សត្វនានាបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើត
‹ព្រះអង្គអោយយើងមានចំណេះជាងសត្វដែលរស់នៅលើដី ព្រះអង្គប្រទានអោយយើងមានប្រាជ្ញាជាងបក្សាបក្សីដែលហើរនៅលើមេឃ›។—យ៉ូប ៣៥:១១, ខ.ស.
បក្សាបក្សីជាពពួកសត្វដ៏អស្ចារ្យណាស់! សូម្បីតែវិស្វករផ្នែកផលិតយន្តហោះក៏មានចិត្តកោតស្ងើចចំពោះសមត្ថភាពហោះហើររបស់ពពួកបក្សាបក្សីដែរ។ ទោះជាគ្មានទីសម្គាល់សម្រាប់នាំផ្លូវក៏ដោយ ប្រភេទបក្សាបក្សីខ្លះហើរកាត់មហាសាគររាប់ពាន់គីឡូម៉ែត្រទាំងអត់វង្វេងទិសផង។
បក្សាបក្សីក៏មានសមត្ថភាពអស្ចារ្យមួយទៀតដែលបង្ហាញពីប្រាជ្ញារបស់ព្រះដែលបានបង្កើតរបស់សព្វសារពើ ពោលគឺ សមត្ថភាពហួចហៅគ្នីគ្នា។ សូមមើលឧទាហរណ៍ខ្លះៗដូចតទៅ។
ភាសាសត្វ
សូម្បីតែមុនញាស់ក្ដី ប្រភេទបក្សាបក្សីខ្លះក៏ចេះហៅគ្នាទៅវិញទៅមក។ ជាឧទាហរណ៍ សត្វក្រួចញីពងមួយក្នុងមួយថ្ងៃ ហើយអាចពងរហូតដល់ទៅ៨ថ្ងៃជាបន្តបន្ទាប់។ បើពងទាំង៨លូតលាស់ស្មើគ្នា ពងទាំងនោះនឹងញាស់ម្ដងមួយៗក្នុងរយៈពេល៨ថ្ងៃ។ បើដូច្នេះ ពិបាកណាស់ឲ្យមេចិញ្ចឹមថែទាំកូន ដំណាលគ្នានឹងក្រាបពងដែលអត់ទាន់ញាស់។ ប៉ុន្តែ មិនដែលមានដូចនោះឡើយ។ តាមការពិត ក្នុងរយៈពេលតែ៦ម៉ោង កូនក្រួចទាំង៨ញាស់តែម្ដង។ ម្ដេចក៏អាចញាស់ដំណាលគ្នាកើត? យោងទៅតាមអ្នកស្រាវជ្រាវ មុនញាស់ កូនក្រួចប្រើភាសាសត្វហាក់ដូចជាសន្មតគ្នាដើម្បីចេញមកដំណាលគ្នា។
ក្នុងចំណោមពពួកបក្សាបក្សី តាមធម្មតាពេលធំល្មមហើយ មានតែបក្សាទេដែលពូកែយំ ជាពិសេសដើម្បីវាតទីនិងទាក់ទាញរកគូទៅតាមរដូវរបស់វា។ តាមមើលទៅ គឺហាក់ដូចជាពពួកបក្សាបក្សីដែលមានរាប់ពាន់ប្រភេទនោះមានភាសារបស់ខ្លួន ដែលជួយបក្សីឲ្យសម្គាល់គូប្រភេទដូចគ្នា។
មូលហេតុដែលបក្សាបក្សីច្រើនតែយំនៅពេលថ្ងៃរះនិងថ្ងៃលិច គឺដោយសារពេលនោះមិនសូវមានខ្យល់បក់និងសំឡេងឯទៀតមករំខានទេ។ អ្នកស្រាវជ្រាវបានរកឃើញថា សំឡេងចាបយំនៅពេលព្រឹកនិងល្ងាចអាចឮបានឆ្ងាយជាង គឺដល់ទៅ២០ដងឯណោះ។
ទោះជាបក្សាយំច្រើនជាងបក្សីក្ដី ទាំងពីរពួកក៏អាចបូលហៅគ្នាផងដែរ។ ជាឧទាហរណ៍ មានចាបមួយពួកចេះយំ៩បែប។ ចាបនោះយំមួយបែបសម្រាប់ព្រមានពីអ្វីដែលពាធាពីអាកាស ពីបក្សាបក្សីដែលហើររកចាប់រំពា។ ប៉ុន្តែ ចាបនោះក៏ហួចមួយបែបទៀតសម្រាប់ព្រមានពីអ្វីដែលពាធាពីដីទៅវិញ។
ភាសាមនុស្សវិសេសជាង
សមត្ថភាពផ្សេងៗរបស់បក្សាបក្សីដែលបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើត ពិតជាអស្ចារ្យណាស់! ប៉ុន្តែ មនុស្សពិតជាមានសមត្ថភាពវិសេសជាងទៅទៀត ក្នុងការប្រាស្រ័យទាក់ទងគ្នា។ សៀវភៅយ៉ូប ៣៥:១១ បញ្ជាក់ថា ព្រះបានបង្កើតមនុស្សឲ្យមាន«ប្រាជ្ញាលើសជាងសត្វហើរលើអាកាស»ផង។ មានតែមនុស្សទេដែលមានសមត្ថភាពប្រាប់ពីគំនិតដ៏ជ្រាលជ្រៅរបស់ខ្លួន ដោយបញ្ចេញសំឡេងតាមបំពង់កនិងធ្វើកាយវិការ។
ខុសប្លែកពីកូនសត្វ តាមមើលទៅ កូនក្មេងដែលទើបតែកើតមានសមត្ថភាពដើម្បីរៀនភាសាផ្សេងៗដ៏ស្មុគស្មាញ។ ប្រភពព័ត៌មានតាមបណ្ដាញអ៊ីនធឺណិត (ទស្សនាវដ្ដី American Scientist) ចែងថា៖ «សូម្បីតែពេលដែលមាតាបិតាមិនចេះនិយាយជាមួយកូនក៏ដោយ ក្មេងៗនៅតែមានសមត្ថភាពរៀនភាសានៅឡើយ។ រីឯក្មេងៗដែលថ្លង់ ទោះជាគ្មាននរណាបង្រៀនភាសាគឲ្យគេក្ដី គេក៏អាចចេះធ្វើកាយវិការដោយខ្លួនឯងបានដែរ»។
សមត្ថភាពប្រាប់ពីអារម្មណ៍និងគំនិតរបស់ខ្លួន មិនថាដោយបញ្ចេញសំឡេងឬដោយធ្វើកាយវិការក៏ដោយ អាចចាត់ទុកជាអំណោយដ៏ពិសេសដែលមកពីព្រះដ៏ជាអ្នកបង្កើតរបស់សព្វសារពើ។ ប៉ុន្តែ អំណោយដែលវិសេសជាងនេះទៅទៀត គឺការអធិដ្ឋាន ដែលជាវិធីប្រាស្រ័យទាក់ទងនឹងព្រះ។ តាមការពិត ព្រះយេហូវ៉ាអញ្ជើញយើងឲ្យមានទំនាក់ទំនងជាមួយលោកដែលជាអ្នកបង្កើត។ គម្ពីរបរិសុទ្ធដែលជាបណ្ដាំរបស់ព្រះយេហូវ៉ាចែងថា៖ «កុំឲ្យខ្វល់ខ្វាយអ្វីឡើយ! ចូរទូលដល់ព្រះឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ដោយសេចក្ដីអធិស្ឋាននឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង»។—ភីលីព ៤:៦
ពេលយើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាក ព្រះយេហូវ៉ាចង់ឲ្យយើងពឹងទៅលើការណែនាំជាច្រើនក្នុងគម្ពីរដែលបង្ហាញពីប្រាជ្ញារបស់លោកជាអ្នកបង្កើត។ ព្រះយេហូវ៉ាក៏នឹងជួយយើងឲ្យចេះអនុវត្តតាមយោបល់ដែលមានក្នុងគម្ពីរ។ លោកយ៉ាកុបក៏បានរួមចំណែកក្នុងការសរសេរគម្ពីរដែរ ហើយគាត់បញ្ជាក់ថា៖ ‹បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះដែលប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា›។—យ៉ាកុប ១:៥
មានអារម្មណ៍យ៉ាងណា?
ពេលស្ដាប់ចាបយំ និងឮក្មេងតូចចាប់ចេះនិយាយ តើយើងមានអារម្មណ៍យ៉ាងណា? តើយើងទទួលស្គាល់ថារបស់ទាំងនេះជាទីសំអាងដែលបង្ហាញពីប្រាជ្ញារបស់អ្នកបង្កើតទេ?
ក្រោយលោកដាវីឌពីបុរាណបានរំពឹងគិតអំពីរូបកាយដ៏អស្ចារ្យរបស់ខ្លួន ដែលជាស្នាដៃរបស់អ្នកបង្កើត គាត់មានចិត្តជំរុញឲ្យសរសេរបទទំនុកដំកើងថា៖ ‹ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ។ ឯស្នាដៃនៃព្រះអង្គ ក៏សុទ្ធតែអស្ចារ្យទាំងអស់!›។ (ទំនុកដំកើង ១៣៩:១៤) បើយើងមានចិត្តអបអរចំពោះអ្នកបង្កើត និងពិនិត្យមើលភ័ស្តុតាងក្នុងធម្មជាតិដែលបង្ហាញពីប្រាជ្ញារបស់ព្រះ យើងក៏នឹងមានជំនឿកាន់តែខ្លាំងទៅលើសមត្ថភាពរបស់លោកក្នុងការណែនាំជីវិតយើង។
[ឃ្លាអក្សរធំនៅទំព័រ៥]
ព្រះបានបង្កើតយើងឲ្យមានសមត្ថភាពប្រាស្រ័យទាក់ទងគ្នា