បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២៥ ទំ. ២០៨-២១៦
  • នៅខាងលោកីយ៍របស់សាតាំង ឬក៏នៅខាងរបបថ្មីរបស់ព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នៅខាងលោកីយ៍របស់សាតាំង ឬក៏នៅខាងរបបថ្មីរបស់ព្រះ?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោកីយ៍​របស់​សាតាំង—នេះ​ជា​អ្វី?
  • របៀប​ចៀស​វាង​ពី​ការ​ធ្វើ​ជា​ផ្នែក​នៃ​លោកីយ៍​នេះ
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចូរស្គាល់សត្រូវរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើអារក្សជាអ្នកណា?
    តើព្រះតម្រូវអ្វីពីយើង?
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២៥ ទំ. ២០៨-២១៦

ជំពូក​ទី២៥

នៅ​ខាង​លោកីយ៍​របស់​សាតាំង ឬ​ក៏​នៅ​ខាង​របប​ថ្មី​របស់​ព្រះ?

១ អ្វី​ដែល​សម្ដែង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា លោក​អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ​នោះ?

តើ​លោក​អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​ដ៏​សុចរិត​របស់​ព្រះ​ឬ ហើយ​ចង់​ឲ្យ​របប​នេះ​មក​ទេ? តើ​លោក​អ្នក​ប្រឆាំង​នឹង​សាតាំង ហើយ​ចង់​ឲ្យ​លោកីយ៍​របស់​វា​វិនាស​ទៅ​ទេ? ចំពោះ​សំនួរ​ទាំង​ពីរ​នេះ អ្នក​ប្រហែល​ជា​មាន​ប្រសាសន៍​ថា ខ្ញុំ​ចង់​មែន។ ប៉ុន្តែ តើ​ពាក្យ​សម្ដី​ប៉ុណ្ណេះ​គ្រប់គ្រាន់​ទេ? មាន​ពាក្យ​បុរាណ​មួយ​ថា សកម្មភាព​ពោល​ឮ​ខ្លាំង​ជាង​ពាក្យ​សម្ដី។ ប្រសិន​បើ​លោក​អ្នក​ជឿ​ទៅ​លើ​របប​ថ្មី​របស់​ព្រះ​មែន​នោះ របៀប​ដែល​អ្នក​ដឹក​នាំ​ជីវភាព​រស់​នៅ​របស់​អ្នក ប្រាកដ​ជា​នឹង​សម្ដែង​ឲ្យ​ឃើញ​ជា​ភស្តុតាង​ចំពោះ​រឿង​នេះ។—ម៉ាថាយ ៧:២១​-​២៣; ១៥:៧, ៨

២ (​ក​) តើ​អ្នក​ណា​ជា​ចៅហ្វាយ​ពីរ​នាក់ ដែល​យើង​អាច​បម្រើ? (​ខ​) អ្វី​ដែល​បង្ហាញ​ថា យើង​ជា​បាវ​បម្រើ​ឬ​អ្នក​បម្រើ​របស់​អ្នក​ណា​នោះ?

២ តាម​ការ​ពិត ជីវភាព​របស់​លោក​អ្នក​អាច​គាប់ចិត្ត​តែ​ចៅហ្វាយ​មួយ​ប៉ុណ្ណោះ​ទេ​ក្នុង​ចំណោម​ចៅហ្វាយ​ទាំង​ពីរ​នាក់ គឺ​បម្រើ​ព្រះ​យេហូវ៉ា ឬ​ក៏​អារក្ស​សាតាំង។ គោលការណ៍​ដែល​បាន​ចែង​មក​នៅ​ក្នុង​ព្រះ​គម្ពីរ ជួយ​យើង​ឲ្យ​យល់​អំពី​រឿង​នេះ។ នេះ​បាន​ចែង​មក​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​អ្នក​រាល់​គ្នា​ប្រគល់​ខ្លួន​ធ្វើ​ជា​បាវបំរើ នឹង​ស្ដាប់​តាម​ចៅហ្វាយ​ណា នោះ​អ្នក​ជា​បាវបំរើ​របស់​ចៅហ្វាយ​នោះ​ឯង​»​? (​រ៉ូម ៦:១៦​) តើ​លោក​អ្នក​គោរព​តាម​អ្នក​ណា? តើ​លោក​អ្នក​ប្រព្រឹត្ត​តាម​ចំណង់​របស់​អ្នក​ណា? ចម្លើយ​របស់​លោក​អ្នក​ជា​យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​ដើរ​តាម​ផ្លូវ​ទុច្ចរិត​របស់​លោកីយ៍​នេះ លោក​អ្នក​មិន​អាច​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត​បាន​ទេ។

លោកីយ៍​របស់​សាតាំង—នេះ​ជា​អ្វី?

៣ (​ក​) អ្នក​ណា​ដែល​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ជា​ចៅហ្វាយ​របស់​លោកីយ៍​នេះ? (​ខ​) នៅ​ក្នុង​សេចក្ដី​អធិស្ឋាន តើ​ព្រះ​​យេស៊ូវ​បាន​បង្ហាញ​ថា លោកីយ៍​នេះ​និង​ពួក​សិស្ស​ទ្រង់​ខុស​គ្នា​យ៉ាង​ណា?

៣ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ហៅ​សាតាំង​ជា​«​ចៅហ្វាយ​របស់​លោកីយ​នេះ​»។ ហើយ​សាវក​យ៉ូហាន​ក៏​បាន​មាន​ប្រសាសន៍​ថា​«​លោកីយ​ទាំងមូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​»។ (​យ៉ូហាន ១២:៣១; យ៉ូហានទី១ ៥:១៩​) សូម​កត់សម្គាល់ នៅ​ក្នុង​សេចក្ដី​អធិស្ឋាន​ទៅ​ព្រះ ព្រះ​យេស៊ូវ​មិន​បាន​មាន​បន្ទូល​ថ្លែង​អំពី​សាវក​របស់​ទ្រង់ ជា​របស់​ផង​លោកីយ៍​នៃ​សាតាំង​ទេ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ទូលបង្គំ​អធិស្ឋាន​ឲ្យ​គេ​[​ពួក​សាវក​របស់​ទ្រង់​] មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ​ទេ . . . គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ​»។ (​យ៉ូហាន ១៧:៩, ១៦; ១៥:១៨, ១៩​) ឃ្លា​នេះ​សម្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ពួក​គ្រីស្ទាន​ពិត​ត្រូវ​តែ​ញែក​ខ្លួន​ចេញ​ឲ្យ​ផុត​ពី​លោកីយ៍​នេះ។

៤ (​ក​) នៅ​ក្នុង​យ៉ូហាន ៣:១៦ តើ​ពាក្យ​«​លោកីយ​»​បាន​សំដៅ​ទៅ​លើ​អ្នក​ណា? (​ខ​) តើ​អ្វី​ជា​«​លោកីយ​»​ដែល​ពួក​អ្នក​កាន់​តាម​ព្រះ​គ្រីស្ទ​ត្រូវ​តែ​ញែក​ខ្លួន​ចេញ​ឲ្យ​ផុត​នោះ?

៤ ប៉ុន្តែ តើ​ព្រះ​យេស៊ូវ​បាន​សំដៅ​ទៅ​លើ​អ្វី នៅ​ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា​«​លោកីយ​»​នោះ? នៅ​ក្នុង​ព្រះ​គម្ពីរ​ពាក្យ​«​លោកីយ​»​ជួនកាល​គ្រាន់​តែ​មាន​ន័យ​ជា​មនុស្ស​លោក​ទួទៅ​ប៉ុណ្ណោះ។ ព្រះ​បាន​បញ្ជូន​ព្រះ​រាជបុត្រា​ទ្រង់ ដើម្បី​ប្រទាន​ព្រះ​ជន្ម​ទ្រង់​ជា​តម្លៃ​លោះ សំរាប់​លោកីយ៍​នៃ​មនុស្ស​លោក​នេះ។ (​យ៉ូហាន ៣:១៦​) ប៉ុន្តែ សាតាំង​បាន​ចាត់​ចែង​រៀបចំ​ឲ្យ​មនុស្ស​លោក​ភាគ​ច្រើន បះបោរ​ប្រឆាំង​នឹង​ព្រះ។ ដូច្នេះ លោកីយ៍​របស់​សាតាំង​គឺ​ជា​សង្គម​មនុស្ស​ដែល​បាន​ចាត់​ចែង​រៀបចំ​ឡើង ដែល​មាន​នៅ​ខាង​ក្រៅ​អង្គការ​ដែល​មើល​ឃើញ​របស់​ព្រះ។ នេះ​ហើយ​ជា​លោកីយ៍ ដែល​ពួក​គ្រីស្ទាន​ពិត​ត្រូវ​តែ​ញែក​ខ្លួន​ចេញ​ឲ្យ​ផុត​នោះ។—យ៉ាកុប ១:២៧

៥ តើ​អ្វី​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​លោកីយ៍ ហើយ​តើ​នេះ​បាន​ត្រូវ​តំណាង​យ៉ាង​ណា​នៅ​ក្នុង​ព្រះ​គម្ពីរ?

៥ លោកីយ៍​របស់​សាតាំង—សង្គម​មនុស្ស​ដែល​បាន​ចាត់​ចែង​រៀបចំ​របស់​វា—បាន​ត្រូវ​ផ្គុំ​ឡើង​ពី​ផ្នែក​ផ្សេង​ៗ​ជា​ច្រើន​ដែល​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ។ ផ្នែក​ដ៏​សំខាន់​មួយ​នោះ គឺ​ជា​សាសនា​មិន​ពិត។ នៅ​ក្នុង​ព្រះ​គម្ពីរ សាសនា​មិន​ពិត​បាន​ត្រូវ​តំណាង​ជា​«​ស្រី​សំផឹង​ដ៏​ធំ​»​ឬ​ស្រី​ផ្កាមាស ដោយ​មាន​ឈ្មោះ​ថា​«​ក្រុង​បាប៊ីឡូន​ដ៏​ធំ​»។ នាង​ជា​ចក្រភព​ទូទៅ​មួយ ដែល​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញ​ថា​នាង​«​មាន​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី​»​នេះ។ (​វិវរណៈ ១៧:១, ៥, ១៨​) ប៉ុន្តែ តើ​អ្វី​ដែល​បាន​បង្ហាញ​ជា​ភស្តុតាង​ថា ក្រុង​បាប៊ីឡូន​ដ៏​ធំ​ជា​ចក្រភព​ទូទៅ​ខាង​សាសនា​មួយ​នោះ?

៦, ៧ (​ក​) តើ​អ្វី​ដែល​បង្ហាញ​ជា​ភស្តុតាង​ថា ក្រុង​បាប៊ីឡូន​ដ៏​ធំ​ជា​ចក្រភព​ខាង​សាសនា​មួយ​នោះ? (​ខ​) តើ​សាសនា​មិន​ពិត និង​រដ្ឋាភិបាល​ខាង​ផ្នែក​នយោបាយ​មាន​ការ​ទាក់ទង​ជា​មួយ​គ្នា​យ៉ាង​ណា?

៦ ដោយសារ​«​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី​»​ត្រូវ​បាន​ចែង​ថា ‹បាន​សហាយស្មន់› ជា​មួយ​នឹង​នាង​នោះ ដូច្នេះ​ក្រុង​បាប៊ីឡូន​ដ៏​ធំ​មិន​អាច​ជា​ចក្រភព​ទូទៅ​ខាង​នយោបាយ​មួយ​បាន​ទេ។ ហើយ​ដោយ​«​ពួក​ជំនួញ​»​នៅ​ផែនដី ឈរ​ពី​ចម្ងាយ ហើយ​យំទួញ​ទាំង​សោក​សង្រេង​នៅ​ការ​កំទេច​របស់​នាង​នោះ នាង​ក៏​មិន​មែន​ជា​ចក្រភព​ទូទៅ​ខាង​ពាណិជ្ជកម្ម​មួយ​ដែរ។ (​វិវរណៈ ១៧:២; ១៨:១៥​) ប៉ុន្តែ ដែល​ថា​នាង​ពិត​ជា​ចក្រភព​ខាង​សាសនា​មួយ​វិញ នោះ​បាន​សម្ដែង​ដោយ​សេចក្ដី​ថ្លែង​នៃ​បទ​គម្ពីរ ដែល​ថា​«​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយសារ​ការ​មន្តអាគម​»​របស់​នាង។—វិវរណៈ ១៨:២៣

៧ ម្យ៉ាង​ទៀត ការ​បង្ហាញ​ឲ្យ​ឃើញ​ជា​ភស្តុតាង​ថា ក្រុង​បាប៊ីឡូន​ដ៏​ធំ​ជា​ចក្រភព​ខាង​សាសនា​មួយ​នោះ គឺ​ដោយសារ​ការ​ទាក់ទង​របស់​នាង​ជា​មួយ​នឹង​«​សត្វ​សាហាវ​»​មួយ។ នៅ​ក្នុង​ព្រះ​គម្ពីរ សត្វ​បែប​នេះ​ជា​តំណាង​រដ្ឋាភិបាល​ខាង​ផ្នែក​នយោបាយ។ (​ដានីយ៉ែល ៨:២០, ២១​) ក្រុង​បាប៊ីឡូន​ដ៏​ធំ​ត្រូវ​បាន​ពណ៌នា​ថា​«​ជិះ​នៅ​លើ​សត្វ​សម្បុរ​ក្រហម ដែល . . . មាន​ក្បាល​៧ ហើយ​ស្នែង​១០​»។ ដូច្នេះ​ហើយ នាង​បាន​ព្យាយាម​ប្រើ​អំណាច​ទៅ​លើ​«​សត្វ​សាហាវ​»​ឬ​ពួក​រដ្ឋាភិបាល​​លោកីយ៍​នេះ។ (​វិវរណៈ ១៧:៣​) ហើយ​នេះ​ជា​ការ​ពិត​មួយ ដែល​នៅ​ក្នុង​ប្រវត្ដិសាស្ត្រ​ទាំងអស់ សាសនា​បាន​ឡូកឡំ​ជា​មួយ​នឹង​កិច្ចការ​នយោបាយ ដោយ​តែង​តែ​បង្គាប់​រដ្ឋាភិបាល​ទាំង​ឡាយ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ។ នាង​ពិត​ជា​បាន​ប្រើ​នូវ​«​អំណាច​លើ​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ផែនដី​»​មែន។—វិវរណៈ ១៧:១៨

៨ តើ​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​នៃ​លោកីយ៍​របស់​សាតាំង​ជា​អ្វី ហើយ​នេះ​បាន​ត្រូវ​តំណាង​យ៉ាង​ណា​នៅ​ក្នុង​ព្រះ​គម្ពីរ?

៨ ពួក​រដ្ឋាភិបាល​ខាង​ផ្នែក​នយោបាយ​ទាំង​នេះ​ផ្គុំ​ឡើង​ធ្វើ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​នៃ​លោកីយ៍​របស់​សាតាំង។ ដូច​ជា​យើង​បាន​កត់សម្គាល់​រួច​មក​ហើយ ពួក​ទាំង​នេះ​បាន​ត្រូវ​តំណាង​ជា​សត្វ​នានា នៅ​ក្នុង​ព្រះ​គម្ពីរ។ (​ដានីយ៉ែល ៧:១​-​៨, ១៧, ២៣​) ចំពោះ​ឫទ្ធិ​អំណាច​ដែល​រដ្ឋាភិបាល​ដូច​សត្វ​សាហាវ​ទាំង​នេះ​បាន​ទទួល​ពី​សាតាំង នោះ​បាន​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ចក្ខុនិមិត្ត​មួយ​ដែល​បាន​សរសេរ​ឡើង​ដោយ​សាវក​យ៉ូហាន​៖ ​«​ខ្ញុំ​ឃើញ​សត្វ​សាហាវ​១​ឡើង​ចេញ​ពី​សមុទ្រ​មក ដែល​មាន​ស្នែង​១០ នឹង​ក្បាល​៧ . . . នាគ​ក៏​ឲ្យ​ឫទ្ធិ . . . ដល់​សត្វ​នោះ​»។ (​វិវរណៈ ១៣:១, ២; ១២:៩​) រីឯ​ភស្តុតាង​មួយ​ទៀត​ដែល​បង្ហាញ​ថា រាជាណាចក្រ​ឬ​រដ្ឋាភិបាល​ទាំង​នេះ​ជា​ផ្នែក​នៃ​លោកីយ៍​របស់​សាតាំង​នោះ គឺ​ឃើញ​យ៉ាង​ជាក់​ស្តែង​ពី​រឿង​ដែល​សាតាំង​បាន​ល្បួង​ព្រះ​យេស៊ូវ ដោយ​ប្រគល់​ឲ្យ​រាជាណាចក្រ​ទាំង​នេះ​ទៅ​ទ្រង់។ សាតាំង​មិន​អាច​នឹង​ធ្វើ​យ៉ាង​នេះ​បាន​ទេ បើ​វា​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​របស់​ទាំង​នេះ​នោះ។—ម៉ាថាយ ៤:៨, ៩

៩ (​ក​) តើ​ផ្នែក​ផ្សេង​ទៀត​នៃ​លោកីយ៍​របស់​សាតាំង ត្រូវ​បាន​ពណ៌នា​យ៉ាង​ណា​នៅ​ក្នុង​វិវរណៈ ១៨:១១? (​ខ​) តើ​ផ្នែក​នេះ​ធ្វើ​និង​លើក​ផ្សព្វផ្សាយ​អ្វី ដែល​បង្ហាញ​ថា​សាតាំង​គាំទ្រ​វា​នោះ?

៩ ផ្នែក​ដ៏​ធំដុំ​ផ្សេង​ទៀត​នៃ​លោកីយ៍​របស់​សាតាំង គឺ​ជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ល្មោភ​និង​ជិះជាន់ ដែល​បាន​សម្ដែង​នៅ​ក្នុង​វិវរណៈ ១៨:១១ ជា​«​ពួក​ជំនួញ​»។ ប្រព័ន្ធ​ពាណិជ្ជកម្ម​នេះ លើក​ផ្សព្វផ្សាយ​តណ្ហា​អញនិយម​នៅ​ក្នុង​មនុស្ស ដើម្បី​ឲ្យ​គេ​ទទួល​របស់​ដែល​វា​បាន​ផលិត ទោះបី​គេ​មិន​ត្រូវ​ការ​របស់​ទាំង​នោះ ហើយ​អាច​រស់​នៅ​ដោយ​មិន​ចាំបាច់​មាន​របស់​ទាំង​នោះ​ក៏​ដោយ។ នៅ​ពេល​ដំណាល​គ្នា ប្រព័ន្ធ​ពាណិជ្ជកម្ម​ល្មោភ​នេះ​បាន​គរ​លាក់​ទុក​ម្ហូបអាហារ​នៅ​ក្នុង​ឃ្លាំង ប៉ុន្តែ​បណ្ដោយ​មនុស្ស​រាប់​លាន​នាក់​ឲ្យ​អត់​ឃ្លាន​រហូត​ដល់​ស្លាប់ ពីព្រោះ​ពួកគេ​មិន​មាន​ប្រាក់​អាច​ទិញ​ម្ហូបអាហារ​នោះ​បាន។ ម្យ៉ាង​ទៀត គ្រឿង​សស្ដ្រាវុធ​យោធា​ដែល​មាន​លទ្ធភាព​ក្នុង​ការ​កំទេច​គ្រួសារ​មនុស្ស​លោក​ទាំងមូល​បាន​នោះ បាន​ត្រូវ​ផលិត​និង​លក់​ដើម្បី​យក​កម្រៃ។ ដូច្នេះ ប្រព័ន្ធ​ពាណិជ្ជកម្ម​របស់​សាតាំង ព្រម​ទាំង​សាសនា​មិន​ពិត និង​រដ្ឋាភិបាល​ខាង​ផ្នែក​នយោបាយ ទាំងអស់​បាន​លើក​ផ្សព្វផ្សាយ​នូវ​ភាពអញនិយម ឧក្រិដ្ឋកម្ម និង​សង្គ្រាម​ដ៏​ឃោរឃៅ។

១០, ១១ (​ក​) តើ​អ្វី​ជា​លក្ខណៈ​សម្គាល់​មួយ​ទៀត​នៃ​លោកីយ៍​របស់​សាតាំង? (​ខ​) តើ​មាន​ការ​ព្រមាន​ពី​ព្រះ​គម្ពីរ​ណា​ខ្លះ ដែល​ប្រឆាំង​នឹង​ការ​ចូលរួម​ក្នុង​លក្ខណៈ​សម្គាល់​នេះ?

១០ សង្គម​មនុស្ស​ដែល​បាន​ចាត់​ចែង​រៀបចំ​មក​នៅ​ក្រោម​អារក្ស​សាតាំង ពិត​ជា​អាក្រក់​និង​ពុករលួយ​ក្រៃលែង។ សង្គម​នេះ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ ហើយ​ពោរពេញ​ទៅ​ដោយ​អំពើ​អសីលធម៌​គ្រប់​ប្រភេទ។ ដូច្នេះ លក្ខណៈ​សម្គាល់​មួយ​ទៀត​នៃ​លោកីយ៍​របស់​សាតាំង អាច​ថា​ជា ការ​រស់​នៅ​ដ៏​ឥត​វិន័យ ជា​ផ្លូវ​អសីលធម៌។ ចំពោះ​រឿង​នេះ សាវក​ប៉ុល​ព្រម​ទាំង​សាវក​ពេត្រុស ទាំង​ពីរ​នាក់​បាន​ព្រមាន​ពួក​គ្រីស្ទាន​ឲ្យ​ចៀស​វាង​នូវ​ការ​ប្រព្រឹត្ត​ខូច​អាក្រក់​របស់​សាសន៍​ដទៃ។—អេភេសូរ ២:១​-​៣; ៤:១៧​-​១៩; ពេត្រុសទី១ ៤:៣, ៤

១១ សាវក​យ៉ូហាន​ក៏​បាន​បញ្ជាក់​អំពី​ការ​ចាំបាច់​ចំពោះ​ពួក​គ្រីស្ទាន​ក្នុង​ការ​ការពារ​នឹង​តណ្ហា​មិន​ត្រឹម​ត្រូវ ហើយ​ផ្លូវ​អសីលធម៌​នៃ​លោកីយ៍​នេះ​ដែរ។ លោក​បាន​សរសេរ​ថា​៖ ​«​កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ។ ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ងប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ងប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ​»។ (​យ៉ូហានទី១ ២:១៥, ១៦​) សិស្ស​ម្នាក់​ឈ្មោះ​យ៉ាកុប​បាន​មាន​ប្រសាសន៍​ថា ‹បើ​អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ៍ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ›។—យ៉ាកុប ៤:៤

របៀប​ចៀស​វាង​ពី​ការ​ធ្វើ​ជា​ផ្នែក​នៃ​លោកីយ៍​នេះ

១២, ១៣ (​ក​) តើ​ព្រះ​យេស៊ូវ​បាន​បង្ហាញ​យ៉ាង​ណា​ថា ពួក​គ្រីស្ទាន​ត្រូវ​តែ​នៅ​ក្នុង​លោកីយ៍​នេះ? (​ខ​) តើ​អាច​ធ្វើ​យ៉ាង​ណា​បាន ក្នុង​ការ​ដែល​នៅ​ក្នុង​លោកីយ៍ ប៉ុន្តែ​មិន​មែន​ជា​របស់​ផង​លោកីយ៍​នោះ?

១២ ដរាប​ណា​លោកីយ៍​របស់​សាតាំង​នៅ​មាន ពួក​គ្រីស្ទាន​ត្រូវ​តែ​រស់​ក្នុង​ទីនោះ។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​អំពី​រឿង​នេះ ពេល​ដែល​ទ្រង់​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតា​របស់​ទ្រង់​ថា​៖ ​«​ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ​»។ ប៉ុន្តែ​បន្ទាប់​មក ព្រះ​យេស៊ូវ​បាន​បន្ថែម​សេចក្ដី​ទៀត​ចំពោះ​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​គេ​មិន​មែន​ជា​របស់​ផង​លោកីយ​»​នេះ​ទេ។ (​យ៉ូហាន ១៧:១៥, ១៦​) តើ​អាច​ធ្វើ​យ៉ាង​ណា​បាន ក្នុង​ការ​ដែល​នៅ​ក្នុង​លោកីយ៍​របស់​សាតាំង​ប៉ុន្តែ​នៅ​តែ​មិន​មែន​ជា​របស់​ផង​លោកីយ៍​នោះ?

១៣ មែន​ហើយ លោក​អ្នក​រស់​នៅ​ក្នុង​ចំណោម​ពួក​មនុស្ស ដែល​ផ្គុំ​ធ្វើ​ជា​សង្គម​មនុស្ស​លោក ដែល​បាន​ចាត់​ចែង​រៀបចំ​មក​សព្វ​ថ្ងៃ​នេះ។ មនុស្ស​ទាំង​នេះ​រួម​បញ្ចូល​ទាំង​ពួក​សហាយស្មន់ ពួក​មនុស្ស​ល្មោភ និង​ពួក​អ្នក​ផ្សេង​ៗ​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ជួជាតិ​ផង។ លោក​អ្នក​ប្រហែល​ជា​ធ្វើ​ការ​ជា​មួយ​ពួកគេ ទៅ​សាលារៀន​ជា​មួយ​ពួកគេ បរិភោគ​ជា​មួយ​ពួកគេ ហើយ​ចូលរួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ទៀត​ជា​មួយ​ពួកគេ​ដែរ។ (​កូរិនថូសទី១ ៥:៩, ១០​) លោក​អ្នក​រហូត​ដល់​ទាំង​ស្រឡាញ់​ពួកគេ ដូច​ជា​ព្រះ​ដែរ។ (​យ៉ូហាន ៣:១៦​) ប៉ុន្តែ ជន​គ្រីស្ទាន​ពិត​មិន​ត្រូវ​ស្រឡាញ់​អំពើ​អាក្រក់​ជួជាតិ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ឡើយ។ គាត់​មិន​យក​តម្រាប់​តាម​អាកប្បកិរិយា សកម្មភាព​ឬ​ក៏​គោល​ដៅ​ក្នុង​ជីវិត​របស់​ពួកគេ​ឡើយ។ គាត់​មិន​ចូលរួម​ក្នុង​ផ្នែក​សាសនា​និង​នយោបាយ​ដ៏​ពុករលួយ​របស់​ពួកគេ​ទេ។ ហើយ នៅ​ពេល​ដែល​គាត់​ត្រូវ​តែ​ធ្វើ​ការ​ជា​រឿយ​ៗ ក្នុង​ពិភព​ពាណិជ្ជកម្ម​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ គាត់​មិន​ចូលរួម​ក្នុង​ការ​ធ្វើ​ជំនួញ​មិន​ទៀងត្រង់​ទេ ឬ​ការ​បង្កើន​ទ្រព្យសម្បត្ដិ​ក៏​មិន​មែន​ជា​គោល​ដៅ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​ដែរ។ ដោយ​គាត់​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ គាត់​ចៀស​វាង​នូវ​ការ​សេពគប់​អាក្រក់​ជា​មួយ​នឹង​ពួក​រស់​នៅ​ខាង​លោកីយ៍​របស់​សាតាំង។ (​កូរិនថូសទី១ ១៥:៣៣; ទំនុកដំកើង ១:១; ២៦:៣​-​៦, ៩, ១០​) ជា​លទ្ធផល គឺ​គាត់​នៅ​ក្នុង​លោកីយ៍​របស់​សាតាំង​មែន ប៉ុន្តែ​នៅ​តែ​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទេ។

១៤ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ តើ​សេចក្ដី​បញ្ជា​ណា​ក្នុង​ព្រះ​គម្ពីរ ដែល​លោក​អ្នក​នឹង​ត្រូវ​គោរព​តាម​នោះ?

១៤ តើ​ចំពោះ​លោក​អ្នក​យ៉ាង​ណា​ដែរ? តើ​លោក​អ្នក​ចង់​ទៅ​ជា​ផ្នែក​នៃ​លោកីយ៍​របស់​សាតាំង​ឬ​ទេ? ឬ​ក៏ តើ​លោក​អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ? ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ នោះ​លោក​អ្នក​នឹង​ត្រូវ​តែ​ញែក​ខ្លួន​ចេញ​ឲ្យ​ផុត​ពី​លោកីយ៍​នេះ ព្រម​ទាំង​សាសនា​មិន​ពិត​របស់​វា​ផង។ លោក​អ្នក​នឹង​ធ្វើ​តាម​សេចក្ដី​បញ្ជា​ដែល​ថា​៖ ​«​រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទីក្រុង​[​ក្រុង​បាប៊ីឡូន​ដ៏​ធំ​]​នោះ​»​ទៅ។ (​វិវរណៈ ១៨:៤​) ប៉ុន្តែ ការ​ដក​ខ្លួន​ចេញ​ពី​ក្រុង​បាប៊ីឡូន​ដ៏​ធំ ដែល​ជា​ចក្រភព​ទូទៅ​នៃ​សាសនា​មិន​ពិត ជាប់​ទាក់ទង​ការ​ច្រើន​ទៀត គឺ​មិន​គ្រាន់​តែ​បណ្ដាច់​ការ​ទាក់ទង​ជា​មួយ​នឹង​អង្គការ​សាសនា​មិន​ពិត​ទាំង​នោះ​ប៉ុណ្ណោះ​ទេ។ នេះ​មាន​ន័យ​ទៀត​ថា មិន​ត្រូវ​មាន​ការ​ទាក់ទង​ទាល់តែ​សោះ​ជា​មួយ​នឹង​ពិធី​បុណ្យ​សាសនា​របស់​លោកីយ៍​នេះ​ដែរ។—កូរិនថូសទី២ ៦:១៤​-​១៨

