បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៦ ទំ. ៤-៧
  • ការសម្គាល់ប្រភពអំពើកំណាចអាក្រក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសម្គាល់ប្រភពអំពើកំណាចអាក្រក់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ផែនដី​ពេញ​ទៅ​ដោយ​អំពើ​កំណាច​អាក្រក់
  • មេ​កំណាច​បាន​ត្រូវ​បក​អាក្រាត​ហើយ!
  • ‹ចូរ​រក្សា​ការពារ​ចិត្ត›
  • របៀប​ទប់ទល់​នឹង​ឥទ្ធិពល​កំណាច​អាក្រក់​របស់​សាតាំង
  • ជិត​ដល់​ទីបញ្ចប់!
  • របៀបដែលអំពើល្អនឹងឈ្នះអំពើអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • វិធីទប់ទល់នឹងទេវតាអាក្រក់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៦ ទំ. ៤-៧

ការ​សម្គាល់​ប្រភព​អំពើ​កំណាច​អាក្រក់

នៅ​សតវត្សរ៍​ទី​មួយ ប្រជាជន​យូដា​ភាគ​ច្រើន​បាន​រង់ចាំ​ពេល​ដែល​ព្រះ​មេស្ស៊ី​លេច​មក​តាម​សេចក្ដី​សន្យា​ពី​មុន។ (យ៉ូហាន ៦:​១៤) ពេល​ព្រះ​យេស៊ូ​មាន​វត្តមាន​ក្នុង​ចំណោម​ពួក​គេ លោក​បាន​ផ្ដល់​ចំណេះ​និង​ជួយ​សម្រាល​ទុក្ខ​ពួក​គេ។ ព្រះ​យេស៊ូ​ក៏​បាន​ប្រោស​មនុស្ស​ឈឺ​ឲ្យ​ជា បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន បាន​ប្រោស​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​មាន​អំណាច​លើ​ធម្មជាតិ​ផង។ (ម៉ាថាយ ៨:២៦; ១៤:​១៤​-​២១; ១៥:៣០, ៣១; ម៉ាកុស ៥:៣៨​-​៤៣) ព្រះ​យេស៊ូ​បាន​នាំ​សារ​ពី​ព្រះ​យេហូវ៉ា ហើយ​ផ្ដល់​ហេតុ​ឲ្យ​ពួក​គេ​ជឿ​ថា ពួក​គេ​អាច​មាន​ជីវិត​គ្មាន​ទីបញ្ចប់។ (យ៉ូហាន ៣:៣៤) អ្វី​ដែល​ព្រះ​យេស៊ូ​ធ្វើ​និង​និយាយ​នោះ បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​ជា​ព្រះ​មេស្ស៊ី​ដែល​នឹង​រំដោះ​មនុស្ស​ឲ្យ​ផុត​ពី​ទំនោរ​ចិត្ត​មិន​ល្អ និង​រួច​ពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​ទោរ​ទន់​ទៅ​រក​អំពើ​ដែល​ប្រាស​ចាក​សីលធម៌។

ដោយសារ​ពួក​យូដា​បាន​រង់ចាំ​ព្រះ​មេស្ស៊ី​នា​សម័យ​នោះ គប្បី​ឲ្យ​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​ទទួល​ស្វាគមន៍​ព្រះ​យេស៊ូ ព្រម​ទាំង​ស្ដាប់​តាម​ការ​ណែនាំ​របស់​លោក​ដោយ​អំណរ។ ប៉ុន្តែ ពួក​គេ​មិន​មាន​ទស្សនៈ​ដូច​នោះ​សោះ! ផ្ទុយ​ទៅ​វិញ ពួក​គេ​ស្អប់​និង​បៀតបៀន​ព្រះ​យេស៊ូ ហើយ​ក៏​មាន​ផែនការ​សម្លាប់​លោក​ផង!—ម៉ាកុស ១៤:១; ១៥:១​-​៣, ១០​-​១៥

អាស្រ័យ​ហេតុ​នោះ ព្រះ​យេស៊ូ​មាន​សិទ្ធិ​ផ្ដន្ទា​ទោស​ពួក​គេ។ (ម៉ាថាយ ២៣:៣៣​-​៣៥) ប៉ុន្តែ ព្រះ​យេស៊ូ​ទទួល​ស្គាល់​ថា មាន​មេ​កំណាច​មួយ​រូប​នៅ​ពី​ក្រោយ​ខ្នង​អ្នក​ទាំង​នោះ ដែល​បណ្ដាល​ឲ្យ​គេ​ចង់​តែ​ធ្វើ​អាក្រក់។ ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ដឹក​នាំ​សាសនា​យូដា​ថា​៖ «អ្នក​រាល់​គ្នា​មាន​អារក្ស​សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា​ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក។ វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត​ព្រោះ​គ្មាន​សេចក្ដី​ពិត​នៅ​ក្នុង​វា​ទេ។ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្ដី​នោះ​ឯង»។ (យ៉ូហាន ៨:​៤៤) ព្រះ​យេស៊ូ​ទទួល​ស្គាល់​ថា មនុស្ស​ជួន​កាល​ធ្វើ​អំពើ​កំណាច​អាក្រក់​មែន ប៉ុន្តែ​ពាក្យ​ទាំង​នេះ​របស់​លោក​ក៏​បក​អាក្រាត​នូវ​ប្រភព​នៃ​អំពើ​សាហាវ​យង់ឃ្នង ពោល​គឺ អារក្ស​សាតាំង។

