បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/២ ទំ. ១១-១៦
  • ក្នុងលោកីយ៍ប៉ុន្តែមិនមែនជារបស់ផងលោកីយ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្នុងលោកីយ៍ប៉ុន្តែមិនមែនជារបស់ផងលោកីយ៍
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ចំរើន​លូត​លាស់​នៃ​មហា​អំណាច​លោកីយ៍
  • ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​ដែល​នឹង​មក​ដល់
  • ជៀស​វាង«ទី​សម្គាល់»នៃ«សត្វ​សាហាវ»
  • «សត្វ​សាហាវ» និង «សេសារ»
  • ពលរដ្ឋ​ដ៏​យក​ចិត្ត​ទុក​ដាក់
  • ពួកគ្រីស្ទានដែលកាន់អព្យាក្រឹតនៅថ្ងៃជាន់ក្រោយបង្អស់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ព្រះនិងសេសារ
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • នៅខាងលោកីយ៍របស់សាតាំង ឬក៏នៅខាងរបបថ្មីរបស់ព្រះ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើសៀវភៅការបើកបង្ហាញជាប់ទាក់ទងនឹងសត្រូវព្រះយ៉ាងដូចម្ដេច?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/២ ទំ. ១១-១៦

ក្នុង​លោកីយ៍​ប៉ុន្តែ​មិន​មែន​ជា​របស់​ផង​លោកីយ៍

«អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ»។—យ៉ូហាន ១៥:១៩

១. តើ​អ្វី​ជា​ទំនាក់​ទំនង​ដែល​ពួក​គ្រីស្ទាន​មាន​ជា​មួយ​នឹង​លោកីយ៍​នេះ ប៉ុន្តែ តើ​លោកីយ៍​នេះ​មាន​ទស្សនៈ​យ៉ាង​ណា​លើ​គេ?

នៅ​រាត្រី​ចុង​ក្រោយ​ជា​មួយ​ពួក​សិស្ស​ទ្រង់ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍»។ តើ​ទ្រង់​មាន​បន្ទូល​អំពី​អ្វី? តើ​ទ្រង់​មិន​បាន​មាន​បន្ទូល​មុន​នេះ​ហើយ​ឬ​ទេ ថា៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក[លោកីយ៍] ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ»? (យ៉ូហាន ៣:១៦) ពួក​សិស្ស​គឺ​ច្បាស់​ជា​ផ្នែក​នៃ​មនុស្ស​លោក​នោះ ពី​ព្រោះ​គេ​ជា​ពួក​ដំបូង​ដែល​អនុវត្ត​ជំនឿ​លើ​ព្រះ​យេស៊ូ​សំរាប់​ជីវិត​អស់​កល្ប​ជា​និច្ច។ ដូច្នេះ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូ​ឥឡូវ​មាន​បន្ទូល​ថា ពួក​សិស្ស​ទ្រង់​បាន​ញែក​ចេញ​ពី​លោកីយ៍? ហើយ​ហេតុ​អ្វី​ក៏​ទ្រង់​មាន​បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ»?—យ៉ូហាន ១៥:១៩

២, ៣. (ក) អំពី«លោកីយ៍»មួយ​ណា ដែល​ពួក​គ្រីស្ទាន​មិន​ត្រូវ​មាន​ចំណែក? (ខ) តើ​ព្រះ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី«លោកីយ៍» ដែល​គ្រីស្ទាន​មិន​មាន​ចំណែក​នោះ?

២ ចម្លើយ​គឺ​ថា ព្រះ​គម្ពីរ​ប្រើ​ពាក្យ «លោកីយ៍» (ភាសា​ក្រិក ឃូម៉ូស) តាម​របៀប​ផ្សេង​ៗ។ ដូច​បាន​ពន្យល់​មក​ក្នុង​អត្ថបទ​មុន ជួន​កាល​ក្នុង​ព្រះ​គម្ពីរ «លោកីយ៍» សំដៅ​ទៅ​មនុស្ស​លោក​ទូទៅ។ នេះ​ជា​លោកីយ៍​ដែល​ព្រះ​បាន​ស្រឡាញ់ ហើយ​ជា​លោកីយ៍​ដែល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត។ ប៉ុន្តែ ប្រវត្ដិសាស្ត្រ​នៃ​សាសនា​គ្រីស្ទាន​ពី​អុកហ្វត ចែង​ថា៖ «‹លោកីយ៍› ក៏​ជា​ពាក្យ​ដែល​គ្រីស្ទាន​ប្រើ សំរាប់​អ្វី​ដែល​ឃ្លាត​ចេញ​ពី​ព្រះ ហើយ​ដែល​ស្អប់​ទ្រង់​នោះ»។ តើ​នេះ​ជា​ការណ៍​ពិត​យ៉ាង​ដូច​ម្ដេច? អ្នក​និពន្ធ រ៉ូឡង់ ម៉ីនឺរាត់ ដែល​កាន់​សាសនា​កាតូលិក ក្នុង​សៀវភៅ​របស់​គាត់ លឺ គ្រីស្ទាន អេ លឺ ម៉ុន (ពួក​គ្រីស្ទាន​និង​លោកីយ៍) ពន្យល់​ថា៖ «បើ​សំដៅ​ទៅ​តាម​ន័យ​ដ៏​អវិជ្ជមាន លោកីយ៍ គឺ​បាន​ឃើញ​ដូច​ជា . . . វិស័យ​ដែល​រដ្ឋាភិបាល​ស្អប់​ប្រឆាំង​ព្រះ ប្រព្រឹត្ត​សកម្មភាព​របស់​គេ ហើយ​នេះ​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​ដល់​ការ​គ្រប់​គ្រង​ដ៏​ជោគ​ជ័យ​របស់​ព្រះ​គ្រីស្ទ ដូច្នេះ ក៏​បង្កើត​ចក្រភព​សត្រូវ​ក្រោម​ការ​កាន់​កាប់​របស់​សាតាំង»។ «លោកីយ៍»នេះ គឺ​ជា​មនុស្សជាតិ​ទូទៅ ដែល​បាន​ឃ្លាត​ចេញ​ពី​ព្រះ។ ពួក​គ្រីស្ទាន​ពិត គឺ​ឥត​មាន​ផ្នែក​នៃ​លោកីយ៍​នេះ​ទេ ហើយ​លោកីយ៍​នេះ​ក៏​ស្អប់​គេ។

៣ មក​ដល់​ចុង​បញ្ចប់​នៃ​សតវត្ស​ទី​មួយ យ៉ូហាន​បាន​ចង់​និយាយ​អំពី​លោកីយ៍​នេះ ពេល​ដែល​គាត់​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ស្រឡាញ់​លោកីយ៍ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ៍ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​លោកីយ៍​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ៍​នេះ​វិញ»។ (យ៉ូហាន​ទី​១ ២:១៥, ១៦) គាត់​ក៏​បាន​សរសេរ​ទៀត​ថា៖ «យើង​ដឹង​ថា​យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ»។ (យ៉ូហាន​ទី​១ ៥:១៩) ព្រះ​យេស៊ូ​ក៏​បាន​ហៅ​សាតាំង​ជា«ចៅហ្វាយ​របស់​លោកីយ៍​នេះ»។—យ៉ូហាន ១២:៣១; ១៦:១១

ការ​ចំរើន​លូត​លាស់​នៃ​មហា​អំណាច​លោកីយ៍

៤. តើ​តាម​របៀប​ណា​ដែល​មហា​អំណាច​មាន​វិជ្ជមាន?

៤ លោកីយ៍​មនុស្ស​លោក​ដែល​មាន​នៅ​ឥឡូវ​នេះ ដែល​បាន​ឃ្លាត​ចេញ​ពី​ព្រះ នោះ​បាន​ចាប់​ផ្ដើម​ឡើង មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​ទឹក​ជំនន់​នៃ​សម័យ​លោក​ណូអេ ពេល​កូន​ចៅ​របស់​លោក​ណូអេ​ជា​ច្រើន​បាន​ឈប់​បំរើ​ព្រះ​យេហូវ៉ា។ បុគ្គល​ដ៏​ធំ​ដុំ​ម្នាក់ ដែល​នៅ​មុន​គេ នោះ​គឺ​នីមរ៉ុឌ ជា​អ្នក​ដែល​សង់​ទី​ក្រុង ហើយ«ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា»។ (លោកុប្បត្តិ ១០:៨​-​១២) ក្នុង​ឆ្នាំ​ទាំង​នោះ លោកីយ៍​នេះ​ជា​ច្រើន​បាន​រៀបចំ​ឲ្យ​ចូល​ជា​រាជាណាចក្រ​ក្រុង​ដ៏​តូច ដែល​ពី​ពេល​មួយ​ទៅ​ពេល​មួយ បាន​បង្កើត​សហពលកម្ម ហើយ​ធ្វើ​សង្គ្រាម​ច្បាំង​គ្នា។ (លោកុប្បត្តិ ១៤:១​-​៩) រាជាណាចក្រ​ក្រុង​ខ្លះ បាន​ឈ្នះ​លើ​ពួក​ផ្សេង​ទៀត ហើយ​ក៏​ទៅ​ជា​អំណាច​តាម​តំបន់។ ពួក​អំណាច​តាម​តំបន់​ខ្លះ ជា​យូរ​ទៅ ក៏​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច។

៥, ៦. (ក) តើ​មហា​អំណាច​ទាំង​ប្រាំ​ពីរ​នៃ​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ​មាន​យ៉ាង​ណា​ខ្លះ? (ខ) តើ​មហា​អំណាច​ទាំង​នេះ​បាន​ត្រូវ​តំណាង​ដោយ​យ៉ាង​ណា ហើយ​តើ​គេ​មាន​អំណាច​មក​ពី​ណា?

៥ ដោយ​កាន់​តាម​គំរូ​នៃ​នីមរ៉ុឌ ពួក​អ្នក​គ្រប់​គ្រង​នៃ​លោកីយ៍​នេះ មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ ដែល​ស​ឲ្យ​ឃើញ​ដោយ​អំពើ​ដ៏​ឃោរ​ឃៅ​របស់​គេ។ មហា​អំណាច​ពិភព​លោក​ទាំង​នេះ ក្នុង​ព្រះ​គម្ពីរ​គឺ​បាន​តំណាង​ដោយ​សត្វ​សាហាវ ហើយ​ជា​ច្រើន​សតវត្ស​មក ព្រះ​គម្ពីរ​បាន​សម្គាល់​ប្រាប់​ប្រាំ​មួយ​មហា​អំណាច ដែល​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ នេះ​គឺ អេស៊ីប អាសស៊ើរ បាប៊ីឡូន មេឌី​-​ពើស៊ី ក្រិក និង​រ៉ូម។ ក្រោយ​ពី​រ៉ូម មហា​អំណាច​ទី​ប្រាំ​ពីរ​បាន​ទាយ​ថា នឹង​មាន​ឡើង។ (ដានីយ៉ែល ៧:៣​-​៧; ៨:៣​-​៧, ២០, ២១; វិវរណៈ ១៧:៩, ១០) នេះ​បាន​ស​ឲ្យ​ឃើញ​ជា មហា​អំណាច​អង់គ្លេស​-​អាមេរិកាំង ដែល​រួម​ចក្រភព​ប្រទេស​អង់គ្លេស ជា​មួយ​នឹង​សម្ព័ន្ធមិត្ត គឺ​សហរដ្ឋ​អាមេរិក ដែល​នៅ​ក្រោយ​មក បាន​លុប​លើ​ប្រទេស​អង់គ្លេស ក្លាយ​ទៅ​ជា​មហា​អំណាច។ ចក្រភព​ប្រទេស​អង់គ្លេស​បាន​ចាប់​ផ្ដើម​ដុះ​ក្រោយ​ពី​ចក្រភព​រ៉ូម ដែល​បាន​សាប​សូន្យ​អស់​ទៅ។a

៦ មហា​អំណាច​ទី​ប្រាំ​ពីរ​ដែល​មាន​ជា​បន្ត ក្នុង​សៀវភៅ​វិវរណៈ គឺ​បាន​តំណាង​ដោយ​ក្បាល​នៃ​សត្វ​សាហាវ​ដែល​មាន​ក្បាល​ប្រាំ​ពីរ ដែល​ងើប​ចេញ​ពី​សមុទ្រ​នៃ​មនុស្ស​ដែល​រសាប់​រសល់។ (អេសាយ ១៧:១២, ១៣; ៥៧:២០, ២១; វិវរណៈ ១៣:១) តើ​អ្នក​ណា​ដែល​ឲ្យ​សត្វ​នេះ​មាន​អំណាច​គ្រប់​គ្រង? ព្រះ​គម្ពីរ​ឆ្លើយ​ថា៖ «នាគ​ក៏​ឲ្យ​ឫទ្ធិ នឹង​បល្ល័ង្ក​របស់​វា​ដល់​សត្វ​នោះ ព្រម​ទាំង​អំណាច​យ៉ាង​ធំ​ដែរ»។ (វិវរណៈ ១៣:២) នាគ​នោះ​គឺ​អារក្ស​សាតាំង។—លូកា ៤:៥, ៦; វិវរណៈ ១២:៩

ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​ដែល​នឹង​មក​ដល់

៧. តើ​ពួក​គ្រីស្ទាន​សង្ឃឹម​អំពី​អ្វី ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​ទំនាក់​ទំនង​របស់​គេ​ដល់​ពួក​រដ្ឋាភិបាល​នៃ​លោកីយ៍​នេះ?

៧ ជិត​២.០០០​ឆ្នាំ​មក​ហើយ ដែល​ពួក​គ្រីស្ទាន​បាន​អធិស្ឋាន​ថា៖ «សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ»។ (ម៉ាថាយ ៦:១០) ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដឹង​ថា មាន​តែ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ទេ ដែល​អាច​នាំ​ឲ្យ​មាន​សន្ដិភាព​ពិត​លើ​ផែនដី​នេះ។ ជា​អ្នក​ដែល​ពិនិត្យ​មើល​នៃ​ទំនាយ​ព្រះ​គម្ពីរ គេ​ដឹង​ច្បាស់​ថា សេចក្ដី​អធិស្ឋាន​នេះ​នឹង​បាន​ត្រូវ​ឆ្លើយ ហើយ​ថា ព្រះ​រាជាណាចក្រ បន្ដិច​ទៀត នឹង​មើល​កាន់​កាប់​លើ​កិច្ច​ការ​នៃ​ផែនដី។ (ដានីយ៉ែល ២:៤៤) ការ​កាន់​ជាប់​នឹង​ព្រះ​រាជាណាចក្រ​នេះ ធ្វើ​ឲ្យ​គេ​នៅ​អព្យាក្រឹត​ក្នុង​រឿង​នៃ​លោកីយ៍​នេះ។

៨. តើ​ពួក​រដ្ឋាភិបាល​ប្រតិកម្ម​យ៉ាង​ណា​លើ​ការ​គ្រប់​គ្រង​របស់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ដូច​បាន​ទាយ​មក​ក្នុង​ទំនុកដំកើង ២?

៨ ប្រទេស​ខ្លះ​អះអាង​ថា គេ​ធ្វើ​តាម​គោល​ការណ៍​ខាង​សាសនា។ ប៉ុន្តែ ក្នុង​ការ​ប្រព្រឹត្ត​បែប​នេះ គេ​មិន​អើពើ​ហេតុ​ការណ៍​ពិត ដែល​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​មហា​ក្សត្រ​សកល​លោក​ទេ ហើយ​ថា​ទ្រង់​បាន​ថ្វាយ​រាជសម្បត្ដិ​ដល់​ព្រះ​យេស៊ូ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ ដែល​មាន​អំណាច​ទៅ​លើ​ផែនដី។ (ដានីយ៉ែល ៤:១៧; វិវរណៈ ១១:១៥) ទំនុកដំកើង​បាន​ថ្លែង​ថា៖ «ពួក​មហា​ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ​យេហូវ៉ា ហើយ​ទាស់​នឹង​ព្រះ​អង្គ[ព្រះ​យេស៊ូ] ដែល​ទ្រង់​បាន​លាប​ប្រេង​ឲ្យ​ដោយ​ពាក្យ​ថា ‹ចូរ​យើង​ផ្ដាច់​ចំណង​ទ្រង់ ហើយ​បោះ​ខ្សែ​ចង​របស់​ទ្រង់​ពី​យើង​ចេញ› »! (ទំនុកដំកើង ២:២, ៣) ពួក​រដ្ឋាភិបាល​មិន​ទទួល«ចំណង» ឬ «ខ្សែ​ចង»របស់​ព្រះ ដែល​ធ្វើ​ឲ្យ​គេ​មាន​កំរិត​ក្នុង​អនុវត្ត​អធិបតេយ្យភាព​ជាតិ​របស់​គេ។ ដូច្នេះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​ព្រះ​យេស៊ូ ជា​ស្តេច​ដែល​ទ្រង់​បាន​រើស​តាំង​ថា៖ «ចូរ​សូម​ពី​អញ នោះ​អញ​នឹង​ឲ្យ​សាសន៍​ទាំង​ឡាយ​ដល់​ឯង ទុក​ជា​មរដក ហើយ​អស់​ទាំង​ចុង​ផែនដី​ទុក​ជា​កេរ្ដិ៍​អាករ​របស់​ឯង ឯង​នឹង​បំបាក់​បំបែក​គេ ដោយ​ដំបង​ដែក ព្រម​ទាំង​បោក​កំទេច​គេ​ទៅ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន»។ (ទំនុកដំកើង ២:៨, ៩) ប៉ុន្តែ មនុស្ស​នៃ​លោកីយ៍​នេះ ដែល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត​ឲ្យ​នោះ នឹង​មិន‹បាក់​បែក›ទាំង​អស់​នោះ​ឡើយ។—យ៉ូហាន ៣:១៧

ជៀស​វាង«ទី​សម្គាល់»នៃ«សត្វ​សាហាវ»

៩, ១០. (ក) អំពី​អ្វី​ដែល​បាន​ត្រូវ​ព្រមាន​ប្រាប់​យើង​ក្នុង​សៀវភៅ​វិវរណៈ? (ខ) តើ​អ្វី​ដែល​បាន​តំណាង​ដោយ​ពាក់‹សញ្ញា​នៃ​សត្វ›? (គ) តើ​សញ្ញា​អ្វី​ដែល​ពួក​អ្នក​បំរើ​ព្រះ​ទទួល​យក?

៩ វិវរណៈ​ដែល​សាវ័ក​យ៉ូហាន​បាន​ទទួល បាន​ព្រមាន​ថា លោកីយ៍​នៃ​មនុស្ស​លោក​ដែល​ឃ្លាត​ចេញ​ពី​ព្រះ នឹង​មាន​ការ​ទាម​ទារ​កាន់​តែ​ច្រើន​ឡើង​មុន​ដល់​ទី​បញ្ចប់​របស់​វា ដោយ«បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​ធំ ទាំង​តូច ទាំង​មាន ទាំង​ក្រ ហើយ​ទាំង​អ្នក​ជា នឹង​បាវ​គេ ឲ្យ​ទទួល​ទី​សំគាល់​នៅ​ដៃ​ស្ដាំ ឬ​នៅ​ថ្ងាស​គេ​រៀង​ខ្លួន ហើយ​មិន​បើក​ឲ្យ​អ្នក​ណា​មាន​ច្បាប់​នឹង​ទិញ ឬ​លក់​អ្វី​បាន​ឡើយ លើក​តែ​អ្នក​ដែល​មាន​ទី​សំគាល់​នោះ​ចេញ»។ (វិវរណៈ ១៣:១៦, ១៧) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ទី​សម្គាល់​នៅ​ខាង​ដៃ​ស្ដាំ គឺ​ជា​សញ្ញា​សម​ហេតុ​ផល​នៃ​ការ​គាំទ្រ​ដ៏​សកម្ម។ ចុះ​យ៉ាង​ណា​វិញ ចំពោះ​មាន​ទី​សម្គាល់​នៅ​ថ្ងាស? អ្នក​អធិប្បាយ​គម្ពីរ​ភាសា​ក្រិក ថ្លែង​ថា៖ «ការ​និយាយ​បញ្ឆៀង​ដ៏​អត្ថបដិរូប​នេះ គឺ​សំដៅ​ទៅ​លើ​ទម្លាប់​នៃ​សម្គាល់​ពួក​ទាហាន​និង​បាវ​ដោយ​រូប​ភាព​ដែល​សក្ដិ . . . ឬ​ថែម​ទៀត​នោះ គឺ​ជា​ទំនៀម​ទំលាប់​សាសនា​នៃ​ការ​ពាក់​ព្រះ​នាម​នៃ​ព្រះ​មួយ​អង្គ ជា​វត្ថុ​ស័ក្ដិ​សិទ្ធិ»។ ដោយ​សកម្មភាព​និង​ពាក្យ​របស់​គេ មនុស្ស​ជា​ច្រើន គឺ​ពាក់«ទី​សម្គាល់»នេះ ជា​និមិត្តរូប ដែល​សម្គាល់​ខ្លួន​គេ​ជា«អ្នក​បំរើ» ឬ «ទាហាន» នៃ«សត្វ​សាហាវ»។ (វិវរណៈ ១៣:៣, ៤) ចំពោះ​អនាគត​របស់​គេ វចនានុក្រម​សាសន​វិទ្យា​នៃ​គម្ពីរ​សញ្ញា​ថ្មី ចែង​ថា៖ «ពួក​សត្រូវ​នៃ​ព្រះ​អនុញ្ញាត​ឲ្យ[ទី​សម្គាល់] នៃ​សត្វ​សាហាវ ជា​លេខ​អាថ៌​កំបាំង ដែល​មាន​ឈ្មោះ​វា ដើម្បី​ដាក់​លើ​ថ្ងាស​និង​ដៃ​របស់​គេ។ នេះ​ផ្ដល់​ឲ្យ​គេ​នូវ​ឱកាស​នៃ​ការ​លូត​លាស់​ខាង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ប៉ុន្តែ​នាំ​គេ​នៅ​ក្រោម​កំហឹង​នៃ​ព្រះ និង​កំចាត់​គេ​ចេញ​ពីព្រះ​រាជាណាចក្រ​នៃ​មួយ​ពាន់​ឆ្នាំ វិវរណៈ ១៣:១៦; ១៤:៩; ២០:៤»។

