អនុស្សាវរីយ៍ពីសម័យមុន
ខ្សែភាពយន្តសម័យមុនអំពីជំនឿដែលមានចំណាស់១០០ឆ្នាំ
ទស្សនិកជននៃ«ល្ខោនរូបភាព»នៅឆ្នាំ១៩១៤បាននិយាយថា៖ «នោះដូចបងរ៉ាសិលជាងបងរ៉ាសិលមែនទែនទៅទៀត!»។
ឆ្នាំនេះគឺជាខួបទី១០០ឆ្នាំនៃការចេញលើកដំបូងរបស់«ល្ខោនរូបភាពនៃការបង្កើត»។ គឺជាខ្សែភាពយន្តមួយដែលបានត្រូវបង្កើតឡើងដើម្បីពង្រឹងជំនឿទៅលើគម្ពីរជាបណ្ដាំរបស់ព្រះ។ នៅសម័យនោះដែលជំនឿលើការវិវត្តន៍ ការរិះគន់ពីអ្នកចេះដឹងនិងការសង្ស័យទៅលើសេចក្ដីបង្រៀនផ្សេងៗបានធ្វើឲ្យជំនឿរបស់មនុស្សជាច្រើនចុះខ្សោយ នោះ«ល្ខោនរូបភាព»បានលើកតម្កើងព្រះយេហូវ៉ាជាអ្នកបង្កើត។
បងឆាល ថេស រ៉ាសិលដែលបាននាំមុខក្នុងចំណោមនិស្សិតគម្ពីរ បានស្វែងរកជានិច្ចនូវវិធីដែលមានប្រសិទ្ធភាពនិងលឿនបំផុតដើម្បីផ្សព្វផ្សាយសេចក្ដីពិត។ អស់រយៈពេលជាងបីទសវត្សរ៍មកហើយ និស្សិតគម្ពីរបានប្រើសៀវភៅដែលបានត្រូវបោះពុម្ព។ ឥឡូវនេះមធ្យោបាយថ្មីមួយបានទាក់ទាញអារម្មណ៍របស់ពួកគាត់ គឺភាពយន្ត។
ផ្សព្វផ្សាយដំណឹងល្អតាមរយៈភាពយន្ត
នៅទសវត្សរ៍ឆ្នាំ១៨៩០ ភាពយន្តឥតសំឡេងបានត្រូវបញ្ចាំងជាលើកដំបូងជូនសាធារណជន។ នៅឆ្នាំ១៩០៣ ភាពយន្តខាងសាសនាមួយបានត្រូវបញ្ចាំងនៅវិហារមួយនាក្រុងញូវយ៉ក។ ក្រុមហ៊ុនផលិតភាពយន្តទើបនឹងបានកើតឡើង ពេលបងរ៉ាសិលបានចាប់ផ្ដើមរៀបចំ«ល្ខោនរូបភាព»នៅឆ្នាំ១៩១២។ គាត់បានដឹងថាវិធីផ្ដល់ព័ត៌មាននេះអាចផ្សាយសេចក្ដីពិតពីគម្ពីរតាមរបៀបដែលសៀវភៅបោះពុម្ព មិនអាចធ្វើបាន។
ការបញ្ចាំង«ល្ខោនរូបភាព»ដែលមានរយៈពេល៨ម៉ោង ជាធម្មតាបានត្រូវបញ្ចាំងជាបួនផ្នែក មានសុន្ទរកថាខ្លីៗ៩៦ដែលមានមូលដ្ឋានលើគម្ពីរដែលថតជាសំឡេង អធិប្បាយដោយអ្នកថ្លែងដ៏ល្បីឈ្មោះម្នាក់ដែលមានសំឡេងដែលគេស្គាល់នៅសម័យនោះ។ មានបទភ្លេងលេងអមឈុតជាច្រើន។ បងប្អូនដែលប៉ិនប្រសប់បានស្ដាប់សំឡេងនិងភ្លេងដែលថតលើថាសសំឡេង ហើយបញ្ចូលសំឡេងឲ្យស៊ីគ្នានឹងរូបភាពដែលមានព័ណ៌និងការសម្ដែងរឿងល្បីល្បាញផ្សេងៗក្នុងគម្ពីរ។
នៅឆ្នាំ១៩១៤ ប្អូនប្រុសហ្វ្រានស៊ីស ស្ទួត បានស៍ដែលមានអាយុ១៤ឆ្នាំ បាននិយាយថា៖ «‹ល្ខោនរូបភាព›នេះរួមមានរូបភាពតាំងពីការបង្កើតផ្កាយទាំងឡាយរហូតដល់ដំណាក់កាលដ៏រុងរឿងនៃការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ត»។
ហ្វីលនិងបន្ទះកញ្ចក់ភាគច្រើនបានមកពីស្ទូឌីយូពាណិជ្ជកម្ម។ អ្នកជំនាញខាងគូររូបនៅក្រុងភីឡាដិលភា ក្រុងញូវយ៉ក ក្រុងប៉ារីសនិងក្រុងឡុងដ៍បានគូររូបលើបន្ទះកញ្ចក់និងលើហ្វីលពីមួយក្របទៅមួយក្របទៀត។ ក្រុមអ្នកធ្វើការផ្នែករូបភាពនៅបេតអែលក៏បានគូរគំនូរភាគច្រើនដែរ ហើយច្រើនតែគូរលើបន្ទះកញ្ចក់ដែលជំនួសបន្ទះកញ្ចក់ដែលបែក។ ក្រៅពីហ្វីលដែលបានទិញ សមាជិកក្រុមគ្រួសារបេតអែលបានត្រូវថតភាពយន្តនៅជិតក្រុងយ៉ងគើស រដ្ឋញូវយ៉ក កាលដែលពួកគាត់សម្ដែងក្នុងឈុតអំពីអាប្រាហាំ អ៊ីសាកនិងទេវតាដែលរារាំងអាប្រាហាំមិនឲ្យបូជាកូនប្រុសរបស់គាត់។—លោ. ២២:៩-១២
ដៃគូម្នាក់របស់បងរ៉ាសិលបានប្រាប់អ្នកកាសែតថាវិធីផ្ដល់ព័ត៌មាននេះនឹង«ធ្វើឲ្យមនុស្សរាប់ពាន់នាក់ចាប់អារម្មណ៍លើបទគម្ពីរ ជាងអ្វីទាំងអស់ដែល[បានត្រូវ]ធ្វើឡើងនៅអតីតកាលដើម្បីជួយកិច្ចការផ្សព្វផ្សាយខាងសាសនាឲ្យជឿនទៅមុខ»។ តើពួកបព្វជិតសរសើរវិធីថ្មីនេះសម្រាប់ផ្សព្វផ្សាយដល់មនុស្សដែលស្រេកឃ្លានសេចក្ដីពិតឬទេ? ផ្ទុយទៅវិញ បព្វជិតពិភពគ្រិស្តសាសនាបានរិះគន់យ៉ាងខ្លាំង«ល្ខោនរូបភាព» អ្នកខ្លះរហូតដល់ប្រើឧបាយកលលួចលាក់ឬឥតអៀនខ្មាសដើម្បីរារាំងសាធារណជនមិនឲ្យមើលល្ខោនរូបភាពនោះ។ នៅកន្លែងមួយ សហជីពពួកបព្វជិតបានឲ្យគេបិទភ្លើងអគ្គិសនី។
ទោះជាយ៉ាងនោះក្ដី ទស្សនិកជនមកពេញរោងភាពយន្តដើម្បីមើល«ល្ខោនរូបភាព»ដោយឥតបង់ថ្លៃ។ នៅសហរដ្ឋអាម៉េរិក ជារៀងរាល់ថ្ងៃ មានការបញ្ចាំង«ល្ខោនរូបភាព»រហូតដល់៨០ក្រុង។ ទស្សនិកជនជាច្រើនបានកោតស្ងើចដោយបានមើល‹ខ្សែភាពយន្តនិយាយ›លើកដំបូង។ ការថតរូបជាច្រើនជាបន្តបន្ទាប់គ្នា បានឲ្យពួកគេឃើញកូនមាន់ចឹកសម្បកពងរកផ្លូវចេញ និងផ្កាមួយរីកយ៉ាងស្អាត។ ព័ត៌មានខាងវិទ្យាសាស្ត្រនៅសម័យនោះបានបញ្ជាក់អំពីប្រាជ្ញាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា។ ដូចបានរៀបរាប់ខាងលើ ពេលឃើញបងរ៉ាសិលនៅលើផ្ទាំងក្រណាត់ស កំពុងបង្ហាញ«ល្ខោនរូបភាព»នោះ ទស្សនិកជនម្នាក់បានគិតថាអ្នកថ្លែងនោះមើលទៅ«ដូចបងរ៉ាសិលជាងបងរ៉ាសិលមែនទែនទៅទៀត!»។
ព្រឹត្ដិការណ៍សំខាន់មួយនៃការបង្រៀនគម្ពីរ
លោកធីម ដឺកដែលជាអ្នកនិពន្ធនិងជាប្រវត្ដិវិទូខាងខ្សែភាពយន្តបានរៀបរាប់ថា«ល្ខោនរូបភាព»នោះគឺជា«ភាពយន្តលើកទី១ដែលបានត្រូវបញ្ចូលសំឡេង (ដែលបានថតចម្លង) ខ្សែភាពយន្តដែលមានចលនា និងរូបភាពព័ណ៌ដែលបញ្ចាំងតាមកញ្ចក់»។ ខ្សែភាពយន្តដែលចេញមុន«ល្ខោនរូបភាព»បានប្រើបច្ចេកទេសខ្លះក្នុងចំណោមបច្ចេកទេសទាំងនេះ ប៉ុន្តែមិនប្រើបច្ចេកទេសទាំងអស់នោះក្នុងពេលជាមួយគ្នាទេ ជាពិសេសភាពយន្តដែលមានប្រធានបទអំពីគម្ពីរ។ គ្មានភាពយន្តណាដែលមានទស្សនិកជនច្រើនជាងនេះឡើយ ពីព្រោះនៅក្នុងអំឡុងតែមួយឆ្នាំដំបូងប៉ុណ្ណោះ មានទស្សនិកជនប្រហែលជា៩លាននាក់នៅទ្វីបអាម៉េរិកខាងជើង ទ្វីបអឺរ៉ុប អូស្ដ្រាលី និងប្រទេសញូវហ្សេឡែន!
«ល្ខោនរូបភាព»នេះ បានត្រូវបញ្ចាំងជាលើកដំបូងនៅថ្ងៃទី១១ ខែមករា ឆ្នាំ១៩១៤ នៅក្រុងញូវយ៉ក។ ប្រាំពីរខែក្រោយមក មហន្តរាយបានកើតឡើងដែលបានត្រូវហៅក្រោយមកថាជាសង្គ្រាមលោកលើកទី១។ ប៉ុន្តែមនុស្សជាច្រើននៅជុំវិញពិភពលោកបានបន្តប្រមូលគ្នាមកមើល«ល្ខោនរូបភាព» ហើយបានទទួលការសម្រាលទុក្ខពីរូបភាពដ៏រស់រវើក ដែលបង្ហាញអំពីពរដែលរាជាណាចក្រព្រះនឹងផ្ដល់ឲ្យនៅពេលអនាគត។ នៅឆ្នាំ១៩១៤ «ល្ខោនរូបភាព»គឺពិតជាខ្សែភាពយន្តដ៏ល្អអស្ចារ្យគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។