ពេល​ព្រះ​យេស៊ូ​មាន​ប្រសាសន៍​ថា «វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្ដី​ពិត» នេះ​បង្ហាញ​ថា​អារក្ស​សាតាំង​ជា​ទេវតា​មួយ​រូប​ដែល​ធ្លាប់​ស្ថិត​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា តែ​វា​មិន​បាន​ស្មោះ​ត្រង់​រហូត​ទេ។ ហេតុ​អ្វី​ក៏​វា​បែរ​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា? គឺ​ដោយសារ​វា​ឲ្យ​តម្លៃ​ខ្លួន​ហួស​ហេតុ​ពេក ដល់​ម្ល៉េះ​បាន​ជា​វា​ចង់​ឲ្យ​មនុស្ស​គោរព​ថ្វាយ​បង្គំ​វា។ ប៉ុន្តែ​តាម​ពិត មនុស្ស​គួរ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​មួយ​ប៉ុណ្ណោះ។a—ម៉ាថាយ ៤:៨, ៩

បំណង​ចិត្ត​បះបោរ​របស់​សាតាំង​បាន​ស​ឲ្យ​ឃើញ​ច្បាស់​នៅ​ក្នុង​សួនច្បារ​អេដែន ពេល​វា​បាន​បំភាន់​នាង​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ឈើ​ដែល​ព្រះ​យេហូវ៉ា​ហាម។ ពេល​សាតាំង​និយាយ​កុហក​ជា​លើក​ទី​មួយ ព្រម​ទាំង​និយាយ​បង្កាច់​បង្ខូច​ព្រះ​យេហូវ៉ា ពេល​នោះ​វា​បាន​ក្លាយ​ជា​«ឪពុក»​ឬ​មេ​ផ្ដើម​នៃ​«ពាក្យ​ភូតភរ»។ ម្យ៉ាង​ទៀត ពេល​សាតាំង​ញុះញង់​អ័ដាម​និង​អេវ៉ា​ឲ្យ​ធ្វើ​ខុស​ច្បាប់​ព្រះ នោះ​ទំនោរ​ចិត្ត​អាក្រក់​ដែល​គម្ពីរ​ហៅ​ថា​បាប មាន​អំណាច​លើ​ពួក​គេ ហើយ​បណ្ដាល​ឲ្យ​ពួក​គេ​និង​កូន​ចៅ​ជំនាន់​ក្រោយ​ស្លាប់​ដែរ។ គឺ​តាម​របៀប​នេះ​ហើយ​ដែល​សាតាំង​បាន​ក្លាយ​ខ្លួន​ជា​«អ្នក​សំឡាប់​គេ» ដូច្នេះ​វា​ជា​ឃាតករ​សាហាវ​ជាង​គេ​ក្នុង​ប្រវត្ដិសាស្ត្រ​ពិភព​លោក!—លោកុប្បត្តិ ៣:១​-​៦; រ៉ូម ៥:១២

សាតាំង​ក៏​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ទេវតា​ឯ​ទៀត​នៅ​ស្ថានសួគ៌​ដែរ ដោយ​បញ្ចុះបញ្ចូល​ពួក​គេ​ឲ្យ​ចូល​ដៃ​ក្នុង​ការ​បះបោរ​ជា​មួយ​នឹង​វា។ (ពេត្រុសទី២ ២:៤) ជា​លទ្ធផល ទេវតា​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ចម្លែក​ចំពោះ​មនុស្ស​ជាតិ គឺ​អារម្មណ៍​ស្រើបស្រាល​ចំពោះ​ស្រីៗ។ ចិត្ត​គំនិត​បែប​នោះ​គឺ​ប្រាស​ចាក​ពី​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​ទេវតា ហើយ​ទង្វើ​របស់​ពួក​វា ក្រោយៗ​មក​នាំ​ឲ្យ​មាន​អំពើ​សាហាវ​កំណាច​អាក្រក់​នៅ​ផែនដី។

ផែនដី​ពេញ​ទៅ​ដោយ​អំពើ​កំណាច​អាក្រក់

គម្ពីរ​ព្រះ​រៀប​រាប់​ថា​៖ «កាល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន . . . ហើយ​បង្កើត​បាន​កូន​ស្រីៗ នោះ​ពួក​កូន​ប្រុស​របស់​ព្រះ​គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ»។ (លោកុប្បត្តិ ៦:១, ២) តើ​«ពួក​កូន​ប្រុស​របស់​ព្រះ»​សំដៅ​ទៅ​លើ​អ្នក​ណា? កូន​ព្រះ​នោះ​ជា​ពួក​ទេវតា មិន​មែន​មនុស្ស​ទេ។ (យ៉ូប ១:​៦; ២:១) ហេតុ​អ្វី​ក៏​យើង​សន្និដ្ឋាន​ដូច្នេះ​បាន? មូលហេតុ​មួយ មនុស្ស​ប្រុស​ស្រី​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​ប្រមាណ​១.៥០០​ឆ្នាំ​ហើយ ដូច្នេះ​មិន​ជា​ការ​ចម្លែក​អ្វី​ឡើយ។ ប៉ុន្តែ ពេល​គម្ពីរ​ព្រះ​សំដៅ​ទៅ​លើ​«ពួក​កូន​ប្រុស​របស់​ព្រះ»​ដែល​កំពុង​រួម​ភេទ​ជា​មួយ​«កូន​ស្រី​របស់​មនុស្ស» នេះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន ហើយ​ជា​អ្វី​ដែល​ខុស​ពី​ធម្មតា​វិញ។

ពេល​ស្ត្រី​ទាំង​នោះ​បាន​បង្កើត​កូន​មក កូន​ទាំង​នោះ​មាន​រូប​សម្បត្ដិ​ដែល​បង្ហាញ​ថា ការ​រួម​ភេទ​រវាង​ទេវតា​និង​មនុស្ស​ពិត​ជា​ខុស​ច្បាប់​ធម្មជាតិ​មែន។ កូន​ទាំង​នោះ​មាន​មាឌ​ធំៗ ហើយ​មាន​លក្ខណៈ​កាច​សាហាវ​ផង​ដែរ។ តាម​ពិត ពាក្យ​ភាសា​ដើម​ដែល​បកប្រែ​ថា «មនុស្ស​រូប​ធំ​សំបើម»​នោះ មាន​ន័យ​ចំៗ​ថា «អ្នក​ផ្ដួល» ដោយសារ​ពួក​គេ​«ធ្វើ​ឲ្យ​អ្នក​ដទៃ​ដួល»។ មនុស្ស​មាឌ​ធំ​ដ៏​សាហាវ​ទាំង​នោះ បាន​ត្រូវ​ពណ៌នា​ថា ជា​«មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពីដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ»។—លោកុប្បត្តិ ៦:៤

កូន​មាឌ​ធំៗ​និង​ឪពុក​របស់​វា​បាន​ធ្វើ​អំពើ​អាក្រក់​យង់ឃ្នង​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទេ។ គម្ពីរ​ព្រះ​ចែង​ថា​៖ «មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិល​ខូច​អស់ ហើយ​ពោរ​ពេញ​ដោយ​អំពើ​ឃោរឃៅ​ទៀត​ផង»។ (កំណើត​ពិភព​លោក [លោកុប្បត្តិ] ៦:១១, ខ.ស.) គឺ​ច្បាស់​ហើយ​ថា មនុស្ស​សម័យ​នោះ​បាន​យក​តម្រាប់​តាម​គំរូ​កំណាច​អាក្រក់​របស់​ទេវតា​ដែល​ចុះ​មក​ក្នុង​ចំណោម​ពួក​គេ។

តើ​កូន​មាឌ​ធំៗ​និង​ឪពុក​របស់​វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​មនុស្ស​ជាតិ​ដោយ​របៀប​ណា? គឺ​ដោយ​ញុះញង់​មនុស្ស​ឲ្យ​ចុះ​ញ៉ម​នឹង​ទំនោរ​ចិត្ត​មិន​ល្អ​និង​ក្ដី​ប្រាថ្នា​អាក្រក់​របស់​ខ្លួន។ តើ​មាន​លទ្ធផល​អ្វី? «គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី»។ នៅ​ទីបំផុត ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​ផែនដី​ទាំង​មូល ដើម្បី​បំផ្លាញ​មនុស្ស​នា​សម័យ​នោះ​អស់ លើក​លែង​តែ​បុរស​សុចរិត​ម្នាក់​ឈ្មោះ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់។ (លោកុប្បត្តិ ៦:៥, ១២​-​២២) នៅ​គ្រា​នោះ ពួក​ទេវតា​ដែល​បាន​រស់​ជា​មនុស្ស​នៅ​ផែនដី ត្រូវ​ត្រឡប់​ទៅ​ស្ថានសួគ៌​ដោយ​អាម៉ាស់​ខ្មាស។ យ៉ាង​ណា​ក៏​ដោយ ពួក​វា​នៅ​តែ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ព្រម​ទាំង​ទេវតា​ស្មោះ​ត្រង់​របស់​លោក ដែល​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ​សុចរិត​មួយ។ តាម​មើល​ទៅ ចាប់​ពី​គ្រា​នោះ​មក​ម្ល៉េះ ដែល​ព្រះ​យេហូវ៉ា​ដាក់​កំហិត​ទៅ​លើ​ទេវតា​អាក្រក់​ទាំង​ឡាយ ដើម្បី​កុំ​ឲ្យ​ពួក​វា​យក​រូប​រាង​ដូច​មនុស្ស​ទៀត។ (យូដាស ៦) យ៉ាង​ណា​ក្ដី ទេវតា​បះបោរ​ទាំង​នោះ​នៅ​តែ​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ទៅ​លើ​មនុស្ស​ជាតិ។

មេ​កំណាច​បាន​ត្រូវ​បក​អាក្រាត​ហើយ!

គម្ពីរ​ព្រះ​ជួយ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​ទំហំ​នៃ​ឥទ្ធិពល​អាក្រក់​របស់​សាតាំង ដោយ​ចែង​ថា​៖ ‹មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​មារ​កំណាច›។ (យ៉ូហានទី១ ៥:១៩, ខ.ស.) វា​កំពុង​ដឹក​នាំ​មនុស្ស​ក្នុង​ពិភពលោក​នេះ​ឲ្យ​រង​ទុក្ខ​វេទនា​កាន់​តែ​ខ្លាំង​ទៅៗ។ តាម​ការ​ពិត វា​មាន​បំណង​ធ្វើ​ទុក្ខ​ដល់​មនុស្ស​លោក​ជាង​មុនៗ​ទៅ​ទៀត។ ហេតុ​អ្វី? ពីព្រោះ​សាតាំង​ជា​មួយ​នឹង​ទេវតា​អាក្រក់​របស់​វា​បាន​ត្រូវ​បោះ​ចេញ​ពី​ស្ថានសួគ៌​នៅ​ឆ្នាំ​១៩១៤ ពេល​ព្រះ​បាន​ស្ថាបនា​រាជាណាចក្រ​របស់​លោក​នៅ​ទី​នោះ។ ទំនាយ​ក្នុង​គម្ពីរ​ព្រះ​បាន​បញ្ជាក់​ពី​ព្រឹត្ដិការណ៍​ទាំង​នោះ​ដោយ​ចែង​ថា​៖ «វេទនា​ដល់​ផែនដី . . . ពីព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​សេចក្ដី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា​ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:៧​-​១២) បើ​ដូច្នេះ តើ​សាតាំង​ប្រើ​វិធី​ណា​ខ្លះ​ដើម្បី​មាន​អានុភាព​ទៅ​លើ​មនុស្ស​ជាតិ​សព្វ​ថ្ងៃ​នេះ?

វិធី​សំខាន់​ចម្បង​របស់​សាតាំង គឺ​ដោយ​បណ្ដុះ​បណ្ដាល​មនុស្ស​ឲ្យ​មាន​គំនិត​និង​ការ​ប្រព្រឹត្ត​ស្រប​ទៅ​តាម​ទស្សនៈ​របស់​វា។ ហេតុ​នេះ​ហើយ​បាន​ជា​សៀវភៅ​អេភេសូរ ២:២ រៀប​រាប់​អំពី​សាតាំង​ថា ជា​«មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ​[ឬ​ទស្សនៈ​និយម] ដែល​សព្វ​ថ្ងៃ​នេះ​បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស»។ អានុភាព​របស់​សាតាំង​និង​ទេវតា​អាក្រក់​ទៅ​លើ​មនុស្ស ប្រៀប​ដូច​ជា​ខ្យល់​«អាកាស»​កខ្វក់​ដែល​បណ្ដាល​ឲ្យ​ពួក​គេ​បះបោរ​នឹង​ព្រះ ហើយ​ប្រឆាំង​នឹង​តម្រូវ​ការ​របស់​លោក ជាជាង​កោត​ខ្លាច​ព្រះ​និង​ធ្វើ​អំពើ​ល្អ​វិញ។ យ៉ាង​នេះ ពួក​វា​ញុះញង់​មនុស្ស​ឲ្យ​ធ្វើ​អំពើ​សាហាវ​កំណាច​កាន់​តែ​អាក្រក់​ទៅៗ។

‹ចូរ​រក្សា​ការពារ​ចិត្ត›

រូប​អាសអាភាស​ដែល​មាន​សម្បូរ​ហូរ​ហៀរ​សព្វ​ថ្ងៃ​នេះ ប្រៀប​ដូច​ជា​ខ្យល់​«អាកាស»​កខ្វក់​ម្យ៉ាង។ រូបភាព​បែប​នោះ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រើបស្រាល​ខុស​សីលធម៌ ហើយ​ក៏​ផ្សាយ​ទស្សនៈ​ថា ការ​ប្រព្រឹត្ត​ដែល​ប្រាស​ចាក​សីលធម៌​មិន​ជា​ការ​អាក្រក់​ណាស់​ណា​ទេ។ (ថែស្សាឡូនីចទី១ ៤:៣​-​៥) រូប​អាសអាភាស​ខ្លះ​ក៏​រួម​បញ្ចូល​ការ​រួម​ភេទ​មាន​គ្នា​ច្រើន​ហៅ​ថា​បូក ការ​ចាប់​រំលោភ អំពើ​ហិង្សា ការ​រួម​សង្វាស​នឹង​សត្វ​ហើយ​ការ​រំលោភ​កូន​ក្មេង​ជា​ដើម។ សូម្បី​តែ​រូប​អាសអាភាស​ដែល​មិន​អាក្រក់​ដល់​កម្រិត​នោះ​ក្ដី ក៏​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ធ្វើ​ឲ្យ​អ្នក​មើល​ជក់​ស្លុង​ចង់​មើល​រហូត ទាំង​ឈ្លក់​ចិត្ត​ផង។b មនុស្ស​ដែល​មើល​រូប​អាសអាភាស​បង្ខូច​ចំណង​មិត្តភាព​របស់​ខ្លួន​ជា​មួយ​នឹង​ព្រះ ហើយ​ក៏​មិន​សូវ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​ដទៃ​ដែរ។ រូប​អាសអាភាស​ស​ឲ្យ​ឃើញ​ច្បាស់​នូវ​គំនិត​អាប់អួ​របស់​ពួក​ទេវតា​អាក្រក់ ដែល​ផ្សាយ​គំនិត​ថោកទាប​របស់​វា​ស្រប​ទៅ​តាម​តណ្ហា​ក្រាស់​ដែល​ពួក​វា​មាន​តាំង​ពី​ដើម​មក គឺ​មុន​ទឹក​ជំនន់​នៅ​សម័យ​លោក​ណូអេ​ម្ល៉េះ។

យើង​ឃើញ​ថា​មាន​មូលហេតុ​ល្អ​ឲ្យ​ស្តេច​សាឡូម៉ូន ដែល​ជា​អ្នកប្រាជ្ញ​ព្រមាន​ថា​៖ «ចូរ​រក្សា​[ការពារ]​ចិត្ត​ដោយ​អស់​ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត​សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក»។ (សុភាសិត ៤:២៣) នេះ​បាន​ន័យ​ថា បើ​យើង​ចង់​ការពារ​ចិត្ត​របស់​ខ្លួន​ពី​គ្រោះថ្នាក់​ដែល​មក​ពី​ការ​មើល​រូប​អាសអាភាស ជួន​កាល​យើង​ប្រហែល​ជា​ត្រូវ​ដូរ​ប៉ុស្តិ៍​ទូរទស្សន៍​ឬ​បិទ​កុំព្យូទ័រ បើ​មាន​រូប​អាក្រក់​ចេញ​មក​ដោយ​ឯក​ឯង​ពេល​យើង​ប្រើ​អ៊ីនធឺណិត។ បើ​មាន​មែន យើង​ត្រូវ​តែ​បិទ​ភ្លាម កុំ​ស្ទាក់ស្ទើរ​ឲ្យ​សោះ! ដោយ​ហេតុ​ថា​សាតាំង​ចង់​មាន​អានុភាព​ទៅ​លើ​ចិត្ត​របស់​យើង ដើម្បី​ឲ្យ​យើង​មាន​បំណង​ចិត្ត​និង​ក្ដី​ប្រាថ្នា​អាក្រក់។ ដូច្នេះ​សូម​ប្រដូច​កាលៈទេសៈ​របស់​អ្នក​ផ្ទាល់​ទៅ​នឹង​ទាហាន​ដែល​ខំ​ការពារ​ខ្លួន​ដើម្បី​កុំ​ឲ្យ​គេ​បាញ់​ចំ​ដើម​ទ្រូង។

យើង​ក៏​ត្រូវ​ការពារ​ចិត្ត​កុំ​ឲ្យ​ស្រឡាញ់​អំពើ​ឃោរឃៅ​ដែរ ពីព្រោះ​សាតាំង​ដឹង​ថា ព្រះ​យេហូវ៉ា‹ស្អប់​ពួក​អ្នក​ដែល​ចូល​ចិត្ត​សេចក្ដី​ច្រឡោត›និង​«អំពើ​ឃោរឃៅ»។ (ទំនុកដំកើង ១១:៥; ខ.ស.) សាតាំង​មិន​ចាំបាច់​ញុះញង់​យើង​ឲ្យ​កាប់​សម្លាប់​អ្នក​ដទៃ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈប់​ស្រឡាញ់​យើង​ទេ តែ​បើ​វា​គ្រាន់​តែ​បណ្ដុះ​បណ្ដាល​ឲ្យ​យើង​ចូល​ចិត្ត​អំពើ​ឃោរឃៅ​ប៉ុណ្ណោះ នោះ​គ្រប់គ្រាន់​ហើយ។ កម្មវិធី​ទូរទស្សន៍ ភាពយន្ត បទ​ចម្រៀង សៀវភៅ​និង​ទស្សនាវដ្ដី​ផ្សេងៗ​ពេញ​ទៅ​ដោយ​រឿង​ឃោរឃៅ​រួម​ជា​មួយ​រឿង​មន្តអាគម​ផង។ នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ទោះ​ជា​មនុស្ស​មាឌ​ធំៗ​ដែល​ជា​កូន​ចៅ​របស់​ទេវតា​បះបោរ​នោះ​បាន​ស្លាប់​បាត់​អស់​ក្ដី មនុស្ស​សព្វ​ថ្ងៃ​នេះ​ក៏​នៅ​តែ​មាន​ចិត្ត​គំនិត​និង​អាកប្បកិរិយា​ដូច​វា​នៅ​ឡើយ! តើ​ជម្រើស​ការ​កម្សាន្ត​របស់​លោក​អ្នក​បង្ហាញ​ថា​អ្នក​កំពុង​ទប់ទល់​នឹង​កលល្បិច​របស់​សាតាំង​ទេ?—កូរិនថូស​ទី២ ២:១១

របៀប​ទប់ទល់​នឹង​ឥទ្ធិពល​កំណាច​អាក្រក់​របស់​សាតាំង

ជួន​កាល មើល​ទៅ​ហាក់​ដូច​ជា​យើង​គ្មាន​លទ្ធភាព​យក​ឈ្នះ​លើ​ពួក​អ្នក​ដែល​ជះ​ឥទ្ធិពល​កំណាច​អាក្រក់​លើ​ពិភពលោក​នេះ​ទេ។ ប៉ុន្តែ គម្ពីរ​ព្រះ​បញ្ជាក់​ថា អស់​អ្នក​ដែល​ចង់​ធ្វើ​តាម​បំណង​ចិត្ត​ព្រះ​យេហូវ៉ា​ត្រូវ​តែ​«តយុទ្ធ . . . ទាស់​នឹង​អំណាច​អាក្រក់»​ដែល​មក​ពី​ទេវតា​បះបោរ​ទាំង​នោះ ព្រម​ទាំង​ទប់ទល់​នឹង​ទំនោរ​ចិត្ត​មិន​ល្អ​របស់​ខ្លួន​ដែរ។ ប្រសិន​បើ​យើង​ចង់​យក​ឈ្នះ​ឥទ្ធិពល​អាក្រក់ ហើយ​ចង់​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​មែន យើង​ត្រូវ​តែ​ឆ្លៀត​យក​ប្រយោជន៍​ពី​ជំនួយ​ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង។—អេភេសូរ ៦:១២; រ៉ូម ៧:២១​-​២៥

សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា​ជា​ថាមពល​ខ្លាំង​ក្លា​បំផុត​ក្នុង​សកលលោក​នេះ ដែល​អាច​ជួយ​យើង​បាន។ នៅ​សតវត្សរ៍​ទី​មួយ សាវ័ក​ប៉ុល​បាន​សរសេរ​ចំពោះ​ពួក​គ្រិស្ត​សា​សនិក​ថា​៖ ‹យើង​មិន​បាន​ទទួល​វិញ្ញាណ​[ឬ​ចិត្ត​គំនិត]​របស់​ពិភពលោក​នេះ​ទេ តែ​បាន​ទទួល​វិញ្ញាណ​[ឬ​សកម្ម​ពល]​ដែល​មក​ពី​ព្រះ​វិញ›។ (កូរិនថូសទី១ ២:១២) ពេល​មនុស្ស​អនុញ្ញាត​ឲ្យ​សកម្ម​ពល​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ជីវិត​ខ្លួន នោះ​ពួក​គេ​ចាប់​ផ្ដើម​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ហើយ​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (អេម៉ុស ៥:១៥) តើ​យើង​អាច​ទទួល​សកម្ម​ពល​របស់​ព្រះ​ដោយ​របៀប​ណា? វិធី​សំខាន់ៗ គឺ​ដោយ​អធិស្ឋាន​សូម​សកម្ម​ពល​របស់​ព្រះ ព្រម​ទាំង​សិក្សា​គម្ពីរ​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ​ក្រោម​ឥទ្ធិពល​នៃ​សកម្ម​ពល​នោះ ហើយ​ដោយ​សេពគប់​ជា​មួយ​មនុស្ស​ល្អៗ​ដែល​ពិត​ជា​ស្រឡាញ់​ព្រះ។—លូកា ១១:១៣; ធីម៉ូថេទី២ ៣:​១៦; ហេព្រើរ ១០:២៤, ២៥

បើ​យើង​ឆ្លៀត​យក​ប្រយោជន៍​ពី​ជំនួយ​ដែល​មក​ពី​ព្រះ នោះ​គឺ​ហាក់​ដូច​ជា​យើង​ចាប់​ផ្ដើម​ពាក់​អ្វី​ដែល​គម្ពីរ​ហៅ​ថា «គ្រឿង​សឹក​របស់​ព្រះ»។ មាន​តែ​គ្រឿង​សឹក​នោះ​ប៉ុណ្ណោះ​ដែល​អាច​ការពារ​យើង​ពី​«ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស»។ (អេភេសូរ ៦:១១​-​១៨) គឺ​ចាំបាច់​ណាស់​ជាង​មុនៗ​ទៅ​ទៀត​ឲ្យ​យើង​ចាត់​វិធានការ​ដោយ​ប្រើ​ជំនួយ​ទាំង​នេះ។ ហេតុ​អ្វី?

ជិត​ដល់​ទីបញ្ចប់!

អ្នក​តែង​បទ​ទំនុកដំកើង​បាន​ពោល​ថា​៖ «វេលា​ណា​ដែល​មនុស្ស​អាក្រក់​ដុះដាល​ឡើង​ដូច​ជា​ស្មៅ ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​លូត​លាស់​ឡើង នោះ​គឺ​សំរាប់​តែ​ឲ្យ​គេ​ត្រូវ​វិនាស​ទៅ​អស់កល្ប​ជានិច្ច​ប៉ុណ្ណោះ»។ (ទំនុកដំកើង ៩២:៧) ត្រូវ​មែន ការ​ដុះដាល​ឡើង​នៃ​អំពើ​កំណាច​អាក្រក់​នៅ​សព្វ​ថ្ងៃ​នេះ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅ​នឹង​ព្រឹត្ដិការណ៍​នៅ​សម័យ​លោក​ណូអេ។ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា បន្ដិច​ទៀត​ព្រះ​យេហូវ៉ា​នឹង​ជំនុំ​ជម្រះ​មនុស្ស​អាក្រក់ ព្រម​ទាំង​ឃុំ​ទុក​សាតាំង​និង​ទេវតា​កំណាច​របស់​វា មិន​ឲ្យ​ពួក​វា​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​អស់​មួយ​រយៈ។ ក្រោយ​មក ពួក​វា​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ (ធីម៉ូថេទី២ ៣:១​-​៥; វិវរណៈ ២០:១​-​៣, ៧​-​១០) តើ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​កិច្ចការ​នេះ​ឲ្យ​អ្នក​ណា? ព្រះ​យេហូវ៉ា​នឹង​ចាត់​ព្រះ​យេស៊ូ​គ្រិស្ត​ឲ្យ​ធ្វើ​ការ​នោះ ពីព្រោះ​គម្ពីរ​ព្រះ​រៀប​រាប់​ថា​៖ ‹ហេតុ​នោះ​បាន​ជា​បុត្រ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ›។—យ៉ូហាន​ទី១ ៣:៨

តើ​លោក​អ្នក​ប្រាថ្នា​ចង់​ឃើញ​ទីបញ្ចប់​របស់​ពួក​កំណាច​អាក្រក់​ទេ? បើ​ចង់​មែន សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ព្រះ​ពិត​ជា​អាច​សម្រាល​ទុក្ខ​លោក​អ្នក​បាន។ គ្មាន​សៀវភៅ​ណា​ទៀត​ដែល​ជួយ​សម្គាល់​ប្រភព​នៃ​អំពើ​កំណាច​អាក្រក់ ពោល​គឺ សាតាំង។ ហើយ​ក៏​គ្មាន​សៀវភៅ​ណា​ទៀត​ដែល​ពន្យល់​អំពី​ទីបញ្ចប់​របស់​វា និង​ទីបញ្ចប់​នៃ​អំពើ​សាហាវ​យង់ឃ្នង​របស់​វា​ដែរ។ យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ទទួល​ចំណេះ​ថែម​ទៀត​ពី​គម្ពីរ​ព្រះ ដើម្បី​ការពារ​ខ្លួន​ពី​ឥទ្ធិពល​អាក្រក់​របស់​សាតាំង​នៅ​ពេល​ឥឡូវ​នេះ។ ចំណេះ​នោះ​ក៏​នាំ​ឲ្យ​លោក​អ្នក​មាន​សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​ចំពោះ​ជីវិត​ក្នុង​ពិភព​លោក​ថ្មី ដែល​គ្មាន​អំពើ​កំណាច​អាក្រក់​ទៀត​ឡើយ។—ទំនុកដំកើង ៣៧:៩, ១០

[កំណត់​សម្គាល់]

a រីឯ​ទេវតា​អាក្រក់​ឈ្មោះ​សាតាំង​នោះ យើង​មិន​ដឹង​ថា​ពី​ដើម​វា​មាន​ឈ្មោះ​អ្វី​ទេ។ ប៉ុន្តែ ឈ្មោះ​«សាតាំង» ភាសា​ដើម​មាន​ន័យ​ថា «អ្នក​ប្រឆាំង» ហើយ​ឈ្មោះ​«អារក្ស» ភាសា​ដើម​មាន​ន័យ​ថា «អ្នក​និយាយ​បង្កាច់​បង្ខូច»។ ការ​ប្រព្រឹត្ត​របស់​សាតាំង​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ទង្វើ​របស់​ស្តេច​ពី​បុរាណ​នៅ​ទី​ក្រុង​ទី​រ៉ុស។ (អេសេគាល ២៨:១២​-​១៩) ដំបូង ស្តេច​នោះ​មាន​លក្ខណៈ​ល្អ តែ​ក្រោយ​មក​ក៏​បាន​ចុះ​ចាញ់​នឹង​អំណួត​របស់​ខ្លួន​ដូច​សាតាំង​ដែរ។

b មាន​ព័ត៌មាន​បន្ថែម​អំពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​មើល​រូប​អាសអាភាស ក្នុង​ទស្សនាវដ្ដី​ភ្ញាក់រឭក! (Awake!) ជា​ភាសា​អង់គ្លេស ចុះ​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០០៣ មាន​ចំណង​ជើង​ថា “Pornography—Harmless or Harmful?” បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៦]

ការ​ពិត​ក្នុង​រឿង​និទាន

សាសន៍​នានា​ទូទាំង​ពិភពលោក​មាន​រឿង​ព្រេង​ពី​បុរាណ ដែល​និទាន​អំពី​មនុស្ស​ដែល​មាន​ឥទ្ធិឫទ្ធិ​ដូច​ទេវតា យក្ស​មាឌ​ធំ​និង​ទឹក​ជំនន់​ដែល​ជន់​លិច​ផែនដី​អស់​រលីង។ ជា​ឧទាហរណ៍ រឿង​និទាន​របស់​សាសន៍​អាកាឌ​អំពី​ស្តេច​គាលកាមែស​ក៏​រៀប​រាប់​អំពី​ទឹក​ជំនន់​និង​អ្នក​ដែល​បាន​រួច​ខ្លួន​ដោយ​ជិះ​ទូក​ធំ។ រឿង​នោះ​ពិពណ៌នា​អំពី​ស្តេច​គាលកាមែស​ជា​មនុស្ស​មាន​ឥទ្ធិឫទ្ធិ​ដូច​ទេវតា ដែល​សាហាវ​ឃោរឃៅ​ហើយ​មាន​តណ្ហា​ក្រាស់។ រឿង​ព្រេង​របស់​សាសន៍​អាស្ទិច (នៅ​ទ្វីប​អាម៉េរិក) រៀប​រាប់​ពី​ពិភពលោក​សម័យ​បុរាណ​ដែល​សុទ្ធតែ​ជា​មនុស្ស​យក្ស ហើយ​ក៏​សំដៅ​ទៅ​លើ​ទឹក​ជំនន់​ធំ​ដែរ។ រឿង​និទាន​របស់​ពួក​អឺរ៉ុប​ប៉ែក​ខាង​ជើង​ក៏​រៀប​រាប់​ពី​មនុស្ស​សាសន៍​មួយ​ដែល​ជា​ពួក​យក្ស។ រឿង​នោះ​ក៏​ប្រាប់​អំពី​មនុស្ស​ប្រាជ្ញ​ម្នាក់​ឈ្មោះ​បឺហ្គិលមា ដែល​បាន​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​ខ្លួន​គាត់​និង​ភរិយា​របស់​គាត់​ផង។ ពេល​ពិនិត្យ​មើល​រឿង​និទាន​ទាំង​នោះ យើង​ឃើញ​ថា​មាន​ចំណុច​ប្រហាក់​ប្រហែល​គ្នា ហើយ​នេះ​គាំទ្រ​អ្វី​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ព្រះ។ គម្ពីរ​នោះ​ពណ៌នា​ថា មនុស្ស​លោក​សព្វ​ថ្ងៃ​នេះ​សុទ្ធតែ​ជា​កូន​ចៅ​របស់​មនុស្ស​មួយ​ចំនួន ដែល​បាន​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​ធំ​ដែល​ជន់​លិច​ផែនដី​ទាំង​មូល ហើយ​បំផ្លាញ​មនុស្ស​អាក្រក់​នា​សម័យ​នោះ។

រូបភាព]

សិលាចារឹក​ដែល​មាន​រឿង​និទាន​អំពី​ស្តេច​គាលកាមែស

[អ្នក​ផ្ដល់​សិទ្ធិ]

The University Museum, University of Pennsylvania (neg. # 22065)

[រូបភាព​នៅ​ទំព័រ​៥]

មនុស្ស​សព្វ​ថ្ងៃ​នេះ​នៅ​តែ​មាន​អាកប្បកិរិយា​ដូច​កូន​ចៅ​របស់​ទេវតា​បះបោរ​ពី​បុរាណ

[រូបភាព​នៅ​ទំព័រ​៧]

ចំណេះ​ពី​គម្ពីរ​ព្រះ​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ឥទ្ធិពល​កំណាច​អាក្រក់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក