បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w08 ១/១០ ទំ. ៣០-ទំ. ៣២ វ. ១១
  • គោលសំខាន់ៗពីសៀវភៅទីតុស ភីលេម៉ូន និងហេព្រើរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅទីតុស ភីលេម៉ូន និងហេព្រើរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ចូរ​មាន​ជំនឿ​ត្រឹមត្រូវ​ចុះ!
  • (ទីត. ១:១​-​៣:១៥)
  • ចូរ​ដាស់តឿន​«ដោយ​សេចក្ដី​ស្រឡាញ់»​ចុះ!
  • (ភីលេ. ១​-​២៥)
  • ​«ជឿន​ទៅ​មុខ​ដរាប​ដល់​ពេញ​ខ្នាត​ចុះ!»
  • (ហេ. ១:១​-​១៣:២៥)
  • ប៉ុលនៅក្នុងក្រុងរ៉ូម
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • «ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • សេចក្ដីសង្ខេបពីភីលេម៉ូន
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
w08 ១/១០ ទំ. ៣០-ទំ. ៣២ វ. ១១

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ទីតុស ភីលេម៉ូន និង​ហេព្រើរ

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​សាវ័ក​ប៉ុល​បាន​រួច​ខ្លួន​ពី​ការ​ឃុំឃាំង​លើក​ទី​១​នៅ​ទីក្រុង​រ៉ូម​នា​ឆ្នាំ​៦១​គ.ស. គាត់​បាន​ទៅ​កោះក្រេត។ ពេល​សាវ័ក​ប៉ុល​សង្កេត​ឃើញ​ថា​បង​ប្អូន​នៅ​ក្រុម​ជំនុំ​នៅ​កោះក្រេត ត្រូវការ​ជំនួយ​ដើម្បី​ពង្រឹង​ចំណង​មេត្រីភាព​ជាមួយ​ព្រះ​យេហូវ៉ា គាត់​ក៏​សុំ​ទីតុស​ឲ្យ​នៅ​ទី​នោះ។ ក្រោយ​មក សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ទីតុស​ដើម្បី​ណែនាំ​អំពី​ភារកិច្ច​របស់​គាត់ ហើយ​បង្ហាញ​ថា​ទីតុស​បាន​ទទួល​ភារកិច្ច​នេះ​ពី​សាវ័ក​ប៉ុល។

មុន​ដំបូង ប៉ុល​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ភីលេម៉ូន ជា​អ្នក​ចាស់ទុំ​គ្រិស្ត​សាសនិក​ម្នាក់​ដែល​រស់នៅ​ឯ​ទីក្រុង​កូល៉ុស មិន​យូរ​ប៉ុន្មាន​មុន​ពេល​ដែល​គាត់​បាន​រួច​ពី​គុក​នា​ឆ្នាំ​៦១ គ.ស.។ សំបុត្រ​នេះ​ជា​សេចក្ដី​អង្វរករ​ទៅ​មិត្ត​ម្នាក់។

ប្រហែល​ជា​នៅ​ឆ្នាំ​៦១ គ.ស. ដដែល សាវ័ក​ប៉ុល​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៀត ទៅ​ពួក​អ្នក​ជឿ​ដែល​ជា​សាសន៍​ហេព្រើរ​នៅ​ស្រុក​យូដា ដើម្បី​បង្ហាញ​ពី​ភាព​ឧត្តុង្គ​ឧត្តម​នៃ​គ្រិស្ត​សាសនា​លើ​របប​យូដា។ សំបុត្រ​ទាំង​បី​ច្បាប់​មាន​ឱវាទ​ដែល​ជា​ប្រយោជន៍​សម្រាប់​យើង។—ហេ. ៤:១២

ចូរ​មាន​ជំនឿ​ត្រឹមត្រូវ​ចុះ!

(ទីត. ១:១​-​៣:១៥)

បន្ទាប់​ពី​បាន​ណែនាំ​អំពី​ការ​«តាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង» ប៉ុល​បាន​ដាស់​តឿន​ទីតុស​ថា «ត្រូវ​រំឭក​[មនុស្ស​រឹងរូស]​ឲ្យ​គេ​ដឹងខ្លួន​ដោយ​តឹងរ៉ឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ត្រឹម​ត្រូវ​វិញ»។ គាត់​ដាស់​តឿន​បង​ប្អូន​ទាំង​អស់​នៅ​ក្រុម​ជំនុំ​នា​កោះក្រេត​ថា «ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស . . . ហើយ​ឲ្យ​រស់នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់​ធ្ងរ​[ឬ​«ចិត្ត​ធ្ងន់»]»។—ទីត. ១:៥, ១០​-​១៣; ២:​១២; ទត. ២:១២, ខ.ស.

ប៉ុល​បាន​ឲ្យ​ឱវាទ​បន្ថែម​ទៀត​ដើម្បី​ជួយ​បង​ប្អូន​នា​កោះក្រេត​ឲ្យ​ថែរក្សា​ជំនឿ​របស់​ខ្លួន​ឲ្យ​បាន​ល្អ។ គាត់​បង្ហាត់​ទីតុស​ឲ្យ​«ចៀស​វាង​ពី​សេចក្ដី​ដេញ​ដោល​យ៉ាង​ល្ងីល្ងើ . . . នឹង​សេចក្ដី​ជជែក​ពី​ក្រិត្យ​វិន័យ»។—ទីត. ៣:៩

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១:១៥—ធ្វើ​ដូច​ម្ដេច​ឲ្យ​«គ្រប់​ទាំងអស់»​ទៅ​ជា​«ស្អាត​ដល់​អ្នក​ណា​ដែល​ស្អាត» តែ​មិន​ស្អាត​«ដល់​ពួក​អ្នក​ដែល​ស្មោកគ្រោក ហើយ​មិន​ជឿ​វិញ​នោះ»? បើ​ចង់​ដឹង​ចម្លើយ​យើង​ត្រូវ​តែ​យល់​ពី​អ្វី​ដែល​ប៉ុល​ចង់​និយាយ​ដោយ​ប្រើ​ពាក្យ​«គ្រប់​ទាំង​អស់»។ គាត់​និយាយ​អំពី​រឿង​ដែល​អ្នក​ជឿ​ម្នាក់ៗ​អាច​សម្រេច​ចិត្ត​ដោយ​យោង​ទៅ​តាម​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន មិនមែន​ទៅ​តាម​អ្វី​ដែល​ត្រូវ​បាន​ថ្កោល​ទោស​យ៉ាង​ចំៗ​ពី​បណ្ដាំ​របស់​ព្រះ​ឡើយ។ ចំពោះ​មនុស្ស​ដែល​គិត​គូរ​ស្រប​ទៅ​តាម​គោលការណ៍​របស់​ព្រះ របស់​ទាំង​នោះ​សុទ្ធ​តែ​ស្អាត។ គឺ​ផ្ទុយ​ស្រឡះ​ពី​អ្នក​ណា​ដែល​ចូល​ចិត្ត​និយាយ​ពន្លើស​ឬ​មួល​បង្កាច់ និង​អ្នក​ដែល​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​របស់​គេ​ក្លាយ​ទៅ​ជា​ស្មោកគ្រោក​រួច​ទៅ​ហើយ។a

៣:៥—តើ​ពួក​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​បាន‹សង្គ្រោះ​ដោយ​សារ​ការ​សំ​អា​ត›និង‹ប្រោស​ជា​ថ្មី​ឡើង​វិញ​ដោយ​សកម្ម​ពល​បរិសុទ្ធ›យ៉ាង​ដូច​ម្ដេច? ពួក​គាត់​បាន‹សង្គ្រោះ​ដោយសារ​ការ​សំ​អា​ត›ក្នុង​ន័យ​ថា​ព្រះ​បាន​ផ្ងូត​ឲ្យ ឬ​បាន​សម្អាត​ពួក​គាត់​ដោយ​ឈាម​របស់​ព្រះ​យេស៊ូ​ដែល​ធួន​នឹង​ការ​បូជា​លោះ។ ពួក​គាត់‹បាន​ប្រោស​ជា​ថ្មី​ឡើង​វិញ​ដោយ​សកម្ម​ពល​បរិសុទ្ធ› ពីព្រោះ​ពួក​គាត់​បាន​«កើត​ជា​ថ្មី» ជា​ពួក​កូន​ព្រះ​ដែល​ទ្រង់​តែងតាំង​ដោយ​សកម្ម​ពល​របស់​ទ្រង់។—២កូ. ៥:១៧

មេរៀន​សម្រាប់​យើង:

១:១០​-​១៣; ២:១៥: គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ត្រូវ​បង្ហាញ​សេចក្ដី​ក្លាហាន ដើម្បី​កែ​តម្រូវ​អំពើ​អាក្រក់​ដែល​មាន​នៅ​ក្នុង​ក្រុម​ជំនុំ។

២:៣​-​៥: ដូច​នៅ​សតវត្សរ៍​ទី​១​ដែរ គ្រិស្ត​សាសនិក​សព្វថ្ងៃ​ដែល​មាន​គំនិត​ចាស់ទុំ​ត្រូវ​តែ​«ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្ដី​ត្រឹមត្រូវ​វិញ»។ តាម​របៀប​នោះ ពួក​គាត់​អាច​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ណែនាំ​«ស្ត្រី​ក្មេងៗ»​ដែល​មាន​នៅ​ក្នុង​ក្រុម​ជំនុំ។

៣:៨, ១៤: ការ​រក្សា​ឲ្យ​មាន​ការ​«ខំ​ប្រឹង​នឹង​ធ្វើការ​ល្អ​អស់​ពី​ចិត្ត»​គឺជា​ការ​«ល្អ​ហើយ​មាន​ប្រយោជន៍» ពីព្រោះ​នោះ​នឹង​ជួយ​យើង​ឲ្យ​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ​ព្រះ និង​ជួយ​យើង​ឲ្យ​ញែក​ខ្លួន​ចេញពី​របៀប​របប​ដ៏​អាក្រក់​នៃ​ពិភព​លោក​នេះ។

ចូរ​ដាស់តឿន​«ដោយ​សេចក្ដី​ស្រឡាញ់»​ចុះ!

(ភីលេ. ១​-​២៥)

ភីលេម៉ូន​ត្រូវ​បាន​សរសើរ​ដោយ​សារ​គាត់​ជា​គំរូ​ក្នុង​ការ​បង្ហាញ​«សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ជំនឿ»។ គាត់​ជា​ទី​កម្សាន្ត​ចិត្ត​ដល់​បង​ប្អូន​រួម​ជំនឿ​ដែល​ធ្វើ​ឲ្យ​ប៉ុល​មាន​«អំណរ នឹង​សេចក្ដី​ក្សាន្ត​ចិត្ត​ជា​ខ្លាំង​ដែរ»។—ភីលេ. ៤, ៥, ៧

ប៉ុល​បាន​តាំង​គំរូ​ល្អ​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ទាំង​អស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ពិបាក​របស់​អូនេស៊ីម ពីព្រោះ​មិនមែន​ដោយ​បង្គាប់​បញ្ជា​ទេ តែ​បាន​លើក​ទឹក​ចិត្ត​«ដោយ​សេចក្ដី​ស្រឡាញ់»​វិញ។ គាត់​ប្រាប់​ភីលេម៉ូន​ថា​៖ «ខ្ញុំ​បាន​សរសេរ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក ដោយ​មានចិត្ត​ជឿ​ថា អ្នក​នឹង​ស្ដាប់​តាម​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ដឹង​ជាក់​ថា អ្នក​នឹង​ធ្វើ​លើស​អំពី​សេចក្ដី​ដែល​ខ្ញុំ​សូម​នេះ​ទៅ​ទៀត»។—ភីលេ. ៨, ៩, ២១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

១០, ១១, ១៨—តើ​អូនេស៊ីម​ដែល​ពី​មុន​«គ្មាន​ប្រយោជន៍»​បែរ​ទៅ​ជា​«មាន​ប្រយោជន៍»​យ៉ាង​ដូច​ម្ដេច? អូនេស៊ីម​ជា​អ្នក​បម្រើ​ដែល​មិន​ចង់​ធ្វើ​ការ ថែម​ទាំង​បាន​រត់​ចេញពី​ផ្ទះ​ភីលេម៉ូន​ពី​ទីក្រុង​កូល៉ុស រួច​បាន​ភៀសខ្លួន​ទៅ​ឯ​ទីក្រុង​រ៉ូម។ តាម​មើល​ទៅ អូនេស៊ីម​បាន​លួច​លុយ​ម្ចាស់​របស់​ខ្លួន​ទុក​ជា​សោហ៊ុយ​ក្នុង​ការ​ធ្វើ​ដំណើរ​ដែល​មាន​ចម្ងាយ​១.៤០០​គីឡូម៉ែត្រ​ផង។ ប្រាកដ​ហើយ ពេល​នោះ​គាត់​គ្មាន​ប្រយោជន៍​ចំពោះ​ភីលេម៉ូន​ទេ។ តែ​នៅ​រ៉ូម ប៉ុល​បាន​ជួយ​អូនេស៊ីម​ឲ្យ​ក្លាយជា​គ្រិស្ត​សាសនិក​ម្នាក់។ គ្រិស្ត​សាសនិក​ម្នាក់​ដែល​ពី​មុន​ជា​អ្នក​បម្រើ​«គ្មាន​ប្រយោជន៍»​ឥឡូវ​បែរ​ជា​«មាន​ប្រយោជន៍»​វិញ។

១៥, ១៦—ហេតុ​អ្វី​បានជា​ប៉ុល​មិន​សុំ​ឲ្យ​ភីលេម៉ូន​ផ្ដល់​សេរីភាព​ឲ្យ​អូនេស៊ីម? ប៉ុល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​របស់​គាត់​ក្នុង​ការ‹ប្រកាស​ប្រាប់​ពី​នគរ​ព្រះ និង​បង្រៀន​គ្រប់​ទាំង​សេចក្ដី​ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ›។ ដូច្នេះ​ហើយ គាត់​ប្រកាន់​ជំហរ​ដោយ​មិន​ចូល​រួម​ក្នុង​រឿងរ៉ាវ​ក្នុង​សង្គម ដូច​ជា​រឿង​ខ្ញុំ​បម្រើ​ជាដើម។—កិច្ច. ២៨:៣០

មេរៀន​សម្រាប់​យើង:

២: ភីលេម៉ូន​បាន​រៀបចំ​ផ្ទះ​គាត់​ឲ្យ​មាន​កន្លែង​សម្រាប់​កិច្ចប្រជុំ​គ្រិស្ត​សាសនិក។ មាន​កិច្ចប្រជុំ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​នៅ​ផ្ទះ​របស់​យើង នេះ​ពិតជា​កិត្ដិយស​មែន!—រ៉ូម ១៦:៥; កូល. ៤:១៥

៤​-​៧: យើង​ត្រូវ​តែ​រិះរក​ឱកាស​ដើម្បី​សរសើរ​បង​ប្អូន​គ្នីគ្នា​ដែល​ជា​គំរូ​ក្នុង​ការ​បង្ហាញ​ជំនឿ​និង​សេចក្ដី​ស្រឡាញ់។

១៥, ១៦: យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្វីៗ​ក្នុង​ជីវិត​ដែល​មិន​បាន​ដូច​បំណង​ធ្វើ​ឲ្យ​យើង​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ឡើយ។ ដូច​ជា​ករណី​របស់​អូនេស៊ីម គឺ​អាច​បែរ​ទៅ​ជា​មាន​ប្រយោជន៍​ទៅ​វិញ។

២១: ប៉ុល​មាន​ចិត្ត​ជឿ​ថា​ភីលេម៉ូន​នឹង​អត់​ទោស​ឲ្យ​អូនេស៊ីម។ យើង​ក៏​ដូច​គ្នា​ដែរ​យើង​ត្រូវ​តែ​អត់​ទោស​ឲ្យ​បង​ប្អូន​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​អាក់​អន់​ចិត្ត។—ម៉ាថ. ៦:១៤

​«ជឿន​ទៅ​មុខ​ដរាប​ដល់​ពេញ​ខ្នាត​ចុះ!»

(ហេ. ១:១​-​១៣:២៥)

ដើម្បី​បង្ហាញ​ថា​ជំនឿ​ទៅ​លើ​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូ​ប្រសើរ​ជាង​កិច្ចការ​ខាង​ក្រឹត្យ​វិន័យ នោះ​ប៉ុល​បាន​គូស​បញ្ជាក់​ពី​ភាព​ប្រពៃ​នៃ​អ្នក​បង្កើត​គ្រិស្ត​សាសនា ដូច​ជា​កិច្ចការ​ជា​សង្ឃ ការ​បូជា​ជីវិត ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ថ្មី។ (ហេ. ៣:១​-​៣; ៧:១​-​៣, ២២; ៨:៦; ៩:​១១​-​១៤, ២៥, ២៦) ចំណេះ​ពិត​នេះ​ប្រាកដ​ជា​បាន​ជួយ​គ្រិស្ត​សាសនិក​ជាតិ​ហេព្រើរ នៅ​ពេល​ដែល​មានការ​បៀតបៀន​ពី​សាសន៍​យូដា។ ប៉ុល​ដាស់​តឿន​ពួក​អ្នក​ជឿ​ជាតិ​ហេព្រើរ​គ្នីគ្នា​ឲ្យ​«ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ»!—ហេ. ៦:១

តើ​ជំនឿ​សំខាន់​ប៉ុណ្ណា​សម្រាប់​គ្រិស្ត​សាសនិក? ប៉ុល​សរសេរ​ថា​៖ «បើ​ឥត​មាន​សេចក្ដី​ជំនឿ​ទេ នោះ​មិន​អាច​នឹង​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ​បាន​ឡើយ»។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​ហេព្រើរ​ឲ្យ​«រត់​ក្នុង​ទី​ប្រណាំង​ដែល​នៅ​មុខ​យើង ដោយ​អំណត់»​និង​ដោយ​ជំនឿ។—ហេ. ១១:​៦; ១២:១

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២:១៤, ១៥—ដោយសារ​សាតាំង​«មាន​អំណាច​លើ​សេចក្ដី​ស្លាប់» តើ​នេះ​បញ្ជាក់​ថា​សាតាំង​អាច​ធ្វើ​ឲ្យ​មនុស្ស​ណា​ក៏​បាន​ឲ្យ​ស្លាប់​មុន​អាយុ​ទេ? ទេ! មិន​អាច​ទេ។ យ៉ាង​ណា​ក៏​ដោយ ចាប់​តាំង​ពី​ពេល​ដែល​សាតាំង​ផ្ដើម​ធ្វើ​អំពើ​អាក្រក់​ជួជាតិ​នៅ​សួន​អេដែន សេចក្ដី​ភូតភរ​របស់​សាតាំង​បាន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់ ដោយ​សារ​អ័ដាម​បាន​ធ្វើ​បាប ហើយ​បាប​និង​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា។ (រ៉ូម ៥:១២) បន្ថែម​ទៅ​ទៀត អស់​អ្នក​ដែល​នៅ​ផែនដី​ដែល​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាតាំង​ក៏​បាន​បៀតបៀន​អ្នកបម្រើ​ព្រះ​រហូត​ដល់​ស្លាប់ ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​ព្រះ​យេស៊ូ​ដែរ។ ក៏​ប៉ុន្តែ នេះ​មិនមែន​មាន​ន័យ​ថា​សាតាំង​មាន​អំណាច​ខ្លាំងក្លា ដល់​ម្ល៉េះ​អាច​សម្លាប់​នរណា​ក៏​បាន​តាម​តែ​ចិត្ត​នោះ​ទេ។ ប្រសិន​បើ​ដូច្នេះ​មែន សាក្សី​ព្រះ​យេហូវ៉ា​ត្រូវ​បំផ្លាញ​ចោល​អស់​តាំងពី​យូរ​មក​ហើយ។ ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​ទ្រង់​ជា​ក្រុម ទ្រង់​មិន​ព្រម​ឲ្យ​សាតាំង​ប្រល័យ​ពួក​គេ​ឲ្យ​សាប​សូន្យ​ឡើយ។ សូម្បី​តែ​មាន​បង​ប្អូន​យើង​ខ្លះ​អាច​ស្លាប់​ពេល​ដែល​មាន​ការ​ពាធា​ពី​សាតាំង​ក្ដី យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​បំផ្លាញ​គ្រប់​ការ​អាក្រក់​ទាំងអស់​ដែល​សាតាំង​ធ្វើ​មក​លើ​យើង។

៤:៩​-​១១—តើ​យើង​អាច​«ចូល​ទៅ​ក្នុង​សេចក្ដី​សំ​រាក[របស់​ព្រះ]»​យ៉ាង​ដូច​ម្ដេច? ក្រោយ​គ្រា​៦​ថ្ងៃ​ដែល​ព្រះ​ធ្វើ​កិច្ចការ​បង្កើត ទ្រង់​ក៏​ឈប់​សម្រាក​ពី​កិច្ចការ​នោះ ដោយ​មាន​ទំនុក​ចិត្ត​ថា​គោល​បំណង​របស់​ទ្រង់​សម្រាប់​ផែនដី​និង​មនុស្ស​ជាតិ​នឹង​សម្រេច។ (លោ. ១:២៨; ២:២, ៣) យើង​«ចូល​ទៅ​ក្នុង​សេចក្ដី​សំ​រាក»​ដោយ​ឈប់​ព្យាយាម​ស្ថាបនា​ឲ្យ​មាន​សេចក្ដី​សុចរិត​ដោយ​ខ្លួនឯង និង​ដោយ​ព្រម​ទទួល​តម្លៃ​លោះ​ដែល​ព្រះ​ផ្ដល់​ឲ្យ​ដើម្បី​សេចក្ដី​សង្គ្រោះ។ ពេល​យើង​អនុវត្ត​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ធ្វើ​តាម​បុត្រ​របស់​ទ្រង់ ជា​ជាង​ស្វែងរក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ យើង​ទទួល​ពរ​ដែល​ជួយ​យើង​ឲ្យ​មាន​កម្លាំង​ចិត្ត​និង​មាន​ការ​ស្ងប់ចិត្ត​ជា​រៀង​រាល់​ថ្ងៃ។—ម៉ាថ. ១១:២៨​-​៣០

៩:១៦—តើ​នរណា​ជា​«ម្ចាស់​សំបុត្រ»​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី? ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​កិច្ច​ព្រមព្រៀង​ថ្មី រីឯ​ព្រះ​យេស៊ូ​ជា​«ម្ចាស់​សំបុត្រ»។ ព្រះ​យេស៊ូ​ជា​អ្នក​កណ្ដាល​ហើយ​ឈាម​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ថ្មី​នោះ​មាន​សុពលភាព។—លូ. ២២:២០; ហេ. ៩:១៥

១១:១០, ១៣​-​១៦—តើ​ទី​«ក្រុង»​អ្វី​ដែល​អ័ប្រាហាំ​រង់ចាំ? នេះ​មិន​មែន​ជា​ទីក្រុង​ណា​មួយ​ទេ តែ​ជា​ន័យ​ធៀប​ទៅ​វិញ។ អ័ប្រាហាំ​រង់​ចាំ​«យេ​រូ​សា​ឡិម​នៃ​ស្ថាន​សួគ៌»​ដែល​មាន​ព្រះ​យេស៊ូ​ជា​អ្នក​ដឹក​នាំ​និង​ពួក​១៤៤.០០០​នាក់។ ពួក​អ្នក​ដឹក​នាំ​ជា​មួយ​ព្រះ​គ្រិស្ត​នៅ​ស្ថាន​សួគ៌​បាន​ហៅ​ជា​«ទីក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេ​រូ​សា​ឡិម​ថ្មី»​ដែរ។ (ហេ. ១២:​២២; វិវរ. ១៤:១; ២១:២) អ័ប្រាហាំ​ទន្ទឹង​ចាំ​ជីវិត​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​នៃ​រាជាណាចក្រ​របស់​ព្រះ។

១២:២; ព.ថ.—តើ​អ្វី​ជា​«សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​[ព្រះ​យេស៊ូ]» «ដែល​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង​[ឬ​«បង្គោល​ទារុណកម្ម»]»? គឺជា​សេចក្ដី​អំណរ​ដែល​មក​ពី​ការ​ឃើញ​ច្បាស់​ថា​កិច្ច​បម្រើ​របស់​ទ្រង់​នឹង​បាន​សម្រេច មិន​តែ​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ បង្ហាញ​ភាព​ត្រឹមត្រូវ​នៃ​សិទ្ធិ​គ្រប់គ្រង​ពេញ​ច្បាប់​របស់​ព្រះ និង​ជួយ​មនុស្ស​ជាតិ​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​ដោយ​ផ្ដល់​តម្លៃ​លោះ។ ព្រះ​យេស៊ូ​សម្លឹង​មើល​ទៅ​រង្វាន់​ដែល​ទ្រង់​នឹង​គ្រង​រាជ្យ​ជា​ស្តេច និង​ជា​សម្ដេច​សង្ឃ​ដើម្បី​ប្រយោជន៍​ដល់​មនុស្ស​ជាតិ។

១៣:២១—ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ពី​កិច្ច​ព្រម​ព្រៀង​ថ្មី​ហាក់​ដូច​ជា​ស្ថិត​នៅ​«អស់​កល្ប​ជា​និច្ច»? មាន​មូលហេតុ​បី​យ៉ាង: (១) នឹង​មិន​មាន​អ្វី​មក​ជំនួស​ទេ (២) អ្វី​ដែល​បាន​សម្រេច​នឹង​ស្ថិតស្ថេរ​នៅ​ជា​អចិន្ត្រៃយ៍ និង(៣) «ចៀម​ឯ​ទៀត»​នឹង​ទទួល​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ថ្មី​បន្ត​រហូត​ដល់​ក្រោយ​សង្គ្រាម​អើ​ម៉ា​គេ​ដូន។—យ៉ូន. ១០:១៦

មេរៀន​សម្រាប់​យើង:

៥:១៤: យើង​គួរតែ​ជា​អ្នក​ឧស្សាហ៍​ព្យាយាម​សិក្សា​បណ្ដាំ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ និង​ធ្វើ​តាម​អ្វីៗ​ដែល​យើង​បាន​រៀន។ គ្មាន​វិធី​បណ្ដុះ​ឲ្យ​មាន‹សមត្ថភាព​វែកញែក​ឲ្យ​ដឹង​ខុស​ត្រូវ›ផ្សេង​ពី​នេះ​ទៀត​ទេ។—១កូ. ២:១០

៦:១៧​-​១៩: សេចក្ដី​សង្ឃឹម​ដ៏​រឹង​មាំ​ផ្អែក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ និង​ពាក្យ​សម្បថ​ដែល​នឹង​ជួយ​យើង​មិន​ឲ្យ​ងាក​ចេញពី​ផ្លូវ​នៃ​សេចក្ដី​ពិត​ឡើយ។

១២:៣, ៤: ជា​ជាង​«នឿយ​ហត់ ហើយ​រសាយ​ចិត្ត​ចេញ» ដោយ​សារ​ទុក្ខ​លំបាក​បន្ដិច​បន្តួច ឬ​ការ​ប្រឆាំង​ដែល​យើង​ជួប​ប្រទះ​ក្ដី យើង​គួរ​តែ​ខំ​ឲ្យ​មាន​ភាព​ចាស់ទុំ​ឡើង ព្រម​ទាំង​ចេះ​ទ្រាំទ្រ​ពេល​ដែល​មាន​ទុក្ខ​លំបាក​ផ្សេងៗ។ យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​តស៊ូ​«ដល់​ទៅ​ហូរ​ឈាម»​គឺ​ដល់​ជីវិត​បង់​បើ​ចាំបាច់។—ហេ. ១០:៣៦​-​៣៩

១២:១៣​-​១៥: យើង​មិន​គួរ​ឲ្យ​មាន​«ឫស​ជូរ​ចត់»​ឬ​នរណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ដែល​ចូល​ចិត្ត​ចាប់​កំហុស​ពី​របៀប​រៀបចំ​នានា ដើម្បី​រារាំង​យើង​ពី​ការ‹ធ្វើ​ផ្លូវ​ឲ្យ​ត្រង់​សំ​រាប់​ជើង​យើង​រាល់​គ្នា›ឡើយ។

១២:២៦​-​២៨: «របស់​ដែល​បាន​ធ្វើ​ហើយ»​ដោយ​ដៃ​មិន​មែន​ដោយ​ព្រះ គឺជា​របៀប​របប​ពិភព​លោក​ទាំងមូល សូម្បី​តែ​របស់​អាក្រក់​នៅ​«ផ្ទៃមេឃ»​ក៏​នឹង​ត្រូវ​រើ​ចេញ​ឲ្យ​សូន្យ​អស់​ទៅ។ នៅ​វេលា​នោះ​មាន​តែ​«របស់​ដែល​មិន​បាន​កក្រើក​ទាំង​ប៉ុន្មាន» ពោល​គឺ​រាជាណាចក្រ​និង​អ្នក​គាំទ្រ​រាជាណាចក្រ​នោះ​នឹង​បាន​ធន់​នៅ​វិញ។ ជា​ការ​សំខាន់​ណាស់​ដែល​យើង​ផ្សព្វផ្សាយ​សារ​រាជាណាចក្រ​ដោយ​ចិត្ត​ខ្នះខ្នែង និង​រស់នៅ​ស្រប​តាម​គោលការណ៍​របស់​ព្រះ!

១៣:៧, ១៧: ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ដាស់​តឿន​ឲ្យ​ស្ដាប់​តាម និង​ចុះចូល​ចំពោះ​អ្នក​ត្រួត​ពិនិត្យ​នៅ​ក្នុង​ក្រុម​ជំនុំ នឹង​ជួយ​យើង​ឲ្យ​បង្ហាញ​ស្មារតី​ចេះ​សហការ​ជា​ពិត។

[កំណត់​សម្គាល់]

a សូម​មើល​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ទំព័រ​២១​-​២២។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក