តើអ្នកមានវិញ្ញាណអមតៈឬទេ?
តើមានជីវិតក្រោយពីស្លាប់ឬទេ? សំនួរនោះបានធ្វើឲ្យមនុស្សជាតិវង្វេងវង្វាន់ជាច្រើនសហស្សវត្សរ៍មកហើយ។ ជាច្រើនសម័យមកនេះ មនុស្សពីគ្រប់សង្គមបានគិតអំពីរឿងនេះ ហើយបានបញ្ចេញនូវជំនឿផ្សេងៗ។
ទូទាំងពិភពលោក ដែលរួមបញ្ចូលតំបន់ប៉ាស៊ីហ្វិកនៃកោះផលីនីស៊ី មីលាននីស៊ី និងមីក្រូនីស៊ី នោះមនុស្សជាច្រើនជឿថា«វិញ្ញាណ»រស់នៅបន្តទៀតក្រោយពីបុគ្គលម្នាក់ស្លាប់ទៅ។ តើមានអ្វីមួយនៅក្នុងបុគ្គលម្នាក់ដែលពិតជាចាកចេញពីរូបកាយពេលស្លាប់ទៅ និងបន្តរស់នៅមែនឬទេ? តើអ្វីទៅជាវិញ្ញាណដែលនៅក្នុងបុគ្គលមានជីវិត? តើមានអ្វីកើតឡើងចំពោះវិញ្ញាណពេលដែលយើងស្លាប់ទៅ? ព្រះបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ ផ្ដល់នូវចម្លើយដែលពិតត្រង់និងដ៏គាប់ចិត្តចំពោះសំនួរទាំងនេះ។
តើអ្វីទៅជាវិញ្ញាណ?
នៅក្នុងព្រះគម្ពីរពាក្យដែលបានបកប្រែជា«វិញ្ញាណ» មានន័យចំៗជា«ដង្ហើម»។ ក៏ប៉ុន្តែ នេះមិនត្រឹមតែទាក់ទងនឹងការដកដង្ហើមប៉ុណ្ណោះទេ។ ជាឧទាហរណ៍ យ៉ាកុបដែលជាអ្នកសរសេរព្រះគម្ពីរចែងថា៖ «រូបកាយដែលគ្មានវិញ្ញាណជារូបកាយស្លាប់»។ (យ៉ាកុប ២:២៦, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដូច្នោះហើយ វិញ្ញាណជាអ្វីដែលធ្វើឲ្យរូបកាយមានចលនារស់រវើកបាន។
កម្លាំងនេះដែលធ្វើឲ្យរស់រវើក មិនគ្រាន់តែជាដង្ហើម ឬខ្យល់ ដែលធ្វើដំណើរក្នុងសួតប៉ុណ្ណោះឡើយ។ ហេតុអ្វីបានជាមិនមែនអ៊ីចឹង? ពីព្រោះក្រោយពីការដកដង្ហើមឈប់ទៅ នោះជីវិតនៅតែមានក្នុងកោសិកាអស់មួយរយៈពេលខ្លី គឺ«អស់ពីរបីនាទី» យោងទៅតាមសព្វវចនាធិប្បាយសៀវភៅពិភពលោក។ ដោយមូលហេតុនេះការខំប្រឹងដើម្បីជួយធ្វើឲ្យរស់ឡើងវិញអាចបានជោគជ័យ និងសរីរាង្គអាចផ្សាំពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ប៉ុន្តែ ក្រោយពីជីវិតបានរលត់សូន្យពីកោសិកាក្នុងរូបកាយ នោះការខំប្រឹងដើម្បីស្ដារជីវិតមកវិញ គឺឥតមានប្រយោជន៍ទេ។ ដង្ហើមទាំងអស់ក្នុងពិភពលោកនេះ ក៏មិនអាចស្ដារឡើងវិញនូវកោសិកាមួយវិញបានដែរ។ អ៊ីចឹងហើយ វិញ្ញាណជាកម្លាំងជីវិតដែលមើលមិនឃើញ ដែលរក្សាកោសិកាឲ្យនៅរស់។ កម្លាំងជីវិតនេះគឺបានទ្រទ្រង់ដោយការដកដង្ហើម។—យ៉ូប ៣៤:១៤, ១៥
តើវិញ្ញាណនេះមានសកម្មភាពតែនៅក្នុងមនុស្សជាតិទេឬ? ព្រះគម្ពីរជួយយើងឲ្យរកឃើញសេចក្ដីសន្និដ្ឋានបានត្រឹមត្រូវស្តីអំពីរឿងនេះ។ ស្តេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានសរសេរថា៖ «តើមានអ្នកណាដឹងបានថា វិញ្ញាណនៃមនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ?»។ (សាស្ដា ៣:២១) ដូច្នេះ ព្រះគម្ពីរចែងថាទាំងមនុស្សទាំងសត្វក៏មានវិញ្ញាណ។ តើយ៉ាងដូចម្ដេចបានទៅ?
វិញ្ញាណ ឬក៏កម្លាំងជីវិតអាចប្រៀបប្រដូចទៅនឹងចរន្តអគ្គីសនី ដែលធ្វើដំណើរក្នុងម៉ាស៊ីនមួយ ឬគ្រឿងអគ្គីសនីមួយ។ អគ្គីសនីដែលមើលមិនឃើញនេះអាចយកមកប្រើដើម្បីធ្វើកិច្ចការផ្សេងៗ ស្រេចទៅលើគ្រឿងប្រដាប់ប្រដា ដែលអាចធ្វើឲ្យដើរបាន។ ជាឧទាហរណ៍ ចង្ក្រានមួយធ្វើឡើងដើម្បីបង្កើតកំដៅ។ កុំព្យូទ័រមានដំណើរការដើម្បីធ្វើឲ្យចេញពត៌មាននិងធ្វើលេខនពន្ធ ហើយទូរទស្សន៍ដើម្បីបង្កើតរូបនិងសម្លេង។ ក៏ប៉ុន្តែ ចរន្តដែលរត់ដោយអគ្គីសនីមិនដែលក្លាយទៅជាមានទ្រង់ទ្រាយនៃគ្រឿងប្រដាប់ប្រដា ដែលវាធ្វើឲ្យមានដំណើរការនោះទេ។ វានៅតែជាកម្លាំងដដែល។ ស្រដៀងគ្នាដែរ កម្លាំងជីវិតមិនអាចក្លាយទៅជាមានទ្រង់ទ្រាយណាមួយ នៃសត្វដែលវាធ្វើឲ្យកំរើកឡើងនោះទេ។ វាឥតមានបុគ្គលិកលក្ខណៈ ឬសមត្ថភាពគិតគូរនោះឡើយ។ ទាំងមនុស្សនិងសត្វ«មានវិញ្ញាណដូចនឹងគ្នា»។ (សាស្ដា ៣:១៩, ព.ថ.) ដូច្នេះហើយ នៅពេលបុគ្គលម្នាក់ស្លាប់ទៅ វិញ្ញាណរបស់គាត់មិនចាកចេញទៅវិស័យមួយទៀត ដូចជាសត្តនិករវិញ្ញាណទេ។
បើអ៊ីចឹង តើស្ថានភាពនៃមនុស្សស្លាប់ជាអ្វី? ហើយតើអ្វីដែលកើតឡើងដល់វិញ្ញាណ ពេលដែលមនុស្សម្នាក់ស្លាប់ទៅ?
«ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»
នៅពេលបុរសដំបូងគឺអ័ដាម ឥតបានស្ដាប់បង្គាប់បញ្ជារបស់ព្រះដោយចេតនា នោះព្រះយេហូវ៉ាបានមានបន្ទូលប្រាប់គាត់ថា៖ «ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។ (លោកុប្បត្តិ ៣:១៩) តើអ័ដាមបាននៅឯណា មុននឹងព្រះយេហូវ៉ាបានបង្កើតគាត់ពីធូលីដីនោះ? គាត់ឥតបាននៅកន្លែងណាទេ! គឺគ្មានគាត់តែម្ដង។ ដូច្នេះ នៅពេលដែលព្រះយេហូវ៉ាបានមានបន្ទូលថា អ័ដាមនឹង«ត្រឡប់ទៅជាដីវិញ» នោះទ្រង់ចង់មានន័យថា អ័ដាមនឹងត្រូវស្លាប់ជាមិនខាន។ អ័ដាមនឹងមិនផ្លាស់ទៅជាវិស័យខាងវិញ្ញាណណាឡើយ។ ពេលស្លាប់ទៅ ម្ដងនេះគាត់នឹងទៅជាឥតមានជីវិត ឥតមានវត្តមានទៀត។ ទណ្ឌកម្មរបស់គាត់គឺជាសេចក្ដីស្លាប់ ការឥតមានជីវិត មិនមែនជាការផ្លាស់ទៅវិស័យណាមួយទៀតនោះទេ។—រ៉ូម ៦:២៣
ចុះយ៉ាងណាវិញ ចំពោះអ្នកឯទៀតដែលបានស្លាប់ទៅនោះ? ស្ថានភាពនៃមនុស្សស្លាប់ បានត្រូវបញ្ជាក់នៅសាស្ដា ៩:៥, ១០ ដែលអានថា៖ «មនុស្សស្លាប់ឥតដឹងអ្វីឡើយ . . . គ្មានទង្វើ គ្មានគម្រោង គ្មានតំរិះឬចំណេះដឹង នៅក្នុងផ្នូរ»។ (សេចក្ដីបកប្រែព្រះគម្ពីរម៉ូហ្វាត) ដូច្នេះ សេចក្ដីស្លាប់គឺជាភាពគ្មានជីវិត។ អ្នកតែងបទទំនុកដំកើងបានសរសេរថា ពេលដែលមនុស្សម្នាក់ស្លាប់ «វិញ្ញាណរបស់គាត់ចេញទៅ គាត់ក៏ត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គាត់ក៏សូន្យបាត់ដែរ»។—ទំនុកដំកើង ១៤៦:៤, ព.ថ.
យ៉ាងច្បាស់ណាស់ ពួកអ្នកស្លាប់ឥតមានស្មារតី គឺអសកម្ម។ ពួកគេឥតដឹងអ្វីសោះឡើយ។ ពួកគេមិនអាចឃើញអ្នក ឮអ្នក ឬអាចនិយាយរកអ្នកបានឡើយ។ ពួកគេមិនអាចជួយអ្នក ហើយក៏មិនអាចធ្វើទុក្ខទោសដល់អ្នកដែរ។ យ៉ាងប្រាកដណាស់ អ្នកមិនត្រូវខ្លាចមនុស្សស្លាប់ទេ។ ប៉ុន្តែ តើយ៉ាងដូចម្ដេចដែលថាវិញ្ញាណ«ចេញទៅ»ពីបុគ្គលម្នាក់ពេលគាត់ស្លាប់ទៅនោះ?
វិញ្ញាណ«ត្រឡប់ទៅឯព្រះ»
ព្រះគម្ពីរចែងថាពេលបុគ្គលម្នាក់ស្លាប់ទៅ នោះ«វិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ»។ (សាស្ដា ១២:៧) តើនេះមានន័យថា វិញ្ញាណមែនទែនមួយរូបធ្វើដំណើរឆ្លងកាត់លំហអវកាស ហើយចូលទៅមុខព្រះមែនឬ? មិនមែនអ៊ីចឹងទេ! របៀបដែលព្រះគម្ពីរប្រើពាក្យ«ត្រឡប់» មិនតម្រូវឲ្យមានការធ្វើដំណើរពិតពីកន្លែងមួយទៅកន្លែងមួយទៀតឡើយ។ ជាឧទាហរណ៍ ពួកអ៊ីស្រាអែលដែលឥតមានចិត្តស្មោះត្រង់ បានត្រូវប្រាប់ថា៖ «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា៖ ‹ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ› »។ (ម៉ាឡាគី ៣:៧) ការ«ត្រឡប់»របស់ពួកអ៊ីស្រាអែលទៅឯព្រះយេហូវ៉ា មានន័យថាការបែរចេញពីដំណើរខុស និងធ្វើតាមផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ាវិញ។ ហើយការ«ត្រឡប់»របស់ព្រះយេហូវ៉ាទៅសាសន៍អ៊ីស្រាអែល នេះមានន័យថា ទ្រង់ទៅជាមានស្មារតីដ៏អនុគ្រោះចំពោះរាស្ត្រទ្រង់វិញ។ ក្នុងករណីទាំងពីរនេះការ«ត្រឡប់» បានទាក់ទងនឹងអាកប្បកិរិយា មិនមែនជាការផ្លាស់ទីកន្លែងមែនទែនពីតំបន់មួយទៅតំបន់មួយទៀតនោះទេ។
ស្រដៀងគ្នាដែរ ពេលស្លាប់ទៅ ក៏ឥតមានការផ្លាស់កន្លែងពីផែនដីទៅវិស័យខាងស្ថានសួគ៌ នៅពេលដែលវិញ្ញាណ«ត្រឡប់»ទៅឯព្រះនោះដែរ។ សូមចាំថា វិញ្ញាណជាកម្លាំងជីវិត។ កាលណាកម្លាំងនោះបាត់សូន្យទៅពីបុគ្គលម្នាក់ នោះមានតែព្រះទេដែលមានសមត្ថភាពដើម្បីស្ដារឡើងវិញនូវកម្លាំងដល់បុគ្គលនោះ។ ដូច្នេះហើយ វិញ្ញាណ«ត្រឡប់ទៅឯព្រះ» ក្នុងន័យថា ដែលមានសេចក្ដីសង្ឃឹមចំពោះការរស់ម្ដងទៀតនៅអនាគតសំរាប់បុគ្គលនោះ គឺពឹងពាក់ទាំងស្រុងទៅលើព្រះ។
ជាឧទាហរណ៍ ចូរពិនិត្យមើលអ្វីដែលព្រះគម្ពីរចែងអំពីការសោយទិវង្គតរបស់ព្រះយេស៊ូ។ លូកាដែលជាអ្នកសរសេរសៀវភៅដំណឹងល្អ រៀបរាប់ថា៖ «នោះព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ! ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានបន្ទូលពាក្យទាំងនេះរួចហើយ នោះទ្រង់ផុតដង្ហើមទៅ»។ (លូកា ២៣:៤៦) កាលដែលវិញ្ញាណរបស់ព្រះយេស៊ូចាកចេញពីទ្រង់ នោះទ្រង់មិនបានធ្វើដំណើរមែនទែនទៅស្ថានសួគ៌នោះទេ។ ព្រះយេស៊ូមិនបានត្រូវប្រោសឲ្យរស់ឡើងវិញរហូតដល់ថ្ងៃទីបីឯណោះ។ ហើយគឺមាន៤០ថ្ងៃទៀតមុននឹងទ្រង់យាងឡើងទៅស្ថានសួគ៌នោះ។ (កិច្ចការ ១:៣, ៩) ក៏ប៉ុន្តែ ពេលទ្រង់សោយទិវង្គតទៅ ដោយប្រាកដក្នុងអង្គទ្រង់នោះ ព្រះយេស៊ូបានប្រគល់នូវវិញ្ញាណរបស់ទ្រង់ ក្នុងព្រះហស្តនៃព្រះវរបិតា ដោយទុកចិត្តទាំងស្រុងនឹងសមត្ថភាពរបស់ព្រះយេហូវ៉ា ដើម្បីស្ដារឲ្យទ្រង់មានជីវិតឡើងវិញ។
ត្រូវហើយ មានតែព្រះទេដែលអាចបណ្ដាលឲ្យបុគ្គលម្នាក់មានជីវិតឡើងវិញ។ (ទំនុកដំកើង ១០៤:៣០) នេះបានបើកនូវសេចក្ដីសង្ឃឹមយ៉ាងសម្បើមយ៉ាងណាទៅហ្ន៎!
សេចក្ដីសង្ឃឹមដ៏ពិតប្រាកដ
ព្រះគម្ពីរចែងថា៖ «ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរ នឹងឮសំឡេងទ្រង់[ព្រះយេស៊ូ] ហើយនឹងចេញមក»។ (យ៉ូហាន ៥:២៨, ២៩) ត្រូវហើយ ព្រះយេស៊ូគ្រីស្ទបានសន្យាថា អស់អ្នកណាដែលស្ថិតនៅក្នុងការចងចាំរបស់ព្រះយេហូវ៉ា នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ជាជាងមានសេចក្ដីប្រកាសដ៏កំសត់ ដែលថាមនុស្សបានស្លាប់ នោះរបាយការណ៍ដ៏រីករាយ គឺនឹងរៀបរាប់ពីអស់អ្នកដែលបានរស់ឡើងវិញ។ តើនឹងជាការសប្បាយយ៉ាងណាទៅហ្ន៎! ក្នុងការស្វាគមន៍ពួកស្ងួនភ្ងាពីផ្នូរនោះ។
តើលោកអ្នកចង់ដឹងថែមទៀតអំពីរបៀបដែលអ្នកអាចទទួលប្រយោជន៍ពីសេចក្ដីសង្ឃឹមដែលព្រះប្រទានឲ្យឬទេ? យើងសូមអញ្ជើញលោកអ្នកសរសេរដោយប្រើអាស័យដ្ឋាននៅខាងក្រោមនេះ ដើម្បីឲ្យបានសៀវភៅស្តើងមួយក្បាល វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នកឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនៃមនុស្សស្លាប់មែនឬ?
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ បទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះបានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើមាន«ព.ថ.»នៅបន្ទាប់ពីបទគម្ពីរណា នោះបញ្ជាក់ថាបទគម្ពីរនោះបានដកស្រង់ចេញពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស។