បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • es25 ទំ. ៤៧-៥៧
  • ខែ​ឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខែ​ឧសភា
  • ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
  • ចំណងជើងតូច
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​២ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​៣ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​៤ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​៥ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​៦ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​៧ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​៩ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​១០ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​១១ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​១២ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​១៣ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​១៤ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​២០ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​២១ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​២៤ ខែ​ឧសភា
  • ថ្ងៃ​អាទិត្យ ទី​២៥ ខែ​ឧសភា
  • ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​ឧសភា
  • ថ្ងៃ​អង្គារ ទី​២៧ ខែ​ឧសភា
  • ថ្ងៃ​ពុធ ទី​២៨ ខែ​ឧសភា
  • ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​ឧសភា
  • ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា
  • ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ឧសភា
ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
es25 ទំ. ៤៧-៥៧

ខែ​ឧសភា

ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​ឧសភា

មិន​យូរ​ទៀត​នឹង​មាន​ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង។—សកម្ម. ១១:២៨

ការ​អត់​ឃ្លាន​យ៉ាង​ខ្លាំង​«​នៅ​ទូទាំង​ផែនដី​»​មាន​ឥទ្ធិពល​លើ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១។ ប្រមុខ​គ្រួសារ​ច្បាស់​ជា​ព្រួយ​បារម្ភ​ថា​ពួក​គេ​នឹង​ផ្គត់​ផ្គង់​អ្នក​ផ្ទះ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច។ ចុះ​យ៉ាង​ណា​ប្អូន​ៗ​វ័យ​ក្មេង​ដែល​មាន​គម្រោង​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ? តើ​ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា​ពួក​គេ​គួរ​ពន្យារ​ពេល​ធ្វើ​ដូច្នេះ​ឬ​ទេ? ទោះ​ជា​គ្រិស្ត​សាសនិក​ទាំង​នោះ​មាន​កាលៈទេសៈ​យ៉ាង​ណា​ក្ដី ពួក​គេ​បាន​សម្រប​ខ្លួន។ ពួក​គេ​បាន​បន្ត​ផ្សព្វ​ផ្សាយ​តាម​វិធី​ណា​ក៏​ដោយ​ដែល​ពួក​គេ​អាច​ធ្វើ​បាន ហើយ​ពួក​គេ​សប្បាយ​ចែក​រំលែក​អ្វី​ដែល​ពួក​គេ​មាន​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​នៅ​តំបន់​យូឌា។ (​សកម្ម. ១១:២៩, ៣០​) ពួក​អ្នក​ដែល​ទទួល​ជំនួយ​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ជួយ​ពួក​គេ។ (​ម៉ាថ. ៦:៣១​-​៣៣​) ពួក​គេ​ច្បាស់​ជា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ជួយ​ពួក​គេ។ ម្យ៉ាង​ទៀត ពួក​អ្នក​ដែល​ជូន​វិភាគទាន ឬ​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​តាម​របៀប​ផ្សេង​ទៀត​មាន​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ។—សកម្ម. ២០:៣៥ w​២៣.០៤ ទំ.១៦ វ.១២​-​១៣

ថ្ងៃ​សុក្រ ទី​២ ខែ​ឧសភា

យើង​ដឹង​ថា​យើង​នឹង​ទទួល ពីព្រោះ​យើង​បាន​សុំ​ពី​លោក។—១​យ៉ូន. ៥:១៥

ជួន​កាល ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​រាស្ត្រ​លោក​ដោយ​ជំរុញ​ចិត្ត​អ្នក​មិន​ជឿ​ឲ្យ​ជួយ​ពួក​គេ។ ជា​ឧទាហរណ៍ លោក​បាន​ជំរុញ​ចិត្ត​ស្ដេច​អើថាស៊ើកសេស​ឲ្យ​ធ្វើ​តាម​សំណូម​ពរ​របស់​នេហេមា​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​គាត់​អាច​ជួយ​សង់​ក្រុង​នោះ​ឡើង​វិញ។ (​នេហ. ២:៣​-​៦​) នៅ​សព្វ​ថ្ងៃ​នេះ​ដែរ ព្រះ​យេហូវ៉ា​អាច​ជំរុញ​ចិត្ត​សូម្បី​តែ​ពួក​អ្នក​ដែល​មិន​គោរព​ប្រណិប័តន៍​លោក​ឲ្យ​ជួយ​យើង​ពេល​ដែល​យើង​ត្រូវ​ការ។ តាម​ធម្មតា សេចក្ដី​អធិដ្ឋាន​របស់​យើង​មិន​បាន​ត្រូវ​តប​ឆ្លើយ​តាម​របៀប​ដ៏​អស្ចារ្យ​ទេ។ ប៉ុន្តែ ចម្លើយ​ដែល​យើង​ទទួល​គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។ ដូច្នេះ សូម​ព្យាយាម​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ ម្ដង​ម្កាល សូម​ផ្អាក​និង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ (​ចសព. ៦៦:១៩, ២០​) យើង​ត្រូវ​បង្ហាញ​ជំនឿ​មិន​គ្រាន់​តែ​ដោយ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​ទទួល​យក​ចម្លើយ​ពី​លោក​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង មិន​ថា​នោះ​គឺ​ចម្លើយ​បែប​ណា​ក្ដី។—ហេ. ១១:៦ w​២៣.០៥ ទំ.១២ វ.១៣, ១៥; ទំ.១៣ វ.១៦

ថ្ងៃ​សៅរ៍ ទី​៣ ខែ​ឧសភា

ឱ​ព្រះ​របស់​ខ្ញុំ​អើយ ខ្ញុំ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។—ចសព. ៤០:៨

ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា យើង​ស្បថ​ថា​យើង​នឹង​គោរព​ប្រណិប័តន៍​លោក ហើយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ យើង​ត្រូវ​រក្សា​ពាក្យ​សម្បថ​នោះ។ ការ​រស់​នៅ​សម​ស្រប​តាម​ការ​ប្រគល់​ខ្លួន​របស់​យើង​គឺ​មិន​មែន​ជា​បន្ទុក​ទេ។ នោះ​គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​បប. ៤:១១​) លោក​បាន​បង្កើត​យើង​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ស្គាល់​លោក​និង​គោរព​ប្រណិប័តន៍​លោក ហើយ​លោក​ក៏​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក​ដែរ។ យ៉ាង​នេះ យើង​អាច​ចូល​ទៅ​ជិត​លោក ហើយ​ពេញ​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ម្យ៉ាង​ទៀត ពេល​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​និង​កាន់​តាម​បុត្រ​របស់​លោក យើង​នឹង​មាន​«​កម្លាំង​ចិត្ត​ឡើង​វិញ​»។ (​ម៉ាថ. ១១:២៨​-​៣០​) ដូច្នេះ សូម​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​រំពឹង​គិត​អំពី​អ្វី​ល្អ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ចំពោះ​អ្នក និង​ពរ​ដែល​លោក​នឹង​ឲ្យ​អ្នក​នៅ​ថ្ងៃ​ខាង​មុខ។ កាល​ដែល​អ្នក​កាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា អ្នក​នឹង​កាន់​តែ​ស្រួល​ស្ដាប់​បង្គាប់​លោក។ (​១​យ៉ូន. ៥:៣​) លោក​យេស៊ូ​អាច​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដោយ​សារ​លោក​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​របស់​លោក។ (​ហេ. ៥:៧; ១២:២​) ដូច​លោក​យេស៊ូ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​សុំ​កម្លាំង​និង​ចាំ​ជាប់​ជា​និច្ច​អំពី​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ w​២៣.០៨ ទំ.២៧​-​២៨ វ.៤​-​៥

ថ្ងៃ​អាទិត្យ ទី​៤ ខែ​ឧសភា

តើ​អ្នក​មើល​ងាយ​ចិត្ត​សប្បុរស ចិត្ត​អធ្យាស្រ័យ និង​ចិត្ត​អត់​ធ្មត់​ដ៏​បរិបូរ​របស់​លោក​ឬ? តើ​អ្នក​មិន​ដឹង​ទេ​ឬ ថា​សេចក្ដី​សប្បុរស​របស់​ព្រះ​កំពុង​ព្យាយាម​ជំរុញ​អ្នក​ឲ្យ​ប្រែ​ចិត្ត?—រ៉ូម ២:៤

យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​ពេល​អ្នក​ឯ​ទៀត​មាន​ចិត្ត​អត់​ធ្មត់។ ហេតុ​អ្វី? យើង​ឲ្យ​តម្លៃ​ពួក​អ្នក​ដែល​ចេះ​រង់​ចាំ​អ្វី​មួយ​ដោយ​មិន​មួម៉ៅ។ យើង​សប្បាយ​ចិត្ត​ដែល​អ្នក​ឯ​ទៀត​អត់​ធ្មត់​នឹង​យើង​ពេល​យើង​ធ្វើ​ខុស។ យើង​ក៏​សប្បាយ​ចិត្ត​ដែល​អ្នក​បង្រៀន​គម្ពីរ​របស់​យើង​មាន​ចិត្ត​អត់​ធ្មត់​នឹង​យើង​កាល​ដែល​យើង​ខំ​ប្រឹង​ព្យាយាម​រៀន ព្រម​ទទួល ឬ​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ សំខាន់​បំផុត យើង​មាន​ចិត្ត​កតញ្ញូ​ខ្លាំង​ណាស់​ដែល​ព្រះ​យេហូវ៉ា​អត់​ធ្មត់​នឹង​យើង។ ទោះ​ជា​យើង​ឲ្យ​តម្លៃ​ចំពោះ​ចិត្ត​អត់​ធ្មត់​របស់​អ្នក​ឯ​ទៀត​ក្ដី យើង​ខ្លួន​ឯង​ប្រហែល​ជា​មិន​តែង​តែ​ស្រួល​មាន​ចិត្ត​អត់​ធ្មត់​ទេ។ ជា​ឧទាហរណ៍ យើង​ប្រហែល​ជា​ពិបាក​រក្សា​ចិត្ត​ស្ងប់​ពេល​ស្ទះ​ចរាចរណ៍ ជា​ពិសេស​បើ​យើង​កំពុង​ប្រញាប់​ដោយ​សារ​យឺត។ យើង​ប្រហែល​ជា​ផ្ទុះ​កំហឹង​ពេល​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ ម្យ៉ាង​ទៀត ជួន​កាល​យើង​ប្រហែល​ជា​ពិបាក​បន្ត​រង់​ចាំ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​ពិភព​លោក​ថ្មី។ ដូច្នេះ​ក្នុង​ករណី​ទាំង​អស់​នេះ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​កាន់​តែ​ច្រើន។ w​២៣.០៨ ទំ.២០ វ.១​-​២

ថ្ងៃ​ច័ន្ទ ទី​៥ ខែ​ឧសភា

គេឌាន​ឲ្យ​ទាហាន​អ៊ីស្រាអែល​ទាំង​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទុក​តែ​ទាហាន​៣០០​នាក់​នោះ​ប៉ុណ្ណោះ។—អសក. ៧:៨

ព្រះ​យេហូវ៉ា​បាន​ប្រាប់​គេឌាន​ឲ្យ​កាត់​បន្ថយ​កង​ទ័ព​របស់​គាត់​ជាង​៩៩​ភាគ​រយ។ គាត់​ប្រហែល​ជា​បាន​គិត​ថា ‹តើ​ការ​ផ្លាស់​ប្ដូរ​នេះ​ពិត​ជា​ចាំ​បាច់​ឬ? តើ​នេះ​នឹង​ទៅ​រួច​ឬ​ទេ?›។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គេឌាន​បាន​ស្ដាប់​បង្គាប់។ ពួក​អ្នក​ចាស់​ទុំ​នៅ​សព្វ​ថ្ងៃ​នេះ​យក​តម្រាប់​គេឌាន ដោយ​ស្ដាប់​បង្គាប់​ពេល​អង្គការ​ព្រះ​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​មួយ​តាម​របៀប​ផ្សេង។ (​ហេ. ១៣:១៧​) គេឌាន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ទោះ​ជា​ពេល​គាត់​ភ័យ​ខ្លាច ហើយ​ទទួល​ភារកិច្ច​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ក្ដី។ (​អសក. ៩:១៧​) ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ចិត្ត​គេឌាន គាត់​ជឿ​ជាក់​ទាំង​ស្រុង​ថា​លោក​នឹង​គាំទ្រ​គាត់​កាល​ដែល​គាត់​ការ​ពារ​រាស្ត្រ​លោក។ ពួក​អ្នក​ចាស់​ទុំ​ដែល​រស់​នៅ​តំបន់​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ដាក់​បម្រាម​កំពុង​យក​តម្រាប់​គេឌាន។ តើ​ពួក​គេ​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពួក​គេ​នាំ​មុខ​ដោយ​ចិត្ត​ក្លាហាន​ក្នុង​កិច្ច​ប្រជុំ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​ពួក​គេ​អាច​ត្រូវ​គេ​ចាប់​ខ្លួន ត្រូវ​គេ​សួរ​ចម្លើយ បាត់​បង់​ការ​ងារ ឬ​រង​អំពើ​ហិង្សា​ក្ដី។ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ពួក​អ្នក​ចាស់​ទុំ​នឹង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គេ​នឹង​ទទួល ទោះ​ជា​នោះ​អាច​នាំ​ឲ្យ​ពួក​គេ​មាន​គ្រោះ​ថ្នាក់​ក្ដី។ w​២៣.០៦ ទំ.៥​-​៦ វ.១២​-​១៣

ថ្ងៃ​អង្គារ ទី​៦ ខែ​ឧសភា

ខ្ញុំ​នឹង​លើក​កិត្តិយស​អ្នក​ដែល​បាន​លើក​កិត្តិយស​ខ្ញុំ។—១សាំ. ២:៣០

ព្រះ​យេហូវ៉ា​បាន​ឲ្យ​គេ​កត់​ទុក​ការ​ប្រព្រឹត្ត​ល្អ​របស់​សម្ដេច​សង្ឃ​យេហូយ៉ាដា​នៅ​ក្នុង​គម្ពីរ​ដើម្បី​ណែនាំ​យើង។ (​រ៉ូម ១៥:៤​) ម្យ៉ាង​ទៀត ពេល​យេហូយ៉ាដា​ស្លាប់ គាត់​បាន​ទទួល​ឯកសិទ្ធិ​ដ៏​ពិសេស គឺ​សព​របស់​គាត់​បាន​ត្រូវ​បញ្ចុះ​«​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​បណ្ដា​ស្ដេច ដោយ​សារ​គាត់​បាន​ធ្វើ​កិច្ច​ការ​ល្អ​ជា​ច្រើន​សម្រាប់​ព្រះ​ពិត សម្រាប់​វិហារ​របស់​លោក និង​បណ្ដា​ជន​អ៊ីស្រាអែល​»។ (​២ប្រ. ២៤:១៥, ១៦​) កំណត់​ហេតុ​អំពី​យេហូយ៉ាដា​អាច​ជួយ​យើង​ទាំង​អស់​គ្នា​បណ្ដុះ​ឲ្យ​មាន​ការ​កោត​ខ្លាច​ចំពោះ​ព្រះ។ ពួក​អ្នក​ចាស់​ទុំ​អាច​យក​តម្រាប់​យេហូយ៉ាដា ដោយ​តែង​តែ​រក​វិធី​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ។ (​សកម្ម. ២០:២៨​) បង​ប្អូន​វ័យ​ចាស់​អាច​រៀន​ពី​យេហូយ៉ាដា​ថា ពេល​ពួក​គេ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​រក្សា​ភក្ដី​ភាព លោក​អាច​ប្រើ​ពួក​គេ​ឲ្យ​សម្រេច​គោល​បំណង​របស់​លោក។ ប្អូន​ៗ​វ័យ​ក្មេង​អាច​កត់​សម្គាល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ចំពោះ​យេហូយ៉ាដា​និង​យក​តម្រាប់​លោក ដោយ​លើក​កិត្តិ​យស​បង​ប្អូន​វ័យ​ចាស់ ជា​ពិសេស​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។ (​សុភ. ១៦:៣១​) សូម​យើង​គាំទ្រ​យ៉ាង​ស្មោះ​ភក្ដី​ចំពោះ​«​ពួក​អ្នក​ដែល​នាំ​មុខ​»​ ដោយ​ស្ដាប់​បង្គាប់​ពួក​គេ។—ហេ. ១៣:១៧ w​២៣.០៦ ទំ.១៧ វ.១៤​-​១៥

ថ្ងៃ​ពុធ ទី​៧ ខែ​ឧសភា

បបូរ​មាត់​របស់​មនុស្ស​សុចរិត​ជួយ​ណែនាំ​មនុស្ស​ជា​ច្រើន។—សុភ. ១០:២១

នៅ​ឯ​កិច្ច​ប្រជុំ សូម​ប្រើ​សមត្ថភាព​ចេះ​ពិចារណា​ពេល​សម្រេច​ចិត្ត​ថា​អ្នក​នឹង​ឆ្លើយ​ច្រើន​ប៉ុណ្ណា។ បើ​យើង​លើក​ដៃ​ញឹក​ពេក យើង​អាច​ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ហៅ​យើង​ម្ដង​ហើយ​ម្ដង​ទៀត ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ទាន់​មាន​ឱកាស​ឆ្លើយ​ក្ដី។ នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​លែង​ចង់​លើក​ដៃ​ទៀត។ (​អទ. ៣:៧​) ពេល​អ្នក​ផ្សាយ​ជា​ច្រើន​នាក់​លើក​ដៃ​ក្នុង​អំឡុង​ពេល​សិក្សា យើង​ប្រហែល​ជា​មិន​អាច​ឆ្លើយ​ច្រើន​ដូច​ដែល​យើង​ចង់​នោះ​ទេ។ ជួន​កាល អ្នក​ដឹក​នាំ​ប្រហែល​ជា​មិន​អាច​ហៅ​យើង​ទាល់​តែ​សោះ។ នេះ​អាច​នាំ​ឲ្យ​ខក​ចិត្ត។ ប៉ុន្តែ​សូម​ព្យាយាម​កុំ​ទើស​ចិត្ត​ពេល​មិន​បាន​ត្រូវ​ហៅ​ឡើយ។ (​អទ. ៧:៩​) បើ​អ្នក​មិន​អាច​ឆ្លើយ​ច្រើន​ដូច​ដែល​អ្នក​ចង់ សូម​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​កាល​ដែល​អ្នក​ឯ​ទៀត​ឆ្លើយ។ រួច​មក​ក្រោយ​ចប់​កិច្ច​ប្រជុំ សូម​សរសើរ​ពួក​គេ​សម្រាប់​ចម្លើយ​របស់​ពួក​គេ។ បង​ប្អូន​ប្រហែល​ជា​ឃើញ​ថា​ការ​សរសើរ​របស់​អ្នក​គឺ​លើក​ទឹក​ចិត្ត​ដូច​ចម្លើយ​របស់​អ្នក​ដែរ។ w​២៣.០៤ ទំ.២៣​-​២៤ វ.១៤​-​១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​ឧសភា

ឱ​ព្រះ​អើយ ចិត្ត​របស់​ខ្ញុំ​មិន​ប្រែ​ប្រួល​ឡើយ។—ចសព. ៥៧:៧

ចូរ​សិក្សា​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ។ ដូច​ដើម​ឈើ​អាច​ឈរ​រឹង​មាំ​បាន​បើ​វា​ចាក់​ឫស​ជ្រៅ យើង​អាច​រក្សា​ខ្លួន​ឲ្យ​រឹង​មាំ​បើ​ជំនឿ​របស់​យើង​ចាក់​ឫស​ជ្រៅ​លើ​បណ្ដាំ​ព្រះ។ កាល​ដែល​ដើម​ឈើ​លូត​លាស់​ធំ​ឡើង ឫស​របស់​វា​កាន់​តែ​ជ្រៅ ហើយ​បាច​សាច​ថែម​ទៀត។ ពេល​ដែល​យើង​សិក្សា​និង​រំពឹង​គិត យើង​ពង្រឹង​ជំនឿ​របស់​យើង ហើយ​យើង​កាន់​តែ​ជឿ​ជាក់​ថា​ផ្លូវ​របស់​ព្រះ​គឺ​ល្អ​បំផុត។ (​កូឡ. ២:៦, ៧​) សូម​គិត​អំពី​របៀប​ដែល​ការ​ណែនាំ យោបល់ និង​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​លោក​នៅ​សម័យ​បុរាណ។ ជា​ឧទាហរណ៍ អេសេគាល​បាន​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​កាល​ដែល​ទេវតា​មួយ​រូប​បាន​វាស់​យ៉ាង​ល្អិត​ល្អន់​នូវ​ផ្នែក​ផ្សេង​ៗ​នៃ​វិហារ​ដែល​គាត់​ឃើញ​ក្នុង​គំនិត។ ការ​ឃើញ​ក្នុង​គំនិត​នេះ​ពង្រឹង​កម្លាំង​អេសេគាល ហើយ​នោះ​ផ្ដល់​ឲ្យ​យើង​នូវ​មេ​រៀន​ដ៏​សំខាន់​អំពី​របៀប​ដែល​យើង​អាច​គាំទ្រ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។ (​អេគ. ៤០:១​-​៤; ៤៣:១០​-​១២​) យើង​ក៏​ទទួល​ប្រយោជន៍​ដែរ​ពេល​យើង​លៃ​ទុក​ពេល​ដើម្បី​សិក្សា​និង​រំពឹង​គិត​អំពី​អ្វី​ដ៏​ជ្រាល​ជ្រៅ​ក្នុង​បណ្ដាំ​ព្រះ។ យើង​អាច​មាន​ចិត្ត​រឹង​ប៉ឹង ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។—ចសព. ១១២:៧ w​២៣.០៧ ទំ.១៨ វ.១៥​-​១៦

ថ្ងៃ​សុក្រ ទី​៩ ខែ​ឧសភា

ចូរ . . . ការ​ពារ​សមត្ថភាព​រិះ​គិត។—សុភ. ៣:២១

គម្ពីរ​ពេញ​ទៅ​ដោយ​គំរូ​ល្អ​សម្រាប់​បុរស​វ័យ​ក្មេង​ឲ្យ​យក​តម្រាប់។ បុរស​ទាំង​នោះ​ពី​អតីតកាល​ស្រឡាញ់​ព្រះ និង​បាន​បំពេញ​ភារកិច្ច​ផ្សេង​ៗ​ក្នុង​ការ​មើល​ថែ​រាស្ត្រ​របស់​លោក។ ប្អូន​ក៏​អាច​រក​ឃើញ​គំរូ​ល្អ​ក្នុង​ចំណោម​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ប្អូន​ផ្ទាល់​និង​ក្នុង​ក្រុម​ជំនុំ​របស់​ប្អូន។ (​ហេ. ១៣:៧​) ម្យ៉ាង​ទៀត ប្អូន​មាន​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ គឺ​លោក​យេស៊ូ​គ្រិស្ត។ (​១ពេ. ២:២១​) កាល​ដែល​ប្អូន​សិក្សា​គំរូ​ទាំង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ សូម​ពិចារណា​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​ពួក​គេ។ (​ហេ. ១២:១, ២​) ក្រោយ​មក សូម​សម្រេច​ចិត្ត​អំពី​របៀប​ដែល​ប្អូន​នឹង​យក​តម្រាប់​បុរស​ទាំង​នោះ។ បុរស​ដែល​មាន​សមត្ថភាព​រិះ​គិត​មិន​ឆាប់​ប្រព្រឹត្ត តែ​គាត់​គិត​យ៉ាង​ដិត​ដល់​មុន​គាត់​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ដូច្នេះ ចូរ​ខំ​ព្យាយាម​រក្សា​សមត្ថភាព​នេះ។ ជា​ដំបូង សូម​ចាប់​ផ្ដើម​ដោយ​រៀន​គោល​ការណ៍​គម្ពីរ ហើយ​គិត​ពិចារណា​ថា​ហេតុ​អ្វី​គោល​ការណ៍​ទាំង​នោះ​មាន​ប្រយោជន៍។ រួច​មក សូម​ប្រើ​គោល​ការណ៍​ទាំង​នោះ​ដើម្បី​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ (​ចសព. ១១៩:៩​) នោះ​នឹង​ជួយ​ប្អូន​ឲ្យ​ទៅ​ជា​បុរស​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ។—សុភ. ២:១១, ១២; ហេ. ៥:១៤ w​២៣.១២ ទំ.២៥ វ.៤​-​៥

ថ្ងៃ​សៅរ៍ ទី​១០ ខែ​ឧសភា

ចូរ . . . ប្រុង​ប្រៀប . . . ដើម្បី​និយាយ​ការ​ពារ​សេ​ច​ក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់ ដែល​ទាម​ទារ​ឲ្យ​អ្នក​រាល់​គ្នា​ប្រាប់​អំពី​មូលហេតុ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​នោះ តែ​ចូរ​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ។—១ពេ. ៣:១៥

ឪពុក​ម្ដាយ​អាច​បង្រៀន​កូន​ដោយ​មាន​ប្រសិទ្ធភាព​អំពី​របៀប​តប​ឆ្លើយ​ដោយ​ស្លូត​បូត​ពេល​មាន​ការ​ជំទាស់​អំពី​ជំនឿ​របស់​ពួក​គេ។ (​យ៉ា. ៣:១៣​) ឪពុក​ម្ដាយ​ខ្លះ​រៀប​ចំ​ឲ្យ​មាន​ការ​ហាត់​ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។ ពួក​គេ​គិត​ពិចារណា​អំពី​ប្រធានបទ​ដែល​ប្រហែល​ជា​គេ​សួរ​នៅ​សាលា ពិគ្រោះ​និង​សម្ដែង​អំពី​របៀប​ឆ្លើយ ព្រម​ទាំង​បង្រៀន​កូន​របស់​ពួក​គេ​អំពី​របៀប​និយាយ​ដោយ​ស្លូត​បូត​និង​ដែល​ទាក់​ទាញ​ចិត្ត។ ការ​ហាត់​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​ជឿ​ជាក់ និង​ពន្យល់​អ្នកឯ​ទៀត​អំពី​ជំនឿ​របស់​ពួក​គេ។ អត្ថបទ​ត​ភាគ​«​សំណួរ​ពី​យុវវ័យ​»​នៅ​គេហទំព័រ​jw.org/km រួម​មាន​ក្រដាស​លំហាត់​ផ្សេង​ៗ​សម្រាប់​យុវវ័យ។ អ្វី​ទាំង​នោះ​បាន​រៀប​ចំ​ឡើង​ដើម្បី​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ពង្រឹង​ជំនឿ​របស់​ពួក​គេ និង​ឲ្យ​ត្រៀម​ខ្លួន​ឆ្លើយ​ចេញ​ពី​ចិត្ត។ ដោយ​សិក្សា​អត្ថបទ​ត​ភាគ​នេះ​ជា​ក្រុម​គ្រួសារ យើង​ទាំង​អស់​គ្នា​អាច​រៀន​របៀប​និយាយ​ការ​ពារ​ជំនឿ​របស់​យើង​ដោយ​ស្លូត​បូត​និង​តាម​របៀប​ដែល​គួរ​ឲ្យ​ទាក់​ទាញ។ w​២៣.០៩ ទំ.១៧ វ.១០; ទំ.១៨ វ.១៥​-​១៦

ថ្ងៃ​អាទិត្យ ទី​១១ ខែ​ឧសភា

យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ធ្វើ​អ្វី​ដែល​ល្អ​ប្រសើរ​ឡើយ ព្រោះ​នៅ​ពេល​កំណត់​យើង​នឹង​ទទួល​ផល បើ​យើង​មិន​រសាយ​ចិត្ត​ទេ។—កាឡ. ៦:៩

តើ​អ្នក​ធ្លាប់​មាន​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ តែ​ក្រោយ​មក​ពិបាក​សម្រេច​គោល​ដៅ​នោះ​ឬ​ទេ? បើ​ដូច្នេះ មិន​មាន​តែ​អ្នក​ទេ។ ជា​ឧទាហរណ៍ បង​ប្រុស​ហ្វីលីព​ចង់​បង្កើន​គុណភាព​នៃ​សេចក្ដី​អធិដ្ឋាន​របស់​គាត់​និង​អធិដ្ឋាន​ឲ្យ​បាន​ច្រើន​ជាង ប៉ុន្តែ​គាត់​ពិបាក​រក​ពេល​ដើម្បី​អធិដ្ឋាន។ បង​ស្រី​អ៊ីរីខា​មាន​គោល​ដៅ​មក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ទាន់​ពេល ប៉ុន្តែ​គាត់​នៅ​តែ​មក​យឺត​ស្ទើរ​តែ​រាល់​កិច្ច​ប្រជុំ។ បើ​អ្នក​មាន​គោល​ដៅ​ដែល​អ្នក​មិន​ទាន់​សម្រេច​ទេ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម្បី​តែ​គោល​ដៅ​សាមញ្ញ​មួយ ក៏​ច្រើន​តែ​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង។ ការ​ដែល​អ្នក​នៅ​តែ​ចង់​សម្រេច​គោល​ដៅ​របស់​អ្នក បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ចង់​ជូន​លោក​នូវ​អ្វី​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក។ ប៉ុន្តែ លោក​មិន​តម្រូវ​ពី​អ្នក​ច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​ឲ្យ​ឡើយ។ (​ចសព. ១០៣:១៤; មីកា ៦:៨​) ដូច្នេះ អ្នក​គួរ​មាន​គោល​ដៅ​ដែល​សម​ហេតុ​សម​ផល​ស្រប​តាម​កាលៈទេសៈ​របស់​អ្នក។ w​២៣.០៥ ទំ.២៦ វ.១​-​២

