តើអ្នកចាត់ទុកសាលប្រជុំជាកន្លែងស្អាតស្អំឬទេ?
១ «មើល! ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។ (ទំនុក. ១៣៣:១) ការប្រជុំគ្នានៅឯសាលប្រជុំគឺជាឱកាសដែលយើងអាចមានសាមគ្គីភាពជាមួយបងប្អូនរួមជំនឿ ដើម្បីបំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដ៏ល្អប្រសើរ ហើយលើកទឹកចិត្តគ្នាទៅវិញទៅមក។—ហេ. ១០:២៤, ២៥
២ ដោយសារសាលប្រជុំជាកន្លែងដ៏សំខាន់សម្រាប់យើង តើយើងពិតជាចាត់ទុកថាសាលប្រជុំជាកន្លែងស្អាតស្អំឬទេ? សាលប្រជុំគឺជាកន្លែងគោរពប្រណិប័តន៍ពិតក្នុងតំបន់។ ហេតុនេះ យើងគួរចាត់ទុកសាលប្រជុំជាកន្លែងស្អាតស្អំបំផុត។ យើងទាំងអស់គ្នាគួរយល់អំពីសារៈសំខាន់នៃការចូលរួមថែរក្សាសាលប្រជុំឲ្យបានល្អស្អាតជានិច្ច។ ជួនកាលក្រុមផ្សព្វផ្សាយរបស់យើងមានភារកិច្ចសម្អាតសាលប្រជុំ។ បើអាចធ្វើបាន យើងគួររួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការនេះ។ ដោយធ្វើដូច្នេះ យើងកំពុងបង្ហាញថាយើងសប្បាយចិត្តដែលមានសាលប្រជុំស្អាតនិងគួរឲ្យចាប់ចិត្ត។
៣ យើងទាំងអស់គ្នាអាចយកចិត្តទុកដាក់ចំពោះសាលប្រជុំ មិនថាក្រុមរបស់យើងត្រូវឬមិនត្រូវសម្អាតក្ដី។ តើតាមរបៀបណា? យើងអាចធ្វើដូច្នេះដោយសម្អាតស្បែកជើងរបស់យើងមុនពេលចូលសាលប្រជុំដើម្បីកុំឲ្យមានស្នាមប្រឡាក់ ជាពិសេសនៅពេលដែលមានភ្លៀង។ ក្រោយពេលដែលយើងប្រើបន្ទប់ទឹក យើងអាចជូតកន្លែងលាងដៃឲ្យបានស្អាតសម្រាប់អ្នកមកក្រោយ។ បងប្អូនដែលទទួលខុសត្រូវផ្នែកសៀវភៅ និងទស្សនាវដ្ដីអាចបង្ហាញការយកចិត្តទុកដាក់ដោយយកប្រអប់ទទេទៅបោះចោលភ្លាមៗ។ សំរាមទាំងអស់គួរបោះចោលតាមធុងត្រឹមត្រូវ។ បើយើងឃើញក្រដាសដែលមិនត្រូវការ ឬសំរាមនៅលើឥដ្ឋ យើងគួររើសយកទៅបោះចោលជាជាងចាំឲ្យអ្នកផ្សេងធ្វើ។ ក្នុងកិច្ចបម្រើព្រះ ខែមិថុនា ឆ្នាំ២០១១ មានយោបល់ស្តីអំពីអ្វីដែលត្រូវបិទនៅលើក្ដារព័ត៌មាន។ បងប្អូនឯទៀតគួរសហការជាមួយអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំដើម្បីធ្វើតាមយោបល់នេះ (km ០៦/១១ ទំព័រ២)។
៤ ពេលយើងចូលរួមសន្និបាតឬមហាសន្និបាត យើងក៏អាចធ្វើតាមគោលការណ៍នេះដែរ។ កន្លែងមានសន្និបាតជាកន្លែងគោរពប្រណិប័តន៍ពិត មិនថាជាសាលសន្និបាតរបស់យើងឬក៏ជួលគេក្ដី ហើយយើងគួរចាត់ទុកសាលសន្និបាតនោះជាកន្លែងស្អាតស្អំ។ ពេលយើងចេញពីសាល យើងគួរមើលឲ្យបានសព្វគ្រប់ជានិច្ចដើម្បីប្រាកដថា គ្មានសំរាមនៅកន្លែងដែលយើងអង្គុយ។ យើងគួរមានចិត្តគំនិតចង់ជួយ ហើយកុំឲ្យគិតថា បងប្អូនដែលមានភារកិច្ចសម្អាតនឹងប្រមូលសំរាមពីក្រោយយើង។
ប្រើសាលប្រជុំរួមគ្នា
៥ ដោយសារឈ្នួលអគារថ្លៃ នោះក្រុមជំនុំជាច្រើនបានប្រើសាលប្រជុំរួមគ្នា។ នៅក្នុងទីក្រុង មានក្រុមជំនុំដល់ទៅប្រាំឬប្រាំមួយដែលប្រើសាលប្រជុំតែមួយ។ ក្រុមជំនុំនីមួយៗគួរយកចិត្តទុកដាក់ថែទាំសាលប្រជុំ ដោយទទួលស្គាល់ថាសាលនេះជារបស់ព្រះយេហូវ៉ា ហើយត្រូវប្រើសម្រាប់គោរពប្រណិប័តន៍លោក។ ដូច្នេះ បើយើងចាត់ទុកសាលប្រជុំជាកន្លែងស្អាតស្អំ នោះយើងមិនគ្រាន់តែបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាប៉ុណ្ណោះទេ តែយើងក៏បង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនក្នុងក្រុមជំនុំផ្សេងទៀតដែលប្រើសាលប្រជុំនេះដែរ។
៦ ជាទូទៅ យើងសម្អាតសាលប្រជុំម្ដងក្នុងមួយសប្ដាហ៍។ បើមានក្រុមជំនុំច្រើនប្រើសាលប្រជុំរួមគ្នា ជាការចាំបាច់ឲ្យយើងសម្អាតសាលក្រោយពីកិច្ចប្រជុំនីមួយៗ ដើម្បីឲ្យក្រុមជំនុំបន្ទាប់ឃើញថាសាលនោះស្អាតសមរម្យ។ ជាពិសេស យើងអាចធ្វើតាមចំណុចនេះនៅថ្ងៃអាទិត្យ ពេលដែលក្រុមជំនុំមួយប្រជុំចប់ក្រុមជំនុំមួយទៀតចាប់ផ្ដើម។ បើមានពេល ជាការល្អឲ្យយើងសម្អាតសាលប្រជុំសម្រាប់ក្រុមជំនុំដែលនឹងប្រជុំជាបន្ទាប់។ កាលដែលក្រុមជំនុំច្រើនប្រើសាលប្រជុំរួមគ្នានៅថ្ងៃតែមួយ បើគ្មាននរណាម្នាក់យកចិត្តទុកដាក់ទេ នោះអាចធ្វើឲ្យសាលប្រជុំគ្មានសណ្ដាប់ធ្នាប់។
៧ ដូចយើង«មានគំនិតឯកភាព និងមានរបៀបគិតគូរតែមួយ»ក្នុងការគោរពប្រណិប័តន៍ព្រះ សូមឲ្យយើងឯកភាពគ្នាក្នុងការចាត់ទុកសាលប្រជុំជាកន្លែងស្អាតស្អំដែរ។—១កូ. ១:១០