យើងត្រូវតែយល់សប្ដិ
តើអ្នកមានសុបិនទេ? យើងអាចនិយាយថា អ្នកច្បាស់ជាធ្លាប់មានហើយ ពីព្រោះយើងគ្រប់ៗគ្នាតែងតែមានសុបិនក្នុងកាលដែលយើងកំពុងតែដេកលក់ ថ្វីបើយើងអះអាងថាយើងមិនមានសុបិនក៏ដោយ។ គេបានស្ទង់ឃើញថា ជាង៩៥ភាគរយនៃសុបិន គឺមិនអាចចាំបានទេ។ តើសុបិនមួយណាដែលអ្នកចាំបាន? តាមការពិត សុបិនដែលយើងតែងតែចាំ នោះជាសុបិនដែលយើងមានជិតពេលដែលយើងក្រោកពីដេក។
ពួកអ្នកស្រាវជ្រាវខាងសុបិនបានរកឃើញថា ការសម្រាន្តជាដំណើរដែលទៅមុខ គឺថាក្នុងបីបួនម៉ោងដំបូង យើងដេកលក់លង់យ៉ាងស្រួល ហើយក្រោយមកប្រែជារហ័សភ្ញាក់ទៅវិញ។ សុបិនតែងតែកើតឡើង ជាពិសេសក្នុងកំឡុងនៃការកំរើកភ្នែកយ៉ាងលឿន ដែលហៅថា ដំណើរដេកដែលកំរើកភ្នែកយ៉ាងលឿន។ នេះគឺឆ្លាស់គ្នាជាមួយនឹងដំណើរដេកដែលឥតកំរើកភ្នែកយ៉ាងលឿន។ ដំណើរដេកដែលកំរើកភ្នែកយ៉ាងលឿន/ដំណើរដេកដែលឥតកំរើកភ្នែកយ៉ាងលឿន នេះមានរយៈប្រហែល៩០នាទីក្នុងមួយលើក ហើយនេះអាចមានរហូតដល់ប្រាំឬប្រាំមួយលើកក្នុងមួយយប់ ដែលលើកចុងក្រោយបង្អស់កើតឡើងជិតពេលយើងភ្ញាក់។
ច្បាស់ជាខុសហើយ បើគិតថាខួរក្បាលរបស់អ្នកមានសកម្មភាពតិចតួចក្នុងកំឡុងដេកនោះ។ គេបានស្រាវជ្រាវឃើញថា ខួរក្បាលគឺមានសកម្មភាពក្នុងពេលមានសុបិន ជាងក្នុងកំឡុងភ្ញាក់ទៅទៀត លើកលែងតែកោសិកានៃសរសៃប្រសាទខ្លះក្នុងខួរក្បាល ដែលទាក់ទងនឹងសតិការនិងស្មារតីប៉ុណ្ណោះ។ កោសិកាទាំងនេះមើលទៅដូចជាគ្មានសកម្មភាពក្នុងកំឡុងដំណើរដេកដែលកំរើកភ្នែកយ៉ាងលឿន។ ប៉ុន្តែជាធម្មតា សរសៃប្រសាទក្នុងខួរក្បាលធ្វើគមនាគមន៍រវាងកោសិកាឥតឈប់ឈរ។
ខួរក្បាលរបស់យើងគឺជាផ្នែកដ៏ស្មុគស្មាញមួយនៃរូបកាយ ដែលមានវត្ថុធាតុរាប់ម៉ឺនកោដិបង្កើតសញ្ញាប្រហែលជិតពីរទៅបីរយក្នុងមួយវិនាទី។ ក្នុងខួរក្បាលមនុស្សម្នាក់ គឺមានវត្ថុធាតុច្រើនជាងចំនួនមនុស្សនៅលើផែនដីទៅទៀត។ អ្នកស្រាវជ្រាវខ្លះស្មានថា ខួរក្បាលមានវត្ថុធាតុពី២០ម៉ឺនកោដិរហូតដល់៥០ម៉ឺនកោដិ។ ភាពស្មុគស្មាញរបស់វា គាំទ្រនូវអ្វីដែលដាវីឌ ជាអ្នកសរសេរព្រះគម្ពីរបាននិយាយអំពីរូបកាយរបស់មនុស្ស៖ «ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់»។—ទំនុកដំកើង ១៣៩:១៤
ពិភពនៃសុបិន
នៅពេលដែលយើងភ្ញាក់ វិញ្ញាណទាំងប្រាំរបស់យើងគឺតែងតែបញ្ជូនពត៌មាននិងរូបភាពទៅឯខួរក្បាល ប៉ុន្តែក្នុងកំឡុងដេក វាមិនធ្វើដូចនេះទេ។ ខួរក្បាលបង្កើតរូបភាពដោយខ្លួនឯងមិនចាំបាច់ជំនួយពីវិញ្ញាណទាំងប្រាំរបស់យើង។ ដូច្នេះ អ្វីៗដែលយើងឃើញក្នុងសុបិននិងសកម្មភាពដែលយើងពិសោធក្នុងនោះ នៅពេលខ្លះគឺដូចជាការមមាលអញ្ចឹង។ នេះធ្វើឲ្យយើងអាចប្រព្រឹត្តខុសនឹងច្បាប់ធម្មជាតិបាន ដូចជាហោះហើរដូចក្នុងរឿង ភ៉ិធឺ ផែណ ឬធ្លាក់ពីជ្រោះដោយគ្មានគ្រោះថ្នាក់។ ពេលវេលាក៏ដើរខុសទំនងដែរ ដែលអតីតកាលប្រែទៅជាបច្ចុប្បន្នកាលវិញ។ ឬបើសិនជាយើងខំព្យាយាមរត់ យើងហាក់បីដូចជាមិនអាចទប់ទល់ចលនារបស់យើងបានឡើយ—ជើងរបស់យើងមិនចង់ធ្វើតាមបំណងយើងទេ។ ការពិសោធនិងដំណើរចាប់អារម្មណ៍ខ្លាំងនៅពេលយើងនៅភ្ញាក់ នោះអាចមានឥទ្ធិពលលើសុបិនរបស់យើងដែរ។ មនុស្សជាច្រើនដែលបានពិសោធនឹងអំពើឃោរឃៅនៃសង្គ្រាម នោះមិនអាចបំភ្លេចយ៉ាងស្រួលបានទេ ហើយក៏មិនអាចបំភ្លេចនូវអារម្មណ៍នៃការបៀតបៀនពីឧក្រិដ្ឋជនដែរ។ ការពិសោធដ៏ខ្វល់ខ្វាយនេះ អាចផុសឡើងក្នុងសុបិនរបស់យើង ដែលធ្វើឲ្យមានសប្ដិអាក្រក់។ របស់ទូទៅដែលយើងខ្វល់ខ្វាយក្នុងចិត្ត ក៏អាចផុសឡើងក្នុងសុបិនរបស់យើងដែរ។
ជួនកាលនៅពេលដែលយើងខំប្រឹងដោះស្រាយបញ្ហាណាមួយ យើងរកឃើញដំណោះស្រាយនោះក្នុងកំឡុងដេក។ នេះអាចបញ្ជាក់ថា មិនមែនការសម្រាន្តទាំងអស់មានសុបិននោះទេ។ មួយចំណែកនៃការសម្រាន្តគឺមានការគិត។
សៀវភៅអំពីសុបិននិងខួរក្បាលរបស់យើងកត់សម្គាល់ថា៖ «ដំណើរនៃសកម្មភាពខាងគំនិតដែលមានច្រើនជាងគេ គឺមិនមែនជាសុបិននោះទេ តែជាការគិតទៅវិញ។ ការគិតក្នុងពេលកំពុងដេកមិនមែនជាដំណើរភាន់ច្រឡំ ហើយក៏មិនជាការចម្លែកដែរ។ នេះជាការធម្មតាដែលជាប់ទាក់ទងព្រឹត្ដិការណ៍ជាក់ស្តែងដែលមាននៅម្សិលមិញ ឬស្អែក ហើយជាការគ្មានខ្លឹមសារ ឥតប្រឌិតញាណ និងច្រំដែលៗ»។
មនុស្សខ្លះគិតថា ប្រធាននៃសុបិនរបស់គេ មានសារៈសំខាន់ចំពោះគេ។ ដើម្បីនឹងបកស្រាយសុបិន គេទុកកូនសៀវភៅនៅជិតគ្រែរបស់គេ ដើម្បីឲ្យគេអាចកត់ទុកសុបិននោះ នៅពេលគេភ្ញាក់ឡើង។ ចំពោះផលប្រយោជន៍នៃសៀវភៅដែលខំប្រឹងបកស្រាយសញ្ញាសុបិនទាំងនេះ កលល្បិចនៃសុបិន ដោយអែន ហ្វារ៉ាដេ ចែងថា៖ «សៀវភៅនៃសុបិន ដែលអ្នករកមើលអត្ថន័យសុបិន នោះគ្មានប្រយោជន៍ទេ មិនថាវាជាទ្រឹស្តីធម្មតា ឬមានមូលដ្ឋានលើទ្រឹស្តីនៃចិត្តទំនើបក៏ដោយ»។
ពីព្រោះសុបិនមានកំណើតពីខួរក្បាល គឺមិនសមហេតុផលទេ ដោយនិយាយថាទាំងនេះមានសារៈសំខាន់សំរាប់យើង។ យើងត្រូវចាត់ទុកសុបិនជាមុខនាទីធម្មតានៃខួរក្បាល ដែលជួយថែរក្សាឲ្យមានសុខភាពល្អ។
ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះអស់អ្នកដែលនិយាយថា គេមានសុបិនអំពីសេចក្ដីស្លាប់នៃញាតិសន្ដានឬមិត្ត រួចថ្ងៃស្អែកឡើងបុគ្គលនោះបានស្លាប់មែន? តើនេះមិនបញ្ជាក់ថា សុបិនអាចប្រាប់អំពីអនាគតទេឬ? ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិចារណានូវអ្វីដែលគាំទ្រសុបិនខាងទំនាយទាំងនេះ។