ហេតុអ្វីក៏លោកីយ៍នេះមានសេចក្ដីខ្លាច?
តើមានអ្នកណាចង់រស់នៅដោយសេចក្ដីខ្លាចទេ? មនុស្សធម្មតាតែងតែប្រាថ្នាចង់បានសន្ដិសុខ ដោយគ្មានការគំរាមកំហែងដល់ជីវិត ឬដល់កម្មសិទ្ធិរបស់ខ្លួន។ ដូច្នេះហើយ បានជាមនុស្សជាច្រើនរើចេញពីកន្លែងដែលពោរពេញទៅដោយបទឧក្រិដ្ឋ។ ក៏ប៉ុន្តែ ការបណ្ដាលឲ្យមានសេចក្ដីខ្លាចនៅតែមានគ្រប់ទីកន្លែង។
ការដែលអាចឲ្យមានគ្រោះថ្នាក់ជាច្រើនពីអាវុធបរមាណូ និងពីបរិធានបង្កើតថាមពលបរមាណូ បានធ្វើឲ្យមនុស្សលោកមានសេចក្ដីខ្លាចក្រែងមានការហិនវិនាសណាស់។ អំពើឃោរឃៅជាច្រើនក៏ធ្វើឲ្យមានសេចក្ដីខ្លាចដែរ។ មនុស្សជាច្រើនខ្លាចក្រែងរោគអេដស៍នឹងរាលដាលធ្វើឲ្យមនុស្សស្លាប់ជាងគេបង្អស់ក្នុងសតវត្សនេះ។ សេចក្ដីហិនវិនាសនៃបរិយាការរបស់យើង ក៏ជាអ្វីមួយទៀតដែលបណ្ដាលឲ្យមានសេចក្ដីខ្លាចដែរ។ តើសេចក្ដីខ្លាចទាំងនេះមានសារៈសំខាន់ណាដែលគួរឲ្យពិសេសទេ? ហើយតើយើងមានសេចក្ដីសង្ឃឹមថា យើងអាចរស់នៅក្នុងពិភពលោកដែលគ្មានសេចក្ដីខ្លាចទេ?
សារៈសំខាន់នៃសេចក្ដីខ្លាចពាសពេញពិភពលោក
សេចក្ដីខ្លាចដែលមានទូទៅនៅសព្វថ្ងៃនេះ មានសារៈសំខាន់ ពីព្រោះនូវអ្វីៗដែលព្រះគម្ពីរបានទាយមក។ ក្នុងទំនាយរបស់ទ្រង់អំពីថ្ងៃជាន់ក្រោយបង្អស់ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់អំពីស្ថានភាព ដែលនឹងបណ្ដាលឲ្យមានសេចក្ដីខ្លាច។ ទ្រង់បានមានបន្ទូលថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ និងកក្រើកដីនៅកន្លែងផ្សេងៗ»។ ព្រះយេស៊ូវក៏បានមានបន្ទូលអំពី«ការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង»ដែរ។ តាំងពីឆ្នាំ១៩១៤មក គឺមានសង្គ្រាម ទុរភិក្ស ការរញ្ជួយផែនដី និងការទទឹងច្បាប់ដែលមិនអាចប្រៀបបានឡើយ ដែលធ្វើឲ្យមានសេចក្ដីខ្លាចយ៉ាងខ្លាំង និងការបាត់បង់ជីវិតជាច្រើនផង។—ម៉ាថាយ ២៤:៧-១៤
សូម្បីតែអាកប្បកិរិយារបស់មនុស្សសព្វថ្ងៃនេះ ក៏ធ្វើឲ្យមានសេចក្ដីខ្លាចដែរ។ យើងអានពាក្យទំនាយរបស់សាវកប៉ុល នៅធីម៉ូថេទី២ ៣:១-៤ថា៖ «ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ»។ ដោយមានមនុស្សបែបហ្នឹងនៅជុំវិញយើងក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ ដូច្នេះហើយបានជាមានសេចក្ដីខ្លាចជាច្រើនម្ល៉េះ!
អ្វីដែលនឹងអាចកើតមានឡើងដល់លោកីយ៍នេះ
ព្រះយេស៊ូវបានប្រៀបធៀបគ្រានេះ ជាមួយនឹងថ្ងៃជាន់ក្រោយបង្អស់នៃលោកីយ៍នៅជំនាន់លោកណូអេ។ នៅពេលនោះ ច្បាស់ជាមានសេចក្ដីខ្លាចយ៉ាងសម្បើមហើយ ពីព្រោះប្រវត្ដិសាស្ត្ររបស់ព្រះគម្ពីរ ចែងមកថា៖ «ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្ដីកាចសហ័សផង»។ ដូច្នោះហើយ «ព្រះទ្រង់មានបន្ទូលទៅណូអេថា៖ ‹អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្ដីកាចសហ័សដោយសារគេ› »។ (លោកុប្បត្តិ ៦:១១, ១៣) ពិភពលោកដ៏អាក្រក់ជួជាតិនោះឃោរឃៅដល់ម្ល៉េះ បានជាព្រះទ្រង់កំទេចចោល តាមរយៈទឹកជំនន់ពិភពលោក។ ក៏ប៉ុន្តែ ដោយមានសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាបានការពារលោកណូអេជាបុរសដ៏សុចរិត និងក្រុមគ្រួសាររបស់លោក។—ពេត្រុសទី២ ២:៥
ដូច្នេះ តើអ្វីនឹងអាចកើតមានឡើងដល់លោកីយ៍ដ៏ឃោរឃៅនៅបច្ចុប្បន្ននេះ? ចំពោះអំពើឃោរឃៅដែលគ្មានសេចក្ដីគោរពដល់សុខុមាលភាពរបស់អ្នកដទៃនោះ ព្រះទ្រង់ស្អប់ខ្ពើមណាស់។ ពាក្យរបស់អ្នកតែងបទទំនុកដំកើង បានបញ្ជាក់ឲ្យឃើញថា៖ «ព្រះយេហូវ៉ាទ្រង់ល្បងលមនុស្សសុចរិត តែទ្រង់មានព្រះហឫទ័យស្អប់ដល់មនុស្សអាក្រក់ នឹងពួកអ្នកដែលចូលចិត្តខាងសេចក្ដីច្រឡោតវិញ»។ (ទំនុកដំកើង ១១:៥) ព្រះយេហូវ៉ាបានកំទេចសង្គមមនុស្សលោកដ៏ឃោរឃៅនៅជំនាន់លោកណូអេ។ ដូច្នេះ ចំពោះសង្គមមនុស្សលោកដ៏ឃោរឃៅនិងគួរឲ្យខ្លាចនេះ តើយើងមិនសង្ឃឹមថា ព្រះទ្រង់នឹងធ្វើឲ្យវិនាសដែរឬទេ?
ព្រះបានបណ្ដាលឲ្យសាវកពេត្រុសនិយាយអំពីវត្តមានរបស់ព្រះគ្រីស្ទ និងទាយអំពីមហន្តរាយនៃលោកីយ៍ដ៏អាក្រក់ជួជាតិនៅបច្ចុប្បន្ននេះ។ លោកបានសរសេរថា៖ «នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា ដ្បិតតាំងពីពួកឰយុកោដេកលក់ទៅ នោះគ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ»។ បន្ទាប់មក ពេត្រុសបានប្រើពាក្យ«ផ្ទៃមេឃ» ដើម្បីតំណាងប្រព័ន្ធនៃការគ្រប់គ្រងមិនល្អឥតខ្ចោះលើមនុស្សលោក ហើយពាក្យ«ផែនដី»ដើម្បីតំណាងសង្គមមនុស្សទុច្ចរិត។ លោកមានប្រសាសន៍ថា៖ «ពីព្រោះគេចង់បំភ្លេចថា ពីចាស់បុរាណមានផ្ទៃមេឃ ក៏មានដីដុះចេញពីទឹក ហើយនៅក្នុងទឹកផង ដោយសារព្រះបន្ទូលនៃព្រះ រួចមកលោកីយ[ជំនាន់លោកណូអេ]ត្រូវទឹកនោះជន់លិចបំផ្លាញទៅ។ តែផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។—ពេត្រុសទី២ ៣:៣-៧
ដោយមានគំនិតស្រដៀងនេះដែរ ប៉ុលក៏បង្ហាញឲ្យឃើញថា ព្រះគ្រីស្ទនិងពួកទេវតាដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់នឹងធ្វើការ«សងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង គេនឹងរងទុក្ខទោស ជាសេចក្ដីហិនវិនាសអស់កល្បជានិច្ច»។ (ថែស្សាឡូនីចទី២ ១:៦-៩) សៀវភៅព្រះគម្ពីរចុងក្រោយបង្អស់ ចែងប្រាប់អំពីសាសន៍ជាច្រើនប្រមូលគ្នាមកធ្វើ«ចំបាំងនៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត» ហើយបានធានារ៉ាប់រងនឹងយើងថា ព្រះយេហូវ៉ានឹង«បំផ្លាញពួកអ្នកដែលបង្ខូចផែនដីផង»។—វិវរណៈ ១១:១៨; ១៦:១៤-១៦
គ្រាសំរាប់សេចក្ដីអំណរ មិនមែនសេចក្ដីខ្លាចទេ
ពួកមនុស្សទៀងត្រង់មានសេចក្ដីអំណរ ជាជាងមានការភ័យខ្លាចខ្លាំង ដោយសារអ្វីៗដែលព្រះគម្ពីរបានចែងប្រាប់ចំពោះលោកីយ៍នេះ។ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងធ្វើឲ្យមានទីបញ្ចប់នៃលោកីយ៍ដ៏អាក្រក់ជួជាតិនេះ ប៉ុន្តែ ការនេះបានធ្វើឡើងជាប្រយោជន៍សំរាប់អស់អ្នកណាដែលស្រឡាញ់សេចក្ដីសុចរិត។ ក្រោយពីព្រះបានកំទេចរបបសម័យនេះហើយ តើមានអ្វីជាបន្ទាប់? ត្រូវហើយ គឺជារបបថ្មីនៅក្រោមការគ្រប់គ្រងព្រះរាជាណាចក្រសួគ៌ារបស់ព្រះ ដែលព្រះយេស៊ូវបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋាននោះ! ទ្រង់បានមានបន្ទូលថា៖ «ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) នៅពេលដែលព្រះហឫទ័យរបស់ព្រះបានសំរេចនៅលើផែនដីនេះ តើនឹងមានការប្រែប្រួលយ៉ាងណាដែរ?
សង្គ្រាមហើយនិងសេចក្ដីរន្ធត់នឹងត្រូវលែងមានទៀតហើយ។ ទំនុកដំកើង ៤៦:៩ ចែងថា៖ «ទ្រង់[ព្រះយេហូវ៉ា]បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំង[សង្គ្រាម]នៅក្នុងភ្លើង»។ បន្ទាប់មកមនុស្ស«នឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ»។—មីកា ៤:៤
រោគជាច្រើនដែលបណ្ដាលឲ្យស្លាប់ ក៏នឹងលែងធ្វើឲ្យមនុស្សខ្លាច ហើយបាត់បង់ជីវិតទៀតឡើយ។ សេចក្ដីសន្យារបស់ព្រះចែងមកថា៖ «ឯពួកអ្នកដែលនៅក្នុងក្រុងគេនឹងមិនថាខ្ញុំឈឺទៀតឡើយ»។ (អេសាយ ៣៣:២៤) តើនឹងមានសេចក្ដីអំណរយ៉ាងណាទៅហ្ន៎!
សេចក្ដីខ្លាចដែលជាប់ទាក់ទងនឹងបទឧក្រិដ្ឋកម្មហើយអំពើឃោរឃៅ ក៏នឹងជារបស់ដែលកន្លងហួសទៅដែរ។ ទំនុកដំកើង ៣៧:១០, ១១ សន្យាថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។
តើតាមរបៀបណា ដែលសេចក្ដីខ្លាចនៅបច្ចុប្បន្នកាលនេះ នឹងត្រូវប្ដូរដោយសន្ដិភាពនិងសន្ដិសុខដ៏ពិតនោះ? គឺតាមរយៈរដ្ឋាភិបាលដ៏សុចរិតមួយ—ព្រះរាជាណាចក្ររបស់ព្រះ។ ចំពោះជំនាន់របស់យើងនេះ សៀវភៅដានីយ៉ែល ២:៤៤ចែងថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ ព្រះយេស៊ូវគ្រីស្ទ ជាស្តេចដែលព្រះយេហូវ៉ាបានតែងតាំងមក ‹ត្រូវតែសោយរាជ្យ ទាល់តែព្រះដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់›។ (កូរិនថូសទី១ ១៥:២៥) ការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះយេស៊ូវ នឹងបំពេញរាជបំណងដំបូងរបស់ព្រះ ដើម្បីឲ្យមានផែនដីមនោរម្យ សំរាប់មនុស្សដែលមានសេចក្ដីអំណររស់នៅជាអនន្តភាព។—លូកា ២៣:៤៣; វិវរណៈ ២០:៦; ២១:១-៥
នៅក្នុងផែនដីមនោរម្យនោះ នឹងមានការកោតខ្លាចដ៏ត្រឹមត្រូវមួយ។ នេះគឺជា«សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា»។ (សុភាសិត ១:៧) តាមការពិត សូម្បីតែឥឡូវនេះ ក៏យើងត្រូវមានការកោតខ្លាចនេះដែរ។ ដ្បិតការកោតខ្លាចនេះ ជាសេចក្ដីគោរពនិងសេចក្ដីស្ងើចដ៏ជ្រាលជ្រៅ ព្រមទាំងជាសេចក្ដីកោតខ្លាចចំពោះធ្វើអ្វីដែលទ្រង់មិនសព្វព្រះហឫទ័យផង ពីព្រោះយើងអបអរសេចក្ដីសប្បុរសដែលពេញដោយសេចក្ដីស្រឡាញ់និងសេចក្ដីល្អរបស់ទ្រង់។ ការកោតខ្លាចនេះគឺតម្រូវឲ្យយើងទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុង ហើយគោរពតាមទ្រង់ឲ្យបានស្មោះត្រង់។—ទំនុកដំកើង ២:១១; ១១៥:១១
ព្រឹត្ដិការណ៍ដ៏គួរឲ្យខ្លាចទាំងនេះ ជាសញ្ញានៃថ្ងៃជាន់ក្រោយបង្អស់។ ប៉ុន្តែ បើយើងនូវបង្ហាញសេចក្ដីស្រឡាញ់របស់យើងទៅព្រះ ជាជាងមានសេចក្ដីខ្លាចនោះ យើងអាចមានសេចក្ដីត្រេកអរទៅវិញ។ ទំនាយព្រះគម្ពីរជាច្រើនបង្ហាញថា សេចក្ដីហិនវិនាសនៃលោកីយ៍នេះដោយព្រះ នឹងជិតមកដល់ហើយ។ ពិភពលោកថ្មីដ៏សុចរិតដែលព្រះយេហូវ៉ាបានសន្យាមក នឹងប្ដូរនៃរបបសម័យនេះ។ (ពេត្រុសទី២ ៣:១៣) ពិតហើយ នៅក្រោមការគ្រប់គ្រងព្រះរាជាណាចក្រ មិនយូរប៉ុន្មាន នឹងទៅជាពិភពលោកដែលគ្មានសេចក្ដីខ្លាចដ៏មិនត្រឹមត្រូវទៀតឡើយ។