ព្រះ រដ្ឋាភិបាល និងអ្នក
«សាសនាគ្រីស្ទាននិងរដ្ឋាភិបាលប្រឈមមុខគ្នានឹងប្រជាមតិអំពីការលែងលះគ្នានៅប្រទេសអៃរ៍ឡឹនដ៍»។
ចំណងជើងនេះនៅក្នុងសារពត៌មានញូវយ៉កថែម្ស បង្ហាញអំពីរបៀបដែលមនុស្សសព្វថ្ងៃនេះ អាចប្រឈមមុខនឹងការជ្រើសរើសរវាងការគាប់ចិត្តរដ្ឋនិងការកាន់តាមសេចក្ដីបង្រៀននៃសាសនារបស់ខ្លួន។
អត្ថបទនោះថ្លែងថា៖ «ក្នុងរយៈពេលតិចជាងមួយខែ មុនប្រជាមតិដែលថាតើត្រូវលុបចោលច្បាប់ធម្មនុញ្ញដែលបំរាមដល់ការលែងលះគ្នា ពួករ៉ូម៉ាំងកាតូលិកជាច្រើនក្នុងប្រទេសអៃរ៍ឡឹនដ៍បានឃើញទំនាស់ដែលកម្រមានមួយ រវាងពួកមេដឹកនាំរដ្ឋាភិបាលនិងពួកមេដឹកនាំសាសនា»។ រដ្ឋបានស្នើសុំឲ្យដកយកចេញការបំរាមដល់ការលែងលះគ្នា តែសាសនាកាតូលិកប្រឆាំងយ៉ាងខ្លាំងដល់ការលែងលះគ្នាហើយការរៀបការម្ដងទៀត។ ប្រជាជនអៃរ៍ឡឹនដ៍ដែលជាកាតូលិកត្រូវតែជ្រើសរើសរវាងសាសនាខ្លួននិងរដ្ឋ។ ដូចជាបានឃើញមក រដ្ឋបានឈ្នះដោយមួយចំនួនតូច។
ជាការជាក់ស្តែងទៀត ប្រជាជនអៃរ៍ឡឹនដ៍ខាងជើងបានប្រឈមមុខជាច្រើនឆ្នាំមកហើយនឹងទំនាស់ដ៏ជូរចត់មួយចំពោះអធិបតេយ្យភាពជាតិ។ មនុស្សជាច្រើនបានបាត់បង់ជីវិត។ ពួករ៉ូម៉ាំងកាតូលិកនិងពួកប្រូតេស្តង់មានមតិផ្ទុយគ្នា ដោយមិនដឹងចុះចូលនឹងរដ្ឋមួយណា៖ ការបន្តអាណានិគមអង់គ្លេសនៅអៃរ៍ឡឹនដ៍ខាងជើង ឬធ្វើមជ្ឈការរដ្ឋាភិបាលមួយសំរាប់ប្រទេសអៃរ៍ឡឹនដ៍ទាំងមូល។
ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសដែលពីដើមជាយូហ្គូស្លាវៀ អាជ្ញាធរតម្រូវឲ្យសមាជិកសាសនាផ្សេងៗ រួមទាំងកាតូលិកនិងអូធូដុក្ស ឲ្យប្រយុទ្ធគ្នាក្នុងចំបាំងដើម្បីទឹកដី។ ចំពោះប្រជាពលរដ្ឋសាមញ្ញ តើអ្វីជាភារកិច្ចសីលធម៌ដ៏សំខាន់បំផុតរបស់គេ? តើពួកគេត្រូវធ្វើតាមពួកអ្នកដែលអះអាងថាខ្លួនតំណាងរដ្ឋ ឬតើពួកគេត្រូវគោរពតាមព្រះ ដែលមានបន្ទូលថា៖ «កុំឲ្យសំឡាប់មនុស្សឲ្យសោះ . . . ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»?—រ៉ូម ១៣:៩
អ្នកប្រហែលជាគិតថា ស្ថានការណ៍បែបនេះមិនអាចកើតឡើងដល់អ្នកឡើយ។ ប៉ុន្តែនេះអាចកើតឡើង តាមការពិត នេះអាចធ្វើឲ្យអ្នកខ្វល់ខ្វាយសូម្បីតែឥឡូវនេះ។ ក្នុងសៀវភៅរបស់លោកឈ្មោះ រដ្ឋាភិបាលក្នុងសញ្ញាថ្មី សាសនវិទូអូស្ការ៍ ឃុលម៉ាន និយាយអំពី«ពួកគ្រីស្ទានទំនើបត្រូវតែ ឬក៏គេអាចហៅឲ្យសំរេចចិត្តស្លាប់រស់ក្នុងស្ថានការណ៍ទាល់ច្រកណាមួយ នៅពេលដែលរដ្ឋាភិបាលកាន់អំណាចផ្ដាច់ការគំរាមកំហែងដាក់នោះ»។ ម្យ៉ាងវិញទៀត លោកក៏បាននិយាយអំពី«ភារៈដ៏ពិតប្រាកដនិងសំខាន់នៃគ្រីស្ទានម្នាក់ៗ—ព្រមទាំងគ្រីស្ទានដែលរស់នៅក្រោមស្ថានភាពដែលគេហៅថា‹ធម្មតា› ‹ប្រក្រតី›—ដើម្បីប្រឈមមុខនិងដោះស្រាយបញ្ហាធ្ងន់ៗដែលគាត់ជួបប្រទះ ពីព្រោះគាត់ជាគ្រីស្ទានម្នាក់»។
ដូច្នេះ តើទំនាក់ទំនងរវាងសាសនានិងរដ្ឋ គួរធ្វើពួកគ្រីស្ទានចាប់អារម្មណ៍នៅសព្វថ្ងៃនេះទេ? វាគួរតែចាប់អារម្មណ៍ ដ្បិតតាំងពីដើមកាលមកម្ល៉េះ ពួកគ្រីស្ទានបានព្យាយាមបណ្ដុះទស្សនៈដ៏ថ្លឹងថ្លែងមួយអំពីអាជ្ញាធរ។ ព្រះយេស៊ូគ្រីស្ទ ជាមេដឹកនាំរបស់គេ ត្រូវបានរដ្ឋាភិបាលរ៉ូម៉ាំងកាត់ទោស ផ្ដន្ទាទោស ហើយធ្វើគុតដល់ទ្រង់។ ពួកសិស្សរបស់ទ្រង់ត្រូវតែថ្លឹងថ្លែងកាតព្វកិច្ចគ្រីស្ទានរបស់គេជាមួយនឹងភារកិច្ចសំរាប់ចក្រភពរ៉ូម៉ាំង។ ដូច្នេះ ការពិនិត្យមើលសាឡើងវិញអំពីទំនាក់ទំនងរវាងពួកគេនិងពួកអាជ្ញាធរ នឹងផ្ដល់ឲ្យគោលការណ៍សំរាប់ពួកគ្រីស្ទាននៅសព្វថ្ងៃនេះ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Tom Haley/Sipa Press