សូមថែទាំកន្លែងថ្វាយបង្គំរបស់យើងឲ្យបានស្អាតបាត
១ ទូទាំងពិភពលោក គឺមានជាង៩៤.០០០ក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្រុមជំនុំភាគច្រើនជួបជុំគ្នាដើម្បីសិក្សាព្រះគម្ពីរ ហើយចូលរួមសំណេះសំណាលជាមួយនឹងបងប្អូនគ្រីស្ទាននៅឯសាលព្រះរាជាណាចក្រដែលជាមណ្ឌលនៃការថ្វាយបង្គំបរិសុទ្ធ។
២ ការបោសសំអាតជារឿយៗតាមតារាង: កិច្ចការដែលទាក់ទងនឹងការថែទាំសាលព្រះរាជាណាចក្រជាផ្នែកដ៏សំខាន់បំផុតនៃកិច្ចបំរើបរិសុទ្ធរបស់យើង។ សៀវភៅកិច្ចការផ្សាយរបស់យើង នៅទំព័រ៦១-៦២ ចែងថា៖«បងប្អូនគួរចាត់ទុកការដាក់វិភាគទានជាប្រាក់កាស និងការជួយស្ម័គ្រពីចិត្តក្នុងការថែទាំសាលព្រះរាជាណាចក្រឲ្យបានស្អាតបាតមិនឲ្យទាស់ភ្នែកអ្នកដទៃ។ សាលព្រះរាជាណាចក្រទាំងក្នុងទាំងក្រៅ គួរធ្វើជាគំរូល្អស្តីអំពីអង្គការរបស់ព្រះយេហូវ៉ា»។ (ជាភាសាអង់គ្លេស) ដោយសារមានប្រជុំនៅឯសាលព្រះរាជាណាចក្របីបួនដងជារៀងរាល់សប្ដាហ៍ គឺតម្រូវឲ្យមានការបោសសំអាតហើយថែទាំសាលជារឿយៗ។ តាមធម្មតា បងប្អូនដែលប្រើសាលព្រះរាជាណាចក្រសំរាប់ប្រជុំនឹងស្ម័គ្រចិត្តមើលថែទាំសាលនោះ។ ដូចនៅសម័យព្រះគម្ពីរ អ្នកបំរើរបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ ត្រូវមានចិត្តខ្នះខ្នែងក្នុងការ «ជួសជុល ហើយរៀបចំ[កន្លែងថ្វាយបង្គំរបស់យើង]ជាថ្មីឡើងវិញ»។—២របា. ៣៤:១០
៣ តារាងសំរាប់ការបោសសំអាតសាលព្រះរាជាណាចក្រត្រូវបិទលើក្ដារពត៌មាន។ បងប្អូនដែលសិក្សាសៀវភៅតាមក្រុមគួរតែបោសសំអាតសាលតាមវេន ដោយធ្វើតាមបញ្ជីដែលបញ្ជាក់នូវអ្វីត្រូវសំអាតនោះ។ អស់អ្នកដែលអាចធ្វើបាន ត្រូវចូលរួមជារៀងរាល់សប្ដាហ៍ ក្នុងឯកសិទ្ធិថែទាំសាលព្រះរាជាណាចក្រឲ្យបានស្អាតបាតមិនឲ្យទាស់ភ្នែកអ្នកដទៃ។ ក្រោមការត្រួតពិនិត្យនៃមាតាបិតា ពួកក្មេងៗក៏អាចចូលរួមបានដែរ ដោយរៀនឲ្យចេះអបអរឯកសិទ្ធិនេះ។ នៅពេលដែលមានក្រុមជំនុំច្រើនប្រើសាលព្រះរាជាណាចក្រមួយ ត្រូវមានសហការរវាងក្រុមជំនុំនិមួយៗ ដើម្បីឲ្យទិដ្ឋភាពដ៏សំខាន់នៃការថ្វាយបង្គំរបស់យើង ពោលគឺការថែទាំសាលព្រះរាជាណាចក្រនេះ មិនមែនជាភារកិច្ចរបស់បងប្អូនខ្លះៗតែប៉ុណ្ណោះទេ។
