តើអ្នកមាន«ចិត្តដែលស្គាល់»ព្រះយេហូវ៉ាឬទេ?
«អញនឹងឲ្យគេមានចិត្តដែលស្គាល់អញថាជាព្រះយេហូវ៉ា នោះគេនឹងបានជារាស្ត្ររបស់អញ»។—យេ. ២៤:៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
តើតាមរបៀបណាជនជាតិយូដាជាច្រើននាក់នៅសម័យយេរេមា«មិនបានកាត់ស្បែកចិត្ត»?
ហេតុអ្វីយើងទាំងអស់គ្នាគួរពិនិត្យមើលចិត្តរបស់យើង?
តើតាមរបៀបណាយើងអាចមាន«ចិត្តដែលស្គាល់»ព្រះយេហូវ៉ា?
១, ២. ហេតុអ្វីអ្នកខ្លះប្រហែលជាចាប់អារម្មណ៍នឹងផ្លែល្វា?
តើអ្នកចូលចិត្តបរិភោគផ្លែល្វាស្រស់ឬក្រៀមឬទេ? មនុស្សជាច្រើនចូលចិត្ត។ ដូច្នេះផ្លែល្វាដែលអាចហូបបានត្រូវគេដាំនៅច្រើនកន្លែងក្នុងពិភពលោក។ ជនជាតិយូដានៅសម័យបុរាណបានចាត់ទុកផ្លែល្វាថាមានតម្លៃ។ (ណា. ៣:១២; លូក. ១៣:៦-៩) ផ្លែល្វាមានជាតិសរសៃ សារធាតុការពារប្រតិកម្មអុកស៊ីត និងធាតុរ៉ែ ដូច្នេះអ្នកខ្លះនិយាយថាផ្លែនេះល្អសម្រាប់បេះដូង។
២ ព្រះយេហូវ៉ាធ្លាប់បានប្រដូចមនុស្សទៅនឹងផ្លែល្វា។ ព្រះមិនបានរៀបរាប់អំពីប្រយោជន៍ដែលមកពីការហូបផ្លែល្វានោះទេ តែលោកបានមានប្រសាសន៍ក្នុងន័យធៀប។ អ្វីដែលលោកបានមានប្រសាសន៍តាមរយៈអ្នកប្រកាសទំនាយយេរេមា មានសារៈសំខាន់សម្រាប់ចិត្តរបស់អ្នកនិងចិត្តរបស់មនុស្សជាទីស្រឡាញ់របស់អ្នក។ កាលដែលយើងពិចារណាអ្វីដែលលោកបានមានប្រសាសន៍ សូមគិតអំពីអ្វីដែលយើងគួររៀនក្នុងនាមជាគ្រិស្តសាសនិក។
៣. តើផ្លែល្វាដែលបានរៀបរាប់នៅយេរេមា ជំពូកទី២៤ជាតំណាងអ្វី?
៣ មុនដំបូង ចូរយើងពិចារណាអំពីអ្វីដែលព្រះបានមានប្រសាសន៍នៅសម័យយេរេមាអំពីផ្លែល្វា។ នៅឆ្នាំ៦១៧ មុនគ.ស. ការគោរពប្រណិប័តន៍របស់ប្រជាជាតិយូដាមានសភាពមិនល្អ។ ព្រះបានឲ្យយេរេមាឃើញក្នុងគំនិតនូវអ្វីដែលនឹងកើតឡើងនៅអនាគត ដោយបង្ហាញឲ្យគាត់ឃើញផ្លែល្វាពីរប្រភេទ ពោលគឺផ្លែល្វា«យ៉ាងល្អណាស់»និងផ្លែល្វាដែល«អាក្រក់ណាស់»។ (សូមអាន យេរេមា ២៤:១-៣) ល្វាអាក្រក់សំដៅទៅលើស្តេចសេដេគានិងអ្នកឯទៀតដែលដូចសេដេគា ដែលបានត្រូវស្តេចនេប៊ូក្នេសានិងកងទ័ពរបស់គាត់ធ្វើទុក្ខយ៉ាងខ្លាំង។ ប៉ុន្តែមានមនុស្សដែលប្រៀបដូចជាផ្លែល្វាល្អ។ ក្នុងចំណោមពួកគេមានអេសេគាល ដានីយ៉ែល មិត្តភក្ដិបីនាក់របស់គាត់ និងជនជាតិយូដាខ្លះទៀតដែលបានត្រូវចាប់ជាឈ្លើយទៅបាប៊ីឡូន។ ក្រោយមក ជនជាតិយូដាខ្លះនឹងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយសង់វិហារក្នុងក្រុងនោះឡើងវិញ។—យេ. ២៤:៨-១០; ២៥:១១, ១២; ២៩:១០
៤. តើយើងបានទទួលការលើកទឹកចិត្តអ្វីពីប្រសាសន៍របស់ព្រះស្តីអំពីផ្លែល្វាល្អ?
៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ពួកអ្នកដែលបានត្រូវតំណាងដោយផ្លែល្វាល្អថា៖ «អញនឹងឲ្យគេមានចិត្តដែលស្គាល់អញថាជាព្រះយេហូវ៉ា នោះគេនឹងបានជារាស្ត្ររបស់អញ»។ (យេ. ២៤:៧) ខគម្ពីរនេះជាប្រធានបទនៃអត្ថបទនេះ ហើយពិតជាលើកទឹកចិត្តយើងមែន! ព្រះពេញចិត្តឲ្យមនុស្សមាន«ចិត្តដែលស្គាល់»លោក។ ក្នុងករណីនេះ «ចិត្ត»ទាក់ទងនឹងចិត្តគំនិតរបស់ពួកគេ។ ច្បាស់ណាស់ អ្នកចង់មានចិត្តបែបនេះ ហើយចង់ធ្វើជារាស្ត្ររបស់លោក។ ដើម្បីធ្វើជាមនុស្សបែបនេះ អ្នកត្រូវសិក្សា អនុវត្តបណ្ដាំរបស់ព្រះ ប្រែចិត្ត វិលមកវិញ ប្រគល់ជីវិតអ្នកជូនព្រះ ហើយទទួលការជ្រមុជទឹកក្នុងនាមរបស់បិតា បុត្រ និងសកម្មពលបរិសុទ្ធ។ (ម៉ាថ. ២៨:១៩, ២០; សកម្ម. ៣:១៩) អ្នកប្រហែលជាបានធ្វើអ្វីៗទាំងនោះរួចហើយ ឬប្រហែលជាបានមកប្រជុំជាទៀងទាត់ជាមួយនឹងសាក្សីព្រះយេហូវ៉ា ហើយកំពុងធ្វើដូច្នេះ។
៥. តើភាគច្រើនយេរេមាបានសរសេរអំពីចិត្តរបស់អ្នកណា?
៥ ទោះជាយើងបានធ្វើតាមជំហានទាំងនោះខ្លះ ឬទាំងអស់ក៏ដោយ យើងនៅតែត្រូវយកចិត្តទុកដាក់ចំពោះចិត្តគំនិតនិងការប្រព្រឹត្តរបស់យើង។ យើងអាចដឹងអំពីអ្វីផ្សេងទៀតដែលយេរេមាបានសរសេរអំពីចិត្ត។ ជំពូកខ្លះក្នុងសៀវភៅយេរេមាបានចែងអំពីប្រជាជាតិនានាដែលនៅជុំវិញ ប៉ុន្តែភាគច្រើន ជំពូកទាំងនោះនិយាយអំពីប្រជាជាតិយូដាក្នុងអំឡុងការគ្រប់គ្រងនៃស្តេចប្រាំអង្គរបស់ប្រជាជាតិនោះ។ (យេ. ១:១៥, ១៦) យេរេមាបានសរសេរអំពីបុរស ស្ត្រីនិងកុមារដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ នៅសម័យម៉ូសេ បណ្ដាជនបានយល់ព្រមធ្វើជារបស់ផងព្រះយេហូវ៉ា។ (និក្ខ. ១៩:៣-៨) នៅសម័យយេរេមាក៏ដូច្នោះដែរ បណ្ដាជនបាននិយាយថា៖ «យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា»។ (យេ. ៣:២២) ប៉ុន្តែ តើអ្នកគិតយ៉ាងណាអំពីចិត្តរបស់ពួកគេ?
តើចិត្តត្រូវការការវះកាត់ក្នុងន័យធៀបឬទេ?
៦. ហេតុអ្វីយើងគួរចាប់អារម្មណ៍នឹងអ្វីដែលព្រះមានប្រសាសន៍អំពីចិត្ត?
៦ គ្រូពេទ្យអាចប្រើម៉ាស៊ីនដើម្បីឃើញអ្វីដែលនៅក្នុងខ្លួនយើង និងដើម្បីដឹងថា បេះដូងរបស់យើងមានសុខភាពល្អឬមិនល្អ។ ប៉ុន្តែ ព្រះយេហូវ៉ាក៏អាចដឹងអំពីបេះដូងក្នុងន័យធៀបដែរ ពោលគឺចិត្តរបស់យើង។ លោកមានប្រសាសន៍ថា៖ «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន អញនេះគឺព្រះយេហូវ៉ា អញស្ទង់ចិត្ត . . . ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ»។ (យេ. ១៧:៩, ១០) ព្រះអាចដឹងអំពីអ្វីដែលយើងចង់បាន អំពីអារម្មណ៍របស់យើង ចិត្តគំនិតរបស់យើង និងអ្វីដែលយើងសង្ឃឹមថានឹងធ្វើក្នុងជីវិតរបស់យើង។ ព្រះនឹងពិនិត្យចិត្តរបស់អ្នក។ ប៉ុន្តែ អ្នកក៏អាចព្យាយាមពិនិត្យអ្វីដែលមានក្នុងចិត្តរបស់អ្នកដែរ។
៧. តើយេរេមាបានពណ៌នាយ៉ាងណាអំពីចិត្តរបស់ជនជាតិយូដាភាគច្រើននៅសម័យគាត់?
៧ ដើម្បីត្រៀមខ្លួនធ្វើការពិនិត្យនេះ យើងប្រហែលជាសួរថា ‹តើចិត្តរបស់ជនជាតិយូដាភាគច្រើននៅសម័យយេរេមាគឺយ៉ាងណាដែរ?›។ ដើម្បីដឹងចម្លើយ សូមពិចារណាឃ្លាមិនធម្មតាមួយដែលយេរេមាបានប្រើ ដែលថា៖ «ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ»។ គាត់មិនបានសំដៅទៅលើការកាត់ចុងស្បែករបស់បុរសជនជាតិយូដាតាមទំនៀមទម្លាប់នោះទេ ពីព្រោះគាត់បាននិយាយថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់»។ ដូច្នេះ សូម្បីតែបុរសជនជាតិយូដាក៏«មិនបានកាត់ស្បែកចិត្ត»ដែរ។ (យេ. ៩:២៥, ២៦) តើនេះមានន័យយ៉ាងណា?
៨, ៩. តើជនជាតិយូដាភាគច្រើនត្រូវធ្វើអ្វីស្តីអំពីចិត្តរបស់ពួកគេ?
៨ យើងរកឃើញតម្រុយមួយដែលជួយឲ្យយល់អត្ថន័យនៃពាក្យ«មិនបានកាត់ស្បែកចិត្ត» នៅក្នុងឱវាទរបស់ព្រះចំពោះជនជាតិយូដា ដែលថា៖ «ឱមនុស្សនៅស្រុកយូដា នឹងពួកក្រុងយេរូសាឡិមអើយ . . . ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ ក្រែងសេចក្ដីក្រោធរបស់អញចេញមក . . . ដោយព្រោះសេចក្ដីអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តនោះ»។ ប៉ុន្តែ តើអំពើអាក្រក់ដែលពួកគេបានប្រព្រឹត្តចេញមកពីណា? គឺមកពីក្នុងចិត្តរបស់ពួកគេ។ (សូមអាន ម៉ាកុស ៧:២០-២៣) ពួកគេបានបេះបោរ ហើយមិនព្រមកែខ្លួន។ ចំពោះព្រះយេហូវ៉ា ចិត្តរបស់ពួកគេដែលរួមមានបំណងចិត្ត និងគំនិតរបស់ពួកគេគឺអាក្រក់។ (សូមអាន យេរេមា ៥:២៣, ២៤; ៧:២៤-២៦) ព្រះបានប្រាប់ពួកគេថា៖ «ចូរឯងរាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ»។—យេ. ៤:៤; ១៨:១១, ១២
៩ អាស្រ័យហេតុនេះ ចិត្តរបស់ជនជាតិយូដានៅសម័យយេរេមា ក៏ដូចជនជាតិយូដានៅសម័យម៉ូសេដែរ ពួកគេត្រូវការការវះកាត់ក្នុងន័យធៀប ពោលគឺការ«កាត់ស្បែកចិត្ត»។ (ចោ. ១០:១៦; ៣០:៦) តើជនជាតិយូដាអាច‹កាត់យកស្បែកចិត្តចោលចេញ›យ៉ាងដូចម្ដេច? ពួកគេត្រូវបំបាត់ចោលរបៀបគិតគូរ សេចក្ដីប៉ងប្រាថ្នា ឬបំណងចិត្តដែលធ្វើឲ្យពួកគេមិនអើពើនឹងបញ្ញត្ដិរបស់ព្រះយេហូវ៉ា។—សកម្ម. ៧:៥១, កំណត់សម្គាល់
តើតាមរបៀបណាយើងអាចមាន«ចិត្តដែលស្គាល់»ព្រះ?
១០. ដូចគំរូរបស់ដាវីឌ តើយើងគួរធ្វើអ្វី?
១០ យើងពិតជាអរគុណព្រះមែនដែលជួយយើងឲ្យយល់អំពីចិត្ត! បងប្អូនខ្លះប្រហែលជាឆ្ងល់ថា ‹ប៉ុន្តែហេតុអ្វីសាក្សីព្រះយេហូវ៉ាសព្វថ្ងៃនេះគួរយកចិត្តទុកដាក់ចំពោះរឿងនេះ?›។ នេះមិនមែនដោយសារគ្រិស្តសាសនិកជាច្រើននៅក្នុងក្រុមជំនុំកំពុងប្រព្រឹត្តអំពើអាក្រក់ ឬក្លាយទៅជា«ផ្លែល្វាអាក្រក់» ដូចជនជាតិយូដានៅសម័យយេរេមាទេ។ ផ្ទុយទៅវិញ អ្នកបម្រើរបស់ព្រះនៅសព្វថ្ងៃនេះគឺជារាស្ត្រដ៏ស្អាតស្អំនិងស្មោះភក្ដី។ ប៉ុន្តែ សូមរំពឹងគិតអំពីពាក្យអង្វរកររបស់ដាវីឌទៅព្រះយេហូវ៉ា ដែលថា៖ «ឱព្រះអង្គអើយ សូមពិនិត្យមើលឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ»។—ទំនុក. ១៧:៣; ១៣៩:២៣, ២៤
១១, ១២. (ក) ហេតុអ្វីយើងម្នាក់ៗគួរពិនិត្យមើលចិត្តរបស់យើង? (ខ) តើព្រះនឹងមិនធ្វើអ្វី?
១១ ព្រះយេហូវ៉ាចង់ឲ្យយើងម្នាក់ៗស្គាល់លោក ពោលគឺដើម្បីទទួលការពេញចិត្តពីលោក ហើយបន្តធ្វើដូច្នេះ។ ស្តីអំពីពួកអ្នកសុចរិត យេរេមាបានទទួលស្គាល់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្តនឹងថ្លើមអើយ»។ (យេ. ២០:១២) ប្រសិនបើព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតពិនិត្យមើលសូម្បីតែចិត្តរបស់ពួកអ្នកសុចរិតក៏ដោយ នោះយើងក៏គួរពិនិត្យពិចារណាអំពីខ្លួនយើងយ៉ាងស្មោះត្រង់ដែរ។ (សូមអាន ទំនុកតម្កើង ១១:៥) កាលដែលយើងធ្វើដូច្នោះ យើងប្រហែលជាដឹងអំពីចិត្តគំនិត គោលដៅ ឬអារម្មណ៍ដែលដក់ជាប់យ៉ាងជ្រៅនៅក្នុងចិត្ត ដែលយើងត្រូវយកចិត្តទុកដាក់។ យើងអាចដឹងអ្វីមួយដែលធ្វើឲ្យចិត្តរបស់យើងយឺតនឹងស្ដាប់បង្គាប់ព្រះ ដែលប្រៀបដូចជា‹ស្បែកចិត្តរបស់យើង›ដែលយើងដឹងថាគួរតែកាត់វាចេញ។ នេះជាការវះកាត់ក្នុងន័យធៀប។ ប្រសិនបើយើងយល់ស្របថា ជាការល្អដែលយើងពិនិត្យមើលចិត្តរបស់យើង តើយើងប្រហែលជារកមើលអ្វី? ហើយតើតាមរបៀបណាយើងអាចធ្វើការកែប្រែណាដែលចាំបាច់?—យេ. ៤:៤
១២ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យកែខ្លួនទេ។ លោកបានមានប្រសាសន៍អំពី‹ផ្លែល្វាល្អ›ដែលលោកនឹង«ឲ្យ[ពួក]គេមានចិត្តដែលស្គាល់»លោក។ លោកមិនបានមានប្រសាសន៍ថាលោកនឹងបង្ខំពួកគេឲ្យកែប្រែចិត្តឡើយ។ ពួកគេត្រូវចង់មានចិត្តដែលឆាប់ស្ដាប់បង្គាប់ព្រះ ដែលបង្ហាញថា ពួកគេស្គាល់លោក។ យើងក៏ត្រូវធ្វើដូច្នោះដែរ។
១៣, ១៤. តើអ្វីដែលនៅក្នុងចិត្តបុគ្គលម្នាក់អាចនាំឲ្យគាត់មានគ្រោះថ្នាក់យ៉ាងដូចម្ដេច?
១៣ លោកយេស៊ូបានមានប្រសាសន៍ថា៖ «គំនិតអាក្រក់ ឃាតកម្ម ការផិតក្បត់ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការលួច ការធ្វើជាសាក្សីក្លែងក្លាយ និងពាក្យប្រមាថ សុទ្ធតែចេញពីក្នុងចិត្តមក»។ (ម៉ាថ. ១៥:១៩) ច្បាស់ណាស់ ប្រសិនបើចិត្តដែលមិនស្ដាប់បង្គាប់របស់បងប្រុសម្នាក់បានជំរុញគាត់ឲ្យប្រព្រឹត្តអំពើផិតក្បត់ ឬអំពើប្រាសចាកសីលធម៌ ហើយគាត់មិនព្រមប្រែចិត្ត នោះគាត់អាចធ្វើឲ្យព្រះលែងពេញចិត្តនឹងគាត់ជារៀងរហូត។ ប៉ុន្តែសូម្បីតែបុគ្គលម្នាក់ដែលមិនបានប្រព្រឹត្តអំពើខុសឆ្គងបែបនេះក៏ដោយ គាត់ប្រហែលជាអនុញ្ញាតឲ្យសេចក្ដីប៉ងប្រាថ្នាមួយដែលមិនត្រឹមត្រូវដុះដាលនៅក្នុងចិត្តរបស់គាត់។ (សូមអាន ម៉ាថាយ ៥:២៧, ២៨) ជាការសំខាន់ដែលយើងធ្វើឲ្យប្រាកដថា យើងមិនមានសេចក្ដីប៉ងប្រាថ្នាខុសឆ្គងនៅក្នុងចិត្តរបស់យើងទេ។ បើយើងពិនិត្យចិត្តរបស់យើង តើយើងនឹងរកឃើញថា យើងមានមនោសញ្ចេតនាមិនត្រឹមត្រូវចំពោះអ្នកណាម្នាក់ដែលមានភេទផ្ទុយ ដែលជាចំណង់សម្ងាត់ដែលព្រះមិនពេញចិត្ត ហើយដែលត្រូវបំបាត់ចោលឬទេ?
១៤ ស្រដៀងគ្នាដែរ គ្រិស្តសាសនិកម្នាក់ប្រហែលជាឲ្យកំហឹងរបស់គាត់ចំពោះបងប្រុសម្នាក់ទៀតមានកាន់ខ្លាំងឡើងរហូតដល់គាត់ចាប់ផ្ដើមស្អប់បងប្រុសនោះនៅក្នុងចិត្តរបស់គាត់។ (លេវី. ១៩:១៧) គាត់ត្រូវព្យាយាមយ៉ាងខ្លាំងដើម្បីបំបាត់ចោលអារម្មណ៍ទាំងនោះ។—ម៉ាថ. ៥:២១, ២២
១៥, ១៦. (ក) សូមលើកឧទាហរណ៍មួយអំពីរបៀបដែលគ្រិស្តសាសនិកម្នាក់«មិនបានកាត់ស្បែកចិត្ត»។ (ខ) ហេតុអ្វីអ្នកគិតថា បុគ្គលដែល«មិនបានកាត់ស្បែកចិត្ត»នឹងមិនធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
១៥ គ្រិស្តសាសនិកភាគច្រើនមិនអនុញ្ញាតឲ្យខ្លួនគាត់មានសេចក្ដីប៉ងប្រាថ្នានិងអារម្មណ៍បែបនេះនៅក្នុងចិត្តទេ។ ប៉ុន្តែ លោកយេស៊ូក៏បានមានប្រសាសន៍អំពី«គំនិតអាក្រក់»ដែរ។ នេះគឺជាទស្សនៈឬចិត្តគំនិតដែលអាចមានឥទ្ធិពលអាក្រក់ទៅលើអ្វីជាច្រើនដែលយើងធ្វើក្នុងជីវិត។ ជាឧទាហរណ៍ បុគ្គលម្នាក់អាចយល់ខុសអំពីភក្ដីភាពចំពោះសាច់ញាតិរបស់គាត់។ យ៉ាងណាមិញ គ្រិស្តសាសនិកចង់មាន«សេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស»ចំពោះសាច់ញាតិ មិនមែនដូចមនុស្សជាច្រើនដែលខ្វះសេចក្ដីស្រឡាញ់បែបនេះនៅ«គ្រាចុងក្រោយបង្អស់»ឡើយ។ (២ធី. ៣:១, ៣) ប៉ុន្តែ យើងអាចបង្ហាញសេចក្ដីស្រឡាញ់នោះហួសហេតុពេក។ មនុស្សជាច្រើនមានអារម្មណ៍ថា យើងត្រូវគាំទ្រសាច់ញាតិយើងជាជាងគាំទ្រអ្នកឯទៀតដែលមិនមែនជាសាច់ញាតិ។ ហេតុនេះ ពួកគេប្រហែលជាការពារឬកាន់ខាងសាច់ញាតិ ទោះជាសាច់ញាតិរបស់ពួកគេខុសឬត្រូវក៏ដោយ ហើយបើសាច់ញាតិណាម្នាក់ខឹង ពួកគេក៏ខឹងដែរ។ បងប្រុសៗរបស់នាងឌីណាបានខឹងខ្លាំងណាស់ដោយសារមានគេបានប្រព្រឹត្តអាក្រក់ទៅលើនាង។ (លោ. ៣៤:១៣, ២៥-៣០) ម្យ៉ាងទៀត សូមស្រមៃគិតអំពីអ្វីដែលនៅក្នុងចិត្តរបស់អាប់សាឡំម ដែលនាំឲ្យគាត់ធ្វើឃាតអាំណូនជាបងប្រុសគាត់ដែលមានឪពុកជាមួយ ម្ដាយទីទៃ។ (២សាំ. ១៣:១-៣០) មែនហើយ «គំនិតអាក្រក់»អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។
១៦ មនុស្សខ្លះខឹងខ្លាំងណាស់ ពេលដែលសមាជិកក្រុមគ្រួសាររបស់ពួកគេបានត្រូវគេធ្វើទុក្ខ ឬប្រហែលជាពេលពួកគេគ្រាន់តែគិតថា សមាជិកម្នាក់ក្នុងក្រុមគ្រួសារបានត្រូវគេធ្វើទុក្ខ។ ដូច្នេះ តើពួកគេប្រព្រឹត្តយ៉ាងណាចំពោះពួកអ្នកដែលពួកគេគិតថាបានធ្វើឲ្យសាច់ញាតិរបស់ពួកគេខឹង? ពួកគេប្រហែលជាមិនព្រមទទួលការអញ្ជើញរបស់បងប្អូនរួមជំនឿ ដែលពួកគេមានអារម្មណ៍ថាបានធ្វើអាក្រក់ទៅលើសាច់ញាតិណាម្នាក់របស់ពួកគេ ឬពួកគេមិនអញ្ជើញគាត់មកផ្ទះរបស់ពួកគេទេ។ (ហេ. ១៣:១, ២) ប៉ុន្តែ គ្រិស្តសាសនិកម្នាក់ដែលបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់គាត់ មិនធ្វើដូច្នេះឡើយ។ ព្រះយេហូវ៉ាជ្រាបអំពីអ្វីដែលនៅក្នុងចិត្តរបស់យើង ប្រសិនបើលោកឃើញអ្វីមិនល្អក្នុងចិត្តរបស់យើង លោកនឹងនិយាយថាយើង«មិនបានកាត់ស្បែកចិត្ត»ឡើយ។ (យេ. ៩:២៥, ២៦) សូមចាំអំពីពាក្យរបស់ព្រះយេហូវ៉ាដែលបានដាស់តឿនថា៖ «ចូរកាត់យកស្បែកចិត្តឯងចោលចេញ»។—យេ. ៤:៤
ចូរកែប្រែ ហើយរក្សា«ចិត្តដែលស្គាល់»ព្រះ
១៧. តើតាមរបៀបណាការកោតខ្លាចព្រះយេហូវ៉ាជួយយើងឲ្យមានចិត្តដែលឆាប់ស្ដាប់បង្គាប់ជាង?
១៧ កាលណាអ្នកពិនិត្យមើលចិត្តរបស់អ្នក អ្នកប្រហែលជាឃើញថា អ្នកមិនឆាប់ធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា ដូចដែលអ្នកគួរធ្វើនោះទេ។ តាមរបៀបណាមួយ អ្នកប្រហែលជា«មិនបានកាត់ស្បែកចិត្ត»ទេ។ អ្នកប្រហែលជារកឃើញថា អ្នកខ្លាចមនុស្ស ចង់បានមុខមាត់ ឬរបស់របរល្អប្រណីត ឬថែមទាំងមានចិត្តចង់តែរឹងចចេស ឬចង់ធ្វើតាមតែចិត្តរបស់អ្នក។ អ្នកឯទៀតក៏ធ្លាប់មានអារម្មណ៍ដូច្នោះដែរ។ (យេ. ៧:២៤; ១១:៨) យេរេមាបានសរសេរថា ជនជាតិយូដាដែលមិនស្មោះត្រង់នៅសម័យរបស់គាត់មាន«ចិត្តរឹងចចេស ហើយបះបោរ»។ គាត់បានបន្ថែមថា៖ «[ពួក]គេក៏មិនដែលនឹកក្នុងចិត្តថា ឥឡូវនេះចូរយើងកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើងវិញ ដែលទ្រង់ប្រទានភ្លៀងមក គឺទាំងភ្លៀងដើម ហើយចុងរដូវផង»។ (យេ. ៥:២៣, ២៤) បើយើងកោតខ្លាចព្រះយេហូវ៉ា ពោលគឺ បើយើងគោរពលោក យើងនឹងបំបាត់ចោលសេចក្ដីអាក្រក់ពីក្នុងចិត្តរបស់យើង។ យើងនឹងងាយស្រួលធ្វើការកែប្រែនៅក្នុងចិត្តរបស់យើង ហើយធ្វើអ្វីក៏ដោយដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើ។
១៨. តើព្រះយេហូវ៉ាបានសន្យាអ្វីចំពោះពួកអ្នកដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មី?
១៨ កាលដែលយើងបន្តព្យាយាមធ្វើដូច្នេះ ព្រះយេហូវ៉ានឹងឲ្យយើងមាន«ចិត្តដែលស្គាល់»លោក។ តាមការពិត នោះជាអ្វីដែលលោកបានសន្យានឹងធ្វើសម្រាប់ពួកអ្នកដែលបានត្រូវរើសតាំង នៅក្នុងកិច្ចព្រមព្រៀងថ្មីដែលថា៖ «អញនឹងដាក់ក្រិត្យវិន័យរបស់អញ នៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ»។ ចុះយ៉ាងណាការស្គាល់លោកយ៉ាងច្បាស់? លោកបានបន្ថែមថា៖ «គេនឹងលែងបង្រៀនអ្នកជិតខាង ហើយនឹងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិត . . . គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ»។—យេ. ៣១:៣១-៣៤a
១៩. តើគ្រិស្តសាសនិកពិតមានលទ្ធភាពដ៏អស្ចារ្យអ្វី?
១៩ ទោះជាយើងទន្ទឹងរង់ចាំទទួលប្រយោជន៍ជារៀងរហូតពីកិច្ចព្រមព្រៀងថ្មីនៅស្ថានសួគ៌ឬនៅផែនដីក៏ដោយ យើងគួរចង់ស្គាល់ព្រះយេហូវ៉ា ហើយធ្វើជារាស្ត្ររបស់លោក។ អ្វីដែលយើងត្រូវមានជាមុនដើម្បីទទួលប្រយោជន៍ទាំងនេះ គឺយើងត្រូវទទួលការអភ័យទោសចំពោះអំពើខុសឆ្គងដោយផ្អែកលើថ្លៃលោះរបស់គ្រិស្ត។ ដោយសារយើងអាចទទួលការអភ័យទោស យើងគួរតែចង់អភ័យទោសឲ្យអ្នកឯទៀត សូម្បីតែយើងប្រហែលជាពិបាកធ្វើដូច្នោះក៏ដោយ។ យើងគួរខំប្រឹងបំបាត់ឲ្យអស់នូវកំហឹងនិងការស្អប់ដែលយើងប្រហែលជាមានចំពោះអ្នកឯទៀត។ នេះនឹងជួយយើងឲ្យបង្ហាញថា យើងចង់បម្រើព្រះយេហូវ៉ា ហើយស្គាល់លោកកាន់តែប្រសើរជាង។ យើងនឹងដូចពួកអ្នកដែលព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈយេរេមាថា៖ «ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត . . . អញនឹងឲ្យឯងរាល់គ្នារកអញឃើញ»។—យេ. ២៩:១៣, ១៤
[កំណត់សម្គាល់]
a កិច្ចព្រមព្រៀងថ្មីនឹងត្រូវពិភាក្សានៅជំពូកទី១៤នៃសៀវភៅ អ្វីដែលព្រះមានប្រសាសន៍មកយើងតាមរយៈយេរេមា (God’s Word for Us Through Jeremiah)។
[រូបភាពនៅទំព័រ៨]
[រូបភាពនៅទំព័រ១០]
[រូបភាពនៅទំព័រ១១]
ចូរពិនិត្យមើលចិត្តរបស់អ្នក ហើយបំបាត់ឲ្យអស់នូវសេចក្ដីប៉ងប្រាថ្នាខុសឆ្គងដើម្បីឲ្យអ្នកអាចទទួលពរពីព្រះ
[រូបភាពនៅទំព័រ១២]