ជំពូកទី១១
កន្លែងគោរពប្រណិប័តន៍របស់យើង
អ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះយេហូវ៉ាបានត្រូវបង្គាប់ឲ្យប្រជុំគ្នា ដើម្បីលើកទឹកចិត្តគ្នានិងទទួលការអប់រំ។ (ហេ. ១០:២៣-២៥) ពេលព្រះជ្រើសរើសប្រជាជាតិអ៊ីស្រាអែលឲ្យធ្វើជារាស្ត្ររបស់លោក កន្លែងដំបូងដែលពួកគេប្រើដើម្បីគោរពប្រណិប័តន៍លោកគឺ«រោងឧបោសថ» ដែលហៅថា«ត្រសាលជំនុំ»។ (និក្ខ. ៣៩:៣២, ៤០) ក្រោយមក សាឡូម៉ូនដែលជាកូនរបស់ស្ដេចដាវីឌ បានកសាងវិហារមួយដើម្បីលើកតម្កើងព្រះ។ (១ព. ៩:៣) ក្រោយពីវិហារនោះបានត្រូវបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស. ជនជាតិយូដាបានប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះក្នុងអគារដែលគេហៅថាសាលាប្រជុំ។ នៅទីបំផុត វិហារនោះបានត្រូវសាងឡើងវិញ ហើយបានទៅជាកន្លែងគោរពប្រណិប័តន៍ពិតម្ដងទៀត។ លោកយេស៊ូបានបង្រៀននៅក្នុងសាលាប្រជុំនិងនៅឯវិហារ។ (លូក. ៤:១៦; យ៉ូន. ១៨:២០) លោកយេស៊ូថែមទាំងបានដឹកនាំកិច្ចប្រជុំមួយនៅលើភ្នំទៀតផង។—ម៉ាថ. ៥:១–៧:២៩
២ ក្រោយពីមរណភាពរបស់លោកយេស៊ូ គ្រិស្តសាសនិកបានប្រជុំគ្នានៅកន្លែងសាធារណៈ និងនៅក្នុងផ្ទះរបស់ពួកគេ ដើម្បីបង្រៀនគម្ពីរនិងសេពគប់គ្នា។ (សកម្ម. ១៩:៨, ៩; រ៉ូម ១៦:៣, ៥; កូឡ. ៤:១៥; ភីលេ. ២) ជួនកាល គ្រិស្តសាសនិកនៅសម័យដើមបានជួបជុំគ្នានៅកន្លែងដាច់ឆ្ងាយពីមនុស្ស ដើម្បីកុំឲ្យអ្នកបៀតបៀនរកឃើញ។ ពិតមែន អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនៅសម័យមុន មានចិត្តចង់ជួបជុំគ្នានៅកន្លែងគោរពប្រណិប័តន៍ព្រះដើម្បី«ធ្វើជាសិស្សរបស់ព្រះយេហូវ៉ា»។—អេ. ៥៤:១៣
៣ សព្វថ្ងៃនេះ គ្រិស្តសាសនិកនៅតែប្រើកន្លែងសាធារណៈនិងផ្ទះរបស់ពួកគេដើម្បីមានកិច្ចប្រជុំ។ យើងច្រើនតែមានកិច្ចប្រជុំផ្សព្វផ្សាយនៅឯផ្ទះរបស់បងប្អូន។ ពួកអ្នកដែលសុខចិត្តប្រើផ្ទះរបស់ខ្លួនសម្រាប់កិច្ចប្រជុំដូចនេះ ចាត់ទុកថានេះជាឯកសិទ្ធិ។ បងប្អូនជាច្រើនមានអារម្មណ៍ថា ដោយសារមានកិច្ចប្រជុំនៅផ្ទះរបស់ពួកគាត់ នោះបានធ្វើឲ្យពួកគាត់កាន់តែចូលទៅជិតព្រះ។
សាលប្រជុំ