ថ្ងៃ​ច័ន្ទ ទី​១២ ខែ​ឧសភា

ប្រសិន​បើ​ព្រះ​គាំទ្រ​យើង តើ​អ្នក​ណា​នឹង​ប្រឆាំង​យើង​បាន?—រ៉ូម ៨:៣១

មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន​អាច​មាន​អារម្មណ៍​ភ័យ​ខ្លាច ប៉ុន្តែ​ពួក​គេ​មិន​ឲ្យ​នោះ​រា​រាំង​ពួក​គេ​ពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ។ ដានីយ៉ែល​ជា​បុរស​វ័យ​ក្មេង​ដ៏​ក្លាហាន​ម្នាក់។ គាត់​បាន​សិក្សា​សំណេរ​របស់​អ្នក​ប្រកាស​ទំនាយ​ព្រះ រួម​មាន​ទំនាយ​របស់​យេរេមា។ តាម​រយៈ​ការ​សិក្សា​នោះ ដានីយ៉ែល​បាន​ស្វែង​យល់​ក្រោយ​មក​ថា​ការ​ដែល​ជនជាតិ​យូដា​ជាប់​ជា​ឈ្លើយ​អស់​រយៈ​ពេល​យូរ​នៅ​បាប៊ីឡូន ជិត​ដល់​ទី​បញ្ចប់។ (​ដាន. ៩:២​) ការ​ឃើញ​ទំនាយ​ក្នុង​គម្ពីរ​ក្លាយ​ជា​ការ​ពិត ច្បាស់​ជា​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​ដានីយ៉ែល​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​ពួក​អ្នក​ដែល​ទុក​ចិត្ត​យ៉ាង​មុត​មាំ​លើ​ព្រះ​អាច​មាន​ចិត្ត​ក្លាហាន​ជា​ខ្លាំង។ (​សូម​ពិនិត្យ​បន្ថែម រ៉ូម ៨:៣២, ៣៧​-​៣៩​) សំខាន់​បំផុត ដានីយ៉ែល​បាន​អធិដ្ឋាន​ទៅ​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​ជា​រឿយ​ៗ។ (​ដាន. ៦:១០​) គាត់​បាន​សារភាព​កំហុស​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​អារម្មណ៍​របស់​គាត់​ទៅ​លោក។ ដានីយ៉ែល​ក៏​បាន​សុំ​ជំនួយ​ដែរ។ (​ដាន. ៩:៤, ៥, ១៩​) គាត់​ជា​មនុស្ស​ដូច​យើង​ដែរ ដូច្នេះ​គាត់​មិន​មែន​កើត​មក​ស្រាប់​តែ​មាន​ចិត្ត​ក្លាហាន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​នោះ​តាម​រយៈ​ការ​សិក្សា​និង​ការ​អធិដ្ឋាន ព្រម​ទាំង​ដោយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ w​២៣.០៨ ទំ.៣ វ.៤; ទំ.៤ វ.៧

ថ្ងៃ​អង្គារ ទី​១៣ ខែ​ឧសភា

ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​រាល់​គ្នា។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​រាល់​គ្នា​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។—ម៉ាថ. ៥:១៦

ពេល​យើង​ស្ដាប់​បង្គាប់​ពួក​អាជ្ញាធរ យើង​ផ្ទាល់​ទទួល​ប្រយោជន៍ ហើយ​អ្នក​ឯ​ទៀត​ក៏​ទទួល​ប្រយោជន៍​ដែរ។ តើ​តាម​របៀប​ណា? របៀប​មួយ​គឺ យើង​ជៀស​វាង​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​មិន​ធ្វើ​តាម​ច្បាប់។ (​រ៉ូម ១៣:១, ៤​) ការ​ស្ដាប់​បង្គាប់​របស់​យើង​ម្នាក់​ៗ​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​ពួក​អាជ្ញាធរ​ទៅ​លើ​សាក្សី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ច្រើន​ឆ្នាំ​មុន​នៅ​ប្រទេស​នីហ្សេរីយ៉ា ពួក​ទាហាន​បាន​ចូល​ទៅ​សាល​ប្រជុំ​ដើម្បី​រក​មើល​ពួក​អ្នក​ដែល​ធ្វើ​បាតុកម្ម​មិន​ចង់​បង់​ពន្ធ។ ប៉ុន្តែ មេ​ទាហាន​ម្នាក់​បាន​ប្រាប់​ពួក​ទាហាន​ឲ្យ​ចាក​ចេញ ហើយ​និយាយ​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​បង់​ពន្ធ​»។ រាល់​ដង​ដែល​អ្នក​ធ្វើ​តាម​ច្បាប់ អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​កាន់​តែ​ល្អ​ប្រសើរ​ឡើង ជា​កេរ្តិ៍​ឈ្មោះ​ដែល​ប្រហែល​ជា​នៅ​ថ្ងៃ​ណា​មួយ​អាច​ជួយ​ការ​ពារ​បង​ប្អូន​រួម​ជំនឿ​របស់​យើង។ w​២៣.១០ ទំ.៩ វ.១៣

ថ្ងៃ​ពុធ ទី​១៤ ខែ​ឧសភា

អ្នក​រាល់​គ្នា​ត្រូវ​ស៊ូ​ទ្រាំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​តាម​សេចក្ដី​សន្យា ក្រោយ​ពី​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។—ហេ. ១០:៣៦

អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​រង់​ចាំ​អស់​រយៈ​ពេល​យូរ​ឲ្យ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់។ មនុស្ស​ខ្លះ​គិត​ថា​ការ​មក​ដល់​នៃ​ទី​បញ្ចប់​គឺ​នៅ​យូរ​ពេក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ដឹង​អំពី​អារម្មណ៍​របស់​អ្នក​បម្រើ​លោក។ តាម​ពិត លោក​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​ប្រកាស​ទំនាយ​ហាបាគុក​ថា​៖ ​«​អ្វី​ដែល​អ្នក​ឃើញ​ក្នុង​គំនិត​នោះ មិន​ទាន់​ដល់​គ្រា​កំណត់​នៅ​ឡើយ ហើយ​អ្វី​ដែល​អ្នក​ឃើញ​នោះ​នឹង​កើត​ឡើង​យ៉ាង​ឆាប់ គឺ​មិន​កុហក​ឡើយ។ ទោះ​ជា​មើល​ទៅ​ដូច​ជា​ពន្យារ​ពេល​ក្ដី ចូរ​បន្ត​រង់​ចាំ​ដោយ​ចិត្ត​រំភើប​ចុះ! ព្រោះ​នឹង​មក​ជា​ពិត ឥត​យឺត​ឡើយ!​»។ (​ហាប. ២:៣​) តើ​ព្រះ​បាន​ផ្ដល់​ទំនុក​ចិត្ត​បែប​នេះ​សម្រាប់​តែ​ហាបាគុក​ឬ? ឬ​តើ​ប្រសាសន៍​របស់​លោក​ជាប់​ទាក់​ទង​នឹង​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ? ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​សំដៅ​ពាក្យ​ទាំង​នោះ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​ទន្ទឹង​រង់​ចាំ​ពិភព​លោក​ថ្មី។ (​ហេ. ១០:៣៧​) ពិត​មែន យើង​អាច​ប្រាកដ​ថា​ទោះ​ជា​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ថា​លោក​នឹង​សង្គ្រោះ​យើង មើល​ទៅ​បង្អែ​បង្អង់​ក្ដី នោះ​«​នឹង​មក​ជា​ពិត ឥត​យឺត​ឡើយ!​»។ w​២៣.០៤ ទំ.៣០ វ.១៦

ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា

បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​ចាប់​ផ្ដើម​រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ។—ជប. ១៤:២

ជន​ជាតិ​អ៊ីស្រាអែល​មិន​ព្រម​ទទួល​ស្គាល់​ទី​សំអាង​ដ៏​ច្បាស់​លាស់​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​កំពុង​ប្រើ​ម៉ូសេ​ជា​តំណាង​របស់​លោក​ទេ។ (​ជប. ១៤:១០, ១១​) ម្ដង​ហើយ​ម្ដង​ទៀត ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​តួ​នាទី​របស់​ម៉ូសេ​ទេ។ ជា​លទ្ធផល ជន​ជាតិ​អ៊ីស្រាអែល​ជំនាន់​នោះ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា​ឡើយ។ (​ជប. ១៤:៣០​) ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​ឃើញ​ថា​៖ ​«​កាលែប . . . បាន​ដើរ​តាម​ខ្ញុំ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​»។ (​ជប. ១៤:២៤​) ព្រះ​បាន​ឲ្យ​រង្វាន់​កាលែប ហើយ​ថែម​ទាំង​អនុញ្ញាត​ឲ្យ​គាត់​ជ្រើស​រើស​ទឹក​ដី​ដែល​គាត់​ចង់​រស់​នៅ​ជាង​គេ​ក្នុង​ស្រុក​កាណាន។ (​យ៉ូស. ១៤:១២​-​១៤​) ជន​ជាតិ​អ៊ីស្រាអែល​ជំនាន់​ក្រោយ​មក​ក៏​បាន​ទុក​គំរូ​ល្អ​ក្នុង​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ដែរ។ ពេល​យ៉ូស្វេ​បាន​ស្នង​តំណែង​ជា​អ្នក​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ម៉ូសេ ពួក​គេ​«​គោរព​គាត់​យ៉ាង​ជ្រាល​ជ្រៅ​រហូត​អស់​មួយ​ជីវិត​របស់​គាត់​»។ (​យ៉ូស. ៤:១៤​) ជា​លទ្ធផល ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គេ ហើយ​ឲ្យ​ពួក​គេ​នូវ​ស្រុក​ដែល​លោក​បាន​សន្យា។—យ៉ូស. ២១:៤៣, ៤៤ w​២៤.០២ ទំ.២១ វ.៦​-​៧

ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា

អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង​ប្អូន​ខ្លួន​ដែរ។—១​យ៉ូន. ៤:២១

ដូច​គ្រូ​ពេទ្យ​អាច​ដឹង​ព័ត៌មាន​ខ្លះ​អំពី​សុខភាព​បេះ​ដូង​របស់​យើង​ពេល​ពិនិត្យ​មើល​ជីប​ចរ​យើង យើង​អាច​ដឹង​ព័ត៌មាន​ខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ថា​គឺ​ខ្លាំង​យ៉ាង​ណា ដោយ​ពិនិត្យ​មើល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ឯ​ទៀត។ បើ​យើង​កត់​សម្គាល់​ឃើញ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ខ្សោយ​ជាង​មុន នោះ​ប្រហែល​ជា​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ក៏​ចុះ​ខ្សោយ​ដែរ។ ប៉ុន្តែ ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​ទៀង​ទាត់​ចំពោះ​បង​ប្អូន​រួម​ជំនឿ យើង​នឹង​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​គឺ​ខ្លាំង។ យើង​គួរ​យក​ចិត្ត​ទុក​ដាក់ បើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​ចុះ​ខ្សោយ។ ហេតុ​អ្វី? ពីព្រោះ​នេះ​មាន​ន័យ​ថា​យើង​អាច​ងាយ​បាត់​បង់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ សាវ័ក​យ៉ូហាន​បាន​បញ្ជាក់​ច្បាស់​អំពី​ចំណុច​នេះ ពេល​គាត់​រំលឹក​យើង​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ អ្នក​នោះ​មិន​អាច​ស្រឡាញ់​ព្រះ​ដែល​ខ្លួន​មើល​មិន​ឃើញ​ឡើយ​»។ (​១​យ៉ូន. ៤:២០​) តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​យើង លុះ​ត្រា​តែ​យើង​«​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​»។—១​យ៉ូន. ៤:៧​-​៩, ១១ w​២៣.១១ ទំ.៨ វ.៣; ទំ.៩ វ.៥​-​៦

ថ្ងៃ​សៅរ៍ ទី​១៧ ខែ​ឧសភា

ឪពុក​និង​ម្ដាយ​របស់​កូន​នឹង​ត្រេក​អរ។—សុភ. ២៣:២៥

ពេល​យេហូអាស​នៅ​ក្មេង ឪពុក​របស់​គាត់​បាន​ស្លាប់។ សម្ដេច​សង្ឃ​យេហូយ៉ាដា​បាន​ចិញ្ចឹម​អប់រំ​គាត់ ហើយ​បង្រៀន​គាត់​អំពី​ព្រះ​យេហូវ៉ា។ យេហូអាស​មាន​ប្រាជ្ញា ពីព្រោះ​គាត់​បាន​ស្ដាប់​យោបល់​ដែល​យេហូយ៉ាដា​បាន​ឲ្យ​គាត់។ ដោយ​សារ​គំរូ​របស់​យេហូយ៉ាដា យេហូអាស​បាន​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ជួយ​បណ្ដា​ជន​ឲ្យ​បម្រើ​លោក​ដែរ។ យេហូអាស​ថែម​ទាំង​បាន​រៀប​ចំ​ជួស​ជុល​វិហារ​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។ (​២ប្រ. ២៤:១, ២, ៤, ១៣, ១៤​) បើ​ប្អូន​កំពុង​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ឲ្យ​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក ប្អូន​កំពុង​ទទួល​អំណោយ​ដ៏​មាន​តម្លៃ។ (​សុភ. ២:១, ១០​-​១២​) ឪពុក​ម្ដាយ​របស់​ប្អូន​អាច​ផ្ដល់​ការ​បង្ហាត់​បង្រៀន​តាម​របៀប​ផ្សេង​ៗ។ កាល​ដែល​ប្អូន​ធ្វើ​តាម​យោបល់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែល​ប្អូន​ទទួល ប្អូន​នឹង​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ប្អូន​សប្បាយ​រីករាយ។ សំខាន់​ជាង​នេះ​ទៅ​ទៀត ប្អូន​នឹង​ធ្វើ​ឲ្យ​ព្រះ​សប្បាយ​រីករាយ ហើយ​ប្អូន​នឹង​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជា​មួយ​លោក។ (​សុភ. ២២:៦; ២៣:១៥, ២៤​) អ្វី​ទាំង​នេះ​គឺ​ជា​មូលហេតុ​ល្អ​ឲ្យ​ប្អូន​ធ្វើ​តាម​គំរូ​របស់​យេហូអាស​ពេល​ដែល​គាត់​នៅ​ក្មេង មែន​ទេ? w​២៣.០៩ ទំ.៨​-​៩ វ.៣​-​៥

ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា

ខ្ញុំ​នឹង​ស្ដាប់​អ្នក​រាល់​គ្នា។—យេ. ២៩:១២

ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ព្រះ​របស់​យើង​ស្រឡាញ់​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក ដូច្នេះ​លោក​នឹង​មិន​ព្រងើយ​កន្តើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​ពួក​គេ​ទេ។ (​ចសព. ១០:១៧; ៣៧:២៨​) ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​ទាំង​អស់​របស់​យើង​ឡើយ។ យើង​ប្រហែល​ជា​ត្រូវ​រង់​ចាំ​រហូត​ដល់​ពិភព​លោក​ថ្មី ទើប​យើង​អាច​ទទួល​តាម​សំណូម​ពរ​ខ្លះ​របស់​យើង។ ព្រះ​យេហូវ៉ា​គិត​អំពី​របៀប​ដែល​សំណូម​ពរ​របស់​យើង​ជាប់​ទាក់​ទង​នឹង​គោល​បំណង​របស់​លោក។ (​អេ. ៥៥:៨, ៩​) ផ្នែក​មួយ​នៃ​គោល​បំណង​នោះ​រួម​មាន​ការ​ធ្វើ​ឲ្យ​ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​លោក​ជា​អ្នក​គ្រប់​គ្រង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ប៉ុន្តែ សាថាន​អះអាង​ថា​មនុស្ស​នឹង​សប្បាយ​ជាង​បើ​ពួក​គេ​គ្រប់​គ្រង​ខ្លួន​ឯង។ (​ដក. ៣:១​-​៥​) ដើម្បី​បង្ហាញ​ថា​ការ​អះអាង​របស់​មេ​កំណាច​គឺ​ជា​ការ​កុហក ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​គ្រង​ខ្លួន​ឯង។ ប៉ុន្តែ​ការ​គ្រប់​គ្រង​របស់​មនុស្ស​បាន​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ។ (​អទ. ៨:៩​) យើង​យល់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បំបាត់​បញ្ហា​ទាំង​អស់​នោះ​នៅ​ឥឡូវ​នេះ​ទេ។ w​២៣.១១ ទំ.២១ វ.៤​-​៥

ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​ឧសភា

ខ្ញុំ​បាន​តែង​តាំង​អ្នក​ឲ្យ​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន។—រ៉ូម ៤:១៧

ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​តាម​រយៈ​អាប្រាហាំ ​«​ប្រជា​ជាតិ​ជា​ច្រើន​»​នឹង​ទទួល​ពរ។ ប៉ុន្តែ ពេល​អាប្រាហាំ​មាន​អាយុ​១០០​ឆ្នាំ ហើយ​សារ៉ា​មាន​អាយុ​៩០​ឆ្នាំ កូន​ដែល​បាន​ត្រូវ​សន្យា​នោះ​មិន​ទាន់​កើត​មក​ទេ។ តាម​ទស្សនៈ​របស់​មនុស្ស មើល​ទៅ​អាប្រាហាំ​និង​សារ៉ា​មិន​អាច​មាន​កូន​ឡើយ។ នេះ​ជា​ការ​ល្បង​ល​សម្រាប់​អាប្រាហាំ​មែន។ ទោះ​ជា​យ៉ាង​នោះ​ក្ដី ​«​គាត់​បាន​ជឿ​ជាក់​ថា​គាត់​នឹង​ទៅ​ជា​ឪពុក​របស់​ប្រជា​ជាតិ​ជា​ច្រើន​»។ (​រ៉ូម ៤:១៨, ១៩​) នៅ​ទី​បំផុត អ្វី​ដែល​អាប្រាហាំ​បាន​សង្ឃឹម​បាន​ក្លាយ​ជា​ការ​ពិត​មែន។ គាត់​បាន​ទៅ​ជា​ឪពុក​របស់​អ៊ីសាក​ជា​កូន​ប្រុស​ដែល​គាត់​បាន​ទន្ទឹង​រង់​ចាំ​ដោយ​ក្ដី​សង្ឃឹម។ (​រ៉ូម ៤:២០​-​២២​) យើង​អាច​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​រាប់​ជា​មនុស្ស​សុចរិត ព្រម​ទាំង​ជា​មិត្ត​សម្លាញ់​របស់​លោក ដូច​អាប្រាហាំ។ តាម​ពិត នេះ​ជា​អ្វី​ដែល​ប៉ូល​បាន​លើក​បញ្ជាក់​ពេល​គាត់​សរសេរ​ថា​៖ ​«​ពាក្យ​ក្នុង​បទ​គម្ពីរ​ដែល​ថា​៖ ‹គាត់​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត› គឺ​មិន​មែន​សម្រាប់​តែ​[​អាប្រាហាំ​]​ប៉ុណ្ណោះ​ទេ។ តែ​ក៏​សម្រាប់​យើង​ដែរ ជា​អ្នក​ដែល​ព្រះ​នឹង​កំណត់​ថា​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ពីព្រោះ​យើង​បាន​ជឿ​លោក​ដែល​បាន​ប្រោស​លោក​យេស៊ូ . . . ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​»។ (​រ៉ូម ៤:២៣, ២៤​) ដូច​អាប្រាហាំ យើង​ត្រូវ​មាន​ទាំង​ជំនឿ​ទាំង​ការ​ប្រព្រឹត្ត ព្រម​ទាំង​មាន​សេចក្ដី​សង្ឃឹម​ផង​ដែរ។ w​២៣.១២ ទំ.៧ វ.១៦​-​១៧

ថ្ងៃ​អង្គារ ទី​២០ ខែ​ឧសភា

លោក​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ខ្ញុំ ហើយ​លោក​ដឹង​ច្បាស់​ថា​ខ្ញុំ​គ្រាំ​គ្រា​ចិត្ត​ខ្លាំង​ណាស់។—ចសព. ៣១:៧

ពេល​អ្នក​ជួប​ទុក្ខ​លំបាក​ដែល​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​កត់​សម្គាល់​ទុក្ខ​លំបាក​និង​អារម្មណ៍​ដែល​អ្នក​មាន​ដោយ​សារ​ទុក្ខ​លំបាក​នោះ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​កត់​សម្គាល់​ថា​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​គេ​ធ្វើ​បាប​នៅ​ស្រុក​អេហ្ស៊ីប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​កត់​សម្គាល់​នូវ​«​ទុក្ខ​វេទនា​ទាំង​អស់​របស់​ពួក​គេ​»​ផង​ដែរ។ (​ដច. ៣:៧​) ប៉ុន្តែ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ព្រះ​យេហូវ៉ា​កំពុង​គាំទ្រ​អ្នក​យ៉ាង​ដូច​ម្ដេច​កាល​ដែល​អ្នក​ជួប​ទុក្ខ​លំបាក​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច? ដូច្នេះ សូម​សុំ​លោក​ជួយ​អ្នក​ឲ្យ​ឃើញ​ការ​គាំទ្រ​ពី​លោក។ (​២បស. ៦:១៥​-​១៧​) បន្ទាប់​មក សូម​ពិចារណា​ថា​៖ តើ​សុន្ទរកថា​ឬ​ចម្លើយ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​បាន​ពង្រឹង​កម្លាំង​អ្នក​ឬ​ទេ? តើ​សៀវភៅ វីដេអូ ឬ​ចម្រៀង​វីដេអូ​បាន​លើក​ទឹក​ចិត្ត​អ្នក​ឬ? តើ​មាន​បុគ្គល​ណា​ម្នាក់​ប្រាប់​អ្នក​អំពី​ចំណុច​ឬ​បទ​គម្ពីរ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ឬ​ទេ? យើង​ប្រហែល​ជា​ងាយ​ភ្លេច​ថា​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​រួម​ជំនឿ​និង​ការ​លើក​ទឹក​ចិត្ត​ដែល​យើង​ទទួល​ពី​បណ្ដាំ​របស់​ព្រះ​បាន​ជួយ​យើង​ច្រើន​យ៉ាង​ណា។ ប៉ុន្តែ អ្វី​ទាំង​នោះ​ជា​អំណោយ​ដ៏​អស្ចារ្យ​ពី​ព្រះ​យេហូវ៉ា។ (​អេ. ៦៥:១៣; ម៉ាក. ១០:២៩, ៣០​) អ្វី​ទាំង​នោះ​បង្ហាញ​ថា​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក។ (​អេ. ៤៩:១៤​-​១៦​) ម្យ៉ាង​ទៀត អ្វី​ទាំង​នោះ​បង្ហាញ​ថា​លោក​ជា​បុគ្គល​ដែល​សម​ឲ្យ​អ្នក​ទុក​ចិត្ត។ w​២៤.០១ ទំ.៤​-​៥ វ.៩​-​១០

ថ្ងៃ​ពុធ ទី​២១ ខែ​ឧសភា

សូម​ជួយ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​ចិត្ត​ក្លាហាន។—សកម្ម. ៤:២៩

មុន​លោក​យេស៊ូ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​រំលឹក​ពួក​អ្នក​កាន់​តាម​លោក​អំពី​ភារកិច្ច​របស់​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​អំពី​លោក​នៅ​«​ក្រុង​យេរូសាឡិម នៅ​តំបន់​យូឌា​ទាំង​មូល នៅ​ទូ​ទាំង​ស្រុក​សាម៉ារី និង​រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​សកម្ម. ១:៨; លូក. ២៤:៤៦​-​៤៨​) មិន​យូរ​ក្រោយ​មក ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​បាន​ចាប់​ខ្លួន​សាវ័ក​ពេត្រុស​និង​យ៉ូហាន ហើយ​នាំ​ទៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ពួក​គេ​បាន​បង្គាប់​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ហើយ​ថែម​ទាំង​គំរាម​កំហែង​ពួក​គាត់​ទៀត​ផង។ (​សកម្ម. ៤:១៨, ២១​) ពេត្រុស​និង​យ៉ូហាន​បាន​និយាយ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គិត​ថា​ការ​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​ជា​ជាង​ស្ដាប់​បង្គាប់​ព្រះ ជា​អ្វី​ដែល​ព្រះ​ចាត់​ទុក​ជា​អំពើ​សុចរិត នោះ​ស្រេច​លើ​អ្នក​រាល់​គ្នា​ចុះ។ ប៉ុន្តែ​ចំណែក​យើង​វិញ យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​បាន​ឮ​ទេ​»។ (​សកម្ម. ៤:១៩, ២០​) ពេល​ពេត្រុស​និង​យ៉ូហាន​បាន​ត្រូវ​ដោះ​លែង ពួក​អ្នក​កាន់​តាម​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​នោះ។—សកម្ម. ៤:៣១ w​២៣.០៥ ទំ.៥ វ.១១​-​១២

ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ឧសភា

នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។—ម៉ាថ. ១៧:៥

អស់​ជា​យូរ ព្រះ​យេហូវ៉ា​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​មាន​ចំណង​មិត្តភាព​ដ៏​កក់​ក្ដៅ​និង​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ ចំណង​មិត្តភាព​របស់​លោក​ទាំង​ពីរ​គឺ​ចាស់​ជាង​គេ​បំផុត​ក្នុង​សកល​លោក។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​លោក​យេស៊ូ ដូច​ដែល​យើង​អាន​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ ព្រះ​យេហូវ៉ា​គ្រាន់​តែ​អាច​មាន​ប្រសាសន៍​ថា ‹បុគ្គល​នេះ​ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់›។ ប៉ុន្តែ លោក​ចង់​ឲ្យ​យើង​ដឹង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​មាន​ចំពោះ​លោក​យេស៊ូ ដូច្នេះ​លោក​បាន​ហៅ​លោក​យេស៊ូ​ថា​៖ ​«​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​»។ ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​លោក​យេស៊ូ ជា​ពិសេស​ដោយ​សារ​លោក​យេស៊ូ​សុខ​ចិត្ត​ប្រគល់​ជីវិត​ខ្លួន។ (​អេភ. ១:៧​) ម្យ៉ាង​ទៀត លោក​យេស៊ូ​មិន​សង្ស័យ​សោះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​បិតា​លោក​ចំពោះ​លោក។ លោក​យេស៊ូ​ជឿ​ជាក់​ទាំង​ស្រុង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បិតា​លោក។ លោក​បាន​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​មាន​ទំនុក​ចិត្ត​ថា បិតា​ស្រឡាញ់​លោក។—យ៉ូន. ៣:៣៥; ១០:១៧; ១៧:២៤ w​២៤.០១ ទំ.២៨ វ.៨

ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា

មាន​កេរ្តិ៍​ឈ្មោះ​ល្អ ប្រសើរ​ជាង​មាន​ទ្រព្យ​មហា​សាល។—សុភ. ២២:១

សូម​ស្រមៃ​គិត​អំពី​ស្ថានភាព​នេះ​៖ បុគ្គល​ដែល​អ្នក​ជិត​ស្និទ្ធ​និយាយ​អ្វី​អាក្រក់​អំពី​អ្នក។ អ្នក​ដឹង​ថា​នោះ​ជា​ការ​កុហក ប៉ុន្តែ​អ្នក​ខ្លះ​ជឿ​ពាក្យ​នោះ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត ពួក​គេ​ចាប់​ផ្ដើម​និយាយ​ពាក្យ​កុហក​នោះ​ត​ៗ​គ្នា ហើយ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ជឿ​ពាក្យ​កុហក​នោះ​ដែរ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? ពាក្យ​បង្កាច់​បង្ខូច​នោះ​ទំនង​ជា​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត មែន​ទេ? ស្ថានភាព​នេះ​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ពេល​កេរ្តិ៍​ឈ្មោះ​របស់​លោក​បាន​ត្រូវ​បង្ខូច។ កូន​ម្នាក់​របស់​លោក​នៅ​ស្ថាន​សួគ៌​បាន​កុហក​អំពី​លោក​ចំពោះ​ស្ត្រី​ដំបូង​គឺ​អេវ៉ា ហើយ​នាង​បាន​ជឿ។ ដោយ​សារ​ពាក្យ​កុហក​នោះ ឪពុក​ម្ដាយ​ដំបូង​របស់​យើង​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​ចូល​ក្នុង​ក្រុម​គ្រួសារ​មនុស្សជាតិ។ (​ដក. ៣:១​-​៦; រ៉ូម ៥:១២​) បញ្ហា​ទាំង​អស់​ដែល​យើង​ឃើញ​ក្នុង​ពិភព​លោក ពោល​គឺ​សេចក្ដី​ស្លាប់ សង្គ្រាម និង​ទុក្ខ​វេទនា​កើត​ឡើង​ដោយ​សារ​តែ​ការ​កុហក​របស់​សាថាន។ តើ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ដោយ​សារ​ការ​បង្កាច់​បង្ខូច​បែប​នេះ​និង​លទ្ធផល​ពី​នោះ​ឬ​ទេ? លោក​ឈឺ​ចិត្ត​មែន។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​គុំ​កួន​ឬ​ខឹង​ងំ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​នៅ​តែ​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។—១ធី. ១:១១ w​២៤.០២ ទំ.៨ វ.១​-​២

ថ្ងៃ​សៅរ៍ ទី​២៤ ខែ​ឧសភា

តើ​ខ្ញុំ​អាច​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ ដោយ​ធ្វើ​អំពើ​ដ៏​អាក្រក់​ក្រៃ​លែង​ដូច​នេះ​ម្ដេច​បាន?—ដក. ៣៩:៩

តើ​អ្នក​អាច​បង្ហាញ​ការ​តាំង​ចិត្ត​ស្រដៀង​នឹង​យ៉ូសែប​យ៉ាង​ដូច​ម្ដេច? អ្នក​អាច​សម្រេច​ចិត្ត​នៅ​ឥឡូវ​នេះ​ថា​អ្នក​នឹង​ធ្វើ​អ្វី​បើ​ជួប​ការ​ល្បួង។ សូម​រៀន​ឲ្យ​ចេះ​និយាយ​ថា​ទេ​ភ្លាម​ៗ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់ ហើយ​មិន​ថែម​ទាំង​គិត​អំពី​អ្វី​ទាំង​នោះ​ឡើយ។ (​ចសព. ៩៧:១០; ១១៩:១៦៥​) យ៉ាង​នេះ អ្នក​នឹង​មិន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ពេល​ជួប​ការ​ល្បួង។ អ្នក​ប្រហែល​ជា​ដឹង​ថា​អ្នក​បាន​រក​ឃើញ​សេចក្ដី​ពិត ហើយ​ថា​អ្នក​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត។ ប៉ុន្តែ មាន​អ្វី​មួយ​នៅ​តែ​រា​រាំង​អ្នក​មិន​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី? អ្នក​អាច​ធ្វើ​ដូច​ស្ដេច​ដាវីឌ។ អ្នក​អាច​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ឱ​ព្រះ​អើយ សូម​ស្វែង​យល់​អំពី​ខ្ញុំ​យ៉ាង​ល្អិត​ល្អន់ ហើយ​សូម​ស្គាល់​ចិត្ត​ខ្ញុំ​យ៉ាង​ច្បាស់​ផង។ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ដឹង​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​អំពី​រឿង​អ្វី​ខ្លះ។ សូម​លោក​មើល​ខ្ញុំ​ឲ្យ​ដឹង​ថា ក្នុង​ចិត្ត​គំនិត​ខ្ញុំ​មាន​អ្វី​ដែល​មិន​ល្អ​ឬ​យ៉ាង​ណា ហើយ​សូម​មេត្តា​នាំ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​ចសព. ១៣៩:២៣, ២៤​) ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​«​ខំ​ស្វែង​រក​លោក​អស់​ពី​ចិត្ត​»។ ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​បង្ហាញ​លោក​ថា​អ្នក​កំពុង​ធ្វើ​ដូច្នេះ។—ហេ. ១១:៦ w​២៤.០៣ ទំ.៦ វ.១៣​-​១៥

ថ្ងៃ​អាទិត្យ ទី​២៥ ខែ​ឧសភា

លោក​មិន​ចាំ​បាច់​ជូន​គ្រឿង​បូជា​រៀង​រាល់​ថ្ងៃ។—ហេ. ៧:២៧

សម្ដេច​សង្ឃ​ជា​តំណាង​បណ្ដា​ជន​នៅ​ចំពោះ​មុខ​ព្រះ។ អេរ៉ុន​ដែល​ជា​សម្ដេច​សង្ឃ​មុន​គេ​បង្អស់​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​តែង​តាំង​ដោយ​ព្រះ​យេហូវ៉ា​ពេល​ត្រសាល​បាន​ត្រូវ​សម្ពោធ។ ប៉ុន្តែ ដូច​សាវ័ក​ប៉ូល​បាន​ពន្យល់​«​មនុស្ស​ជា​ច្រើន​ត្រូវ​ធ្វើ​ជា​សង្ឃ​ត​ៗ​គ្នា ព្រោះ​ពួក​គេ​រមែង​ស្លាប់ ហើយ​មិន​អាច​កាន់​តំណែង​ជា​ដរាប​បាន​ទេ​»។ (​ហេ. ៧:២៣​-​២៦​) ម្យ៉ាង​ទៀត សម្ដេច​សង្ឃ​ទាំង​នោះ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ពួក​គេ​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​របស់​ខ្លួន។ នេះ​គឺ​ជា​ភាព​ខុស​គ្នា​ដ៏​ធំ​រវាង​សម្ដេច​សង្ឃ​របស់​ពួក​អ៊ីស្រាអែល និង​សម្ដេច​សង្ឃ​ដ៏​ឧត្ដុង្គ​ឧត្ដម​ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត។ ក្នុង​នាម​ជា​សម្ដេច​សង្ឃ​របស់​យើង លោក​យេស៊ូ​គ្រិស្ត​«​ជា​អ្នក​បម្រើ​ដែល​បំពេញ​ការ​ងារ​ក្នុង . . . ត្រសាល​ដ៏​ពិត ជា​ត្រសាល​ដែល​ព្រះ​យេហូវ៉ា​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ​»។ (​ហេ. ៨:១, ២​) ប៉ូល​បាន​ពន្យល់​ថា​«​ដោយ​សារ​លោក​[​យេស៊ូ​]​រស់​ជា​រៀង​រហូត នោះ​លោក​កាន់​តំណែង​ជា​សង្ឃ​ដោយ​មិន​ត្រូវ​ការ​អ្នក​ណា​បន្ត​តំណែង​ឡើយ​»។ ប៉ូល​បាន​បន្ថែម​ថា​លោក​យេស៊ូ​គឺ​«​ឥត​សៅហ្មង ខុស​ពី​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»​ ហើយ​ថា​ខុស​ពី​សម្ដេច​សង្ឃ​នៅ​អ៊ីស្រាអែល ​«​លោក​មិន​ចាំ​បាច់​ជូន​គ្រឿង​បូជា​រៀង​រាល់​ថ្ងៃ​»​សម្រាប់​ការ​ខុស​ឆ្គង​របស់​លោក​ផ្ទាល់​ទេ។ w​២៣.១០ ទំ.២៦ វ.៨​-​៩

ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​ឧសភា

មេឃ​និង​ផែន​ដី​ដែល​មាន​ពី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ។—បប. ២១:១

​«​មេឃ . . . ដែល​មាន​ពី​មុន​»​ សំដៅ​ទៅ​លើ​រដ្ឋាភិបាល​ដែល​ទទួល​ឥទ្ធិពល​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា។ (​ម៉ាថ. ៤:៨, ៩; ១​យ៉ូន. ៥:១៩​) ក្នុង​គម្ពីរ ពាក្យ​«​ផែន​ដី​»​អាច​សំដៅ​លើ​មនុស្ស​នៅ​ផែន​ដី។ (​ដក. ១១:១; ចសព. ៩៦:១​) ដូច្នេះ​«​ផែន​ដី​ដែល​មាន​ពី​មុន​»​សំដៅ​លើ​សង្គម​មនុស្ស​អាក្រក់​នៅ​សព្វ​ថ្ងៃ​នេះ។ ព្រះ​យេហូវ៉ា​នឹង​មិន​គ្រាន់​តែ​កែ​ឆ្នៃ​ឬ​ធ្វើ​ឲ្យ​«​មេឃ​»​និង​«​ផែន​ដី​»​ដែល​មាន​រួច​ហើយ​ល្អ​ប្រសើរ​ប៉ុណ្ណោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​នឹង​បំផ្លាញ​នោះ​ទាំង​ស្រុង។ លោក​នឹង​ជំនួស​មេឃ​និង​ផែន​ដី​នៅ​បច្ចុប្បន្ន​នេះ​ទៅ​នឹង​«​មេឃ​ថ្មី​និង​ផែន​ដី​ថ្មី​»​ ពោល​គឺ​រដ្ឋាភិបាល​ថ្មី​និង​សង្គម​មនុស្ស​ថ្មី។ ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ផែន​ដី​និង​មនុស្សជាតិ​ទៅ​ជា​ថ្មី​ដោយ​ឲ្យ​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ ដូច​អេសាយ​បាន​ប្រកាស​ទុក​ជា​មុន ផែន​ដី​ទាំង​មូល​នឹង​ទៅ​ជា​សួន​ឧទ្យាន​មួយ ហាក់​ដូច​ជា​សួន​អេដែន​ពេញ​ផែន​ដី។ លោក​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ថ្មី ដោយ​ធ្វើ​ឲ្យ​យើង​ម្នាក់​ៗ​ជា​ទាំង​ស្រុង។ មនុស្ស​ងងឹត​ភ្នែក មនុស្ស​ខ្វិន និង​មនុស្ស​ថ្លង់​នឹង​ជា​សះ​ស្បើយ ហើយ​សូម្បី​តែ​មនុស្ស​ស្លាប់​ក៏​នឹង​មាន​ជីវិត​ឡើង​វិញ។—អេ. ២៥:៨; ៣៥:១​-​៧ w​២៣.១១ ទំ.៤ វ.៩​-​១០

ថ្ងៃ​អង្គារ ទី​២៧ ខែ​ឧសភា

[​ចូរ​]​ត្រៀម​ខ្លួន​ជា​និច្ច។—ម៉ាថ. ២៤:៤៤

‹គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង›​នឹង​ចាប់​ផ្ដើម​ភ្លាម​ៗ។ (​ម៉ាថ. ២៤:២១​) ប៉ុន្តែ គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​នឹង​ខុស​ពី​មហន្តរាយ​ជា​ច្រើន​ឯ​ទៀត ដោយ​សារ​យើង​ដឹង​ថា​គ្រា​នោះ​នឹង​មក។ ប្រហែល​ជា​២.០០០​ឆ្នាំ​មុន លោក​យេស៊ូ​បាន​ព្រមាន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​នោះ។ បើ​យើង​បាន​ត្រៀម​ខ្លួន នោះ​នឹង​ស្រួល​ជាង​ឲ្យ​យើង​ឆ្លង​កាត់​គ្រា​លំបាក​នោះ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ (​លូក. ២១:៣៦​) យើង​នឹង​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​ទុក​ចិត្ត​ថា​លោក​នឹង​ការ​ពារ​យើង។ តើ​យើង​នឹង​ធ្វើ​អ្វី​បើ​បង​ប្អូន​របស់​យើង​បាត់​បង់​ទ្រព្យ​សម្បត្តិ​ខ្លះ ឬ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួក​គេ? (​ហាប. ៣:១៧, ១៨​) យើង​នឹង​ត្រូវ​ការ​សេចក្ដី​អាណិត​មេត្តា​ដើម្បី​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្ដល់​ជំនួយ​ដល់​ពួក​គេ។ តើ​យើង​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា បើ​យើង​ត្រូវ​រស់​នៅ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​របស់​យើង​អស់​មួយ​រយៈ ដោយ​សារ​ការ​វាយ​ប្រហារ​ពី​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា? (​អេគ. ៣៨:១០​-​១២​) យើង​នឹង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ចំពោះ​ពួក​គេ។ នេះ​នឹង​ជួយ​យើង​ឲ្យ​ឆ្លង​កាត់​គ្រា​លំបាក​នោះ។ w​២៣.០៧ ទំ.២ វ.២​-​៣

ថ្ងៃ​ពុធ ទី​២៨ ខែ​ឧសភា

ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។—អេភ. ៥:១៥, ១៦

ប្ដី​ប្រពន្ធ​អាច​រៀន​ពី​គំរូ​របស់​អាគីឡា​និង​ព្រីស៊ីល ជា​ប្ដី​ប្រពន្ធ​ដែល​ទទួល​ការ​គោរព​ស្រឡាញ់​ពី​គ្រិស្ត​សាសនិក​ជា​ច្រើន​នៅ​សម័យ​ដើម។ (​រ៉ូម ១៦:៣, ៤​) ពួក​គាត់​បាន​រួម​ការ​ងារ ផ្សព្វ​ផ្សាយ និង​ជួយ​អ្នក​ឯ​ទៀត​ជា​មួយ​គ្នា។ (​សកម្ម. ១៨:២, ៣, ២៤​-​២៦​) តាម​ពិត ពេល​ណា​ដែល​គម្ពីរ​រៀប​រាប់​អំពី​អាគីឡា​និង​ព្រីស៊ីល នោះ​តែង​តែ​លើក​ឡើង​ពួក​គាត់​ជា​មួយ​គ្នា។ តើ​ប្ដី​ប្រពន្ធ​អាច​យក​តម្រាប់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​អ្វី​ជា​ច្រើន​ដែល​អ្នក​និង​គូ​របស់​អ្នក​ត្រូវ​ធ្វើ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ទាំង​នេះ​ខ្លះ​ជា​មួយ​គ្នា ជា​ជាង​ធ្វើ​រៀង​ៗ​ខ្លួន​ឬ​ទេ? ជា​ឧទាហរណ៍ អាគីឡា​និង​ព្រីស៊ីល​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ តើ​អ្នក​មាន​គម្រោង​ធ្វើ​ដូច្នេះ​ជា​ទៀង​ទាត់​ឬ​ទេ? មួយ​វិញ​ទៀត អាគីឡា​និង​ព្រីស៊ីល​រួម​ការ​ងារ​ជា​មួយ​គ្នា។ អ្នក​និង​គូ​របស់​អ្នក​ប្រហែល​ជា​មិន​មាន​ការ​ងារ​ដូច​គ្នា​ទេ ប៉ុន្តែ​តើ​អ្នក​អាច​ធ្វើ​ការ​ងារ​ផ្ទះ​ជា​មួយ​គ្នា​ឬ​ទេ? (​អទ. ៤:៩​) ពេល​អ្នក​ជួយ​គ្នា​ធ្វើ​កិច្ច​ការ​ណា​មួយ អ្នក​ទាំង​ពីរ​កំពុង​សហការ​គ្នា និង​មាន​ឱកាស​និយាយ​គ្នា។ w​២៣.០៥ ទំ.២២​-​២៣ វ.១០​-​១២

ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​ឧសភា

ពេល​ដែល​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ទុក​ចិត្ត​លោក។—ចសព. ៥៦:៣

ជួន​កាល យើង​គ្រប់​គ្នា​ភ័យ​ខ្លាច។ ជា​ឧទាហរណ៍ ពេល​ស្ដេច​សុល​ដេញ​តាម​ចង់​សម្លាប់​ដាវីឌ នោះ​ដាវីឌ​បាន​សម្រេច​ចិត្ត​រត់​ទៅ​ក្រុង​កាថ​នៅ​ស្រុក​ភីលីស្ទីន។ ក្រោយ​មក អាគីស​ដែល​ជា​ស្ដេច​ក្រុង​កាថ​បាន​ដឹង​ថា​ដាវីឌ​គឺ​ជា​អ្នក​ចម្បាំង​ដ៏​អង់អាច​ដែល​បាន​សម្លាប់​ពួក​ភីលីស្ទីន​អស់​«​រាប់​ម៉ឺន​»​នាក់។ ដាវីឌ​‹តាំង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង›។ (​១សាំ. ២១:១០​-​១២​) ដាវីឌ​ព្រួយ​បារម្ភ​ថា​តើ​ស្ដេច​អាគីស​នឹង​ធ្វើ​យ៉ាង​ណា​មក​លើ​គាត់។ ប៉ុន្តែ តើ​គាត់​បាន​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​នោះ​យ៉ាង​ដូច​ម្ដេច? នៅ​ចម្រៀង​សរសើរ​ព្រះ ៥៦ ដាវីឌ​បាន​រៀប​រាប់​អំពី​អារម្មណ៍​របស់​គាត់​ពេល​ដែល​គាត់​នៅ​ក្រុង​កាថ។ ក្នុង​បទ​ចម្រៀង​នោះ គាត់​បាន​រៀប​រាប់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​គាត់​ភ័យ​ខ្លាច ហើយ​ក៏​ពន្យល់​អំពី​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​ឈប់​ភ័យ​ខ្លាច។ ពេល​ដាវីឌ​មាន​អារម្មណ៍​ភ័យ​ខ្លាច គាត់​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ (​ចសព. ៥៦:១​-​៣, ១១​) ការ​ទុក​ចិត្ត​របស់​គាត់​គឺ​មិន​មែន​ឥត​ប្រយោជន៍​ទេ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដាវីឌ​បាន​រៀប​គម្រោង​ការ​ដែល​មិន​ធម្មតា តែ​ទទួល​ជោគ​ជ័យ គឺ​ថា​គាត់​បាន​ធ្វើ​ពុត​ជា​ឆ្កួត! ជា​ជាង​ចង់​សម្លាប់​ដាវីឌ ស្ដេច​អាគីស​ចង់​ឲ្យ​ដាវីឌ​ទៅ​ឲ្យ​ឆ្ងាយ ដូច្នេះ​នោះ​ជា​ឱកាស​ឲ្យ​ដាវីឌ​អាច​រត់​គេច​ខ្លួន​បាន។—១សាំ. ២១:១៣–២២:១ w​២៤.០១ ទំ.២ វ.១​-​៣

ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា

ពួក​អ្នក​ដែល​ព្រះ​បាន​ហៅ​និង​បាន​ជ្រើស​រើស ជា​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ព្រះ . . . នឹង​ឈ្នះ។—បប. ១៧:១៤

តើ​ពួក​អ្នក​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ​ជា​អ្នក​ណា? គឺ​ពួក​អ្នក​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! ដូច្នេះ ពេល​ពួក​អ្នក​ចុង​ក្រោយ​នៃ​បុគ្គល​ដែល​បាន​ត្រូវ​រើស​តាំង​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ជិត​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង ភារកិច្ច​ដំបូង​មួយ​របស់​ពួក​គេ​គឺ​ការ​ច្បាំង។ ក្រោយ​ពី​ពួក​គេ​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​គេ​នឹង​បម្រើ​ជា​មួយ​គ្រិស្ត ព្រម​ទាំង​ទេវតា​ដ៏​បរិសុទ្ធ​របស់​លោក ក្នុង​សង្គ្រាម​ចុង​ក្រោយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​របស់​ព្រះ។ សូម​គិត​អំពី​ចំណុច​នេះ។ នៅ​ផែន​ដី គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ខ្លះ​មាន​វ័យ​ចាស់ ហើយ​ថែម​ទាំង​ខ្សោយ​កម្លាំង។ ប៉ុន្តែ ពេល​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​គេ​នឹង​ទៅ​ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​និង​មាន​ជីវិត​អមតៈ ដែល​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រយុទ្ធ​រួម​ដៃ​ជា​មួយ​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច​និង​ជា​អ្នក​ចម្បាំង។ ក្រោយ​ពី​សង្គ្រាម​អាម៉ាគេដូន​បាន​ច្បាំង​ចប់ ពួក​គេ​នឹង​សហការ​ជា​មួយ​លោក​យេស៊ូ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​ច្បាស់​ជា​នឹង​អាច​ជួយ​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នៅ​ផែន​ដី​ពី​ស្ថាន​សួគ៌ ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ពេល​ពួក​គេ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ! w​២៤.០២ ទំ.៦​-​៧ វ.១៥​-​១៦

ថ្ងៃ​សៅរ៍ ទី​៣១ ខែ​ឧសភា

ចូរ​ឲ្យ​ឫទ្ធានុភាព​របស់​ព្រះ​បន្ត​ដឹក​នាំ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៃ​រូប​កាយ​ឡើយ។—កាឡ. ៥:១៦

អ្នក​ខ្លះ​ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​តែ​ស្ទាក់​ស្ទើរ។ ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ‹ចុះ​បើ​ក្រោយ​មក​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព?›។ បើ​អ្នក​មាន​ការ​ភ័យ​ខ្លាច​បែប​នេះ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ការ ប្រយោជន៍​ឲ្យ​អ្នក​«​ប្រព្រឹត្ត​សម​ជា​អ្នក​បម្រើ​របស់​[​លោក​] ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​ទាំង​ស្រុង​»។ (​កូឡ. ១:១០​) លោក​ក៏​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​បាន​បង្ហាញ​រួច​ហើយ​ថា​លោក​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​បុគ្គល​ជា​ច្រើន​នាក់។ (​១កូ. ១០:១៣​) នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​មិន​សូវ​មាន​មនុស្ស​បណ្ដាច់​មិត្តភាព​ចេញ​ពី​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​លោក​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់។ មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ម្នាក់​ៗ​បាន​ត្រូវ​ល្បង​ល​ឲ្យ​ធ្វើ​អ្វី​ដែល​ខុស។ (​យ៉ា. ១:១៤​) ប៉ុន្តែ​អ្នក​ត្រូវ​សម្រេច​ចិត្ត​ថា​អ្នក​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​អ្នក​បាន​ត្រូវ​ល្បង​ល។ តាម​ការ​ពិត គឺ​អ្នក​ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​រស់​នៅ​របស់​អ្នក។ អ្នក​ខ្លះ​អះអាង​ថា​យើង​មិន​អាច​គ្រប់​គ្រង​អារម្មណ៍​និង​ការ​ប្រព្រឹត្ត​របស់​យើង​បាន​ទេ។ ប៉ុន្តែ នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ។ អ្នក​អាច​រៀន​ឲ្យ​ចេះ​គ្រប់​គ្រង​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​អ្នក។ w​២៤.០៣ ទំ.៥​-​៦ វ.១១​-​១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក