បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៨ ទំ. ៥-៨
  • គ្រីស្ទានសម័យដើមនិងរដ្ឋាភិបាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គ្រីស្ទានសម័យដើមនិងរដ្ឋាភិបាល
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មិន​មែន​ជា​ខាង​លោកីយ៍​ហើយ​ក៏​មិន​មែន​ជា​សត្រូវ
  • គោរព មិន​មែន​ថ្វាយ​បង្គំ
  • «នៅ​លើ​ជាយ​នៃ​សង្គម»
  • ការ​ថ្វាយ​របស់​សេសារ
  • ការ​ប្រិតប្រៀន​ថ្លឹង​ថ្លែង​សេចក្ដី​តម្រូវ​ពីរ​ដែល​ប្រជែង​គ្នា
  • ការ​សម្រប​សម្រួល​ជា​មួយ​រដ្ឋ
  • ព្រះនិងសេសារ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការថ្វាយរបស់សេសារទៅសេសារ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ទស្សនៈគ្រីស្ទានចំពោះអំណាច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៨ ទំ. ៥-៨

គ្រីស្ទាន​សម័យ​ដើម​និង​រដ្ឋាភិបាល

បីបួន​ម៉ោង​មុន​ការ​សោយទិវង្គត​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ថា​៖ «ខ្ញុំ​បាន​រើស[អ្នក​រាល់​គ្នា]ចេញ​ពី​លោកីយ​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ​ទៀត នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា»។ (យ៉ូហាន ១៥:១៩) ដូច្នេះ តើ​នេះ​មាន​ន័យ​ថា​គ្រីស្ទាន​នឹង​កាន់​អាកប្បកិរិយា​ជា​សត្រូវ​ចំពោះ​អាជ្ញាធរ​នៃ​លោកីយ៍​នេះ​ឬ?

មិន​មែន​ជា​ខាង​លោកីយ៍​ហើយ​ក៏​មិន​មែន​ជា​សត្រូវ

សាវ័ក​ប៉ុល​បាន​ប្រាប់​គ្រីស្ទាន​រស់​នៅ​រ៉ូម​ថា​៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ»។ (រ៉ូម ១៣:១) សាវ័ក​ពេត្រុស​សរសេរ​ដូច​នេះ​ដែរ​៖ «ចូរ​ឲ្យ​ចុះ​ចូល​នឹង​គ្រប់​ទាំង​ច្បាប់​នៃ​មនុស្ស​លោក​ដោយ​យល់​ដល់​ព្រះ​អម្ចាស់ ទោះ​បើ​នឹង​ស្តេច ទុក​ជា​ធំ​បណ្ដាច់ ឬ​នឹង​ចៅហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់​ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​វិញ»។ (ពេត្រុសទី១ ២:១៣, ១៤) ការ​ចុះ​ចូល​តាម​រដ្ឋាភិបាល​និង​ពួក​អ្នក​តំណាង​ដែល​រើស​តាំង​ត្រឹម​ត្រូវ គឺ​ច្បាស់​ជា​គោលការណ៍​មួយ​ដែល​យល់​ស្រប​ក្នុង​ចំណោម​ពួក​គ្រីស្ទាន​ពីដើម។ ពួក​គេ​ខំ​ប្រឹង​ឲ្យ​បាន​ទៅ​ជា​ប្រជាពលរដ្ឋ​ដែល​គោរព​ច្បាប់​ហើយ​ឲ្យ​រស់​នៅ​ដោយ​សន្ដិសុខ​ជា​មួយ​មនុស្ស​ទាំង​អស់។—រ៉ូម ១២:១៨

ក្រោម​ចំណង​ជើង «សាសនា​និង​រដ្ឋ» សព្វ​វចនាធិប្បាយ​នៃ​សាសនា ប្រកាស​ថា​៖ «ក្នុង​រវាង​បី​សតវត្ស​ដំបូង គ្រីស្ទ​សករាជ សាសនា​គ្រីស្ទាន​បាន​ដាច់​ស្រយាល​ពី​សង្គម​ផ្លូវការ​របស់​រ៉ូម៉ាំង . . .។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ពួក​មេ​ដឹក​នាំ​គ្រីស្ទាន . . . បាន​បង្រៀន​ឲ្យ​ចេះ​គោរព​ដល់​ច្បាប់​រ៉ូម៉ាំង ហើយ​ឲ្យ​មាន​ចិត្ត​ស្មោះ​ចំពោះ​រាជាធិរាជ ទៅ​តាម​កំរិត​នៃ​គោល​ជំនឿ​គ្រីស្ទាន»។