៤ សាក្សីព្រះយេហូវ៉ាច្រើនតែប្រជុំគ្នានៅឯសាលប្រជុំ។ តាមធម្មតា យើងទិញដីហើយសាងសង់សាលប្រជុំ ឬទិញអគារដែលមានស្រាប់ រួចជួសជុលបន្ថែម។ ដើម្បីសន្សំប្រាក់ហើយប្រើសាលប្រជុំឲ្យបានប្រយោជន៍ច្រើនបំផុត ក្រុមជំនុំមួយចំនួនអាចប្រើសាលប្រជុំតែមួយ បើអាចធ្វើបាន។ ក្នុងតំបន់ខ្លះ យើងត្រូវជួលសាលមួយ។ ចំពោះសាលប្រជុំថ្មីនិងសាលប្រជុំដែលបានត្រូវជួសជុលធំដុំ គឺជាការសមរម្យដែលមានពិធីសម្ពោធន៍សាលប្រជុំ។ ក៏ប៉ុន្តែ ប្រសិនបើសាលប្រជុំបានត្រូវជួសជុលតែបន្តិចបន្តួចប៉ុណ្ណោះ គឺមិនចាំបាច់សម្ពោធសាលប្រជុំនោះម្ដងទៀតទេ។
៥ សាលប្រជុំមិនគួរជាអគារដែលមានក្បូរក្បាច់រចនា ដើម្បីធ្វើឲ្យមនុស្សកោតស្ងើចឡើយ។ សាលប្រជុំមានម៉ូដខុសៗគ្នាពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែ អ្វីដែលសំខាន់គឺយើងអាចប្រើសាលនោះដើម្បីប្រជុំគ្នា។ (សកម្ម. ១៧:២៤) សមស្របទៅតាមកាលៈទេសៈក្នុងតំបន់ បងប្អូនគួរស្រួលធ្វើដំណើរទៅនិងស្រួលប្រើសាលនោះសម្រាប់កិច្ចប្រជុំគ្រិស្តសាសនិក។
៦ ក្រុមជំនុំទាំងឡាយនៃសាក្សីព្រះយេហូវ៉ាចេញថ្លៃចំណាយដើម្បីប្រើនិងថែទាំសាលប្រជុំរបស់ពួកគេ។ ក្រុមជំនុំមិនរៃអង្គាសប្រាក់ទេ។ ក្នុងសាលប្រជុំមានប្រអប់វិភាគទាន ហើយពួកអ្នកដែលចូលរួមកិច្ចប្រជុំអាចដាក់វិភាគទាន ដើម្បីជួយចេញថ្លៃចំណាយផ្សេងៗដែលចាំបាច់សម្រាប់ការប្រើប្រាស់សាលនោះ។ ពួកគេដាក់វិភាគទានដោយស្ម័គ្រពីចិត្ត។—២កូ. ៩:៧
៧ បងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំចាត់ទុកថា ការដាក់វិភាគទានដើម្បីប្រើសាលប្រជុំ ហើយការស្ម័គ្រចិត្តជួយសម្អាតនិងថែទាំសាលប្រជុំ គឺជាឯកសិទ្ធិ។ ធម្មតាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើម្នាក់ជាអ្នករៀបចំកាលវិភាគសម្អាតថែទាំ។ ជាទូទៅ ក្រុមផ្សព្វផ្សាយនីមួយៗបោសសម្អាតសាលប្រជុំ ដោយមានអ្នកត្រួតពិនិត្យក្រុមឬជំនួយការរបស់គាត់នាំមុខ។ ទោះជានៅខាងក្នុងឬខាងក្រៅក្ដី សាលប្រជុំគួរលើកកិត្តិយសព្រះយេហូវ៉ានិងអង្គការរបស់លោក។
បងប្អូនទាំងអស់គ្នាក្នុងក្រុមជំនុំចាត់ទុកថា ការដាក់វិភាគទានដើម្បីប្រើសាលប្រជុំ ហើយការស្ម័គ្រចិត្តជួយសម្អាតនិងថែទាំសាលប្រជុំ គឺជាឯកសិទ្ធិ
