សំណួរពីអ្នកអាន
តើជាការសមរម្យឬទេ ដែលឪពុកម្ដាយដែលជាគ្រិស្តសាសនិកអង្គុយ នៅកិច្ចប្រជុំជាមួយកូនដែលបានត្រូវបណ្ដាច់មិត្តភាព?
គ្មានមូលហេតុឲ្យយើងខ្វល់ខ្វាយហួសហេតុពេក អំពីកន្លែងដែលបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពអង្គុយនៅសាលប្រជុំឡើយ។ ទស្សនាវដ្ដីនេះខំប្រឹងលើកទឹកចិត្តឪពុកម្ដាយដែលជាគ្រិស្តសាសនិកឲ្យជួយកូនដែលបានត្រូវបណ្ដាច់មិត្តភាព ដែលនៅតែរស់នៅជាមួយពួកគាត់ ឲ្យមានចំណងមិត្តភាពជាមួយព្រះ ប្រសិនបើសមធ្វើដូច្នេះ។ ដូចបានបញ្ជាក់នៅទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០២ ទំព័រ១៥-១៧ ឪពុកម្ដាយថែមទាំងអាចសិក្សាគម្ពីរជាមួយកូនមិនទាន់គ្រប់អាយុ ដែលបានត្រូវបណ្ដាច់មិត្តភាព ដែលបន្តរស់នៅជាមួយពួកគាត់។ យើងសង្ឃឹមថាកូននោះនឹងទទួលការលើកទឹកចិត្តដែលគាត់ត្រូវការដើម្បីកែប្រែការប្រព្រឹត្តរបស់គាត់។
បើនិយាយអំពីការរៀបចំកន្លែងអង្គុយនៅសាលប្រជុំ តាមមើលទៅជាការសមហេតុផលដែលកូនដែលបានត្រូវបណ្ដាច់មិត្តភាព ដែលមិនទាន់គ្រប់អាយុអាចអង្គុយយ៉ាងស្ងៀមស្ងាត់ជាមួយឪពុកម្ដាយរបស់គាត់។ ដោយសារមិនចាំបាច់ឲ្យបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពអង្គុយនៅខាងក្រោយគេនៅសាលប្រជុំ នោះមិនជាការខុសទេដែលកូនដែលបានត្រូវបណ្ដាច់មិត្តភាពអង្គុយជិតឪពុកម្ដាយរបស់គាត់នៅកន្លែងណាដែលពួកគាត់អង្គុយ។ កាលដែលឪពុកម្ដាយយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពរវាងកូននិងព្រះ ពួកគាត់ប្រាកដជាចង់ឲ្យកូនទទួលប្រយោជន៍ពីកិច្ចប្រជុំ។ ស្តីអំពីរឿងនេះ ប្រហែលជាការល្អដែលឪពុកម្ដាយឲ្យកូនអង្គុយជាមួយពួកគាត់ ជាជាងទុកកូនចោលឲ្យអង្គុយនៅកន្លែងផ្សេង។
ប៉ុន្តែចុះយ៉ាងណាបើកូនដែលបានត្រូវបណ្ដាច់មិត្តភាពមិនរស់នៅជាមួយឪពុកម្ដាយ? តើនេះមានន័យថាគាត់មិនអាចអង្គុយជិតឪពុកម្ដាយរបស់គាត់ឬ? ពីមុនសៀវភៅរបស់យើងបានចែងយ៉ាងច្បាស់អំពីទស្សនៈត្រឹមត្រូវដែលគ្រិស្តសាសនិកម្នាក់គួរព្យាយាមរក្សា ស្តីអំពីការសេពគប់ជាមួយសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ដែលមិនរស់នៅជាមួយពួកគាត់។a ប៉ុន្តែ ករណីដែលបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព អង្គុយជិតសមាជិកក្រុមគ្រួសាររបស់គាត់ដោយស្ងៀមស្ងាត់ក្នុងអំឡុងពេលប្រជុំ គឺខុសគ្នាឆ្ងាយណាស់ពីករណីដែលសាច់ញាតិរបស់បុគ្គលនោះខំរករកឱកាសសេពគប់ជាមួយគាត់ដោយគ្មានការចាំបាច់។ ប្រសិនបើសមាជិកស្មោះត្រង់នៃក្រុមគ្រួសារនោះមានទស្សនៈត្រឹមត្រូវចំពោះសមាជិកគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ហើយពួកគាត់ព្យាយាមធ្វើតាមឱវាទក្នុងគម្ពីរស្តីអំពីការសេពគប់ជាមួយបុគ្គលនោះ តាមមើលទៅគឺគ្មានមូលហេតុឲ្យខ្វល់ខ្វាយអំពីកន្លែងអង្គុយរបស់ពួកគាត់ឡើយ។—១កូ. ៥:១១, ១៣; ២យ៉ូន. ១១
ទោះជាបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពអង្គុយជិតសាច់ញាតិរបស់គាត់នៅសាលប្រជុំ ឬជិតសមាជិកឯទៀតក្នុងក្រុមជំនុំក៏ដោយ នេះមិនគួរជាមូលហេតុដែលនាំឲ្យខ្វល់ខ្វាយអំពីកន្លែងអង្គុយរបស់គាត់ឡើយ ដរាបណាគាត់មានការប្រព្រឹត្តត្រឹមត្រូវ។ ការដាក់កម្រិតឲ្យបុគ្គលម្នាក់អង្គុយនៅកន្លែងណាមួយ អាចបណ្ដាលឲ្យមានបញ្ហាផ្សេងៗ អាស្រ័យទៅលើកាលៈទេសៈ។ ប្រសិនបើអ្នកចូលរួមទាំងអស់ក្នុងកិច្ចប្រជុំ រួមទាំងសមាជិកស្មោះត្រង់នៃក្រុមគ្រួសារព្យាយាមធ្វើតាមគោលការណ៍គម្ពីរស្តីអំពីបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព ហើយមិនធ្វើឲ្យបងប្អូនឯទៀតជំពប់ដួល គឺមិនចាំបាច់បារម្ភអំពីការរៀបចំកន្លែងអង្គុយសម្រាប់ពួកអ្នកដែលចូលរួមប្រជុំឡើយ។
a សូមមើលសៀវភៅព្រះស្រឡាញ់ ទំព័រ២៣៧-២៣៩។