បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១ ទំ. ៤-៦
  • តើសុបិនអាចទាយប្រាប់អំពីអនាគតបានទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើសុបិនអាចទាយប្រាប់អំពីអនាគតបានទេ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សុបិន​ដែល​មិន​មែន​មក​ពី​ព្រះ
  • ល្បង​មើល​ការ​អះអាង
  • យើងត្រូវតែយល់សប្ដិ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • រាជាណាចក្រមួយដែលនឹងនៅជារៀងរហូត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • រាជាណាចក្រមួយដែលប្រៀបដូចជាដើមឈើធំ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១ ទំ. ៤-៦

តើ​សុបិន​អាច​ទាយ​ប្រាប់​អំពី​អនាគត​បាន​ទេ?

តាំង​ពី​សម័យ​បុរាណ មនុស្ស​យើង​មាន​ចិត្ត​ចង់​ដឹង​យ៉ាង​ខ្លាំង​អំពី​សុបិន។ ពួក​អេស៊ីប​បាន​រៀបចំ​សៀវភៅ​ដ៏​ល្អិត​ល្អន់​ដើម្បី​បក​ស្រាយ​សុបិន ហើយ​ពួក​បាប៊ីឡូន​ក៏​មាន​អ្នក​បក​ស្រាយ​សុបិន​របស់​គេ​ដែរ។ ក្នុង​ទំនៀម​ទំលាប់​មួយ​នៃ​ពួក​ក្រិក មនុស្ស​ឈឺ​ត្រូវ​បាន​ដាក់​ឲ្យ​ដេក​ក្នុង​ទី​បូជា​នៃ​ព្រះ​អា​ឃ្លី​ភាស ដើម្បី​ទទួល​ណែនាំ​ខាង​សុខភាព​ក្នុង​សុបិន​របស់​គេ។ ក្នុង​សតវត្ស​ទី​ពីរ​នៃ​សករាជ​យើង​គ្រូ​ទាយ​ម្នាក់​ឈ្មោះ អាធីម្មីឌូរ៉ុស បាន​ប្រឌិត​សៀវភៅ​មួយ​ដែល​គាត់​បក​ស្រាយ​សុបិន​និង​សញ្ញា​ផ្សេង​ៗ។ សៀវភៅ​ជា​ច្រើន​ដែល​មាន​តាំង​ពី​ពេល​នោះ​មក គឺ​មាន​មូលដ្ឋាន​លើ​សៀវភៅ​របស់​គាត់។ មក​ដល់​សព្វ​ថ្ងៃ​នេះ មាន​គេ​ខំ​ខ្នះ​ខ្នែង​បក​ស្រាយ​សុបិន ប៉ុន្តែ​តើ​ពួក​គេ​អាច​ផ្ដល់​ពត៌មាន​អំពី​អនាគត​បាន​ទេ?

ដើម្បី​ឲ្យ​សុបិន​មាន​សារៈ​សំខាន់​ចំពោះ​អនាគត គឺ​ត្រូវ​តែ​មាន​ឥទ្ធិពល​ពី​កម្លាំង​ដ៏​ខ្ពង់​ខ្ពស់​មួយ។ ក្នុង​ព្រះ​គម្ពីរ​យើង​មាន​ឧទាហរណ៍​ជា​ច្រើន ដែល​ព្រះ​ផ្ដល់​នូវ​កម្លាំង​នេះ។ ទ្រង់​ផ្ដល់​ឲ្យ​ទំនាយ​តាម​រយៈ​សុបិន​ទៅ​ពួក​អ្នក​បំរើ​របស់​ទ្រង់ ព្រម​ទាំង​ដល់​ពួក​អ្នក​ដែល​មិន​ថ្វាយ​បង្គំ​ទ្រង់​ផង។ តាម​ការ​ពិត យ៉ូប ៣៣:១៤​-​១៦ ចែង​ថា៖ «ព្រះ​ទ្រង់​ក៏​មាន​បន្ទូល​មក . . . ក្នុង​ពេល​យល់​សប្ដិ ឬ​ក្នុង​ការ​ជាក់​ស្តែង​នៅ​ពេល​យប់ ក្នុង​កាល​ដែលមនុស្ស​ដេក​លក់​ស៊ប់​នៅ​ដំណេក​ហើយ នៅ​វេលា​នោះ​ទ្រង់​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្ដី​ដែល​ទ្រង់​ប្រដៅ​គេ»។

ព្រះ​បាន​ធ្វើ​យ៉ាង​នេះ ក្នុង​ករណី​នៃ​ស្តេច​ផារ៉ោន​នៃ​សាសន៍​អេស៊ីប ក្នុង​សម័យ​យ៉ូសែប ដែល​បាន​រស់​នៅ​ជាង​១.៧០០​ឆ្នាំ​មុន​សករាជ​យើង។ សុបិន​របស់​ស្តេច​ផារ៉ោន គឺ​បាន​កត់​ទុក​ក្នុង​លោកុប្បត្តិ ៤១:១​-​៧ ហើយ​នៅ​ក្នុង​ខ​២៥​ទៅ​៣២ យ៉ូសែប​បាន​បក​ស្រាយ​សុបិន​នោះ ដោយ​ទាយ​ថា​នឹង​មាន​ប្រាំ​ពីរ​ឆ្នាំ«ផល​បរិបូរ​ក្នុង​ស្រុក​អេស៊ីព្ទ» ហើយ​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​មក​នឹង​មាន​អំណត់។ យ៉ូសែប​បាន​ពន្យល់​ទៅ​ស្តេច​ផារ៉ោន​ថា៖ «សេចក្ដី​ដែល​ព្រះ​រៀប​នឹង​ធ្វើ នោះ​ទ្រង់​បាន​សំដែង​ឲ្យ​ទ្រង់​ព្រះ​ករុណា​ប្រាប់​ហើយ»។ (លោកុប្បត្តិ ៤១:២៨) សុបិន​នោះ​គឺ​ជា​ទំនាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​មែន។

ស្តេច​ដ៏​ធំ​ដុំ​មួយ​អង្គ​នៃ​សាសន៍​បាប៊ីឡូន​ក៏​មាន​ការ​ពិសោធ​ដូច​នេះ​ដែរ។ ស្តេច​នេប៊ូក្នេសា​មាន​សុបិន​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់​ខ្វល់​ខ្វាយ​ចិត្ត​ណាស់ ប៉ុន្តែ​មិន​អាច​ចាំ​សុបិន​នោះ​ទេ។ ដូច្នេះ ទ្រង់​ក៏​ហៅ​ពួក​គ្រូ​អាប​ធ្មប់​ឲ្យ​មក​បក​ស្រាយ​សុបិន​នេះ​សំរាប់​ទ្រង់។ នេះ​ជា​សេចក្ដី​ស្នើ​សុំ​ដែល​ពួក​គេ​ពុំ​អាច​ធ្វើ​បាន​ឡើយ។—ដានីយ៉ែល ២:១​-​១១

ពី​ព្រោះ​តែ​ព្រះ​បាន​ផ្ដល់​ឲ្យ​សុបិន​ទៅ​ស្តេច​នេះ ទ្រង់​បាន​ជួយ​ព្យាការី​ដានីយ៉ែល​ឲ្យ​លាត​ត្រដាង​សុបិន​និង​អត្ថន័យ​សុបិន​នោះ។ ដានីយ៉ែល ២:១៩ ចែង​ថា៖ «សេចក្ដី​អាថ៌​កំបាំង​នោះ បាន​សំដែង​មក​ឲ្យ​ដានីយ៉ែល​ឃើញ ក្នុង​ការ​ជាក់​ស្តែង​នៅ​វេលា​យប់»។ ដានីយ៉ែល​បាន​ឲ្យ​កិត្ដិយស​ទៅ​ព្រះ​ចំពោះ​សុបិន​នេះ៖ «សេចក្ដី​អាថ៌​កំបាំង​ដែល​ព្រះ​ករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប​ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះ​ករុណា​បាន​ទេ។ តែ​មាន​ព្រះ​១​អង្គ​ដែល​គង់​នៅ​ស្ថាន​សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​បាន ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ​ករុណា​នេប៊ូក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ សុបិន​របស់​ទ្រង់​នឹង​ការ​ជាក់​ស្តែង ដែល​ទ្រង់​បាន​ឃើញ​កំពុង​ផ្ទំ​លក់ គឺ​យ៉ាង​នេះ តែ​មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​លើ​ស្ថាន​សួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​បាន។ ហើយ​ទ្រង់​បាន​សំដែង​ឲ្យ​ព្រះ​ករុណា​នេប៊ូក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ»។—ដានីយ៉ែល ២:២៧, ២៨

នៅ​ពេល​ខ្លះ ព្រះ​បាន​ឲ្យ​ការ​ណែនាំ​ទៅ​ប្រជារាស្ត្រ​ទ្រង់​តាម​រយៈ​សុបិន ហើយ​នៅ​ពេល​ខ្លះ​ទៀត ទ្រង់​ធានា​រ៉ាប់​រង​ពួក​គេ​ពី​ការ​គាំទ្រ​របស់​ទ្រង់ ឬ​ជួយ​គេ​ឲ្យ​យល់​នូវ​របៀប​ដែល​ទ្រង់​បាន​ជួយ​ពួក​គេ។ ក្នុង​ករណី​យ៉ាកុប ព្រះ​ទ្រង់​បាន​បង្ហាញ​នូវ​ការ​សព្វ​ព្រះ​ហឫទ័យ​តាម​រយៈ​សុបិន។—លោកុប្បត្តិ ៤៨:៣, ៤

នៅ​ពេល​ដែល​យ៉ូសែប ដែល​ជា​ឪពុក​ចិញ្ចឹម​របស់​ព្រះ​យេស៊ូ បាន​ដឹង​ថា​នាង​ម៉ារា​មាន​ផ្ទៃ​ពោះ គាត់​បាន​សម្រេច​ចិត្ត​លែង​លះ​នាង។ ប៉ុន្តែ គាត់​បាន​ទទួល​ការ​ណែនាំ​ក្នុង​សុបិន មិន​ឲ្យ​ធ្វើ​ដូច្នេះ​ទេ។ ម៉ាថាយ ១:២០ ចែង​ថា៖ «កាល​ដែល​គាត់​កំពុង​គិត​ពី​ការ​នោះ ស្រាប់​តែ​មាន​ទេវតា​នៃ​ព្រះ​អម្ចាស់ លេច​មក​ពន្យល់​សប្ដិ ប្រាប់​គាត់​ថា៖ ‹យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ› »។ ក្រោយ​មក គាត់​បាន​ទទួល​ការ​ព្រមាន​ពី​ព្រះ​តាម​រយៈ​សុបិន៖ «ទេវតា​នៃ​ព្រះ​អម្ចាស់​ក៏​លេច​មក ពន្យល់​សប្ដិ​ប្រាប់​យ៉ូសែប​ថា៖ ‹ចូរ​ក្រោក​ឡើង​នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ រត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ› »។—ម៉ាថាយ ២:១៣

សុបិន​ដែល​មិន​មែន​មក​ពី​ព្រះ

ដោយ​សារ​ការ​បក​ស្រាយ​សុបិន​មាន​ទូទៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​គោរព​ព្រះ នោះ​បញ្ជាក់​ថា​សុបិន​មិន​អាច​ចាត់​ទុក​ជា​ការ​លាត​ត្រដាង​ដ៏​ទុក​ចិត្ត​អំពី​អនាគត​បាន​ឡើយ។ ក្នុង​សម័យ​នៃ​ព្យាការី​យេរេមា មាន​ពួក​ព្យាការី​ក្លែង​ក្លាយ​ជា​ច្រើន​និយាយ​ថា៖ «ខ្ញុំ​បាន​យល់​សប្ដិ​ឃើញ​ដូច្នេះ​មួយ​ៗ»។ (យេរេមា ២៣:២៥) គោល​បំណង​គេ​គឺ​ដើម្បី​បំភាន់​មនុស្ស​ឲ្យ​គិត​ថា គឺ​ជា​ព្រះ​ដែល​បាន​និយាយ​តាម​រយៈ​ពួក​គេ។ ចំពោះ​ពួក​អ្នក​យល់​សប្ដិ​ទាំង​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​យេរេមា​និយាយ​ថា៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ ‹កុំ​ឲ្យ​ពួក​ហោរា នឹង​ពួក​គ្រូ​ទាយ​របស់​ឯង ដែល​នៅ​កណ្ដាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ ក៏​កុំ​ឲ្យ​ស្ដាប់​តាម​សប្ដិ​របស់​ឯង ដែល​ឯង​រាល់​គ្នា​បាន​យល់​សប្ដិ​នោះ​ដែរ។ ដ្បិត​គេ​ទាយ​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​អញ​ទេ . . . ›»។—យេរេមា ២៩:៨, ៩

ដោយ​សារ​តែ​ពួក​ព្យាការី​ក្លែង​ក្លាយ​ទាំង​នេះ ជា«ពួក​គ្រូ​ទាយ» សុបិន​របស់​គេ​អាច​មាន​ឥទ្ធិពល​ពី​ពួក​វិញ្ញាណ​អាក្រក់ ដើម្បី​បំភាន់​មនុស្ស​ទាំង​ឡាយ។ សាការី ១០:២ បាន​បញ្ជាក់​នូវ​រឿង​នេះ​ដោយ​ចែង​ដូច្នេះ​ថា៖ «ពី​ព្រោះ​រូប​ព្រះ​ទាំង​ប៉ុន្មាន​បាន​ពោល​ជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ទាយ​បាន​ឃើញ​សេចក្ដី​ភូត​ភរ ឯ​សប្ដិ​ក៏​សំដែង​ជា​សេចក្ដី​កំភូត ក៏​កំសាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ»។

រាប់​ពាន់​ឆ្នាំ​មក​ហើយ អារក្ស​ជា​មេ​បញ្ឆោត បាន​ប្រើ​ពួក​មេ​ដឹក​នាំ​សាសនា​ដែល​អះអាង​មិន​ពិត​ថា ព្រះ​បាន​មាន​បន្ទូល​ដល់​ពួក​គេ​តាម​រយៈ​ចក្ខុនិមិត្ត​និង​សុបិន ដូច​ពួក​ព្យាការី​ក្លែង​ក្លាយ​ក្នុង​សម័យ​យេរេមា​និង​សាការី​ដែរ។ ចំពោះ​ពួក​នេះ អ្នក​សរសេរ​ព្រះ​គម្ពីរ​ដែល​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង​មក ឈ្មោះ​យូដាស បាន​សរសេរ​ទៅ​ពួក​គ្រីស្ទាន​ក្នុង​សតវត្ស​ទី​មួយ​ថា៖ «ដ្បិត​មាន​មនុស្ស​ខ្លះ​បាន​លួច​ចូល គឺ​ជា​ពួក​អ្នក​ដែល​មាន​ទោស​កត់​ទុក តាំង​ពី​ដើមមក ជា​មនុស្ស​ទមិល​ល្មើស ដែល​បំផ្លាស់​ព្រះ​គុណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ទៅ​ជា​សេចក្ដី​អាសអាភាស ហើយ​គេ​មិន​ព្រម​ទទួល​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​នៃ​យើង ដែល​ទ្រង់​ជា​ម្ចាស់​តែ​១​ផង​ទេ»។ គាត់​និយាយ​ថា ពួក​បុរស​ទាំង​នេះ បើ​និយាយ​ជា​ប្រៀប​ធៀប គឺ«នឹក​តែ​ពី​ផ្លូវ​ខូច​អាក្រក់»។—យូដាស ៤, ៨

ល្បង​មើល​ការ​អះអាង

បុគ្គល​ម្នាក់​អាច​អះអាង​ថា​ព្រះ​បាន​និយាយ​ប្រាប់​គាត់​តាម​រយៈ​សុបិន ឬ​ថា​សុបិន​របស់​គាត់​អំពី​អនាគត​គឺ​ពិត​ជា​កើត​ឡើង​មែន ប៉ុន្តែ​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ ក្នុង​ការ​ជឿ​គាត់​ឬ​ធ្វើ​តាម​គាត់​ដោយ​ឥត​ពិចារណា។ សូម​មើល​នូវ​ការ​ណែនាំ​ដែល​បាន​សរសេរ​ទៅ​ពួក​អ៊ីស្រាអែល ក្នុង​ចោទិយកថា ១៣:១​-​៣, ៥៖ «បើ​កាល​ណា​មាន​ហោរ​ណា ឬ​អ្នក​ណា​កើត​ឡើង នៅ​ក្នុង​ពួក​ឯង ដែល​តែង​តែ​យល់​សប្ដិ ហើយ​អ្នក​នោះ​ប្រាប់​ទី​សំគាល់ ឬ​ពី​ការ​អស្ចារ្យ​ណា រួច​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​នោះ​កើត​មក​មែន តាម​ដូច​ជា​អ្នក​នោះ​ប្រាប់​មក​ឯង ដោយ​ល្បួង​ថា ‹ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​ទាំង​នោះ​វិញ . . . នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស្ដាប់​តាម​ពាក្យ​របស់​ហោរ​នោះ ឬ​អ្នក​ដែល​យល់​សប្ដិ​នោះ​ឡើយ . . . ឯ​ហោរា​ឬ​អ្នក​យល់​សប្ដិ​នោះ​ត្រូវ​តែ​សំឡាប់​ចោល​ទៅ›»។ ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​បុគ្គល​បែប​នេះ​និយាយ​ក្លែង​ក្លាយ ដើម្បី​ល្បង​មើល​សេចក្ដី​ស្មោះ​ត្រង់​របស់​ប្រជារាស្ត្រ​ទ្រង់។

ជា​ជាង​ជឿ​ការ​អះអាង​នៃ​ពួក​ទាំង​នេះ​ដោយ​ឥត​គិត​ពិចារណា​នោះ ដំណើរ​ដ៏​មាន​ប្រាជ្ញា​របស់​យើង គឺ​ត្រូវ​ល្បង​មើល​ការ​អះអាង​របស់​គេ ដើម្បី​ជៀស​វាង​ពី​ការ​បំភាន់​ដោយ​មេ​បញ្ឆោត ដែល​យើង​មើល​មិន​ឃើញ ជា​អ្នក​ដែល«នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ»។ (វិវរណៈ ១២:៩) ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​យើង​អាច​ល្បង​មើល​ដែល​អាច​ទុក​ចិត្ត​បាន​នោះ?

បន្ទូល​របស់​ព្រះ​ជា​ការ​ដឹក​នាំ​យើង​ទៅ​ឯ​សេចក្ដី​ពិត។ ចំពោះ​រឿង​នេះ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា៖ «ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ​បន្ទូល​របស់​ទ្រង់»។ (យ៉ូហាន ១៧:១៧) ដូច្នេះ យើង​ត្រូវ​បាន​ដាស់​តឿន​នៅ​យ៉ូហាន​ទី​១ ៤:១៖ «ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ»។ កាល​ណា​យក​មក​ប្រៀប​ធៀប​យ៉ាង​ប្រយ័ត្ន​ប្រយែង​ជា​មួយ​ព្រះ​គម្ពីរ ការ​អះអាង ទស្សនៈ និង​សកម្មភាព​របស់​គេ គឺ​មាន​ការ​ជំទាស់​នឹង​ព្រះ​គម្ពីរ​ទៅ​វិញ។ បន្ទូល​របស់​ព្រះ​គឺ​ជា​ប្រភព​ចំពោះ​អ្វី​ដែល​ជា​សេចក្ដី​ពិត។

តើ​អ្នក​សុបិន​ដែល​អះអាង​ថា​មាន​ចំណេះ​ពិសេស ប្រើ​ការ​ទស្សន៍​ទាយ​ឬ​មធ្យោបាយ​មន្តអាគម​ណា​ឬ? បើ​ដូច្នេះ​មែន បន្ទូល​របស់​ព្រះ​បាន​ផ្ដន្ទា​ទោស​គាត់​ហើយ។ «នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស​ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់​គូរ​នក្ខត្តឫក្ស គ្រូ​អង្គុយ​ធម៌ គ្រូ​អាប​ធ្មប់ គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់»។—ចោទិយកថា ១៨:១០​-​១២

បើ​គាត់​អះអាង​ថា​មាន​ព្រលឹង​ក្នុង​គាត់​មិន​ចេះ​ស្លាប់ គាត់​និយាយ​ប្រឆាំង​នឹង​បន្ទូល​របស់​ព្រះ​ហើយ ដែល​ចែង​យ៉ាង​ច្បាស់​ថា៖ «ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ»។ (អេសេគាល ១៨:៤) តើ​គាត់​លើក​ដំកើង​ខ្លួន​ហើយ​ចង់​ឲ្យ​មនុស្ស​កាន់​តាម​គាត់​ឬ? ម៉ាថាយ ២៣:១២ បាន​ទូន្មាន​ថា៖ «អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ»។ ហើយ​កិច្ច​ការ ២០:៣០ ព្រមាន​គ្រីស្ទាន​ថា៖ «ក្នុង​ចំណោម​អ្នក​រាល់​គ្នា ក៏​នឹង​កើត​មាន​មនុស្ស ដែល​នឹង​អធិប្បាយ​សេចក្ដី​ទំនាស់​ខុស​ដែរ ដើម្បី​នឹង​ទាញ​នាំ​ពួក​សិស្ស​ទៅ​តាម​គេ​វិញ»។

តើ​អ្នក​សុបិន​នេះ​គាំទ្រ​សកម្មភាព​ឃោរ​ឃៅ​ទេ? យ៉ាកុប ៣:១៧, ១៨ ថ្កោល​ទោស​គាត់​ថា៖ «តែ​ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្ដី​សំឡូត ចិត្ត​ទន់ ក៏​ពេញ​ដោយ​សេចក្ដី​មេត្ដា​ករុណា នឹង​ផល​ល្អ ឥត​រើស​មុខ ហើយ​ឥត​ពុត​មាយា​ផង រីឯ​ផល​នៃ​សេចក្ដី​សុចរិត នោះ​បាន​ព្រោះ​ចុះ​ដោយ​សេចក្ដី​មេត្រី សំរាប់​ពួក​អ្នក​ដែល​រក​សេចក្ដី​មេត្រី​នោះ​ឯង»។ តើ​គាត់​ខំ​ស្វែង​រក​អំណាច​ខាង​នយោបាយ ឬ​ឥទ្ធិពល​ក្នុង​លោកីយ៍​នេះ​ទេ? បន្ទូល​របស់​ព្រះ​បរិហារ​គាត់​យ៉ាង​ច្បាស់​ថា៖ «អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ជា​មិត្រ​សំឡាញ់​នឹង​លោកីយ នោះ​ឈ្មោះ​ថា បាន​តាំង​ខ្លួន​ជា​ខ្មាំង​សត្រូវ​នឹង​ព្រះ​វិញ»។ ដូច្នេះ ព្រះ​គម្ពីរ​លាត​ត្រដាង​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ក្លែង​ក្លាយ។—យ៉ាកុប ៤:៤

បើ​សិន​ជា​បុគ្គល​ម្នាក់​មាន​សុបិន​អំពី​សេចក្ដី​ស្លាប់​របស់​សមាជិក​គ្រួសារ​ឬ​មិត្ត​ណា​ម្នាក់ នេះ​គឺ​ប្រហែល​ជា​គាត់​មាន​ចិត្ត​ខ្វល់​ខ្វាយ​អំពី​បុគ្គល​នោះ។ ហេតុ​ដែល​បុគ្គល​នោះ​អាច​ស្លាប់​ក្នុង​យប់​នៃ​សុបិន​នោះ គឺ​មិន​មាន​សេចក្ដី​ថា​សុបិន​នោះ​ជា​ទំនាយ​ឡើយ។ ចំពោះ​សុបិន​បែប​នេះ ដែល​មើល​ទៅ​ដូច​ជា​ពិត តែ​មាន​សុបិន​រាប់​រយ​ទៀត​ដែល​មិន​បាន​សម្រេច។

ព្រះ​ទ្រង់​បាន​ប្រើ​សុបិន​នៅ​អតីតកាល ដើម្បី​លាត​ត្រដាង​នូវ​ព្រឹត្ដិការណ៍​ខាង​ទំនាយ​ហើយ​ឲ្យ​ការ​ណែនាំ កាល​ដែល​បន្ទូល​របស់​ព្រះ​កំពុង​តែ​សរសេរ​ឡើង តែ​សព្វ​ថ្ងៃ​នេះ​ទ្រង់​មិន​ចាំ​បាច់​ធ្វើ​ដូច្នេះ​ទេ។ ពាក្យ​បន្ទូល​ដែល​បាន​សរសេរ​មក មាន​ការ​ណែនាំ​ពី​ព្រះ​ដែល​មនុស្ស​ត្រូវ​ការ​នៅ​ពេល​នេះ ហើយ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​គឺ​ទាក់​ទង​ព្រឹត្ដិការណ៍​រាប់​ពាន់​ឆ្នាំ​ទៅ​អនាគត។ (ធីម៉ូថេ​ទី​២ ៣:១៦, ១៧) ដូច្នេះ យើង​អាច​ទុក​ចិត្ត​ថា​សុបិន​របស់​យើង គឺ​មិន​មែន​ជា​សញ្ញា​ពី​ព្រះ​អំពី​អនាគត​ទេ ប៉ុន្តែ​ជា​មុខ​នាទី​ដ៏​សំខាន់​ចាំ​បាច់​នៃ​ខួរ​ក្បាល​សំរាប់​ថែ​រក្សា​សុខុមាលភាព​របស់​យើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក