បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w96 ១/៨ ទំ. ៩-១៤
  • ព្រះនិងសេសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះនិងសេសារ
  • ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ពី​សម័យ​បុរាណ​និង​រដ្ឋាភិបាល
  • ចរិយា​របស់​ព្រះ​យេស៊ូ​ចំពោះ​រដ្ឋាភិបាល
  • ពួក​គ្រីស្ទាន​និង​សេសារ
  • ការ​កើន​ចំណេះ​អំពី​«រាជការ»
  • ការ​ចុះ​ចូល​ដោយ​លក្ខខណ្ឌ
  • ទស្សនៈគ្រីស្ទានចំពោះអំណាច
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៤
  • ការថ្វាយរបស់សេសារទៅសេសារ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • គ្រីស្ទានសម័យដើមនិងរដ្ឋាភិបាល
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ក្នុងលោកីយ៍ប៉ុន្តែមិនមែនជារបស់ផងលោកីយ៍
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w96 ១/៨ ទំ. ៩-១៤

ព្រះ​និង​សេសារ

«បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ»។—លូកា ២០:២៥

១. (ក) តើ​អ្វី​ជា​ឋានៈ​ដ៏​ខ្ពស់​របស់​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​ជំពាក់​អ្វី​ដល់​ព្រះ​យេហូវ៉ា ដែល​យើង​មិន​អាច​ឲ្យ​ទៅ​សេសារ​បាន?

កាល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​ប្រទាន​ឲ្យ​សេចក្ដី​បង្គាប់​នេះ ទ្រង់​ជ្រាប​យ៉ាង​ច្បាស់​ថា ព្រះ​តម្រូវ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ទ្រង់​ចាត់​ទុក​ជា​សំខាន់​ចំពោះ​អ្វីៗ​ដែល​សេសារ ឬ​រដ្ឋាភិបាល​នេះ​តម្រូវ​ពី​ពួក​គេ។ ព្រះ​យេស៊ូ​ជ្រាប​ដឹង​ជាង​គេ​ទាំង​អស់​នូវ​សេចក្ដី​ពិត​នៃ​ការ​អធិស្ឋាន​របស់​អ្នក​តែង​បទ​ទំនុកដំកើង​ទៅ​ព្រះ​យេហូវ៉ា ដែល​ថា​៖ «រាជ្យ​ទ្រង់​ស្ថិត​ស្ថេរ​នៅ​អស់កល្ប​ជានិច្ច ហើយ​អំណាច[អធិបតេយ្យភាព]​a​ទ្រង់​ក៏​នៅ​ដរាប​ដល់​អស់​ទាំង​ដំណ​ត​ទៅ»។ (ទំនុកដំកើង ១៤៥:១៣) នៅ​ពេល​ដែល​អារក្ស​ប្រគល់​ឲ្យ​ព្រះ​យេស៊ូ​នូវ​អំណាច​នៃ​នគរ​ទាំង​អស់​នៃ​ផែនដី ព្រះ​យេស៊ូ​ឆ្លើយ​តប​ថា​៖ «មាន​សេចក្ដី​ចែង​ទុក​មក​ថា ‹ត្រូវ​ឲ្យ​ឯង​ថ្វាយ​បង្គំ​ដល់​ព្រះ​អម្ចាស់[យេហូវ៉ា] ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​១​ព្រះ​អង្គ​ប៉ុណ្ណោះ› »។ (លូកា ៤:៥​-​៨) ដូច្នេះ យើង​មិន​ត្រូវ​ថ្វាយ​បង្គំ​ដល់​«សេសារ»​ឡើយ ទោះបី​សេសារ​ជា​រាជាធិរាជ​រ៉ូម៉ាំង មេ​គ្រប់គ្រង​មនុស្ស​ណា​ឯ​ទៀត ឬ​ជា​រដ្ឋាភិបាល​ក៏​ដោយ។

២. (ក) តើ​អ្វី​ជា​ឋានៈ​របស់​សាតាំង​ចំពោះ​លោកីយ៍​នេះ? (ខ) តើ​សាតាំង​កាន់​កាប់​ឋានៈ​របស់​វា​ដោយ​មាន​ការ​អនុញ្ញាត​ពី​អ្នក​ណា?

២ ព្រះ​យេស៊ូ​មិន​បាន​ប្រកែក​ថា​រាជាណាចក្រ​នៃ​លោកីយ៍​នេះ​ជា​កម្មសិទ្ធិ​របស់​សាតាំង​ទេ។ ក្រោយ​មក ទ្រង់​បាន​ហៅ​សាតាំង​ជា​«ចៅហ្វាយ​របស់​លោកីយ​នេះ»។ (យ៉ូហាន ១២:៣១; ១៦:១១) មក​ដល់​ចុង​សតវត្ស​ទី​មួយ​មុន​សករាជ​យើង សាវ័ក​យ៉ូហាន​បាន​សរសេរ​ថា​៖ «យើង​ដឹង​ថា​យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហានទី១ ៥:១៩) នេះ​មិន​មែន​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​បាន​លះបង់​ចោល​អធិបតេយ្យភាព​របស់​ទ្រង់​នៅ​លើ​ផែនដី​នោះ​ឡើយ។ នៅ​ចាំ​ទេ កាល​ដែល​សាតាំង​ប្រគល់​ឲ្យ​ការ​គ្រប់គ្រង​លើ​រាជាណាចក្រ​នយោបាយ​ដល់​ព្រះ​យេស៊ូ វា​បាន​ថ្លែង​ថា​៖ «ខ្ញុំ​នឹង​ឲ្យ​អំណាច . . . នៃ​នគរ​ទាំង​នេះ​ដល់​អ្នក ដ្បិត​បាន​ប្រគល់​មក​ខ្ញុំ​ហើយ»។ (លូកា ៤:៦) ដូច្នេះ សាតាំង​មាន​អំណាច​លើ​រាជាណាចក្រ​ទាំង​អស់​នៃ​លោកីយ៍​នេះ ដោយ​មាន​ការ​អនុញ្ញាត​ពី​ព្រះ។

៣. (ក) តើ​រដ្ឋាភិបាល​នៃ​សាសន៍​ទាំង​ឡាយ​មាន​ឋានៈ​យ៉ាង​ណា​នៅ​ចំពោះ​ព្រះ​យេហូវ៉ា? (ខ) តើ​យើង​អាច​និយាយ​យ៉ាង​ណា​ថា ការ​ចុះ​ចូល​នឹង​រដ្ឋាភិបាល​នៃ​លោកីយ៍​នេះ មិន​មែន​មាន​ន័យ​ថា យើង​ចុះ​ចូល​នឹង​សាតាំង​ជា​ព្រះ​នៃ​លោកីយ៍​នេះ?

៣ ស្រដៀង​គ្នា​ដែរ រដ្ឋាភិបាល​អាច​ប្រើ​អំណាច​របស់​ខ្លួន​បាន ពីព្រោះ​ព្រះ ក្នុង​ឋានៈ​ជា​ព្រះ​មហាក្សត្រ​គ្រប់គ្រង បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ។ (យ៉ូហាន ១៩:១១) ដូច្នេះ​ហើយ យើង​អាច​និយាយ​ថា​«ព្រះ​ទ្រង់​បាន​តាំង​ពួក​លោក​ទាំង​នោះ​ឲ្យ​មាន​អំណាច[ល័ក្ខ​ខណ្ឌ]»។ បើ​ប្រៀប​នឹង​អំណាច​មហាក្សត្រ​ដ៏​ឧត្តម​របស់​ព្រះ​យេហូវ៉ា ពួក​លោក​ទាំង​នេះ​មាន​អំណាច​តិច​ណាស់។ យ៉ាង​ណា​ក៏​ដោយ ពួក​លោក​ទាំង​នេះ​ជា​«អ្នក​បំរើ​របស់​ព្រះ» ជា​«ភ្នាក់ងារ​របស់​ព្រះ» ដើម្បី​ផ្ដល់​ឲ្យ​ហិត​ប្រយោជន៍​ចាំបាច់ រក្សា​ច្បាប់​និង​សណ្ដាប់​ធ្នាប់ ហើយ​ដើម្បី​ធ្វើ​ទោស​ដល់​ពួក​អ្នក​ធ្វើ​អាក្រក់។ (រ៉ូម ១៣:១, ៤, ៦) ដូច្នេះ គ្រីស្ទាន​ត្រូវ​តែ​ដឹង​ថា ទោះបី​សាតាំង​ជា​មេ​គ្រប់គ្រង​ដ៏​មើល​មិន​ឃើញ​នៃ​លោកីយ៍ ឬ​ប្រព័ន្ធ​នេះ​ក៏​ដោយ ពួក​គេ​មិន​មែន​ចុះ​ចូល​នឹង​វា​ទេ នៅ​ពេល​ដែល​គេ​ចុះ​ចូល​ដោយ​ល័ក្ខ​ខណ្ឌ​នឹង​រដ្ឋាភិបាល​នោះ។ ពួក​គេ​គោរព​តាម​ព្រះ។ ក្នុង​ឆ្នាំ​១៩៩៦នេះ រដ្ឋាភិបាល​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​«ការ​រៀប​ចំ​របស់​ព្រះ» គឺ​ជា​ការ​រៀប​ចំ​បណ្ដោះ​អាសន្ន​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មាន ហើយ​ពួក​អ្នក​បំរើ​នៃ​ព្រះ​យេហូវ៉ា​នៅ​ផែនដី គួរ​តែ​ទទួល​ស្គាល់​ការ​រៀប​ចំ​នេះ។—រ៉ូម ១៣:២, ព.ថ.

ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ពី​សម័យ​បុរាណ​និង​រដ្ឋាភិបាល

៤. ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​យ៉ូសែប​មាន​ឋានៈ​ធំដុំ​ក្នុង​រដ្ឋាភិបាល​អេស៊ីប?

៤ ក្នុង​សម័យ​មុន​គ្រីស្ទាន ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ខ្លះ កាន់​កាប់​ឋានៈ​ដ៏​ធំដុំ​ក្នុង​រដ្ឋាភិបាល។ ឧទាហរណ៍ ក្នុង​សតវត្ស​ទី​១៨ ម.ស.យ. យ៉ូសែប​បាន​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អេស៊ីប ជា​អ្នក​កាន់​តំណែង​ទីពីរ​បន្ទាប់​ពី​ស្តេច​ផារ៉ោន។ (លោកុប្បត្តិ ៤១:៣៩​-​៤៣) ព្រឹត្ដិការណ៍​ដែល​កើត​មាន​ឡើង​ជា​ខាង​ក្រោយ​ធ្វើ​ឲ្យ​ឃើញ​ច្បាស់​ថា ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ការ​នេះ​កើត​ឡើង ដើម្បី​ឲ្យ​យ៉ូសែប​អាច​បំរើ​ជា​ឧបករណ៍​មួយ​ក្នុង​ការ​រក្សា​ទុក‹ពូជ​របស់​អ័ប្រាហាំ› ជា​កូន​ចៅ​របស់​គាត់ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សំរេច​នៃ​គោល​បំណង​របស់​ទ្រង់។ មែន​ហើយ យើង​គួរ​តែ​ចាំ​ថា យ៉ូសែប​ត្រូវ​បាន​លក់​ឲ្យ​ធ្វើ​ខ្ញុំ​គេ​ក្នុង​អេស៊ីប ហើយ​គាត់​បាន​រស់​នៅ​ក្នុង​គ្រា​ដែល​ពួក​អ្នក​បំរើ​របស់​ព្រះ​ឥត​មាន​ច្បាប់​របស់​លោក​ម៉ូសេ ហើយ​ក៏​មិន​មាន​«ក្រិត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ»​ដែរ។—លោកុប្បត្តិ ១៥:៥​-​៧; ៥០:១៩​-​២១; កាឡាទី ៦:២

៥. ហេតុ​អ្វី​ក៏​ពួក​ឈ្លើយ​យូដា​ត្រូវ​បាន​បញ្ជា​ឲ្យ​‹ស្វែង​រក​សេចក្ដី​សន្ដិភាព›ក្នុង​បាប៊ីឡូន​ដូច្នេះ?

៥ ជា​ច្រើន​សតវត្ស​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​ព្យាការីយេរេមា​ដ៏​ស្មោះ​ត្រង់ ប្រាប់​ដល់​ពួក​ឈ្លើយ​យូដា​ឲ្យ​ចុះ​ចូល​នឹង​ពួក​អ្នក​គ្រប់គ្រង កាល​ដែល​បាន​ធ្វើ​និរទេស​ទៅ​បាប៊ីឡូន ហើយ​ថែម​ទាំង​ប្រាប់​ឲ្យ​អធិស្ឋាន​សូម​សន្ដិភាព​មក​ដល់​ក្រុង​នោះ​ផង។ ក្នុង​សំបុត្រ​ទៅ​ពួក​គេ គាត់​បាន​សរសេរ​ថា​៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន . . . ‹ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹក​នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្ដី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្ដី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ​ដែរ› »។ (យេរេមា ២៩:៤, ៧) ប្រជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​មាន​មូលហេតុ​«ស្វែង​រក . . . សេចក្ដី​មេត្រីភាព»​សំរាប់​ខ្លួន​គេ ហើយ​នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​រស់​នៅ ដើម្បី​ឲ្យ​មាន​សេរីរភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។—ពេត្រុសទី១ ៣:១១

៦. ថ្វី​បើ​មាន​ឋានៈ​ខ្ពស់​ក្នុង​រដ្ឋាភិបាល តើ​តាម​របៀប​ណា​ដែល​ដានីយ៉ែល​និង​មិត្ត​បី​នាក់​របស់​គាត់​បដិសេធ​មិន​មិន​ចុះ​ចូល​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់​របស់​ព្រះ?

៦ ក្នុង​កំឡុង​ការ​ជាប់​ឃុំ​ឃាំង​នៅ​បាប៊ីឡូន ដានីយ៉ែល​និង​យូដា​ស្មោះ​ត្រង់​បី​នាក់​ទៀត​ដែល​បាន​ជាប់​ជា​ទាសភាព​ដល់​ពួក​បាប៊ីឡូន បាន​ទទួល​ការ​ហ្វឹកហ្វឺន​ពី​រដ្ឋ ហើយ​ក៏​បាន​ទៅ​ជា​អ្នក​រដ្ឋ​ការ​សក្ដិ​ខ្ពស់​ក្នុង​ស្រុក​បាប៊ីឡូន។ (ដានីយ៉ែល ១:៣​-​៧; ២:៤៨, ៤៩) យ៉ាង​ណា​ក៏​ដោយ សូម្បីតែ​ក្នុង​កំឡុង​ការ​ហ្វឹកហ្វឺន​របស់​គេ ពួក​គេ​បាន​កាន់​គោល​ជំហរ​ដ៏​ម៉ឺងម៉ាត់​ចំពោះ​បញ្ហា​ម្ហូបអាហារ ដែល​អាច​នាំ​ឲ្យ​ពួក​គេ​បំពាន​លើ​ច្បាប់​ដែល​ព្រះ​យេហូវ៉ា ជា​ព្រះ​របស់​គេ បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ។ ចំពោះ​ការ​នេះ ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួក​គេ។ (ដានីយ៉ែល ១:៨​-​១៧) នៅ​ពេល​ដែល​ស្តេច​នេប៊ូក្នេសា​បាន​ដំ​ឡើង​រូប​ព្រះ​មួយ មិត្ត​ហេព្រើរ​បី​នាក់​របស់​ដានីយ៉ែល​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​មក​ពិធី​បុណ្យ​នោះ ជា​មួយ​នឹង​អ្នក​រដ្ឋ​ការ​ឯ​ទៀត​ដែរ។ យ៉ាង​ណា​ក៏​ដោយ ពួក​គេ​បាន​បដិសេធ​មិន​«ក្រាប​ថ្វាយ​បង្គំ»​រូប​ព្រះ​នោះ​ឡើយ។ ម្ដង​នេះ​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​គេ​ចំពោះ​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គេ។ (ដានីយ៉ែល ៣:១​-​៦, ១៣​-​២៨) សព្វ​ថ្ងៃ​នេះ​ក៏​ស្រដៀង​គ្នា​ដែរ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​គោរព​ដល់​ទង់ជ័យ​នៃ​ប្រទេស​ដែល​គេ​រស់​នៅ តែ​ពួក​គេ​មិន​ថ្វាយ​បង្គំ​ដល់​ទង់ជ័យ​នោះ​ទេ។—និក្ខមនំ ២០:៤, ៥; យ៉ូហានទី១ ៥:២១

៧. (ក) តើ​ដានីយ៉ែល​បាន​កាន់​គោល​ជំហរ​ដ៏​ប្រសើរ​អ្វី ថ្វី​បើ​គាត់​មាន​ឋានៈ​ខ្ពស់​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​បាប៊ីឡូន​នោះ? (ខ) តើ​មាន​ការ​ប្រែប្រួល​អ្វី​កើត​ឡើង​នៅ​សម័យ​គ្រីស្ទាន?

៧ ក្រោយ​ពី​ពូជ​ពង្ស​បាប៊ីឡូន​ថ្មីៗ​បាន​រលំ​ទៅ ដានីយ៉ែល​បាន​ទទួល​តំណែង​ខ្ពស់​ក្នុង​រដ្ឋ​ថ្មី​ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​មីឌី​-​ពើស៊ី​ក្នុង​ស្រុក​បាប៊ីឡូន។ (ដានីយ៉ែល ៥:៣០, ៣១; ៦:១​-​៣) ប៉ុន្តែ​គាត់​មិន​បាន​បណ្ដោយ​ឲ្យ​ឋានៈ​ខ្ពស់​នេះ ធ្វើ​ឲ្យ​សៅហ្មង​ដល់​ចិត្ត​ស្មោះ​គ្រប់​ល័ក្ខណ៍​របស់​គាត់​ទេ។ កាល​ដែល​ច្បាប់​មួយ​របស់​រដ្ឋ​តម្រូវ​ឲ្យ​គាត់​ថ្វាយ​បង្គំ​ស្តេច​ដារីយុស ជាជាង​ព្រះ​យេហូវ៉ា គាត់​បាន​បដិសេធ។ ចំពោះ​ការ​នេះ គេ​បាន​បោះ​ទំលាក់​គាត់​ទៅ​ក្នុង​រូង​សត្វ​សិង្ហ តែ​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​គាត់។ (ដានីយ៉ែល ៦:៤​-​២៤) ពិត​មែន​ហើយ ការ​នេះ​បាន​កើត​ឡើង​មុន​សម័យ​គ្រីស្ទាន។ ពេល​ដែល​ក្រុមជំនុំ​គ្រីស្ទាន​បាន​ស្ថាបនា​ឡើង ពួក​អ្នក​បំរើ​ព្រះ​មក​នៅ​ក្រោម​«ក្រិត្យ​វិន័យ​ព្រះ​គ្រីស្ទ​វិញ»។ អ្វីៗ​ជា​ច្រើន​ដែល​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ក្រោម​ប្រព័ន្ធ​យូដា ឥឡូវ​ត្រូវ​បាន​ចាត់​ទុក​ជា​អ្វី​ផ្សេង ដោយ​ពឹង​ទៅ​លើ​របៀប​ដែល​ព្រះ​យេហូវ៉ា​ទាក់ទង​នឹង​ប្រជា​រាស្ត្រ​របស់​ទ្រង់​ឥឡូវ​នេះ។—កូរិនថូសទី១ ៩:២១; ម៉ាថាយ ៥:៣១, ៣២; ១៩:៣​-​៩

ចរិយា​របស់​ព្រះ​យេស៊ូ​ចំពោះ​រដ្ឋាភិបាល

៨. តើ​ព្រឹត្ដិការណ៍​ណា​មួយ​ដែល​បង្ហាញ​ថា ព្រះ​យេស៊ូ​បាន​ប្ដេជ្ញា​មិន​ចូល​ប្រឡូក​ប្រឡាក់​នឹង​នយោបាយ?

៨ កាល​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​នៅ​លើ​ផែនដី​នៅ​ឡើយ ទ្រង់​បាន​តាំង​បមាណីយ​ខ្ពស់​សំរាប់​ពួក​អ្នក​កាន់​តាម​ទ្រង់ ហើយ​ទ្រង់​បាន​បដិសេធ​មិន​ចូល​ប្រឡូក​ប្រឡាក់​ក្នុង​រឿង​នយោបាយ​ឬ​រឿង​យោធា​ឡើយ។ ក្រោយ​ពី​ព្រះ​យេស៊ូ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស​បី​បួន​ពាន់​នាក់​ពី​នំប៉័ង​និង​ត្រី​តូច​ពីរ នោះ​ពួក​បុរស​យូដា​បាន​ចង់​ចាប់​ទ្រង់​ដើម្បី​តាំង​ទ្រង់​ឡើង​ជា​ស្តេច​ខាង​នយោបាយ។ ប៉ុន្តែ ព្រះ​យេស៊ូ​បាន​គេច​ខ្លួន​ចេញ​ពី​ពួក​គេ ដោយ​ចេញ​ជា​ប្រញាប់​ទៅ​ឯ​ទី​ភ្នំ។ (យ៉ូហាន ៦:៥​-​១៥) ចំពោះ​ព្រឹត្ដិការណ៍​នេះ សៀវភៅអត្ថាធិប្បាយ​អន្តរជាតិ​ថ្មី​អំពី​សញ្ញា​ថ្មីថ្លែង​ថា​៖ «នៅ​ជំនាន់​នោះ មាន​ចំណង់​ខាង​សាសន៍​និយម​ជា​ខ្លាំង​ក្នុង​ចំណោម​ពួក​យូដា ហើយ​ពួក​ជា​ច្រើន​ដែល​បាន​ឃើញ​អព្ភូតហេតុ​នោះ ច្បាស់​ជា​មាន​អារម្មណ៍​ថា នេះ​ជា​មេ​ដឹក​នាំ​ដែល​ព្រះ​ទទួល​ស្គាល់ ជា​អ្នក​ដែល​សម​នឹង​ដឹក​នាំ​ពួក​គេ​ទាស់​នឹង​ពួក​រ៉ូម៉ាំង។ ដូច្នេះ ពួក​គេ​បាន​តាំង​ចិត្ត​នឹង​យក​ទ្រង់​ធ្វើ​ជា​ស្តេច»។ សៀវភៅ​នេះ​បន្ថែម​ទៀត​ថា ព្រះ​យេស៊ូ​បាន​«បដិសេធ​យ៉ាង​ម៉ឺងម៉ាត់» នៃ​ការ​ដឹក​នាំ​ខាង​នយោបាយ​នេះ។ ព្រះ​គ្រីស្ទ​មិន​បាន​គាំទ្រ​សោះ​ឡើយ​ដល់​ការ​បះបោរ​នៃ​ពួក​យូដា​ទាស់​នឹង​ការ​កាន់​កាប់​របស់​ពួក​រ៉ូម៉ាំង។ តាម​ការ​ពិត ទ្រង់​បាន​ទាយ​ប្រាប់​អំពី​លទ្ធផល​នៃ​ការ​បះបោរ​ដែល​នឹង​កើត​ឡើង ក្រោយ​ពី​ទ្រង់​ចូល​ទិវង្គត—គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង​ដល់​ពួក​អ្នក​ស្រុក​យេរូសាឡិម​និង​ការ​ហិនវិនាស​នៃ​ទី​ក្រុង​នោះ។—លូកា ២១:២០​-​២៤

៩. (ក) តើ​ព្រះ​យេស៊ូ​បាន​រៀប​រាប់​ថា ព្រះ​រាជាណាចក្រ​របស់​ទ្រង់​មាន​ទំនាក់ទំនង​យ៉ាង​ណា​ជា​មួយ​លោកីយ៍​នេះ? (ខ) តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​គោលការណ៍​ណែនាំ​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់ ចំពោះ​ការ​មាន​ទំនាក់ទំនង​ជា​មួយ​រដ្ឋាភិបាល​នៃ​លោកីយ៍?

៩ មិន​យូរ​ប៉ុន្មាន​មុន​ទិវង្គត​របស់​ទ្រង់ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​អ្នក​តំណាង​ពិសេស​នៃ​រាជាធិរាជ​រ៉ូម​នៅ​ស្រុក​យូដា​ថា​៖ «នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ បើសិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​តយុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ»។ (យ៉ូហាន ១៨:៣៦) ពួក​សិស្ស​របស់​ព្រះ​គ្រីស្ទ​នឹង​កាន់​តាម​គំរូ​របស់​ទ្រង់ ទំរាំ​ដល់​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​កំទេច​ចោល​ការ​គ្រប់គ្រង​នៃ​ពួក​រដ្ឋាភិបាល​ខាង​នយោបាយ។ ពួក​គេ​សំដែង​ការ​គោរព​ដល់​អាជ្ញាធរ​ទាំង​នោះ ប៉ុន្តែ​ពួក​គេ​មិន​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ឡើយ។ (ដានីយ៉ែល ២:៤៤; ម៉ាថាយ ៤:៨​-​១០) ព្រះ​យេស៊ូ​បាន​ទុក​គោលការណ៍​ណែនាំ​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់ ដោយ​ថ្លែង​ថា​៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ»។ (ម៉ាថាយ ២២:២១) មុន​នេះ ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ «បើ​អ្នក​ណា​បង្ខំ​ឲ្យ​អ្នក​ទៅ​អស់​១​យោជន៍ នោះ​ចូរ​ទៅ​ជា​មួយ​នឹង​គេ​ដល់​២​យោជន៍​ផង»។ (ម៉ាថាយ ៥:៤១) ក្នុង​បរិបទ​នៃ​ធម្មទាន​នេះ ព្រះ​យេស៊ូ​ចង់​ពន្យល់​អំពី​គោលការណ៍​នៃ​ការ​សុខ​ចិត្ត​ចុះ​ចូល​តាម​ច្បាប់​បញ្ជា ទោះ​ជា​ក្នុង​ទំនាក់ទំនង​រវាង​មនុស្ស​ក្ដី ឬ​មាន​ក្នុង​តម្រូវ​នៃ​រដ្ឋាភិបាល​ដែល​ស្រប​តាម​ច្បាប់​របស់​ព្រះ​ក៏​ដោយ។—លូកា ៦:២៧​-​៣១; យ៉ូហាន ១៧:១៤, ១៥

ពួក​គ្រីស្ទាន​និង​សេសារ

១០. យោង​ទៅ​តាម​អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់ តើ​ពួក​គ្រីស្ទាន​ពីដើម​បាន​កាន់​គោល​ជំហរ​នៃ​មនសិការ​អ្វី​ចំពោះ​សេសារ?

១០ គោលការណ៍​ណែនាំ​ខ្លីៗ​ទាំង​នេះ គឺ​សំរាប់​គ្រប់គ្រង​លើ​ទំនាក់ទំនង​រវាង​ពួក​គ្រីស្ទាន​និង​រដ្ឋាភិបាល។ ក្នុង​សៀវភៅ​របស់​គាត់ដំណើរ​កើន​ឡើង​នៃ​សាសនា​គ្រីស្ទាន អ្នក​ប្រវត្ដិសាស្ត្រ​ម្នាក់​ឈ្មោះ​បាន្ស បាន​សរសេរ​ថា​៖ «ជា​ច្រើន​សតវត្ស​មក​នេះ បើ​គ្រីស្ទាន​ណា​ម្នាក់​មិន​ដឹង​ច្បាស់​នូវ​មុខ​នាទី​របស់​គាត់​ចំពោះ​រដ្ឋាភិបាល គាត់​បែរ​ទៅ​រក​សេចក្ដី​បង្រៀន​ជា​ផ្លូវការ​របស់​ព្រះ​គ្រីស្ទ។ គាត់​ត្រូវ​តែ​បង់​ពន្ធ​អាករ​៖ ពន្ធ​អាករ​ត្រូវ​បាន​គេ​ហូត​យក​ច្រើន​ពន់ពេក—ដែល​ទៅ​ជា​បន្ទុក​ដ៏​ធ្ងន់ មុន​នឹង​ការ​រលំ​បស្ចិម​ចក្រភព—តែ​គ្រីស្ទាន​បង់​ពន្ធ​អាករ ថ្វី​បើ​មាន​សេចក្ដី​លំបាក​វេទនា​ក៏​ដោយ។ ហើយ​គាត់​ក៏​ទទួល​កាតព្វកិច្ច​រដ្ឋ​ឯ​ទៀត​ទាំង​អស់ ឲ្យ​តែ​មិន​ហៅ​គាត់​ឲ្យ​ថ្វាយ​ដល់​សេសារ​នូវ​អ្វីៗ​ដែល​ជា​របស់​ផង​ព្រះ»។

១១. តើ​ប៉ុល​បាន​ទូន្មាន​ពួក​គ្រីស្ទាន​អំពី​ការ​ទាក់ទង​ពួក​មេ​ដឹក​នាំ​នៃ​លោកីយ៍​យ៉ាង​ណា​ខ្លះ?

១១ ជាង​២០ឆ្នាំ​បន្ដិច​ក្រោយ​ពី​ទិវង្គត​នៃ​ព្រះ​គ្រីស្ទ ដោយ​ស្រប​តាម​ការ​នេះ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​គ្រីស្ទាន​នៅ​រ៉ូម​ថា​៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ»។ (រ៉ូម ១៣:១) ប្រហែល​ជា​ដប់​ឆ្នាំ​ក្រោយ​មក មុន​គាត់​ជាប់​គុក​ជា​លើក​ទីពីរ​និង​ការ​ប្រហារ​ជីវិត​នៅ​រ៉ូម ប៉ុល​បាន​សរសេរ​ទៅ​ទីតុស​ថា​៖ «ចូរ​រំឭក​គេ[ពួក​គ្រីស្ទាន​ក្រិ​ត] ឲ្យ​ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក​មាន​អំណាច​ទាំង​អស់ ព្រម​ទាំង​ស្ដាប់​បង្គាប់ ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ មិន​ត្រូវ​និយាយ​អាក្រក់​ពី​អ្នក​ណា ឬ​ឈ្លោះ​ប្រកែក​ឡើយ ត្រូវ​មាន​ចិត្ត​ស្លូតបូត ទាំង​សំដែង​សេចក្ដី​សុភាព​គ្រប់​យ៉ាង ដល់​មនុស្ស​ទាំង​អស់​ផង»។—ទីតុស ៣:១, ២

ការ​កើន​ចំណេះ​អំពី​«រាជការ»

១២. (ក) តើ​លោកឆាល្ស ថេស្ស រ៉ាសិ​ល យល់​យ៉ាង​ណា អំពី​គោល​ជំហរ​ត្រឹម​ត្រូវ​នៃ​គ្រីស្ទាន​ចំពោះ​រដ្ឋ​អំណាច? (ខ) អំពី​ការ​បំរើ​ក្នុង​កងទ័ព តើ​ពួក​គ្រីស្ទាន​ចាក់​ប្រេង​តាំង​មាន​ទស្សនៈ​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី១?

១២ នៅ​ដើម​ឆ្នាំ​១៨៨៦ ឆាល្ស ថេស្ស រ៉ាសិល ក្នុង​សៀវភៅ​មួយ​ឈ្មោះ​គំរោង​ការណ៍​នៃ​គ្រា​នោះ បាន​សរសេរ​ថា​៖ «ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​មិន​បាន​ចូល​ជ្រៀតជ្រែក​ជា​មួយ​ពួក​មេ​ដឹក​នាំ​នៃ​ផែនដី​សោះ​ឡើយ។ . . . ពួក​គេ​បាន​បង្រៀន​ពួក​ក្រុមជំនុំ​ឲ្យ​គោរព​ច្បាប់​នានា ហើយ​ឲ្យ​គោរព​ពួក​អ្នក​មាន​អំណាច ដោយសារ​មុខ​តំណែង​របស់​គេ . . . ឲ្យ​បង់​ពន្ធ​អាករ​ដល់​គេ លើក​លែង​តែ​ច្បាប់​របស់​រដ្ឋ​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ (កិច្ចការ ៤:១៩; ៥:២៩) ហើយ​មិន​ត្រូវ​ឲ្យ​មាន​ទំនាស់​នឹង​ច្បាប់​ណា​ឲ្យ​សោះ។ (រ៉ូម ១៣:១​-​៧; ម៉ាថាយ ២២:២១) ព្រះ​យេស៊ូ​និង​ពួក​សាវ័ក ព្រម​ទាំង​ពួក​ក្រុមជំនុំ​ពីដើម គឺ​សុទ្ធតែ​ជា​អ្នក​គោរព​ច្បាប់​ទាំង​អស់ ថ្វី​បើ​ពួក​គេ​បាន​ញែក​ខ្លួន​ចេញ ហើយ​មិន​បាន​ចូល​រួបរួម​ក្នុង​រដ្ឋាភិបាល​នៃ​លោកីយ៍​នេះ​ក៏​ដោយ»។ សៀវភៅ​នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ត្រឹម​ត្រូវ​ថា «អ្នក​មាន​អំណាច​ខ្ពង់​ខ្ពស់» ឬ «រាជការ» ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​មក​នេះ គឺ​ជា​រដ្ឋ​អំណាច​របស់​មនុស្ស។ (រ៉ូម ១៣:១, សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ឃីងជេម្ស) ក្នុង​ឆ្នាំ​១៩០៤ សៀវភៅការ​បង្កើត​ថ្មីថ្លែង​ថា ពួក​គ្រីស្ទាន​ពិត «គួរ​តែ​ដាក់​ក្នុង​ចំណោម​មនុស្ស​ដែល​គោរព​ច្បាប់​ជាង​គេ​បង្អស់​នៃ​បច្ចុប្បន្ន​នេះ—មិន​ក្នុង​ចំណោម​មនុស្ស​បះបោរ មនុស្ស​ដែល​ទាស់ទែង​គ្នា និង​មនុស្ស​ដែល​រក​តែ​កំហុស​គេ​នោះ​ទេ»។ ពួក​គ្រីស្ទាន​ខ្លះ​យល់​ថា នេះ​មាន​ន័យ​ថា​ជា​ការ​ចុះ​ចូល​ទាំង​ស្រុង​តាម​រដ្ឋ​អំណាច រហូត​ដល់​ថ្នាក់​ទទួល​បំរើ​ក្នុង​កងទ័ព​ក្នុង​កំឡុង​សង្គ្រាម​លោក​លើក​ទី១។ ប៉ុន្តែ អ្នក​ឯ​ទៀត​យល់​ឃើញ​ថា នេះ​ជា​ការ​ផ្ទុយ​ពី​សេចក្ដី​ថ្លែង​របស់​ព្រះ​យេស៊ូ​ដែល​ថា​៖ «ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ»។ (ម៉ាថាយ ២៦:៥២) ម្ល៉ោះ​ហើយ​បាន​ជា​ការ​យល់​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ការ​ចុះ​ចូល​នៃ​គ្រីស្ទាន​ចំពោះ​រាជការ ជា​ការ​ចាំបាច់​ណាស់។

១៣. តើ​ទស្សនៈ​អំពី​អត្តសញ្ញាណ​នៃ​អ្នក​មាន​អំណាច​ខ្ពង់​ខ្ពស់​បាន​ប្រែប្រួល​យ៉ាង​ណា​ក្នុង​ឆ្នាំ​១៩២៩ ហើយ​តើ​នេះ​មាន​ប្រយោជន៍​យ៉ាង​ណា?

១៣ ក្នុង​ឆ្នាំ​១៩២៩ ជា​គ្រា​ដែល​រដ្ឋាភិបាល​ផ្សេងៗ​បាន​ចាប់​ផ្ដើម​ចេញ​ច្បាប់​បំរាម​ដល់​អ្វីៗ​ដែល​ព្រះ​បញ្ជា​ឲ្យ​ធ្វើ ឬ​ទាមទារ​យក​អ្វីៗ​ដែល​ច្បាប់​របស់​ព្រះ​ហាមឃាត់។ នៅ​គ្រា​នេះ​ហើយ​ដែល​គេ​ជឿ​ថា អ្នក​មាន​អំណាច​ខ្ពង់​ខ្ពស់​នោះ គឺ​ច្បាស់​ជា​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ។b នេះ​ហើយ​ជា​ទស្សនៈ​នៃ​ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ក្នុង​កំឡុង​គ្រា​ដ៏​សំខាន់​នេះ គឺ​ពី​មុន​និង​ក្នុង​កំឡុង​គ្រា​សង្គ្រាម​លោក​លើក​ទី២ ហើយ​មក​ដល់​គ្រា​សង្គ្រាម​ត្រជាក់ ដោយ​មាន​អំពើ​ដែល​គួរ​ខ្លាច​និង​ការ​រៀប​ចំ​ស្រេច​នៃ​យោធា។ បើ​គិត​មើល​ទៅ ការ​មាន​ទស្សនៈ​អំពី​អ្វីៗ​ទាំង​នេះ ច្បាស់​ជា​បាន​លើក​ដំកើង​ដល់​ឧត្តម​ភាព​នៃ​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ ហើយ​ក៏​បាន​ជួយ​ប្រជា​រាស្ត្រ​របស់​ព្រះ​ឲ្យ​រក្សា​គោល​ជំហរ​អព្យាក្រឹត​ដោយ​មិន​ចុះ​ចាញ់​ឡើយ​ក្នុង​កំឡុង​គ្រា​ដ៏​លំបាក​នេះ។

ការ​ចុះ​ចូល​ដោយ​លក្ខខណ្ឌ

១៤. ក្នុង​ឆ្នាំ​១៩៦២ តើ​មាន​ការ​បំភ្លឺ​ណា​ទៀត​មក​លើ​រ៉ូម ១៣:១, ២ និង​បទ​គម្ពីរ​ដែល​ទាក់ទង​នោះ?

១៤ ក្នុង​ឆ្នាំ​១៩៦១ សេចក្ដី​បកប្រែ​ពិភពលោក​ថ្មី​នៃ​បទ​គម្ពីរ​បរិសុទ្ធ បាន​បកប្រែ​ចប់។ ការ​រៀប​ចំ​នៃ​សេចក្ដី​បកប្រែ​នេះ តម្រូវ​ឲ្យ​សិក្សា​យ៉ាង​ហ្មត់ចត់​អំពី​ភាសា​ឯកសារ​ដើម​នៃ​បទ​គម្ពីរ។ ការ​បកប្រែ​ច្បាស់​លាស់​នៃ​ពាក្យ​ដែល​ប្រើ​ក្នុង​រ៉ូម​ជំពូក​១៣ ហើយ​ក្នុង​ឃ្លា​ផ្សេងៗ​ទៀត​ដូច​ជា​នៅ ទីតុស ៣:១, ២ និង​ពេត្រុសទី១ ២:១៣, ១៧ បង្ហាញ​យ៉ាង​ច្បាស់​ថា ឃ្លា​«អំណាចខ្ពង់​ខ្ពស់» (ក្នុង​ព្រះ​គម្ពីរ​ខ្មែរ​ថា​«រាជការ») សំដៅ​ទៅ​លើរដ្ឋ​អំណាច​របស់​មនុស្ស មិន​មែន​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ ជា​បុត្រ​ទ្រង់​នោះ​ឡើយ។ នៅ​ចុង​ឆ្នាំ​១៩៦២ អត្ថបទ​នានា​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​ប៉មយាម ដែល​ពន្យល់​ប្រាប់​យ៉ាង​ច្បាស់​ត្រឹម​ត្រូវ​អំពី​រ៉ូម​ជំពូក ១៣ ហើយ​ក៏​សំដែង​ទស្សនៈ​ដែល​ច្បាស់​ជាង​ទស្សនៈ​នៅ​សម័យ​លោក​រ៉ាសិ​ល​ទៅ​ទៀត។ អត្ថបទ​ទាំង​នេះ​ពន្យល់​ប្រាប់​ថា ការ​ចុះ​ចូល​នៃ​គ្រីស្ទាន​ចំពោះ​រដ្ឋ​អំណាច មិន​អាច​ធ្វើ​ឡើង​បាន​ទាំង​ស្រុង​ឡើយ។ នេះ​ត្រូវ​តែ​មាន​ល័ក្ខ​ខណ្ឌ អាស្រ័យ​ទៅ​លើ​ការ​នេះ​មិន​ធ្វើ​ឲ្យ​ពួក​អ្នក​បំរើ​ព្រះ​បំពាន​លើ​ច្បាប់​របស់​ព្រះ។ អត្ថបទ​នានា​ទៀត​ក្នុង​ប៉មយាម បាន​បញ្ជាក់​អំពី​ចំណុច​ដ៏​សំខាន់​នេះ​ដែរ។c

១៥, ១៦. (ក) ការ​យល់​ឃើញ​ថ្មី​អំពី​រ៉ូម​ជំពូក ១៣ ធ្វើ​ឲ្យ​មាន​ទស្សនៈ​ថ្លឹង​ថ្លែង​ដ៏​ប្រសើរ​អ្វី? (ខ) តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​នឹង​ត្រូវ​ឆ្លើយ?

១៥ កូនសោ​នេះ​ដែល​បើក​ឲ្យ​យល់​ច្បាស់​លាស់​អំពី​រ៉ូម​ជំពូក ១៣ បាន​ជួយ​ប្រជា​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​ឲ្យ​អាច​ថ្លឹង​ថ្លែង​ការ​គោរព​ដល់​អំណាច​នយោបាយ ជា​មួយ​នឹង​គោល​ជំហរ​ដ៏​មិន​ចុះ​ចាញ់​ដែល​សំអាង​ទៅ​លើ​គោលការណ៍​បទ​គម្ពីរ​សំខាន់​នានា។ (ទំនុកដំកើង ៩៧:១១; យេរេមា ៣:១៥) នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ទំនាក់ទំនង​របស់​គេ​ជា​មួយ​ព្រះ​និង​ការ​ទាក់ទង​ជា​មួយ​រដ្ឋ។ នេះ​បាន​ឲ្យ​ពួក​គេ​ដឹង​ជា​ប្រាកដ​ថា កាល​ដែល​គេ​ត្រូវ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​វិញ ពួក​គេ​ក៏​មិន​ត្រូវ​ខាន​ថ្វាយ​របស់​ព្រះ​ទៅ​ព្រះ​ឡើយ។

១៦ ប៉ុន្តែ តើ​អ្វី​ទៅ​ជា​របស់​សេសារ? តើ​រដ្ឋ​អាច​ទាមទារ​ពេញ​ច្បាប់​អ្វី​ខ្លះ​ពី​គ្រីស្ទាន? សំនួរ​ទាំង​នេះ​នឹង​ត្រូវ​ពិគ្រោះ​នៅ​ក្នុង​អត្ថបទ​ជា​បន្ទាប់។

[កំណត់​សម្គាល់]

a សូម​មើល​ទំនុកដំកើង ១០៣:២២ កំណត់​ចំណាំ។

b ប៉មយាម ទី១ និង​ទី១៥ មិថុនា ឆ្នាំ​១៩២៩

c សូម​មើល​ប៉មយាម ថ្ងៃ​ទី១​និង​ទី១៥ វិច្ឆិកា ១ ធ្នូ ១៩៦២; ១ វិច្ឆិកា ១៩៩០; ១ កុម្ភៈ ១៩៩៣; ១ កក្កដា ១៩៩៤។ (ជា​ភាសា​អង់គ្លេស)

គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ ក្នុង​អត្ថាធិប្បាយ​របស់​លោក​អំពី​រ៉ូម​ជំពូក ១៣ សាស្ដ្រាចារ្យ ព្រូស សរសេរ​ថា​៖ «ជា​ការ​ច្បាស់​ណាស់​ពី​បរិបទ​នេះ ក៏​ជា​ច្បាស់​ដែរ​ពី​បរិបទ​ទូទៅ​នៃ​ឯកសារ​សរសេរ​ដោយ​ពួក​សាវ័ក ដែល​ថា​រដ្ឋ​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ទាមទារ​ការ​គោរព ដែល​បាន​តែ​ក្នុង​កំរិត​នៃ​គោល​បំណង​ដែល​ព្រះ​បាន​ដាក់​ឲ្យ​រដ្ឋ​នោះ​មាន—តែ​បើសិន​ជា​រដ្ឋ​នោះ​ទាមទារ​ការ​គោរព​ដែល​សំរាប់​តែ​ព្រះ​ប៉ុណ្ណោះ នោះ​នឹង​ត្រូវ​ទទួល​ការ​ប្រឆាំង​ជា​មិន​ខាន»។

តើ​អ្នក​អាច​ពន្យល់​ទេ?

◻ ហេតុ​អ្វី​ក៏​ការ​ចុះ​ចូល​នឹង​រាជការ​មិន​មាន​ន័យ​ថា​ចុះ​ចូល​នឹង​សាតាំង?

◻ តើ​អ្វី​ជា​អាកប្បកិរិយា​របស់​ព្រះ​យេស៊ូ​ចំពោះ​នយោបាយ​នៅ​សម័យ​ទ្រង់?

◻ តើ​ព្រះ​យេស៊ូ​បាន​ប្រទាន​ដំបូន្មាន​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់ អំពី​ការ​ទាក់ទង​ជា​មួយ​សេសារ?

◻ តើ​ប៉ុល​បាន​ទូន្មាន​ពួក​គ្រីស្ទាន​យ៉ាង​ណា​ខ្លះ ចំពោះ​ការ​ទាក់ទង​ជា​មួយ​ពួក​មេ​ដឹក​នាំ​នៃ​ពួក​សាសន៍​នានា?

◻ តើ​ការ​យល់​ដឹង​អំពី​អត្តសញ្ញាណ​នៃ​រាជការ បាន​រីក​ចំរើន​យ៉ាង​ណា​ខ្លះ​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​មក​នេះ?

[រូបភាព​នៅ​ទំព័រ​១០]

នៅ​ពេល​ដែល​សាតាំង​ប្រគល់​ឲ្យ​អំណាច​ខាង​នយោបាយ​ដល់​ទ្រង់ ព្រះយេស៊ូ​បាន​បដិសេធ​មិន​ទទួល​ទេ

[រូបភាព​នៅ​ទំព័រ​១៣]

លោក​រ៉ាសិ​ល​បាន​សរសេរ​ថា ពួក​គ្រីស្ទាន​«គួរ​តែ​ដាក់​ក្នុង​ចំណោម​មនុស្ស​ដែល​គោរព​ច្បាប់​ជាង​គេ​បង្អស់​នៃ​បច្ចុប្បន្ន​នេះ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក