សូមកុំ«អន់ចិត្តចំពោះព្រះយេហូវ៉ា»ឡើយ
«សេចក្ដីចំកួតរបស់មនុស្ស រមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ»។—សុភ. ១៩:៣
១, ២. ហេតុអ្វីយើងមិនគួរទម្លាក់កំហុសទៅលើព្រះយេហូវ៉ាចំពោះបញ្ហារបស់មនុស្សជាតិ? សូមលើកឧទាហរណ៍។
ឧបមាថាអ្នកជាបុរសម្នាក់ដែលបានរៀបការដោយមានសុភមង្គលអស់ជាច្រើនឆ្នាំ។ ប៉ុន្តែថ្ងៃមួយពេលដែលអ្នកមកផ្ទះវិញ អ្នកឃើញថាអ្វីៗទាំងអស់នៅក្នុងផ្ទះរបស់អ្នកបានរាយប៉ាយ។ គ្រឿងសង្ហារិមរបស់អ្នកបានបាក់បែក ហើយចានរបស់អ្នកបានបែកខ្ទេចខ្ទី កម្រាលព្រំរបស់អ្នករហែកដល់កម្រិតដែលមិនអាចជួសជុលបាន។ ផ្ទះជាទីស្រឡាញ់របស់អ្នកមើលទៅហាក់ដូចជារងមហន្តរាយធម្មជាតិ។ តើអ្នកនឹងលាន់មាត់ថា៖ «ហេតុអ្វីប្រពន្ធរបស់ខ្ញុំធ្វើដូច្នេះ?» ឬអ្នកទំនងជានឹងសួរថា៖ «តើអ្នកណាធ្វើបែបនេះ?»។ មិនចម្លែកទេដែលភ្លាមៗអ្នកនឹកឃើញសំណួរទី២។ ហេតុអ្វី? ពីព្រោះអ្នកដឹងថាគូជាទីស្រឡាញ់របស់អ្នកមិនមានចេតនាអាក្រក់ដើម្បីបំផ្លាញទ្រព្យសម្បត្ដិឡើយ។
២ សព្វថ្ងៃនេះផែនដីបានត្រូវបំផ្លិចបំផ្លាញ។ ដី ទឹកនិងខ្យល់អាកាសបានត្រូវបំពុល។ មនុស្សប្រើអំពើហិង្សា និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ ប៉ុន្តែជាអ្នកសិក្សាគម្ពីរ យើងដឹងថាព្រះយេហូវ៉ាមិនអាចជាអ្នកបណ្ដាលឲ្យមានបញ្ហាទាំងនេះឡើយ។ លោកបានបង្កើតផែនដីជាសួនឧទ្យានដ៏ស្អាត។ (លោ. ២:៨, ១៥) ព្រះយេហូវ៉ាគឺជាព្រះនៃសេចក្ដីស្រឡាញ់។ (១យ៉ូន. ៤:៨) គម្ពីរប្រាប់យើងថា សាថានជា«អ្នកគ្រប់គ្រងពិភពលោកនេះ» ហើយវាជាអ្នកដែលបណ្ដាលឲ្យមានបញ្ហាជាច្រើនទាំងនេះ។—យ៉ូន. ១៤:៣០; ២កូ. ៤:៤
៣. តើតាមរបៀបណាយើងប្រហែលជាចាប់ផ្ដើមមានទស្សនៈមិនត្រឹមត្រូវចំពោះបញ្ហារបស់យើង?
៣ ប៉ុន្តែយើងមិនអាចបន្ទោសសាថានចំពោះទុក្ខលំបាកទាំងអស់របស់យើងឡើយ។ ហេតុអ្វី? ពីព្រោះបញ្ហាខ្លះរបស់យើងគឺបណ្ដាលមកពីកំហុសរបស់យើងផ្ទាល់។ (សូមអាន ចោទិយកថា ៣២:៤-៦) យើងប្រហែលជានិយាយថាយើងគិតដូច្នេះ។ ប៉ុន្តែដោយសារយើងមានភាពមិនល្អឥតខ្ចោះ យើងអាចចាប់ផ្ដើមមានទស្សនៈមិនត្រឹមត្រូវចំពោះបញ្ហារបស់យើង ហើយនេះអាចនាំឲ្យមានគ្រោះថ្នាក់។ (សុភ. ១៤:១២) តើតាមរបៀបណា? ជាជាងបន្ទោសខ្លួនយើងឬបន្ទោសសាថានចំពោះបញ្ហាណាមួយ យើងអាចចាប់ផ្ដើមទម្លាក់កំហុសទៅលើព្រះយេហូវ៉ា។ យើងប្រហែលជា«អន់ចិត្តចំពោះព្រះយេហូវ៉ា»ទៀតផង។—សុភ. ១៩:៣
៤, ៥. តើតាមរបៀបណាគ្រិស្តសាសនិកម្នាក់អាចចាប់ផ្ដើម«អន់ចិត្តចំពោះព្រះយេហូវ៉ា»?
៤ តើយើងពិតជាអាច«អន់ចិត្តចំពោះព្រះយេហូវ៉ា»ឬទេ? ការអន់ចិត្តនឹងព្រះដូច្នេះប្រាកដជាគ្មានប្រយោជន៍ឡើយ។ (អេ. ៤១:១១) យើងមិនអាចតយុទ្ធឈ្នះព្រះឡើយ។ ពិតមែនតែយើងប្រហែលជាមិននិយាយថាយើងខឹងនឹងព្រះយេហូវ៉ាទេ ប៉ុន្តែសុភាសិត ១៩:៣ចែងថា សេចក្ដីចំកួតរបស់មនុស្សរមែង«បង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ»។ ចិត្តគំនិតបែបនេះអាចចាប់ផ្ដើមមានឥទ្ធិពលទៅលើការប្រព្រឹត្តរបស់គាត់។ ជាឧទាហរណ៍ គាត់ប្រហែលជាបន្ថយសកម្មភាពក្នុងកិច្ចបម្រើព្រះយេហូវ៉ា ឬឈប់គោរពប្រណិប័តន៍លោកជាមួយនឹងក្រុមជំនុំ។
៥ តើអ្វីអាចជំរុញយើងឲ្យ«អន់ចិត្តចំពោះព្រះយេហូវ៉ា»? តើយើងអាចជៀសពីអន្ទាក់នេះយ៉ាងដូចម្ដេច? យើងត្រូវដឹងចម្លើយចំពោះសំណួរទាំងនេះដើម្បីយើងអាចការពារចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា!
តើអ្វីអាចជំរុញយើងឲ្យ«អន់ចិត្តចំពោះព្រះយេហូវ៉ា»?
៦, ៧. ហេតុអ្វីជនជាតិអ៊ីស្រាអែលនៅសម័យម៉ូសេបានចាប់ផ្ដើមត្អូញត្អែរអំពីព្រះយេហូវ៉ា?
៦ តើអ្វីអាចធ្វើឲ្យអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាចាប់ផ្ដើមត្អូញត្អែរអំពីព្រះរបស់គាត់? សូមយើងពិចារណាកត្ដាប្រាំយ៉ាង និងគំរូក្នុងគម្ពីរដែលលើកបញ្ជាក់អំពីរបៀបដែលមនុស្សខ្លះនៅសម័យបុរាណបានធ្លាក់ក្នុងអន្ទាក់នេះ។—១កូ. ១០:១១, ១២
