សេចក្ដីពន្យល់បន្ថែម
របៀបប្រព្រឹត្តចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព
ពេលដែលសាច់ញាតិឬមិត្តជិតស្និទ្ធ ប្រព្រឹត្តអំពើខុសឆ្គងដោយមិនប្រែចិត្ត ហើយបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំ នោះអាចធ្វើឲ្យយើងឈឺចិត្តខ្លាំងបំផុត។ ក្នុងករណីនេះ យើងធ្វើតាមការណែនាំក្នុងគម្ពីរដល់កម្រិតណា នោះភាពស្មោះត្រង់របស់យើងចំពោះរបៀបរៀបចំរបស់ព្រះយេហូវ៉ា និងជម្រៅនៃសេចក្ដីស្រឡាញ់ដែលយើងមានចំពោះលោកក៏ដល់កម្រិតនោះដែរ។a សូមពិចារណាអំពីសំណួរខ្លះៗស្តីអំពីរឿងនេះ។
តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព? គម្ពីរចែងថា៖ «ឈប់ចូលលាយឡំជាមួយនឹងអ្នកណាដែលមានឈ្មោះថាជាបងប្អូនរួមជំនឿ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ជាអ្នកលោភលន់ អ្នកគោរពបូជារូបព្រះ អ្នកជេរប្រមាថ អ្នកប្រមឹកស្រា អ្នកគំរាមយកទ្រព្យ សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ»។ (កូរិនថូសទី១ ៥:១១) ស្តីអំពីអស់អ្នកដែល«មិននៅជាប់នឹងសេចក្ដីបង្រៀនរបស់គ្រិស្ត» គម្ពីរចែងថា៖ «កុំទទួលអ្នកនោះចូលក្នុងផ្ទះរបស់អ្នក ឬសូម្បីតែជម្រាបសួរអ្នកនោះឡើយ ព្រោះថាអ្នកណាដែលជម្រាបសួរអ្នកនោះ ក៏រួមចំណែកក្នុងអំពើទុច្ចរិតរបស់អ្នកនោះដែរ»។ (យ៉ូហានទី២ ៩-១១) យើងមិនសេពគប់ជាមួយឬនិយាយអំពីសាសនាជាមួយនឹងមនុស្សដែលបានត្រូវបណ្ដាច់មិត្តភាពទេ។ ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៨១ ទំព័រ២៥ ជាភាសាអង់គ្លេស បានចែងថា៖ «គ្រាន់តែ‹ជម្រាបសួរ›បុគ្គលណាម្នាក់ អាចជាជំហានដំបូងដែលបើកផ្លូវឲ្យមានការសន្ទនាឬរហូតដល់មានមិត្តភាព។ តើអ្នកចង់ដើរមួយជំហានដំបូងនេះជាមួយនឹងបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពឬ?»។
តើយើងពិតជាចាំបាច់ជៀសចេញពីបុគ្គលនោះជាដាច់ខាតឬទេ? ពិតជាចាំបាច់មែន។ មានមូលហេតុមួយចំនួន។ ទី១ ការជៀសចេញពីបុគ្គលនោះបង្ហាញថាយើងស្មោះត្រង់ចំពោះព្រះនិងបណ្ដាំរបស់លោក។ យើងធ្វើតាមបង្គាប់ព្រះយេហូវ៉ាក្នុងគ្រប់ការទាំងអស់ ទោះជាស្រួលធ្វើឬពិបាកធ្វើក្ដី។ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញយើងឲ្យស្ដាប់បង្គាប់ទាំងអស់របស់លោក ដោយសារយើងទទួលស្គាល់ថា លោកតែងតែប្រព្រឹត្តដោយយុត្ដិធម៌និងដោយសេចក្ដីស្រឡាញ់ ហើយថាច្បាប់របស់លោកផ្ដល់ផលប្រយោជន៍ច្រើនបំផុត។ (អេសាយ ៤៨:១៧; យ៉ូហានទី១ ៥:៣) ទី២ ការមិនព្រមសេពគប់ជាមួយនឹងបុគ្គលដែលធ្វើខុសដោយមិនប្រែចិត្ត ជួយការពារយើងនិងបងប្អូនឯទៀតក្នុងក្រុមជំនុំពីឥទ្ធិពលដែលអាចបង្ខូចសីលធម៌ឬចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះ។ ការជៀសចេញពីបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាពក៏ជួយការពារកេរ្ដិ៍ឈ្មោះរបស់ក្រុមជំនុំដែរ។ (កូរិនថូសទី១ ៥:៦, ៧) ទី៣ បើយើងកាន់ជំហរមាំមួនខាងគោលការណ៍គម្ពីរ នោះអាចជួយអ្នកដែលបានត្រូវបណ្ដាច់មិត្តភាពផងដែរ។ ដោយគាំទ្រសេចក្ដីសម្រេចរបស់គណៈកម្មាធិការវិនិច្ឆ័យ យើងប្រហែលជាអាចជំរុញចិត្តរបស់អ្នកដែលបានធ្វើខុស ដែលមិនទាន់កែខ្លួននៅឡើយ ទោះជាអ្នកចាស់ទុំកំពុងព្យាយាមជួយគាត់ក៏ដោយ។ ការបាត់បង់នូវមិត្តភាពជាមួយនឹងមនុស្សជាទីស្រឡាញ់ ប្រហែលជាជួយគាត់ឲ្យ«ភ្ញាក់ខ្លួន» យល់អំពីភាពធ្ងន់ធ្ងរនៃកំហុសរបស់គាត់ ហើយព្យាយាមត្រឡប់មករកព្រះយេហូវ៉ាវិញ។—លូកា ១៥:១៧
ចុះបើសមាជិកក្រុមគ្រួសារបានត្រូវបណ្ដាច់មិត្តភាពវិញ? ក្នុងករណីនេះ ភាពជិតស្និទ្ធរវាងសមាជិកក្រុមគ្រួសារអាចសាកល្បងនូវភាពស្មោះត្រង់របស់យើងចំពោះច្បាប់របស់ព្រះ។ តើយើងគួរប្រព្រឹត្តយ៉ាងណាចំពោះសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព? ក្នុងសៀវភៅនេះយើងមិនអាចលើកបញ្ជាក់អំពីគ្រប់ករណីដែលអាចកើតឡើងបានទេ ប៉ុន្តែយើងនឹងផ្ដោតអារម្មណ៍ទៅលើស្ថានភាពពីរដ៏សំខាន់។
ក្នុងករណីខ្លះ សមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាពប្រហែលជានៅតែរស់នៅក្នុងផ្ទះជាមួយនឹងឪពុកម្ដាយឬកូននៅឡើយ។ ពិតមែនតែគាត់បានត្រូវបណ្ដាច់មិត្តភាព ប៉ុន្តែនោះមិនមានន័យថាគាត់បានត្រូវកាត់កាល់ពីក្រុមគ្រួសារទេ ដូច្នេះកិច្ចការប្រចាំថ្ងៃក្នុងក្រុមគ្រួសារអាចបន្តដូចធម្មតា។ ប៉ុន្តែតាមរយៈការប្រព្រឹត្តរបស់គាត់ បុគ្គលនោះបានសម្រេចចិត្តផ្ដាច់ទំនាក់ទំនងផ្នែកខាងការបម្រើព្រះជាមួយនឹងសមាជិកក្រុមគ្រួសារដែលជាអ្នកជឿ។ ដូច្នេះសមាជិកក្រុមគ្រួសារដែលស្មោះត្រង់នឹងព្រះមិនអាចឲ្យបុគ្គលនោះចូលរួមជាមួយនឹងពួកគេក្នុងការគោរពប្រណិប័តន៍ព្រះបានទេ។ ជាឧទាហរណ៍ បើបុគ្គលនោះនៅក្នុងផ្ទះ គាត់មិនអាចចូលរួមពេលដែលក្រុមគ្រួសារជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ជាក្រុមគ្រួសារទេ។ ក៏ប៉ុន្តែបើអ្នកដែលបានត្រូវបណ្ដាច់មិត្តភាពជាកូនដែលមិនទាន់គ្រប់អាយុ នោះឪពុកម្ដាយនៅតែមានភារកិច្ចអប់រំនិងប្រដៅគាត់។ ដូច្នេះ ឪពុកម្ដាយដែលស្រឡាញ់កូន អាចរៀបចំបង្រៀនគម្ពីរដល់កូនដែលបានត្រូវបណ្ដាច់មិត្តភាពនោះ។b—សុភាសិត ៦:២០-២២; ២៩:១៧
ក្នុងករណីផ្សេងទៀត កូនឬឪពុកម្ដាយដែលបានត្រូវបណ្ដាច់មិត្តភាព ប្រហែលជាមិនរស់នៅក្នុងផ្ទះជាមួយសមាជិកក្រុមគ្រួសារឯទៀតឡើយ។ ទោះជាយូរៗម្ដងប្រហែលជាមានករណីលើកលែងដែលតម្រូវឲ្យជួបជាមួយនឹងបុគ្គលនោះដើម្បីធ្វើកិច្ចការចាំបាច់មួយសម្រាប់ក្រុមគ្រួសារក៏ដោយ តែការជួបទាក់ទងគ្នានោះត្រូវកម្រណាស់ ហើយត្រូវមានរយៈពេលខ្លីបំផុត។ គ្រិស្តសាសនិកដ៏ស្មោះត្រង់ដែលជាសមាជិកក្រុមគ្រួសារ មិនខំរកលេសដើម្បីទាក់ទងនឹងសមាជិកគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព ហើយមិនរស់នៅក្នុងផ្ទះជាមួយទេ។ ផ្ទុយទៅវិញ សេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក ជំរុញពួកគេឲ្យគាំទ្ររបៀបរៀបចំក្នុងគម្ពីរស្តីអំពីការបណ្ដាច់មិត្តភាព។ ពួកគេកាន់ជំហរមាំមួនដោយសារស្រឡាញ់ព្រះយេហូវ៉ា ហើយដោយសារពួកគេចង់ឲ្យអ្នកដែលបានធ្វើខុសនោះទទួលប្រយោជន៍ច្រើនបំផុត ពោលគឺចង់ជួយគាត់ឲ្យកែខ្លួនឡើងវិញតាមការប្រដៅដែលគាត់បានទទួល។c—ហេប្រឺ ១២:១១
a គោលការណ៍គម្ពីរស្តីអំពីរឿងនេះក៏ទាក់ទងនឹងបុគ្គលដែលដកខ្លួនចេញពីក្រុមជំនុំដែរ។
b ដើម្បីទទួលព័ត៌មានថែមទៀតអំពីកូនមិនទាន់គ្រប់អាយុដែលបានត្រូវបណ្ដាច់មិត្តភាព ហើយរស់នៅផ្ទះជាមួយឪពុកម្ដាយនៅឡើយ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ២០០២ ទំព័រ១៥-១៦)។
c ដើម្បីទទួលព័ត៌មានថែមទៀតអំពីរបៀបដែលយើងត្រូវប្រព្រឹត្តចំពោះសមាជិកក្រុមគ្រួសារដែលបានត្រូវបណ្ដាច់មិត្តភាព (សូមមើលឱវាទក្នុងគម្ពីរដែលបានត្រូវពន្យល់ក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ២០០២ ទំព័រ៣-៤)។