ចូរទប់ទល់នឹងប្រពៃណីដែលផ្ទុយនឹងសីលធម៌!
ព្រះយេស៊ូបានមានបន្ទូលថា៖ «សេចក្ដីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច»។ (យ៉ូហាន ៨:៣២) ត្រូវហើយ សាសនាគ្រីស្ទាននឹងប្រោសមនុស្សឲ្យរួច—រួចចេញពីជំនឿឆ្វេង រួចចេញពីជំនឿនៃលទ្ធិនិងសង្ឃឹមមិនពិត រួចចេញពីសេវកភាពនៃការអនុវត្តន៍ដ៏ថោកទាប។
យ៉ាងណាក៏ដោយដូចជានៅពីបុរាណ ពួកជនគ្រីស្ទានសព្វថ្ងៃនេះច្រើនតែជួបប្រទះនឹងការបង្ខិតបង្ខំ ឲ្យត្រឡប់ទៅប្រព្រឹត្តអតីតប្រពៃណីវិញ។ (កាឡាទី ៤:៩, ១០) នេះមិនមែនមានន័យថា ទំនៀមទម្លាប់ដែលប្រជាប្រិយទាំងអស់នោះគឺសុទ្ធតែមានគ្រោះថ្នាក់នោះទេ។ ពិតមែនហើយ ជនគ្រីស្ទានម្នាក់អាចធ្វើតាមទំនៀមទម្លាប់នៃតំបន់ណាមួយ ដែលត្រឹមត្រូវ ថែមទាំងមានប្រយោជន៍ផង។ ប៉ុន្តែនៅពេលណាដែលទំនៀមទម្លាប់នោះប្រឆាំងនឹងបន្ទូលរបស់ព្រះ ពួកជនគ្រីស្ទាននឹងមិនសុខចិត្តប្រតិបត្ដិតាមឡើយ។ ដូច្នេះហើយ បានជាពួកស្មរបន្ទាល់ព្រះយេហូវ៉ា បានត្រូវគេស្គាល់ថាជាអ្នកមិនព្រមចូលរួមក្នុងការធ្វើបុណ្យណូអែល បុណ្យរំឭកខួប និងទំនៀមទម្លាប់ដទៃទៀតដែលប្រឆាំងនឹងបន្ទូលរបស់ព្រះ។
ការប្រព្រឹត្តដ៏ក្លាហានបែបនេះ ច្រើនតែធ្វើឲ្យមានការសើចចំអកនិងការប្រឆាំងពីអនាទរមិត្ត ពីអ្នកជិតខាងនិងបងប្អូនដែលមិនជឿ។ ជាពិសេស នេះបានកើតឡើងនៅក្នុងប្រទេសអាហ្វ្រិក ដែលមានប្រពៃណីជាច្រើនត្រូវធ្វើឡើងនៅពេលបុណ្យខ្មោច អាពាហ៍ពិពាហ៍ និងកំណើតកូន។ ការបង្ខិតបង្ខំឲ្យធ្វើតាមអាចមានឡើងដ៏ខ្លាំងណាស់—ជួនកាលថែមទាំងមានការគំរាមកំហែង និងអំពើឃោរឃៅផង។ តើតាមរបៀបណាដែលជនគ្រីស្ទានអាចឈរឲ្យបានមាំមួន? តើអាចជៀសវាងការប្រឈមមុខដោយមិនសុខចិត្តចុះចាញ់បានទេ? ក្នុងការឆ្លើយពីសំនួរទាំងនេះ សូមយើងពិនិត្យមើលពីរបៀបដែលជនគ្រីស្ទានស្មោះត្រង់បានប្រព្រឹត្តនឹងប្រពៃណីដែលមិនស្របនឹងបទគម្ពីរ។
ជំនឿឆ្វេងនៃទំនៀមទម្លាប់បុណ្យខ្មោច
នៅទ្វីបអាហ្វ្រិកខាងត្បូង មានប្រពៃណីជាច្រើនដែលទាក់ទងនឹងបុណ្យខ្មោច ហើយនិងការបញ្ចុះសព។ អ្នកសោកសង្រេងតែងតែចំណាយពេលវេលាពេញមួយយប់—ឬក៏ពីរបីយប់—នៅឯផ្ទះមរណៈទុក្ខ ដែលមានភ្លើងដុតឲ្យឆេះមិនចេះរលត់។ ពួកអ្នកដែលមានអ្នកស្លាប់ចោលទៅនោះ បានហាមមិនឲ្យដាំស្ល កាត់សក់ ឬក៏ងូតទឹកឡើយ រហូតទាល់តែការបញ្ចុះនោះបានធ្វើហើយ។ បន្ទាប់មក ពួកគេត្រូវតែលាងសំអាតខ្លួនដោយប្រើរុក្ខជាតិក្លិនក្រអូបលាយឡំគ្នា។ តើទំនៀមទម្លាប់បែបនេះសមនឹងពួកជនគ្រីស្ទានទេ? គឺមិនសមទេ។ ដ្បិតទំនៀមទម្លាប់ទាំងនេះទាក់ទងនឹងជំនឿពីព្រលឹងអមតៈ និងការខ្លាចពីអ្នកដែលបានស្លាប់ទៅ។
សាស្ដា ៩:៥ ចែងថា៖ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។ ដោយយល់ដឹងពីសេចក្ដីពិត នេះអាចធ្វើឲ្យជនណាម្នាក់រួចពីការខ្លាច‹វិញ្ញាណនៃពួកមនុស្សស្លាប់›។ ប៉ុន្តែ តើឲ្យជនគ្រីស្ទានម្នាក់ត្រូវធ្វើយ៉ាងណា នៅពេលដែលបងប្អូនដែលមានចិត្តស្មោះបង្ខំគាត់ ឬក៏នាងឲ្យចូលរួមនឹងក្បួនរីត៍បែបនេះ?
សូមពិនិត្យមើលរឿងរបស់ស្មរបន្ទាល់ម្នាក់ ជាជនជាតិអាហ្វ្រិកដែលមានឈ្មោះជែន ដែលមានឪពុកបានស្លាប់ទៅ។ នៅពេលបានមកដល់ផ្ទះបុណ្យខ្មោចនោះ គេត្រូវបានប្រាប់នាងថា នាងនិងគ្រួសាររបស់នាងត្រូវតែរាំជុំវិញសព ឲ្យពេញមួយយប់ ដើម្បីឲ្យសម្រួលចិត្តរបស់វិញ្ញាណរបស់មនុស្សស្លាប់។ នាងជែនរាយរាប់ថា៖ «ខ្ញុំបានប្រាប់គេថា ជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ខ្ញុំពុំអាចនឹងចូលរួមក្នុងការប្រព្រឹត្តបែបនេះបានទេ។ យ៉ាងណាក៏ដោយ មួយថ្ងៃក្រោយពីថ្ងៃបញ្ចុះសពមក បងប្អូនចាស់ៗបាននិយាយថា គេនឹងត្រូវតែងូតទឹកឲ្យសមាជិកនៃគ្រួសារ ដើម្បីជាសេចក្ដីការពារថែមទៀតពីវិញ្ញាណមនុស្សស្លាប់។ ម្ដងនេះទៀត ខ្ញុំបានជំទាស់នឹងការចូលរួម។ នៅពេលដំណាលគ្នានោះ គេបានទុកម្ដាយឲ្យនៅក្នុងផ្ទះដាច់ដោយឡែកពីគេ។ អស់អ្នកណាដែលចង់ចូលទៅជួបគាត់ ត្រូវតែផឹកស្រាដែលបានធ្វើឡើងសំរាប់ឲ្យអ្នកចូលទៅនោះ។
«ខ្ញុំបានបដិសេធមិនព្រមចូលរួមនឹងការទាំងអស់នេះ។ ផ្ទុយទៅវិញ ខ្ញុំបានទៅផ្ទះ រៀបចំម្ហូបអាហារ ហើយយកទៅឯផ្ទះដែលម្ដាយខ្ញុំបានស្នាក់នៅ។ រឿងនេះបានធ្វើឲ្យគ្រួសារខ្ញុំខកចិត្តណាស់។ បងប្អូនខ្ញុំបានគិតថា ខ្ញុំដូចជាមនុស្សមិនធម្មតាសោះ»។ ថែមទៅទៀត គេបានសើចចំអកដាក់នាង ដាក់បណ្ដាសាដល់នាង ហើយនិយាយថា៖ «ព្រោះតែឯងបានបដិសេធចោលពីប្រពៃណីរបស់យើង ដោយសារតែសាសនារបស់ឯងនោះ វិញ្ញាណរបស់ឪពុកអ្នកនឹងធ្វើទុក្ខទោសដល់អ្នកជាមិនខាន។ តាមពិត ឯងប្រហែលជាមិនអាចមានកូនទៀតបានផង»។ យ៉ាងណាក្ដី នាងជែនពុំបានមានចិត្តញញើតឡើយ។ តើមានលទ្ធផលយ៉ាងណាទៅ? នាងនិយាយថា៖ «នៅពេលគេធ្វើបុណ្យខ្មោចនោះ ខ្ញុំមានកូនពីរនាក់។ ឥឡូវនេះ ខ្ញុំមានកូនប្រាំមួយនាក់! រឿងនេះបានធ្វើឲ្យមានការអាម៉ាស់មុខ ដល់ពួកអ្នកដែលបានចោទមកខ្ញុំថា ខ្ញុំមិនអាចមានកូនថែមទៀតបាននោះ»។
ការ«សំអាត»ដោយសេពមេថុន
ទំនៀមទម្លាប់មួយទៀត ដែលទាក់ទងនឹងការសំអាតតាមពិធី គឺបន្ទាប់ពីសេចក្ដីស្លាប់របស់ប្ដីឬប្រពន្ធ។ ប្រសិនជាមានប្រពន្ធណាស្លាប់ទៅ គ្រួសាររបស់នាងនឹងត្រូវយកបងឬក៏ប្អូនស្រីថ្លៃ ឬក៏ស្ត្រីណាម្នាក់ដែលត្រូវជាប់ជាសាច់ញាតិជិតស្និទ្ធនឹងប្រពន្ធនោះ មកឲ្យប្ដីពោះម៉ាយ។ គាត់នឹងត្រូវតែចូលរួមសង្វាសជាមួយនាង។ នេះជាការចាំបាច់ បើសិនជាគាត់ចង់រៀបការជាមួយអ្នកណាម្នាក់ទៀតដែលគាត់ប្រាថ្នានោះ។ ការប្រព្រឹត្តបែបនេះក៏ត្រូវកើតឡើងដូចគ្នាដែរ ចំពោះស្ត្រីណាដែលមានប្ដីបានស្លាប់ទៅនោះ។ ការប្រព្រឹត្តបែបនេះ បាននឹកស្មានថាដើម្បីនឹងធ្វើឲ្យប្ដីឬប្រពន្ធណាដែលនៅរស់ ឲ្យបានបរិសុទ្ធពី«វិញ្ញាណ»របស់គូរដែលបានស្លាប់ទៅ។
អ្នកណាដែលមិនព្រមនឹងទទួលការ«សំអាត»បែបនេះនឹងប្រថុយជួបនឹងកំហឹងរបស់បងប្អូន។ គាត់ឬក៏នាងនឹងអាចត្រូវបានកាត់ចោលឲ្យនៅដាច់ពីគេ ហើយនិងទទួលនូវការសើចចំអកនិងការប្រកាសពីសេចក្ដីផ្ដន្ទាទោស។ យ៉ាងណាក៏ដោយ ក៏ជនគ្រីស្ទានមិនព្រមប្រព្រឹត្តតាមទំនៀមទម្លាប់បែបនេះដែរ។ គេដឹងថា ផ្ទុយពីការបាន«សំអាត» ការសេពមេថុនក្រៅពីអាពាហ៍ពិពាហ៍នេះ ជាការធ្វើឲ្យក្រខ្វក់ខ្លួនក្នុងព្រះនេត្ររបស់ព្រះ។ (កូរិនថូសទី១ ៦:១៨-២០) ម្យ៉ាងវិញទៀត ពួកជនគ្រីស្ទានត្រូវតែរៀបការ«ក្នុងព្រះអម្ចាស់»តែប៉ុណ្ណោះ។—កូរិនថូសទី១ ៧:៣៩
ស្ត្រីគ្រីស្ទានជនជាតិហ្សំប៊ីម្នាក់ឈ្មោះវ៉ាយលិត ត្រូវបានប្ដីរបស់នាងស្លាប់ចោលទៅ។ បន្ទាប់មក បងប្អូនគាត់បាននាំបុរសម្នាក់មកនាង ទាមទារឲ្យនាងចូលរួមដំណេកជាមួយ។ នាងវ៉ាយលិតបានបដិសេធ ហើយជាការដាក់ទណ្ឌកម្មដល់នាង ពួកគេក៏បានហាមនាងមិនឲ្យទៅដងទឹកពីអណ្ដូងសាធារណៈ។ នាងក៏បានត្រូវហាមមិនឲ្យដើរនៅផ្លូវធំ បើសិនជាមិនចង់មានការគ្រោះថ្នាក់ដល់នោះ។ យ៉ាងណាក៏ដោយ ក៏នាងមិនព្រមមានការកំសាកដោយបងប្អូនរបស់គាត់ ឬក៏ដោយអ្នកភូមិដទៃទៀត។
ក្រោយមក នាងវ៉ាយលិតក៏បានហៅឲ្យទៅឯតុលាការ។ នៅទីនោះ នាងបានពន្យល់ដោយម៉ឺងម៉ាត់ពីមូលហេតុតាមបទគម្ពីររបស់នាង ចំពោះការមិនព្រមចូលរួមនឹងការសេពមេថុនក្រៅច្បាប់។ តុលាការបានវិនិច្ឆ័យគាំទ្រនាងដោយថ្លែងថា តុលាការមិនអាចបង្ខំនាងឲ្យកាន់តាមទំនៀមទម្លាប់ ឬក៏ប្រពៃណីណាដែលប្រឆាំងនឹងជំនឿរបស់នាងឡើយ។ ជាការគួរឲ្យចាប់អារម្មណ៍ ការមិនយល់ព្រមដ៏មាំមួនរបស់នាង បានបន្ថយការបង្ខិតបង្ខំចំពោះពួកស្មរបន្ទាល់ព្រះយេហូវ៉ាដទៃទៀតនៅក្នុងភូមិនោះ ដែលពេលក្រោយមកបានជួបប្រទះបញ្ហាដូចនេះ។
ស្មរបន្ទាល់ជនជាតិអាហ្វ្រិកម្នាក់ ដែលមានឈ្មោះមោនីកា បានជួបប្រទះនឹងការបង្ខិតបង្ខំស្រដៀងនេះ បន្ទាប់ពីប្ដីរបស់នាងបានស្លាប់ទៅ។ គ្រួសារខាងបុរសនោះបានទាមទារចង់ផ្ដល់ប្ដីឲ្យនាងមួយទៀត។ នាងមោនីកាមានប្រសាសន៍ថា៖ «ខ្ញុំមិនបានយល់ព្រម ហើយប្ដេជ្ញាចិត្តនឹងគោរពតាមបញ្ជានៅកូរិនថូសទី១ ៧:៣៩»។ តែការបង្ខិតបង្ខំមិនបានធូរស្បើយឡើយ។ នាងមោនីការៀបរាប់ប្រាប់ថា៖ «ពួកគេបានគំរាមខ្ញុំ។ ពួកគេបាននិយាយថា៖ ‹បើអ្នកមិនព្រមទទួល អ្នកនឹងមិនបានរៀបការម្ដងទៀតឡើយ›។ គេព្រមទាំងអះអាងថា ពួកខ្លះក្នុងចំណោមជនគ្រីស្ទានរបស់ខ្ញុំ បានលួចលាក់ចូលរួមក្នុងការធ្វើពិធីសំអាតបែបនេះ»។ យ៉ាងណាក៏ដោយ នាងមោនីកាបានឈរយ៉ាងមាំមួន។ នាងមានប្រសាសន៍៖ «ខ្ញុំបាននៅម្នាក់ឯងអស់រយ:ពីរឆ្នាំ បន្ទាប់មកខ្ញុំក៏បានរៀបការម្ដងទៀតតាមផ្លូវគ្រីស្ទាន»។ ឥឡូវនេះ មោនីកាបំរើជាអ្នកត្រួសត្រាយពេញពេល។
ការរលូតកូន និងទារកស្លាប់ក្នុងពោះ
ពួកជនគ្រីស្ទាននៅអាហ្វ្រិកខាងត្បូងក៏ត្រូវតែប្រឈមដោះស្រាយនឹងទំនៀមទម្លាប់ដែលទាក់ទងពីការរលូតកូន និងទារកស្លាប់ក្នុងពោះដែរ។ រឿងដែលធ្វើឲ្យខ្លោចផ្សាទាំងនេះ គឺជាលទ្ធផលនៃអំពើមិនល្អឥតខ្ចោះរបស់មនុស្ស—មិនមែនជាទណ្ឌកម្មមកពីព្រះនោះទេ។ (រ៉ូម ៣:២៣) ប៉ុន្តែបើសិនជាស្ត្រីម្នាក់មានការរលូតកូននោះ ប្រពៃណីរបស់ប្រទេសអាហ្វ្រិកខ្លះ តម្រូវឲ្យប្រព្រឹត្តចំពោះនាងទុកដូចជាអ្នកដែលគេបន្សាត់ចោលឲ្យអស់ជាមួយរយ:។
ស្ត្រីម្នាក់ដែលទើបតែបានរលូតកូន មានការភ្ញាក់ណាស់ នៅពេលឃើញស្មរបន្ទាល់ម្នាក់កំពុងតែដើរឆ្ពោះទៅផ្ទះរបស់នាង។ នៅពេលដែលគាត់បានទៅជិត នាងបានស្រែកប្រាប់គាត់ថា៖ «សូមកុំមកទីនេះអី! យោងទៅតាមទំនៀមទម្លាប់របស់យើង ស្ត្រីណាដែលទើបតែបានរលូតកូន គឺមិនត្រូវឲ្យអ្នកណាមកលេងទេ»។ យ៉ាងណាក៏ដោយ ស្មរបន្ទាល់នោះក៏បានប្រាប់ទៅនាងថា ស្មរបន្ទាល់ព្រះយេហូវ៉ាយកសារព្រះគម្ពីរទៅឲ្យមនុស្សគ្រប់ប្រភេទ ហើយគេមិនធ្វើតាមទំនៀមទម្លាប់តាមតំបន់ចំពោះការរលូតកូននោះទេ។ បន្ទាប់មក គាត់ក៏បានអានអេសាយ ៦៥:២០, ២៣ ហើយបានពន្យល់ទៅនាងថា នៅក្រោមរាជាណាចក្ររបស់ព្រះ ការរលូតកូននិងទារកស្លាប់នៅក្នុងពោះនោះ នឹងមិនកើតមានឡើងទៀតទេ។ ជាលទ្ធផល ស្ត្រីនោះក៏បានទទួលការសិក្សាព្រះគម្ពីរតាមផ្ទះ។
ទំនៀមទម្លាប់តាមជំនឿឆ្វេង ក៏អាចទាក់ទងជាមួយនឹងការបញ្ចុះសពរបស់ទារកដែលកើតមកស្លាប់នោះដែរ។ នៅកាលដែលស្មរបន្ទាល់ម្នាក់ឈ្មោះយ៉ូសែបបានទៅកិច្ចបញ្ចុះសពមួយ គាត់ត្រូវបានគេប្រាប់ថាអ្នកទាំងអស់ដែលមកទីនោះ ត្រូវតែលាងដៃរបស់គេក្នុងរុក្ខជាតិក្រអូបម្យ៉ាង ហើយត្រូវលាបថ្នាំទៅលើទ្រូងគេ។ នេះគឺដើម្បីនឹងបង្ការកុំឲ្យ«វិញ្ញាណ»របស់ទារកនោះត្រឡប់មកវិញ មកធ្វើទុក្ខទោសដល់គេ។ ដោយគោរព យ៉ូសែបក៏មិនបានព្រមទទួលធ្វើបែបនោះ ពីព្រោះគាត់ដឹងពីសេចក្ដីបង្រៀនពីព្រះគម្ពីរ ដែលថាមនុស្សស្លាប់មិនអាចធ្វើទុក្ខទោសដល់មនុស្សរស់បានឡើយ។ តែនៅមានអ្នកខ្លះខំព្យាយាមបង្ខំគាត់ឲ្យលាបថ្នាំទៅ។ យ៉ូសែបក៏នៅតែឥតព្រមទទួលធ្វើតាម។ ដោយឃើញជំហររបស់ជនគ្រីស្ទានដ៏ក្លាហាននេះ អ្នកឯទៀតដែលនៅទីនោះក៏ឥតព្រមទទួលយកថ្នាំនោះដែរ។
សូមចៀសចេញពីការប្រឈមមុខ តែឈរដោយមាំមួន
ការខ្លាចដល់អ្នកនៅរស់ និងខ្លាចគេធ្វើឲ្យខ្លួនទៅជាអ្នកដែលគេបន្សាត់ចោលនោះ អាចទៅជាការជំរុញដ៏ខ្លាំងមួយក្នុងការសុខចិត្តប្រតិបត្ដិតាម។ សុភាសិត ២៩:២៥ ចែងថា៖ «ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់»។ ការពិសោធពីមុនទាំងអស់នោះ បង្ហាញពីសេចក្ដីពិតនៃពាក្យផ្នែកក្រោយក្នុងខនេះ៖ «តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ»។
យ៉ាងណាក៏ដោយ ការប្រឈមមុខជាច្រើនដងអាចចៀសចេញទៅបាន។ ជាឧទាហរណ៍ បើសិនជាជនគ្រីស្ទានណាម្នាក់បានត្រូវគេអញ្ជើញឲ្យទៅបុណ្យខ្មោចរបស់បងប្អូនណាមួយ គាត់មិនគួរតែចាំទាល់តែដល់ពេលវេលា ដែលគាត់ប្រហែលជាអាចសុខចិត្តប្រតិបត្ដិតាមបានឡើយ។ «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅ គេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ»។—សុភាសិត ២៧:១២
នេះជាការមានប្រាជ្ញា បើអាចសួរអំពីទំនៀមទម្លាប់មួយណាដែលនឹងត្រូវធ្វើតាមនោះ។ ប្រសិនជាទំនៀមទម្លាប់បែបនោះមិនសមរម្យទេ ជនគ្រីស្ទានអាចប្រើពេលវេលានោះជាឱកាសដើម្បីនឹងពន្យល់នូវហេតុអ្វីដែលគាត់មិនអាចចូលរួមទៅបាន ហើយត្រូវពន្យល់«ដោយសុភាពហើយកោតខ្លាច»។ (ពេត្រុសទី១ ៣:១៥) នៅពេលណាដែលជនគ្រីស្ទានបានពន្យល់ជំនឿរបស់គាត់ពីមុនដោយគោរពនោះ បងប្អូនរបស់គាត់នឹងច្រើនតែមានការយោគយល់ពីជំនឿរបស់គាត់ ហើយនិងមិនសូវប្រើការគំរាមកំហែង ហើយនិងការបំភ័យទេ។
ទោះបីការតបឆ្លើយរបស់បងប្អូនជាយ៉ាងណាក្ដី ក៏ជនគ្រីស្ទានមិនត្រូវសុខចិត្តប្រតិបត្ដិតាម ប្រពៃណីដែលមិនផ្ដល់កិត្ដិយសដល់ព្រះឡើយ—មិនថាមានការគំរាមកំហែង ឬការធ្វើទុក្ខទោសដល់គាត់ណាក្ដី។ យើងបានរួចផុតពីការខ្លាចដោយជំនឿឆ្វេង។ សាវ័កប៉ុលបានដាស់តឿនថា៖ «ព្រះគ្រីស្ទបានប្រោសយើងឲ្យរួចហើយ ដូច្នេះចូរអ្នករាល់គ្នាឈរឲ្យមាំមួន ក្នុងសេរីភាពនោះចុះ កុំឲ្យត្រូវជាប់ចំណងជាបាវបំរើទៀតឡើយ»។—កាឡាទី ៥:១
[រូបភាពនៅទំព័រ៩]
មនុស្សច្រើនជឿថា បុគ្គលណាដែលទើបតែនឹងស្លាប់អាចធ្វើជាអ្នកអន្តរការី ហើយអាចនាំសារទៅដល់បងប្អូនដែលបានស្លាប់ទៅជាយូរមកហើយ