អំពើកំណាចអាក្រក់ច្រើនដល់ម្ល៉េះ!
មាតាម្នាក់ដាច់ចិត្តបោះបង់ចោលកូនដែលទើបតែនឹងកើត ដោយ លាក់កូនតូចនោះក្នុងគំនរសំរាមនៅតាមចិញ្ចើមថ្នល់។ ក្មេងម្នាក់ នៅឯវាលស្រែដែលឃើញរបស់ចម្លែកមួយ។ វាក៏រើសឡើង។ តាមពិតជាគ្រាប់មីនសោះ! គ្រាប់មីននោះក៏ផ្ទុះឡើងបណ្ដាលឲ្យវាខ្វាក់ភ្នែកហើយពិការអស់មួយជីវិត។ កម្មករម្នាក់ដែលត្រូវគេបណ្ដេញចោល ត្រឡប់ទៅកន្លែង ធ្វើការវិញ បាញ់សម្លាប់មនុស្សណាក៏ដោយឲ្យតែគាត់ជួប ហើយទីបំផុតគាត់ក៏សម្លាប់ខ្លួនឯង។ បុរសដែលមានឋានៈគួរឲ្យគេគោរព ត្រូវបានបកអាក្រាតពីរឿងរំលោភក្មេងៗ។
គួរឲ្យសោកស្ដាយមែន! របាយការណ៍ស្តីអំពីអំពើកំណាចអាក្រក់ទាំងនេះមានច្រើនលើសលប់នៅសម័យយើង។ អ្វីដែលរឹតតែអាក្រក់ជាងនេះទៅទៀត គឺជារបាយការណ៍ស្តីអំពីការបោសសម្អាតជាតិសាសន៍ ការប្រល័យពូជសាសន៍និងអំពើភេរវកម្ម។ អ្នកនិពន្ធអត្ថបទមួយក្នុងសារព័ត៌មាននៅឆ្នាំ១៩៩៥ មានប្រសាសន៍ថា៖ «បើគិតអំពីអំពើអាក្រក់ជួជាតិតែប៉ុណ្ណោះ យើងត្រូវសន្មតថានេះជាយុគសម័យដែល[មេកំណាច]ជាអ្នកកាន់កាប់។ តាំងពីសម័យមុនៗ គ្មានអ្នកណាពូកែកាប់សម្លាប់គ្នាជាច្រើនអនេកដូចនៅសម័យយើងនេះទេ ដោយផ្អែកទៅលើរឿងសាសនា ការប្រកាន់ពូជសាសន៍ឬឋានៈក្នុងសង្គម»។
ដំណាលគ្នានេះ មនុស្សចេះតែបង្ខូចបរិស្ថាន បំផ្លាញផែនដីនិងសម្លាប់សត្វខ្លះស្ទើរតែផុតពូជអស់។ តើមនុស្សលោកអាចយកឈ្នះអំពើកំណាចអាក្រក់ទាំងអស់នេះ ដើម្បីឲ្យផែនដីប្រែក្លាយជាលំនៅស្ថានដ៏ប្រណីតប្រកបដោយសុវត្ថិភាពទេ? ឬតើការប្រឹងប្រែងនោះប្រៀបដូចជាយកជើងរាទឹកទៅវិញ? សាស្ដ្រាចារ្យម្នាក់បានស្រាវជ្រាវច្រើនអំពីអំពើអាក្រក់យង់ឃ្នងដែលមានក្នុងពិភពលោកនេះ ហើយគាត់មានប្រសាសន៍ថា៖ «យូរយារមកហើយខ្ញុំប្រាថ្នាចង់ជួយកែប្រែពិភពលោកនេះឲ្យមានស្ថានភាពកាន់តែប្រសើរឡើង។ ប៉ុន្តែ មិនឃើញថាមានអ្វីល្អប្រសើរឡើងសោះ!»។ លោកអ្នកប្រហែលជាមានអារម្មណ៍ដូចគាត់ដែរ។
ស្ថានភាពក្នុងពិភពលោកនេះឈានទៅរកអនាគតដែលកាន់តែអាប់អួទៅៗ ប្រៀបដូចជាសំពៅកំពុងឆ្ពោះទៅសមុទ្រដែលមានរលកបោកបក់កាន់តែខ្លាំង ហើយអាចបង្កគ្រោះថ្នាក់ថែមទៀត។ គ្មានអ្នកណាម្នាក់ចង់មានគ្រោះថ្នាក់ឡើយ តែចង់គេចឲ្យផុតពីស្ថានភាពដ៏អាក្រក់នោះក៏មិនបានដែរ។ ដូចសំពៅនោះ ពិភពលោកនេះចេះតែបន្តដំណើរឆ្ពោះទៅរកគ្រោះមហន្តរាយជាដាច់ខាត។
មូលហេតុមួយដែលបណ្ដាលឲ្យស្ថានភាពចេះតែអាប់ឱនទៅៗ គឺដោយសារមនុស្សយើងតែងតែមានទំនោរចិត្តទោរទន់ទៅរកអ្វីដែលគ្មានប្រយោជន៍។ (រ៉ូម ៣:២៣) ទោះជាយ៉ាងណាក៏ដោយ ទំហំនៃអំពើកំណាចអាក្រក់ដែលរីកកាន់តែធំឡើងៗដូចនេះ គឺហួសហេតុពេក មិនសមនឹងលក្ខណៈធម្មតារបស់មនុស្សជាតិទេ។ តើប្រហែលជាមានមេកំណាចមួយរូបកំពុងមានឥទ្ធិពលទៅលើមនុស្សជាតិ ដោយញុះញង់ពួកគេឲ្យប្រព្រឹត្តអំពើដ៏កាចសាហាវទាំងនេះទេ? បើមានមែន តើវាជាអ្នកណា? តើយើងអាចការពារខ្លួនយើងដោយរបៀបណា? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
© Heldur Netocny/Panos Pictures