១០ គឺ​ត្រូវ​ការ​សេចក្ដី​ក្លាហាន​ជា​ខ្លាំង​និង​ការ​ស៊ូ​ទ្រាំ ដើម្បី​នឹង​ទប់​ទល់​ពី​ការ​ទទួល​យក«ទី​សម្គាល់»។ (វិវរណៈ ១៤:៩​-​១២) ប៉ុន្តែ ពួក​អ្នក​បំរើ​របស់​ព្រះ​មាន​កម្លាំង​បែប​នេះ ហើយ​ដោយ​សារ​ហេតុ​នេះ មនុស្ស​តែង​តែ​ស្អប់​ហើយ​និយាយ​អាក្រក់​ៗ​អំពី​គេ។ (យ៉ូហាន ១៥:១៨​-​២០; ១៧:១៤, ១៥) ជា​ជាង​មាន​ទី​សម្គាល់​នៃ​សត្វ​សាហាវ អេសាយ​មាន​ប្រសាសន៍​ថា គេ​នឹង​សរសេរ​ជា​និមិត្តរូប​លើ​ដៃ​របស់​គេ «ជា​របស់​ផង​ព្រះ​យេហូវ៉ា»។ (អេសាយ ៤៤:៥) ម្យ៉ាង​វិញ​ទៀត ដោយ​សារ​គេ‹ថ្ងូរ​ហើយ​ស្អប់›លើ​របស់​ដ៏​ស្អប់​ខ្ពើម​ទាំង​នេះ នៃ​ពួក​សាសនា​ដែល​ក្បត់​ជំនឿ នោះ​គេ​ទទួល​ទី​សម្គាល់​ជា​និមិត្តរូប​លើ​ថ្ងាស​គេ ថា​គេ​សម​នឹង​បាន​សង្គ្រោះ ពេល​ដែល​សេចក្ដី​ជំនុំ​ជំរះ​របស់​ព្រះ​យេហូវ៉ា​បាន​កើត​ឡើង។—អេសេគាល ៩:១​-​៧

១១. តើ​អ្នក​ណា​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​មនុស្ស​គ្រប់​គ្រង រហូត​ដល់​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​មក​ដល់ ដើម្បី​យក​ការ​គ្រប់​គ្រង​នៃ​ផែនដី?

១១ ព្រះ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​មនុស្ស​គ្រប់​គ្រង រហូត​ដល់​គ្រា​ដែល​ព្រះ​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​របស់​ព្រះ​គ្រីស្ទ នឹង​ចាប់​យក​ការ​គ្រប់​គ្រង​ទាំង​ស្រុង​លើ​ផែនដី​នេះ។ ការ​បណ្ដោយ​ឲ្យ​មាន​នៃ​សភាព​ខាង​នយោបាយ​ពី​ព្រះ គឺ​បាន​សំដៅ​ទៅ​ដោយ​សាស្ដ្រាចារ្យ លោក អូស្កា ខាល់ម៉ាន់ ក្នុង​សៀវភៅ​របស់​លោក សភាព​ក្នុង​សញ្ញា​ថ្មី។ លោក​បាន​សរសេរ​ថា៖ «គំនិត​ដ៏​ស្មុគ​ស្មាញ​នៃ​សភាព​នយោបាយ​ដ៏​បណ្ដោះ​អាសន្ន គឺ​ជា​មូលហេតុ​ដែល​អាកប្បកិរិយា​គ្រីស្ទាន​ដំបូង គឺ​មិន​មាន​ដូច​គ្នា ប៉ុន្តែ ផ្ទុយ​ទៅ​វិញ មាន​សភាព​ដូច​ជា​ប្រឆាំង​គ្នា​ទៅ​វិញ។ ខ្ញុំ​បញ្ជាក់​ថា វា​មាន​សភាព​ដូច​ជា​បែប​នេះ​មែន។ យើង​គ្រាន់​តែ​រៀប​រាប់​អំពី​រ៉ូម ១៣:១៖ ‹ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ . . . › ជា​មួយ​នឹង​វិវរណៈ ១៣ សភាព​ជា​សត្វ​សាហាវ​ចេញ​ពី​ជង្ហុក​ធំ»។

«សត្វ​សាហាវ» និង «សេសារ»

១២. តើ​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​យ៉ាង​ណា​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​លើ​រដ្ឋាភិបាល​របស់​មនុស្ស?

១២ គឺ​មិន​ជា​ត្រឹម​ត្រូវ​ទេ ក្នុង​ការ​សន្និដ្ឋាន​ថា មនុស្ស​ទាំង​អស់​ក្នុង​រាជការ​ជា​គ្រឿង​មធ្យោបាយ​របស់​សាតាំង។ ពួក​គេ​ជា​ច្រើន​បាន​ស​ឲ្យ​ឃើញ​ថា​គេ​ជា​មនុស្ស​ដែល​មាន​គោល​ការណ៍ ដូច​ជា​អភិបាល ស៊ើគាស​-​ប៉ូល៉ូស ដែល​បាន​រៀប​រាប់​ក្នុង​ព្រះ​គម្ពីរ​ជា «ជា​អ្នក​ឆ្លៀវ​ឆ្លាត»។ (កិច្ច​ការ ១៣:៧) អ្នក​គ្រប់​គ្រង​ខ្លះ​បាន​ការ​ពារ​ដ៏​ក្លាហាន​ដល់​សិទ្ធិ​នៃ​ជន​ភាគ​តិច ដែល​ដឹក​នាំ​ដោយ​មនសិការ​ដែល​ព្រះ​ប្រទាន​ឲ្យ ទោះ​ជា​គេ​ឥត​ស្គាល់​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់​ក៏​ដោយ។ (រ៉ូម ២:១៤, ១៥) សូម​ចាំ​ថា ព្រះ​គម្ពីរ​ប្រើ​ពាក្យ «លោកីយ៍» តាម​ផ្លូវ​ផ្ទុយ​ពីរ៖ លោកីយ៍​នៃ​មនុស្ស​លោក ដែល​ព្រះ​ស្រឡាញ់ ហើយ​ដែល​យើង​ត្រូវ​ស្រឡាញ់​ដែរ និង​លោកីយ៍​នៃ​មនុស្ស​លោក ដែល​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា ដែល​សាតាំង​ជា​ព្រះ ហើយ​ដែល​យើង​ត្រូវ​តែ​ឈរ​ចេញ​ពី​នោះ។ (យ៉ូហាន ១:៩, ១០; ១៧:១៤; កូរិនថូស​ទី​២ ៤:៤; យ៉ាកុប ៤:៤) ដូច្នេះ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​មាន​អាកប្បកិរិយា​ដ៏​ថ្លឹង​ថ្លែង ដល់​ការ​គ្រប់​គ្រង​របស់​មនុស្ស​លោក។ យើង​មាន​អព្យាក្រឹត​ក្នុង​កិច្ច​ការ​ខាង​នយោបាយ ពី​ព្រោះ​យើង​បំរើ​ជា​ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ហើយ​ជីវិត​របស់​យើង​ក៏​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ។ (កូរិនថូស​ទី​២ ៥:២០) ម្យ៉ាង​វិញ​ទៀត យើង​ជា​អនុ​រាស្ត្រ​ដ៏​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពួក​ដែល​មាន​អំណាច។

១៣. (ក) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​លើ​រដ្ឋាភិបាល​មនុស្ស? (ខ) តើ​ការ​ចុះ​ចូល​នៃ​គ្រីស្ទាន​ដល់​រដ្ឋាភិបាល​របស់​មនុស្ស មាន​ដល់​កំរិត​ណា?

១៣ អាកប្បកិរិយា​ដ៏​ថ្លឹង​ថ្លែង​បែប​នេះ ក៏​បង្ហាញ​នូវ​ទស្សនៈ​ផ្ទាល់​របស់​ព្រះ​យេហូវ៉ា​ដែរ។ នៅ​ពេល​ដែល​មហា​អំណាច ឬ​ក៏​ប្រទេស​ដ៏​តូច​ៗ រំលោភ​លើ​អំណាច​របស់​គេ ជិះ​ជាន់​រាស្ត្រ​របស់​គេ ឬ​បៀត​បៀន​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ នោះ​ពួក​គេ​ប្រាកដ​ជា​សម​ទទួល​ការ​ពិពណ៌នា​ខាង​ទំនាយ ជា​សត្វ​ដ៏​សាហាវ។ (ដានីយ៉ែល ៧:១៩​-​២១; វិវរណៈ ១១:៧) ប៉ុន្តែ ពេល​ដែល​រដ្ឋាភិបាល​បំរើ​ជា​បំណង​របស់​ព្រះ ក្នុង​ការ​ការ​ពារ​ច្បាប់​និង​សណ្ដាប់​ធ្នាប់​ដោយ​យុត្ដិធម៌ ទ្រង់​បាន​ចាត់​ទុក​គេ​ជា«ភ្នាក់ងារ»របស់​ទ្រង់។ (រ៉ូម ១៣:៦) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​រាស្ត្រ​របស់​ទ្រង់​គោរព​ដល់​រដ្ឋាភិបាល​មនុស្ស ហើយ​ចុះ​ចូល​ដល់​គេ ប៉ុន្តែ​ការ​ចុះ​ចូល​របស់​គេ គឺ​មាន​ព្រំ​ដែន។ ពេល​ដែល​មនុស្ស​តម្រូវ​ឲ្យ​ពួក​អ្នក​បំរើ​របស់​ព្រះ នូវ​អ្វី​ដែល​បាន​ហាម​ដោយ​ច្បាប់​របស់​ព្រះ ឬ ពេល​ដែល​គេ​ហាម​នូវ​អ្វី​ដែល​ព្រះ​តម្រូវ​ពី​ពួក​អ្នក​បំរើ​របស់​ទ្រង់ នោះ​ពួក​អ្នក​បំរើ​ធ្វើ​តាម​ជំហរ​នៃ​ពួក​សាវ័ក គឺ​ថា៖ «ត្រូវ​តែ​ស្ដាប់​បង្គាប់​របស់​ព្រះ​ជា​ជាង​មនុស្ស»។—កិច្ច​ការ ៥:២៩

១៤. តើ​តាម​របៀប​ណា​ដែល​ការ​ចុះ​ចូល​នៃ​គ្រីស្ទាន​ដល់​រដ្ឋាភិបាល​របស់​មនុស្ស ត្រូវ​បាន​ពន្យល់​ដោយ​ព្រះ​យេស៊ូ​និង​ដោយ​ប៉ុល?

១៤ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​ពួក​អ្នក​កាន់​តាម​របស់​ទ្រង់ មាន​កាតព្វកិច្ច​ដល់​រដ្ឋាភិបាល​និង​ដល់​ព្រះ ពេល​ដែល​ទ្រង់​បាន​ប្រកាស​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ឯ​របស់​ព្រះ ចូរ​ថ្វាយ​ទៅ​ព្រះ​វិញ»។ (ម៉ាថាយ ២២:២១) ព្រះ​បាន​បណ្ដាល​សាវ័ក​ប៉ុល​ឲ្យ​សរសេរ​ថា៖ «ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ . . . ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ នោះ​ត្រូវ​ខ្លាច​វិញ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ជា​ឥត​អំពើ​ទេ ពី​ព្រោះ​ជា​អ្នក​បំរើ​របស់​ព្រះ គឺ​ជា​អ្នក​សំរាប់​សង​សឹក ដើម្បី​នឹង​នាំ​សេចក្ដី​ក្រោធ​របស់​ព្រះ មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្ត​ផង ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ»។ (រ៉ូម ១៣:១, ៤​-​៦) តាំង​ពី​សតវត្ស​ទី​មួយ មក​ដល់​សព្វ​ថ្ងៃ​នេះ ពួក​គ្រីស្ទាន​ត្រូវ​តែ​ពិចារណា​នូវ​សេចក្ដី​តម្រូវ​ដោយ​ពួក​រាជការ។ ពួក​គេ​ត្រូវ​តែ​វិនិច្ឆ័យ​ថា​តើ​ការ​ធ្វើ​តាម​សេចក្ដី​តម្រូវ​នោះ នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ការ​ថ្វាយ​បង្គំ​របស់​គេ ឬ​ក៏​ថា​តើ​សេចក្ដី​តម្រូវ​បែប​នេះ​គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​ត្រូវ​បំពេញ​ដោយ​យក​ចិត្ត​ទុក​ដាក់។

ពលរដ្ឋ​ដ៏​យក​ចិត្ត​ទុក​ដាក់

១៥. តើ​តាម​របៀប​ណា​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យក​ចិត្ត​ទុក​ដាក់​បង់​នូវ​អ្វី​ដែល​គេ​ជំពាក់​សេសារ?

១៥ «រាជការ»ខាង​នយោបាយ គឺ​ជា«ភ្នាក់ងារ»របស់​ព្រះ ពេល​ដែល​គេ​បំពេញ​មុខ​នាទី​ដែល​ព្រះ​សព្វ​ព្រះ​ហឫទ័យ ដែល​រួម​បញ្ចូល​អំណាច«សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ល្អ​វិញ»។ (ពេត្រុស​ទី​១ ២:១៣, ១៤) ដោយ​យក​ចិត្ត​ទុក​ដាក់ ពួក​អ្នក​បំរើ​ព្រះ​យេហូវ៉ា​បង់​អ្វី​ដែល​ជា​របស់​ផង​ពួក​សេសារ នូវ​អ្វី​ដែល​គេ​ទាម​ទារ ដូច​ជា​ពន្ធ​ដែល​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​គេ​នឹង​ធ្វើ​រហូត​ដល់​កំរិត​នៃ​មនសិការ ដែល​បាន​អប់រំ​ពី​ព្រះ​គម្ពីរ​អនុញ្ញាត​ឲ្យ​ធ្វើ ក្នុង​ការ«ចុះ​ចូល​នឹង​ពួក​នាម៉ឺន ហើយ​នឹង​ពួក មាន​អំណាច​ទាំង​អស់ . . . ហើយ​ប្រុង​ប្រៀប​ធ្វើ​គ្រប់​ទាំង​ការ​ល្អ»។ (ទីតុស ៣:១) «ការ​ល្អ» រួម​បញ្ចូល​ជួយ​អ្នក​ដទៃ ដូច​នៅ​ពេល​មាន​មហន្តរាយ​កើត​ឡើង។ មនុស្ស​ជា​ច្រើន​បាន​ផ្ដល់​ទី​សំអាង​នូវ​សេចក្ដី​សប្បុរស ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បង្ហាញ​ដល់​មនុស្ស​ក្នុង​ស្ថានការណ៍​ទាំង​នេះ។—កាឡាទី ៦:១០

១៦. តើ​អ្វី​ជា​កិច្ច​ការ​ល្អ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ធ្វើ​អស់​ពី​សម្បជញ្ញៈ​សំរាប់​រដ្ឋាភិបាល​និង​មនុស្ស?

១៦ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស​គ្នី​គ្នា​របស់​គេ ហើយ​គិត​ថា កិច្ច​ការ​ដ៏​ល្អ​ជាង​គេ ដែល​គេ​អាច​ធ្វើ​ឲ្យ នោះ​គឺ​ជួយ​មនុស្ស​ឲ្យ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​គោល​បំណង​របស់​ព្រះ ដើម្បី​នាំ​ឲ្យ​មាន«ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី»ដ៏​សុចរិត។ (ពេត្រុស​ទី​២ ៣:១៣) ដោយ​បង្រៀន​និង​ប្រព្រឹត្ត​តាម​គោល​ការណ៍​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​នៃ​ព្រះ​គម្ពីរ ពួក​គេ​ជា​អត្ថប្រយោជន៍​ដល់​សង្គម​មនុស្ស​លោក ដោយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន​ពី​បទ​ល្មើស។ ពួក​អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​អ្នក​ធ្វើ​តាម​ច្បាប់ ហើយ​គោរព​ដល់​ពួក​រដ្ឋ​មន្ត្រី មន្ត្រី​រាជការ ពួក​ចៅ​ក្រម និង​ពួក​អាជ្ញាធរ​ក្រុង ដោយ​ផ្ដល់​កិត្ដិយស​ដល់‹ពួក​អ្នក​ដែល​សម​គួរ​ទទួល​កិត្ដិយស›។ (រ៉ូម ១៣:៧) ឪពុក​ម្ដាយ​ដែល​ជា​ស្មរបន្ទាល់ រួម​កម្លាំង​ដ៏​រីករាយ​ជា​មួយ​គ្រូ​នៃ​កូន​គេ ហើយ​ជួយ​កូន​ចៅ​របស់​គេ​ឲ្យ​សិក្សា​បាន​ល្អ ដើម្បី​ក្រោយ​មក គេ​នឹង​អាច​រក​ស៊ី​ចិញ្ចឹម​ជីវិត ហើយ​មិន​មែន​ជា​បន្ទុក​ដល់​សង្គម។ (ថែស្សាឡូនីច​ទី​១ ៤:១១, ១២) ក្នុង​ក្រុម​ជំនុំ​របស់​គេ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ចូល​ចិត្ត​ការ​ប្រកាន់​ពូជ​សាសន៍​និង​វណ្ណៈ ហើយ​គេ​ចាត់​ទុក​ដ៏​សំខាន់​ដល់​ការ​ពង្រឹង​ជីវភាព​គ្រួសារ។ (កិច្ច​ការ ១០:៣៤, ៣៥; កូល៉ុស ៣:១៨​-​២១) ដូច្នេះ ដោយ​សកម្មភាព​របស់​គេ គេ​បង្ហាញ​ថា សេចក្ដី​ចោទ​ប្រកាន់​មក​លើ​គេ ថា​គេ​ជំទាស់​គ្រួសារ ឬ​មិន​មាន​ជំនួយ​ដល់​សង្គម គឺ​ជា​ការ​ខុស​ទៅ​វិញ។ ដូច្នេះ ពាក្យ​របស់​សាវ័ក​ពេត្រុស​ស​ឲ្យ​ឃើញ​ពិត​ថា៖ «ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​បំបាត់ ពាក្យ​សំដី​ចំ​កួត​របស់​មនុស្ស​ខ្លៅ​ល្ងង់​ចេញ​ដោយ​សារ​កិរិយា​ល្អ»។—ពេត្រុស​ទី​១ ២:១៥

១៧. តើ​តាម​របៀប​ណា​ដែល​ពួក​គ្រីស្ទាន បន្ត‹ដើរ​ចំពោះ​ពួក​អ្នក​ខាង​ក្រៅ​ដោយ​ប្រាជ្ញា›?

១៧ ដូច្នេះ ទោះ​ជា​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ គឺ«មិន​មែន​ជា​របស់​ផង​លោកីយ៍» តែ​ពួក​គេ​ក៏​នៅ​ក្នុង​លោកីយ៍​នៃ​សង្គម​មនុស្ស​លោក ហើយ​ត្រូវ​តែ«ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា»។ (យ៉ូហាន ១៧:១៦; កូល៉ុស ៤:៥) ដរាប​ណា​ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​ពួក​រាជការ​បំរើ​ជា​ភ្នាក់ងារ​របស់​ទ្រង់ យើង​នឹង​បង្ហាញ​ការ​គោរព​ត្រឹម​ត្រូវ​ដល់​គេ។ (រ៉ូម ១៣:១​-​៤) កាល​ដែល​រក្សា​នៅ​អព្យាក្រឹត​ចំពោះ​ខាង​នយោបាយ យើង​អធិស្ឋាន«ឲ្យ​ស្តេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង» ជា​ពិសេស ពេល​ដែល​ពួក​ទាំង​នេះ​ត្រូវ​តែ​សម្រេច​ចិត្ត ដែល​អាច​មាន​ឥទ្ធិពល​លើ​សេរី​ភាព​នៃ​ការ​ថ្វាយ​បង្គំ។ យើង​នឹង​បន្ត​ធ្វើ​ការ​នេះ «ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់ស្រគំ​ដោយ​កោត​ខ្លាច ហើយ​ដោយ​នឹង​ធឹង​គ្រប់​ជំពូក» ដើម្បី​ឲ្យ‹មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ›។—ធីម៉ូថេ​ទី​១ ២:១​-​៤

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ Revelation—Its Grand Climax At Hand!, ជំពូក ៣៥ បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​ញូវយ៉ក។

សំនួរ​សើរើ​ឡើង​វិញ

◻ តើ«លោកីយ៍»មួយ​ណា​ដែល​ពួក​គ្រីស្ទាន​មាន​ចំណែក ប៉ុន្តែ​តើ«លោកីយ៍»មួយ​ណា ដែល​ពួក​គេ​មិន​អាច​មាន​ចំណែក​ជា​មួយ​នោះ?

◻ តើ​អ្វី​ដែល​បាន​តំណាង​ដោយ«ទី​សម្គាល់» នៃ​សត្វ​លើ​ដៃ​និង​ថ្ងាស​មនុស្ស ហើយ​តើ​ពួក​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​មាន​ទី​សម្គាល់​អ្វី?

◻ តើ​អ្វី​ជា​ទស្សនៈ​ដ៏​ថ្លឹង​ថ្លែង​ដែល​ពួក​គ្រីស្ទាន​ពិត​មាន​ចំពោះ​រដ្ឋាភិបាល​របស់​មនុស្ស?

◻ តើ​មាន​ផ្លូវ​ណា​ខ្លះ​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ថ្វាយ​ជូន​ដល់​សុខុមាលភាព​នៃ​សង្គម​មនុស្ស​លោក?

[រូប​ភាព​នៅ​ទំព័រ​១៥]

ព្រះ​គម្ពីរ​សម្គាល់​រដ្ឋាភិបាល​មនុស្ស​ជា​ភ្នាក់ងារ​របស់​ព្រះ និង​ជា​សត្វ​សាហាវ

[រូប​ភាព​នៅ​ទំព័រ​១៦]

ដោយ​បង្ហាញ​ការ​ខ្វល់​ខ្វាយ​ដ៏​ស្រឡាញ់​ដល់​ពួក​អ្នក​ដទៃ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជា​អត្ថប្រយោជន៍​ដល់​សង្គម​របស់​គេ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក