ជីវប្រវត្ដិ
ខ្ញុំចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាកិច្ចការចម្បងរបស់ខ្ញុំ
រៀបរាប់ដោយ បៀល វ៉ាលដឺន
នៅខែមករា ឆ្នាំ១៩៣៧ ក្រោយពីខ្ញុំរៀនចប់នៅវិទ្យាល័យ ខ្ញុំបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យមួយក្នុងរដ្ឋអាយអូវ៉ាដែលនៅជិតកន្លែងយើងរស់នៅ គឺពាក់កណ្ដាលសហរដ្ឋអាម៉េរិក។ ខ្ញុំត្រូវសិក្សានិងធ្វើការដើម្បីបង់ថ្លៃសាលា ដូច្នេះខ្ញុំមិនសូវមានពេលវេលាសម្រាប់អ្វីទៀតទេ។ តាំងពីខ្ញុំនៅជាយុវជន ខ្ញុំផ្ចង់អារម្មណ៍ទៅលើការសិក្សាអំពីអគារខ្ពស់និងស្ពានព្យួរផ្សេងៗ។
នៅដើមឆ្នាំ១៩៤២ មិនយូរក្រោយពីសហរដ្ឋអាម៉េរិកចូលរួមសង្គ្រាមលោកលើកទី២ ពេលនោះខ្ញុំរៀននៅឆ្នាំទី៥ក្នុងសកលវិទ្យាល័យ ហើយនៅសល់តែប៉ុន្មានខែទៀតខ្ញុំនឹងទទួលបរិញ្ញាប័ត្រផ្នែកវិស្វកម្មខាងសំណង់។ ខ្ញុំរស់នៅក្នុងផ្ទះមួយជាមួយមិត្តភក្ដិពីរនាក់។ មិត្តម្នាក់បានប្រាប់ខ្ញុំឲ្យទៅនិយាយជាមួយបុគ្គលម្នាក់ដែល«កំពុងមកជួបក្មេងប្រុសៗនៅខាងក្រោម»។ នៅទីនោះខ្ញុំបានជួបចន ប៊្រីមឺ (ចននី) ដែលជាសាក្សីព្រះយេហូវ៉ាម្នាក់។ ខ្ញុំបានភ្ញាក់ផ្អើលចំពោះរបៀបដែលគាត់អាចរកចម្លើយពីគម្ពីរស្ទើរតែគ្រប់សំណួរ។ ខ្ញុំបានកោតស្ងើចអំពីនោះ រហូតដល់ខ្ញុំចាប់ផ្ដើមរៀនគម្ពីរជាមួយចននីជាទៀងទាត់ ហើយនៅទីបំផុតខ្ញុំបានចូលរួមផ្សព្វផ្សាយជាមួយគាត់នៅពេលណាក៏ដោយដែលខ្ញុំអាចធ្វើបាន។
ឪពុករបស់ចននីឈ្មោះអតូបានក្លាយជាសាក្សីម្នាក់ ពេលគាត់នៅជាប្រធានធនាគារមួយក្នុងក្រុងវ៉ាលនុត រដ្ឋអាយអូវ៉ា។ គាត់បានលាលែងពីតំណែងដើម្បីចូលរួមកិច្ចបម្រើផ្សាយពេញពេល។ ក្រោយមក គំរូល្អរបស់គាត់និងក្រុមគ្រួសារគាត់បានលើកទឹកចិត្តខ្ញុំឲ្យធ្វើការសម្រេចចិត្តដ៏សំខាន់មួយ។
ដល់ពេលដែលត្រូវសម្រេចចិត្ត
ថ្ងៃមួយ នាយកសកលវិទ្យាល័យបានប្រាប់ខ្ញុំថាពិន្ទុរបស់ខ្ញុំកំពុងធ្លាក់ចុះ ហើយគាត់ប្រាប់ថាខ្ញុំមិនអាចប្រឡងចេញដោយអាងពិន្ទុដែលខ្ញុំមានពីមុនទេ។ ខ្ញុំចាំថាខ្ញុំបានអធិដ្ឋានអស់ពីចិត្តទៅព្រះយេហូវ៉ាសុំលោកផ្ដល់ការណែនាំដល់ខ្ញុំ។ មិនយូរក្រោយមក ខ្ញុំបានត្រូវហៅឲ្យទៅជួបសាស្ដ្រាចារ្យផ្នែកវិស្វកម្ម។ គាត់បានប្រាប់ខ្ញុំថា គាត់បានទទួលសំណើសម្រាប់វិស្វករម្នាក់ ហើយបានឆ្លើយតបនឹងសំណើនោះដោយមិនបានសួរខ្ញុំជាមុន ព្រមទាំងថាខ្ញុំអាចទទួលការងារនោះបាន។ ខ្ញុំបានអរគុណគាត់ដែលបានជួយខ្ញុំ ប៉ុន្តែខ្ញុំបានពន្យល់នូវមូលហេតុដែលខ្ញុំតាំងចិត្តចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាកិច្ចការចម្បងរបស់ខ្ញុំ។ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៤២ ខ្ញុំបានទទួលការជ្រមុជទឹក ហើយភ្លាមនោះខ្ញុំបានទៅជាអ្នកផ្សព្វផ្សាយពេញពេលម្នាក់ ដែលសាក្សីព្រះយេហូវ៉ាហៅថាអ្នកត្រួសត្រាយ។
ក្រោយមកក្នុងឆ្នាំ១៩៤២ ខ្ញុំបានត្រូវបង្គាប់ឲ្យចូលធ្វើជាទាហាន ដូច្នេះខ្ញុំត្រូវទៅបង្ហាញខ្លួននៅមុខគណៈកម្មាធិការផ្នែកនោះដើម្បីពន្យល់មូលហេតុដែលខ្ញុំមិនអាចចូលរួមសង្គ្រាម ដោយសារនោះប្រឆាំងនឹងសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំ។ ខ្ញុំបានសុំសាស្ដ្រាចារ្យនៅសកលវិទ្យាល័យឲ្យសរសេរសំបុត្របញ្ជាក់មួយអំពីគុណសម្បត្ដិរបស់ខ្ញុំនិងជំនាញពិសេសជាវិស្វករខាងសំណង់។ ទោះជាមានសំបុត្របញ្ជាក់បែបនោះក្ដី ខ្ញុំនៅតែត្រូវពិន័យឲ្យបង់ប្រាក់១០.០០០ដុល្លារអាម៉េរិក និងត្រូវកាត់ទោសឲ្យជាប់គុកប្រាំឆ្នាំ នៅពន្ធនាគារក្នុងក្រុងលីវែនវឺត រដ្ឋកង់សាស សហរដ្ឋអាម៉េរិក។
ជីវិតក្នុងគុក
យុវជនសាក្សីព្រះយេហូវ៉ាជាង២៣០នាក់បានត្រូវកាត់ទោសឲ្យទៅធ្វើការនៅចំការមួយដែលជាកម្មសិទ្ធិរបស់ពន្ធនាគារជាតិក្នុងក្រុងលីវែនវឺត។ គេឲ្យយើងធ្វើការនៅចំការនោះក្រោមការត្រួតពិនិត្យរបស់អ្នកយាមមួយចំនួន។ ពួកគេខ្លះបានស្គាល់និងពេញចិត្តគោលជំហររបស់យើងជាគ្រិស្តសាសនិកក្នុងការកាន់អព្យាក្រឹត។
អ្នកយាមពីរបីនាក់បានឲ្យយើងបន្តប្រជុំគ្នារៀនគម្ពីរតាមទម្លាប់របស់យើង។ នៅក្នុងគុក ពួកគេបានជួយចាត់ចែងឲ្យយើងទទួលសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ សូម្បីតែប្រធានគុកក៏ធ្លាប់ជាវទស្សនាវដ្ដីការសម្រាលទុក្ខដែរ ឥឡូវហៅថាទស្សនាវដ្ដីភ្ញាក់រឭក! (Awake!)។
ខ្ញុំបានត្រូវដោះលែង និងបម្រើជាសាសនទូត
ពីរបីខែក្រោយពីចប់សង្គ្រាមលោកលើកទី២ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៤៦ ខ្ញុំបានត្រូវដោះលែងពីគុក ក្រោយពីជាប់ទោសអស់បីឆ្នាំនៃទោសប្រាំឆ្នាំ។ ភ្លាមនោះ ខ្ញុំបានចូលរួមកិច្ចបម្រើផ្សាយពេញពេលម្ដងទៀតជាអ្នកត្រួសត្រាយ។ ខ្ញុំបានត្រូវចាត់ឲ្យទៅផ្សព្វផ្សាយនៅទីក្រុងលីវែនវឺត ក្នុងរដ្ឋកង់សាស តែខ្ញុំមានការភ័យខ្លាចដោយសារនៅទីនោះមានការរើសអើងខ្លាំងប្រឆាំងនឹងសាក្សីព្រះយេហូវ៉ា។ ម្យ៉ាងទៀត នៅទីនោះគឺពិបាករកការងារចិញ្ចឹមជីវិត ហើយពិបាកជាងទៅទៀតគឺការរកកន្លែងស្នាក់នៅ។
ខ្ញុំចាំថាពេលមួយខ្ញុំបានជួបអ្នកយាមម្នាក់ គាត់ស្រែកជំទាលដាក់ខ្ញុំថា៖ «ចេញពីដីរបស់យើងភ្លាម!»។ ពេលខ្ញុំឃើញគាត់កាន់ដំបង ខ្ញុំភ័យហើយក៏ចេញពីកន្លែងនោះភ្លាមៗទៅ។ នៅផ្ទះមួយទៀត ស្ត្រីម្នាក់បាននិយាយថា៖ «ចាំមួយភ្លែត» ហើយគាត់បានបិទទ្វារ។ ខ្ញុំបានចាំគាត់ ស្រាប់តែពេលនោះគាត់បើកបង្អួចនៅខាងលើ ហើយចាក់ទឹកលាងចានស្រោចខ្ញុំឡើងជោគខ្លួន។ ទោះជាយ៉ាងនោះក៏ដោយ កិច្ចបម្រើរបស់ខ្ញុំនៅតែទទួលពរ។ ក្រោយមក ខ្ញុំបានឮថាអ្នកខ្លះដែលខ្ញុំបានឲ្យសៀវភៅដែលមានមូលដ្ឋានលើគម្ពីរបានក្លាយទៅជាសាក្សីព្រះយេហូវ៉ា។
នៅឆ្នាំ១៩៤៣ អង្គការរបស់យើងបានបង្កើតសាលាថ្មីមួយសម្រាប់សាសនទូតនៅរដ្ឋញូវយ៉ក។ ខ្ញុំបានត្រូវអញ្ជើញឲ្យចូលរួមសាលានោះ ហើយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៤៨ ខ្ញុំបានបញ្ចប់ការសិក្សាជំនាន់ទី១០។ សាលានោះបានត្រូវហៅថាសាលាគម្ពីរគីលាតនៃសមាគមប៉មយាម។ ពេលខ្ញុំបញ្ចប់ការសិក្សា ខ្ញុំបានត្រូវចាត់ឲ្យទៅប្រទេសមួយដែលឥឡូវហៅថាប្រទេសហ្គាណា។
ពេលខ្ញុំទៅដល់ប្រទេសហ្គាណា ខ្ញុំបានត្រូវចាត់ឲ្យផ្សព្វផ្សាយដល់មន្ត្រីរាជការនិងជនជាតិអឺរ៉ុប។ នៅចុងសប្ដាហ៍ខ្ញុំបានចូលរួមផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយជាមួយបងប្អូនសាក្សីព្រះយេហូវ៉ាក្នុងក្រុមជំនុំ។ ខ្ញុំក៏បានទៅសួរសុខទុក្ខបងប្អូនសាក្សីដែលរស់នៅកន្លែងដាច់ស្រយាល និងបង្រៀនពួកគាត់អំពីកិច្ចបម្រើផ្សាយ។ បន្ថែមទៅទៀត ខ្ញុំបានបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យនៅប្រទេសមួយទៀតដែលឥឡូវហៅថាប្រទេសកូដឺវ័រ ដែលនៅជិតប្រទេសហ្គាណា។
អំឡុងពេលដែលខ្ញុំបម្រើនៅតំបន់ទាំងនោះ ខ្ញុំបានរៀនរស់នៅដូចជាជនជាតិអាហ្វ្រិក ពោលគឺដេកនៅក្នុងខ្ទមដែលគេធ្វើពីដីភក់ ញ៉ាំអាហារដោយដៃ និងបត់ជើង«នៅខាងក្រៅ»ដូចជាបណ្ដាជនអ៊ីស្រាអែលដែលរស់នៅតំបន់ស្ងាត់ជ្រងំ។ (ចោទិយកថា ២៣:១២-១៤) ការរស់នៅបែបនោះបានជួយខ្ញុំនិងបងប្អូនសាសនទូតឲ្យមានកេរ្ដិ៍ឈ្មោះល្អ។ នៅតំបន់នោះ ប្រពន្ធរបស់អាជ្ញាធរខ្លះបានចាប់ផ្ដើមរៀនគម្ពីរជាមួយយើង។ ដូច្នេះហើយ ពេលអ្នកប្រឆាំងបង្កបញ្ហាដល់យើងនិងលែងទទួលស្គាល់ទិដ្ឋាការរបស់យើង ប្រពន្ធរបស់អាជ្ញាធរបានបង្ខំប្ដីខ្លួន ហើយប្ដីទាំងនោះបានប្ដូរការសម្រេចចិត្តវិញ!
នៅទីបំផុតខ្ញុំបានកើតជំងឺគ្រុនចាញ់ដូចជាសាសនទូតជាច្រើននៅទ្វីបអាហ្វ្រិកដែរ។ ខ្ញុំឈឺរងាញាក់និងគ្រុនក្ដៅមមើមមាយ។ ជួនកាល ខ្ញុំត្រូវទប់ឆ្អឹងថ្គាមខាងក្រោមកុំឲ្យញាក់ពេក។ ទោះជាយ៉ាងនោះក្ដី កិច្ចបម្រើរបស់ខ្ញុំផ្ដល់ឲ្យខ្ញុំនូវអំណរនិងការស្កប់ចិត្តជានិច្ច។
ក្នុងអំឡុងពេលបួនឆ្នាំដំបូងនៅអាហ្វ្រិក ខ្ញុំនិងអេវ៉ា ហាលគ្វិសបានសរសេរសំបុត្រដល់គ្នាទៅវិញទៅមក។ ខ្ញុំបានជួបនាងមុននឹងខ្ញុំចាកចេញពីសហរដ្ឋអាម៉េរិក។ ខ្ញុំបានដឹងថានាងបានបញ្ចប់ការសិក្សានៅសាលាគីលាត ជំនាន់ទី២១ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៣ នៅមហាសន្និបាតអន្តរជាតិរបស់សាក្សីព្រះយេហូវ៉ា ក្នុងកីឡាដ្ឋានយ៉ាងគី រដ្ឋញូវយ៉ក។ ខ្ញុំបានសុំធ្វើការនៅលើកប៉ាល់មួយដើម្បីប្ដូរតម្លៃធ្វើដំណើរទៅសហរដ្ឋអាម៉េរិក។
ក្រោយពីនៅលើសមុទ្រដែលកញ្ជ្រោលបោកបក់អស់២២ថ្ងៃមក ខ្ញុំបានទៅដល់សហរដ្ឋអាម៉េរិក ហើយខ្ញុំធ្វើដំណើរទៅជួបអេវ៉ានៅមន្ទីរចាត់ការនៅទីក្រុងប៊្រុគ្លីនរបស់សាក្សីព្រះយេហូវ៉ា។ លើដំបូលមន្ទីរចាត់ការដែលអាចមើលឃើញទេសភាពក្នុងក្រុងនិងកំពង់ផែញូវយ៉ក នៅទីនោះខ្ញុំបានសុំអេវ៉ារៀបការ។ ក្រោយមក អេវ៉ាបានទៅបម្រើជាមួយខ្ញុំនៅប្រទេសហ្គាណា។
ភារកិច្ចមើលថែក្រុមគ្រួសារ
ក្រោយពីបម្រើជាមួយអេវ៉ាអស់ប៉ុន្មានឆ្នាំនៅអាហ្វ្រិក ខ្ញុំបានទទួលសំបុត្រមួយពីម្ដាយខ្ញុំដែលប្រាប់ថាឪពុកខ្ញុំមានជំងឺមហារីកជិតស្លាប់ហើយ។ ក្រោយបានសុំច្បាប់ចាកចេញពីតំបន់ផ្សាយរបស់យើង ខ្ញុំនិងអេវ៉ាបានត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ។ សុខភាពរបស់ឪពុកខ្ញុំចុះខ្សោយយ៉ាងឆាប់ ហើយមិនយូរក្រោយមកគាត់បានស្លាប់។
បន្ទាប់ពីយើងបានត្រឡប់ទៅប្រទេសហ្គាណាវិញ ហើយបម្រើនៅទីនោះអស់ជិតបួនឆ្នាំ យើងបានឮថាសុខភាពរបស់ម្ដាយកាន់តែដុនដាបទៅៗ។ មិត្តភក្ដិខ្លះបានឲ្យយោបល់យើងថា ខ្ញុំនិងអេវ៉ាគួរត្រឡប់ទៅស្រុកវិញដើម្បីមើលថែគាត់។ នោះជាការសម្រេចចិត្តដ៏ពិបាកបំផុតដែលយើងត្រូវធ្វើ។ ក្រោយពីបម្រើជាសាសនទូតអស់១៥ឆ្នាំ ដែលក្នុងនោះបម្រើជាមួយអេវ៉ាអស់១១ឆ្នាំ យើងបានសម្រេចចិត្តត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ។
ក្នុងអំឡុងប៉ុន្មានឆ្នាំដែលយើងនៅទីនោះ យើងបានប្ដូរវេនគ្នាមើលថែម្ដាយ ជួយគាត់ទៅប្រជុំពេលដែលគាត់អាចទៅបាន រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៧៦ គាត់បានស្លាប់ក្នុងអាយុ៨៦ឆ្នាំ។ ប៉ុន្តែ៩ឆ្នាំក្រោយមក មានដំណឹងរន្ធត់មួយទៀត គឺគ្រូពេទ្យបានពិនិត្យឃើញថាអេវ៉ាមានជំងឺមហារីក។ យើងខំរកគ្រប់មធ្យោបាយដើម្បីព្យាបាលជំងឺនេះ តែមិនបានជោគជ័យឡើយ។ នៅទីបំផុតអេវ៉ាបានស្លាប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៥ ក្នុងអាយុ៧០ឆ្នាំ។
ការផ្លាស់ប្ដូរជាច្រើនក្នុងកិច្ចបម្រើដ៏គាប់ចិត្ត
នៅឆ្នាំ១៩៨៨ ខ្ញុំបានត្រូវអញ្ជើញឲ្យទៅចូលរួមពិធីសម្ពោធការិយាល័យសាខាដែលបានពង្រីកថ្មីនៅប្រទេសហ្គាណា។ ខ្ញុំចាំមិនភ្លេចឱកាសនោះទេ! អស់៤០ឆ្នាំមុន កាលខ្ញុំទៅដល់ប្រទេសហ្គាណាបន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាពីសាលាគីលាត នៅទីនោះមានសាក្សីព្រះយេហូវ៉ាតែពីរបីរយនាក់ប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ១៩៨៨ មានជាង៣៤.០០០នាក់ ហើយឥឡូវមានជិត១១៤.០០០នាក់!
បន្ទាប់ពីទៅលេងប្រទេសហ្គាណា ពីរឆ្នាំក្រោយមក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩០ ខ្ញុំបានរៀបការជាមួយបេតធីមីលឡឺដែលជាមិត្តភក្ដិជិតស្និទ្ធរបស់អេវ៉ា។ ពួកយើងទាំងពីរនាក់បន្តចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាជាកិច្ចការចម្បងរបស់យើង។ យើងទន្ទឹងចាំយ៉ាងខ្លាំងនៅថ្ងៃដែលយើងនឹងជួបជីដូនជីតា ឪពុកម្ដាយ និងអេវ៉ានៅផែនដីម្ដងទៀត ពេលដែលពួកគាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅសួនឧទ្យាន។—សកម្មភាព ២៤:១៥
ខ្ញុំទឹកភ្នែករលីងរលោង ពេលខ្ញុំគិតអំពីឯកសិទ្ធិដ៏អស្ចារ្យដែលខ្ញុំមាន គឺព្រះយេហូវ៉ាបានប្រើខ្ញុំអស់ជាង៧០ឆ្នាំក្នុងកិច្ចបម្រើរបស់លោក។ ជារឿយៗ ខ្ញុំអរគុណលោកដែលបានណែនាំខ្ញុំឲ្យចាត់ទុកកិច្ចបម្រើរបស់លោកជាកិច្ចការចម្បង។ ទោះជាឥឡូវខ្ញុំជិតចូលអាយុ៩០ឆ្នាំក្ដី ខ្ញុំនៅតែមានសុខភាពល្អ ហើយព្រះយេហូវ៉ាដែលជាវិស្វករសង់សកលលោកយើង លោកបន្តផ្ដល់កម្លាំងនិងភាពក្លាហានដល់ខ្ញុំ ដើម្បីឲ្យខ្ញុំចាត់ទុកកិច្ចបម្រើរបស់លោកជាកិច្ចការចម្បងរបស់ខ្ញុំជានិច្ច។
[រូបភាពនៅទំព័រ១០]
ជាមួយបេតធី
[រូបភាពនៅទំព័រ៩]
ពន្ធនាគារក្នុងក្រុងលីវែនវឺត សហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្ន។ ពួកយើងប្រហែល២៣០នាក់បានជាប់គុកនៅទីនោះ
[រូបភាពនៅទំព័រ៩]
ជួបជាមួយមេអាជ្ញាធរម្នាក់នៅប្រទេសហ្គាណា
[រូបភាពនៅទំព័រ៨]