៧ ពាក្យសម្ដីដែលមិនលើកទឹកចិត្តរបស់អ្នកឯទៀតអាចមានឥទ្ធិពលមកលើយើង។ (សូមអាន ចោទិយកថា ១:២៦-២៨) ជនជាតិអ៊ីស្រាអែលទើបតែបានត្រូវរំដោះពីទាសភាពនៅស្រុកអេស៊ីប។ ព្រះយេហូវ៉ាទើបនឹងបានធ្វើអព្ភូតហេតុដើម្បីបណ្ដាលឲ្យមានសេចក្ដីវេទនាទាំង១០មកលើប្រជាជាតិដែលជិះជាន់នេះ ហើយក្រោយមកបានបំផ្លាញផារ៉ូនិងកងទ័ពរបស់គាត់ក្នុងសមុទ្រក្រហម។ (និក្ខ. ១២:២៩-៣២, ៥១; ១៤:២៩-៣១; ទំនុក. ១៣៦:១៥) រាស្ត្ររបស់ព្រះហៀបនឹងចូលស្រុកដែលលោកបានសន្យា។ ប៉ុន្តែនៅពេលដ៏សំខាន់បំផុតនេះ ជនជាតិអ៊ីស្រាអែលបានចាប់ផ្ដើមត្អូញត្អែរអំពីព្រះយេហូវ៉ា។ តើអ្វីបណ្ដាលឲ្យពួកគេខ្វះជំនឿដូច្នេះ? អ្នកស៊ើបការណ៍១០នាក់បានផ្ដល់ដំណឹងមិនល្អដល់ជនជាតិអ៊ីស្រាអែល ហើយនេះធ្វើឲ្យពួកគេធ្លាក់ទឹកចិត្ត ហើយភ័យខ្លាច។ (ជន. ១៤:១-៤) តើនេះនាំឲ្យមានលទ្ធផលអ្វី? ព្រះមិនបានអនុញ្ញាតឲ្យជនជាតិអ៊ីស្រាអែលមួយជំនាន់នោះចូលក្នុង«ស្រុកល្អ»នោះឡើយ។ (ចោ. ១:៣៤, ៣៥) តើយើងអាចទាញមេរៀនអ្វី? ពាក្យសម្ដីដែលមិនលើកទឹកចិត្តរបស់អ្នកឯទៀតអាចធ្វើឲ្យជំនឿរបស់យើងចុះខ្សោយ ហើយអាចនាំឲ្យយើងត្អូញត្អែរអំពីរបៀបដែលព្រះយេហូវ៉ាដឹកនាំរាស្ត្ររបស់លោក។
៨. តើអ្វីបានបណ្ដាលឲ្យរាស្ត្ររបស់ព្រះនៅសម័យអេសាយ ចាប់ផ្ដើមបន្ទោសព្រះយេហូវ៉ាចំពោះស្ថានភាពរបស់ពួកគេ?
៨ ទុក្ខលំបាកអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ត។ (សូមអាន អេសាយ ៨:២១, ២២) នៅសម័យអេសាយ ប្រជាជាតិយូដាបានស្ថិតនៅក្នុងស្ថានភាពពិបាកយ៉ាងខ្លាំង។ សត្រូវបានឡោមព័ទ្ធពួកគេ។ ពួកគេខ្វះស្បៀងអាហារ។ មនុស្សជាច្រើននាក់អត់ឃ្លាន។ ប៉ុន្តែមានបញ្ហាមួយដែលធំជាងនេះទៅទៀត។ ពួកគេបានឈប់ស្ដាប់ព្រះយេហូវ៉ា ហើយបានឲ្យចំណងមិត្តភាពរវាងពួកគេនិងលោកចុះខ្សោយ។ (អេម. ៨:១១) ប៉ុន្តែជាជាងស្វែងរកជំនួយពីព្រះយេហូវ៉ាពេលប្រឈមមុខនឹងទុក្ខលំបាកទាំងនេះ ពួកគេបានចាប់ផ្ដើម«ប្រទេចផ្ដាសា»ដល់ស្តេចនិងព្រះរបស់ពួកគេ។ ពួកគេបានបន្ទោសព្រះយេហូវ៉ាចំពោះបញ្ហារបស់ខ្លួន។ ស្រដៀងគ្នាដែរ ប្រសិនបើយើងធ្លាក់ទឹកចិត្តដោយសាររឿងខ្លោចផ្សាណាមួយឬបញ្ហាឯទៀតក្នុងជីវិត យើងអាចចាប់ផ្ដើមបន្ទោសព្រះយេហូវ៉ា ហើយមានអារម្មណ៍ថាលោកមិនជួយយើងពេលយើងត្រូវការជំនួយពីលោក។
៩. ហេតុអ្វីជនជាតិអ៊ីស្រាអែលនៅសម័យអេសេគាលចាប់ផ្ដើមមានទស្សនៈមិនត្រឹមត្រូវ?
៩ យើងមិនដឹងការពិតទាំងអស់ឡើយ។ ដោយសារជនជាតិអ៊ីស្រាអែលនៅសម័យអេសេគាលមិនដឹងការពិតទាំងអស់អំពីស្ថានភាពនីមួយៗ ពួកគេបានគិតថារបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តគឺមិនត្រឹមត្រូវទេ។ (អេស. ១៨:២៩) ដោយធ្វើដូច្នេះគឺហាក់ដូចជាពួកគេតាំងខ្លួនជាអ្នកវិនិច្ឆ័យព្រះ ដោយចាត់ទុកខ្នាតតម្រារបស់ខ្លួនស្តីអំពីយុត្ដិធម៌ថាខ្ពង់ខ្ពស់ជាងខ្នាតតម្រារបស់ព្រះយេហូវ៉ា ហើយវិនិច្ឆ័យលោកដោយផ្អែកលើការយល់ដឹងដែលមានកម្រិតរបស់ខ្លួនអំពីព្រឹត្ដិការណ៍ផ្សេងៗ។ ជួនកាលប្រសិនបើយើងមិនយល់ទាំងស្រុងអំពីកំណត់ហេតុក្នុងគម្ពីរ ឬមិនយល់អំពីរបៀបដែលព្រឹត្ដិការណ៍ផ្សេងៗកើតឡើងក្នុងជីវិតរបស់យើង តើយើងប្រហែលជាអាចមានអារម្មណ៍ថាព្រះយេហូវ៉ាបានប្រព្រឹត្តដោយអយុត្ដិធម៌ ហើយ«មិនស្មើ»ឬទេ?—យ៉ូប ៣៥:២
១០. តើតាមរបៀបណាបុគ្គលម្នាក់អាចធ្វើតាមគំរូអាក្រក់របស់អាដាម?
១០ យើងទម្លាក់កំហុសទៅលើអ្នកឯទៀតចំពោះអំពើខុសឆ្គងនិងកំហុសរបស់យើង។ តាំងពីដើមដំបូងនៃប្រវត្ដិសាស្ត្រ អាដាមបានបន្ទោសព្រះចំពោះអំពើខុសឆ្គងរបស់គាត់។ (លោ. ៣:១២) ទោះជាអាដាមបានធ្វើខុសដោយចេតនា ហើយទោះជាគាត់បានដឹងអំពីលទ្ធផលដែលមកពីការបំពានច្បាប់របស់ព្រះក៏ដោយ គាត់បានបន្ទោសព្រះយេហូវ៉ា។ នេះគឺហាក់ដូចជាគាត់និយាយថាព្រះយេហូវ៉ាបានឲ្យប្រពន្ធអាក្រក់ដល់គាត់។ ចាប់ពីពេលនោះមក មនុស្សឯទៀតបានធ្វើតាមគំរូរបស់អាដាមដោយបន្ទោសព្រះចំពោះកំហុសរបស់ពួកគេ។ ជាការល្អដែលយើងសួរខ្លួនយើងថា ‹តើការខកចិត្ត និងការតានតឹងចិត្តចំពោះកំហុសរបស់ខ្ញុំបណ្ដាលឲ្យខ្ញុំមិនសូវពេញចិត្តនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ាឬទេ?›។
១១. តើយើងអាចរៀនអ្វីខ្លះពីគំរូរបស់យ៉ូណាស?
១១ យើងចាប់ផ្ដើមគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ យ៉ូណាសដែលជាអ្នកប្រកាសទំនាយបានខឹងនឹងព្រះយេហូវ៉ា ពេលលោកបានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះបណ្ដាជននៅក្រុងនីនីវេ។ (យ៉ូណ. ៤:១-៣) ហេតុអ្វី? តាមមើលទៅគាត់ខ្វល់ខ្វាយហួសហេតុពេកអំពីការអាម៉ាស់មុខ ពេលដែលការប្រកាសរបស់គាត់អំពីការបំផ្លាញក្រុងនោះមិនបានសម្រេច។ យ៉ូណាសបានចាត់ទុកកេរ្ដិ៍ឈ្មោះរបស់គាត់សំខាន់ជាងសេចក្ដីមេត្ដាករុណាដែលគាត់គួរមានចំពោះបណ្ដាជននៅក្រុងនីនីវេដែលបានប្រែចិត្ត។ តើយើងអាចគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដូចយ៉ូណាស រហូតដល់យើង«អន់ចិត្តចំពោះព្រះយេហូវ៉ា»ដោយសារលោកមិនបានបំផ្លាញចោលរបៀបរបបអាក្រក់នេះឲ្យបានឆាប់ជាងនេះឬទេ? ប្រសិនបើយើងបានផ្សព្វផ្សាយអស់ជាច្រើនទសវត្សរ៍មកហើយថាថ្ងៃនៃព្រះយេហូវ៉ាគឺជិតមកដល់ តើយើងអាចចាប់ផ្ដើមបាត់បង់ចិត្តអត់ធ្មត់ ពេលដែលអ្នកឯទៀតរិះគន់យើងដោយសារយើងផ្សព្វផ្សាយពីអ្វីដែលគម្ពីរបានចែងឬទេ?—២ពេ. ៣:៣, ៤, ៩
របៀបជៀសវាងពីការ«អន់ចិត្តចំពោះព្រះយេហូវ៉ា»
១២, ១៣. តើយើងត្រូវធ្វើអ្វីខ្លះប្រសិនបើក្នុងចិត្តយើងចាប់ផ្ដើមមិនយល់ស្របនឹងអ្វីដែលព្រះយេហូវ៉ាធ្វើឬអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង?
១២ តើយើងអាចធ្វើអ្វីខ្លះប្រសិនបើយើងមិនយល់ស្របនឹងអ្វីដែលព្រះយេហូវ៉ាធ្វើ ឬអ្វីដែលលោកអនុញ្ញាតឲ្យកើតឡើង? សូមចាំថាការគិតបែបនេះមិនមែនជាគំនិតឈ្លាសវៃឡើយ។ ដោយចាំអំពីចំណុចនេះ ឥឡូវនេះសូមយើងពិចារណាកត្ដាប្រាំយ៉ាងដែលនឹងជួយយើងមិនឲ្យការខកចិត្តក្នុងជីវិតធ្វើឲ្យយើងបន្ទោសព្រះយេហូវ៉ា។
១៣ សូមបន្តពង្រឹងចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ា។ ប្រសិនបើយើងរក្សាចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះ នោះយើងអាចជៀសវាងពីទំនោរចិត្តមិនល្អឥតខ្ចោះរបស់យើងដែលចាប់ផ្ដើមខឹងនឹងលោក។ (សូមអាន សុភាសិត ៣:៥, ៦) យើងត្រូវទុកចិត្តលើព្រះយេហូវ៉ា។ យើងក៏ត្រូវជៀសវាងពីការគិតថាខ្លួនមានប្រាជ្ញាឬគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ (សុភ. ៣:៧; សាស្ដ. ៧:១៦) ទស្សនៈនេះនឹងជួយយើងកុំឲ្យបន្ទោសព្រះ ពេលដែលមានរឿងអាក្រក់កើតឡើង។
១៤, ១៥. តើអ្វីនឹងជួយយើងកុំឲ្យទទួលឥទ្ធិពលពីពាក្យសម្ដីដែលមិនលើកទឹកចិត្តរបស់អ្នកឯទៀត?
១៤ សូមកុំឲ្យពាក្យសម្ដីដែលមិនលើកទឹកចិត្តរបស់អ្នកឯទៀតមានឥទ្ធិពលមកលើអ្នក។ ជនជាតិអ៊ីស្រាអែលនៅសម័យម៉ូសេមានមូលហេតុជាច្រើនដែលពួកគេជឿថា ព្រះយេហូវ៉ានឹងដឹកនាំពួកគេចូលក្នុងស្រុកដែលលោកបានសន្យា ដោយជោគជ័យ។ (ទំនុក. ៧៨:៤៣-៥៣) ប៉ុន្តែពេលពួកគេឮសេចក្ដីរាយការណ៍មិនល្អរបស់អ្នកស៊ើបការណ៍មិនស្មោះត្រង់១០នាក់ ពួកគេមិនបាន«នឹកចាំពីព្រះហស្តទ្រង់»ឡើយ។ (ទំនុក. ៧៨:៤២) ប្រសិនបើយើងរំពឹងគិតអំពីការប្រព្រឹត្តរបស់ព្រះយេហូវ៉ា ហើយចាំអំពីអ្វីដែលល្អទាំងអស់ដែលលោកបានធ្វើដើម្បីយើង នោះនឹងពង្រឹងចំណងមិត្តភាពរវាងយើងនិងលោក។ ជាលទ្ធផល យើងនឹងមិនឲ្យអ្វីដែលអ្នកឯទៀតនិយាយធ្វើឲ្យយើងឃ្លាតចេញពីព្រះយេហូវ៉ាឡើយ។—ទំនុក. ៧៧:១១, ១២
១៥ ម្យ៉ាងទៀត ប្រសិនបើយើងមានចិត្តគំនិតមិនត្រឹមត្រូវចំពោះបងប្អូនរួមជំនឿរបស់យើង នេះអាចប៉ះពាល់ដល់ចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា។ (១យ៉ូន. ៤:២០) ជាឧទាហរណ៍ ពេលអេរ៉ុនបានត្រូវតែងតាំងជាសម្ដេចសង្ឃ ជនជាតិអ៊ីស្រាអែលបានត្អូញត្អែរអំពីរឿងនេះ។ ប៉ុន្តែចំពោះព្រះយេហូវ៉ា នេះគឺដូចជាពួកគេបានត្អូញត្អែរអំពីលោក។ (ជន. ១៧:១០) ស្រដៀងគ្នាដែរ ប្រសិនបើយើងចាប់ផ្ដើមត្អូញត្អែរអំពីពួកអ្នកដែលព្រះយេហូវ៉ាកំពុងប្រើដើម្បីដឹកនាំផ្នែកនៃអង្គការរបស់លោកដែលនៅផែនដី នោះយើងកំពុងត្អូញត្អែរអំពីព្រះយេហូវ៉ា។—ហេ. ១៣:៧, ១៧
១៦, ១៧. តើយើងត្រូវចាំអំពីអ្វីពេលយើងជួបនឹងបញ្ហា?
១៦ សូមចាំថាព្រះយេហូវ៉ាមិនមែនជាអ្នកបណ្ដាលឲ្យយើងមានបញ្ហាឡើយ។ ទោះជាជនជាតិអ៊ីស្រាអែលនៅសម័យអេសាយបានបែរចេញពីព្រះយេហូវ៉ាក៏ដោយ លោកនៅតែចង់ជួយពួកគេ។ (អេ. ១:១៦-១៩) ទោះជាយើងជួបនឹងបញ្ហាអ្វីក៏ដោយ យើងអាចទទួលការសម្រាលទុក្ខពេលដឹងថាព្រះយេហូវ៉ារមែងគិតអំពីយើង ហើយចង់ជួយយើង។ (១ពេ. ៥:៧) តាមការពិត លោកបានសន្យាថាលោកនឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីបន្តស៊ូទ្រាំ។—១កូ. ១០:១៣
១៧ យ៉ូបបានរងទុក្ខដោយសារអំពើអយុត្ដិធម៌ ទោះជាគាត់ស្មោះត្រង់នឹងព្រះយេហូវ៉ាក៏ដោយ។ ដូច្នេះពេលយើងរងទុក្ខ យើងត្រូវចាំថាព្រះយេហូវ៉ាមិនមែនជាអ្នកបណ្ដាលឲ្យយើងរងទុក្ខទេ។ ព្រះយេហូវ៉ាស្អប់អំពើអយុត្ដិធម៌ ហើយលោកស្រឡាញ់សេចក្ដីសុចរិត។ (ទំនុក. ៣៣:៥) ដូចអេលីហ៊ូវដែលជាមិត្តរបស់យ៉ូប ចូរយើងទទួលស្គាល់ថា៖ «កុំឲ្យយើងថាព្រះទ្រង់ធ្វើអាក្រក់ ឬថាព្រះដ៏មានគ្រប់ព្រះចេស្ដា ទ្រង់ប្រព្រឹត្តសេចក្ដីទុច្ចរិតនោះឡើយ!»។ (យ៉ូប ៣៤:១០) ជាជាងបណ្ដាលឲ្យយើងមានបញ្ហា ព្រះយេហូវ៉ាឲ្យ«គ្រប់ទាំងរបស់ល្អនិងអំណោយដ៏ល្អឥតខ្ចោះ»ដល់យើង។—យ៉ា. ១:១៣, ១៧
១៨, ១៩. ហេតុអ្វីយើងមិនគួរសង្ស័យព្រះយេហូវ៉ា? សូមលើកឧទាហរណ៍។
១៨ សូមកុំសង្ស័យនឹងព្រះយេហូវ៉ាឡើយ។ ព្រះយេហូវ៉ាគឺល្អឥតខ្ចោះ ហើយគំនិតរបស់លោកគឺខ្ពស់ជាងគំនិតរបស់យើង។ (អេ. ៥៥:៨, ៩) ដូច្នេះចិត្តរាបទាបគួរជួយយើងឲ្យទទួលស្គាល់ថា ការយល់ដឹងរបស់យើងគឺមានកម្រិត។ (រ៉ូម ៩:២០) យើងកម្រដឹងហេតុការណ៍ពិតទាំងអស់អំពីស្ថានភាពណាមួយ។ អ្នកច្បាស់ជាធ្លាប់ឃើញថាពាក្យក្នុងសុភាសិតនេះដែលចែងថា៖ «អ្នកណាដែលនិយាយមុនគេក្នុងការក្ដី នោះមើលទៅដូចជាត្រឹមត្រូវហើយ តែគូក្ដីរបស់អ្នកនោះមកបើកសំដែងឲ្យឃើញកំហុសវិញ» ជាពាក្យពិត។—សុភ. ១៨:១៧
១៩ ប្រសិនបើមិត្តភក្ដិម្នាក់ដែលយើងទុកចិត្ត ធ្វើអ្វីដែលយើងប្រហែលជាមិនយល់នៅដើមដំបូង ឬដែលយើងមានអារម្មណ៍ថាអ្វីដែលគាត់ធ្វើគឺចម្លែក តើយើងឆាប់ចោទប្រកាន់ថាគាត់បានធ្វើអ្វីមួយខុសឬ? មិនមែនទេ ផ្ទុយទៅវិញយើងទំនងជាគិតថាយើងមិនដឹងហេតុការណ៍ពិតទាំងអស់អំពីអ្វីដែលបានកើតឡើងឡើយ។ បើយើងប្រព្រឹត្តចំពោះមិត្តភក្ដិរបស់យើងដែលជាមនុស្សមិនល្អឥតខ្ចោះដោយសេចក្ដីស្រឡាញ់បែបនេះ យើងគួរទុកចិត្តជាងនោះទៅទៀតទៅលើបិតារបស់យើងដែលនៅស្ថានសួគ៌ ដែលផ្លូវនិងគំនិតរបស់លោកគឺខ្ពស់ជាងយើងឆ្ងាយណាស់!
២០, ២១. ហេតុអ្វីជាការសំខាន់ដែលយើងទទួលស្គាល់ដើមហេតុនៃបញ្ហារបស់យើង?
២០ ចូរទទួលស្គាល់ដើមហេតុនៃបញ្ហារបស់យើង។ ហេតុអ្វីយើងគួរធ្វើដូច្នេះ? យើងត្រូវដឹងថា បញ្ហាខ្លះរបស់យើងគឺកើតឡើងដោយសារខ្លួនយើង។ (កាឡ. ៦:៧) សូមកុំខំបន្ទោសព្រះយេហូវ៉ា ចំពោះបញ្ហារបស់យើងឡើយ។ ហេតុអ្វីការធ្វើដូច្នេះគឺមិនសមហេតុផល? សូមពិចារណាអំពីឧទាហរណ៍នេះ: ឡានអាចបើកបរលឿនបាន។ សូមស្រមៃគិតថាអ្នកបើកបរម្នាក់ បើកលឿនពេក ហួសល្បឿនដែលច្បាប់កំណត់ឲ្យ ពេលដែលត្រូវបត់នៅផ្លូវកែង ហើយបណ្ដាលឲ្យមានគ្រោះថ្នាក់។ តើក្រុមហ៊ុនដែលផលិតឡាននោះគួរទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះឬទេ? ប្រាកដជាមិនមែនទេ! ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានចិត្តសេរី។ ប៉ុន្តែលោកក៏បានផ្ដល់ឲ្យយើងនូវការណែនាំអំពីរបៀបធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃដែរ។ ដូច្នេះយើងមិនគួរបន្ទោសព្រះយេហូវ៉ាចំពោះកំហុសរបស់យើងទេ។
២១ បញ្ហាទាំងអស់របស់យើងមិនមែនសុទ្ធតែកើតឡើងដោយសារកំហុសរបស់យើងឡើយ។ ព្រឹត្ដិការណ៍ខ្លះកើតឡើងដោយសារ«ពេលវេលានឹងឱកាស»។ (សាស្ដ. ៩:១១) យើងក៏មិនគួរភ្លេចដែរថា មេកំណាចសាថានគឺជាដើមហេតុនៃអំពើអាក្រក់ក្នុងពិភពលោកនេះ។ (១យ៉ូន. ៥:១៩; បប. ១២:៩) វាគឺជាសត្រូវរបស់យើង មិនមែនព្រះយេហូវ៉ាទេ។—១ពេ. ៥:៨
ចូរចាត់ទុកចំណងមិត្តភាពរវាងអ្នកនឹងព្រះយេហូវ៉ាថាមានតម្លៃ
២២, ២៣. តើយើងគួរចាំអំពីអ្វី ប្រសិនបើយើងធ្លាក់ទឹកចិត្តដោយសារបញ្ហារបស់យើង?
២២ សូមចាំអំពីគំរូរបស់យ៉ូស្វេនិងកាលែប ពេលអ្នកជួបទុក្ខលំបាក។ ខុសពីអ្នកស៊ើបការណ៍១០នាក់ទៀត បុរសដ៏ស្មោះត្រង់២នាក់នេះបានរាយការណ៍អំពីអ្វីដែលល្អ។ (ជន. ១៤:៦-៩) ពួកគាត់បានបង្ហាញជំនឿលើព្រះយេហូវ៉ា។ ទោះជាយ៉ាងនោះក្ដី ពួកគាត់ត្រូវដើរនៅតំបន់ស្ងាត់ជ្រងំអស់៤០ឆ្នាំជាមួយនឹងជនជាតិអ៊ីស្រាអែលឯទៀត។ តើយ៉ូស្វេនិងកាលែបបានត្អូញត្អែរឬខឹង ដោយគិតថានេះគឺអយុត្ដិធម៌ឬ? មិនមែនទេ។ ពួកគាត់បានទុកចិត្តលើព្រះយេហូវ៉ា។ តើពួកគាត់បានទទួលពរឬទេ? ពួកគាត់បានទទួលពរមែន! ពេលដែលជនជាតិអ៊ីស្រាអែលមួយជំនាន់នោះបានស្លាប់នៅតំបន់ស្ងាត់ជ្រងំ នៅទីបំផុតបុរសទាំងពីរនាក់នេះបានចូលក្នុងស្រុកដែលព្រះបានសន្យា។ (ជន. ១៤:៣០) ស្រដៀងគ្នាដែរ យើងនឹងទទួលពរពីព្រះយេហូវ៉ា ប្រសិនបើយើងធ្វើតាមបំណងប្រាថ្នារបស់លោកដោយមិន«រសាយចិត្ត»។—កាឡ. ៦:៩; ហេ. ៦:១០
២៣ ប្រសិនបើអ្នកធ្លាក់ទឹកចិត្តដោយសារបញ្ហាផ្សេងៗ ភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត ឬរបស់អ្នកផ្ទាល់ តើអ្នកគួរធ្វើអ្វី? សូមផ្ដោតអារម្មណ៍ទៅលើគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ សូមស្រមៃគិតអំពីសេចក្ដីសង្ឃឹមដែលព្រះយេហូវ៉ាបានឲ្យអ្នក។ សូមសួរខ្លួនអ្នកថា ‹តើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណាបើខ្ញុំមិនស្គាល់ព្រះយេហូវ៉ា?›។ សូមនៅជិតលោកជានិច្ច ហើយសូមកុំអន់ចិត្តចំពោះលោកឡើយ!