៨ បើក្រុមជំនុំមួយចំនួនប្រើសាលប្រជុំជាមួយគ្នា អ្នកចាស់ទុំក្នុងក្រុមជំនុំទាំងនោះគួរជ្រើសរើសគណៈកម្មាធិការចាត់ចែងការថែទាំសាលប្រជុំ ដើម្បីចាត់ចែងរឿងណាដែលទាក់ទងនឹងសាលប្រជុំនិងបរិវេណអគារ។ ក្រុមអ្នកចាស់ទុំទាំងនោះគួរជ្រើសរើសបងប្រុសម្នាក់ឲ្យបម្រើជាអ្នកដឹកនាំគណៈកម្មាធិការចាត់ចែងការថែទាំសាលប្រជុំ។ ដោយធ្វើការក្រោមការដឹកនាំរបស់ក្រុមអ្នកចាស់ទុំ គណៈកម្មាធិការនេះនឹងពិនិត្យមើលដើម្បីដឹងថាសាលប្រជុំស្អាតឬមិនស្អាត ហើយនឹងធ្វើឲ្យប្រាកដថាសាលប្រជុំបានត្រូវថែទាំយ៉ាងល្អនិងមានសម្ភារណាដែលត្រូវការ។ ក្រុមជំនុំនីមួយៗត្រូវសហការគ្នាយ៉ាងល្អដើម្បីគាំទ្រការរៀបចំនេះ។
៩ ប្រសិនបើក្រុមជំនុំមួយចំនួនប្រើសាលប្រជុំតែមួយជាមួយគ្នា ប្រហែលជាក្រុមជំនុំនឹងប្ដូរវេនម៉ោងកិច្ចប្រជុំ។ ពួកអ្នកចាស់ទុំនឹងរៀបចំម៉ោងកិច្ចប្រជុំជាមួយគ្នាដោយបង្ហាញសេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ជាបងប្អូន។ (ភី. ២:២-៤; ១ពេ. ៣:៨) មិនគួរមានក្រុមជំនុំណាមួយ ដែលធ្វើការសម្រេចចិត្តនេះជំនួសក្រុមជំនុំឯទៀតដែលពាក់ព័ន្ធឡើយ។ នៅពេលណាដែលក្រុមជំនុំមួយមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ក្រុមជំនុំឯទៀតដែលប្រើសាលប្រជុំនោះ នឹងផ្លាស់ប្ដូរម៉ោងកិច្ចប្រជុំសម្រាប់សប្ដាហ៍នោះ បើចាំបាច់។
១០ ប្រសិនបើមានការយល់ព្រមពីគណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ បងប្អូនអាចប្រើសាលប្រជុំជាកន្លែងថ្លែងសុន្ទរកថាអាពាហ៍ពិពាហ៍និងបុណ្យសព។ អ្នកចាស់ទុំទាំងនេះនឹងពិចារណាយ៉ាងហ្មត់ចត់អំពីសំណូមពរនីមួយៗ ហើយសម្រេចចិត្តស្របតាមការណែនាំពីការិយាល័យសាខា។
១១ បងប្អូនដែលទទួលការអនុញ្ញាតឲ្យប្រើសាលប្រជុំសម្រាប់ពិធីបែបនេះ ត្រូវប្រព្រឹត្តឲ្យសមជាគ្រិស្តសាសនិកពិត។ មិនគួរមានអ្នកណាប្រព្រឹត្តអ្វីមួយនៅឯសាលប្រជុំដែលអាចធ្វើឲ្យបងប្អូនរួមជំនឿទើសចិត្ត ឬបង្ខូចឈ្មោះព្រះយេហូវ៉ានិងក្រុមជំនុំឡើយ។ (ភី. ២:១៤, ១៥) ការិយាល័យសាខាអាចផ្ដល់ការអនុញ្ញាតឲ្យប្រើសាលប្រជុំសម្រាប់កម្មវិធីផ្សេងៗទៀតខាងកិច្ចបម្រើព្រះដូចជា សាលាកិច្ចបម្រើរាជាណាចក្រ និងសាលាសម្រាប់អ្នកត្រួសត្រាយជាដើម។
១២ បងប្អូនក្នុងក្រុមជំនុំនឹងបង្ហាញការគោរពជានិច្ច ចំពោះកន្លែងដែលពួកគេប្រើដើម្បីគោរពប្រណិប័តន៍ព្រះ។ ការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ាគួរប្រកបដោយភាពថ្លៃថ្នូរ ដូច្នេះ យើងគួរមានសុជីវធម៌ ហើយស្លៀកពាក់សម្អិតសម្អាងខ្លួនដោយថ្លៃថ្នូរ។ (សាស្ដ. ៥:១; ១ធី. ២:៩, ១០) ពេលយើងធ្វើតាមយោបល់ស្ដីអំពីរឿងនេះ យើងឲ្យតម្លៃចំពោះកិច្ចប្រជុំរបស់យើងជាគ្រិស្តសាសនិក។
១៣ ការរក្សាសណ្ដាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំគឺសំខាន់។ ជាការល្អដែលកូនក្មេងអង្គុយជាមួយឪពុកម្ដាយ។ ប្រហែលជាឪពុកម្ដាយដែលមានកូនតូចត្រូវយកកូនចេញទៅក្រៅដើម្បីអប់រំប្រដៅ ឬបំពេញតម្រូវការឯទៀតរបស់កូន ដូច្នេះពួកគេអាចអង្គុយនៅកន្លែងដែលមិនសូវបំបែរអារម្មណ៍អ្នកឯទៀត។
១៤ បងប្រុសដែលមានលក្ខណៈគ្រប់គ្រាន់មានភារកិច្ចបម្រើជាឆ្មាំនៅកិច្ចប្រជុំក្នុងសាលប្រជុំ។ ពួកគាត់គួរត្រៀមជួយអ្នកចូលរួម ចេះរាក់ទាក់ ថែមទាំងចេះប្រើសមត្ថភាពវែកញែក។ ពួកគាត់មានភារកិច្ចទទួលស្វាគមន៍អ្នកថ្មី ជួយអ្នកដែលមកយឺតរកកន្លែងអង្គុយ កត់ទុកចំនួនអ្នកចូលរួម និងយកចិត្តទុកដាក់ចំពោះសីតុណ្ហភាពនៅក្នុងសាលប្រជុំដើម្បីកុំឲ្យស្អុះស្អាប់។ ពេលចាំបាច់ ឆ្មាំគួររំលឹកឪពុកម្ដាយឲ្យតាមមើលកូន ដើម្បីកុំឲ្យកូនលេងលើវេទិកា ឬរត់លេងនៅក្នុងឬក្រៅសាល មុនកិច្ចប្រជុំចាប់ផ្ដើមនិងក្រោយកិច្ចប្រជុំចប់។ ក្នុងករណីដែលកូនក្មេងម្នាក់រឹងចចេស ឆ្មាំអាចសុំឪពុកម្ដាយដោយស្លូតបូតឲ្យយកកូនចេញទៅក្រៅដើម្បីកុំឲ្យបំបែរអារម្មណ៍អ្នកស្ដាប់។ កិច្ចការដែលឆ្មាំធ្វើពិតជាជួយឲ្យបងប្អូនទទួលប្រយោជន៍ពីកិច្ចប្រជុំ។ ជាការល្អបើឆ្មាំជាអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើ។
ការសាងសង់សាលប្រជុំ
១៥ នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកខ្លះមានទ្រព្យច្រើនជាងអ្នកឯទៀត ម្ល៉ោះហើយ សាវ័កប៉ូលបានសរសេរថា៖ «ដើម្បីឲ្យអ្វីដែលអ្នករាល់គ្នាមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់ពួកគេ ដើម្បីឲ្យអ្វីដែលពួកគេមានលើសពីសេចក្ដីត្រូវការបានបំពេញការខ្វះខាតរបស់អ្នករាល់គ្នាដែរ យ៉ាងនោះនឹងមានភាពស្មើគ្នា»។ (២កូ. ៨:១៤) សព្វថ្ងៃនេះក៏មានការធ្វើឲ្យ«មានភាពស្មើគ្នា»ដែរ ព្រោះប្រាក់វិភាគទានពីក្រុមជំនុំទូទាំងពិភពលោកបានត្រូវដាក់បញ្ចូលគ្នា រួចយកទៅប្រើដើម្បីសាងសង់ឬជួសជុលសាលប្រជុំផ្សេងៗ។ អង្គការរបស់ព្រះយេហូវ៉ា ព្រមទាំងក្រុមជំនុំដែលទទួលប្រយោជន៍ពីវិភាគទានទាំងនោះ មានអំណរគុណយ៉ាងខ្លាំង ព្រោះបងប្អូនទូទាំងពិភពលោកធ្វើវិភាគទានដោយចិត្តទូលាយ។
១៦ ការិយាល័យសាខាសម្រេចចិត្តអំពីសាលប្រជុំមួយណាដែលក្រុមជំនុំនីមួយៗគួរប្រើ យោងទៅតាមគម្រោងដែលពួកគាត់មានសម្រាប់ភូមិភាគនីមួយៗ។ ម្យ៉ាងទៀត ការិយាល័យសាខាគិតអំពីសាលប្រជុំក្នុងតំបន់ដែលពួកគាត់មើលការខុសត្រូវ ហើយសម្រេចចិត្តអំពីកន្លែងណានិងពេលណាដែលត្រូវសាងសង់ ឬជួសជុលសាលប្រជុំ។ ក្នុងករណីដែលមានគ្រោះមហន្តរាយ ការិយាល័យសាខានឹងរៀបចំជួសជុលសាលប្រជុំដែលបានខូចខាត ហើយជួនកាលពួកគាត់ក៏នឹងជួយជួសជុលផ្ទះរបស់បងប្អូនរួមជំនឿដែរ។
១៧ ការិយាល័យសាខាចាត់ចែងឲ្យអ្នកស្ម័គ្រចិត្តធ្វើកិច្ចការផ្សេងៗ ដូចជាជួយទិញអគារឬដីធ្លី គូរប្លង់សាលប្រជុំ សុំការអនុញ្ញាតសាងសង់ពីពួកអាជ្ញាធរ សាងសង់ និងថែទាំសាលប្រជុំ។ ដោយសារប្រទេសជាច្រើនត្រូវការសាលប្រជុំច្រើនខ្នង នោះយើងក៏ត្រូវការអ្នកស្ម័គ្រចិត្តច្រើននាក់ដែរ។ ចំពោះអស់អ្នកផ្សាយដែលបានទទួលការជ្រមុជទឹកនិងមានគុណសម្បត្តិគ្រប់គ្រាន់ ព្រមទាំងមានបំណងចង់ជួយគាំទ្រការរៀបចំនេះ សូមបំពេញពាក្យសុំបម្រើស្ម័គ្រចិត្ត ហើយជូនដល់គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំ។ សូម្បីតែអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក ក៏អាចជួយសាងសង់ឬជួសជុលសាលប្រជុំរបស់ពួកគេដែរ។
សាលសន្និបាត
១៨ តាមធម្មតា គ្រិស្តសាសនិកនៅសម័យដើមបានជួបជុំគ្នាជាក្រុមតូចៗ។ ក៏ប៉ុន្តែ ជួនកាល«មនុស្សមួយក្រុមធំ»បានប្រជុំគ្នា។ (សកម្ម. ១១:២៦) ស្រដៀងគ្នាដែរ សព្វថ្ងៃនេះរាស្ត្ររបស់ព្រះយេហូវ៉ាប្រជុំគ្នាជាក្រុមធំនៅសន្និបាតប្រចាំមណ្ឌល និងមហាសន្និបាតតាមភូមិភាគ។ ជាញឹកញយ យើងត្រូវជួលសាលក្នុងតំបន់សម្រាប់សន្និបាត។ ក៏ប៉ុន្តែ នៅតំបន់ណាដែលមិនអាចជួលសាលសមរម្យ ប្រហែលជាអង្គការព្រះនឹងទិញឬសាងសង់សាលសន្និបាតដើម្បីគោរពប្រណិប័តន៍ព្រះ។
១៩ ជួនកាល អង្គការព្រះនឹងទិញអគារដែលមានស្រាប់ រួចជួសជុល ហើយប្រើជាសាលសន្និបាត។ ប៉ុន្តែភាគច្រើន ពួកគាត់នឹងទិញដី ហើយសាងសង់សាលថ្មី។ សាលសន្និបាតមានទំហំខុសៗគ្នា អាស្រ័យទៅលើសេចក្ដីត្រូវការក្នុងតំបន់។ មុនការិយាល័យសាខាសម្រេចចិត្តទិញឬសាងសង់សាលសន្និបាតណាមួយ ពួកគាត់នឹងវិភាគយ៉ាងហ្មត់ចត់អំពីតម្លៃ និងអំពីចំនួនអ្នកដែលនឹងប្រើសាលនោះ។
២០ ការិយាល័យសាខាតែងតាំងបងប្អូនប្រុសឲ្យថែទាំសាលសន្និបាត។ ក្រុមជំនុំក្នុងមណ្ឌលដែលប្រើសាលនោះ បោសសម្អាតសាលសន្និបាតក្រោយកម្មវិធីសន្និបាតចប់ បោសសម្អាត៦ខែម្ដង ក៏ធ្វើតាមកាលវិភាគពិនិត្យថែទាំដែរ។ បងប្អូនរួមជំនឿនឹងទទួលប្រយោជន៍ជាច្រើនពេលពួកគាត់ស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការនោះ។ ហេតុនេះ ក្រុមជំនុំនានាបានត្រូវលើកទឹកចិត្តឲ្យគាំទ្រការរៀបចំទាំងនេះយ៉ាងអស់ពីចិត្ត។—ទំនុក. ១១០:៣; ម៉ាឡ. ១:១០
២១ ជួនកាល សាលសន្និបាតអាចត្រូវប្រើសម្រាប់កម្មវិធីឯទៀតខាងកិច្ចបម្រើព្រះដូចជា សាលាគម្ពីរផ្សេងៗ ព្រមទាំងកិច្ចប្រជុំពិសេសសម្រាប់អ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងអ្នកចាស់ទុំក្នុងមណ្ឌល។ ដូចសាលប្រជុំដែរ សាលសន្និបាតបានត្រូវសម្ពោធជាកន្លែងដែលបានទុកសម្រាប់តែគោរពប្រណិប័តន៍ព្រះប៉ុណ្ណោះ។ ដូច្នេះ កាលណាយើងប្រជុំគ្នានៅសាលសន្និបាត ការប្រព្រឹត្តនិងការស្លៀកពាក់សម្អិតសម្អាងខ្លួន គួរបង្ហាញភាពថ្លៃថ្នូរ ដូចនៅពេលយើងគោរពប្រណិប័តន៍ព្រះនៅឯសាលប្រជុំដែរ។
២២ នៅផ្នែកចុងក្រោយនៃគ្រាចុងក្រោយបង្អស់នេះ មនុស្សជាច្រើននាក់កំពុងចាត់វិធានការយ៉ាងលឿនដើម្បីចូលរួមជាមួយអង្គការរបស់ព្រះ។ នេះជាទីសំអាងថាព្រះយេហូវ៉ាកំពុងឲ្យពរ។ (អេ. ៦០:៨, ១០, ១១, ២២) យ៉ាងនេះ យើងចង់គាំទ្រនូវការរៀបចំដើម្បីទិញ សាងសង់ និងថែទាំកន្លែងដែលសមនឹងការគោរពប្រណិប័តន៍ព្រះ។ ដោយធ្វើដូច្នេះ យើងឲ្យតម្លៃចំពោះកន្លែងគោរពប្រណិប័តន៍ព្រះ ព្រោះកន្លែងទាំងនេះជួយយើងលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយធ្វើដូច្នេះកាន់តែខ្លាំងឡើងពេលដែលយើងឃើញថ្ងៃរបស់ព្រះយេហូវ៉ាកាន់តែខិតចូលមកដល់។