អាថ៌កំបាំងទី១
ស្រឡាញ់មនុស្សមិនមែនស្រឡាញ់លុយឬទ្រព្យសម្បត្ដិទេ
តើគម្ពីរបង្រៀនយ៉ាងណា? «ការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង»។—ធីម៉ូថេទី១ ៦:១០
តើមានការពិបាកអ្វីខ្លះ? ពួកអ្នកផ្សាយពាណិជ្ជកម្មដាក់សម្ពាធលើយើងមិនឲ្យស្កប់ចិត្តនឹងរបស់ដែលយើងមានទេ។ ពួកគេចង់ឲ្យយើងធ្វើការដូចខ្ញុំកញ្ជះដើម្បីប្រមូលលុយទិញរបស់របរស៊េរីថ្មី ដែលធំជាង ហើយល្អជាង។ លុយទាក់ទាញចិត្តយើង ហើយធ្វើឲ្យយើងងាយស្រឡាញ់វា។ ក៏ប៉ុន្តែ គម្ពីរព្រមានថាបុគ្គលដែលស្រឡាញ់ទ្រព្យសម្បត្ដិនឹងមិនដែលស្កប់ចិត្តឡើយ។ ស្តេចសាឡូម៉ូននៅសម័យគម្ពីរ បានសរសេរថា៖ «អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ»។—សាស្ដា ៥:១០
តើលោកអ្នកអាចធ្វើអ្វី? សូមយកតម្រាប់តាមលោកយេស៊ូ ហើយរៀនឲ្យចេះស្រឡាញ់មនុស្សឲ្យបានច្រើនជាងទ្រព្យសម្បត្ដិ។ លោកយេស៊ូពេញចិត្តលះបង់អ្វីៗទាំងអស់ដែលលោកមាន រួមទាំងជីវិតរបស់លោក ដោយសារលោកស្រឡាញ់មនុស្ស។ (យ៉ូហាន ១៥:១៣) លោកមានប្រសាសន៍ថា៖ «ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល»។ (សកម្មភាព ២០:៣៥) បើយើងទម្លាប់ឲ្យធនធាននិងពេលវេលារបស់យើងដល់អ្នកឯទៀត នោះពួកគេនឹងធ្វើមកលើយើងស្រដៀងគ្នាដែរ។ លោកយេស៊ូមានប្រសាសន៍ថា៖ «ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា»។ (លូកា ៦:៣៨) ពួកអ្នកដែលស្វែងរកលុយនិងទ្រព្យសម្បត្ដិបណ្ដាលឲ្យខ្លួនគេរងការឈឺចាប់និងទុក្ខលំបាក។ (ធីម៉ូថេទី១ ៦:៩, ១០) ផ្ទុយទៅវិញ ការស្កប់ចិត្តកើតមកពីការស្រឡាញ់អ្នកឯទៀត និងមកពីអ្នកឯទៀតស្រឡាញ់យើងវិញ។
សូមអញ្ជើញលោកអ្នកពិនិត្យមើលថា តើលោកអ្នកអាចធ្វើឲ្យជីវភាពរបស់លោកអ្នកសាមញ្ញឬទេ? តើលោកអ្នកអាចកាត់បន្ថយចំនួនរបស់របរដែលលោកអ្នកមានឬចង់ទិញឬទេ? បើលោកអ្នកអាចធ្វើដូច្នេះបាន នោះលោកអ្នកប្រហែលជានៅសល់ពេលនិងកម្លាំងជាច្រើនសម្រាប់អ្វីៗដែលសំខាន់ជាងក្នុងជីវិតដូចជាជួយមនុស្ស និងបម្រើព្រះដែលជាអ្នកផ្ដល់អ្វីៗទាំងអស់ដែលលោកអ្នកមាន។—ម៉ាថាយ ៦:២៤; សកម្មភាព ១៧:២៨
[រូបភាពនៅទំព័រ៤]
«ចូរទម្លាប់ឲ្យគេ ហើយគេនឹងឲ្យអ្នករាល់គ្នា»