១៥ (​ក​) ជាជាង​កំណើត​របស់​ព្រះ​យេស៊ូវ តើ​អ្វី​ដែល​ពួក​គ្រីស្ទាន​បាន​ត្រូវ​បញ្ជា​ឲ្យ​ធ្វើ​នោះ? (​ខ​) អ្វី​ដែល​បង្ហាញ​ថា ព្រះ​​យេស៊ូវ​មិន​អាច​បាន​ប្រសូត​មក​ក្នុង​ភាព​រងា​នៃ​រដូវ​ត្រជាក់​នោះ? (​គ​) ហេតុ​អ្វី​ក៏​ខែ​ធ្នូ​ទី​២៥ បាន​ត្រូវ​ជ្រើសរើស​យក​ជា​ថ្ងៃ​ធ្វើ​បុណ្យ​រំឭក​កំណើត​ព្រះ​យេស៊ូវ​អញ្ចឹង?

១៥ សព្វ​ថ្ងៃ​នេះ បុណ្យ​ណូអែល ជា​បុណ្យ​សាសនា​ដ៏​ធំដុំ​មួយ។ ប៉ុន្តែ ប្រវត្ដិសាស្ត្រ​បង្ហាញ​ឲ្យ​ឃើញ​ថា នេះ​មិន​មែន​ជា​ពិធី​បុណ្យ​ដែល​បាន​ប្រារព្ធ​ឡើង​ដោយ​ពួក​គ្រីស្ទាន​ពីដើម​ដំបូង​ឡើយ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ដល់​ពួក​អ្នក​កាន់​តាម​ទ្រង់ ឲ្យ​ធ្វើ​បុណ្យ​រំឭក​អំពី​មរណភាព​របស់​ទ្រង់ មិន​មែន​អំពី​កំណើត​របស់​ទ្រង់​ទេ។ (​កូរិនថូសទី១ ១១:២៤​-​២៦​) តាម​ការ​ពិត ថ្ងៃ​ទី​២៥​ខែ​ធ្នូ​មិន​មែន​ជា​ថ្ងៃ​ខែ​កំណើត​របស់​ព្រះ​យេស៊ូវ​ទេ។ ថ្ងៃ​ខែ​នេះ​មិន​អាច​ជា​ដូច្នោះ​បាន​ទេ ពីព្រោះ​ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា នៅ​ពេល​កំណើត​របស់​ទ្រង់ ពួក​អ្នក​គង្វាល​បាន​នៅ​ឯ​វាល​នៅ​ឡើយ​ក្នុង​វេលា​យប់​នោះ។ ពួកគេ​មុខ​ជា​មិន​បាន​នៅ​ទីនោះ ក្នុង​រដូវ​ត្រជាក់​ដែល​រងា​ហើយ​មាន​ភ្លៀង​ផង​នោះ​ឡើយ។ (​លូកា ២:៨​-​១២​) តាម​ការ​ពិត ហេតុ​ដែល​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​បាន​ត្រូវ​ជ្រើសរើស​យក​ជា​ថ្ងៃ​ខែ​សំរាប់​ធ្វើ​បុណ្យ​កំណើត​ព្រះ​យេស៊ូវ​នោះ​គឺ ដូច​ជា​សព្វ​​វចនាធិប្បាយ​សៀវភៅ​ពិភពលោក ពន្យល់​ថា​៖ ​«​ពួក​បណ្ដាជន​នៃ​ទីក្រុង​រ៉ូម​បាន​ធ្វើ​បុណ្យ​នេះ​រួច​មក​ហើយ ជា​ពិធី​បុណ្យ​ផ្កាយ​ព្រះ​សៅរ៍ ជា​ការ​ធ្វើ​បុណ្យ​កំណើត​របស់​ព្រះ​អាទិត្យ​»។

១៦ (​ក​) តើ​មាន​ថ្ងៃ​បុណ្យ​ខាង​សាសនា​ដ៏​ធំដុំ​ណា​ទៀត ដែល​មាន​ដើម​កំណើត​ពី​ពួក​អ្នក​មិន​មែន​គ្រីស្ទាន​នោះ? (​ខ​) តើ​មាន​មូលហេតុ​ល្អ​ណា​ខ្លះ ដែល​គ្រីស្ទាន​ពិត​មិន​ធ្វើ​បុណ្យ​ណូអែល​និង​បុណ្យ​អ៊ីស្ទើរ៍​នោះ?

១៦ បុណ្យ​អ៊ីស្ទើរ៍ ក៏​ជា​បុណ្យ​ខាង​សាសនា​ដ៏​ធំដុំ​មួយ​ទៀត​ដែរ។ នៅ​ប្រទេស​អាមេរិក​ឡាទីន​ខ្លះ បុណ្យ​សប្ដាហ៍​បរិសុទ្ធ គឺ​ស្រដៀង​នឹង​បុណ្យ​អ៊ីស្ទើរ៍​ដែរ។ ប៉ុន្តែ បុណ្យ​អ៊ីស្ទើរ៍​នេះ ក៏​មិន​បាន​ប្រារព្ធ​ឡើង​ដោយ​ពួក​គ្រីស្ទាន​ពីដើម​ទេ។ បុណ្យ​នេះ​ក៏​អញ្ចឹង​ដែរ គឺ​មាន​ដើម​កំណើត​ក្នុង​ពិធី​បុណ្យ​របស់​ពួក​មិន​មែន​គ្រីស្ទាន។ សព្វ​វចនាធិប្បាយ​ប៊្រីធែណនីកា បាន​ចែង​ថា​៖ ​«​គ្មាន​អ្វី​ណា​មួយ​ដែល​សម្ដែង​ឲ្យ​ដឹង អំពី​ការ​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​ឡើយ​»។ អញ្ចឹង តើ​ជា​ការ​សំខាន់​ឬ​ទេ ដែល​បុណ្យ​ណូអែល និង​បុណ្យ​អ៊ីស្ទើរ៍​មិន​មែន​ជា​ពិធី​បុណ្យ​របស់​គ្រីស្ទាន ប៉ុន្តែ​ពិត​ជា​មាន​ដើម​កំណើត​ជា​មួយ​នឹង​ពួក​អ្នក​ថ្វាយបង្គំ​ព្រះ​មិន​ពិត​នោះ? សាវក​ប៉ុល​បាន​ព្រមាន​នឹង​ការ​ឡូកឡំ​សេចក្ដី​ពិត​ជា​មួយ​នឹង​សេចក្ដី​មិន​ពិត ដោយ​ពាក្យ​ថា សូម្បី​«​ដំបែ​តែ​បន្ដិច អាច​ធ្វើ​ម្សៅ​ទាំងអស់​ដោរ​ឡើង​បាន​»។ (​កាឡាទី ៥:៩​) លោក​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ពួក​គ្រីស្ទាន​ពីដើម​ខ្លះ​ថា ជា​ការ​ខុស​ចំពោះ​ពួកគេ​ក្នុង​ការ​កាន់​ថ្ងៃ​ខែ ដែល​បាន​រក្សា​ទុក​មក​ក្រោម​ក្រិត្យ​វិន័យ​របស់​លោក​ម៉ូសេ ប៉ុន្តែ​បាន​លប់​ចោល​ដោយសារ​ព្រះ​សំរាប់​ពួក​គ្រីស្ទាន​នោះ។ (​កាឡាទី ៤:១០, ១១​) តើ​រឹតតែ​សំខាន់​យ៉ាង​ណា​ទៅ​ទៀត ចំពោះ​ពួក​គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ ក្នុង​ការ​ចៀស​ឲ្យ​ផុត​ពី​ថ្ងៃ​បុណ្យ​ដែល​ព្រះ​មិន​ដែល​ទាំង​មាន​ព្រះ​បន្ទូល​ថា​ត្រូវ​តែ​កាន់ ហើយ​ដែល​មក​ពី​សាសនា​មិន​ពិត​នោះ!

១៧ (​ក​) តើ​មាន​អ្វី​ខុស​ចំពោះ​ថ្ងៃ​បុណ្យ​ទាំង​ឡាយ ដែល​ផ្ដល់​កិត្ដិយស​ដល់​មនុស្ស​ល្បី​ល្បាញ​ឬ​សាសន៍​នានា​នោះ? (​ខ​) តើ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ណា អំពី​ដំណើរ​ការណ៍​ដែល​ពួក​គ្រីស្ទាន​ត្រូវ​តែ​ប្រតិបត្ដិ​តាម​នោះ?

១៧ ពិធី​បុណ្យ​ផ្សេង​ៗ​ទៀត​នៃ​លោកីយ៍​នេះ ផ្ដល់​កិត្ដិយស​ឲ្យ​ពួក​មនុស្ស​ល្បី​ល្បាញ។ រីឯ​បុណ្យ​ខ្លះ​ទៀត​ផ្ដល់​កិត្ដិយស​និង​លើក​ដំកើង​ដល់​សាសន៍​នានា ឬ​អង្គការ​ទាំង​ឡាយ​នៃ​លោកីយ៍​នេះ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ព្រមាន​នឹង​ការ​ផ្ដល់​កិត្ដិយស​ដោយ​ការ​ថ្វាយបង្គំ​មនុស្ស​លោក ឬ​ក៏​ការ​ទុក​ចិត្ត​ទៅ​លើ​អង្គការ​របស់​មនុស្ស ក្នុង​ការ​សម្រេច​អ្វី​ដែល​មាន​តែ​ព្រះ​អាច​ធ្វើ​បាន​នោះ។ (​កិច្ចការ ១០:២៥, ២៦; ១២:២១​-​២៣; វិវរណៈ ១៩:១០; យេរេមា ១៧:៥​-​៧​) ដូច្នេះ ពិធី​បុណ្យ​ដែល​លំអៀង​ទៅ​លើ​ការ​លើក​ដំកើង​មនុស្ស​ឬ​ក៏​អង្គការ​របស់​មនុស្ស គឺ​មិន​ស្រប​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​ឡើយ ហើយ​ពួក​គ្រីស្ទាន​ពិត​នឹង​មិន​ចូលរួម​ក្នុង​ពិធី​នោះ​ទេ។—រ៉ូម ១២:២

១៨ (​ក​) តើ​គ្រឿង​វត្ថុ​អ្វី​ខ្លះ ដែល​មនុស្ស​លោក​បាន​ធ្វើ​មក​ដើម្បី​ផ្ដល់​កិត្ដិយស​ឬ​ក៏​ថ្វាយបង្គំ​នោះ? (​ខ​) តើ​ក្រិត្យ​វិន័យ​របស់​ព្រះ​សម្ដែង​យ៉ាង​ណា អំពី​ការ​ឲ្យ​កិត្ដិយស​ដោយ​ការ​ថ្វាយបង្គំ​ទៅ​គ្រឿង​វត្ថុ​បែប​នោះ?

១៨ មាន​គ្រឿង​វត្ថុ​ជា​ច្រើន​ដែល​បាន​ធ្វើ​មក​ដោយសារ​មនុស្ស ហើយ​ប្រជាជន​ត្រូវ​បាន​បង្គាប់​ឲ្យ​ផ្ដល់​​កិត្ដិយស​ឬ​ក៏​ថ្វាយបង្គំ​វត្ថុ​ទាំង​នោះ។ ភាគ​ខ្លះ​នៃ​របស់​ទាំង​នេះ​បាន​ធ្វើ​ពី​គ្រឿង​ដែក​ឬ​ឈើ។ វត្ថុ​ផ្សេង​ទៀត​បាន​ធ្វើ​ពី​ក្រណាត់ ហើយ​ប្រហែល​ជា​បាន​ដេរ​ឬ​ក៏​លាប​ពណ៌​ទៅ​លើ​នោះ​ជា​រូប​ដែល​ដូច​ជា​អ្វី​មួយ​នៅ​លើ​ស្ថានសួគ៌​ឬ​នៅ​លើ​ផែនដី។ សាសន៍​មួយ​ប្រហែល​ជា​ចេញ​ច្បាប់​មួយ​ដែល​ចែង​ថា មនុស្ស​គ្រប់​ៗ​គ្នា​ត្រូវ​តែ​ផ្ដល់​កិត្ដិយស​ដោយ​ការ​ថ្វាយបង្គំ​ទៅ​គ្រឿង​វត្ថុ​បែប​នេះ។ ប៉ុន្តែ​ក្រិត្យ​វិន័យ​របស់​ព្រះ​ចែង​មក​ថា ពួក​អ្នក​បម្រើ​របស់​ទ្រង់​មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នោះ​ឡើយ។ (​និក្ខមនំ ២០:៤, ៥; ម៉ាថាយ ៤:១០​) តើ​ប្រជា​រាស្ត្រ​របស់​ព្រះ​បាន​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានការណ៍​បែប​នេះ?

១៩ (​ក​) តើ​ស្តេច​នៃ​ក្រុង​បាប៊ីឡូន​បាន​បញ្ជា​ឲ្យ​បណ្ដាជន​គ្រប់​ៗ​គ្នា​ធ្វើ​អ្វី? (​ខ​) តើ​គំរូ​របស់​អ្នក​ណា​ដែល​ជន​គ្រីស្ទាន​ត្រូវ​តែ​ធ្វើ​តាម​នោះ?

១៩ នៅ​ក្រុង​បាប៊ីឡូន​ពីបុរាណ ស្តេច​នេប៊ូក្នេសា​បាន​សង់​រូប​មាស​យ៉ាង​ធំ​មួយ ហើយ​បាន​បញ្ជា​ឲ្យ​បណ្ដាជន​គ្រប់​ៗ​គ្នា​ក្រាប​ថ្វាយបង្គំ​រូប​នោះ។ ទ្រង់​បាន​មាន​បន្ទូល​ថា ‹បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយបង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ›។ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា យុវជន​នៃ​សាសន៍​ហេព្រើរ​៣​នាក់​ឈ្មោះ សាដ្រាក់ មែសាក់ និង​អ័បេឌ​-​នេកោ បាន​បដិសេធ​មិន​ព្រម​ធ្វើ​តាម​សេចក្ដី​ដែល​ស្តេច​បាន​បញ្ជា​ទេ។ ហេតុ​អ្វី​ក៏​ដូច្នេះ? ពីព្រោះ នេះ​ជាប់​ទាក់ទង​នឹង​ការ​ថ្វាយបង្គំ ហើយ​ការ​ថ្វាយបង្គំ​របស់​ពួកគេ គឺ​សំរាប់​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ព្រះ​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ហើយ​បាន​សង្គ្រោះ​ពួកគេ​ពី​សេចក្ដី​ខ្ញាល់​របស់​ស្តេច​នោះ។ ជា​ការ​ពិត ស្តេច​នេប៊ូក្នេសា​ក៏​បាន​ជ្រាប​ដឹង​ថា ពួក​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទាំង​នេះ​គ្មាន​គ្រោះថ្នាក់​ដល់​រដ្ឋាភិបាល​របស់​ទ្រង់​ទេ ដូច្នេះ​ទ្រង់​ក៏​ចេញ​ច្បាប់​មួយ ដើម្បី​ការពារ​នូវ​សេរីភាព​របស់​ពួកគេ​វិញ។ (​ដានីយ៉ែល ៣:១​-​៣០​) តើ​លោក​អ្នក​មិន​កោត​ស្ងើច​នឹង​សេចក្ដី​ស្មោះ​ត្រង់​របស់​យុវជន​ទាំង​នេះ​ទេ​ឬ? តើ​លោក​អ្នក​នឹង​បង្ហាញ​ថា លោក​អ្នក​ពិត​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ ដោយ​គោរព​ប្រតិបត្ដិ​តាម​ក្រិត្យ​វិន័យ​ទាំងអស់​របស់​ព្រះ​បាន​ទេ?—កិច្ចការ ៥:២៩

២០ តើ​មធ្យោបាយ​ផ្សេង​ៗ​ណា​ខ្លះ ដែល​សាតាំង​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​យើង​ប្រព្រឹត្ត​ល្មើស​នឹង​ក្រិត្យ​វិន័យ​ព្រះ​ពី​រឿង​សីលធម៌​ខាង​សេពមេថុនកម្ម​នោះ?

២០ ពិត​មែន​ហើយ សាតាំង​មិន​ចង់​ឲ្យ​យើង​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ វា​ចង់​ឲ្យ​យើង​បម្រើ​វា​វិញ។ ដូច្នេះ វា​ខំ​ព្យាយាម​ទាញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​វា​ចង់ ដ្បិត​វា​ដឹង​ថា​យើង​នឹង​ទៅ​ជា​បាវ​បម្រើ​ឬ​ក៏​ជា​អ្នក​បម្រើ​របស់​អ្នក​ណា​ដែល​យើង​គោរព​ស្ដាប់បង្គាប់​តាម។ (​រ៉ូម ៦:១៦​) តាម​មធ្យោបាយ​ផ្សេង​ៗ​ជា​ច្រើន រួម​ទាំង​ទូរទស្សន៍ ភាពយន្ត សណ្ឋាន​នៃ​ការ​រាំរែក​ខ្លះ និង​សៀវភៅ​អសីលធម៌ សាតាំង​ជម្រុញ​លើកទឹកចិត្ត​មនុស្ស​ឲ្យ​សេព​មេថុន​រវាង​បុគ្គល​ដែល​មិន​បាន​រៀប​ការ និង​សេចក្ដី​កំផិត​ដែរ។ ចរិយា​មារយាទ​បែប​នេះ​បាន​ត្រូវ​ធ្វើ​ឲ្យ​ឃើញ​ហាក់​ដូច​ជា​ការ​ធម្មតា រហូត​ដល់​ថា​ត្រឹម​ត្រូវ​ទៀត។ ប៉ុន្តែ នេះ​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ (​ហេព្រើរ ១៣:៤; អេភេសូរ ៥:៣​-​៥​) ហើយ អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​តាម​ចរិយា​មារយាទ​បែប​នេះ ពិត​ជា​បង្ហាញ​ថា គេ​ជា​អ្នក​នៅ​ខាង​លោកីយ៍​របស់​សាតាំង​ហើយ។

២១ តើ​មាន​ការ​ប្រព្រឹត្ត​ណា​ខ្លះ​ទៀត ដែល​ប្រសិន​បើ​បុគ្គល​ណា​ចូលរួម​ក្នុង​ការ​នោះ នឹង​បង្ហាញ​ថា​គាត់​ជា​អ្នក​នៅ​ខាង​លោកីយ៍​​របស់​សាតាំង?

២១ មាន​ការ​ប្រព្រឹត្ត​ជា​ច្រើន​ទៀត​ដែល​លោកីយ៍​របស់​សាតាំង​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ការ​ប្រជាប្រិយ ប៉ុន្តែ​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ ការ​ធ្វើ​ឲ្យ​ប្រមឹក​ដោយ​គ្រឿង​សុរា​ជា​ការ​ប្រព្រឹត្ត​មួយ​ក្នុង​ចំណោម​នោះ។ (​កូរិនថូសទី១ ៦:៩, ១០​) ការ​ប្រព្រឹត្ត​ឯ​ទៀត​គឺ​ការ​ប្រើ​គ្រឿង​ញៀន ដូច​ជា​កញ្ឆា អាភៀន ដើម្បី​ជា​ការ​កំសាន្ត ហើយ​និង​ការ​ប្រើ​ថ្នាំ​ជក់​ដែរ។ គ្រឿង​ទាំង​នេះ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រូបកាយ ហើយ​ក្រខ្វក់​ទៀត។ ការ​ប្រើ​គ្រឿង​ទាំង​នេះ ច្បាស់​ជា​ការ​បំពាន​លើ​សេចក្ដី​បង្រៀន​របស់​ព្រះ ដែល​ថា​«​សំអាត​ខ្លួន​យើង ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ប្រឡាក់​ទាំង​សាច់​ឈាម​ចេញ ហើយ​ទាំង​ព្រលឹង​វិញ្ញាណ​ផង​»។ (​កូរិនថូសទី២ ៧:១​) ការ​ជក់​ថ្នាំ​ក៏​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​នៃ​ពួក​អ្នក​នៅ​ជិត​ដែរ ព្រោះ​គេ​ស្រូប​ចូល​នូវ​ផ្សែង​នោះ ដូច្នេះ​ហើយ អ្នក​ជក់​ថ្នាំ​បំពាន​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ ដែល​ថ្លែង​ថា​គ្រីស្ទាន​ត្រូវ​តែ​ស្រឡាញ់​អ្នក​ជិត​ខាង​នោះ។—ម៉ាថាយ ២២:៣៩

២២ (​ក​) តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា អំពី​ឈាម? (​ខ​) ហេតុ​អ្វី​ក៏​ការ​ចាក់​បញ្ចូល​ឈាម ពិត​ជា​មិន​ខុស​គ្នា​នឹង​«​ការ​បរិភោគ​»​ឈាម? (​គ​) តើ​អ្វី​ដែល​បង្ហាញ​ថា ‹ការ​ចៀស​វាង​ចេញ​ពី​ឈាម›​មាន​ន័យ​ថា​មិន​ត្រូវ​ទទួល​យក​ឈាម​ទៅ​ក្នុង​ខ្លួន​របស់​លោក​អ្នក​ទាល់តែ​សោះ​នោះ?

២២ ការ​ប្រព្រឹត្ត​មួយ​ទៀត​ដែល​គេ​និយម​ទូទៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​ពិភពលោក​គឺ ការ​បរិភោគ​ឈាម។ ដូច្នេះ​ហើយ សត្វ​ដែល​មិន​បាន​សម្រក់​ឈាម​ឲ្យ​បាន​ស្រួលបួល​នោះ​បាន​ត្រូវ​គេ​បរិភោគ ឬ​ក៏​ឈាម​បាន​ត្រូវ​បង្ហូរ​ចេញ​មក​ហើយ​បាន​ប្រើ​ជា​ម្ហូបអាហារ​ដែរ។ ប៉ុន្តែ​ព្រះ​បន្ទូល​របស់​ព្រះ​បាន​ហាមប្រាម​ក្នុង​ការ​បរិភោគ​ឈាម។ (​លោកុប្បត្តិ ៩:៣, ៤; លេវីវិន័យ ១៧:១០​) តើ​ការ​ចាក់​បញ្ចូល​ឈាម​យ៉ាង​ណា​ដែរ? បុគ្គល​ខ្លះ​ប្រហែល​ជា​គិត​ថា ការ​ចាក់​បញ្ចូល​ឈាម​ពិត​ជា​មិន​មែន​ជា​ការ​«​បរិភោគ​»​ទេ។ ប៉ុន្តែ តើ​មិន​មែន​ជា​ការ​ពិត​ទេ​ឬ ពេល​ណា​អ្នក​ជម្ងឺ​មិន​អាច​ទទួល​ម្ហូបអាហារ​តាម​មាត់ គ្រូពេទ្យ​តែង​តែ​បង្គាប់​ឲ្យ​បំប៉ន​គាត់​តាម​របៀប​ដូច​គ្នា​នឹង​ការ​ចាក់​បញ្ចូល​ឈាម​ដែរ​នោះ? ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា គឺ​ឲ្យ​«​ចៀស​វាង​ចេញ . . . ពី​ឈាម​»។ (​កិច្ចការ ១៥:២០, ២៩​) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ប្រសិន​បើ​គ្រូពេទ្យ​ម្នាក់​បាន​ប្រាប់​លោក​អ្នក​ឲ្យ​ចៀស​វាង​ពី​គ្រឿង​សុរា តើ​នេះ​គ្រាន់​តែ​មាន​ន័យ​ថា អ្នក​មិន​ត្រូវ​ទទួល​យក​សុរា​តាម​មាត់​របស់​អ្នក ប៉ុន្តែ​អាច​ចាក់​បញ្ចូល​ទៅ​ក្នុង​សរសៃ​ឈាម​លោក​អ្នក​បាន​ឬ? ពិត​ជា​មិន​មែន​អញ្ចឹង​ទេ! ដូច្នេះ រឿង​នេះ​ក៏​ដូច​គ្នា​ដែរ ‹ការ​ចៀស​វាង​ចេញ​ពី​ឈាម› មាន​ន័យ​ថា​មិន​ត្រូវ​ទទួល​យក​ឈាម​ទៅ​ក្នុង​ខ្លួន​របស់​លោក​អ្នក​ទាល់តែ​សោះ។

២៣ (​ក​) តើ​ការ​សម្រេច​ចិត្ត​អ្វី ដែល​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់​នោះ? (​ខ​) តើ​អ្វី​នឹង​សម្ដែង​ពី​ការ​សម្រេច​ចិត្ត​ដែល​លោក​អ្នក​បាន​ធ្វើ​នោះ?

២៣ លោក​អ្នក​ត្រូវ​តែ​បង្ហាញ​ព្រះ​យេហូវ៉ា​ថា លោក​អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ទ្រង់ ហើយ​មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ​ទេ។ ការ​នេះ​តម្រូវ​នូវ​ការ​សម្រេច​ចិត្ត​មួយ។ ការ​សម្រេច​ចិត្ត​ដែល​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ជា​ចាំបាច់​នោះ គឺ​ជា​ការ​បម្រើ​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។ លោក​អ្នក​មិន​អាច​នៅ​ស្ទាក់ស្ទើរ ដូច​ជា​ជនជាតិ​អ៊ីស្រាអែល​នៅ​សម័យ​ដើម​នោះ​ឡើយ។ (​ពង្សាវតារក្សត្រទី១ ១៨:២១​) សូម​ចង​ចាំ​ថា ប្រសិន​បើ​លោក​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា​ទេ​នោះ លោក​អ្នក​នឹង​បម្រើ​សាតាំង​ហើយ។ លោក​អ្នក​ប្រហែល​ជា​មាន​ប្រសាសន៍​ថា អ្នក​ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ ប៉ុន្តែ តើ​ចរិយា​មារយាទ​របស់​លោក​អ្នក​សម្ដែង​យ៉ាង​ណា? ជា​អ្នក​នៅ​ខាង​របប​ថ្មី​របស់​ព្រះ លោក​អ្នក​ត្រូវ​ចៀស​វាង​នូវ​ការ​ប្រព្រឹត្ត​ទាំងអស់​ដែល​ព្រះ​កាត់​ទោស ហើយ​ការ​ទាំង​នោះ​នឹង​មិន​មាន​នៅ​ក្នុង​របប​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់​ឡើយ។

[​រូបភាព​នៅ​ទំព័រ​២០៩​]

តើ​អ្វី​ជា​លោកីយ៍​ដែល​ព្រះ​យេស៊ូវ​មិន​អធិស្ឋាន​សូម ហើយ​ដែល​ពួក​សិស្ស​របស់​ទ្រង់​មិន​មែន​ជា​របស់​ផង​នោះ?

[​រូបភាព​នៅ​ទំព័រ​២១១​]

នៅ​ក្នុង​ព្រះ​គម្ពីរ សាសនា​មិន​ពិត​បាន​ត្រូវ​តំណាង​ជា​ស្រី​ផ្កាមាស​ប្រមឹក​ម្នាក់ ហើយ​រដ្ឋាភិបាល​លោកីយ៍​ដែល​នាង​ជិះ​នេះ​ជា​សត្វ​សាហាវ​មួយ

ការ​រស់​នៅ​ឥត​វិន័យ​ជា​លក្ខណៈ​សម្គាល់​នៃ​​លោកីយ៍​របស់​សាតាំង។ ប្រព័ន្ធ​ពាណិជ្ជកម្ម​ដ៏​ល្មោភ​ក៏​ជា​ផ្នែក​ដ៏​ធំដុំ​មួយ​ដែរ

[​រូបភាព​នៅ​ទំព័រ​២១៣​]

នៅ​ពេល​កំណើត​របស់​ព្រះ​យេស៊ូវ ដោយសារ​តែ​ពួក​អ្នក​គង្វាល​បាន​នៅ​ឯ​វាល​នៅ​ឡើយ​ជា​មួយ​ហ្វូង​ចៀម​របស់​ពួកគេ​ក្នុង​វេលា​យប់​នោះ ដូច្នេះ​ទ្រង់ មិន​អាច​បាន​ប្រសូត​នៅ​ខែ​ធ្នូ​ទី​២៥​ទេ

[​រូបភាព​នៅ​ទំព័រ​២១៤​]

ពួក​អ្នក​បម្រើ​ព្រះ​បាន​បដិសេធ​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​ដែល​ស្តេច​មួយ​អង្គ​បាន​តម្លើង​នោះ។ តើ​លោក​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ដែរ នៅ​ក្នុង​ស្ថានការណ៍​​ស្រដៀង​គ្នា​នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក