ជីវិតក្រោយពីស្លាប់—តើមនុស្សជឿយ៉ាងណា?
«បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ»?—យ៉ូប ១៤:១៤
១, ២. តើតាមរបៀបណាដែលមនុស្សភាគច្រើនរកសម្រាលទុក្ខ ពេលដែលបានបាត់បង់នូវអ្នកទីស្រឡាញ់របស់គេតាមរយៈសេចក្ដីស្លាប់នោះ?
ក្នុងសាលបុណ្យខ្មោចមួយនៅទីក្រុងញូវយ៉ក មិត្តទាំងឡាយនិងសាច់ញាតិដើរជាជួរកាត់មុខក្ដារមឈូសដែលមានគម្របចំហ នៃប្រុសម្នាក់អាយុ១៧ឆ្នាំ ដែលបានត្រូវរោគមហារីកពន្លត់ជីវិតដ៏ក្មេងរបស់គាត់។ ម្ដាយដែលខូចចិត្តនោះ កំពុងតែនិយាយម្ដងហើយម្ដងទៀតទាំងយំថា៖ «ឥឡូវនេះ ថំមីគឺសប្បាយជាងមុនហើយ។ ព្រះមានព្រះទ័យចង់បានថំមីឲ្យនៅស្ថានសួគ៌ជាមួយនឹងទ្រង់»។ នោះជាអ្វីដែលគាត់ត្រូវគេបង្រៀនឲ្យជឿ។
២ ប្រមាណ១១.០០០គីឡូម៉ែត្រពីទីនោះ នៅក្រុងចាណាកាប្រទេសឥណ្ឌា កូនប្រុសច្បងនៃកូនប្រុសបីនាក់ អុជគំនរអុសបូជាសពសំរាប់ឪពុករបស់ពួកគេដែលបានស្លាប់។ កាលដែលអណ្ដាតភ្លើងឮប្រសៗ នោះព្រាហ្មណ៍ម្នាក់សូត្រមន្តគាថាជាភាសាសំស្ក្រឹតថា៖ «សូមឲ្យព្រលឹងដែលមិនដែលស្លាប់នោះ បន្តក្នុងការព្យាយាមទៅសុគតិភព»។
៣. តើសំនួរអ្វីខ្លះដែលមនុស្សបានគិតពិចារណាអស់ប៉ុន្មានជំនាន់មនុស្សមកហើយ?
៣ ការពិតនៃសេចក្ដីស្លាប់គឺនៅជុំវិញយើង។ (រ៉ូម ៥:១២) គឺជាអ្វីធម្មតាដែលយើងឆ្ងល់ ថាតើសេចក្ដីស្លាប់គឺជាទីបញ្ចប់នៃអ្វីទាំងអស់ឬ។ លោកយ៉ូបដែលជាអ្នកបំរើដ៏ស្មោះត្រង់ម្នាក់ពីបុរាណនៃព្រះយេហូវ៉ា នោះបានផ្ដោតអារម្មណ៍ទៅលើការវិលកើតវិលស្លាប់នៃរុក្ខជាតិ ហើយនិយាយថា៖ «ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងមានពន្លកឡើងទៀត ហើយថា នឹងមិនដែលខានមានមែកខ្ចីទៀតឡើយ»។ ចុះយ៉ាងណាវិញចំពោះមនុស្សលោក? យ៉ូបបានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ»? (យ៉ូប ១៤:៧, ១៤) ទូទាំងសម័យទាំងឡាយ មនុស្សក្នុងគ្រប់សង្គមបានគិតពិចារណានូវសំនួរ៖ តើមានជីវិតក្រោយពីស្លាប់ឬទេ? បើសិនជាមាន តើជីវិតនោះជាជីវិតប្រភេទណា? តើមនុស្សបានជឿយ៉ាងណា? ហើយហេតុអ្វីបានជាពួកគេជឿដូច្នេះ?
ចម្លើយជាច្រើន ផ្ទៃរឿងតែមួយ
៤. តើមនុស្សដែលកាន់សាសនាផ្សេងៗជឿយ៉ាងណាអំពីជីវិតក្រោយពីស្លាប់?
៤ ពួកដែលអាងឈ្មោះគ្រីស្ទសាសនា ជឿថាមនុស្សទៅស្ថានសួគ៌ឬស្ថាននរកក្រោយពីស្លាប់។ ចំណែកឯពួកអ្នកកាន់សាសនាហិណ្ឌូវិញ គេជឿលើការចាប់បដិសន្ធិជាថ្មី។ យោងទៅតាមជំនឿអ៊ីស្លាម នឹងមានថ្ងៃមួយក្រោយពីស្លាប់សំរាប់ការជំនុំជំរះ នៅពេលព្រះអាឡានឹងប្រមាណមើលដំណើរជីវិតមនុស្សរៀងខ្លួន ហើយផ្ញើមនុស្សម្នាក់ៗទៅឯស្ថានបរមសុខឬស្ថាននរក។ នៅប្រទេសខ្លះ ជំនឿទៅលើមនុស្សស្លាប់គឺជាការលាយឡំដ៏ចាប់អារម្មណ៍នូវទំនៀមទំលាប់តាមតំបន់ ហើយជាអ្វីដែលគ្រីស្ទសាសនាមានតែឈ្មោះប៉ុណ្ណោះ។ ឧទាហរណ៍ នៅប្រទេសស្រីលង្កា ពួកអ្នកកាន់ពុទ្ធសាសនានិងពួកអ្នកកាន់សាសនាកាតូលិកចំហទ្វារនិងបង្អួច នៅពេលដែលមានអ្នកស្លាប់ក្នុងគ្រួសាររបស់ខ្លួន ហើយគេដាក់ក្ដារមឈូសឲ្យមានជើងរបស់បុគ្គលស្លាប់នោះឲ្យទល់ទ្វារខាងមុខ។ ពួកគេជឿថា ដោយធ្វើអ៊ីចឹង នេះសម្រួលដំណើរចេញនៃវិញ្ញាណឬព្រលឹងរបស់បុគ្គលស្លាប់នោះ។ ចំពោះពួកកាតូលិកនិងពួកប្រូតេស្តង់នៅប្រទេសអាហ្វ្រិកខាងលិច គឺជាទំលាប់ ដែលគេនឹងគ្របកញ្ចក់នៅពេលមានអ្នកណាម្នាក់ស្លាប់ ដើម្បីមិនឲ្យអ្នកណាមើលហើយឃើញវិញ្ញាណរបស់អ្នកស្លាប់នោះ។ រួចមក ៤០ថ្ងៃក្រោយពីនោះ សាច់ញាតិនិងមិត្តទាំងឡាយធ្វើបុណ្យរំឭកដំណើរទៅស្ថានសួគ៌នៃព្រលឹងនោះ។
៥. តើអ្វីជាជំនឿគ្រឹះដែលសាសនាទាំងឡាយយល់ព្រមនឹងនោះ?
៥ ទោះបីមានភាពខុសគ្នាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ គឺហាក់ដូចជាសាសនាភាគច្រើនយល់ព្រមគ្នាលើចំណុចមួយដែរ។ ពួកគេជឿថា អ្វីមួយក្នុងមនុស្សម្នាក់ ទោះបីពោលថាព្រលឹង វិញ្ញាណ ឬក៏ខ្មោចក៏ដោយ ដែលជាអមតៈ ហើយរស់ជាបន្តក្រោយពីរូបរាងបានស្លាប់ទៅ។ សាសនានិងនិកាយនៃពិភពគ្រីស្ទសាសនាស្ទើរតែទាំងអស់ គាំទ្រជំនឿក្នុងព្រលឹងអមតៈ។ ជំនឿនេះក៏ជាលទ្ធិផ្លូវការមួយរបស់សាសនាយូដាដែរ។ នោះក៏ជាគ្រឹះតែម្ដងនៃសេចក្ដីបង្រៀនសាសនាហិណ្ឌូអំពីការចាប់បដិសន្ធិជាថ្មី។ អ្នកកាន់សាសនាអ៊ីស្លាមជឿថា ព្រលឹងនៅរស់បន្ទាប់ពីមរណភាពនៃរូបកាយ។ អ្នកស្រុកដើមនៅប្រទេសអូស្ដ្រាលី ពួកអ្នកកាន់វិញ្ញាណនិយម ពួកអ្នកកាន់សាសនាស៊ីនតូ សូម្បីតែពួកអ្នកកាន់ពុទ្ធសាសនា ទាំងអស់សុទ្ធតែបង្រៀនមួយប្រភេទនៃផ្ទៃរឿងនេះ។
៦. តើពួកវិជ្ជាករខ្លះៗជឿយ៉ាងណាអំពីគំនិតដែលថា ព្រលឹងគឺអមតៈ?
៦ នៅម្ខាងទៀត មានអ្នកដែលមានទស្សនៈថា ជីវិតត្រូវឈប់នៅពេលដែលស្លាប់នោះ។ ចំពោះគេវិញ គំនិតថាជីវិតដែលប្រកបដោយអារម្មណ៍និងសតិបញ្ញា នឹងបន្តទៅជាព្រលឹងដ៏គ្មានបុគ្គលិកលក្ខណ:និងអរូបី ហើយដែលដាច់ពីរូបកាយ នោះគឺហាក់បីដូចជាមិនសមហេតុសមផលទាល់តែសោះ។ លោក មីកិល ដេ អ៊ូណាមូណូ ជាវិជ្ជាករនៅសតវត្សទី២០នេះ លោកបានសរសេរថា៖ «ការជឿលើភាពអមតៈនៃព្រលឹង នោះគឺជាការសង្ឃឹមថាព្រលឹងគឺជាអមតៈ ប៉ុន្តែដោយការសង្ឃឹមដូច្នេះខ្លាំងដល់ម្ល៉េះ ដែលឆន្ទៈនេះធ្វើឲ្យបុគ្គលម្នាក់មិនយកចិត្តទុកដាក់នឹងការវែកញែក ហើយក្លាយទៅជាមិនសមហេតុផលសមផលទៅវិញ»។ អ្នកឯទៀតដែលជឿស្រដៀងគ្នានេះ នោះរួមបញ្ចូលមនុស្សផ្សេងពីគ្នាដូចទស្សនវិទូពីបុរាណឈ្មោះ អារីស្តូត និង អ៊ីពិខូរិស គ្រូពេទ្យឈ្មោះ ហ៊ិប៉ក្រិតិស ទស្សនវិទូជនជាតិស្កុតឡង់ឈ្មោះ ដាវីឌ ហ៊ូម វិជ្ជាករជនជាតិអារ៉ាប់ឈ្មោះ អាវេរអិស និងនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសឥណ្ឌាបានឯកភាព គឺលោកចាវ៉ាហាឡាល នីរូ។
៧. តើសំនួរសំខាន់ៗអ្វីខ្លះៗដែលត្រូវតែយកមកពិចារណា អំពីព្រលឹងអមតៈ?
៧ ដោយព្រោះយើងប្រឈមនឹងគំនិតនិងជំនឿបែបនេះដែលផ្ទុយគ្នា នោះយើងត្រូវតែសួរថា៖ តើយើងពិតជាមានព្រលឹងអមតៈមួយទេ? បើសិនតាមការពិតព្រលឹងមិនជាអមតៈទេ តើយ៉ាងដូចម្ដេចដែលសេចក្ដីបង្រៀនដ៏មិនពិតបែបនេះ អាចទៅជាផ្នែកសំខាន់របស់សាសនាជាច្រើននៃសព្វថ្ងៃនេះ? តើគំនិតនេះបានមកពីណា? នេះជាអ្វីដែលយើងស្វែងរកចម្លើយដ៏ពិតនិងដែលស្កប់ចិត្ត នោះគឺជាចាំបាច់ពីព្រោះអនាគតរបស់យើងពឹងពាក់លើនោះ។ (កូរិនថូសទី១ ១៥:១៩) ក៏ប៉ុន្តែ មុនដំបូង សូមឲ្យយើងពិនិត្យមើលរបៀបដែលលទ្ធិនៃព្រលឹងអមតៈបានចាប់ផ្ដើមឡើង។
កំណើតនៃលទ្ធិនោះ
៨. តើសូក្រាតនិងផ្លេតូបានមានតួនាទីអ្វីក្នុងការផ្សាយគំនិតថាព្រលឹងគឺអមតៈ?
៨ នៅសតវត្សទីប្រាំម.ស.យ. ទស្សនវិទូសាសន៍ក្រិកឈ្មោះ សូក្រាតនិងផ្លេតូ បានត្រូវគេទទួលស្គាល់ក្នុងចំណោមពួកដំបូងដែលបានផ្សាយជំនឿ ថាព្រលឹងគឺអមតៈ។ ក៏ប៉ុន្តែ ពួកគេមិនជាអ្នកដែលបានផ្ដើមគំនិតនេះទេ។ ផ្ទុយទៅវិញ ពួកគេជាអ្នកដែលបានដុសខាត់និងកែប្រែគំនិតនោះ ទៅជាសេចក្ដីបង្រៀនខាងទស្សនវិជ្ជា ដូច្នេះធ្វើឲ្យគំនិតនោះពេញចិត្តនូវវណ្ណៈមនុស្សដែលបានមានការអប់រំល្អ នៅសម័យពួកគេហើយនៅសម័យក្រោយៗ។ ការពិតគឺជាពួកសូរ៉ូស៊្ត្រីនៃប្រទេសពើស៊ីពីបុរាណ និងពួកអេស៊ីបមុនពួកនោះ គេក៏ធ្លាប់ជឿលើព្រលឹងអមតៈផងដែរ។ ដូច្នេះ សំនួរគឺថា តើអ្វីជាប្រភពដើមរបស់សេចក្ដីបង្រៀននេះ?
៩. តើអ្វីជាអានុភាពមួយដែលមានលើវប្បធម៌បុរាណ នៃប្រទេសអេស៊ីប ពើស៊ី និងក្រិក?
៩ ក្នុងសៀវភៅសាសនារបស់បាប៊ីឡូននិងអាសសើរ នោះប្រាប់ថា «នៅពិភពលោកបុរាណ សាសន៍អេស៊ីប ពើស៊ី និងក្រិក ធ្លាប់ពិសោធន៍អានុភាពពីសាសនាបាប៊ីឡូន»។ ចំពោះជំនឿសាសនារបស់សាសន៍អេស៊ីប សៀវភៅនោះប្រាប់ជាបន្តថា៖ «ដោយឃើញទំនាក់ទំនងមុនៗរវាងអេស៊ីបនិងបាប៊ីឡូន ដូចត្រូវសម្ដែងក្នុងសិលាចារឹកឈ្មោះ អេល-អាម៉ារណា នោះមានឱកាសជាច្រើនសំរាប់ការជ្រួតជ្រាបនូវជំនឿនិងទំនៀមទំលាប់របស់បាប៊ីឡូន ចូលក្នុងក្រុមសាសនាអេស៊ីប»។a ចំពោះវប្បធម៌ពើស៊ីនិងក្រិក ក៏មានសភាពដូចនេះដែរ។
១០. តើសាសន៍បាប៊ីឡូនមានទស្សនៈយ៉ាងណាចំពោះសេចក្ដីស្លាប់?
១០ ក៏ប៉ុន្តែ តើពួកបាប៊ីឡូនពីបុរាណបានជឿលើភាពអមតៈនៃព្រលឹងទេ? អំពីចំណុចនេះ សាស្ដ្រាចារ្យឈ្មោះ ម៉ូរ៉ាស ចាសត្រូ ទីពីរ នៃសកលវិទ្យាល័យនៃរដ្ឋប៉ិនស៊ីវ៉ានី ស.រ.អ. បានសរសេរថា៖ «ប្រជាជនព្រមទាំងពួកអ្នកដឹកនាំសាសនាវិជ្ជា[នៃប្រទេសបាប៊ីឡូន] មិនដែលប្រឈមលទ្ធភាពនៃការវិនាសសាបសូន្យអស់ទៅ នៃអ្វីដែលបានត្រូវបង្កើតមក។ សេចក្ដីស្លាប់[តាមទស្សនៈរបស់គេ]គឺជាផ្លូវទៅដល់ជីវិតប្រភេទមួយទៀត ហើយការបដិសេធនូវភាពអមតៈ[ក្នុងជីវិតនេះ] នោះគ្រាន់តែបញ្ជាក់ការគ្មានលទ្ធភាពគេចពីការផ្លាស់ប្ដូរក្នុងជីវិត ដែលត្រូវនាំមកដល់ដោយសេចក្ដីស្លាប់»។ ត្រូវហើយ ពួកបាប៊ីឡូនធ្លាប់ជឿថា ជីវិតមួយប្រភេទ តាមបែបបទម្យ៉ាង នឹងបន្តក្រោយពីសេចក្ដីស្លាប់។ ពួកគេបានសំដែងនេះ ដោយការកប់វត្ថុជាមួយនឹងអ្នកស្លាប់ ដើម្បីឲ្យគេប្រើក្នុងជីវិតខាងក្រោយ។
១១, ១២. ក្រោយពីទឹកជំនន់ តើកំណើតនៃលទ្ធិព្រលឹងអមតៈនៅកន្លែងណា?
១១ យ៉ាងច្បាស់ហើយ សេចក្ដីបង្រៀននៃព្រលឹងអមតៈ មានប្រវត្ដិពីបាប៊ីឡូនពីបុរាណ។ តើនេះមានសារៈសំខាន់ទេ? ពិតមែន ដ្បិតយោងទៅតាមព្រះគម្ពីរ ទីក្រុងបាបិល ឬក៏បាប៊ីឡូន បានត្រូវតាំងដោយនីមរ៉ុឌ ជាចៅទួតប្រុសរបស់លោកណូអេ។ ក្រោយពីទឹកជំនន់លើផែនដីទាំងមូលនៅសម័យណូអេ មនុស្សទាំងអស់បាននិយាយភាសាតែមួយទេហើយមានសាសនាតែមួយដែរ។ នីមរ៉ុឌមិនគ្រាន់តែជាអ្នកដែល«ប្រឆាំងនឹងព្រះយេហូវ៉ា»ប៉ុណ្ណោះ ក៏ប៉ុន្តែគាត់នឹងអ្នកដែលដើរតាមគាត់ ចង់បាន«កេរ្ដិ៍ឈ្មោះ»សំរាប់ខ្លួនគេ។ ដូច្នេះ ដោយការតាំងទីក្រុងនោះហើយសង់ប៉មមួយនៅក្នុងនោះ នីមរ៉ុឌបានចាប់ផ្ដើមបង្កើតសាសនាមួយទៀត។—លោកុប្បត្តិ ១០:១, ៦, ៨-១០; ១១:១-៤
១២ យោងទៅតាមទំនៀមទំលាប់ នីមរ៉ុឌបានស្លាប់តាមរបៀបឃោរឃៅ។ ក្រោយពីគាត់បានស្លាប់ នោះគឺជាគួរសមដែលពួកបាប៊ីឡូននឹងដំកើងគាត់ជាអ្នកតាំង អ្នកសង់ និងស្តេចទីមួយនៃទីក្រុងរបស់គេ។ ដោយព្រោះព្រះមេរ៉ូដាក(ម៉ាឌូក) បានត្រូវរាប់ជាអ្នកដែលតាំងទីក្រុងបាប៊ីឡូន ហើយមានស្តេចបាប៊ីឡូនជាច្រើនដែលត្រូវដាក់ព្រះនាមតាមព្រះនោះ ពួកវិជ្ជាករខ្លះៗបានជូនគំនិតថាមេរ៉ូដាកតំណាងនីមរ៉ុឌដែលត្រូវយកធ្វើជាព្រះមួយអង្គ។ (ពង្សាវតារក្សត្រទី២ ២៥:២៧; អេសាយ ៣៩:១; យេរេមា ៥០:២) បើសិនជាដូច្នេះ នោះទស្សនៈដែលថា មនុស្សម្នាក់ៗមានព្រលឹងមួយដែលរួចរស់ក្រោយអ្នកនោះស្លាប់ទៅ នេះត្រូវតែជាអ្វីដែលគេជឿទូទៅនៅពេលនីមរ៉ុឌបានស្លាប់។ យ៉ាងណាក៏ដោយ ប្រវត្ដិសាស្ត្របង្ហាញថាក្រោយពីទឹកជំនន់ កំណើតនៃសេចក្ដីបង្រៀនពីព្រលឹងអមតៈគឺពីកន្លែងបាបិលឬបាប៊ីឡូន។
១៣. តើយ៉ាងដូចម្ដេចដែលសេចក្ដីបង្រៀនពីព្រលឹងអមតៈបានសាយភាយពាសពេញផែនដី ហើយមានលទ្ធផលយ៉ាងណា?
១៣ ព្រះគម្ពីរក៏បង្ហាញថា ព្រះបានទប់ស្កាត់ការខិតខំរបស់ពួកអ្នកសង់ប៉មនៅបាបិល ដោយការបំភាន់ភាសារបស់គេ។ ដោយព្រោះគេមិនអាចទាក់ទងគ្នាទៅវិញទៅមកទៀតនោះ ពួកគេបានលះបង់នូវគម្រោងរបស់គេ ហើយត្រូវ«កំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដីវិញ»។ (លោកុប្បត្តិ ១១:៥-៩) យើងត្រូវតែនឹកចាំថា ទោះបីពាក្យសំដីនៃអ្នកដែលចង់សង់ប៉មនោះបានកែប្រែ ក៏ប៉ុន្តែគំនិតនិងទស្សនៈរបស់គេមិនបានកែប្រែទេ។ ជាលទ្ធផល ទោះបីពួកគេធ្វើដំណើរទៅកន្លែងណាក៏ដោយ គេបានយកសាសនាវិជ្ជារបស់គេទៅជាមួយផងដែរ។ តាមរបៀបនេះ សេចក្ដីបង្រៀនរបស់បាប៊ីឡូន ដែលរួមបញ្ចូលសេចក្ដីបង្រៀនអំពីព្រលឹងអមតៈ នោះក៏សាយភាយពាសពេញផែនដី ហើយបានក្លាយទៅជាគ្រឹះក្នុងសាសនាធំៗនៃពិភពលោក។ ដូច្នេះ ចក្រភពមួយនៃសាសនាមិនពិតរបស់លោកីយ៍ បានត្រូវស្ថាបនាឡើង ដែលត្រូវព្រះគម្ពីរពិពណ៌នាយ៉ាងសមរម្យថា៖ «ក្រុងបាប៊ីឡូនដ៏ជាធំ ជាម្ដាយនៃពួកស្រីសំផឹង នឹងអស់ទាំងសេចក្ដីគួរខ្ពើមនៅផែនដី»។—វិវរណៈ ១៧:៥
ចក្រភពនៃសាសនាមិនពិត ពង្រីកទៅទិសខាងកើត
១៤. តើតាមរបៀបណាដែលជំនឿសាសនារបស់បាប៊ីឡូនបានសាយភាយក្នុងទ្វីបឥណ្ឌាខាងក្រោម?
១៤ ប្រវត្ដិវិទូខ្លះនិយាយថា ជាង៣.៥០០ឆ្នាំមុន ការធ្វើអន្ដោប្រវេសន៍មួយដ៏ធំ បាននាំពួកអេរីដែលមានសម្បុរពណ៌ស្លាំង ចុះមកពីទិសខាងជើងឆៀងខាងលិចចូលក្នុងជ្រលងឥណ្ដូស ដែលឥឡូវគឺច្រើនតែនៅប្រទេសប៉ាគីស្ដាននិងឥណ្ឌា។ ពីកន្លែងនោះ ពួកគេបានពង្រីកទៅដីរាបនៃទន្លេកានជីស និងឆ្លងកាត់ប្រទេសឥណ្ឌា។ អ្នកជំនាញខ្លះៗនិយាយថា សាសនាវិជ្ជានៃពួកអន្ដោប្រវេសន៍នោះ មានមូលដ្ឋានលើសេចក្ដីបង្រៀនបុរាណរបស់អ៊ីរ៉ាននិងបាប៊ីឡូន។ រួចមក សាសនាវិជ្ជានេះបានទៅជាប្រភពដើមនៃសាសនាហិណ្ឌូ។
១៥. តើតាមរបៀបណាដែលគំនិតអំពីព្រលឹងអមតៈ បានមានអានុភាពលើសាសនាហិណ្ឌូបច្ចុប្បន្ននេះ?
១៥ នៅប្រទេសឥណ្ឌា គំនិតអំពីព្រលឹងអមតៈបានលេចមុខជាលទ្ធិនៃការចាប់បដិសន្ធិជាថ្មី។ ពួកអ្នកបណ្ឌិតខាងសាសនាហិណ្ឌូ ដោយពុះពារយល់នូវបញ្ហាសកលលោកនៃសេចក្ដីទុច្ចរិតនិងការរងទុក្ខវេទនាក្នុងចំណោមមនុស្សលោក បានសន្និដ្ឋានដល់ច្បាប់មួយដែលហៅថាកម្ម ជាច្បាប់នៃបុព្វហេតុនិងលទ្ធផល។ ដោយលាយឡំច្បាប់នេះជាមួយនឹងជំនឿពីព្រលឹងអមតៈ ពួកគេបានបង្កើតសេចក្ដីបង្រៀនអំពីការចាប់បដិសន្ធិជាថ្មី ថាបុណ្យឬក៏គ្មានបុណ្យក្នុងជាតិមួយ ត្រូវទទួលរង្វាន់ឬក៏ទណ្ឌកម្មក្នុងជាតិក្រោយ។ គោលដៅរបស់អ្នកដែលស្មោះត្រង់គឺជា ម៉ូកហ្សា ឬក៏ការរំដោះពីការវិលកើត និងចូលអ្វីដែលត្រូវហៅជានិព្វាន។ ក្នុងកន្លងពេលរាប់សតវត្ស កាលដែលសាសនាហិណ្ឌូសាយភាយ នោះសេចក្ដីបង្រៀនពីការចាប់បដិសន្ធិជាថ្មីក៏បានសាយភាយដូចគ្នាដែរ។ ហើយជំនឿនេះបានទៅជាគ្រឹះនៃសាសនាហិណ្ឌូបច្ចុប្បន្ននេះ។
១៦. តើជំនឿអ្វីអំពីជីវិតក្រោយពីស្លាប់ ដែលបានត្រួតត្រាលើគំនិតខាងសាសនានិងការប្រព្រឹត្តនៃមនុស្សជាច្រើននៅភូមិភាគអាស៊ីខាងកើត?
១៦ ពីសាសនាហិណ្ឌូ នោះសាសនាដទៃទៀតបានលេចមក ដូចជាពុទ្ធសាសនា សាសនាជេន និងសាសនាស៊ីក។ សាសនាទាំងនោះក៏មានជំនឿលើការចាប់បដិសន្ធិជាថ្មី។ ម្ល៉ោះហើយ ពេលពុទ្ធសាសនាបានជ្រាបចូលប្រទេសជាច្រើននៅភូមិភាគអាស៊ីខាងកើត ដូចជាប្រទេសចិន កូរ៉េ ជប៉ុន និងប្រទេសផ្សេងទៀតជាដើម នោះពុទ្ធសាសនាមានអានុភាពខ្លាំងលើវប្បធម៌និងសាសនានៅក្នុងភូមិភាគនៅទីនោះ។ នេះបានបង្កើតសាសនាដែលមានការលាយឡំនៃជំនឿ។ នោះមានជំនឿខ្លះពីពុទ្ធសាសនា មន្តអាគម និងការសែនដូនតា។ សាសនាដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងចំណោមនោះគឺជា លទ្ធិដៅអីស្ទ លទ្ធិខុងជឺ និងសាសនាស៊ីនតូ។ តាមរបៀបនេះ ជំនឿថាជីវិតរួចរស់បន្តក្រោយពីរូបកាយស្លាប់ នោះបានមានឥទ្ធិពលលើគំនិតខាងសាសនា និងការប្រព្រឹត្តនៃភាគច្រើននៃមនុស្សជាតិនៅភូមិភាគនោះ។
ចុះយ៉ាងណាវិញចំពោះសាសនាយូដា ពិភពគ្រីស្ទសាសនា និងសាសនាអ៊ីស្លាម?
១៧. តើពួកយូដាពីបុរាណធ្លាប់ជឿយ៉ាងណាអំពីជីវិតក្រោយពីស្លាប់?
១៧ តើមនុស្សដែលដើរតាមសាសនានៃពិភពគ្រីស្ទសាសនា សាសនាយូដា និងសាសនាអ៊ីស្លាមជឿយ៉ាងណាអំពីជីវិតក្រោយពីស្លាប់? ក្នុងចំណោមសាសនាទាំងប៉ុន្មាននេះ សាសនាយូដាគឺចាស់ជាងគេឆ្ងាយណាស់។ ប្រភពសាសនានេះមានប្រវត្ដិប្រមាណ៤.០០០ឆ្នាំដល់លោកអ័ប្រាហាំ។ យូរយារមុនលោកសូក្រាតនិងផ្លេតូបានកែទ្រឹស្តីអំពីព្រលឹងអមតៈ។ ពួកយូដាពីបុរាណធ្លាប់ជឿលើការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ មិនមែនលើភាពអមតៈដែលមានស្រាប់របស់មនុស្សទេ។ (ម៉ាថាយ ២២:៣១, ៣២; ហេព្រើរ ១១:១៩) ដូច្នេះ ចុះតើយ៉ាងណាវិញដែលលទ្ធិនៃព្រលឹងអមតៈមនុស្សបានចូលក្នុងសាសនាយូដា? ប្រវត្ដិសាស្ត្រផ្ដល់នូវចម្លើយ។
១៨, ១៩. តើយ៉ាងណាដែលលទ្ធិនៃព្រលឹងអមតៈ បានជ្រាបចូលក្នុងសាសនាយូដា?
១៨ នៅឆ្នាំ៣៣២ ម.ស.យ. អ័លេក្សានដឺដឺដ៏ឧត្តម បានបង្ក្រាបប្រទេសមជ្ឈិមបូព៌ា រួមបញ្ចូលទីក្រុងយេរូសាឡិម។ កាលដែលពួកឧត្តមរាជធិការីរបស់អ័លេក្សានដឺបានបន្តកម្មវិធីនៃការផ្សាយទំនៀមទំលាប់ក្រិក នោះការលាយឡំវប្បធម៌ទាំងពីរ គឺវប្បធម៌ក្រិកនិងវប្បធម៌យូដាបានកើតឡើង។ ក្រោយមក ពួកយូដាបានចេះទស្សនវិជ្ជាសាសន៍ក្រិក ហើយមានអ្នកខ្លះដែលបានទៅជាទស្សនវិទូ។
១៩ ផីឡូនៃទីក្រុងអ័លេក្សានទ្រា ពីសតវត្សទីមួយ ស.យ. គឺជាទស្សនវិទូសាសន៍យូដាបែបនេះដែរ។ គាត់ធ្លាប់គោរពផ្លេតូនិងបានព្យាយាមពន្យល់សាសនាយូដាតាមរយៈទស្សនវិជ្ជាសាសន៍ក្រិក។ ដោយធ្វើដូច្នេះ គាត់បានបើកផ្លូវមួយសំរាប់ពួកអ្នកប្រាជ្ញសាសន៍យូដាជំនាន់ក្រោយ។ គម្ពីរថែលមូត ដែលជាអត្ថាធិប្បាយអំពីច្បាប់ដែលត្រូវផ្សាយដោយមាត់ពួកគ្រូបង្រៀន នោះក៏បានទទួលអានុភាពពីទស្សនវិជ្ជាសាសន៍ក្រិក។ សព្វវចនាធិប្បាយយូដេអ៊ីខា រៀបរាប់ថា៖ «ពួកគ្រូបង្រៀននៃគម្ពីរថែលមូតបានជឿលើការរស់តទៅទៀតក្រោយពីស្លាប់»។ រួចមក អក្សរសាស្ត្រនៃអធិធម្មជាតិរបស់សាសន៍យូដា ដូចសៀវភៅខាបាឡា ក៏នៅតែបង្រៀនអំពីការចាប់បដិសន្ធិជាថ្មីដែរ។ ដូច្នេះ តាមរបៀបមិនចំទស្សនវិជ្ជាសាសន៍ក្រិក គំនិតនៃព្រលឹងអមតៈនោះបានជ្រាបចូលក្នុងសាសនាយូដា។ តើអ្វីដែលអាចត្រូវនិយាយអំពីការជ្រាបចូលនៃសេចក្ដីបង្រៀននេះក្នុងពិភពគ្រីស្ទសាសនា?
២០, ២១. (ក) តើពួកគ្រីស្ទានសម័យដើមមានជំហរយ៉ាងណា ចំពោះទស្សនវិជ្ជាខាងផ្លេតូ ឬក៏សាសន៍ក្រិកនោះ? (ខ) តើអ្វីដែលបាននាំទៅការបញ្ចូលគ្នានូវគំនិតរបស់ផ្លេតូនិងសេចក្ដីបង្រៀនសាសនាគ្រីស្ទ?
២០ សាសនាគ្រីស្ទានពិតបានចាប់ផ្ដើមជាមួយនឹងព្រះយេស៊ូគ្រីស្ទ។ ស្តីអំពីព្រះយេស៊ូ នោះលោក មីកិល ដេ អ៊ូណាមូណូ ដែលយើងបានដកស្រង់មុននេះ បានសរសេរថា៖ «ទ្រង់ធ្លាប់ជឿលើការប្រោសឲ្យរស់ឡើងវិញនៃសាច់ឈាម តាមជំនឿយូដា មិនមែនលើព្រលឹងអមតៈតាមជំនឿផ្លេតូ[សាសន៍ក្រិក]នោះទេ»។ គាត់បានសន្និដ្ឋានថា៖ «ព្រលឹងអមតៈ . . . នោះគឺជាលទ្ធិពាហិរជនតាមទស្សនវិជ្ជា»។ ដោយព្រោះនេះ យើងអាចយល់មូលហេតុដែលសាវ័កប៉ុលបានព្រមានយ៉ាងខ្លាំងដល់ពួកគ្រីស្ទាននៅសតវត្សទីមួយ ឲ្យប្រយ័ត្ននឹង«ពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ គឺមិនមែនតាមព្រះគ្រីស្ទទេ»។—កូល៉ុស ២:៨
២១ ក៏ប៉ុន្តែ តើពេលណានិងយ៉ាងណាដែល «លទ្ធិពាហិរជនតាមទស្សនវិជ្ជា»នេះបានជ្រាបចូលក្នុងពិភពគ្រីស្ទសាសនា? សព្វវចនាធិប្បាយប៊្រីធែណនីកាថ្មី ពន្យល់ថា៖ «ចាប់ពីពាក់កណ្ដាលសតវត្សទី២ ស.យ. ពួកគ្រីស្ទានដែលបានទទួលការបង្ហាត់ខ្លះៗពីទស្សនវិជ្ជាក្រិក នោះគេបានចាប់ផ្ដើមមានអារម្មណ៍ចង់សម្ដែងជំនឿរបស់គេតាមរយៈទស្សននោះ ដើម្បីបំពេញសតិរបស់ខ្លួននឹងដើម្បីបញ្ចុះបញ្ចូលពួកពាហិរជនដ៏ជាពួកចេះជ្រៅជ្រះ។ ទស្សនវិជ្ជាដែលត្រូវចិត្តគេជាងគេគឺជាលទ្ធិផ្លេតូ»។ ទស្សនវិទូពីរនាក់ដែលមានអានុភាពខ្លាំងលើលទ្ធិរបស់ពិភពគ្រីស្ទសាសនាគឺជា អូរិកិនពីទីក្រុងអ័លេក្សានទ្រា និងអកូស្ទីនពីទីក្រុងហ៊ីប៉ូ។ អ្នកទាំងពីរនោះ បានទទួលអានុភាពពីទស្សនៈរបស់ផ្លេតូ ហើយបានធ្វើជាជំនួយក្នុងការបញ្ចូលគំនិតនោះក្នុងសេចក្ដីបង្រៀនគ្រីស្ទាន។
២២. តើយ៉ាងដូចម្ដេចដែលសេចក្ដីបង្រៀននៃព្រលឹងអមតៈ បាននៅសំខាន់ក្នុងសាសនាអ៊ីស្លាម?
២២ ទោះបីគំនិតពីព្រលឹងអមតៈក្នុងសាសនាយូដានិងពិភពគ្រីស្ទសាសនា គឺដោយសារអានុភាពពីផ្លេតូក៏ដោយ ប៉ុន្តែគំនិតនេះបានត្រូវបញ្ចូលក្នុងសាសនាអ៊ីស្លាមពីដើមមកទៅហើយ។ សៀវភៅកូរ៉ាន ដែលជាគម្ពីរនៃសាសនាអ៊ីស្លាម នោះបង្រៀនថាមនុស្សមានព្រលឹងមួយដែលរស់ជាបន្តក្រោយពីស្លាប់។ សៀវភៅនោះស្តីពីគោលដៅទីបំផុតសំរាប់ព្រលឹង គឺជាជីវិតនៅក្នុងសួនមនោរម្យមួយនៅស្ថានសួគ៌ ឬក៏ទណ្ឌកម្មក្នុងនរកមួយដែលមានភ្លើងឆេះ។ នេះមិនមានន័យថាដែលវិជ្ជាករសាសន៍អារ៉ាប់ មិនបានខិតខំបញ្ចូលគ្នានូវសេចក្ដីបង្រៀនអ៊ីស្លាមនឹងទស្សនវិជ្ជាក្រិកទេ។ តាមការពិត ពិភពអារ៉ាប់បានទទួលអានុភាពមួយកំរិត ពីស្នាដៃរបស់លោកអារីស្តូត។ ប៉ុន្តែ ព្រលឹងអមតៈនៅតែជាជំនឿមួយរបស់ពួកអ៊ីស្លាម។
២៣. តើសំនួរដ៏ជំរុញអ្វីខ្លះ ចំពោះរឿងជីវិតក្រោយពីស្លាប់នោះ ដែលនឹងត្រូវយកមកពិចារណាក្នុងអត្ថបទជាបន្ទាប់?
២៣ យ៉ាងច្បាស់ហើយ សាសនាទូទាំងពិភពលោកបានបង្កើតជំនឿជាច្រើនអំពីជីវិតក្រោយពីស្លាប់ ដែលមានមូលដ្ឋានលើសេចក្ដីបង្រៀនដែលថាព្រលឹងគឺអមតៈ។ ហើយជំនឿបែបនេះបានមានអានុភាពលើ ហើយរហូតដល់ត្រួតត្រានិងចងជាប់ជាទាសករនូវមនុស្សរាប់រយកោដិនាក់មែន។ ដោយប្រឈមហេតុការណ៍ទាំងអស់នេះ យើងត្រូវជំរុញឲ្យសួរសំនួរថា៖ តើមានលទ្ធភាពដឹងសេចក្ដីពិតអំពីអ្វីដែលកើតមានឡើងនៅពេលដែលយើងស្លាប់ទេ? តើមានជីវិតក្រោយពីស្លាប់ឬទេ? តើព្រះគម្ពីរចែងយ៉ាងដូចម្ដេចអំពីរឿងនេះ? យើងនឹងពិគ្រោះរឿងនេះនៅក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a អេល-អាម៉ារណា គឺជាកន្លែងនៃសំណង់បាក់បែកនៃក្រុងអាកហេតាតិន នៅប្រទេសអេស៊ីប ដែលត្រូវគេអះអាងថាបានត្រូវសង់នៅសតវត្សទី១៤ ម.ស.យ.។
តើអ្នកអាចពន្យល់បានទេ?
◻ តើមានផ្ទៃរឿងអ្វីដែលដូចគ្នា ក្នុងជំនឿអំពីជីវិតក្រោយពីស្លាប់នៃសាសនាភាគច្រើន?
◻ តើតាមរបៀបណាដែលព្រះគម្ពីរចង្អុលទីក្រុងបាប៊ីឡូនពីបុរាណនោះ ជាប្រភពនៃលទ្ធិអំពីព្រលឹងអមតៈ?
◻ តើយ៉ាងដូចម្ដេចដែលសាសនាបូព៌ាប្រទេស បានទទួលអានុភាពពីជំនឿបាប៊ីឡូនអំពីព្រលឹងអមតៈ?
◻ តើយ៉ាងដូចម្ដេចដែលសេចក្ដីបង្រៀនពីព្រលឹងអមតៈ បានចូលទៅក្នុងសាសនាយូដា គ្រីស្ទសាសនា និងសាសនាអ៊ីស្លាម?
[រូបភាពនៅទំព័រ១៣, ១៤]
ជ័យជំនះដោយអ័លេក្សានដឺដ៏ឧត្តម បាននាំមកនូវការលាយឡំគ្នានូវវប្បធម៌ក្រិកនិងវប្បធម៌យូដា
អកូស្ទីនបានខិតខំបញ្ចូលទស្សនវិជ្ជានៃផ្លេតូជាមួយនឹងសាសនាគ្រីស្ទាន
[អ្នកផ្ដល់សិទ្ធិ]
Alexander: Musei Capitolini, Roma; Augustine: From the book Great Men and Famous Women