សេចក្ដីរាយការណ៍ពីពួកអ្នកប្រកាសព្រះរាជាណាចក្រ
«វិមានដែលផ្ដល់នូវគតិនៃសហប្រតិបត្ដិការ»
នៅជិតចុងទិសខាងត្បូងនៃប្រទេសអេស្ប៉ាញ មានផ្ទាំងថ្មកំបោរមួយដ៏ធំសម្បើមដែលគេហៅថា ថ្មជីប្រេលថា។ ជារាប់រយឆ្នាំមកហើយ ថ្មនេះបានធ្វើជាសាក្សីដ៏តុណ្ហីភាពចំពោះវាទប្បដិវាទខាងនយោបាយ និងការខ្វែងគំនិតអន្តរជាតិ។ ប៉ុន្តែ ក្នុងរយ:ពេលថ្មីៗនេះ ថ្មជីប្រេលថានេះបានធ្វើជាផ្ទៃរូបខាងក្រោយនៃការសម្ដែងនូវសហប្រតិបត្ដិការ និងសាមគ្គីភាព ដែលមិនសូវឃើញមាននៅក្នុងពិភពលោកសព្វថ្ងៃនេះ។
គ្រាន់តែបីគីឡូម៉ែត្រពីថ្មនេះ មានទីក្រុងនៃប្រទេសអេស្ប៉ាញមួយដែលមានឈ្មោះថា ឡាលីនា។ នៅទីនោះមានការសង់សាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា ដែលបាននាំជនស្ម័គ្រចិត្តធ្វើការរាប់រយនាក់មកជួបជុំគ្នា ដោយមានចំណង់ចង់ជួយផ្ដល់នូវពេលវេលានិងកម្លាំងរបស់គេ។ ពេលដែលគេខំប្រឹងប្រែងតម្លើងអាគារសំរាប់ថ្វាយបង្គំព្រះយេហូវ៉ា ជាអ្នកបង្កើតរបស់គេនោះ សូម្បីតែសីហវិលាសនៃផ្ទៃរូបខាងក្រោយនៃថ្មជីប្រេលថា ក៏ចុះអន់ថយក្នុងលក្ខណៈសំខាន់ដែរ បើប្រៀបធៀបនឹងការសង់ដែលកំពុងតែចំរើននឹងដៃនោះ។
ពួកអ្នកប្រកាសព្រះរាជាណាចក្រនៅទីនោះផ្ញើសេចក្ដីរាយការណ៍ដូចតទៅនេះ៖
«ជនស្ម័គ្រចិត្តសាទរប្រាំបួនរយនាក់បានធ្វើការទាំងយប់ទាំងថ្ងៃ ចាប់ផ្ដើមពីរសៀលថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ ១៩៩៣។ មកដល់ម៉ោងប្រាំពីរល្ងាចថ្ងៃអាទិត្យ មានសញ្ញាសំគាល់អាគារនោះជា សាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា ហើយអាគារដ៏ស្អាតនោះក៏ត្រូវបានគេប្រើសំរាប់ការប្រជុំសាធារណៈជាលើកទីមួយ។
«ស្មរបន្ទាល់ជាច្រើនដែលមកពីតំបន់ជិតខាងទីក្រុងជីប្រេលថា បានឆ្លងកាត់ព្រំដែនដើម្បីមកជួយបងប្អូនអេស្ប៉ាញ៉ុលរបស់គេ។ ជនស្ម័គ្រចិត្តម្នាក់ដែលជាអ្នកកំណើតជីប្រេលថាបានពន្យល់ថា៖ ‹ការបាក់បែកគ្នាខាងនយោបាយមិនបានធ្វើឲ្យអន់ថយដល់ភាតរភាពអន្តរជាតិរបស់យើងបានឡើយ›។ គាត់បានបន្ថែមទៀតថា៖ ‹ពីបីឆ្នាំកន្លងទៅនេះ ស្មរបន្ទាល់មកពីក្រុងឡាលីនា បានមកជួយយើងសង់សាលព្រះរាជាណាចក្រនៅក្នុងក្រុងជីប្រេលថា ម្ល៉ោះហើយឥឡូវនេះយើងមានចិត្តសប្បាយរីករាយនឹងតបស្នងសងគុណពួកគេវិញ›។
«ក្នុងការបន្ថែមទៅលើការខំប្រឹងប្រែងយ៉ាងខ្លាំងនៃក្រុងជំនុំពីរនៃស្មរបន្ទាល់ព្រះយេហូវ៉ា និងអ្នកដែលមកជួយដោយជំនាញរាប់រយនាក់ពីតំបន់អែនដាលូសៀន ទីក្រុងឡាលីនាក៏សម្រេចចិត្តជួយផ្ដល់នូវដីមួយក្បាលតូចដែលជាចាំបាច់នោះ។ ចៅហ្វាយក្រុងឡាលីនាបានពន្យល់នៅពេលគាត់ទៅមើលកន្លែងសំណង់ថា៖ ‹តាមប្រពៃណី អាជ្ញាធរតំបន់អេស្ប៉ាញ៉ុលតែងតែផ្ដល់ឲ្យដីសំរាប់ការសង់អាគារព្រះវិហារសាសនាកាតូលិក។ ហេតុអ្វីក៏មិនធ្វើដូច្នេះដល់អង្គការសាសនាឯទៀតដែរ? ខ្ញុំមានអារម្មណ៍ស្ងើចណាស់ចំពោះភាពអអញនិយមរបស់ជនស្ម័គ្រចិត្តទាំងឡាយ ហើយខ្ញុំគិតថា ពួកគេគួរតែទទួលការគាំទ្រពីយើង។ យើងត្រូវការគតិបែបនេះនៅក្នុងពិភពលោកដ៏បែកខ្ញែករបស់យើងនេះ›។
«គាត់បានសំដៅទៅសាលព្រះរាជាណាចក្រជា‹វិមានដែលផ្ដល់នូវគតិនៃសហប្រតិបត្ដិការ›។ ពិតមែនហើយ ទិដ្ឋភាពដែលធ្វើឲ្យរំភើបចិត្តជាងគេនោះ គឺមិនមែនជាការគូរប្លង់និម្មាបនកម្មឬក៏ទំហំនៃអាគារនោះទេ។ ផ្ទុយទៅវិញ អ្វីដែលធ្វើឲ្យស្ងើចចិត្តមនុស្សច្រើននៅក្នុងសហគមន៍នោះ គឺដោយសំណង់នោះបានសង់ឡើងដោយសុទ្ធតែជនស្ម័គ្រចិត្ត ហើយបានតម្លើងឡើងក្នុងតែ៤៨ម៉ោងប៉ុណ្ណោះ!»
ជាការច្បាស់លាស់ណាស់ដែលស្មរបន្ទាល់ព្រះយេហូវ៉ានៅក្រុងឡាលីនា និងនៅតំបន់ជុំវិញនោះកំពុងតែប្រព្រឹត្តយ៉ាងស្មោះត្រង់តាមពាក្យនៅកាឡាទី ៦:១០។ នៅកន្លែងនេះ សាវកប៉ុលបានទូន្មានអ្នកជឿគ្នាឯងថា៖ «ដូច្នេះ កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។