ការចាត់ទុកជីវិតដ៏ពិតជាអ្វីដែលមានតម្លៃបំផុត
តើជីវិតមានតែប៉ុណ្ណេះទេឬ? ដោយលើកទឹកចិត្តយើងឲ្យ«កាន់ខ្ជាប់នូវជីវិតដ៏ពិត[ព.ថ.]» ព្រះគម្ពីរបង្ហាញថា ជីវិតមិនមានតែប៉ុណ្ណេះទេ។ (ធីម៉ូថេទី១ ៦:១៧-១៩; «ចាប់បានជីវិតអស់កល្បជានិច្ច» [សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ]) បើសិនជាជីវិតរបស់យើងនៅសព្វថ្ងៃនេះមិនមែនជាជីវិតដ៏ពិតនោះទេ តើអ្វីទៅជាជីវិតដ៏ពិតនោះ?
បរិបទនៃបទគម្ពីរមុននេះបានបង្ហាញថា «ជីវិតអស់កល្បជានិច្ច» គឺជាអ្វីដែលបុគ្គលកោតខ្លាចព្រះគួរតែកាន់យ៉ាងខ្ជាប់។ (ធីម៉ូថេទី១ ៦:១២) ចំពោះមនុស្សជាច្រើន នេះមានន័យថាជីវិតអស់កល្បជានិច្ចនៅលើផែនដី។ អ័ដាម ដែលជាបុរសទីមួយ បានមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីមនោរម្យជានិរន្តរ៍។ (លោកុប្បត្តិ ១:២៦, ២៧) គាត់នឹងស្លាប់ បើកាលណាគាត់បានបរិភោគពី«ដើមដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:១៧) ប៉ុន្តែ ដោយសារតែអ័ដាមនិងប្រពន្ធរបស់គាត់ នាងអេវ៉ា បានបរិភោគពីដើមឈើដោយមិនស្ដាប់បង្គាប់នោះ ព្រះក៏បានកាត់ទោសប្រហារជីវិតពួកគេ។ ពួកគេបានស្លាប់នៅចំពោះព្រះនេត្ររបស់ព្រះ ‹នៅថ្ងៃដែលគេបានបរិភោគនោះ› ហើយរាងកាយរបស់ពួកគេក៏ចាប់ផ្ដើមធ្លាក់ទៅក្នុងសេចក្ដីស្លាប់ដែរ។ ជីវិតរបស់គេក៏លែងមានគុណភាពដូចពីមុនទៀតដែរ។
ផ្លូវនាំទៅឯ«ជីវិតដ៏ពិត»
ដើម្បីនឹងធ្វើឲ្យមាន«ជីវិតដ៏ពិត» ព្រះយេហូវ៉ាបានចាត់វិធានការដើម្បីរំដោះមនុស្សលោក។ ដើម្បីនឹងជួយយើងឲ្យយល់អំពីវិធានការនេះ សូមឲ្យយើងពិចារណានូវរោងចក្រតូចមួយ។ គ្រឿងម៉ាស៊ីនទាំងអស់នៅក្នុងរោងចក្រនោះ សុទ្ធតែមានគុណវិបត្ដិ ហើយបណ្ដាលឲ្យមានបញ្ហាដល់អ្នកធ្វើការទាំងឡាយ ពីព្រោះអ្នកធ្វើការពីមុន មិនបានអើពើនឹងសៀវភៅក្បួនទេ។ ម្ល៉ោះហើយក៏បានធ្វើឲ្យម៉ាស៊ីនខូចទាំងអស់។ អ្នកធ្វើការនៅសព្វថ្ងៃនេះ អាចប្រើបានតែម៉ាស៊ីនដែលគេមានប៉ុណ្ណោះ។ ម្ចាស់រោងចក្រចង់សង់ម៉ាស៊ីនឡើងវិញ ដើម្បីនឹងជួយពួកអ្នកធ្វើការរបស់គាត់។ ដូច្នេះគាត់ក៏បានសន្សំបេឡាទុកដោយឡែកសំរាប់គោលបំណងនេះ។
អ័ដាមដែលជាអ្នកប្រើម៉ាស៊ីនទីមួយ ពុំបានចាត់ទុកជីវិតជាអ្វីដែលមានតម្លៃបំផុត ដែលព្រះបានផ្ដល់ឲ្យគាត់នោះទេ។ ដូច្នេះ គាត់ក៏បានផ្ដល់ឲ្យជីវិតដែលមានខ្ចោះទៅកូនចៅរបស់គាត់ គឺស្រដៀងនឹងម៉ាស៊ីនដែលដើរមិនបានល្អនោះដែរ។ (រ៉ូម ៥:១២) ដូចជាពួកអ្នកដែលធ្វើការនៅរោងចក្រពេលក្រោយ ពុំអាចដោះស្រាយស្ថានការណ៍ទាំងនេះបាននោះ កូនចៅរបស់អ័ដាមក៏ពុំអាចទទួលជីវិតដ៏ពិតបានដែរ។ (ទំនុកដំកើង ៤៩:៧) ដើម្បីនឹងដោះស្រាយស្ថានការណ៍ដែលដូចជាគ្មានសង្ឃឹមនេះ ព្រះយេហូវ៉ាបានបញ្ជូនរាជបុត្រាតែមួយគត់ដែលបានកើតផ្ទាល់ពីព្រះឲ្យមកផែនដី ដើម្បីនឹងទិញជីវិតអស់កល្បជានិច្ចមកវិញសំរាប់មនុស្សលោក។ (លូកា ១:៣៥; ពេត្រុសទី១ ១:១៨, ១៩) ដោយសាតែបានទទួលមរណភាពជាយញ្ញបូជាសំរាប់មនុស្សលោក រាជបុត្រាតែមួយគត់ដែលបានកើតផ្ទាល់ពីព្រះ គឺព្រះយេស៊ូគ្រីស្ទ បានផ្ដល់នូវបេឡា—ព្រះជន្មដែលស្មើនឹងជីវិតដែលអ័ដាមបានបាត់បង់ទៅ។ (ម៉ាថាយ ២០:២៨; ពេត្រុសទី១ ២:២២) ឥឡូវនេះ ព្រះយេហូវ៉ាមានមូលដ្ឋានសំរាប់ផ្ដល់នូវជីវិតដ៏ពិតវិញបាន ដោយសារយញ្ញបូជាដ៏មានតម្លៃក្រៃលែងនេះ។
ចំពោះមនុស្សលោកដែលស្ដាប់បង្គាប់តាម យញ្ញបូជាលោះរបស់ព្រះយេស៊ូនឹងមានន័យជាជីវិតជាអនន្តនៅលើផែនដីមនោរម្យ។ (ទំនុកដំកើង ៣៧:២៩) សេចក្ដីសង្ឃឹមនេះនឹងមានទៅដល់អស់អ្នកដែលរួចរស់ជីវិតពី«ចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបំផុត»ដែលហៅថា អើម៉ាគេដូន។ (វិវរណៈ ១៦:១៤-១៦) សង្គ្រាមនេះនឹងកំទេចចោលអំពើអាក្រក់ជួជាតិទាំងអស់ពីផែនដី។ (ទំនុកដំកើង ៣៧:៩-១១) អស់ទាំងមនុស្សដែលនៅក្នុងសតិរបស់ព្រះ ដែលបានស្លាប់ទៅមុនអើម៉ាគេដូន នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅលើផែនដីមនោរម្យ ហើយមានសង្ឃឹមទទួលជីវិតដ៏ពិត ដែលបានទុកសំរាប់អស់អ្នកណាដែលស្ដាប់បង្គាប់តាមព្រះ។—យ៉ូហាន ៥:២៨, ២៩
ការចាំបាច់ក្នុងការថែរក្សាជីវិតរបស់យើងនៅបច្ចុប្បន្ននេះ
នេះមិនមានន័យថា យើងមិនគោរពដល់ភាពបរិសុទ្ធនៃជីវិតរបស់យើងសព្វថ្ងៃនេះទេ។ តើម្ចាស់រោងចក្រនឹងចំណាយពេលវេលា និងប្រាក់ ដើម្បីនឹងសង់ម៉ាស៊ីនឡើងវិញសំរាប់ឲ្យអ្នកធ្វើការដែលមិនចេះថែរក្សានោះឬ? ផ្ទុយទៅវិញ តើនិយោជកនឹងមិនប្រគល់ម៉ាស៊ីនដែលបានសង់ឡើងវិញនោះ ទៅដល់បុគ្គលដែលបានខំថែរក្សាម៉ាស៊ីនចាស់ទេឬអ្វី?
ជីវិតជារង្វាន់ដ៏មានតម្លៃមួយពីព្រះយេហូវ៉ា។ ជាប្រភពនៃរង្វាន់ដែលមានចិត្តមេត្ដា ទ្រង់មានព្រះហឫទ័យចង់ឲ្យយើងថែរក្សាជីវិតជាទីបំផុត។ (ទំនុកដំកើង ៣៦:៩; យ៉ាកុប ១:១៧) ក្នុងការថ្លែងអំពីការយកព្រះទ័យទុកដាក់របស់ព្រះយេហូវ៉ាចំពោះមនុស្សនៅលើផែនដីនេះ ព្រះយេស៊ូបានមានបន្ទូលថា៖ «សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ»។ (លូកា ១២:៧) ព្រះយេហូវ៉ាបានបញ្ជាឲ្យជនជាតិអ៊ីស្រាអែលកុំឲ្យប្រព្រឹត្តអំពើសម្លាប់។ នេះក៏មានអត្ថន័យថា កុំឲ្យសម្លាប់ខ្លួនឯងដែរ។ (និក្ខមនំ ២០:១៣) រឿងនេះជួយយើងឲ្យចៀសវាងពីគំនិតដែលថា ការសម្លាប់ខ្លួនជាជម្រើសមួយ។
ដោយយល់ដឹងថាព្រះយេហូវ៉ាស្រឡាញ់យើងនិងយកព្រះទ័យទុកដាក់នឹងសុខុមាលភាពរបស់យើង មនុស្សដែលកោតខ្លាចព្រះគួរតែអនុវត្តគោលការណ៍នៃព្រះគម្ពីរក្នុងការប្រព្រឹត្តរបស់គេនៅសព្វថ្ងៃនេះ។ ជាឧទាហរណ៍ ពីព្រោះជនគ្រីស្ទានបានតម្រូវឲ្យ‹សំអាតខ្លួនរបស់គេ ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ› គេចៀសវាងចេញពីថ្នាំជក់ និងគ្រឿងញៀនដែលអាចធ្វើឲ្យសតិប្រែប្រួល។—កូរិនថូសទី២ ៧:១
ការយកព្រះទ័យទុកដាក់របស់ព្រះមកលើជីវិតរបស់មនុស្ស គឺបានសម្ដែងថែមទៀតនៅក្នុងឱវាទរបស់ទ្រង់ឲ្យរក្សា«ចិត្តដែលស្ងប់រំងាប់» ហើយឲ្យចៀសវាងចេញពីការប្រព្រឹត្តអសីលធម៌។ (សុភាសិត ១៤:៣០; កាឡាទី ៥:១៩-២១) ដោយកាន់ខ្ជាប់តាមបមាណីយដ៏ខ្ពស់ទាំងនេះ យើងការពារខ្លួនយើងពីទម្លាប់ដែលធ្វើឲ្យខូចខាតសុខភាព និងរោគកាមឆ្លង។
សេចក្ដីខ្វល់ខ្វាយរបស់ព្រះយេហូវ៉ាចំពោះជីវិតរបស់ប្រជារាស្ត្រទ្រង់ ក៏បានឃើញជាក់ស្តែង នៅក្នុងព្រមានរបស់ទ្រង់ឲ្យទប់ពីការល្មោភស៊ីនិងការផឹកស្រាហួសហេតុ។ (ចោទិយកថា ២១:១៨-២១; សុភាសិត ២៣:២០, ២១) ព្រះគម្ពីរបានព្រមានជនគ្រីស្ទានថា មនុស្សលោភ និងពួកប្រមឹកនឹងពុំអាចទទួលព្រះរាជាណាចក្ររបស់ព្រះទុកជាមរដកបានឡើយ។ នេះមានន័យថា ពួកគេមុខជានឹងមិនបានពិសោធនូវជីវិតដ៏ពិតនោះទាល់តែសោះ។ (កូរិនថូសទី១ ៦:៩, ១០; ពេត្រុសទី១ ៤:៣) ដោយលើកទឹកចិត្តយើងឲ្យចេះប្រមាណត្រឹមត្រូវ ព្រះយេហូវ៉ាបង្រៀនយើងដើម្បីជាប្រយោជន៍ដល់ខ្លួនយើង។—អេសាយ ៤៨:១៧
ពេលយើងកាន់តាមបមាណីយរបស់ព្រះ យើងបង្ហាញថា យើងពិតជាចាត់ទុកជីវិតរបស់យើងជាអ្វីដែលមានតម្លៃបំផុតនៅសព្វថ្ងៃនេះ។ ប្រាកដហើយ ជីវិតដ៏ពិត គឺរឹតតែសំខាន់ជាងជីវិតនេះទៅទៀត។ ពីព្រោះជីវិតនោះជាជីវិតអស់កល្បជានិច្ច ហើយជនគ្រីស្ទានដាក់ទម្ងន់ទៅលើជីវិតនោះ ជាងជីវិតរបស់គេនៅសព្វថ្ងៃនេះ។ នៅពេលដែលព្រះយេស៊ូគ្រីស្ទបានបូជាព្រះជន្មរបស់ទ្រង់ ទ្រង់បានចុះចូលខ្លួនទ្រង់តាមបំណងរបស់ព្រះយេហូវ៉ា។ ការគោរពតាមព្រះវរបិតារបស់ទ្រង់ គឺសំខាន់ជាងព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះទៅទៀត។ ដំណើរនៃការប្រព្រឹត្តរបស់ព្រះយេស៊ូ បាននាំមកនូវការប្រោសទ្រង់ឲ្យរស់ឡើងវិញ ហើយទ្រង់បានទទួលជីវិតអមត:នៅក្នុងស្ថានសួគ៌។ (រ៉ូម ៦:៩) មរណភាពរបស់ទ្រង់ក៏បណ្ដាលឲ្យមានជីវិតអស់កល្បជានិច្ចដល់មនុស្សណាដែលស្ដាប់បង្គាប់តាមដែរ ដែលអនុវត្តជំនឿទៅលើយញ្ញបូជាលោះរបស់ទ្រង់។—ហេព្រើរ ៥:៨, ៩; ១២:២
ក្រិត្យវិន័យដ៏សំខាន់ជាជីវិតសម្ព័ន្ធចំពោះបញ្ហាឈាម
ជាការគួរឲ្យអធ្យាស្រ័យដែរ ដែលពួកអ្នកកាន់តាមព្រះយេស៊ូមានមតិដូចទ្រង់។ ពួកគេខំប្រឹងផ្គាប់ព្រះទ័យរបស់ព្រះគ្រប់បែបយ៉ាង ដូចជាព្រះគ្រីស្ទបានធ្វើដែរ។ ក្នុងករណីយមួយ នេះជាមូលហេតុដែលគេបដិសេធមិនព្រមទទួលការចាក់បញ្ចូលឈាម ដែលវេជ្ជបណ្ឌិតខ្លះយល់ថាជាការសង្គ្រោះជីវិតនោះ។ សូមឲ្យយើងពិនិត្យមើលអំពីរបៀបដែលបុគ្គលម្នាក់បង្ហាញថាគាត់ចាត់ទុកជីវិតដ៏ពិតជាអ្វីដែលមានតម្លៃបំផុត ដោយបដិសេធការចាក់បញ្ចូលឈាម។
ដូចព្រះយេស៊ូគ្រីស្ទដែរ ជនគ្រីស្ទានពិតប្រាថ្នាចង់នៅរស់នៅចំពោះព្រះនេត្ររបស់ព្រះ ហើយនេះត្រូវការការគោរពដល់ទ្រង់យ៉ាងពេញលេញ។ ពាក្យបន្ទូលរបស់ព្រះបានបញ្ជាអ្នកកាន់តាមព្រះយេស៊ូថា៖ «ឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១»។ (កិច្ចការ ១៥:២៨, ២៩) ហេតុអ្វីក៏ក្រិត្យវិន័យអំពីឈាម រាប់បញ្ចូលក្នុងចំណោមច្បាប់សំរាប់ជនគ្រីស្ទានដូច្នេះ?
ក្រិត្យវិន័យដែលបានផ្ដល់ទៅពួកជនជាតិអ៊ីស្រាអែល តម្រូវឲ្យពួកគេចៀសចេញពីឈាម។ (លេវីវិន័យ ១៧:១៣, ១៤) ពួកជនគ្រីស្ទានមិននៅក្រោមក្រិត្យវិន័យរបស់លោកម៉ូសេទេ។ តែគេដឹងថា ការបញ្ជាកុំឲ្យបរិភោគឈាមនោះ គឺមានមុនក្រិត្យវិន័យនោះទៅទៀត ដែលបានផ្ដល់ឲ្យទៅលោកណូអេបន្ទាប់ពីទឹកជំនន់ធំ។ (លោកុប្បត្តិ ៩:៣, ៤; កូល៉ុស ២:១៣, ១៤) ការបញ្ជានេះ គឺទាក់ទងដល់កូនចៅរបស់លោកណូអេទាំងអស់ ដែលគ្រប់សាសន៍នៅលើផែនដីនេះបានកើតចេញ។ (លោកុប្បត្តិ ១០:៣២) បន្ថែមទៀតនោះ ក្រិត្យវិន័យរបស់លោកម៉ូសេជួយយើងឲ្យយល់អំពីមូលហេតុនៃការម៉ឺងម៉ាត់របស់ព្រះចំពោះភាពបរិសុទ្ធនៃឈាម។ បន្ទាប់ពីបានហាមឃាត់ជនជាតិអ៊ីស្រាអែលមិនឲ្យបរិភោគឈាមគ្រប់ប្រភេទហើយ ព្រះបានមានបន្ទូលថា៖ «ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង។ ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន»។ (លេវីវិន័យ ១៧:១១) ព្រះបានទុកឈាមសំរាប់តែប្រើក្នុងការធ្វើយញ្ញបូជានៅលើអាសនាប៉ុណ្ណោះ។ ក្រិត្យវិន័យរបស់ទ្រង់ពីភាពបរិសុទ្ធនៃឈាម បង្ហាញថាទ្រង់មានអំណាចទៅលើជីវិតទាំងអស់នៅលើផែនដី។ (អេសេគាល ១៨:៤; វិវរណៈ ៤:១១) ដោយឃើញជីវិតរបស់យើងពីទស្សនៈរបស់ព្រះយេហូវ៉ា យើងយល់ថា ជីវិតមិនមែនជារបស់ផងយើងទេ ប៉ុន្តែគឺព្រះដែលបានប្រគល់មកយើងវិញ។
ដូចជាអ្នកប្រើម៉ាស៊ីននៅក្នុងរឿងប្រៀបប្រដូចរបស់យើង ដែលបានទទួលខុសត្រូវចំពោះម៉ាស៊ីននោះ ព្រះក៏បានប្រគល់ឲ្យយើងនូវជីវិតសព្វថ្ងៃនេះដែរ។ តើអ្នកនឹងធ្វើយ៉ាងណា បើសិនជាម៉ាស៊ីនរបស់អ្នកត្រូវការជួសជុល ហើយជាងម្នាក់បានប្រាប់ឲ្យប្រើគ្រឿងដែលបានហាមឃាត់នៅក្នុងសៀវភៅក្បួននោះ? តើអ្នកនឹងមិនសុំយោបល់ពីជាងឯទៀត ដើម្បីជួសជុលម៉ាស៊ីននោះ ឲ្យស្របទៅតាមសៀវភៅក្បួននោះទេឬអ្វី? ជីវិតរបស់មនុស្សគឺសំខាន់និងស្មុគស្មាញជាងម៉ាស៊ីននោះទៅទៀត។ នៅក្នុងពាក្យបន្ទូលរបស់ទ្រង់ ដែលជាសៀវភៅក្បួនសំរាប់រក្សាជីវិតមនុស្សឲ្យរស់ ព្រះជាអ្នកបង្កើតយើងបានហាមមិនឲ្យប្រើឈាមសំរាប់ទ្រទ្រង់ជីវិតឡើយ។ (ចោទិយកថា ៣២:៤៦, ៤៧; ភីលីព ២:១៦) តើការធ្វើតាមសៀវភៅក្បួននោះ មិនសមហេតុសមផលទេឬអ្វី?
តាមការពិត អ្នកជម្ងឺគ្រីស្ទានដែលស្នើសុំរកការព្យាបាលដែលមិនប្រើឈាម គឺមិនបដិសេធចោលពិធីព្យាបាលទាំងអស់ទេ។ ពួកគេគ្រាន់តែសុំរកពិធីព្យាបាលដែលបង្ហាញនូវសេចក្ដីគោរពរបស់គេចំពោះជីវិត—ឥឡូវនេះ និងនៅក្នុងអនាគតដែរ។ គ្រូពេទ្យទាំងឡាយដែលមានចិត្តក្លាហានគោរពតាមសេចក្ដីសម្រេចចិត្តរបស់ជនគ្រីស្ទានពីរឿងនេះ យល់ព្រមថាមានផលប្រយោជន៍ក្នុងការព្យាបាលតាមសេចក្ដីស្នើសុំរបស់គេ។ គ្រូពេទ្យវះកាត់ម្នាក់ដែលធ្លាប់ព្យាបាលដោយប្រើឈាមជាច្រើន បានមានប្រសាសន៍ថា៖ «ការជួបពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានបណ្ដាលឲ្យខ្ញុំប្រើវិធីព្យាបាលថ្មី»។ ឥឡូវនេះ សូម្បីតែពួកអ្នកជម្ងឺដែលមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ា ក៏គាត់ខំប្រឹងព្យាបាលដោយមិនប្រើឈាមដែរ។
ការចាត់ទុកជីវិតដ៏ពិតជាអ្វីដែលមានតម្លៃបំផុត
តើវិធីព្យាបាលថ្មីដែលគ្រូពេទ្យវះកាត់នេះបានរកឃើញពីការព្យាបាលពួកស្មរបន្ទាល់ព្រះយេហូវ៉ា ជាអ្វីទៅ? ឥឡូវនេះ គាត់បានយល់ដឹងថា ការព្យាបាលអ្នកជម្ងឺ មិនត្រឹមតែទាក់ទងនឹងរាងកាយដែលមានជម្ងឺប៉ុណ្ណោះទេ តែទាក់ទងដល់បុគ្គលទាំងមូល។ តើអ្នកជម្ងឺមិនគួរតែអនុញ្ញាតឲ្យស្នើសុំពិធីព្យាបាលដ៏ល្អបំផុត សំរាប់រាងកាយ វិញ្ញាណ និងសុខុមាលភាពខាងចិត្តរបស់គាត់ឬនាងដែរទេឬ?
ចំពោះនាងគូមីកូ ដែលមានអាយុ១៥ឆ្នាំ ការចាក់បញ្ចូលឈាមដើម្បីនឹងព្យាបាលជម្ងឺមហារីកឈាម គឺជាការជ្រើសរើសដ៏អាក្រក់មួយ។ ការខំពន្យារជីវិតរបស់នាងឲ្យបានយូរតាមវិធីនេះដល់ពីរបីអាទិត្យ ពីរបីខែ ឬពីរបីឆ្នាំនោះ គឺមិនស្មើនឹងអ្វីៗដែលនាងនឹងត្រូវបាត់បង់នៅវេលាខាងមុខនោះទេ។ ដោយបានថ្វាយជីវិតរបស់នាងទៅព្រះយេហូវ៉ា ជាស្មរបន្ទាល់របស់ទ្រង់ម្នាក់ នាងបានគោរពភាពបរិសុទ្ធនៃជីវិតនិងឈាម។ ថ្វីបើឪពុកនិងបងប្អូនរបស់នាងបានប្រឆាំងយ៉ាងខ្លាំងនឹងការសម្រេចចិត្តរបស់នាងក្ដី នាងគូមីកូ ឥតព្រមចុះចាញ់ឡើយ។ គ្រូពេទ្យរបស់នាងបានសួរនាងម្ដងទៀតថា៖ «បើសិនជាព្រះរបស់អ្នកអត់ឱនទោសចំពោះការប្រព្រឹត្តខុស តើទ្រង់នឹងមិនអត់ឱនទោសនឹងអ្នកទេឬអ្វី ថ្វីបើអ្នកយល់ព្រមចាក់បញ្ចូលឈាមនោះ»? គូមីកូឥតសម្របសម្រួលតាមទេ ដ្បិតនេះជាការបដិសេធចោលជំនឿពីរបស់ព្រះគម្ពីររបស់នាង។ នាងបានតាំងចិត្តយ៉ាងមាំមួនដោយ«កាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត»។ (ភីលីព ២:១៦, ព.ថ.) ជីដូនរបស់នាងដែលជាអ្នកមិនជឿនោះ បាននិយាយថា៖ «គូមីកូនឹងមិនព្រមលះបង់ជំនឿរបស់នាងឡើយ»។ មិនយូរប៉ុន្មាន អាកប្បកិរិយារបស់ឪពុកនិងជីដូន ព្រមទាំងពួកគ្រូពេទ្យ ក៏បានប្រែប្រួល។
ជំនឿដ៏មាំមួនរបស់គូមីកូទៅលើព្រះយេហូវ៉ា ដែលអាចប្រោសឲ្យនាងរស់ឡើងវិញពីសេចក្ដីស្លាប់ បានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តណាស់។ ពេលដែលនាងនៅមានជីវិត នាងបានអង្វរឪពុករបស់នាងថា៖ «ទោះបីបើខ្ញុំនឹងស្លាប់ទៅ ខ្ញុំនឹងបានជីវិតរស់ឡើងវិញនៅក្នុងសួនមនោរម្យ។ ប៉ុន្តែ បើសិនជាឪពុកស្លាប់នៅក្នុងសង្គ្រាមអើម៉ាគេដូន នោះខ្ញុំនឹងមិនអាចឃើញឪពុកទៀតទេ។ ដូច្នេះ សូមសិក្សាព្រះគម្ពីរចុះ»។ ឪពុករបស់នាងខំនិយាយថា៖ «បើកូនជាឡើងវិញ ឪពុកនឹងរៀន»។ ប៉ុន្តែ នៅពេលដែលគូមីកូបានស្លាប់ទៅ ដោយសារជម្ងឺរ៉ាំរ៉ៃនេះ ឪពុករបស់នាងបានដាក់សំបុត្រមួយទៅក្នុងក្ដារមឈូស ដែលបានសរសេរថា៖ «ឪពុកនឹងជួបកូននៅក្នុងសួនមនោរម្យ»។ ក្រោយពីបានធ្វើបុណ្យខ្មោចហើយ គាត់ក៏បាននិយាយទៅដល់អ្នកដែលបានទៅបុណ្យនោះថា៖ «ខ្ញុំបានសន្យាគូមីកូ ថាខ្ញុំនឹងជួបនាងនៅក្នុងសួនមនោរម្យ។ ថ្វីបើខ្ញុំមិនទាន់មានជំនឿក្ដី ពីព្រោះខ្ញុំមិនទាន់បានរៀនគ្រប់គ្រាន់ តែខ្ញុំប្ដេជ្ញានឹងពិនិត្យមើលឲ្យបានហ្មត់ចត់។ ដូច្នេះសូមជួយខ្ញុំផង»។ អ្នកឯទៀតនៅក្នុងក្រុមគ្រួសាររបស់នាង ក៏បានចាប់ផ្ដើមសិក្សាព្រះគម្ពីរដែរ។
គូមីកូបានមានសេចក្ដីគោរពចំពោះជីវិតណាស់ ហើយចង់បានការរស់នៅ។ នាងបានអបអរដល់គ្រូពេទ្យទាំងអស់ ដែលបានខំធ្វើការជួយសង្គ្រោះជីវិតរបស់នាង។ ប៉ុន្តែ ដោយធ្វើតាមអនុទ្ទេសនៅក្នុងសៀវភៅក្បួនរបស់អ្នកបង្កើត នាងបានបង្ហាញថា នាងអបអរជីវិតដ៏ពិតយ៉ាងក្រៃលែង។ ចំពោះមនុស្សរាប់លាន គេនឹងបានជីវិតអស់កល្បជានិច្ចនៅលើផែនដីមនោរម្យ។ តើអ្នកនឹងនៅក្នុងចំណោមពួកគេទេ?