ឡើយ។—អេភ. ៥:៦ w២៤.០៣ ទំ.២២ វ.៨-១០
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា
បុរសទាំងនោះបំពេញកិច្ចបម្រើពិសិដ្ឋដែលគ្រាន់តែជានិមិត្តរូប និងជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌។—ហេ. ៨:៥
ត្រសាលមានរាងដូចជាតង់ដែលដំបូងជនជាតិអ៊ីស្រាអែលរើយកទៅជាមួយពេលដែលពួកគេផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ។ ពួកគេបានប្រើត្រសាលនោះជិត៥០០ឆ្នាំ រហូតដល់វិហារបានត្រូវសង់ឡើងនៅក្រុងយេរូសាឡិម។ (ដច. ២៥:៨, ៩; ជប. ៩:២២) ត្រសាលគឺជាមណ្ឌលដែលជនជាតិអ៊ីស្រាអែលគោរពប្រណិប័តន៍ព្រះ ព្រមទាំងជូនគ្រឿងបូជារបស់ពួកគេទៅលោក។ (ដច. ២៩:៤៣-៤៦) ប៉ុន្តែ ត្រសាលក៏ជាតំណាងអ្វីដ៏អស្ចារ្យជាង។ ត្រសាលនោះ«ជាស្រមោលនៃអ្វីៗនៅស្ថានសួគ៌» ហើយជាតំណាងវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ាក្នុងន័យធៀប។ សាវ័កប៉ូលបាននិយាយថា៖ «ត្រសាលនោះឯងជានិមិត្តរូបដែលទាក់ទងនឹងពេលបច្ចុប្បន្ន»។ (ហេ. ៩:៩) ដូច្នេះ ពេលគាត់បានសរសេរសំបុត្រទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ វិហារក្នុងន័យធៀបនោះមានរួចហើយ គឺចាប់ផ្ដើមមាននៅឆ្នាំ២៩ គ.ស.។ នៅឆ្នាំនោះ លោកយេស៊ូបានទទួលការជ្រមុជទឹក និងចាប់ផ្ដើមបម្រើជា«សម្ដេចសង្ឃដ៏ឧត្ដុង្គឧត្ដម»នៅវិហារក្នុងន័យធៀប។—ហេ. ៤:១៤; សកម្ម. ១០:៣៧, ៣៨ w២៣.១០ ទំ.២៦ វ.៦-៧
ថ្ងៃសុក្រ ទី២៥ ខែមេសា
ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល។—ភី. ៤:៥
ដើម្បីបន្តបម្រើព្រះយេហូវ៉ាដោយអំណរ យើងត្រូវចេះបត់បែនពេលយើងជួបការពិបាកក្នុងជីវិត។ តើតាមរបៀបណា? យើងត្រូវធ្វើជាមនុស្សសមហេតុសមផលដោយសម្របខ្លួនពេលដែលស្ថានភាពរបស់យើងបានត្រូវផ្លាស់ប្ដូរ និងដោយគោរពការសម្រេចចិត្តនិងទស្សនៈរបស់អ្នកឯទៀត។ ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងចង់ធ្វើជាមនុស្សសមហេតុសមផល។ យើងក៏ចង់មានចិត្តរាបទាបនិងចិត្តអាណិតមេត្តាដែរ។ ព្រះយេហូវ៉ាបានត្រូវហៅថា«ថ្មដា» ដោយសារលោកមាំមួននិងមិនរង្គោះរង្គើឡើយ។ (បច. ៣២:៤) ប៉ុន្តែ លោកក៏ចេះសមហេតុសមផលដែរ។ កាលដែលអ្វីៗក្នុងពិភពលោកនេះប្រែប្រួល ព្រះយេហូវ៉ាចេះបត់បែន ហើយធ្វើឲ្យប្រាកដថាសេចក្ដីសន្យាទាំងអស់របស់លោកនឹងក្លាយជាការពិត។ ព្រះយេហូវ៉ាបានបង្កើតមនុស្សឲ្យមានភាពដូចលោក ដោយមានសមត្ថភាពសម្របខ្លួនតាមស្ថានភាពដែលផ្លាស់ប្ដូរ។ លោកបានផ្ដល់គោលការណ៍គម្ពីរដ៏ច្បាស់ដែលជួយយើងឲ្យធ្វើការសម្រេចចិត្តឈ្លាសវៃ មិនថាយើងជួបការពិបាកណាក៏ដោយ។ គំរូរបស់ព្រះយេហូវ៉ានិងគោលការណ៍របស់លោកជួយយើងឲ្យដឹងថាទោះជាលោកជា«ថ្មដា»ក្ដី លោកក៏ចេះសមហេតុសមផលដែរ។ w២៣.០៧ ទំ.២០ វ.១-៣
ថ្ងៃសៅរ៍ ទី២៦ ខែមេសា
ពេលកង្វល់កង្វាយញាំញីចិត្តខ្ញុំ លោកបានសម្រាលទុក្ខខ្ញុំ ហើយធ្វើឲ្យខ្ញុំសប្បាយចិត្តឡើងវិញ។—ចសព. ៩៤:១៩
ក្នុងគម្ពីរ ព្រះយេហូវ៉ាប្រដូចខ្លួនលោកទៅនឹងម្ដាយដ៏កក់ក្ដៅម្នាក់។ (អេ. ៦៦:១២, ១៣) សូមស្រមៃគិតអំពីម្ដាយម្នាក់ដែលមើលថែកូនតូចរបស់គាត់ដោយក្ដីស្រឡាញ់ ហើយធ្វើឲ្យប្រាកដថាកូនមានអ្វីដែលត្រូវការ។ ស្រដៀងគ្នាដែរ ពេលយើងឈឺចាប់ យើងអាចប្រាកដថាព្រះយេហូវ៉ាស្រឡាញ់យើង។ លោកមិនឈប់ស្រឡាញ់យើងពេលយើងធ្វើខុសទេ។ (ចសព. ១០៣:៨) ប្រជាជាតិអ៊ីស្រាអែលបានធ្វើឲ្យព្រះយេហូវ៉ាខកចិត្តម្ដងហើយម្ដងទៀត។ ប៉ុន្តែពេលពួកគេបានស្ដាយក្រោយចំពោះកំហុសរបស់ពួកគេនិងបានកែខ្លួន លោកបានពង្រឹងទំនុកចិត្តពួកគេថាលោកមានសេចក្ដីស្រឡាញ់មិនចេះសាបសូន្យចំពោះពួកគេ។ ជាឧទាហរណ៍ លោកបានប្រាប់ពួកគេថា៖ «អ្នកមានតម្លៃខ្លាំងណាស់ក្នុងកែវភ្នែកខ្ញុំ អ្នកបានទទួលកិត្តិយស ហើយខ្ញុំក៏ស្រឡាញ់អ្នកខ្លាំងដែរ»។ (អេ. ៤៣:៤, ៥) សេចក្ដីស្រឡាញ់របស់ព្រះមិនបានប្រែប្រួលឡើយ។ ទោះជាយើងបានធ្វើខុសធ្ងន់ធ្ងរក្ដី ពេលយើងប្រែចិត្តនិងត្រឡប់មកឯព្រះយេហូវ៉ាវិញ យើងនឹងឃើញថាលោកនៅតែស្រឡាញ់យើង។ លោកសន្យាថា៖ «លោកនឹងអភ័យទោសឲ្យជាបរិបូរ»។ (អេ. ៥៥:៧) គម្ពីររៀបរាប់ថាការអភ័យទោសនេះនាំមកនូវ«សេចក្ដីសុខសាន្តក្នុងចិត្ត»ពីព្រះយេហូវ៉ា។—សកម្ម. ៣:១៩ w២៤.០១ ទំ.២៧ វ.៤-៥
ថ្ងៃអាទិត្យ ទី២៧ ខែមេសា
ព្រះយេហូវ៉ាគាំទ្រខ្ញុំ។—អែស. ៧:២៨
ព្រះយេហូវ៉ាអាចជួយយើងពេលយើងជួបការពិបាក។ ជាឧទាហរណ៍ ពេលយើងសុំច្បាប់ពីថៅកែរបស់យើងដើម្បីយើងអាចចូលរួមមហាសន្និបាត ឬពេលសុំផ្លាស់ប្ដូរម៉ោងការងាររបស់យើងដើម្បីចូលរួមកិច្ចប្រជុំទាំងអស់ យើងអាចឃើញច្បាស់អំពីរបៀបដែលព្រះយេហូវ៉ាជួយយើង។ លទ្ធផលប្រហែលជាល្អជាងយើងនឹកស្មានទៅទៀត! យ៉ាងនេះ ទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាកាន់តែខ្លាំងឡើង។ អែសរ៉ាបានអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដោយចិត្តរាបទាប។ រាល់ដងដែលគាត់មានអារម្មណ៍ថាភារកិច្ចរបស់គាត់គឺហួសពីសមត្ថភាពគាត់ គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាដោយចិត្តរាបទាប។ (អែស. ៨:២១-២៣; ៩:៣-៥) ចិត្តគំនិតរបស់អែសរ៉ាបានជំរុញចិត្តពួកអ្នកដែលនៅជុំវិញគាត់ឲ្យគាំទ្រគាត់និងមានជំនឿដូចគាត់។ (អែស. ១០:១-៤) ពេលយើងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីសេចក្ដីត្រូវការរបស់យើង ឬអំពីសុវត្ថិភាពរបស់ក្រុមគ្រួសារយើង យើងត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាដោយមានទំនុកចិត្ត។ w២៣.១១ ទំ.១៨ វ.១៥-១៧
ថ្ងៃច័ន្ទ ទី២៨ ខែមេសា
[អាប្រាហាំ]បានជឿអ្វីដែលព្រះយេហូវ៉ាប្រាប់គាត់។ ហេតុនេះហើយបានជាលោកចាត់ទុកគាត់ជាមនុស្សសុចរិត។—ដក. ១៥:៦
ព្រះយេហូវ៉ាមិនបានមានប្រសាសន៍ថា ដើម្បីឲ្យលោកចាត់ទុកយើងជាមនុស្សសុចរិត យើងត្រូវតែធ្វើដូចអាប្រាហាំបេះបិទនោះទេ។ តាមពិត មានរបៀបជាច្រើនដែលយើងអាចបង្ហាញដោយការប្រព្រឹត្តថាយើងមានជំនឿ។ ជាឧទាហរណ៍ យើងអាចស្វាគមន៍អ្នកថ្មីនៅក្រុមជំនុំ ជួយបងប្អូនដែលពិតជាត្រូវការជំនួយ និងធ្វើល្អដល់សមាជិកក្រុមគ្រួសាររបស់យើង។ អ្វីទាំងអស់នេះជាការប្រព្រឹត្តដែលនាំឲ្យព្រះពេញចិត្តនិងនាំឲ្យទទួលពរ។ (រ៉ូម ១៥:៧; ១ធី. ៥:៤, ៨; ១យ៉ូន. ៣:១៨) របៀបដ៏សំខាន់បំផុតមួយដែលយើងអាចបង្ហាញថាយើងមានជំនឿ គឺដោយប្រាប់ដំណឹងល្អដល់អ្នកឯទៀតយ៉ាងខ្នះខ្នែង។ (១ធី. ៤:១៦) យើងទាំងអស់គ្នាអាចបង្ហាញដោយការប្រព្រឹត្តថា យើងមានជំនឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថានឹងមកជាពិត ហើយថាផ្លូវរបស់លោកគឺល្អបំផុត។ បើយើងធ្វើដូច្នេះ យើងអាចជឿជាក់យ៉ាងមុតមាំថាព្រះនឹងរាប់យើងជាមនុស្សសុចរិត ហើយហៅយើងជាមិត្តសម្លាញ់របស់លោក។ w២៣.១២ ទំ.២ វ.៣; ទំ.៦ វ.១៥
ថ្ងៃអង្គារ ទី២៩ ខែមេសា
[ចូរ]មានភាពជាបុរសពេញវ័យ ហើយស្មើកម្រិតកម្ពស់របស់គ្រិស្ត។—អេភ. ៤:១៣
សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកនៅក្រុងអេភេសូរដោយពាក្យនៅក្នុងបទគម្ពីរថ្ងៃនេះ។ បុរសគ្រិស្តសាសនិកទាំងអស់នៅសព្វថ្ងៃនេះក៏គួរធ្វើតាមដំបូន្មាននេះដែរ។ ដើម្បីធ្វើដូច្នេះ ពួកគេត្រូវរៀនធ្វើតាមច្បាប់របស់ព្រះនិងអនុវត្តគោលការណ៍គម្ពីរក្នុងគ្រប់សកម្មភាពរបស់ពួកគេ។ (លូក. ២:៥២) ហេតុអ្វីគឺសំខាន់ម្ល៉េះឲ្យប្អូនប្រុសវ័យក្មេងទៅជាបុរសគ្រិស្តសាសនិកដែលមានភាពចាស់ទុំ? បុរសគ្រិស្តសាសនិកបំពេញតួនាទីសំខាន់ក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំ។ ប្អូនប្រុសវ័យក្មេង ប្អូនច្បាស់ជាបានគិតអំពីភារកិច្ចដែលប្អូនអាចមាននៅថ្ងៃអនាគត។ ប្អូនប្រហែលជាមានគោលដៅទៅជាអ្នកបម្រើពេញពេល ជំនួយការខាងកិច្ចបម្រើ និងក្រោយមកទៅជាអ្នកចាស់ទុំក្នុងក្រុមជំនុំ។ ប្អូនក៏ប្រហែលជាចង់រៀបការនិងមានកូនដែរ។ (អេភ. ៦:៤; ១ធី. ៣:១) ដើម្បីសម្រេចគោលដៅទាំងនេះនិងទទួលជោគជ័យ ប្អូនត្រូវមានភាពចាស់ទុំជាគ្រិស្តសាសនិក។ w២៣.១២ ទំ.២៤ វ.១-២
ថ្ងៃពុធ ទី៣០ ខែមេសា
គ្មានពេលគ្រប់គ្រាន់ឲ្យខ្ញុំរៀបរាប់អំពីគេឌាន។—ហេ. ១១:៣២
ពួកអ្នកចាស់ទុំជាគ្រិស្តសាសនិកត្រូវមើលថែចៀមដ៏មានតម្លៃរបស់ព្រះយេហូវ៉ា។ បុរសដ៏ស្មោះត្រង់ទាំងនេះឲ្យតម្លៃចំពោះឯកសិទ្ធិរបស់ពួកគេក្នុងការបម្រើបងប្អូន ហើយពួកគេខំប្រឹងធ្វើជា‹គង្វាលដែលឃ្វាលហ្វូងចៀមដោយយកចិត្តទុកដាក់›។ (យេ. ២៣:៤; ១ពេ. ៥:២) យើងសប្បាយចិត្តណាស់ដែលមានបុរសបែបនេះក្នុងក្រុមជំនុំរបស់យើង។ ពួកអ្នកចាស់ទុំអាចរៀនពីគំរូរបស់គេឌានដែលជាអ្នកសម្រេចក្ដី។ (ហេ. ៦:១២) គាត់ជាអ្នកការពារនិងជាគង្វាលរបស់រាស្ត្រព្រះ។ (អសក. ២:១៦; ១ប្រ. ១៧:៦) ដូចគេឌាន ពួកអ្នកចាស់ទុំបានត្រូវតែងតាំងឲ្យមើលថែរាស្ត្រព្រះក្នុងអំឡុងគ្រាដ៏លំបាកណាស់។ (សកម្ម. ២០:២៨; ២ធី. ៣:១) យើងអាចរៀនពីគេឌានអំពីចិត្តសុភាព ចិត្តរាបទាប និងការស្ដាប់បង្គាប់។ ការស៊ូទ្រាំរបស់គាត់បានត្រូវសាកល្បងកាលដែលគាត់បានបំពេញភារកិច្ចរបស់គាត់។ មិនថាយើងបម្រើជាអ្នកចាស់ទុំឬមិនមែនក្ដី យើងអាចរៀនឲ្យចេះបង្ហាញអំណរគុណច្រើនជាងចំពោះអ្នកចាស់ទុំរបស់យើង។ យើងអាចគាំទ្របងប្អូនប្រុសទាំងនេះដែលធ្វើការនឿយហត់ដើម្បីមើលថែយើងក្នុងក្រុមជំនុំ។—ហេ. ១៣:១៧ w២៣.០៦ ទំ.២ វ.១; ទំ.៣ វ.៣