៤ បញ្ជីដែលប្រាប់នូវកិច្ចការខាងការបោសសំអាត ប្រហែលបិទបាននៅក្បែរកន្លែងដែលស្តុកទុកសំភារៈសំរាប់ការសំអាត។ បញ្ជីនោះគួរពន្យល់ពីភារកិច្ចដែលត្រូវធ្វើប្រចាំសប្ដាហ៍ ដូចជាការបូមកម្រាលព្រំ ការជូតបង្អួចនិងតុ ការយកស្បោងពីធុងសំរាមបោះចោល ការបោសហើយជូតកម្រាល ការជូតកញ្ចក់ ហើយការសំអាតបន្ទប់ទឹកផងដែរ។ កិច្ចការខ្លះប្រហែលមិនបាច់ធ្វើរាល់សប្ដាហ៍ទេ ដូចជាការជូតគ្រឿងតុទូដែលធ្វើពីឈើដោយបាញ់ថ្នាំរលោងនោះ ការជូតកៅអី ការបោកវាំងនន ហើយការជូតគ្រឿងអគ្គីសនីនិងកង្ហារទាំងប៉ុន្មានដោយយកចិត្តទុកដាក់។ ថ្នាំដែលត្រូវប្រើសំរាប់ការសំអាត គួរបិទផ្លាកប្រាប់យ៉ាងច្បាស់ ហើយត្រូវទុកនៅកន្លែងខ្ពស់ដែលផុតពីដៃក្មេងៗ។ បញ្ជីនេះត្រូវពន្យល់យ៉ាងខ្លីនូវរបៀបប្រើថ្នាំសំអាតនិមួយៗដែរ។
៥ សុវត្ថិភាពនៅឯសាលព្រះរាជាណាចក្រគឺមានអាទិភាព។ (ចោទិ. ២២:៨) ដោយហេតុនេះហើយ នៅក្នុងប្រអប់នៅទំព័រទី៤មានបញ្ជីមួយដែលបានកត់ចំណុចខ្លះៗសំរាប់ឆែកមើលយូរៗម្ដង ដើម្បីបង្ការគ្រោះថ្នាក់។
៦ ការថែទាំសាលព្រះរាជាណាចក្រឲ្យបានស្អាតបាត: ក្រុមអ្នកចាស់ទុំមានភារកិច្ចត្រួតពិនិត្យការថែទាំសាលព្រះរាជាណាចក្រនេះ។ តាមធម្មតា អ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់ បានត្រូវជ្រើសតាំងឲ្យចាត់ចែងការថែទាំនេះ។ គាត់រៀបចំដំណើរការនៃសាលព្រះរាជាណាចក្រប្រចាំថ្ងៃ ដោយឆែកមើលសាលព្រះរាជាណាចក្រត្រូវថែទាំឲ្យស្អាត ហើយមានសំភារៈសំអាតគ្រប់គ្រាន់ស្តុកទុកហើយឬនៅ។ គឺសំខាន់ណាស់ ដែលគ្មានអ្វីសោះទាំងក្នុងសាល ឬក៏នៅទីធ្លាដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់នោះ។ នៅពេលដែលមានក្រុមជំនុំច្រើនប្រើសាលប្រជុំដូចគ្នា ក្រុមជំនុំទាំងប៉ុន្មានរើសគណៈកម្មាធិការមួយ ដើម្បីរៀបចំនូវការថែទាំអាគារនិងបរិវេណនោះ។ គណៈកម្មាធិការនេះទទួលការណែនាំពីក្រុមអ្នកចាស់ទុំទាំងឡាយ។
៧ ជារៀងរាល់ឆ្នាំ សាលព្រះរាជាណាចក្របានត្រូវគេមកពិនិត្យយ៉ាងល្អិតល្អន់។ អ្នកចាស់ទុំទទួលខុសត្រូវសំរាប់ការរៀបចំដើម្បីថែទាំឲ្យបានហ្មត់ចត់ចំពោះអ្វីៗដែលត្រូវការចាំបាច់។ បងប្អូនជាអ្នកផ្សាយក៏អាចអញ្ជើញមកជួយជួសជុលឬថែទាំសាលដែរ។ បងប្អូនទាំងអស់គ្នាគួរយកចិត្តទុកដាក់រឿងណាដែលត្រូវថែទាំ ហើយគួរសម្រេចរឿងនោះដោយមិនបង្អង់យូរ។
៨ ប្រសិនបើអ្នកចាស់ទុំត្រូវការជំនួយឬយោបល់ខ្លះ ស្តីអំពីការថែទាំសាលព្រះរាជាណាចក្រ ពួកគាត់អាចទាក់ទងនឹង អ្នកទទួលខុសត្រូវសំរាប់សាលព្រះរាជាណាចក្រនៅការិយាល័យសាខានៅប្រទេសជប៉ុន។ ជំនួយឬយោបល់ទាំងនេះប្រហែលទាក់ទងរឿងដូចជា ការសំអាតកម្រាលព្រំ ការលាងម៉ាស៊ីនកំដៅឬម៉ាស៊ីនត្រជាក់ ហើយវិធីជួសជុលកន្លែងណាក្នុងអាគារដែលជ្រាបទឹកឬដុះផ្សិត។
៩ ប្រើបេឡារបស់ក្រុមជំនុំដោយប្រាជ្ញា: កិច្ចការភាគច្រើននៅឯសាលព្រះរាជាណាចក្រនិងទីធ្លានោះ ច្រើនតែធ្វើឡើងដោយអ្នកស្ម័គ្រចិត្ត។ ការពលិខ្លួនខំប្រឹងជួយ គឺជាទីសម្ដែងនូវសេចក្ដីស្រឡាញ់ ហើយក៏ជួយបន្ថយក្នុងការចំណាយច្រើន។ ប្រសិនបើត្រូវការចាំបាច់ជួលជាងដើម្បីបាញ់ថ្នាំសម្លាប់សត្វចង្រៃ ឬការលាងម៉ាស៊ីនត្រជាក់ នោះអ្នកចាស់ទុំខំរកតម្លៃឲ្យបានសមរម្យសំរាប់ការថែទាំនោះ។ មុនដំបូងអ្នកចាស់ទុំសរសេរបញ្ជីមួយពន្យល់ពីភារកិច្ចដែលត្រូវធ្វើយ៉ាងជាក់លាក់ ហើយសំភារៈដែលត្រូវទិញនោះ។ បញ្ជីនេះត្រូវឲ្យទៅជាងផ្សេងៗ ដើម្បីជាងនិមួយៗអាចដេញថ្លៃ ទាំងយល់យ៉ាងច្បាស់ពីការងារដែលត្រូវធ្វើ។ បន្ទាប់ពីអ្នកចាស់ទុំទទួលការដេញថ្លៃជាលាយល័ក្ខអក្សរពីជាងទាំងប៉ុន្មាននោះហើយ គាត់អាចជ្រើសរើសការដេញថ្លៃដែលល្អបំផុត។ ត្រូវធ្វើតាមទម្រង់ការនេះ សូម្បីតែបងប្រុសម្នាក់ក្នុងក្រុមជំនុំបានសូមធ្វើកិច្ចការនោះ ឬក៏ផ្ដល់តម្លៃសំរាប់សំភារៈយ៉ាងជាក់លាក់ដែលបានប្រាប់ជាមុនក៏ដោយ។
១០ អ្នកចាស់ទុំចាត់វិធានការទិញដីសំរាប់សាលព្រះរាជាណាចក្រដែលមានការលើកលែងពន្ធ បើអាចរកបាន។ នៅពេលដែលមានក្រុមជំនុំច្រើនប្រើសាលព្រះរាជាណាចក្រ គណៈកម្មាធិការដែលទទួលខុសត្រូវសំរាប់ដំណើការនៃការថែទាំសាលនឹងមានគណនីផ្សេងនៅឯធនាគារ ហើយគាត់ត្រូវចែកសេចក្ដីរាយការណ៍ជាលាយល័ក្ខណ៍អក្សរដល់ក្រុមអ្នកចាស់ទុំនិមួយៗ ដោយពន្យល់នូវរបៀបដែលបានចំណាយលុយយ៉ាងណា។ ពួកអ្នកចាស់ទុំទទួលខុសត្រូវសំរាប់ការចំណាយលុយរបស់ក្រុមជំនុំតាមរបៀបត្រឹមត្រូវ។
១១ការថែទាំនិងការជួសជុលខ្នាតធំ: នៅពេលដែលគណៈកម្មាធិការដែលទទួលខុសត្រូវសំរាប់ដំណើរការនោះ សង្កេតឃើញថាសាលព្រះរាជាណាចក្រត្រូវការការថែទាំច្រើន គណៈកម្មាធិការនឹងទាក់ទងក្រុមអ្នកចាស់ទុំដើម្បីរកការណែនាំ។ បើមានការសម្រេចចិត្តថា សាលព្រះរាជាណាចក្រត្រូវការជួសជុលខ្នាតធំ ឬក៏ត្រូវការជំនួយក្រៅពីក្រុមជំនុំដែលជួបនៅសាលនោះ អ្នកចាស់ទុំអាចទាក់ទងនឹងអ្នកទទួលខុសត្រូវសំរាប់សាលព្រះរាជាណាចក្រនៅការិយាល័យសាខានៅប្រទេសជប៉ុន។ បងប្រុសនៅទីនោះមានបទពិសោធន៍ហើយសមត្ថភាព នឹងអាចផ្ដល់យោបល់ដ៏ល្អថែមទាំងមើលខុសត្រូវនាំមុខកិច្ចការនោះ។ ប្រសិនបើត្រូវចំណាយលុយច្រើន មុនដំបូងអ្នកចាស់ទុំត្រូវសួរតម្លៃឲ្យបានច្បាស់សិន ហើយរៀបចំការសម្រេចដើម្បីក្រុមជំនុំអាចយល់ព្រម។—សូមមើលប្រអប់សំនួរក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ១៩៩៤ (ជាភាសាអង់គ្លេស)
១២ យើងពិតជាមានចិត្តអបអរសំរាប់ឯកសិទ្ធិពិសេសក្នុងការជួបជុំគ្នានៅឯសាលព្រះរាជាណាចក្រមែន! យើងមិនចង់ធ្វេសប្រហែសឬមើលស្រាលនូវកិច្ចប្រជុំរបស់យើងសោះឡើយ។ បងប្អូនទាំងអស់អាចរួមចំណែកក្នុងការគាំទ្រសំវិធានការនេះ គឺកិច្ចប្រជុំ ដោយចូលរួមយ៉ាងពេញលេញដើម្បី ថែទាំសាលព្រះរាជាណាចក្ររបស់យើង។ ការធ្វើដូច្នេះដំកើងឡើងនូវការថ្វាយបង្គំបរិសុទ្ធ ហើយនាំឲ្យព្រះនាមរបស់ព្រះយេហូវ៉ាទទួលនូវកិត្ដិយស។ សូមប្ដេជ្ញាចិត្តថែទាំកន្លែងថ្វាយបង្គំរបស់យើងឲ្យបានស្អាតបាត។
[Study Questions]
១. តើសាលព្រះរាជាណាចក្រត្រូវគេប្រើសំរាប់គោលបំណងអ្វី?
២. ហេតុអ្វីក៏សំខាន់ដែលយើងថែទាំសាលព្រះរាជាណាចក្រឲ្យស្អាត ហើយមើលមិនឲ្យទាស់ភ្នែកនោះ?
៣. តើការបោសសំអាតសាលព្រះរាជាណាចក្របានរៀបចំយ៉ាងណា ហើយតើអ្នកណាខ្លះអាចចូលរួមក្នុងឯកសិទ្ធិនេះបាន?
៤. តើត្រូវរៀបចំអ្វីដើម្បីឲ្យបងប្អូនក្នុងក្រុមជំនុំដឹង ហើយការបោសសំអាតសាលព្រះរាជាណាចក្ររួមបញ្ចូលអ្វីខ្លះ?
៥. តើសុវត្ថិភាពជាសំខាន់យ៉ាងណា ហើយតើអ្វីទៅដែលត្រូវឆែកមើលយូរៗម្ដង? (សូមមើលប្រអប់នៅទំព័រទី៤)
៦. តើការថែទាំសាលព្រះរាជាណាចក្របានរៀបចំយ៉ាងណា?
៧. (ក) តើមានអ្វីដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ដើម្បីរក្សាសាលព្រះរាជាណាចក្រឲ្យបានស្អាត? (ខ) តើការសំអាតផ្នែកណាដែលត្រូវពិនិត្យមើលយូរៗម្ដងនោះ? (សូមមើលប្រអប់នៅទំព័រទី៥)
៨. តើនៅពេលណាដែលអ្នកចាស់ទុំអាចទាក់ទងនឹង អ្នកទទួលខុសត្រូវសំរាប់សាលព្រះរាជាណាចក្រនៅការិយាល័យសាខានៅប្រទេសជប៉ុន ខាងរឿងការថែទាំនោះ?
៩. តើគួរធ្វើតាមគម្រោងការណា បើមានការចាំបាច់ឲ្យជួលជាងម្នាក់?
១០. តើត្រូវធ្វើអ្វីដើម្បីដឹងថាលុយរបស់ក្រុមជំនុំបានត្រូវចាយតាមរបៀបត្រឹមត្រូវនោះ?
១១. តើត្រូវធ្វើអ្វីប្រសិនបើសាលព្រះរាជាណាចក្រត្រូវការថែទាំឬជួសជុលខ្នាតធំ?
១២. តើតាមរបៀបណាដែលយើងអាចសម្ដែងអំណរគុណចំពោះឯកសិទ្ធិចូលរួមកិច្ចប្រជុំនៅឯសាលព្រះរាជាណាចក្រ?
[Box on page 4]
បញ្ជីរាយកិច្ចការឲ្យរក្សាសុវត្ថិភាព
◻ ប្រដាប់ពន្លត់ភ្លើងត្រូវទុកនៅកន្លែងដែលងាយយកហើយត្រូវឆែកមើលជារៀងរាល់ឆ្នាំ។
◻ ប្រដាប់បាញ់ទឹកពន្លត់ភ្លើងដែលនៅជាប់ពិតាន ត្រូវពិនិត្យមើលតាមច្បាប់នាតំបន់។
◻ ច្រកចេញនិងជណ្ដើរត្រូវមានផ្លាកស្រួលឃើញ ភ្លឺល្មមងាយចេញចូល ហើយបង្កាន់ដៃត្រូវមាំ។
◻ បន្ទប់ដាក់អីវ៉ាន់ បន្ទប់ទឹក បន្ទប់ដាក់អាវធំ ត្រូវស្អាត មានរបៀបរៀបរយ ហើយមិនគួរទុករបស់ណាដែលងាយឆេះ អីវ៉ានផ្ទាល់ខ្លួន ឬសំរាម។
◻ ដំបូលនិងទត្រូវឆែកមើលសំអាតជារឿយៗ។
◻ ចិញ្ចើមថ្នល់និងកន្លែងចតរថយន្ថត្រូវឲ្យភ្លឺហើយរក្សាឲ្យបានស្អាតដើម្បីមិនបណ្ដាលឲ្យអ្នកណាម្នាក់រអិលដួល។
◻ ប្រព័ន្ធអគ្គីសនី ម៉ាស៊ីនកំដៅ និងម៉ាស៊ីនត្រជាក់ត្រូវឆែកមើលហើយថែទាំឲ្យបានល្អ។
◻ កន្លែងណាដែលជ្រាបទឹកត្រូវជួសជុលភ្លាមៗដើម្បីបង្ការបញ្ហាធំ។
◻ ត្រូវចាក់សោនៅពេលដែលគ្មានអ្នកណានៅក្នុងអាគារ។
[Box on page 5]
ការថែទាំអាគារនិងបរិវេណ
◻ នៅខាងក្រៅ: តើដំបូល ក្ដារជញ្ជាំង បង្អួច ផ្លាកនៅខាងមុខសាលព្រះរាជាណាចក្រ មានសភាពល្អទេ?
◻ ទីធ្លា: តើទីធ្លាបានថែទាំឲ្យស្អាតទេ? តើចិញ្ចើមថ្នល់ របង កន្លែងចតរថយន្តបានថែទាំឲ្យស្អាតបាតទេ?
◻ នៅក្នុងសាល: តើកម្រាលព្រំ វាំងនន កៅអី ឧបករណ៍អគ្គីសនី ឧបករណ៍ទឹក ថ្នាំលើជញ្ជាំង ទូដាក់សៀវភៅ ហើយបន្ទប់ដាក់អាវធំ មានសភាពល្អឬទេ?
◻ គ្រឿងបរិក្ខារ: តើអំពូលភ្លើង ប្រព័ន្ធសម្លេង ម៉ាស៊ីនកំដៅ និងម៉ាស៊ីនត្រជាក់ដំណើរការបានត្រឹមត្រូវទេ?
◻ បន្ទប់ទឹក: តើបន្ទប់ទឹកទាំងនេះស្អាតហើយបង្គន់គ្មានបញ្ហាទេ?
◻ ឯកសាររបស់ក្រុមជំនុំ: តើឯកសារដែលទាក់ទងនឹងសាជីវកម្មឬភាពទទួលខុសត្រូវនៅត្រឹមត្រូវហើយទាន់សម័យឬទេ? បើត្រូវការ តើឯកសារការលើកលែងពន្ធលើទ្រព្យសម្បត្ដិបានរៀបចំទុកជារៀងរាល់ឆ្នាំទេ?