តើអ្នកអាចធ្វើឲ្យពិភពលោកនេះប្រសើរជាងបានទេ?
«ប្រព័ន្ធនយោបាយមិនអាចស្ដាររចនាសម្ព័ន្ធសង្គមឡើងវិញបានឡើយ។ ប្រព័ន្ធនយោបាយនោះ ខ្វះសមត្ថភាពស្ថាបនាឡើងវិញនូវជំនឿខាងសីលធម៌តាមទំនៀមទំលាប់។ ផែនការដ៏ប្រសើរបំផុតណាក៏ដោយនោះ ក៏មិនអាចស្ដារឡើងវិញនូវគោលការណ៍ខាងការដើរលែងជាគូ ឬខាងអាពាហ៍ពិពាហ៍ឲ្យដូចសម័យមុនបានទេ ហើយក៏មិនអាចជំរុញឲ្យបិតាម្នាក់ៗទទួលខុសត្រូវកូនចៅ ឬញ៉ាំងឲ្យមនុស្សភ្ញាក់ផ្អើល ឬក៏អៀនខ្មាសដូចជំនាន់មុនៗនេះបានឡើយ . . .។ នីតិបញ្ញត្ដិពុំអាចនឹងបំបាត់ចោលនូវបញ្ហាភាគច្រើនដែលធ្វើទុក្ខយើងនោះទេ»។
តើអ្នកមានទំនោរចិត្តឯកភាពនឹងសំដីខាងលើនេះរបស់អតីតអ្នកជំនួយការរដ្ឋម្នាក់នៅស.រ.អ.ទេ? បើអ៊ីចឹងមែន តើមានដំណោះស្រាយអ្វី សំរាប់បញ្ហាសន្ធឹកសន្ធាប់សព្វថ្ងៃនេះ ដែលបណ្ដាលមកពីចិត្តលោភលន់ ការខ្វះសេចក្ដីស្រឡាញ់ធម្មតាក្នុងក្រុមគ្រួសារនានា មកពីសីលធម៌ដ៏ខូចអាក្រក់ ភាពល្ងីល្ងើ និងកត្ដាផ្សេងៗទៀតដែលបង្ខូចនូវរចនាសម្ព័ន្ធនៃសង្គមមនុស្ស? ដោយមនុស្សខ្លះគិតថា គ្មានដំណោះស្រាយពិតនៅឡើយ គេក៏រវល់រស់នៅយ៉ាងណាដែលគេគិតថា ល្អ។ មនុស្សឯទៀតសង្ឃឹមថា នៅថ្ងៃខាងមុខនឹងមានអ្នកដឹកនាំដ៏មានប្រាជ្ញាម្នាក់ ទោះជាអ្នកដឹកនាំខាងសាសនាក៏បាន ដែលប៉ិនខាងវោហារនិងដឹកនាំផ្លូវមនុស្សឲ្យបានត្រង់ហើយត្រឹមត្រូវវិញ។
តាមការពិត អស់ពីរពាន់ឆ្នាំទៅហើយមានបណ្ដាជនដែលចង់លើកព្រះយេស៊ូគ្រីស្ទធ្វើជាស្តេចរបស់គេ ព្រោះតែគេបានយល់ឃើញថា ព្រះបានចាត់ទ្រង់មក ហើយទ្រង់អាចធ្វើជាអ្នកគ្រប់គ្រងដ៏ប៉ិនប្រសប់មែន។ យ៉ាងណាក៏ដោយ នៅពេលដែលព្រះយេស៊ូបានយល់ដឹងអំពីបំណងចិត្តគេ នោះទ្រង់បានរត់ចេញពីទីនោះភ្លាម។ (យ៉ូហាន ៦:១៤, ១៥) ទ្រង់បានពន្យល់ឲ្យចៅហ្វាយខេត្តម្នាក់ជនជាតិរ៉ូម ថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ»។ (យ៉ូហាន ១៨:៣៦) ក៏ប៉ុន្តែ សព្វថ្ងៃនេះមានមនុស្សតិចទេ ដែលកាន់ជំហរដូចព្រះយេស៊ូនោះ សូម្បីតែមេដឹកនាំខាងសាសនាក៏ដោយ ដែលអះអាងថាខ្លួនជាអ្នកកាន់តាមទ្រង់។ មនុស្សខ្លះបែបនេះបានខំធ្វើឲ្យពិភពលោកបានប្រសើរជាង ដោយខំមានអានុភាពលើពួកអ្នកគ្រប់គ្រងពិភពលោក ឬដោយកាន់តំណែងនយោបាយខ្លួនឯង។ យើងអាចសង្កេតឃើញស្ថានការណ៍នេះដោយពិនិត្យមើលនូវទសវត្សចាប់ពីឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។
ការខិតខំដោយសាសនាដើម្បីធ្វើឲ្យពិភពលោកនេះបានប្រសើរជាង
នៅជិតចុងទសវត្សដែលចាប់ផ្ដើមនៅឆ្នាំ១៩៦០ មានទស្សនវិទូប៉ុន្មាននាក់នៅប្រទេសផ្សេងៗនៅទ្វីបអាមេរិកឡាទីន ដែលបានចាប់ផ្ដើមតតាំងជួយអ្នកក្រីក្រ និងពួកអ្នកដែលបានត្រូវគេជិះជាន់។ ដើម្បីសម្រេចការនោះ គេបានបង្កើតទ្រឹស្តីរំដោះមួយ ដែលបានពិពណ៌នាអំពីព្រះគ្រីស្ទ ថាទ្រង់មិនគ្រាន់តែជាអ្នកសង្គ្រោះតាមន័យក្នុងព្រះគម្ពីរទេ តែក្នុងរឿងនយោបាយនិងសេដ្ឋកិច្ចផងដែរ។ នៅសហរដ្ឋអាមេរិកវិញ មេដឹកនាំសាសនាប៉ុន្មាននាក់ ដែលបានខ្វល់ខ្វាយច្រើនអំពីការអាប់ឱននៃគោលការណ៍សីលធម៌ បានបង្កើតអង្គការមួយដែលហៅថា អ្នកនិយមតាមសីលធម៌។ អង្គការនោះមានគោលដៅជួយអ្នកខ្លះទទួលតំណែងក្នុងស្ថាប័នខាងនយោបាយ ជាអ្នកដែលអាចធ្វើនីតិកម្មឲ្យមានគោលការណ៍ល្អខាងក្រុមគ្រួសារ។ ស្រដៀងគ្នាដែរនៅប្រទេសជាច្រើនដែលកាន់សាសនាអ៊ីស្លាម មានក្រុមខ្លះៗដែលខំទប់ទល់នឹងការពុករលួយ និងការឯទៀតដ៏ហួសប្រមាណ ដោយលើកទឹកចិត្តឲ្យកាន់ខ្ជាប់ខ្លាំងជាងមុនតាមសៀវភៅកូរ៉ាន។
តើអ្នកជឿថា ពិភពលោកនេះបានប្រសើរជាងមុន ដោយព្រោះការខិតខំទាំងប៉ុន្មាននោះឬទេ? បើនិយាយជាទូទៅនោះ ហេតុការណ៍ពិតបង្ហាញថា គោលការណ៍ខាងសីលធម៌នៅតែបន្តអាប់ឱនទៅ និងភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រនៅតែកើនឡើងៗ ដែលរួមបញ្ចូលប្រទេសនិមួយៗនោះ ដែលបាននិយមតាមទ្រឹស្តីរំដោះ។
ដោយព្រោះអង្គការអ្នកនិយមតាមសីលធម៌បានទទួលបរាជ័យនៅសហរដ្ឋអាមេរិកខាងគោលដៅចំបងនោះ អ្នកស្ថាបនាអង្គការនោះ ឈ្មោះជែរីហ្វលវែល បានរំលាយអង្គការនោះចោលនៅឆ្នាំ១៩៨៩។ មានអង្គការផ្សេងៗទៀតដែលបានផ្លាស់ជំនួសវិញ។ យ៉ាងណាក្ដី អ្នកប្រើប្រយោគ «អ្នកនិយមតាមសីលធម៌» មុនគេ គឺលោកប៉ុលវេរិច បានសរសេរក្នុងទស្សនាវដ្ដីសាសនាគ្រីស្ទានសព្វថ្ងៃនេះថា៖ «ថ្វីបើយើងមានជ័យជំនះឲ្យគ្នីគ្នាយើងទទួលតំណែងខាងនយោបាយក៏ដោយ ជោគជ័យនោះមិននាំឲ្យមាននយោបាយបែបណាដែលយើងចាត់ទុកជាសំខាន់នោះទេ»។ គាត់ថែមទាំងសរសេរថា៖ «វប្បធម៌មនុស្សប្រៀបដូចជាលូទឹកស្អុយដែលកាន់តែរីកធំឡើងៗ។ យើងកំពុងតែប្រឈមនឹងវប្បធម៌រលត់ដែលមិនធ្លាប់មានតាំងពីមុនមក វារលត់សូន្យសុងដល់ម្ល៉េះ បានជាសន្ធប់លើដំណើរការផ្នែកនយោបាយ»។
លោកខាល់ថូម៉ាស ដែលជាអ្នកនិពន្ធម្នាក់និងជាអ្នកកាសែតផងដែរ បានរ៉ាយរ៉ាប់អំពីអ្វីដែលគាត់ចាត់ទុកជាបញ្ហាចំបង ក្នុងការខំអភិវឌ្ឍសង្គមមនុស្សតាមរយៈនយោបាយ គាត់ស្រដីថា៖ «ការកែប្រែដ៏ពិត នោះមកតាមចិត្តម្នាក់ៗ មិនមែនដោយឈ្នះឆ្នោតនិមួយៗនោះទេ ពីព្រោះបញ្ហាដ៏បឋមរបស់យើង ទាក់ទងនិងសីលធម៌និងភាពខាងវិញ្ញាណ មិនមែនខាងសេដ្ឋកិច្ច ឬនយោបាយនោះឡើយ»។
ប៉ុន្តែ ក្នុងពិភពលោកមួយដែលគ្មានខ្នាតតម្រាប្រាកដប្រជា និងមនុស្សសម្រេចចិត្តដោយខ្លួនគេផ្ទាល់ អំពីអ្វីដែលខុសនិងអ្វីដែលត្រូវនោះ តើយើងអាចដោះស្រាយបញ្ហាខាងសីលធម៌ និងខាងវិញ្ញាណដោយរបៀបណា? បើមនុស្សដែលមានអំណាច និងមនុស្សដែលមានចេតនាល្អនោះ មិនថាកាន់សាសនាឬក៏អត់ក៏ដោយ មិនអាចធ្វើឲ្យពិភពលោកនេះបានប្រសើរជាងមុននោះទេ តើអ្នកណាអាចធ្វើការនោះបាន? មានដំណោះស្រាយមែន ដែលយើងនឹងពិនិត្យមើលក្នុងអត្ថបទជាបន្ទាប់។ តាមការពិត ដំណោះស្រាយនោះជាមូលហេតុចំបងដែលព្រះយេស៊ូបានមានបន្ទូលថា ព្រះរាជាណាចក្ររបស់ទ្រង់មិនមែនខាងលោកីយ៍នេះទេ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Children: UN photo; globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.