គោរព មិន​មែន​ថ្វាយ​បង្គំ

ពួក​គ្រីស្ទាន​មិន​មែន​ជា​សត្រូវ​ដល់​រាជាធិរាជ​រ៉ូម៉ាំង​ទេ។ ពួក​គេ​គោរព​ដល់​អំណាច​របស់​លោក ហើយ​ឲ្យ​កិត្ដិយស​ដែល​សម​នឹង​ឋានៈ​លោក។ ក្នុង​កំឡុង​ការ​សោយ​រាជ្យ​នៃ​រាជាធិរាជនារ៉ូ សាវ័ក​ពេត្រុស​បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​ដែល​រស់​ក្នុង​ផ្នែក​ផ្សេងៗ​នៃ​ចក្រភព​រ៉ូម៉ាំង​ថា​៖ «ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ . . . ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ស្តេច​ផង»។ (ពេត្រុសទី១ ២:១៧) ពាក្យ​«ស្តេច»​នេះ​ត្រូវ​បាន​ប្រើ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​ក្រិក ដែល​មិន​គ្រាន់​តែ​សំដៅ​ទៅ​ស្តេច​ក្នុង​តំបន់​ប៉ុណ្ណោះ តែ​សំដៅ​ទៅ​រាជាធិរាជ​រ៉ូម៉ាំង​ដែរ។ សាវ័ក​ប៉ុល​បាន​ទូន្មាន​ពួក​គ្រីស្ទាន​ដែល​រស់​នៅ​ក្នុង​រាជធានី​នៃ​ចក្រភព​រ៉ូម៉ាំង​ថា​៖ «ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ . . . ហើយ​ត្រូវ​គោរព​ប្រតិបត្ដិ​ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ»។ (រ៉ូម ១៣:៧) រាជាធិរាជ​រ៉ូម៉ាំង​គឺ​ប្រាកដ​ជា​គួរ​ទទួល​ការ​គោរព។ ក្រោយ​មក លោក​ថែម​ទាំង​បាន​ទាមទារ​នូវ​ការ​ថ្វាយ​បង្គំ។ ត្រង់​នេះ​ហើយ ដែល​គ្រីស្ទាន​ពីដើម​មិន​បាន​ចុះ​ចូល។

កាល​កំពុង​កាត់​ក្ដី​នៅ​ពី​មុខ​ចៅហ្វាយ​ខេត្ត​រ៉ូម៉ាំង​ក្នុង​សតវត្ស​ទីពីរ មុន​សករាជ​យើង ផុល្លី​ខាប​បាន​ប្រកាស​ថា​៖ «ខ្ញុំ​ជា​គ្រីស្ទាន . . .។ យើង​បាន​រៀន​មក​ថា យើង​ត្រូវ​តែ​គោរព​ប្រតិបត្ដិ . . . ដល់​អំណាច​និង​អាជ្ញាធរ​ទាំង​ឡាយ​ណា​ដែល​ព្រះ​តាំង​ឡើង»។ ប៉ុន្តែ ផុល្លី​ខាប​បាន​សុខ​ចិត្ត​ស្លាប់​ជាជាង​ថ្វាយ​បង្គំ​ដល់​រាជាធិរាជ។ អ្នក​និពន្ធ​សតវត្ស​ទីពីរ​ម្នាក់​ឈ្មោះ​ធីអូភិលិស ពី​ស្រុក​អាន់ទីយ៉ូក បាន​សរសេរ​ថា​៖ «ខ្ញុំ​នឹង​សុខ​ចិត្ត​គោរព​រាជាធិរាជ ខ្ញុំ​មិន​ព្រម​ថ្វាយ​បង្គំ​លោក​ទេ តែ​សុខ​ចិត្ត​អធិស្ឋាន​ឲ្យ​លោក។ ចំពោះ​ព្រះ​វិញ ជា​ព្រះ​ពិត​ដែល​មាន​ព្រះ​ជន្ម​រស់ ខ្ញុំ​នឹង​ថ្វាយ​បង្គំ​ទ្រង់»។

ការ​អធិស្ឋាន​ត្រឹម​ត្រូវ​ឲ្យ​រាជាធិរាជ មិន​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​រាជាធិរាជ ឬ​សាសន៍​និយម​ឡើយ។ សាវ័ក​ប៉ុល​ពន្យល់​អំពី​គោល​បំណង​នៃ​ការ​អធិស្ឋាន​នេះ​ថា​៖ «ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ​គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ គឺ​ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខសាន្ត ហើយ​ស្រគត់ស្រគំ ដោយ​កោត​ខ្លាច ហើយ​ដោយ​នឹង​ធឹង​គ្រប់​ជំពូក»។—ធីម៉ូថេទី១ ២:១, ២

«នៅ​លើ​ជាយ​នៃ​សង្គម»

អាកប្បកិរិយា​ដ៏​ចេះ​គោរព​នៃ​ពួក​គ្រីស្ទាន​ពីដើម ពុំ​បាន​នាំ​ឲ្យ​ពួក​គេ​មាន​មិត្តភាព​ក្នុង​លោកីយ៍​ដែល​គេ​បាន​រស់​នៅ​នោះ​ទេ។ អ្នក​ប្រវត្ដិសាស្ត្រ​បារាំង​ម្នាក់​ឈ្មោះ អេ ហាម៉ាន រាយការណ៍​ថា ពួក​គ្រីស្ទាន​ពីដើម​«រស់​នៅ​លើ​ជាយ​នៃ​សង្គម»។ តាម​ការ​ពិត ពួក​គេ​រស់​នៅ​លើ​ជាយ​នៃ​សង្គម​ពីរ គឺ​សង្គម​យូដា​និង​រ៉ូម៉ាំង ដោយ​ជួប​ប្រទះ​ការ​លំអៀង​ជា​ច្រើន​និង​ការ​យល់​ច្រឡំ​ពី​សង្គម​ទាំង​ពីរ។

ជា​ឧទាហរណ៍ កាល​ដែល​ពួក​មេ​ដឹក​នាំ​យូដា​ចោទ​គាត់​ដោយ​មិន​ពិត សាវ័ក​ប៉ុល​បាន​ដោះសា​ខ្លួន​ដោយ​ថ្លែង​ប្រាប់​នៅ​ពី​មុខ​ចៅហ្វាយ​ខេត្ត​រ៉ូម៉ាំង​ថា​៖ «ខ្ញុំ​ប្របាទ​មិន​បាន​ធ្វើ​បាប​អ្វី​សោះ ទោះ​នឹង​ក្រិត្យ​វិន័យ​របស់​សាសន៍​យូដា ឬ​នឹង​ព្រះ​វិហារ ឬ​នឹង​សេសារ​ក្ដី . . . ខ្ញុំ​ប្របាទ​សូម​រើ​ក្ដី​នេះ​ដល់​សេសារ​វិញ»! (កិច្ចការ ២៥:៨, ១១) ដោយ​ដឹង​ថា​ពួក​យូដា​បាន​ប៉ុនប៉ង​លួច​សំឡាប់​គាត់ ប៉ុល​បាន​អំពាវនាវ​ដល់​នា​រ៉ូ​ឲ្យ​ជួយ ដូច្នេះ​បង្ហាញ​ថា​គាត់​ទទួល​ស្គាល់​អំណាច​នៃ​រាជាធិរាជ​រ៉ូម៉ាំង។ បន្ទាប់​មក ក្នុង​ការ​វិនិច្ឆ័យ​ក្ដី​ទី​មួយ​នៅ​ក្រុង​រ៉ូម គាត់​ក៏​បាន​រួច​ខ្លួន​ទៅ។ ប៉ុន្តែ ក្រោយ​មក គាត់​បាន​ជាប់​គុក​ម្ដង​ទៀត ហើយ​យោង​ទៅ​តាម​ទំនៀម​ទំលាប់ គាត់​ក៏​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​តាម​បង្គាប់​របស់​នា​រ៉ូ។

ចំពោះ​គោល​ជំហរ​ដ៏​លំបាក​នៃ​ពួក​គ្រីស្ទាន​ពីដើម​ក្នុង​សង្គម​រ៉ូម៉ាំង សង្គម​វិទូ​និង​សាសនវិទូ ឈ្មោះ​អាន្ស ត្រូ​ល្ស បាន​សរសេរ​ថា​៖ «គ្រប់​ការិយាល័យ​និង​សកម្មភាព​ណា​ដែល​ទាក់ទង​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ ឬ​ការ​ថ្វាយ​បង្គំ​រាជាធិរាជ ឬ​ពួក​ណា​ដែល​ទាក់ទិន​នឹង​ការ​បង្ហូរ​ឈាម ឬ​ទោស​ប្រហារ​ជីវិត ឬ​ពួក​ណា​ដែល​នាំ​គ្រីស្ទាន​ឲ្យ​ចូល​ឡូកឡំ​ក្នុង​អំពើ​ឥត​សីលធម៌​នៃ​ពួក​ពាហិរជន នោះ​ត្រូវ​កាត់​កាល​ចេញ»។ តើ​គោល​ជំហរ​នេះ​ធ្វើ​ឲ្យ​លែង​មាន​ទំនាក់ទំនង​ដ៏​សុខសាន្ត​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គ្រីស្ទាន​និង​រដ្ឋ​ឬ?

ការ​ថ្វាយ​របស់​សេសារ

ព្រះ​យេស៊ូ​បាន​ប្រទាន​វិធាន​មួយ​ដែល​នឹង​គ្រប់គ្រង​លើ​អាកប្បកិរិយា​គ្រីស្ទាន​ចំពោះ​រដ្ឋ​រ៉ូម៉ាំង ឬ​ក៏​សំរាប់​រដ្ឋាភិបាល​ណា​ផ្សេង​ទៀត នៅ​ពេល​ដែល​ទ្រង់​ប្រកាស​ថា​៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ»។ (ម៉ាថាយ ២២:២១) ដំបូន្មាន​នេះ​ដែល​ផ្ដល់​ឲ្យ​ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ គឺ​ផ្ទុយ​ស្រឡះ​នឹង​អាកប្បកិរិយា​នៃ​ពួក​យូដា​ជា​ច្រើន​ដែល​ជា​ពួក​ប្រកាន់​សាសន៍ ហើយ​តូច​ចិត្ត​នឹង​អាណានិគម​រ៉ូម៉ាំង ហើយ​បាន​ជំទាស់​តវ៉ា​នឹង​ការ​បង់​ពន្ធ​អាករ​ទៅ​ឲ្យ​អំណាច​បរទេស។

ក្រោយ​មក ប៉ុល​បាន​ប្រាប់​គ្រីស្ទាន​រស់​នៅ​ក្នុង​រ៉ូម​ថា​៖ «ដូច្នេះ​ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្ត​ផង។ ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពីព្រោះ​លោក​ទាំង​នោះ[ពួក​អ្នក​រដ្ឋ​ការ]ជា​ភ្នាក់ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួតត្រា​ការ​នោះ​ឯង​ជានិច្ច។ ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ​គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ​គយ»។ (រ៉ូម ១៣:៥​-​៧) កាល​ដែល​ពួក​គ្រីស្ទាន​មិន​មែន​ជា​ផ្នែក​នៃ​លោកីយ៍​នេះ ពួក​គេ​តម្រូវ​ឲ្យ​បាន​ទៅ​ជា​ពលរដ្ឋ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បង់​ពន្ធ ដោយ​សង​ទៅ​រដ្ឋ​ចំពោះ​ហិត​ប្រយោជន៍​ដែល​បាន​ធ្វើ​ឡើង។—យ៉ូហាន ១៧:១៦

ប៉ុន្តែ តើ​បន្ទូល​របស់​ព្រះ​យេស៊ូ​សំដៅ​ទៅ​ការ​បង់​ពន្ធ​ប៉ុណ្ណោះ​ឬ? ដោយ​ព្រោះ​តែ​ព្រះ​យេស៊ូ​មិន​បាន​ប្រាប់​ឲ្យ​បាន​ច្បាស់​លាស់​នូវ​អ្វី​ជា​របស់​សេសារ​និង​អ្វី​ជា​របស់​ព្រះ ករណី​នេះ​មិន​ច្បាស់​ជា​ខាង​ណា​ម្ខាង ដូច្នេះ​ត្រូវ​តែ​សំរេច​ទៅ​តាម​បរិបទ ឬ​ទៅ​តាម​ការ​យល់​ដឹង​ព្រះ​គម្ពីរ​ទាំង​មូល​របស់​យើង។ បើ​និយាយ​ឲ្យ​ចំ​ទៅ ការ​សំរេច​អ្វីៗ​ដែល​គ្រីស្ទាន​អាច​ថ្វាយ​ទៅ​សេសារ ជួន​កាល​ទាក់ទង​ដល់​មនសិការ​របស់​គ្រីស្ទាន ដូច​ជា​គោលការណ៍​ព្រះ​គម្ពីរ​បាន​បំភ្លឺ​មក។

ការ​ប្រិតប្រៀន​ថ្លឹង​ថ្លែង​សេចក្ដី​តម្រូវ​ពីរ​ដែល​ប្រជែង​គ្នា

មនុស្ស​ជា​ច្រើន​ចេះ​តែ​ភ្លេច​បន្ទូល​របស់​ព្រះ​យេស៊ូ​នេះ​ដែល​ថា​៖ «[ចូរ​ថ្វាយ]របស់​ព្រះ​ទៅ​ព្រះ» បន្ទាប់​ពី​ទ្រង់​មាន​បន្ទូល​ប្រាប់​ឲ្យ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​នោះ។ សាវ័ក​ពេត្រុស​បាន​បង្ហាញ​មួយ​ណា​ដែល​សំខាន់​សំរាប់​គ្រីស្ទាន។ បន្ទាប់​ពី​បាន​ទូន្មាន​ឲ្យ​ចុះ​ចូល​នឹង​«ស្តេច» ឬ រាជាធិរាជ ហើយ​និង​«ចៅហ្វាយ​ខេត្ត»​របស់​លោក ពេត្រុស​បាន​សរសេរ​ថា​៖ «គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរីភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ​ដើម្បី​នឹង​បំបិតបំបាំង​សេចក្ដី​អាក្រក់​ឡើយ ត្រូវ​ចុះ​ចូល​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ​វិញ ចូរ​រាប់​អាន​ដល់​មនុស្ស​ទាំង​អស់ ហើយ​ស្រឡាញ់​បងប្អូន កោត​ខ្លាច​ដល់​ព្រះ ព្រម​ទាំង​គោរព​ប្រតិបត្ដិ​ដល់​ស្តេច​ផង»។ (ពេត្រុសទី១ ២:១៦, ១៧) សាវ័ក​ពេត្រុស​បង្ហាញ​ថា គ្រីស្ទាន​មិន​មែន​ជា​អ្នក​បំរើ​របស់​មេ​គ្រប់គ្រង​មនុស្ស​ទេ តែ​ជា​អ្នក​បំរើ​របស់​ព្រះ។ ពេល​ដែល​ពួក​គេ​សំដែង​កិត្ដិយស​និង​ការ​គោរព​ដល់​អ្នក​តំណាង​របស់​រដ្ឋ គេ​ធ្វើ​នេះ​ដោយ​កោត​ខ្លាច​ដល់​ព្រះ ដ្បិត​ច្បាប់​របស់​ទ្រង់​ឧត្តម​បំផុត។

ប៉ុន្មាន​ឆ្នាំ​មុន​នេះ ពេត្រុស​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​ច្បាប់​របស់​ព្រះ​ខ្ពង់​ខ្ពស់​ជាង​ច្បាប់​របស់​មនុស្ស។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ជា​គណៈ​អភិបាល​មួយ​ដែល​ពួក​រ៉ូម​បាន​ឲ្យ​កាន់​អំណាច​ខាង​ស៊ីវិល​និង​ខាង​សាសនា។ នៅ​ពេល​ដែល​គណៈ​នេះ​បញ្ជា​ឲ្យ​ពួក​សិស្ស​របស់​ព្រះ​យេស៊ូ​ឈប់​បង្រៀន​ក្នុង​ព្រះ​នាម​ព្រះ​គ្រីស្ទ ពេត្រុស​និង​សាវ័ក​ឯ​ទៀត​បាន​ឆ្លើយ​តប​ដោយ​គោរព​ម៉ឺងម៉ាត់​ថា​៖ «[យើង]ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស»។ (កិច្ចការ ៥:២៩) យ៉ាង​ច្បាស់​ណាស់ ពួក​គ្រីស្ទាន​ពីដើម​ត្រូវ​តែ​ប្រិតប្រៀន​ថ្លឹង​ថ្លែង​រវាង​ការ​គោរព​ដល់​ព្រះ​និង​ការ​ចុះ​ចូល​ត្រឹម​ត្រូវ​នឹង​អាជ្ញា​ធម៌​មនុស្ស។ នៅ​ដើម​សតវត្ស​ទី​បី ស.យ. លោក​ធឺធូ​លាន​បាន​ថ្លែង​អំពី​ការ​នេះ​ថា​៖ «បើ​របស់​ទាំង​អស់​ជា​របស់​សេសារ តើ​មាន​អ្វី​សល់​សំរាប់​ព្រះ»?

ការ​សម្រប​សម្រួល​ជា​មួយ​រដ្ឋ

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ គោល​ជំហរ​ដែល​ពួក​គ្រីស្ទាន​សតវត្ស​ទី​មួយ​បាន​កាន់​តាម​ចំពោះ​រដ្ឋ ក៏​បាន​ខ្សោយ​ទៅ​បន្ដិច​ម្ដងៗ។ ការ​ក្បត់​ជំនឿ​ដែល​ព្រះ​យេស៊ូ​និង​សាវ័ក​បាន​ទាយ​មក ក៏​បាន​លូត​លាស់​ឡើង​ក្នុង​សតវត្ស​ទីពីរ​និង​ទី​បី ស.យ.។ (ម៉ាថាយ ១៣:៣៧, ៣៨; កិច្ចការ ២០:២៩, ៣០; ថែស្សាឡូនីចទី២ ២:៣​-​១២; ពេត្រុសទី២ ២:១​-​៣) សាសនា​គ្រីស្ទាន​ដែល​ក្បត់​ជំនឿ​ក៏​បាន​សម្រប​សម្រួល​ជា​មួយ​ពិភព​រ៉ូម៉ាំង ដោយ​បាន​ទទួល​យក​ពិធី​បុណ្យ​ពាហិរជន និង​ទស្សនវិជ្ជា​រ៉ូម៉ាំង ហើយ​ក៏​ទទួល​យក​ការងារ​ស៊ីវិល​ទាំង​អស់ ព្រម​ទាំង​ការ​ចូល​ធ្វើ​ទាហាន​ផង។

សាស្ដ្រាចារ្យត្រូ​ល្សបាន​សរសេរ​ថា​៖ «ពី​សតវត្ស​ទី​បី​ត​រៀង​ទៅ ស្ថានការណ៍​ក៏​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង ដ្បិត​ពួក​គ្រីស្ទាន​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​ក្នុង​សង្គម​ថ្នាក់​ខ្ពស់ ក្នុង​វិជ្ជា​ជីវៈ​ធំដុំ ក្នុង​កងទ័ព ហើយ​ក្នុង​វិស័យ​ឥ​ស្សរ​ជន​ផ្លូវការ។ ក្នុង​បី​បួន​វគ្គ​នៃ​ឯកសារ​គ្រីស្ទាន​នោះ[ដែល​មិន​មែន​ខាង​ព្រះ​គម្ពីរ] ចែង​ថា​មាន​ការ​តវ៉ា​ជំទាស់​នឹង​ការ​ចូល​រួបរួម​ក្នុង​ការ​ទាំង​អស់​នេះ ហើយ​ម្យ៉ាង​វិញ​ទៀត យើង​ក៏​ឃើញ​មាន​ការ​ប៉ុនប៉ង​សម្រប​សម្រួល​ដែរ—ជា​ការ​ដោះសា​ដែល​បាន​រចនា​មក​ដើម្បី​ជួយ​សម្រាល​ដល់​មនសិការ​ដែល​ធ្វើ​ទុក្ខ . . .។ ពី​ជំនាន់​លោក​ខន់​ស្ទែនធីន​មក បញ្ហា​លំបាក​ទាំង​នេះ​បាន​បាត់​សូន្យ​ទៅ ហើយ​ទំនាស់​រវាង​ពួក​គ្រីស្ទាន​និង​ពួក​ពាហិរជន​ក៏​បាន​ឈប់​ដែរ ហើយ​ការិយាល័យ​ទាំង​អស់​របស់​រដ្ឋ​ក៏​បាន​បើក​ចំហ​ឲ្យ​ពួក​អ្នក​អះអាង​ថា​គ្រីស្ទាន»។

មក​ដល់​ចុង​សតវត្ស​ទី​បួន ស.យ. សណ្ឋាន​គ្រីស្ទាន​ដែល​សម្រប​សម្រួល​នេះ ក៏​បាន​ក្លាយ​ទៅ​ជា​សាសនា​រដ្ឋ​នៃ​ចក្រភព​រ៉ូម៉ាំង។

ក្នុង​មួយ​ប្រវត្ដិសាស្ត្រ​របស់​វា គឺ​ពិភព​គ្រីស្ទ​សាសនា—ដែល​តំណាង​ដោយ​សាសនា​កាតូលិក អូធូដុក្ស និង​ប្រូតេស្តង់—បាន​បន្ត​សម្រប​សម្រួល​ជា​មួយ​រដ្ឋ ជាប់​ទាក់ទិន​រឹតតែ​ជ្រៅ​ឡើង​ក្នុង​នយោបាយ​របស់​វា ហើយ​ថែម​ទាំង​គាំទ្រ​រដ្ឋ​ក្នុង​កាល​មាន​សង្គ្រាម។ ចំពោះ​ពួក​សមាជិក​សាសនា​ដែល​មាន​ចិត្ត​ស្មោះ ដែល​បាន​រន្ធត់​ចិត្ត​ដោយ​ការ​នេះ នោះ​មុខ​ជា​សប្បាយ​រីករាយ​ដោយ​ដឹង​ថា​នៅ​សព្វ​ថ្ងៃ​នេះ មាន​ពួក​គ្រីស្ទាន​ដែល​កាន់​តាម​គោល​ជំហរ​របស់​ពួក​គ្រីស្ទាន​នៃ​សតវត្ស​ទី​មួយ ក្នុង​ការ​ទាក់ទង​ជា​មួយ​រដ្ឋ។ អត្ថបទ​ពីរ​បន្តបន្ទាប់​នេះ​នឹង​ពិគ្រោះ​រឿង​នេះ​ល្អិតល្អន់​ថែមទៀត។

[រូបភាព​នៅ​ទំព័រ​៥]

នេះ​ជា​សេសារ នារ៉ូ ដែល​ពេត្រុស​បាន​សរសេរ​ឲ្យ​«គោរព​ប្រតិបត្ដិ​ដល់​ស្តេច»

[អ្នក​ផ្ដល់​សិទ្ធិ]

Musei Capitolini, Roma

[រូបភាព​នៅ​ទំព័រ​៦]

ផុល្លី​ខាប​សុខ​ចិត្ត​ស្លាប់​ជាជាង​ថ្វាយ​បង្គំ​រាជាធិរាជ

[រូបភាព​នៅ​ទំព័រ​៧]

ពួក​គ្រីស្ទាន​ពីដើម​ជា​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​សន្ដិភាព ទៀងត្រង់ និង​បង់​ពន្ធអាករ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក