បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៧ ទំ. ២២-២៦
  • នេះជាកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះជាកន្លែងដែលយើងគោរពប្រណិប័តន៍ព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • យើង​បង្ហាញ​ការ​គោរព​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង
  • យើង​ជួយ​សង់​សាល​ប្រជុំ
  • យើង​រក្សា​សាល​ប្រជុំ​របស់​យើង ឲ្យ​ស្អាត​បាត
  • យើង​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង
  • កន្លែងគោរពប្រណិប័តន៍របស់យើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • តើអ្នកចាត់ទុកសាលប្រជុំជាកន្លែងស្អាតស្អំឬទេ?
    ២០១២ កិច្ចបម្រើព្រះ
  • កិច្ចការសាងសង់ដែលនាំឲ្យព្រះយេហូវ៉ាទទួលសេចក្ដីសរសើរ
    រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
  • របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំ
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៧ ទំ. ២២-២៦

នេះ​ជា​កន្លែង​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ

​«​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក​»។—យ៉ូហាន ២:១៧

ចម្រៀង​លេខ: ១៣, ២១

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា?

  • តើ​យើង​អាច​បង្ហាញ​ការ​គោរព​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

  • តើ​តាម​របៀប​ណា​ខ្លះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជួយ​សង់​សាល​ប្រជុំ?

  • ហេតុ​អ្វី​ការ​រក្សា​សាល​ប្រជុំ​ឲ្យ​ស្អាត​បាត​និង​ឲ្យ​នៅ​ល្អ គឺ​ជា​អ្វី​ដ៏​សំខាន់?

១, ២​. (​ក​) នៅ​អតីតកាល តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​គោរព​ប្រណិប័តន៍​លោក​នៅ​កន្លែង​ណា​ខ្លះ? (​ខ​) តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម? (​គ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

អ្នក​បម្រើ​ព្រះ​នៅ​អតីតកាល​ធ្លាប់​មាន​កន្លែង​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ ហើយ​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ ជា​ឧទាហរណ៍ ពេល​អេបិល​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា គាត់​ប្រហែល​ជា​បាន​សង់​ទី​បូជា​មួយ។ (​លោកុប្បត្តិ ៤:៣, ៤​) ណូអេ អាប្រាហាំ អ៊ីសាក យ៉ាកុប និង​ម៉ូសេ​បាន​សាង​ទី​បូជា។ (​លោកុប្បត្តិ ៨:២០; ១២:៧; ២៦:២៥; ៣៥:១; និក្ខមនំ ១៧:១៥​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​សង់​ត្រសាល។ (​និក្ខមនំ ២៥:៨​) ក្រោយ​មក លោក​បាន​បង្គាប់​ពួក​គេ​ឲ្យ​សង់​វិហារ​មួយ។ (​ពង្សាវតារ​ក្សត្រ​ទី១ ៨:២៧, ២៩​) ក្រោយ​ពី​រាស្ត្រ​របស់​ព្រះ​បាន​ត្រឡប់​មក​ពី​និរទេស​នៅ​បាប៊ីឡូន​វិញ ពួក​គេ​បាន​ជួប​ជុំ​គ្នា​ជា​ទៀង​ទាត់​ក្នុង​សាលា​ប្រជុំ។ (​ម៉ាកុស ៦:២; យ៉ូហាន ១៨:២០; សកម្មភាព ១៥:២១​) ម្យ៉ាង​ទៀត គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ជួប​ជុំ​គ្នា​ក្នុង​ផ្ទះ​របស់​បង​ប្អូន​រួម​ជំនឿ។ (​សកម្មភាព ១២:១២; កូរិនថូស​ទី១ ១៦:១៩​) សព្វ​ថ្ងៃ​នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជួប​ជុំ​គ្នា​នៅ​រាប់​ម៉ឺន​សាល​ប្រជុំ​ទូ​ទាំង​ពិភព​លោក ជា​កន្លែង​ដែល​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​និង​រៀន​អំពី​លោក។

២ លោក​យេស៊ូ​បាន​ចាត់​ទុក​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​យេរូសាឡិម​ជា​អ្វី​ដែល​មាន​តម្លៃ​ណាស់។ សេចក្ដី​ស្រឡាញ់​ដែល​លោក​យេស៊ូ​មាន​ចំពោះ​វិហារ​បាន​រំលឹក​អ្នក​កាន់​តាមលោក​អំពី​ពាក្យ​របស់​អ្នក​តែង​ទំនុក​តម្កើង ដែល​ថា​៖ ​«​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក​»។ (​យ៉ូហាន ២:១៧; ទំនុក​តម្កើង ៦៩:៩​) សាល​ប្រជុំ​មិន​មែន​ដូច​«​វិហារ​នៃ​ព្រះ​យេហូវ៉ា​»​ដែល​ជា​ដំណាក់​ព្រះ​ដែល​នៅ​ក្រុង​យេរូសាឡិម​ទេ។ (​របា​ក្សត្រ​ទី២ ៥:១៣; ៣៣:៤​) ប៉ុន្តែ​យើង​គួរ​ចាត់​ទុក​កន្លែង​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​ជា​កន្លែង​ដ៏​មាន​តម្លៃ​ក្រៃ​លែង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​គោល​ការណ៍​គម្ពីរ​ដែល​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​នៅ​សាល​ប្រជុំ របៀប​ថែ​ទាំ​សាល​ប្រជុំ និង​របៀប​ដែល​យើង​អាច​ជួយ​បង់​ថ្លៃ​សម្រាប់​សាល​ប្រជុំa (​សូម​មើល​កំណត់​សម្គាល់​)។

យើង​បង្ហាញ​ការ​គោរព​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង

៣​-​៥​. តើ​សាល​ប្រជុំ​ជា​កន្លែង​អ្វី ហើយ​តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង?

៣ សាល​ប្រជុំ​គឺ​ជា​កន្លែង​សំខាន់​ចម្បង​ដែល​មនុស្ស​អាច​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ កិច្ច​ប្រជុំ​គឺ​ជា​អំណោយ​ពី​ព្រះ ហើយ​ក៏​ជួយ​យើង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក​ដែរ។ នៅ​កិច្ច​ប្រជុំ​របស់​យើង អង្គ​ការ​របស់​លោក​ផ្ដល់​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ត​និង​ការ​ណែនាំ​ដែល​យើង​ត្រូវ​ការ។ គឺ​ជា​ឯកសិទ្ធិ​ដែល​យើង​ទទួល​សេចក្ដី​អញ្ជើញ​ពី​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ឲ្យ​មក​បរិភោគ​នៅ​«​តុ​របស់​ព្រះ​យេហូវ៉ា​»​រាល់​សប្ដាហ៍។ (​កូរិនថូស​ទី១ ១០:២១​) យើង​មិន​ត្រូវ​ភ្លេច​ឲ្យ​សោះ​ថា​នេះ​ជា​សេចក្ដី​អញ្ជើញ​ដ៏​ពិសេស។

៤ ព្រះ​យេហូវ៉ា​ប្រាប់​យើង​យ៉ាង​ច្បាស់​ថា​លោក​ចង់​ឲ្យ​យើង​នៅ​កិច្ច​ប្រជុំ​ដើម្បី​គោរព​ប្រណិប័តន៍​លោក ហើយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​សូម​អាន ហេប្រឺ ១០:២៤, ២៥​) ដោយ​សារ​យើង​គោរព​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ខាន​ចូល​រួម​កិច្ច​ប្រជុំ​ឡើយ លើក​លែង​តែ​យើង​ពិត​ជា​ត្រូវ​ធ្វើ​ដូច្នេះ។ យើង​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​ប្រជុំ​ពេល​យើង​រៀប​ចំ​សម្រាប់​កិច្ច​ប្រជុំ ហើយ​ចង់​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ទាំង​នោះ។—ទំនុក​តម្កើង ២២:២២

៥ របៀប​ដែល​យើង​ប្រព្រឹត្ត​នៅ​កិច្ច​ប្រជុំ និង​របៀប​ដែល​យើង​ថែ​ទាំ​សាល​ប្រជុំ​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា​ខ្លាំង​យ៉ាង​ណា។ យើង​ចង់​ឲ្យ​ការ​ប្រព្រឹត្ត​របស់​យើង​នាំ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ ហើយ​តាម​ធម្មតា​នាម​របស់​លោក​គឺ​នៅ​លើ​ស្លាក​សាល​ប្រជុំ។—សូម​ពិនិត្យ​បន្ថែម ពង្សាវតារ​ក្សត្រ​ទី១ ៨:១៧

៦​. តើ​មនុស្ស​បាន​និយាយ​អ្វី​អំពី​សាល​ប្រជុំ​របស់​យើង​និង​ពួក​អ្នក​នៅ​សាល​ប្រជុំ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

៦ ពេល​យើង​បង្ហាញ​ការ​គោរព​ចំពោះ​សាល​ប្រជុំ​របស់​យើង អ្នក​ឯ​ទៀត​កត់​សម្គាល់។ ជា​ឧទាហរណ៍ បុរស​ម្នាក់​នៅ​ប្រទេស​តួកគី​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​កោត​ស្ងើច​ពេល​ខ្ញុំ​ឃើញ​ភាព​ស្អាត​ស្អំ​និង​របៀប​រៀប​រយ​នៅ​សាល​ប្រជុំ។ មនុស្ស​នៅ​ទី​នោះ​ស្លៀក​ពាក់​ស្អាត​បាត មាន​ទឹក​មុខ​ញញឹម ហើយ​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ។ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កោត​ស្ងើច​ជា​ខ្លាំង​»។ បុរស​នោះ​បាន​ចាប់​ផ្ដើម​មក​កិច្ច​ប្រជុំ​ទាំង​អស់ ហើយ​មិន​យូរ​ក្រោយ​មក​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ក្រុង​មួយ​នា​ប្រទេស​ឥណ្ឌូណេស៊ី បង​ប្អូន​បាន​អញ្ជើញ​អ្នក​ជិត​ខាង​របស់​ពួក​គាត់ អភិបាល​ក្រុង និង​អាជ្ញាធរ​ឯ​ទៀត​ឲ្យ​មក​មើល​សាល​ប្រជុំ​ថ្មី។ អភិបាល​ក្រុង​បាន​កោត​ស្ងើច​ចំពោះ​គុណ​ភាព​និង​ការ​រចនា​ប្លង់ ព្រម​ទាំង​សួន​ដ៏​ស្អាត​របស់​អគារ​នោះ។ គាត់​បាន​និយាយ​ថា​៖ ​«​សាល​ប្រជុំ​ដ៏​ស្អាត​ស្អំ​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ជំនឿ​ដ៏​ពិត​ប្រាកដ​របស់​អ្នក​រាល់​គ្នា​»។

៧, ៨​. ពេល​យើង​នៅ​សាល​ប្រជុំ តើ​តាម​របៀប​ណា​យើង​បង្ហាញ​ថា​យើង​គោរព​ព្រះ​យេហូវ៉ា?

៧ ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​អញ្ជើញ​យើង​ឲ្យ​មក​កិច្ច​ប្រជុំ ហើយ​លោក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របៀប​ដែល​យើង​ប្រព្រឹត្ត​និង​ស្លៀក​ពាក់​សម្អិតសម្អាង​ខ្លួន​ពេល​យើង​នៅ​ទី​នោះ។ ដូច្នេះ យើង​ត្រូវ​មាន​តុល្យ​ភាព។ យើង​មិន​តឹងរ៉ឹង​ពេក​ស្តី​អំពី​ការ​ប្រព្រឹត្ត​ដែល​សមរម្យ​នៅ​កិច្ច​ប្រជុំ​ទេ ហើយ​យើង​ក៏​មិន​ប្រព្រឹត្ត​តាម​ចិត្ត​ដូច​ពេល​យើង​នៅ​ផ្ទះ​ដែរ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​និង​អ្នក​ឯ​ទៀត​ដែល​យើង​អញ្ជើញ​មក​សាល​ប្រជុំ​មានអារម្មណ៍​ស្រួល​នៅ​ទី​នោះ ប៉ុន្តែ​យើង​មិន​ចង់​បង្ហាញ​ឲ្យ​សោះ​ថា​យើង​មិន​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​ប្រជុំ​ឡើយ។ នេះ​ជា​មូលហេតុ​ដែល​យើង​មិន​គួរ​ស្លៀក​ពាក់​ខ្ជី​ខ្ជា ឬ​សាមញ្ញ​ពេក ហើយ​យើង​ក៏​ប្រយ័ត្ន​មិន​ផ្ញើ​សារ និយាយ ឬ​បរិភោគ​និង​ផឹក​ភេសជ្ជៈ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ដែរ។ ម្យ៉ាង​ទៀត ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​ៗ​មិន​ឲ្យ​រត់​ឬ​លេង​នៅ​ក្នុង​សាល​ប្រជុំ។—សាស្ដា ៣:១

៨ ពេល​លោក​យេស៊ូ​ឃើញ​មនុស្ស​លក់​ដូរ​នៅ​វិហារ​របស់​ព្រះ លោក​ខឹង​ហើយ​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​វិហារ។ (​យ៉ូហាន ២:១៣​-​១៧​) នៅ​សាល​ប្រជុំ​របស់​យើង យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា និង​រៀន​អំពី​លោក។ ដូច្នេះ បើ​យើង​ធ្វើ​កិច្ច​ការ​ដែល​ជាប់​ទាក់​ទង​នឹង​ជំនួញ​ពេល​យើង​នៅ​ទី​នោះ គឺ​មិន​សម​ត្រឹម​ត្រូវ​ទេ។—សូម​ពិនិត្យ​បន្ថែម នេហេមា ១៣:៧, ៨

យើង​ជួយ​សង់​សាល​ប្រជុំ

៩, ១០​. (​ក​) តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​សង់​សាល​ប្រជុំ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា? (​ខ​) តើ​តាម​របៀប​ណា​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ជួយ​ក្រុម​ជំនុំ​ដែល​គ្មាន​លទ្ធភាព​បង់​ថ្លៃ​សង់​សាល​ប្រជុំ​ដោយ​ខ្លួន​ឯង?

៩ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​សង់​សាល​ប្រជុំ។ ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មិន​ទទួល​ប្រាក់​ឈ្នួល​ជា​អ្នក​គូរ​ប្លង់ សង់ និង​ជួស​ជុល​សាល​ប្រជុំ​ទាំង​នោះ។ ជា​លទ្ធផល ក្នុង​អំឡុង​១៥​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​ទូ​ទាំង​ពិភព​លោក​យើង​បាន​សង់​សាល​ប្រជុំ​ដ៏​ស្អាត​ជាង​២៨.០០០​ខ្នង ឬ​ជា​មធ្យម​យើង​សង់​សាល​ប្រជុំ​ប្រហែល​ប្រាំ​ខ្នង​ជា​រៀង​រាល់​ថ្ងៃ។

១០ អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ចាត់​ចែង​ពួក​អ្នក​ស្ម័គ្រ​ចិត្ត ហើយ​ប្រើ​វិភាគ​ទាន​ដើម្បី​ជួយ​សង់​សាល​ប្រជុំ​នៅ​កន្លែង​ណា​ដែល​ត្រូវ​ការ។ យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​ថា​ពួក​អ្នក​ដែល​មាន​ច្រើន​ជាង​អាច​ជួយ​ពួក​អ្នក​ដែល​ខ្វះ​ខាត។ (​សូម​អាន កូរិនថូស​ទី២ ៨:១៣​-​១៥​) តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា? សាល​ប្រជុំ​ជា​ច្រើន​បាន​ត្រូវ​សង់​សម្រាប់​ក្រុម​ជំនុំ​ផ្សេង​ៗ​ដែល​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ខ្លួន​ឯង។

១១​. តើ​បង​ប្អូន​ខ្លះ​និយាយ​អ្វី​អំពី​សាល​ប្រជុំ​ថ្មី​របស់​ពួក​គេ ហើយ​តើ​នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

១១ បង​ប្អូន​នៅ​ក្រុម​ជំនុំ​មួយ​នា​ប្រទេស​កូស្ដារីកា បាន​សរសេរ​ថា​៖ ​«​ពេល​យើង​ឈរ​នៅ​មុខ​សាល​ប្រជុំ​របស់​យើង យើង​មាន​អារម្មណ៍​ថា​នេះ​ដូច​ជា​ការ​យល់​សប្ដិ! នេះ​ជា​អ្វី​ដ៏​អស្ចារ្យ។ សាល​ប្រជុំ​ដ៏​ស្អាត​របស់​យើង​បាន​សង់​ហើយ​ទាំង​ស្រុង​អស់​រយៈ​ពេល​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ! កិច្ច​ការ​នេះ​អាច​ធ្វើ​ឡើង​បាន​ដោយ​សារ​ពរ​ពី​ព្រះ​យេហូវ៉ា ការ​រៀប​ចំ​ដែល​មក​ពី​អង្គ​ការ​របស់​លោក និង​ការ​គាំ​ទ្រ​ពី​បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង។ កន្លែង​គោរព​ប្រណិប័តន៍​នេះ​គឺ​ជា​អំណោយ​ដ៏​មាន​តម្លៃ​ដែល​ប្រៀប​ដូច​ជា​ត្បូង​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង។ យើង​មាន​អំណរ​ជា​ខ្លាំង​»។ យើង​សប្បាយ​រីក​រាយ​កាល​ដែល​ឮ​បង​ប្អូន​របស់​យើង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​សម្រាប់​ពួក​គេ។ ម្យ៉ាង​ទៀត យើង​សប្បាយ​ចិត្ត​ដែល​បង​ប្អូន​ទូ​ទាំង​ពិភព​លោក​អាច​មាន​សាល​ប្រជុំ​របស់​ខ្លួន។ យើង​អាច​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​កំពុង​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​សាងសង់​សាល​ប្រជុំ ដោយ​សារ​កាល​ដែល​សាល​ប្រជុំ​ថ្មី​បាន​ត្រូវ​សង់​រួច នោះ​ក៏​មាន​មនុស្ស​កាន់​តែ​ច្រើន​ថែម​ទៀត​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា​ដែរ។—ទំនុក​តម្កើង ១២៧:១

១២​. តើ​អ្នក​អាច​ជួយ​សង់​សាល​ប្រជុំ​យ៉ាង​ដូច​ម្ដេច?

១២ តើ​អ្នក​អាច​ជួយ​សង់​សាល​ប្រជុំ​យ៉ាង​ដូច​ម្ដេច? ប្រហែល​ជា​អ្នក​អាច​ស្ម័គ្រ​ចិត្ត​ជួយ​ក្នុង​កិច្ច​ការ​នោះ។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​អាច​ជូន​វិភាគ​ទាន​ដើម្បី​ជួយ​បង់​ថ្លៃ​សង់​សាល​ប្រជុំ។ ពេល​យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​នេះ យើង​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ឲ្យ​គេ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​សរសើរ​ព្រះ​យេហូវ៉ា។ យើង​ធ្វើ​តាម​គំរូ​របស់​រាស្ត្រ​ព្រះ​នៅ​សម័យ​គម្ពីរ​ដែល​ចង់​ជូន​វិភាគ​ទាន​ដើម្បី​សង់​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ។—និក្ខមនំ ២៥:២; កូរិនថូស​ទី២ ៩:៧

យើង​រក្សា​សាល​ប្រជុំ​របស់​យើង ឲ្យ​ស្អាត​បាត

១៣, ១៤​. តើ​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ​បង្រៀន​យើង​អំពី​ការ​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​ស្អាត​បាត​និង​មាន​របៀប​រៀប​រយ?

១៣ ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​ស្អាត​ស្អំ​និង​បរិសុទ្ធ។ លោក​ជា​ព្រះ​ដែល​មាន​របៀប​រៀប​រយ។ នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​ស្អាត​បាត និង​មាន​របៀប​រៀប​រយ។ (​សូម​អាន កូរិនថូស​ទី១ ១៤:៣៣, ៤០​) ម្យ៉ាង​ទៀត ដើម្បី​ធ្វើ​ជា​មនុស្ស​ស្អាត​ស្អំ​និង​បរិសុទ្ធ​ដូច​ព្រះ​យេហូវ៉ា យើង​មិន​ត្រឹម​តែ​ត្រូវ​រក្សា​ការ​គោរព​ប្រណិប័តន៍ ការ​គិត​គូរ និង​ការ​ប្រព្រឹត្ត​របស់​យើង​ឲ្យ​ស្អាត​ស្អំ​ទេ តែ​យើង​ក៏​ត្រូវ​រក្សា​រូប​កាយ​របស់​យើង​ឲ្យ​ស្អាត​បាត​ដែរ។—ការ​បើក​បង្ហាញ ១៩:៨

១៤ ពេល​យើង​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​ស្អាត​បាត​និង​មាន​របៀប​រៀប​រយ យើង​មាន​មោទនភាព​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​មក​កិច្ច​ប្រជុំ​របស់​យើង។ ម្យ៉ាង​ទៀត មនុស្ស​នឹង​ឃើញ​ថា​យើង​ពិត​ជា​ប្រព្រឹត្ត​តាម​អ្វី​ដែល​យើង​ផ្សព្វ​ផ្សាយ​អំពី​ពិភព​លោក​ថ្មី​ដ៏​ស្អាត​បាត។ ពួក​គេ​នឹង​ឃើញ​ថា​យើង​គោរព​ប្រណិប័តន៍​ព្រះ​ដ៏​ស្អាត​ស្អំ​និង​បរិសុទ្ធ​ដែល​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដ៏​សែន​ស្អាត។—អេសាយ ៦:១​-​៣; ការ​បើក​បង្ហាញ ១១:១៨

១៥, ១៦​. (​ក​) ហេតុ​អ្វី​គឺ​មិន​តែង​តែ​ស្រួល​រក្សា​សាល​ប្រជុំ​ឲ្យ​ស្អាត​បាត? ហេតុ​អ្វី​យើង​ត្រូវ​រក្សា​សាល​ប្រជុំ​ឲ្យ​បាន​ស្អាត? (​ខ​) តើ​ការ​សម្អាត​សាល​ប្រជុំ​របស់​អ្នក​បាន​ត្រូវ​រៀប​ចំ​ឡើង​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​ម្នាក់​ៗ​មាន​ឯកសិទ្ធិ​អ្វី?

១៥ មនុស្ស​មាន​មតិ​ខុស​គ្នា​អំពី​ការ​សម្អាត។ ហេតុ​អ្វី? នេះ​ប្រហែល​ជា​មក​ពី​របៀប​ដែល​ពួក​គេ​បាន​ត្រូវ​ចិញ្ចឹម​អប់រំ។ ម្យ៉ាង​ទៀត អ្នក​ខ្លះ​រស់​នៅ​កន្លែង​ដែល​សម្បូរ​ដី​ហុយ ឬ​កន្លែង​ដែល​មាន​ផ្លូវ​កខ្វក់​និង​មាន​ភក់។ អ្នក​ខ្លះ​ទៀត​មិន​មាន​ទឹក​ឬ​គ្រឿង​សម្ភារ​សម្អាត​គ្រប់​គ្រាន់​ឡើយ។ ប៉ុន្តែ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា ឬ​មនុស្ស​នៅ​តំបន់​យើង​មាន​មតិ​យ៉ាង​ណាអំពី​ការ​សម្អាត​ក៏​ដោយ យើង​គួរ​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​ស្អាត​បាត និង​មាន​របៀប​រៀប​រយ ដោយ​សារ​នេះ​គឺ​ជា​កន្លែង​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—ចោទិយកថា ២៣:១៤

១៦ បើ​យើង​ចង់​ឲ្យ​សាល​ប្រជុំ​របស់​យើង​ស្អាត យើង​ត្រូវ​មាន​ការ​រៀប​ចំ។ ពួក​អ្នក​ចាស់​ទុំ​ធ្វើ​កាល​វិភាគ​សម្រាប់​ក្រុម​ជំនុំ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​តែង​តែ​មាន​ឧបករណ៍​និង​គ្រឿង​សម្ភារ​សម្អាត​គ្រប់​គ្រាន់។ ពួក​អ្នក​ចាស់​ទុំ​ក៏​ចាត់​ចែង​កិច្ច​ការ​សម្អាត​នេះ​ដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សាល​ប្រជុំ​ស្អាត​បាត។ កន្លែង​ខ្លះ​ត្រូវ​សម្អាត​ក្រោយ​កិច្ច​ប្រជុំ​នីមួយ​ៗ ប៉ុន្តែ​របស់​ផ្សេង​ទៀត​មិន​ចាំ​បាច់​សម្អាត​ជា​រៀង​រាល់​ដង​នោះ​ទេ។ យើង​ទាំង​អស់​គ្នា​មាន​ឯកសិទ្ធិ​ចូល​រួម​សម្អាត​សាល​ប្រជុំ​របស់​យើង។

យើង​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង

១៧, ១៨​. (​ក​) តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​រាស្ត្រ​ព្រះ​យេហូវ៉ា​នៅ​សម័យ​បុរាណ​បាន​ថែ​ទាំ​វិហារ? (​ខ​) ហេតុ​អ្វី​យើង​ត្រូវ​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង?

១៧ យើង​ក៏​រក្សា​សាល​ប្រជុំ​របស់​យើង​ឲ្យ​នៅ​ល្អ​ដែរ​ដោយ​ជួស​ជុល​អ្វី​ៗ​ដែល​ខូច​ខាត។ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​បុរាណ​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​ស្តេច​យ៉ូអាស​នៅ​ស្រុក​យូដា បណ្ដា​ជន​បាន​ធ្វើ​វិភាគ​ទាន​សម្រាប់​វិហារ។ ស្តេច​បាន​បង្គាប់​ពួក​សង្ឃ​ឲ្យ​ប្រើ​វិភាគ​ទាន​នោះ​ដើម្បី​ជួស​ជុល​វិហារ ពេល​ដែល​ឃើញ​មាន​អ្វី​ខូច​ខាត។ (​ពង្សាវតារ​ក្សត្រ​ទី២ ១២:៤, ៥​) ជាង​២០០​ឆ្នាំ​ក្រោយ​មក ស្តេច​យ៉ូសៀស​ក៏​បាន​ប្រើ​វិភាគ​ទាន​សម្រាប់​វិហារ​ដើម្បី​បង់​ថ្លៃ​ជួស​ជុល​វិហារ​នោះ​ដែរ។—សូម​អាន របា​ក្សត្រ​ទី២ ៣៤:៩​-​១១

១៨ គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ខ្លះ​បាន​កត់​សម្គាល់​ថា​មនុស្ស​នៅ​ប្រទេស​របស់​ពួក​គេ​មិន​សូវ​ចេះ​រក្សា​អគារ​ឬ​គ្រឿង​ប្រដាប់​ប្រដា​ឲ្យ​នៅ​ល្អ​ទេ។ នេះ​ប្រហែល​ជា​ដោយ​សារ​នៅ​ប្រទេស​ទាំង​នោះ​មិន​សូវ​មាន​មនុស្ស​ដែល​ស្គាល់​របៀប​ធ្វើ​កិច្ច​ការ​នេះ ឬ​ប្រហែល​ជា​ពួក​គេ​គ្មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ជួស​ជុល។ ប៉ុន្តែ បើ​យើង​មិន​ជួស​ជុល​សាល​ប្រជុំ​របស់​យើង​នៅ​ពេល​ដែល​ត្រូវ​ជួស​ជុល​ទេ នោះ​សាល​ប្រជុំ​នឹង​មើល​ទៅ​មិន​ស្អាត ហើយ​មនុស្ស​ឯ​ទៀត​នឹង​កត់​សម្គាល់។ សាល​ប្រជុំ​បែប​នេះ​មិន​មែន​ជា​សាក្សី​បញ្ជាក់​យ៉ាង​ប្រសើរ​ដល់​មនុស្ស​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ធ្វើ​អ្វី​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ថែ​ទាំ​សាល​ប្រជុំ​របស់​យើង យើង​សរសើរ​ព្រះ​យេហូវ៉ា ហើយ​យើង​មិន​ប្រើ​លុយ​វិភាគ​ទាន​របស់​បង​ប្អូន​ដោយ​ឥត​ប្រយោជន៍​ឡើយ។

១៩​. តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​កន្លែង​ដែល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

១៩ សាល​ប្រជុំ​គឺ​ជា​កន្លែង​មួយ​ដែល​បាន​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា នោះ​មិន​មែន​ជា​កន្លែង​របស់​បុគ្គល​ណា​ម្នាក់​ឬ​ក្រុម​ជំនុំ​ណា​មួយ​ទេ។ ដូច​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​នេះ គោល​ការណ៍​គម្ពីរ​នឹង​ជួយ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កន្លែង​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ។ ដោយ​សារ​យើង​គោរព​ព្រះ​យេហូវ៉ា យើង​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​កិច្ច​ប្រជុំ​របស់​យើង ព្រម​ទាំង​សាល​ប្រជុំ​ដែរ។ យើង​សប្បាយ​ចិត្ត​ធ្វើ​វិភាគ​ទាន​ដើម្បី​សង់​សាល​ប្រជុំ ហើយ​យើង​ខំ​ប្រឹង​ថែ​ទាំ ព្រម​ទាំង​រក្សា​សាល​ប្រជុំ​ទាំង​នោះ​ឲ្យ​នៅ​ស្អាត។ ដូច​លោក​យេស៊ូ​ដែរ យើង​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​និង​ឲ្យ​តម្លៃ​ចំពោះ​កន្លែង​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។—យ៉ូហាន ២:១៧

a អត្ថបទ​នេះ​បញ្ជាក់​អំពី​សាល​ប្រជុំ។ ប៉ុន្តែ​អ្វី​ដែល​យើង​នឹង​ពិចារណា​ក៏​ទាក់​ទង​នឹង​សាល​សន្និបាត​និង​កន្លែង​ឯ​ទៀត​ដែល​យើង​ប្រើ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែរ។

ការ​ពន្យល់​ពាក្យ​ខ្លះ

  • យើង​ឲ្យ​តម្លៃ​ចំពោះ​សាល​ប្រជុំ​និង​កិច្ច​ប្រជុំ​របស់​យើង ដោយ​សារ​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ដែល​អញ្ជើញ​យើង​ឲ្យ​មក​ទី​នោះ។ សាល​ប្រជុំ​គឺ​ជា​កន្លែង​សំខាន់​ចម្បង​ដែល​យើង​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ ដូច្នេះ​ពេល​យើង​នៅ​ទី​នោះ យើង​ចង់​ឲ្យ​អ្វី​ទាំង​អស់​ដែល​យើង​និយាយ​និង​ធ្វើ សរសើរ​ព្រះ​យេហូវ៉ា​ព្រម​ទាំង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​គោរព​ប្រណិប័តន៍​លោក

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក