ការថ្វាយរបស់សេសារទៅសេសារ
«ចូរសងដល់លោកទាំងនោះ»។—រ៉ូម ១៣:៧
១, ២. (ក) យោងទៅតាមព្រះយេស៊ូ តើគ្រីស្ទានត្រូវថ្លឹងថ្លែងកាតព្វកិច្ចចំពោះព្រះនិងចំពោះសេសារយ៉ាងណា? (ខ) តើអ្វីជាកង្វល់ទីមួយនៃស្មរបន្ទាល់ព្រះយេហូវ៉ា?
យោងទៅតាមព្រះយេស៊ូ មានរបស់ដែលយើងជំពាក់ដល់ព្រះនិងរបស់ដែលយើងជំពាក់ដល់សេសារ ឬរដ្ឋ។ ព្រះយេស៊ូមានបន្ទូលថា៖ «ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ»។ ក្នុងពាក្យពីរបីម៉ាត់នេះ ទ្រង់បានធ្វើឲ្យពួកសត្រូវស្រឡាំងកាំង ហើយបានសង្ខេបយ៉ាងច្បាស់នូវអាកប្បកិរិយាដ៏ថ្លឹងថ្លែង ដែលយើងត្រូវតែមានក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះនិងក្នុងការទាក់ទងជាមួយរដ្ឋ។ ម្ល៉ោះហើយបានជាពួកអ្នកស្ដាប់ទ្រង់ «ក៏អស្ចារ្យនឹងទ្រង់»!—ម៉ាកុស ១២:១៧
២ មែនហើយ កង្វល់ទីមួយនៃពួកអ្នកបំរើរបស់ព្រះយេហូវ៉ា គឺថា ពួកគេត្រូវតែថ្វាយរបស់ព្រះទៅព្រះ។ (ទំនុកដំកើង ១១៦:១២-១៤) ក៏ប៉ុន្តែ ដោយធ្វើដូច្នេះ ពួកគេក៏មិនត្រូវបំភ្លេចពាក្យរបស់ព្រះយេស៊ូដែលថា គេត្រូវតែថ្វាយរបស់សេសារទៅសេសារដែរ។ មនសិការរបស់គេដែលបានហ្វឹកហ្វឺនពីព្រះគម្ពីរ នឹងតម្រូវឲ្យពួកគេគិតដោយអធិស្ឋានទៅព្រះថាតើគេអាចថ្វាយទៅសេសារដល់កំរិតណា។ (រ៉ូម ១៣:៧) ក្នុងសម័យទំនើបនេះ ពួកមេធាវីជាច្រើនបានទទួលស្គាល់ថា អំណាចរដ្ឋមានព្រំដែន ហើយប្រជាជននិងរដ្ឋាភិបាលគ្រប់កន្លែងត្រូវតែគោរពច្បាប់ធម្មជាតិ។
៣, ៤. តើមានការអធិប្បាយដ៏គួរចាប់អារម្មណ៍អ្វីអំពីច្បាប់ធម្មជាតិ ច្បាប់ដែលសំដែងមក និងច្បាប់របស់មនុស្ស?
៣ សាវ័កប៉ុលសំដៅទៅច្បាប់ធម្មជាតិនេះ នៅពេលដែលគាត់សរសេរអំពីមនុស្សលោក៖ «ការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ បើសិនជាពួកគេនឹងធ្វើតាមនេះ ច្បាប់ធម្មជាតិនឹងថែមទាំងធ្វើឲ្យមនសិការនៃពួកអ្នកមិនជឿទាំងនេះរំជួលឡើង។ ដូច្នេះ ប៉ុលនិយាយទៀតថា៖ «កាលណាពួកសាសន៍ដទៃ ដែលគ្មានក្រិត្យវិន័យ គេបានប្រព្រឹត្តតាមក្រិត្យវិន័យពីបវេណី នោះពួកដែលគ្មានក្រិត្យវិន័យនោះឯង គេជាក្រិត្យវិន័យដល់ខ្លួនគេវិញ ដោយសំដែងថា របៀបក្រិត្យវិន័យបានកត់ទុកក្នុងចិត្តគេហើយ បញ្ញាចិត្តគេក៏ធ្វើបន្ទាល់ឲ្យ»។—រ៉ូម ១:១៩, ២០; ២:១៤, ១៥
៤ ក្នុងសតវត្សទី១៨ មេធាវីអង់គ្លេសល្បីម្នាក់ ឈ្មោះ វិល្លាម ប្លេកស្ទន បានសរសេរថា៖ «ច្បាប់ធម្មជាតិនេះ ដែលមានអាយុស្មើនឹងមនុស្សលោក ហើយដែលដឹកនាំដោយព្រះអង្គទ្រង់ផ្ទាល់ គឺជាកាតព្វកិច្ចក៏ខ្ពង់ខ្ពស់មែនជាងច្បាប់ឯណាទៀត។ ច្បាប់នេះរួបរួមមនុស្សទាំងអស់នៅលើផែនដី ក្នុងប្រទេសទាំងអស់ ហើយមាននៅគ្រប់ពេលវេលា៖ ច្បាប់របស់មនុស្សនឹងមិនមានសុពលភាពទេ បើផ្ទុយនឹងច្បាប់ធម្មជាតិនេះ»។ រីឯ«ច្បាប់ដែលសំដែងមក»ដែលមានក្នុងព្រះគម្ពីរ លោកប្លេកស្ទនមានប្រសាសន៍ថា៖ «ច្បាប់របស់មនុស្សទាំងអស់គឺពឹងពាក់ទៅលើគ្រឹះពីរនេះ គឺច្បាប់ធម្មជាតិនិងច្បាប់ដែលសំដែងមក។ គឺថាគ្មានច្បាប់មនុស្សណាត្រូវបណ្ដោយឲ្យប្រឆាំងនឹងច្បាប់ទាំងពីរនេះឡើយ»។ សេចក្ដីថ្លែងនេះស្របតាមពាក្យរបស់ព្រះយេស៊ូដែលស្តីអំពីព្រះនិងសេសារ ដូចបានចែងមកនៅម៉ាកុស ១២:១៧។ ជាការច្បាស់ណាស់ គឺមានកន្លែងខ្លះដែលព្រះដាក់កំរិតដល់អ្វីៗដែលសេសារអាចតម្រូវពីគ្រីស្ទាន។ ក្រុមប្រឹក្សាជាន់ខ្ពស់បានធ្លាក់ចូលទៅក្នុងកន្លែងបែបនេះ នៅពេលដែលពួកគេបានបញ្ជាឲ្យសាវ័កឈប់បង្រៀនអំពីព្រះយេស៊ូ។ ដូច្នេះ ពួកសាវ័កបានឆ្លើយតបយ៉ាងត្រឹមត្រូវវិញថា៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។—កិច្ចការ ៥:២៨, ២៩
«របស់ព្រះ»
៥, ៦. (ក)ដោយឃើញថាព្រះរាជាណាចក្ររបស់ព្រះកើតក្នុងឆ្នាំ១៩១៤ តើពួកគ្រីស្ទានគួរតែចងចាំអ្វី? (ខ) តើតាមរបៀបណាដែលគ្រីស្ទានបង្ហាញភស្តុតាងថាខ្លួនជាអ្នកផ្សាយម្នាក់?
៥ ជាពិសេស តាំងពីឆ្នាំ១៩១៤ នៅពេលដែលព្រះយេហូវ៉ា ជាព្រះដ៏មានព្រះចេស្ដាបំផុត បានចាប់ផ្ដើមសោយរាជ្យជាស្តេចតាមរយៈព្រះរាជាណាចក្រនៃព្រះមេស្ស៊ី ទើបពួកគ្រីស្ទានដឹងយ៉ាងច្បាស់ថាគេមិនត្រូវថ្វាយរបស់ព្រះទៅសេសារឡើយ។ (វិវរណៈ ១១:១៥, ១៧) មិនដូចគ្រាមុន ឥឡូវនេះច្បាប់របស់ព្រះតម្រូវឲ្យពួកគ្រីស្ទាន‹មិនឲ្យមានចំណែកក្នុងលោកីយ៍›សោះឡើយ។ (យ៉ូហាន ១៧:១៦) ដោយបានថ្វាយខ្លួនទៅព្រះ ជាព្រះអង្គដែលប្រទានជីវិតដល់គេ ពួកគេត្រូវតែសំដែងឲ្យឃើញច្បាស់ថា គេលែងជារបស់ផងខ្លួនទៀត។ (ទំនុកដំកើង ១០០:២, ៣) ដូចប៉ុលសរសេរមកថា «យើងក៏ជារបស់ផងព្រះអម្ចាស់[យេហូវ៉ា]»។ (រ៉ូម ១៤:៨) ម្យ៉ាងទៀត នៅពិធីជ្រមុជទឹកនៃជនគ្រីស្ទានម្នាក់ ព្រះបានតាំងគាត់ឲ្យទៅជាអ្នកបំរើរបស់ព្រះ ដើម្បីឲ្យគាត់អាចនិយាយដូចប៉ុលថា៖ «ព្រះទេ . . . ដែលទ្រង់បានប្រោស ឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើ»។—កូរិនថូសទី២ ៣:៥, ៦
៦ សាវ័កប៉ុលសរសេរទៀតថា៖ «ខ្ញុំដំកើងដល់ការងារខ្ញុំ»។ (រ៉ូម ១១:១៣) យើងក៏គួរតែធ្វើដូចនេះដែរ។ ទោះបីជាយើងជាអ្នកបំរើពេញពេល ឬពេលខ្លះ យើងត្រូវតែចងចាំថា ព្រះយេហូវ៉ាទ្រង់ផ្ទាល់ដែលឲ្យការងារបំរើនេះមកយើង។ (កូរិនថូសទី២ ២:១៧) ដោយសារអ្នកខ្លះអាចជំទាស់នឹងគោលជំហររបស់យើង គ្រប់គ្រីស្ទានដែលបានថ្វាយខ្លួននិងជ្រមុជទឹកហើយ ត្រូវតែប្រុងប្រៀបខ្លួនជាស្រេច ដើម្បីបង្ហាញភស្តុតាងត្រឹមត្រូវយ៉ាងច្បាស់ថា គាត់ពិតជាអ្នកផ្សាយដំណឹងល្អម្នាក់។ (ពេត្រុសទី១ ៣:១៥) ការងារផ្សាយរបស់គាត់ក៏គួរតែមានទីសំអាងពីអាកប្បកិរិយារបស់គាត់ដែរ។ ក្នុងឋានៈជាអ្នកផ្សាយរបស់ព្រះ គ្រីស្ទានគួរតែលើកដំកើងនិងអនុវត្តតាមគោលសីលធម៌បរិសុទ្ធ លើកផ្សព្វផ្សាយឯកភាពគ្រួសារ ស្មោះត្រង់ ហើយគោរពច្បាប់និងសណ្ដាប់ធ្នាប់។ (រ៉ូម ១២:១៧, ១៨; ថែស្សាឡូនីចទី១ ៥:១៥) ទំនាក់ទំនងនៃជនគ្រីស្ទានជាមួយព្រះ និងការងារផ្សាយដែលព្រះឲ្យធ្វើ ជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់គាត់។ គាត់មិនអាចលះបង់ការទាំងនេះតាមបង្គាប់របស់សេសារឡើយ។ យ៉ាងច្បាស់ណាស់ របស់ទាំងនេះជាអ្វីក្នុងចំណោម«របស់ព្រះ»។
«របស់សេសារ»
៧. ចំពោះការបង់ពន្ធអាករ តើស្មរបន្ទាល់ព្រះយេហូវ៉ាមានកេរ្ដិ៍ឈ្មោះអ្វី?
៧ ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងថាពួកគេជំពាក់ការ«ចុះចូលនឹងរាជការ» ជាមេដឹកនាំនៃរដ្ឋាភិបាល។ (រ៉ូម ១៣:១) ដូច្នេះ នៅពេលដែលសេសារ ជារដ្ឋ ទាមទារអ្វីមួយតាមច្បាប់ មនសិការរបស់គេដែលបានហ្វឹកហ្វឺនពីព្រះគម្ពីរ នឹងអនុញ្ញាតឲ្យគេបំពេញតាមការទាមទារនោះ។ ជាឧទាហរណ៍ ពួកគ្រីស្ទានពិតជាពួកអ្នកបង់ពន្ធអាករគំរូល្អបំផុតនៅលើផែន។ នៅប្រទេសអាល្លឺម៉ង់ សារពត៌មានម៉ង់នើ ម៉ាឃូបានចែងអំពីស្មរបន្ទាល់ព្រះយេហូវ៉ាថា៖ «ពួកគេជាអ្នកបង់ពន្ធអាករយ៉ាងស្មោះហើយទៀងទាត់បំផុតក្នុងសាធារណៈរដ្ឋសហព័ន្ធនេះ»។ នៅប្រទេសអ៊ីតាលី សារពត៌មាន ឡាស្ទែមប៉ា បានសង្កេតឃើញថា៖ «ពួកគេ[ស្មរបន្ទាល់ព្រះយេហូវ៉ា] ជាប្រជាពលរដ្ឋដ៏ស្មោះត្រង់បំផុតដែលគេប្រាថ្នាចង់បាន៖ ពួកគេមិនគេចពីការបង់ពន្ធអាករ ឬគេចពីច្បាប់មិនល្អសំរាប់ជាប្រយោជន៍ខ្លួនឡើយ»។ ពួកអ្នកបំរើព្រះយេហូវ៉ាធ្វើដូច្នេះ ‹ដោយព្រោះតែមនសិការរបស់ខ្លួន›។—រ៉ូម ១៣:៥, ៦
៨. តើយើងជំពាក់សេសារតែពន្ធអាករជាប្រាក់កាសប៉ុណ្ណោះឬ?
៨ តើ«របស់សេសារ»មានតែការបង់ពន្ធអាករប៉ុណ្ណេះទេឬ? មិនមែនទេ ប៉ុលបានប្រាប់ថាមានរបស់ផ្សេងទៀត ដូចជាការកោតខ្លាចនិងកិត្ដិយស។ ក្នុងសៀវភៅរបស់លោកដែលមានចំណងជើងក្បួនសំរាប់រិះគុណនិងពន្យល់អំពីសិក្ខាបទម៉ាថាយ អ្នកប្រាជ្ញអាល្លឺម៉ង់ម្នាក់ឈ្មោះហ៊ិនរិក មេយៀរ បានសរសេរថា៖ «ចំពោះ[របស់សេសារ] . . . យើងមិនត្រូវយល់ថា នេះមានតែពន្ធអាករប៉ុណ្ណោះទេ គឺមានជាច្រើនទៀតដែលសេសារមានសិទ្ធិទទួលដោយអាស្រ័យនូវការគ្រប់គ្រងពេញច្បាប់របស់លោក»។ ក្នុងសៀវភៅដំណើរកើនឡើងនៃសាសនាគ្រីស្ទាន អ្នកប្រវត្ដិសាស្ត្រ អ៊ី បាន្ស សង្កេតឃើញថា ជនគ្រីស្ទាននឹងបង់ពន្ធអាករបើគាត់ជំពាក់ដល់រដ្ឋ ហើយ«ក៏ទទួលយកកាតព្វកិច្ចរដ្ឋឯទៀតទាំងអស់ ឲ្យតែមិនហៅគាត់ឲ្យថ្វាយដល់សេសារនូវអ្វីៗដែលជារបស់ផងព្រះ»។
៩, ១០. តើគ្រីស្ទានមានការស្ទាក់ស្ទើរអ្វីក្នុងការថ្វាយរបស់សេសារទៅសេសារ តែត្រូវចងចាំហេតុការណ៍ណាខ្លះ?
៩ តើអ្វីខ្លះដែលរដ្ឋអាចតម្រូវដោយមិនចាំបាច់រំលោភលើកម្មសិទ្ធិត្រឹមត្រូវរបស់ព្រះ? អ្នកខ្លះគិតថា គេអាចថ្វាយពន្ធអាករជាប្រាក់កាសឲ្យសេសារ តែគ្មានអ្វីទៀតទេ។ ពួកគេច្បាស់ជាមិនមានអារម្មណ៍ល្អទេ បើថ្វាយឲ្យសេសារនូវអ្វីៗដែលយកពេលវេលាច្រើន ដែលអាចប្រើសំរាប់សកម្មភាពព្រះធិបតេយ្យផ្សេងៗនោះ។ យ៉ាងណាក៏ដោយ កាលដែលយើងត្រូវ‹ស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃយើងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំង› ព្រះយេហូវ៉ាចង់ឲ្យយើងចំណាយពេលខ្លះនឹងអ្វីៗក្រៅពីកិច្ចបំរើបរិសុទ្ធដែរ។ (ម៉ាកុស ១២:៣០; ភីលីព ៣:៣) ជាឧទាហរណ៍ គូស្វាមីភរិយាគ្រីស្ទានត្រូវបានទូន្មានឲ្យចំណាយពេលផ្គាប់ចិត្តគូរបស់ខ្លួន។ សកម្មភាពបែបនេះមិនមែនជាអ្វីខុសទេ តែសាវ័កប៉ុលប្រាប់ថានេះជា«ការនៅលោកីយ» មិនមែនជា«របស់ព្រះអម្ចាស់»ទេ។—កូរិនថូសទី១ ៧:៣២-៣៤; ប្រៀបធៀប ធីម៉ូថេទី១ ៥:៨
១០ ម្យ៉ាងទៀត ព្រះគ្រីស្ទបានបញ្ជាឲ្យពួកអ្នកកាន់តាមទ្រង់‹បង់›ពន្ធអាករ ហើយការធ្វើដូច្នេះមុខជាទាក់ទងការប្រើពេលវេលាដែលបានថ្វាយទៅព្រះយេហូវ៉ាហើយ—ដ្បិតយើងបានថ្វាយខ្លួនទៅព្រះអស់មួយជីវិតយើង។ បើសិនជាការយកពន្ធក្នុងប្រទេសមួយគឺ៣៣ ភាគរយនៃប្រាក់ចំណូល (ក្នុងប្រទេសខ្លះមានខ្ពស់ជាងនេះ) នេះមានន័យថា ក្នុងមួយឆ្នាំៗ កម្មករសាមញ្ញត្រូវបង់ទៅរតនាគាររបស់រដ្ឋមួយភាគបីនៃប្រាក់ចំណូលរបស់គាត់។ បើគិតមើលទៅ មកដល់ទីបញ្ជាប់នៃគ្រាធ្វើការរបស់គាត់ កម្មករសាមញ្ញនឹងចំណាយ១៥ឆ្នាំក្នុងការរកបានលុយពន្ធដែល«សេសារ»តម្រូវ។ សូមពិចារណាដែរអំពីបញ្ហារៀនសូត្រ។ ក្នុងប្រទេសជាច្រើន ច្បាប់ចែងមកថា ឪពុកម្ដាយត្រូវឲ្យកូនទៅរៀនមួយរយៈពេល។ រយៈពេលរៀនសូត្រខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ នៅកន្លែងជាច្រើន រយៈពេលរៀនសូត្រមានច្រើនគ្រាន់បើ។ ធម្មតាទេ ការរៀនសូត្របែបនេះជាការមានប្រយោជន៍មែន ប៉ុន្តែសេសារជាអ្នកដែលសំរេចថាកូនត្រូវរៀនប៉ុន្មានឆ្នាំ ហើយឱពុកម្ដាយគ្រីស្ទានត្រូវតែធ្វើតាមការសំរេចនេះ។
ការតម្រូវឲ្យចូលធ្វើទាហាន
១១, ១២. (ក) តើសេសារទាមទារអ្វីនៅក្នុងប្រទេសជាច្រើន? (ខ) តើពួកគ្រីស្ទានពីដើមមានទស្សនៈយ៉ាងណាអំពីការចូលធ្វើទាហាន?
១១ ការទាមទារមួយទៀតដែលសេសារបានធ្វើឡើងនៅក្នុងប្រទេសខ្លះ គឺការតម្រូវឲ្យចូលធ្វើទាហាន។ ក្នុងសតវត្សទី២០ ការរៀបចំនេះបានស្ថាបនាឡើងក្នុងប្រទេសជាច្រើន នៅគ្រាមានសង្គ្រាម ហើយនៅប្រទេសខ្លះទៀត នៅគ្រាសន្ដិសុខដែរ។ នៅប្រទេសបារាំង កាតព្វកិច្ចនេះត្រូវបានគេហៅជាច្រើនឆ្នាំថាជាពន្ធអាករឈាម មានន័យថា គ្រប់បុរសក្មេងៗត្រូវតែសុខចិត្តបូជាជីវិតសំរាប់រដ្ឋ។ តើនេះជាអ្វីដែលពួកអ្នកថ្វាយខ្លួនទៅព្រះយេហូវ៉ាអាចធ្វើបានទេ? តើពួកគ្រីស្ទាននៅសតវត្សទីមួយមានទស្សនៈយ៉ាងណាអំពីរឿងនេះ?
១២ កាលដែលពួកគ្រីស្ទានពីដើមខំខ្នះខ្នែងឲ្យបានជាប្រជាពលរដ្ឋល្អ ជំនឿរបស់គេបានការពារពួកគេពីការយកជីវិតអ្នកដទៃ ឬពីការបូជាជីវិតខ្លួនសំរាប់រដ្ឋ។ សព្វវចនាធិប្បាយនៃសាសនាចែងថា៖ «ពួកអ្នកនិពន្ធគ្រីស្ទានពីដើម ដូចជា លោកធឺធូលាន និង លោកអូរីហ្គិន បានបញ្ជាក់ថា ពួកគ្រីស្ទានត្រូវបានហាមឃាត់មិនឲ្យប្រហារជីវិតមនុស្សឡើយ ជាគោលការណ៍មួយដែលបង្ការពួកគេពីការចូលរួមក្នុងកងទ័ពរ៉ូម៉ាំង»។ ក្នុងសៀវភៅសាសនាគ្រីស្ទានពីដើមនិងលោកីយ៍ សាស្ដ្រាចារ្យ ស៊ី ជេ ខេឌូ សរសេរថា៖ «មកដល់រាជ្យរបស់ម៉ាកូស អូរីលីអើស [ឆ្នាំ១៦១-១៨០ ស.យ.] គ្មានគ្រីស្ទានណាម្នាក់ធ្វើទាហានទេ ក្រោយពីបានជ្រមុជទឹកហើយ»។
១៣. ហេតុអ្វីក៏មនុស្សភាគច្រើនក្នុងពិភពគ្រីស្ទសាសនាមិនមានទស្សនៈដូចពួកគ្រីស្ទានពីដើមចំពោះការចូលធ្វើទាហាន?
១៣ ហេតុអ្វីក៏សមាជិកនៃនិកាយក្នុងពិភពគ្រីស្ទសាសនាមិនមានទស្សនៈដូចនេះនៅសព្វថ្ងៃ? នេះដោយសារតែការប្រែប្រួលដ៏ធំមួយដែលបានកើតឡើងក្នុងសតវត្សទីបួន។ ប្រកាសនវត្ថុកាតូលិកមួយឈ្មោះប្រវត្ដិរបស់ក្រុមប្រឹក្សាគ្រីស្ទាន ពន្យល់ថា៖ «ជនគ្រីស្ទានជាច្រើន . . . នៅក្រោមអំណាចនៃរាជាធិរាជដែលជាពាហិរជន បានរអែងចិត្តចំពោះការចូលធ្វើទាហាន ហើយបដិសេធយ៉ាងខ្លាំងមិនព្រមចូលធ្វើទាហាន ឬក៏រត់ចោលតំណែងទាហាន។ ក្រុមប្រឹក្សា[អែលិសនៅបារាំង ធ្វើឡើងនៅឆ្នាំ៣១៤ ស.យ.] ក្នុងការពិចារណាការប្រែប្រួលដែលបង្កើតដោយលោកខន់ស្ទែនធីន បានបង្កើតកាតព្វកិច្ចដែលជនគ្រីស្ទានត្រូវតែចូលធ្វើទាហាន . . . ពីព្រោះសាសនាគ្រីស្ទានមានសន្ដិសុខដោយសារនៅក្រោមអំណាចមេដឹកនាំដែលរាក់ទាក់នឹងគ្រីស្ទាន»។ ជាលទ្ធផលនៃការបោះបង់ចោលសេចក្ដីបង្រៀនរបស់ព្រះយេស៊ូនេះ ពីពេលនោះរហូតមក ពួកបព្វជិតនៃពិភពគ្រីស្ទសាសនាបានលើកទឹកចិត្តហ្វូងរបស់គេឲ្យបំរើក្នុងកងទ័ពរបស់សាសន៍ ទោះបីមានបុគ្គលខ្លះយកគោលជំហរជាអ្នកប្រឆាំងសង្គ្រាម។
១៤, ១៥. (ក) នៅក្នុងប្រទេសខ្លះ តើទៅលើមូលដ្ឋានអ្វីដែលគ្រីស្ទានអាចទាមទារការលើកលែងពីការធ្វើទាហាន? (ខ) បើគ្មានការលើកលែងឲ្យ តើគោលការណ៍ណាខ្លះក្នុងព្រះគម្ពីរ ដែលនឹងជួយគ្រីស្ទានឲ្យសំរេចបានត្រឹមត្រូវចំពោះរឿងទាហាន?
១៤ ចំពោះរឿងនេះ តើគ្រីស្ទានសព្វថ្ងៃនេះគួរតែធ្វើតាមមនុស្សជាច្រើនឬ? មិនមែនទេ បើគ្រីស្ទានណាម្នាក់ដែលបានថ្វាយខ្លួននិងជ្រមុជទឹកហើយ រស់នៅក្នុងប្រទេសដែលលើកលែងការធ្វើទាហានឲ្យអ្នកផ្សាយសាសនា គាត់គួរតែទទួលយកសំវិធានការនេះ ដ្បិតគាត់ជាអ្នកផ្សាយ។ (ធីម៉ូថេទី២ ៤:៥) មានប្រទេសមួយចំនួន រួមទាំងសហរដ្ឋនិងប្រទេសអូស្ដ្រាលីបានឲ្យការលើកលែងនេះ សូម្បីតែក្នុងគ្រាសង្គ្រាមក៏ដោយ។ ហើយក្នុងគ្រាសន្ដិសុខ ប្រទេសជាច្រើនដែលរក្សាទុកការតម្រូវឲ្យចូលធ្វើទាហាន គេឲ្យការលើកលែងដល់ស្មរបន្ទាល់ព្រះយេហូវ៉ា ជាអ្នកផ្សាយសាសនា។ ដូច្នេះ ពួកគេអាចបន្តការជួយមនុស្សដោយកិច្ចការសាធារណៈរបស់គេ។
១៥ ចុះយ៉ាងណាវិញដែរ ចំពោះគ្រីស្ទានដែលរស់នៅក្នុងប្រទេសដែលមិនឲ្យការលើកលែងដល់អ្នកផ្សាយសាសនា? បើអញ្ចឹង គាត់ត្រូវតែសំរេចការនេះខ្លួនឯង កាន់តាមមនសិការដែលរៀនពីព្រះគម្ពីរ។ (កាឡាទី ៦:៥) ពេលដែលយោគយល់ដល់អំណាចរបស់សេសារ គាត់ត្រូវតែថ្លឹងថ្លែងឲ្យបានត្រឹមត្រូវនូវអ្វីៗដែលគាត់ជំពាក់ដល់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៣៦:៩; ១១៦:១២-១៤; កិច្ចការ ១៧:២៨) គ្រីស្ទានត្រូវតែចងចាំថា សញ្ញាសំគាល់គ្រីស្ទានពិត គឺការស្រឡាញ់ដល់មនុស្សមានជំនឿដូចគ្នាទាំងអស់ គឺដល់ពួកអ្នកដែលរស់នៅក្នុងប្រទេសឯទៀត ឬក្នុងកុលសម្ព័ន្ធណាក៏ដោយ។ (យ៉ូហាន ១៣:៣៤, ៣៥; ពេត្រុសទី១ ២:១៧) ម្យ៉ាងទៀត គាត់មិនត្រូវបំភ្លេចគោលការណ៍ផ្សេងៗនៃព្រះគម្ពីរ ដូចជានៅអេសាយ ២:២-៤; ម៉ាថាយ ២៦:៥២; រ៉ូម ១២:១៨; ១៤:១៩; កូរិនថូសទី២ ១០:៤; និង ហេព្រើរ ១២:១៤។
កិច្ចការស៊ីវិល
១៦. នៅប្រទេសខ្លះ តើកិច្ចការដែលមិនទាក់ទិនយោធាអ្វីខ្លះដែលសេសារទាមទារពីពួកអ្នកមិនចូលធ្វើទាហាន?
១៦ ប៉ុន្តែគឺមានប្រទេសដែលរដ្ឋាភិបាលមិនឲ្យការលើកលែងដល់អ្នកផ្សាយសាសនា តែទទួលដឹងឮថាមានមនុស្សខ្លះអាចជំទាស់នឹងការធ្វើទាហាន។ ប្រទេសជាច្រើននេះតែងតែធ្វើសំវិធានការសំរាប់ពួកមនុស្សដែលប្រឆាំងសង្គ្រាមបែបនេះ ដោយមិនបង្ខំឲ្យពួកគេចូលធ្វើទាហាន។ នៅប្រទេសខ្លះ កិច្ចការស៊ីវិលដែលតម្រូវមក ដូចជាការងារដ៏មានប្រយោជន៍ក្នុងសហគមន៍ ត្រូវបានគេចាត់ទុកជាកិច្ចការជាតិដែលមិនទាក់ទិនយោធា។ តើគ្រីស្ទានដែលថ្វាយខ្លួនហើយ អាចទទួលយកកិច្ចការនេះបានទេ? ម្ដងនេះទៀត គ្រីស្ទានដែលថ្វាយខ្លួននិងជ្រមុជទឹករួច ត្រូវតែសំរេចចិត្តដោយខ្លួនឯង ដោយពឹងទៅលើមនសិការរបស់គាត់ដែលបានហ្វឹកហ្វឺនពីព្រះគម្ពីរ។
១៧. តើក្នុងព្រះគម្ពីរមានឧទាហរណ៍មុនៗទេចំពោះការងារស៊ីវិល?
១៧ តាមមើលទៅ ការងារដែលតម្រូវមក ក៏បានគេប្រតិបត្ដិក្នុងជំនាន់ព្រះគម្ពីរដែរ។ សៀវភៅប្រវត្ដិសាស្ត្រមួយចែងថា៖ «បន្ថែមទៅលើពន្ធអាករដែលបានដកហូតពីពួកអ្នកស្រុកយូដា ក៏មានការងារដែលអាជ្ញាធរត្រូវទាមទារជំនួសពន្ធអាករដែរ។ នេះជាការរៀបចំពីបុរាណមួយនៅបូព៌ាប្រទេស ដែលពួកអាជ្ញាធរក្រិកនិងរ៉ូម៉ាំងបានបន្តអនុវត្ត . . .។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ក៏មានឧទាហរណ៍នៃការងារតម្រូវលើនេះនៅស្រុកយូដាដែរ ដែលបង្ហាញថាការនេះមានពាសពេញកន្លែង។ ដោយស្របតាមទំនៀមទំលាប់នេះ ពួកទាហានបានបង្ខំអ្នកស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ឲ្យលីឈើឆ្កាងព្រះយេស៊ូ[បង្គោលឈើទារុណកម្ម] (ម៉ាថាយ ៥:៤១; ២៧:៣២; ម៉ាកុស ១៥:២១; លូកា ២៣:២៦)»។
១៨. តើស្មរបន្ទាល់ព្រះយេហូវ៉ាតែងតែព្រមធ្វើការងារសហគមន៍ណាខ្លះ ដែលមិនទាក់ទិនយោធានិងសាសនា?
១៨ ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅក្នុងប្រទេសខ្លះនៅសព្វថ្ងៃនេះ ត្រូវរដ្ឋឬអាជ្ញាធរតាមតំបន់តម្រូវឲ្យចូលរួមក្នុងការងារសហគមន៍ផ្សេងៗ។ ជួនកាលនេះជាការងារជាក់លាក់មួយ ដូចជាការជីកអណ្ដូង ឬ ការសង់ថ្នល់ ហើយខ្លះទៀតជាការងារទៀងទាត់ ដូចជាការចូលរួមក្នុងការបោសសំអាតថ្នល់ សាលារៀន ឬមន្ទីរពេទ្យ។ ដោយសារការងារស៊ីវិលទាំងនេះជាប្រយោជន៍ដល់សហគមន៍ ហើយមិនទាក់ទិនជាមួយសាសនាមិនពិត ឬតាមវិធីផ្សេងៗមិនប្រឆាំងនឹងមនសិការនៃស្មរបន្ទាល់ព្រះយេហូវ៉ា ពួកគេតែងតែធ្វើតាម។ (ពេត្រុសទី១ ២:១៣-១៥) ការនេះតែងតែធ្វើឲ្យមានការធ្វើបន្ទាល់ដ៏ប្រសើរ ហើយជួនកាលទៀតក៏បំបិទមាត់ពួកអ្នកដែលចោទមិនពិតថា ស្មរបន្ទាល់ព្រះយេហូវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនោះ។—ប្រៀបធៀប ម៉ាថាយ ១០:១៨
១៩. តើគ្រីស្ទានគួរតែធ្វើយ៉ាងណា បើសេសារតម្រូវឲ្យគាត់ធ្វើការងារជាតិដែលមិនទាក់ទិនយោធារវាងមួយរយៈពេលនោះ?
១៩ ចុះយ៉ាងណាទៅវិញ បើរដ្ឋតម្រូវឲ្យគ្រីស្ទានម្នាក់ធ្វើការងារស៊ីវិលមួយរយៈពេល ដែលជាការងារជាតិនៅក្រោមការត្រួតត្រានៃជនស៊ីវិល? ម្ដងនេះទៀត ជនគ្រីស្ទានត្រូវតែសំរេចដោយខ្លួនឯង ដោយពឹងទៅលើមនសិការដែលបានរៀន។ «យើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះ»។ (រ៉ូម ១៤:១០) គ្រីស្ទានណាដែលប្រឈមមុខនឹងតម្រូវរបស់សេសារ គួរតែសិក្សារឿងនេះដោយអធិស្ឋានទៅព្រះ ហើយជញ្ជឹងគិតអំពីនេះ។a ជាការប្រសើរដែរ បើគាត់ពិគ្រោះរឿងនេះជាមួយគ្រីស្ទានដែលមានគំនិតចាស់ទុំនៅក្នុងក្រុមជំនុំ។ បន្ទាប់មក គាត់ត្រូវតែសំរេចដោយខ្លួនគាត់។—សុភាសិត ២:១-៥; ភីលីព ៤:៥
២០. តើសំនួរនិងគោលការណ៍ព្រះគម្ពីរណាខ្លះ នឹងជួយជនគ្រីស្ទានឲ្យវែកញែកបញ្ហានៃការងារស៊ីវិលជាតិ?
២០ កាលកំពុងធ្វើការស្រាវជ្រាវបែបនេះ ជនគ្រីស្ទានគួរតែពិចារណាមើលគោលការណ៍ព្រះគម្ពីរខ្លះៗ។ ប៉ុលបានមានប្រសាសន៍ថា យើងត្រូវតែ«ចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ . . . ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ . . . ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាងដល់មនុស្សទាំងអស់ផង»។ (ទីតុស ៣:១, ២) នៅពេលដំណាលគ្នានេះ ជាការប្រសើរបើគ្រីស្ទានពិនិត្យមើលការងារស៊ីវិលដែលតម្រូវមកនោះ។ បើគេយល់ព្រមធ្វើ តើគេនឹងអាចរក្សាអព្យាក្រឹតភាពគ្រីស្ទានបានទេ? (មីកា ៤:៣, ៥; យ៉ូហាន ១៧:១៦) តើនេះនឹងធ្វើឲ្យគេជាប់ទាក់ទិនជាមួយសាសនាមិនពិតឬ? (វិវរណៈ ១៨:៤, ២០, ២១) តើធ្វើការងារនោះ នឹងបង្ការគេ ឬធ្វើឲ្យពួកគេបំពេញភារៈគ្រីស្ទានរបស់គេមិនបានត្រឹមត្រូវ? (ម៉ាថាយ ២៤:១៤; ហេព្រើរ ១០:២៤, ២៥) ម្យ៉ាងទៀត តើពួកគេអាចបន្តរីកចំរើនខាងវិញ្ញាណបានទេ ហើយតើអាចចូលរួមក្នុងកិច្ចបំរើពេញពេលបានទេ ក្នុងកាលដែលធ្វើការងារដែលតម្រូវមកនោះ?—ហេព្រើរ ៦:១១, ១២
២១. តើក្រុមជំនុំគួរតែចាត់ទុកបងប្អូនប្រុសដែលដោះស្រាយបញ្ហានៃការងារស៊ីវិលជាអ្វី ទោះបីគាត់សំរេចយ៉ាងណានោះ?
២១ ចុះយ៉ាងណាវិញ បើចម្លើយស្មោះពីចិត្តនៃជនគ្រីស្ទានចំពោះសំនួរទាំងនេះ នាំឲ្យគាត់សន្និដ្ឋានថា ការងារស៊ីវិលជាតិជា«ការល្អ»ដែលគាត់អាចធ្វើក្នុងការគោរពដល់អាជ្ញាធរ? នោះជាការសំរេចរបស់គាត់នៅចំពោះព្រះយេហូវ៉ា។ ពួកអ្នកចាស់ទុំនិងពួកអ្នកឯទៀតគួរតែគោរពដល់មនសិការរបស់បងប្អូនប្រុសនោះ ហើយគួរតែបន្តចាត់ទុកគាត់ជាគ្រីស្ទានដែលមានឋានៈល្អ។ ប៉ុន្តែ បើគ្រីស្ទានមានអារម្មណ៍ថា គាត់មិនអាចធ្វើការងារស៊ីវិលនេះបានទេ គោលជំហររបស់គាត់នេះក៏គួរតែគោរពដែរ។ គាត់ក៏នៅមានឋានៈល្អ ហើយគួរទទួលការគាំទ្រដ៏មានសេចក្ដីស្រឡាញ់។—កូរិនថូសទី១ ១០:២៩; កូរិនថូសទី២ ១:២៤; ពេត្រុសទី១ ៣:១៦
២២. ទោះជាយើងជួបប្រទះស្ថានការណ៍ណាក៏ដោយ តើយើងនឹងបន្តធ្វើអ្វី?
២២ ក្នុងឋានៈជាគ្រីស្ទាន យើងនឹងមិនឈប់«គោរពប្រតិបត្ដិ ដល់លោកណាដែលគួរគោរព»ឡើយ។ (រ៉ូម ១៣:៧) យើងនឹងគោរពដល់សណ្ដាប់ធ្នាប់ល្អហើយខំប្រឹងឲ្យបានទៅជាពលរដ្ឋដែលស្រឡាញ់សន្ដិសុខនិងច្បាប់។ (ទំនុកដំកើង ៣៤:១៤) យើងថែមទាំងអធិស្ឋាន«ឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង» កាលណាបុគ្គលទាំងនេះត្រូវសំរេចការដែលទាក់ទងដល់ជីវភាពនិងកិច្ចការគ្រីស្ទានរបស់យើង។ ជាលទ្ធផលនៃការថ្វាយរបស់សេសារទៅសេសារ យើងសង្ឃឹមថា «យើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក»។ (ធីម៉ូថេទី១ ២:១, ២) ជាពិសេស យើងនឹងបន្តផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រ ជាសេចក្ដីសង្ឃឹមតែមួយគត់សំរាប់មនុស្សលោក ដោយថ្វាយរបស់ព្រះទៅព្រះ។
[កំណត់សម្គាល់]
a សូមមើលប៉មយាម ១៥ ឧសភា ១៩៦៤ ទំព័រ ៣០៨ វគ្គ ២១។ (អង់គ្លេស)
តើអ្នកអាចពន្យល់ទេ?
◻ ក្នុងការថ្លឹងថ្លែងទំនាក់ទំនងរបស់គាត់ជាមួយសេសារនិងព្រះយេហូវ៉ា តើអ្វីជាកង្វល់ទីមួយរបស់គ្រីស្ទាន?
◻ តើយើងជំពាក់អ្វីខ្លះដល់ព្រះយេហូវ៉ាដែលយើងមិនអាចថ្វាយដល់សេសារ?
◻ តើរបស់អ្វីខ្លះដែលយើងអាចថ្វាយដោយត្រឹមត្រូវដល់សេសារ?
◻ តើមានបទគម្ពីរណាខ្លះដែលជួយយើងឲ្យសំរេចការត្រឹមត្រូវក្នុងបញ្ហានៃតម្រូវឲ្យចូលធ្វើទាហាន?
◻ តើយើងត្រូវចងចាំអ្វីខ្លះ នៅពេលគេហៅឲ្យទៅធ្វើការងារស៊ីវិលជាតិ?
◻ ចំពោះព្រះយេហូវ៉ានិងសេសារ តើយើងត្រូវបន្តធ្វើអ្វី?
[រូបភាពនៅទំព័រ១៦]
ពួកសាវ័កបានប្រាប់ក្រុមប្រឹក្សាជាន់ខ្ពស់នៃសាសន៍យូដា៖ «[យើង]ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»