ព្រះយេហូវ៉ា«ជាអ្នកប្រោស»រាស្ត្រទ្រង់ឲ្យរួចនៅសម័យគម្ពីរ
«ឱព្រះអង្គអើយ! សូមទ្រង់ប្រញាប់នឹងមកឯទូលបង្គំ គឺទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច»។—ទំនុក. ៧០:៥
១, ២. (ក) តើអ្នកថ្វាយបង្គំព្រះយេហូវ៉ាពឹងទ្រង់ឲ្យជួយនៅពេលណា? (ខ) តើនេះនាំឲ្យមានសំណួរអ្វី? តើយើងអាចរកចម្លើយនៅឯណា?
ស្ត្រីម្នាក់មានអាយុ២៣ឆ្នាំ គាត់បានរៀបការរួចហើយ។ ឪពុកម្ដាយរបស់ស្ត្រីនោះ បានទទួលព័ត៌មានក្នុងកាលដែលពួកគាត់ទៅវិស្សមកាល ថាកូនស្រីបានបាត់ខ្លួនដោយគ្មាននរណាដឹងសោះ។ ពួកគាត់គិតថាច្បាស់ជាមកពីអំពើឧក្រិដ្ឋកម្មហើយ។ ពួកគាត់ក៏បានរៀបចំអ៊ីវ៉ាន់ទៅផ្ទះវិញភ្លាម ទាំងអធិដ្ឋានអង្វរព្រះយេហូវ៉ាឲ្យជួយ។ គ្រិស្តសាសនិកយុវវ័យម្នាក់ដែលមានអាយុ២០ឆ្នាំត្រូវបានគ្រូពេទ្យពិនិត្យឃើញថាមានរោគម្យ៉ាង ដែលនឹងធ្វើឲ្យគាត់ស្លាប់ដៃស្លាប់ជើង។ មួយរំពេចនោះ គាត់បានអធិដ្ឋានថ្វាយព្រះយេហូវ៉ាភ្លាម។ ម្ដាយគ្មានគូម្នាក់ដែលខំរកការងារធ្វើ គ្មានលុយគ្រប់គ្រាន់ដើម្បីទិញអាហារសម្រាប់ខ្លួននិងកូនស្រីអាយុ១២ឆ្នាំទេ។ គាត់ក៏បានអធិដ្ឋានអស់ពីចិត្តថ្វាយព្រះយេហូវ៉ាអំពីរឿងនេះដែរ។ មែនហើយ ពេលប្រឈមមុខនឹងទុក្ខលំបាកជាខ្លាំង អ្នកថ្វាយបង្គំព្រះតែងពឹងរកព្រះយេហូវ៉ាឲ្យជួយ។ តើអ្នកធ្លាប់ទូលថ្វាយព្រះយេហូវ៉ាក្នុងកាលដែលមានទុក្ខលំបាកដូចនេះទេ?
២ នេះនាំឲ្យមានសំណួរសំខាន់មួយ ពោលគឺ តើយើងពិតជាមានហេតុឲ្យគិតថាព្រះយេហូវ៉ាតបឆ្លើយពេលយើងអធិដ្ឋានសុំជំនួយទេ? នៅទំនុកដំកើង ទំនុកទី៧០គឺមានចម្លើយដែលពង្រឹងជំនឿ។ ដាវីឌបានសរសេរទំនុកនេះដែលផ្ដល់កម្លាំងចិត្តដល់យើង។ គាត់ជាអ្នកថ្វាយបង្គំដ៏ស្មោះរបស់ព្រះយេហូវ៉ា ដែលបានជួបប្រទះទុក្ខលំបាកជាច្រើនក្នុងជីវិត។ អ្នកតែងបទទំនុកដំកើងនេះត្រូវបានបណ្ដាលឲ្យនិយាយអំពីព្រះយេហូវ៉ាថា៖ «ឱព្រះអង្គអើយ! . . . ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច»។ (ទំនុក. ៧០:៥) ការពិនិត្យមើលទំនុកទី៧០ អាចជួយយើងឲ្យឃើញថាយើងអាចពឹងទៅលើព្រះយេហូវ៉ានៅពេលយើងជួបនឹងការលំបាក ហើយទុកចិត្តទាំងស្រុងថា ទ្រង់នឹងធ្វើជា‹អ្នកប្រោសឲ្យរួច›។
‹ទ្រង់ជាអ្នកប្រោសឲ្យរួច›
៣. (ក) តើទំនុកទី៧០មានពាក្យទទូចអង្វរអ្វី? (ខ) ដូចបានរៀបរាប់នៅទំនុកទី៧០ តើដាវីឌបង្ហាញទំនុកចិត្តទៅលើព្រះយេហូវ៉ាយ៉ាងណា?
៣ ទំនុកទី៧០ចាប់ផ្ដើមនិងបញ្ចប់ដោយពាក្យទូលអង្វរសូមជំនួយពីព្រះ។ (សូមអាន ទំនុកដំកើង ៧០:១-៥) ដាវីឌទទូចអង្វរព្រះយេហូវ៉ាឲ្យ«សូមប្រញាប់» និងឲ្យ«ប្រញាប់នឹងមក»ដើម្បីប្រោសគាត់ឲ្យរួច។ នៅខទី២ដល់ទី៤ ដាវីឌទទូចអង្វរ៥ដង ដោយប្រើពាក្យ«សូម» ហើយប្រាប់នូវសេចក្ដីប្រាថ្នារបស់គាត់។ សេចក្ដីប្រាថ្នាបីដំបូងគឺអំពីអស់អ្នកដែលរកសម្លាប់គាត់។ ដាវីឌបានអធិដ្ឋានទូលសុំព្រះយេហូវ៉ាឲ្យឈ្នះលើពួកសត្រូវ និងធ្វើឲ្យគេកើតមានសេចក្ដីខ្មាសវិញ។ សេចក្ដីអង្វរពីរទៀត គឺនៅខទី៤ដែលទាក់ទងនឹងរាស្ត្ររបស់ព្រះ។ ដាវីឌអធិដ្ឋានថាអស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានរីករាយឡើងហើយមានអំណរចំពោះទ្រង់ និងលើកតម្កើងទ្រង់។ ក្នុងការបញ្ចប់ទំនុកនេះ ដាវីឌបាននិយាយអំពីព្រះយេហូវ៉ាថា៖ «ទ្រង់ជាជំនួយ ហើយជាអ្នកប្រោសឲ្យទូលបង្គំរួច»។ សូមកត់សម្គាល់ថា ដាវីឌមិនបានថា «សូមទ្រង់ធ្វើជា» ហាក់ដូចជាគាត់មានការទូលអង្វរមួយទៀតនោះទេ។ ផ្ទុយទៅវិញ គាត់និយាយថា «ទ្រង់ជា» បង្ហាញថាគាត់មានទំនុកចិត្តលើព្រះយេហូវ៉ា។ ដាវីឌជឿថាគាត់នឹងទទួលជំនួយពីព្រះ។
៤, ៥. តើយើងរៀនអ្វីអំពីដាវីឌនៅទំនុកទី៧០? តើយើងអាចមានទំនុកចិត្តយ៉ាងណា?
៤ តើទំនុកទី៧០ បង្ហាញយ៉ាងណាអំពីដាវីឌ? នៅពេលដាវីឌបានប្រឈមមុខនឹងពួកសត្រូវដែលប៉ុនប៉ងសម្លាប់គាត់ គាត់មិនបានដោះស្រាយរឿងនេះដោយខ្លួនឯងទេ។ គាត់បានទុកចិត្តថាព្រះយេហូវ៉ានឹងដោះស្រាយរឿងនេះតាមកំណត់ពេលរបស់ទ្រង់វិញ។ (១សាំ. ២៦:១០) ដាវីឌបានជឿជានិច្ចថាព្រះយេហូវ៉ាជួយនិងរំដោះអស់អ្នកដែលស្វែងរកទ្រង់។ (ហេ. ១១:៦) ដាវីឌបានជឿថា អ្នកថ្វាយបង្គំពិតមានគ្រប់មូលហេតុដើម្បីមានចិត្តរីករាយឡើង និងលើកតម្កើងព្រះយេហូវ៉ា ដោយប្រាប់មនុស្សដទៃអំពីតេជានុភាពរបស់ទ្រង់។—ទំនុក. ៥:១១; ៣៥:២៧
៥ ដូចដាវីឌ យើងក៏អាចមានទំនុកចិត្តទាំងស្រុងថា ព្រះយេហូវ៉ាជាអ្នកជំនួយ និងជា‹អ្នកប្រោសឲ្យរួច›។ ហេតុដូច្នេះហើយ ពេលដែលយើងជួបប្រទះទុក្ខលំបាក ឬត្រូវការជំនួយយ៉ាងខ្លាំងនោះ គឺត្រឹមត្រូវឲ្យយើងអធិដ្ឋានថ្វាយព្រះយេហូវ៉ាសូមទ្រង់ប្រញាប់មកជួយយើងផង។ (ទំនុក. ៧១:១២) ប៉ុន្តែ តើព្រះយេហូវ៉ាតបឆ្លើយនឹងពាក្យអង្វររកជំនួយយ៉ាងណា? មុនយើងពិគ្រោះនូវរបៀបដែលព្រះយេហូវ៉ាអាចជួយយើង សូមឲ្យយើងពិនិត្យមើលវិធីបីយ៉ាង ដែលទ្រង់ប្រោសដាវីឌឲ្យរួច គឺជួយក្នុងកាលដែលគាត់ត្រូវការជំនួយជាបន្ទាន់។
ប្រោសឲ្យរួចពីកណ្ដាប់ដៃនៃខ្មាំងសត្រូវ
៦. តើអ្វីដែលបានជួយឲ្យដាវីឌដឹងថាព្រះយេហូវ៉ាជួយមនុស្សសុចរិតឲ្យរួច?
៦ ដោយផ្អែកលើផ្នែកខ្លះៗនៃគម្ពីរដែលមាននៅសម័យនោះ ដាវីឌបានដឹងថា មនុស្សសុចរិតអាចពឹងលើព្រះយេហូវ៉ាបាន។ នៅពេលដែលព្រះយេហូវ៉ានាំឲ្យមានទឹកជំនន់ដើម្បីបំផ្លាញសង្គមមនុស្សទុច្ចរិត ទ្រង់បានសង្គ្រោះលោកណូអេនិងក្រុមគ្រួសាររបស់គាត់ដែលកោតខ្លាចព្រះ។ (លោ. ៧:២៣) នៅពេលដែលព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រនិងភ្លើងពីលើមេឃមកលើក្រុងសូដុំមនិងក្រុងកូម៉ូរ៉ាដើម្បីសម្លាប់មនុស្សអាក្រក់ ទ្រង់បានជួយសង្គ្រោះលោកឡុតនិងកូនស្រីពីរនាក់របស់គាត់។ (លោ. ១៩:១២-២៦) នៅពេលដែលព្រះយេហូវ៉ាសម្លាប់ផារ៉ោនដែលមានចិត្តមានះនិងសម្លាប់ពលទ័ពនៅឯសមុទ្រក្រហម ទ្រង់បានការពាររាស្ត្រទ្រង់ ហើយបានជួយពួកគេឲ្យរួចផុតពីសេចក្ដីហិនវិនាស។ (និក្ខ. ១៤:១៩-២៨) ហេតុដូច្នេះហើយ នៅទំនុកមួយទៀត ដាវីឌបានលើកសរសើរព្រះយេហូវ៉ាជា«ព្រះដែលប្រោសឲ្យយើងខ្ញុំរួច»។—ទំនុក. ៦៨:២០
៧-៩. (ក) តើមូលហេតុណាខ្លះបណ្ដាលឲ្យដាវីឌទុកចិត្តលើព្រះយេហូវ៉ា? (ខ) តើដាវីឌថានរណាដែលបានជួយប្រោសគាត់ឲ្យរួច?
៧ ដាវីឌក៏មានហេតុក្នុងការទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ាមានសមត្ថភាពដើម្បីសង្គ្រោះគាត់ដែរ។ ដាវីឌបានពិសោធន៍ផ្ទាល់ខ្លួនថា «ព្រះពាហុដ៏នៅជាប់អស់កល្បជានិច្ច» អាចសង្គ្រោះអស់អ្នកដែលបម្រើទ្រង់។ (ចោទិ. ៣៣:២៧) ព្រះយេហូវ៉ាបានសង្គ្រោះដាវីឌច្រើនដងពីក្រញាំនៃ«ពួកខ្មាំងសត្រូវ»។ (ទំនុក. ១៨:១៧-១៩, ៤៨) សូមពិនិត្យមើលឧទាហរណ៍មួយ។
៨ នៅពេលពួកស្រីទាំងឡាយរបស់សាសន៍អ៊ីស្រាអែលនាំគ្នាច្រៀងសរសើរដាវីឌថាជាអ្នកពូកែធ្វើសឹកសង្គ្រាម នោះស្តេចសូលមានចិត្តច្រណែនដល់ម្ល៉េះ បានជាពួយលំពែងប៉ុនប៉ងសម្លាប់ដាវីឌដល់ទៅពីរដង។ (១សាំ. ១៨:៦-៩) ដាវីឌបានគេចផុតពីលំពែងទាំងពីរដង។ តើដាវីឌបានគេចផុតពីលំពែង ដោយសារគាត់រហ័សរហួននិងជាអ្នកពូកែធ្វើសង្គ្រាមឬ? មិនមែនទេ។ កំណត់ហេតុក្នុងគម្ពីរពន្យល់ថា ‹ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងលោក›។ (សូមអាន សាំយូអែលទី១ ១៨:១១-១៤) ក្រោយមក ពេលដែលសូលប្រើកលល្បិចដើម្បីឲ្យពួកភីលីស្ទីនសម្លាប់ដាវីឌមិនបានសម្រេច នោះ«សូលទ្រង់ក៏យល់ឃើញហើយជ្រាបថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងដាវីឌ»។—១សាំ. ១៨:១៧-២៨
៩ ដាវីឌបានសរសើរអ្នកណាថាជាអ្នកប្រោសគាត់ឲ្យរួច។ តើជានរណាគេទៅ? ពាក្យផ្ដើមនៅទំនុកទី១៨ ដាវីឌ«បានទូលអស់ទាំងពាក្យនៃទំនុកនេះដល់ព្រះយេហូវ៉ា នៅវេលាដែលព្រះបានជួយឲ្យរួច . . . ពីកណ្ដាប់ដៃសូល»។ ដាវីឌបង្ហាញអារម្មណ៍តាមទំនុកចម្រៀងថា៖ «ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង»។ (ទំនុក. ១៨:២) ពេលដែលយើងដឹងថាព្រះយេហូវ៉ាអាចសង្គ្រោះរាស្ត្រទ្រង់ នោះជំនឿរបស់យើងត្រូវបានពង្រឹងឡើងមែនទេ?—ទំនុក. ៣៥:១០
ជួយគាំទ្រពេលដេកឈឺជាប់នៅគ្រែ
១០, ១១. ដូចបានរៀបរាប់នៅទំនុកទី៤១ តើអ្វីអាចជួយយើងឲ្យដឹងថាដាវីឌឈឺធ្ងន់?
១០ មានគ្រាមួយស្តេចដាវីឌមានជំងឺធ្ងន់ដូចបានរៀបរាប់នៅទំនុកទី៤១។ ដាវីឌបានដេកឈឺជាប់នៅគ្រែអស់មួយរយៈ។ គាត់ឈឺខ្លាំងណាស់រហូតដល់ខ្មាំងសត្រូវខ្លះគិតថាគាត់«ក្រោកឡើងវិញមិនបានឡើយ»។ (ខ ៧, ៨) តើដាវីឌឈឺធ្ងន់នៅពេលណា? កាលៈទេសៈដែលបានរៀបរាប់នៅក្នុងទំនុកនេះ អាចសំដៅទៅគ្រាដ៏ពិបាកបំផុតពេលដែលអាប់សាឡំមចង់ដណ្ដើមរាជ្យ។—២សាំ. ១៥:៦, ១៣, ១៤
១១ ជាឧទាហរណ៍ ដាវីឌបានសំដៅទៅមិត្តសម្លាញ់ស្និទ្ធស្នាលម្នាក់ ដែលគាត់ទុកចិត្តហើយធ្លាប់បរិភោគអាហារជាមួយ ជាបុគ្គលដែលបានជាន់ឈ្លីឬក្បត់គាត់។ (ខ ៩) នេះអាចរំលឹកយើងអំពីព្រឹត្ដិការណ៍មួយក្នុងជីវិតរបស់ដាវីឌ។ ពេលអាប់សាឡំមបះបោរប្រឆាំង អ្នកជូនឱវាទម្នាក់ដែលដាវីឌទុកចិត្ត ឈ្មោះអ័ហ៊ីថូផែលបានក្បត់ ហើយបានចូលដៃជាមួយអាប់សាឡំមប្រឆាំងនឹងគាត់។ (២សាំ. ១៥:៣១; ១៦:១៥) ចូរគិតអំពីស្តេចដាវីឌដែលកំពុងដេកឈឺនៅគ្រែខ្សោយគ្មានកម្លាំងងើបឡើងផង ហើយដឹងថាមនុស្សគ្រប់គ្នាចង់ឲ្យតែគាត់ស្លាប់ ដើម្បីគេអាចធ្វើគម្រោងអាក្រក់របស់គេ។—ខ ៥
១២, ១៣. (ក) តើដាវីឌមានទំនុកចិត្តថាព្រះយេហូវ៉ានឹងធ្វើអ្វី? (ខ) តើព្រះប្រហែលជាបានពង្រឹងកម្លាំងដាវីឌយ៉ាងដូចម្ដេច?
១២ ដាវីឌទុកចិត្តលើ‹អ្នកប្រោសឲ្យរួច›មិនដែលងាករេទេ។ ស្តីអំពីអ្នកបម្រើទៀងត្រង់ម្នាក់ដែលឈឺ ដាវីឌពោលថា៖ «ព្រះយេហូវ៉ាទ្រង់នឹងជួយអ្នកនោះ ឲ្យរួចក្នុងថ្ងៃអាក្រក់។ ព្រះយេហូវ៉ានឹងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ ទ្រង់ក៏រៀបគ្រែឲ្យ នៅគ្រប់វេលាមានធុរៈ»។ (ទំនុក. ៤១:១, ៣) ម្ដងនេះទៀត ចូរកត់សម្គាល់ពាក្យរបស់ដាវីឌ ដែលថា៖ «ព្រះយេហូវ៉ានឹង»។ ដាវីឌប្រាកដក្នុងចិត្តណាស់ថាព្រះយេហូវ៉ានឹងសង្គ្រោះគាត់។ តើតាមរបៀបណា?
១៣ ដាវីឌមិនសង្ឃឹមឲ្យព្រះយេហូវ៉ាធ្វើអព្ភូតហេតុដើម្បីព្យាបាលគាត់ឲ្យជាឡើយ។ ផ្ទុយទៅវិញ ដាវីឌទុកចិត្តទាំងស្រុងថាព្រះយេហូវ៉ាមុខជា«ទ្រទ្រាំចំពោះ»គាត់ ពោលគឺផ្ដល់ជំនួយនិងកម្លាំងពេលគាត់ដេកឈឺជាប់នៅគ្រែ។ ដាវីឌច្បាស់ជាត្រូវការជំនួយបែបនេះមែន។ បន្ថែមពីជំងឺដែលធ្វើឲ្យគាត់អស់កម្លាំង គាត់ក៏មានខ្មាំងសត្រូវជាច្រើនដែលនិយាយអាក្រក់ពីគាត់។ (ខ ៥, ៦) គឺប្រហែលជាព្រះយេហូវ៉ាបានពង្រឹងកម្លាំងចិត្តដាវីឌ ដោយជួយគាត់ឲ្យនឹកឃើញពាក្យដែលលើកទឹកចិត្តនេះ។ គួរឲ្យកត់សម្គាល់មែន ដាវីឌពោលថា៖ «ទ្រង់ទប់ទល់ ដោយសេចក្ដីសុចរិតរបស់ទូលបង្គំ»។ (ខ ១២) ដោយសញ្ជឹងគិតអំពីចំណុចនេះថាព្រះយេហូវ៉ាចាត់ទុកគាត់ជាមនុស្សដែលមានចិត្តស្មោះ ដាវីឌទទួលបានកម្លាំងចិត្តមែន ថ្វីបើគាត់ដេកឈឺខ្សោយហើយពួកសត្រូវនិយាយពាក្យមិនល្អអំពីគាត់ក្ដី។ នៅទីបំផុត ដាវីឌបានជាសះស្បើយពីជំងឺ។ យើងទទួលការលើកទឹកចិត្តច្រើនណាស់ដោយដឹងថាព្រះយេហូវ៉ាអាចទ្រាំទ្រឬកម្សាន្តចិត្តអស់អ្នកដែលឈឺ មែនទេ?—២កូ. ១:៣
ជួយផ្ដល់ស្បៀងអាហារ
១៤, ១៥. តើនៅពេលណាដែលដាវីឌនិងពួកបុរសរបស់គាត់ត្រូវការស្បៀងអាហារយ៉ាងខ្លាំង? តើពួកគាត់ទទួលជំនួយយ៉ាងណា?
១៤ នៅពេលដែលដាវីឌក្លាយទៅជាស្តេចនៅអ៊ីស្រាអែល ដាវីឌអាចទទួលទានភោជនាហារដ៏ល្អបំផុត ព្រមទាំងអញ្ជើញមនុស្សជាច្រើនមកបរិភោគជាមួយគាត់។ (២សាំ. ៩:១០) ដាវីឌក៏ពិសោធការខ្វះអាហារនិងទឹកដែរ។ ពេលដែលអាប់សាឡំមបានបះបោរនិងចង់ដណ្ដើមរាជ្យ ដាវីឌនិងពួកអ្នកគាំទ្រខ្លះបានចាកចេញពីក្រុងយេរូសាឡិម។ ពួកគាត់បានភៀសខ្លួនទៅស្រុកកាឡាតដែលជាទីរហោឋានស្ថិតនៅខាងកើតទន្លេយ័រដាន់។ (២សាំ. ១៧:២២, ២៤) ដោយសារពួកគាត់ត្រូវតែរត់គេចខ្លួនជានិច្ចពីមនុស្សដែលដេញតាមសម្លាប់ នោះក្រោយមួយរយៈខ្លី ដាវីឌនិងពួកបុរសរបស់គាត់ក៏ត្រូវការអាហារ ទឹក និងការសម្រាកដែរ។ ប៉ុន្តែ នៅក្នុងទីរហោឋាននោះ តើពួកគាត់អាចរកស្បៀងអាហារនៅទីណា?
១៥ ទីបំផុត ដាវីឌនិងពួកបុរសរបស់គាត់បានទៅដល់ក្រុងម៉ាហាណែម។ ពួកគាត់បានជួបបុរសក្លាហានបីនាក់គឺ សូប៊ី ម៉ាគារ និងបារស៊ីឡាយ។ ពួកបុរសទាំងបីនាក់នេះប្រថុយជីវិតដើម្បីជួយស្តេចដែលព្រះយេហូវ៉ាបានរើសតាំង ពីព្រោះបើអាប់សាឡំមមានអំណាចជាស្តេច នោះគាត់ច្បាស់ជាដាក់ទណ្ឌកម្មយ៉ាងខ្លាំងដល់ពួកអ្នកដែលគាំទ្រដាវីឌ។ ពួកបុរសបីនាក់នេះឃើញនិងយល់នូវបញ្ហារបស់ដាវីឌនិងពួកបុរសរបស់គាត់។ ហេតុដូច្នេះហើយពួកគេយកស្បៀងអាហារជូនដាវីឌនិងពួកបុរសរបស់គាត់ ដូចជាគ្រែ ស្រូវភោជ្ជសាលី ស្រូវឱក សណ្ដែកបាយ និងសណ្ដែកលីង ទឹកឃ្មុំ ខ្លាញ់ទឹកដោះ សត្វចៀម។ (សូមអាន សាំយូអែលទី២ ១៧:២៧-២៩) ដាវីឌច្បាស់ជាដឹងគុណយ៉ាងខ្លាំងដល់បុរសទាំងបីនាក់នេះ ដែលបានបង្ហាញចិត្តស្មោះត្រង់យ៉ាងអស្ចារ្យ និងទទួលគាត់យ៉ាងរាក់ទាក់។ ដាវីឌច្បាស់ជាមិនភ្លេចនូវអ្វីដែលពួកគេជួយគាត់នោះឡើយ។
១៦. តើនរណាដែលទទួលខុសត្រូវចម្បងចំពោះការផ្ដល់ស្បៀងអាហារឲ្យដាវីឌនិងពួកបុរសរបស់គាត់?
១៦ ប៉ុន្តែ តើនរណាដែលទទួលខុសត្រូវជាចម្បងក្នុងការផ្ដល់ស្បៀងអាហារឲ្យដាវីឌនិងពួកបុរសរបស់គាត់? ដាវីឌដឹងច្បាស់ថា ព្រះយេហូវ៉ាមើលថែរាស្ត្រទ្រង់។ ព្រះយេហូវ៉ាអាចជំរុញចិត្តអ្នកបម្រើឯទៀតឲ្យជួយអ្នករួមជំនឿដែលខ្វះខាត។ នៅពេលដែលដាវីឌរំពឹងគិតអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងទីរហោឋាន គាត់ប្រាកដជាគិតថា សេចក្ដីសប្បុរសនៃពួកបុរសបីនាក់នោះ តាមពិតគឺជាព្រះយេហូវ៉ាដែលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះគាត់។ ពេលដែលដាវីឌជិតមកដល់ចុងបញ្ចប់នៃជីវិត គាត់បានសរសេរថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិត[រួមទាំងខ្លួនគាត់]ត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។ (ទំនុក. ៣៧:២៥) ពេលដឹងថាព្រះយេហូវ៉ាអាចឲ្យអ្វីដែលអ្នកបម្រើទ្រង់ត្រូវការ ពិតជាសម្រាលទុក្ខយើងណាស់ មែនទេ?—សុ. ១០:៣
‹ព្រះយេហូវ៉ា ទ្រង់ចេះប្រោសមនុស្ស›
១៧. ម្ដងហើយម្ដងទៀត តើព្រះបានបង្ហាញអ្វី?
១៧ ដាវីឌជាមនុស្សម្នាក់ក្នុងចំណោមអ្នកបម្រើជាច្រើននាក់ ដែលព្រះយេហូវ៉ាបានប្រោសឲ្យរួចនៅសម័យគម្ពីរ។ តាំងពីសម័យដាវីឌមក ព្រះបានបង្ហាញម្ដងហើយម្ដងទៀតនូវសច្ចភាពនៃពាក្យរបស់សាវ័កពេត្រុសដែលថា៖ ‹ព្រះយេហូវ៉ា ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង›។ (២ពេ. ២:៩) សូមពិនិត្យមើលឧទាហរណ៍ពីរទៀត។
១៨. តើព្រះយេហូវ៉ាផ្ដល់ការសង្គ្រោះនៅសម័យហេសេគាយ៉ាងដូចម្ដេច?
១៨ នៅពេលដែលកងទ័ពអាសស៊ើរទន្ទ្រានចូលស្រុកយូដានិងក្រុងយេរូសាឡិមនៅសតវត្សរ៍ទី៨ មុនគ.ស. ស្តេចហេសេគាអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ . . . ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ»។ (អេសា. ៣៧:២០) ហេសេគាបានខ្វល់យ៉ាងខ្លាំងអំពីនាមនិងកេរ្ដិ៍ឈ្មោះព្រះ។ ព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានដែលស្មោះអស់ពីចិត្ត។ គ្រាន់តែក្នុងមួយយប់ប៉ុណ្ណោះ ទេវតាមួយរូបបានសម្លាប់ទាហានអាសស៊ើរអស់១៨៥.០០០នាក់ ហើយរំដោះអ្នកបម្រើស្មោះភក្ដីរបស់ព្រះយេហូវ៉ា។—អេសា. ៣៧:៣២, ៣៦
១៩. ពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១គេចផុតសេចក្ដីវេទនាយ៉ាងដូចម្ដេច?
១៩ ប៉ុន្មានថ្ងៃមុនព្រះយេស៊ូទទួលមរណភាព ទ្រង់បានឲ្យការព្រមានជាទំនាយមួយ ដើម្បីជាប្រយោជន៍ដល់សិស្សរបស់ទ្រង់ដែលរស់នៅស្រុកយូដា។ (សូមអាន លូកា ២១:២០-២២) ជាច្រើនឆ្នាំកន្លងផុតទៅ ដោយសារការបះបោររបស់សាសន៍យូដា នោះបានបណ្ដាលឲ្យកងទ័ពរ៉ូមចូលមកដល់ក្រុងយេរូសាឡិមនៅឆ្នាំ៦៦ គ.ស.។ កងទ័ពរ៉ូមក្រោមបញ្ជាការនៃលោកស៊ីស្ទាស ហ្កាឡាស បានជីកជើងកំផែងព្រះវិហារមួយប៉ែកជិតរលំ តែក្រោយមកបានដកទ័ពចេញវិញ។ គ្រិស្តសាសនិកបានរត់ចេញទៅភ្នំ តាមពាក្យដែលព្រះយេស៊ូបានទាយទុក ដោយទទួលស្គាល់ថានេះជាឱកាសគេចខ្លួនពីសេចក្ដីហិនវិនាស។ នៅឆ្នាំ៧០ គ.ស. ទ័ពរ៉ូមត្រឡប់មកវិញ លើកនេះពួកគេអត់ដកថយទេ ហើយទីក្រុងយេរូសាឡិមក៏ត្រូវបំផ្លាញអស់។ គ្រិស្តសាសនិកដែលស្ដាប់ការព្រមានរបស់ព្រះយេស៊ូគេចផុតសេចក្ដីវេទនា។—លូ. ១៩:៤១-៤៤
២០. ហេតុអ្វីយើងអាចទុកចិត្តលើព្រះយេហូវ៉ាជា‹អ្នកប្រោសឲ្យរួច›របស់យើង?
២០ យើងត្រូវបានពង្រឹងជំនឿដោយគិតអំពីរបៀបដែលព្រះយេហូវ៉ាជួយសង្គ្រោះរាស្ត្រទ្រង់នៅសម័យមុន។ អ្វីដែលទ្រង់បានធ្វើនៅសម័យមុន ក៏ជាហេតុឲ្យយើងមានទំនុកចិត្តលើព្រះយេហូវ៉ាដែរ។ មិនថាយើងប្រឈមមុខនឹងបញ្ហាអ្វីនៅឥឡូវ ឬនឹងប្រឈមមុខនៅអនាគតក៏ដោយ យើងក៏អាចទុកចិត្តលើព្រះយេហូវ៉ា ជា‹អ្នកប្រោសឲ្យរួច›របស់យើង។ ប៉ុន្តែ តើព្រះយេហូវ៉ាប្រោសឲ្យយើងរួចយ៉ាងដូចម្ដេច? ហើយចុះបុគ្គលដែលបានរៀបរាប់នៅខាងដើមអត្ថបទនេះ? តើពួកគាត់នឹងទទួលលទ្ធផលបែបណា? សូមឲ្យយើងពិនិត្យមើលនៅអត្ថបទបន្ទាប់។
តើអ្នកនៅចាំទេ?
• តើទំនុកដំកើងទី៧០ផ្ដល់ឲ្យយើងមានទំនុកចិត្តយ៉ាងណា?
• ពេលឈឺ តើដាវីឌទទួលបានជំនួយបែបណា?
• តើមានឧទាហរណ៍ណាខ្លះ ដែលបង្ហាញថាព្រះយេហូវ៉ាអាចរំដោះរាស្ត្រទ្រង់ពីពួកប្រឆាំង?
[រូបភាពនៅទំព័រ១២]
ព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់ហេសេគា