តើមានជីវិតក្រោយពីស្លាប់ឬ?
លោកយ៉ូបដែលជាឰយុកោប្រមាណ៣.៥០០ឆ្នាំកន្លងទៅនេះ បានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»។ (យ៉ូប ១៤:១៤) សំនួរនេះបានធ្វើឲ្យមនុស្សជាតិវង្វេងវង្វាន់អស់ច្រើនសហស្សវត្សរ៍មកហើយ។ ជាច្រើនសម័យមកនេះ មនុស្សពីគ្រប់សង្គមបានគិតអំពីរឿងនេះ ហើយបានបញ្ចេញនូវជំនឿផ្សេងៗ។
មនុស្សភាគច្រើនដែលអាងថាជាគ្រីស្ទសាសនា នោះជឿថាមានស្ថានសួគ៌និងស្ថាននរក។ ចំណែកឯពួកអ្នកកាន់សាសនាហិណ្ឌូវិញ នោះជឿលើការចាប់ជាតិ។ លោកអ៊ិមា មូអាវីយ៉ា ដែលជាអ្នកជំនួយការនៅឯមណ្ឌលសាសនាអ៊ីស្លាម បាននិយាយអំពីទស្សនៈរបស់ពួកអ៊ីស្លាម ដោយមានប្រសាសន៍ថា៖ «យើងជឿថា នឹងមានថ្ងៃជំនុំជំរះមួយក្រោយពីស្លាប់ ជាពេលដែលអ្នកនឹងទៅនៅខាងមុខព្រះអាឡា ដែលនឹងដូចជាការដើរចូលទៅមុខតុលាការអ៊ីចឹង»។ យោងទៅតាមជំនឿសាសនាអ៊ីស្លាម នៅពេលនោះព្រះអាឡានឹងប្រមាណមើលដំណើរជីវិតរបស់បុគ្គលម្នាក់ៗ ហើយបញ្ជូនមនុស្សម្នាក់ៗទៅឯស្ថានបរមសុខឬស្ថាននរក។
នៅប្រទេសស្រីលង្កា ពួកអ្នកកាន់ពុទ្ធសាសនានិងពួកអ្នកកាន់សាសនាកាតូលិកចំហទ្វារនិងបង្អួច នៅពេលដែលមានអ្នកស្លាប់ក្នុងគ្រួសាររបស់ខ្លួន។ ពួកគេអុជចង្កៀង ហើយគេដាក់ក្ដារមឈូសឲ្យមានជើងរបស់បុគ្គលដែលស្លាប់នោះទល់នឹងទ្វារខាងមុខ។ ពួកគេជឿថា ដោយធ្វើអ៊ីចឹង នេះនឹងសម្រួលដំណើរចេញនៃវិញ្ញាណរបស់បុគ្គលស្លាប់នោះ។
យោងទៅតាមលោករ៉ុណ្ណល បឺន ពីសកលវិទ្យាល័យនៅរដ្ឋអូស្ដ្រាលីខាងលិច មានប្រសាសន៍ថា ពួកជនជាតិដើមនៅប្រទេសអូស្ដ្រាលីជឿថា«មនុស្សជាតិមានវិញ្ញាណដែលមិនអាចសម្លាប់បានឡើយ»។ កុលសម្ព័ន្ធខ្លះៗនៅទ្វីបអាហ្វ្រិកជឿថា ក្រោយពីស្លាប់ មនុស្សធម្មតាក្លាយទៅជាខ្មោច។ ចំណែកឯពួកបុគ្គលធំដុំ នោះក្លាយទៅជាដូនតាខាងវិញ្ញាណ ដែលនឹងមានគេគោរព និងសុំឲ្យធ្វើជាមេដឹកនាំដ៏មើលមិនឃើញរបស់សហគមន៍នោះ។
នៅប្រទេសខ្លះ ជំនឿអំពីស្ថានភាពនៃមនុស្សស្លាប់ គឺលាយឡំនឹងទំនៀមទម្លាប់ក្នុងតំបន់ជាមួយនឹងជំនឿរបស់អ្នកដែលអាងថាជាគ្រីស្ទសាសនា។ ជាឧទាហរណ៍ ក្នុងចំណោមពួកកាតូលិកនិងពួកប្រូតេស្តង់ជាច្រើននៅប្រទេសអាហ្វ្រិកខាងលិច គេមានទម្លាប់គ្របកញ្ចក់ពេលមានអ្នកណាម្នាក់ស្លាប់ ដើម្បីកុំឲ្យអ្នកណាម្នាក់មើលឃើញវិញ្ញាណរបស់មនុស្សស្លាប់នោះ។
ប្រាកដហើយ ចម្លើយចំពោះសំនួរដែលថា៖ ‹តើមានអ្វីកើតឡើងនៅពេលយើងស្លាប់?› គឺមានភាពខុសៗគ្នាមែន។ ក៏ប៉ុន្តែ មតិមួយដ៏បឋមនោះគឺថា៖ មានអ្វីមួយដែលអមតៈនៅក្នុងមនុស្ស ដែលរស់ជាបន្តក្រោយពីស្លាប់ទៅ។ មនុស្សខ្លះជឿថា«អ្វីមួយ»នោះ គឺជាវិញ្ញាណមួយ។ ជាឧទាហរណ៍ នៅភូមិភាគខ្លះនៃទ្វីបអាហ្វ្រិកនិងទ្វីបអាស៊ី និងទូទាំងតំបន់ប៉ាស៊ីហ្វិកខាងកោះផលីនីស៊ី មីលាននីស៊ី និងមីក្រូនីស៊ី នោះមនុស្សជាច្រើនជឿថា«វិញ្ញាណ»ដែលអមតៈនោះ មិនមែនព្រលឹងមួយទេ។ តាមការពិត ភាសាខ្លះមិនទាំងមានពាក្យ«ព្រលឹង»ផង។
តើមានវិញ្ញាណមួយនៅក្នុងបុគ្គលម្នាក់ដែលមានជីវិតឬទេ? តើវិញ្ញាណនោះពិតជាចាកចេញពីរូបកាយ នៅពេលស្លាប់មែនឬ? បើអ៊ីចឹងមែន តើមានអ្វីកើតឡើងដល់វិញ្ញាណនេះ? ហើយតើមនុស្សស្លាប់មានសេចក្ដីសង្ឃឹមអ្វីដែរ? យើងមិនគួរធ្វើកន្តើយនឹងសំនួរទាំងនេះឡើយ។ ទោះជាអ្នកមានវប្បធម៌ឬសាសនាណាក៏ដោយ សេចក្ដីស្លាប់គឺជាហេតុការណ៍ពិត ដែលយើងត្រូវតែប្រឈមមុខ។ ដូច្នេះហើយរឿងនេះគឺទាក់ទងនឹងអ្នកផ្ទាល់តែម្ដង។ យើងសូមលើកទឹកចិត្តលោកអ្នកឲ្យពិនិត្យមើលប្រធាននេះ។