ព្រះយេហូវ៉ា‹ទទួលយកបន្ទុកខ្ញុំរាល់ៗថ្ងៃ›
ទោះជាខ្ញុំមានបញ្ហាជាច្រើនខាងសុខភាពដែលមើលទៅពិបាកស៊ូទ្រាំក៏ដោយ ខ្ញុំមានអារម្មណ៍ថាបិតារបស់យើងដែលនៅស្ថានសួគ៌គាំទ្រ ហើយយកចិត្តទុកដាក់ចំពោះខ្ញុំអស់មួយជីវិតរបស់ខ្ញុំ។ អស់រយៈពេលជាង២០ឆ្នាំ ខ្ញុំបានរកឃើញអំណរដ៏ពិសេសដែលមកពីការបម្រើព្រះយេហូវ៉ាជាអ្នកត្រួសត្រាយ។
ពេលដែលខ្ញុំបានកើតមកនៅឆ្នាំ១៩៥៦ ខ្ញុំមានជំងឺធ្ងន់ធ្ងរម្យ៉ាង។ ដោយសារសរសៃឆ្អឹងខ្នងរបស់ខ្ញុំខូច ខ្ញុំពិបាកដើរ ហើយធ្វើឲ្យខ្ញុំមានបញ្ហាធ្ងន់ធ្ងរជាច្រើនទៀតខាងសុខភាព។
មុនខ្ញុំកើតមក ប្ដីប្រពន្ធមួយគូដែលជាសាសនទូតរបស់សាក្សីព្រះយេហូវ៉ាបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយឪពុកម្ដាយខ្ញុំ។ ពេលខ្ញុំនៅក្មេង មានតែអ្នកផ្សាយមួយចំនួនតូចប៉ុណ្ណោះដែលបានផ្សព្វផ្សាយដោយគ្មានក្រុមជំនុំនៅក្រុងរបស់ខ្ញុំគឺក្រុងអ៊ូសាគូស ប្រទេសណាមីប៊ី។ ដូច្នេះ ជាក្រុមគ្រួសារ យើងបានពិភាក្សាអំពីព័ត៌មានក្នុងកម្មវិធីប្រជុំ។ នៅពេលខ្ញុំមានអាយុ៧ឆ្នាំ ខ្ញុំបានទទួលការវះកាត់ម្យ៉ាងដែលជាការចោះកន្លែងមួយនៅត្រង់ពោះដើម្បីបំបែរទឹកនោមមកខាងក្រៅ។ នៅពេលខ្ញុំមានអាយុ១៤ឆ្នាំ ខ្ញុំមានជំងឺឆ្កួតជ្រូក។ ដោយសារសាលាដែលជិតជាងគេ គឺនៅឆ្ងាយពីផ្ទះខ្ញុំ ហើយដោយសារខ្ញុំត្រូវការការថែទាំជាពិសេសពីឪពុកម្ដាយ ខ្ញុំមិនអាចរៀនចប់វិទ្យាល័យឡើយ។
ទោះជាយ៉ាងនេះក្ដី ខ្ញុំបានសម្រេចចិត្តពង្រឹងចំណងមិត្តភាពរបស់ខ្ញុំជាមួយព្រះយេហូវ៉ា។ សៀវភៅជាច្រើនរបស់យើងមិនទាន់មានជាភាសាអាហ្វ្រិកាន ដែលជាភាសាកំណើតរបស់ខ្ញុំឡើយ។ ដូច្នេះខ្ញុំបានរៀនភាសាអង់គ្លេសដើម្បីសិក្សាសៀវភៅមួយចំនួនរបស់យើង។ ខ្ញុំបានក្លាយជាអ្នកផ្សព្វផ្សាយ ហើយបានទទួលការជ្រមុជទឹកនៅពេលខ្ញុំមានអាយុ១៩ឆ្នាំ។ ក្នុងអំឡុងពេលបួនឆ្នាំក្រោយមក ខ្ញុំមានបញ្ហាជាច្រើនខាងសុខភាព និងខាងផ្លូវចិត្ត។ ម្យ៉ាងទៀត នៅក្រុងដែលខ្ញុំរស់នៅ មនុស្សជិតស្និទ្ធនឹងគ្នាខ្លាំងណាស់ ដូច្នេះធ្វើឲ្យខ្ញុំមិនហ៊ានផ្សព្វផ្សាយ។
នៅពេលខ្ញុំមានអាយុជាង២០ឆ្នាំ យើងបានរើពីប្រទេសណាមីប៊ី ទៅប្រទេសអាហ្វ្រិកខាងត្បូង ហើយនេះជាលើកទី១ហើយដែលខ្ញុំអាចសេពគប់ជាមួយបងប្អូនក្នុងក្រុមជំនុំ។ នេះធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់! ប៉ុន្តែខ្ញុំបានទទួលការវះកាត់ម្ដងទៀត ហើយលើកនេះគឺការចោះកន្លែងមួយនៅត្រង់ពោះ រួចទាញពោះវៀនធំមួយផ្នែកតូចមកខាងក្រៅដើម្បីបញ្ចេញលាមកមកខាងក្រៅ។
មួយរយៈពេលក្រោយមក ខ្ញុំបានឮអ្នកត្រួតពិនិត្យមណ្ឌលរៀបរាប់អំពីការត្រួសត្រាយពេញពេល។ អ្វីដែលគាត់បានរៀបរាប់មានឥទ្ធិពលមកលើចិត្តរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថាខ្ញុំមានសុខភាពមិនល្អ ហើយខ្ញុំពិបាកបម្រើជាអ្នកត្រួសត្រាយ ប៉ុន្តែខ្ញុំបានឃើញព្រះយេហូវ៉ាបានគាំទ្រខ្ញុំក្នុងគ្រាដែលខ្ញុំមានទុក្ខលំបាកជាច្រើន។ ដូច្នេះខ្ញុំបានស្នើសុំធ្វើជាអ្នកត្រួសត្រាយពេញពេល។ ប៉ុន្តែដោយសារខ្ញុំមានបញ្ហាសុខភាព ពួកអ្នកចាស់ទុំមានការស្ទាក់ស្ទើរក្នុងការយល់ព្រមចំពោះការស្នើសុំរបស់ខ្ញុំ។
ប៉ុន្តែ ខ្ញុំបានសម្រេចចិត្តខំអស់ពីសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ។ ដោយមានជំនួយពីម្ដាយខ្ញុំនិងបងប្អូនឯទៀត ខ្ញុំអាចបំពេញម៉ោងរបស់អ្នកត្រួសត្រាយអស់រយៈពេល៦ខែ។ នេះបង្ហាញពីការតាំងចិត្តរបស់ខ្ញុំដើម្បីធ្វើជាអ្នកត្រួសត្រាយ ហើយបង្ហាញថាខ្ញុំអាចស៊ូទ្រាំនឹងបញ្ហាសុខភាពរបស់ខ្ញុំ។ ខ្ញុំបានស្នើសុំម្ដងទៀតដើម្បីធ្វើជាអ្នកត្រួសត្រាយ ម្ដងនេះខ្ញុំបានទទួលការយល់ព្រម។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៨៨ ខ្ញុំបានក្លាយទៅជាអ្នកត្រួសត្រាយពេញពេល។
ក្នុងនាមជាអ្នកត្រួសត្រាយ ខ្ញុំបានទទួលការគាំទ្រពីព្រះយេហូវ៉ាជានិច្ច។ ការបង្រៀនអ្នកថ្មីនូវសេចក្ដីពិតជាជាងប្រមូលអារម្មណ៍ទៅលើស្ថានភាពរបស់ខ្ញុំ បានការពារខ្ញុំ បានថែរក្សាខ្ញុំ និងបានធ្វើឲ្យខ្ញុំមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ខ្ញុំបានទទួលអំណរពីការជួយមនុស្សមួយចំនួនឲ្យប្រគល់ខ្លួនជូនព្រះ ហើយទទួលការជ្រមុជទឹក។
ខ្ញុំនៅតែមានបញ្ហាខាងសុខភាព។ ប៉ុន្តែព្រះយេហូវ៉ា‹ទទួលយកបន្ទុកខ្ញុំរាល់ៗថ្ងៃ›។ (ទំនុក. ៦៨:១៩) លោកមិនត្រឹមតែធ្វើឲ្យខ្ញុំអាចស៊ូទ្រាំនឹងជីវិតរបស់ខ្ញុំទេ ប៉ុន្តែលោកធ្វើឲ្យខ្ញុំសប្បាយរីករាយដោយមានជីវិតរស់នៅ!