ចូរ«រំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា»
ស្ថានភាពពិបាកអាចមានឥទ្ធិពលអាក្រក់មកលើយើង។ នេះអាចធ្វើឲ្យយើងខ្វល់ ធ្វើឲ្យយើងអស់កម្លាំង និងអាចប៉ះពាល់ដល់ទស្សនៈរបស់យើងចំពោះជីវិត។ ស្តេចដាវីឌនៅស្រុកអ៊ីស្រាអែលសម័យបុរាណបានជួបប្រទះទុក្ខលំបាកជាច្រើន។ តើគាត់បានប្រឈមមុខនឹងទុក្ខលំបាកទាំងនោះយ៉ាងដូចម្ដេច? នៅក្នុងទំនុកមួយដ៏គួរឲ្យរំជួលចិត្ត ដាវីឌបានផ្ដល់ចម្លើយថា៖ «ទូលបង្គំស្រែកទូលដល់ព្រះយេហូវ៉ា ដោយសំឡេងនៃទូលបង្គំ គឺដោយសំឡេងរបស់ទូលបង្គំ ដែលទូលបង្គំទូលអង្វរដល់ព្រះយេហូវ៉ា ទូលបង្គំបង្ហូរសេចក្ដីទំនួញរបស់ទូលបង្គំចេញនៅចំពោះទ្រង់ ហើយក្រាបទូលពីសេចក្ដីទុក្ខលំបាករបស់ទូលបង្គំនៅចំពោះទ្រង់ដែរ កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ»។ មែនហើយ ដាវីឌបានអធិដ្ឋានដោយចិត្តរាបទាបសុំជំនួយពីព្រះ។—ទំនុក. ១៤២:១-៣
ក្នុងអំឡុងពេលមានទុក្ខលំបាក ដាវីឌបានអធិដ្ឋានដោយចិត្តរាបទាប សុំជំនួយពីព្រះយេហូវ៉ា
នៅក្នុងទំនុកមួយទៀត ដាវីឌបានច្រៀងថា៖ «ខ្ញុំបានសូមសេចក្ដីតែ១ពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់នៃព្រះយេហូវ៉ា រាល់តែថ្ងៃអស់១ជីវិតខ្ញុំ ដើម្បីនឹងរំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា ហើយនឹងពិនិត្យពិចារណានៅក្នុងព្រះវិហាររបស់ទ្រង់»។ (ទំនុក. ២៧:៤) ដាវីឌមិនមែនជាពួកលេវីទេ ប៉ុន្តែសូមស្រមៃគិតថាគាត់ឈរនៅខាងក្រៅទីធ្លាបរិសុទ្ធ ជិតត្រសាលដែលជាកន្លែងដែលសំខាន់បំផុតសម្រាប់ការគោរពប្រណិប័តន៍ពិតនៅសម័យនោះ។ ចិត្តរបស់ដាវីឌពោរពេញទៅដោយសេចក្ដីដឹងគុណចំពោះព្រះដល់ម្ល៉េះបានជាគាត់ចង់ចំណាយពេលនៅទីនេះអស់មួយជីវិតរបស់គាត់ ហើយ«រំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា»។
ពាក្យ«លំអ»ជាប់ទាក់ទងនឹងអ្វីមួយដែល«ត្រូវនឹងចិត្ត គំនិត ឬអារម្មណ៍របស់យើង»។ ដាវីឌតែងតែដឹងគុណចំពោះការរៀបចំរបស់ព្រះសម្រាប់ការគោរពប្រណិប័តន៍។ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំមានអារម្មណ៍ដូចដាវីឌឬទេ?›។
ចូរ«ពិនិត្យពិចារណា»អំពីរបៀបរៀបចំរបស់ព្រះ
នៅសម័យយើង របៀបរៀបចំរបស់ព្រះយេហូវ៉ាដើម្បីឲ្យយើងចូលទៅជិតលោក គឺមិនមែនតាមរយៈសំណង់ណាមួយឡើយ។ ផ្ទុយទៅវិញ នេះជាប់ទាក់ទងនឹងវិហាររបស់ព្រះក្នុងន័យធៀប ពោលគឺរបៀបរៀបចំពិសិដ្ឋរបស់ព្រះសម្រាប់ការគោរពប្រណិប័តន៍ពិត។a ប្រសិនបើយើង«ពិនិត្យពិចារណា»ដោយដឹងគុណរបៀបរៀបចំទាំងនេះ យើងក៏អាច«រំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា»ដែរ។
សូមពិចារណាអំពីទីបូជាធ្វើពីស្ពាន់ដែលគេប្រើសម្រាប់តង្វាយដុត នៅខាងមុខច្រកចូលត្រសាល។ (និក្ខ. ៣៨:១, ២; ៤០:៦) ទីបូជានោះជាតំណាងការដែលព្រះសុខចិត្តទទួលគ្រឿងបូជាដែលជាជីវិតរបស់លោកយេស៊ូជាមនុស្ស។ (ហេ. ១០:៥-១០) សូមគិតអំពីឥទ្ធិពលដែលនេះមានមកលើយើង! សាវ័កប៉ូលបានសរសេរថា៖ «យើងបានត្រូវផ្សះផ្សាជាមួយនឹងព្រះ តាមរយៈសេចក្ដីស្លាប់នៃបុត្ររបស់លោក កាលដែលយើងនៅជាសត្រូវនៅឡើយ»។ (រ៉ូម ៥:១០) តាមរយៈការបង្ហាញជំនឿលើឈាមរបស់លោកយេស៊ូដែលបានត្រូវបង្ហូរ យើងអាចទទួលការពេញចិត្តពីព្រះនិងការទុកចិត្តដែលមកពីការធ្វើជាមិត្តរបស់ព្រះ។ ជាលទ្ធផល យើងមាន«មេត្រីមិត្រ»ឬមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះយេហូវ៉ា។—ទំនុក. ២៥:១៤
ដោយសារ‹ការខុសឆ្គងរបស់យើងត្រូវលុបចោល› យើង«ទទួលការល្ហើយចិត្តពីព្រះយេហូវ៉ា»។ (សកម្ម. ៣:១៩) ស្ថានភាពរបស់យើងគឺស្រដៀងគ្នានឹងអ្នកទោសម្នាក់ដែលស្ដាយក្រោយចំពោះអំពើដែលគាត់បានប្រព្រឹត្តពីមុន ហើយបានកែប្រែយ៉ាងខ្លាំង ពេលគាត់រង់ចាំឲ្យគេសម្លាប់គាត់។ ដោយឃើញដូច្នេះ ចៅក្រមដែលមានចិត្តមេត្ដាសម្រេចចិត្តលុបចោលនូវទោសកំហុសរបស់អ្នកទោសនោះ ហើយលើកលែងទោសប្រហារជីវិតដល់គាត់។ អ្នកទោសនោះពិតជាធូរចិត្ត ហើយសប្បាយរីករាយមែន! ដូចចៅក្រមនោះ ព្រះយេហូវ៉ាពេញចិត្តនឹងមនុស្សដែលកែប្រែចិត្ត ហើយលើកលែកទោសប្រហារជីវិតឲ្យពួកគេ។
ចូរសប្បាយនឹងការគោរពប្រណិប័តន៍ពិត
ក្នុងចំណោមសកម្មភាពផ្សេងៗក្នុងការគោរពប្រណិប័តន៍ពិតដែលដាវីឌអាចឃើញនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា គឺការជួបជុំគ្នានៃជនរួមជាតិអ៊ីស្រាអែល ការអាននិងការពន្យល់ច្បាប់របស់ព្រះជាសាធារណៈ ការដុតគ្រឿងក្រអូប និងការបំពេញកិច្ចបម្រើពិសិដ្ឋរបស់ពួកសង្ឃនិងពួកលេវី។ (និក្ខ. ៣០:៣៤-៣៨; ជន. ៣:៥-៨; ចោ. ៣១:៩-១២) សកម្មភាពទាំងនេះក្នុងការគោរពប្រណិប័តន៍ពិតនៅស្រុកអ៊ីស្រាអែលសម័យបុរាណ គឺស្រដៀងគ្នានឹងសកម្មភាពផ្សេងៗក្នុងការគោរពប្រណិប័តន៍ពិតនៅសម័យនេះដែរ។
នៅសម័យយើងនេះក៏ដូចជានៅសម័យមុនដែរ កាល«ដែលបងប្អូននៅមូលជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!»។ (ទំនុក. ១៣៣:១) «បងប្អូនរួមជំនឿ»របស់យើងទូទាំងពិភពលោកបានកើនឡើងយ៉ាងអស្ចារ្យ។ (១ពេ. ២:១៧) បណ្ដាំរបស់ព្រះបានត្រូវអាននិងពន្យល់ជាសាធារណៈនៅកិច្ចប្រជុំរបស់យើង។ ព្រះយេហូវ៉ាបានផ្ដល់នូវការអប់រំដ៏ល្អប្រសើរតាមរយៈអង្គការរបស់លោក។ មានសៀវភៅជាច្រើនដែលប្រៀបដូចជាអាហារ សម្រាប់ការសិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ។ សមាជិកម្នាក់នៃគណៈអភិបាលបាននិយាយថា៖ «ការរំពឹងគិតអំពីបណ្ដាំរបស់ព្រះយេហូវ៉ានិងអត្ថន័យនៃបណ្ដាំនោះ ព្រមទាំងការស្វែងយល់ បានធ្វើឲ្យជីវិតរបស់ខ្ញុំពេញទៅដោយការស្កប់ចិត្តនិងពរដ៏អស្ចារ្យពីព្រះ»។ មែនហើយ ‹ការចេះដឹងនឹងគាប់ចិត្តដល់យើង›។—សុភ. ២:១០
សព្វថ្ងៃនេះ សេចក្ដីអធិដ្ឋាននៃអ្នកបម្រើព្រះបានទៅដល់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ សម្រាប់ព្រះយេហូវ៉ា សេចក្ដីអធិដ្ឋានបែបនេះគឺដូចជាក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់នៃគ្រឿងក្រអូប។ (ទំនុក. ១៤១:២) យើងពិតជាសប្បាយរីករាយមែន ដោយដឹងថាព្រះយេហូវ៉ាពិតជាពេញចិត្តពេលយើងអធិដ្ឋានទៅលោកដោយចិត្តរាបទាប!
ម៉ូសេបានអធិដ្ឋានថា៖ «សូមឲ្យព្រះគុណនៃព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំបានសណ្ឋិតលើយើងខ្ញុំ ហើយតាំងការនៃដៃយើងខ្ញុំឲ្យខ្ជាប់ខ្ជួនឡើង»។ (ទំនុក. ៩០:១៧) កាលដែលយើងផ្សព្វផ្សាយយ៉ាងខ្នះខ្នែង នោះព្រះយេហូវ៉ាឲ្យពរទៅលើកិច្ចការរបស់យើង។ (សុភ. ១០:២២) ប្រហែលជាយើងបានជួយមនុស្សខ្លះឲ្យរៀនសេចក្ដីពិត។ ប្រហែលជាយើងបានស៊ូទ្រាំក្នុងកិច្ចបម្រើផ្សាយអស់ជាច្រើនឆ្នាំទោះជាមានការព្រងើយកន្តើយ ជំងឺ ការឈឺចាប់ក្នុងចិត្តឬការបៀតបៀនក៏ដោយ។ (១ថែ. ២:២) ទោះជាយ៉ាងនេះក្ដី យើងបាន«រំពឹងមើលសេចក្ដីលំអនៃព្រះយេហូវ៉ា» ហើយបានដឹងថាបិតារបស់យើងដែលនៅស្ថានសួគ៌ពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះការខំប្រឹងប្រែងរបស់យើង។
ដាវីឌបានច្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ជាចំណែកនៃមរដក ហើយជាចំណែកក្នុងពែងរបស់ទូលបង្គំ គឺទ្រង់ហើយដែលត្រួតមើលចំណែកទូលបង្គំ ខ្សែរង្វាស់បានធ្លាក់នៅទីកន្លែងគាប់ចិត្តឲ្យទូលបង្គំ»។ (ទំនុក. ១៦:៥, ៦) ដាវីឌដឹងគុណព្រះយេហូវ៉ាចំពោះ«ចំណែក»របស់គាត់ ពោលគឺដោយសារគាត់មានចំណងមិត្តភាពជិតស្និទ្ធជាមួយលោក និងដោយសារឯកសិទ្ធិដែលគាត់មានក្នុងកិច្ចបម្រើលោក។ ដូចដាវីឌ យើងប្រហែលជារងទុក្ខលំបាក ប៉ុន្តែយើងទទួលពរជាច្រើនពីព្រះ! ហេតុនេះ ចូរយើងបន្តសប្បាយនិងការគោរពប្រណិប័តន៍ពិត ហើយ«ពិនិត្យពិចារណា»ដោយដឹងគុណជានិច្ចចំពោះវិហាររបស់ព្រះក្នុងន័យធៀបដែលជាការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត។